ចេនឡាទឹកលិច
ចេនឡាទឹកលិច បង្កើតឡើងនៅឆ្នាំ៧០៦-រ.៨០២គ.ស.ជាអតីតនៃទឹកដីខ្មែរ ដែលត្រូវបែងចែកកាលពីសម័យចេនឡាមួយគឺចេនឡាដីគោក និងមួយទៀតគឺចេនឡាទឹកលិចនេះឯង ។ នៅសម័យចិននិយមហៅចេនឡាទឹកលិចថា សួយចេនឡា រឺ Shuīzhēnlà (水真蠟) ("ចេនឡាទឹក") ។[១] មូលហេតុនៃការបែងចែកនេះដោយសារកំសោយអំណាចកណ្ដាល ព្រោះព្រះបាទជ័យវរ្ម័នទី១គ្មាន ព្រះរាជបុត្រស្នងរាជ្យទើបព្រះអង្គប្រគល់រាជសម្បត្តិឲ ព្រះនាងជយទេវីជាបុត្រី ដោយសារព្រះនាងជាស្ត្រីនេះហើយដែលធ្វើឲប្រទេសបែកជាពីរ ។[២]
មាតិកា |
ទីតាំងភូមិសាស្ត្រ [កែប្រែ]
ចេនឡាទឹកលិចគឺជាតំបន់សម្បូរដោយបឹងបួរ និងសមុទ្រហ៊ុមព័ទ្ធជុំវិញគ្របដណ្ដប់លើតំបន់អាងទឹកទន្លេមេគង្គ ចាប់ពីល្បាក់ទឹកខោន រហូតដល់សមុទ្រ ។[៣] ព្រោះតែដូច្នេះហើយទើបគេហៅថាចេនឡាទឹកដូចនេះ ។
ប្រវត្តិសាស្ត្រ [កែប្រែ]
គួរគប្បីបញ្ជាក់ថាចេនឡាទឹកលិចក៏មិនអាចថែរក្សាឯកភាពយូរអង្វែងទេ: រដ្ឋនេះត្រូវបែងចែកជាក្សត្របុរីតូចៗតទៅទៀត យ៉ាងតិចណាស់ក៏មានចំនួនប្រាំហើយក្សត្របុរីដែលគេដឹងឈ្មោះពិតប្រាកដគឺអនិន្ទិតបុរ ដែលគេមិនស្គាល់ទីតាំងច្បាស់លាស់និងសម្ភុបុរគឺសំបូរនៅលើត្រើយ ខាងឆ្វេងទន្លេមេគង្គក្នុងខេត្តក្រចេះ។ នៅខាងដើមស.វ.ទី៨ព្រះអង្គម្ចាស់បុស្ករាក្ស ដែលមានដើមកំណើតនៅអនិន្ទិតបុរបានយាងទៅសោយរាជ្យនៅសម្ភុបុរ (៧២៣) ជាទីដែលព្រះអង្គបានបន្សល់ទុកសិលាចារឹកមួយផ្ទាំង ចុះកាលកំណត់៧១៦នៅត្រង់ប្រាសាទព្រះធាតុកូនពីរ ។ ព្រះអង្គបានយាងទៅនេះក្នុងកិច្ចចង់បង្រួបបង្រួមចេនឡាទឹកលិច។ បន្ទាប់មក បុត្រព្រះអង្គព្រះនាមរាជេន្ទ្រវរ្ម័ន បានខំព្យាយាមបន្តគោលជំហរនេះទៀត ។ តែជាការឥតប្រយោជន៍ ។ ពីព្រោះមិនយូរប៉ុន្មានផង ចេនឡាទឹកលិចត្រូវបែងចែកជានគរតូចៗប្រាំទៀត។ ចំពោះព្រំសីមាកំណត់ទឹកដីនគរនីមួយៗ គេពុំទាន់មានឯកសារអ្វីជាច្បាស់លាស់សំរាប់បញ្ជាក់ទេ។[៤] ព្រះបាទបុស្ករាក្សមានជាប់ខ្សែញាតិទៅនឹងព្រះបាទពាលាទិត្យ ដែលបានសោយរាជ្យនៅអនិន្ទិតបុរ ហើយដែលបានអះអាងថាព្រះអង្គជាកូនចៅរបស់ព្រះបាទកៅណ្ឌិន្យ និងព្រះនាងនាគីសោមា មកដល់ព្រះបាទភវវរ្ម័នទី១ ដែលជាចៅរបស់ព្រះបាទរុទ្រវរ្ម័នព្រះមហាក្សត្រនគរភ្នំ ។[៥] ហើយដែលក្រោយមកទៀត ព្រះរាជាសោយរាជ្យនៅអង្គរទ្រង់បានចាត់ទុកថា ជាចំណងភ្ជាប់ព្រះអង្គទាំងឡាយទៅ នឹងស្ថាបនិកនៃបឋមវង្សនៃអាណាចក្រភ្នំ ។ ត្រង់នេះ យើងអាចយកធ្វើជាអំណះអំណាងមួយសំរាប់ឆ្លើយតបចំពោះជនណា ដែលបដិសេធថា អាណាចក្រភ្នំពុំមែនជារដ្ឋខ្មែរដំបូង។ ចុះហេតុអ្វីបានជាអធិរាជអង្គរ ដែលបានវាយឈ្នះអាណាចក្រភ្នំបែរជាខិតខំ ភ្ជាប់ខ្សែស្រឡាយរបស់ព្រះអង្គទៅ នឹងព្រះរាជាអាណាចក្រភ្នំ ដែលជាអ្នកចាញ់ទៅវិញ? នេះមិនគឺមកតែពីមនុស្សតាំងតែពីសម័យអាណាចក្រភ្នំរហូត ដល់សម័យអង្គរមានពូជអំបូរជាតិសាសន៍តែមួយទេឬ?
ចំណែកក្រុមព្រះមហាក្សត្រ ដែលគ្រប់គ្រងរស់នៅទីក្រុងសម្ភុបុរៈ ប្រកាសថា ជាប់ព្រះញាតិវង្សចុះមកពីព្រះមហាក្សត្រីយានី ព្រះនាងជ័យទេវី ។[៦]
ព្រះបាទពាលទិត្យទំនងជាបានកសាងក្រុងពាលាទិត្យបុរដែលជនជាតិចិនចាត់ទុកថា ជារាជធានីពិតប្រាកដរបស់ចេនឡាទឹកលិច (ប៉ូឡូទីប៉ូ) ។ រាជទូតត្រូវបានបញ្ជូនទៅទស្សនកិច្ចចិន នៅឆ្នាំ៧៥០ទំនងជាមកពីចេនឡាទឹកលិច ។[៧] ក្នុងពាក់កណ្ដាលទី២នៃស.វ.ទី៨នៅចេនលាទឹកលិច មានការកសាងសិលាចារឹកជាច្រើន ជាពិសេសនៅតំបន់សម្ភុបុរដែលគេបានរកឃើញមួយចុះកាលកំណត់៧៧០ (ព្រះធាតុព្រះស្រី-ត្បូងឃ្មុំ ) និងមួយទៀតចុំកាលកំណត់៧៨១ (ល្បើកស្រុត-ក្រចេះ) ទាំងនេះសុទ្ធតែជាស្នាព្រះហស្ថរបស់ព្រះបាទជ័យវរ្ម័នទី១ស្ទួន (ដាក់លេខទី១ស្ទួនគឺ ដើម្បីកុះអោយពិបាករុះរើលេខព្រះរាជាអង្គរពិជ័យវរ្ម័នទី២ដល់ទី៩) ។ ក្រោពីនេះ គេបានរកឃើញសិលាចារឹកមួយផ្ទាំងទៀតចុះកាលកំណត់ ៧៩១នៅប្រាសាទតាគាមក្នុងខេត្តសៀមរាប ។ គេចាត់ទុកសិលាចារឹកនេះ ថាជាសក្ខីភាពមួយចាស់ជាងគេនៃព្រះ ពុទ្ធសាសនាមហាយាន នៅស្រុកខ្មែរ ព្រោះឯកសារនេះបាននិយាយ ពីការកសាងបដិមាព្រះពោធិសត្វលោកេស្វរៈជាពោធិសត្វបាន គេនិយមគោរពបូជាជាងគេនៅស្រុកខ្មែរយើង ។ ក្នុងសិល្បៈចម្លាក់បុរាណសិល្បករខ្មែរច្រើនឆ្លាក់រូបពោធិសត្វនេះ ជាបុរសសមានវ័យក្មេងមានព្រះហស្ត៤កាន់ផ្កាឈូក ខ្សែផ្គាំគម្ពីរ និងដបទឹក (សូមកុំច្រឡំនិងព្រះវិស្ណុដែលមានព្រះហស្ត៤ដែរ តែកាន់ផ្កាឈូកកងចក្រ ក្រទា និង សង្ខ) ។ នៅលើព្រះសិររបស់ព្រះអង្គមានរូបព្រះពុទ្ធអាមិតាភៈ ។[៨]
ចេនឡាទឹកលិចក្រោមការត្រួតត្រារបស់ជ្វា [កែប្រែ]
ប្រទេសខ្មែរនៅស.វ.ទី៨ ជាសម័យមួយដែលគ្មានស្ថិរភាពខាងនយោបាយ ព្រោះតែមានការបែកបាក់ផ្ទៃក្នុងយ៉ាងតំណំ ។ នេះហើយជាហេតុមួយឲជាតិជិតខាងមើលងាយ ដោយហ៊ានលូកដៃចូលកកូរក្នុងកិច្ចការផ្ទៃក្នុងទៀតផង ។
យ៉ាងណាមិញ នៅស.វ.ទី៨ ពួកចោរសមុទ្រជាតិជ្វាដែលជិះសំពៅធំៗបានចូលមករាតត្បាតឆ្នេរសមុទ្រ និងតាមទន្លេនៃអាស៊ីអាគ្នេយ៍ដីគោកក្នុងគោលបំណងឆក់ប្លន់យកទ្រព្យសម្បត្តិតាមទំនើងចិត្ត ។ ពួកចោរសមុទ្រដែលហ៊ានមកឈ្លានពានដូច្នេះបាន ព្រោះតែនៅពេលនោះ រាជវង្សសៃលេន្ទ្រដែលសោយរាជ្យនៅកោះជ្វា ហើយដែលជាំរាជវង្សស្ថាបនិកប្រាសាទបូរូបូឌួដ៏ល្បីល្បាញនោះផ្សព្វផ្សាយឥទ្ធិពល របស់ខ្លួនទៅលើអាស៊ីអាគ្នេយ៍ទាំងមូល ។
នៅឆ្នាំ៧៧៤និង៧៨៧ ពួកចោរជ្វាក្រោយពីវាយបានកោះត្រឡាចហើយតាំងជាមូលដ្ឋាន បានលើកគ្នាទៅរាតត្បាត ឆ្នេរសមុទ្រប្រទេសចាម្ប៉ា ។ គឺនៅពេលជាមួយគ្នានេះហើយដែលពួកចោរនោះបានចូលមករាតត្បាតចេនឡាទឹកលិចដែរ ដោយធ្វើដំណើរបញ្ច្រាសឡើងតាមទន្លេមេគង្គ មកដល់សម្ភុបុរ ដុតបំផ្លាញទីក្រុង ឡោមព័ទ្ធរាជវាំង ចាប់បានព្រះរាជាព្រះនាម មហីបតិវរ្ម័ន ជាបុត្រព្រះបាទរាជេន្ទ្រវរ្ម័ន កាត់យកព្រះសិរហើយយកទៅប្រទេសជ្វា ។ ចំពោះការឈ្លានពានរបស់ជ្វាមកលើក្សត្របុរីមួយរបស់ចេនឡាទឹកលិចនេះ មានមតិខ្លះយល់ថា ជាការទាមទារយកកេរមត៌ករបស់ដូនតាខ្លួន ព្រោះពួក សៃលេន្ទ្រធ្លាប់បានប្រកាសខ្លួនថាជា ស្ដេចភ្នំ (សៃលេន្ទ្រ) ដែលជាឋានន្តរនាមរបស់ព្រះរាជាណាចក្រភ្នំនេះឯង ។
ចំពោះការតាំងអំណាចអធិរាជភាព (Suzeraninte) របស់ពួកសៃលេន្ទ្រលើប្រទេសខ្មែរនេះ ឈ្មួញអារ៉ាប់ម្នាក់ឈ្មោះ សូឡៃម៉ាន់ នៅស.វ.ទី១០បាននិយាយថា:ថ្ងៃមួយព្រះរាជាខ្មែរមានព្រះបំណងចង់ឃើញព្រះសិរ នៃមហារាជក្រុងZabagកាត់ដាក់លើថាសមួយ ។ ដំណឹងនេះក៏លឺដល់មហារាជ:ព្រះអង្គក៏លើកទ័ពជើងទឹកចូលមកវាយប្រទេសខ្មែរ ចាប់បានព្រះរាជាខ្មែរហើយបញ្ជាឲកាត់ព្រះសិរ ។ លុះត្រលប់ទៅដល់ព្រះនគរវិញហើយ មហារាជទ្រង់ឲយកព្រះសិរនោះទៅលាងស្អាត យកអប់ទុកក្នុងភាជន៍មួយរួចទ្រង់ឲបញជូនមកថ្វាយចំពោះព្រះរាជាដែលបានឡើងសោយរាជ្យជាតំណតមក ។ ចាប់តាំងពីពេលនោះមក នៅរៀងរាល់ព្រឹកព្រះរាជាខ្មែរត្រូវបែរព្រះភក្ត្រឆ្ពោះមកក្រុងZabagដើម្បីធ្វើគារវកិច្ចចំពោះព្រះមហារាជក្រុងនេះ (សេចក្ដីស្រង់តាមអត្ថបទបោះពុម្ពផ្សាយ ដោយជនជាតិអារ៉ាប់ម្នាក់ទៀតឈ្មោះ Abou Zayd Hassan នៅប្រមាណឆ្នាំ៩២៦) ។ រឿងដែលតំណាលដោយឈ្មួញអារ៉ាប់ខាងលើនេះទោះបីមានលក្ខណៈជារឿងព្រេងក៏ដោយ ក៏មានលក្ខណៈស្របនឹងការពិតខ្លះដែរ:គឺតំណាងអំណាចរបស់ជ្វាមកលើប្រទេសខ្មែរយើង ហើយដែលមានការបញ្ជាក់ពីសិលាចារឹកស្ដុកកក់ធំនៅពេលក្រោយមកទៀត ។[៩]
ព្រះមហាក្សត្រដែលគេស្គាល់ [កែប្រែ]
- ព្រះបាទពាលាទិត្យ (?-?) (អនិន្ទិតបុរៈ)
- ព្រះបាទបុស្ករាក្ស (ដើមសតវត្សទី៨-?) សោយរាជ្យនៅឆ្នាំ៧២៣នៅសម្ភុបុរ (?អនិន្ទិតបុរៈ) ។
- ព្រះបាទរាជេន្ទ្រវរ្ម័នទី១ (?-?) (អនិន្ទិតបុរៈ) ជាបុត្ររបស់ព្រះបាទបុស្ករាក្ស ។
- ព្រះបាទមហីបតិវរ្ម័ន (?-ប្រ.៧៧៤និង៧៨៧) (សម្ភុបុរៈ) ជាបុត្ររបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី១ ។
ឯកសារយោង [កែប្រែ]
- ↑ [១]
- ↑ [២]
- ↑ [៣]
- ↑ បណ្ឌិតសុភាចារ្យ រស់ ចន្ទ្រាបុត្រ ប្រវត្តិសាស្ត្រខ្មែរទំព័រ១៩០-១៩១
- ↑ បណ្ឌិតសុភាចារ្យ រស់ ចន្ទ្រាបុត្រ ប្រវត្តិសាស្ត្រខ្មែរទំព័រ១៩០
- ↑ បណ្ឌិតសុភាចារ្យ រស់ ចន្ទ្រាបុត្រ ប្រវត្តិសាស្ត្រខ្មែរទំព័រ១៩០
- ↑ ចេនឡា
- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរ ទំព័រ៧០-៧១
- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ៧២-៧៣