ធនាគារអេស៊ីលីដា
| ACLEDA Bank Plc. | |
![]() |
ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលបានបង្កើតឡើង តាមប្រព័ន្ធច្បាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានការិយាល័យចំនួន ២៣៦ គ្របដណ្តប់គ្រប់ខេត្ត និងរាជធានី ទូទាំងព្រះរាជាណាចក្រកម្ពុជា និងចំនួន ២៣ ការិយាល័យ ទៀតនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ អេស៊ីលីដា មានទ្រព្យសកម្មសរុបជាង ១.៧៥២ លានដុល្លារអាមេរិក ប្រាក់បញ្ញើ-សន្សំជាង ១.៣២៣ លានដុល្លារអាមេរិក និងសមតុល្យឥណទានសរុបជាង ១.១៣៤ លានដុល្លារអាមេរិក ។
មាតិកា |
សេចក្តីសង្ខេប[កែប្រែ]
ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលបានបង្កើតឡើង តាមប្រព័ន្ធច្បាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ។ ធនាគារ អេស៊ីលីដា បានចាប់បដិសន្ឋិឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទាន ។
នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០០ ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារឯកទេស ពីធនាគារជាតិនៃកម្ពុជា ។ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា ដែលធ្វើឲ្យធនាគារ អេស៊ីលីដា មានលទ្ធភាពបំពេញទៅតាមតម្រូវការរបស់អតិថិជននូវសេវាធនាគារបានទូទៅ និងទូលំទូលាយថែមទៀត ហើយក៏បានប្តូរឈ្មោះជាផ្លូវការមកជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។
ធនាគារអេស៊ីលីដា គឺជាធនាគារដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការផ្តល់ចំណាត់ថ្នាក់ដោយស្ថាប័នផ្តល់ចំណាត់ថ្នាក់ធនាគារអន្តរជាតិ គឺ Standard & Poor's ។
ធនាគារអេស៊ីលីដា បានទិញសេវាធានារ៉ាប់រងពីក្រុមហ៊ុន Jardine Lloyd Thompson Asia ជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេបង្អស់របស់ចក្រភពអង់គ្លេស និងពីក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានការរួមចំណែកភាគហ៊ុនចំនួន ៥១% ដោយភាគទុនិកកម្ពុជា រួមជាមួយបុគ្គលិកធនាគារក្នុងនោះផងដែរ ហើយចំណែកដែលនៅសល់ ៤៩% ទៀតត្រូវបានចែករំលែកស្មើៗគ្នា ដោយភាគទុនិកធំៗគឺ IFC (សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ-សាខារបស់ធនាគារពិភពលោក), COFIBRED (Compagnie Financière de la BRED — ជាបុត្រសម្ព័ន្ធរបស់ក្រុមធនាគារបារាំង BRED Banque Populaire), JSH Asian Holdings Limited (ជាសាខារបស់ Jardine Strategic Holdings Limited) និងមូលនិធិវិនិយោគបីគ្រប់គ្រងដោយ Triodos Investment Management គឺ Triodos-Doen Foundation, Triodos Fair Share Fund, និង Triodos Microfinance Fund ។
នៅចុងខែមិថុនា ឆ្នាំ២០១២ ធនាគារអេស៊ីលីដា បានពង្រីកបណ្ដាញប្រតិបត្តិការរហូតដល់ ២៣៦ការិយាល័យ គ្របដណ្តប់គ្រប់ខេត្ត-រាជធានី រួមមាន ការិយាល័យកណ្ដាល របស់ ធនាគារ អេស៊ីលីដា មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងបណ្ដាញប្រតិបត្តិការគ្របដណ្ដប់ រាជធានីភ្នំពេញ, ខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ចាម, ខេត្តកណ្តាល, ខេត្តកោះកុង, ខេត្តកំពត, ខេត្តកែប, ខេត្តកំពង់ស្ពឺ, ខេត្តក្រចេះ, ខេត្តកំពង់ធំ, ខេត្តមណ្ឌលគិរី, ខេត្តឧត្តរមានជ័យ, ខេត្តប៉ៃលិន, ខេត្តពោធិ៍សាត់, ខេត្តព្រៃវែង, ខេត្តព្រះវិហារ, ខេត្តរតនគិរី, ខេត្តព្រះសីហនុ, ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង, ខេត្តស្វាយរៀង, និង ខេត្តតាកែវ ។
បច្ចុប្បន្នធនាគារ អេស៊ីលីដា មានបម្រើសេវាដូចជា ៖ សេវាធនាគារអេឡិចត្រូនិក, សេវាឥណទាន, សេវាបញ្ញើ-សន្សំ, សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស, សេវាហិរញ្ញប្បទានពាណិជ្ជកម្ម, សេវាចាត់ចែងសាច់ប្រាក់, សេវាប្តូរប្រាក់ រួមទាំងសេវាធនាគារជាច្រើនប្រភេទទៀត ។
ប្រវត្តិធនាគារ[កែប្រែ]
ដោយមានការជួយគាំទ្រពីអង្គការពលកម្មអន្តរជាតិ (ILO) និង កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អេស៊ីលីដា ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ មានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទានដោយស្ថាបនិកមួយក្រុមដូចខាងក្រោម ។ តាំងពីពេលចាប់ផ្តើមដំបូង អេស៊ីលីដាបានទទួលការគាំទ្រពីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសំខាន់ៗជាច្រើន ដូចមាននៅក្នុងតារាងកិត្តិយសដែលយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ។ ការពង្រីកបណ្ដាញប្រតិបត្តិការគ្របដណ្ដប់គ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាពរបស់ធនាគារ ក្នុងការរកប្រាក់ចំណេញដែលធានានូវនិរន្តរភាព គឺជាកត្តាធំពីរ ដែលធ្វើឲ្យក្រុមប្រឹក្សាភិបាល និងដៃគូអន្តរជាតិរបស់ខ្លួនសម្រេចថា ធនាគារ អេស៊ីលីដា គួរធ្វើការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ។ ធ្វើបែបនេះ មិនត្រឹមតែជួយពង្រឹងស្ថិរភាពរចនាសម្ព័ន្ធផ្នែកច្បាប់ សម្រាប់បំពេញកាតព្វកិច្ចរបស់ខ្លួនពីមុនមកនោះទេ វាថែមទាំងផ្តល់ឲ្យធនាគារនូវជម្រើសកាន់តែច្រើនក្នុងការរកទុនបន្ថែម (ដូចជាការបន្ថែមដើមទុន ការទទួលប្រាក់បញ្ញើសាធារណៈ ឬការទទួលប្រាក់កម្ចីពាណិជ្ជកម្ម រវាងធនាគារដូចគ្នា) សម្រាប់គាំទ្រដល់ការពង្រីក ការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ ដែលជាអាជីវកម្មស្នូលរបស់ខ្លួន ។ ដោយមានការជួយជ្រោមជ្រែងពីស្ថាប័នមួយចំនួនដូចជា ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃសហរដ្ឋអាមេរិក (USAID) កម្មវិធីអភិវឌ្ឍន៍វិស័យឯកជនតំបន់ទន្លេមេគង្គ (MPDF/IFC) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធ្វើឲ្យកម្មវិធីកម្លាយខ្លួនរយៈពេលបីឆ្នាំមួយ ត្រូវបានលើកឡើងនៅឆ្នាំ១៩៩៨ ហើយសម្រេចជោគជ័យ ដោយទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេស នៅក្នុងខែតុលា ឆ្នាំ២០០០ ។
នៅក្នុងដំណើរការកម្លាយខ្លួននេះ អង្គការក្រៅរដ្ឋាភិបាលអេស៊ីលីដាដើម បានបង្វែរទ្រព្យសកម្ម និងបំណុលក្នុងដៃអតិថិជន (ប្រាក់កម្ចីរយៈពេលវែង ដែលទទួលបានពីម្ចាស់ជំនួយ) ទៅកាន់ធនាគារ អេស៊ីលីដា ដែលទើបបង្កើតថ្មី ដោយប្តូរត្រឡប់ទៅវិញជាភាគហ៊ុន ៤៤,៩១% របស់ធនាគារស្មើនឹង ៤ លានដុល្លារអាមេរិក សមាគមបុគ្គលិកអេស៊ីលីដា (ក្រុមហ៊ុន អេ អេស អេ អ៊ីន្ស) ដែលបានបង្កើតឡើងដោយមូលនិធិរបស់បុគ្គលិក បានទិញភាគហ៊ុនចំនួន ៦,០៩% ហើយចំណែកដែលនៅសល់ ៤៩% ទៀតត្រូវបានបែងចែកទៅឲ្យភាគទុនិកបរទេសចំនួនបួនគឺ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (សាខារបស់ធនាគារពិភពលោក), DEG (ប្រទេសអាល្លឺម៉ង់), FMO និង ធនាគារទ្រីយ៉ូដូស (ប្រទេសហុល្លង់ដ៍) ។ នាពេលអនាគត ធនាគារ អេស៊ីលីដា អាចនឹងមានវត្តមាននៅក្នុងទីផ្សារភាគហ៊ុន ក្នុងពេលសមស្របណាមួយ ។
បន្ទាប់ពីបង្កើនដើមទុនរបស់ខ្លួនមួយទ្វេរជាបី ឡើងដល់ ១៣លានដុល្លារអាមេរិក ធនាគារអេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ហើយត្រូវប្តូរឈ្មោះមកជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៦ ធនាគារអេស៊ីលីដា បានប្រកាសពីការបង្កើនដើមទុនដែលមានពី ១៣លានដុល្លារអាមេរិក ទៅដល់ ៣០លានដុល្លារអាមេរិក ។ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០០៨ ធនាគារអេស៊ីលីដា បានប្រារព្ធពិធីគម្រប់ខួបទី១៥ឆ្នាំនៃការធ្វើប្រតិបត្តិការរបស់ខ្លួននិងបានប្រកាសបង្កើនដើមទុនរបស់ខ្លួនពី ៣០លានដុល្លារអាមេរិក ទៅ ៥០លានដុល្លារអាមេរិក ។
នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៩ ធនាគារអេស៊ីលីដា បានបង្កើនដើមទុនពី ៥០លានដុល្លារអាមេរិក ដល់ ៦០លានដុល្លារអាមេរិក និងបង្កើនដល់ ៦៨,១៥លានដុល្លារអាមេរិក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៩ ។ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១១ ធនាគារអេស៊ីលីដា បានបង្កើនដើមទុនដល់ ៧៨.៣៧២.៥០០ដុល្លារអាមេរិក និងបង្កើនដល់ ៨៨.៣៧២.៥០០ដុល្លារអាមេរិក នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១២ ។
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២ ធនាគារអេស៊ីលីដា បានប្រកាសបង្កើនដើមទុនដែលមានពី ៨៨.៣៧២.៥០០ដុល្លារអាមេរិក ទៅដល់ ១១៣.១៦៩.៥៦០ដុល្លារអាមេរិក ។
ភាគទុនិក[កែប្រែ]
ភាគទុនិកនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២
| ភាគទុនិក | ចំនួនហ៊ុន | តម្លៃចុះបញ្ជី (ដុល្លារអាមេរិក) | កម្មសិទ្ធិ (%) |
|---|---|---|---|
| អង្គការ អេស៊ីលីដា | ៣៦.២១៤.២៦១ | $៣៦.២១៤.២៦១ | ៣២,០០% |
| ក្រុមហ៊ុន អេ អេស អេ | ២១.៥០២.២១៦ | $២១.៥០២.២១៦ | ១៩,០០% |
| សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ | ១៣.៨៦៣.២៧១ | $១៣.៨៦៣.២៧១ | ១២,២៥% |
| JSH Asian Holdings Limited | ១៣.៨៦៣.២៧១ | $១៣.៨៦៣.២៧១ | ១២,២៥% |
| COFIBRED | ១៣.៨៦៣.២៧១ | $១៣.៨៦៣.២៧១ | ១២,២៥% |
| Triodos-Doen Foundation | ៤.៩៣១.៧១២ | $៤.៩៣១.៧១២ | ៤,៣៦% |
| Triodos Fair Share Fund | ៤.៨៩០.៤៨៧ | $៤.៨៩០.៤៨៧ | ៤,៣២% |
| Triodos Microfinance Fund | ៤.០៤១.០៧១ | $៤.០៤១.០៧១ | ៣,៥៧% |
| សរុប | ១១៣.១៦៩.៥៦០ | $១១៣.១៦៩.៥៦០ | ១០០,០០% |
ការផ្តល់ចំណាត់ថ្នាក់[កែប្រែ]
ធនាគារអេស៊ីលីដា គឺជាធនាគារដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការផ្តល់ចំណាត់ថ្នាក់ដោយស្ថាប័នផ្តល់ចំណាត់ថ្នាក់ធនាគារអន្តរជាតិ គឺ Standard & Poor's ។
ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១១
| ប្រភេទ | ចំណាត់ថ្នាក់ |
|---|---|
| ធនាគារ អេស៊ីលីដា ភីអិលស៊ី | |
| ចំណាត់ថ្នាក់រវាងធនាគារដូចគ្នា (Counterparty Credit Rating) | B/ស្ថិរភាព/B |
| រង្វាស់សម្រាប់តំបន់អាស៊ាន | axBB-/axB |
| វិញ្ញាបនបត្រប្រាក់បញ្ញើ-សន្សំ | B/B |
| ភាពខ្លាំងនៃស្ថានភាពជាគ្រឹះរបស់ធនាគារ | |
| រូបិយវត្ថុក្នុងស្រុក | D |
ចំណាំ ៖ សម្រាប់ព័ត៌មានបន្ថែម សូមទស្សនាវេបសាយរបស់ស្ថាប័នផ្តល់ចំណាត់ថ្នាក់ធនាគារអន្តរជាតិ Standard & Poor's តាមរយៈ http://www.standardandpoors.com/ratingsdirect ។
