ចៅហ៊្វាកៅ

ពីវិគីភីឌា
ចៅហ៊្វាកៅ
សម្ដេចចៅហ្វាទឡ្ហៈនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
ក្នុងការិយាល័យ
១៥១៤–១៥២៩
ព្រះមហាក្សត្រស្រីជេដ្ឋា
មុនសម្ដេចចៅហ្វាទឡ្ហៈកែ (ក្នុងរាជ្យស្រីសុរិយោពណ៌ទី២)
បន្ទាប់ចៅហ្វាទឡ្ហៈជៃ
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
កៅ
ស្លាប់ក្រុងបាសាន (ស្រីសន្ធរ)

សម្ដេចចៅហ៊្វាកៅ (សម័យចតុមុខ-លង្វែក) សម្ដេចកៅត្រូវជាប្អូនប្រុសរបស់មាតាស្ដេចកន។ ព្រះស្រីជេដ្ឋា​ ព្រះស្ដេច​កន​កាល​បើ​ឡើង​សោយរាជសម្បត្តិ​ជា​ព្រះមហាក្សត្រ​កម្ពុជា ព្រះអង្គ​ចាត់​ចែង​តែងតាំង​មា​ព្រះអង្គ​ឈ្មោះ​កៅ ជា​សម្ដេច​ចៅហ៊្វាវាំងគណៈសង្ឃ​ ព្រម​ទាំង​ទ្រទ្រង់​ព្រះរតនៈ​ទាំង​៧​ អង្គ ក៏​បាន​ត្រូវ​តែងតាំង​ដែរ។ ព្រះអង្គ​ត្រាស់​បង្គាប់​ឲ្យ​បោះ​ប្រាក់​ស្លឹង មាស​ស្លឹង ត្រា​រូប​នាគឲ្យ​រាស្ត្រ​ចាយ​វាយ​ដោះដូរធ្វើ​ចលន​ក្នុង​ព្រះរាជាណាចក្រ។

ប្រវត្តិ[កែប្រែ]

បង្ក្រាបខេត្តខាងលិច[កែប្រែ]

ព្រះស្ដេចកន ក្រោយពីដឹងថា ចៅពញាឧទ័យធិរាជនាំកងទ័ពរត់ចោលបន្ទាយហើយ ក៏លើកកងទ័ពទៅដល់បន្ទាយទ័ពហ្លួង។ ឯទ័ពហ្លួងដែលគ្មានមេកងត្រួតត្រា ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយអស់ទៅ។ ឯចៅពញាយមរាជ កាលដេញកងទ័ពឱកម៉ឺនសូរិន្ទកែវរត់ខ្ចាត់ខ្ចាយអស់ហើយ ក៏ចេញមកទទួលច្បាំងនឹងទ័ពអាស្រូវកន តែច្បាំងពុំបាន ក៏នាំចៅពញាយសរាជាចុះទូកចែវរត់ទៅ។ លុះដល់ខេត្តមហានគរហើយ ចៅពញាយមរាជក៏សុំយកដំរីសេះពីចៅហ្វាយស្រុកនោះមកដើម្បីរត់ទៅក្រុងទេព (ប្រទេសសៀម)។ ចៅពញាយមរាជលុះធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវ ក៏ឈឺអនិច្ចកម្មទៅ។ អស់មុខមន្ត្រីក្រមការមហាតលិករៀបដាក់ស្នែងបញ្ចុះសពនៅទីសមគួរហើយ ក៏នាំគ្នាអញ្ជើញ ចៅពញាយសរាជាចូលទៅក្រុងទេព។ រីឯ មហាឧបរាជកនភូសំរេចរាជការ មហាក្រស័ត្រសឹក កាលបានជ័យជំនះឈ្នះ ព្រះមហាក្សត្រហើយ ក៏ទ្រើសចិត្តពន់ប្រមាណណាស់ ហើយឲ្យសម្ដេចចៅហ៊្វាកៅត្រូវជាមានិងនាយកង នាយទ័ព លើកទៅសង្កត់ខែត្រឲ្យរាបទាបទាំងអស់គឺខាងជើងទល់នឹងនគរលាវ ខាងលិចទល់នឹងនគរចាមខាងត្បូងទល់នឹងសមុទ្រ។ លុះសង្កត់ខែត្របានរាបទាបហើយចៅហ៊្វាកៅ ក៏តាំងចៅហ្វាយស្រុក ឲ្យនៅរក្សាខែត្រយ៉ាងមាំមួនរួចទើបត្រឡប់មករកមហាឧបរាជកនវិញ។

ឡើងតំណែងជាចៅហ៊្វា[កែប្រែ]

មហាឧបរាជ ភូសំរេចការរាជការ (ភូ មានន័យថា អ្នក ឧទាហរណ៍ ភូឈួយ មានន័យថា អ្នកជួយ រឺ ជំនួយការ) មហាក្រស័ត្រសឹក បានដឹងថា អាណាខែត្ររាបទាបអស់ហើយ ក៏មានចិត្តត្រេកអរណាស់ ទើបឲ្យលើកកងទ័ពត្រឡប់មកក្រុងស្រីសន្ធរវិញ។ មហាឧបរាជលុះចូលទៅក្នុងព្រះរាជវាំងហើយ ក៏តាំងសម្ដេចចៅហ៊្វាកៅជាមាឲ្យជាធំសំរេចរាជការខាងទាហាន។ ក្រៅពីនោះ តាំងឲ្យជាសេនាបតីមន្ត្រីធំតូចតាមមានគុណបំណាច់រាល់រូប។ លុះរៀបចំសេនាបតីរួចស្រេចហើយមហាឧបរាជកនក៏ប្រកាសថា: បើអ្នកណារកព្រះខឌ្ដរាជ្យមកថ្វាយបាន មហាឧបរាជនឹងឲ្យរង្វាន់ជាមាស ៥០០ តម្លឹង តែរកពុំឃើញសោះ។ ស្ដេចកនឲ្យធ្វើព្រះខឌ្ដថ្មី វិចិត្រ រចនាដោយសុវណ្ណរតន៍ រួចស្រេចហើយ។ ព្រះមហាឧបរាជ ភូសំរេចរាជការ មហាក្រស័ត្រសឹក (កន) បានឡើងប្រាប្ដាភិសេក សោយរាជសម្បត្តិ ក្នុងឆ្នាំវក ចត្វាស័ក ព.ស. ២០៥៦, គ.ស. ១៥១២, ម.ស. ១៤៣៤, ច.ស. ៨៧៤ ក្នុងព្រះជន្មាយុ ២៩ ឆ្នាំ ក្នុងវាំងបាសាន ​ខែត្រស្រីសឈរ ទ្រង់ព្រះនាមជា ព្រះបាទសម្ដេច ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី ក្រុងស្រីសឈរ បាសាន។ ស្ដេចលើកព្រះរាជវង្សានុវង្ស និង ពលព្រះស្រីរតនត្រ័យទាំងអស់ឲ្យឡើងសម្ដេចចៅហ៊្វាកៅ ដ្បិតសម្ដេចចៅហ៊្វាមានគុណបំណាច់ បានជួយច្បាំងមានជ័យហើយបានដើរសង្កត់រាបទាំងអាណាខែត្រ។ ស្ដេចលើកលែងឲ្យយកសួយសារអាករមួយរដូវ តាមបុរាណរាជប្រវេណី ដែលផ្លាស់ផែនដីថ្មី។ ផែនដីព្រះមហាឧបរាជកន ក៏សុខសប្បាយរៀងមក។

ការកសាងរាជធានីថ្មី[កែប្រែ]

លុះដល់មកឆ្នាំច ឆស័ក ព.ស. ២០៥៨, គ.ស. ១៥១៤, ម.ស. ១៤៣៦, ច.ស. ៨៧៦ សម្ដេចព្រះស្រីជេដ្ឋា បរមបពិត្រ ទ្រង់ព្រះតំរិះថា: យើងជាស្ដេចផ្លាស់វង្សថ្មី គប្បីគិតឲ្យមានជាប់នៅព្រះកេរ្តិ៍ ទីដំណែលព្រះរាជធានីថ្មីតទៅ ទើបមានសេចក្ដីល្បីឮនាមច្បាស់ប្រាកដទៅក្នុងអនាគត។ លុះទ្រង់ព្រះតំរិះ យល់ដូច្នេះហើយ ទ្រង់ត្រាស់បង្គាប់សម្ដេចចៅហ្វាកៅជាមាឲ្យកេណ្ឌប្រមូលរាស្ត្រប្រជាគ្រប់គ្រួលើកពីក្រុងបាសានទៅទិសខាងកើត។ លុះដល់ទៅភូមិចន្លក់ដូនតី ព្រះស្រីជេដ្ឋា ស្ដេចឲ្យសាងក្រុងហើយគង់នៅទីនោះបាន ខែ។ ថ្ងៃមួយនោះ ព្រះអង្គទៅពលីការ ទេវតានៅដើមព្រះពោធិ៍ រួចហើយ ស្ដេចត្រឡប់មកដំណាក់វិញ។ យប់នោះ ទ្រង់ផ្ទំលក់ទៅ ទ្រង់ព្រះសុបិននិមិត្តឃើញថា: ទ្រង់បានឮសន្ធឹកអ្វី ពីទិសខាងលិច ថាទ្រង់ឈរទតព្រះនេត្រគ្រប់ ៥ ម៉ោងឃើញខែរះប៉ប្រះមាត់ព្រៃ ហើយឃើញតាចាស់ម្នាក់ឈរនៅទីនោះ ស្រែកប្រាប់មកព្រះអង្គថា: "ស្ដេចពុំត្រូវនៅទីនេះទេ ត្រូវតែនៅឯភូមិស្រឡប់ទើបបានសុខ ថាទៅមុខគង់តែនឹងដឹងទៀត​"។ លុះចប់ព្រះសុបិន និមិត្តហើយ ស្ដេចតើនឡើង ក៏យល់ថា ព្រះអាទិត្យរៀងរះប្រពៃណាស់។ ពេលនោះ ទ្រង់ចោលទីចន្លក ហើយលើកគ្រប់គ្រួទៅនៅភូមិស្រឡប់ ចុងខែត្រត្បូងឃ្មុំទល់ដែនខែត្របាភ្នំសមគួរជាទីពិជ័យភូមិល្អ។ នៅទីនោះ ទ្រង់ចាត់ការលើកដីដុតឥដ្ឋ ដុតកំបោរ ដុតក្បឿង និងស្បូវអំបែង តាក់តែងលើកកំពែង ជីកគូ ជីកអូរ តាំងបន្ទាយធំខ្ពស់ ក្រាស់ក្រួនមាំមួនធំទូលាយណាស់ ល្មមធ្វើសឹកកាន់ឆ្នាំបាន។ លុះធ្វើការស្រេចហើយ ស្ដេចឲ្យសាងប្រាសាទ ព្រះរាជមន្ទីរ ត្រឡែងកែងចុងរោង រោងជួង រោងទង រោងទីនាំង រោងឃ្លាំង និង សួនឧទ្យានមានគ្រប់ប្រការ។ ស្ដេចចាប់ធ្វើការតែពីរឆ្នាំបានរួចជាស្រេច។ តែទីនោះ ឥតទឹកទេ ទើបទ្រង់ត្រាស់បង្គាប់ ឧកញ៉ាវៀងមួយ ឧកញ៉ាវាំងមួយ ឧកញ៉ាលំពាំងមួយ ឧកញ៉ាស្រាលមួយ ឲ្យជីកស្រះធំ កណ្ដាលកំពែងព្រះនគរមានជ្រុង ៤។ លុះជីកបានទឹកស្រេច ស្ដេចសន្មតជ្រុងមួយៗ ឲ្យហៅថា កំពង់វៀង ជ្រុងមួយទៀតហៅថា កំពង់វាំង កំពង់ទី៣ ហៅថា កំពង់លំពាំង កំពង់ទី៤ ហៅថា កំពង់ស្រាល គ្រប់ចតុស្ដម្ភ (សេនាបតី) ទាំង៤។ អាស្រ័យហេតុទាំងនេះហើយ ទើបបានជាកំពង់ទាំង៤នោះ មានជាប់ឈ្មោះ ឧកញ៉ាទាំង៤នោះ រហូតមកដល់សព្វថ្ងៃនេះ។ ស្ដេចកនសាងនគរនេះធំមាំមួនជាងនគរចាស់ ហើយបានរួចរហ័សឆាប់ទៀតផង ព្រោះរាស្ត្រស្រុះស្រួលណាស់ កេណ្ឌតែម្នាក់ចូលជួយជាពីរបីនាក់។ លុះស្ថាបនារួចស្រេចហើយ ស្ដេចតាំងព្រះនគរនោះ យកនាមភូមិដើមមកផ្សំនឹងពាក្យថ្មីហៅថា ក្រុងសន្លប់ដូនតី ព្រៃនគរ បវររាជធានី។ ទ្រង់ឲ្យឧកញ៉ាស្រាល ចាប់ត្រីធំ តូច យកទៅលែងក្នុងស្រះ ក្នុងគូ ស្នាមភ្លោះជាច្រើន ឲ្យឧកញ៉ាលំពាំងតាំងក្លោងព្នៀតដំរី (ធ្វើក្រោលដំរី)។ ស្ដេចឲ្យឈ្មោះវាល ដែលស្ដេចទៅប្រពាត ដេញសត្វនោះថាវាលបានធំ (ខ្លះថាវាលចន្ទំ) ព្រោះវាលដែលស្ដេចដេញសត្វជាច្រើនឲ្យឈ្មោះបឹងមួយ ដែលស្ដេចទៅប្រពាតមច្ឆាពុំបាននោះឲ្យហៅថាបឹងស្មូរជន។ ព្រះអង្គឲ្យសាងព្រះវិហារសីមាជាច្រើន។ ទ្រង់ឲ្យតាំងទ្រទូងរដ្ឋទាំង៧ គឺ ព្រះសង្ឃបរិនាយកមួយ ព្រះអរិយកស្សបមួយ ព្រះឯកសត្ថាមួយ ព្រះពុទ្ធឃោសាមួយ ព្រះធម្មឃោសាមួយ ព្រះវិបស្សនាមួយ ព្រះបវរសត្ថាមួយ ទ្រទូងរដ្ឋទាំង៧នេះ ព្រះអង្គឲ្យនៅគង់ចាំព្រះវស្សា ក្នុងអាវាសមួយៗ រាល់ព្រះអង្គ។ ព្រះស្រីជេដ្ឋា ដែលយាងមកគង់នៅ ក្រុងសន្លប់ដូនតី ព្រៃនគរនោះ បានតែបីឆ្នាំ រាស្ត្រប្រជាអ្នកបរទេសចូលមកនៅកុះកុំជុំជិតប្រកិតគ្នាច្រើនក្រៃ គណនាពុំបានឡើយ លើសពីផែនដីមុនពីរភាគ។ ព្រះនគរ ក៏សុខសប្បាយសំបូរណ៍គ្រប់។ ព្រះអង្គឲ្យបោះប្រាក់ស្លឹង មានស្លឹង ត្រារូបនាគឲ្យរាស្ត្រចាយ ហើយព្រះអង្គសព្វព្រះហឫទ័យល្បែងស្រីទតរាំ របាំ មហោស្រព ដូរ្យដន្ត្រីណាស់។

កេណ្ឌទ័ពបង្ក្រាបភាគខាងលិច[កែប្រែ]

ចៅពញាលំពាំងធិបតី ក្រាបទូលពុំទាន់ផុតវាចាផង ព្រះរាជវរានុកូលក្រាបទូលថា: "សូមទ្រង់ព្រះមេត្តាប្រោស មានសំបុត្រចៅហ្វាយស្រុកខែត្រក្រគរប្ដឹងទូលព្រះបង្គំថា: នៅខែត្រពោធិ៍សាត់នោះ ចៅពញាសួគ៌ាលោកអនិច្ចកម្មក្នុងចំបាំងទៅហើយ ឥឡូវនេះចៅពញាចន្ទរាជាតាំងពញាមឿងមេស្មឹងឲ្យឡើងជាចៅពញាសួគ៌ាលោកហើយ ហើយឲ្យធ្វើជាមេទ័ព សំរេចរាជការទាំងពួងផងទៀត ចៅពញាចន្ទរាជាឲ្យកូនពញាមឿងទាំង៤ នាក់នោះធ្វើជាសេនាបតីសំរាប់ទ្រង់ហើយឲ្យធ្វើបាឡាត់ទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ លើកមកវាយបន្ទាយខែត្រក្រគរទៀត ឥឡូវនេះ បន្ទាយខែត្រក្រគរបកហើយ"។ ព្រះស្រីជេដ្ឋា (ស្ដេចកន) ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់គ្រវីព្រះសិរសា ហើយមានព្រះបន្ទូលថា : បងចក្រី ចូរបងឯងចេញទៅជាមេទ័ពធំ កេណ្ឌបណ្ដារាស្ត្រខែត្រខាងលិច ហើយលើកយ៉ាងស្រូតរូតទៅទល់ទប់ទ័ពរបស់ចៅពញាចន្ទរាជា ឲ្យទាន់ការណ៍ សូមបងប្រឹងជួយខ្ញុំ ឲ្យអស់ពីកំលាំងចិត្តណា៎"។ ពញាចក្រីទទួលព្រះរាជបញ្ជា ហើយក្រាបទូលថា: "ទូលព្រះបង្គំ លើកទ័ពទៅម្ដងនេះ បើចាប់បានតួខ្លា ឬ មិនបាន ក៏គង់ខ្លាត្រូវរបួសបង់ជន្មឲ្យរាងចាលជាមិនខានដែរ"។ ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រូវព្រះទ័យណាស់ ទ្រង់ព្រះទានលំពែងក្រំ (១) មាសមួយជាអាជ្ញាសឹក ហើយឲ្យលើកកងទ័ព ទៅតាំងនៅក្នុងខែត្រលង្វែក។ ហើយទ្រង់ត្រាស់បង្គាប់សម្ដេចចៅហ៊្វាកៅជាមាឲ្យធ្វើមេទ័ពធំ។ ទ្រង់ប្រទានដាវគ្រឿងមាសមួយ ជាអាជ្ញាសឹក ហើយនឹងពានកន្ថោរទិតោមាសមួយសំរាប់ជាគ្រឿងសំរាប់យស និង ស្គរហែពីរសំរាប់ទូង តាមផ្លូវខែត្រកំពង់សៀម។ សម្ដេចចៅហ៊្វាកៅទទួលព្រះរាជបញ្ជាហើយក៏ថ្វាយបង្គំលា លើកទ័ពទៅដល់ខែត្រកំពង់សៀមហើយចេញសំបុត្រទៅកេណ្ឌរេហ៍ពលគ្រប់ខែត្រ។ លុះបានរេហ៍ពលគ្រប់ខែត្រមកជួបជុំហើយចៅហ៊្វាកៅ ក៏ចាត់ចៅពញាឧទ័យធិរាជាចៅហ្វាយស្រុកខែត្រអាសន្នទុក ឲ្យលើកទ័ពកាត់សំដៅទៅខែត្របាត់ដំបងឆ្លងមកវាយផ្ទប់ពីក្រោយ កុំឲ្យចៅពញាចន្ទរាជារត់រួច។ ចំណែកឯសម្ដេចចៅហ៊្វាកៅខ្លួនឯង ជាមេទ័ពធំនោះ លើកទ័ពឆ្លងមកត្រើយខាងលិច។ ឯប៉ែកកងទ័ពនៃចៅពញាចក្រី កាលកេណ្ឌរេហ៍ពលបាន ៥៥០០ នាក់ ហើយក៏ឲ្យចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទងលើកទ័ព ១០០០០ នាក់ជាទ័ពមុខឲ្យចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញកាន់ពល ១០០០០ នាក់ជាប៉ែកស្ដាំឲ្យចៅពញាវង្សាអនុជិត (២) ចៅហ្វាយស្រុកបាទីកាន់ពល ១០០០០ នាក់ជាប៉ែកឆ្វេងឲ្យព្រះរាជាវរានុកូលកាន់ពល ១០០០០ នាក់ជាទ័ពក្រោយ។ ឯខ្លួនចៅពញាចក្រីឯងកាន់ពល ១៥០០០ នាក់ជាទ័ពធំ។ ទ័ពចៅពញាចក្រីលើកដល់ខែត្រក្រគរក៏ប្រទះនឹងទ័ពនៃចៅពញាសួគ៌ាលោកមឿង។ ចៅពញសួគ៌ាលោកមឿងយល់ថា "ទ័ពខាងចៅពញាចក្រីលើកមកដល់ហើយព្រមទាំងមានពលលើសកងទ័ពខ្លួនច្រើនចំនួនណាស់ផង ក៏ចាត់ប្រើចៅពញាវង្សាអគ្គរាជកែវជាកូនច្បងឲ្យកាន់ពល ២០០០ នាក់ជាទ័ពមុខចាត់ចៅពញាបរទេសរាជអង់ជាកូនទី២ឲ្យកាន់ទ័ព ១០០០ នាក់ជាប៉ែកស្ដាំ ចាត់ចៅពញាវិបុលរាជទេពជាកូនទី៣ឲ្យកាន់ទ័ព ១០០០ នាក់ជាប៉ែកឆ្វេងចាត់ចៅពញារាជតេជៈសុខជាកូនទី៤ ជាទ័ពក្រោយកាន់ពល ១០០០ នាក់។ ឯខ្លួនចៅពញាសួគ៌ាលោកឯងកាន់ពល ៤០០០ នាក់ជាមេទ័ពធំ ហើយចេញទៅតនឹងចៅពញាចក្រី។ ចៅពញាវង្សាអគ្គរាជកែវ កូនច្បងជាមេទ័ពមុខនោះដេញទ័ពឲ្យចូលវាយលុកកងទ័ពចៅពញាតេជោ។ រេហ៍ពលក្នុងកងទ័ពទាំង ២០០០ នាក់នោះកាលស្រែកហ៊ោយកជ័យយ៉ាងកងរំពងហើយក៏រត់សំដៅចូលទៅលុកកងទ័ពនៃចៅពញាតេជោវាយកាប់សំលាប់គ្នាពពាក់ពពួនស្លាប់ហូរឈាមដូចទឹកទរ ឬ ហូរដូចជាស្ទឹង តែទ័ពពញាតេជោពុំព្រមបែកសោះ។ ចៅពញាវង្សាអគ្គរាជកែវ ឃើញដូច្នោះហើយក៏ស្ទុះចូលទៅដេញកាប់ចៅពញាតេជោដែលនៅលើខ្នងសេះ។ សេះចៅពញាតេជោ ដោយឃើញគេស្ទុះចូលមកប្រញាប់ពេក ក៏ភ្ញាក់គេចខ្លួនទៅប៉ះនឹងដើមឈើ បណ្ដាលឲ្យធ្លាក់ពញាតេជោ ពីលើខ្នងសេះខ្ពោក។ ចៅពញាវង្សាអគ្គរាជឃើញបាចណាបហើយ ក៏កាប់ពញាតេជោស្លាប់មួយរំពេច រេហ៍ពលទាំងសងខាង ក៏ប្រកាប់ប្រចាក់គ្នាច្របូកច្របល់ទៅវិញទៅមកយ៉ាងសាហាវដូចម្រឹគពាឡមានរបឹងរឹងរូសមិនព្រមចាញ់គ្នាទៅវិញទៅមកសោះ។ ចៅពញវង្សាអគ្គរាជយល់ថា "ពលខ្លួនតិចណាស់ ហើយកងទ័ពខាងសត្រូវ ដែលមានចំនួនច្រើនស្រាប់ទៅហើយនោះ ក៏រឹងរឹតតែមកដល់ថែមហើយថែមទៀតផងនឹងយកជ័យតទៅទៀតពុំបានឡើយ" ទើបនាំរេហ៍ពលថយមកជំរាបបិតាតាមដំណើរ។ ឯចៅពញារាជាមេត្រី ចៅហ្វាយស្រុកខែត្រភ្នំពេញ និង ចៅពញាវង្សាអនុជិតចៅហ្វាយស្រុកខែត្របាទីជាមេទ័ពឆ្វេងស្ដាំ ដែលលើកតាមទ័ពពញាតេជោនោះ ក៏បានប្រទះនឹងកងទ័ព ចៅពញាបរទេសរាជ និង ចៅពញាវិបុលរាជ ដែលបង្កប់តាមសងខាងផ្លូវនោះ។ កងទ័ពចៅពញាបរទេសរាជ និងចៅពញាវិបុលរាជ កាលបើបានប្រទះហើយ ក៏ដេញពលចូលច្បាំងកាប់ចាក់ពលនឹងពល ចៅហ្វាយនឹងចៅហ្វាយប្រកាប់ប្រចាក់គ្នាទៅវិញទៅមក។ ចៅពញាវង្សាអនុជិតជាចៅហ្វាយស្រុកខែត្របាទីក្នុងពេលដែលកំពុងប្រកាប់គ្នាទៅវិញទៅមកនោះសេះរបស់ខ្លួនផុងជើងក្នុងរណ្ដៅផង ច្រឡោតដោយស្នូរកាំភ្លើងផង ក៏បណ្ដាលឲ្យធ្លាក់ចៅពញានេះទៅដី។ មួយរំពេចនោះ ចៅពញាវិបុលរាជស្ទុះចូលទៅកាប់ត្រូវស្មាចៅហ្វាយស្រុកខែត្របាទីបណ្ដាលឲ្យគាត់ពិការជាទំងន់។ អស់សេនាទាហាន ខាងចៅពញាវង្សាអនុជិតនាំគ្នាជួយគ្រាហ៍ចៅហ្វាយរត់រួចខ្លួនទៅ។ ទ័ពស្ដាំរបស់ចៅពញាចក្រី កាលបើឃើញថា "នាយទ័ពរបស់ខ្លួនត្រូវរបួសជាទំងន់ហើយ" ក៏នាំគ្នាទៅរកទ័ពចៅពញាតេជោ។ មេកងខាងចៅពញាចក្រី កាលដឹងថា "ចៅពញាតេជោស្លាប់ក្នុងសង្គ្រាមហើយ" ក៏នាំសេនាទាហានទាំងពីរកង ទៅប្ដឹងចៅពញាចក្រី។ ចៅពញាចក្រីបានដឹងហើយក៏លើកទ័ពធំតាមមក។ ចៅពញាចក្រី លុះឃើញកងទ័ព ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញនិងទ័ពចៅពញាបរទេសរាជ និងវិបុលរាជ ជាកូនទី២ ទី៣របស់ចៅពញាសួគ៌ាលោកមឿងកំពុងច្បាំងប្រកាប់គ្នា យ៉ាងគឹកកងរំពងខ្លាំងណាស់ដូច្នោះ ព្រមទាំងបានក្រឡេកមើលពីលើដំរីទៅ ឃើញកូនតាមឿង ទាំងពីរនាក់នោះក្លាហានណាស់ ក៏នឹកថប់ក្រែងចៅពញារាជាមេត្រីថយថ្វីដៃរបស់កូនតាមឿងទាំងពីរនាក់ ទើបចៅពញាចក្រីដេញរេហ៍ពលឲ្យចូលទៅជួយច្បាំងថែមទៀត។ ចំណែកឯ ចៅពញាសួគ៌ាលោក មឿង ចៅពញារាជតេជៈសុខ កូនទី៤ របស់តាមឿង កាលបានដឹងនូវកិច្ចការទ័ព ទាំងនោះហើយ ក៏លើកទ័ពទៅដែរ ហើយចូលជួយច្បាំងកូនទាំងពីរនោះទៀត។ ការប្រយុទ្ធរវាងកងទ័ពខាងចៅពញាចក្រី និង ខាងចៅពញាសួគ៌ាលោកមឿង បានប្រព្រឹត្តទៅអស់ពេលដ៏យូរ តែមិនមានខាងណាអន់ជាងខាងណាឡើយ។ ទ័ពទាំងសងខាងសុទ្ធសឹងតែរបឹងរឹងរូសមោះមុតដូចៗគ្នា។ ខណៈនោះ ពញាសួគ៌ាលោកមឿងយល់ថាកងទ័ពចៅពញាចក្រីមានពលច្រើនណាស់ សេនាទាហានទាំងនោះក៏មានថ្វីដៃខ្លាំងៗទៀត ឯពលខាងខ្លួន ក៏ស្លាប់ប្រមាណជា ៦០ នាក់ទៅហើយឃើញថានឹងតយកជ័យជំនះពុំបានទេ។ លុះវេលាព្រលប់មកដល់ហើយ ចៅពញាសួគ៌ាលោកមឿង ក៏វាយស្គរជាសញ្ញាឲ្យដំណឹងដល់កងទ័ពឲ្យឈប់ច្បាំងទាំងសងខាង។ ចៅពញាសួគ៌ាលោកមឿង និង កូនទាំង ៤ នាក់នាំសេនាទាហានរេហ៍ពល ថយទ័ពទៅក្រាបបង្គំគាល់ ព្រះចៅពញាចន្ទរាជានៅបន្ទាយពោធិ៍សាត់ ព្រមទាំងក្រាបបង្គំទូលតាមហេតុគ្រប់ប្រការ។ ចៅពញាចក្រីឃើញថាចៅពញាសួគ៌ាលោកបន្ថយទ័ពទៅនោះ មិនហ៊ានដេញតាមទៅទេ ដោយខ្លាចចាញ់កលតាមឿងផង ដោយព្រះអាទិត្យអស្ដង្គតរលត់រស្មីទៅហើយផង។ លុះព្រឹកឡើង ចៅពញាចក្រីបំរុងនឹងលើកទ័ពតាមចៅពញាសួគ៌ាលោក តែទទួលពេលនោះសម្ដេចចៅហ៊្វាកៅនាំពល ៥០០០០ នាក់លើកឆ្លងមកដល់ដែរ ចៅពញាចក្រីក៏បញ្ឈប់ទ័ពរង់ចាំស្ដាប់ចៅហ៊្វាកៅដែលនឹងចាត់ទ័ពជាថ្មីវិញ។ វេលានោះចៅហ៊្វាកៅបានចាត់ទ័ពជា ៥ កងដូចតទៅនេះ៖

សម្ដេចចៅហ៊្វាកៅលើកទ័ពដេញតាមទ័ពចៅពញាសួគ៌ាលោកមឿង ដែលថយទ័ពមកក្រាបបង្គំទូលចៅពញាចន្ទរាជានោះ។ គ្រាដែលចៅហ៊្វាកៅលើកទ័ពដេញតាមមកនោះ កងទ័ពចៅពញាសួគ៌ាលោកមឿងបានចូលទៅក្នុងបន្ទាយអស់ទៅហើយ។ សម្ដេចចៅពញាចន្ទរាជាកាលទ្រង់បានជ្រាបថា: "កងទ័ពខាងគេលើកមកច្រើនណាស់ដូច្នេះហើយ "ទ្រង់ក៏ត្រាស់ឲ្យកេណ្ឌពលបាន ២០០០០ នាក់ឲ្យឡើងការពារបន្ទាយ។ លុះកងទ័ពខាងចៅហ៊្វាកៅមកចោមវាយបន្ទាយ ទ្រង់ក៏ឲ្យទ័ពក្នុងបន្ទាយបាញ់ព្រួញចោលដុំថ្មទៅត្រូវកងទ័ពសម្ដេចចៅហ៊្វាកៅស្លាប់អស់ជាច្រើន។ ចៅហ៊្វាកៅខំដេញពលពានកំពែងបន្ទាយណែនណាន់តាន់តាប់ដូចស្រមោចរោមស្ករតែវាយមិនបាន។ កាលដឹងថាវាយយកបន្ទាយសម្ដេចចៅពញាចន្ទរាជាពុំបានក៏ឲ្យចៅហ៊្វាកៅ បោះទ័ពព័ទ្ធចោមបន្ទាយនោះឲ្យជាប់ដើម្បីទប់ព័ទ្ធខាងក្នុងមិនឲ្យចេញរួចផងឲ្យអត់បាយបរិភោគដរាបត្រូវស្លាប់ ឬត្រូវដាច់ពោះគ្រប់ៗគ្នាផង។ សម្ដេចចៅហ៊្វាកៅ ចៅហ្វាពញាចក្រីកែវឲ្យពលចោមបន្ទាយរហូតដល់ ១២ ខែ។ កងទ័ពខាងសម្ដេចចៅពញាចន្ទរាជាចេញពីបន្ទាយពុំរួចមែនស្បៀងអាហារក្នុងបន្ទាយក៏ចេះតែហោចទៅៗគួរឲ្យបារម្ភណាស់ដោយបន្ទាយនោះមិនទាន់មានការប្រុងប្រៀបមាំមួន ប៉ុន្តែដោយហេតុព្រះបារមីរបស់ព្រះអង្គ ដែលបានសាងមកពីអតីតកាល បណ្ដាលឲ្យកងជញ្ជូនស្បៀងខាងសម្ដេចចៅហ៊្វាកៅបញ្ជូនទៅពុំទាន់។ ដូច្នេះ សម្ដេចចៅហ៊្វាកៅហើយក៏ឲ្យថយកងទ័ពមកតាំងបន្ទាយឆ្ងាយពីបន្ទាយព្រះចន្ទរាជា ចំងាយ ៣ សិនឲ្យទ័ពព័ទ្ធជុំវិញទៀត។ ការណ៍ដែលចៅហ៊្វាកៅឲ្យថយទ័ពនោះប្រយោជន៍ឲ្យកងទ័ពផ្លាស់ប្ដូរគ្នាចេញទៅរកស្បៀងអាហារក្នុងភូមិជិតខាង។ សម្ដេចចៅពញាចន្ទរាជា កាលទតឃើញថា "កងទ័ពសត្រូវថយឃ្លាតពីបន្ទាយព្រះអង្គហើយព្រះអង្គក៏ទ្រង់ត្រាស់ប្រឹក្សានឹងនាយកង នាយទ័ពថា: "ទ័ពសត្រូវរំលៀកចេញពីបន្ទាយយើងបន្តិចហើយ ការណ៍នេះល្អប្រពៃហើយជាឱកាសឲ្យយើងគិតដោះដៃចេញពីសត្រូវបានដោយស្រួល ចុះយើងនឹងគិតធ្វើយ៉ាងណាដើម្បីឲ្យចេញរួចពីចំណោមនេះ?"។ ចៅពញាសួគ៌ាលោកមឿងក្រាបទូលថា: "បើយើងនឹងគិតវាយទំលាយចេញនោះក៏ចេញរួចបានដែរ ពីព្រោះពលយើងមានតែ ២០០០០ នាក់ ឯពលខាងគេមានដល់ទៅជាង ១០០០០០ នាក់ បើយើងចេញរួចទៅ ទ័ពទាំងសងខាងក៏គង់ស្លាប់ច្រើនជាមិនខាន បើយើងរឹងតែនៅក្នុងបន្ទាយនេះ មិនចេញទទួលច្បាំងសោះ ក៏មិនបានដែរ ពីព្រោះបន្ទាយរបស់យើងទើបនឹងតាំងថ្មី ឯស្បៀងអាហារ ក៏ពុំទាន់មានបរិបូរណ៍ដល់យូរទៅ ក្រែងលំបាកក្នុងការខ្វះខាតគ្រប់យ៉ាង ទូលព្រះបង្គំជាខ្ញុំគិតយកគំនិតមួយមកសូមទទួលអាសាគឺទៅកេណ្ឌកងទ័ពបិសាចឲ្យមកចោមវាយទ័ពចៅហ៊្វាកៅ បើទ្រង់ព្រះរាជាអនុញ្ញាតទូលព្រះបង្គំយល់ឃើញច្បាស់ថា មុខជានឹងឈ្នះសត្រូវដោយងាយ បើទ្រង់ព្រះករុណាពិសេសយល់ព្រមផងនោះ សូមឲ្យជីករណ្ដៅកណ្ដាលបន្ទាយនេះឲ្យបានជាប្រញាប់ដើម្បីទូលព្រះបង្គំនឹងបានគិតការថ្វាយឲ្យទាន់ពេលវេលា។ សម្ដេចចៅពញាចន្ទរាជា កាលទ្រង់ព្រះសណ្ដាប់ចៅពញាសួគ៌ាលោកទូលសុំយ៉ាងនេះទ្រង់ពុំជឿសោះទេ ទើបទ្រង់គ្រវីព្រះសិរសា ហើយត្រាប់ថា "ពីបុរាណរៀងមក យើងពុំដែលឮថា មានឈ្មោះណាទៅកេណ្ឌយកខ្មោចបិសាចមកជួយច្បាំងមនុស្សដល់ម្ដងឡើយណ្ហើយអ្នកចៅពញា លែងគិតគំនិតបែបនេះទៅចុះ ព្រោះជាគំនិតមិនដែលមានអ្នកណាគិតមកពីមុនផង និងជាកិច្ចការមួយដែលខ្ញុំមិនជឿថាមានប្រសិទ្ធិភាពទាល់តែសោះផង"។ ចៅពញាសួគ៌ាលោកមឿងក្រាបទូលថា បើទ្រង់មិនសព្វព្រះហឫទ័យឲ្យគិតធ្វើតាមចំណេះ និងតាមមន្តវិជ្ជាការទូលព្រះបង្គំទេ នោះទូលព្រះបង្គំនឹងអារកឲ្យស្លាប់នៅទីនេះក្នុងឥឡូវនេះហើយ ព្រោះបើនឹងរស់នៅតទៅ ក៏មិនបានជួយយកអាសាផែនដីថ្វាយព្រះអង្គដល់កំរិតដែរ"។ ថាហើយចៅពញាសួគ៌ាលោកមឿង ក៏ហូតដាវនឹងអារកតាមពាក្យដែលខ្លួនបានក្រាបទូល។ ខណៈនោះ សម្ដេចចៅពញាចន្ទរាជា ទ្រង់ក្រឡេកព្រះនេត្រាឃើញទាន់ក៏ទ្រង់ស្ទុះទៅចាប់ដាវនោះចេញពីដៃហើយទ្រង់ត្រាស់ថា: "កុំ! កុំ ចៅពញាកុំសំលាប់ខ្លួនខ្ញុំស្ដាយលោកណាស់ ខ្ញុំព្រមតាមចៅពញាហើយដូច្នេះ បើចៅពញាគិតឃើញដូចម្ដេច ស្រួលសូមចៅពញាធ្វើតាមគំនិតនោះចុះ"។ ចៅពញាសួគ៌ាលោក ឮហើយមានអំណរណាស់ ទើបថ្វាយបង្គំលាចេញមកក្រៅដំណាក់ ហើយក៏ចាត់កូនទាហានឲ្យជីករណ្ដៅធំមួយ ជំរៅហត្ថជ្រុងឲ្យធ្វើរានទេវតា ៧ ថ្នាក់ដាក់បាយសី ទឹកអប់ និង គ្រឿងបូជា ហើយឲ្យធ្វើរាជវីតិព័ទ្ធជុំវិញ។ លុះពួកពល ធ្វើតាមបង្គាប់សព្វគ្រប់ហើយ ចៅពញាសួគ៌ាលោកមឿង ក៏ស្លៀកស ពាក់ស ហើយឲ្យរៀបភ្លេងចាំប្រគុំទាំង ៨ ទិស។ រឿងពញាមឿង នេះមានក្នុងព្រះរបាក្សត្រថា: ពញាមឿងនេះ ជាមេស្មឹង មានកូនប្រុស៤នាក់ គឺឈ្មោះកែវ ១, កែ ១(៣), ទេព ១, សុខ ១។ ពញាមឿង មានសំឡាញ់ម្នាក់ឈ្មោះចន្ទ ធ្វើជាជំទប់មេស្មឹងក្រវាញ។ ក្នុងគ្រានោះ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គមានម្នាងម្នាក់ ឈ្មោះអ្នកម្នាងខៀវ។ អ្នកម្នាងខៀវនោះ ទ្រង់គភ៌ខែ ហើយអ្នកម្នាងមានបាវស្រីមួយ ឈ្មោះ នាងពេញ។ សាស្ត្រារបាក្សត្រនោះនិយាយទៀតថាក្នុងគ្រាដែលសម្ដេចចៅពញាចន្ទរាជា ស្ដេចលើកទ័ពពីក្រុងស្រីអយុធ្យាមកខែត្រពោធិ៍សាត់នោះ ពញាមឿងនាំដំរី សេះជាច្រើនទៅថ្វាយទុកធ្វើសង្គ្រាមប្រយុទ្ធនឹងព្រះស្រីជេដ្ឋា (ស្ដេចកន)។ សម្ដេចចៅពញាចន្ទរាជា ស្ដេចមកដល់ខែត្រក្រគរបានតយុទ្ធនឹងទ័ពព្រះស្រីជេដ្ឋា ប៉ុន្តែខាងទ័ពព្រះស្រីជេដ្ឋាឈ្នះ។ សម្ដេចចៅពញាចន្ទរាជាទ្រង់ឃើញទ័ពព្រះអង្គចាញ់ទ័ពព្រះស្រីជេដ្ឋាដូច្នេះ ព្រះអង្គក៏ថយទៅប្រថាប់ទ័ព នៅបន្ទាយមានជ័យ ខែត្រពោធិ៍សាត់ក្នុងឃុំបាក់នឹមវិញ។

ចាញ់ទ័ពបិសាច[កែប្រែ]

ឯសម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវ (មេទ័ពខាងស្ដេចកន) កាលបែកទ័ពដោយសារទ័ពបិសាចនោះ ក៏ថយមកឈប់ប្រមូលកងទ័ពតាំងខ្ជាប់ខ្ជួននៅខែត្រក្រគរ។ ក្រោយពីនោះ បីបួនថ្ងៃ ចៅហ៊្វាកៅ និងចៅពញាចក្រីកែវ លើកទ័ពត្រឡប់មកចោមបន្ទាយពោធិ៍សាត់វិញ។ ប៉ុន្តែពេលនោះ មេទ័ពទាំងពីរកាលទៅដល់បន្ទាយពោធិ៍សាត់ហើយមិនទាន់ចូលទៅវាយទេព្រោះមេទ័ពទាំងពីរនោះរង់ចាំកងទ័ពចៅពញាឧទ័យធិរាជជាចៅហ្វាយស្រុកខែត្រអាសន្នទុក ដែលត្រូវមកព័ទ្ធទ័ពសម្ដេចចៅពញាចន្ទរាជា ពីក្រោយ ដើម្បីកុំឱ្យស្ដេចចៅពញាចន្ទរាជា ស្ដេចរត់រួច។ ឯសម្ដេចចៅពញាចន្ទរាជា តាំងពីបានឈ្នះសង្គ្រាម សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវមកទ្រង់ក៏តាំងឱ្យផ្ដើមកេណ្ឌប្រមូលកងទ័ពថែមទៀត។ ថ្ងៃមួយនោះ ទ្រង់ជ្រាបថា សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវ លើកទ័ពត្រឡប់មកបោះចោមបន្ទាយម្ដងទៀត តែពុំទាន់ឃើញចូលវាយ។ យប់នោះ ទ្រង់ចាត់ចែងតែងនាយកង នាយទ័ព តាមចំនួនដែលត្រូវការ ទ្រង់តាំងចៅពញាតេជៈសុខ កូនពៅនៃពញាមឿងឱ្យគ្រងងារជា "សេនាបតី" ធ្វើជាទ័ពមុខ ឃុំពល ៥០០០ នាក់ឱ្យចៅពញាសួគ៌ាលោកទេពជាកូនទី៣ របស់ពញាមឿងធ្វើជាមេទ័ពឃុំពល ៥០០០ នាក់ ទៅនៅទល់មុខទ័ពនៃចៅពញាចក្រីកែវ និង នៃសម្ដេចចៅហ៊្វាកៅ ដែលមានពល ៣០០០០ នាក់ជាទ័ពមុខ។ ព្រះចន្ទរាជាទ្រង់ពល ១៥០០០ នាក់ជាទ័ពហ្លួង លើកតាមទៅជាក្រោយរួចទ្រង់ឱ្យចៅពញាយសរាជាជាព្រះភាគិនេយ្យោ និង ឧកញ៉ាវៀតជាព្រះពិលៀងឃុំពល ៣០០០ នាក់នៅរក្សាបន្ទាយ។ លុះចាត់ទ័ពស្រេច ហើយល្មមពេលព្រះចន្ទចរត្រង់ចំពីលើទ្រង់ហើយ សម្ដេចចៅពញាចន្ទរាជាក៏អុជ ទៀន ធូប ភ្ញី ផ្កាតាំងធ្វើនមស្ការ ទ្រង់ប្រតិស្ថានដល់គុណព្រះរតនត្រ័យ និង ព្រះព្រហ្ម បរមឥន្ទ្រាធិរាជព្រមទាំងទេវតាទាំងឆកាមាសួគ៌ ដែលមានឫទ្ធីសក្ដិសិទ្ធិ និង អ្នកតាឃ្លាំងមឿងថា: "ឱ្យយើងខ្ញុំមានជ័យជំនះឈ្នះបានសេចក្ដីសុខទាំងរេហ៍ពលសកលយោធា"។ ទ្រង់បួងសួងស្រេចហើយ ស្ដេចឡើងគ្រងព្រះទីនាំងពិជ័យគជេន្ទ្របវរសសុទ្ធដ៏ប្រពៃ។ ខណៈនោះស្រាប់តែឮសូរហ៊ោក្រោមប្រថពីលើអាកាសដាសកក្រើករំពើកទាំងផែនដី។ សូរសព្ទទាំងនោះ អស្ចារ្យពន់ប្រមាណណាស់។ ព្រះបរមក្សត្រក្សាន្តទ្រង់ឱ្យវាយគង ទូងភេរី លើកយោធាចេញទៅទាំង ៤ កង តំរង់ទៅបន្ទាយសម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវ។ សម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវបានដឹងហើយ ក៏ដេញកងទ័ពឱ្យបាញ់ត។ ក្នុងពេលដែលកងទ័ព កំពុងតែបាញ់ចាក់កាប់គ្នានោះ កងទ័ពខាងសត្រូវគឺខាងលោកកៅ និងលោកកែវ ទាំងប៉ុន្មាននោះ ក៏ស្រាប់តែឮសូរសន្ធឹកនៃទ័ពជាច្រើនកងព័ទ្ធពីក្រោយខ្នងខ្លួន។ សូរសព្ទហ៊ោនោះលាន់ឮកក្រើករំពើកទាំងក្រឡាប្រឹថពី ដូចជាស្នូររន្ទះ ឬ ដូចជាភ្នំរលំមកលើទ័ពរបស់ខ្លួន។ សូរសព្ទនេះកើតឡើង ដោយសារខ្មោចពញាមឿង កេណ្ឌបិសាចមកជួយ។ ខណៈនោះ នាយកងទ័ព សេះ ដំរី ខាងសត្រូវក៏ផ្អើលវឹកវរជាន់ជល់ដួលអស់សេនាទាហានខាងខ្លួនឯង។ រេហ៍ពលខាងសត្រូវ ក៏បែកទ័ពរត់យកតែអាយុជីវិតគ្រប់ខ្លួនទីទៃៗគ្នា។ ចៅពញាសួគ៌ាលោកកែវ និង ចៅពញាមហាសេនាសង្គ្រាមសុខ ក៏ដេញរេហ៍ពលឱ្យចូលចោមកងទ័ពចៅពញាចក្រីជិតជុំវិញ។ ចៅពញាចក្រីកែវ ឃើញដូច្នោះក៏លោតឡើងជិះដំរីបរចូលទៅតទល់ជាមួយនិងចៅពញាសួគ៌ាលោកកែវ (កែវតទល់នឹងកែវ) លុះទៅជិតទៀបនឹងបានប្រកាប់ជាមួយនិងចៅពញាសួគ៌ាលោកទៅហើយ ក៏ស្រាប់តែដំរីជំនិះនៃចៅពញាចក្រីកែវនោះភ្ញាក់ផ្អើលបោលពេញទំហឹង បណ្ដាលឱ្យដូចគេគ្រវាត់ធ្លាក់ខ្លួនចៅពញាចក្រីទៅលើ ភ្លុកដំរីជាជំនិះនៃចៅពញាសួគ៌ាលោក។ ភ្លាមនោះ ចៅពញាសួគ៌ាលោក ក៏កាប់ពញាចក្រីនឹងដាវដាច់កស្លាប់មួយរំពេច។ រេហ៍ពលខាងចៅពញាចក្រីកែវ ឃើញនាយស្លាប់ហើយមិនហ៊ានតទល់ទៅទៀតទេ ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយទៅទីទៃៗអស់។ ពញាសួគ៌ាលោកកែវ និងចៅពញាសេនាសង្គ្រាមសុខ កាលបានជ័យជំនះហើយក៏នាំយកក្បាល ចៅពញាចក្រីកែវទៅក្រាបបង្គំទូលសម្ដេចពញាចន្ទរាជា សូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចចៅពញាចន្ទរាជា ទ្រង់មានព្រះអំណរណាស់។ លុះព្រឹកឡើង កងទ័ពសម្ដេចចៅពញាចន្ទរាជាចាប់បានដំរី សេះ គោ ក្របី ស្បៀងអាហារ សស្ត្រាវុធ និង របស់ផ្សេងៗជាច្រើននាំមកក្រាបទូលថ្វាយសម្ដេចចៅពញាចន្ទរាជា សម្ដេចទ្រង់ឱ្យដោតក្បាលចៅពញាចក្រីកែវជាសត្រូវរួចហើយ សម្ដេចក៏រៀបដំណើរកងទ័ពចេញមកដល់ខែត្រក្រគរ។ នៅទីនោះទ្រង់បញ្ឈប់កងទ័ពឱ្យតាំងបន្ទាយមួយ។ ទ្រង់ត្រាស់បង្គាប់ចៅហ្វាយស្រុកដែលទ្រង់តាំងថ្មីឱ្យទៅឈរប្រមូលស្បៀងអាហារអំពីរាស្ត្រប្រជាទុកនៅក្នុងខែត្រក្រគរ ហើយព្រះអង្គស្ដេចចេញព្រះរាជដំណើរក្បួនកងទ័ពមកដល់ខែត្រក្រងទ្រង់លើករំលងទៅដល់ខែត្រខ្លុង។ នៅទីនោះ ទ្រង់ត្រាស់ឱ្យកងទ័ពឈប់តាំងបន្ទាយមួយទៀត ហើយទ្រង់ត្រាស់តាំងចៅហ្វាយស្រុកថ្មីឱ្យនៅប្រមូលស្បៀងអាហារអំពីប្រជារាស្ត្រទុកឱ្យបានច្រើនសំរាប់នឹងបើកឱ្យកងទ័ពកុំឱ្យមានខ្វះខាត។ តមក ស្ដេចធ្វើព្រះរាជដំណើរទៅថ្វាយបង្គំព្រះពុទ្ធរូបនៅព្រះវិហារប្របភូមិប្រាសាទ កាលសម្ដេចដែលទ្រង់បកព្រះសុភ័គពីព្រះអង្គយកទៅឃ្លុំបូជាព្រះពុទ្ធរូបរួចទ្រង់អធិស្ថានបន់ឱ្យបានឈ្នះសឹកសង្គ្រាម។ ហេតុនេះហើយ បានជាជាប់មានពាក្យរាស្ត្រហៅវត្តនោះថា "វត្តព្រះជីវលួងបន់" នៅខែត្រខ្លុងរៀងមកដល់សព្វថ្ងៃនេះ។ លុះចប់ពិធីបួងសួងដល់គុណព្រះរតនៈត្រ័យហើយ សម្ដេចចៅពញាចន្ទរាជា ស្ដេចលើកកងទ័ពចេញពីខែត្រខ្លុងលើកសំដៅទៅខែត្រអម្រិន្ទបូរ (ឬ អមរគិរិន្ទបូរ) ទៀត។ កាលនោះ អស់រាស្ត្រប្រជាក្នុងខែត្រអម្រិន្ទបូរពុំព្រមកំណែនចៅហ្វាយស្រុកចាស់នាំគ្នារៀបគ្រឿងដង្វាយនាំទៅថ្វាយ សម្ដេចចៅពញាចន្ទរាជា។ ចៅហ្វាយស្រុកចាស់ ឃើញរាស្ត្រតំអឹងរឹងនឹងអំណាចខ្លួន ពុំព្រមស្ដាប់ខ្លួនហើយទៅក្រាបទូលស្ដេចដូច្នោះក៏ភ័យរត់ដោះខ្លួនទៅខែត្ររលាប្អៀរ។ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គឱ្យជួសជុលបន្ទាយពីបុរាណ រួចហើយទ្រង់ប្រថាប់ទ័ពនៅទីនោះចំនួន ថ្ងៃ។ ក្រោយពីនោះមក ព្រះអង្គឡើងគង់ព្រះទីនាំង អស្សតរព្រមដោយនូវសេនាទាហានយាងទៅដល់ទីដីមួយអន្លើជាឯត្បូងចុងខែត្រអម្រិន្ទបូរ។ កាលស្ដេចយាងដល់ទីនោះ ទ្រង់ទតឃើញស្ថានដីមួយអន្លើដែលមានទីរាបទាបស្មើមានជ័យភូមិល្អ ហើយទ្រង់ឱ្យលើកបោះបង់ចោលបន្ទាយចាស់ផ្លាស់ទៅតាំងបន្ទាយថ្មីនៅដីដែលមានជ័យភូមិវិញព្រោះនៅទីនោះជាទីឧត្តមធំទូលាយមាំមួន។ លុះទ្រង់ធ្វើបន្ទាយនោះហើយ ព្រះអង្គលើកយោធាទៅប្រថាប់ក្នុងបន្ទាយថ្មីនោះ។ ហេតុនេះបានជាមានពាក្យអ្នកស្រុក ហៅបន្ទាយដែលបោះបង់នោះថា "បន្ទាយចាស់" រៀងមក។ ក្នុងពេល ដែលសម្ដេចចៅពញាចន្ទរាជាយាងទៅគង់នៅបន្ទាយថ្មីក្នុងខែត្រអម្រិន្ទបូរនោះមានចៅអធិការមួយអង្គ ព្រះនាមជ័យ ងារជា "មង្គលសត្ថា"។ ព្រះថេរៈអង្គនេះ នាំទូក-ងមួយជាដង្វាយមកថ្វាយ ហើយទូលសម្ដេចចៅពញាចន្ទរាជា: សូមថ្វាយព្រះពរ ទូក-ងនេះ ឈ្មោះ "សារាយអណ្ដែត" កាលចុងផែនដីនៃព្រះបាទឝ្រីឝៅគន្ធបទបរមបពិត្រ ជាសម្ដេចព្រះរៀមនៃទ្រង់ដែលកើតចលាចល ព្រោះស្ដេចកនសព្វថ្ងៃនេះអាចក្ដី បានលាក់ទុកឈើដែលធ្វើជាទូកពុំទាន់ហើយនោះ ទុកចោលនៅវាលមួយឆ្ងាយពីព្រៃចំងាយ សិនប្លាយ។ ដល់ខែប្រាំងរាំងរឹះត្រូវថ្ងៃក្ដៅមានហ្វូងដំរីព្រៃទៅបោចសារាយត្រឹបបឿនយកទៅគ្របលើឈើដែលធ្វើទូកនេះមិនឱ្យត្រូវថ្ងៃ ក្រែងប្រេះឆា។ លុះស្រុកសាន្តត្រាណបន្តិចទៅអាចក្ដីក៏នាំសិស្សានុសិស្សទៅកាប់ចាំងឈើនោះធ្វើជាទូក-ង។ លុះយកទូកនេះមក អុំទៅ អាចក្ដី ក៏ឃើញថា ទូកនេះលឿនជាងទូកទាំងពួង។ ហេតុនេះហើយបានជាអាចក្ដីឱ្យឈ្មោះទូកនេះថា "សារាយអណ្ដែត" មួយទៀតកាលពីខែវស្សាអាចក្ដីជិះទូកនេះទៅបិណ្ឌបាតឯស្រុកមហានគរ អាចក្ដី ត្រឡប់វិលមកវិញទាន់ពេលឆាន់ ហើយចង្ហាន់ក៏នៅហុយៗ។ ហេតុនេះហើយ បានជាមានពាក្យហៅថា "ទូកចង្ហាន់ហុយ"។ អាចក្ដីយល់ថា ទូក-ងនេះលឿនលើសចំឡែកនឹងទូកទាំងពួងជារបស់អស្ចារ្យក្នុងព្រះនគរបានជាអាចក្ដីនាំមកថ្វាយព្រះមហាបពិត្រ។ សម្ដេចចៅពញាចន្ទរាជា ទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់ ទ្រង់ថ្វាយអភិវន្ទនកម្មហើយត្រាស់ថា "ព្រះជីតុនឱ្យទូកនេះមកញោមៗមានអំណរណាស់ តែសព្វថ្ងៃនេះញោមនៅទ័លពេក។ បើទៅថ្ងៃមុខ ញោមបានព្រះនគរមកកាលណាញោមនឹងតបស្នងព្រះគុណឱ្យគាប់ព្រះទ័យពុំខានឡើយ"។ លំដាប់នោះសម្ដេចចៅពញាចន្ទរាជា ព្រះអង្គឱ្យមន្ត្រីមុខងារទទួលទូកនោះ ហើយបញ្ចុះពួកស៊ីថាយ ១២៤ នាក់អុំទៅមហានគរវត្តល្បងមើល។ លុះទូកនោះត្រឡប់មកវិញបាយដែលដាំនោះនៅក្ដៅហុយៗ នៅឡើយ ដូចព្រះថេរដីកានៃចៅអធិការនោះថ្វាយព្រះពរមែន។ សម្ដេចចៅពញាចន្ទរាជា ស្ដេចមានព្រះតំរាស់ប្រាប់មន្ត្រីទាំងពួងថា "យើងមានភ័ព្វវាសនាល្អណាស់ ខាងជើងគោក យើងបាន "ព្រះពិជ័យគជេន្ទ្រ" សសុទ្ធជាព្រះទីនាំងខាងជើងទឹក យើងបានទូក-ង "សារាយអណ្ដែត" ជាព្រះទីនាំងលឿនដូចខ្យល់"។ រួចទ្រង់ត្រាស់បង្គាប់ឱ្យភ្នាក់ងារទទួលធ្វើរោងដាក់រក្សាទូកទិព្វនោះ។ ទ្រង់តាំងនាមទូកនោះថា "ព្រះទីនាំងចក្រព័ត្រ"។ លុះទ្រង់ត្រាស់សន្មតនាមស្រេចហើយ ស្ដេចបង្គាប់ចៅពញាសេនាធិបតីសង្គ្រាមសុខឱ្យប្រមូលស្បៀងអាហារ និង គ្រឿងសស្ត្រាវុធទុកក្នុងបន្ទាយនោះជាកំលាំងទ័ព។ លុះទ្រង់ប្រមូលរេហ៍ពលបានសូរេចហើយស្ដេចធ្វើព្រះរាជដំណើរទ័ពទៅដល់វាលសាបអង្កាម (ភូមិនេះទៅខាងលិចកំពង់ឆ្នាំង)។ នៅទីនោះទ្រង់បានប្រទះនឹងទ័ពសម្ដេចចៅហ៊្វាកៅ។ មួយរំពេចនោះ ស្ដេចចាត់ឱ្យបរកងទ័ព ចូលច្បាំងនឹងទ័ពចៅហ្វាយកៅឥតរួញរា។ ទ័ពទាំងសងខាងច្បាំងគ្នាជាកោលាហលតាំងពីអាវុធវែងរហូតដល់អាវុធខ្លី។ ពួកពលសេនាចូលតតាំងច្បាំងប្រកាប់គ្នាខ្លាំងមហិមាណាស់នឹងរៀបរាប់ឱ្យអស់ពុំបាន។ ខណៈនោះមានអព្ភូតហេតុមួយគួរឱ្យអស្ចារ្យណាស់គឺដំរីភ្លុកមួយជាឧត្តមធំណាស់របស់សម្ដេចចៅពញាកៅ (ខាងស្ដេចកន) ជាមេទ័ពត្រើយខាងកើត វាផ្អើលរត់ទៅដល់ព្រេចដំបូកមួយរលើងរលំទាំងដើមឈើរមៀលទៅលើកងទ័ពខ្លួនឯងបែកទាំងសំបុកឱម៉ាល់ ព្រលួតល័ខ ហើយហើរទៅទិចកងទ័ពសម្ដេចចៅហ៊្វាកៅទៀត។ រេហ៍ពលទាំងនោះទ្រាំនឹងឱម៉ាល់ ព្រលួតល័ខពុំបានក៏រត់ខ្ចាត់ខ្ចាយបែកទ័ពទៅ។ ខាងកងទ័ពនៃសម្ដេចចៅពញាចន្ទរាជា ឃើញដូច្នោះ ក៏តាមដេញទ័ពសម្ដេចចៅហ៊្វាកៅទៅទៀត។ លុះកងទ័ពនេះទាន់ ឃើញសម្ដេចចៅហ៊្វាកៅ ហើយសម្ដេចចៅហ៊្វាកៅក៏រា តនឹងសេនាទាហានសម្ដេចចៅពញាចន្ទរាជា។ សម្ដេចចៅពញាចន្ទរាជា ស្ដេចចូលតយុទ្ធទល់គ្នានឹងចៅហ៊្វាកៅ។ លុះប្រយុទ្ធគ្នាមិនបានប៉ុន្មានភ្លេងផង សម្ដេចចៅពញាចន្ទរាជាក៏កាប់ត្រូវស្មាចៅហ៊្វាកៅមួយអន្លើ ចៅហ៊្វាកៅមានពិការជាទំងន់។ សេនាទាហានខាងសម្ដេចចៅហ៊្វាកៅជួយការពារនាំរត់ឆ្លងទៅក្រាបទូលព្រះស្រីជេដ្ឋា (ស្ដេចកន) តាមការណ៍ដែលបែកទ័ព ហើយស្លាប់ចៅពញាចក្រីកែវនោះ។ ឯសេនាទាហានខាងសម្ដេចចៅពញាចន្ទរាជា កាលសម្ដេចចៅហ៊្វាកៅរត់ទៅនោះ ហើយដេញតាមពុំទាន់ក៏ចាប់យកតែ គោ ក្របី ដំរី សេះ ស្បៀងអាហារ សស្ត្រាវុធជាច្រើននាំទៅក្រាបទូលថ្វាយ។ សម្ដេចចៅពញាចន្ទរាជា ស្ដេចទ្រង់ជ្រាបហើយ ទ្រង់លើកកងទ័ពចូលទៅបោះទ័ពនៅខាងលិចភូមិរលាប្អៀរ ក្នុងខែត្ររលាប្អៀរ (ខែត្រកំពង់ឆ្នាំងសព្វថ្ងៃនេះ)។ ចំណែកខាងចៅពញាស្រែន្យាធិបតីសោម ចៅហ្វាយស្រុកខែត្ររលាប្អៀរខាងព្រះស្រីជេដ្ឋា (ស្ដេចកន) បានដឹងហើយ ក៏ឱ្យកេណ្ឌកងទ័ពឡើងរក្សានាទីបន្ទាយ។ ប៉ុន្តែរាស្ត្រពុំចុះកំណែនសោះ បែរជានាំគ្នាយកបណ្ណាការចូលទៅគាល់ថ្វាយខ្លួនធ្វើរាជការក្នុងសម្ដេចចៅពញាចន្ទរាជា ជាច្រើននាក់ទៅវិញ។ ចៅហ្វាយស្រុកសោមដឹងដូច្នោះហើយ ក៏នាំគ្រប់គ្រួដឹកកូនជញ្ជូនចៅរត់តាម សម្ដេចហ៊្វាកៅ។ លុះរត់ទៅពុំទាន់ចៅហ៊្វាកៅ ចៅហ្វាយស្រុកសោមក៏ចូលទៅជ្រកក្នុងបន្ទាយភ្នំពេញហើយស្លាប់ក្នុងទីនោះ។ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គទ្រង់ជ្រាបថា: "ចៅពញាស្រែន្យាធិបតីសោម ចៅហ្វាយស្រុកខែត្ររលាប្អៀររត់ទៅហើយ" ទ្រង់ក៏បានជ្រើសរើសយកហ្លួងរាជាភឹមឱ្យធ្វើជាចៅហ្វាយស្រុកឡើង។ ទ្រង់ឱ្យប្រមូលរាស្ត្រប្រជា ស្បៀងអាហារសស្ត្រាវុធទុកជាកំលាំងសឹកសង្គ្រាមសំរាប់ស្រុកនោះ។ ចៅពញាស្រែន្យាសេនាទន់ ចៅហ្វាយស្រុកខែត្រលង្វែកកាលដឹងដើមទងថា "សម្ដេចចៅពញាចន្ទរាជា ព្រះអង្គត្រឡប់មកពីស្រុកសៀមវិញហើយៗ ទ្រង់បានទាំងឈ្នះសង្គ្រាមបានខែត្រខាងជើងជាច្រើន ទ្រង់បានសំលាប់ចក្រីកែវដេញទាំងទ័ពចៅហ៊្វាកៅទៀត" ចៅពញាក៏នាំស្ម័គ្របក្សពួករាស្ត្រប្រជា និងបណ្ណាការយកទៅថ្វាយសម្ដេចចៅពញាចន្ទរាជាថ្វាយទាំងខ្លួនចូលទៅធ្វើរាជការជាច្រើននាក់។

កេណ្ឌទ័ពឡើងវិញ[កែប្រែ]

ខណៈពេលនោះ ព្រះស្រីជេដ្ឋាតាំងខ្លួនជាម្ចាស់ផែនដីលុះដល់មកឆ្នាំ ជូតអដ្ឋស័ក ព.ស. ២០៦០, គ.ស. ១៥១៦, ម.ស. ១៤៣៨, ច.ស. ៨៧៨ សម្ដេចព្រះស្រីជេដ្ឋា ព្រះអង្គសោយរាជ្យបាន ៤ ឆ្នាំ។ លុះទ្រង់ជ្រាបថា "សម្ដេចចៅពញាចន្ទរាជា វាយយកខែត្រខាងលិច ប៉ែកខាងជើងបានហើយ ហើយបានសំលាប់ចៅហ្វាយស្រុកជាច្រើនផង មិនតែប៉ុណ្ណោះ ទាំងពញាចក្រីកែវក៏ស្លាប់ ទាំងសម្ដេចចៅហ៊្វាកៅជាមា ក៏មានរបួសជាទំងន់ទៀត។" ទ្រង់មានព្រះវិតក្កទុក្ខទោមនស្សណាស់ រហូតដល់ទ្រង់ព្រះកន្សែងសោកស្ដាយជាខ្លាំង។ លុះស្វាយសោកហើយ ទ្រង់មានព្រះតំរិះពីការសង្គ្រាមសព្វប្រការ ទើបទ្រង់ត្រាស់បង្គាប់មុខមន្ត្រីឱ្យចេញទៅកេណ្ឌទ័ព។ លុះមន្ត្រីកេណ្ឌបានរេហ៍ពលត្រើយខាងកើត ១២០០០០ នាក់ហើយ ទ្រង់ចាត់បំរើសេះឱ្យទៅតាមកងទ័ពចៅពញាឧទ័យធិរាជថ្មី ដែលឱ្យទៅស្កាត់ផ្លូវសម្ដេចចៅពញាចន្ទរាជាពីផែនបាត់ដំបងនោះឱ្យនាំកងទ័ពត្រឡប់មកវិញ "ចៅពញាឧទ័យធិរាជ នាំរេហ៍ពល ៥០០០០ នាក់ទៅជួបជុំគ្នានឹងមេទ័ពឯទៀតនៅបន្ទាយភ្នំពេញ ហើយក៏ចាត់ចែងតែងដាក់រេហ៍ពលឱ្យផ្លាស់ប្ដូរគ្នានៅរក្សាទីបន្ទាយ។ ចៅពញាតេជោកុយ ចៅហ្វាយស្រុកខែត្រសំរោងទង និង ចៅពញាវង្សាអនុជិតយស ចៅហ្វាយស្រុកថ្មីខែត្របាទីមានរេហ៍ពលមួយម៉ឺននាក់ជាកងក្រវែលរួមទាំងអស់ត្រូវជា ១៩០០០០ នាក់។ ព្រះស្រីជេដ្ឋា ទ្រង់ចាត់កងទ័ពទាំង ១៩០០០០ នាក់នោះជាពីរផ្លូវ។ ក្នុងមួយផ្លូវៗ ទ្រង់តាំងដូចមានខាងក្រោមនេះ៖

  • ១. ផ្លូវទី១

ក) ទ្រង់ចាត់ចៅពញាយមរាជព្រាបឃុំពល ១ ម៉ឺននាក់ជាទ័ពមុខ។

ខ) ឱ្យចៅពញាវង្សាអគ្គរាជស្រីឃុំពល ១ ម៉ឺននាក់ជាប៉ែកឆ្វេង។

គ) ឱ្យចៅពញាពិស្ណុលោកទេនចៅហ្វាយស្រុកទ្រាំង ឃុំពល ១ ម៉ឺននាក់ជាប៉ែកខាងស្ដាំ។

ឃ) ឱ្យចៅពញាអធិកវង្សាវេត ចៅហ្វាយស្រុកទ្រាំង ឃុំរេហ៍ពល ១ ម៉ឺននាក់ជាប៉ែកខាងក្រោយ។

ង) ទ្រង់ឱ្យយក ឧកហ្លួងសូរត្រូវជាមាម៉ែបានតាំងឡើងជា "ចៅពញាចក្រីធិបតីកុញ្ចរ" សំរេចរាជការមហាក្រស័ត្រសឹក ហើយឱ្យលើកទ័ពទៅមុន។

  • ២. ផ្លូវទី២ ក្រោយដែលឧកហ្លួងសូរ លើកទ័ពចេញទៅនោះ សម្ដេចព្រះស្រីជេដ្ឋាព្រះចៅក្រុងស្រឡប់ពិជ័យព្រៃនគរ ស្ដេចកនរើសយកក្មួយម៉ែបាន ៤ នាក់ មកតាំងជាសេនាបតីគឺ៖

ក) ឧកហ្លួងសូរ តាំងជា ឧកញ៉ាវៀង ឱ្យឃុំពល ២០០០០ នាក់ ជាទ័ពមុខ។

ខ) ឧកហ្លួងនៅ តាំងជា ឧកញ៉ាវាំង ឱ្យឃុំពល ១៥០០០ នាក់ ជាទ័ពឆ្វេង។

គ) ឧកហ្លួងទេព តាំងជា ឧកញ៉ាលំពាំង ឱ្យឃុំពល ១៥០០០ នាក់ ជាទ័ពស្ដាំ។

ឃ) ឧកហ្លួងមាន់ តាំងជា ឧកញ៉ាស្រាល ឱ្យឃុំពល ១៥០០០ នាក់ ជាទ័ពក្រោយ។ ឯព្រះអង្គឯង (ព្រះស្រីជេដ្ឋា) ឃុំពល ៣០០០០ នាក់ជាទ័ពហ្លួង។ ឯអស់ចៅហ្វាយស្រុកទាំងពួង ទ្រង់ចាត់ឱ្យធ្វើជាបល័ដ្ឋទ័ព យោក្បាត់ទ័ពជាកងក្រវែល ១៥ កងសឹងឱ្យកាន់ទង់ជ័យពណ៌ដែលមានរូបខុសៗគ្នា ដើម្បីនឹងមិនឱ្យច្រឡូកច្រឡំគ្នាឡើយ។ ព្រះស្រីជេដ្ឋានេះ មានបុណ្យអស្ចារ្យណាស់ ទ្រង់មានព្រះទីនាំងគជេន្ទ្រភ្លុកធំ ១ កំពស់ ១០ ហត្ថ ឈ្មោះ "ព្រះគជេន្ទ្រយាវុធ" មានសេះព្រះទីនាំងសំបុរស៊ីសាំ កំពស់ ៣ ហត្ថ ៤ ធ្នាប់មានកំលាំងបោលក្នុងមួយថ្ងៃកំណត់ ២០៥០ សិន ហែលទឹកលឿនបីដូចរន្ទះរូបល្អបីដូចរូបរាជសីហ៍ ឈ្មោះ "ព្រះទីនាំងស័ង្ខរង្ស៊ី"។

សេនា សេនីយ៍ ដែលទ្រង់ចាត់ហើយនោះបានមកគ្រប់មុខងារគឺអ្នកកាន់ស្វេតច្ឆ័ត្រអភិរម្យសែនត្វាន់ចាម៉រ បាយមន តូរ្យតន្ត្រីតាមលំដាប់ព្រះមហាក្សត្រ។ លុះដល់ពេលមានជោគជ័យបើកហើយ បុរោហិតផ្លុំត្រែស័ង្ខ ពួកតូរ្យតន្ត្រីក៏ប្រគំនូវរគាំងស្គរស្នែង ដែលតាក់តែងសំរាប់បង្គាប់ទ័ព។ ព្រះស្រីជេដ្ឋាជាម្ចាស់ផែនដីស្រឡប់ពិជ័យព្រៃនគរ ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្របវររតនមង្គលលើករេហ៍ពលចេញទៅសូរសព្ទរេហ៍ពលនិសូរសព្ទរទេះ សេះ ដំរី ព្រមទាំងសូរសព្ទតូរ្យតន្ត្រីនោះនាំឱ្យព្យុះហៈយាត្រាកងទ័ពជាឧត្តមរងំ ខ្ទ័រខ្ទារ ទាំងព្រៃព្រឹក្សាក្រឡាមហាប្រថពី។ លុះ​ទៅ​ដល់​ស្ទឹង​ក្រាំងពន្លៃ (សព្វថ្ងៃ​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ក្បែរផ្សារ​ឧដុង្គ) ហើយ​ព្រះ​អង្គ​ទ្រង់​តាំង​បន្ទាយ​ទ័ព​ធំ​នៅ​ស្ទឹង​ក្រាំងពន្លៃ​នោះ ទ្រង់​ត្រាស់​បង្គាប់​ចៅពញា​យមរាជ​ព្រាប​ជា​មេទ័ព​មុខ​ឲ្យ​ឃុំ​ពល​ ៤៥០០០​ នាក់លើក​ទៅ​ចោម​វាយ​បន្ទាយ​ខេត្ត​លង្វែក។ ចៅហ្វាយស្រុក​ខេត្ត​លង្វែក ក៏​ដេញ​ពល​តតាំង​ច្បាំង​គ្នា​ជា​មាំមួន។ ខណៈនោះ សម្ដេចចៅពញា​ចន្ទរាជា ទ្រង់​ជ្រាប​ថា “កងទ័ព​សត្រូវ​មក​ចោម​បន្ទាយលង្វែក​ហើយ” ព្រះ​អង្គ​ក៏​ប្រើ​ទ័ព​សេះ​ឲ្យទៅ​ប្រាប់​ចៅហ្វាយខេត្ត​លង្វែក​ថា “ឲ្យ​ក្លែង​ធ្វើ​ជា​ចាញ់​ទ័ព​សត្រូវ ហើយ​រត់​តាម​ផ្លូវ​ទៅ​ទិស​ខាងជើង” ។ ក្រោយ​បំរើ​សេះ​ចេញ​ទៅ​នោះ ព្រះ​អង្គ​លើក​កងទ័ព ​៤៥០០០​ នាក់ស្រូតរូត​ទៅ​ជួយ​ចៅ​ស្រុក​ខេត្ត​លង្វែក។ លុះ​ស្ដេច​ទៅ​ដល់​ព្រៃ​មួយ​ធំ ទ្រង់​ឮ​សូរកាំភ្លើង​ច្បាំង​គ្នា​ជា​ឱឡារិក​ណាស់ ទើប​ព្រះ​អង្គ​បង្កប់​រេហ៍ពល​នៅ​ទីនោះ។ ឯ​ចៅហ្វាយស្រុក​រលាប្អៀរ​បានដឹង​ឧបាយកល​ដោយ​បំរើសេះ ហើយ​ក៏​ឲ្យ​កងទ័ព​ទាំងនោះ​ថយ​តាម​ព្រះរាជ​បញ្ជា។ ចៅពញា​យមរាជ និង​នាយកង​ទ័ព​មុខក្រោយ ឆ្វេង​ ស្ដាំ​ ៥​ កងខាង​ព្រះ​ស្រីជេដ្ឋា​យល់​ថា “មាន​ជ័យ​ជំនះ​ហើយ” ក៏​មានចិត្ដ​កំរើកកងទ័ព​ដេញ​ជិត​ប្រកិត​តាម​ទៅ​រហូត​ដល់ទី​ដែល​សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​បង្កប់ទ័ព​ចាំ​នោះ។ មួយ​រំពេច​នោះ​សម្ដេចចៅពញា​ចន្ទរាជា ស្ដេច​បរ​ព្រះ​ទីនាំង​គជេន្ទ្រ​ពិជ័យនាំ​សេនាទាហាន​រេហ៍ពល​លើក​ចេញ​ដេញ​ទៅ​វាយ​ខ្ចប់​សំលាប់​កងទ័ព​សត្រូវ​ពីក្រោយដោយ​ទ័ព​សត្រូវ​ពុំ​ដឹងខ្លួន។ កងទ័ព​ត្រូវ​ស្លាប់​ដោយ​ក្របី​វ័ធ ដំរី​ជល់​ព្រេច និង​ដោយ​អាវុធ​វែង​ខ្លី​ស្លាប់​អស់​ជាង ​៣០០០ ​នាក់ឈាម​ក្រហម​ដាល​ច្រាល​ទាំង​ព្រៃ​វាល​ចាប់​បាន​ចៅពញា​យមរាជ និង​នាយកង​នាយ​ទ័ព​ទាំង​ ១០​ នាក់​ទៀត។

ឧបាយកលស្ដេចកន[កែប្រែ]

ចូលដល់​វស្សានរដូវ​ក្នុង​ឆ្នាំឆ្លូវ នព្វស័ក​ សម្ដេចព្រះ​ស្រីជេដ្ឋា​ស្ដេច​កន ព្រះ​អង្គ​ចេញ​ជួបជុំ​សេនាបតី មន្ដ្រី​តូច​ធំ ខ្ញុំ​ព្រះ​រាជការ ហើយ​ត្រាស់​ថា “ចៅពញា​ចន្ទរាជា​លើក​កងទ័ព​ទៅ​វាយ​យក​ផែនដី​ត្រើយ​ខាងជើង ហើយ​លើកខ្លួន​ជា​ម្ចាស់ផែនដី​ទៀត ដូច្នេះ​ឲ្យ​សេនាបតី​ចេញ​សំបុត្រ​កេណ្ឌ​រេហ៍ពល​ឲ្យ​មក​គ្រប់​ខេត្ត​ថា កាលណា​ចេញ​ព្រះ​វស្សា ព្រះ​អង្គ​នឹង​លើកទ័ព​ទៅ​វាយ​យក​ខេត្ត​អម្រិន្ទបូរ​ ពោធិ៍សាត់​វិញ​ឲ្យ​បាន។ សេនាបតី​ទទួល​ព្រះរាជ​បញ្ជាហើយ ក៏​ចេញ​សំបុត្រ​ប្រាប់​ទៅ​ចៅហ្វាយស្រុក ចៅ​មឿង ចៅ​បានឲ្យ​កេណ្ឌ​កងទ័ព​តាម​ត្រាស់​បង្គាប់។ លុះដល់​ខែ​នោះ គ្រប់​ចៅហ្វាយស្រុក​បញ្ជូន​រេហ៍ពល​មក​ជួបជុំ​បាន​ចំនួន​ ១២០០០០ ​នាក់។ ទ្រង់​ត្រាស់​ឲ្យ​បង្ហាត់​កាន់​អាវុធ​ឲ្យ​ស្ទាត់​តាម​ក្បួន​ពិជ័យសង្គ្រាម ទ្រង់​ត្រាស់​ឲ្យ​ចៅពញា​លំពាំង ចៅពញា​ស្រាល​ឲ្យ​ឃុំ​កងទ័ព ​២០០០០ ​នាក់​ឆ្លង​ទៅ​តាំងទ័ព​នៅ​ខេត្ដ​សំរោងទងឲ្យ​សម្ដេច​ចៅហ៊្វា​កៅ​ឃុំ​ពល ​៣០០០០ ​នាក់​ទៅ​តាំង​បន្ទាយ​នៅ​ភ្នំពេញ។ ក្នុង​ខណៈនោះ​ សម្ដេចចៅពញា​ចន្ទរាជា ព្រះ​បរមបពិត្រ​ទ្រង់​ជ្រាប​ដោយ​បំរើសេះ​ពី​ខេត្ដ​លង្វែក​ចូល​ទៅ​ក្រាប​បង្គំ​ទូល​សព្វគ្រប់​ប្រការ​ហើយ ទ្រង់​ព្រះ​ពិរោធ​ជា​ខ្លាំង​ណាស់។ ទ្រង់​ប្រាប់​ឧកញ៉ា​ចក្រី​កែវ និង​ឧកញ៉ា​វង្សាអគ្គរាជ​កែឲ្យ​ឃុំ​ពល ​២០០០០​ នាក់​លើក​ចេញ​ទៅ។ ព្រះ​បរមបពិត្រ​អម្ចាស់​ត្រាស់​ឲ្យ​ស្ដេច​ព្រះ​ភាគិនេយ្យ​យសរាជា​នៅ​ចាំ​រក្សា​បន្ទាយ ហើយ​ព្រះ​អង្គ​ព្រម​ដោយ​សេនា​ទាហាន រេហ៍ពល​ ៣០០០០​ នាក់លើក​ចេញ​ទៅ​តាំង​នៅ​ភូមិ​ជ័យសួគ៌នៅ​ខេត្ដ​លង្វែករង់ចាំ​ស្ដាប់​រាជការ​សង្គ្រាម បើ​ឃើញ​អាសន្ន​ទ្រង់​នឹង​លើកទ័ព​ទៅ​ជួយ​ជា​ឆាប់។ ក្នុង​គ្រានោះ​ឧកញ៉ា​ចក្រី​កែវ ឧកញ៉ា​វង្សាអគ្គរាជ​កែលើកទ័ព​ចូល​ច្បាំង​នឹង​កងទ័ព​ចៅពញា​ស្រាល។ វង្សាអគ្គរាជ​លើកទ័ព​តទល់​នឹង​ចៅពញា​លំពាំងជា​សេនាបតី​មេទ័ព​ត្រើយ​ខាងកើត។ ខណៈនោះ ​សេនា​ទាហាន​រេហ៍ពល​ទាំង​សងខាង​ចូល​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​វែង​ខ្លី ជា​សន្ធឹក​គឹកកង​កោលាហល។ ពួក​ពល​ស្លុត​ស្លាប់​ទាំង​សងខាងកងទ័ព​ដំរី (ទ័ព​ខាង​សម្ដេចចៅពញា​ចន្ទរាជា) ដែល​ឧកញ៉ា​ចក្រី​ឲ្យ​ឧកញ៉ា​នរិន្ទ​នាយក ​ព្រះរាជា​នុកូលទៅ​បង្កប់​ក្នុង​ព្រៃ​នោះ​ចំនួន​ដំរី​សឹក​ ១៤០​ នាក់វាង​បាន​ទៅ​ខាងក្រោយ​ទ័ព​សត្រូវ​ហើយ​ក៏​បរ​ចូល​ទៅ​រួសរាន់​ជាន់​ជល់​ពង្រាប​ពីក្រោយ​កងទ័ព។ ខណៈនោះ​ចៅពញា​លំពាំង ចៅពញា​ស្រាលទ្រាំ​ពុំ​បាន​ក៏​បែក​ទ័ពរត់ទៅ​នៅ​ក្នុង​បន្ទាយ​ភ្នំពេញ​វិញ។ មេទ័ព​នៃ​សម្ដេចចៅពញា​ចន្ទរាជា ព្រះ​បរមបពិត្រ​ទាំង​ពីរ​កង​ក៏​លើក​រហូត​ទៅ​វាយ​បាន​បន្ទាយ​ខេត្ដ​បាទី ខេត្ត​ទ្រាំង​មួយ ចាប់​បាន​ចៅហ្វាយស្រុក​បាទី​មួយ ចៅ​មឿង​ព្រៃកប្បាស​មួយ ចៅ​មឿង​កណ្ដាលស្ទឹង​មួយ ចៅ​មឿង​គងពិសី​មួយ ចៅ​មឿង​ភ្នំស្រួច​មួយ ព្រមទាំង​ចាប់​បាន​ចៅ​មឿង​បន្ទាយមាស​មួយ ចៅ​មឿង​ពាម​មួយ ចៅ​មឿង​ស្រែរនោងមួយ ចៅ​មឿង​ជើងកញ្ជុំ​មួយនាំ​មក​ក្រាបទូល​ថ្វាយ។ ព្រះ​បរមបពិត្រ​ទ្រង់​ចាត់​ឲ្យ​ទទួលទាន​បាយ​ទឹក​ព្រះ​ពិភ័ទ្ធ​សច្ចា ហើយ​ទ្រង់​ព្រះ​មេត្ដាប្រោស​លើកលែង​ខ្លួន និង​ឲ្យ​នៅ​រក្សាស្រុក​ខេត្ត​ដូច​ដើម​វិញ។ ចៅពញា​ពិស្ណុលោក​ឯក ជា​ចៅហ្វាយស្រុក​ខេត្ដ​ទ្រាំងក្នុង​ពេល​នោះ​រត់​រួច ហើយ​ទៅ​រួម​នឹង​ចៅហ្វាយស្រុក​បាសាក់​មួយ ព្រះត្រពាំង​មួយ ក្រមួនស​មួយ ឪម៉ៅ​មួយ តាំង​បន្ទាយ​មាំមួន​នៅ​ខេត្ដ​នោះ។ ដល់​រដូវ​ទ្វារទសមាសអកអំបុក​នោះ អស់​មុខមន្ដ្រី​ខាង​សម្ដេចចៅពញា​ចន្ទរាជាជា​ព្រះ​បរមបពិត្រ​អម្ចាស់​ផែនដី​ត្រើយ​ខាង​ចតុមុខ​ទៅ​ធ្វើ​ប្រាសាទ​គ្រឿង​ឈើប្រក់​ស្បូវនៅ​កំពង់​ខេត្ត​លង្វែក។ លុះដល់​សំរេច​ហើយ​ក៏​អញ្ជើញស្ដេច​ទៅ​ប្រថាប់​ទត​ប្រណាំងទូក និង​លយ​កន្ទោង​ធំ ទូកប្រទីប ថ្វាយ​ទៅ​ព្រះចង្កូម​កែវ ដែលតំកល់​នៅ​ពិភពនាគ និង​អុជ​កាំជ្រួច​រន្ទាថ្វាយ​ទៅ​ចូឡាមណី​ចេតិយ​ដែល​តំកល់​ព្រះ​ចង្កូម​កែវ​នៅ​ឋាន​ត្រៃត្រិង្ស៣​ ថ្ងៃ។ ទ្រង់​ប្រោស​ប្រទាន​ឈ្មោះ​ភូមិ​ជ័យសូរ​ដែល​ព្រះ​អង្គ​តាំង​បន្ទាយ​នោះ​ឲ្យ​ហៅ​ថា “ភូមិ​សូរវង្ស”។ ឯ​ភូមិ​កំពង់សែត​នោះ​ទ្រង់​ឲ្យ​ហៅ​ថា កំពង់​ប្រាសាទ។ ហេតុនេះ​ហើយ​បានជា​មាន​ឈ្មោះ​ហៅ​ថា ភូមិ​សូរវង្ស​ កំពង់ប្រាសាទ​រៀង​មក។ លុះ ​ការ​បុណ្យ​ទ្វារទសមាស​ហើយ សម្ដេចចៅពញា​ចន្ទរាជា ព្រះ​អង្គ​ត្រាស់​បង្គាប់​ឧកញ៉ា​ចក្រី​កែវ ឧកញ៉ា​វង្សាអគ្គរាជ​កែ និង​ឧកញ៉ា​ក្រឡាហោម​គាំ​ឃុំ​ពល​រេហ៍ ​៣០០០០​ នាក់​លើក​ទៅ​ចោម​បន្ទាយ​ខេត្ដ​ភ្នំពេញឧកញ៉ា​ទាំង​ ៣ ​នាក់​ក៏​ថ្វាយបង្គំ​លា​ចេញ​ទៅ​ចាត់ចែង​កងទ័ព ព្រមទាំង​គ្រឿងសាស្ដ្រាវុធ​ស្រេច​ហើយ​ក៏​លើក​ចេញ​ទៅ​ចោម​វាយ​បន្ទាយ​នោះ​តាម​ត្រាស់​បង្គាប់។ ខណៈ​នោះ​មេទ័ព​ខាង​ស្ដេច​កន គឺ​ចៅហ៊្វា​កៅ ចៅពញា​លំពាំង ចៅពញា​ស្រាល ចៅពញា​តេជោ ចៅហ្វាយស្រុក​សំរោងទង ចៅពញា​រាជា​មេត្រី ចៅហ្វាយស្រុក​ភ្នំពេញ ជា​មេទ័ព​ម្ចាស់ផែនដី​ត្រើយ​ខាងកើត​ចេញ​ច្បាំង​នឹង​មេទ័ព​នៃ​អម្ចាស់​ត្រើយ​ខាងលិចជួន​ឈ្នះជួន​ចាញ់​ម្ដងម្នាក់​ជា​ច្រើន​ដង។ លុះដល់​រដូវភ្លៀង​រាស្ដ្រ​អត់ឃ្លាន​បាយ គ្មាន​ស្រូវ វេទនាណាស់ ក៏​សន្យា​បើក​កងទ័ព​ទាំង​សងខាង​ឲ្យ​ឈប់​ច្បាំង​រហូត​ដល់​ធ្វើស្រែ​ហើយ។ លុះ​មក​ដល់​ឆ្នាំខាល ទោស័ក ព.ស​ ២០៧៤, គ.ស ​១៥១៨, ម.ស​ ១៤៥២, ច.ស ​៨៩២ តាំងពី​ខែ​មិគសិរ បុស្ស ​រៀង​ទៅមន្ដ្រី​ត្រើយ​ខាងកើត (ស្ដេច​កន) ចេញ​កេណ្ឌ​មនុស្ស​ចុះ​ក្បួនទ័ព​លើក​ច្បាំង​គ្នាដណ្ដើម​យក​ខេត្ត​ត្រើយ​ខាងលិច​ទៀត។ ច្បាំង​គ្នា​ជា​ច្រើន​គ្រា លុះ​ផុត​វេលា​ក៏​ឲ្យ​ទ័ព​ឈប់​ទាំង​សងខាង។ “សង្គ្រាមលើក​ក្រោយ​នេះ​តាំងពី​ឆ្នាំឆ្លូវ​ដល់​ឆ្នាំខាល មេទ័ព​ទាំង​ ៣​ យកជ័យ​ជំនះ​ពុំ​បាន​សោះ។ ទើប​ទ្រង់​ត្រាស់​ប្រើ​ឃុន​វិជិត​តរង្គ​ពៅ​ឲ្យទៅ​ប្រាប់​ឧកញ៉ា​ចក្រី និង​ឧកញ៉ា​វង្សាអគ្គរាជ​ថា ច្បាំង​រា​រត់​ថយ​ក្រោយ​រហូត​ទៅ​ជួបនឹង​ទ័ព​ឧកញ៉ា​ក្រឡាហោមថា ឲ្យ​ឧកញ៉ា​ក្រឡាហោម​ក្លែង​ទង់ជ័យ​ជា​រូប​មនុស្ស​ថាបើ​ឃើញ​កងទ័ព​សត្រូវ​បាក់រត់​មកឲ្យធ្វើ​ជា​ភ្ញាក់ផ្អើល​រត់ទៅ​ជាមួយនឹង​កងទ័ព​ឧកញ៉ា​ចក្រី ឧកញ៉ា​វង្សា​អគ្គរាជ​ត្រង់​រហូត​ទៅ​ដល់​ស្រុក​ឧដុង្គ។ ឃុន​វិជិត​តរង្គ​ពៅ​ក៏​ប្រាប់​ទៅ​មេទ័ព​ទាំង ​៣ ​កង​តាម​ព្រះរាជ​បន្ទូល​ពិសេស។ ក្រោយ​ព្រះរាជបំរើ​ទៅ​នោះ ទ្រង់​អនុញ្ញាត​ឲ្យ​ឧកញ៉ា​យមរាជ​ព្រំជា​មេទ័ព​ធំ ឧកញ៉ា​មហា​សេនា​សុខជា​មេទ័ព​មុខ ឧកញ៉ា​យោធា​សង្គ្រាម ជា​ប៉ែក​ឆ្វេង ឧកញ៉ា​យោធា​សង្គ្រាម​ទេព ជា​ប៉ែក​ស្ដាំទៅ​ឃុំ​ពល​ ២០០០០ ​នាក់​បង្កប់​នៅ​ក្នុង​ព្រៃ​មួយ​ខាង​ជើង​បឹង​ពោងពាយ។ ទ្រង់​ផ្ដាំ​ថា បើ​ឃើញ​កងទ័ព​សត្រូវ​នៅ​បន្ទាយ​ដេញ​កងទ័ព​យើង​ ៣ ​កង​ទៅ​ហើយ​នោះ​ឲ្យ​ដេញ​កងទ័ព​យើង​ឲ្យ​លើក​ជណ្ដើរ​កាន់​គប់​ភ្លើង​យក​ទៅ​ចោម​អុជ​បន្ទាយ​នោះ​ឲ្យ​បាន។ ទើប​ទ្រង់​ចាត់​ឧកញ៉ា​វិបុលរាជ​គាំ ឧកញ៉ា​ប្រទេស​រាជ​សួរឲ្យ​កេណ្ឌ​ទូក​រាស្ដ្រ​ផ្សំ​នឹង​ទូក​ចំបាំង​របស់​ខ្លួន​ទៅ​បោះ​នឹង​ជ្រោយ​ពន្លា​ថា បើ​ឃើញ​កងទ័ព​សត្រូវ​លើក​ចេញ​មក​ឲ្យ​រា​ថយ​មក​ដល់​ព្រែក​ព្នៅ។ ទ្រង់​ចាត់​សម្ដេចចៅហ៊្វាទឡ្ហៈ​ទេព ជា​កូន​ទី​ ៣​ ចៅពញា​មឿង ឲ្យ​លើកទ័ព​ទូក​ទៅ​បង្កប់​នៅ​ព្រែក​តាទែនដោយ​ផ្ដាំ​ថា បើ​ឃើញ​ទ័ព​សត្រូវ​ដេញ​តាម​ឧកញ៉ា​វិបុលរាជ និង​ឧកញ៉ា​ប្រទេសរាជ​មកឲ្យ​ព័ទ្ធ​ពីក្រោយ​ព្រួត​គ្នា​ច្បាំង​ដណ្ដើម​យកជ័យ​ជំនះ​ឲ្យ​បាន។ មេទ័ព មេកង ទាំង​ជើង​ទឹក​ជើង​គោក ក៏​ថ្វាយបង្គំ​លា​ឃុំ​កងទ័ព​លើក​ទៅ​ធ្វើ​តាម​ព្រះរាជ​បញ្ជាការ។ លុះ​មក​ដល់​ថ្ងៃ ​១២​ កើត ខែមិគសិរ ឆ្នាំខាល ទោស័ក​នេះ ឧកញ៉ា​ចក្រី​ ឧកញ៉ា​វង្សាអគ្គរាជ លើក​កងទ័ព​ចូល​ចោម​បន្ទាយ​ភ្នំពេញ​បាន​មួយស្របក់​ក៏​ថយ​រត់​ទៅ​វិញ។ ចៅពញា​តេជោ និង​ចៅពញា​រាជា​មេត្រី ឃើញ​ហើយ​ពុំ​ដឹង​កល ក៏​បើកទ្វារ​បន្ទាយ​នាំ​កងទ័ព​របស់​ខ្លួន ​២០០០​ នាក់​នោះ ដេញ​តាម​ទ័ព​ដែល​ចោមព័ទ្ធ​ខ្លួន​ដល់​អូរ​ផ្អរ ក៏​ប្រទះ​ទង់ជ័យ​ទ័ព​ហ្លួង​មួយ​កង​ទៀត​បែក​ទ័ពរត់ទៅ​វិញ ដូច្នេះ​ទ័ព​ខាង​ស្ដេច​កន ក៏​កំរើកចិត្ដ​ពន់ប្រមាណ។ លុះ​ឃើញ​ទង់​រូប​មេទ័ព​ទាំង​ពីរ​នោះ​ ក៏​សំគាល់​ថា ជា​ទ័ព​ហ្លួង​ចាញ់​បែក​ទ័ព​រត់​ទៅ​ហើយ ទើប​ឲ្យ​លើក​កងទ័ព​ដេញ​តាម​ទៅ​ទៀត។ លុះ​ទៅ​ដល់​ដំបូក​មាន​លាក់ទ័ព​សត្រូវ​ដេញ​តាម​ឧកញ៉ា​ចក្រី​ហួស​ទៅ។ ខណៈនោះ​ឧកញ៉ា​ក្រឡាហោម ឧកញ៉ា​វង្សាអគ្គរាជ ឧកញ៉ា​នរិន្ទ្រាធិបតី (ទ័ព​ខាង​សម្ដេចព្រះ​ចន្ទរាជា) ត្រឡប់​ទ័ព​បាន​ពីក្រោយ​ឡោម​ចោម​ច្បាំង​ផ្ទប់​មក។ ឧកញ៉ា​ចក្រី (ខាង​សម្ដេច​ព្រះ​ចន្ទរាជា) ក៏​រា​ទ័ព​ត្រឡប់​មក​វិញ ចូល​បាញ់​ចាក់​កាប់សំលាប់​ទ័ព​សត្រូវ​ដែល​នៅ​ជា​កណ្ដាល​សត្រូវ​ក៏​បែក​ ទ័ពរត់ទៅ មេទ័ព​ខាង​សម្ដេចព្រះ​ចន្ទរាជា​ចាប់​បាន​ចៅហ្វាយស្រុក​ទាំង​ពីរ និង​ក្រុម​សេនា​ទាហាន​ទាំង​ ២៣ ​នាក់ ព្រមទាំង​គោ ក្របី ដំរី សេះ ហើយ​នាំ​ខ្លួន​ឈ្លើយ​ទាំងនោះ​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ។ សម្ដេច​ព្រះ​មហា​ខត្តិយា​ចន្ទរាជា ទ្រង់​ឲ្យ​ដាក់​ក្ដី​ទាំងនោះ​ទុក​ចាំ​ជួប​មេទ័ព​គ្រប់​កង។ ឯ​សម្ដេចចៅហ៊្វា​កៅ កាល​ក្រឡេក​ទៅ​ឃើញ​កងទ័ព​ទូក​បោះ​នៅ​ជ្រោយចង្វា​មាន​ចំនួន​តិច​តួច​ស្ដួច​ស្ដើង​ណាស់ ក៏​គិត​ថា​ចៅហ្វាយស្រុក​ទាំង​ពីរ (ខាង​ខ្លួន) ច្បាស់​ជា​មាន​ជ័យ​ជំនះ​ហើយ ដែល​ដេញ​តាម​ទ័ព​ត្រើយ​ខាងលិច​នោះ ប្រហែលជា​បាន​សំរេចការ​សង្គ្រាម​ក្នុង​គ្រានេះ​ហើយ​ ថាបើ​បាន​សំរេច​ហើយ មុខជា​ចៅហ្វាយស្រុក​ទាំង​ពីរ​នោះ​នឹង​បាន​គុណ​គាប់​ជាង​អញ​ហើយ។ ចៅហ៊្វា​កៅ​គិត​ទៀត​ថា “ពី​មុន​អញ​អធ្យាស្រ័យ​ឲ្យ​ម្ដង ពុំ​ទាន់​បាន​កែខ្លួន គ្រា​ម្ដងនេះ​ចៅហ្វាយស្រុក​ទាំង​ពីរ​មាន​ជ័យ​លើ​ទ័ព​ត្រើយ​ខាងលិច​ទៀត​នោះ​ ឃើញ​ថាមិន​ស្រួល​ដល់​អញ​ជា​ខ្លាំង”។ សម្ដេចចៅហ៊្វា​កៅ​គិត​ឃើញ​ដូច្នេះ​ហើយ ទើប​ឲ្យ​ចៅពញា​លំពាំង ចៅពញា​ស្រាល ចៅពញា​វៀង នៅ​រក្សា​បន្ទាយ ឯ​ខ្លួន​ចៅហ៊្វា​ដេញ​កងទ័ព​ឲ្យ​ចុះទូក​ចំបាំង​ប្រមាណ ​៦០ ទៅ​ច្បាំង​នឹង​ឧកញ៉ា​វិបុលរាជ​ ឧកញ៉ា​ប្រទេស​រាជ​ដែល​ចតទូក​នៅ​ជ្រោយចង្វា។ កាល​ទ័ព​សត្រូវ​មក​ដល់​ហើយ ឧកញ៉ា​វិបុលរាជ និង​ឧកញ៉ា​ប្រទេស​រាជ (មេទ័ព​ខាង​ព្រះ​ចន្ទរាជា) ក៏​ដេញ​ពល​ឲ្យ​ទទួល​ច្បាំង​ត​នឹង​អាវុធ​វែងយ៉ាង​ឃោរឃៅ។ មួយ​ស្របក់​ក្រោយមក​ឧកញ៉ា​ទាំង​ពីរ​នាក់​ក៏​ឲ្យ​ពល​ថយ​ទូក​រត់ទៅ​ដល់​ព្រែក​ព្នៅ។ ចៅហ៊្វា​កៅ​ឃើញ​ដូច្នេះ​ក៏​ចែវ​ទូក​ដេញ​ទៅ​តាម។ សម្ដេចចៅពញា​ទេព កូនចៅ​ពញា​មឿង​មេទ័ព​ម្ចាស់ផែនដី​ត្រើយ​ខាងលិច​កាល​ឃើញ​ចៅហ៊្វា​កៅ​ដេញ​ទ័ព​ ឧកញ៉ា​ទាំង​ពីរ​ហួស​ទៅ​ហើយ ក៏​បង្គាប់​ឲ្យ​នាយកង​នាយ​ទ័ព​ឲ្យ​ចេញ​ទូកចំបាំងពី​ក្នុង​ព្រែក​តាទែន ហើយ​ដេញ​បាញ់​ពីក្រោយ។ ឯ​កងទ័ព​ឧកញ៉ា​វិបុលរាជ ឧកញ៉ា​បរទេស​រាជ មេទ័ព​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ពេល​នោះ​ ក៏​រា​បែរមក​ច្បាំង​តាំង​ត​ជា​ឱឡារិក។ កងទ័ព​ខាង​ចៅហ៊្វា​កៅ នៅ​ជា​កណ្ដាល​នៃ​ទ័ព​សត្រូវទ័ល​កំលាំង​ណាស់ ក៏​តទៅ​ទៀត​ពុំ​បាន។ ដូច្នេះ​ហើយ​ក៏​លោតទឹក​ស្លាប់​ទៅ ខ្លះ​ក៏​ត្រូវ​នឹង​អាវុធ​ស្លាប់ ខ្លះ​ទៀត​ពិការ​ជា​ច្រើន។ ចំណែកឯ​ចៅហ៊្វា​កៅ​វិញ​លោតទឹក​ទន្លេ​ហែល​រត់​ត្រាតែ​រួច​ទៅ​ដល់​ក្រុង​បាសាន។ កងទ័ព​ឧកញ៉ា​យមរាជ ឧកញ៉ា​មហា​សេនា ឧកញ៉ា​យោធា​សង្គ្រាម ដែល​បង្កប់ទ័ព​ក្នុង​ព្រៃ​មួយ​កាល​ឃើញ​កងទ័ព​ក្នុង​បន្ទាយ​សត្រូវ​ចេញ​ដេញ​ មេទ័ព​ត្រើយ​ខាងលិច​អស់​ជា​ច្រើន​កង​ហើយ យល់​ថា​មាន​មនុស្ស​តិច​ក្នុង​បន្ទាយ​ក៏​ឲ្យ​ពួក​សេនា​រេហ៍ពល​កាន់​គប់​ភ្លើងលី​ជណ្ដើរ​ទៅ​ព័ទ្ធ​ឡើង​បន្ទាយ​នោះ។ ខណៈនោះ​ចៅពញា​លំពាំង ចៅពញា​ស្រាល ដេញ​ពល​ឲ្យ​ចូល​តទល់​នឹង​ទ័ព​ឧកញ៉ា​ទាំង​ពីរ តែ​ទ័ព​ចៅពញា​ទាំង​ពីរ​នេះ​ទប់​មិន​ឈ្នះ​កងទ័ព​ខាង​ព្រះ​ចន្ទរាជា ទើប​ចៅពញា​ទាំង​ពីរ​លោត​ចេញពី​បន្ទាយ​ចុះ​រត់​មក​ទៀត។ សេនា​ទាហាន​ខាង​ឧកញ៉ា​យមរាជ មេទ័ព​ហ្លួង​ត្រើយ​ខាងលិច​ទទួល​ចាក់​កាប់សំលាប់​ទាំង​ពីរ​នាក់​នោះ​ទៅ។ កងទ័ព​ជើងគោក ជើង​ទឹករបស់​ព្រះ​បរមបពិត្រ​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ទ្រង់​ព្រះ​សណ្ដាប់​មេទ័ព និង​នាយកង​ទ័ព​ទាំង​ជើង​ទឹក ជើង​គោក​ក្រាប​បង្គំ​ទូល​ថ្វាយ​មនុស្ស​ទោស​ក្បត់​គ្រប់​ប្រការ​ហើយទ្រង់​ឲ្យ​ចៅក្រមប្រឹក្សា​ទៅ​ឃើញ​ថា អា​ក្បត់​ដែល​មានទោស​ធ្ងន់ ​៣៥ ​នាក់​ទ្រង់​ឲ្យ​ប្រហារជីវិត​ទាំងអស់ឃើញ​ថាមនុស្ស​សល់​ពី​នោះ មានទោស​ស្រាល​ល្មម​ត្រាស់​ឲ្យ​ដាក់​ក្ដី​ទាំង ​៥០ ​នាក់។ ព្រះ​អង្គ​ឈ្នះ​សង្គ្រាម​ក្នុង​គ្រានេះ យក​បាន​ខេត្ត​ ភ្នំពេញ សំរោងទង បាទី ទ្រាំង កំពត និង​កំពង់សោមចៅ​មឿង​ដែល​ឡើង​ខេត្ត​ទាំងនេះ​នៅ​ទិស​ខាងលិច​ទាំង​ប៉ុន្មាន​នោះ ទ័ព​ហ្លួង​ត្រើយ​ខាងលិច​ចាប់​បាន​ខ្លួន​ទាំងអស់នៅ​សល់​តែ​ខេត្ត​បាសាក់ ព្រះត្រពាំង ក្រមួនស ឪម៉ៅ តែ​ប៉ុណ្ណោះព្រោះ​ចៅ​ពិស្ណុលោក​រត់ទៅ​ប្រមូល​ចៅហ្វាយស្រុក​ក្រៅ​បន្ទាយ​ទាំងនោះ​ឲ្យ​តាំង​បន្ទាយ​រឹង​នៅឡើយ​មិន​ទាន់​យក​បាន។ សម្ដេចព្រះ​ស្រីជេដ្ឋា​ម្ចាស់ផែនដី​ដែល​ឡើង​ខេត្ត​ត្រើយ​ខាងកើត ទ្រង់​ជ្រាប​អំពី​បរាជ័យ​នេះ​ហើយ ទ្រង់​ព្រះ​ពិរោធ​ណាស់​ថា ចៅពញា​ចន្ទ​នេះ​កាន់តែ​ទន្ទ្រាន​បាន​ទី​ច្រើន​ពន់ប្រមាណ ហើយ​មេទ័ព និង​នាយកង​ដែល​យើង​ប្រើ​ទៅ​ទាំង​ប៉ុន្មាន​ក៏​ចេះ​តែ​ធ្វេសប្រហែស​ឲ្យ​ចាញ់​ឧបាយកល​គេ ខូច​រេហ៍ពល​ច្រើន​ដងមិន​គិត​សងសឹក​វិញ​ឲ្យ​បាន​សោះ។ ទើប​ទ្រង់​គិត​ឧបាយកល​រើស​សេនា​ទាហាន​ដែល​មាន​ទំនុកចិត្ដទុក​ព្រះ​ទ័យ​បាន​ ១០០ ​នាក់ ហើយ​ត្រាស់​បង្គាប់​ថា “ឲ្យ​ក្លែង​រត់​ចូល​ទៅ​នៅ​នឹង​សម្ដេចចៅពញា​ចន្ទរាជា កាលបើ​ល្បង​ឲ្យ​ទុក​ព្រះ​ទ័យ​បាន​កាលណា​ហើយ​ឲ្យ​ទាហាន​ទាំងនោះ​នាំ​គ្នា​លុក ​សំលាប់​ឲ្យ​បាន បើ​អ្នក​ទាំងឡាយ​ធ្វើ​បាន​យើង​នឹង​ឲ្យ​អ្នក​ឡើង​យសស័ក្ដិ​ឲ្យទ្រព្យសម្បត្ដិ​ឲ្យ​ពេញចិត្ដ”។ សេនា​ទាំង ​១០០ ​នាក់​នោះ​ថ្វាយបង្គំ​សុំ​ទទួល​អាសា​ថា “ទូលព្រះបង្គំ​ទាំងឡាយ​នឹង​ធ្វើ​ឲ្យ​បាន​តាម​ព្រះរាជ​ហឫទ័យ” ។ ព្រះ​ស្រីជេដ្ឋា​ ទ្រង់​ព្រះ​សណ្ដាប់​ឮ​ថា​សេនា​ទាហាន​ព្រមព្រៀង​ហើយ​ទ្រង់​ ព្រះ​អំណរ​ណាស់ ទើប​ទ្រង់​តាំង​ឲ្យធ្វើ​ហ្លួង​ជ័យ​ជា​ក្មួយ​មេ​បាន (ម្ដាយ​ព្រះស្ដេច​កន) ឲ្យធ្វើ​ជា​ចៅពញា​មន្ដ្រី​តេជៈ (មេទ័ព) ឃុំ​ពល​ទាហាន​ទាំង​ ១០០ ​នាក់​នោះ​ឲ្យទៅ​ចាត់ការ​ឲ្យ​បាន​សំរេច។ លុះទៅ​ដល់​បន្ទាយ​ផែនដី​ទិស​ខាងលិច ទាហាន​ទាំង​ ១០១ ​នាក់​នោះ​ក៏​ចូល​ទៅ​រក​សេនាបតី​ឲ្យ​នាំ​ចូល​ទៅ​ថ្វាយខ្លួន​ នៅ​ជា​ខ្ញុំ​រាជការ​ទ្រង់​ព្រះករុណា​ពិសេស។ លុះដល់​ខ្នើត ខែ​ពិសាខ ព.ស​ ២០៦៣, គ.ស​ ១៥១៩, ម.ស ​១៤៤១, ច.ស​ ៨៨១ ឆ្នាំថោះ ឯកស័ក សម្ដេចព្រះ​ចន្ទរាជាជា​អម្ចាស់ជីវិតលើត្បូង ព្រះ​អង្គ​ស្រង់​ក្នុង​ទឹកស្ទឹង​ខេត្ត​បរិបូណ៌​នោះ ព្រមទាំង​សេនា​ទាហាន​ស្និទព្រះ​អង្គជា​ច្រើន​សុទ្ធតែ​ដៃទទេ​គ្មាន​សាស្ត្រាវុធ​សោះ។ ទ្រង់​ត្រាស់​ឲ្យ​ក្រុម​ទាំងនោះ​ផ្លាស់​សំលៀក​បំពាក់​ឲ្យ​ចុះ​ងូតទឹក​គ្រប់​គ្នា។ មន្ដ្រី​សេនា​ទាហាន​ស្និទព្រះ​អង្គ​ទាំងអស់​ក៏​ផ្លាស់សំពត់​ងូតទឹក​តាម​ ព្រះរាជ​អធ្យាស្រ័យ។ ឯ​ពញា​មន្ដ្រី​តេជៈ និង​ទាហាន​ ១០០​ នាក់​ដែល​ព្រះ​ស្រីជេដ្ឋា​ប្រើ​ទៅ​នោះ ងូតទឹក​ទាំង​សំពត់​ស្លៀក ពុំ​ហ៊ាន​ផ្លាស់​ព្រោះ​ក្រែង​គេ​មើលឃើញ​កាំបិត​ដែល​ខ្លួន​ចង​ជាប់​នៅ​ភ្លៅ​ នោះ។ សម្ដេច​បរមបពិត្រ​ទ្រង់​យល់​ដូច្នេះ​ហើយ ទ្រង់​មានការ​សង្ស័យ​ក្នុង​ព្រះ​ហឫទ័យ​ណាស់ ក៏​ត្រាស់​តឿន​ឲ្យ​ផ្លាស់​សំលៀក​បំពាក់​ឲ្យ​អស់​គ្រប់​គ្នា។ ពួក​ក្បត់​ទាំង​ ១០១​ នាក់​នោះ​យល់​ថា មុខជា​ពុំ​រួចខ្លួន​ទេ​ក៏​ថោះ​ទឹកមុខ​គ្រប់ៗ​គ្នា។ ទ្រង់​យល់​ពិរុទ្ធ​ដូច្នោះ​ហើយ ហេតុតែ​បុណ្យ​បារមី ទ្រង់​រឹតតែ​សង្ស័យ​ក្នុង​ព្រះរាជ​ហឫទ័យ ក៏​ស្ទុះ​ឡើង​ពី​ក្នុង​ស្ទឹង​ទៅ​ប្រថាប់​ក្រោម​ម្លប់ឈើ​មួយ។ ទ្រង់​ចាប់​បាន​ព្រះសែង ដាវ​ទាំង​ស្រោម ឯ​ពួក​ក្បត់​ទាំងនោះ​គិត​ថា ការណ៍​ម្ដងនេះ​បើ​មិន​ធ្វើ​ឲ្យ​ហើយ​ទេ មុខជា​មិន​រួចខ្លួន​ឡើយ ទើប​ពួក​វា​ទាំងនោះ​ក្លែង​ថា សូម​ចូល​ទៅ​ក្រាបទូល​ត្បិត​ថា​វា​មាន​ការណ៍​ជា​សំងាត់​នឹង​ត្រូវ​ក្រាបទូល។ ព្រះ​អង្គ​ទ្រង់​ជ្រាប​ឧបាយកល ហើយ​ក៏​កាន់​ព្រះរាជ​អាវុធ​ជាប់​នឹង​ព្រះ​ហត្ថា ហើយ​ព្រះ​អង្គ​ក៏​ក្លា​នៅ​គុនអាវុធ​ផង។ លុះ​ពួក​ក្បត់​ហូត​កាំបិត​ចូល​មក​ប្រហារ​ព្រះ​អង្គ ព្រះ​អង្គ​ទ្រង់​ត​នឹង​អាវុធ​ដាវ​នោះ ដោយ​កាប់​ត្រូវ​អា​មន្ដ្រី​តេជៈ​ជា​មុនគេ ហើយ​ទ្រង់​ស្ទុះ​ទៅ​ត​នឹង​អា​ក្បត់​ ១០០​ នាក់​ទៀត។ ឯ​អស់​ខ្ញុំ​រាជការ​ដែល​តាម​ហែ​ក៏​ផ្អើល​ឆោឡោ​ឡើង ខ្លះ​ចូលចាប់​ដោយ​ដៃទទេ តែ​ត្រូវ​ពួក​អា​ក្បត់​ចាក់​ត្រូវ​ស្លាប់ និង​ពិការ​ជា​ច្រើន។ ខ្ញុំ​រាជការ​ខ្លះ​ទៀត​ស្ទុះ​ទៅ​ដក​បាន​បង្គោលរបង​ចូល​ត​នឹង​ពួក​អា​ក្បត់​ យ៉ាង​អង់អាច។ ពួក​អា​ក្បត់​ស្លាប់ និង​ចាប់​បាន​ ៣៥នាក់ក្រៅពី​នោះ​រត់​រួច​ទាំងអស់ ឯ​ពួក​អា​ក្បត់​ដែល​ស្លាប់ និង​ត្រូវ​ចាប់​បាន​នោះ ទ្រង់​ត្រាស់​សុំ​ឲ្យ​កាត់​ក្បាល​ដោត​ជាបំរាម ហើយ​ស្ដេច​ព្រះរាជ​ដំណើរ​ត្រឡប់​ចូល​ទៅ​បន្ទាយ​វិញ​ដោយ​សុវត្ថិភាព។ ក្រោយ​ពី​នោះ​មក​ទ្រង់​ព្រះ​តំរិះ​យល់​ថា ការ​ធ្វើសឹក​សង្គ្រាម​នៅ​វែង​ឆ្ងាយ​ណាស់​ទៅ​ទៀត ឯមុខ​ដំរី​សឹក​]]ក៏​នៅ​តិច ទូក​ចំបាំង គ្រឿងសាស្ដ្រាវុធ​ក៏​នៅ​មិន​ទាន់​គ្រប់គ្រាន់ ទើប​ទ្រង់​ត្រាស់​បង្គាប់​ក្រុម​ហ្ម​ថៅ ហ្ម​ទាំងពួង​ឲ្យ​ចេញ​ទៅ​ទាក់ដំរី ទ្រង់​បង្គាប់​ជាង​ទូកឲ្យ​រកមក​ធ្វើ​ទូក​ចំបាំង​ឲ្យ​ច្រើន ទ្រង់​បង្គាប់​ជាងដែកឲ្យ​សិត​កាំភ្លើង និង​លំពែង ​ដាវ ផ្គាក់​ឲ្យ​បាន​ច្រើន ទ្រង់​បង្គាប់​ក្រុម​សេះ​ឲ្យ​ទិញ​សេះ​មក​បន្ថែម​ទៀត។ ទ្រង់​បង្គាប់​ភ្នាក់ងារ​ដំរី​ថា ការ​ណ៍ដែល​រង់ចាំ​ឲ្យ​ហ្មទៅ​ទាក់ដំរី​នោះ​ឃើញ​ថា យឺតយូរ​ពុំ​ទាន់​ការណ៍​ទេ យើង​ត្រូវតែ​ឲ្យ​ទិញ​ដំរី​ពី​ស្រុក​លាវ​យក​មក​បង្ហាត់​ឲ្យ​បានជា​ដំរី​សឹក​ឲ្យ​ស្ទាត់ទាំង​ព្រេចទាំង​ជាន់ទាំង​ជល់​ឲ្យ​បាន​ជា​ច្រើន។ លុះ​ចូល​ដល់​រដូវភ្លៀង ទ្រង់​បើក​កងទ័ព​ឲ្យ​ទៅ​ធ្វើស្រែ​ចំការ​ដាក់​ឲ្យ​មាន​នាយត្រួត​ត្រា​ធ្វើ​ឲ្យ​បាន​ច្រើន។ ស្រូវ​ក្នុង​ឆ្នាំ​នោះ​បង្កើត​ផលចំរើន​ឡើង​បាន​ ១ ​ជា ​៥ ​ជា​ ​ភាគ កាត់​យក​ជា​ពន្ធ​ដាក់​ឃ្លាំង​សំរាប់​សេនា ទាហាន មិន​ឲ្យ​អត់ឃ្លាន។ លុះ​ចេញ​វស្សា​រដូវ​រួច​ដល់​ខែ​មិគសិរ ឆ្នាំថោះ​នោះ ព្រះ​អង្គ​យក​ព្រះ​ក្សត្រី ព្រះ​វង្ស​ធំ លើក​ឡើងជា​ព្រះ​អគ្គមហេសី ទ្រង់​ព្រះ​នាម​សម្ដេចព្រះ​ភគវតី​សិរី​ចក្រពត្ដិ ហើយ​ព្រះ​អង្គ​តែងតាំង​ឲ្យ​មាន​ព្រះ​ស្នំ​ឯក ទោ ត្រី ចត្វាឲ្យ​មាន​យស​ស័ក្ដិធំ​តូច​តាម​លំដាប់។

ផ្អាកសង្គ្រាម[កែប្រែ]

ឯ​សម្ដេចព្រះ​ស្រីជេដ្ឋា​ជា​ម្ចាស់ផែនដី​ត្រើយ​ខាងកើត​ទ្រង់​ជ្រាប​ថា សម្ដេចចៅពញា​ចន្ទរាជា​យក​បាន​ផែនដី​ខេត្ត​ខាងលិច​ទាំង​អស់ហើយ ចៅពញា​លំពាំង ចៅពញា​ស្រាល​ ក៏​ស្លាប់​ក្នុង​សង្គ្រាម​អស់ ចៅពញា​វៀង ចៅពញា​វាំង ក៏​មាន​រោគ​អនិច្ចកម្ម​ទៅ​ទាំងអស់​គ្នា​ទៀត ទ្រង់​ព្រះ​ពិរោធ​ណាស់ ទើប​ទ្រង់​រើស​ព្រះ​ញាតិ​ខាង​ព្រះ​អង្គ​មក​តែងតាំង​ថ្មី៖ ឈ្មោះ​ព្រំ តាំង​ជា​ចៅពញា​វៀង “ទី​យមរាជ” ឈ្មោះ​ជុំ តាំង​ជា​ចៅពញា​វាំង “ទី​វាំង” ឈ្មោះ​ផាត់ តាំង​ជា​ចៅពញា​ស្រាល “ទី​ក្រឡាហោម” ឈ្មោះ​ពេញ តាំង​ជា​ចៅពញា​លំពាំង “ទី​ចក្រី” ហើយទ្រង់​បង្គាប់​សេនា​ទាំង​ ៤ ​នេះ​ឲ្យ​ចេញ​សំបុត្រ​ប្រាប់​ទៅ​ចៅហ្វាយស្រុក​គ្រប់​ខេត្ត​ដែល​ឡើង​ព្រះ​អង្គ​ទិស​ខាងកើត ទិសអាគ្នេយ៍​ទាំង​ប៉ុន្មានកេណ្ឌ​កងទ័ព​ឲ្យ​បាន​ច្រើន។ ចៅហ្វាយស្រុក​ទាំងនោះ​ទទួល​ព្រះរាជ​បង្គាប់​ហើយ ក៏​កេណ្ឌ​បាន ​៨០០០០​ នាក់មក​ជួបជុំ​តាម​ព្រះរាជ​កំណត់​គ្រប់​ប្រការ។ ខណៈនោះ​ព្រះ​ស្រីជេដ្ឋា​ស្ដេច​ចាត់​សម្ដេចចៅហ៊្វា​កៅជា​មាឲ្យ​នៅ​ចាំ​រក្សា​ព្រះ​នគរ​ជាមួយនិង​ចៅពញា​វាំងចាត់​ចៅពញា​វៀង (ព្រំ) និង​សេនាទាហានរេហ៍ពល១៥០០០​ នាក់ជា​ទ័ព​មុខចាត់​ចៅពញា​លំពាំង​ឲ្យ​ឃុំ​ពល ​១០០០០​ នាក់​ជា​ប៉ែក​ឆ្វេង ចាត់​ចៅពញា​យោធាធិបតីនួនឃុំ​រេហ៍ពល ​១០០០០ ​នាក់​ជា​ប៉ែក​ស្ដាំ ចាត់​ចៅពញា​មហាសេនាទន់ ឃុំ​រេហ៍ពល​ ១០០០០ ​នាក់ជា​ទ័ព​ក្រោយ។ ចំណែក​ព្រះ​អង្គ​ឯង​ឡើង​គង់​ព្រះ​ទីនាំង ព្រម​ដោយ​ស្វេតច្ឆត្រ ចាមរបៃមនសែន​ក្វាន់​អភិរម្យ ឃុំ​រេហ៍ពល​ ២០០០០ ​នាក់លើក​ចេញ​ជា​ទ័ព​ហ្លួង។ ទ្រង់​ចាត់​ចៅពញា​ស្រាល និង​ចៅពញា​វិបុលរាជឃុំ​រេហ៍ពល​ ២០០០០ ​នាក់​ចុះ​ទូកចំបាំង​ ​៣០០ ​លើក​ចេញ​ទៅ​ទាំង​ជើង​គោក ជើង​ទឹក។ ខណៈនោះ​កងទ័ព​ជើងទឹក​ក៏​ចតទូក​បោះ​នៅ​កំពង់​ព្រែកពោធិ៍។ ទ័ពជើងទឹក​ជើង​គោក​បោះទ័ព​ហ្លួង​នៅ​ភូមិ​មាត់​ឃ្មុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ។ ទើប​សម្ដេចព្រះ​ស្រីជេដ្ឋា​ជា​អម្ចាស់​ផែនដី​ត្រើយ​ខាងកើតក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ​ត្រាស់​បង្គាប់​ចៅពញា​វៀង​ ចៅពញា​លំពាំង ឲ្យ​លើកទ័ព​ឆ្លង​ទៅ​ចោម​វាយ​បន្ទាយ​កំពង់សៀម។ ចៅពញា​មន្ដ្រី​ភក្ដី ចៅហ្វាយស្រុក និង​ក្រមការ​ខេត្ត​កំពង់សៀម​ដឹង​ហើយ ក៏​ឲ្យ​កេណ្ឌ​កងទ័ព​រក្សា​នាទី​បន្ទាយ​យ៉ាង​មាំមួន ទើប​ធ្វើ​សំបុត្រ​ចាត់បំរើ​ឲ្យ​នាំ​ទៅ​ជូន​សេនាបតី​ត្រើយ​ខាងលិច សេនាបតី​នាំ​សេចក្ដី​ក្រាប​បង្គំ​ទូល​ទ្រង់​ជ្រាប​គ្រប់​ប្រការ។ ព្រះ​បរមបពិត្រ​ចៅពញា​ចន្ទរាជាជា​អម្ចាស់​ផែនដី​ទ្រង់​ជ្រាប​ហើយ​ក៏​ត្រាស់​បង្គាប់​ឲ្យ​ឧកញ៉ា​ធម្មាធិរាជ​ឈឹម ឧកញ៉ា​ពិភ័ក្ដិ​និវេសន៍​កោឲ្យ​នាំ​ព្រះ​អគ្គមហេសី ស្រីស្នំ ក្រុម​បរិពារ និង​គ្រប់​គ្រួ​នាម៉ឺន​សព្វ​មុខមន្ដ្រី​ថយ​ទៅ​នៅ​ក្នុង​បន្ទាយ​ខេត្តពោធិ៍សាត់​សិន ហើយ​ព្រះ​អង្គ​ឲ្យ​សេនាបតី​មន្ដ្រី​តាម​ក្រសួងចំលង​រេហ៍ពល​ ៥០០០០ ​នាក់ដាក់​នៅ​ត្រើយ​ខាងកើត​ចុង​ខែត្រ​អាសន្ទុក ព្រម​ដោយ​សេះ​ដំរី។ ព្រះ​អង្គ​ស្ដេច​ព្រះរាជ​ដំណើរ​ចុះ​ព្រះ​ទីនាំង​នាវា​ឆ្លង​ទៅ​ដល់​ហើយ ទ្រង់​ឡើង​ប្រថាប់​លើ​ព្រះ​ពន្លា​ស្រេច ទើប​ទ្រង់​ចាត់​កងទ័ព​ជើងទឹក​ដូច្នោះ៖

  • ឧកញ៉ា​វិបុលរាជជា​ទ័ព​មុខឃុំ​ទូកចំបាំង ១០០ មាន​រេហ៍ពល​ ១០០០ ​នាក់។
  • ឧកញ៉ា​បរទេសរាជជា​ប៉ែក​ឆ្វេងឃុំ​ទូក​ចំបាំង ​៥០ មាន​រេហ៍ពល​ ៥០០ ​នាក់។
  • ឧកញ៉ា​រាជា​បវេរ​រាជឃុំ​ទូក​ចំបាំង ​៥០ មាន​រេហ៍ពល​ ៥០០ ​នាក់​ជា​ប៉ែក​ស្ដាំ។
  • ឧកញ៉ា​ត្រាចឃុំ​ទូក​ចំបាំង ​៥០ មាន​រេហ៍ពល​ ៥០០​ នាក់​ជា​ទ័ព​ក្រោយ។
  • ឧកញ៉ា​ក្រឡាហោម​ជា​ទ័ព​ហ្លួងឃុំ​ទូក​ចំបាំង ​១០០ មាន​រេហ៍ពល​ ១០០០​ នាក់។

ព្រម​ដោយ​គ្រឿងសាស្ដ្រាវុធ​លើក​ទៅ​បោះទ័ព​នៅ​ភូមិ​ព្រៃ​រកាកោង។ ទើប​ទ្រង់​ចាត់​ទ័ពជើងគោកតទៅ​ទៀត៖

  • ឧកញ៉ា​ចក្រីឃុំ​រេហ៍ពល ​១០០០០ ​នាក់លើក​ទៅ​ជា​ទ័ព​មុខ។
  • ឧកញ៉ា​វង្សាអគ្គរាជឃុំ​រេហ៍ពល​ ៦០០០​ នាក់ជា​ប៉ែក​ស្ដាំ។
  • ឧកញ៉ា​រាជតេជៈឃុំ​រេហ៍ពល​ ៦០០០​ នាក់ជា​ប៉ែក​ឆ្វេង។
  • ឧកញ៉ា​នរិន្ទ្រាធិបតីឃុំ​ពល ៦០០០​ នាក់ជា​ទ័ព​ក្រោយ។

ព្រះ​អង្គ​ឯង ទ្រង់​ជា​ទ័ព​ហ្លួងនាំ​រេហ៍ពល​ ២០០០​ នាក់ព្រម​ដោយ​សេនា​ទាហានរេហ៍ពល ​ដំរី សេះ និង​ស្វេតច្ឆត្រ អភិរម សែនក្វាន់​ត្រៀបត្រា។ ឲ្យ​ឧកញ៉ា​យមរាជជា​មេទ័ព​ធំ​មួយ​កង​ផ្សេង​ឃុំ​រេហ៍ពល​ ១០០០០ ​នាក់លើក​ទៅ​ព័ទ្ធ​ដី​ព្រៃចំការលើ​ចុះ​មក។ សម្ដេចចៅពញាយោធា​នរិន្ទឃុំ​ពល ​១០០០០​ នាក់លើក​ទៅ​តាម​ផ្លូវ​ក្រោម គឺ​តាម​មាត់ព្រៃ​ខាងលិច កំណត់​ឲ្យ​ជួបជុំ​នៅ​បន្ទាយ​ខេត្ត​កំពង់សៀម។ ឯ​ទ្រង់​ព្រះករុណា​ពិសេស ព្រះ​បរមបពិត្រព្រម​ដោយ​សេនា​ទាហាននាយកង​ទ័ព​មុខក្រោយ ឆ្វេង ស្ដាំ លើក​តាម​ផ្លូវ​កណ្ដាល​ចេញ​ទៅ។ តែ ​ដោយហេតុ​ថាផ្លូវ​នោះ​មានទឹក​ច្រើន​ពេករេហ៍ពល​ធ្វើ​ដំណើរ​យឺតយូរ ក៏​ចាត់​ចៅពញា​លំពាំង ចៅពញា​យោធាធិបតី មេទ័ព​ស្ដេច​ខាងកើត​ដែល​ចោម​វាយ​បន្ទាយ​ខេត្ត​កំពង់សៀម​នោះ​វាយ​បែក​បន្ទាយ​នោះ​មួយ​ថ្ងៃមុន។ លុះ​ព្រះរាជ​ដំណើរ​ទ័ព​ទៅ​ដល់​ហើយ ស្ដេច​ឲ្យ​រេហ៍ពល​ឡើង​រក្សា​នាទី​បន្ទាយ​មាំមួន។ ក្នុង​គ្រា​ដែល​ស្ដេច​ព្រះរាជ​ដំណើរ​ទ័ព​ទៅ​ប្រថាប់​នៅ​ប្រាសាទ​គុហ៍ពង្រ​នោះ ក៏​ស្រាប់តែ​ឃើញ​ចៅពញា​មន្ដ្រី​ភក្ដី និង​ក្រមការខេត្ដ​កំពង់សៀមចូល​ទៅ​ក្រាប​បង្គំ​យំ​ថ្វាយ​ទោស​ថា ស្ដេច​កន​ឲ្យ​ចៅពញា​លំពាំង និង​ចៅពញា​យោធាធិបតី​លើក​កងទ័ព ​៤០០០០ ​នាក់មក​ចោម​វាយ​បន្ទាយ​នោះ​ ១៦ ​ថ្ងៃ​យ៉ាង​សាហាវ​ក្រៃពេកកងទ័ព​ក្នុង​បន្ទាយ​តែ ​១០០០០​ នាក់ ហើយ​ខ្វះ​ស្បៀងអាហារ​ផង ទ្រាំ​ពុំ​បាន​ទើប​បានជា​បែក​ទ័ព​រត់​ជ្រក​ក្រោម​បុណ្យ​បារមី​នេះ។ ព្រះបាទ​បរមនាថ​ បរមបពិត្រ​ជា​អម្ចាស់ ទ្រង់​ត្រាស់​សណ្ដាប់​ហើយ ទ្រង់មាន​ព្រះ​បន្ទូល​ពិសេស​ថា ការ​ណ៍ដែល​យើង​យឺតយូរ​ក្រ​មក​ជួយ​អ្នក​នេះ ពីព្រោះ​តាម​ផ្លូវ​មាន​ទឹក​ច្រើន​ណាស់ ហេតុនេះ​ហើយ​បានជា​សត្រូវ​វាយ​បែក​បន្ទាយ​អ្នក​ទាំងអស់​គ្នា។ ការ​បាត់បង់​ជោគជ័យ​នេះ​មិនមែន​ជា​កំហុស​ឧកញ៉ា និង​ក្រមការ​ខេត្ដ​ធ្វេសប្រហែស​ទេគឺជា​កំហុស​ពី​យើង​ដើរ​កាត់​យឺតយូរ​មក​ពុំ​ទាន់ ពុំ​ត្រូវ​ឲ្យ​អ្នក​រាល់គ្នា​មានទោស​ទេ។ ស្អែក​នេះ​យើង​នឹង​វាយ​បន្ទាយ​នេះ​ឲ្យ​បាន​វិញចូល​កុំ​បារម្ភ​ឡើយ។ ចៅពញាមន្ដ្រី​ភក្ដី និង​ក្រមការ​ទាំងអស់ ឮ​ព្រះ​បន្ទូល​ទ្រង់​ព្រះ​មេត្ដាប្រោស​លើកទោស​ដូច្នោះ​ក៏​ត្រេកអរ​ណាស់។ លុះ​ព្រឹក​ឡើង​ ព្រះ​បរមបពិត្រ ​ទ្រង់​ចាត់​កលឧបាយ​ប្រាប់​នាយ​ទ័ព នាយកង​ឲ្យ​ដឹង​ឲ្យ​ធ្វើ​តាម​គ្រប់ៗ​គ្នា ហើយ​ទ្រង់​ចាត់​ឲ្យ​បំរើសេះ​ចេញ​ទៅ​ជា​ពីរ​ផ្លូវទៅ​ប្រាប់​សម្ដេច​យោធា​នរិន្ទមួយ​ផ្លូវ ទៅ​ប្រាប់​ឧកញ៉ា​យមរាជ​មួយ​ផ្លូវឲ្យ​លើកទ័ព​វាយ​ប្រសព្វ​ចូល​មក។ ឯ​ឧកញ៉ា​វង្សាអគ្គរាជ ឧកញ៉ា​រាជតេជៈឃុំ​រេហ៍ពល​របស់​ខ្លួន​ហើយ​ក៏​លើក​ទៅ​ចោម​បន្ទាយ​កំពង់សៀម​តាម​ត្រាស់​បង្គាប់។ ខណៈនោះ ចៅពញា​លំពាំង​យោធាធិបតី មេទ័ព​សម្ដេច​ស្រីជេដ្ឋា​ឃើញ​ហើយ ក៏​លើកទ័ព​ចេញ​មក​ច្បាំង​គ្នា​យូរ​បន្ដិច​មក ឧកញ៉ា​វង្សាអគ្គរាជ ​ឧកញ៉ា​តេជៈ ក៏​ក្លែង​ធ្វើ​ជា​ចាញ់ ហើយ​លើក​កងទ័ព​រត់ទៅ​ដល់​ភូមិ​សៀមបោយ ឧកញ៉ា​ចក្រី ឧកញ៉ា​នរិន្ទ​នាយក​ដែល​បង្កប់ទ័ព​នៅ​ទីនោះ​ឃើញ​ទ័ព​សត្រូវ​មក​ដល់​ហើយ ក៏​ដេញ​កងទ័ព​របស់​ខ្លួន​ស្ទាក់​ព័ទ្ធ​ពីឆ្វេង​ពីស្ដាំ។ ឧកញ៉ា​វង្សាអគ្គរាជ ​ឧកញ៉ា​រាជតេជៈ ក៏​ដេញ​ពល​ទ័ព​ឲ្យ​រា​មកត​វិញ។ ទ័ព​សត្រូវ​ទាំង​ពីរ​កង​ដែល​ដេញ​ទៅ​នោះ​ក៏​ត្រឡប់​ជា​នៅ​កណ្ដាល​កងទ័ព​ហ្លួង ​ខាងលិច។ លុះ​ឃើញ​ថា ទ័ព​នេះ​ច្រើន​លើស​កំលាំង​តស៊ូ​ពុំ​បាន មេទ័ព​សត្រូវ​នោះ​ក៏​នាំ​កងទ័ព​របស់​ខ្លួន​វាយ​បំបែក​ការ​ឡោម​ព័ទ្ធ ហើយ​ចេញ​មក​ដល់​ព្រៃ​មួយអន្លើ​សិន ផ្នែក​ខាងកើត​ភូមិ​សៀមបោយ​ប្រមាណ​ ៣៥សិន។ ខណៈនោះ​ព្រះ​បរមបពិត្រ ព្រះ​អង្គ​ទ្រង់​បរ​ព្រះ​ទីនាំង​ពិជ័យ​គជេន្ទ្រ​នាំ​យោធា​ចេញពី​ព្រៃ​ស្ទាក់​ទ័ព​ចៅពញា​លំពាំង ចៅពញា​យោធាធិបតី​ជាប់។ មេទ័ព​សត្រូវ​ក៏​ទទួល​ច្បាំង​គ្នា​ជា​មាំមួន​ដោយ​អាវុធ​វែង​ខ្លី។ ឯ​អស់​ពល​ខាង​ទ័ព​ចៅពញា​លំពាំង និង​យោធាធិបតី​កាល​ឃើញ​សម្ដេច​ព្រះ​ចន្ទរាជា​គង់​លើ​ដំរី​ស​សុទ្ធ​ហើយ​នោះ​ ក៏​ចេះ​តែ​នឹក​ថាព្រះ​បរមបពិត្រ​អង្គ​នេះ​ហើយ​ដែល​គេ​ហៅ​ថា​អ្នកមាន​បុណ្យ​មាន​តេជៈ។ មិនយូរ​ប៉ុន្មាន​ពួក​ពល​ទាំងនោះ​ក៏​បោះចោល​គ្រឿងសាស្ដ្រាវុធ​ពី​ដៃ ហើយ​រត់​ចូល​ទៅ​ថ្វាយបង្គំ​សុំ​ព្រះ​រាជទាន​ឲ្យ​អភ័យទោស។ ព្រះ​អង្គ​ក៏​ទ្រង់​លើកទោស​ឲ្យ​ទាំងអស់ ឯ​ចៅពញា​លំពាំង ចៅពញា​យោធាធិបតី ទ័លគំនិត​នឹង​ច្បាំង​តទៅ​ទៀត​ពុំ​កើត​ក៏​គេច​ចូល​ព្រៃ​អារ​ក​ខ្លួនឯង​ស្លាប់ ​ទាំង​ពីរ​នាក់​ទៅ។ ព្រះ​បរមបពិត្រ​ខត្តិយាមហា​ចន្ទរាជា​ទ្រង់​យល់​បាត់​មេទ័ព​ខាង​សត្រូវ​ទាំង​ពីរ​នាក់​ហើយ​ឲ្យ​សេនា​ទាហាន​ដេញ​តាម​រក​សព្វ​ព្រៃ។ លុះ​ឃើញ​ថា​ស្លាប់​ហើយ​សេនា​ទាហាន​ក៏​កាត់​ក្បាល​យក​ទៅ​ថ្វាយបង្គំ​ទូល​ព្រះបរម​បពិត្រ។ គ្រានោះ​ទ្រង់​ត្រាស់​ឲ្យ​ដោត​ក្បាល​មេទ័ព​សត្រូវ​ទាំង​ពីរ​ទុកជា​បំរាម។ ឯ​សម្ដេចចៅពញា​យោធា​នរិន្ទ​១ ឧកញ៉ា​យមរាជ​១ ជា​មេទ័ព​ដែល​ចេញ​ទៅ​ទាំង​ពីរ​ផ្លូវ​លុះ​ដឹង​សេចក្ដី​ដោយ​ព្រះរាជ​បំរើ​ ជិះសេះ​ទៅ​ប្រាប់​ហើយ ក៏​លើក​កងទ័ព​ស្រូត​ទៅ​ដល់​ទីណាត់ ហើយ​ចោម​បន្ទាយ​កំពង់សៀម។ ខណៈនោះ​ចៅពញា​មហា​សេនា​មេទ័ព​ខាង​ស្ដេច​ត្រើយ​ខាងកើត​ដែល​នៅ​រក្សា​បន្ទាយ​នោះ លុះ​ឃើញ​ហើយ​ក៏​ដេញ​រេហ៍ពល​ឲ្យ​ឡើង​រក្សា​នាទី​បន្ទាយ តែ​ដោយ​ពល​ខ្លួន​តិច​ពេក​យល់​ថានឹង​ស៊ូ​ពុំ​បាន​ក៏​នាំ​ពួក​ពល​ចេញពី​បន្ទាយ​ទៅ​ចុះទូក តែ​ចុះ​ជា​បន្ទាន់​ពេក​ទូក​ភ្លូក​លិច​អស់​ជា​ច្រើន​ទៅ ពល​រេហ៍​ធ្លាក់​ស្លាប់​ក៏​ច្រើន រួម​ទាំង​ចៅពញា​មហា​សេនា​ផង។ ឯព្រះ​បរមបពិត្រ ព្រះ​អង្គ​ធ្វើសង្គ្រាម​មាន​ជ័យ​ហើយ ព្រះ​អង្គ​ត្រឡប់​មក​បន្ទាយ​កំពង់សៀម​វិញ។ សម្ដេច​ចៅពញា​យោធា​នរិន្ទ និង​ឧកញ៉ា​យមរាជ​ឃើញ​ស្ដេច​ព្រះរាជ​ដំណើរ​មក​ដល់ ក៏​ចេញ​មក​ទទួល​ស្ដេច​ចូល​ទៅ​ប្រថាប់​ក្នុង​បន្ទាយ។ នៅ​ទីនោះ​ ព្រះ​បរមបពិត្រ​ស្ដេច​ត្រាស់​បញ្ចុះបញ្ចូល​សេនា​ទាហាន រេហ៍ពល​ដែល​មេទ័ព​ព្រះ​អង្គ​ទាំង​ពីរ​ចាប់​បាន​មក​ថ្វាយ​នោះ​ជា​សេចក្ដី​ស្រុះស្រួល ហើយ​កងទ័ព​ទាំងនេះ​ក៏​ទទួល​ខ្លបខ្លាច​អំណាច​ព្រះ​បារមី​ថ្វាយខ្លួន​ជា​ខ្ញុំ​រាជការ​ទាំងអស់​គ្នា។ ព្រះ​ស្រីជេដ្ឋា ព្រះចៅ​ក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ​បាន​ទ្រង់​ជ្រាប​ថា បែក​បន្ទាយ​កំពង់សៀម​ដូច្នោះ​ហើយ ទ្រង់​ត្រាស់​ឲ្យ​បំរើ​ទៅ​ប្រាប់​ចៅពញា​ស្រាល ចៅពញា​វិបុលរាជ​ឲ្យ​លើក​កងទ័ព​ជើងទឹក​មក​ជួយ​ទ័ព​ជើងគោក​ទៀត។ គ្រានោះ​ចៅពញា​ស្រាល និង​ចៅពញា​វិបុលរាជជា​សេនាបតី​សំរាប់​ឯក​ភូ​សម្រេច​រាជការ​ខាងជើង​ទឹកបាន​ដឹង​ហើយ ក៏​លើកទ័ព​ទៅ​ដល់រួច​ក៏​ដេញ​កងទ័ព​ជើងទឹក​ឲ្យ​ឡើង​ចោម​បន្ទាយ​ខេត្ត​កំពង់សៀម។ ខណៈនោះ ​កងទ័ព​ហ្លួង​គ្រប់​កង​ដេញ​ពួក​ពល​ឲ្យ​ចេញ​ច្បាំង​បាញ់​គ្នា​ដោយ​កាំភ្លើង​តូច​ធំ​សូរ​សន្ធឹក​កក្រើករំពើក​ទាំង​ប្រឹថពី។ ឯ​ឧកញ៉ា​ក្រឡាហោម ឧកញ៉ា​វិបុលរាជ​សេនាបតី សំរេច​រាជការ​ហ្លួង​ត្រើយ​ខាងលិច​ដែល​បោះទីតាំង​នៅ​រកាកោង​នោះ ចែវ​ទូក​ទៅ​ដល់​ភូមិ​អង្គរបាន ស្រាប់តែ​ឮ​សូរ​កាំភ្លើង​ធំ​តូច​ជា​ខ្លាំង​ណាស់ ក៏​ស្រូត​ទៅ​ដល់​កំពង់ចាម។ លុះ​ឃើញ​ទូក​ចំបាំងខាង​ហ្លួង​ត្រើយ​ខាងកើត ហើយ​ដែល​ទូក​នីមួយៗ​មាន​តែ​ពល ​៥​ ឬ​ ៦ ​នាក់​នៅ​រក្សា។ ក្នុង​ ១៥០ ​ទូក​នោះ​មាន​រេហ៍ពល​តែ ​១៥០០​ នាក់ក៏​ឲ្យ​សេនា​ទាហាន​ចោម​បាញ់​ចាក់​កាប់​សត្រូវ​ទាំងនោះ​ឥត​សំចៃ​ឡើយ ហើយ​កងទ័ព​ទាំងនោះ​បែកបាក់​ទៅអស់។ មេទ័ព​ខាង​ព្រះ​បរមបពិត្រ​ចាប់​យក​ទូក​ចំបាំងង​ទាំងអស់​មក​ក្រាប​បង្គំ​ទូល​ថ្វាយ​យក​ថ្វីដៃ។ ខណៈនោះ រេហ៍ពល​ដែល​រត់​បែក​ពី​ទូក​ចំបាំង​នោះ ខ្លះ​ក៏​បែកផ្លូវ​ទៅ​ទីទៃៗ កងទ័ព​ខាង​សម្ដេចចៅពញា​យោធា​នរិន្ទ និង​កងទ័ព​ឧកញ៉ា​យមរាជចាប់​បាន​សត្រូវ​ចំនួន ​៨០០​ នាក់ ហើយ​ក៏​នាំ​មក​ក្រាប​បង្គំ​ទូល​ដែរ។ កងទ័ព​ដែល​ចាំ​ទូក​សត្រូវ​នោះ​ខ្លះ​ក៏​រត់​ទៅ​ពឹង​ចៅពញា​ស្រាល និង​ចៅពញា​វិបុលរាជរាយការណ៍​តាម​ដំណើរ។ ចៅពញា​ទាំង​ពីរ​ជា​មេទ័ព​ស្ដេច​ត្រើយ​ខាងកើត​ឮ​ហើយ​ក៏​ស្លុតចិត្ដ អស់​គំនិត​ភិតភ័យ​បណ្ដាល​ឲ្យ​ដឹង​ដល់​នាយកង​នាយ​ទ័ព​គ្រប់​កង។ នាយ​ទាំងនោះ​ក៏​អស់​ទឹកចិត្ដ​នឹង​ចូល​ច្បាំង​ទៀត ហើយ​ក៏​តាំង​បែក​ទ័ព​រត់​ខ្ចាត់ខ្ចាយ​ទៅ ខ្លះ​ក៏​លោតទឹក​ស្លាប់។ ឯកងទ័ព ​សម្ដេចចៅពញា​ចន្ទរាជា​ជា​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ចេញពី​បន្ទាយ​មក​ចាប់​បាន​ខ្លួន​សត្រូវ​ប្រមាណ ​៥០០ ​នាក់។ លុះ​ជួបជុំ​នាយកង​ទ័ពជើងទឹក ជើង​គោក​គ្រប់​គ្នា ព្រមទាំង​ឈ្លើយ និង​ស្បៀង​អាហារ សាស្ត្រាវុធ និង​ទូក​ចំបាំង​ ១៥០ ​នោះហើយ​ក៏​នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះ​បរមបពិត្រ​ជា​អម្ចាស់ជីវិតលើត្បូង។ ព្រះ​បរមខត្តិយាមហា​ចន្ទរាជា ទ្រង់​ជ្រាប​គ្រប់​ប្រការ ទ្រង់​ព្រះ​អំណរ​ណាស់បាន​ប្រោស​ព្រះ​រាជទាន​រង្វាន់​ដល់​សេនា​ទាហាន​តាម​សមគួរ។ សម្ដេច​ព្រះបាទ​ស្រីជេដ្ឋា​អម្ចាស់​ផែនដី​ទិស​ខាងកើត​កាល​ទ្រង់​ជ្រាប​ថា ចៅពញា​ស្រាល ចៅពញា​លំពាំង ជា​ក្មួយ​បរាជ័យ​រហូត​ដល់​ស្លាប់ ខូច​ទាំង​ទូកចំបាំង​​ដូច្នោះ​ហើយ​ទ្រង់​ព្រះ​ពិរោធ​ណាស់ ទ្រង់​រើស​យក​កូន​សម្ដេចចៅហ៊្វា​កៅ​ពីរ​នាក់​មក​គឺ​ឈ្មោះ​ពេជ១ តាំង​ជា​ចៅពញា​ស្រាល (ទី​ក្រឡាហោម) ឈ្មោះក្រេះ​១ តាំង​ជា​ចៅពញា​លំពាំង (ទី​ចក្រី) និង​ចៅពញា​វៀង ទី​យមរាជ (កុយ) រួម​ជា ​៣ នាយ​ឲ្យ​លើកទ័ព​ទៅ​ច្បាំង​នឹង​កងទ័ព​សម្ដេចចៅពញា​យោធា​នរិន្ទ ឧកញ៉ា​យមរាជជា​ទ័ព​អម្ចាស់​ត្រើយ​ខាងលិច។ សម្ដេច​ព្រះ​ជ័យ​ជេដ្ឋា​ទ្រង់​ផ្ដាំ​ថា បើ​សម្ដេចចៅ​ពញា និង ឧកញ៉ា​យមរាជ​បែក​ទៅ​ហើយឲ្យ​ឃុំ​ពល ​២០០០០ ​នាក់ទៅ​ចោម​បន្ទាយ​ខេត្ត​កំពង់សៀម​ទៀត។ មេកង​ធំ​ទាំង ​៣ ​នាក់​ទទួល​ព្រះរាជ​តំរាស់​ហើយ​ក៏​ថ្វាយបង្គំ​លា​លើកទ័ព​ឆ្លង​ទៅ​ចោម​បន្ទាយ​រាយ​ទ័ព​ច្បាំង នឹង​កងទ័ព​សម្ដេចចៅពញា​យោធា​នរិន្ទ ឧកញ៉ា​យមរាជ តាម​ត្រាស់​បង្គាប់។ ទ័ព​ទាំង​សងខាង​ច្បាំង​គ្នា​ជា​ច្រើន​ដង ច្រើន​គ្រាម្ដង​ចាញ់​ម្ដង​ឈ្នះ ពុំ​បាន​សំរេច​ជ័យ​ជំនះ​ទៅ​ខាង​ណាៗ​ឡើយ។ លុះដល់​ខែ​ជេស្ឋជិត​ដល់​ពេល​ឲ្យ​រាស្ដ្រ​ធ្វើស្រែ សម្ដេច​ស្រីជេដ្ឋា​ ស្ដេច​ពិជ័យ​នគរ ​ទ្រង់​ឲ្យ​បន្ថយ​មេទ័ព​ទាំង​ ៣ ​នោះ​ចូល​ទៅសំរាក​ខ្លួន​វិញ ទើប​ទ្រង់​ព្រះ​តំរិះ​ថា តាំងពី​ធ្វើសង្គ្រាម​នឹង​ពញា​ចន្ទ​មក​នេះ ការ​ខូចខាត​ទ្រព្យសម្បត្ដិ និង​ស្បៀង​អាហារ អាណា​ប្រជានុរាស្ដ្រ​ក៏​អស់​ជា​ច្រើន ដូច្នោះ​គួរតែ​យើង​បែក​ចែក​ផែនដី យក​សេចក្ដីសុខ​វិញ​ជា​ការ​ល្អ​ជាង។ លុះ​ត្រង់​ឈ្វេងយល់​យ៉ាងនេះ ហើយ​ទើប​ទ្រង់​ឲ្យ​តែង​ព្រះរាជសារ​ដាក់​ក្នុង​បំពង់​មាស​តំកល់​លើ​ពានមាស​ ពិសេស​ថ្លៃថ្លា​ប្រពៃ​ល្អ ហើយ​ទ្រង់​ត្រាស់​ប្រើ​ពញាសង្គ្រាមកែវជា​រាជទូត​ ពញា​រក្សាសម្បត្តិឯម ជា​ឧបទូត ព្រះជំនាញអាវុធគាមជា​ត្រី​ទូតឲ្យ​យក​ព្រះរាជសារ​ចុះទូក​ង បាំង​សប្បធន​ ៣​ លើក ព្រះ​ពាន​ព្រះរាជសារ​នោះ​មក​ថ្វាយ​សម្ដេចព្រះ​ចន្ទរាជា។ រាជទូត ឧបទូត ឆ្លង​មក​ដល់​ដែន​កំពង់សៀមប៉ង​នឹង​ឡើងគោក​ដើម្បី​យក​ព្រះរាជសារ​ទៅ​ថ្វាយ​ព្រះ​បរម​ខត្តិយាមហា​ ចន្ទរាជាធិរាជ ខណៈនោះ​ម៉ឺន​ជំនិត​ស​ទ្រង់សួរ​ជា​ព្រះ​ញាតិ​ដែល​នាំ​រេហ៍ពល​ ៣០០ ​នាក់​ដើរ​ល្បាត​ដូច​សព្វដង កាល​ឃើញ​រាជទូត​ទាំង​ ៣​ ដែល​យក​ព្រះរាជសារ​មក​ហើយ​ក៏​ស្រែក​ឲ្យ​ពល​ចូលចាប់។ រាជទូត​ទាំង ​៣ ​នាក់​ក៏​ប្រយុទ្ធ​គ្នា​នឹង​ទ័ព​ល្បាតធ្វើ​ឲ្យ​ធ្លាក់​បំពង់​ព្រះរាជសារ និង​ព្រះ​ពានមាស​នោះ​ទៅ​ក្នុង​ទឹក។ ទ័ព​ល្បាត​ចាប់​យក​បាន តែ​រាជទូត ឧបទូត ត្រី​ទូត ទាំង​បី​នាក់ និង​ពល​ ១០០​ នាក់ ចំណុះ​ទូក​ទាំង​ ៣​ នោះនាំ​ទៅ​ក្រាបទូល​ថ្វាយ​រាយ​សេចក្ដី​គ្រប់​ប្រការ។ សម្ដេចព្រះ​បរម​ក្សត្រ​មហា​ចន្ទរាជា​ ទ្រង់​ព្រះ​វិនិច្ឆ័យ​ទោស​ឧកញ៉ាម៉ឺន​ជំនិត​សទ្រង់​សួរ ​ថា “ដែល​ឧកញ៉ាម៉ឺន​ចាប់​បំរើ​សត្រូវ​ដែល​មក​ជា​រាជទូត ឧបទូត ត្រី​ទូត​នេះ ទាស់​នឹង​ព្រះ​ច្បាប់​សំរាប់​ស្រុក​អំពី​បុរាណ​រាជ​ប្រវេណី​ហើយ​ត្រូវ​តែ​មានទោស ទើប​ទ្រង់​ប្រោស​ឲ្យ​ចុះ​ព្រះរាជអាជ្ញា (ឲ្យ​វាយ​ខ្នង) ២៤​ ខ្វាត់​ម្នាក់ឲ្យ​ដាក់​ឃ្នាង​បណ្ដើរ​អាក្រោស​ឧកញ៉ាម៉ឺន​ជំនិត “ស” ទ្រង់ “សួ” ៣​ ជុំ​បន្ទាយទ័ព។ លុះ​ធ្វើ​ទោស​រួច​ស្រេច​ហើយ​ស្ដេច​មាន​ព្រះ​បន្ទូល​ត្រាស់​សួរ​ទៅ​ទូត​ទាំង​ ៣​ ថា ឯង​មកនេះ​តើ​ដោយ​ប្រការ​ម្ដេច? រាជទូត​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​ថា ទូលព្រះបង្គំ​ជា​រាជបំរើ​ព្រះករុណា​ត្រើយ​ខាងកើត​ស្ដេច​ឲ្យ​នាំ​ព្រះរាជសារមក​ថ្វាយ​ល្អងធូលី​ជា​ម្ចាស់ផែនដី​ប៉ែក​ខាងលិច ប៉ុន្ដែ​ឥឡូវនេះ​ព្រះរាជសារ​នោះ​ធ្លាក់ទឹក​បាត់​ក្នុង​គ្រា​ដែល​ចោមចាប់​នោះអស់​ទៅ​ហើយ តែ​នៅ​ចាំ​សេចក្ដី​ខ្លះៗ បើ​នឹង​ក្រាបទូល​ទៅ​ក្រែង​សេចក្ដី​នោះ​ពុំ​សព្វគ្រប់។ ហេតុនេះ​សូម​ទ្រង់​ព្រះ​រាជទាន​ទោស។ សម្ដេចព្រះ​ចន្ទរាជា​ស្ដេច​ទ្រង់​ប្រោស​ឲ្យ​ទូត​ទាំងនោះ​ទូល​ព្រះ​អង្គ​តាម​ចាំ​រៀងខ្លួន​ចុះ។ រាជទូត​ត្រើយ​ខាងកើត​ ក៏​ទូល​ថា ដ្បិត​ហ្លួង​ជា​ម្ចាស់​លើ​ត្បូង ​ទូលព្រះបង្គំជាខ្ញុំ​មាន​ព្រះ​ហឫទ័យ​ប្រណី​រាស្ដ្រ​ដែល​វិនាសស្លាប់បាត់បង់​ជា​ច្រើន​ក្នុង​សង្គ្រាម​ដែល​បាន​ធ្វើ​មក​ជា​ច្រើន​ឆ្នាំ​នោះ។ ឥឡូវនេះ​ ហ្លួង​ជា​ម្ចាស់​លើ​ត្បូង​​ទូលព្រះបង្គំ​ជាខ្ញុំ​ស្ដេច​មាន​ព្រះ​ហឫទ័យ​ចង់​បញ្ឈប់​សង្គ្រាមសុំ​ចង​ជា​ព្រះរាជ​មេត្រី​ចែក​ផែនដី និង​ម្ចាស់​ត្រើយ​ខាង​លិច​ឲ្យ​ស្មើគ្នា។ បើ​ទ្រង់​ព្រះករុណា​វិសេស​ជា​អម្ចាស់​លើ​ត្បូង​ខាង​នេះ​ទ្រង់​យល់ព្រម​ល្មម​ផង​នោះ ព្រះពុទ្ធ​សាសនា និង​អាណាប្រជានុរាស្ដ្រ​នឹង​បាន​សុខក្សេមក្សាន្ដ​តទៅដោយសារ​ព្រះ​សតិ​ប្រាជ្ញា ទ្រង់​ព្រះករុណា​ពិសេស​ទាំង​ពីរ​អង្គ​បំរុង​រាស្ដ្រ​ឲ្យ​សុខ​ជា​ព្រះ​កិត្ដិយស​ប្រសើរ។ សម្ដេចព្រះ​បរម​រាជ​បរមបពិត្រ​ជា​អម្ចាស់​ត្រាស់​ថា ក្រុង​កម្ពុជា​រាជធានី​នេះ​ជា​ព្រះរាជ​សម្បត្ដិ​អំពី​ព្រះ​បរម​រាជ​អយ្យកោ អយ្យិកា​យើង​រៀង​មក។ ឯ​ព្រះស្ដេច​កន អម្ចាស់​ឯង​នោះ​ប្រៀប​ដូច​ជា​ចោរមក​លួច​ផែនដី​យើង ហើយ​មក​សុំ​ចែក​សម្បត្ដិ​នឹង​ម្ចាស់ទ្រព្យ​នេះ ​តើ​ឯង​ឃើញ​ថា​គប្បី​ហើយ​ ឬ? ប៉ុន្ដែ​ឥឡូវនេះ បើ​ម្ចាស់​ឯង​ចង់​ឈប់​សង្គ្រាម​ក៏​ឈប់​តាម​ចិត្ដ​ចុះ។ តែ​ថា​ឲ្យ​ម្ចាស់​ឯង​ថយ​ទៅ​ជា​មុន​ចុះចាំ​អញ​ថយ​ទៅ​ជា​ក្រោយ។ មាន​ព្រះ​បន្ទូល​ចប់​ហើយ ស្ដេច​ព្រះ​រាជទាន​ពាន​មួយ​ជា​ជំនួស​ ព្រះ​ពានមាស​ដែល​ធ្លាក់ទឹក​នោះ​ទៅ​ទូត​ទាំង ​៣ ​នាក់​វិញ។ រាជទូត​ត្រើយ​ខាងកើត​ទាំង ​៣ ​នាក់​ក្រាប​បង្គំ​លា​ចេញ​ទៅ​ចុះទូក​ងឲ្យ​ពួក​ស៊ី​ផាយ​អុំ​ឆ្លង​ទៅ​ក្រាប​បង្គំ​ទូល​អម្ចាស់​ខ្លួន​សព្វ​សេចក្ដី។ សម្ដេចព្រះ​ស្រីជេដ្ឋា​ក្រុង​ពិជ័យ​នគរ (ស្ដេច​កន) ទ្រង់​ជ្រាប​ហើយ​ឃើញ​ថាពុំ​សមប្រកប​តាម​ព្រះ​ហឫទ័យ​ដែល​ទ្រង់​ប្រាថ្នា​ទេ ទ្រង់​ព្រះ​ពិរោធ​ណាស់តែ​ក្លែង​ធ្វើ​ជា​ទ្រង់​ព្រះ​សំរួល​ហើយ​ត្រាស់​ថា ចៅពញា​ចន្ទរាជា​ដែល​លួច​មក​វាយ​ស្រុក​ខេត្ត​ខាងលិច​នេះ តែ​ត្រូវជា​ចោរ​ដែរ ឬ​ពុំ​មែន​ជា​ចោរ​ទេ? ព្រះ​រាជទូត​ទាំង ​៣ ​ក្រាប​បង្គំ​ទូល​ថាទូលព្រះបង្គំ​ទាំងឡាយ​នឹកឃើញ​ថានឹង​តប​ទូល​ទៅ​វិញ​ដែរ តែបើ​នឹង​ទូល​តបត​សេចក្ដី​ទៅ​វិញ ដូច្នេះពុំ​ហ៊ាន​ដ្បិត​នៅ​គ្នា​តិច​ពេក ហើយ​ទូលព្រះបង្គំ​ទាំងឡាយ​បាន​រួចខ្លួន​មក​នេះ ក៏​ព្រោះតែ​បុណ្យ​បារមី​សម្ដេច​ជា​អម្ចាស់​គ្រប់គ្រង​ហើយ​ទើបបាន​រួច​មកនេះ។ សម្ដេចព្រះ​ស្រីជេដ្ឋា​ទ្រង់​ព្រះ​សណ្ដាប់​សព្វគ្រប់​ហើយ ព្រះ​អង្គ​ចាត់​ចៅហ្វាយស្រុក និង​កងទ័ព​ឲ្យ​នៅ​រក្សា​បន្ទាយ​មាត់​ឃ្មុង ​បន្ទាយស្រី​សឈរ ហើយ​ព្រះ​អង្គ​លើកទ័ព​ត្រឡប់​ទៅ​ក្រុង​ពិជ័យ​នគរ​វិញ។ សម្ដេចព្រះ​បរមបពិត្រ​ជា​ម្ចាស់ផែនដី​ប៉ែក​ខាងលិច​ទ្រង់​ជ្រាប​ថា ព្រះស្ដេច​កន​លើកទ័ព​ត្រឡប់​ទៅ​មុន ហើយ​ទើប​ព្រះ​អង្គ​បង្គាប់​ចៅហ្វាយស្រុក​ឲ្យ​នៅ​រក្សា​បន្ទាយ​កំពង់សៀម បារាយណ៍ ជើងព្រៃ រួច​ស្ដេច​លើកទ័ព​ត្រឡប់​មក​បន្ទាយ​ខេត្ត​បរិបូណ៌​វិញ។ ព្រះ​អង្គ​លើក​ហួស​ទៅ​ខេត្ត​ពោធិ៍សាត់​ទៀត ហើយ​ត្រាស់​ឲ្យ​ពល​ធ្វើ​ដំណាក់​តូច​ធំ ប្រក់​ស្លឹកមាន​សន្ធិយា​ចុង​រោង​ទី​ក្រៅ​ក្នុង។

ស្ដេចកនចាញ់សឹកសង្គ្រាមជ័យ[កែប្រែ]

សម្ដេចព្រះ​ស្រីជេដ្ឋា​អម្ចាស់​ត្រើយ​ខាងកើត ស្ដេច​គង់នៅ​ព្រះរាជវាំង​ស្រីសឈរ ទ្រង់​ត្រាស់​ឲ្យ​កេណ្ឌ​កងទ័ព​ ១៤០០០០​ នាក់ ទ្រង់​ឲ្យ​ចៅហ៊្វាទឡ្ហៈ​កៅ និងចៅពញាមោងនៅ​រក្សា​បន្ទាយ​ស្រឡប់​ពិជ័យ​ព្រៃនគរ ហើយ​ទ្រង់​ចាត់​ឲ្យ​ចៅពញា​ចក្រី​ឃុំ​ពល ​៣០០០០​ នាក់​ជា​ទ័ព​មុខ ចៅពញា​ក្រឡាហោម ឃុំ​ពល​ ២០០០០​ នាក់ជា​ទ័ព​ស្ដាំ ចៅពញា​វៀងឃុំ​ពល ​២០០០០ ​នាក់ជា​ទ័ព​ឆ្វេង ចៅពញា​វាំងឃុំ​ពល ​២០០០០ ​នាក់ជា​ទ័ព​ក្រោយ ចៅពញា​ស្រាលឃុំ​ពល​ ១០០០០​ នាក់ជា​ទ័ព​ក្រវែល​ខាងស្ដាំ ចៅពញា​លំពាំងឃុំ​ពល​ ១០០០០​ នាក់ ជា​ទ័ព​ក្រវែល​ខាងឆ្វេង ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរ​ឃុំ​ពល​ ១០០០០ ​នាក់ជាទ័ព​ក្រវែល​ខាង​មុខ ​ព្រះ​អង្គ​ស្រីជេដ្ឋា​ឯងឃុំ​ពល ​៣០០០០​ នាក់ជា​ទ័ព​ហ្លួងឆ្លង​មក​ដល់​ស្រុក​ភ្នំពេញ ហើយ​លើកទ័ព​គ្រប់​កង ព្រម​ដោយនូវ​ស្វេតច្ឆត្រ​អភិរម្យ សែនត្វាន់ឡើង​គង់​ព្រះ​ទីនាំង​ស័ង្ខ​រស្មីលើកទ័ព​តំរង់​ទៅ​ខេត្ត​បរិបូណ៌។ ឯ​សេះ​ល្បាត​ខាង​ព្រះ​បរមខត្តិយា​ចន្ទរាជា​ឃើញ​ហើយ ក៏​ឃ្មាតខ្មី​យក​សេចក្ដី​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​បរម​បពិត្រ។ លុះ​ទ្រង់​ជ្រាប​គ្រប់​ប្រការ​ហើយ ទ្រង់​ត្រាស់​ឲ្យ​សម្ដេច​ព្រះ​ភាគិនេយ្យ​យស​រាជាឡើង​ជាទី​កែវនាយក និង​មន្ដ្រី​ខាងជើង​ទឹក​លើកទ័ព​ទូកគង់​ព្រះ​ទីនាំង​ចក្រពត្ដិ​សារាយអណ្ដែត​នាំ​ទូក​ចំបាំង ៤០០ ហើយ​ទ្រង់​ចាត់​ទ័ពជើងគោក​ថែម​ទៀត។ ទ្រង់​ត្រាស់​ឲ្យ​ឧកញ៉ា​ចក្រី​ទេពកូន​ពញា​មឿងឃុំ​ពល ​២០០០ ​នាក់ជា​មេទ័ព​មុខឲ្យ​ចៅពញាសួគ៌ាលោក​សុខ” កូន​ពញា​មឿងឃុំ​ពល ​១០០០០ ​នាក់ជា​ទ័ព​ស្ដាំ​ឲ្យ​ចៅពញា​ឧទ័យធិរាជ​សូរ ឃុំ​ពល ​១០០០០ ​នាក់​ជា​ទ័ព​ឆ្វេងឲ្យ​ឧកញ៉ា​រាជតេជៈ ឃុំ​ពល ​១០០០០​ នាក់ជា​ទ័ព​ក្រោយ​ឲ្យ​ឧកញ៉ា​វង្សាអគ្គរាជឃុំ​ពល​ ១០០០០​ នាក់ជា​កង​ជន្លឲ្យ​ឧកញ៉ា​នរិន្ទ្រាធិបតី​ ចៅពញា​មនោមេត្រី ចៅពញា​ស្រែន្យាធិបតី ចៅពញា​ស្រែន្យសេនាឃុំ​ពល​ម្នាក់ៗ​ ៣០០០​ នាក់ទៅ​បង្កប់​សងខាង​ផ្លូវ​ឲ្យ​សម្ដេចព្រះ​សុខត្ដ​ ឃុំ​ពល​ដំរី ​៣០០០ ទៅ​បង្កប់​ក្នុង​ព្រៃ​ខាងលិច​វាល​ស្រាប​អង្កាមឲ្យ​ឧកញ៉ា​ដ៏រុងសេនា ឃុំ​ពល​សេះ​ ៥០០ ជា​កង​ជន្ល​ទី​២។ លុះ​បាន​ឫក​ជា​ពេលា​ល្អ​ហើយ បុរោហិត​ក៏​តាំង​ផ្លុំត្រែ​ស័ង្ខ​ហោរា​ថ្វាយ​ឫក្ស​រួច​ហើយ ព្រះ​បរមបពិត្រ​មហា​ខត្តិយា​ចន្ទរាជា​ទ្រង់គ្រឿង​កកុធភ័ណ្ឌសំរាប់​ រាជយុទ្ធ​ឡើង​គង់​ព្រះ​ទីនាំង​ពិជ័យ​រាជ​កុញ្ជរ លើក​អស់​និករ​ចេញ​ទៅ។ ឯ​ឧកញ៉ា​វង្សាអគ្គរាជ​ជា​កង​ជន្ល​ទី​១ លើកទ័ព​ទៅ​ដល់​ស្ទឹង​ក្រាំងពន្លៃ​ជួបនឹង​ទ័ព​ព្រះ​ស្រីជេដ្ឋា (ព្រះស្ដេច​កន) ហើយ​បាន​តតាំង​ច្បាំង​គ្នា​នៅ​ទីនោះ​យូរ​បន្ដិច ឧកញ៉ា​វង្សាអគ្គរាជ​ក៏​នាំ​ពល​រត់​ថយ​ក្រោយមក​ដល់​ខាងលិច​ភូមិ​ឈូកស ខេត្ត​លង្វែក។ ខណៈនោះ​ឧកញ៉ា​នរិន្ទ​សេនា​ឃុំ​ពល​ទាហាន​សេះ៤០ ​នាក់​កាល់​ពល​ខ្លួន និង​ពល​ឧកញ៉ា​វង្សាអគ្គរាជ​ឲ្យ​ចូល​តតាំង​ច្បាំង​គ្នា​ទៀត ហើយ​បណ្ដែតទូក​ថយក្រោយ។ មេទ័ព​ខាង​ព្រះស្ដេច​កន​ឃើញ​ហើយ​យល់​ថា ខ្លួន​មាន​ជ័យ​ជំនះ​ក្នុង​សង្គ្រាម​ពីរ​ដង​ហើយ ក៏​បរពល​សំរុក​គ្រលុក​តាម​ដល់​ស្ទឹង​ជ្រៃ។ ឧកញ៉ា​ចក្រី​ទេពជា​កង​ជន្ល​ទី​៣ ​ក៏​ចេញពី​ក្នុង​ព្រៃ​បរពល​ចូល​មួយ​ស្របក់ ក៏​នាំ​ពល​គេច​រត់​ថយក្រោយ​ទៅ​ទៀត។ ខណៈនោះ​នាយកង​នាយ​ទ័ព​ខាង​ព្រះស្ដេច​កន​ស្រែក​ក្រាបទូល​ថា ចក្រី​បាក់ទ័ព​ទៀត​ហើយ ឯ​កងទ័ព​គ្រប់​កង​ខាង​ព្រះស្ដេច​កន​ឮ​ថា​ចក្រី​បាក់ទ័ព​ទៀត ហើយ​ក៏​រឹត​តែ​មានចិត្ដ​ជោរ​ឡើង ក៏​ដេញ​តាម​ទៅ​ត្រាតែ​ជួបនឹង​ទ័ព​ក្រឡាហោម​ដែល​បង្កប់​ចាំ​នៅ​វាល​ស្រាប​អង្កាម​នោះ។ ឧកញ៉ា​ក្រឡាហោម ក៏​ទទួល​ច្បាំង​ជា​មាំមួន សម្ដេចព្រះ​សុទត្ដ​ដែល​ឃុំ​ពលដំរី​ច្បាំង​ ៣០០ ​នោះបាន​ឫក​ហើយ ក៏​បរដំរី​ជល់​ជាន់​ពីក្រោយ។ ឯ​កងទ័ព​ដែល​បង្កប់​សងខាង​នោះ ក៏​ប្រសព្វ​ពីឆ្វេង​ពីស្ដាំទាំង​ព្រះ​បរមបពិត្រ​ក៏​បែរ​ព្រះ​ទីនាំង​រាជ​កុញ្ជរចូលលុក​លុយ​កាប់​ចាក់​ប្រសព្វ​គ្នា​មកបណ្ដាល​ឲ្យ​ស្លាប់​ពល​ខាង​ព្រះស្ដេច​កន​ប្រមាណ​ ២០០០០ ​នាក់។ លុះ​មក​ដល់​មុខ​ព្រះស្ដេច​កន ព្រះ​ទីនាំង​ពិជ័យ​រាជ​កញ្ជរ​ដែល​ចេះ​កាន់​នូវ​អាវុធ​គ្រវែង​ចាក់​សំលាប់ពលព្រះ​ស្ដេច​កន​បណ្ដាល​ឲ្យ​ស្លាប់​ជា​ច្រើន។ ព្រះស្ដេច​កនទ្រាំ​មិន​បាន​ក៏​បែក​ទ័ព​រត់​កាត់​ព្រៃ​មក​ដល់​ចុង​ព្រែក​រលាប្អៀរ​ខាងស្ដាំ ចោល​ទ័ព​អស់ជាប់​តែ​ខាង​ទាហាន​ស្ម័គ្រចិត្ដ​ប្រមាណ​ ១០០​ នាក់ ហើយ​មក​ជួបជុំ​នឹង​ទ័ព​ឧកញ៉ា​សួគ៌ាលោក ឧកញ៉ា​មនោមេត្រី ឧកញ៉ា​ឧទ័យធិរាជ​ដែល​បង្កប់​ក្នុង​ព្រៃ។ ទ័ព​ទាំងនោះ​ក៏​ស្ទុះ​ចេញ​មក​ក៏​តាំង​ហ៊ោ​ដេញ​ទ័ព​ព្រះស្ដេច​កន​ខ្ចាត់ខ្ចាយទៅ​ទៀត។ ស្ដេច​កន​នៅ​សល់​តែ​ទាហាន​១០០​ នាក់​រត់​តាម​លុះ​ទៅ​ដល់​ចុង​ភូមិ​តាជេស ខេត្ត​លង្វែក កងទ័ព​ទាំង​ ១០០​ នាក់​នោះ​ពុំ​ចេះ​ហែល​ទឹក​ទាំងអស់​គ្នា​ទេចេះ​តែ ​២០​ នាក់​ប៉ុណ្ណោះ។ អ្នកចេះ​ហែល​ទឹក​ក៏​រត់​ទៅ​លើ​កោះ​តូចនាំ​គ្នា​តោង​សេះ​ព្រះ​ទីនាំង​ស័ង្ខរស្មី​នោះ​ឆ្លង​ទៅ​ស្ទឹង​ស្ងួត​ជើងព្រៃ​ជា​ត្រើយ​ខាងកើត។ លុះ​កងទ័ព​ឧកញ៉ាយមរាជ ឧកញ៉ា​សួគ៌ាលោក​ដេញ​ទៅ​ដល់​ឃើញ​ទ័ព​សត្រូវ​កំពុង​ហែល ក៏​ស្រែក​ហៅ​កងទ័ព​ជើងទឹក​ឲ្យ​តាម​ចាប់។ សូរសព្ទ​ដែល​បង្កូក​ហៅ​ទ័ពជើងទឹក​តែ​មួយ​ម៉ាត់​ម្នាក់​ក៏​លាន់​ដូច​គេ​ស្រែក ​ហ៊ោ (ព្រោះហេតុនេះ​ហើយ​បានជា​កោះ​តូច​នោះ ប្រែ​ឈ្មោះ​ថា កោះ​ហ៊ោ រៀង​មក)។ ឯ​ម៉ឺន​ពិភក្ដី​លិខិត ម៉ឺន​ជំនិត​សទ្រង់ម៉ឺន​បំរុងអក្ខរា​ទាំង ​៣ ​នាយ​ជា​អាល័ក្ស ជា​មន្ត្រី​ព្រះស្ដេច​កន​ជាប់​បាវ​ប្រាំមួយ​ប្រាំពីរ​នាក់ស្ពាយ​ត្រា​ជា​សំរាប់​រាជ្យ​របស់​សម្ដេច​កន​នោះរត់​បែក​ទៅ​ដល់​ចុង​ភូមិ​កំពង់ម្ដា ខេត្ត​រលាប្អៀរ ក៏​ចាប់​យក​កូន​ទូក​អ្នកស្រុក​នោះ​ចុះ​ចែវ​តាម​ស្ដេច​កន​ទៅ។ ខណៈ​នោះ​មាន​ខ្យល់ព្យុះ​រលក​បោកបក់​ខ្លាំងទូក​លិចលង់​ទាំង​ត្រា​សំរាប់​រាជ្យ​នោះ​បាត់​នៅ​ក្នុង​ព្រះធរណី​បាតទន្លេ​ នៅ​ទីនោះ​ក៏​ស្រុត​ទៅ​ជ្រៅ​ពន់ប្រមាណ។ នាយ​អាល័ក្ស​ទាំង ​៣ ​យក​ផ្ដៅ​ពីរ​បន្ទះ​មក​ត​តែ​មួយសំយុង​ទៅ​ត្រង់​កន្លែង​ដែល​លិច​ត្រា​នោះ​ក៏​ពុំ​ដល់នឹង​រក​មនុស្ស​ឲ្យ​មុជ​ទៅ​តាមមនុស្ស​ផង​ឃើញ​ជ្រៅ​ណាស់​ពុំ​ហ៊ាន​មុជ​តាម។ នាយ​ទាំង ​៣​ នាក់​ខ្លាច​ខុស​នឹង​ព្រះស្ដេច​កន​ក៏​នាំ​គ្នា​មុជទឹក​ទៅ​តាម​ត្រា​នោះលុះដល់​ស្លាប់​ទាំង ​៣ ​នាក់ “ព្រោះហេតុនោះ​បានជា​ទីនោះ​ហៅ​អន្លង់​ត្រារាជ្យយារៗ​មក​ហៅ​តំបន់​អន្លង់រាជ្យ ទ្រង់​ស្រូត​ព្រះ​ទីនាំង​ចក្រពត្ដិ​សារាយអណ្ដែត​ជ្រួស​តាម​ទៅ​ដល់​កៀន​តាធឹង។ ឯ​សម្ដេចព្រះ​ស្រីជេដ្ឋា​ទត​ពីលើ​ខ្នង​សេះ​ព្រះ​ទីនាំង​ទៅ​ឃើញ ក៏​បរសេះ​ព្រះ​ទីនាំង​នោះ​នាំ​ទាហាន​រួមចិត្ដ​មក​ដល់​ចុង​ភូមិ​កំពង់ចាម ក៏​បរសេះ​ព្រះ​ទីនាំង​នោះ​ហែល​ឆ្លង​ទឹក​តំរង់​ទៅ​តំបន់​ដូនម៉ៅ​ត្រើយ​ខាងកើត ព្រមទាំង​ទាហាន​រួមចិត្ដ ​២០ ​នាក់ក៏​ហែល​តោង​សេះ​នោះ​ទៅ​ដល់​ច្រាំង​ទន្លេម្ខាង សេះ​នោះ​ក្លាយជា​នាគ​មុជទឹក​បាត់​ទៅ។

សុបិន[កែប្រែ]

នេះនឹង​និយាយ​អំពី​សម្ដេច​ចៅហ៊្វា​កៅ​ដែល​ចាំ​រក្សា​បន្ទាយ​ស្រឡប់​ពិជ័យ​ព្រៃនគរ​នោះ មុន​នេះ​ ៣​ ថ្ងៃ​យល់សប្ត​ឃើញ​ខ្យល់​កំបុតត្បូង​កួច​ទង់ជ័យ​សម្ដេចព្រះ​ស្រីជេដ្ឋា​ជា​ភ្លើង​ឆេះ​អណ្ដែត​កណ្ដាល​អាកាស ហើយ​ធ្លាក់​នៅ​កំពង់ចាម។ លុះ​ភ្ញាក់​ឡើង​ភ័យ​ណាស់​និយាយ​ប្រាប់​និមិត្ដ​នោះ​ឲ្យសម្ដេចចៅពញាហែង ជា​បិតាក្មេកសម្ដេចព្រះ​ស្រីជេដ្ឋា​ស្ដាប់ ហើយ​ហៅ​ហោរា​មក​ប្រាប់​ហេតុ​ឲ្យ​ទាយ។ ហោរា​ពិនិត្យ​ទៅ​ឃើញ​ថា យល់សប្ដិ​ថ្ងៃអង្គារ​ជា​ភ្លើង ហើយ​ឃើញ​ឆេះ​ទង់ជ័យ​នោះ ទំនាយ​ថាទ័ព​ហ្លួង​បរាជ័យ​ហើយត្រង់​ដល់​ឃើញ​ខ្យល់កំបុតត្បូង​កួច​នាំ​ទៅ​កណ្ដាល​អាកាស​នោះ ថា​បុណ្យ​បារមី​នៅ​មាន​ទេវតា​នាំ​ឲ្យ​រួច​ពី​ចំណោម​ត្រង់​ដែល​ភ្លើង​ធ្លាក់ទឹក​នៅ​កំពង់ចាម​នោះ ថា​ហ្លួង​នឹង​រត់ទៅ​ដល់ទី​នោះ។ សម្ដេច​ចៅហ៊្វា​កៅ​ឮ​ហើយ​ភ័យ​ណាស់ ក៏​ឲ្យ​សម្ដេចចៅពញា​ហែង​នៅ​រក្សា​បន្ទាយ រួច​ផ្ដាំ​ថាឲ្យ​ខិតខំ​កេណ្ឌ​រេហ៍ពល​ទុក​បំរុងឲ្យ​បាន​ច្រើន។ ឯ​ខ្លួន​សម្ដេចចៅហ៊្វា​កៅ​នាំខ្មាន់​ធ្នូ និង​ទាហាន​កាំភ្លើង ​១០០០​ នាក់ និង​ព្រះ​ទីនាំង​គជេន្ទ្រ​យុទ្ធ​ទៅ​បោះទីតាំង​នៅ​ដូនម៉ៅ​ជា​ត្រើយ​ខាងកើត។ លុះ​ឃើញ​សម្ដេចព្រះ​ស្រីជេដ្ឋា​គង់​លើ​សេះ​នាំ​ទាហាន​ហែល​ឆ្លង​មក​ដល់​ច្រាំង​ហើយ សេះ​នោះ​ក៏​លិច​វិនាស​ទៅ​ក្នុង​ទឹក​ទៅចៅហ៊្វា​កៅ​ក៏​ស្ទុះ​ទៅ​ទទួល​យក​រួច​តែ​សម្ដេចព្រះ​ស្រីជេដ្ឋា និង​ទាហាន​រួម​មិត្ដ​ ២០​ នាក់​នោះ​ដល់​ទៅ​មាត់ច្រាំង​ល្មម​ព្រះ​ទីនាំង​ចក្រពត្ដិ​នោះ​ត្រឡប់​មក​ដល់សម្ដេចចៅហ៊្វា​កៅ​ឲ្យ​ទាហាន​បាញ់​ធ្នូ បាញ់​កាំភ្លើង កុំឲ្យ​ព្រះ​ភាគិនេយ្យ​យសរាជា​ឡើង​តាម​មក​ទាន់។ ព្រះ​យសរាជា​ក៏​ត្រឡប់​ព្រះ​ទីនាំង​មក​រក​ទ័ព​ទូក​ដែល​តាម​មក​ពីក្រោយ​នោះ​ វិញ លុះ​ជួប​ហើយ​ស្ដេច​ឲ្យ​ឈប់​នៅ​ទី​មួយអន្លើ។ ជួន​ជា​ពេល​នោះ​មាន​ខ្យល់ព្យុះ​ខ្លាំង​ណាស់ ស្ដេច​ត្រាស់​ឲ្យ​យក​អាវុធ​សឹក​ទុក​សិន ហើយ​ចូល​ទូក​ចំបាំង​ទៅ​ឈប់​ក្នុង​បឹង​មួយអន្លើ។ ទ្រង់​ឲ្យ​សាង​វត្ដ​មួយ​នៅ​ទីនោះ​ទុកជា​ព្រះ​កេរ្ដិ៍ ហេតុនេះ​ហើយ​បានជា​ជាប់​ឈ្មោះ​ថា វត្ដ​ព្រែកហ្លួង​រៀង​មក​ដល់​សព្វ​ថ្ងៃនេះ។ ឯ​សម្ដេចចៅហ៊្វា​កៅ​កាល​បាន​ទទួល​សម្ដេចព្រះ​ស្រីជេដ្ឋា​រួច​ហើយ ជួន​ជា​វេលា​យប់​ក៏​យាង​ស្ដេចផ្ទុំសំរាកកំលាំង​​នៅ​ក្នុង​ព្រៃ​ដូនម៉ៅ​ នោះ​ទៅតែ​ទីនោះ​មាន​មូស​ខ្លាំង​ណាស់​ទ្រាំ​ពុំ​បាន ទើប​សម្ដេចព្រះ​ស្រីជេដ្ឋា​ទ្រង់​ផ្សង​មិន​ឲ្យ​មាន​មូស មូស​ក៏​គ្មាន​ក្នុង​ទីនោះ​រៀង​មក។ លុះ​ព្រឹក​ឡើង​សម្ដេចចៅហ៊្វា​កៅ​យាង​សម្ដេច​ព្រះ​ស្រីជេដ្ឋា​ឡើង​គង់​ព្រះ​ទីនាំង​ពិជ័យ​គជ​យុទ្ធ​នាំ​រេហ៍ពល​ទាំង ​១០២០ ​នាក់​ស្រូត​រូត​ទៅ​ដល់​ភូមិ​ដំរី​ស ព្រះ​ទីនាំង​ពិជ័យគជ​យុទ្ធ​នោះ​ឈឺ​ស្រុត​នៅ​ទីនោះ​ទៅព្រះស្ដេច​កន​ទ្រង់​ធ្វើបុណ្យ​ហើយ​ឲ្យ​កប់​ដំរី​នៅ​ទីនោះបានជា​ជាប់​ហៅ​ ទួល​កប់​ព្រះ​ដំរី​រៀង​មក។ សម្ដេច​ស្រីជេដ្ឋា​ទ្រង់​ពិនិត្យ​ពី​ព្រះ​ទីនាំង​ពិជ័យគជ​យុទ្ធ និង​ព្រះ​ទីនាំង​ស័ង្ខ​រស្មី​កាលណា ទ្រង់​សង្ស័យ​នឹង​បុណ្យ​បារមី​ជា​ពន់ពេក ទ្រង់​នឹក​ថា កាលណា​ខ្លួន​អញ​នឹង​មានបុណ្យត្រូវ​បាន​ព្រះ​ទីនាំង​ពិជ័យ​គជ​យុទ្ធ​នោះគឺ​បាន​ក្នុង​កាល​កសាង​បន្ទាយ​ស្រឡប់​ពិជ័យ​ព្រៃនគរ​ដែល​កាលនោះ​មាន​ហ្ម​ម្នាក់​ឈ្មោះ​ផៃ​នាំ​យក​ដំរី​មក​ថ្វាយ​មាន​កំពស់ ១០ ​ហត្ថ។ ថ្វាយ​រួច​ហើយ​ហ្ម​ផៃ​នោះ​ត្រឡប់​ទៅ​វិញ​បាត់មិនដឹង​ជា​នៅ​ស្រុក​ណា ភូមិ​ណា​ទេ រកតែ​ខ្លួន​នឹង​ឲ្យ​រង្វាន់​ពេញចិត្ដ​ក៏​រក​ពុំ​ឃើញ។ ឯ​ព្រះ​ទីនាំង​ស័ង្ខរស្មី​ទៀត កាល​អញ​លើកទ័ព​ដេញ​ព្រះ​ឝ្រីឝៅគន្ធបទ​ដល់​ទៅ​ក្បាល​កោះសូទិន​ទាំង​យប់​នោះ ក៏​មាន​ឈ្មោះ​ចៅ​ឥន្ទ​យក​សេះ​នោះ​មក​ថ្វាយ​មាន​កំពស់ ​១០ ​ហត្ថ ​៤ ​ធ្នាប់ មាន​កំលាំង​ហែល​ទឹក​សន្ធឹក​ដូច​រន្ទះ​នឹង​ឲ្យ​រង្វាន់​ក៏​រក​ពុំ​ឃើញ​ដែរ។ ព្រះ​ទីនាំង​ទាំង​ពីរ​នេះ​ដូច​ជា​ទេវតា​និម្មិត​ថ្វាយ ឥឡូវ​វិនាស​អស់ទាំង​ពីរ​ទៅ​ហើយដូច្នេះ​ឃើញ​ថាបុណ្យ​បារមី​អញ​មិន​យឺនយូរ​ប៉ុន្មាន​ឡើយ។ គិត​ហើយ​ព្រះស្ដេច​កន​ក៏​ទ្រង់​ព្រះ​កន្សែង​សោក​ជា​រ៉ាំរ៉ៃ​ក្រៃពេក​ណាស់។ សម្ដេចព្រះ​ចៅហ៊្វា​កៅ​យល់​សម្ដេចព្រះ​ស្រីជេដ្ឋា​ជា​ក្មួយ​យំសោក​ស្ដាយ​ ព្រះ​ទីនាំង​ខ្លាំង​ពេក​ដូច្នោះ ក៏​គិត​ថា បើ​អញ​មិន​ក្លែង​និយាយ​ឲ្យ​មាន​តំរេក​ទេ ឃើញ​ថា​សម្ដេចព្រះ​ស្រីជេដ្ឋា​នឹង​ដល់​អស់​ព្រះជន្ម​ក្នុង​គ្រានេះ​មិន​ខាន។ គិត​ហើយចៅហ៊្វា​កៅ​ក៏​ក្រាបទូល​ថា សូម​ទ្រង់​កំសាន្ដ​ព្រះរាជ​ហឫទ័យ​ខ្លះ​ទៅកុំ​អាល័យ​ព្រះ​ទីនាំង​ទាំង​ពីរ​នោះ​ខ្លាំង​ពេក ព្រះ​ទីនាំង​នោះ​វា​ស្រុត​ស្នង​ព្រះ​អង្គ​ដែល​ទ្រង់មាន​ព្រះ​គ្រោះ​ជា​ទំងន់​នោះ។ ឯ​បុណ្យ​បារមី​ព្រះ​អង្គ​នៅ​មាន​ទៅ​មុខជា​ច្រើន ពីព្រោះ​ថាក្រោយ​ព្រះ​អង្គ​លើកទ័ព​ទៅ​ធ្វើ​សង្គ្រាម​នឹង​ព្រះ​ចន្ទរាជា​នោះ ចៅហ្វាយស្រុក​ជើង​បាក់​ដែង​នាំ​ដំរី ​២ សេះ​ ២ មក​ចាំ​ក្រាបទូល​ថ្វាយ ទំហំ និង​កំពស់​ប្រហែលៗ​គ្នា និង​ព្រះ​ទីនាំង​មុន​នេះ ហេតុនេះ​សូម​ទ្រង់​កុំ​ព្រួយព្រះទ័យ​ស្ដាយ​អ្វី​សេះ​ ១ ​ដំរី​ ១ ​នោះ។ វា​បាត់​ទៅ​ទាំង​ពីរ យើង​បាន​ដល់​ទៅ​​ ៤ ​ឡើង​វិញ​ហើយ។ ព្រះ​ស្រីជេដ្ឋា​ទ្រង់​ជ្រាប​ដូច្នោះ​ហើយ ទ្រង់​ព្រឺព្រួច​ក្នុង​ព្រះរាជ​ហឫទ័យ​ណាស់ ទ្រង់​តំរង់ព្រះ​ស្មារតី​បាន ទ្រង់​ក៏​ត្រាស់​នឹង​សម្ដេចចៅហ៊្វា​កៅ​ថា យើង​នឹង​ទៅ​ក្រុងស្រឡប់​ពិជ័យ ឬ​នៅ​ក្រុង​ស្រីសឈរ។ ដ្បិត​ក្នុង​ស្រុក​ស្រីសឈរ​នោះ​យើង​មាន​គ្រប់​គ្រួ​នៅ​ទីនោះ​ច្រើន។ ទើប​សម្ដេចចៅហ៊្វា​កៅ​ទូល​ថា យើង​ធ្វើសង្គ្រាម​មាន​ជ័យ​ជា​ច្រើន​ដង យើង​បានជា​ស្ដេច​ជា​ចៅហ្វាយ​នេះ​តាំងពី​នៅ​តតាំង​ច្បាំង​គ្នា​នៅ​ស្រីសឈរ ដូច្នោះ​គួរ​យើង​យក​ក្រុង​ស្រីសឈរ​នោះ​ជាទី​ចំបាំង។ បើ​ពុំ​ឈ្នះ​នៅ​ទីនោះ​ទេ ចាំ​យើង​ទៅ​តាំង​ត​នៅ​ក្រុង​ស្រឡប់​ពិជ័យ​ព្រៃនគរ ហើយ​ត្រាស់​ផ្ដាំ​នឹង​សម្ដេចចៅហ៊្វា​កៅ​ថាឲ្យ​កេណ្ឌ​រេហ៍ពល​ឲ្យ​បាន​ច្រើន​នៅ​រក្សា​បន្ទាយ​នោះ។ សម្ដេចចៅហ៊្វា​កៅ​ក៏​ទទួល​ធ្វើ​តាម​ព្រះរាជ​បញ្ជាការ។ ឯ​សម្ដេចព្រះ​ភាគិនេយ្យ​យសរាជា​ កែវ​នាយក ព្រះ​អង្គ​ចាំ​បាត់​ពុំ​ឃើញ​ទ័ពជើងគោក​លើក​មក ព្រះ​អង្គ​ក៏​ថយ​ទ័ព​ទូក​មក​ភ្នំពេញ​វិញដើម្បី​នឹង​ស្ដាប់​ព្រះរាជា​សម្ដេចព្រះ​បិតុលារាជាធិរាជ។

ឧបាយធ្វើគត់ស្ដេចកន[កែប្រែ]

នេះ​នឹង​និយាយ​អំពី​សម្ដេចព្រះ​ស្រីជេដ្ឋា ម្ចាស់​ត្រើយ​ខាងកើតដែល​ទ្រង់​ចាត់​ឲ្យ​ចៅហ៊្វា​កៅ​នាំ​គ្រប់​គ្រួ​ទៅ ហើយ​ត្រាស់​បង្គាប់​ចៅពញា​វៀង ចៅពញា​វាំង ចៅពញា​ស្រាល ចៅពញា​លំពាំង កេណ្ឌ​កងទ័ព​មក​ឲ្យ​រក្សា​ព្រះ​នគរ​បាន​តែ​ ១០០០០ ​នាក់នោះ​នាយគយ​ខាង​ពាម​ផ្កាយ​សម្រេច​១ នាយគយ​ខាង​ខេត្ត​ព្រៃវែង​១ នាយគយ​ខាង​ពាមរ​១ ទាំង ​៣​ មេ​គយ​នេះ​យល់​កងទ័ព​ទាំង​បី​ផ្លូវ​លើក​មក​ដល់​ហើយ​ក៏​ភិតភ័យឡើង​សេះ​ចូល​ទៅ​ប្ដឹង​សេនាបតី​ឲ្យ​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​សម្ដេចព្រះ​ស្រីជេដ្ឋា សម្ដេចព្រះ​ស្រីជេដ្ឋា​ត្រាស់​ថា យើ! ពញា​ចន្ទរាជាអញ​ស្មានថាបាន​ផែនដី​តែ​ប៉ុណ្ណោះ​ក៏​នឹង​គិត​នៅ​ស្ងៀម​រក្សា​ផែនដី ដោយ​ខ្លួនឯង​ឲ្យ​រាស្ដ្រ​រកស៊ី​ឲ្យ​សុខ​សប្បាយ​ទៅ​ហើយ ឥឡូវ​រុករាន​ទន្ទ្រាន​លើក​យោធា​ទាហាន​តាម​មក​ទៀត។ ខណៈនោះ​ទ្រង់​ត្រាស់​សេនាបតី​ទាំង ​៤ ​ឲ្យ​តឿន​ពល​ឡើង​រក្សា​នាទី​ភាគ​បន្ទាយ តែ​កាល​ពិនិត្យ​រេហ៍ពល​ទៅ​ឃើញ​បាន​ចំនួន​បាន​តែ​ ១០០០០ ​នាក់ទ្រង់​យល់​ថានឹង​ទប់​រក្សា​បន្ទាយ​ព្រះរាជវាំង​នោះ​ពុំ​បាន ទើប​ទ្រង់​ត្រាស់​ឲ្យ​កៀរ​គ្រួ​លើកចោល​បន្ទាយ​បាសាន។ លុះ​ធ្វើ​ដំណើរ​មក ទ័ព​ព្រះ​ស្រីជេដ្ឋា​ក៏​មក​ជួប​ប្រទះ​នឹង​កងទ័ព​ចៅពញា​សួគ៌ាលោក​សុខ កូន​ពញា​មឿង។ ទ័ព​ទាំង​សងខាង​ក៏​បាន​ច្បាំង​គ្នា​ពី​ព្រឹក​លុះ​ថ្ងៃត្រង់ តែ​ពុំ​ទាន់​ឈ្នះ​ចាញ់។ ឧកញ៉ា​ចក្រី​ទេព​កូន​ទី​៣​របស់​ចៅពញា​មឿង និង​ចៅពញា​តេជោ ចៅហ្វាយស្រុក​ខេត្ត​សំរោងទង​បានដឹង​ថា ព្រះស្ដេច​កន​ និង​មុខមន្ដ្រី​រេហ៍ពល​រត់​ចោល​បន្ទាយ​ដូច្នោះ​ហើយ ព្រមទាំង​ឮ​សូរ​កាំភ្លើង​កំពុង​ច្បាំង​គ្នា​យ៉ាង​ខ្លាំង​ណាស់​ទៀត ក៏​តឿន​កងទ័ព​ស្រូត​តាម​ទៅ​ហើយ​បាន​ទាន់​កំពុង​ច្បាំង​គ្នា។ មេទ័ព​ខាងលិច​ទាំង​ពីរ​កង​ក៏​ដេញ​ពល​ឲ្យ​ចូល​ជួយ​ច្បាំង​ប្រកាប់​គ្នា​យ៉ាង​ សាហាវ ពល​ខ្មាំង​ស្លាប់​ជា​ច្រើន។ មេទ័ព​ត្រើយ​ខាងលិច​ព្រួត​គ្នា​ចូល​ទៅ​ប្រយុទ្ធ​នឹង​ព្រះស្ដេច​កន​ទៀត តែ​ស្ដេច​កន​ខំ​បរពល​វាយ​ទំលាយ តែ​ពុំ​រួច​ក៏​ថយ​ទ័ព និង​គ្រប់​គ្រួ​ចូល​ទៅ​ក្នុង​បន្ទាយ​ស្រីសឈរ​វិញ ហើយ​ឲ្យ​បិទទ្វារ​បន្ទាយ​ឲ្យ​រេហ៍ពល​ឡើង​រក្សា​បន្ទាយ​ជា​មាំមួន។ ឯ​ស្នា​ព្រះ​អង្គជា​ក្មួយ​ព្រះស្ដេច​កនឃុំ​ពល​ ៥០០​ នាក់​នៅ​ក្រៅ​បន្ទាយលុះ​ឃើញ​ព្រះស្ដេច​កន​ជាប់​ចំណង​ហើយនាំ​ពល​ ៥០០​ នាក់​នោះ​វាយ​ជ្រែកចូល​ទៅ​ក៏​ពុំ​បាន ទើប​ស្នា​ព្រះ​អង្គ​ជិះសេះ​បរជា​ប្រញាប់​ទៅ​ជំរាប​សម្ដេចចៅហ៊្វា​កៅ​នៅ​ បន្ទាយ​ពិជ័យ​ព្រៃនគរតាម​ហេតុ​គ្រប់​ប្រការ។ សម្ដេច​ចៅហ៊្វា​កៅលុះ​បានដឹង​ហើយក៏​និយាយ​នឹង​សម្ដេច​ចៅពញា​ហែងជា​បិតាក្មេក​ស្ដេច​កន និង​ឧកញ៉ា​ចក្រីជា​មា​ព្រះស្ដេច​កន​ ពញា​ស្នងធ្នឹម​ព្រះ​នគរ​“ជាលន់” ជា​ប្អូនថ្លៃ​ព្រះស្ដេច​កន​ថាឲ្យទៅ​ត្រួត​បន្ទាយ​ឲ្យ​មាំមួន​កុំឲ្យ​ធ្វេសប្រហែស។ កាល​មន្ដ្រី​ទាំង​ ​៣ ​នាយ​ទទួល​ពាក្យ​ហើយ សម្ដេចចៅហ៊្វា​កៅ​ក៏​ឡើង​ជិះសេះ​នាំ​ពល​ ៥០០០០​ នាក់​លើក​ស្រូត​ទៅ​ជួយ​ព្រះស្ដេច​កន។ លុះ​ឃើញ​ទ័ព​ខាងលិច​កំពុង​ចោម​បន្ទាយ​ដូច្នោះ ក៏​បរពល​វាយ​ជ្រែកចូល​ទៅ។ សម្ដេចព្រះ​ស្រីជេដ្ឋា​ព្រះស្ដេច​កន​នៅ​លើ​ក្បាល​បន្ទាយ​ឃើញ​មាន​កងទ័ព​វាយ​ចូល​មកអរ​ណាស់​ក៏​នាំ​ចៅពញា​វៀង ចៅពញា​វាំង ចៅពញា​ស្រាល ចៅពញា​លំពាំង វាយ​ជ្រែក​ចំណោម​ចេញ​ទៅ តែ​វាយ​បាន​​ ៣​ ថ្ងៃ​ហើយ​ក៏​នៅ​តែ​ចេញ​ពុំ​រួច។ ឯ​សម្ដេចព្រះ​ឧត្ដម​បរមខត្តិយាមហា​ចន្ទរាជាធិរាជ ព្រះ​អង្គ​លើកទ័ព​ចេញ​ទៅ​ដល់​ភូមិ​ស្វាយ​ឫស្សីស្រុក ហើយ​ទ្រង់​ជ្រាប​ថា មេទ័ព​ទាំង​បី​ចោម​បន្ទាយ​ព្រះស្ដេច​កន ​៣ ​ថ្ងៃ​ហើយ​ពុំ​បែកចាប់ខ្លួន​ពុំ​បានពុំ​ទាន់​ឈ្នះ​ចាញ់ ទើប​ទ្រង់​ត្រាស់​ប្រើ​សម្ដេចចៅហ៊្វាទឡ្ហៈ​ឲ្យ​លើកទ័ព​ទៅ​ជួយ​ថែម​ទៀត ហើយ​ព្រះ​អង្គ​លើកទ័ព​ទៅ​តាំង​បន្ទាយ​ឈប់​ទ័ព​នៅ​ទន្លេ​បិទខេត្ត​ត្បូងឃ្មុំ។ ស្រេច​ហើយ​ទ្រង់​ចាត់​ឧកញ៉ា​មហាមន្ដ្រី​ឲ្យ​ឃុំ​ពល ​១០០០០ ​នាក់​ឲ្យ​លើក​ទ័ព​ចេញ​ទៅ​បង្កប់​ក្នុង​ព្រៃ​រំលោង​ប្របផ្លូវ​ចង្អៀត ទ្រង់​ផ្ដាំ​ថា បើ​ឃើញ​ទ័ព​អា​ខ្មាំង​លើក​ទៅ​ជួយ ឬ​លើក​រត់​ចេញពី​បន្ទាយ​មកឲ្យ​លើកទ័ព​ទៅ​បោះ​ស្កាត់​ពីមុខ​វាចាប់​វា​ឲ្យ​បានកុំឲ្យ​អា​ខ្មាំង​រត់​រួច។ ទ្រង់​ត្រាស់​បង្គាប់​ព្រះ​សុទត្ដ​ឲ្យ​ឃុំ​ពល​កាំភ្លើង​តូច​ ២៥០ ​នាក់​ឲ្យទៅ​បង្កប់​ចាំមើលឃើញ​កងទ័ព​ខ្មាំង​ចុះចូល​ក្នុង​ផ្លូវ​រំលោង ហើយ​ទ្រង់​ផ្ដាំ​ថាឲ្យ​ព្រួត​គ្នា​បាញ់​កុំឲ្យ​អា​ខ្មាំង​រត់​រួច ទើប​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ឧកញ៉ា​មហាទេព​ឲ្យ​ឃុំ​ពល ​៤០០​ នាក់​ទៅ​ពួន​ចាំ​មើល​លើ​ភ្នំ​ពានជាំង​ថា បើ​ឃើញ​ខ្មាំងសត្រូវ​ចូល​មក​ដល់​ឲ្យ​ព្រួត​គ្នា​បាញ់​កាំភ្លើង​ធំ និង​ព្រួត​គ្នា​ប្រមៀល​ដុំ​ថ្មទំលាក់​ឲ្យ​ត្រូវ​ពួក​ខ្មាំង​ចាប់​ខ្មាំង​ឲ្យ​បាន។ មេកង​ទាំង​បី​ក៏​ថ្វាយបង្គំ​លា​ធ្វើ​តាម​ត្រាស់​បង្គាប់។ ចៅពញាតេជោ មេទ័ព​ខាងលិច​យល់​ទ័ព​ខ្មាំង​វាយ​ផ្ទប់​ទាំង​សងខាង​នឹង​ទ្រាំ​ទៅ​មុខ​មិន​បាន ទើប​ស្រែក​ឲ្យ​ពល​បើកផ្លូវ​ឲ្យ​ខ្មាំង​ចេញ​ទៅ។ ឯ​ព្រះស្ដេច​កនយល់​ឃើញ​ដូច្នោះ​ហើយ ​ក៏​នាំ​រេហ៍ពល​ចេញពី​បន្ទាយ​ទៅ​ទំលាយ​ទ័ព​ដែល​ព័ទ្ធ​ចេញ​ទៅ​បាន។ ក្នុង​គ្រានោះ មេទ័ព​ទាំង​បី​កង​ក៏​ដេញ​ពល​សត្រូវ​ចាក់​កាប់សំលាប់​ពល​ខ្មាំងសត្រូវ​អស់​ជាង ​១០០០០ ​នាក់។ ស្ដេច​កន និង​ចៅហ៊្វា​កៅខំ​បរពល​ស្រូតរូត​ឆ្លង​ទន្លេតូច​ទៅ​តាម​ផ្លូវ​មេស​ព្រះ​ចន្ទ​កាត់តំរង់​ទៅក្រុង​ពិជ័យ​ព្រៃនគរ។ ពេល​នោះ​ សម្ដេចចៅពញា​បែន មេទ័ព​ខាងលិច​លើក​ទៅ​ប្រទះ​នឹង​ទ័ព​ខាងកើត​ដែល​បែក​ខ្ចាត់ខ្ចាយ​ដូច្នោះ ក៏​បរពល​ឲ្យ​ចូល​កាប់​ចាក់​សត្រូវ​អស់​ជា​ច្រើន ហើយ​សម្ដេច​បែន​ជិះសេះ​រាំ​ដាវ​បរដេញ​ទៅ​ទាន់​សម្ដេច​ចៅហ៊្វា​កៅ។ សម្ដេចចៅហ៊្វា​កៅ​ឲ្យ​ព្រះស្ដេច​កន​បរសេះរត់ទៅ​មុន ឯ​ចៅហ៊្វា​កៅ​បែរមក​ប្រកាប់​ប្រចាក់​គ្នា​មួយ​ស្របក់ តែ​ទទួល​ជា​ពេល​នោះ សេះ​សម្ដេចចៅពញា​បែន​ស្រុត​ជើង​ក្នុង​អន្លង់ សម្ដេច​បែន​ក៏​ធ្លាក់​អាវុធ​ពី​ដៃ ដូច្នេះ​សម្ដេចចៅហ៊្វា​កៅ​យល់​បានការ​ហើយ ក៏​ពួយ​មួយ​លំពែង​ទៅ​ត្រូវ​សម្ដេច​ពញា​បែន​ធ្លាក់​ពី​សេះ​ស្លាប់​មួយ​រំពេច។ ឯ​មេទ័ព​ខាងលិច​ទាំង​បី​កង​លើក​ទៅ​ដល់​ក៏​បរពល​ចូល​ច្បាំង។ សម្ដេច​ចៅហ៊្វា​កៅ​ឃើញ​ទ័ព​ខាងលិច​ច្រើន​លើសលប់​កំលាំង​ក៏​បរសេះ​រត់ទៅ​តាម​ព្រះស្ដេច​កនកំពុង​រត់​ក្នុង​ផ្លូវ​រំលោង លុះ​ឃើញ​សម្ដេចចៅហ៊្វា​កៅ​មក​ដល់​ហើយ​ក៏​នាំ​ស្រូត​ទៅ។ រំពេច​នោះ​ឧកញ៉ា​មហាមន្ដ្រី យល់​ទ័ព​ខ្មាំង​នៅ​ក្នុង​រំលោង ហើយ​ក៏​បរពល​ស្កាត់​ស្ទាក់​ពីមុខ​ភ្លាម។ ទ័ព​ខ្មាំង​នឹង​វាយទំលាយ​ទៅ​ក៏​ពុំ​រួចនឹង​ងាកឆ្វេង​ស្ដាំ​ក៏​ពុំ​បាន ព្រោះ​ទើស​ច្រាំង​ខ្ពស់​ណាស់ និង​ថយក្រោយ​ក៏​ពុំ​បាន​ឡើយ ហើយ​កងទ័ព​ពីក្រោយ​ក៏​ដេញ​មក​ដែរ។ ឃុន​ហ្លួង​ព្រះស្ដេច​កន​ភ័យ​ណាស់ ទើប​ប្រឹក្សា​នឹង​សម្ដេចចៅហ៊្វា​កៅ​ថា យើង​ម្ដងនេះ​នឹង​រត់ទៅ​ខាង​ណា​ក៏​ពុំ​បាន ព្រោះ​សងខាង​មាន​ច្រាំង​ខណ្ឌ​ខាង​មុខ​មាន​គេ​បោះ​ស្កាត់ខាងក្រោយ​ទ័ព​គេ​ដេញ​នឹង​ជ្រែក​ទៅ​ខាង​ណា​ក៏​ពុំ​រួច​ដែរ យើង​មុខជា​ស្លាប់​នៅ​ទី​នេះ​ពុំខាន។ និយាយ​រួច​ហើយ​ហើយ​ស្ដេច​កន​ ក៏​ក្រាប​យំ​លើ​ខ្នង​សេះ។ សម្ដេច​កៅ​យល់​ដូច្នោះ​ហើយ ក៏​ចាប់ដៃ​ទាញ​ឡើង​ហើយ​ថាបើ​មា​ស្លាប់សុំ​ក្មួយ​ស្លាប់​តាម។ បើ​មា​មាន​ជីវិត​រស់​ទេ ក្មួយ​នឹង​ភ័យ​ខ្លាច វា​ថ្វី​ថា​ហើយ​ចៅហ៊្វា​កៅ​ក៏​បោល​សេះទំលាយ​ចេញ​ទៅ។ ឯ​ព្រះ​សុទត្តយល់​ទ័ព​ខ្មាំង​ជាប់​ចំណោម​ហើយ​ក៏​បរពល​កាំភ្លើង ​២៥០ ​នាក់​ទៅ​ឈរ​បាញ់​ពី​មាត់ច្រាំង​ត្រូវ​ពល​ខ្មាំង​ស្លាប់​ជា​ច្រើន​ណាស់។ សម្ដេច​កៅ​យល់​ដូច្នោះ​ហើយ​ក៏​ស្រែក​ប្រកាស​ថា បើ​យើង​មិន​ខំប្រឹង​គង់​នឹង​ស្លាប់​គ្រាប់​កាំភ្លើង​គេ​ទាំងអស់​ជា​មិន​ខាន យើង​ស៊ូ​ចូល​ទៅ​ប្រកាប់ បើ​ស្លាប់​នឹង​ប្រយុទ្ធ​គេ​យើង​ក៏​មាន​កេរ្តិ៍​ឈ្មោះ​ដែរ បើ​រស់​យើង​ក៏​រស់​បាន​រួច​ទៅ​ដល់​បន្ទាយ​ជួប​ប្រពន្ធ​កូន​ជា​មិន​ខាន។ ឯ​អស់​ពួក​ខ្មាំង​ស្ដាប់​ឮ​អស់​ហើយ​ក៏​ចូល​ចិត្ដ​ពួតដៃគ្នាចូល​វាយ​ទំលាយ​ទ័ព​មុខ​ត្រាតែ​រួច​ចេញ​មក​នៅ​សល់​តែ​មនុស្ស ​៥០០០​ នាក់ក្រៅពី​នោះ​ស្លាប់​អស់។ កងទ័ព​ទាំងនោះ​ក៏​ខំ​ស្រូត​រូត​រត់ទៅ​ដល់​ច្រក​ចង្អៀត​ផ្លូវ​ភ្នំ​ពានជាំងអស់កំលាំង​ណាស់​ក៏​នាំ​គ្នា​ឈប់​ដាំបាយ​ស៊ី។ ឧកញ៉ា​មហាទេព​ឃើញ​ហើយ​ក៏​ប្រមៀល​ដុំ​ថ្ម​បាញ់​កាំភ្លើង​ ធ្នូ ស្នាត្រូវ​ពួក​ស្ដេច​កន​ស្លាប់​ជា​ច្រើន​នាក់​ទៀត។ ព្រះស្ដេច​កន និង​ចៅហ៊្វា​កៅព្រមទាំង​ពល​ទាហាន ​៥០០០​ នាក់នាំ​គ្នារត់ទៅ​ទៀត។ ឧកញ៉ា​មហាទេព​ដេញ​តាម​ទៅ​ឃើញ​ច្រក​ចង្អៀត​ណាស់ ក្រែង​ចាញ់​កលឧបាយ​សត្រូវក៏​វាយ​ស្គរ​ហៅ​ពល​ថយ​មក​ជួប​នឹង​កងទ័ព​ទាំង​ ៥ ​កង​វិញ​ហើយ​នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​សម្ដេច​បរមខត្តិយាមហា​ចន្ទរាជា​សូម​ទ្រង់ជ្រាប​គ្រប់​ប្រការ។ សម្ដេចព្រះ​បរមខត្តិយាមហា​ចន្ទរាជា ទ្រង់​ត្រាស់​ថា៖ សម្ដេចចៅពញា​បែន​ស្លាប់ចាប់​ខ្មាំង​មិន​បាន ហើយ​ទ្រង់​ស្ដាយ​ណាស់ ទ្រង់មាន​ព្រះ​បន្ទូល​ថា ចៅពញា​បែន​មិន​គួរ​ជា​ស្លាប់​ក្នុង​ដៃ​អា​ខ្មាំង​ឡើយ។ ទ្រង់​ព្រះ​ពិរោធ​នឹង​ពួក​អា​ខ្មាំង​ណាស់ ទើប​ទ្រង់​ត្រាស់​ឲ្យ​ឧកញ៉ា​យមរាជ​សួសឃុំ​ពល ​២០០០០ ​នាក់ទៅ​វាយ​បន្ទាយ​ពិជ័យ​នគរ ឧកញ៉ា​វាំងឃុំ​ពល​ ២០០០០​ នាក់ទៅ​វាយ​ទិស​ខាងលិច​ ឲ្យ​សម្ដេចព្រះ​ភាគិយ្យា​យសរាជាជា​ កែវ​នាយក មេទ័ព​ធំ​ត្រួតត្រា​លើ​មេទ័ព​ទាំងអស់។ មេទ័ព​ទាំង​បី​កង​ក៏​លើក​ពល​ចោម​បន្ទាយ​តាម​ត្រាស់​បង្គាប់​រៀងៗ​ខ្លួន​ពុំ​មាន​ធ្វេសប្រហែស​ឡើយ។ (សាស្ដ្រា​ទាំង​ប៉ុន្មាន​និយាយ​ថា ព្រះ​បរម​ខិត្ដិយាមហា​ចន្ទរាជា​ឲ្យ​លើកទ័ព​ទៅ​ប្រាំ​កង តែ​រាប់​ឈ្មោះ​មេទ័ពឃើញ​តែ​បី​កង)។ សម្ដេចចៅហ៊្វា​កៅ ​ដែល​នាំ​ព្រះ​ស្រីជេដ្ឋា​ព្រះស្ដេច​កន​រត់​ទៅ​នោះ​លុះរត់ទៅ​ដល់​បន្ទាយ​ហើយ ក៏​រួបរួម​នឹង​សម្ដេចចៅពញា​ហែង ចៅពញា​ចក្រី និង​ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរ​ជាលន់ និង ចៅពញា​វាំង ចៅពញា​ស្រាល ចៅពញា​លំពាំងតាំង​ឲ្យ​ត្រួតត្រា​រក្សា​ពុំ​ហ៊ាន​ធ្វេសប្រហែស​ទាំង​យប់​ទាំង​ថ្ងៃ។ មេទ័ព​ទាំង​បី​កង​ខាង​ព្រះ​បរមខត្តិយាមហា​ចន្ទរាជា លុះ​លើក​ទៅ​ដល់​បង្គាប់​ពល​ឲ្យ​ឡើង​ក្បាល​បន្ទាយ​ខាង​សត្រូវអត់​មាន​បង្អែបង្អង់​ឡើយ។ ពួក​ពល​ខ្មាំង​ក៏​ពួយ​នឹង​លំពែងបាញ់​នឹង​កាំភ្លើង ប្រមៀល​ដុំ​ថ្មទំលាក់​មក​ត្រូវ​អស់​រេហ៍ពល​មេទ័ព​ខាងលិចបណ្ដាល​ឲ្យ​ស្លុត​ស្លាប់​អស់​ជា​ច្រើន។ មេទ័ព​ខាងលិច​យល់​ថា ទ្រាំ​ពុំ​បាន​ហើយ​ក៏​វាយ​ស្គរ​បរពល​ថយ​មក​វិញ មេទ័ព​ខាងលិច​ព្យាយាម​បរពល​ឲ្យ​ចូល​ចោម​បន្ទាយ​ព្រះស្ដេច​កន​ឥត​មាន​ឈប់​ឈរ តែ​ឡើង​បន្ទាយ​នោះ​ពុំ​បានត្បិត​បន្ទាយ​នោះ​ធំ​ហើយ​ខ្ពស់​ណាស់។ ក្នុង​ខណៈនោះ ចូល​ក្នុង​ឆ្នាំមមី ចត្វា​ស័ក ព.ស​ ២០៦៦, គ.ស ​១៥២២, ម.ស ​១៤៤៤, ច.ស ​៨៨៤ ខែជេស្ឋ ដែល​គួរ​ទុក​ឱកាស​ឲ្យ​រាស្ដ្រ​ធ្វើស្រែ​ចំការ​ច្បារ​ដំណាំ ទើប​សម្ដេចព្រះ​ស្រីជេដ្ឋា ម្ចាស់ផែនដី​គ្រប់គ្រង​ពិជ័យ​នគរមាន​ព្រះរាជសារ​ចាត់​ឲ្យ​ចៅពញា​មន្ដ្រី​ជា​រាជទូត​នាំ​ទៅ​ថ្វាយ​ព្រះ​បរម​ខត្តិយាមហា​បពិត្រ​ជា​អម្ចាស់ជីវិតលើត្បូង​ផែនដី​ត្រើយ​ខាងលិច ដែល​មាន​សេចក្ដី​ថា៖ ព្រះរាជសារ​មហា​ទ័ព​វិសេស ​ព្រះបាទ​សម្ដេច ស្ដេច​ព្រះរាជ​ឱង្ការ ​ព្រះ​ស្រីជេដ្ឋា បរមខត្តិយាមហា​ធិបតី​សិរី​យសោធរ គ្រង​ពិជ័យ​នគរ​បវរ​រាជធានី​ជា​អម្ចាស់​លើ​ត្បូង។ ចំរើន​ផ្លូវ​ព្រះរាជ​មេត្រី​មក​ព្រះបាទ​សម្ដេចព្រះ​រាជឱង្ការ​ ព្រះ​មហា​ចន្ទរាជា​រាមាធិបតី​ទិស​ខាងលិច​បាន​ទ្រង់​ជ្រាប។ យើង​ធ្វើ​មហា​ពិជ័យសង្គ្រាម​នឹង​គ្នា​ជា​អង្វែង​ឆ្នាំ​មក​ហើយ អស់​អាណា​ប្រជានុរាស្ដ្រ ទាសកម្មករ បវរ​រាជធានី ក៏​នឿយ​ព្រួយ​ព្រាត់ប្រាស់​បុត្រ​ភរិយា​ជា​ច្រើន។ ឥឡូវនេះ​រដូវ​ដែល​ត្រូវ​ឲ្យ​រាស្ដ្រ​ធ្វើស្រែ​ក៏​មក​ដល់​ហើយ។ យើង​ជា​ម្ចាស់ផែនដី​ទិស​ខាងកើត​យល់​ថា គួរ​ឈប់​ធ្វើសង្គ្រាម​មួយ​វេលា បង្អង់​ឲ្យ​រាស្ដ្រ​ធ្វើស្រែ​ចំការ​សិន លុះ​រាស្ដ្រ​ធ្វើ​រួច​កាលណា​សុំ​យើង​ធ្វើសង្គ្រាម​ល្បង​ព្រះ​បារមី​តទៅ​ទៀត។ ព្រះ​អង្គ​ជា​អម្ចាស់​ទិស​ខាងលិច​យល់​ដូច​ម្ដេច? ថាបើ​យល់ព្រម​ហើយ ឲ្យ​រំសាយ​កងទ័ព​ទៅ​ធ្វើស្រែ​ចំការ​យក​ប្រយោជន៍​ចិញ្ចឹម​បុត្រ​ភរិយា​តាម​ប្រវេណី​ចុះ។ ព្រះបាទ​សម្ដេចព្រះ​បរមខត្តិយា​មហា​ចន្ទរាជាធិរាជជា​អម្ចាស់​លើ​ត្បូង ទ្រង់​ព្រះ​សណ្ដាប់​ហើយ ទ្រង់​ត្រាស់ និង​ព្រះ​រាជទូត​ថា ម្ចាស់​ឯង​គិត​នេះ​ក៏​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​ហើយ។ សេចក្ដី​នេះ​អញ​យល់ព្រម​តាម​ហើយ តែ​ឲ្យ​ម្ចាស់​ឯង​រំលាយ​កងទ័ព​ទៅ​ជា​មុន​ចុះចាំ​អញ​រំសាយ​កងទ័ព​ទៅ​តាម​ក្រោយ។ វេលា​នោះ ចៅពញា​មន្ដ្រី​រាជទូត​ក៏​ថ្វាយបង្គំ​ត្រឡប់​ទៅ​ក្រាបទូល​សម្ដេចព្រះ​ស្រីជេដ្ឋា​វិញ។ សម្ដេចព្រះ​ស្រីជេដ្ឋាគឺ​ព្រះស្ដេច​កន បាន​ទ្រង់​ជ្រាប​ហើយ​ក៏​ឲ្យ​រំសាយកងទ័ព​ទៅ​ធ្វើស្រែ​ចំការតាម​ភូមិ​លំនៅ​ទីទៃៗ។ ឯ​សម្ដេចព្រះ​បរម​ឧត្ដម​ខត្តិយា​ចន្ទរាជា​ទ្រង់​ជ្រាប​ដោយ​កង​ល្បាត​ថា ព្រះស្ដេច​កន​រំសាយ​កងទ័ព​ហើយ ព្រះ​អង្គ​ក៏​រំសាយ​កងទ័ព​ដែរ ទ្រង់​ទុក​នៅ​សំរាប់​តែ​បន្ទាយប្រមាណ​ ១០០០ ​នាក់។ ក្នុង​ថ្ងៃមួយ​នោះ សម្ដេចព្រះ​ស្រីជេដ្ឋា ព្រះ​ហត្ថា​ម្ខាង​កៅទណ្ឌ ព្រះ​ហត្ថា​ម្ខាង​ទ្រង់​នូវ​ធ្នូ ​២៥ ស្ដេច​នាំ​អ្នក​ព្រះ​ម្នាង​ជាលែង និង​ព្រះ​ស្នំ​ក្រមការយាង​ព្រះបាទា​តាម​ផ្លូវថ្នល់​ទៅ​ថ្វាយបង្គំ​ព្រះអរហន្ដ​ធាតុ​នៅ​វត្ដ​ព្រះ​ធាតុ​តាម​សព្វដង។ ព្រះរាជកិច្ច​នោះ​ដឹង​ដល់​ឧកញ៉ា​យមរាជ​សួសជា​មេទ័ព​ហ្លួង​ខាងលិច ទើប​មេទ័ព​នេះ​ក៏​ចាត់​កងទ័ព​កាំភ្លើង​តូច​ ១០០ ​នាក់​ឲ្យទៅ​បង្កប់​ចាំ​ក្នុងព្រៃ​ដើម្បី​លប​លុក​ព្រះស្ដេច​កន។ លុះ​ព្រះ​ស្រីជេដ្ឋា​ទៅ​ដល់​ទាហាន​កាំភ្លើង​ដែល​ឧកញ៉ា​យមរាជ​សួស​ចាត់​ទៅ​នោះក៏​បាញ់​ត្រូវ​ដាច់​ព្រះ​ពស្ដ្រ​សម្ដេចព្រះ​ស្រីជេដ្ឋា​ ៥ ​គ្រាប់។ សម្ដេចព្រះ​ស្រីជេដ្ឋា​ទ្រង់​ព្រះ​ពិរោធ​ណាស់ ទ្រង់​ទាញ​កៅទណ្ឌ​បាញ់​ទៅ​វិញបាញ់​ម្ដង​ចេញ​ទៅ​ ៥ ​ព្រួញបាញ់ ​៥ ​ដង​ត្រូវជា​ ២៥​ ព្រួញបណ្ដាល​ឲ្យ​ស្លាប់​ពល​ឧកញ៉ា​យមរាជ​សួស​ ២៥​ នាក់ ទ័ព​សល់​ពី​នោះ​មិន​ហ៊ាន​តទៅ​ទៀត ក៏​បែក​រត់ទៅ​ប្ដឹង​ឧកញ៉ា​សួស​វិញតាម​ដំណើរ​គ្រប់​ប្រការ។ ខណៈនោះ​សម្ដេចព្រះ​ស្រីជេដ្ឋា​ក៏​នាំ​ព្រះ​ស្នំ​ក្រមការ​ត្រឡប់​ទៅ​បន្ទាយ​ពិជ័យ​ព្រៃនគរ​វិញ ហើយ​ទ្រង់​ឲ្យ​តែង​ព្រះរាជសារ ហើយ​ចាត់​ឧកញ៉ា​មហាមន្ដ្រី​ទេព​ឲ្យ​អញ្ជើញ​ព្រះរាជសារ​នោះ​ទៅ​ថ្វាយ​ព្រះ​បរមខត្តិយា​មហា​ចន្ទរាជា​សូម​ទ្រង់ជ្រាប។ រាជទូត​ក៏​ក្រាបថ្វាយបង្គំ​លា​អញ្ជើញ​ព្រះរាជសារ​ទៅ​ដល់​សេនាបតី សេនាបតី​នាំ​ចូល​ទៅ​ថ្វាយ​ព្រះ​បរមបពិត្រ។ ព្រះ​បរមបពិត្រ​ស្ដេច​ទ្រង់​អាល័ក្ស​ថ្លែង​សេចក្ដី​តាម​ព្រះរាជសារ​ថា យើង​ជា​ម្ចាស់ផែនដី​ទិស​ខាងកើត​មាន​ព្រះរាជសារ​សុំ​ឲ្យ​បញ្ឈប់​សង្គ្រាម​ដើម្បី​រាស្ដ្រ​ធ្វើស្រែ ម្ចាស់ផែនដី​ខាងលិច​ក៏​ព្រម​ហើយ។ ឥឡូវនេះ​ហេតុ​អ្វី​ម្ចាស់ផែនដី​ទិស​ខាងលិច​ដែល​ធ្វើ​ជា​ព្រះមហាក្សត្រ​ធំ ហើយ​ស្ដេច​មក​ស្រដី​គ្មាន​ពាក្យ​សត្យៈ​សោះគឺថា​ឲ្យ​ពល​ទាហាន​ទៅ​លប​បាញ់​យើង ធ្វើ​ដូច​ទ័ព​ចោរ​ប្លន់​ដូច្នេះ? ព្រះបាទ​ព្រះ​បរមបពិត្រ​ខត្តិយាមហា​ចន្ទរាជា ទ្រង់​ពិរោធ​នឹង​កងទ័ព​ដែល​ទៅ​លួច​បាញ់​នោះ​ពន់ប្រមាណ។ ទ្រង់​ត្រាស់​ឲ្យ​សួរ​រកមុខ​ទៅ​ឃើញ​ថា ឧកញ៉ា​យមរាជ​សួស​ឲ្យ​កងទ័ព​ទៅ​លប​បាញ់ ទើប​សេនា​ទាហាន​ក្រុម​រក្សាព្រះអង្គ​ចាប់​យក​ឧកញ៉ា​យមរាជ​សួស​ទៅសំលាប់​ភ្លាម។ ឧកញ៉ា​យមរាជ​ស្លាប់ ហើយ​គ្មាន​នរណា​ហ៊ាន​កប់​សោះលុះ​ខ្មោច​យមរាជ​ហើម​ស្អុយ ទ្រង់​ជ្រាប​ហើយ​ក៏​ត្រាស់​បង្គាប់​ប្រោស​អនុញ្ញាត​ឲ្យ​ញាតិសន្ដាន​យក​ខ្មោច​នោះ​ទៅ​ធ្វើបុណ្យ រួច​ត្រាស់​បង្គាប់​ឲ្យ​បញ្ជូន​កងទ័ព​ដែល​នៅ​សេសសល់​ ៧៥ ​នាក់​នោះ​ជា​ពល​រក្សា​ផ្នូរខ្មោច​ឧកញ៉ា​យមរាជ ហេតុនេះ​ហើយ​បាន​ជា​ជាប់​មាន​ពល​សំរាប់​ងារ​យមរាជ​នោះ​រៀង​មក។ ឯ​ទី​ដែល​ឧកញ៉ា​យមរាជ​ស្លាប់​ហើម​នោះ អ្នកស្រុក​ហៅ​ថា ភូមិ​យមរាជ​ហើម តែ​យូរៗ​មក​ក៏​ហៅ​ភូមិ​ហើម​រៀង​មក​ទល់​សព្វ​ថ្ងៃនេះ។ ឯ​ព្រះបាទ​សម្ដេចព្រះ​បរមខត្តិយាមហា​ចន្ទរាជា គ្រា​ដែល​ឈប់​សង្គ្រាម​នោះ ព្រះ​អង្គ​តាំង​បន្ទាយ​នៅ​ភូមិ​ក្ដុល មាន​រេហ៍ពល​សំរាប់​ការពារ​បន្ទាយ​ ១០០០០​ នាក់ ហើយ​ព្រះ​អង្គ​ទុក​តែ​សម្ដេចព្រះ​ភាគិនេយ្យ​យស​រាជា​កែវ​នាយក​ និង​សេនា​ទាហាន ​៤០០០ ​នាក់​ឲ្យ​នៅ​រក្សា​បន្ទាយ។ ឯ​ព្រះ​អង្គ​ និង​រេហ៍ពល ​៦០០០​ នាក់យាង​ត្រឡប់​ទៅ​ខេត្ត​ពោធិ៍សាត់​វិញ ហើយ​ព្រះ​អង្គ​ឲ្យឈ្មោះ​បន្ទាយ​ដែល​ព្រះ​អង្គ​គង់​នោះ​ហៅ​ថា បន្ទាយ​ជ័យ វិញ។

អវសានជីវិត[កែប្រែ]

និយាយ​អំពី​សម្ដេច​ស្រីជេដ្ឋា ព្រះ​អង្គ​គ្រង​ពិជ័យ​ព្រៃនគរ​នោះ​វិញ លុះដល់​ខែ​មិគសិរ បុស្ស ហើយ​ទ្រង់​គិត​ថា ទ្រង់​នឹង​ធ្វើ​សង្គ្រាម​យកជ័យ​ជំនះ​លើ​សម្ដេចចៅពញា​ចន្ទរាជា​ក្នុង​គ្រានេះឲ្យ​ខាង​តែ​បាន ទើប​ទ្រង់​ត្រាស់​បង្គាប់​ចៅហ៊្វា​កៅ សម្ដេចចៅពញា​ហែង ចៅពញា​ស្នង​ធ្នឹម​ព្រះ​នគរ ចៅពញា​វៀង ចៅពញា​វាំង ចៅពញា​ស្រាល និង​ចៅពញា​លំពាំង​ជា​សេនាបតី​ឲ្យ​កេណ្ឌ​រេហ៍ពល​បាន ​១៥០០០​ នាក់​មក​សម​ហាត់​ឲ្យ​ស្ទាត់ ហើយនឹង​យក​ទៅ​វាយ​បន្ទាយ​ក្ដុល​វិញ។ បើ​មាន​ជ័យ​ជំនះ​ហើយ ទ្រង់​នឹង​លើក​រហូត​ដល់​បន្ទាយ​មានជ័យ (ពោធិ៍សាត់) សំរេចផែនដី​ក្នុង​ឆ្នាំ​នេះ​ឲ្យ​បាន។ សេនាបតី​ទាំង​ប្រាំមួយ​នាក់ ក៏​ថ្វាយបង្គំ​លា​ចេញ​ទៅ​ចាត់​សំបុត្រ​ឲ្យ​កេណ្ឌ​មក​គ្រប់គ្រាន់​តាម​ព្រះ​បន្ទូល​ពិសេស។ សេចក្ដី​ដែល​កេណ្ឌ​រេហ៍ពល​មក​សមហាត់​នេះ​ឮ​សូរសព្ទ​ទៅ​ដល់​សម្ដេចព្រះ​ភាគិនេយ្យ​យសរាជា​ជា​កែវ​នាយក​ទើប​ទ្រង់​ត្រាស់​ប្រឹក្សា​នឹង​ឧកញ៉ា​ចក្រី​ទេព ឧកញ៉ា​សួគ៌ាលោក​សុខ កូន​ពញា​មឿង និង​សម្ដេចចៅពញា​កែវ ចៅពញា​ឧទ័យធិរាជ ចៅពញា​តេជោ​នោះអស់​នាយ​កងទ័ព​ថា ពល​គេ​ដល់​ទៅ​១៥០០០០ ​នាក់ ​ពល​យើង​មាន​តែ ​៤០០០​ នាក់ដូច្នោះ​នឹង​គិត​ដូច​ម្ដេច​កើត។ វេលា​នោះ​ ឧកញ៉ា​ចក្រី​កែវ ចៅពញា​សួគ៌ាលោក​សុខ កូន​ពញា​មឿង​យក​សេចក្ដី​ក្រាប​ទូល​ពល​យើង​សម្ដេចព្រះ​បរមបពិត្រ​ជា​អម្ចាស់​ ទ្រង់​ឲ្យ​បន្ថយ​អស់​ទៅ​ហើយ បើ​យើង​នឹង​ទៅ​កេណ្ឌ​ថែម​ទៀត ក្រែង​ពុំ​ទាន់ តែ​កាល​បិតា​ទូលព្រះបង្គំ​លោត​អន្លង់​សំលាប់​ខ្លួន​ទៅ​កេណ្ឌ​ទ័ព​បិសាច​ឲ្យ​ជួយ​ធ្វើការ​នោះ បាន​ផ្ដាំ​ទុក​នឹង​ចៅពញា​ចន្ទ មេ​ស្មឹង​ជាភឿន​ថា បើ​ម្ចាស់ផែនដី​មាន​សេចក្ដី​ទ័ល​ធុរៈ​ដូច​ម្ដេច កុំឲ្យ​ស្ដេច​មាន​បន្ទូល​ផ្ទាល់​ថាឲ្យ​មេ​ស្មឹង​និយាយ​ឆ្លង​ព្រះ​បន្ទូល លោក​នឹង​កេណ្ឌ​ទ័ព​បិសាច​មក​ជួយ​ឲ្យ​បានសំរេច។ ឥឡូវ​ការណ៍​យើង​ក៏​ប្រទាល​ខ្លួន​ណាស់​ហើយ គួរ​យើង​ធ្វើ​តាម​បណ្ដាំ​នោះ​ល្បងមើល សម្ដេចព្រះ​ភាគិនេយ្យ​យសរាជា​ជា​កែវ​នាយក​ទ្រង់​ជ្រាប​ហើយ ទ្រង់​ត្រាស់​ឲ្យ​ចៅពញា​ចន្ទ មេ​ស្មឹង ចូល​មក​ត្រាស់​ប្រាប់​ដូន​កូន​ពញា​មឿង​ពីរ​នាក់​យក​សេចក្ដី​ក្រាប​បង្គំ​ទូល។ ខណៈនោះ ពញា​ចន្ទ ​មេ​ស្មឹងទទួល​ព្រះ​បន្ទូល​ពិសេស​ហើយ​ក៏​ឲ្យធ្វើ​រោង​រាជវ័តិ និង​ឆត្រ គ្រឿង​សក្ការៈបូជា ស្លៀក​ស​ស្រេច​ហើយ ក៏​ចូល​ទៅ​ក្នុង​រោង​រាជពិធី​ឧទ្ទិស​ដល់​ខ្មោច​ពញា​មឿង​ថាសុំ​ឲ្យ​ពញា​ជួយ​ឲ្យ​បាន​សំរេច​ដូច​ជួយ​ការណ៍​ក្នុង​ខេត្ត​ពោធិ៍សាត់។ ក្នុង​គ្រានោះ​បិសាច​ពញា​មឿង​ចូល​សណ្ឋិត​នឹង​មេ​ស្មឹង ហើយ​ប្រាប់​កូន​ទាំង​ពីរ​ថាឲ្យ​យក​ចំបើង​ចង​ជា​រូប​មនុស្ស​ឲ្យ​កាន់​ប្រឆេះ​ឲ្យ​ពួក​ពល​ចេះ​តែ​តាំង​ហ៊ោបាញ់​កាំភ្លើង​ពី​ចំងាយ​ទៅ​សុំ​យើង​កេណ្ឌ​ទ័ព​បិសាច​ទៅ​ជួយ​ឲ្យ​សំរេច។ វេលា​នោះ​កូន​ពញា​មឿង​ទាំង​ពីរ​នាក់ លុះដល់​ពេល​យប់​ហើយឲ្យ​រេហ៍ពល​យក​ចំបើង​ចង​ជា​រូប​មនុស្សរួច​ចង​ប្រឆេះ​នៅ​រូប​ចំបើង​នោះយក​ទៅ​ដាក់​នៅ​ក្បាល​ត្រោក​ជុំវិញ​បន្ទាយ​ព្រះស្ដេច​កន។ ឯ​បិសាច​ពញា​មឿង​ក៏​កេណ្ឌ​ឲ្យ​តាំង​ហ៊ោ​បីដូច​គេ​ប្លន់​យក​បន្ទាយ។ ទ័ព​ស្ដេច​កន​ឮ​ហើយ ក៏​តាំង​តែ​បាញ់កាំភ្លើង ធ្នូ ស្នាចោល​ដុំ​ថ្ម​ពី​ក្នុង​បន្ទាយ​មក​ជា​ច្រើន​រាត្រី។ សម្ដេចចៅហ៊្វា​កៅ​ធ្វើ​តែ​ដូច្នោះ ​១៥ ​រាត្រី។ កងទ័ព​ក្នុង​បន្ទាយ​បាញ់​អស់​ព្រួញ ធ្នូ ស្នា នឹង​ជិត​អស់ទាំង​គ្រាប់រំសេវលុះដល់​យប់​គំរប់ ​១៥ ​នោះស្រាប់តែ​ឮ​តាំង​ហ៊ោ​ទូងស្គរ​ក្រោម​ដី និង​លើ​អាកាស​ដូច​រន្ទះ កក្រើក​ទាំង​ព្រះធរណី ធូលី​ក៏​បក់​បោក​ចូល​ភ្នែក។ អស់​សេនា​ទាហាន​ទ្រាំ​ពុំ​បាន​ក៏​បើកទ្វារ​បន្ទាយ​ខាងកើត ហើយរត់ទៅ​ទិស​អាគ្នេយ៍​ប៉ង​ទៅ​ខេត្ត​រោងដំរី​ដើម្បី​ទៅ​ពឹង​ប្រទេស​ចាម​ឲ្យ​ជួយ។ កងទ័ព​បិសាច​បណ្ដាល​អាត្មា​ឲ្យ​ឃើញកងទ័ព​ឈរ​តាំង​ហ៊ោ​តាម​ផ្លូវថ្នល់​ដល់​ទៅ​ខេត្ត​រោងដំរី​នោះ។ ឯ​ព្រះស្ដេច​កន សម្ដេចចៅហ៊្វា​កៅ ចក្រី និង​ស្នង​ធ្នឹម​ព្រះ​នគរជាលន់នាំ​អ្នក​ម្នាង​ជាលែងរត់​ចេញ​តាម​ទ្វារ​ប៉ម​ទិសឦសានដើម្បី​ទៅ​ទិស​ខាងជើង​កាត់​ស្រុក​លាវ។ លុះ​ទៅ​ដល់​ព្រៃ​មួយអន្លើ​ឲ្យ​បោះទ័ព​បង្អង់​នៅ​ទីនោះ យូរ​ទៅ​ជាប់​ឈ្មោះ​បង្អង់​យារៗ​មក ហៅ​ហូរ​ជើង​វាំង។ ទីនោះ​ជា​ព្រៃ​គគីរ​មាន​ដើម​គគីរ​ជា​ច្រើន ព្រះស្ដេច​កន​ឃើញ​ដើម​គគីរ​មួយ​ធំ​ក្រៃ​លែងឲ្យ​បាំង​ស្រមោល​វាស់​ល​មើលឃើញ​ ២៤ ​ព្យាម សំណុំ​ ៩​ ព្យាម ទើប​ព្រះស្ដេច​កន​ប្រឹក្សា​នឹង​អស់​មន្ដ្រី​នាយកង​ទ័ព​ថា ចៅពញា​ចន្ទរាជា​មាន​ទូក​សារាយអណ្ដែត​វែង​តែ​ ១៨ ​ព្យាម ទើប​ព្រះស្ដេច​កន​នឹង​អស់​មន្ដ្រី​នាយកង​ទ័ព​ថា ចៅពញា​ចន្ទរាជា​មាន​ទូក​សារាយអណ្ដែត​វែង​តែ​ ១៨​ ព្យាម។ ដូច្នោះ​គួរ​យើង​ឲ្យ​កាប់​ដើម​គគីរ​ធ្វើ​ទូក​ឲ្យ​បានជា​ស្រេច ហើយនឹង​ឲ្យ​រាជសារ​ទៅ​បបួល​ចៅពញា​ចន្ទរាជា​អុំ​ភ្នាល់​ដាក់​ព្រះ​នគរ។ បើ​មិន​ភ្នាល់ យើង​នឹង​ឲ្យ​រេហ៍ពល​តាំង​ហ៊ោ​ចំអកចំអន់​ឲ្យ​ឈឺចិត្ដ។ បើ​ហ៊ាន​អុំ​ភ្នាល់ទូក​យើង​វែង​ជាង​ដល់​ទៅ​ ៧ ​ព្យាម​នោះគង់​មាន​ជ័យជំនះ​ដោយ​ងាយ​បាន។ គិត​ព្រមព្រៀង​គ្នា​ហើយ ស្ដេច​កន​ក៏​ឲ្យ​រេហ៍ពល​កាប់​ដើម​គគីរ​នោះ​ចាំង​លុង​បានជា​ទូក-ង​មួយ​វែង ​២៥​ ព្យាម ទទឹង ​១២​ ហត្ថទើប​ឲ្យ​ឈ្មោះ​ព្រៃ​គគីរ​នោះ​ហៅ​ថា ព្រៃ​គគីរ​រៀង​មក។ ឯ​ទូក​ដែល​កាប់​បាន​នោះ​សិត​ពុំ​ទាន់​រួច ហើយ​ស្ដេច​កន​ឲ្យ​អូស​យក​ទៅ​ធ្វើ​នៅ​ឯ​បន្ទាយ​សង់រោង និង​សិត​ទូក​នោះ ហើយ​ឲ្យ​សាង​ព្រះចេតិយ​មួយ​គិត​នឹង​យក​បន្ទាយ​សាង​ថ្មី​នេះ​ជា​មហានគរ។ កំពុង​តែ​សាង​ព្រះ​ចេតិយ​ធ្វើ​បន្ទាយ នឹង​សិត​ទូក​នោះ កងទ័ព​បិសាច​ក៏​តាម​ទៅ​សំដែង​ឫទ្ធិ​តាំង​ហ៊ោ​ឮ​សូរសព្ទ​ដូច​ជា​ស្គរ​រន្ទះ​ទាំង​ផែន​ប្រឹថពី។ ស្ដេច​កន ចៅហ៊្វា​កៅ និង​អស់​នាយ​កងទ័ព​មើល​មិនឃើញច្បាំង​ពុំ​កើត ឃើញ​ប្លែក​អស្ចារ្យ​ណាស់ទ្រាំ​ពុំ​បាន​ក៏​នាំ​គ្នា​រត់​ពី​ទីនោះ​ទៅ​ទៀត។ ស្ដេច​កន សម្ដេច​កៅ សម្ដេចចៅពញា​ហែង​រត់​បែក​គ្នា​ទៅ​ចុង​ម្ខាង ឯ​អ្នក​ម្នាង​ជាលែង និង​ចក្រី​នីរត់​បែកផ្លូវ​ទៅ​ទិស​ខាងត្បូង​ទៅ​ដល់​ភូមិ​គោក​ស្រុក ហើយ​ទី​ដែល​បែកផ្លូវ​នោះជាប់​ហៅ​ភូមិ​នាង​ឃ្វាងផ្លូវ​យារៗ​មក​ហៅ​ថា​ភូមិ​ស៊ាងឃ្វាង។ ក្រោយមក​អ្នក​ម្នាង​ជាលែង​រត់ទៅ​ទៀតចូល​ព្រៃ​លេច​វាល​គិត​ថា ក្រែង​ស្ដេច​កន​តាម​រក​ខ្លួន​ពុំ​ឃើញ​ក៏​កាត់សក់​ចង​នឹង​មែកឈើ​នោះ​ប្រាថ្នាឲ្យ​ស្ដេច​កន​ឃើញ​ហើយ​តាម​រក​បាន​ជា​ជាប់​ហៅ​វាល​ចង​សក់​ដល់​សព្វ​ថ្ងៃនេះ។ ត​មក​ទៀត​នាង​ដើរ​ហួស​ទៅ​ទៀត​ត្រូវ​ថ្ងៃ​ក្ដៅ​ណាស់ ខណៈ​នោះ​មាន​សត្វ​ខ្លែង​មួយ​ហ្វូងចំកាង​ស្លាប ហើរ​បាំង​ពីលើ​មិន​ឲ្យ​ក្ដៅ លុះ​មាន​គេ​ទៅ​នៅ​ភូមិ​នោះ​ក៏​ជាប់​ឈ្មោះ​ហៅ​ថា ភូមិ​បង្ហើរខ្លែង។ នាង​ដើរ​ហួស​ទៅ​ទៀត ឃើញ​ត្រពាំង​មួយ​ទឹកថ្លា​ល្អ នាង​ក៏​ចូល​ទៅ​កក់​ក្បាល​នៅ​ទីនោះ លុះ​មាន​គេ​ទៅ​នៅ​ភូមិ​បាន​ជាប់​ឈ្មោះ​ហៅ​ថា ភូមិ​ស្រែ​កក់​រៀង​មក។ នាង​ដើរទៅ​ទៀត​មាន​អូរ​មួយ​នឹង​ដើរ​ឆ្លង​មិន​រួច​នាង​បន់​ដល់​អ្នកតា​បង់បត់សុំ​ឲ្យ​មាន​ទូក​ឆ្លង ពេល​នោះ​អ្នកតា​បង់បត់​តំណែង​ជា​ក្រពើ​មួយ​ឲ្យ​នាង​ដើរ​ជាន់​ឆ្លង​ទៅក្រពើ​នោះ​ប្រែ​ក្លាយទៅជា​ក្រពើ​ថ្ម​រហូត​ដល់​សព្វ​ថ្ងៃនេះ គេ​ហៅ​ថា​ភូមិភាគ​ក្រពើ​រៀង​មក។ នាង​ដើរ​ហួស​ទៅ​ទៀត​រោយ​ជើង​ដើរ​ពុំ​រួចអស់​កងទ័ព​សុំ​ពរ​នាង​នៅ​ទួល​នោះ សព្វ​ថ្ងៃនេះ​ជាប់​ហៅ​ថា​ ទួល​សុំ​ពរ។ លុះ​ដើរទៅ​ទៀត នាង​សួស​ជា​មាតា​នាង​ជាលែង រោយ​ជើង​ដើរ​មិន​រួច ចៅពញា​ចក្រី​នីឲ្យ​យក​សំពត់​ធ្វើ​អង្រឹង ហើយ​យក​ដង​ផ្គាក់​ធ្វើ​ស្នែង​ សព្វថ្ងៃ​នេះ​ជាប់​ឈ្មោះ​ហៅ​ថា ព្រែក​ដង​ផ្គាក់។ តពី​នេះទៅ​ទៀត​ដល់​វាល​មួយ​អន្លើ ធ្លាក់​ខ្នើយ​នាង​សួស​ពី​អង្រឹងបានជា​ជាប់​ឈ្មោះ​ហៅ​ថា វាល​ជ្រុះ​ខ្នើយ។ លុះ​ទៅ​ដល់​អូរ​មួយ​អន្លើ ចោល​ស្នែង​ដែល​សែង​នាង​សួស​នោះ​ទៅ​ក្នុង​អូរ​នោះ​សព្វថ្ងៃ​គេ​ហៅ​ថា អូរ​ចោល​ស្នែង។ ក្នុង​ស្រុក​ត្បូងឃ្មុំ​នោះ​មាន​ឧម្មង្គ​ពីរ (ដូច​ដែល​យើង​បាន​ពណ៌នា​រួច​មក​ហើយ​ក្នុង​ដើម​នេះ) អ្នកស្រុក​សន្មត​ហៅ​ថា ឧម្មង្គ​ព្រះ​មហោសថឧម្មង្គ​តូច​នោះ​មាន​ទំហំ​ ​ហត្ថ​បួន​ជ្រុង ឧម្មង្គធំ​នោះ មាន​ទំហំ​ ១៣ ​ហត្ថ​បួន​ជ្រុង។ ទឹក​ដែល​ហូរ​លើ​ឧម្មង្គនោះធ្លាក់​ទៅ​លើ​ព្រែក​ឆ្លូង​ឆ្ពោះ​ត្រង់​ទៅ​ស្រុក​យួន។ លុះ​ពេល​សែង​នាង​ទៅ​ដល់ឧម្មង្គ​នោះ​សំរាកមួយសន្ទុះ នាង​ទៅ​ពួន​ក្នុង​ហោង​តូច សព្វ​ថ្ងៃនេះ​គេ​ហៅ ឧម្មង្គ​តូច​នោះ​ថា ហោង​ពល​សែង។ លុះ​ឃើញ​ថា​ស្ងប់ស្ងាត់​គ្មាន​កងទ័ព​លើក​តាម​ទេ នាង​នាំ​បក្សពួក​ទៅ​ដល់​ហោងឧម្មង្គ​ធំ​នោះ នាង​សួស​ទាំង​កូន និង​ម្ដាយ​ចូល​ទៅ​ពួន​ក្នុងឧម្មង្គ​នោះ សព្វថ្ងៃ​គេ​ហៅ​ថា ហោង​ពួន។ ពួក​នេះ​ហួស​ទៅ​ខាងកើត​បាន​ជួបជុំ​ព្រះស្ដេច​កន សម្ដេច​កៅ។ ស្ដេច​កន​ជំនុំ​គ្នា​នឹង​ធ្វើ​បន្ទាយ​ទៀត តែ​ធ្វើ​មិន​កើត លុះ​មាន​គេ​ទៅ​នៅ​ភូមិ​នោះ​ជាប់​ឈ្មោះ​ថា​ភូមិ​ស្រែ​បន្ទាយ។ រត់​ពី​នោះ​ទៅ​ទៀត​ដល់​វាល​មួយ​វែង​បណ្ដោយ​ទៅ​ខាងកើត ក្រោយមក​មាន​គេ​ទៅ​នៅ​ស្រែ សព្វ​ថ្ងៃនេះ​ជាប់​ហៅ​ឈ្មោះ​ភូមិ​ស្រែ​វែង។ រត់​ទៅ​ទៀត​ច្រឡំ​ផ្លូវ​លោជា​គេច​ទៅ​ឦសាន​ព្រៃ​ដែល​មក។ ក្រោយមក​មាន​គេ​ទៅ​នៅ​សព្វ​ថ្ងៃនេះ​ហៅ​ថា ភូមិ​រលា ​រៀង​មក។ បក្សពួក​ស្ដេច​កន​នាំ​គ្នារត់ទៅ​ទិស​ខាងកើត​ទៀត​ជួបនឹង​ស្វា​ស​មួយ ​ស្វា​នោះ ​ក៏​បេះ​ផល្លានុផល​ទំលាក់​មក​ឲ្យ​ក្រោយមក​គេ​ទៅ​រានភូមិ​នៅ​សព្វ​ថ្ងៃនេះ​ជាប់​ជាភូមិ​ស្វា​ស។ រត់​ទៅ​ឯកើត​ទៅ​ទៀត ដល់ចំការពោត​មួយអន្លើ ម្ចាស់​ចំការ​ឈ្មោះ​ថៅកែ យក​ពោត​មក​ថ្វាយ​ស្ដេច​កន ហើយ​ស្ដេច​កន​ឲ្យ​ពរ​ថាឲ្យ​រកស៊ី​កើត​កាល​វាលគុម្ព។ លុះ​ក្រោយមក​មាន​គេ​ទៅ​នៅ​គេ​ហៅ​ថា ភូមិ​ជីកែ ​រៀង​មក។ រត់​ទៅ​ទិស​ខាងកើត​ស្ដេច​នឹង​នាង​អស់កំលាំង​ណាស់ អស់​ពួក​ពល​ឃើញ​ថ្ម​មួយ​ដុំ​ចាំង​ធ្វើ​ជា​គ្រែ បណ្ដោយ​ ៦​ ហត្ថ កំពស់ ​១​ ហត្ថ ទទឹង ​៣ ​ហត្ថ​ថ្វាយ​ស្ដេចផ្ទុំ​លុះ​ក្រោយមក​មាន​គេ​ទៅ​រាន ភូមិ​នៅ​គេ​ហៅ​ ភូមិ​ថ្ម​គ្រែ។ ឯ​សម្ដេចចៅហ៊្វា​កៅ ចៅពញា​ចក្រី​នី ចៅពញា​វៀង ចៅពញា​វាំង​ ៤​ នាយ​នេះ​កាល​ភ័យ​ពេក​ក៏​រត់​បែក​គ្នា ចូល​ទៅ​ខេត្ត​បាភ្នំ មឿងរមាសហែក​មាន​ស្ម័គ្របក្សពួក​ ២០០​ នាក់។ វេលា​នោះ​កងទ័ព​នាយ​ទាំង​ ៤ ​បាន​ប្រទះ​នឹង​ចៅពញា​សួគ៌ាលោក​សុខ កូន​ពញា​មឿង កងទ័ព​ទៅ​ដេញរត់ទៅ​ទៀត។ ឯ​ស្ដេច​កន​ឃ្លានបាយ​ណាស់ ក៏​ឈប់​ឲ្យ​ដាំបាយ តែ​ដាំ​ពុំ​ទាន់​ឆ្អិន ទ័ព​គេ​ទៅ​ដល់​ក៏​រត់​ទៅ​ចោល​បាយ​នៅ​ទីនោះ​ទាំង​បាយ​ឆៅ​ផង។ លុះ​កងទ័ព​ចៅពញា​សួគ៌ាលោក​ទៅ​ដល់​ក៏​យក​បាយ​ឆៅ​នោះ​ស៊ី ក្រោយមក​ទៀត​មាន​គេ​ទៅ​រានភូមិ​នៅ​គេ ហៅ​ ភូមិ​បាយ​ឆៅ​រៀង​មក។ ឯនាយ​កងទ័ព​ខ្មាំង​ទាំង ​៤​ នាក់​ឃើញ​ត្រឡាច​ផ្លែ​ក្នុង​ព្រៃ​ក៏​បបួល​គ្នា​បេះ។ កំពុង​តែ​បេះ​នោះ​ទ័ព​គេ​ទៅ​ដល់​ចាក់​កាប់សំលាប់ចៅពញា​វៀង ចៅពញា​វាំង ហើយ​ទ័ព​ដែល​នៅ​សល់​ក៏​បែក​រត់​ទៅ​ទៀត។ ក្រោយ​ដែល​បេះ​ត្រឡាច​នោះ​មក​មាន​គេ​ទៅ​នៅ​ក៏​ជាប់​ហៅ​ថា​ ភូមិ​ត្រឡាច ​រៀង​មក។ ឯ​សម្ដេចចៅហ៊្វា​កៅ និង​ចក្រី​នី នាំ​ស្ម័គ្របក្សពួក​រត់ទៅ​ដល់​ព្រៃ​មួយ​អន្លើ​មានទឹក​ត្រពាំង​ល្មម​ពេល​ដាំ​បាយ​ស្ល​ស៊ី​ក៏​ឈប់​កាប់​ត្រី​ធ្វើ​ម្ហូប។ លុះ​កងទ័ព​គេ​ទៅ​ដល់​សម្ដេចចៅហ៊្វា​កៅ ចៅពញា​ចក្រី​នី ប្រថុយ​ជីវិត​ចូល​មក​តដៃ​ក៏​កំពប់​ត្រី​ពី​ចាន​បានជា​ជាប់​ហៅ​ថា ភូមិ​ចាន​ត្រី​រៀង​មក។ ឯ​ចៅហ៊្វា​កៅ ចក្រី​នី​នាំ​ស្ម័គ្រ​បក្សពួក​រត់ទៅ​ទៀត ចៅពញា​សួគ៌ាលោក​ក៏​ដេញ​តាម​ទៅ​បន្ដិច ចៅពញា​តេជោ​លើកទ័ព​ទៅ​ដល់​ក៏​ចូល​ប្រកាប់​គ្នា ចក្រី​នី​នឹង​ចៅពញា​សួគ៌ាលោក សម្ដេច​កៅ​ត​នឹង​ចៅពញា​តេជោ អ្នក​ទាំងនោះ​ស្ទាត់​ក្នុង​ការ​កាន់​អាវុធ​ចិត្ដមុត​ដូច​គ្នា។ ប្រយុទ្ធ​គ្នា​ពី​ថ្ងៃត្រង់​ដល់​រសៀល បិសាច​ពញា​មឿង​បណ្ដាល​ឲ្យ​ចៅហ៊្វា​កៅ ចក្រី​នី ឮ​សូរដូច​គេ​ស្រែក​សន្ធាប់​នាំ​ឲ្យ​ធ្លាក់​អាវុធ​ពី​ដៃ។ ខណៈនោះ​ចៅពញា​សួគ៌ាលោក ចៅពញា​តេជោ​សំលាប់​បាន ហើយ​កាត់​ក្បាល​នាំ​មក​ថ្វាយ​សម្ដេចព្រះ​ភាគិនេយ្យ​យសរាជា​ជា​កែវ​នាយក​ ទ្រង់​ព្រះ​អំណរ​ណាស់ ទ្រង់​ប្រោស​រង្វាន់​តាម​សមគួរ។

ឯកសារយោង[កែប្រែ]

  • ឯកសារមហាបុរសខ្មែរ
យសស័ក្ដិខ្មែរ
មុនដោយ
ចៅហ្វាទឡ្ហៈកែវ (រាជ្យស្រីសុរិយោពណ៌ទី២)
សម្ដេចចៅហ្វាទឡ្ហៈនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
គ.ស ១៥១៤-១៥២៩
តដោយ
ចៅហ្វាទឡ្ហៈជៃ