គង់ សារឿន

ពីវិគីភីឌា
គង់ សារឿន
អ្នកស្រី គង់ សារឿន
កើតឆ្នាំ 1958
ខេត្តស្វាយរៀង, កម្ពុជា
អាជីពអតីតអ្នកដោះមីន, នាយ​ទាហាន​រង​វិរៈ ២០១ នៅស្វាយរៀង, សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ស្វាយ​ទាប ស្វាយរៀង
ពន្ធភាពភូក សំអុល
កូន៣នាក់
មាតាបិតាបិតា៖ គួង ធុន, មាតា៖ ពេជ្យ ម៉ៅ

អ្នក​ស្រី គង់ សារឿន ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វីរនារីអ្នកដោះមីនដំបូង​គេ​នៅកម្ពុជានៅ​ក្នុង​ទសវត្សរ៍​ទី​៨០ ដែល​ដោះ​មីន​បាន​ជាង​ពីរ​ពាន់​គ្រាប់ ហើយ​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ពី​សំណាក​ថ្នាក់​ដឹក​នាំ​ចាប់​តាំង​ពី​ទស្សវត្សរ៍​ទី​៨០​មក។

ជីវភាព​ផ្ទាល់​ខ្លួន[កែប្រែ]

អ្នក​ស្រី គង់ សារឿន មាន​អាយុ ៥៥​ឆ្នាំ ជា​កូន​ទី៤ ក្នុង​ចំណោម​កូន​៤​នាក់ កើត​នៅ​ឆ្នាំ​១៩៥៨ ក្នុង​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយរៀង។ អ្នក​ស្រី​បាន​ចូល​រៀន​ត្រឹម​ថ្នាក់​ទី​១០ (ពី​សង្គម) តែ​ប៉ុណ្ណោះ នៅ​សាលា​រៀន​វត្ត​សំបួរ ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយ​រៀង។ ឪពុក​ឈ្មោះ គួង ធុន ជា​កសិករ ម្ដាយ​ឈ្មោះ ពេជ្យ ម៉ៅ ជា​កសិករ និង​បច្ចុប្បន្ន​អ្នក​ស្រី​មាន​កូន​ក្នុង​បន្ទុក​៣នាក់ ប្ដី​ឈ្មោះ ភូក សំអុល អាយុ​៦៤ឆ្នាំ ជា​អតីត​ទាហាន​រដ្ឋកម្ពុជាមាន​មុខ​របរ​ជា​កសិករ។

សកម្មភាព​ការ​ងារ[កែប្រែ]

កាល​ពី​ចុង​ទស្សវត្សរ៍​ឆ្នាំ​១៩៨០ អ្នក​ស្រី​ជា​នាយ​ទាហាន​រង​វិរៈ២០១ នៅ​ខេត្ត​ស្វាយ​រៀង ក្រោយ​មក​អ្នក​ស្រី​ត្រូវ​បាន​ធ្វើ​ជា​ប្រធាន​វីរនារី​នៅ​អង្គភាព (គ) នារី​ចល័ត​ដោះ​មីន​នៅ​ខេត្ត​ស្វាយ​រៀង បាន​ដឹក​នាំ​សមាជិក​កង​ទ័ព​នារី​ចំនួន ១០២រូប ធ្វើ​សកម្មភាព​ដោះ​មីន​សម្រាប់​តាំង​លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និង​ធ្វើ​កសិកម្ម ជូន​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​កំពង់​រោទ៍ ស្រុក​ចន្ទ្រា ស្រុក​ស្វាយ​ទាប ស្រុក​រមាស​ហែក ស្រុក​រំដួល ស្រុក​ស្វាយ​រៀង។ អ្នក​ស្រី​បាន​ដោះ​មីន​ម្នាក់​ឯង​បាន​ប្រហែល​ចំនួន ២៦៧៧គ្រាប់ និង​នៅ​ខេត្ត​បាត់ដំបង​ដោះ​មីន​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ថៃ​បាន​ចំនួន ៧០​គ្រាប់។ ថ្ងៃ​ទី២៤ ខែ​កញ្ញា ឆ្នាំ​១៩៩២ អ្នក​ស្រី​ត្រូវ​បាន​រំសាយ​ពី​កងទ័ព​មក​ជា​ប្រជា​ពលរដ្ឋ​សាមញ្ញ ចំណែក​យុទ្ធនារី​ដោះ​មីន​បាន​បែក​ខ្ញែក​គ្នា​អស់។ បច្ចុប្បន្ន​អ្នក​ស្រី គង់ សារឿន មាន​តួនាទី​ជា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយរៀង

គ្រឿង​ឥស្សរិយយស[កែប្រែ]

អ្នក​ស្រី គង់ សារឿន ត្រូវ​បាន​បក្ស​និង​រដ្ឋ​ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិ​ផ្ដល់​កិត្តិយស និង​ប្រសិទ្ធ​នាម​ជា​វីរនារី និង​បាន​ទទួល​គ្រឿង​ឥស្សរិយយស​ដូច​ខាង​ក្រោម៖

  • ទទួល​បាន​មេដាយ​ស្ថាបនា​ថ្នាក់​ធិបឌិន បំពាក់​ដោយ​លោក​ជំទាវ​ឧប​នាយក​រដ្ឋមន្ត្រី ម៉ែន សំអន កាល​ពី​ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ​២០០៨។
  • នៅ​សម័យ​រដ្ឋ​កម្ពុជា​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ចំនួន​៤គឺ
  1. ​មេដាយ​យុទ្ធជន​ប្ដេជ្ញា​ឈ្នះ
  2. មេដាយ​ការ​ពារ​មាតុភូមិ
  3. មេដាយ​យុទ្ធជ័យ​ថ្នាក់​លេខ២
  4. មេដាយ​វីរជន



អត្ថបទ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ក្រដាស​មួយ​ក្នុង ពិព័រណ៍​សកម្មភាព​មីន នៅ​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១១