ទីអង្គុយជាផ្លូវការ (ព្រះសង្ឃ)

ពីវិគីភីឌា

[១] ក្នុងពិធីនីមួយ​ៗ ដែល​ជា​ព្រះរាជ​ពិធី​ក្ដី ជា​ពិធី​នៃរដ្ឋាភិបាល​ក្ដី មិន​ថា​ពិធី​ធំ ឬ តូច​ឡើយ នោះ​បណ្ដារព្រះសង្ឃដែលមានសមណសក្ដិជាទិរាជគណៈ និងឋានុក្រមនាម៉ឺនសព្វមុខមន្ត្រីធំ-តូច ត្រូវមានទីអង្គុយតាមយសសក្ដិ ។

ចំណែកសមណសក្ដិ ព្រះសង្ឃត្រូវគង់តាមលំដាប់សក្ដិ ដែលព្រះមហាក្សត្រតាំងប្រគេន នោះតាមរបៀបតពីព្រះសង្ឃនាយកមក ត្រូវព្រះរាជាគណៈ ទី១ ទី២ ទី៣ ទី៤ ព្រះគ្រូ បាឡាត់ សមុហ៍ បៃដីកា ។

សមណសក្ដិនេះ មានផ្លិតសម្រាប់សំគាល់ឋានៈ ។ ចុះបើព្រះរាជាគណៈ ទី១ ទី២ ទី៣ ... ។ល។ មកជួបគ្នានោះ ត្រូវគង់តាមចំនួនវស្សាចាស់ខ្ចីនៃយសសក្ដិ មិនមែនរាប់យកតាមចំនួនវស្សាផ្នួសទេ ឬ ចំនួនឆ្នាំជន្មាយុទេ ។

បើជាក្រៅពីផ្លូវការវិញ ទៅទីប្រជុំជនក្នុងភូមិ ឬ តាមគេហដ្ឋាន ឧបាសក ឧបាសិកានោះ យើងគប្បីចូលចិត្តឲ្យបានថា គណសង្ឃដែលយើងមិននិមន្តលោកមកនោះ លោកគង់តាមលំដាប់វស្សាចាស់ខ្ចី មិនមែនគិតតាមព្រះជន្មលោកទេ គឺតាមបញ្ញត្តិក្នុងវិន័យដែលព្រះពុទ្ធអង្គទ្រង់ត្រាស់បញ្ញត្តិទុកមក ។

មិនតែប៉ុណ្ណោះទេ យើងត្រូវរៀបសេនាសនៈថ្វាយព្រះសង្ឃឲ្យខ្ពស់ជាងគ្រហស្ថដរាប គឺថាយ៉ាងទាបណាស់ត្រឹមកន្ទេលពីរជាន់ ឬ កន្ទេល១ជាន់ ព្រំចៀម១ជាន់ ។ យើងជាគ្រហស្ថត្រឹមកន្ទេល១ជាន់បានហើយ ។

ឯកសារយោង[កែប្រែ]

  1. ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ