ខេត្តកំពត
| ស្ថិតិ | |
|---|---|
| ផ្ទៃដី: | ៤៨៧៣ គម២ |
| ប្រជាជន: | ៥២៨៤០៥ (១៩៩៨) |
| ដង់ស៊ីតេ: | ១០៨.៤ នាក់/គម២ |
| ISO 3166-2: | KH-៧ |
| ផែនទី | |
![]() |
|
- អត្ថបទនេះនិយាយអំពី ខេត្តកំពត ចំណែកក្រុងកំពត សូមចុច នៅទីនេះ
ខេត្តកំពតជា ខេត្ត មួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា មានចង្ងាយ១៤៨គ.ម ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និង ស្រុកគិរីវង់ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សីលា ខេត្តកោះកុង និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត។ ខេត្តកំពតមានប្រជាពលរដ្ឋរស់នៅចំនួន ៥២៨ ៤០៥ នាក់ នៅឆ្នាំ១៩៩៨ ។ ខេត្តកំពតមានក្រុង១ និងស្រុក ៧ ដែលចែកចេញជា ៩២(រួមទាំងសង្កាត់) ឃុំ រួមមាន ៤៧៧ ភូមិ ។ ខេត្តកំពតមានសំណង់ប្រវត្តិសាស្រ្តជាច្រើនដូចជាផ្ទះ ផ្សារលក់ទំនិញ រោងភាពយន្ត មន្ទីរពេទ្យជាដើម សុទ្ធសឹងជាភស្ដុតាងបង្ហាញឱ្យឃើញពីការចាប់អារម្មណ៍របស់ពួកបារាំងទៅលើទឹកដីខេត្តមួយនេះ។ហើយក៏មានភ្នំបូកគោដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗរូបផងដែរ។នៅលើនោះក៏មានកាស៊ីណូ និង មាន កន្លែងកម្សាន្តជាច្រើនដូចជា៖វាលស្រែមួយរយ ទឹកធ្លាក់ និងអាចមើលទេសភាព មកខាងក្រោមយ៉ាងស្រស់ស្អាត អាចចាប់ពពកបាន។-ល-។
មាតិកា |
រដ្ឋបាលខេត្ត [កែប្រែ]
ខេត្តកំពត ត្រូវបានចែកចេញជាក្រុងចំនួន១ និងស្រុកចំនួន៧ នៅឆ្នាំ២០០៨ ៖
| កូដស្រុក | ស្រុក | ឈ្មោះជាអក្សរឡាតាំង | ផ្ទៃក្រលា(ហិចតា) |
|---|---|---|---|
| 0701 | ស្រុកអង្គរជ័យ | Angkor Chey | ២២២៣៧ |
| 0702 | ស្រុកបន្ទាយមាស | Banteay Meas | ៤០១០៦ |
| 0703 | ស្រុកឈូក | Chhuk | ១២៦២៤៨ |
| 0704 | ស្រុកជុំគីរី | Chum Kiri | ៣១៥៥៧ |
| 0705 | ស្រុកដងទង់ | Dang Tong | ៣៤៥០០ |
| 0706 | ស្រុកកំពង់ត្រាច | Kampong Trach | ៣៥៣០០ |
| 0707 | ស្រុកទឹកឈូ ប្ដូរមកពីស្រុកកំពត ឆ្នាំ២០០៨ | Teouk Chhou | ១៥១៤០០ |
| 0708 | ក្រុងកំពត ប្ដូរពីស្រុកកំពង់បាយ ឆ្នាំ២០០៨ | Kampot Town | ៥៤០០ |
អតីតភាពរបស់ខេត្ត [កែប្រែ]
យើងបានដឹងពីប្រវត្តិខេត្តកំពតនៅតិចតួចណាស់ ដោយសារខ្វះឯកសារស្រាវជ្រាវ។ អ្វីដែលយើងនឹង លើកយកមកបរិយាយពីអតីតកាលខេត្តកំពត មានច្រើននិយាយពីម្រេច អំបិល និងរមណីយដ្ឋាន នានាដែលបង្កើតឡើងកាលពីសម័យអាណាព្យាបាលតែប៉ុណ្ណោះ។ ជីវតាក្វាន់ ធ្លាប់បានពណ៌នាអំពី ការផលិតម្រេចនៅដើមសតវត្សទី១៣ ប៉ុន្តែការផលិតម្រេចពិត ប្រាកដគឺចាប់ផ្តើមពីសង្រ្គាមអាឆេ (Aceh War) នៅឥណ្ឌូនេស៊ីចន្លោះឆ្នាំ១៨៧៣-១៩០៨។ ស្តេចស៊ុលតង់នៅអាឆេ បានដុតកំទេចចោលចម្ការម្រេចនៅឆ្នាំ១៨៧៣-១៨៧៤ ដោយសារខ្លួនមិនចង់ឲ្យពួកហូឡង់កាន់កាប់លើចម្ការម្រេច ដ៏ស្តុកស្តម្ភឡើយ។ ហេតុដូចនេះហើយទើប ការផលិតម្រេចមួយផ្នែក បានត្រូវបង្វែរមកធ្វើនៅខេត្តកំពតជំនួសវិញ។ ក្នុងឆ្នាំ១៩៣០ ក្នុងសៀវភៅឈ្មោះ “Un Empire francaise, L’Indochine”, ក្រោមការដឹកនាំដោយលោកម៉ាស្បេរ៉ូ (G.Maspero) បានសរសេរថា ម្រេចគឺជាផលិតផលនាំចេញ សំខាន់បំផុតរបស់ពួកអាណានិគម។ ម្រេចស្ទើរតែទាំងអស់ ត្រូវបានគេនាំយកទៅប្រើប្រាស់ នៅប្រទេសបារាំងគឺ២១០០តោនក្នុងឆ្នាំ១៩២៧ , ២៦០០តោនក្នុងឆ្នាំ១៩២៨ ចេញពីដែនដីឥណ្ឌូចិន រហូតដល់ខែមេសាឆ្នាំ១៩២៨ មានច្បាប់ចែងពីការនាំចេញម្រេចដោយគ្មានដែនកំណត់ ចេញពីប្រទេស អាណានិគម។ ដែនដីអាណានិគម របស់បារាំងអាចនាំចេញ លើសពី៣ពាន់តោនជាមធ្យមក្នុងរយៈពេល បីឆ្នាំ ហើយនាំចេញបាន៤២៣៥តោនក្នុងឆ្នាំ១៩២៧។ ផលិតកម្មម្រេច ស្ទើរតែបាត់ស្រមោលនៅក្នុង ដែនដីកូសាំងស៊ីន នៅពេលដែលចម្ការម្រេចធ្លាក់ទៅក្នុងដៃអ្នកដាំម្រេចខេត្តហៃណាន់ ប្រទេសចិន ដែលនៅក្នុងខេត្តហៃទៀន ប៉ុន្តែការផលិតនៅមាន ភាពនឹងនរនៅកម្ពុជា។ ម្រេច គឺតែងតែដើរតួសំខាន់ ក្នុងឧស្សាហកម្មខេត្តកំពត។ រសជាតិប្រហើរ និងម្សៅ ម្រេច (ម្រេចម៉ត់) បានធ្វើឲ្យម្រេចកំពត ក្លាយជាម្រេច ពិសេសបំផុតនៅលើពិភពលោក ជាស្តេចនៃគ្រឿនទេស ដែលគ្មានគូប្រជែងប្រចាំផ្ទះបាយ របស់ចុងភៅបារាំង។ ជាអកុសលដោយសារតែ ព្រឹត្តិការណ៍អាក្រក់មួយ ចំនួនបានកើតឡើងនៅកម្ពុជា បានបំផ្លិចបំផ្លាញនូវ វិសាលភាពនៃផលិតកម្មរបស់កម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកំទេច ឧបករណ៍ និងគ្រឿងយន្ត ត្រូវបានគេបោះបង់ចោល កំរិតអក្ខរភាពបានធ្លាក់ចុះយ៉ាងគំហុក។ សព្វថ្ងៃ ប្រជាជន ប្រមាណ៣៥% រស់នៅក្រោមបន្ទាត់ក្រីក្រ។
កសិកម្ម [កែប្រែ]
ស្រូវគឺជាទិន្នផលកសិកម្មចម្បងសម្រាប់ខេត្ត។ ដីប្រហែល១២៥.០០០ត្រូវបានរក្សាទុកសម្រាប់ដាំស្រូវដោយមានទិន្នផលជាមធ្យមខ្ពស់ចំនួន២.៦តោនក្នុងមួយហិចតានៅរដូវវស្សា និង ៣.៣ តោន ក្នុងមួយហិចតានៅរដូវប្រាំង ។ ផ្លែឈើក៏ជាដំណាំសំខាន់នៅក្នុងខេត្តកំពតផងដែរ ។ជាពិសេសទុរេន (ប្រហែល ៧០.៥០០ ដើម) ស្វាយ (៥៩៣.០០ ដើម ) និងដូង (៨៧៧.០០០ ដើម)។ ខេត្តកំពតមានឈ្មោះ ល្បីល្បាញខាងដំណាំម្រេច ។ ម្រេចកំពត ទទួលបានពានរង្វាន់ជាអន្តរជាតិ ហើយទទួលបានឋានៈ សូចនាករផ្នែកភូមិសាស្រ្តដែលជួយដាក់យីហោផលិតផលនិងខេត្តរបស់យើង ។ បច្ចុប្បន្ននេះ ម្រេចខ្មៅ កំពត ត្រូវបានគេប្រទះឃើញប្រើប្រាស់នៅតាមភោជនីយដ្ឋានធំៗនៅអឺរ៉ុប។ ចំការម្រេចនៅខេត្តកំពត ផ្តល់ទិន្នផលរហូតដល់ ៦.៥ តោនក្នុងមួយហិតា។ បន្លែត្រូវបានដាំនៅលើផ្ទៃដីប្រហែល ៦៦ ហិចតា ហើយផ្គត់ផ្គង់ដល់រាជាធានីភ្នំពេញ។ ការនេសាទ និងការដាំសារាយសមុទ្រក៏មានសារៈសំខាន់ចំពោះ សេដ្ឋកិច្ចខេត្តផងដែរ។ ខេត្តកំពតតំណាង អោយជាង ១០ % នៃការការចិញ្ចឹមបក្សីសរុបរបស់ប្រទេស កម្ពុជា។
- ដំណាំស្រូវ
ដោយសារលក្ខណ្ឌអាកាសធាតុអំណោយផល (26,27oC) ភ្លៀងធ្លាក់ជាមធ្យម២១៤៨ម.មក្នុងមួយឆ្នាំ និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អង្គការ ដៃគូអភិវឌ្ឍន៍ធំៗ និងក្រសួងស្ថាប័នពាក់ ព័ន្ធនានាទៅលើវិស័យកសិកម្ម ខេត្តកំពតមានសមត្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ដើម្បីបំពេញតំរូវការ ក្នុងស្រុក។ ការអភិវឌ្ឍន៍ប្រព័ន្ធធារាស្រ្ត គឺជាគន្លិះដ៏ចម្បងមួយក្នុងការបង្កើននូវផលិតកម្មស្រូវ និងទប់ស្កាត់ រាល់ហានិភ័យទាំងឡាយ ដែលបណ្តាលមកពីគ្រោះធម្មជាតិ។ ផ្ទៃដីដាំដុះទាំងឡាយ ត្រូវបានពង្រីក ព្រម ជាមួយនឹងការបណ្តុះបណ្តាលចំនេះដឹងដល់ប្រជាកសិករខេត្ត អំពីការប្រើប្រាស់ពូជ ប្រភេទដី និងវិធានការ នានាដើម្បីទប់ស្កាត់ការបំផ្លាញដំណាំស្រូវពីសត្វល្អិតចង្រៃ ជាពិសេសសត្វមមាចត្នោត គឺជាអ្វីដែលខេត្ត កំពតសម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
| ២០០៦ | ២០០៧ | ២០០៨ | |
|---|---|---|---|
| ផ្ទៃដីស្រូវប្រាំងសរុប | ៦៤០៩ ហិចតា | ៤៤៥៣ ហិចតា | ៤២៩៩ ហិចតា |
| ផ្ទៃដីប្រមូលផលជាក់លាក់ | ៤៨២៥ ហិចតា | ២៤០៤ ហិចតា | ៣៥៤៧ ហិចតា |
| %ទិន្នផលស្រូវ | ៧៥% | ៥៤% | ៨២% |
| ទិន្នផលស្រូវសរុប | ៩២៣០ តោន | ៤០៧៣ តោន | ៧២៤២ តោន |
| ទិន្នផលជាមធ្យម | ១,៩ តោន/ហិចតា | ១,៧ តោន/ហិចតា | ២ តោន/ហិចតា |
| * | * | * | * |
| ផ្ទៃដីស្រូវវស្សាសរុប | ១៧២៥៩៣៨ ហិចតា | ១១០៦០៦ ហិចតា | ១១៣១៩៤ ហិចតា |
| ផ្ទៃដីប្រមូលផលជាក់លាក់ | ១១០៩៧៦ ហិចតា | ១១០៨៩៥ ហិចតា | ១១២៨០០ ហិចតា |
| %ទិន្នផលស្រូវ | ៦% | ១០០% | ១០០% |
| ទិន្នផលស្រូវសរុប | ២០០៣៦០,៣០ តោន | ២០១៩៣៤,៣៨ តោន | ២២១៥០៥,៧៥ តោន |
| ទិន្នផលជាមធ្យម | ១,៨ តោន/ហិចតា | ១,៨ តោន/ហិចតា | ២ តោន/ហិចតា |
| * | * | * | * |
| ផ្ទៃដីប្រមូលផលស្រូវតំបន់ខ្ពស់ | ៨៨៦ ហិចតា | ១០២៤ ហិចតា | ១៥៦៤ ហិចតា |
| ទិន្នផលស្រូវសរុប | ១៧៩៨ តោន | ១៦២២ តោន | ២០០១ តោន |
| ទិន្នផលជាមធ្យម | ២ តោន/ហិចតា | ១,៦ តោន/ហិចតា | ១,៣ តោន/ហិចតា |
តារាងខាងលើនេះ គឺជាទិន្នន័យស្តីពីការប្រមូលផលស្រូវប្រចាំខេត្តកំពតចាប់ពីឆ្នាំ២០០៦ ដល់២០០៨។ តាមតារាងខាងលើបង្ហាញឲ្យឃើញថា ការប្រមូលផលស្រូវវស្សា មានបរិមាណច្រើនលើស លុបជាងស្រូវប្រាំង និងស្រូវនៅតាមតំបន់ខ្ពង់រាប។ គេអាចប្រមូលផលស្រូវវស្សាបានជាង២សែនតោន ក្នុងឆ្នាំ២០០៦ ខ្ពស់ជាង190ដង លើស្រូវប្រាំង។ រហូតមកដល់ឆ្នាំ២០០៨ ទិន្នផលស្រូវវស្សាទទួលបាន ជាង២សែន២ម៉ឺនតោន។ បើពិនិត្យឲ្យជាក់លាក់ទៅលើទិន្នន័យនៃការប្រមូលផលស្រូវវស្សា យើងឃើញថា ផ្ទៃដីបង្កបង្កើនផល បានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ គឺពី១៧សែនហិចតា មកនៅត្រឹមតែ១១សែនហិចតា។ ផ្ទុយទៅវិញ ទាំងផ្ទៃដីប្រមួលផលស្រូវជាក់លាក់ ទិន្នផលស្រូវសរុបបានកើនឡើងឥតឈប់ឈរ។ ពីរឆ្នាំចុង ក្រោយ ការប្រមូលផលប្រព្រឹត្តិទៅបានស្ទើរតែគ្រប់ផ្ទៃដី ដោយទទួលបានទិន្នផល១០០% ហើយជាមធ្យម ស្រែមួយហិចតា ប្រមូលផលបាន២តោន។ ឯតំបន់ខ្ពង់រាបវិញ ក៏មិនអន់ដែរ ផ្ទៃដីបង្កបង្កើនផលបានកើន ឡើងទ្វេដងក្នុងឆ្នាំ២០០៨ បើធៀបទៅនឹងឆ្នាំ២០០៦ ដោយក្នុងឆ្នាំ២០០៦ គេអាចប្រមូលផលស្រូវបាន ២តោនក្នុងមួយហិចតា។ សរុបទៅ ការប្រមូលផលស្រូវ ហាក់ដូចជាធ្លាក់ចុះបន្តិចក្នុងឆ្នាំ២០០៧ ដែលអាច បណ្តាលមកពីការយឺតយ៉ាវនៃរបបទឹកភ្លៀង សត្វមមាចត្នោត និងកត្តាអាកាសធាតុមួយចំនួនទៀត។ ក្នុងឆ្នាំ២០០៨ ស្រូវ៩៧% ដែលគ្របដណ្តប់លើផ្ទៃដី ១០៨៩៣២ហិចតា ទទួលបានរបបទឹកភ្លៀងគ្រប់ គ្រាន់ ដោយ៣%ទៀត (៣៨៩៦ហិចតា) ទទួលបានការផ្គត់ផ្គង់ទឹកពីប្រព័ន្ធធារាសាស្រ្ត ក្នុងនោះទឹកប្រលាយ និងទនប់អាចស្រោចស្រពលើវាលស្រែចំនួន៣០១៥ហិចតា ស្ទឹងបឹងបួរធម្មជាតិ អាចស្រោចស្រពបាន៧៦៤ហិច តា ហើយ៩០ហិចតា បានមកពីស្រះជីក។ ស្រុកចំនួនបួន ដែលទទួលបានទឹកសំរាប់បង្កបង្កើនផលមាន ស្រុកកំពត ស្រុកដងទង់ ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ក្នុងនោះប្រជាពលរដ្ឋប្រមាណជាជាង៧ពាន់ គ្រួសារអាចប្រើប្រាស់ទឹកទាំងនោះបាន។ ដោយមូលហេតុនៃចំនួនប្រជាជនកើនឡើង និងការអភិវឌ្ឍ ឧស្សាហកម្ម ប្រជាពលរដ្ឋជាង៦៦០០០គ្រួសារ មានកាន់កាប់ផ្ទៃដីបង្កបង្កើនផលតិចជាង១ហិចតា ហើយ៤២០៨ គ្រួសារទៀត គ្មានផ្ទៃដីសម្រាប់បង្កបង្កើនផលផ្ទាល់ខ្លួន។
![]() |
- ដំណាំម្រេច
ម្រេចកំពត បានទទួលឋានៈជាសូចនាករភូមិសាស្រ្ត (Geographical Indication) ពីរាជរដ្ឋាភិបាល កម្ពុជា និងពីសហភាពអឺរ៉ុប មានន័យថារាល់ម្រេចទាំងអស់ដែលដាក់យីហោថា “ម្រេចកំពត” ត្រូវតែដាំ និងប្រមូលផល នៅខេត្តកំពតតែមួយគត់ ដោយគ្មានប្រទេសណាមួយអាចយកឈ្មោះម្រេចកំពតមក ប្រើប្រាស់ សម្រាប់អាជីវកម្មដោយគ្មានអនុញ្ញាតបានឡើយ។ ម្រេចកំពត មានដូចជា ម្រេចខ្មៅ ម្រេចខ្ចី និងម្រេចស។ ក្រុងកំពត សណ្តូកតាមដងស្ទឹង នៅក្បែរឆ្នេរសមុទ្រប៉ែកនិរតីនៃប្រទេសកម្ពុជា។ តំបន់នេះ ត្រូវ បានគេទទួលស្គាល់ជា កន្លែងដាំម្រេចដ៏ល្អបំផុត គឺចាប់តាំងពីរបបខ្មែរក្រហមមកម្ល៉េះ ។ ក្រុមចុងភៅ Parisian (Parisian Chefs) បានប្រកាសថា ម្រេចកំពត ជាម្រេចដែលល្អបំផុតនៅលើពិភពលោក។ កន្លងមកនេះ ម្រេចកំពត បានចរាចរណ៍ម្តងទៀតនៅលើទីផ្សារអឺរ៉ុប ដោយទទួលបានការគាំទ្រ និងប្រើប្រាស់ជាច្រើនតាម បណ្តាភោជនីយដ្ឋានធំៗ ហើយក៏ទទួលបានឋានៈជាសូចនាករភូមិសាស្រ្តពីសហភាពអឺរ៉ុប។ ម្រេច គឺជា គ្រឿងទេសលេខមួយនៅលើពិភពលោក ជាមួយនឹងការផ្គត់ផ្គង់ជាង៤សែនតោនក្នុងមួយឆ្នាំ។ សព្វថ្ងៃនេះ វៀតណាម ជាអ្នកផលិតម្រេចធំបំផុត(១០០០០០តោន) តាមពីក្រោយដោយប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ គេប៉ាន់ស្មានថា ខេត្តកំពតអាចមានសក្តានុពលផលិតបាន២០០តោន នៅលើដីទំហំ២០ ហិចតា។ ដោយសារតែកង្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងនៅទន់ខ្សោយរបស់កសិករ ធ្វើឲ្យការផលិតមានតម្លៃថ្លៃ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ ដោយមានការគាំទ្រពីអង្គការ Farmlink កសិករនៅកំពង់ត្រាច បានចាប់ផ្តើមផលិតម្រេចសាជាថ្មី ដើម្បីនាំម្រេចកំពតចូលទៅកាន់ទីផ្សារម្តងទៀត។ ម្រេចមានតម្លែទាបជាង 0,76€ក្នុងមួយគីឡូ។
- ហេតុផលគឺងាយស្រួលណាស់ៈ
១. ការគ្រប់គ្រងការដាំដុះម្រេចក្នុងមួយរង (បង្គោល)ចំនាយ2,30€
២. ទិន្នផល ឬផលិតភាពនៅមានទាប 0,75គីឡូក្នុងមួយរង
៣. ជាមធ្យម កសិករមានម្រេចតែ២០០រងប៉ុណ្ណោះ
៤. កសិករមិនទាន់ទទូលការបណ្តុះបណ្តាល មិនបានដឹងពីវិធីនាំចេញម្រេចទៅកាន់ទីផ្សារ
៥. គុណភាពនៅខ្ពស់ជាងគេជានិច្ច បើប្រៀបធៀបទៅនឹងគូប្រជែងសំខាន់ៗ(វៀតណាម)។
- Farmlink បានចាប់ផ្តើមធ្វើការជាមួយកសិករនៅ ខេត្តកំពតជាងមួយឆ្នាំ។ គោលដៅរបស់ Farmlink:
• ស្វែងរកទីផ្សារថ្មី ដែលអាចមានស្ថេរភាព ជាងមុន ហើយទទួលបានផលចំណេញ សម្រាប់កសិករ។
• បង្កើនផលិតភាព និងកាត់បន្ថយការ ចំនាយ។
ដើម្បីសំរេចគោលដៅនេះ Farmlink បានកំណត់នូវផែនការសកម្មភាពមួយចំនួនដូចខាងក្រោម:
• ជំរុញកសិករឲ្យធ្វើការរួមគ្នាក្នុងសហប្រតិបត្តិការមួយ
• ស្វែងរកដំណោះស្រាយសម្រាប់ការផលិត និងបញ្ហាមុនការផលិត
• បង្កើតការស្រាវជ្រាវ និងអភិវឌ្ឍន៍
• សហការជាមួយអាជ្ញាធរកម្ពុជា
• វិនិយោគលើទីផ្សា និងការផ្សព្វផ្សាយនានា
- ដំណោះស្រាយនូវបញ្ហាមុនការផលិតរួមមាន:
• ធារាសាស្រ្ត(Irrigation)
• ជី(Fertilizer)
• រងឈើ និងម្លប់ដែលមានលក្ខណៈស្តង់ដា(Wooden standards and shade cover)
• ការប្រើប្រាស់គ្រឿងចក្រ(Machinery)
• មន្ទីរពិសោធន៍វិភាគ(Analytical Laboratory)
• ការគាំទ្រសមាគម(Support to the Associations)
• ការស្រាវជ្រាវ និងការអភិវឌ្ឍន៍(Research and Development)
• ការធានានូវឈ្មោះកម្មសិទ្ធិដី(Secure land title deeds)។
- ផលិតផលកសិកម្មផ្សេងៗ
ក្រៅពីម្រេច និងស្រូវ ខេត្តកំពត សំបូរទៅដោយដំណាំល្អៗ និងប្លែកៗ ដូចជា ធុរេន សាវម៉ាវ ដូង សណ្តែកសៀង សណ្តែកដី ពោត និងប៉េងប៉ោះជាដើម។ យើងទាំងអស់គ្នា ច្បាស់ជាបានស្គាល់ហើយនូវរសជាតិធុរេនកំពត។ ធុរេនកំពត ត្រូវបានគេដាំដុះនៅតំបន់ខ្ពង់រាប ជាពិសេសនៅតំបន់ទឹកឈូ។ ប្រជាជនខេត្ត កំពត ក៏ប្រសព្វណាស់ដែរក្នុងការចិញ្ចឹមសត្វសំរាប់បម្រើវិស័យកសិកម្ម និងសំរាប់ផលិតផលនៅលើទីផ្សា។ ក្នុងឆ្នាំ២០០៨ មានគ្រួសារសរុប១៤១៣ ចិញ្ចឹមត្រីដោយក្នុងនោះអ្នកស្រុកដងទង់ជាអ្នកចិញ្ចឹមច្រើនជាងគេ។ ប្រជាជនជាងពាក់កណ្តាល៨ម៉ឺនគ្រួសារចិញ្ចឹមជ្រូក ជាង១សែនគ្រួសារចិញ្ចឹមមាន់ ៤៥០០០គ្រួសារចិញ្ចឹមទា ១០៣គ្រួសារចិញ្ចឹមពពែ និង៩៣៤គ្រួសារចិញ្ចឹមសេះ។ ជាមធ្យមគ្រួសារនីមួយៗមានគោឬក្របី សំរាប់ជំនួយ កសិកម្មចំនួន២,៥ក្បាល។ ក្នុងឆ្នាំ២០០៨ គេប្រមូលផលពោតបាន៣៤០០តោន សណ្តែកដីបាន៤៥៨តោន ដំឡូងមី៩៤៥តោន និងប៉េងបោះ៩៥២តោន។ ជារៀងរាល់ថ្ងៃ ខេត្តកំពតបាននាំចេញដូងយ៉ាងច្រើន ជាពិ សេសមកកាន់ទីក្រុងភ្នំពេញ ដោយសារទីនោះសំបូរដើមដូង ជាពិសេសដូងតុកកែ ដែលយើងស្គាល់គ្រប់ៗគ្នា។
ផ្លូវគមនាគមន៍ [កែប្រែ]
ខេត្តកំពតភ្ជាប់ដោយផ្លូវជាតិសរុបចំនួន ៤ ដែលមានប្រវែងប្រហែល ២២៦ គីឡូម៉ែត្រ(ប្រហែល ៥% នៃផ្លូវជាតិសរុបនៃប្រទេសកម្ពុជា)។ផ្លូវទៅកាន់ខេត្តព្រះសីហនុគឺជាផ្នែកនៃប្រព័ន្ធផ្លូវអាស៊ាន ។ ការដឹក ជញ្ជូនធំៗជាច្រើនប្រាស់ផ្លូវនេះ(ឧទាហរណ៍ ការដឹកជញ្ជូនទៅកាន់រោងចក្រស៊ីម៉ង់ត៍ក្នុងស្រុក។ ផ្លូវទៅកាន់ភ្នំបូកគោ កំពុងត្រូវបានជួសជុលកែលំអដែល និងជួយជំរុញយ៉ាងខ្លំាងបំផុតសំរាប់វិស័យ ទេសចរណ៍។ សភាពផ្លូវថ្នល់ ត្រូវបានកែលំអគួរអោយកត់សំគាល់ នៅក្នុងរយះពេល ប៉ុន្មានឆ្នំានីមួយៗ នេះហើយអាជីវកម្មក្នុងស្រុកបាន រាយការណ៍ថាបានកាត់បន្ថយពេលវេលា និងតំលៃក្នុងការដឹកជញ្ជូន រហូតដល់ ៥០ %។ ការធ្វើពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ត្រូវបានគាំទ្រដោយច្រកព្រំដែនពីរ (ច្រកអន្តរជាតិមួយ និងច្រកតំបន់មួយ)។ ផ្លូវជាតិលេខ ៣១ តភា្ជប់ពីខេត្តកំពតទៅកាន់ព្រំដែន វៀតណាមនៅTon Hon និង Prek Chak ដែលមានរយះ ប្រហែល១ម៉ោងពីទីរួមខេត្តកំពត។ នៅរយះពេល ឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលនឹងវិនិយោគប្រាក់ប្រហែល ៣០លានដុល្លាអាមេរិចទៅលើការជួសជុល កែលំអផ្លូវថ្នល់ជាពិសេសពង្រីកផ្លូវជាតិលេខ៣ និងផ្លូវសំខាន់ៗផ្សេងទៀត ដូចជាផ្លូវទៅកាន់ ប្រទេសវៀតណាម និងចំនុចភ្ជាប់ផ្នែកសេដ្ឋកិច្ចសំខាន់ៗក្នុងមូលដ្ឋាន។ រាជរដ្ឋាភិបាលនៃព្រះរាជណា ចក្រកម្ពុជា បានចាប់ផ្ដើមការងារជួសជុលកែលំអ ខ្សែផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសី ហនុ ដែលឆ្លងកាត់ខេត្តកំពត ។ ផ្លូវមួយខ្សែនេះនិងកែលំអដឹកជញ្ជូន និងពាណិជ្ជកម្មអោយកាន់តែប្រ សើរឡើង។ ខេត្តកំពតផ្គត់ផ្គង់ទឹកដោយស្ទឹងកំពត ដែលហូរពីភ្នំប៉ែកខាងលិច ទៅកាន់តំបន់ឆ្នេរជិតៗ នោះដែលមានសភាពល្អប្រសើរបំផុតសំរាប់ការធ្វើដំណើរ និងការដឹកជញ្ជូន។ ស្ទឹងនេះ គឺជាកត្តាគន្លឹះ នៃអត្តសញ្ញាណខេត្ត ហើយក៏ត្រូវបានប្រើប្រាស់សំរាប់ការដឹកជញ្ជូនផងដែរ។ ក្រមហ៊ុនឯកជនមួយ ត្រូវបានរាជរដ្ឋាភិបាលផ្ដល់អាជ្ញាប័ណ្ណអោយបូមដីធ្វើអោយទន្លេមានជម្រៅជ្រៅដើម្បីអោយកប៉ាល់ធំៗអាចដឹកកុងតឺន័រ និងទំនិញធំៗ ឆ្ពោះទៅកាន់កំពង់ផែខេត្តព្រះសីហនុ។ លើសពីនេះទៅទៀតកំពង់ផែដ៏ធំមួយ ដែលត្រូវនិងគ្រប់គ្រងដោយក្រុមហ៊ុនកំពង់ផែខេត្តកំពតកំពុងត្រូវបានកសាងរួមជាមួយនិង តំបន់សេដ្ឋកិច្ចពិសេសដើម្បីលើកទឹកចិត្តដល់ការវិនិយោគពាណិជ្ជកម្ម ។
ទេសចរណ៍ [កែប្រែ]
- កំពតបានក្លាយជាទីតាំងដ៏ល្បីល្បាញយ៉ាងឆាប់រហ័ស សម្រាប់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិ។ មានចំនុចទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ជាច្រើនសំរាប់បំពេញចិត្តរបស់ភ្ញៀវទេសចរណ៍ទាំងឡាយ។ ទីនោះ គឺជាកូនទីក្រុងតាមមាត់ទន្លេមួយដោយច្នៃម៉ូដឡើងតាមបែបស្ថាបត្យកម្មបារាំង ជាមួយនឹងរបាំង ភ្នំខែមជ័យនៅពីក្រោយ គឺជាទេសភាពមួយនឹងកម្ររកបាន។ “ខេត្តមួយនៃប្រទេសកម្ពុជាដែលល្បី ល្បាញបំផុត សូមអរគុណដល់ការរួមបញ្ចូលគ្នាដ៏គួរឲ្យកោតសរសើរនៃអតីតទីក្រុងអាណានិគម ដែល ត្រូវបានគេបោះបង់ចោល បោះបង់ចោលនូវទេសភាពដ៏គួរឲ្យទាក់ទាញ ហើយនិងភាពងាយស្រួលក្នុង ការធ្វើដំណើរជុំវិញទីក្រុង... ទីក្រុងដែលមានទន្លេលំហែកាយជាមួយនឹងការរៀបចំដ៏គួរឲ្យស្ញប់ស្ញែង និងទីតាំងសម្រាប់ការស្រាវជ្រាវទៅលើគុហា និងអារាមទាំងឡាយ” Lonely Planet, Cambodia, 2007
- ឧទ្យានជាតិមុនីវង្យបូកគោឬហៅថាឧទ្យានជាតិមុនីវង្យបូកគោ៖ មានចម្ងាយប្រមាណ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពតឆ្ពោះទៅភាគខាងលិច។ នៅលើកំពូលភ្នំមានកាស៊ីណូមួយកសាងឡើងក្នុងជំនាន់អនានិគមបារាំង សម្រាប់ពួកគេមកកំសាន្តលេងនៅគ្រប់រដូវ។ ក្រៅពីនោះនៅមានទីវត្តអារាមដែលមានឈ្មោះថា វត្តសំពៅប្រាំ យកតាមលំនាំរូបផ្ទាំងថ្មនៅទីនោះមានរាងដូចសំពៅចំនួនប្រាំ។ នៅទីនោះគេក៏អាចគយគន់នូវទស្សនីយភាពធម្មជាតិ ដែលស្ទើរតែមិនអាចដកចិត្តបាននោះគឺ ជ្រលងជ្រោះសែនជ្រៅប្រកបដោយព្រៃឈើខៀវស្រងាត់មានពពកបាំងតិចៗផង។ គេក៏អាចគយគន់ទិដ្ឋភាពទីរួមខេត្តកំពតពីលើកំពូលភ្នំកំពស់១០៧៥ម៉ែត្រនេះផងដែរ។ ក្រៅពីការទស្សនាសំនង់អគារប្រវត្តិសាស្ត្ររួចហើយ ទេសចរអាចទៅកំសាន្តជាមួយនឹងធម្មជាតិវិញម្ដងគឺ ទឹកជ្រោះដ៏សែនត្រជាក់៣ថ្នាក់ និងតំបន់ពពកវិលដែលមានអាកាសធាតុត្រជាក់ខួបប្រាំងខួបវស្សាមានពពកផាត់ទៅផាត់មក។
- រមណីយដ្ឋានទឹកឈូ៖ គឹជារមណីយដ្ឋានធម្មជាតិមួយដែលមានចម្ងាយ៨គីឡូម៉ែត្រ ពីទីរួមខេត្ត។តំបន់នេះមានទឹកធ្លាក់តាមជ្រលងភ្នំកំចាយរហូតដល់ទីរួមខេត្តកំពត ដែលជាប្រភពទឹកសាបយ៉ាងសំខាន់ សម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅជុំវិញទីរួមខេត្ត។ ទឹកធ្លាក់ថ្លាឈ្វេងមើលឃើញបាតហូររេញៗ ពេលខ្លះហូរខ្លាំងកាត់ផ្ទាំងថ្មដាធំៗបែកផ្កាត្រែងគេអាចធ្វើដំណើរឆ្លងកាត់ផ្ទៃទឹកបានតាមរយៈស្ពានយោលមួយខ្សែ ដែលសន្ធឹងខ្លួនរង់ចាំទទួលទេសចរ។ ក្រៅពីការងូតទឹកកំសាន្ត គេក៏អាចគយគន់នូវទេសភាពចម្ការដំណាំហូបផ្លែរបស់ប្រជាពលរដ្ឋនៅអមសងខាងទឹកធ្លាក់នោះផងដែរ ជាពិសេស ចម្ការធូរេនដ៏ល្បីល្បាញរបស់ខេត្តនេះ។ មិនឆ្ងាយពីទីនេះប៉ុន្មាន សួនសត្វ និង សួនដំណាំទឹកឈូបានកំពុងអន្ទងអារម្មណ៍អ្នកទស្សនាឱ្យឈានជើងចេញមិនរួចក្រោយពីត្រលប់ពីកំសាន្តនៅទឹកធ្លាក់ហើយនោះ។ គេតែងឈៀងចូលទៅមើលសត្វប្លែកៗ ច្រើនប្រភេទរួមទាំងទទួលអារម្មណ៍ស្រស់ថ្លាជាមួយចម្ការដំណាំផ្លែឈើ មានដូចជា ធូរេន សាវម៉ាវ មង្ឃុត ជាដើម។
- ភ្នំកំពង់ត្រាច៖ ភ្នំកំពង់ត្រាចមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣៦ ក្នុងឃុំដំណាក់កន្តួតខាងត្បូងស្រុកកំពង់ត្រាច ចម្ងាយ៣៨គ.ម ប៉ែកខាងកើតក្រុងកំពត។ រមណីយដ្ឋាននេះជាថ្មភ្នំ មានរូងភ្នំប្រកបដោយល្អាងតូចធំជាច្រើន។ នៅទីនោះមានល្អាងមួយមានវិជ្ជមាត្រ ប្រមាណ៣០ម ហើយមានពណ៍៧ ផ្សេងៗគ្នា ។
- រមណីយដ្ឋានព្រែកអំពិល៖ ព្រែកអំបិលជារមណីយដ្ឋានមួយស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងឃុំកោះតូច ស្រុកកំពត មានចម្ងាយ១៨គ.មពីប៉ែកខាងលិចក្រុងកំពត។
វិស័យអប់រំ [កែប្រែ]
សព្វថ្ងៃ ខេត្តកំពតមានសិស្សជាង ១៥០០០០នាក់ កំពុងតែសិក្សានៅបឋមសិក្សាចំនួន២៩៨ និង ៧៩វិទ្យាល័យផ្សេងទៀត។ ស្ថិតនៅ ២៦.៥%នៃប្រជាជនសរុប ខេត្តកំពតទទួលបានការចុះឈ្មោះចូល រៀនច្រើនជាងគេនៅទូទាំងប្រទេស។
| ស្ថាប័នអប់រំ | ចំនួន |
|---|---|
| បឋមសិក្សា | ២៩៨ |
| វិទ្យាល័យ និងអនុវិទ្យាល័យ | ៧៩ |
| សាលាឯកជន | ១ |
| សាកលវិទ្យាល័យ | ៣ |
| មហាវិទ្យាល័យគរុកោសល្យ | ២ |
| មហាវិទ្យាល័យហ្វឹកហ្វឺនភាសា | ៤ |
សាកលវិទ្យាល័យបី ត្រូវបានបើកឲ្យដំណើរការនៅខេត្តកំពត រួមជាមួយនឹងមហាវិទ្យាល័យគរុកោសល្យពីរ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភាសាបួន។ ជំនាញក្នុងតំបន់បានអភិវឌ្ឍន៍ ជាពិសេសនៅតំបន់ដែលទទួលបាន ទេសចរណ៍ច្រើនបំផុត ដោយភាសាអង់គ្លេសត្រូវបានគេផ្តោតអារម្មណ៍យ៉ាងខ្លាំង។ការចំណាយលើការអប់រំនៅបឋមសិក្សា ដែលជាចំណែកមួយនៃGDP បានកើនឡើងគួរឲ្យកត់សម្គាល់នៅកម្ពុជាកាលពីប៉ុន្មានឆ្នាំនេះ ហើយឥឡូវនេះកំពុងតែចាប់ដៃគូជាមួយប្រទេសថៃ។ ការអភិវឌ្ឍខេត្ត នឹងមិនត្រូវបានគេបញ្ចប់ត្រឹមប៉ុណ្ណេះទេ។ រដ្ឋាភិបាល មានគំរោងបន្តការចំណាយលើការអប់រំជាបន្តទៀត។ ការផ្តល់នូវប្រព័ន្ធអប់រំដ៏មានប្រសិទ្ធិភាពមួយ វាមិនចំលែកពេកទេដែលពលកម្មខេត្តកំពត បានរីកចំរើន២៩%នៅក្នុងវិស័យសេវាកម្ម ដែលមានទំនាក់ទំនងយ៉ាងសំខាន់ទៅនឹងការអប់រំ។ កម្មករគ្មានជំនាញនៅខេត្តកំពតទទួលបានប្រាក់ខែតែ៤០ដុល្លារទៅ៧០ដុល្លារតែប៉ុណ្ណោះ (បូករួមទាំងអាហារ និងកន្លែងស្នាក់នៅក្នុងករណីខ្លះ)។ រីឯកម្មករជំនាញ និងមានបទពិសោធន៍ អាចទទួលបានប្រាក់ខែយ៉ាងតិចក៏១០០ដុល្លារក្នុងមួយខែដែរ។ “យើងមានមោទនភាពយ៉ាងខ្លាំង ដោយបានដឹកនាំបង្កើតឲ្យមានធនធានមនុស្សដើម្បីជួយគាំទ្រនូវជំនួញរបស់យើង ហើយយើងជឿជាក់ថានេះគឺជា គុណសម្បត្តិនៃការប្រកួតប្រជែងដ៏ខ្លាំងក្លាមួយ ដែលប្រជាពលរដ្ឋរបស់យើងអាចជួយបង្កើនការលូតលាស់នៃសហគ្រាសរបស់យើង។” ប៉ុន្តែទន្ទឹមនឹងមោទនភាពនេះ ការលំបាកមួយចំនួនក៏នៅតែចោទជាបញ្ហាដល់កុមារ និងយុវជនដើម្បីចូលមកសិក្សាផងដែរ ដែលកត្តាទាំងនោះរួមមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រពៃណី ភាពក្រីក្រជាដើម។ តារាង ខាងក្រោមនេះ នឹងបង្ហាញឲ្យអ្នកឃើញពីអត្រាអ្នកដែលមិនបានចូលរៀន កុមារគ្រប់អាយុចូលរៀន និងសមាមាត្រនៃចំនួនសិស្សនិងគ្រូ និងសាលារៀន។
សុខាភិបាល [កែប្រែ]
ការផ្តល់សេវាកម្មសុខភាពបង្កកំណើត គឺជារឿងដ៏សំខាន់មួយ ដើម្បីជួយគាំពារសុខភាពមាតា និងទារក ក្នុងពេលកំពុងមានផ្ទៃពោះ និងពេលកំពុងឆ្លងទន្លេ។ តាមតារាងខាងក្រោមបង្ហាញពីអត្រាគិតជាភាគរយនៃស្រ្តីមានផ្ទៃពោះដែលមិនបានទទួលបានការផ្តល់សេវាសុខភាពបង្កកំណើតនៅក្នុងឆ្នាំ២០០៥។ កង្វះខាតនៃការផ្តល់សេវាថែរក្សាសុខភាពបង្កកំណើត គឺជាកត្តាដ៏គ្រោះថ្នាក់មួយក្នុងការតាមដានចំនួនទារកកើត ការប្រឈមមុខនឹងការស្លាប់នៅពេលឆ្លងទន្លេ និងកង្វះជីវជាតិនៅក្នុងខេត្តកំពត។ ភាគរយនៃស្រ្តីមានផ្ទៃពោះ ដែលមិនបានមកទទួលសេវាកម្មសុខភាពបង្កកំណើត គឺស្មើគ្នាបើប្រៀបធៀបទៅនឹងកំរិតជាតិ។ មានភាពខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះចំពោះស្ត្រីដែលឆ្លងទន្លេជាមួយឆ្មបបុរាណ ហើយឆ្លងទន្លេដោយមិនមានសំភារៈត្រឹមត្រូវ បើប្រៀបធៀបទៅនឹងទិន្នន័យកម្រិតជាតិ។
| សន្ទស្សន៍នៃការផ្តល់សេវាសុខភាពបង្កកំណើត សម្រាប់ស្ត្រីកំពុងមានផ្ទៃពោះ ដែលបានឆ្លងទន្លេដោយជោគជ័យ នៅរយៈកាល៦ឆ្នាំមុន | %នៃស្រ្តីនៅក្នុងខេត្តកំពតឆ្នាំ២០០៥ | %នៃស្រ្តីនៅក្នុងកំរិតជាតិឆ្នាំ២០០៥ |
|---|---|---|
| ស្ត្រីមានផ្តៃពោះដោយមិនបានទទួលការមើលថែពីឆ្មបសម័យ | ៣១% | ៣១% |
| ស្ត្រីមានផ្ទៃពោះដោយមិនបានទទួលការចាក់ថ្នាំតេតាណុស(ច្រើនជាងឬស្មើ១ដង) | ៣១% | ២៣% |
| ស្រ្តីមានផ្ទៃពោះដែលមិនបានទទួលបានថ្នាំគ្រាប់ជាតិដែក | ៤១% | ៣៧% |
| ស្ត្រីមិនបានឆ្លងទន្លេជាមួយឆ្មបសម័យ | ៥៩% | ៥៦% |
| ស្ត្រីដែលមិនបានឆ្លងទន្លេដោយសំភារៈត្រឹមត្រូវ | ៨២% | ៧៨% |
- ការអនុវត្តការថែទាំសុខភាពមាតា-ទារក នៅខេត្តកំពត
បន្ទាប់ពីឆ្លងទន្លេ ការផ្តល់សេវាកម្មសុខភាព និងជីវជាតិដល់មាតា-ទារក គឺជាការសំខាន់បំផុតសម្រាប់ការអភិវឌ្ឍវិស័យសុខាភិបាល និងការផ្តល់ជីវជាតិគ្រប់គ្រាន់សំរាប់កុមារ។ ការអនុវត្តនេះ ត្រូវទទួលបានការជម្រុញពីការអប់រំ និងចំណេះដឹងរបស់មាតា និងដោយលក្ខណៈរូប សង្គម និងសេដ្ឋកិច្ចក្នុងការស្វែង រកការផ្តល់សេវាកម្មសុខភាពមាតា-ទារក។ តារាងខាងក្រោមនេះ បង្ហាញពីភាគរយនៃម្តាយដែលមិនបានទទួលបានការថែទាំសុខភាព និងជីវជាតិដោយត្រឹមត្រូវ ដែលបណ្តាលមកពីកង្វះចំណេះដឹង ឬកង្វះខាតការស្វែងរកសេវាកម្មសុខភាពដោយខ្លួនឯង សង្គម និងសេដ្ឋកិច្ច។ សន្ទស្សន៍ជាចុងក្រោយ (ចំនួនស្រ្តីចេះអក្សរ) គឺជាសន្ទស្សន៍ដែលបង្ហាញអំពី ផលប៉ះពាល់ចម្បងចំពោះសុខភាពមាតា-ទារក និងការផ្តល់ជីវជាតិគ្រប់គ្រាន់។ នៅក្នុងខេត្តកំពត មានកុមារកាន់តែច្រើន ដែលមិនបានទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ បើប្រៀបធៀបទៅនឹងកម្រិតជាតិ។ បើប្រៀបធៀបទៅនឹងការព្យាបាលជម្ងឺអាសន្នរោគនៅកម្រិតជាតិ មានកុមារជាច្រើន ដែលមិនទទួលបានការព្យាបាលពីគ្រូពេទ្យ និងភាគរយកាន់តែតិចនៃកុមារ ដែលមិនបានទទួលបានការព្យាបាលនៅពេលខ្សោះជាតិទឹក។ បើប្រៀបធៀបទៅនឹងទិន្នន័យនៃការព្យាបាលជម្ងឺគ្រុនក្តៅ នៅកំរិតជាតិ ភាគរយទាបនៃកុមារដែលមានរោគសញ្ញាគ្រុនក្តៅនៅក្នុងខេត្តនេះ មិនបានទទួលការព្យាបាលពីអ្នកផ្តល់សេវាកម្មថែរក្សាសុខភាព។
ការថែទាំសុខភាពមាតា និងទារកនៅខេត្តកំពត
| ការផ្តល់ការថែទាំសុខភាពមាតា និងទារក | %នៃស្រ្តីនៅក្នុងខេត្តកំពតឆ្នាំ២០០៥ | %នៃស្រ្តីនៅក្នុងកម្រិតជាតិនាំ២០០៥ |
|---|---|---|
| កុមារអាយុ១២-១៣ខែ ដែលមិនបានទទួលការចាក់វ៉ាក់សាំង | ៥៩% | ៣៣% |
| កុមារក្រោមអាយុ៥ឆ្នាំកើតជម្ងឺអាសន្នរោគ ដែលមិនបានទទួលការព្យាបាលពីអ្នកផ្តល់សេវាសុខភាព | ៥៧% | ៥០% |
| កុមារក្រោមអាយុ៥ឆ្នាំកើតជម្ងឺអាសន្នរោគ ដែលបានទទួលការព្យាបាលនៅពេលខ្សោះជាតិទឹក | ២៦% | ៤១% |
| កុមារក្រោមអាយុ៥ឆ្នាំកើតជម្ងឺគ្រុនក្តៅ ដែលមិនបានទទួលការព្យាបាលពីអ្នកផ្តល់សេវាសុខភាព | ៤១% | ៥៧% |
- អនាម័យ និងទឹកស្អាតនៅខេត្តកំពត
ទឹក និងប្រដាប់ប្រដាប្រើប្រាស់អនាម័យ គឺជាការកំណត់សំខាន់បំផុតនៃស្ថានភាពសុខភាពរបស់ សមាជិកគ្រួសារ និងកុមារទាំងឡាយ។ ការរស់នៅប្រកបដោយអនាម័យ បានកាត់បន្ថយការប្រឈមមុខទៅនឹងជម្ងឺធ្ ងន់ធ្ងរចម្បងមួយចំនួនរបស់កុមារ ជាឧទាហរណ៍ជម្ងឺអាសន្នរោគជាដើម។ (CDHS 2000)
តារាងខាងក្រោមនេះ បង្ហាញអំពីផ្ទះមួយចំនួនដែលមិនបានសាងសង់បង្គន់អនាម័យត្រឹមត្រូវ និង មិនមានទឹកស្អាតដើម្បីប្រើប្រាស់ក្នុងឆ្នាំ២០០៤។ ក្នុងចំណោមផ្ទះទាំងនេះ សមាជិក និងកុមារ បានប្រឈមមុខទៅនឹង លក្ខណ្ឌអនាម័យខ្សោយនៅឡើយ ដែលអាចនឹងធ្វើឲ្យកើនឡើងនូវភាពប្រថុយប្រថានក្នុងការឆ្លងជម្ងឺមួយចំនួនដូចជាអាសន្នរោគ ហើយដែលនឹងធ្វើឲ្យកើនឡើងនូវភាពប្រថុយប្រថាននៃអត្រាមរណៈរបស់កុមារ និងអាចកាត់បន្ថយកំរិតនៃអាហារូបត្ថម្ភរបស់កុមារទៀតផង។
ការប្រើប្រាស់ទឹកស្អាត និងអនាម័យក្នុងខេត្តកំពត ឆ្នាំ២០០៥
| សន្ទស្សន៍នៃការប្រើប្រាស់ទឹកស្អាត និងអនាម័យ | %នៃផ្ទះក្នុងខេត្តកំពត | %នៃផ្ទះកម្រិតជាតិ |
|---|---|---|
| ផ្ទះដែលគ្មានបង្គន់អនាម័យ | ៩១% | ៨១% |
| ផ្ទះដែលមិនមានប្រភពទឹកសុវត្ថិភាពនៅចម្ងាយ១៥០ម៉ែត្រពីផ្ទះ | ៥៥% | ៣៤% |
- • ភាគរយនៃប្រជាជនដែលមិនបានប្រើប្រាស់ទឹកស្អាតតាមឃុំនីមួយៗក្នុងខេត្តកំពតឆ្នាំ២០០៤
ផែនទីខាងក្រោមនេះ បង្ហាញពីភាគរយនៃប្រជាជនដែលមិនបានប្រើប្រាស់ទឹកពីប្រភពដែលមានសុវត្ថិភាពតាមឃុំ យោងទៅតាមទិន្នន័យឃុំឆ្នាំ២០០៤។ កុមារដែលមិនបានប្រើប្រាស់ទឹកស្អាត អាចប្រឈមមុខយ៉ាង ងាយទៅនឹងការស្រកទម្ងន់ ជម្ងឺ និងការស្លាប់។
ឯកសារពិគ្រោះ [កែប្រែ]
- គណកម្មការជាតិរៀបចំការបោះឆ្នោត
- ខេត្ត/ក្រុងនៅប្រទេសកម្ពុជា
- ក្រសួងទេសចរកម្ពុជា
- http://kampot.sihanoukville-cambodia.com/
- http://www.cambodia.gov.kh/unisql1/egov/english/province/kampot.html
ខេត្តក្រុងក្នុងប្រទេសកម្ពុជា [កែប្រែ]
|
||||||||||||||

