គណបក្សសង្គ្រោះជាតិ

ពីវិគីភីឌា
គណបក្សសង្គ្រោះជាតិកម្ពុជា
Cambodia National Rescue Party
ប្រធានគណបក្សសម រង្ស៊ី
ប្រធានគណបក្សបន្ទាប់កឹម សុខា
បាវចនាសង្គ្រោះ បម្រើ ការពារ
បង្កើត១៧ កក្កដា ២០១២
រំលាយ១៦ វិច្ឆិកា ២០១៧
បញ្ចូលគ្នាគណបក្សសម រង្ស៊ី
គណបក្សសិទ្ធិមនុស្ស
បក្សស្នងត្រូវបានរំលាយដោយអយុត្តិធម៌
គណបក្សផ្សេងៗ (មិនជាផ្លូវការ)
ទីស្នាក់ការកណ្ដាលផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
មនោគមវិជ្ជាសេរីនិយម
ប្រជាធិបតេយ្យសេរី
ជាតិនិយមស៊ីវិល
ប្រជានិយម
គោលជំហរនយោបាយកណ្ដាលនិយម
ទំនាក់ទំនងអន្តរជាតិសេរីនិយមអន្តរជាតិ
ទំនាក់ទំនងក្នុងតំបន់ក្រុម​ប្រឹក្សា​សេរី​និយម​អាស៊ី និង​អ្នក​ប្រជាធិបតេយ្យ
ពណ៌ផ្លូវការ     ខៀវ
គេហទំព័រ
http://www.nationalrescueparty.org/ (លែងដំណើរការ)

គណបក្សសង្គ្រោះជាតិ (អង់គ្លេស: Cambodia National Rescue Party) គឺ​ជា​គណបក្ស​មួយ​​បង្កើតឡើង​ពី​ការរួមបញ្ចូលគ្នា​របស់​គណបក្សសមរង្ស៊ី​ និង​គណបក្សសិទ្ធិមនុស្ស​ដែលត្រូវបាន​បង្កើតឡើង​ក្នុងគោលបំណង​ប្រកួតប្រជែង​ការបោះឆ្នោតឆ្នំា២០១៣ ។ ​

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលនៃកម្ពុជា បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ។ ជាលទ្ធផលនៃសេចក្តីសម្រេចនេះ ដំណែងនៃគណបក្សសង្គ្រោះជាតិទាំងអស់ រួមទាំងមេឃុំ ចៅសង្កាត់ចំនួន ៤៨៩ និងសមាជិកសភាចំនួន ៥៥រូប បានបាត់បង់តំណែង និងបានបែងចែកអាសនៈរបស់ពួកគេទៅឱ្យគណបក្សផ្សេងទៀត។ បន្ថែម​ពី​លើ​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ចំនួន ១១៨​នាក់ ត្រូវ​បាន​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ។ ប្រហែលពាក់កណ្តាលនៃអតីតសមាជិកសភារបស់គណបក្សនេះ រួមទាំងអនុប្រធានគណបក្សមួយចំនួន បានភៀសខ្លួនចេញពីប្រទេសកម្ពុជាមុនខែតុលា ដោយសារតែការភ័យខ្លាចនៃការចាប់ខ្លួនដោយគណបក្សកាន់អំណាច។ ការ​រំលាយ​គណបក្ស​ដោយ​បង្ខំ​បាន​ជំរុញ​ឱ្យ​មាន​ការ​ថ្កោលទោស និង​អំពាវនាវ​ឱ្យ​ដក​ការ​សម្រេច​ចិត្ត​ពី​សហគមន៍​អន្តរជាតិ។ បច្ចុប្បន្ន គណបក្សនេះត្រូវមានជំនួសដោយគណបក្សមួយចំនួននាពេលបច្ចុប្បន្នដូចជា ៖ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម និងគណបក្សកម្លាំងជាតិ ។​

ប្រវត្តិ[កែប្រែ]

ការបង្កើតឡើង[កែប្រែ]

គណបក្សសង្គ្រោះជាតិ​ត្រូវបានបង្កើតឡើង​នៅថ្ងៃទី​១៧​ ខែកក្កដា​ ឆ្នំា២០១២ ដោយមានការជួបប្រជុំគ្នា​រវាង​លោក​សម រង្ស៊ីនិងកឹម សុខានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ [១] ក្រោយការបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣​ លោក មុត ចន្ថា ប្រធាន​គណបក្សជាតិនិយមបានប្រកាសចូលរួមជាមួយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៧ ខែមេសា ឆ្នំា២០១៤ ផងដែរ។[២]

គោលនយោបាយ[កែប្រែ]

  1. ចាស់ៗ ពីអាយុ ៦៥ឆ្នាំឡើងទៅ ទទួលបាន ៤ម៉ឺនរៀល ក្នុង១ខែ
  2. កម្មករ ទទួលបានប្រាក់ខែទាបបំផុត ៦០ម៉ឺនរៀល ក្នុង១ខែ
  3. មន្រ្តីរាជការ ទទួលបានប្រាក់ខែទាបបំផុត ១លានរៀល ក្នុង១ខែ
  4. កសិករ ទទួលបានការធានាតម្លៃកសិផល (ស្រូវទាបបំផុត ១០០០៛/kg)
  5. ប្រជាពលរដ្ឋក្រីក្រ ទទួលបានការព្យាបាលជម្ងឺដោយឥតយកប្រាក់
  6. យុវជន ទទួលបានឱកាសដូចគ្នាក្នុងការអប់រំ និងការងារធ្វើត្រឹមត្រូវ
  7. បញ្ចុះ តម្លៃប្រេង ជីកសិកម្ម អគ្គីសនី និងបញ្ចុះអត្រាការប្រាក់[៣]

សមាសភាពដឹកនំាគណបក្ស[កែប្រែ]

គណៈកម្មាធិការអចិន្រ្តៃយ៍[កែប្រែ]

គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សមានសមាសភាពដូចតទៅ:

  1. លោក សម រង្ស៊ី ប្រធាន
  2. លោក កឹម សុខា អនុប្រធាន
  3. លោក អ៊ូ ច័ន្ទឫទ្ធិ ប្រធានគណៈកម្មាធិការវិន័យ
  4. លោក ប៉ុល ហំម ប្រធានគណៈកម្មាធិការនាយក
  5. លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាអ្នកនាំពាក្យ
  6. លោក យ៉ែម បុញ្ញ​ឫទ្ធិ អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យ
  7. លោកស្រី មូរ សុខហួរ អគ្គនាយកទំនាក់ទំនងសាធារណៈ
  8. លោក គី វណ្ណដារ៉ា អគ្គនាយកហិរញ្ញវត្ថុ
  9. លោក ហូរ វ៉ាន់ អនុប្រធានគណៈកម្មាធិការវិន័យ
  10. លោក អេង ឆៃអ៊ាង អនុប្រធានគណៈកម្មាធិការនាយក
  11. លោក ម៉ៅ មុន្នីវណ្ណ អនុប្រធានគណៈកម្មាធិការប្រតិបត្តិ
  12. លោក គួយ ប៊ុនរឿន អគ្គនាយករង រដ្ឋបាល
  13. កញ្ញា កឹម មនោវិទ្យា អគ្គនាយករង ទំនាក់ទំនងសាធារណៈ
  14. លោក តុ វ៉ាន់ច័ន្ទ អគ្គនាយករង ហិរញ្ញវត្ថុ
  15. លោកស្រី ជូឡុង សូមួរ៉ា សមាជិកា
  16. លោក គីមសួរ ភិរិទ្ធ សមាជិក
  17. លោក ថាច់ សេដ្ឋា សមាជិក
  18. លោក សុន ឆ័យ សមាជិក
  19. លោក ជាម ច័ន្ទនី សមាជិក
  20. លោក ទួន យក់ដា សមាជិក
  21. លោក លឹមប៊ុន ស៊ីដារេត សមាជិក
  22. លោក កែវ សម្បត្តិ សមាជិក
  23. លោក អ៊ូ ច័ន្ទរ័ត្ន សមាជិក
  24. លោកស្រី កែ សុវណ្ណរតន៍ សមាជិកា
  25. លោក ម៉ែន សុថាវរិន្ទ្រ សមាជិក
  26. លោក សួន រីដា សមាជិក [១] Archived 2014-04-16 at the វេយប៊ែខ ម៉ាស៊ីន.

តួនាទី-ភារកិច្ចគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស[កែប្រែ]

គណៈកម្មាធិការអចិន្រ្តៃយ៍ដឹកនាំ ចាត់ចែង និងអនុវត្តកិច្ចការប្រចាំថ្ងៃរបស់គណបក្ស ។

គណៈកម្មាធិការអចិន្រ្តៃយ៍ មានសិទ្ធិសម្រេចលើគ្រប់បញ្ហា និងការងារចាំបាច់ រួមទាំងការបញ្ចប់សមាជិកភាព ហើយ និងស្នើសុំឲ្យប្រធានគណបក្ស តែងតាំង ឬដកតួនាទី ឬព្យួរតំណែង មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ។ គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស ទទួលខុសត្រូវលើរាល់សេចក្តីសម្រេចទាំងនោះ នៅចំពោះមុខគណៈកម្មាធិការ នាយក ។

គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស រៀបចំគម្រោងផែនការធំៗ ដាក់ជូនគណៈកម្មាធិការនាយកពិនិត្យ មុន នឹងដាក់ជូនសមាជ ឬសន្និបាតក្រុមប្រឹក្សាជាតិ ពិភាក្សា និងអនុម័ត ។

គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស មានចំនួនយ៉ាងច្រើន ២៩រូប ដែលមានសមាសភាពដូចតទៅ ៖

- ប្រធាន និងអនុប្រធានគណបក្ស

- ប្រធាន និងអនុប្រធានគណៈកម្មាធិការនាយក

- ប្រធាន និងអនុប្រធានគណៈកម្មាធិការវិន័យ

- ប្រធាន និងអនុប្រធានគណៈកម្មាធិការប្រតិបត្តិ

- អគ្គនាយករដ្ឋបាល និងអគ្គនាយករង

- អគ្គនាយកទំនាក់ទំនងសាធារណៈ និងអគ្គនាយករង

- អគ្គនាយកហិរញ្ញវត្ថុ និងអគ្គនាយករង

- និងសមាជិកមួយចំនួន ដែលជ្រើសរើសដោយគណៈកម្មាធិការនាយក ពីក្នុងចំណោមសមាជិករបស់ខ្លួន តាមសម្លេងភាគច្រើនដាច់ខាត (៥០%+១) នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ។

ប្រធាន និងអនុប្រធានគណបក្ស ជាប្រធាន និងអនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ អាចប្រព្រឹត្តទៅបានតាមការសម្រេចរបស់ប្រធាន ឬតាមសំណើចំនួន ១/៣ នៃសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ហើយចាំបាច់ត្រូវមានកូរ៉ុម ២/៣ នៃសមាជិកទាំងមូល ។

សេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍ ត្រូវមានសម្លេងគាំទ្រភាគច្រើនដាច់ខាត (៥០%+១) នៃ សមាជិកទាំងមូល ។

ប្រធាន និងអនុប្រធានគណបក្ស ត្រូវបានជ្រើសតាំងដោយសមាជ តាមរយៈការអនុម័តបញ្ជីបេក្ខជនដោយ សម្លេងភាគច្រើនដាច់ខាត (៥០%+១) នៃសមាជិកវត្តមានដែលមានសិទ្ធិសម្រេច សម្រាប់អាណត្តិ ៥ឆ្នាំ។

បញ្ជីបេក្ខជន គឺជាបញ្ជីរួមរបស់បេក្ខជនប្រធាន និងអនុប្រធានគណបក្ស ។ បញ្ជីនេះត្រូវមានការគាំទ្រពី សមាជិកគណៈកម្មាធិការនាយកចំនួនយ៉ាងតិច ១/៣ នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ។

ឥស្សរជននយោបាយក្នុងគណបក្សមួយរូប អាចធ្វើជាប្រធានគណបក្សត្រឹមពីរអាណត្តិ(១០ឆ្នាំ) ។

អនុប្រធានគណបក្ស ទទួលដឹកនាំការងារគណបក្សតាមការកំណត់របស់ប្រធានគណបក្ស ។

នៅពេលអវត្តមានប្រធាន អនុប្រធានត្រូវបានទទួលសិទ្ធិជាប្រធានគណបក្សស្តីទី ដែលមានបុព្វសិទ្ធិដូច ប្រធានគណបក្ស ។

ក្នុងករណីអវត្តមានប្រធាន និងអនុប្រធាន អ្នកទទួលសិទ្ធិជាប្រធានគណបក្សស្តីទី ត្រូវជ្រើសតាមឋានានុក្រម ដូចខាងក្រោម ៖

១- ប្រធានគណៈកម្មាធិការនាយក

២- ប្រធានគណៈកម្មាធិការវិន័យ

៣- ប្រធានគណៈកម្មាធិការប្រតិបត្តិ

៤- អនុប្រធានគណៈកម្មាធិការនាយក

៥- អនុប្រធានគណៈកម្មាធិការវិន័យ

៦- អនុប្រធានគណៈកម្មាធិការប្រតិបត្តិ

ការទទួលសិទ្ធិជាប្រធានគណបក្សស្តីទីនេះ ត្រូវធ្វើតាមរយៈលិខិតផ្ទេរសិទ្ធិពីប្រធានគណបក្ស ។

ប្រធានគណបក្ស មានខុទ្ទកាល័យមួយ ដើម្បីជួយដល់កិច្ចការផ្ទាល់របស់ខ្លួន ។ ខុទ្ទកាល័យប្រធានគណបក្ស ដឹកនាំដោយនាយខុទ្ទកាល័យមួយរូប អមដោយនាយរងខុទ្ទកាល័យមួយចំនួនដែលតែងតាំងដោយប្រធានគណបក្ស ។

ប្រធានគណបក្ស តែងតាំង ឬផ្លាស់ប្តូរបេក្ខជនតំណាងរាស្រ្ត បេក្ខជនសមាជិកព្រឹទ្ធសភា និងបេក្ខជន ថ្នាក់ដឹកនាំដទៃទៀត តាមសំណើរបស់គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស ។

ប្រធានគណបក្ស មានសិទ្ធិតែងតាំង ឬដកតួនាទី បេសកជន និងទីប្រឹក្សាផ្ទាល់របស់ខ្លួន ។

ករណីប្រធានគណបក្សបាត់បង់សមត្ថភាពដឹកនាំគណបក្ស ដែលបញ្ជាក់ដោយគណៈកម្មាធិការនាយក បើ ៖

- អាណត្តិនៅតិចជាង១៨ខែ អនុប្រធានគណបក្ស ត្រូវទទួលនាទីជាប្រធានគណបក្សស្តីទី ហើយ គណៈកម្មាធិការនាយកត្រូវជ្រើសរើសអនុប្រធានគណបក្សថ្មីមួយរូប ក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរពីក្នុង ចំណោមសមាជិករបស់ខ្លួន ដោយសម្លេងភាគច្រើនដាច់ខាត (៥០%+១) នៃសមាជិកគណៈកម្មាធិការ នាយកទាំងមូល ដើម្បីជួយការងារប្រធានគណបក្សស្តីទី រហូតដល់ចប់អាណត្តិ

- អាណត្តិនៅលើស១៨ខែ គណៈកម្មាធិការអចិន្រ្តៃយ៍ ត្រូវកំណត់ពេលរៀបចំធ្វើសមាជវិសាមញ្ញ ដើម្បី ជ្រើសរើសប្រធានគណបក្ស និងអនុប្រធានគណបក្សថ្មីក្នុងរយៈពេលយ៉ាងយូរ៣០ថ្ងៃ ដើម្បីដឹកនាំ គណបក្សរហូតដល់ចប់អាណត្តិ ។

គណៈកម្មាធិការវិន័យ[កែប្រែ]

គណៈកម្មាធិការវិន័យ ត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការនាយក ។

គណៈកម្មាធិការវិន័យ មានតួនាទី និងភារកិច្ច ដូចតទៅ ៖

- ទទួលពាក្យបណ្តឹងវិវាទរបស់សមាជិកគណបក្ស

- ទទួលពាក្យបណ្តឹងស្តីពីភាពមិនប្រក្រតីនៃចំណូល-ចំណាយរបស់គណបក្ស

- ទទួលបណ្តឹងឧទ្ទរណ៍ករណីបញ្ចប់សមាជិកភាពដោយគណៈកម្មាធិការប្រតិបត្តិរាជធានី-ខេត្ត

- ដាក់ពិន័យសមាជិកគណបក្សរូបណា ដែលរំលោភបទប្បញ្ញត្តិដែលមានចែងក្នុងប្រការ១៨ នៃលក្ខន្តិកៈ គណបក្ស ។

នីតិវិធីនៃការដោះស្រាយបណ្តឹង ការដាក់ពិន័យ និងការបញ្ចប់សមាជិកភាព មានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុង គណបក្ស ។

គណៈកម្មាធិការវិន័យ មានសមាសភាពដូចតទៅ ៖

- ប្រធាន និងអនុប្រធានមួយរូប ជ្រើសរើសដោយគណៈកម្មាធិការនាយក ពីក្នុងចំណោមសមាជិករបស់ ខ្លួនដោយសម្លេងគាំទ្រភាគច្រើនដាច់ខាត (៥០%+១) នៃចំនួនសមាជិកគណៈកម្មាធិការនាយកទាំងមូល

- សមាជិក ប្រាំរូបទៀត ជ្រើសរើសដោយគណៈកម្មាធិការនាយក ពីក្នុងចំណោមសមាជិកក្រុមប្រឹក្សាជាតិ ដោយសម្លេងគាំទ្រភាគច្រើនដាច់ខាត (៥០%+១) នៃចំនួនសមាជិកគណៈកម្មាធិការនាយកទាំងមូល

បេក្ខជនប្រធាន និងអនុប្រធាន ត្រូវមានការគាំទ្រពីសមាជិកគណៈកម្មាធិការនាយកចំនួនយ៉ាងតិច ១/៣ នៃ សមាជិក​គណៈកម្មាធិការនាយកទាំងមូល ។

គណៈកម្មាធិការវិន័យ មានអាណត្តិ ៥ឆ្នាំ ។ គណៈកម្មាធិការវិន័យចាស់នឹងអស់សុពលភាពបន្ទាប់ពី គណៈកម្មាធិការវិន័យថ្មីចូលកាន់តំណែង ។

ការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការវិន័យ មានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងគណបក្ស ។

គណៈកម្មាធិការប្រតិបត្តិ[កែប្រែ]

គណៈកម្មាធិការប្រតិបត្តិ ជាស្ថាប័ននីតិប្រតិបត្តិរបស់គណបក្ស ។ គណៈកម្មាធិការប្រតិបត្តិគ្រប់គ្រង និង ធានាការប្រព្រឹត្តិទៅនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងអគ្គនាយកដ្ឋានហិរញ្ញវត្ថុ ព្រមទាំងរចនាសម័្ពន្ធគណៈកម្មាធិការប្រតិបត្តិថ្នាក់ក្រោមជាតិ និងសាខាគណបក្សនៅក្រៅប្រទេស ។

គណៈកម្មាធិការប្រតិបត្តិ អនុវត្តការងារប្រចាំថ្ងៃតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍ ក្រោម ការត្រួតពិនិត្យរបស់ប្រធាន និងអនុប្រធានគណបក្ស ។

គណៈកម្មាធិការប្រតិបត្តិ មានសមាសភាពជ្រើសចេញមកពីសមាជិកគណៈកម្មាធិការនាយក ៖

- ប្រធាន មួយរូប

- អនុប្រធាន យ៉ាងតិចមួយរូប

- អគ្គនាយក មួយរូប អមដោយអគ្គនាយករង មួយរូប នៃអគ្គនាយកដ្ឋានរដ្ឋបាល

- អគ្គនាយក មួយរូប អមដោយអគ្គនាយករង មួយរូប នៃអគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ

- អគ្គនាយក មួយរូប អមដោយអគ្គនាយករង មួយរូប នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ ។

អនុប្រធានគណៈកម្មាធិការប្រតិបត្តិ ទទួលការងារតាមការកំណត់របស់ប្រធានគណៈកម្មាធិការប្រតិបត្តិ ។

ប្រធាន និងអនុប្រធានគណៈកម្មាធិការប្រតិបត្តិ តែងតាំងដោយប្រធានគណបក្ស បន្ទាប់ពីបានទទួលការ យល់ព្រមពីគណៈកម្មាធិការនាយក ដោយសម្លេងភាគច្រើនដាច់ខាត (៥០%+១) នៃសមាជិកគណៈកម្មាធិការ នាយកទាំងមូល ។

គណៈកម្មាធិការប្រតិបត្តិ មានអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងអគ្គ នាយកដ្ឋានហិរញ្ញវត្ថុ ជាសេនាធិការ ។

អគ្គនាយក និងអគ្គនាយករង នៃអគ្គនាយកដ្ឋានទាំងបី តែងតាំងដោយប្រធានគណបក្ស តាមសំណើរបស់ ប្រធានគណៈកម្មាធិការប្រតិបត្តិ បន្ទាប់ពីបានទទួលការយល់ព្រមពីគណៈកម្មាធិការនាយកដោយសម្លេងភាគច្រើន ដាច់ខាត (៥០%+១) នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ។

អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងអគ្គនាយកដ្ឋានហិរញ្ញវត្ថុ មាននាយកដ្ឋាន មួយចំនួនតាមតម្រូវការចាំបាច់ ។ នាយកដ្ឋាននីមួយៗ ដឹកនាំដោយ ប្រធានមួយរូប និងអនុប្រធានមួយរូប ដែល តែងតាំងដោយប្រធានគណៈកម្មាធិការប្រតិបត្តិ តាមសំណើរបស់អគ្គនាយក ។

ការរៀបចំ និងការប្រព្រឹត្តិទៅរបស់អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ និងអគ្គ នាយកដ្ឋានហិរញ្ញវត្ថុ កំណត់ដោយគណៈកម្មាធិការប្រតិបត្តិ ។

អគ្គនាយកដ្ឋានហិរញ្ញវត្ថុ ទទួលបន្ទុកគ្រប់គ្រងថវិកា និងបញ្ជីសារពើភ័ណ្ឌទាំងអស់របស់គណបក្ស ។

អគ្គនាយកហិរញ្ញវត្ថុ ត្រូវធ្វើរបាយការណ៍ប្រចាំខែ ស្តីពីប្រាក់ចំណូល-ចំណាយរបស់គណបក្ស ជូនប្រធាន អនុប្រធានគណបក្ស ប្រធានគណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការនាយក ។

ប្រធានគណៈកម្មាធិការប្រតិបត្តិ ឬអនុប្រធានដែលបានទទួលសិទ្ធិពីប្រធាន អាចកោះប្រជុំ និងដឹកនាំអង្គប្រជុំ នៃគណៈកម្មាធិការប្រតិបត្តិដោយមិនគិតកូរ៉ុម ដើម្បីប្រតិបត្តិការងារប្រចាំថ្ងៃ ស្របតាមសេចក្តីសម្រេចរបស់គណៈកម្មា ធិការអចិន្រ្តៃយ៍ ។

គណៈកម្មាធិការប្រតិបត្តិមានអាណត្តិ ៥ឆ្នាំ ។ គណៈកម្មាធិការប្រតិបត្តិចាស់នឹងអស់សុពលភាពបន្ទាប់ពី គណៈកម្មាធិការប្រតិបត្តិថ្មីចូលកាន់តំណែង ។

គណៈកម្មាធិការនាយក[កែប្រែ]

គណៈកម្មាធិការនាយក គឺជាស្ថាប័ននីតិប្បញ្ញត្តិរបស់គណបក្ស ។ គណៈកម្មាធិការនាយកអនុវត្តទិសដៅ និងគោលនយោបាយរបស់គណបក្ស ដែលកំណត់ដោយសមាជ ឬសន្និបាតក្រុមប្រឹក្សាជាតិ ។

គណៈកម្មាធិការនាយក មានសមាជិកយ៉ាងតិច៦៩រូប ដែលផ្តល់សេចក្តីទុកចិត្ត ដោយសមាជគណបក្ស សម្រាប់អាណត្តិ ៥ឆ្នាំ ។ បេក្ខជនគណៈកម្មាធិការនាយកត្រូវបានជ្រើសរើស ៖

- ពីតំណាងគណបក្សរាជធានី-ខេត្ត ដែលជ្រើសរើសដោយសមាជិកក្រុមប្រឹក្សាជាតិតំណាងរាជធានី-ខេត្ត និងប្រធានគណៈកម្មាធិការប្រតិបត្តិឃុំ-សង្កាត់ក្នុងរាជធានី-ខេត្តសាមី ។ ចំនួនបេក្ខជនគណៈកម្មាធិការ នាយកតំណាងគណបក្សរាជធានី-ខេត្តនីមួយៗ មានចំនួនយ៉ាងច្រើនស្មើនឹងអាសនៈតំណាងរាស្រ្តក្នុង រាជធានី-ខេត្តសាមី បូកមួយ ចែកនឹងពីរ ។

- ដោយគណៈកម្មាធិការនាយកតាមសំណើរបស់ប្រធានគណបក្ស ។ ចំនួនបេក្ខជនគណៈកម្មាធិការ នាយកដែលជ្រើសរើសនេះមិនត្រូវលើសចំនួន ១/៣ នៃសមាជិកគណៈកម្មាធិការនាយកមកពីតំណាង គណបក្សរាជធានី-ខេត្ត ហើយត្រូវផ្តល់អាទិភាពដល់យុវជន និងស្រ្តី ។

នីតិវិធីនៃការជ្រើសរើសបេក្ខជនសមាជិកគណៈកម្មាធិការនាយក មានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងគណបក្ស ។

គណៈកម្មាធិការនាយក បង្កើតគណៈកម្មាធិការវិន័យគណបក្សដូចមានចែងក្នុងផ្នែកទី៤ នៃលក្ខន្តិកៈនេះ ។

គណៈកម្មាធិការនាយក ជ្រើសតាំងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស ។

គណៈកម្មាធិការនាយក ផ្តល់សេចក្តីទុកចិត្តដល់ប្រធាន និងអនុប្រធានគណៈកម្មាធិការប្រតិបត្តិ តាមសំណើ របស់ប្រធានគណបក្ស ។

គណៈកម្មាធិការនាយក អាចបង្កើតគណៈកម្មការនានាតាមការចាំបាច់ ។

គណៈកម្មាធិការនាយក ត្រួតពិនិត្យការប្រតិបត្តិរបស់គណៈកម្មាធិការអចិន្រ្តៃយ៍គណបក្ស និងអាចផ្តួចផ្តើម គំនិតឲ្យគណៈកម្មាធិការអចិន្រ្តៃយ៍ដឹកនាំគណបក្សស្របតាមស្ថានការណ៍ និងកាលៈទេសៈជាក់ស្តែងដើម្បីឲ្យគណបក្ស មានការរីកចម្រើន ។

គណៈកម្មាធិការនាយកពិភាក្សា អនុម័តរាល់បទប្បញ្ញត្តិផ្សេងៗរបស់គណបក្ស តាមសំណើរបស់គណៈកម្មា ធិការអចិន្ត្រៃយ៍ ។

គណៈកម្មាធិការនាយក ដឹកនាំដោយប្រធាន មួយរូប និងអនុប្រធាន យ៉ាងតិចមួយរូប ។

ប្រធានគណៈកម្មាធិការនាយក ជ្រើសតាំងដោយសមាជិកគណៈកម្មាធិការនាយក តាមរយៈការបោះឆ្នោត សម្ងាត់ដោយសម្លេងភាគច្រើន (៥០%+១) នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ។

បេក្ខជនប្រធានគណៈកម្មាធិការនាយក ជាសមាជិកគណៈកម្មាធិការនាយក ដែលមានការគាំទ្រពីសមាជិក គណៈកម្មាធិការនាយកចំនួនយ៉ាងតិច ១/៣ នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ។

អនុប្រធានគណៈកម្មាធិការនាយក ត្រូវបានផ្តល់សេចក្តីទុកចិត្តដោយសម្លេងភាគច្រើន (៥០%+១) នៃ សមាជិកគណៈកម្មាធិការនាយកទាំងមូល តាមសំណើរបស់ប្រធានគណៈកម្មាធិការនាយក ។

គណៈកម្មាធិការនាយក មានអាណត្តិ៥ឆ្នាំ ។ សមាជិកគណៈកម្មាធិការនាយកចាស់នឹងអស់សុពលភាព នៅពេលសមាជិកគណៈកម្មាធិការនាយកថ្មីចូលកាន់តំណែង ។

គណៈកម្មាធិការនាយក ជួបប្រជុំគ្នាយ៉ាងតិច ៣ខែម្តង ។ ក្នុងករណីពិសេស ប្រធានគណបក្ស ឬប្រធាន គណៈកម្មាធិការនាយក ឬសំណើ ១/៣ នៃសមាជិកគណៈកម្មាធិការនាយកមានសិទ្ធិកោះប្រជុំគណៈកម្មាធិការនាយក ។

នីតិវិធីនៃកិច្ចប្រជុំគណៈកម្មាធិការនាយក មានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងគណបក្ស ។

ឯកសារយោង[កែប្រែ]

  1. "អំពីគណបក្សសង្គ្រោះជាតិ​". គណបក្សសង្គ្រោះជាតិ​ (in ខ្មែរ). Archived from the original on 2016-12-22. Retrieved 2022-05-07. {{cite web}}: zero width space character in |title= at position 23 (help); zero width space character in |work= at position 19 (help)CS1 maint: unrecognized language (link)
  2. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2018-11-14. Retrieved 2014-08-03.
  3. "គោលនយោបាយ​៧ចំនុច​របស់​គណបក្ស​សង្គ្រោះជាតិ​". គណបក្សសង្គ្រោះជាតិ​ (in ខ្មែរ). Archived from the original on 22 ធ្នូ 2016. Retrieved 17 July 2014. {{cite web}}: Cite has empty unknown parameter: |3= (help); zero width space character in |title= at position 10 (help); zero width space character in |work= at position 19 (help)CS1 maint: unrecognized language (link)

តំណ​ភ្ជាប់​ខាងក្រៅ[កែប្រែ]