តថាគត

ពីវិគីភីឌា
ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

ពាក្យថាតថាគត(Tathāgata) គឺ​ជា​ព្រះនាម​វិសេស​នៃ​ព្រះ​សព្វញ្ញូពុទ្ធ​គ្រប់​ព្រះអង្គ​(ព្រះតថាគត)។ ពាក្យ​នេះ​ក៏​អាច​ប្រើ​ជា​សព្វនាម​ផ្ទាល់​ព្រះអង្គ ដើម្បី​ជំនួស​ពាក្យ​ថា "ខ្ញុំ" "អញ" ក៏​បាន។
ពាក្យ​ថា តថាគត មាន​អត្ថន័យ​ ៨ យ៉ាង គឺ

  • ព្រោះស្តេច​មក​យ៉ាងនោះ
  • ព្រោះស្តេច​ទៅ​យ៉ាង​នោះ
  • ព្រោះ​ស្តេចមកកាន់លក្ខណៈដែលពិត
  • ព្រោះស្តេច​ត្រាស់ដឹង​ធម៌​ដែល​ពិតប្រាកដ តាមសេចក្តីពិត
  • ព្រោះ​ទ្រង់​ឃើញ​អារម្មណ៍​ដែល​ពិត
  • ព្រោះ​ទ្រង់​មានព្រះវាចាដែលពិត
  • ព្រោះ​ទ្រង់​ធ្វើខ្លួនឯង និង​អោយ​អ្នកដទៃ​ធ្វើ
  • ព្រោះ​ទ្រង់​គ្របសង្កត់

ព្រោះស្តេច​មក​យ៉ាងនោះ[កែប្រែ]

ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​ខ្វល់​ខ្វាយ​ដើម្បី​ប្រយោជន៍​ សេចក្តី​ចម្រើន​ដល់​លោក​ទាំង​ពួង។ ទ្រង់​បាន​បំពេញ​ទានបារមី សីលបារមី នេក្ខម្មបារមី បញ្ញាបារមី វីរិយបារមី ខន្តីបារមី សច្ចបារមី អធិដ្ឋានបារមី មេត្តាបារមី និង​ឧបេក្ខាបារមី ដែល​ក្នុង​នោះ​មាន បារមី​១០ ឧបបារមី​១០ និង​បរមត្ថ​បារមី​១០ ទ្រង់​បរិច្ចាគ​មហាបរិច្ចាគ​៥​ប្រការ គឺ បរិច្ចាគ​អវយវៈ បរិច្ចាគ​ទ្រព្យ បរិច្ចាគ​កូន បរិច្ចាគ​ប្រពន្ធ បរិច្ចាគ​ជីវិត។ ទ្រង់​បំពេញ​បុព្វ​ប្រយោគ បុព្វចរិយា ការ​សម្តែង​ធម៌ និង​ញាតត្ថចរិយា ទ្រង់​ដល់​ទីបំផុត​នៃ​ពុទ្ធ​ចរិយា ស្តេច​មក​ហើយ​យ៉ាង​នោះ។ ម្យ៉ាង​ទៀត ទ្រង់​ចម្រើន​ សតិប្បដ្ឋាន​៤ សម្មប្បធាន​៤ ឥទ្ធិបាទ​៤ ឥន្ទ្រិយ​៥ ពលៈ​៥ ពោជ្ឈង្គៈ​៧ អរិយមគ្គមាន​អង្គ​៨ ស្តេច​មក​ហើយ​យ៉ាង​នេះ។

ព្រោះស្តេច​ទៅ​យ៉ាង​នោះ[កែប្រែ]

កាល​ព្រះ​អង្គ​ប្រសូត្រ ក្នុង​មួយ​រំពេច​នោះ ក៏​ស្តេចទៅ គឺ​ប្រថាប់​ឈរ​លើ​ប្រថពី​ដោយ​ព្រះ​យុគលបាទ​ដ៏​រាប​ស្មើ បែរ​ព្រះ​ភ័ក្ត្រទៅ​ទិស​ឧត្តរ ស្តេច​ទៅ ដោយ​ព្រះ​បាទ​៧​ជំហាន រួច​បន្លឺ​នូវ​អាសភិវាចាថា "យើង​ជា​បុគ្គល​ខ្ពង់​ខ្ពស់​ក្នុង​លោក យើង​ជា​បុគ្គល​ធំ​បំផុត​ក្នុង​លោក យើង​ជា​បុគ្គល​ប្រសើរ​បំផុត​ក្នុង​លោក នេះ​ជា​កំណើត​ចុង​ក្រោយរបស់​យើង ភព​ថ្មី​មិន​មាន​តទៅ​ទៀត​ឡើយ​"។ ការ​យ៉ាង​ទៅ​យ៉ាង​នោះ ក៏​បាន​ជា​អាការ​ដែល​ពិត មិន​ប្រែប្រួល ដោយ​ភាព​ជា​បុព្វនិមិត្ត​នៃ​ការ​សម្រេច​គុណ​វិសេស​ច្រើន​ប្រការ។ ម្យ៉ាង​ទៀត ទ្រង់​លះ​កាមច្ឆន្ទៈ​ដោយ​នេក្ខម្មៈ ស្តេច​ទៅ​ហើយ ទ្រង់​លះព្យាបាទ​ដោយ​ការ​មិន​ព្យាបាទ លះ​ថីនមិទ្ធៈ ដោយ​អាលោកសញ្ញា ទ្រង់​លះ​ឧទ្ធច្ចកុក្កុច្ចៈ​ដោយ​ការ​មិន​រាយ​មាយ លះ​វិចិកិច្ឆា​ដោយ​ការ​កំណត់​ធម៌ ស្តេច​ទៅ​ហើយ ទ្រង់​ទម្លាយ​អវិជ្ជា​ដោយ​ព្រះ​ប្រាជ្ញា​ញាណ ទ្រង់​បន្ទោរបង់​អរតិ​ដោយ​បាមោជ្ជៈ ទ្រង់​បើក​ទ្វារ គឺ​នីវរណៈ​ដោយ​បឋមជ្ឈាន ទ្រង់​ញុំាង​វិតក្កៈ និង​វិចារ​អោយ​ស្ងប់​ដោយ​ទុតិយជ្ឈាន ទ្រង់​នឿយ​ណាយ​បីតិ​ដោយ​តតិយជ្ឈាន ទ្រង់​លះ​សុខ និង​ទុក្ខ​ដោយ​ចតុត្ថជ្ឈាន ទ្រង់​ឈាន​កន្លង​រូប​សញ្ញា បដិឃ​សញ្ញា និង​នានត្តសញ្ញា​ដោយ​អាកាសានញ្ចយតនសមាបត្តិ ទ្រង់​ឈាន​កន្លង​អាកាសានញ្ចយតនសញ្ញា ដោយ​វិញ្ញាណញ្ចាយតនសមាបត្តិ ទ្រង់​ឈាន​កន្លង​វិញ្ញាណញ្ចា​យតន​សញ្ញា ដោយ​អាកិញ្ចញ្ញាយតនសមាបត្តិ ទ្រង់​ឈាន​កន្លង​អាកិញ្ចញ្ញាយតនសញ្ញា ដោយ​នេវសញ្ញានាសញ្ញា​សមាបត្តិ ស្តេច​ទៅហើយ ទ្រង់​លះ​និច្ចសញ្ញា ដោយ​អនិច្ចានុបស្សនា លះ​សុខសញ្ញា ដោយ​ទុក្ខានុបស្សនា លះ​អត្តសញ្ញា​ដោយ​អនត្តានុបស្សនា លះ​ការ​ភ្លើត​ភ្លើន​ដោយ​និព្វិទានុបស្សនា លះ​តម្រេក​ដោយ​វិរាគានុបស្សនា លះ​សមុទ័យ​ដោយ​និរោធោ​នុបស្សនា...ទ្រង់​កាច់​បំបាក់​កិលេស​ដែល​តាំង​នៅ​រួម​នឹង​ទិដ្ឋិ ដោយ​សោតាបត្តិមគ្គ លះកិលេស​គ្រោតគ្រាត ដោយ​សកទាគាមិមគ្គ លះ​កិលេស​យ៉ាង​ល្អិត​ដោយ​អនាគាមិមគ្គ ទ្រង់​កាត់​កិលេស​ទាំង​អស់​បាន​ដោយ​អរហត្តមគ្គ ស្តេច​ទៅហើយ​។ ព្រះ​អង្គ​មាន​ព្រះ​នាម​ថា តថាគត ព្រោះ​ស្តេច​ទៅ​យ៉ាង​នេះ។

។ ព្រោះ​ស្តេចមកកាន់លក្ខណៈដែលពិត[កែប្រែ]

ព្រះ​មាន​ព្រះ​ភាគ​ស្តេច​មក​កាន់​លក្ខណៈ​ដែល​ពិត ដោយ​ព្រះ​ញាណ​គតិ​ គឺ ទ្រង់​សម្រេច​ គឺ​សម្រេច​ដោយ​លំដាប់​មិន​ភ្លាំង​ភ្លាត់។ ព្រះ​អង្គ​ដឹង​ពី​លក្ខណៈ​ពិត​​មិន​ប្រែប្រួល ដូច​ជា បឋវី​ធាតុ មាន​ភាព​រឹង​ជា​លក្ខណៈ អាបោធាតុ មាន​ការ​ហូរ​សើម​ជា​លក្ខណៈ តេជោធាតុ​មាន​ភាព​ក្តៅ​ជា​លក្ខណៈ វាយោធាតុ មាន​ភាព​តឹង​ញ័រ​ជា​លក្ខណៈ អាការធាតុ​មាន​ការ​ដឹង​អារម្មណ៍​ជា​លក្ខណៈ រូប​មាន​បែក​ធ្លាយ​ជា​លក្ខណៈ វេទនា​មាន​ការ​សោយ​អារម្មណ៍​ជា​លក្ខណៈ សញ្ញា​មាន​ការ​ចាំ​អារម្មណ៍​ជា​លក្ខណៈ ផស្សៈ​មាន​ការ​ប៉ះ​ខ្ទប់​អារម្មណ៍​ជា​លក្ខណៈ ជាដើម។

ព្រោះស្តេច​ត្រាស់ដឹង​ធម៌​ដែល​ពិតប្រាកដ[កែប្រែ]

ព្រះអង្គ​ ទ្រង់​ត្រាស់​ដឹង​នូវ​ធម៌​ដែល​ជា​សេចក្តី​ពិត មិន​ប្រែ​ប្រួល ដូច​ជា​អរិយសច្ច៤ ដែល​ជា​ធម៌​ពិត មិន​អាច​ក្លាយ​ទៅ​ជា​យ៉ាង​ដទៃ​ឡើយ។ ម្យ៉ាង​ទៀត ជរា និង​មរណៈ ដែល​កើត​ពី​ជាតិ​ជា​បច្ច័យ មាន​សេចក្តី​ថា ប្រាដក ជា​សេចក្តី​ដែល​ពិត មិន​ប្រែប្រួល។ល។ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ដឹង​ធម៌​ដែល​ពិត​នោះ​ទាំង​អស់ ព្រោះ​ហេតុ​នោះ​ទើប​ទ្រង់​បាន​ព្រះ​នាម​ថា តថាគត

ព្រោះ​ទ្រង់​ឃើញ​អារម្មណ៍​ដែល​ពិត[កែប្រែ]

ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ឃើញ​ដោយ​ប្រការ​ទាំង​ពួង នូវ​អារម្មណ៍​ទាំង​ឡាយ ដូចជា នូវ​អារម្មណ៍​ដែល​ឈ្មោះ​ថា រូបារម្មណ៍ ដែល​មក​ប្រាកដ​តាម​ចក្ខុ​ទ្វារ​របស់​ពួក​សត្វ​ព្រម​ទាំង​ទេវតា និង​មនុស្ស​ក្នុង​លោក គឺ​របស់​សត្វ​ទាំង​ឡាយ​ដែល​រក​ប្រមាណ​មិន​បាន ទ្រង់​ចែក​ដោយ​អំណាច​ឥដ្ឋារម្មណ៍ និង​អនិដ្ឋារម្មណ៍​ជា​ដើម ទ្រង់​ឃើញ​ច្បាស់​នូវ​រូប ជា​រូប​ដែល​ប៉ះ​ខ្ទប់​បាន ជា​រូប​ពណ៌​ខៀវដូច្នេះ រមែង​ជា​អារម្មណ៍​ដែល​ពិត​ប្រាកដ​តែ​ម្យ៉ាង មិន​មាន​ប្រែប្រួល​ឡើយ។

ព្រោះ​ទ្រង់​មានព្រះវាចាដែលពិត[កែប្រែ]

តាំង​ពី​ព្រះ​មាន​ព្រះ​ភាគ​ប្រថាប់​លើ​អបរាជិតបល្ល័ង្គ​ត្រង់​ពោធិ​មណ្ឌល​ស្ថាន ទ្រង់​ញាំ​ញី​មារ​ទាំង​៣ ហើយ​ត្រាស់​ដឹង​ព្រះ​អនុត្តរសម្មាសម្ពោធិញ្ញាណ រហូត​ដល់​ពេល​ដែល​ព្រះ​អង្គ​បរិនិព្វាន​ដោយ​អនុបាទិសេសនិព្វានធាតុ គឺ​ក្នុង​កាល​ប្រមាណ​៤​៥​ព្រះ​វស្សា ព្រះ​វាចារ​ណា​ដែល​ព្រះ​អង្គ​ត្រាស់​ទុក​ហើយ ទាំង​ក្នុង​បឋមពោធិកាល ទាំង​ក្នុង​មជ្ឈិម​ពោធិកាល ទំាង​ក្នុង​បច្ឆិម​ពោធិកាល គឺ​សុត្តៈ គេយ្យៈ។ល។ ព្រះ​វាចារ​ទាំង​អស់​នោះ ដែល​នរណា​ៗ តិះដៀល​មិន​បាន មិន​ខ្វះ មិន​លើស ដោយ​អត្ថៈ និង​ដោយ​ព្យញ្ជនៈ បរិបូរណ៍​ដោយ​អាការ​ទាំង​ពួង បន្ទោរ​បង់​សេចក្តី​ស្រវឹង គឺ​រាគៈ ទោសៈ មោហៈ ក្នុង​ព្រះ​​វាចារ​នោះ មិន​មាន​សេចក្តី​ភ្លាំង​ភ្លាត់​សូម្បី​ត្រឹម​តែ​ប៉ុន​ចុង​រោម​ទ្រាយ ព្រះ​វាចារ​ទាំង​អស់​នោះ​រមែង​ពិត​តែ​ម្យ៉ាង មិន​ប្រែប្រួល​ក្លាយ​ជា​យ៉ាង​ដទៃ​ឡើយ។

ព្រោះ​ទ្រង់​ធ្វើខ្លួនឯង និង​អោយ​អ្នកដទៃ​ធ្វើ[កែប្រែ]

ព្រះ​មាន​ព្រះ​ភាគ ទ្រង់​មាន​ព្រះ​វរកាយ​ត្រង់នឹង​វាចារ មាន​ព្រះ​វាចារ​ត្រង់​នឹង​ព្រះ​វរកាយ គឺ​ទ្រង់​មាន​ព្រះ​វាចារ​យ៉ាង​ណា ទ្រង់​ធ្វើ​យ៉ាង​នោះ ទ្រង់​ធ្វើ​យ៉ាង​ណា ក៏​ទ្រង់​មាន​ព្រះ​វាចារ​យ៉ាង​នោះ ហេតុ​នោះ​ទើប​បាន​ព្រះ​នាម​ថា តថាគត

ព្រោះ​ទ្រង់​គ្របសង្កត់[កែប្រែ]

ព្រះ​អង្គ​ទ្រង់​គ្រប​សង្កត់​សព្ទសត្វ ខាង​លើ​ដល់​ភវគ្គព្រហ្ម ខាង​ក្រោម​ដល់​អវិចី​​ជា​ទី​បំផុត ខាង​ទទឹង​ក្នុង​លោក​ធាតុ​ដែលរក​ប្រមាណ​មិន​បាន ដោយ​សីល​ខ្លះ ដោយ​សមាធិ​ខ្លះ ដោយ​បញ្ញា​ខ្លះ ដោយ​វិមុត្តិ​ខ្លះ ដោយ​វិមុត្តិញ្ញាណ​ទស្សនៈ​ខ្លះ ការ​នឹង​ថ្លឹង ឬ​ប្រមាណ​ព្រះ​អង្គ​មិន​មាន​ទេ ព្រះ​អង្គ​ជា​អ្នក​មិន​មាន​អ្នក​ណា​ប្រៀប​ផ្ទឹម​បាន ទ្រង់​ជា​បុគ្គល​កំពូល ជា​ព្រះ​រាជា​ដែល​ព្រះ​រាជា​ទ្រង់​បូជា ជា​ទេព​របស់​ទេព ជា​សក្កៈ​ក្រៃលែង​ជាង​សក្កៈ​ទាំង​ឡាយ ជា​ព្រហ្ម​ក្រៃ​លែង​ជាង​ព្រហ្ម​ទាំង​ឡាយ ទ្រង់​គ្រប​សង្កត់​អ្នក​មាន​វាទៈ​ផ្ទុយ​គ្នា​ទាំង​អស់ ចំពោះ​លោក​ព្រម​ទាំងទេវតា ដូច​គ្រូ​ពេទ្យ​អ្នក​មាន​អានុភាព​ច្រើន គ្រប​សង្កត់​ពស់​ទាំង​ឡាយ​ដោយ​ទិព្ធ​ឱសថ​ដូច្នោះ។ ទ្រង់​មាន​ព្រះ​មាន​ថា តថាគត ព្រោះ​ហេតុ​ថា ទ្រង់​មាន​ព្រះ​ឱសថ គឺ​ទេសនា​វិលាស និង​បុណ្យ​ពិសេស ដែល​ពិត មិន​វិបរិត ដោយ​ការ​គ្រប​សង្កត់​លោក​ទាំង​ពួង​ដូច្នេះ។ ព្រះ​អង្គត្រាស់​ដឹង​នូវធម្មជាតិ​​ទាំង​ឡាយ​ក្នុង​លោក​ទាំង​ពួង។

យោង[កែប្រែ]

អដ្ឋកថា សុមង្គលវិលាសិនី (ព.ស.​ ២៥៥៣)