Jump to content

កែម ឡី

ពីវិគីភីឌា

កែម ឡី
កើត១៩ តុលា ១៩៧០
ភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ
ស្លាប់10 កក្កដា 2016; 8 ឆ្នាំកន្លងទៅ (2016-០៧-10)
ក្រុងភ្នំពេញ
សញ្ជាតិខ្មែរ
ការអប់រំមហាវិទ្យាល័យចុល្លាង្ករណ៍, សាកលវិទ្យាល័យម៉ាឡៃយ៉ា
អាជីពអ្នកវិភាគឯករាជ្យ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ
អង្គការUNDP, កាកបាទក្រហម, HACC

លោកបណ្ឌិត កែម-ឡី (១៩ តុលា ១៩៧០ - ១០-កក្កដា-២០១៦) ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ត្រូវ​បាន​គេ​ផ្ដល់​រហស្សនាម​ថា ជា​អ្នក​វិភាគ​នយោបាយឯករាជ្យ​នៅព្រះរាជាណាចក្រ​កម្ពុជា​។ លោកត្រូវបានឃាតករ បាញ់សំលាប់ចំនួនបីគ្រាប់នៅក្នុងស្តារម៉ាត របស់ស្ថានីយចាក់សាំងកាល់តិច (Caltex) ស្តុបបូកគោ។

ប្រវត្តិ

[កែប្រែ]

១.ប្រវត្តិសង្ខេប លោកបណ្ឌិត កែម ឡី លោកបណ្ឌិត កែម ឡី –នាម និង គោត្តនាម ៖ កែម ឡី [អាន​ថា៖ កែម-ឡី​ ] –សញ្ជាតិ ៖ ខ្មែរ –មុខងារបច្ចុប្បន្ន ៖ ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម។ –ទីកន្លែងកំនើតកើត ៖ នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ នៅ ភូមិ​អង្គ​តាកុក ឃុំ​លាយបូ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ –អាសយដ្ឋានបច្ចុប្បន្ន ៖ រាជធានីភ្នំពេញ។ –ឪពុក​របស់​លោក​ដែល​ជា​សាស្ត្រាចារ្យ បាន​ស្លាប់​នៅ​ជំនាន់ ប៉ុល ពត ធ្វើ​ឲ្យ​លោក និង​បង​ប្អូន​ប្រុស​ស្រី​ពីរ​នាក់​ទៀត ក្លាយ​ជា​កូន​កំព្រា រស់​នៅ​ជាមួយ​ម្តាយ​មេម៉ាយ ចាប់​តាំង​ពី ឆ្នាំ​១៩៧៩ មក។

ការ​សិក្សា

[កែប្រែ]

–បើ​ទោះ​បី​ជា​ម្តាយ​មាន​មុខ​របរ​ត្រឹម​ជា​អ្នក​លក់​នំ​បញ្ចុក ក៏​ដោយ ក៏​លោក កែម ឡី បាន​ខិតខំ​ព្យាយាម​តស៊ូ​រៀន​សូត្រ រហូត​ដល់​ទទួល​បាន​សញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​ឯ​បរទេស ខណៈ​ដែល​បង​ស្រី​របស់​លោក បាន​ធ្វើ​ជា​គ្រូ​ពេទ្យ ហើយ​ប្អូន​ប្រុស បាន​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ឯកជន។ –លោក កែម ឡី បាន​ចាក​ចេញ​ពី ខេត្ត​តាកែវ មក​សុំ​ស្នាក់​អាស្រ័យ​នៅ​វត្ត បទុម ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ។ លោក​បាន​ស្នាក់នៅ​វត្ត​រហូត​ដល់​រៀន​ចប់​មហា​វិទ្យាល័យ ហើយ​បាន​ចូល​ធ្វើ​ការ​នៅ​ក្រសួង សុខាភិបាល កាន់​ខាង​ផ្នែក​ជំងឺ​ឆ្លង។ –លោក កែម ឡី ទទួល​បាន​សញ្ញាបត្រ នៅ​សាកល​វិទ្យាល័យ​ចុឡាលុងករណ៍ ប្រទេស​ថៃ ផ្នែក​ជំនាញ​សិក្សា​ស្រាវជ្រាវ​លើ​ផ្នែក​សុខភាព​សាធារណៈ ទទួល​បាន​សញ្ញាបត្រ​ពី​សាកល​វិទ្យាល័យ ម៉ាឡៃយ៉ា ប្រទេស​ម៉ាឡេស៊ី លើ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម។

ការងារ

[កែប្រែ]

–លោក កែម ឡី បាន​ឈប់​ធ្វើ​ការងារ​រដ្ឋ នៅ​ក្នុង​អំឡុង ឆ្នាំ​២០០០ ហើយ​បាន​ទៅ​ធ្វើ​ការ នៅ​កាកបាទ​ក្រហម​កម្ពុជា។ បន្ទាប់​មក​លោក​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​ទៅ​ធ្វើ​ជា​អ្នក​ប្រឹក្សា​ឲ្យ​អង្គការ UNDP អស់​រយៈ​ពេល ៤​ឆ្នាំ។ ក្រោយ​ពី​បញ្ចប់​ការងារ​នៅ UNDP លោក​បាន​ទៅ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​មួយ​នៅ ថៃ ដែល​ក្រុមហ៊ុន​នោះ ធ្វើ​ការងារ​ជួយ​សង្គម​ច្រើន ជា​ពិសេស​ជួយ​ដល់​ជន​ក្រីក្រ​នៅ ថៃ នៅ កម្ពុជា នៅ ចិន និង​នៅ ឥណ្ឌា ហើយ​បន្ទាប់​ពី​នោះ លោក​បាន​ទៅ​ធ្វើ​ជា​ទីប្រឹក្សា​ឲ្យ​ក្រសួង សុខាភិបាល ខាង​មូលនិធិ​សកល។ ក្រោយ​មក​ទៅ​កាន់​ខាង​បណ្តាញ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ហៅ HACC បាន​មួយ​រយៈ។​

ការ​ស្រាវជ្រាវ និង​វិភាគ​នយោបាយ

[កែប្រែ]

–ដំបូង​ឡើយ លោក កែម ឡី បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ភាគ​ច្រើន​ខាង​ផ្នែក​សង្គមកិច្ច បន្ទាប់​មក​ខាង​ផ្នែក​ដីធ្លី សិទ្ធិ​លំនៅឋាន សិទ្ធិ​មនុស្ស ធនធាន​រ៉ែ ហើយ​នៅ​ពេល​ថ្មីៗ​នេះ លោក​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ភាគ​ច្រើន​ទៅ​លើ​រឿង​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌។ល។ –ខណៈ​ដែល​កេរ្តិ៍​ឈ្មោះ​របស់​លោក កំពុង​តែ​ល្បី​សុស​សាយ នៅ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​មួយ​ចំនួន លោក កែម ឡី ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ហៅ​លោក​ថា «ជា​អ្នក​វិភាគ​ឯករាជ្យ» ដោយ​សារ​តែ​លោក មាន​សេចក្តី​ក្លាហាន លាត​ត្រដាង​ពី​បញ្ហា​ដែល​កំពុង​តែ​ញាំ​ញី​សង្គម​ខ្មែរ និង​បាន​ផ្តល់​នូវ​ដំណោះស្រាយ​សម​ហេតុ​ផល ដែល​ជា​ផ្លូវ​អាច​ជួយ​រុញ​ច្រាន​ឲ្យ​សង្គម​ខ្មែរ មាន​ការ​រីក​ចម្រើន​ជឿន​លឿន​ឆាប់​រហ័ស​គេច​ផុត​ពី​ហានិភ័យ​។

លក្ខណៈពិសេសរបស់លោក

[កែប្រែ]

១) លោក កែម ឡី ត្រូវបាន​គេ​ឲ្យ​តម្លៃ​ខ្ពស់ ចំពោះ​ភាពក្លាហាន​របស់លោក​។ ពលរដ្ឋ​ខ្មែរ និង​អ្នកសារព័ត៌មាន តែងតែ​ចាត់ទុក លោក កែម ឡី ជា​អ្នក​និយាយ​រិះគន់​មិន​សំចៃមាត់ ចំពោះ​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល និង​គណបក្សប្រឆាំង​។ ក្រៅពី​ការរិះគន់ លោក កែម ឡី តែងតែ​ផ្តល់​ដំណោះស្រាយ​តាមបែប​វិទ្យាសាស្ត្រ និង​បែប​តក្ក​វិទ្យា​(Logical)​។ លើសពីនេះ បើទោះបីជា លោក កែម ឡី ធ្លា​ប់រង​ការគំរាមកំហែង​ដល់​អាយុជីវិត​ក៏ដោយ តែ​បុរស​មាឌ​ដំបង និង​សម្បុរ​ស្រអែម​រូបនេះ មិនដែល​ផ្លាស់ប្តូរ​មនសិការ និង​ការងារ​របស់ខ្លួន​ឡើយ​។

២) លោក កែម ឡី បាន​លះបង់​យ៉ាងច្រើន ដើម្បី​បុព្វហេតុ​សិទ្ធិមនុស្ស និង​សេរីភាព​នៃ​ការបញ្ចេញមតិ​។ លោក កែម ឡី សុខចិត្ត​លះបង់​ជីវិត ចោល​ប្រពន្ធ និង​កូន​ជាទី​ស្រឡាញ់​របស់លោក ដើម្បី​ធ្វើ​ការងារ​ស្រាវជ្រាវ​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​។ មុន​ទទួលមរណភាព លោក កែម ឡី បាន​បង្កើត​យុទ្ធនាការ​«១០០​រាត្រី​»​។ ១០០​រាត្រី គឺជា​សកម្មភាព​របស់​លោក ក្នុងការ​រស់នៅ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១០០​ខ្នង​ផ្ទះ ដើម្បី​ស្រាវជ្រាវ​ពី​បញ្ហា​របស់​ពលរដ្ឋ និង​ចងក្រង​ជា​ឯកសារ ទុក​ឲ្យ​ក្មេងជំនាន់ក្រោយ​។ ក្រៅពីនេះ លោក​មានបំណង ចងក្រង​កោះ​ខ្មែរ​ដើម្បី​ទុកជា​ភស្តុតាង ករណី​មាន​ជម្លោះ​ដែន​កោះ​រវាង​កម្ពុជា និង​ប្រទេសជិតខាង​។

៣) លោក កែម ឡី ត្រូវបាន​ពលរដ្ឋ​ឲ្យ​តម្លៃ​យ៉ាងខ្លាំង​ចំពោះ​សិល្បៈ​និយាយ​របស់លោក​។ លោក​ត្រូវបាន​អញ្ជើញ​ជា​វាគ្មិន​នៅតាម​សិក្ខាសាលា វេទិកា​យុវជន និង​វាគ្មិន​នៅតាម​បណ្តាញសារព័ត៌មាន​យ៉ាងច្រើន​។ ក្រៅពី​សំឡេង​ដ៏​មុត​ស្រួច លោក​មាន​លក្ខណៈពិសេស​ម្យ៉ាងទៀត គឺ​លោក​ពូកែ​ពន្យល់​ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​ពលរដ្ឋ​គ្រប់​ម​ជ្ឈ​ដា្ឋ​ន​។ ចំណុច​នេះ ទើប​ពលរដ្ឋ ដែល​ធ្លាប់​ស្តាប់​លោក​បណ្ឌិត កែម ឡី ទោះបីជា​ពលរដ្ឋ​មួយចំនួន មានចំណេះដឹង​តិចតួច​យ៉ាងណាក្តី ក៏​អាច​ទទួលបាន​គំនិត​ជាច្រើន​តាមរយៈ​បំ​ណិ​ន​ប្រសប់​នៃ​ការពន្យល់​របស់លោក​កែម ឡី​។

៤) លោក កែម ឡី គឺជា​មនុស្ស​សាមញ្ញ​បំផុត​។ ទោះបីជា លោក​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត និង​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក៏ដោយ ប៉ុន្តែ បុរស​វ័យ​៤៦​ឆ្នាំ​រូបនេះ មិន​ដែលមាន​ឫកពារ​ឆ្មើងឆ្មៃ​នោះទេ​។ ទឹកមុខ​ញញឹម និង​ភាព​រួសរាយ​រាក់ទាក់ បាន​ចាក់​ជ្រៅ​ដល់​បេះដូង​របស់​យុវជន​ខ្មែរ​។ នៅពេល​ចូលរួម​ធ្វើជា​វាគ្មិន​នៅតាម​សិក្ខាសាលា ឬ​វេទិការ​យុវជន​ផ្សេងៗ លោក កែម ឡី តែងតែ​បង្ហាញ​អាកប្បកិរិយា​គោរព ចំពោះ​មនុស្ស​ទូទៅ​។ ហេតុនេះហើយ ទើប​មាន​យុវជន​ជាច្រើន តែងតែ​សុំ​លោក​ថតរូប​ជាមួយ នៅពេល​សម្រាក​ពិសារ​អាហារសម្រន់ និង​នៅពេល​បញ្ចប់​កិច្ចពិភាក្សា​។ ចំណែក សំលៀកបំពាក់​វិញ លោក កែម ឡី ត្រូវបាន​គេ​សង្កេតឃើញថា លោក​តែងតែ ពាក់អាវ​ស​ជាមួយ​ខោ​ខៅ​ប៊​យ និង​ពាក់​ស្បែកជើង​កីឡា​ដ៏​សាមញ្ញ​។ យូរៗ​ម្តង ទើប​គេ​ឃើញ​លោក​ពាក់​អាវធំ ដោយមាន​ក្រវ៉ា​ត់ក​។

៥) បណ្ឌិត កែម ឡី គឺជា​មនុស្ស​នឹងនរ​។ ទោះបីជា​លោក​ត្រូវគេ​ប្រមាថ ឬ​ប្រើ​សម្តី​មិន​សមរម្យ​មកលើ​រូបលោក នៅក្នុង​វេទិកា​តុមូល​ក្តី វេទិកា​យុវជន​ក្តី តែ​គេ​ហាក់​មិនដែល​ឃើញ​លោក​កែម ឡី ខឹងសម្បារ​ឬ​ច្រលោតខឹង ចំពោះ​ដៃគូ​ពិភាក្សា​នោះទេ​។ លោក​តែងតែ​ប្រកាន់​ឥរិយាបថ​ញញឹម​ជានិច្ច​គ្រប់​ស្ថានភាព​។

៦) តាមរយៈ​ការជជែក ឬ​ពិភាក្សា​ពី​គោលនយោបាយ ច្បាប់ សិទ្ធិមនុស្ស​… លោក កែម ឡី តែងតែមាន​យុទ្ធសាស្ត្រ ឬ​ដំណោះស្រាយ​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង​។ លោក​ត្រូវបាន​គេ​ចាត់ទុកថា ជា​មនុស្ស​ដែលមាន​ចក្ខុវិស័យ​វែងឆ្ងាយ និង​មាន​ផែនការ​ច្បាស់លាស់ ដើម្បី​ជួយ​ប្រទេសជាតិ​របស់ខ្លួន​។

៧) លោក កែម ឡី គឺជា​មនុស្ស​មិន​លោភលន់​បុណ្យ​សក្តិ តួនាទី ឬ​តំណែង​នោះទេ​។ កន្លងមក ជំនួយការ របស់ លោក កែម ឡី ធ្លាប់បាន​អះអាងថា លោក កែម ឡី ត្រូវបាន​គេ​ផ្តល់​អ្វីៗ​គ្រប់បែបយ៉ាង ដែល​អាច​ឲ្យ​លោក និង​គ្រួសារ​រស់នៅ​យ៉ាង​សុខ​ស្រួល គ្រាន់តែ​លោក ត្រូវ​បញ្ឈប់​ការងារ​ស្រាវជ្រាវ​របស់លោក​ប៉ុណ្ណោះ​។ ប៉ុន្តែ លោក កែម ឡី មិនបាន​ខ្វល់ខ្វាយ​នឹង​លាភសក្ការៈ​ទាំង​នោះទេ​។

៨) លោក កែម ឡី គឺជា​មនុស្ស​ស្មោះត្រង់​។ ប្រសាសន៍​របស់លោក​ស្ទើរ​គ្រប់​ម៉ាត់ គឺ​តែងតែ​ចង់​ជួយ​ប្រជាជន និង​ប្រទេសជាតិ ឲ្យ​មានការ​រីកចម្រើន មាន​សុភមង្គល និង​សុខសន្តិភាព​។​

៩) លោក កែម ឡី គឺ​លោក​ជា​មនុស្ស​និយាយ​ផង និង​ធ្វើ​ផង​។ កន្លងមក គេ​សង្កេតឃើញ លោក កែម ឡី មាន​សកម្មភាព​ជាច្រើន ដូចជា ការចុះ​ស្រាវជ្រាវ​បញ្ហា​ជម្លោះដីធ្លី ការចុះ​ដេក​ព្រៃ​ដើម្បី​ការពារ​ព្រៃឈើ និង​ការអប់រំ​ពលរដ្ឋ​ពី​សិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ​ជាដើម​។ អ្នក​ដែល​ស្គាល់ លោក បណ្ឌិត កែម ឡី តែងតែ​លើកឡើងថា លោក​ជាម​នុស្ស​ដែល​ធ្វើ​ការងារ​សកម្ម​បំផុត​ជាមួយ​យុវជន​។

១០) លោក កែម ឡី គឺជា​មនុស្ស​ចូលចិត្ត​និយាយ​ត្រង់​។ ថ្វី​ដ្បិត ពាក្យ​សច្ចៈ ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​មិន​សប្បាយចិត្ត ប៉ុន្តែ មានតែ​ពាក្យពិត​ទេ ដែលជា​វត្ថុ​ដ៏​ពិសិដ្ឋ​សម្រាប់​ព្យាបាល​ជំងឺ​សង្គម​ខ្មែរ​។ ការនិយាយ​ការពិត បានធ្វើ​ឲ្យ​លោក កែម ឡី ក្លាយជា​វីរជន​របស់​យុវជន និង​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​។ លើសពីនេះ ពលរដ្ឋ​ខ្មែរ​បាន​សម្រក់​ទឹកភ្នែក​ស្ទើរ​មួយ​នគរ នៅពេល​លោក កែម ឡី ត្រូវបាន​ឃាតករ​បាញ់សម្លាប់​កាលពី​ព្រឹក​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៦ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​៕

ជីវិត​គ្រួសារ

[កែប្រែ]

លោក កែម ឡី បាន​រៀប​អាពាហ៍​ពិពាហ៍​នា​ឆ្នាំ​២០០១ ចំណែក​ភរិយា​របស់​លោក គឺជា​អាជីវករ​លក់​ខោ​ជជុះ​នៅ​ផ្ទះ​ល្វែង​មួយ នៅ ផ្សារ​បឹង​កេង​កង ក្នុង​រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន​ (២០១៤) មាន​កូន​សុទ្ធ​តែ​ប្រុស​ចំនួន ៤ រូប កូន​បង​អាយុ ១២ ឆ្នាំ និង​កូន​ប្អូន​អាយុ ៤ ឆ្នាំ។

សំដីមាសរបស់លោកបណ្ឌិត កែម ឡី

[កែប្រែ]

សម្តី មាស របស់​លោកបណ្ឌិត កែម ឡី ដែល​បាន​បន្សល់​ទុក​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​គិត​ពិចារណា និង​ផ្តល់​ជា​គំរូ​ថា​ធ្វើ​អ្វីៗ​ត្រូវ​តែ​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ៖

១.ធ្វើ​អ្នក​វិភាគ​ត្រូវ​ហ៊ាន​លះបង់​ជីវិត​។ ​

២.ជូត​ទឹក​ភ្នែក​របស់​អ្នក​រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​។

៣. នៅ​ពេល​វិភាគ​ម្តងៗ​ខ្ញុំ​មិន​ដែល​គិត​ថា​ខ្ញុំ​នឹង​មាន​ជីវិត​ទេ។

៤. ខ្ញុំ​នឹង​និយាយ​អ្វី​ដែល​អ្នក​ដទៃ​មិន​ហ៊ាន​និយាយ​។

៥. សុវត្ថិភាព​ខ្ពស់​បំផុត​ដែល​អាច​ការពារ​​យើង​បាន​ជានិរន្តរ៍​គឺ​បេះដូង​ពលរដ្ឋ​។

៦.ខ្លាច​ស្លាប់​ដោយសារ​ជួយ​ការពារ​ពលរដ្ឋ និង​បូរណភាព​ទឹកដី​មិន​មែន​ជា​ជម្រើស​ល្អ​ទេ។

៧. អ្នក​មាន​អំណាច មាន​លុយ​ច្រើន​ពី​ការ​កេងប្រវ័ញ្ច​ធនធាន​សង្គម​ពី​ពលរដ្ឋ​ខ្លួនឯង​នោះ​អ្នក​អាច​មាន​សុវត្ថិភាព​​តែ​ពេល​នៅ​រស់​ទេ​តែ​ពេល​ស្លាប់​ទៅ​សូម្បី​តែ​ទី​តម្កល់​សាកសព​ក៏​អាច​គ្មាន​សុវត្ថិភាព​ដែរ​។

៨. បើ​យើង​និយាយ​អ្វី​គឺ​ត្រូវ​និយាយ​ការពិត។

៩. មុន​នឹង​ខ្ញុំ​វិភាគ​គឺ​ខ្ញុំ​បាន​គិត​ដល់​ចំណុច ៣ គឺ​ត្រូវ​រត់​ចោល​ស្រុក ត្រូវ​ជាប់​គុក និង​ត្រូវ​អស់​ជីវិត

១០. បើ​អ្នក​មិន​ធ្វើ​អ្វី​ទាល់​តែ​សោះ​ក៏​គង់​តែ​ទទួល​រងគ្រោះ​ដែរ​គ្រាន់​តែ​មិន​ទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ​។

សំរង់សំដីរបស់លោក

[កែប្រែ]
  • «១. ខ្ញុំ​មិន​មែន​ជា​អ្នក​វិភាគ​ទេ ខ្ញុំ​ជា​អ្នក​រូត​វាំង​នន»
  • «២. ពូមិនដែលគិតថា ពូអាចនឹងរស់នៅ បានយូរនោះទេ ថ្ងៃណាមួយ ពូអាចស្លាប់ ឬ​ ត្រូវគេបាញ់សម្លាប់ តែដរាបណាពូ មានជីវិត ពូនឹងនិយាយអ្វី ដែលអ្នកដទៃ មិនហ៊ាននិយាយ គ្មាននរណាម្នាក់ទិញពូ មិនឲ្យនិយាយបានទេ»
  • «៣. ធ្វើអ្នកវិភាគ ត្រូវហ៊ានលះបង់ជីវិត។»
  • «៤. ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត។»
  • «៥. នៅពេលវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្ញុំនឹងមានជីវិតទេ។»
  • «៦. ខ្ញុំនឹងនិយាយអ្វី ដែលអ្នកដទៃមិនហ៊ាននិយាយ។»
  • «៧. សុវត្ថិភាពខ្ពស់បំផុតដែលអាចការពារយើងបានជានិរន្តគឺ បេះដូងពលរដ្ឋ។»
  • «៨. ខ្លាចស្លាប់ដោយសារជួយការពារពលរដ្ឋ និងបូរណៈភាពទឹកដី មិនមែនជាជម្រើសល្អទេ។»
  • «៩. អ្នកមានអំណាច មានលុយច្រើនពីការកេងប្រវ័ញ្ចធនធានសង្គម ពីពលរដ្ឋខ្លួនឯងនោះ អ្នកអាចមានសុវត្ថិភាពតែពេលនៅរស់ទេ តែពេលស្លាប់ទៅ សូម្បីតែទីតម្កល់សាកសពក៏អាចគ្មានសុវត្ថិភាពដែរ។»
  • «១០. បើយើងនិយាយអ្វី គឺត្រូវនិយាយការពិត។»
  • «១១. មុននឹងខ្ញុំវិភាគ គឺខ្ញុំបានគិតដល់ចំណុច៣គឺ ត្រូវរត់ចោលស្រុក ត្រូវជាប់គុក និងត្រូវអស់ជីវិត។»
  • «១២. បើអ្នកមិនធ្វើអ្វីទាល់តែសោះ ក៏គង់តែទទួលរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ។»

ប្រតិកម្មទៅនឹងការស្លាប់របស់លោក

[កែប្រែ]

ឡៅ-ម៉ុងហៃ

[កែប្រែ]

បណ្ឌិតឡៅ-ម៉ុងហៃ: ការស្លាប់លោក កែម-ឡី ជាការបាត់បង់មហាបុត្រដ៏ឆ្នើមមួយរូប។ លោកថានេះជាសោកនាដកម្មជាតិមួយទៀតក្នុងប្រវត្តិសាស្ត្រប្រជាជាតិខ្មែរ។

សុខ-ទូច

[កែប្រែ]

ខ្ញុំមានការរន្ធត់តក់ស្លុកយ៉ាងក្រៃលែងក្រោយពីទទួលដំណឹងតាមប្រព័ន្ធផ្សព្វផ្សាយថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ ៩ ព្រឹក នៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាមួយព្រឹត្តិការណ៍ដ៏សោកសៅ ខ្ញុំសូមថ្កោលទោសយ៉ាងពេញទំហឹងចំពោះជនដៃដល់ និងអ្នកនៅពីក្រោយអំពើឃាតកម្មនេះ និងសូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេត ស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។ ការបាត់បង់លោកបណ្ឌិត កែម ឡី គឺជាការបាត់បង់បញ្ញវន្តមួយរូប និងកញ្ចក់សង្គមមួយផ្នែកដ៏សំខាន់នៃប្រទេសកម្ពុជា។ លោកបណ្ឌិត កែម ឡី ជាបញ្ញវន្តមួយរូប ដែលមានការទទួលស្គាល់ពីស្រទាប់បញ្ញវន្ដជាតិ និងអន្ដរជាតិ ក៏ដូចជាប្រជាពលរដ្ឋទូទៅ និងមានការកោតស្ញប់ស្ញែងចំពោះចំណេះដឹង និងទេពកោលសល្យរបស់លោក។ ខ្ញុំសូមលំឱនកាយវាចារចិត្ដគោរពវិញ្ញាណក្ខន្ធលោក បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឯកសារយោង

[កែប្រែ]

មើលផងដែរ

[កែប្រែ]
  1. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2017-05-20. Retrieved 2016-07-10.