ការបោះឆ្នោតនៅកម្ពុជា

ដោយវិគីភីឌា
សូមរៀបចំទំព័រនេះ មើលជំនួយ:មាតិកា

មាតិកា

[កែប្រែ] ការបោះឆ្នោតនៅកម្ពុជា

Election-Campaign-In-1993.jpg

តាមរយៈ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស នា ថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ បានតម្រូវឱ្យកម្ពុជា រៀបចំការបោះឆ្នោតជាសកល ដោយ សេរី និងយុត្តិធម៌ ដើម្បីបញ្ចប់ជម្លោះ បង្កើតស្ថាប័ន គ្រប់គ្រងប្រទេស និង កសាងនីតិរដ្ឋ។ ក្រោមកិច្ច រៀបចំ របស់ អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការ សហប្រជាជាតិប្រចាំ នៅកម្ពុជា ហៅកាត់ អ៊ុនតាក់ (UNTAC) ការបោះឆ្នោតជាសកល លើកដំបូង បានប្រព្រឹត្តិឡើងកាលពី ថ្ងៃទី ២៣ ដល់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ហើយ សភាធម្មនុញ្ញមួយ បាននិមិត្ត ឡើងនៅ ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បី តាក់តែង រដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជា។ រដ្ឋធម្មនុញ្ញមួយ ដែលត្រូវបានសភា អនុម័ត នៅ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ១៩៩៣ បានផ្តួចផ្តើមឱ្យមាន ការបោះ​ឆ្នោត ៤ ប្រភេទ (១.ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ២.ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ៣.ការ​បោះឆ្នោត ជ្រើស​រើស​ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ៤.ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា) ដែលធ្លាប់ បាន រៀបចំឡើងជា បន្ត​បន្ទាប់​រហូតមក។ ការបោះឆ្នោតត្រូវបានរៀបចំតាមបែបសកល និងអសកល។ សម្រាប់​ការបោះឆ្នោត ជាសកល អ្នកមាន​សិទ្ធិបោះឆ្នោត សំដៅ​ដល់ប្រជាពលរដ្ឋខ្មែរទាំងភេទ ដែលមានអាយុចាប់ពី ១៨ ឆ្នាំ ឡើង និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដោយឡែក ការបោះឆ្នោត​អសកល អ្នក​មាន​សិទ្ធិបោះឆ្នោត គឺជាតំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមបឹ្រក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង។ ការបោះឆ្នោតទាំងអស់ សុទ្ធតែ​អនុញ្ញាតឱ្យ គណបក្សនយោបាយ អង្គការជាតិ និង អន្តរជាតិចូលរួមសង្កេតការណ៍។ ទោះបីជាយ៉ាងណា តាមច្បាប់ដែលមានស្រាប់បច្ចុប្បន្ន គ្រប់មន្រ្តីជាប់ឆ្នោតទាំងអស់នឹងបាត់បង់មុខតំណែង ប្រសិនបើសាមីខ្លួន បាត់បង់សមាជិកភាពពី គណបក្សនយោបាយរបស់ខ្លួន។

[កែប្រែ] ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត

  • ព័ត៌មានទូទៅ

ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នឹងប្រារព្វឡើងនៅថ្ងៃអាទិត្យ រៀងរាល់ ៥ ឆ្នាំម្តង (កាលបរិច្ឆេទផ្លូវការនឹងផ្សព្វផ្សាយ ១ ឆ្នាំ មុនថ្ងៃបោះឆ្នោត)។ តាមប្បញ្ញត្តិណែនាំ ការបោះឆ្នោតនេះនឹងប្រព្រឹត្តិទៅតាមបែបសកល សម្ងាត់ សេរី ពហុបក្ស។ ថ្ងៃបោះឆ្នោតជ្រើស​តាំង​តំណាងរាស្រ្តនឹងត្រូវរៀបចំនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧.០០ ព្រឹក រហូតដល់ម៉ោង ១៥.០០ល្ងាច។ អ្នកបោះឆ្នោតដែលស្ថិតក្នុង​ការិយា​ល័យ​បោះឆ្នោត ឬក្នុងបរិវេណខាងក្នុង អាចបោះឆ្នោតបានទោះបីជាហួសម៉ោង ១៥.០០ ។ ចំនួនអាសនៈ ១២៣ នឹងត្រូវធ្វើការបែងចែកទៅតាម​ប្រព័ន្ធសមាមាត្រ ដោយយករាជធានី និងខេត្តជាមណ្ឌល ហើយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដែលផ្អែកតាម​ចំនួន​អាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល។

  • ការយុទ្ធនាការឃោសនាបោះឆ្នោត

មានរយៈពេល សាមសិប (៣០) ថ្ងៃ ហើយគ្រប់សកម្មភាពនៃការឃោសនាបោះឆ្នោតត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។ គណបក្សនយោបាយមិនបានតម្រូវឱ្យប្រកាសហិរញ្ញវត្ថុពេលឃោសនាបោះឆ្នោតជាសាធារណៈទេ។

  • បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត

អាចឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោតបាន បេក្ខជនត្រូវមាន
»សញ្ជាតិខែ្មរពីកំណើត
»អាយុ​ចាប់​ពី ២៥ ឆ្នាំឡើងគិតដល់ថ្ងៃបោះឆ្នោត
»មានសិទ្ធិបោះឆ្នោត និងឈ្មោះក្នុងបញ្ជីបោះឆ្នោត
»មានទីលំនៅក្នុងប្រទេសកម្ពុជា
»មានការតែង​តាំង​ពីគណបក្សនយោបាយដែលបានចុះបញ្ជីបោះឆ្នោត។

  • ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត បានប្រព្រឹត្តទៅ ៤ អាណត្តិ រួចហើយ


»»អាណត្តិទី ១ បោះឆ្នោតនៅថ្ងៃទី ២៣ ឧសភា ១៩៩៣
»»អាណត្តិទី ២ បោះឆ្នោតនៅថ្ងៃទី ២៦ កក្កដា ១៩៩៨
»»អាណត្តិទី ៣ បោះឆ្នោតនៅថ្ងៃទី ២៧ កក្កដា ២០០៣
»»អាណត្តិទី ៤ បោះឆ្នោតនៅថ្ងៃទី ២៧ កក្កដា ២០០៨


[កែប្រែ] ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

  • ព័ត៌មានទូទៅ

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នឹងរៀបចំឡើងនៅថ្ងៃអាទិត្យ រាល់ ៥ ឆ្នាំម្តង (កាលបរិច្ឆេទផ្លូវការ ត្រូវកំណត់​ដោយនាយករដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយត្រូវប្រកាសយ៉ាងតិច ៩ ខែ មុនថ្ងៃបោះឆ្នោត )។ ការបោះឆ្នោត ប្រកាន់​យក​យន្ត​ការ​សកល សម្ងាត់ ហើយបែងចែកអាសនៈតាមប្រព័ន្ធ សមាមាត្រ ដោយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដែល​ផ្អែក​តាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល (មណ្ឌលបែងចែកអាសនៈមាន ១.៦២១ មណ្ឌល ឬឃុំ សង្កាត់) ។ ចំនួន​អាសនៈ​នៃក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងមណ្ឌលនីមួយៗមានចាប់ពី៥ ទៅ ១១ អាសនៈ ផ្អែកតាមចំនួនប្រជារាស្ត្រ និងភូមិសាស្រ្តរបស់ខ្លួន។ សមា​ជិក​​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានជាប់ឆ្នោតក្នុងមុខតំណែង ដោយការបោះឆ្នោតឆ្នាំ ២០០៩ មានសរុបចំនួន ១១.៣៥៣ រូប។ ការិយា​ល័យ​បោះ​ឆ្នោតត្រូវបើកនៅម៉ោង ៧.០០ នាទី រហូតដល់ ម៉ោង ១៥.០០ នាទី។

  • ការយុទ្ធនាការឃោសនាបោះឆ្នោត

មានរយៈពេល ១៥ ថ្ងៃ ហើយគ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។

  • បេក្ខជន​មានសិទ្ធិឈរឈ្មោះបោះឆ្នោត


»សញ្ជាតិខែ្មរពីកំណើត
»អាយុចាប់ពី ២៥ ឆ្នាំ ឡើងគិតដល់ថ្ងៃបោះឆ្នោត
»ចេះអាន និងសរសេរអក្សរ​ខ្មែរ
»មានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងសង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះ
»បេក្ខជនត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុង​បញ្ជី​បេក្ខជននៃគណបក្សនយោបាយ
»ដាក់ពាក្យសុំទៅគណៈកម្មការ ឃុំ សង្កាត់រៀបចំការបោះឆ្នោត យ៉ាងតិច ៩០ ថ្ងៃ មុនថ្ងៃបោះឆ្នោត។

  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់បានប្រព្រឹត្តទៅ ២ អាណត្តិរួចហើយ


»»អាណត្តិទី១ បោះឆ្នោតនៅថ្ងៃទី ០៣ កុម្ភៈ ២០០២
»»អាណត្តិទី២ បោះឆ្នោតនៅថ្ងៃទី ០១ មេសា ២០០៧
»»"'ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៣ ត្រូវធ្វើនៅថ្ងៃអាទិត្យ ទី ០៣ ខែមិថុនា ឆ្នាំ២០១២"'

[កែប្រែ] ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា

  • ព័ត៌មានទូទៅ

ខុសពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ដែលប្រកាន់យក​លក្ខណៈ​សកល បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមួយនេះធ្វើឡើងដោយការបោះឆ្នោតអសកល សម្ងាត់ និងមិនចំពោះ។ ការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា ធ្វើឡើងនៅថ្ងៃអាទិត្យ រាល់ ៥ឆ្នាំ ម្តង (កាលបរិច្ឆេទជាក់ស្តែង កំណត់ដោយនាយករដ្ឋមន្រ្តី តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ)។ ការបែងចែកអាសនៈតម្រូវតាមប្រព័ន្ធសមាមាត្រ ដោយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដែលផ្អែកតាមចំនួនអាសនៈ និង​លទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល។ អាសនៈនៃក្រុមប្រឹក្សាមានចាប់ពី ៧ ដល់ ២១ អាសនៈ (ចំនួនជាក់ស្តែងនៃសមាជិក​ក្រុមប្រឹក្សា​នីមួយ​នីមួយ ​កំណត់ដោយអនុក្រឹត្យ ដែលនឹងផ្សព្វផ្សាយយ៉ាងតិច ១២០ ថ្ងៃ មុនពេលផុតអាណត្តិរបស់ក្រុមប្រឹក្សា ដូចជា »ក្រុមប្រឹក្សារាជធានីភ្នំពេញ កំណត់​មិនលើសពី ២១ រូប »ក្រុមប្រឹក្សាខេត្ត មានចំនួន ពី ៩ រូប ដល់ ២១ រូប »ក្រុមប្រឹក្សាក្រុង មានចំនួន ៧ រូប ទៅ ១៥ រូប »ក្រុមប្រឹក្សាស្រុក និងខណ្ឌ មានចំនួន ៧ ទៅ ១៩ រូប)។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ចាប់ផ្តើមពីម៉ោង ៧.០០ នាទីព្រឹក រហូតដល់ម៉ោង ១៥.០០ រសៀល។

  • ការឃោសនាបោះឆ្នោត

សកម្មភាពឃោសនាបោះឆ្នោតអនុញ្ញាតត្រឹម ១៥ ថ្ងៃ ហើយត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។

  • បេក្ខជន​មាន​សិទ្ធិឈរឈ្មោះបោះឆ្នោត


»មានសញ្ជាតិខែ្មរពីកំណើត
»មានអាយុយ៉ាងតិច ២៥ ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត
»មានសិទ្ធិបោះឆ្នោត និងមាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌ ដែលបានកំណត់​ដោយ ច្បាប់ស្តីពីការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សារាជធានីភ្នំពេញ ខេត្ត ក្រុង ស្រុក ខណ្ឌ
»ត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ដែលគណបក្សនយោបាយនោះបានចុះបញ្ជី​ ត្រឹមត្រូវ តាមលក្ខខណ្ឌដូចមានចែង ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ និងបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតនៅ គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត (គ.ជ.ប)។

  • អ្នកដែលមានសិទ្ធិទៅបោះឆ្នោត

គឺជាសមាជិកប្រឹក្សាសង្កាត់ទាំងអស់ក្នុងតំណែង និងដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

  • ការបោះឆ្នោតក្រុមប្រឹក្សាបានប្រព្រឹត្តទៅ ១ អាណត្តិ រូចហើយ


»»អាណត្តិទី១ នៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០០៩

[កែប្រែ] ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា

  • ព័ត៌មានទូទៅ

ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែរ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ត្រូវបោះឆ្នោត តាមបែបអសកល មិនចំពោះ សម្ងាត់ (បោះឆ្នោតនៅថ្ងៃអាទិត្យ សប្តាហ៍ទី ៨ មុនចប់នីតិកាល លើកលែងករណីសង្រ្គាម ឬកាលៈ​ទេសៈ​ពិសេស ដែលមិនអាចបោះឆ្នោតបាន)។ ព្រឹទ្ធសភាមានអាណត្តិ ៦ ឆ្នាំ (ចប់នីតិកាលនៅពេលព្រឹទ្ធសភាថ្មីចូលកាន់តំណែង)។ អាសនៈត្រូវ​បែងចែកតាមប្រព័ន្ធសមាមាត្រយករូបមន្តមធ្យមភាគខ្ពស់បំផុតដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល​បោះ​ឆ្នោត (ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា មណ្ឌលបោះឆ្នោតត្រូវរៀបចំជា ភូមិភាគ ៖
»ភូមិភាគទី ១ ក្រុងភ្នំពេញ មាន ៦ អាសនៈ
»ភូមិ​ភាគទី ២ ខេត្តកំពង់ចាម មាន ៨ អាសនៈ
»ភូមិភាគទី ៣ ខេត្តកណ្តាល មាន ៥ អាសនៈ
»ភូមិភាគទី ៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន ១០ អាសនៈ
»ភូមិភាគទី ៥ ខេត្តតាកែវ កំពត និងកែប មាន ៧ អាសនៈ
»ភូមិភាគទី ៦ ខេត្តព្រៃវែង និងស្វាយរៀង មាន ៧ អាសនៈ
»ភូមិភាគទី ៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ កោះកុង និងព្រះសីហនុ មាន ៨ អាសនៈ
»ភូមិភាគទី ៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី មាន ៦ អាសនៈ)។ ចំនួនសមាជិកព្រឹទ្ធសភាមានយ៉ាងច្រើន ស្មើពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល (ក្នុងនោះសមាជិក ២ រូប តែងតាំងដោយព្រះមហាក្សត្រ សមាជិក ២ រូប ត្រូវរដ្ឋសភាជ្រើស​តាំង​តាមមតិភាគច្រើន សមាជិកព្រឹទ្ធ សភាឯទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល)។ ការបោះឆ្នោតប្រព្រឹត្តិទៅចាប់ពីម៉ោង ៧.០០ នាទី រហូតដល់ម៉ោង ១៥.០០ នាទី (អ្នកមានសិទ្ធិបោះឆ្នោតដែលស្ថិតក្នុងការិយាល័យបោះឆ្នោត ឬក្នុងបរិវេណខាងក្នុង អាចអនុញ្ញាតឱ្យ​បោះឆ្នោត ក្រោយម៉ោង ១៥.០០ នាទីបាន) ផ្ទុយទៅវិញ ប្រសិនបើអ្នកបោះឆ្នោតទាំងអស់ដែលមានឈ្មោះក្នុងបញ្ជី បោះឆ្នោត​បាន​បោះឆ្នោត​គ្រប់គ្នាហើយ គណៈកម្មការការិយាល័យបោះឆ្នោត អាចប្រកាសបញ្ចប់ការបោះឆ្នោតមុនម៉ោង ១៥.០០នាទី បាន។

  • ការឃោសនាបោះឆ្នោត

សកម្មភាពឃោសនាបោះឆ្នោតមានរយៈពេល ២១ ថ្ងៃ ហើយគ្រប់សកម្មភាពត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃបោះ​ឆ្នោត។

  • "'បេក្ខជនមានសិទ្ធិឈរឈ្មោះបោះឆ្នោត"'


»សញ្ជាតិខែ្មរពីកំណើត
»អាយុចាប់ពី ៤០ ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត
»មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
»មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា​
»មានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត នៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។

  • ការបោះឆ្នោតជ្រើសរើសមាជិកព្រឹទ្ធសភា


»»អាណត្តិទី២ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៦ (បោះឆ្នោតជ្រើសតាំងអាសនៈចំនួន ៥៧ )
»»សុពលភាពព្រឹទ្ធសភា នីតិកាលទី១ បានបើកសម័យប្រជុំលើកទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩

ឧបករណ៍ផ្ទាល់ខ្លួន

អថេរ
សកម្មភាព​
ទិសដៅ
សហគមន៍
បោះពុម្ព​/នាំចេញ​
ប្រអប់​ឧបករណ៍
ជាភាសាដទៃទៀត