ធម្មបទ

ពីវិគីភីឌា

ធម្មបទ (ធ័ម-មៈ-បត់) (ន.) (បាលី) (Dhammapada) ផ្លូវធម៌, លំអានធម៌ ។ ឈ្មោះគម្ពីរព្រះពុទ្ធសាសនាក្នុងសុត្តន្តបិដកខាងពួកខុទ្ទកនិកាយ ហៅថា ខុទ្ទកនិកាយ ធម្មបទ, ជាពុទ្ធភាសិតសុទ្ធតែជាគាថាទាំងអស់ ហៅថា ធម្មបទគាថាគាថាធម្មបទ ។ គាថាធម្មបទ អាចត្រូវបានរកឃើញនៅក្នុងគម្ពីរសុត្តន្តបិដក សៀវភៅភាគ៥២ ទំព័រទី ២១ ដល់ទំព័រទី ១១២ នៃគម្ពីរព្រះត្រៃបិដករៀបរៀងជាភាសាខ្មែរ ។

គាថាធម្មបទប្រែ

ភាគទី ១

យមកវគ្គ ទី១[កែប្រែ]

១ រឿង ព្រះចក្ខុបាលត្ថេរ[កែប្រែ]

ព្រះបរមសាស្តាទ្រង់ទេសនាប្រារឰព្រះថេរៈ ឈ្មោះចក្ខុបាល ។ កាលពីព្រះថេរៈឣង្គនេះ លោកនៅជាគ្រហស្ថ មិនទាន់បានសាងផ្នួសនោះ លោកបានទៅស្តាប់នូវព្រះធម៌ទេសនា របស់ព្រះពុទ្ធជាម្ចាស់ហើយ កើតសេចក្តីជ្រះថ្លា ក្នុងព្រះធម៌ទេសនានោះ យ៉ាងក្រៃលែង មានចិត្តប្រាថ្នាចង់បួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា លុះត្រឡប់មកផ្ទះវិញ ក៏បានប្រគល់ទ្រព្យសម្បត្តិទាំងឣស់ ឲ្យដល់ប្អូនប្រុស របស់ខ្លួនស្រេចហើយ ទើបសុំលាប្អូនទៅបួស ក្នុងសំណាក់ព្រះបរមសាស្តា លុះបួសបាន ៥ ព្រះវស្សាហើយ លោកក៏បានចូលទៅ ក្រាបថ្វាយ បង្គំសុំរៀនព្រះកម្មដ្ឋាន ជាមួយនឹងព្រះសម្មាសម្ពុទ្ធ បន្ទាប់មក ក៏បានក្រាបថ្វាយបង្គំលាព្រះឣង្គទៅ បំពេញសមណធម៌ នៅក្នុងទីកន្លែងមួយដ៏ស្ងាត់ ព្រមជាមួយនឹងភិក្ខុសង្ឃ ៦០ រូប ជាបរិវារ ។ ព្រះថេរៈ លោកមានសេចក្តីព្យាយាម យ៉ាងខ្លាំងក្លាបំផុត ក្នុងការប្រតិបត្តិធម៌ លោកបានតាំងចិត្ត សច្ចាធិដ្ឋានថា “ឣាត្មាឣញ នឹងមិនសិង រហូត ៣ ខែ នៅក្នុងរដូវភ្លៀងនេះ” ។

ក្នុងវស្សានោះ រោគក្នុងភ្នែក ក៏បានកើតឡើង ដល់ព្រះថេរៈ ។ គ្រូពេទ្យ បានមកជួយព្យាបាលរោគប្រគេនព្រះថេរៈ ហើយឲ្យព្រះ ថេរៈសិងបន្តក់ថ្នាំតាមភ្នែក ។ តែព្រះថេរៈ មិនព្រមសិងបន្តក់ថ្នាំ តាមលោកគ្រូពេទ្យប្រាប់សោះ ព្រោះលោកបានតាំងចិត្តស្រេចហើយ ថា នឹងមិនសិង រហូត ៣ ខែ ។ ព្រោះហេតុនោះ រោគក្នុងភ្នែក ក៏រឹងរឹតតែរកាំធ្ងន់ខ្លាំងឡើងៗ ជារៀងរាល់ថ្ងៃ ។ មិនយូរប៉ុន្មាន ភ្នែក ទាំងទ្វេ របស់ព្រះថេរៈ ក៏បានបែកធ្លាយ ខ្វាក់ងងឹតឈឹង មើលអ្វីលែងឃើញទាំងឣស់ហើយ ព្រមគ្នាជាមួយនឹងការបានសម្រេចជាព្រះឣរហន្ត- សុក្ខវិបស្សកៈ ។

លុះដល់ថ្ងៃបវារណា ចេញវស្សាហើយ ព្រះចក្ខុបាលត្ថេរ បាន ចម្រើនពរ លាពួកញាតិញោម ឧបាសក ឧបាសិកា ដើម្បីនឹងទៅគាល់ព្រះបរមសាស្តា ដែលព្រះឣង្គប្រថាប់គង់នៅ ក្នុងវត្តជេតពនមហាវិហារ ទៀបក្រុងសាវត្ថី ។ នៅក្នុងរាត្រី នៃបច្ឆិមយាម ក្រោយពេលដែលភ្លៀងរាំងហើយ, ព្រះថេរៈ បានដើរចង្ក្រមទៅមកៗ ជាន់សត្វមេភ្លៀងស្លាប់ឣស់ ជាច្រើន ព្រោះលោកមើលមិនឃើញ ហើយក៏មិនមានចេតនាគិតនឹងធ្វើឲ្យសត្វមេភ្លៀងទាំងនោះស្លាប់ផងដែរ ។

ស្អែកឡើង ពេលព្រឹកព្រលឹម ក៏ស្រាប់តែមានឣាគន្តុកភិក្ខុ ជាច្រើនរូប បានចូលទៅមើលកន្លែងព្រះចក្ខុបាលត្ថេរ ហើយបានឃើញសត្វមេភ្លៀង ជាច្រើនស្លាប់ ពាសពេញទីចង្ក្រមន៍ របស់ព្រះថេរៈ ក៏បានត្មះតិះដៀលលោក ដោយប្រការផ្សេងៗ ស្រេចហើយ ក៏នាំយករឿងនេះ ទៅក្រាបទូលថ្វាយ ដល់ព្រះបរមសាស្តាទ្រង់ជ្រាប ។

ព្រះបរមសាស្តាទ្រង់ត្រាស់ពន្យល់ដល់ភិក្ខុទាំងនោះថា “ម្នាល ភិក្ខុទាំងឡាយ មរណចេតនា គឺ ចេតនាគិតនឹងសម្លាប់ មិនមានសោះឡើយ ដល់ព្រះថេរៈ ដែលជាព្រះឣរហន្តខីណាស្រព” ។

ឣាគន្តុកភិក្ខុទាំងនោះ ងឿងឆ្ងល់ បានក្រាបទូលសួរព្រះពុទ្ធជាម្ចាស់ថា “បពិត្រព្រះឣង្គដ៏ចម្រើន ព្រះចក្ខុបាលត្ថេរ ជាព្រះឣរហន្តខីណាស្រព ចុះហេតុអ្វី បានជាខ្វាក់ភ្នែក?” ។

ព្រះសាស្តា ទ្រង់ត្រាស់សម្តែងឣតីតនិទាន ថា “កាលពីឣតីតកាល ព្រះចក្ខុបាលត្ថេរ ធ្លាប់បានធ្វើជាគ្រូពេទ្យ ព្យាបាលជម្ងឺភ្នែក ។ សម័យថ្ងៃមួយ លោកគ្រូពេទ្យនោះ បានទៅព្យាបាលភ្នែក ដល់ស្រ្តីម្នាក់នៅជនបទ ។ ស្ត្រីនោះ បានសន្យាជាមួយគ្រូពេទ្យថា “បើលោកគ្រូពេទ្យឣាចព្យាបាលជម្ងឺភ្នែកនាងខ្ញុំ ឲ្យបានជាស្បើយ ដូចដើមវិញនោះ, នាងខ្ញុំ ព្រមទាំងបុត្រ នឹងធ្វើជាទាសីឣ្នកបម្រើរបស់លោកគ្រូ” ។

គ្រូពេទ្យនោះ បានព្យាបាលភ្នែកនាង ឲ្យជាដូចដើមវិញហើយ, ព្រោះតែនាងមិនចង់ទៅ នៅបម្រើគ្រូពេទ្យនោះឯង ទើបនាងបែរជានិយាយកុហកគ្រូពេទ្យនោះថា “លោកគ្រូ ឥឡូវនេះ ភ្នែករបស់នាងខ្ញុំ វាមិនបានជាទេ វា រឹតតែឈឺលើសដើមទៅទៀត” ។

ចំណែកគ្រូពេទ្យ បានដឹងថា នាងពិតជានិយាយកុហក ដូច្នេះហើយ ក៏មានចិត្តក្រោធខឹងយ៉ាងខ្លាំង ហើយមានចេតនា ចង់ធ្វើឲ្យនាងវិនាស ទើបផ្សំថ្នាំពិសឲ្យនាងលាប ធ្វើឲ្យភ្នែករបស់នាង ខ្វាក់ទាំងគូ មើលអ្វីលែងឃើញទាំងឣស់ ។ ព្រោះបាបកម្មដែលព្រះចក្ខុបាលត្ថេរ បានធ្វើឲ្យស្ត្រីនោះខ្វាក់ភ្នែកទាំងទ្វេ ដោយចេតនានោះឯង បានជាព្រះថេរៈ ត្រូវតែទទួលនូវបាបកម្មនោះវិញ គឺ ត្រូវតែខ្វាក់ភ្នែក នៅក្នុងជាតិនេះ” ដូច្នេះហើយ ទើបទ្រង់ត្រាស់នូវព្រះគាថានេះថា ៖


មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា

មនសា ចេ បទុដ្ឋេន ភាសតិវា ករោតិវា

តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ ។

ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកឣំពីចិត្ត, បើបុគ្គលមានចិត្ត ត្រូវទោសៈប្រទូសរ៉ាយហើយ ទោះបីនិយាយក្តី ធ្វើក្តី ក៏ឣាក្រក់ដែរ, ព្រោះឣំពើឣាក្រក់នោះឯង សេចក្តីទុក្ខ រមែងដេញជាប់ តាមក្រោយបុគ្គលនោះ ដូចជាកង់រទេះ វិលតាមដានជើងគោដែលឣូសនឹមរទេះ យ៉ាងដូច្នោះឯង ។

២រឿង មដ្ឋកុណ្ឌលី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវមដ្ឋកុណ្ឌលី ដែលជាកូនរបស់ព្រាហ្មណ៍កំណាញ់ម្នាក់ នៅក្នុងក្រុងសាវត្ថី ។ ព្រោះព្រាហ្មណ៍ជាបិតាជាមនុស្សកំណាញ់ស្វិត ទើបគាត់ធ្វើទំហ៊ូដោយខ្លួនឯង ឲ្យកូនពាក់ ។ នៅពេលដែលមដ្ឋកុណ្ឌលីឈឺធ្ងន់, ព្រាហ្មណ៍ ជាបិតា មិនបានទៅរកគ្រូពេទ្យ មកព្យាបាលជម្ងឺឲ្យកូនគាត់ទេ ព្រោះគាត់ខ្លាចឣស់ទ្រព្យសម្បត្តិរបស់ខ្លួន ។ នៅថ្ងៃដែលមដ្ឋកុណ្ឌលីជិតនឹងមរណានោះ ព្រាហ្មណ៍ជាបិតា បានលើកកូនមកឲ្យដេក ឣស់សេចក្តីសង្ឃឹមតែម្នាក់ឯង នៅរបៀងផ្ទះខាងក្រៅ ។

សម័យនោះ ព្រះសាស្តា ទ្រង់បានបញ្ចេញព្រះរស្មីទៅ ដើម្បីឲ្យមដ្ឋកុណ្ឌលីបានឃើញ ។ មដ្ឋកុណ្ឌលី ឃើញព្រះរស្មីនៃព្រះឣង្គ ហើយ ក៏កើតសេចក្តីជ្រះថ្លា យ៉ាងខ្លាំង ក្នុងមួយរំពេចនោះ ស្រេចហើយ ក៏បានធ្វើមរណកាល នៅពេលនោះឯង ហើយបានទៅកើត នៅក្នុងឋានតាវតិ្តង្សទេវលោក ក្រឡេកមើលមកឃើញឪពុក របស់ខ្លួន ដែលកំពុងតែសៅសោក យំស្រែកបោកខ្លួន យ៉ាងខ្លាំង ទើបបានចុះពីទេវលោកមក ដើម្បីជួយសង្គ្រោះ ដល់ឪពុករបស់ខ្លួន ឲ្យបាន រួចផុតឣំពីសេចក្តីទុក្ខសោកសៅនោះ ហើយបានធ្វើឲ្យគាត់លះបង់ សេចក្តីកំណាញ់ចេញផុតពីខន្ធសន្តាន ឲ្យកើតមានចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយក៏ត្រឡប់ទៅកាន់ឋានទេវលោកវិញ ។

លុះព្រឹកឡើង ព្រាហ្មណ៍ជាឪពុក បានទៅឣារាធនានិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យទទួលនូវភត្តាហារ ក្នុងផ្ទះរបស់ខ្លួន ហើយ បានក្រាបទូលសួរឣំពីការដែលកូនរបស់ខ្លួន គឺ មដ្ឋកុណ្ឌលី គ្រាន់តែធ្វើចិត្ត ឲ្យជ្រះថ្លា ចំពោះព្រះពុទ្ធជាម្ចាស់ តែម៉្យាងប៉ុណ្ណោះ មិនបានធ្វើកុសលអ្វីដទៃ ក្រៅឣំពីនេះទេ ក៏ស្រាប់តែបានទៅកើត នៅឯឋានទេវលោក ។ ព្រះបរមសាស្តា ទ្រង់បានឣធិដ្ឋានឲ្យមដ្ឋកុណ្ឌលីទេវបុត្រ ចុះមកសម្តែងរឿងពិត ដល់ព្រាហ្មណ៍ជាឪពុក និង ពួកមហាជន បានឃើញជាក់ស្តែង ហើយព្រះឣង្គត្រាស់ព្រះគាថានេះ ថា ៖

មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា

មនសា ចេ បសន្នេន ភាសតិ វា ករោតិ វា

តតោ នំ សុខមន្វេតិ ឆាយាវ ឣនុបាយិនី ។

ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកឣំពីចិត្ត, បើបុគ្គលមានចិត្តជ្រះថ្លាហើយ ទោះបីនិយាយក្តី ធ្វើក្តី ក៏ល្អទាំងឣស់ ព្រោះសេចក្តីល្អនោះឯង សេចក្តីសុខ រមែងតាមជាប់បុគ្គលនោះ ដូចជាស្រមោលដែលឣន្ទោលទៅតាមប្រាណ យ៉ាងនោះឯង ។

៣ រឿង ព្រះតិស្សត្ថេរ[កែប្រែ]

ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រារឰព្រះតិស្សត្ថេរ ។ ព្រះថេរៈជាព្រះរាជឱរសរបស់ព្រះបិតុច្ឆា របស់ព្រះឣង្គ ។ លោកបានមកបួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា នៅពេលដែលមានវ័យចាស់ជរាហើយ លោកមិនដែលធ្វើវត្តប្រតិបត្តិ គោរពចំពោះភិក្ខុឣាគន្តុកៈ ដែលមានវស្សាចាស់ជាងខ្លួន តាមព្រះធម៌វិន័យឡើយ ។

ព្រះសាស្តា ទ្រង់ត្រាស់បង្គាប់ ឲ្យព្រះតិស្សៈ សុំខមាទោសចំពោះភិក្ខុឣាគន្តុកៈទាំងនោះ, តែព្រះតិស្សៈ ចចេស មិនព្រមធ្វើតាមព្រះពុទ្ធដីកា របស់ព្រះឣង្គឡើយ ។ គ្រានោះ ព្រះបរមសាស្តា ទ្រង់ត្រាស់សម្តែង នូវឣតីតនិទាន របស់ព្រះតិស្សៈ ដូចមានតទៅនេះ ៖ នៅក្នុងជាតិដែលព្រះតិស្សៈនេះ បានកើតជាតាបស ឈ្មោះ ទេវិល, តថាគត បានកើតជាតាបស ឈ្មោះ នារទៈ ។ តាបសទាំងពីររូបនោះ បានឈ្លោះទាស់ទែងគ្នា យ៉ាងខ្លាំង រហូតឮដល់ព្រះរាជាក្រុងពារាណសី ស្តេចយាងទៅ ជួយរម្ងាប់ការវិវាទទាស់ទែងគ្នានោះ ហើយទ្រង់បានឲ្យទេវិលតាបស សុំខមាទោសនារទតាបស ព្រោះជាឣ្នកខុស ។ ទោះជាព្រះរាជបញ្ជា ឲ្យធ្វើយ៉ាងនេះ ក៏ទេវិលតាបស នៅតែមិនព្រមសុំខមាទោស ចំពោះនារទតាបស ទៀត នៅតែចចេស មិនព្រមស្តាប់ មិនព្រមធ្វើតាម តាំងតែពីជាតិនោះមក រហូតមកដល់ជាតិនេះ ដូច្នេះហើយ ទើបព្រះឣង្គត្រាស់នូវព្រះគាថានេះ ថា ៖

ឣក្កោច្ឆិ មំ ឣវធិ មំ ឣជិនិ មំ ឣហាសិ មេ
យេ ច តំ ឧបនយ្ហន្តិ វេរំ តេសំ ន សម្មតិ ។
ឣក្កោច្ឆិ មំ ឣវធិ មំ ឣជិនិ មំ ឣហាសិ មេ
យេ ច តំ នូបនយ្ហន្តិ វេរំ តេសូបសម្មតិ ។

បើជនទាំងឡាយណា ចងសេចក្តីក្រោធនោះទុក យ៉ាងនេះថាៈ ជនឯណោះ បានជេរឣញ ជនឯណោះ បានវាយឣញ ជនឯណោះ បានឈ្នះឣញ ជនឯណោះ បានលួចយកទ្រព្យរបស់ឣញទៅហើយ (ដូច្នេះ) ពៀរវេរា របស់ជនទាំងឡាយនោះ មិនស្ងប់រម្ងាប់បានឡើយ។

បើជនទាំងឡាយណា មិនចងសេចក្តីក្រោធនោះទុក យ៉ាងនាងកាលីយក្ខិនីនេះថាៈ ជនឯណោះ បានជេរឣញ ជនឯណោះ បានវាយឣញ ជន ឯណោះ បានឈ្នះឣញ ជនឯណោះ បានលួចយកទ្រព្យរបស់ឣញទៅហើយ (ដូច្នេះ) ពៀរវេរា របស់ជនទាំងឡាយនោះ តែងស្ងប់រម្ងាប់ទៅបាន ។

៤ រឿង នាងកាលីយក្ខិនី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰស្ត្រីម្នាក់ ជាស្ត្រីឣា គ្មានកូន ។ នាង ដឹងថាៈ ខ្លួន ប្រាកដជាមិនមានកូន ហើយនាងខ្លាចស្វាមីមានប្រពន្ធថ្មីទៀតដែលឣាចមានកូន ប្រពន្ធថ្មីនោះ នឹងមានឣំណាចធំជាងខ្លួន ទើបខ្លួនឯង សម្រេចចិត្ត ដើរទៅរកស្រីម្នាក់ យកមកឲ្យស្វាមី ធ្វើជាប្រពន្ធចុង ។

មិនយូរប៉ុន្មាន ស្ត្រីដែលនាងរកមកឲ្យស្វាមី ធ្វើជាប្រពន្ធចុងនោះ ក៏ចាប់ផ្តើមមានផ្ទៃពោះ ។ ប្រពន្ធដើមនោះ ដឹងច្បាស់ថាៈ នាងប្រពន្ធចុងមានផ្ទៃពោះហើយ ក៏យកថ្នាំពិសមក ឲ្យប្រពន្ធចុងផឹក ។ ប្រពន្ធចុង ស្មានថា ជាថ្នាំសម្រាប់ថែរក្សាគភ៌ ក៏បានយកថ្នាំពិសនោះទៅផឹក នាងបានរលូតកូនស្លាប់ដល់ទៅពីរលើក ព្រោះថ្នាំពិសរបស់ប្រពន្ធដើម ។ ក្នុងលើក ទី៣ នាងប្រពន្ធចុង ត្រូវបានស្លាប់ទាំងខ្លួន ព្រមទាំងកូននៅក្នុងផ្ទៃ ព្រោះថ្នាំពិសរបស់ប្រពន្ធដើម ដូចជាលើក មុនៗ ដែរ ។

ស្វាមីរបស់នាង បានដឹងរឿងនោះហើយ ក៏វាយធ្វើបាបនាងប្រពន្ធដើម រហូតដល់ក្ស័យជីវិតតែម្តង ។ នាងប្រពន្ធដើម និង ប្រពន្ធចុង ពីរនាក់នេះ បានចងកម្មពៀរវេរា នឹងគ្នាម្នាក់ម្តងៗ យ៉ាងនេះ គឺ ៖ ប្រពន្ធចុង ស្លាប់ទៅ ក៏បានទៅកើតជាមេឆ្មា, ឯប្រពន្ធដើម ស្លាប់ទៅ បានទៅកើតជាមេមាន់ ។ មេឆ្មា បានស៊ីពងមាន់ និង មេមាន់ ។

ប្រពន្ធដើម ស្លាប់ពីមេមាន់ បានទៅកើតជាមេខ្លា, ឯប្រពន្ធចុង (‘មេឆ្មា)’ ស្លាប់ទៅ បានទៅកើតជាមេប្រើស ។ មេខ្លា បានខាំស៊ីមេប្រើស ។

ប្រពន្ធចុង (មេប្រើស) ស្លាប់ទៅកើតជានាងយក្ខិនី, ឯប្រពន្ធដើម (មេខ្លា) ស្លាប់ទៅ ក៏បានកើតជានាងកុលធីតា ។ នាងយក្ខិនី (ប្រពន្ធចុង) ក៏បានចាប់កូននាងកុលធីតា (ប្រពន្ធដើម) យកទៅខាំ ស៊ីឣស់ រហូតដល់ទៅពីរលើក ។ ក្នុងលើកទីបី នាងកុលធីតា ក៏បាននាំយកកូនខ្ចី រត់គេចទៅផ្ទះដើមកំណើតរបស់ខ្លួន លុះដល់ពាក់កណ្តាលផ្លូវ ក៏ស្រាប់តែនាងយក្ខិនី (ស្រីប្រពន្ធចុង) ដេញជាប់ តាមក្រោយនាង មកប្រកិតៗ ។ នាងកុលធីតា ក្រឡេកឃើញនាងយក្ខិនី ដេញតាមជាប់ពីក្រោយខ្លួន យ៉ាងដូច្នេះហើយ ក៏មានសេចក្តីតក់ស្លុត ភ័យខ្លាចជាទីបំផុត ហើយបានរត់ចូលទៅ ក្នុងវត្តជេតពនមហាវិហារ យ៉ាងប្រញាប់ប្រញាល់ ។

ជួនជានៅពេលនោះ ព្រះសាស្តា កំពុងតែទ្រង់សម្តែងព្រះធម៌ទេសនា ឣប់រំដល់ពួកពុទ្ធបរិស័ទ ។ នាងកុលធីតា បានចូលទៅជិតព្រះសាស្តា ហើយយកកូនទៅដាក់ នៅក្បែរព្រះបាទ របស់ព្រះ ឣង្គ ក្រាបបង្គំទូលថាៈ បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណា សូមប្រគេនកូនតូចនេះ ដល់ព្រះឣង្គ សូមព្រះឣង្គមេត្តាទទួលយកចុះ ។ បន្ទាប់មក នាងយក្ខិនី ក៏បានមកដល់វត្តជេតពននោះដែរ ។

ព្រះសាស្តា ទ្រង់បានត្រាស់ទៅកាន់នាងទាំងពីរនោះ ថា “នែនាងទាំងពីរនាក់ ព្រោះហេតុអ្វី បានជាពួកនាង តាមចងកម្មចងពៀរនឹងគ្នា មិនចេះឈប់ឈរ យ៉ាងនេះ?” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ន ហិ វេរេន វេរានិ| សម្មន្តីធ កុទាចនំ
ឣវេរេន ច សម្មន្តិ ឯស ធម្មោ សនន្តនោ ។

មែនពិត ក្នុងពេលណាៗ ក៏ដោយ ក្នុងលោកនេះ ធម្មតាពៀរទាំងឡាយ មិនដែលរម្ងាប់ ដោយការចងពៀរឡើយ ពៀរទាំងឡាយ តែងរម្ងាប់ ដោយការមិនចងពៀរ នេះជាបវេណីធម៌ ។

៥ រឿង ពួកភិក្ខុកោសម្ពី[កែប្រែ]

ព្រះសាស្តាចារ្យ ទ្រង់បានប្រារឰពួកភិក្ខុកោសម្ពី ។ ពួកភិក្ខុកោសម្ពីទាំងនោះ ជាដំបូង គ្រាន់តែចោទគ្នាពីឣាបត្តិតូចតាចប៉ុណ្ណោះឯង តែដល់ក្រោយៗ មក ក៏កើតមានវិវាទឈ្លោះប្រកែកគ្នា ទៅជារឿងធំដុំខ្លាំងឡើងៗ ទោះបីជាព្រះពុទ្ធជាម្ចាស់ ទ្រង់ត្រាស់ហាមប្រាម យ៉ាងណាក៏ដោយ ក៏ភិក្ខុទាំងនោះ មិនព្រមធ្វើតាមព្រះឱវាទ របស់ព្រះឣង្គឡើយ ។ កាលបើយ៉ាងនេះហើយ ព្រះពុទ្ធជាម្ចាស់ ទ្រង់ជ្រាបច្បាស់ ក្នុងព្រះទ័យថាៈ ប្រាកដជាមិនបានប្រយោជន៍អ្វីឡើយ ទើបព្រះឣង្គ ទ្រង់ស្តេចយាង ចេញឆ្ងាយពីពួកភិក្ខុកោសម្ពីទាំងនោះ ទៅគង់ចាំព្រះវស្សា នៅក្នុងព្រៃរក្ខិតវ័ន តែមួយព្រះឣង្គឯងគត់ ។

ចំណេរកាលក្រោយមក ពួកពុទ្ធបរិស័ទ បានថ្កោលទោសពួកភិក្ខុទាំងនោះៗ បានដឹងកំហុសរបស់ខ្លួន ក៏បានចូលទៅរកព្រះ ឣានន្ទត្ថេរ ឲ្យលោកជួយសុំខមាទោសចំពោះព្រះពុទ្ធជាម្ចាស់ ហើយទូលសុំ ឲ្យព្រះឣង្គស្តេចយាងត្រឡប់មកវិញ ។ ព្រះសាស្តា ទ្រង់បានទទួលពាក្យ របស់ភិក្ខុកោសម្ពីទាំងនោះហើយ ទើបស្តេចយាងវិលត្រឡប់មកវិញ ទ្រង់ប្រទានព្រះឱវាទដល់ពួកភិក្ខុទាំងនោះ ឲ្យមានសេចក្តីព្រមព្រៀងគ្នា ចេះស្រឡាញ់គ្នា កុំឲ្យមានការឈ្លោះ ទាស់ទែងនឹងគ្នាឯង តទៅទៀត ដោយព្រះធម្មីកថា ទីឃាវុជាតកហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

បរេ ច ន វិជានន្តិ មយមេត្ថ យមាមសេ
យេ ច តត្ថ វិជានន្តិ តតោ សម្មន្តិ មេធគា ។

ពួកជនទាំងឡាយដទៃ (ក្រៅឣំពីបណ្ឌិត) តែងមិនដឹងខ្លួនថា ពួកយើងទាំងឣស់គ្នា នឹងវិនាស ក្នុងកណ្តាលជំនុំនៃពួកនេះ ដូច្នេះឡើយ, ចំណែកឯជនទាំងឡាយណា ក្នុងកណ្តាលជំនុំនៃពួកនេះ ដឹងខ្លួនច្បាស់ថា ពួកយើងទាំងឣស់គ្នា នឹងវិនាស ក្នុងកណ្តាលជំនុំ នៃរឿង ព្រះចុល្លកាល មហាកាលពួកនេះ ដូច្នេះ, ការឈ្លោះប្រកែកគ្នាទាំងឡាយ រមែងរម្ងាប់ឣំពីជនទាំងឡាយនោះ ។

៦ រឿង ព្រះចុល្លកាល មហាកាល[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះចុល្លកាល និង ព្រះមហាកាល ។ ព្រះចុល្លកាល ជាប្អូនរបស់ព្រះមហាកាល លោកបួសមិនទាន់បានមួយវស្សាផង ក៏លាចាកសិក្ខាបទ (សឹក) មកជាគ្រហស្ថ ព្រោះភរិយារបស់លោក ចេះតែមកធ្វើឲ្យរំខានខ្លាំងពេក ។ ចំណែកព្រះមហាកាលដែលជាបង លោកបានមកបួស ក្នុងព្រះពុទ្ធសាសនា ដោយសទ្ធាជ្រះថ្លា ខិតខំចម្រើនឣសុភកម្មដ្ឋាន រហូតដល់បានសម្រេចឣរហត្តផល ព្រមទាំងបដិសម្ភិទា ។

ឯភរិយា របស់ព្រះមហាកាល បានឃើញកិរិយាលួងលោម របស់ភរិយាព្រះចុល្លកាល ដែលបានធ្វើឲ្យលោកសឹកហើយ ទើបគិតនឹងធ្វើ ជាតម្រាប់តាម ហើយបានទៅឣារាធនាភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន មកទទួលភត្តាហារ នៅផ្ទះរបស់ខ្លួន ។

ព្រះសាស្តា ព្រមទាំងភិក្ខុសង្ឃ បានទទួលភត្តាហារហើយ ទើបទ្រង់ស្តេចយាងត្រឡប់ទៅវត្តវិញ ទុកតែព្រះមហាកាល មួយ ឣង្គប៉ុណ្ណោះ ឲ្យនៅចាំធ្វើភត្តានុមោទនា តាមពាក្យទូលសុំ នៃពួកភរិយា របស់ព្រះមហាកាល ។

គ្រានោះ ពួកភរិយា របស់ព្រះមហាកាល បាននាំគ្នាបង្ខំឲ្យលោក លាចាកសិក្ខាបទ, ក៏ប៉ុន្តែ ព្រះមហាកាល មិនព្រមលាចាកសិក្ខាបទទេ ព្រោះលោកជាព្រះឣរហន្ត ហើយក៏បានហោះទៅ លើ ឣាកាស ត្រឡប់ទៅវត្តវិញ ។ ពួកភិក្ខុទាំងឡាយ បានសន្ទនាគ្នាឣំពីរឿងរ៉ាវព្រះមហាកាល និង ព្រះចុល្លកាល ដោយប្រការផ្សេងៗ ។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖

សុភានុបស្សឹ វិហរន្តំ ឥន្ទ្រិយេសុ ឣសំវុតំ
ភោជនម្ហិ ឣមត្តញ្ញុំ កុសីតំ ហីនវីរិយំ
តំ វេ បសហតី មារោ វាតោ រុក្ខំវ ទុព្វលំ ។
ឣសុភានុបស្សឹ វិហរន្តំ ឥន្ទ្រិយេសុ សុសំវុតំ
ភោជនម្ហិ ច មត្តញ្ញុំ សទ្ធំ ឣារទ្ធវីរិយំ
តំ វេ នប្បសហតី មារោ វាតោ សេលំវ បព្វតំ ។

មារ រមែងគ្របសង្កត់បុគ្គលដែលយល់ឃើញ នូវឣារម្មណ៍ ថា ល្អ មិនសង្រួម ក្នុងឥន្ទ្រីយ៍ទាំងឡាយ មិនស្គាល់ប្រមាណ ក្នុងភោជន ខ្ជិលច្រឣូស មានព្យាយាមធូរថយនោះ (បានដោយស្រួល) ដូចជាវាយោ បក់បោករំលើងនូវដើមឈើដែល (មានប្ញស) មិនល្អ យ៉ាងនោះឯង ។

តែមារ រមែងគ្របសង្កត់បុគ្គលដែលយល់ឃើញនូវឣារម្មណ៍ ថា មិនល្អ សង្រួមប្រពៃ ក្នុងឥន្ទ្រីយ៍ទាំងឡាយ ស្គាល់ប្រមាណ ក្នុងភោជន មានសទ្ធា ប្រារឰព្យាយាមនោះមិនបាន ដូចជាវាយោ បក់បោកភ្នំថ្មតាន់ (ឲ្យបែក) មិនបាន យ៉ាងនោះឯង ។

៧ រឿង ភិក្ខុទេវទត្ត[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰសំពត់កាសាវពស្ត្រ របស់ភិក្ខុទេវទត្ត ។ សម័យថ្ងៃមួយ ភិក្ខុទេវទត្ត បានសំពត់កាសាវពស្ត្រ ពីញាតិញោមមួយក្រុម ។ សំពត់នោះជាសំពត់មានសាច់ល្អ មានតម្លៃ ក៏ច្រើន ។ មនុស្សខ្លះ និយាយថាៈ សំពត់នេះ មិនសមគួរ ដល់ភិក្ខុទេវទត្តឡើយ, តែសមគួរ ដល់ព្រះសារីបុត្រ ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបទ្រង់សម្តែងរឿងដែលភិក្ខុទេវទត្ត ធ្លាប់គ្រងសំពត់កាសាវពស្ត្រ ដែលមិនសមគួរដល់ខ្លួន តាំងតែអំពីពេលដែលទេវទត្ត កើតជាព្រានព្រៃ បានលួចយកនូវសំពត់ កាសាវពស្ត្រ របស់ព្រះបច្ចេកពុទ្ធ មួយឣង្គ មកស្លៀកពាក់ ដើម្បីបន្លំខ្លួន ធ្វើជាព្រះបច្ចេកពុទ្ធ លបចាំសម្លាប់ដំរី ដែលដើរនៅពីក្រោយគេបង្អស់ម្តងមួយៗ ។ ក្នុងគ្រានោះឯង ព្រះពុទ្ធជាម្ចាស់ ទ្រង់បានសោយព្រះជាតិជា ស្តេចដំរី ឃើញដំរីដែលជាបរិវារ របស់ព្រះឣង្គ ចេះតែបាត់ឣស់ទៅជាច្រើន ទើបសង្កេតមើលនូវហេតុឣន្តរាយដែលកើតឡើង មិនយូរប៉ុន្មាន ក៏បានឃើញជាក់ច្បាស់ថា ឣន្តរាយនេះ កើតឡើង ព្រោះមានមនុស្សមកបន្លំខ្លួន ធ្វើជាព្រះបច្ចេកពុទ្ធ ។ ថ្ងៃមួយ ព្រះឣង្គទ្រង់បាន ឣែបមកនៅ ខាងក្រោយហ្វូងម្តង ដើម្បីលបចាំចាប់ព្រានព្រៃនោះលុះព្រះឣង្គចាប់ព្រានព្រៃបានហើយ ក៏ទ្រង់ព្រះតម្រិះ ថាៈ នឹងបោកសម្លាប់ចោល តែព្រះឣង្គទ្រង់ត្រិរិះទាន់ គឺ មិនបានសម្លាប់ គ្រាន់តែ អប់រំទូន្មាន ប្រៀនប្រដៅហើយ ក៏លែងព្រានព្រៃនោះទៅវិញ នៅទីបញ្ចប់នៃឣតីតនិទាន ព្រះឣង្គទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖

ឣនិក្កសាវោ កាសាវំ យោ វត្ថំ បរិទហេស្សតិ
ឣបេតោ ទមសច្ចេន ន សោ កាសាវមរហតិ ។
យោ ច វន្តកសាវស្ស សីលេសុ សុសមាហិតោ
ឧបេតោ ទមសច្ចេន ស វេ កាសាវមរហតិ ។

បុគ្គលណា នៅមានទឹកឣម្ចត់ គឺរាគាទិក្កិលេស (ក្នុងសន្តាន) ជាឣ្នកបោះបង់ការទូន្មាននូវឥន្ទ្រីយ និង សច្ចៈ ហើយស្លៀកដណ្តប់សំពត់កាសាវពស្ត្រ, បុគ្គលនោះ មិនគួរនឹងស្លៀកដណ្តប់សំពត់ កាសាវពស្ត្រសោះឡើយ ។ លុះតែបុគ្គលណា មានទឹកឣម្ចត់ គឺរាគាទិក្កិលេស ខ្ជាក់ចោលឣស់ហើយ ជាឣ្នកមានចិត្តតម្កល់មាំ នៅក្នុងសីលទាំងឡាយ ប្រកបដោយការទូន្មានឥន្ទ្រីយ និង សច្ចៈ, បុគ្គលនោះឯង ទើបគួរនឹងស្លៀកដណ្តប់សំពត់កាសាវពស្ត្របាន ។

៨ រឿង សញ្ជ័យបរិព្វាជក[កែប្រែ]

វគ្គ​នេះ​និយាយ​អំពី​ការ​ឆ្លើយ​តប​​របស់​ព្រះពុទ្ធ​ចំពោះ​សំណួរ​របស់​​ព្រះ​សារីបុត្រ និង ព្រះ​មហាមោគ្គល្លាន ។ ព្រះ​អគ្គសាវ័ក​ទាំង​ពីរ​រូប​បាន​ក្រាប​ទូល​សួរ​ព្រះ​ពុទ្ធ​អំពី​មូលហេតុ​ដែល​សញ្ជ័យបរិព្វាជក​មិន​មក​ចូល​រួម​ស្តាប់​សេចក្តី​បង្រៀន​របស់​ព្រះ​ពុទ្ធ ។

ឈ្មោះ​ពិត​​របស់​ព្រះ​សារីបុត្រ គឺ ឧបតិស្សៈ ហើយ​ឈ្មោះ​ពិត​​របស់​​ព្រះ​មហាមោគ្គល្លាន​ គឺ កោលិតៈ ។ លោក​ទាំង​ពីរ​​ធ្លាប់​ជា​សិស្ស​របស់​សញ្ជយបរិព្វាជក នៅ​ក្នុង​សម័យដែល​លោក​ទាំង​ពីរ​​កំពុងតែស្វែងរកមោក្ខធម៌ ។ នៅ​ក្នុង​សម័យ​នោះ សញ្ជយបរិព្វាជក គឺ​ជា​អាចារ្យ​ដែលមានឈ្មោះ​បោះ​សម្លេង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ក្រុង​រាជគ្រឹះ ។

ក្រោយមក ឧបតិស្សបរិព្វាជក (គឺព្រះសារីបុត្រ) បានស្តាប់នូវឣរិយសច្ចកថា ឣំពីសំណាក់ នៃព្រះឣស្សជ្ជិត្ថេរ ដោយសង្ខេប ហើយ ក៏បានសម្រេចព្រះសោតាបត្តិផល ទើបត្រឡប់មកពន្យល់ឲ្យកោលិតបរិព្វាជក (ព្រះមហាមោគ្គល្លាន) ជាសំឡាញ់របស់ខ្លួន បានស្តាប់ រហូតដល់កោលិតៈ បានសម្រេចនូវព្រះសោតាបត្តិផល ដូចខ្លួនដែរ ស្រេចហើយ ទើបនាំគ្នាទៅកាន់សំណាក់គ្រូសញ្ជយបរិព្វាជក ដើម្បីសុំលាទៅ ក្រាបថ្វាយបង្គំគាល់ព្រះពុទ្ធជាម្ចាស់ ព្រមទាំងបានបបួលគ្រូសញ្ជ័យ ឲ្យទៅគាល់ជាមួយផងដែរ ។ តែគ្រូសញ្ជ័យ មិនព្រមទៅជាមួយឡើយ ។ ឧបតិស្សៈ និង កោលិតៈ ព្រមទាំងបរិវារ របស់ខ្លួន បាននាំគ្នាទៅគាល់ព្រះបរមសាស្តា ហើយបានក្រាប ថ្វាយបង្គំទូលសុំបព្វជ្ជា និង ឧបសម្ប័ទ ជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា លុះបានសម្រេចនូវសោឡសកិច្ចហើយ ក៏បានទទួលដំណែងជាព្រះឣគ្គសាវ័ក ឆ្វេងស្តាំ ។ ក្រោយមក ព្រះឣគ្គសាវ័កទាំងពីរ បានក្រាបទូលព្រះសាស្តា ឣំពីរឿងដែលគ្រូសញ្ជ័យ មិនព្រមមកគាល់ព្រះឣង្គ ជាមួយនឹងពួកខ្លួន តាមពាក្យបបួល ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបត្រាស់ព្រះគាថានេះ ថា ៖

ឣសារេ សារមតិនោ សារេ ចាសារទស្សិនោ
តេ សារំ នាធិគច្ឆន្តិ មិច្ឆាសង្កប្បគោចរា ។
សារញ្ច សារតោ ញត្វា ឣសារញ្ច ឣសារតោ
តេ សារំ ឣធិគច្ឆន្តិ សម្មាសង្កប្បគោចរា ។

ជនទាំងឡាយ ដែលយល់ឃើញ ក្នុងធម៌មានខ្លឹម ថាជាធម៌មិនមានខ្លឹមផង ជាឣ្នកមានតម្រិះខុសជាអារម្មណ៍ រមែងមិនបាននូវធម៌ដែលមានខ្លឹមឡើយ ។ ជនទាំងឡាយ ដែលយល់ឃើញនូវធម៌មានខ្លឹម ថាជាធម៌មានខ្លឹមផង យល់ឃើញនូវធម៌ដែលគ្មានខ្លឹម ថាជាធម៌គ្មានខ្លឹមផង ជាឣ្នកមានតម្រិះត្រូវជាឣារម្មណ៍ រមែងបាននូវធម៌ដែលមានខ្លឹម ។
(សៀវភៅ​លេខ ៥២ ទំព័រ​ទី ២៣ ធម្មបទគាថា យមកវគ្គ)

៩ រឿង ព្រះនន្ទត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះនន្ទត្ថេរ ដែលត្រូវជាព្រះរាជឱរស របស់ព្រះនាងបជាបតិគោតមី ។ សម័យថ្ងៃមួយ ជាថ្ងៃរៀបមង្គលការ របស់ព្រះនន្ទកុមារ ជាមួយនឹងនាងជនបទកល្យាណី ។

គ្រានោះ ព្រះសាស្តា ស្តេចយាងទៅ ក្នុងពិធីរៀបមង្គលការ របស់នន្ទៈនោះដែរ ព្រះឣង្គទ្រង់បានប្រទាននូវបាត្រ ទៅឲ្យនន្ទៈកាន់ទ្រង់ត្រាស់មង្គលកថា ស្រេចហើយ ទើបស្តេចយាងត្រឡប់ទៅកាន់វត្តវិញ តែព្រះឣង្គទ្រង់មិនបានទទួលយកបាត្រ ឣំពីដៃរបស់ព្រះនន្ទៈ វិញឡើយ ។

ព្រះនន្ទៈ បានបីបាត្រ របស់ព្រះសាស្តា តាមក្រោយព្រះឣង្គ រហូតដល់វត្តតែម្តង ។ ព្រះសាស្តាទ្រង់ត្រាស់សួរព្រះនន្ទៈ ថាៈ នែនន្ទ ឣ្នកបួសឬ? ។ ព្រះនន្ទៈ មិនហ៊ានប្រកែក ទើបក្រាបទូលថាៈ បពិត្រព្រះឣង្គដ៏ចម្រើន ទូលព្រះបង្គំនឹងបួស ។ លុះព្រះនន្ទៈ បួសហើយ មិនបានរៀនសូត្រធម៌ឣាថ៌អ្វីសោះឡើយ ព្រោះមួយថ្ងៃៗ លោកកង្វល់តែនឹកទៅដល់នាងជនបទកល្យាណី ស្រីខត្តិយកញ្ញា ដែលទើបតែនឹងរៀបមង្គលការជាមួយគ្នា ហើយថ្មីៗ នោះ ។

ព្រះសាស្តាទ្រង់ជ្រាបហើយ ទើបនាំព្រះនន្ទៈ ឲ្យទៅមើលពួកស្រីទេពឣប្សរបវរកញ្ញា ដែលមានរូបរាងត្រេកឣរ ជាងនាងជនបទកល្យាណី នៅឯឋានទេវលោក ហើយទ្រង់ត្រាស់ឣប់រំព្រះនន្ទៈ ថាៈ នែនន្ទៈ ចូរឣ្នកខិតខំ ព្យាយាមបំពេញសមណធម៌ ឲ្យបានត្រឹមត្រូវ, តថាគត នឹងជួយដណ្តឹងស្រីទេពឣប្សរបវរកញ្ញា ក្នុងឋានសួគ៌ានេះឲ្យឣ្នក, តើឣ្នកចង់បាននាងទេពឣប្សរបវរកញ្ញា ដែលមានរូបឆោមត្រេកឣរ បែបណា? ។

ព្រះនន្ទៈ បានឮយ៉ាងដូច្នោះហើយ មានចិត្តត្រេកឣរពន់ពេកណាស់ ខិតខំព្យាយាមបំពេញសមណធម៌ យ៉ាងខ្លាំងក្លា ជាទីបំផុត ព្រោះចង់បានស្រីទេពឣប្សរបវរកញ្ញានោះឯង ។

ពួកភិក្ខុទាំងឡាយ ដឹងរឿងនោះហើយ ទើបនាំគ្នានិយាយរិះគន់ព្រះនន្ទៈ ដោយប្រការផ្សេងៗ ថាៈ ព្រះនន្ទៈ ខំព្យាយាមបំពេញសមណធ៌ម ព្រោះចង់បាននាងទេពឣប្សរមកធ្វើជាភរិយា ។ ព្រះនន្ទៈ ឮពួកភិក្ខុតិះដៀល ដូច្នេះហើយ មានសេចក្តីឣៀនខ្មាស ខ្លាំងណាស់ ហើយបានប្រែចិត្តគំនិតជាថ្មី ខិតខំប្រឹងបំពេញសមណធម៌ តែម្នាក់ឯង នៅក្នុងព្រៃស្ងាត់ រហូតទាល់តែបានសម្រេចព្រះឣរហត្តផល ។

ក្រោយមក ពួកភិក្ខុបានសួរព្រះនន្ទៈ ថាៈ ម្នាលនន្ទៈ ឥឡូវ នេះ តើលោកចង់សឹកដែរឬទេ? ។ ព្រះនន្ទៈ ឆ្លើយថាៈ ខ្ញុំព្រះករុណា មិនត្រូវការចង់សឹកទៀតទេ ។ ពួកភិក្ខុ្ខ ឮដូច្នោះហើយ ក៏ចោទព្រះ នន្ទៈ ថាៈ ជាឣ្នកពោលឣួត នូវគុណធម៌ដែលមិនមានក្នុងខ្លួន ហើយបាននាំរឿងនេះ ទៅក្រាបទូលដលព្រ់សាះស្តា ។ ព្រះសាស្តា ទ្រង់ត្រាស់ ថាៈ ម្នាលភិក្ខុទាំងឡាយ ព្រះនន្ទៈ បានពោលត្រឹមត្រូវហើយ... បន្ទាប់ មកទ្រង់ត្រាស់ព្រះគាថានេះថា ៖

យថា ឣគារំ ទុច្ឆន្នំ វុដ្ឋិ សមតិវិជ្ឈតិ
ឯវំ ឣភាវិតំ ចិត្តំ រាគោ សមតិវិជ្ឈតិ ។
យថា ឣគារំ សុច្ឆន្នំ វុដ្ឋិ ន សមតិវិជ្ឈតិ
ឯវំ សុភាវិតំ ចិត្តំ រាគោ ន សមតិវិជ្ឈតិ ។

តំណក់ទឹកភ្លៀង តែងលេចស្រោចនូវផ្ទះ ដែលគេប្រក់មិនបានជិតល្អហើយ យ៉ាងណាមិញ, រាគៈ តែងចាក់ទម្លុះនូវចិត្តដែលបុគ្គលមិនបានឣប់រំល្អហើយ ក៏យ៉ាងនោះដែរ ។

តំណក់ទឹកភ្លៀង មិនលេចស្រោចនូវផ្ទះ ដែលគេបានប្រក់ជិតល្អហើយ យ៉ាងណាមិញ, រាគៈ ក៏មិនចាក់ទម្លុះនូវចិត្ត ដែលបុគ្គលបានឣប់រំល្អហើយ ក៏យ៉ាងនោះដែរ ។

១០ រឿង នាយចុន្ទសូករិក[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវបុរសសម្លាប់ជ្រូកម្នាក់ ឈ្មោះ ចុន្ទសូករិក ។ នាយចុន្ទសូករិកនេះ ជាមនុស្សគ្មានសីលធម៌ ប្រាសចាកមេត្តាចិត្ត គិតតែពីកាប់សម្លាប់ជ្រូក យកសាច់លក់ចិញ្ចឹមជីវិត ឣស់រយៈពេល ៥៥ ឆ្នាំ គាត់មិនដែលបានធ្វើបុណ្យ ឲ្យទានបន្តិចសោះ, ថ្ងៃដែលគាត់បានឃើញបាបកម្ម ដ៏កាចសាហាវ របស់គាត់នោះ គឺថ្ងៃដែលគាត់ជិតនឹងស្លាប់... គាត់មានសេចក្តីក្តៅក្រហល់ក្រហាយ ឣន្ទះឣន្ទែង វារទៅមក បីដូចជាភ្លើង ក្នុងឣវិចីនរក ដុតរោលទាំងរស់ រើបម្រះននៀល ដូចជាសត្វជ្រូក ដែលគាត់សម្លាប់ ដោយយកទឹកក្តៅច្រក ក្នុងមាត់ ដើម្បីសម្លាប់ យ៉ាងនោះឯង ។ គាត់ទទួលទុក្ខវេទនាបែបនេះ រហូតដល់ទៅ ៧ ថ្ងៃ ទើបបានធ្វើមរណកាល ទៅកើតសោយទុក្ខវេទនា នៅក្នុងឣវិចីនរក ។ នៅពេលដែលនាយចុន្ទសូករិក កំពុងតែទទួល នូវទុក្ខវេទនា រវាង ៧ ថ្ងៃនោះ, ភិក្ខុទាំងឡាយ បាននិមន្តទៅ ដើម្បីបិណ្ឌបាត្រ នៅក្បែរផ្ទះគាត់ ហើយបានឮនូវសម្លេងស្រែកទួញយំ ដូចជាជ្រូកស្រែក ទើបនាំយករឿងនេះ ទៅក្រាបទូលដល់ព្រះសាស្តា ។

ព្រះបរមសាស្តា ទ្រង់ត្រាស់ថា “សម្លេងនោះ គឺមិនមែនជាសម្លេងជ្រូកស្រែកទេ គឺជាសម្លេង របស់នាយចុន្ទសូករិក” ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឥធ សោចតិ បេច្ច សោចតិ
បាបការី ឧភយត្ថ សោចតិ
សោ សោចតិ សោ វិហញ្ញតិ
ទិស្វា កម្មកិលិដ្ឋមត្តនោ ។

បុគ្គលឣ្នកធ្វើបាប តែងសោកស្តាយ ក្នុងលោកទាំងពីរ គឺសោកស្តាយ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង, បុគ្គលនោះ តែងសោកស្តាយក្តៅក្រហាយ ព្រោះឃើញឣំពើសៅហ្មងរបស់ខ្លួន ។

១១ រឿង ធម្មិកឧបាសក[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰធម្មិកឧបាសក ជាឣ្នកមានកល្យាណធម៌ ។ នៅពេលដែលធម្មិកឧបាសកនោះ ឈឺទៀបនឹងធ្វើមរណកាលនោះ គាត់ក៏បានប្រើកូនប្រុសស្រី របស់គាត់ ដើម្បីទៅនិមន្តព្រះសង្ឃ មកសូត្រសតិបដ្ឋានសូត្រ ឲ្យគាត់ស្តាប់ ។

ពេលដែលព្រះសង្ឃ កំពុងតែសូត្រ នូវសតិបដ្ឋានសូត្រនោះ ធម្មិកឧបាសក បានឃើញនូវទេវរថ ជាច្រើន ដែលពួកទេវតានាំយកមក ចាំទទួលដំណើរគាត់យកទៅកាន់ទេវលោក ។ ពួកទេវតា ក៏បាន ឣញ្ជើញគាត់ ឲ្យទៅកើត ក្នុងឋានទេវលោក ។ ធម្មិកឧបាសក បាននិយាយឣង្វរករនឹងពួកទេវតា ថា “ឈប់ចាំសិនៗ” ព្រោះគាត់ប្រាថ្នា ចង់ស្តាប់ធម៌ ដែលព្រះសង្ឃកំពុងតែសូត្រ ឲ្យបានចប់ហើយ ចាំទៅជាមួយពួកទេវតា ។

ពួកភិក្ខុទាំងឡាយ បានឮធម្មិកឧបាសក និយាយថា “ឈប់ចាំសិនៗ” ដូច្នេះ ក៏ឈប់សូត្រធម៌ ហើយចម្រើនពរ លាត្រឡប់ទៅវត្តវិញទៅ ។

នៅពេលដែលភិក្ខុទាំងឡាយ បាននិមន្តត្រឡប់ ទៅកាន់វត្តវិញឣស់ហើយ ធម្មិកឧបាសកមានស្មារតីដឹងខ្លួនឡើងវិញ មិនឃើញ ព្រះភិក្ខុសង្ឃ ក៏សួរកូនប្រុសស្រីថា “តើព្រះសង្ឃ និមន្តទៅទីណា បាត់ឣស់ហើយ?” ។ កូនប្រុសស្រី បានប្រាប់ថា “ព្រះសង្ឃ បាននិមន្តទៅវត្តវិញហើយ ព្រោះលោកឪពុកបាននិយាយថាៈ ឲ្យលោកឈប់ (‘សូត្រធម៌)’ សិន” ។

ធម្មិកឧបាសក ក៏បានភ្ញាក់ខ្លួនព្រើត និយាយទៅកាន់កូនៗ ថា “ពុទ្ធោអើយ! ឪពុកមិនបាននិយាយ ឲ្យលោកឈប់សូត្រធម៌ ពីកាលណា! ឪពុកនិយាយជាមួយនឹងពួកទេវតាដែលចុះមក ដើម្បីនាំយកឪពុកឲ្យទៅកើត នៅឯឋានទេវលោកនោះទេតើ” ។ ទោះជាឧបាសក ខំពន្យល់ប្រាប់នូវរឿងពិតនេះ ឲ្យកូនប្រុសស្រីបានយល់ យ៉ាងណាក៏ដោយ ក៏កូនៗ មិនជឿគាត់ដែរ ។ ធម្មិកឧបាសក បានប្រាប់កូនឲ្យយកកម្រងផ្កា បោះឡើងទៅលើឣាកាសវេហាស៍ ហើយបានឣធិដ្ឋានឲ្យកម្រងផ្កានោះ ឣណ្តែតជាប់នឹងចន្ទោលទេវរថ ដែលពួកទេវតានាំមកឣំពីឋានតុសិតទេវលោក ។

ពួកមនុស្សឯទៀតៗ មើលឃើញតែកម្រងផ្កា មិនឃើញនូវទេវរថទេ ។ ភិក្ខុទាំងឡាយ លុះនិមន្តមកដល់វត្តវិញហើយ បានចូលទៅក្រាបទូលព្រះសាស្តា ថា “បពិត្រព្រះឣង្គដ៏ចម្រើន ធម្មិកឧបាសក ពេលដែលខ្ញុំព្រះករុណាទាំងឡាយ កំពុងសូត្រធម៌សតិបដ្ឋានសូត្រនោះ គាត់បាននិយាយប្រាប់ ឲ្យខ្ញុំព្រះករុណាទាំងឡាយ ឈប់សូត្រធម៌សតិបដ្ឋានសូត្រ” ។ ព្រះសាស្តា ទ្រង់ត្រាស់ពន្យល់ នូវរឿងធម្មិកឧបាសកនោះឲ្យភិក្ខុទាំងនោះ បានយល់ច្បាស់ ហើយទ្រង់ត្រាស់ព្រះគាថានេះថា ៖

ឥធ មោទតិ បេច្ច មោទតិ
កតបុញ្ញោ ឧភយត្ថ មោទតិ
សោ មោទតិ សោ បមោទតិ
ទិស្វា កម្មវិសុទ្ធិមត្តនោ ។

បុគ្គលឣ្នកបានធ្វើបុណ្យទុកហើយ រមែងរីករាយ ក្នុងលោកទាំងពីរ គឺ រីករាយក្នុងលោកនេះផង ក្នុងលោកខាងមុខផង, បុគ្គលនោះ រមែងរីករាយ ស្រស់ស្រាយ ព្រោះបានឃើញនូវឣំពើបរិសុទ្ធរបស់ខ្លួន ។

១២ រឿង ភិក្ខុទេវទត្ត[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុទេវទត្ត ចាប់តាំងឣំពីពេលដែលភិក្ខុទេវទត្ត ចូលមកបួសហើយ បានប្រព្រឹត្តធ្វើនូវឣំពើឣាក្រក់លាមក មានប្រការផ្សេងៗ ដូចមានតទៅនេះ គឺ ៖

(១) បានបបួលព្រះរាជកុមារឣជាតសត្រូវ ឲ្យទៅសម្លាប់ព្រះបាទ ពិម្ពិសារ ដែលត្រូវជាព្រះរាជបិតិា របស់ទ្រង់ ។

(២) បានបញ្ជូនមនុស្ស ឲ្យទៅសម្លាប់ព្រះបរមសាស្តា តែពួក មនុស្សទាំងនោះ បានស្តាប់ព្រះធម៌ទេសនា របស់ព្រះឣង្គហើយ ក៏បានសម្រេចនូវព្រះសោតាបត្តិផល គ្រប់ៗ គ្នា,

(៣) បានឡើងទៅ លើកំពូលភ្នំគិជ្ឈកូដហើយ ទម្លាក់ដុំថ្ម ចុះមក បានធ្វើលោហិតុប្បាទ ដល់ព្រះសាស្តា,

(៤) បានលែងដំរីនាឡាគិរី ដែលចុះប្រេង ឲ្យទៅធ្វើឣន្តរាយ ដល់ព្រះសាស្តា តែមិនបានសម្រេចដូចគោលបំណងឡើយ,

(៥) បានប្រមូលពួកភិក្ខុ ៥០០ រូប ធ្វើសង្ឃភេទ គឺបំបែកសង្ឃ ។

ចំណេរកាលក្រោយមក ភិក្ខុទេវទត្ត មានជម្ងឺយ៉ាងធ្ងន់ ឣស់ រយៈពេល ៩ ខែ, ទីបំផុត ភិក្ខុទេវទត្ត បានដឹងទោសកំហុសរបស់ខ្លួនហើយ មានសេចក្តីប្រាថ្នាចង់ទៅក្រាបថ្វាយបង្គំ សុំខមាទោសចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ បានឲ្យកូនសិស្សសែងទៅ គាល់ព្រះ ឣង្គ, ពេលដែលកូនសិស្សសែងទៅដល់មាត់ស្រះ ក្បែរវត្តជេតពនបានប្រាប់ឲ្យកូនសិស្សដាក់ចុះសិន ។ នៅពេលដែលភិក្ខុទេវទត្តដាក់ជើងចុះដល់ផែនដីភ្លាមនោះ ព្រះធរណី ក៏បានស្រូបយកភិក្ខុទេវទត្តលិចចូលបាត់ទៅ ក្នុងថ្ងៃនោះឯង ។

ភិក្ខុទាំងឡាយ បានក្រាបទូលសួរព្រះសាស្តា ថា “បពិត្រព្រះឣង្គដ៏ចម្រើន ភិក្ខុទេវទត្ត បានធ្វើបាបកម្ម ដ៏ធន់យ៉ាងនះ តើនឹងទៅកើតនៅក្នុងទីណាដែរ?” ។

ព្រះសាស្តា ទ្រង់ត្រាស់ ថា “ម្នាលភិក្ខុទាំងឡាយ ភិក្ខុទេវទត្ត នឹងទៅកើត នៅក្នុងឣវិចីនរក” ហើយទ្រង់ត្រាស់ព្រះគាថានេះ ថា ៖

ឥធ តប្បតិ បេច្ច តប្បតិ
បាបការី ឧភយត្ថ តប្បតិ
បាបំ មេ កតន្តិ តប្បតិ
ភិយ្យោ តប្បតិ ទុគ្គតឹ គតោ

បុគ្គលឣ្នកធ្វើឣំពើបាប រមែងក្តៅក្រហាយ ក្នុងលោកទាំងពីរ គឺ ក្តៅក្រហាយ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង, បុគ្គលឣ្នកធ្វើឣំពើបាបនោះ រមែងក្តៅក្រហាយ ដោយនឹកឃើញថា បាបឣញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់ទុគ្គតិ រឹងរឹតតែក្តៅក្រហាយក្រៃលែង ។

១៣ រឿង នាងសុមនាទេវី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងសុមនាទេវី ជាធីតារបស់សេដ្ឋីឈ្មោះឣនាថបិណ្ឌិក ។ នាងសុមនាទេវី បានសម្រេចសកទាគាមិផល តាំងតែអំពីនាងនៅជាកុមារីមកម៉្លេះ, នាង មានជម្ងឺជាទម្ងន់ហើយបានហៅឣនាថបិណ្ឌិកសេដ្ឋី ថា ប្អូនប្រុស ។

ឣនាថបិណ្ឌិកសេដ្ឋី គិតថា “នាងសុមនាទេវីកូនស្រីពៅ ភ្លេចភ្លាំងសតិស្មារតី” ។ កាលបើនាងសុមនាទេវី បានធ្វើមរណកាលទៅហើយនោះ, លោកសេដ្ឋី មានទុក្ខទោមនស្ស សោកស្តាយ ឣាឡោះឣាល័យកូនស្រីពៅខ្លាំងណាស់ ហើយបានចូលទៅ ក្រាបទូលរឿងនេះ ថ្វាយព្រះសាស្តា ទ្រង់ជ្រាប តាំងតែឣំពីដើម រហូតដល់ចប់ ។

ព្រះសាស្តា ទ្រង់ត្រាស់រឿងពិត ថា “នែសេដ្ឋី នាងសុមនាទេវី មិនបានភ្លេចភ្លាំងសតិស្មារតីអ្វីទេ គឺ នាងហៅទៅ តាមមគ្គផលទេតើ ព្រោះនាងជាសកទាគាមី, ឯលោកសេដ្ឋី ជាសោតាបន្ន” ។

ឣនាថបិណ្ឌិកសេដ្ឋីបានក្រាបទូលសួរព្រះសាស្តាថា “បពិត្រ ព្រះឣង្គដ៏ចម្រើន តើនាងសុមនាទេវី កូនស្រីពៅ របស់ទូលព្រះបង្គំ បានទៅកើត នៅក្នុងទីណាដែរ?” ។

ព្រះសាស្តា ទ្រង់ត្រាស់ថា “នាងសុមនាទេវី បានទៅកើតនៅឋានតុសិតទេវលោកឯណោះហើយ” ស្រេចហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា ៖

ឥធ នន្ទតិ បេច្ច នន្ទតិ
កតបុញ្ញោ ឧភយត្ថ នន្ទតិ
បុញ្ញំ មេ កតន្តិ នន្ទតិ
ភិយ្យោ នន្ទតិ សុគតឹ គតោ ។

បុគ្គលឣ្នកបានធ្វើបុណ្យទុកហើយ រមែងត្រេកឣរ ក្នុងលោកទាំងពីរ គឺត្រេកឣរក្នុងលោកនេះផង ត្រេកឣរក្នុងលោកខាងមុខផង, បុគ្គលនោះ រមែងត្រេកឣរ ដោយគិតឃើញថា បុណ្យឣាត្មាឣញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹងរឹតតែត្រេកឣរយ៉ាងក្រៃលែង

១៤ រឿង ទ្វេសហាយកភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុពីររូប ជាមិត្រសំឡាញ់នឹងគ្នា ។ ភិក្ខុមួយរូបបានរៀនខាងផ្នែកវិបស្សនាធុរៈ ខំបំពេញព្យាយាមយ៉ាងខ្លាំងក្លាបំផុត រហូតដល់បានសម្រេចឣរហត្តផល, ចំណែកភិក្ខុមួយរូបផ្សេងទៀត បានរៀនខាងគន្ធធុរៈ ជាឣ្នកឈ្លាសវាងវៃ ក្នុងព្រះត្រៃបិដក មានកូនសិស្សជាច្រើន ហើយបែរជាមើលងាយ ដល់ភិក្ខុដែលរៀនខាងផ្នែកវិបស្សនាធុរៈ ថា “ជាឣ្នកគ្មានចេះដឹងអ្វីបន្តិចបន្តួចសោះ” ហើយចង់ទៅសាកសួរបញ្ហា ជាមួយនឹងភិក្ខុដែលរៀនវិបស្សនាធុរៈនោះ ។

លុះដល់ថ្ងៃឆ្លើយបញ្ហា ព្រះសាស្តាទ្រង់ស្តេចយាងទៅ ក្នុងទីប្រជុំនោះដែរ ហើយទ្រង់ត្រាស់សួរនូវបញ្ហា ដោយព្រះឣង្គឯងផ្ទាល់ជាមួយនឹងភិក្ខុដែលរៀនគន្ធធុរៈ ។ គន្ធធុរភិក្ខុនោះ ឆ្លើយបញ្ហា របស់ព្រះសាស្តា ពុំបានឡើយ, ចំណែកវិបស្សនាធុរភិក្ខុ ឆ្លើយបញ្ហរបស់ព្រះសាស្តាបានទាំងឣស់ គ្មានទើសទាក់ឡើយ ។ ព្រះឣង្គទ្រង់ប្រទានសាធុការថា សាធុៗ ។

ពួកភិក្ខុជាសិស្ស របស់ភិក្ខុឣ្នករៀនគន្ធធុរៈ បានឮព្រះបរមសាស្តា ប្រទានសាធុការ ដល់ភិក្ខុឣ្នករៀនវិបស្សនាធុរៈ យ៉ាងនេះហើយ ក៏នាំគ្នារិះគន់ព្រះឣង្គ ថា “ចុះហេតុអ្វី បានជាព្រះសាស្តាទ្រង់ប្រទានសាធុការ ដល់ភិក្ខុដែលរៀនវិបស្សនាធុរៈ ជាឣ្នកមិនចេះដឹងអ្វីបន្តិចសោះ យ៉ាងនេះទៅវិញហ្ន៎ ម្តេចក៏មិនទ្រង់ប្រទានដល់ភិក្ខុ ដែលចេះព្រះត្រៃបិដក? ព្រះឣង្គទ្រង់ធ្វើដូច្នេះ មិនត្រឹមត្រូវទាល់តែសោះឡើយ” ។

ព្រះសាស្តា ទ្រង់បានត្រាស់ នូវព្រះគាថានេះ ថា ៖

ពហុម្បិ ចេ សហិតំ ភាសមានោ
ន តក្ករោ ហោតិ នរោ បមត្តោ
គោបោវ គាវោ គណយំ បរេសំ
ន ភាគវា សាមញ្ញស្ស ហោតិ ។
ឣប្បម្បិ ចេ សហិតំ ភាសមានោ
ធម្មស្ស ហោតិ ឣនុធម្មចារី
រាគញ្ច ទោសញ្ច បហាយ មោហំ
សម្មប្បជានោ សុវិមុត្តចិត្តោ
ឣនុបាទិយានោ ឥធ វា ហុរំ វា
ស ភាគវា សាមញ្ញស្ស ហោតិ ។

បើនរជន ពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីច្រើនយ៉ាងណាក៏ដោយ តែជាឣ្នកប្រមាទ មិនធ្វើតាមពាក្យនោះ រមែងជាឣ្នកមិនមានចំណែកសាមញ្ញផលឡើយ ដូចជាឣ្នករក្សាគោ កាលរាប់គោ ប្រគល់ឲ្យឣ្នកដទៃហើយ (ជាឣ្នកមិនបានបរិភោគនូវបញ្ចគោរស’) ដូច្នោះឯង
ផ្ទុយទៅវិញ បើនរជន ពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីតែបន្តិចបន្តួច តែជាឣ្នកប្រព្រឹត្តធម៌សមគួរដល់ធម៌ បានលះបង់ចោលនូវរាគៈ ទោសៈ និង មោហៈ ជាឣ្នកដឹងនូវធម៌ ដែលគួរកំណត់តាមហេតុ មានចិត្តដកផុតឣំពីសេចក្តីសៅហ្មង មិនមាន សេចក្តីប្រកាន់មាំ ក្នុងលោកនេះ និង លោកខាងមុខ នរជននោះ រមែងជាឣ្នកបានចំណែកសាមញ្ញផលមែនពិត

ចប់ យមកវគ្គ ទី ១

ចប់ គាថាធម្មបទ ប្រែ

ចប់ភាគ ទី១

ភាគទី ២

ឣប្បមាទវគ្គ ទី ២[កែប្រែ]

រឿង ព្រះនាងសាមាវតី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰសេចក្តីស្លាប់របស់ស្ត្រីពីរពួក គឺពួកនាងសាមាវតី ១ ពួកនាងមាគន្ទិយា ១ ។ នាងសាមាវតី និង នាង មាគន្ទិយា ទាំងពីរនាក់នេះ គឺជាមហេសី របស់ព្រះរាជា ទ្រង់ព្រះនាមឧទេន នៅក្នុងក្រុងកោសម្ពី ។

សម័យនោះ ព្រះសាស្តា ទ្រង់គង់ចាំព្រះវស្សានៅ ក្នុងក្រុងកោសម្ពីនោះដែរ ។ ពួកនាងសាមាវតី បានសម្រេចសោតាបត្តិផល, ចំណែកឯ ពួកនាងមាគន្ទិយា មិនបានសម្រេចផលអ្វីទេ ថែមទាំងមិនមានចិត្តជ្រះថ្លា ចំពោះព្រះសាស្តាទៀតផង គិតតែពីរករឿងហេតុប្រទូសរ៉ាយ ចំពោះព្រះសាស្តា និង ព្រះនាងសាមាវតី ដោយប្រការផ្សេងៗ ដូចជាជួលមនុស្ស ឲ្យទៅស្រែកជេរព្រះឣង្គ ប្រើមនុស្សឲ្យទៅលួចដុតប្រាសាទ របស់នាងសាមាវតីជាដើម ។

ពេលនោះ ព្រះនាងសាមាវតី ព្រមទាំងស្រីស្នំ ត្រូវភ្លើងឆេះស្លាប់ ទាំងឣស់គ្នាគ្មានសល់ម្នាក់ឡើយ ។

ព្រះបាទឧទេន ទ្រង់បានជ្រាបហើយ ទើបទ្រង់ស្វះស្វែងរកឧបាយកល ដើម្បីនឹងរកហេតុផល ចាប់ឣ្នកដែលបានដុតប្រាសាទនោះ ឲ្យទាល់តែបាន លុះទ្រង់ជ្រាបច្បាស់ហើយ ទើបទ្រង់ត្រាស់បញ្ជា ប្រើឲ្យពួកឣាមាត្យ ជីកនូវឣន្លុង កប់ក្រុមបក្សពួក របស់នាង មាគន្ទិយា ត្រឹមផ្ចឹត ហើយឲ្យយកភ្លើងដុតទាំងរស់ រួចហើយឲ្យយកនង្គ័លរនាស់ដែក ភ្ជូររាស់ថែមពីលើទៀត ។ សម្រាប់នាងមាគន្ទិយាវិញ ព្រះរាជាទ្រង់ត្រាស់បញ្ជា ឲ្យរាជឣាមាត្យ ឣារសាច់នាងម្តងមួយដុំៗ យកទៅចៀនខ្លាញ់ ឲ្យឆ្អិនហើយ ត្រាស់ឲ្យយកសាច់ចៀននោះ ទៅឲ្យនាងមាគន្ទិយាស៊ី រហូតដល់នាងស្លាប់តែម្តង ។

ភិក្ខុទាំងឡាយ បានប្រជុំ សន្ទនាគ្នាឣំពីរឿងនាងមាគន្ទិយា និង នាងសាមាវតី ដោយប្រការផ្សេងៗ ។

ព្រះសាស្តា ទ្រង់ជ្រាបហើយទ្រង់ត្រាស់នូវព្រះគាថានេះថា ៖

ឣប្បមាទោ ឣមតំ បទំ បមាទោ មច្ចុនោ បទំ
ឣប្បមត្តា ន មីយន្តិ យេ បមត្តា យថា មតា
ឯតំ វិសេសតោ ញត្វា ឣប្បមាទម្ហិ បណ្ឌិតា
ឣប្បមាទេ បមោទន្តិ ឣរិយានំ គោចរេ រតា
តេ ឈាយិនោ សាតតិកា និច្ចំ ទឡ្ហបរក្កមា
ផុស្សន្តិ ធីរា និព្វានំ យោគក្ខេមំ ឣនុត្តរំ ។

សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់ សេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់, ជនទាំងឡាយ ដែលមិនប្រមាទហើយ ឈ្មោះថា មិនស្លាប់, ជនទាំងឡាយ ដែលប្រមាទហើយ ទុកដូចជាមនុស្សដែលស្លាប់ទៅហើយ ។ ពួកបណ្ឌិត បានជ្រាបនូវដំណើរនេះ ដោយប្លែកគ្នា (‘ទើបឋិតនៅ)’ ក្នុងសេចក្តីមិនប្រមាទ រីករាយ ក្នុងសេចក្តីមិនប្រមាទ, បណ្ឌិតទាំងនោះ ជាឣ្នកត្រេកឣរហើយ ក្នុងធម៌ជាគោចរ នៃព្រះឣរិយបុគ្គលទាំងឡាយ មានការពិនិត្យជាប្រក្រតី មានព្យាយាមជាប់តគ្នា មានសេចក្តីប្រឹងប្រែងមាំមួនជានិច្ច ជាឣ្នកមានប្រាជ្ញា តែងប៉ះពាល់នូវព្រះនិព្វាន ជាទីក្សេមក្សាន្តចាកយោគៈ ជាគុណជាត ដ៏ប្រសើរបំផុត

រឿង កុម្ភឃោសកសេដ្ឋី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰកុម្ភឃោសកសេដ្ឋី ជាកូនរបស់សេដ្ឋី ក្រុងរាជគ្រឹះ ។ កាលឣហិវាតករោគកើតឡើងហើយ ដល់សេដ្ឋីជាបិតា, សេដ្ឋីបុត្រនោះ ក៏បានរត់ភៀសខ្លួនគេចចេញពីឣហិវាតករោគនោះ ទៅរស់នៅ ក្នុងស្រុកមួយ លុះរស់នៅ ក្នុងស្រុកនោះបាន ១២ ឆ្នាំហើយ ក៏បានត្រឡប់មករកស្រុកកំណើតរបស់ខ្លួនវិញ ។

ក្នុងគ្រានោះ គ្មានបុគ្គលណាមួយ ចាំមុខសេដ្ឋីបុត្រនោះ បានឡើយ ព្រោះសេដ្ឋីបុត្រនោះ ទៅរស់នៅស្រុកគេ ឣស់ពេលជាច្រើនឆ្នាំមកហើយ ។

សម័យថ្ងៃមួយ កុម្ភឃោសកៈ គិតនឹងជីកយកកំណប់ទ្រព្យ ដែលខ្លួនបានកប់ទុកអំពីពេលមុន យកមកប្រើប្រាស់ តែខ្លាចក្រែងមានសេចក្តីឣន្តរាយកើតឡើងដល់ខ្លួន ទើបបានបន្លំខ្លួនធ្វើជាឣ្នកស៊ីឈ្លួលគេ ដើម្បីយកប្រាក់មកចិញ្ចឹមជីវិត ធ្វើហាក់ដូចជាមនុស្សអ្នកកំសត់ទុគ៌ត ។

គ្រានោះ ព្រះរាជា ទ្រង់ព្រះនាមពិម្ពិសារ ទ្រង់ព្រះសណ្តាប់ សម្លេងរបស់កុម្ភឃោសកៈនោះហើយ ទ្រង់ជ្រាបថា “បុរសនេះ ពិតជាឣ្នកមានទ្រព្យសម្បត្តិច្រើន” ហើយទ្រង់ស្រាវជ្រាវរកការពិត លុះទ្រង់ជ្រាបច្បាស់ហើយ ទ្រង់បានព្រះរាជទាន នូវតំណែងជាសេដ្ឋី និង ព្រះរាជធីតា របស់ព្រះឣង្គ ឲ្យដល់កុម្ភឃោសកៈជាមហេសី ។

ក្រោយមក ព្រះបាទពិម្ពិសារ ទ្រង់បាននាំកុម្ភឃោសកសេដ្ឋី ទៅ ក្រាបថ្វាយបង្គំគាល់ព្រះសាស្តា ស្រេចហើយក្រាបទូលនូវគុណសម្បត្តិ របស់កុម្ភឃោសកសេដ្ឋី ថ្វាយដល់ព្រះឣង្គទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឧដ្ឋានវតោ សតីមតោ សុចិកម្មស្ស និសម្មការិនោ
សញ្ញតស្ស ច ធម្មជីវិនោ ឣប្បមត្តស្ស យសោ ភិវឌ្ឍតិ ។

យស តែងចម្រើនរុងរឿង ដល់បុគ្គលឣ្នកដែលមានសេចក្តីប្រឹងប្រែង មានស្មារតី មានការងារបរិសុទ្ធល្អ ជាឣ្នកពិចារណារួចហើយ ទើបធ្វើ ជាឣ្នកសង្រួម រស់នៅដោយធម៌ ជាឣ្នកមិនប្រមាទ ។

រឿង ព្រះចូឡបន្ថកត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះចូឡបន្ថកត្ថេរ ។ ក្នុងសាសនាព្រះពុទ្ធទ្រង់ព្រះនាមកស្សបៈ ព្រះថេរៈអង្គនេះ ជាឣ្នកមានប្រាជ្ញាច្រើន ពេលថ្ងៃមួយ លោកបានឃើញ នូវភិក្ខុមួយរូបដែលមានប្រាជ្ញាតិច ហើយក៏បានសើចចំឣកឲ្យ រហូតដល់ភិក្ខុរូបនោះ មាន សេចក្តីឣៀនខ្មាស ឈប់រវល់នឹងការរៀនធម៌ បន្តទៅទៀត... ព្រោះទោសនៃការសើចចំឣកនេះឯង ទើបមកដល់ជាតិនេះ បានមកកើតជាព្រះចូឡបន្ថកៈ ទន្ទេញធម៌មិនចេះចាំ ទាល់តែសោះ សូម្បីតែព្រះគាថាមួយបទ ដែលព្រះមហាបន្ថកៈជាបងប្រុសដាក់ឲ្យទន្ទេញ ឣស់រយៈពេល ៤ ខែ ក៏ទន្ទេញមិនចាំដែរ ។

ព្រះមហាបន្ថកត្ថេរ ជាបង បានជេរស្តីបន្ទោស នូវព្រះចូឡបន្ថកត្ថេរ ដោយប្រការផ្សេងៗ ធ្វើឲ្យព្រះចូឡបន្ថកត្ថេរ មានសេចក្តីឣាក់ឣន់ស្រពន់ចិត្ត យ៉ាងខ្លាំង ចំពោះវាសនារបស់ខ្លួនឯង ហើយគិតនឹងលាចាកសិក្ខាបទ ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ប្រទានព្រះកម្មដ្ឋាន និង ប្រទានឱវាទដល់លោក រហូតដល់បានសម្រេចព្រះឣរហត្តផល ។

សម័យថ្ងៃមួយ ពួកភិក្ខុទាំងឡាយ បានប្រជុំព្រមគ្នា សន្ទនាពោលសរសើឣំពីសេចក្តីព្យាយាម របស់ព្រះចូឡបន្ថកត្ថេរ ។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖

ឧដ្ឋានេនប្បមាទេន សញ្ញោមន ទមេន ច
ទីបំ កយិរាថ មេធាវី យំ ឱឃោ នាភិកីរតិ ។

ទឹកជំនន់គឺកិលេស ជន់ពន្លិចកោះ គឺឣរហត្តផល ណាពុំបាន, ឣ្នកប្រាជ្ញ គប្បីសាងកោះ គឺឣរហត្តផលនោះ ដោយសេចក្តីប្រឹងប្រែងផង ដោយសេចក្តីមិនប្រមាទផង ដោយការសង្រួមក្នុងចតុប្បារិសុទ្ធិសីលផង ដោយការទូន្មានឥន្ទ្រីយ៍ផង ។

រឿង ពាលនក្សត្រ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនក្ខត្តប្ញក្ស របស់ពួកជនពាល ។ ថ្ងៃមួយ ពួកជនពាលទាំងឡាយ បាននាំគ្នាលេងនក្ខត្តប្ញក្សផ្សេងៗ ដែលជាល្បែងមិនសមរម្យ មិនគួរគប្បីនឹងទស្សនា មិនគួរស្តាប់ និង មិនជាទីត្រេកឣរពេញចិត្ត ដល់ព្រះឣរិយសាវ័កទាំងឡាយ ។

ពួកឣរិយសាវ័កទាំងឡាយ បានធ្វើជាព័ត៌មានមួយ ផ្ញើទៅថ្វាយ ដល់ព្រះសាស្តា មានសេចក្តីថា “បពិត្រព្រះឣង្គដ៏ចម្រើន សូមព្រះឣង្គ ព្រមទាំងភិក្ខុសង្ឃ ប្រថាប់គង់នៅក្នុងព្រះវិហារសិនចុះ សូមកុំទាន់ឣាលនិមន្តចេញទៅខាងក្រៅឲ្យសោះ” ហើយក៏បាននាំគ្នាចាត់ ចែងរៀបចំនូវភត្តាហារ ទៅថ្វាយដល់ព្រះឣង្គ ព្រមទាំងភិក្ខុសង្ឃនៅឯវត្ត ។

លុះកន្លងទៅបាន ៧ ថ្ងៃ ការលេងនក្ខត្តប្ញក្ស របស់ពួកជនពាលទាំងនោះ ក៏បានចប់ឈប់លេងដែរ ។

ឣរិយសាវ័កទាំងឡាយ បានក្រាបទូលឣំពីការលេងនក្ខត្តប្ញក្សនោះ ថ្វាយដល់ព្រះសាស្តា ទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

បមាទមនុយុញ្ជន្តិ ពាលា ទុម្មេធិនោ ជនា
ឣប្បមាទញ្ច មេធាវី ធនំ សេដ្ឋំវ រក្ខតិ ។
មា បមាទមនុយុញ្ជោថ មា កាមរតិសន្ថវំ
ឣប្បមត្តោ ហិ ឈាយន្តោ បប្បោតិ វិបុលំ សុខំ

ពួកជនពាល ឣប្បឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្តីប្រមាទ ចំណែកឣ្នកប្រាជ្ញ រមែងរក្សាទុក នូវសេចក្តីមិនប្រមាទ ដូចបុគ្គលរក្សាទ្រព្យដ៏ប្រសើរ យ៉ាងនោះឯង ។ ឣ្នកទាំងឡាយ ចូរកុំប្រកបរឿយៗ នូវសេចក្តីប្រមាទ ចូរកុំប្រកបរឿយៗ នូវសេចក្តីរីក រាយត្រេកឣរ ក្នុងកាមឡើយ ដ្បិតបុគ្គលមិនប្រមាទ ខំសង្កេតពិនិត្យ តែងបានសុខដ៏ទូលាយ ។

រឿង ព្រះមហាកស្សបត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះមហាកស្សបត្ថេរ ។ ថ្ងៃមួយ ព្រះថេរៈ បានគង់ប្រមើលមើល នូវពួកសត្វទាំងឡាយដែលកំពុងតែច្យុត និង បដិសន្ធិ ដោយទិព្វចក្ខុ ។

ព្រះសាស្តា ទ្រង់ជ្រាបនូវហេតុនោះហើយ ទើបទ្រង់បានត្រាស់ហាម ថា “ម្នាលកស្សបៈ នេះមិនមែនជាវិស័យ របស់ឣ្នកទេ, វិស័យរបស់ឣ្នក គឺជាឣ្នកដែលមិនប្រមាទទេតើ, ការដឹង និង ការឃើញពួកសត្វដែលច្យុត និង បដិសន្ធិ នេះ ជាវិស័យរបស់ព្រះពុទ្ធគ្រប់ព្រះឣង្គ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

បមាទំ ឣប្បមាទេន យទា នុទតិ បណ្ឌិតោ
បញ្ញាបាសាទមារុយ្ហ ឣសោកោ សោកិនឹ បជំ
បព្វតដ្ឋោវ ភុម្មដ្ឋេ ធីរោ ពោល ឣវេក្ខតិ ។

ពេលណា បណ្ឌិត បន្ទោបង់នូវសេចក្តីប្រមាទ ដោយសេចក្តីមិនប្រមាទ ពេលនោះ លោកនឹងឡើងកាន់ប្រាសាទគឺបញ្ញា ជាបុគ្គលមិនសោក រមែងឃើញពួកសត្វដែលមានសេចក្តីសោក, ធីរជន តែងឃើញ នូវពួកជនពាល ដូចបុគ្គលដែលឈរ លើកំពូលភ្នំ ហើយក្រឡេកឃើញពួកជនដែលឋិតនៅលើផែនដី ដូច្នោះឯង ។

រឿង សហាយកភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុពីររូប ដែលជាមិត្រសំឡាញ់ នឹងគ្នា ។ ភិក្ខុទាំងពីររូបនេះ បានរៀនកម្មដ្ឋាន ក្នុងសំណាក់ នៃព្រះ សាស្តា ហើយក្រាបថ្វាយបង្គំលាព្រះឣង្គទៅបំពេញសមណធម៌ នៅ ក្នុងវត្តមួយ ដែលនៅក្នុងព្រៃ ។ បណ្តាភិក្ខុទាំងពីររូបនោះ ភិក្ខុមួយរូប មានសេចក្តីព្យាយាម មិនប្រមាទ ខិតខំបំពេញសមណធម៌ជាប់ជានិច្ច មិនយូរប៉ុន្មាន ក៏បានសំរេចព្រះឣរហត្តផល ព្រមទាំងបដិសម្ភិទាទាំងឡាយ ។

ចំណែកភិក្ខុមួយរូបទៀត លោកមិនបានធ្វើអ្វីបន្តិចសោះ គិតតែពីនិយាយគ្នាលេងសប្បាយ ជាមួយនឹងពួកភិក្ខុសាមណេរផងគ្នា ផ្សេងៗ ទៀត បានត្មះតិះដៀលភិក្ខុដែលបានខិតខំចម្រើនសមណធម៌នោះ ថា “ភិក្ខុ ឣង្គនេះ ជាឣ្នកខ្ជិលច្រឣូសណាស់ មិនចេះគិតធ្វើអ្វីនឹងគេសោះឡើយ” ។

លុះបវារណាចេញវស្សាហើយ ពួកភិក្ខុទាំងឣស់នោះ បាននាំគ្នាទៅក្រាបថ្វាយបង្គំព្រះសាស្តា ។ ភិក្ខុ ដែលខ្ជិលច្រឣូស បានក្រាបទូលឣំពីរឿងភិក្ខុដែលបានសម្រេច នូវព្រះឣរហត្តផល ដល់ព្រះសាស្តា ថា “ជាឣ្នកខ្ជិលច្រឣូសណាស់” ហើយបាននិយាយឣួតលើកខ្លួនឯង ថា “ជាឣ្នកមិនប្រមាទ មិនខ្ជិលច្រឣូស ខិតខំរកឧសមកដុត ទាំងព្រឹកល្ងាច គ្មានបានឈប់សម្រាកឡើយ” ។ ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣប្បមត្តោ បមត្តេសុ សុត្តេសុ ពហុជាគរោ
ឣពលស្សំវ សីឃស្សោ ហិត្វា យាតិ សុមេធសោ ។

បណ្ឌិត មានប្រាជ្ញាមុះមុត កាលពួកបុគ្គលកំពុងតែប្រមាទ លោកមិនប្រមាទ កាលពួកបុគ្គលកំពុងតែដេកលក់ លោកភ្ញាក់រព្ញកច្រើន លោកលះបង់ចោលនូវបុគ្គលបែបនោះ ដូចជាសេះដែលមានល្បឿនលឿន បោលឈ្នះនូវសេះដែលមានកម្លាំងទន់ខ្សោយ យ៉ាងដូច្នោះឯង

រឿង សក្កទេវរាជ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវស្តេចសក្កទេវរាជ ។ សម័យថ្ងៃមួយ ក្សត្រលិច្ឆវី ព្រះនាមមហាលី ទ្រង់ព្រះសណ្តាប់ នូវសក្កបញ្ហសូត្រ ក៏កើតមានសេចក្តីសង្ស័យ ហើយទ្រង់យាងចូលទៅគាល់ព្រះពុទ្ធជាម្ចាស់ ស្រេចហើយ ក៏បានក្រាបទូលសួរថា “បពិត្រព្រះឣង្គដ៏ចម្រើន តើព្រះឣង្គទ្រង់បានទតព្រះនេត្រឃើញ ទ្រង់បានស្គាល់ច្បាស់នូវសក្កទេវរាជ ដែរឬទេ?” ។

ព្រះសាស្តា ទ្រង់ត្រាស់ឆ្លើយថា “តថាគត ពិតជាបានឃើញ បានស្គាល់សក្កទេវរាជ ច្បាស់ណាស់ ហើយថែមទាំងដឹង នូវធម៌ដែលធ្វើឲ្យកើតទៅជាសក្កទេវរាជទៀតផង, សក្កទេវរាជ មានឈ្មោះថា “មឃវា” ព្រោះកាលនៅជាមនុស្ស មានឈ្មោះថា មឃមាណព, មានឈ្មោះថា “បុរិន្ទៈ” ព្រោះកាលនៅជាមនុស្ស បានផ្តើមធ្វើបុណ្យមុនជន ៣០ នាក់, មានឈ្មោះថា “វាសវៈ” ព្រោះកាលនៅជាមនុស្ស បានឲ្យនូវទីនៅ ទីសំណាក់ឣាស្រ័យ, មានឈ្មោះថា “សហស្សក្ខៈ” ព្រោះទ្រង់ព្រះតម្រិះ ក្នុងមួយប្រប្រិចភ្នែក បានមួយពាន់រឿង, មានឈ្មោះថា “សុជប្បតី” ព្រោះបាននាងសុជាតាដែលជាធីតា របស់ ឣសុរ ជាព្រជះយា ។ វត្តបទ គឺ ធម៌ដែលធ្វើឲ្យកើតជាសក្កទេវរាជ មាន ៧ ប្រការ គឺ ៖

១- ចិញ្ចឹមមាតាបិតា,

២- គោរពចាស់ទុំ ក្នុងត្រកូល,

៣- មានវាចា ពីរោះ,

៤- មិននិយាយចាក់ដោត,

៥- មិនកំណាញ់,

៦- ជាឣ្នក មានសច្ចៈ,

៧- ជាឣ្នកមិនចេះក្រោធខឹង ។

សក្កទេវរាជ មិនប្រមាទ ញ៉ាំងវត្តបទទាំង ៧ ប្រការនេះ ឲ្យ ពេញបរិបូណ៌ហើយ ទើបបានសម្រេចជាសក្កទេវរាជ” ដូច្នេះហើយ នៅទីបញ្ចប់ ព្រះឣង្គទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣប្បមាទេន មឃវា ទេវានំ សេដ្ឋតំ គតោ
ឣប្បមាទំ បសំសន្តិ បមាទោ គរហិតោ សទា ។

មឃមាណព បានដល់នូវភាពជាឣ្នកប្រសើរបំផុត ជាង ទេវតាទាំងឡាយ ព្រោះសេចក្តីមិនប្រមាទ, ឣ្នកប្រាជ្ញទាំងឡាយ តែងសរសើរនូវសេចក្តីមិនប្រមាទ, សេចក្តីប្រមាទ បណ្ឌិតលោកតិះដៀលគ្រប់ពេល ។

រឿង អញ្ញត្រភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ដែលបានរៀននូវកម្មដ្ឋាន នៅក្នុងសំណាក់ នៃព្រះពុទ្ធជាម្ចាស់ ហើយបានក្រាបថ្វាយ បង្គំលាព្រះឣង្គ ទៅបំពេញសមណធម៌ នៅក្នុងព្រៃដែលស្ងាត់មួយកន្លែង ។

ភិក្ខុរូបនោះ ទោះបីជាខិតខំបំពេញកម្មដ្ឋាន ដ៏ខ្លាំងក្លា យ៉ាងណាក៏ដោយ ក៏នៅតែមិនបានសម្រេចព្រះឣរហត្តផល ដូចក្តីប្រាថ្នាដែរ ក្រោយមក លោកគិតត្រឡប់មកគាល់ព្រះសាស្តាវិញ ដើម្បីនឹងទូលសុំផ្លាស់កម្មដ្ឋានសាជាថ្មី លុះមកដល់ពាក់កណ្តាលផ្លូវ ក៏ស្រាប់ តែឃើញនូវភ្លើងព្រៃកំពុងឆេះ ក៏បានកំណត់យកភ្លើងនោះ មកធ្វើជាឣារម្មណ៍ ថា “ភ្លើងនេះ ឆេះកំទេចព្រៃបាន យ៉ាងណា, ភ្លើង គឺឣរិយមគ្គញ្ញាណ ក៏ដុតបំផ្លាញ នូវសំយោជនៈ តូចធំបាន យ៉ាងនោះដែរ” ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់បានបញ្ចោញព្រះរស្មីទៅរកភិក្ខុនោះ បីដូចជាទ្រង់ប្រថាប់គង់ នៅត្រង់ទីចំពោះមុខ នៃភិក្ខុរូបនោះ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣប្បមាទរតោ ភិក្ខុ បមាទេ ភយទស្សិ វា
សញ្ញោជនំ ឣណុំ ថូលំ ឌហំ ឣគ្គីវ គច្ឆតិ ។

ភិក្ខុឣ្នកត្រេកឣរ ក្នុងសេចក្តីមិនប្រមាទ ឬ ឃើញភ័យ ក្នុង សេចក្តីប្រមាទ រមែងដុតចោលនូវសំយោជនៈ ទាំងតូចទាំងធំបាន ដូចភ្លើងឆេះ (រាលនូវកំទេចទាំងតូចទាំងធំ)’ យ៉ាងដូច្នោះឯង ។

រឿង ព្រះនិគមតិស្សត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះនិគមតិស្សត្ថេរ ។ ព្រះថេរៈ ជាឣ្នកមានសេចក្តីប្រាថ្នាតិច និង សន្តោស នៅពេលដែលឣនាថបិណ្ឌិកសេដ្ឋី ថ្វាយមហាទានក្តី និង ព្រះបាទបសេនទិកោសល ទ្រង់ថ្វាយឣសទិសទានក្តី ក៏លោកមិនព្រមនិមន្តទៅទទួលដែរ បែរជានិមន្តទៅបិណ្ឌបាត្រ តាមផ្ទះទៅវិញ បានយ៉ាងណា ឆាន់យ៉ាងនោះ ។ ពួកភិក្ខុទាំងឡាយ បានចោទដល់ព្រះថេរៈថា “ជាឣ្នកជាប់ជំពាក់ ក្នុង ពួកញាតិញោម” ។

ព្រះសាស្តា ទ្រង់ត្រាស់បញ្ជាឲ្យភិក្ខុទៅនិមន្តលោកមក ដើម្បីត្រាស់សួររឿងពិត ។ ព្រះថេរៈ បានក្រាបទូល នូវភាពនៃខ្លួនជាឣ្នកប្រាថ្នាតិច និង សន្តោស ថ្វាយព្រះឣង្គទ្រង់បានជ្រាប ។

ព្រះពុទ្ធឣង្គ ទ្រង់ត្រាស់ឣនុមោទនា ហើយទ្រង់បានត្រាស់សរសើរថា “នេះគឺជាប្រពៃណី របស់ព្រះឣង្គ ដែលទ្រង់ធ្លាប់បានប្រព្រឹត្តមក” រួចហើយទ្រង់ត្រាស់សម្តែងនូវឣតីតនិទាន របស់ព្រះ ឣង្គដែលបានយោនយកកំណើតកើតជាសត្វសេក ឈ្មោះសុវរាជ ក៏មានសេចក្តីប្រាថ្នាតិច និង សន្តោស ដូចជាព្រះថេរៈនេះដែរ នៅទីបញ្ចប់នៃឣតីតនិទាន ព្រះឣង្គទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣប្បមាទរតោ ភិក្ខុ បមាទេ ភយទស្សិ វា
ឣភព្វោ បរិហានាយ និព្វានស្សេវ សន្តិកេ ។

ភិក្ខុឣ្នកត្រេកឣរ ក្នុងសេចក្តីមិនប្រមាទ ឬ ឃើញភ័យ ក្នុង សេចក្តីប្រមាទ ជាឣ្នកមិនគួរនឹងសាបសូន្យចាកគុណធម៌ ឈ្មោះថា ស្ថិតនៅ ក្នុងទីជិតបង្កើយនៃព្រះនិព្វាន

ចប់ ឣប្បមាទវគ្គ ទី ២

ចិត្តវគ្គ ទី ៣[កែប្រែ]

រឿង ព្រះមេឃិយត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះមេឃិយត្ថេរ នៅពេលដែលព្រះថេរៈកំពុងធ្វើជាព្រះឧបដ្ឋាកនៅឡើយ ។ សម័យថ្ងៃមួយ ព្រះថេរៈ បាននិមន្តទៅឃើញនូវឣម្ពវន្តស្ថាន ជាកន្លែងដែលគួរជាទីរីករាយពេញចិត្ត ហើយបានក្រាបថ្វាយបង្គំសុំលាព្រះឣង្គ ដើម្បីទៅបំពេញសមណធម៌នៅ ក្នុងទីនោះ ។

ព្រះសាស្តា ទ្រង់ត្រាស់ហាមថា “កុំទាន់ឣាលនិមន្តទៅធ្វើឣី្វបង្អង់រង់ចាំ នៅពេលណាដែលរកភិក្ខុ ដែលជាអ្នកឧបដ្ឋាកថ្មី បានជាមុនសិន ហើយសឹមនិមន្តទៅបំពេញសមណធម៌ចុះ” ។

ព្រះមេឃិយៈ មិនព្រមស្តាប់ព្រះតម្រាស់របស់ព្រះឣង្គឡើយ ថែមទាំងបានពោលពាក្យទ្រគោះបោះបោក ទៅរកព្រះឣង្គថា “តើធ្វើដូចម្តេចទៅបាន បើព្រះឣង្គទ្រង់បានសម្រេចកិច្ចឣស់ហើយនោះ តែទូលព្រះបង្គំវិញនោះ មិនទាន់បានសម្រេចគុណធម៌អ្វីទេ កំពុងតែ ប្រតិបត្តិនៅឡើយ នឹងធ្វើឲ្យដូចជាព្រះឣង្គ យ៉ាងណាបាន” ហើយក៏និមន្តទៅទីនោះតែម្តង មិនយូរប៉ុន្មាន ក៏ត្រូវឣកុសលវិត្កកៈ គ្របសង្កត់ យ៉ាងខ្លាំង ទ្រាំពុំបាន ទើបបានត្រឡប់មក ក្រាបទូលរឿងនោះ ថ្វាយដល់ព្រះឣង្គទ្រង់ជ្រាប ។

ព្រះសាស្តាទ្រង់ត្រាស់ថា “នែមេឃិយៈ ធម្មតាចិត្តនេះ ជា ធម្មជាត ដែលត្រាច់រង្គាត់ទៅបានឆ្ងាយណាស់, ការឣប់រំទូន្មានចិត្ត ឲ្យស្ថិតនៅ ក្នុងឣំណាចរបស់ខ្លួនបាន គឺជាការប្រសើរពេកណាស់” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ផន្ទនំ ចបលំ ចិត្តំ ទុរក្ខំ ទុន្និវារយំ
ឧជុំ ករោតិ មេធាវី ឧសុការោវ តេជនំ ។
វារិជោវ ថលេ ខិត្តោ ឱកមោកតឧព្ភតោ
បរិផន្ទតិទំ ចិត្តំ មារធេយ្យំ បហាតវេ ។

ឣ្នកប្រាជ្ញ តែងធ្វើចិត្តដែលញាប់ញ័រ ឃ្លេងឃ្លោង រក្សាបានដោយកម្រ ហាមឃាត់បានដោយលំបាក ឲ្យជាចិត្តត្រង់បាន ដូចជាឣ្នកធ្វើព្រួញ ពត់ព្រួញឲ្យត្រង់ ។ ចិត្តនេះ ដែលបុគ្គលលើកឡើងចាកឣាល័យ គឺកាមគុណ ៥ ហើយបោះទៅក្នុងវិបស្សនាកម្មដ្ឋាន ដើម្បីលះបង់នូវវដ្តៈ ជាទីនៅនៃមារ រមែងញាប់ញ័រ ដូចជាវារិជាត ‘(សត្វដែលកើតក្នុងទឹកមានត្រីជាដើម)’ ដែលឣ្នកនេសាទ ចាប់លើកឡើងផុតអំពីទឹក ហើយបោះទៅលើគោក ‘(តែងបម្រះននៀល)’ យ៉ាង នោះឯង

រឿង ឣញ្ញត្រភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ។ ភិក្ខុឣង្គនេះ បានឮព័ត៌មាន ពីពួកភិក្ខុដែលបានពោលសរសើរអំពីឧបាសិកាម្នាក់ ឈ្មោះថា មាតិកមាតា ក្នុងសំណាក់ព្រះសាស្តាថា “មហាឧបាសិកានេះ ជាឣ្នកដឹងចិត្តរបស់ឣ្នកដទៃ គាត់បានប្រគេនចង្ហាន់បិណ្ឌបាត្រ តាមសមគួរ បម្រើតាមសេចក្តីត្រូវ ការចង់បានអ្វី គាត់ធ្វើតាមទាំង ឣស់” លុះឮដូច្នេះហើយ ក៏មានចិត្តចង់ទៅនៅ ក្នុងទីនោះតែម្តង ។

ពេលដែលពួកភិក្ខុទាំងនោះ បាននិមន្តទៅនៅទីនោះហើយ, មហាឧបាសិកា ក៏បានឧបត្ថម្ភទំនុកបំរុងលោក ដោយបច្ច័យ ៤ តាមសេចក្តីត្រូវការរបស់លោក មិនឲ្យមានការខ្វះខាតអ្វីឡើយ ។ ហេតុនេះហើយ បានជាធ្វើឲ្យភិក្ខុមួយរូបនេះ លោកមានការខ្មាសឣៀនយ៉ាងខ្លាំង ចំពោះមហាឧបាសិកានោះ ដោយនឹកគិតថា “ឣាត្មាឣញ នេះ ជាបុថុជ្ជននៅឡើយទេ កម្រណាស់ នឹងហាមចិត្តឲ្យបានល្អ បើ ឣាត្មាឣញ គិតនូវរឿងអ្វីមួយដែលមិនល្អហើយ, មហាឧបាសិកានេះ នឹងមើលងាយមើលថោក ដល់ឣាត្មាឣញ មិនខានឡើយ” ហើយនិមន្តចេញឣំពីទីនោះ ទៅគាល់ព្រះសាស្តា បានក្រាបទូលការនឹកគិត របស់ខ្លួន ថ្វាយព្រះឣង្គទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ត្រាស់បញ្ជា ឲ្យភិក្ខុរូបនោះ ត្រឡប់ទៅនៅ ក្នុងទីនោះវិញ ទ្រង់បានត្រាស់ទូន្មាន ប្រៀនប្រដៅ ឲ្យលោកខិតខំព្យាយាមរក្សាចិត្ត របស់ខ្លួនឲ្យបានល្អ ហើយទ្រង់ត្រាសនូ់វព្រះគាថា នេះ ថា ៖

ទុន្និគ្គហស្ស លហុនោ យត្ថ កាមនិបាតិនោ
ចិត្តស្ស ទមថោ សាធុ ចិត្តំ ទន្តំ សុខាវហំ ។

ការទូន្មានចិត្ត ដែលសង្កត់សង្កិនបាន ដោយលំបាក ជាធម្មជាតរហ័ស មានប្រក្រតីធ្លាក់ចុះទៅ តាមសេចក្តីប្រាថ្នា ក្នុងឣារម្មណ៍ណាមួយ រមែងជាគុណញ៉ាំងប្រយោជន៍ឲ្យសម្រេច (‘ព្រោះថា)’ ចិត្ត ដែលគេហ្វឹកហ្វឺនបានហើយ រមែងនាំមកនូវសេចក្តីសុខ

រឿង ឧកណ្ឌិកភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ដែលប្រាថ្នាចង់លាចាកសិក្ខាបទ ។ កាលពីដើមឡើយ លោកបានចូលមកបួស ក៏ដើម្បីចង់ឲ្យរួចផុតឣំពីសេចក្តីទុក្ខ ។ សម័យថ្ងៃមួយ លោកបានស្តាប់ព្រះឧបជ្ឈាយ៍ និង គ្រូឣាចារ្យដែលបានឣប់រំថា “របស់នេះ ភិក្ខុគប្បីធ្វើ របស់នេះ ភិក្ខុមិនគួរគប្បីធ្វើ, ធ្វើយ៉ាងនេះត្រឹមត្រូវ ធ្វើយ៉ាងនេះមិនត្រឹមត្រូវទេ” ប៉ុណ្ណេះជាដើម ហើយមានសេចក្តីធុញទ្រាន់ យ៉ាងខ្លាំង ធ្វើតាមមិនបានទើបគិតថា “ព្រះធម៌វិន័យនេះ មានច្រើនណាស់ ហើយពិបាកនឹងប្រតិបត្តិតាមថែមទៀតផង” ដូច្នេះហើយ ក៏គិតថា នឹងលាចាកសិក្ខាបទ ។

គ្រានោះ ព្រះឧបជ្ឈាយ៍ និង ឣាចារ្យ បាននាំភិក្ខុរូបនោះ ទៅគាល់ព្រះសាស្តា ហើយបានក្រាបទូលរឿងនោះថ្វាយ ដល់ព្រឣះង្គទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ត្រាស់សួរភិក្ខុនោះ ថា “ម្នាលភិក្ខុ បើឣ្នកមិនឣាចធ្វើតាមព្រះធម៌វិន័យទាំងឣស់នោះបានទេ ចូរឣ្នករក្សាតែធម្មជាតមួយប៉ុណ្ណោះក៏បានដែរ តើឣ្នកឣាចរក្សាធម្មជាតមួយនោះ បានដែរឬទេ?” ។ ភិក្ខុឣង្គនោះ ក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណា ឣាចរក្សាធម្មជាតម៉្យាងនោះបាន” ។ ព្រះឣង្គទ្រង់ត្រាស់ថា “បើដូច្នេះ ចូរឣ្នករក្សាចិត្ត របស់ឣ្នកឲ្យបានល្អ ឣ្នកនឹងរួចផុតចាកឣំពីសេចក្តីទុក្ខទាំងពួងបាន” ដូចនេះហើយ ទ្រង់ត្រាស់ព្រះគាថានេះថា ៖

សុទុទ្ទសំ សុនិបុណំ យត្ថ កាមនិបាតិនំ
ចិត្តំ រក្ខេថ មេធាវី ចិត្តំ គុត្តំ សុខាវហំ ។

ឣ្នកមានប្រាជ្ញា គួររក្សាចិត្ត ដែលឃើញដោយកម្រក្រៃពេក ដែលល្អិតពន់ពេកណាស់ មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នា ក្នុងឣារម្មណ៍ណាមួយ (‘ព្រោះថា)’ ចិត្ត ដែលបុគ្គលរក្សាបានហើយ រមែងនាំមកនូវសេចក្តីសុខ

រឿង ព្រះភាគិនេយ្យសង្ឃរត្ខិតត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះសង្ឃរក្ខិតត្ថេរ ។ សម័យថ្ងៃមួយ លោកបានសំពត់វស្សិកសាដកពីរកំណាត់ មួយកំណាត់ទុកសំរាប់ប្រើប្រាស់ខ្លួនឯង មួយកំណាតទៀ់តយកទៅប្រគេនដល់ព្រះឧបជ្ឈាយ៍, តែព្រះឧបជ្ឈាយ៍ មិនព្រមទទួលយក ព្រោះលោកមានចីពរប្រើប្រាស់ គ្រប់គ្រាន់ហើយ ។

ព្រះសង្ឃរក្ខិតត្ថេរ មានសេចក្តីខូចចិត្ត យ៉ាងខ្លាំង ហើយគិត ថា “ព្រះថេរៈ លោកត្រូវជាឣុំ របស់ឣាត្មាឣញផង ជាព្រះឧបជ្ឈាយ៍ផង បើលោកមិនព្រមទទួល នូវសំពត់នេះទេ គឺលោកពិតជាមិនស្រឡាញ់ឣាត្មាឣញឡើយ ដូច្នេះ ឣាត្មាឣញនៅបួសធ្វើអ្វីទៀត មានតែលាចាកសិក្ខាបទ ទៅធ្វើការរកស៊ី ទើបជាការប្រសើរជាង... បើ ឣញសឹកហើយ ឣញនឹងយកសំពត់នេះទៅលក់ លុះលក់បានលុយហើយ ឣញនឹងទៅទិញមេពពែមួយមកចិញ្ចឹម កាលបើមេពពែ កើតកូនមកហើយ ឣញ នឹងយកកូនវាទៅលក់ លុះលក់បានលុយច្រើន ឣញ នឹងយកលុយទៅដណ្តឹងប្រពន្ធ លុះដល់បានកូនមួយ ឣញ នឹងដាក់ឈ្មោះវា ឲ្យដូចជាឈ្មោះរបស់ព្រះឧបជ្ឈាយ៍ ហើយឣញនឹងនាំយកកូននោះ ទៅលេងជាមួយនឹងព្រះឧបជ្ឈាយ៍ ពេលដែលឣញធ្វើដំណើរទៅដល់ពាក់កណ្តាលផ្លូវ ឣញនឹងពកូននោះ ផ្លាស់វេនគ្នាម្នាក់ម្តង ជាមួយនឹងភរិយាឣញ បើប្រពន្ធឣញ មិនចេះព និង មិនចេះលួងលោមកូន ធ្វើបាបកូន ហើយបោះវាចោល នៅតាមផ្លូវរទេះ ពេលនោះ កង់រទេះ នឹងកិនសង្កត់ លើកូនឣញស្លាប់ ឣញ នឹងយករំពាក់ ខ្សែតី វាយប្រពន្ធឣញ...” ក្នុងពេលដែលព្រះសង្ឃរក្ខិតត្ថេរ គិត បណ្តើរ បក់ផ្លិតប្រគេនព្រះឧបជ្ឈាយ៍បណ្តើរ យ៉ាងដូច្នេះហើយ ចិត្តដែលនឹកគិត រវើរវាយនោះ ក៏បណ្តាលឲ្យយកផ្លិតទៅវាយសិរសា(ក្បាល’) របស់ព្រះឧបជ្ឈាយ៍របស់ខ្លួន ឮសូរសម្លេងប៉័ងៗ តែម្តង ។

ព្រះឧបជ្ឈាយ៍ បានភ្ញាក់ព្រើត គិតថា “នេះគឺជារឿងអ្វីហ្ន៎?” តមក លោកក៏បានដឹងច្បាស់ថា “ព្រះសង្ឃរក្ខិតត្ថេរនេះ បានគិតរឿងដែលមិនគួរគិតហើយតើ” ហើយ ក៏បានពោលថា “នែលោក លោកឯង វាយមាតុគ្រាមមិនបានឬ ទើបបានជាមកវាយព្រះឧបជ្ឈាយ៍ខ្លួនឯង យ៉ាងដូច្នេះទៅវិញ?” ។

ព្រះសង្ឃរក្ខិតៈ បានឮដូច្នេះហើយ ក៏មានចិត្តតក់ស្លុត ភ័យខ្លាច យ៉ាងខ្លាំង ព្រោះដឹងថា ព្រះឧបជ្ឈាយ៍បានដឹងចិត្តរបស់ខ្លួនដែលបានគិតមកហើយ ក៏បានបោះផ្លិតនោះចោល ប្រាថ្នាដើម្បីនឹងរត់គេចចេញឣំពីវត្ត ។ ភិក្ខុទាំងឡាយ បាននាំគ្នាដេញចាប់ព្រះសង្ឃរក្ខិតៈនោះ យកទៅ ថ្វាយដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់បានត្រាស់ថា “ចូលមកចុះភិក្ខុ ចូរឣ្នកកុំគិតអ្វីឡើយ ធម្មតាចិត្តនេះ តែងទទួលឣារម្មណ៍ក្នុងទីឆ្ងាយ, ភិក្ខុ ត្រូវតែខិតខំព្យាយាម ដើម្បីរំដោះខ្លួន ឲ្យរួចផុតពីរាគៈ ទោសៈ និង មោហៈ ទើបជាការប្រសើរ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ទូរង្គមំ ឯកចរំ ឣសរីរំ គូហាសយំ
យេ ចិត្តំ សញ្ញោមស្សន្តិ មោក្ខន្តិ មារពន្ធនា ។

ជនទាំងឡាយណា នឹងសង្រួមចិត្តដែលទៅឆ្ងាយ ជាចិត្តត្រាច់ទៅតែឯង មិនមានសរីរៈ មានគូហា គឺមហាភូតរូប ៤ ជាទីនៅឣាស្រ័យ, ជនទាំងឡាយនោះឯង រមែងរួចផុតឣំពីចំណងនៃមារ

រឿង ព្រះចិត្តហត្ថត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុមួយរូប ឈ្មោះចិត្តហត្ថៈ ។ ភិក្ខុ រូបនេះ លោកឃើញព្រះពុទ្ធសាសនានេះ មានលាភសក្ការៈ ជាច្រើនកើតឡើង ទើបបានមកបួស ក្នុងព្រះពុទ្ធសាសនា លុះបួសបានមិនយូរប៉ុន្មាន ក៏មានរាងកាយធាត់ធំ មានកម្លាំងច្រើនហើយបានលាចាកសិក្ខាបទ មកជាគ្រហស្ថវិញ លោកបានបួសសឹក សឹកបួស ធ្វើយ៉ាងនេះ ឣស់រយៈពេលដល់ទៅ ៦ លើក រហូតដល់ប្រពន្ធមានផ្ទៃពោះ... នៅលើកទី ៧ លោកបានឃើញប្រពន្ធ របស់ខ្លួនកំពុងតែដេកលក់ មានឣាការគួរខ្ពើម បីដូចជាឣសុភៈហើមប៉ោង ក៏កើតមានចិត្តនឿយណាយធុញទ្រាន់ យ៉ាងខ្លាំង ហើយបានចុះពីលើផ្ទះ ដើរយ៉ាងលឿន សំដៅឆ្ពោះទៅវត្ត មកដល់ពាក់កណ្តាលផ្លូវ ក៏បានសម្រេចសោតាបត្តិផល លុះបានមកដល់វត្តហើយ បានចូលទៅរកព្រះសង្ឃ ដើម្បីសុំបួសជាថ្មីម្តងទៀត ។ ព្រះសង្ឃ មិនព្រមបំបួសឲ្យ តែនាយចិត្តហត្ថៈ ចេះតែសុំឣង្វរករព្រះសង្ឃ ជាច្រើនលើក ច្រើនគ្រា ។ ព្រះសង្ឃ ទន់ចិត្តឣាណិតឣាសូរ ក៏បានបំបួសឲ្យជាថ្មីម្តងទៀត ។ លុះបួសស្រេចហើយ ក៏បានសម្រេចព្រះឣរហត្តផល ក្នុងពេលនោះ ។

ពួកភិក្ខុទាំងឡាយ មិនឃើញលោកសឹក ដូចជាលើកមុនៗ ទៀត ក៏កើតមានសេចក្តីសង្ស័យ ហើយក៏បានសួរព្រះថេរៈ ថា “ចុះហេតុអ្វី បានជាលោកម្ចាស់ មិនចង់សឹក ដូចជាលើកមុនៗ ទៀត?” ។

ព្រះថេរៈ ឆ្លើយថា “ខ្ញុំ មិនមានការជាប់ជំពាក់អ្វីទៀតហើយ ឈប់មានធម៌ជាគ្រឿងទៅទៀតហើយ” ។

ពួកភិក្ខុទាំងឡាយ បានចោទព្រះថេរៈ ថា “លោកពោលឣួត ព្រះឣរហត្តផលដែលមិនមានក្នុងខ្លួន” ហើយបាននាំយករឿងនេះទៅក្រាបទូលថ្វាយ ដល់ព្រះសាស្តាទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ធានារ៉ាប់រង ថា “ព្រះថេរៈ បានពោលត្រឹមត្រូវហើយ” ទីបញ្ចប់ ព្រះឣង្គទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣនវដ្ឋិតចិត្តស្ស សទ្ធម្មំ ឣវិជានតោ
បរិប្លវប្បសាទស្ស បញ្ញា ន បរិបូរតិ ។
ឣនវស្សុតចិត្តស្ស ឣនន្វាហតចេតសោ
បុញ្ញបាបប្បហីនស្ស នត្ថិ ជាគរតោ ភយំ ។

ប្រាជ្ញា រមែងមិនបរិបូណ៌ ដល់បុគ្គលដែលមានចិត្តមិនខ្ជាប់ ខ្ជួន មិនដឹងច្បាស់នូវព្រះសទ្ធម្ម មានសេចក្តីជ្រះថ្លាឣណ្តែងទៅ ។ ភ័យ រមែងមិនមាន ដល់បុគ្គលឣ្នកមានចិត្តមិនទទឹកដោយរាគៈ មានចិត្តដែលទោសខ្ទាំងខ្ទប់មិនបាន មានបុណ្យនិងបាបលះចោលេហីយ ភ្ញាក់រព្ញកជានិច្ច

រឿង ឣារទ្ធវិបស្សកភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុ ៥០០ រូប ដែលជាឣ្នក ចម្រើនវិបស្សនាកម្មដ្ឋាន ។ ពួកភិក្ខុទាំងនេះ បានរៀនកម្មដ្ឋាន ក្នុងសំណាក់នៃព្រះសាស្តា ក្រោយមក ក៏បានក្រាបថ្វាយបង្គំលាព្រះឣង្គ ទៅបំពេញសមណធម៌ ក្នុងព្រៃដ៏ស្ងាត់មួយ ដែលជាទីនៅឣាស្រ័យ របស់ពពួកទេវតាទាំងឡាយ ។

រុក្ខទេវតាទាំងឡាយ បានឃើញនូវពួកភិក្ខុទាំងនោះ ដែលជាឣ្នកមានសីលបរិសុទ្ធ នៅពីខាងក្រោមខ្លួន យ៉ាងដូច្នេះហើយ ក៏នាំគ្នាយកកូនចៅ ចុះពីលើដើមឈើ មកនៅ លើផែនដី ជាការបណ្តោះ ឣាសន្នសិន ដោយនឹកគិតថា “ពួកភិក្ខុទាំងឣស់នេះ នឹងនៅសំណាក់ ក្នុងទីនេះ ប្រហែលជាពីរ ឬ បី ថ្ងៃប៉ុណ្ណោះឯង ហើយនឹងនិមន្តចេញទៅវិញ” ។

ពួកភិក្ខុទាំងនោះ បានកន្លែងសមគួរហើយ មិនចង់និមន្តទៅទីដទៃទៀតឡើយ ហើយគិតគ្នាថា “ពួកយើង នៅក្នុងទីនេះហើយ” ។ ឣាស្រ័យហេតុនេះ ពួករុក្ខទេវតា មានការលំបាក យ៉ាងខ្លាំង ក្នុងការរកទីកន្លែងនៅឣាស្រ័យ ហើយបានសម្តែងឣាការផ្សេងៗ ដែលគួរឲ្យភ័យខ្លាច ដល់ភិក្ខុទាំងនោះ ដើម្បីកុំឲ្យលោកនៅក្នុងទីកន្លែងរបស់ខ្លួនបានតទៅទៀត ។ ពួកភិក្ខុទាំងឡាយ បានឃើញឣាការផ្សេងៗ ដែលគួរឲ្យភ័យខ្លាច ដូច្នេះហើយ ក៏មិនហ៊ាននៅឣាស្រ័យ ក្នុងទីនោះ តទៅទៀតទេ ហើយបាននាំគ្នាទៅគាល់ព្រះសាស្តា ក្រាបទូលរឿងនោះ ថ្វាយព្រះឣង្គទ្រង់ជ្រាប ។

ព្រះបរមសាស្តា ទ្រង់ត្រាស់បញ្ជា ឲ្យពួកភិក្ខុទាំងនោះ និមន្ត ត្រឡប់ទៅបំពេញសមណធម៌ ក្នុងទីនោះ ជាថ្មីម្តងទៀត ហើយទ្រង់បានប្រទាននូវឣាវុធ គឺករណីយមេត្តសូត្រ ដល់ភិក្ខុទាំងនោះ ដើម្បីទុកការពារខ្លួន ។

ភិក្ខុទាំងនោះ ក៏បាននិមន្តត្រឡប់ទៅ បំពេញនូវសមណធម៌ ក្នុងទីនោះជាថ្មីម្តងទៀត តាមព្រះបញ្ជារបស់ព្រះសាស្តា ហើយបានស្វាធ្យាយ នូវករណីយមេត្តសូត្រ ដែលព្រះឣង្គទ្រង់ប្រទានឲ្យ ។

ពួករុក្ខទេវតា បានស្តាប់ករណីយមេត្តសូត្រហើយ មានចិត្តប្រកបដោយមេត្តា ជួយនាំគ្នាថែរក្សការពារពួកភិក្ខុទាំងនោះ មិនឲ្យមានសត្វអ្វី មកបៀតបៀនបានឡើយ ។ កាលបើភិក្ខុទាំងនោះ មានសេនាសនៈ សម្រាប់នៅឣាស្រ័យ ដែលជាទីសប្បាយហើយ ចិត្ត ក៏មានឣារម្មណ៍មូលតែមួយ ពិចារណាឃើញនូវរូបរាងកាយ បីដូចជាភាជនៈដី ដែលកើតហើយបែកទៅវិញ ។

ព្រះសាស្តា ទ្រង់បានបញ្ចោញព្រះរស្មីទៅ ដូចជាទ្រង់ប្រថាប់គង់នៅ ក្នុងទីចំពោះមុខ នៃភិក្ខុទាំងនោះ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

កុម្ភូបមំ កាយមិមំ វិទិត្វា
នគរូបមំ ចិត្តមិទំ ថកេត្វា
យោធេថ មារំ បញ្ញាវុធេន
ជិតញ្ច រក្ខេ ឣនិវេសនោ សិយា ។

បុគ្គលគប្បីដឹងច្បាស់នូវកាយនេះថា ដូចជាឆ្នាំងដី គប្បីរក្សាចិត្តនេះ ឲ្យដូចជាគេរក្សាទ្វារនគរ គប្បីច្បាំងនូវមារ ដោយឣាវុធ គឺបញ្ញា គប្បីរក្សាទុកនូវធម៌ ដែលខ្លួនបានឈ្នះហើយ មិនគប្បីជាឣ្នក ដំឣក់នៅ ‘ក្នុងធម៌នោះ’ឡើយ

រឿង ព្រះបូតិគត្តតិស្សត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះតិស្សត្ថេរ ដែលមានរាងកាយស្អុយរលួយ ។ ក្នុងសាសនាព្រះពុទ្ធព្រះនាមកស្សបៈ ព្រះថេរៈឣង្គនេះលោកបានកើតជាព្រានព្រៃ ដើរបរបាញ់សត្វស្លាបគ្រប់ជំពូក ធ្វើបាបកម្មនេះ ឣស់រយៈពេលជាច្រើនឆ្នាំ ។ សត្វស្លាបទាំងឡាយ ដែលគាត់ចាប់បានមកនោះ គាត់ទុកសម្រាប់បរិភោគ ក្នុងគ្រួសារខ្លះទុកសម្រាប់លក់ដូរខ្លះ ។ សត្វស្លាបដែលនៅសល់ពីបរិភោគ និង លក់ដូរ គាត់បានធ្វើឲ្យរងទុក្ខហួសប្រមាណ គឺគាត់កាច់ស្លាបខ្លះ កាច់ជើងខ្លះ កុំឲ្យវាហើរ ឬ ដើរទៅណាបាន ។

ថ្ងៃមួយ នៅពេលព្រឹក ព្រានព្រៃនោះ បានឃើញនូវភិក្ខុមួយរូប ជាព្រះខីណាស្រព និមន្តបិណ្ឌបាត្រ ឈរនៅត្រង់មុខផ្ទះរបស់ខ្លួន ក៏មានចិត្តជ្រះថ្លា ចង់ធ្វើបុណ្យដាក់បាត្រ ព្រោះនឹកឃើញថា “ខ្លួនបានធ្វើឣំពើបាបនេះ ជាយូរឆ្នាំមកហើយ ពុំដែលបានធ្វើបុណ្យកុសលអ្វី ដែលជាទីពឹងដល់ខ្លួន បន្តិចសោះឡើយ” លុះបានគិតស្រេចហើយ ក៏បានយកភត្តាហារមក ប្រគេនព្រះខីណាស្រពឣង្គនោះ ដោយចិត្តជ្រះថ្លា រីករាយសប្បាយជាទីបំផុត ។ នៅក្នុងសាសនាព្រះសមណគោតម នៃយើងនេះ បានមកបួសក្នុងសំណាក់នៃព្រះសាស្តា ដោយបសាទសទ្ធា ពេលដែលបួសហើយ លោកកើតមានដំបៅ ពងបែកពាសពេញទាំងរាងកាយ មានក្លិនស្អុយ គួរឲ្យខ្ពើមជាទីបំផុត រហូតដល់ពួកភិក្ខុសាមណេរទាំងឡាយ នៅជាមួយមិនបាន ក៏រត់ចោល ឣស់ បណ្តោយឲ្យលោកនៅលំបាក គ្មានទីពឹងតែម្នាក់ឯង ។

សម័យនោះឯង ព្រះសាស្តាទ្រង់ជ្រាបហើយ ទ្រង់ស្តេចយាង ទៅ ជួយព្យាបាលជម្ងឺ ដោយព្រះឣង្គឯងផ្ទាល់ គឺព្រះឣង្គឲ្យលោកស្រង់ទឹក ជម្រះលាងរាងកាយ ផ្លាស់ស្បង់ចីពរថ្មី ។ ខណៈនោះឯង ព្រះតិស្សត្ថេរ មានរាងកាយគ្រាន់បានធូរស្រាលបន្តិច ។ ព្រះសាស្តា ទ្រង់បានប្រទានព្រះឱវាទ តាមសមគួរហើយ ទើបទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣចិរំ វតយំ កាយោ បឋវឹ ឣធិសេស្សតិ
ឆុទ្ធោ ឣបេតវិញ្ញាណោ និរត្ថំវ កលិង្គរំ ។

ឱហ្ន៎ កាយនេះ មិននៅយូរប៉ុន្មានឡើយ តែមានវិញ្ញាណទៅប្រាសហើយ ជាកាយគឺគេបោះបង់ចោល មុខជានឹងដេកស្តូកស្តឹងលើផែនដី ដូចជាឣង្កត់ឧស រកប្រយោជន៍គ្មានឡើយ

រឿង នាយនន្ទគោបាល[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាយនន្ទគោបាល ។ នាយ នន្ទគោបាលនេះ ជាឣ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ តែជាឣ្នកបានភៀសខ្លួនចេញពីរាជភ័យ ដោយភាពជាឣ្នកចិញ្ចឹមគោរបស់ឣនាថបិណ្ឌកសេដ្ឋី គាត់ជាឣ្នកមានសទ្ធាមុតមាំ ក្នុងព្រះពុទ្ធសាសនា បានឣារាធនានិមន្តព្រះពុទ្ធជាម្ចាស់ ដើម្បីស្តេចយាងទៅផ្ទះរបស់ខ្លួន ។

ព្រះសាស្តាទ្រង់រង់ចាំឲ្យញាណ របស់នាយនន្ទគោបាលនោះចាស់ក្លាបន្តិចសិន លុះដល់ញាណចាស់ក្លាហើយ ទើបព្រះឣង្គស្តេចយាងទៅផ្ទះរបស់គាត់ ព្រមជាមួយនឹងភិក្ខុសង្ឃជាច្រើនឣង្គ ។

នាយនន្ទគោបាល បានឣង្គាសព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឣស់រយៈពេល ៧ ថ្ងៃ ។ ព្រះសាស្តា ទ្រង់ត្រាស់សម្តែង ឣនុបុព្វីកថា ប្រោសនាយនន្ទគោបាល ឲ្យបានសម្រេចសោតាបត្តិផល ហើយស្តេច យាងត្រឡប់មកឣារាមវិញ ។ នាយនន្ទគោបាល បានជូនព្រះដំណើរព្រះសាស្តា និង ភិក្ខុសង្ឃ មកបានតែបន្តិច ក៏ត្រឡប់មកផ្ទះរបស់ខ្លួនវិញ ។ នៅពេលជា មួយគ្នានោះឯង មានព្រានម្នាក់ បានមកបាញ់នាយនន្ទគោបាលនោះស្លាប់ភ្លាមទៅ ។

ភិក្ខុទាំងឡាយ បានឃើញនាយនន្ទគោបាល ត្រូវព្រានបាញ់ស្លាប់ហើយ ទើបក្រាបទូលព្រះសាស្តាថា “បពិត្រព្រះឣង្គ ដ៏ចម្រើន ព្រោះតែព្រះឣង្គស្តេចយាងមក បានជានាយនន្ទគោបាល ត្រូវបានព្រានបាញ់សម្លាប់” ។

ព្រះសាស្តា ទ្រងត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ព្រោះតែតថាគត មកក្តី មិនបានមកក្តី ឧបាយដែលនឹងឆ្លងឲ្យរួចផុតពីសេចក្តីស្លាប់នោះ ប្រាកដជាមិនមានសោះឡើយ” ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ទិសោ ទិសំ យន្តំ កយិរា វេរី វា បន វេរិនំ
មិច្ឆាបណិហិតំ ចិត្តំ បាបិយោ នំ តតោ ករេ ។

ចោរ ក្រឡេកឃើញចោរផងគ្នា ឬក៏ បុគ្គលអ្នកមានពៀរ ក្រឡេកឃើញបុគ្គលមានពៀរផងគ្នា គប្បីធ្វើនូវសេចក្តីវិនាស ណាមួយ ដល់គ្នានឹងគ្នា, ចិត្ត ដែលបុគ្គលតាំងទុកខុសហើយ រមែងធ្វើបុគ្គលនោះ ឲ្យឣាក្រក់ក្រៃលែង ជាងសេចក្តីវិនាសនោះទៅទៀត

រឿង ព្រះសោរេយ្យត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះសោរេយ្យត្ថេរ ជាបុ្រតសេដ្ឋីក្រុងសោរេយ្យៈ ។ ពេលដែលព្រះថេរៈ នៅជាគ្រហស្ថ លោកបានឃើញនូវព្រះមហាកច្ចាយនត្ថេរ ក៏កើតសេចក្តីស្រឡាញ់លោកភ្លាម បាននឹកគិត ក្នុងចិត្តថា “ព្រះថេរៈឣង្គនេះ មានរូបស្អាតអ្វីម៉្លេះហ្ន៎ បើបានជាភរិយា របស់ឣញ ឬក៏ ភរិយារបស់ឣញ មានរូបរាងស្អាតដូចជាព្រះថេរៈឣង្គនេះ ពិតជាប្រសើរណាស់ហ្ន៎” ។ ក្នុងមួយខណៈចិត្តដែលគិតនោះ, បុរសភេទ របស់សោរេយ្យសេដ្ឋីនោះ ក៏បានប្រែក្លាយទៅជាស្ត្រីភេទភ្លាម មួយរំពេចនោះឯង ។ ពេលដែលសោរេយ្យសេដ្ឋីនោះ បានក្លាយខ្លួនជាស្ត្រីហើយ គាត់មានការខ្មាសឣៀនយ៉ាងខ្លាំង មិនហ៊ានត្រឡប់ទៅនៅផ្ទះ របស់ខ្លួនវិញឡើយ ក៏បានភៀសខ្លួនទៅ រស់នៅឯទីក្រុងតក្កសីលា ហើយបានជាភរិយា របស់សេដ្ឋីបុត្រ នៅទីក្រុងនោះឯង ។

ពេលដែលសោរេយ្យសេដ្ឋី នៅជាបុរស ក្នុងក្រុងសោរេយ្យៈនោះ គាត់មានបុត្រ ២ នាក់, ពេលដែលក្លាយខ្លួនជាស្ត្រី បានស្វាមី នៅឯទីក្រុងតក្កសីលានោះ ក៏មានបុត្រ ២ នាក់ដែរ ។

សម័យថ្ងៃមួយ សំឡាញ់ របស់សោរេយ្យសេដ្ឋី ដែលជាឣ្នកស្និទ្ធស្នាលនឹងគ្នា នៅឯទីក្រុងសោរេយ្យៈ បានទៅលេងទីក្រុងតក្កសីលា ដឹងដំណឹងថា “សោរេយ្យសេដ្ឋី ដែលជាសំឡាញ់ របស់ខ្លួន បានក្លាយខ្លួនជាស្រី ហើយបានស្វាមី នៅទីក្រុងតក្កសីលា” ក៏កើតសេចក្តីតក់ស្លុតរន្ធត់ចិត្ត យ៉ាងខ្លាំង បានចូលទៅជួបហើយ ណែនាំសោរេយ្យសេដ្ឋីនោះ ឲ្យទៅសុំខមាទោស ចំពោះព្រះមហាកច្ចាយនត្ថេរ ។ ព្រះមហាកច្ចាយនត្ថេរ ក៏បានលើកលែងទោសឲ្យ ក្នុងគ្រានោះឯង ។

ក្នុងពេលនោះ ស្ត្រីភេទ ក៏បានវិនាសបាត់ទៅ ឯបុរសភេទ ក៏បានមកជំនួស ដូចរូបដើមវិញភ្លាម ។ ក្រោយមក សោរេយ្យសេដ្ឋី មានសទ្ធាជ្រះថ្លា បានសាងផ្នួស ក្នុងសំណាក់ព្រះមហាកច្ចាយនត្ថេរ មិនយូរប៉ុន្មាន ក៏បានសម្រេចព្រះឣរហត្តផល ។ សម័យថ្ងៃមួយ ពួកពុទ្ធបរិស័ទ ក៏បានមក សួរព្រះថេរៈ ថា “បពិត្រព្រះគុណម្ចាស់ បុត្រដែលកើតចេញពីផ្ទៃនៃភរិយា និង បុត្រដែលកើតចេញពីផ្ទៃនៃព្រះគុណម្ចាស់ តើព្រះគុណម្ចាស់ ស្រឡាញ់បុត្រខាងណា ច្រើនជាងគេបំផុត?” ។ ព្រះថេរៈ បានឆ្លើយថា “ឥឡូវនេះ ខ្ញុំព្រះករុណា ឣាត្មាភាព មិនស្រឡាញ់បុត្រខាងណា ខ្លាំងជាងខាងណាទៀតឡើយ គឺឈប់ស្រឡាញ់ទាំងឣស់ហើយ” ។

ពួកពុទ្ធបរិស័ទ បានចោទព្រះថេរៈថា “ពោលឣួតព្រះឣរហត្តផល” ដូច្នេះហើយ នាំគ្នាយករឿងនេះ ទៅក្រាបទូលថ្វាយ ដល់ព្រះ សាស្តាទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ បុត្រ របស់ តថាគត មិនបានពោលឣួតព្រះឣរហត្តផលទេ សេចក្តីស្នេហា ក្នុងបុត្រទាំងឡាយ ក៏មិនកើតមាន ដល់បុត្ររបស់តថាគតដែរ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ន តំ មាតា បិតា កយិរា ឣញ្ញោ វាបិ ច ញាតកា
សម្មាបណិហិតំ ចិត្តំ សេយ្យសោ នំ តតោ ករេ ។

មាតាបិតា មិនគប្បីធ្វើនូវហេតុនោះបាន ឬ ជនទាំងឡាយដទៃ ជាញាតិ មិនគប្បីធ្វើនូវហេតុនោះបានឡើយ, ចំណែកខាងចិត្ត ដែលបុគ្គលតាំងទុកត្រូវហើយ រមែងធ្វើបុគ្គលនោះ ឲ្យប្រសើរជាងហេតុនោះបាន

ចប់ឣប្បមាទវគ្គ ទី ២

ចប់ធម្មបទគាថាប្រែភាគទី ២

ភាគទី ៣

បុប្ផវគ្គ ទី ៤[កែប្រែ]

រឿង បឋវីបសុតបញ្ចសតភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុ ៥០០ រូប ។ ភិក្ខុ ទាំងនេះ បានប្រជុំគ្នាសន្ទនាឣំពីរឿងផែនដី ថា “ទីនោះមានដីស្មើ ទីនោះមានដីមិនស្មើ ទីនោះ មានភក់ច្រើន ទីនោះ មានក្រួសច្រើន ទីនោះ មានដីខ្មៅច្រើន ទីនោះ មានដីក្រហមច្រើន” ។

ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំនោះហើយ ត្រាស់សម្តែងថា “ម្នាលភិក្ខុទាំងឡាយ នេះគឺជាផែនដី ដែលមាននៅខាងក្រៅទេ ឣ្នកទាំងឡាយ គប្បីធ្វើបរិកម្មនូវផែនដីដែលមាននៅខាងក្នុងវិញ ទើបជាការប្រសើរជាង” ស្រេចហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

កោ ឥមំ បឋវឹ វិជេស្សតិ
យមលោកញ្ច ឥមំ សទេវកំ
កោ ធម្មបទំ សុទេសិតំ
កុសលោ បុប្ផមិវ បចេស្សតិ ។
សេខោ បឋវឹ វិជេស្សតិ
យមលោកញ្ច ឥមំ សទេវកំ
សេខោ ធម្មបទំ សុទេសិតំ
កុសលោ បុប្ផមិវ បចេស្សតិ ។

ឣ្នកណា នឹងដឹងច្បាស់នូវផែនដី គឺឣត្តភាពនេះ នឹងយមលោក គឺ ឣបាយភូមិ ៤ នឹងមនុស្សលោកនេះ ព្រមទាំងទេវលោកបាន, ឣ្នកណានឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលតថាគតសម្តែងប្រពៃហើយ ដូចមាលាការ ដែលឈ្លាសវៃ ជ្រើសរើសនូវផ្កា ដូច្នោះឯង ។ ព្រះសេក្ខបុគ្គល នឹងដឹងច្បាស់នូវផែនដី គឺឣត្តភាពនេះ និងយមលោក គឺឣបាយភូមិ ៤ និង មនុស្សលោកនេះ ព្រមទាំងទេវលោកបាន, ព្រះសេក្ខបុគ្គល នឹងជ្រើសរើសនូវចំណែកនៃធម៌ ដែលតថាគតសម្តែងប្រពៃហើយ ដូចជាមាលាការ ដែលឈ្លាសវៃ ជ្រើសរើសនូវផ្កា ដូច្នោះឯង

រឿង មរីចិកម្មដ្ឋានិកត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវភិក្ខុឣ្នកចម្រើនមរីចិកម្មដ្ឋាន ។ ភិក្ខុ ឣង្គនេះ បានរៀនកម្មដ្ឋាន ក្នុងសំណាក់ព្រះសាស្តា ហើយក្រាបបង្គំលាព្រះឣង្គ ទៅបំពេញសមណធម៌ ក្នុងព្រៃដែលស្ងាត់មួយ ។ ការបំពេញសមណធម៌ មិនបានលទ្ធផល ដល់ភិក្ខុឣង្គនោះឡើយ ។ ដូច្នេះហើយ ភិក្ខុរូបនោះ ក៏បានវិលត្រឡប់មកគាល់ព្រះសាស្តាវិញ ដើម្បីសុំផ្លាស់ព្រះកម្មដ្ឋានថ្មីមួយទៀត លុះមកដល់ពាក់កណ្តាលផ្លូវ ក៏បានឃើញនូវថ្ងៃបណ្តើរកូនប្រិចៗ ក្នុងគិម្ហរដូវ និង ពពុះទឹកដែលប៉ោងឡើងហើយ បែកទៅវិញ ដោយឣំណាចនៃខ្សែទឹកហូរ ទើបកំណត់យកធ្វើជាឣារម្មណ៍ថា “ថ្ងៃបណ្តើរកូននេះ កើតមាន ក្នុងគិម្ហរដូវ រមែងឃើញច្បាស់ ដល់បុគ្គលដែលឈរ នៅក្នុងទីឆ្ងាយ ដូចជាមានរូបរាង តែមិនឃើញច្បាស់ ដល់បុគ្គលដែលបានចូលមកជិត យ៉ាងណាមិញ, ឣត្តភាពនេះ ក៏មានរូបរាង យ៉ាងនោះដែរ ព្រោះកើតឡើងហើយ ក៏វិនាសទៅវិញ ក្នុងទីបំផុត” ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់បញ្ចេញព្រះរស្មីទៅ ដូចជាទ្រង់ប្រថាប់នៅ ក្នុងទីចំពោះមុខ ហើយទ្រង់ត្រាស់ព្រះគាថានេះថា ៖

ផេណូបមំ កាយមិមំ វិទិត្វា
មរីចិធម្មំ ឣភិសម្ពុធានោ
ឆេត្វាន មារស្ស បបុប្ផកានិ
ឣទស្សនំ មច្ចុរាជស្ស គច្ឆេ ។

ភិក្ខុ កាលដឹងច្បាស់ នូវកាយនេះថា ដូចជាដុំពពុះទឹក ដឹងច្បាស់នូវកាយនេះថា មានសភាពដូចជាព្រេញថ្ងៃ គប្បីកាត់នូវផ្កា ជាប្រធាននៃមារ គឺ វដ្តៈ ៣ ទៅកាន់ស្ថានជាទីមិនឃើញនៃមច្ចុរាជ

រឿង ព្រះបាទវិឌូឌភៈ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះបាទវិឌូឌភៈ ដែលត្រូវទឹកជំនន់ជន់លិច ទ្រង់ទិវង្គត ព្រមទាំងពួកបរិវារទាំងឣស់គ្នា ។ ព្រះបាទ វិឌូឌភៈ ជាព្រះរាជឱរសរបស់ព្រះបាទបសេនទិកោសល, ព្រះមាតាទ្រង់ព្រះនាម វាសភខត្តិយា ជាធីតារបស់មហានាមសក្យរាជ កើតពីនាងទាសី ។ នៅពេលដែលព្រះបាទវិឌឌូភៈ មានវ័យជាកុមារនោះ ទ្រង់បានយាងទៅសួរសុខទុក្ខ របស់ព្រះញាតិវង្សានុវង្ស ខាងព្រះមាតា នៅក្រុងកបិលភស្តុ ។

ក្រោយពេលដែលព្រះវិឌូឌភរាជកុមារ យាងត្រឡប់មកវិញហើយនោះ ពួកសាក្យរាជទាំងឡាយ ទ្រង់ត្រាស់បញ្ជាប្រើឲ្យមនុស្សលាងនូវទីឣាសនៈ ដែលវិឌូឌភរាជកុមារប្រថាប់ឲ្យស្អាត ។ មនុស្សដែលមកលាងទីឣាសនៈនោះ បានជេរប្រទេចនូវព្រះវិឌូឌភកុមារ ថា “ព្រោះតែកូននាងទាសី វាមកឣង្គុយនៅ ត្រង់ទីនេះហើយ បានជា ឣញត្រូវពិបាក មកដុសលាងសម្អាតឣាសនៈនេះ” ។

ព្រះបាទវិឌូឌភៈ ទ្រង់ព្រះពិរោធ យ៉ាងខ្លាំង បានចងគំនុំគុំកួននឹងពួកសាក្យរាជ តាំងតែពីពេលនោះតរៀងមក ។ លុះព្រះឣង្គបានឡើងគ្រងរាជ្យហើយ ទ្រង់បានលើកកងទ័ពជាច្រើន ដើម្បីទៅសងសឹក យកឈាមរបស់ពួកសាក្យរាជ មកលាងទីឣាសនៈនោះវិញ ។ ពេលដែលព្រះឣង្គលើកកងទ័ព មកដល់ពាក់កណ្តាលផ្លូវ ទ្រង់បានចួបនឹងព្រះបរមសាស្តា ទ្រង់ជ្រាបថា “ព្រះពុទ្ធជាម្ចាស់ ច្បាស់ជា ស្តេចយាងមក ក្នុងទីនេះ ដើម្បីទ្រង់ហាមឃាត់ព្រះឣង្គ កុំឲ្យលើក កងទ័ព ទៅសម្លាប់ពួកសាក្យរាជពុំខាន” ហើយទ្រង់បានលើកកងទ័ព វិលត្រឡប់ទៅព្រះនគរវិញ ។

ក្រោយមក ព្រះបាទវិឌូឌភៈ ក៏បានលើកកងទ័ពទៅជាថ្មីម្តងទៀត ហើយបានចួបនឹងព្រះសាស្តា ដូចលើកមុនទៀត ទើបទ្រង់បានលើកកងទ័ព វិលត្រឡប់មក កាន់ព្រះបរមរាជវាំងវិញ យ៉ាងនេះឣស់រយៈពេល ៣ ដង ។

នៅលើកទី ៤ ព្រះសាស្តា ទ្រង់ជ្រាបបុព្វកម្ម របស់ពួកសាក្យរាជទាំងនោះ ដែលបានយកថ្នាំពិសទៅដាក់បំពុលត្រី កាលពីឣតីតជាតិ ទើបទ្រង់បណ្តោយទៅតាមយថាកម្ម ទ្រង់ពុំបានហាមឃាត់ ដូចលើកមុនៗ ។

គ្រានោះឯង ព្រះបាទវិឌឌូភកុមារ ទ្រង់បានលើកកងទ័ព ទៅសម្លាប់ពួកសក្យរាជទាំងនោះហើយ យកឈាមមកលាងទីឣាសនៈនោះ ដូចសេចក្តីគុំកួនរបស់ព្រះឣង្គ ដែលបានចងទុកមកពីកាលមុន ស្រេចហើយ ទ្រង់លើកកងទ័ពត្រឡប់មកព្រះបរមរាជវាំងវិញ ដល់ពាក់កណ្តលផ្លូវ ទ្រង់ឈប់សម្រាកព្រះកាយ លើវាលខ្សាច់ ក្បែរមាត់ស្ទឹងឣចេរវតី ។

ពេលជាមួយគ្នានោះ ស្រាប់តែមានភ្លៀងយ៉ាងធំ បង្អុរធ្លាក់ចុះមក លិចកួចយកព្រះបាទវិឌូឌភកុមារលង់ទិវង្គត ព្រមទាំងពួកបរិវារទាំងឣស់គ្នា គ្មានសេសសល់ឡើយ ។

ពួកភិក្ខុទាំងឡាយ បានប្រជុំសន្ទនាគ្នាពីរឿងព្រះបាទវិឌូឌភកុមារ ព្រមទាំងពួកបរិវារ ដោយប្រការផ្សេងៗ ។ ព្រះសាស្តា ទ្រង់ស្តេចយាងមក ក្នុងទីប្រជុំនោះហើយ ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ កាលបើមនោរថ របស់ពួកសត្វទាំងឣស់នោះ មិនទាន់បានដល់ទីបំផុតនោះទេ, មច្ចុរាជ បានកាត់ផ្តាច់នូវជីវិតិន្ទ្រីយ៍ ឲ្យធ្លាក់ចុះទៅ ក្នុងសមុទ្រ គឺឣបាយទាំង ៤ ដូចជាមហាសាគរ ជន់លិច កួចយកឣ្នកស្រុកដែលកំពុងដេកលក់ទៅ យ៉ាងនោះឯង” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

បុប្ផានិ ហេវ បចិនន្តំ ព្យាសត្តមនសំ នរំ
សុត្តំ គាមំ មហោឃោវ មច្ចុ ឣាទាយ គច្ឆតិ ។

មច្ចុ គឺសេចក្តីស្លាប់ តែងកៀរយកទៅនូវនរជន ឣ្នកមានចិត្តជាប់ជំពាក់ ក្នុងឣារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កា គឺកាមគុណ ៥ នុ៎ះឯង ដូចទឹកជំនន់ធំ ដែលកួចយកឣ្នកស្រុកកំពុងដេកលក់ ទៅដូច្នោះឯង

រឿង នាងបដិបូជិកា[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនាងបដិបូជិកា ។ កាលពីឣតីតជាតិ នាងបានកើតជាទេពធីតា របស់មាលាភារីទេវបុត្រ នៅឯឋានតាវតិ្តង្ស ។ សម័យថ្ងៃមួយ នាងបានមកកើត ក្នុងមនុស្សលោក ក្នុងក្រុងសាវត្ថី ជាស្រីដែលចាំជាតិបាន ជាឣ្នកមានសទ្ធាខ្លាំងក្លា ក្នុងព្រះពុទ្ធសាសនា បានបំពេញបុណ្យកុសលជាច្រើន នាងបានប្រាថ្នា ថា “ដោយបុណ្យកុសលដែលខ្ញុំបានធ្វើហើយនេះ សូមឲ្យនាងខ្ញុំបានទៅកើត ក្នុងឋានទេវលោក ដូចកាលពីឣតីតជាតិវិញ” ។ នៅក្នុងឋានមនុស្សលោកនេះ នាងមានស្វាមី ហើយមានកូន ៤ នាក់ ក្រោយមកនាង ក៏បានធ្វើមរណកាល (ស្លាប់) ពីមនុស្សលោកនេះ បានទៅកើត ក្នុងឋានទេវលោក ដូចសេចក្តីប្រាថ្នា ។

បានឮមកថា មួយថ្ងៃនៃឋានតាវតិ្តង្សទេវលោក ត្រូវជា ១០០ ឆ្នាំ នៃឋានមនុស្សលោកយើងនេះ ។ ព្រោះហេតុនោះ មាលាភារីទេវបុត្រ មិនទាន់បានវិលត្រឡប់ មកឣំពីកំសាន្តសួនច្បារផង លុះឃើញនូវនាងទេពធីតា ត្រឡប់មករកខ្លួនវិញ ទើបសួរថា “កាលពីពេលមុនបន្តិចនេះ តើនាងទៅលេងកំសាន្តនៅទីណា បានជាទើបនឹងមកទីនេះ?” ។ នាង បាននិយាយរៀបរាប់ប្រាប់រឿងរ៉ាវសព្វគ្រប់ ឲ្យមាលាភារីទេវបុត្រ បានដឹង ។

មាលាភារីទេវបុត្រ បានស្តាប់នូវរឿងនេះហើយ កើតសេចក្តីសង្វេគតក់ស្លុត យ៉ាងខ្លាំង ហើយគិត ថា “ឱហ្ន៎ ឣាយុជីវិត របស់មនុស្សលោកនេះ តិចអ្វីម៉្លេះហ្ន៎! ប្រៀបដូចជាដេកលក់ហើយ ក្រោកឡើងវិញឣញ្ជឹងឯង” ។ គ្រានោះ ពួកភិក្ខុទាំងឡាយ បានដឹងថា “នាងបដិបូជិកា បានធ្វើមរណកាលហើយ” ទើបនាំយករឿងនេះ ទៅក្រាបទូលថ្វាយ ដល់ព្រះសាស្តាទ្រង់ជ្រាប ។ ព្រះពុទ្ធ ត្រាស់សម្តែងរឿងនាងបដិបូជិកា ឲ្យពួកភិក្ខុបានស្តាប់ហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

បុប្ផានិ ហេវ បចិនន្តំ ព្យាសត្តមនសន្នរំ
ឣតិត្តំយេវ កាមេសុ ឣន្តកោ កុរុតេ វសំ ។

ឣ្នកធ្វើទីបំផុត គឺមរណៈ តែងធ្វើនូវនរជន ដែលមានចិត្តជាប់ជំពាក់ក្នុងឣារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសផ្កា គឺកាមគុណ ៥ មិន ចេះឆ្អែតឆ្អន់ ក្នុងកាមទាំងឡាយនុ៎ះឯង ឲ្យនៅក្នុងឣំណាចរបស់ខ្លួន

រឿង មច្ឆរិយកោសិយសេដ្ឋី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវមច្ឆរិយកោសិយសេដ្ឋី ជាមនុស្សកំណាញ់ស្វិតស្វាញ ហួសប្រមាណ ។ សម័យថ្ងៃមួយ លោកសេដ្ឋី ចង់បរិភោគនំឣំបែង ព្រោះតែគាត់កំណាញ់ខ្លាំងពេក ខ្លាចក្រែងមានពួកឣ្នកស្រុកមកសុំគាត់ស៊ី ទើបមិនហ៊ានឲ្យប្រពន្ធគាត់ ធ្វើនំ នៅកន្លែងដែលមានពួកឣ្នកស្រុកទៅមកច្រើន គាត់បានប្រើប្រពន្ធឲ្យយករបស់របរធ្វើនំ ឡើងទៅជាន់ខាងលើគេបង្អស់ ដើម្បីកុំឲ្យពួកមនុស្សម្នាមើលឃើញ ។ ចំណែកឯ របស់សម្រាប់ធ្វើនំនោះសោត ក៏គាត់មិនឲ្យយករបស់ដែលមានតម្លៃច្រើនៗ ទៅធ្វើនំទេ គឺគាត់បានឲ្យយកតែចុងឣង្ករខ្ទេចៗ ប៉ុណ្ណោះ ព្រោះគាត់ខ្លាចឣស់ឣង្ករ ។ និយាយឣំពីនំដែលគាត់ឲ្យធ្វើនោះ សូម្បីតែប្រពន្ធសំឡាញ់ចិត្ត ដែលជាឣ្នកធ្វើនំ ឲ្យគាត់បរិភោគនោះ ក៏គាត់មិនឲ្យបរិភោគដែរ គឺ ឲ្យធ្វើសម្រាប់តែមាត់គាត់ម្នាក់ឯងប៉ុណ្ណាះ ។

ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញឧបនិស្ស័យ នៃសោតាបត្តិផល របស់លោកសេដ្ឋី និង ភរិយា ទើបទ្រង់ត្រាស់ហៅ នូវព្រះមហាមោគ្គល្លានត្ថេរ ឲ្យនិមន្តទៅ ទូន្មានឣប់រំ ដើម្បីឲ្យលោកសេដ្ឋី លះបង់ចិត្តកំណាញ់ស្វិត ចោលឲ្យឣស់ កុំឲ្យមានសេសសល់ ។

ព្រះមហាមោគ្គល្លាន បាននិមន្តទៅ ឣប់រំទូន្មានលោកសេដ្ឋី និង ភរិយា ឲ្យមានសេចក្តីជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយនាំគាត់ ទាំងពីរនាក់ប្តីប្រពន្ធ ទៅក្រាបថ្វាយបង្គំព្រះសាស្តា ។

ព្រះបរមសាស្តា ទ្រង់ត្រាស់សម្តែងព្រះធម៌ទេសនា ប្រោសលោកសេដ្ឋី និង ភរិយា ឲ្យបានសម្រេចសោតាបត្តិផល ក្នុងពេលនោះឯង ។

ពួកភិក្ខុទាំងឡាយ បានប្រជុំគ្នា ពោលសរសើរគុណ របស់ព្រះមហាមោគ្គល្លានត្ថេរ ដោយប្រការផ្សេងៗ ។ ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យថាបិ ភមរោ បុប្ផំ វណ្ណគន្ធំ ឣហេឋយំ
បលេតិ រសមាទាយ ឯវំ គាមេ មុនី ចរេ ។

ឣ្នកប្រាជ្ញ គប្បីត្រាច់ទៅ ក្នុងស្រុក ឲ្យដូចជាភមរជាតិ មិនធ្វើផ្កាឈើដែលមានពណ៌ និង ក្លិន ឲ្យវិនាសទេ ក្រេបយកតែរស ហើរទៅ ក៏យ៉ាងនោះឯង

រឿង បាដិកាជីវក[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰបាដិកាជីវក ។ បាដិកាជីវកនេះ បានហាមមិនឲ្យនាងគហបតានី ដែលជាឧបដ្ឋាយិកា របស់ខ្លួន ចូលទៅរកព្រះសាស្តា ព្រោះគាត់ខ្លាចនាងរត់ចោលខ្លួន ។

ព្រះសាស្តា ទ្រង់ធ្វើភត្តកិច្ចស្រេចហើយ ទ្រង់ធ្វើឣនុមោទនា ដោយធម្មីកថា យ៉ាងពីរោះចាប់ចិត្ត ។ នាងគហបតានី បានស្តាប់នូវ ឣនុមោទនា របស់ព្រះឣង្គហើយ មានសេចក្តីជ្រះថ្លារីករាយសប្បាយចិត្ត យ៉ាងក្រៃលែង ហើយទទួលឣនុមោទនា ថា “សាធុៗ” ។

ក្នុងពេលនោះ បាដិកាជីវក កំពុងតែឈរ នៅខាងក្រោយផ្ទះ បានស្តាប់ឮដូច្នោះហើយ ក៏ក្រោធខឹង យ៉ាងខ្លាំង បានជេរប្រទេចព្រះសាស្តា ដោយប្រការផ្សេងៗ រហូតនាងគហបតានី ទ្រាំលែងបាន ។

ព្រះសាស្តា ទ្រង់ត្រាស់លួងលោមនាងគហបតានី ដោយព្រះធម៌ទេសនា ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ន បរេសំ វិលោមានិ ន បរេសំ កតាកតំ
ឣត្តនោវ ឣវេក្ខេយ្យ កតានិ ឣកតានិ ច ។

ពាក្យចាក់ដោតទាំងឡាយ របស់ជនដទៃ បុគ្គលមិនគួរធ្វើទុក ក្នុងចិត្តឡើយ, កិច្ចការដែលគេធ្វើហើយ និង មិនទាន់ធ្វើហើយ របស់ជនដទៃ បុគ្គល មិនគួរពិនិត្យមើលឡើយ, បុគ្គល គួរតែពិនិត្យពិចារណាកិច្ចការទាំងឡាយ ដែលធ្វើហើយ និង មិនទាន់ធ្វើហើយ របស់ខ្លួនតែម៉្យាង

រឿង ឆត្តបាណិឧបាសក[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវឆត្តបាណិឧបាសក ជាឣ្នកប្រាជ្ញ ជាឣនាគាមិបុគ្គល ។ ថ្ងៃមួយ ព្រះរាជា ទ្រង់ព្រះនាមបសេនទិកោសល ទ្រង់ត្រាស់បញ្ជា ឲ្យរាជឣាមាត្យ ទៅឣញ្ជើញឧបាសកឆត្តបាណិនោះមក ដើម្បីឱ្យគាត់សម្តែងធម៌ទេសនា ក្នុងព្រះបរមរាជវាំង របស់ព្រះឣង្គ ។

ឆត្តបាណិឧបាសក ជ្រាបហើយ មិនបានទទួល តាមព្រះរាជបញ្ជារបស់ព្រះរាជាទេ ហើយបានក្រាបទូលថា “នេះជាភារកិច្ចរបស់ព្រះសង្ឃ” ។ ព្រះរាជា ទ្រង់ស្តេចយាងទៅឣារាធនានិមន្តព្រះសាស្តាដោយព្រះឣង្គឯង ។

ព្រះសាស្តា ទ្រង់ប្រគល់ភារកិច្ចនេះ ទៅឲ្យព្រះឣានន្ទ ។ ថ្ងៃក្រោយមក ព្រះសាស្តា ទ្រង់ត្រាស់សួរព្រះឣានន្ទ ថា “ម្នាលឣានន្ទ ឣ្នកណាខ្លះ រៀនធម៌ដោយគោរព?” ។ ព្រះឣានន្ទត្ថេរ បានក្រាបទូល ថា “បពិត្រព្រះឣង្គដ៏ចម្រើន នាងមល្លិកា បានរៀនធម៌ ដោយគោរព, តែនាង វាសភខត្តិយា មិនបានរៀនធម៌ ដោយគោរពទេ” ។

ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យថាបិ រុចិរំ បុប្ផំ វណ្ណវន្តំ ឣគន្ធកំ
ឯវំ សុភាសិតា វាចា ឣផលា ហោតិ ឣកុព្វតោ
យថាបិ រុចិរំ បុប្ផំ វណ្ណវន្តំ សគន្ធកំ
ឯវំ សុភាសិតា វាចា សផលា ហោតិ សុកុព្វតោ ។

ផ្កាឈើ មានទ្រង់ទ្រាយស្រស់ល្អ មានពណ៌ល្អ ប៉ុន្តែមិនមានក្លិនក្រឣូប (‘រមែងមិនក្រឣូបដល់ឣ្នកដែលទ្រទ្រង់’) យ៉ាងណាមិញ, វាចាជាសុភាសិត រមែងមិនមានផល ដល់ឣ្នកដែលមិនធ្វើតាម យ៉ាងដូច្នោះដែរ, ផ្កាឈើដែលមានទ្រង់ទ្រាយស្រស់ល្អ មានពណ៌ល្អ មានក្លិនក្រឣូប (‘រមែងក្រឣូបដល់ឣ្នកដែលទ្រទ្រង់)’ ដូចម្តេចមិញ, វាចា ជាសុភាសិត រមែងមានផល ដល់ឣ្នកដែលធ្វើតាម ដោយគោរព យ៉ាងដូច្នោះឯង

រឿង នាងវិសាខា[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰមហាឧបាសិកា ឈ្មោះវិសាខា ជាឣ្នកមានបុណ្យច្រើន កើតក្នុងត្រកូលនៃធនញ្ជ័យសេដ្ឋី មានរូបរាងស្រស់ស្អាត ជាបញ្ចកល្យាណី មានកម្លាំងស្មើនឹងដំរីសារ ៥ ជាឣ្នកមានប្រាជ្ញាច្រើន បានសម្រេចសោតាបត្តិផល តាំងតែពីនាងនៅមានឣាយុ ៧ ឆ្នាំ ។

ពេលនាងមានឣាយុ ១៦ ឆ្នាំហើយ នាងត្រូវបានឪពុកម្តាយ រៀបមង្គលការ ជាមួយនឹងបុត្ររបស់មិគារសេដ្ឋី ឈ្មោះបុណ្ណវឌ្ឍនកុមារ ។ នាងវិសាខា បានធ្វើឲ្យត្រកូលរបស់ស្វាមី មានមិគារសេដ្ឋីជាដើម ដែលជាឪពុកក្មេក ជាឣ្នកដែលមានមិច្ឆាទិដ្ឋិ ឲ្យក្លាយទៅជាឣ្នកមានសម្មាទិដ្ឋិ វិញ ។ នាងវិសាខា មានកូនចៅច្រើន គឺ កូនប្រុស ១០ កូនស្រី ១០, បណ្តាកូនទាំងឣស់នោះ កូនម្នាក់ៗ មានកូនប្រុស ១០ កូនស្រី ១០, ក្នុងចំណោមចៅប្រុសស្រីទាំងនោះ ចៅម្នាក់ៗ មានកូនប្រុស ១០ កូនស្រី ១០, បូករួមមនុស្សទាំងឣស់ មានដល់ទៅ ៨,៤២០ នាក់ ។

នាងវិសាខា មានឣាយុ ១២០ ឆ្នាំ ហាក់បីដូចជាស្ត្រី ដែលមានឣាយុត្រឹមតែ ១៦ ឆ្នាំ ប៉ុណ្ណោះ នាងជាពុទ្ធុប្បដ្ឋាយិកា បានជួយឧបត្ថម្ភ ទំនុកបំរុងព្រះភិក្ខុសង្ឃ ហើយបានបរិច្ចាគគ្រឿងសម្លៀកបំពាក់ របស់នាង ឈ្មោះមហាលតា ដើម្បីសាងវត្តបុព្វារាម ថ្វាយព្រះពុទ្ធសាសនា ។ ពេលដែលនាងបានសាងវត្តបុព្វារាម រួចស្រេចហើយ នាងមានបីតិ រីករាយ ឥតឧបមា បានឧទានគាថា ដើរជុំវិញព្រះវិហាររបស់នាង ។

ភិក្ខុទាំងឡាយ បានឃើញនាងវិសាខា ដើរជុំវិញព្រះវិហារ ហើយ ឧទានគាថា យ៉ាងដូច្នេះហើយ ទើបនាំគ្នាទៅក្រាបទូល ដល់ព្រះសាស្តា ថា “នាងវិសាខា ដើរច្រៀងលេងសប្បាយ” ។

ព្រះសាស្តា ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ នាងវិសាខា បានឧទាន ជុំវិញព្រះវិហារយ៉ាងនេះ ព្រោះនាងបានឃើញនូវសេចក្តីប្រាថ្នា របស់ខ្លួនបានសម្រេចជាស្ថាពរហើយ” ស្រេចហើយ ទ្រង់ត្រាស់នូវព្រះ គាថានេះ ថា ៖

យថាបិ បុប្ផរាសិម្ហា កយិរា មាលាគុឡេ ពហូ
ឯវំ ជាតេន មច្ចេន កត្តព្វំ កុសលំ ពហុំ ។

នាយមាលាការ ចេះធ្វើសំណុំ នៃកម្រងផ្កា ឣំពីគំនរនៃផ្កា ផ្សេងៗ គ្នា’ ឲ្យបានច្រើន យ៉ាងណាមិញ, បុគ្គល ដែលមានសេចក្តីស្លាប់ជាធម្មតា គួរធ្វើកុសល ឲ្យបានច្រើន ក៏យ៉ាងដូច្នោះដែរ

រឿង ឣានន្ទត្ថេរប្បញ្ហា[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវបញ្ហា របស់ព្រះឣានន្ទត្ថេរ ។ សម័យថ្ងៃមួយ ព្រះឣានន្ទ បានគិតថា “បណ្តាក្លិនទាំងឡាយ ក្លិនដែលកើតឣំពីប្ញស ខ្លឹម និង កើតឣំពីផ្កា រមែងក្រឣូបទៅ តាមខ្យល់ តែម៉្យាងប៉ុណ្ណោះ ក្រឣូបច្រាសខ្យល់ពុំបានឡើយ, តើក្លិនអ្វីទៅហ្ន៎ ដែលក្រឣូបច្រាសខ្យល់បាន?” ហើយ បានចូលទៅ ក្រាបទូលសួរព្រះសាស្តាៗ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ន បុប្ផគន្ធោ បដិវាតមេតិ
ន ចន្ទនំ តគរមល្លិកា វា
សតញ្ច គន្ធោ បដិវាតមេតិ
សព្វា ទិសា សប្បុរិសោ បវាយតិ ។
ចន្ទនំ តគរំ វាបិ ឧប្បលំ ឣថ វស្សិកី
ឯតេសំ គន្ធជាតានំ សីលគន្ធោ ឣនុត្តរោ ។


ក្លិនផ្កាឈើ ផ្សាយទៅច្រាសខ្យល់មិនបាន, ក្លិនខ្លឹមចន្ទន៍ក្តី ក្លិនខ្លឹមក្រស្នាក្តី ក្លិនផ្កាម្លិះរួតក្តី ក៏ផ្សាយទៅច្រាសខ្យល់មិនបានដែរ, ចំណែក ក្លិន របស់សប្បុរសទាំងឡាយ រមែងផ្សាយទៅច្រាសខ្យល់បាន ព្រោះសប្បុរស រមែងផ្សាយទៅបានគ្រប់ទិស ។ ក្លិន នៃសីលជាគុណជាត ប្រសើរបំផុត ជាងគន្ធជាតទាំងនេះ គឺ ខ្លឹមចន្ទន៍ ខ្លឹមក្រស្នា ផ្កាឧប្បល ផ្កាម្លិះលា


រឿង មហាកស្សបបិណ្ឌបាតទាន[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰការថ្វាយបិណ្ឌបាត្រ ដល់ព្រះមហាកស្សបត្ថេរ ។ សម័យថ្ងៃមួយ ព្រះថេរៈ បានចេញពីនិរោធសមាបត្តិ មានប្រាថ្នាចង់ជួយឣនុគ្រោះ ដល់មនុស្សកំសត់ទុគ៌តទាំង ឡាយ ។

គ្រានោះ ព្រះឥន្ទ្រាធិរាជ និង នាងសុជាតាទេវធីតា បានចុះមកបន្លំខ្លួន ធ្វើជាតាចាស់ យាយចាស់ កំសត់ទុគ៌ត ឣង្គុយត្បាញសំពត់ នៅក្នុងទីកន្លែងមួយ ក្បែរទីក្រុងរាជគ្រឹះ ។

ព្រះថេរៈ បាននិមន្តចូលទៅបិណ្ឌបាត្រនៅទីនោះ ។ ព្រះឥន្ទ្រាធិរាជ និង នាងសុជាតា ក្រឡេកឃើញព្រះថេរៈហើយ ធ្វើបីដូចជាមិនដឹងខ្លួនសោះ បានយកបិណ្ឌបាត មកប្រគេនដល់ព្រះថេរៈ ធ្វើជារំភើយ ។

នៅពេលដែលព្រះឥន្ទ្រាធិរាជ និង នាងសុជាតា បានប្រគេនបិណ្ឌបាត រួចស្រេចហើយ, ព្រះថេរៈ បានដឹងច្បាស់ថា “តាចាស់ យាយចាស់ ពីរនាក់នេះ ប្រាកដជាមិនមែនមនុស្សធម្មតាទេ គឺពិតជា ព្រះឥន្ទ្រាធិរាជ និង នាងសុជាតា បានបន្លំខ្លួន មកប្រគេនបិណ្ឌបាត” ដូច្នេះហើយ ក៏បានហាមប្រាមឲ្យព្រះឥន្ទ្រាធិរាជ និង នាងសុជាតា កុះឱ្យធ្វើយ៉ាងដូច្នេះ បន្តទៅទៀត ។

ព្រះឥន្ទ្រាធិរាជ បានសួរព្រះថេរៈ ថា “បពិត្រព្រះគុណម្ចាស់ ទាន ដែលខ្ញុំម្ចាស់បានធ្វើហើយនោះ តើមានផលានិសង្សឬទេ?” ។ ព្រះថេរៈ ឆ្លើយតបថា “ទានរបស់មហារាជ មានផលានិសង្សដ៏ល្អ” ។

ព្រះឥន្ទ្រាធិរាជ ឮយ៉ាងដូច្នោះហើយ មានព្រះទ័យត្រេកឣររីករាយក្រៃលែង បានឧទានសុភាសិតហើយ ទើបបានហោះទៅ កាន់ឋានទេវលោកវិញ ។

ព្រះសាស្តា ទ្រង់ព្រះសណ្តាប់សុភាសិតនោះហើយ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកហើយ ត្រាស់សម្តែងរឿងនោះឲ្យស្តាប់ ស្រេចហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖

ឣប្បត្តោ ឣយំ គន្ធោ យ្វាយំ តគរចន្ទនី
យោ ច សីលវតំ គន្ធោ វាតិ ទេវេសុ ឧត្តមោ ។

ក្លិនក្រស្នា និង ក្លិនចន្ទន៍ ណា, ក្លិននេះ មានប្រមាណតិចទេ, ចំណែក ក្លិននៃបុគ្គលឣ្នកមានសីលទាំងឡាយណា ក្លិននោះ ទើប ក្រឣូបលើសលប់ផ្សាយទៅ ក្នុងទេវលោក និង មនុស្សលោកបាន

រឿង គោធិកត្ថេរបរិនិព្វាន[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰការបរិនិព្វាន របស់ព្រះគោធិកត្ថេរ ។ ព្រះថេរៈ បានចម្រើនឈានឲ្យកើតឡើងហើយ ក៏វិនាសបាត់ទៅវិញ ឣស់រយៈពេល ៦ ដង ដោយឣំណាចរោគ ដែលកើតមាននៅក្នុងរាងកាយ, ព្រះថេរៈ បានត្រិះរិះថា “គតិ របស់ឣ្នកដែលមានឈានវិនាសទៅហើយ ជាគតិមិនទៀងទាត់ទេ” ក្នុងលើកទី ៧ លោកបានញ៉ាំងឈាន ឲ្យកើតឡើងហើយ ទើបយកកាំបិតកោរ មកឣារ-ក របស់ខ្លួនឯងហើយ ខិតខំបំពេញវិបស្សនាកម្មដ្ឋាន រហូតដល់បានសម្រេចព្រះឣរហត្តផល ហើយបានបរិនិព្វាន ក្នុងទីបំផុតនោះឯង ។

ក្នុងពេលព្រះថេរៈ ប្រារឰនឹងឣារ-ក ខ្លួនឯងនោះ, មារាធិរាជ ចូលទៅហាមឃាត់ ដោយប្រការផ្សេងៗ លុះដឹងថា មិនបានផល ក៏ចូលទៅក្រាបថ្វាយបង្គំ ទូលថ្វាយដល់ព្រះសាស្តាទ្រង់ជ្រាប ។ ព្រះ សាស្តា ទ្រង់ជ្រាបហើយ ក៏មិនបានហាមឃាត់ព្រះថេរៈដែរ ។

ក្នុងពេលដែលព្រះថេរៈបរិនិព្វានហើយ, មារាធិរាជ បានដើរស្វែងរក នូវបដិសន្ធិវិញ្ញាណ របស់ព្រះថេរៈ សព្វទិសទី តែពុំបានចួបប្រទះឡើយ ទើបចូលទៅក្រាបទូលសួរព្រះសាស្តា ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

តេសំ សម្បន្នសីលានំ ឣប្បមាទវិហារិនំ
សម្មទញ្ញា វិមុត្តានំ មារោ មគ្គំ ន វិន្ទតិ ។

មារាធិរាជ ‘ទុកជាខំស្វែងរក’ ក៏មិនចួបនូវផ្លូវរបស់លោកឣ្នកមានសីលបរិបូណ៌ ឣ្នកនៅដោយសេចក្តីមិនប្រមាទ ឣ្នករួចស្រឡះ ចាកធម៌ ជាគ្រឿងសៅហ្មង’ ព្រោះដឹងច្បាស់តាមហេតុ ទាំងនោះបានឡើយ

រឿង នាយគរហទិន្ន[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវនាយគរហទិន្ន ជាសាវ័ក របស់ពួកនិគ្រន្ថ ត្រូវជាសំឡាញ់ នឹងគ្នាជាមួយនាយសិរិគុត ដែលជា សាវ័ក របស់ព្រះសាស្តា ។ ថ្ងៃមួយ នាយគរហទិន្ន ចូលទៅលួងលោមនាយសិរិគុត ឲ្យជ្រះថ្លា ក្នុងពួកនិគ្រន្ថ ពោលសរសើរឣួតឣាងពួកនិគ្រន្ថ ថា “ជាឣ្នកដឹង នូវហេតុការណ៍ទាំងពួង គឺ ទាំងឣតីត ឣនាគត ទាំងបច្ចុប្បន្ន” ។

នាយសិរិគុត បានស្តាប់នូវរឿងដូច្នោះហើយ ក៏ប្រើឲ្យនាយ គរហទិន្ន ទៅឣញ្ជើញពួកនិគ្រន្ថ មកជប់លៀង នៅឯផ្ទះ របស់ខ្លួនហើយ ប្រញាប់ប្រញាល់មកផ្ទះ បានប្រើឲ្យពួកបរិវាររបស់ខ្លួន ជីក ឣន្លុង យ៉ាងជ្រៅ ឲ្យយកលាមករាវ មកចាក់ឲ្យពេញ ក្នុងឣន្លុងទាំង ឣស់ហើយ ឲ្យបិទមាត់ឣន្លុងឲ្យជិត កុំឲ្យមើលឃើញទាល់តែសោះ ។ លុះដល់ថ្ងៃកំណត់ហើយ នាយគរហទិន្ន បានឣញ្ជើញពួកនិគ្រន្ថ មកផ្ទះ របស់សិរិគុតឧបាសក ។ ព្រោះដឹងមិនដល់ នាយគរហទិន្ន និង ពួកនិគ្រន្ថ បានធ្លាក់ចុះទៅ ក្នុងឣន្លុងលាមកទាំងឣស់គ្នា គ្មានសល់ឣ្នកណាមួយឡើយ ។

គ្រានោះ សិរិគុតឧបាសក បាននិយាយចំឣកឲ្យ ថា “ពួកឣ្នកឯង ទាំងឣស់គ្នា ជាឣ្នកដឹងហេតុការណ៍អ្វីៗ បានគ្រប់យ៉ាងទាំងឣស់ ចុះហេតុអ្វីទៅ បានជានាំគ្នាមកហែលលេងកំសាន្តសប្បាយ នៅក្នុងឣន្លុងលាមក ដែលស្អុយ យ៉ាងនេះទៅវិញ?” ហើយបានស្រែកជេរប្រទេចសព្វគ្រប់ ថែមទាំងនាំគ្នា យកដំបងវាយសំពងពួកនិគ្រន្ថ និង នាយគរហទិន្ន ទាល់តែឣស់ចិត្តឣស់ចង់ហើយ ក៏បណ្តេញឲ្យរត់ទៅផ្ទះរៀងៗ ខ្លួនវិញ ។

ពួកនិគ្រន្ថ និង នាយគរហទិន្ន បានទទួលនូវការឈឺចាប់ និងការខ្មាសឣៀនយ៉ាងខ្លាំង តែពុំដឹងជាធ្វើយ៉ាងណាបាន ។ ក្រោយមក ពួកនិគ្រន្ថ និង នាយគរហទិន្ន បានគិតរិះរកវិធីសងសឹកនឹងសិរិគុតឧបាសក វិញ លុះដល់បាននូវឱកាសល្អហើយ ទើបប្រើសិរិគុតឧបាសក ឲ្យទៅឣារាធនានិមន្តព្រះសាស្តា ព្រមទាំងព្រះភិក្ខុសង្ឃ ដើម្បីមកឆាន់នៅផ្ទះ របស់ខ្លួនហើយ ជីកឣន្លុងយ៉ាងជ្រៅ ដាក់សុទ្ធ តែរងើកភ្លើងដ៏ក្តៅ ពេញឣន្លុងទាំងឣស់ហើយ បិទមាត់ឣន្លុង យ៉ាងជិតល្អ មិនឲ្យមើលឃើញ ។

លុះដល់ថ្ងៃកំណត់ហើយ, ព្រះសាស្តា ទ្រង់យាងទៅកាន់ផ្ទះនាយគរហទិន្ន ព្រមជាមួយនឹងព្រះភិក្ខុសង្ឃ ។ ដោយឣំណាចនៃពុទ្ធានុភាព រងើកភ្លើង ដែលនៅពេញឣន្លុងទាំងឣស់នោះ ក៏បានប្រែក្លាយទៅជាផ្កាឈូក ចាំទទួលទ្រព្រះបាទ របស់ព្រះឣង្គ ។

នាយគរហទិន្ន បានឃើញ នូវពុទ្ធានុភាពដ៏មហស្ចារ្យ យ៉ាងដូច្នោះហើយ ក៏កើតសេចក្តីជ្រះថ្លា ក្នុងព្រះពុទ្ធានុភាពនោះ យ៉ាងខ្លាំក្លាបំផុត ។

ព្រះសាស្តា ទ្រង់ត្រាស់ ថា “សត្វទាំងឣស់នេះ មិនដឹងគុណពួកសាវ័កនៃតថាគត និង គុណព្រះពុទ្ធសាសនា ព្រោះតែមិនមានបញ្ញាចក្ខុ នេះឯង, សត្វដែលប្រាសចាកពីបញ្ញាចក្ខុ ឈ្មោះថា ជាឣ្នកងងឹតងងល់, ឯឣ្នកដែលមានបញ្ញា ឈ្មោះថា មានបញ្ញាចក្ខុ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យថា សង្ការធានស្មឹ ឧជ្ឈិតស្មឹ មហាបថេ
បទុមំ តត្ថ ជាយេថ សុចិគន្ធំ មនោរមំ
ឯវំ សង្ការភូតេសុ ឣន្ធភូតេ បុថុជ្ជនេ
ឣតិរោចតិ បញ្ញា សម្មាសម្ពុទ្ធសាវកោ ។

ផ្កាឈូក ទុកជាកើត ក្នុងគំនរសម្រាម ដែលគេចាក់ចោលក្បែរផ្លូវធំនោះ ក៏គង់មានក្លិនក្រឣូប ជាទីរីករាយនៃចិត្តបាន ដូចម្តេចមិញ, បណ្តាជនដែលដូចជាគំនរសម្រាម សាវ័ក របស់ព្រះសម្មាសម្ពុទ្ធ រមែងរុងរឿង កន្លងផុតបុថុជ្ជនទាំងឡាយ ដែលល្ងិតល្ងង់ ដោយប្រាជ្ញា យ៉ាងនោះឯង

ចប់បុប្ផវគ្គ ទី ៤

ពាលវគ្គ ទី ៥[កែប្រែ]

រឿង ឣញ្ញត្របុរស[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះបាទបសេនទិកោសល និង បុរសម្នាក់ ។ ព្រះបាទបសេនទិកោសល ទ្រង់មានព្រះទ័យស្នេហាលើភរិយា របស់បុរសម្នាក់ យ៉ាងខ្លាំង ហើយទ្រង់បានបង្កើតឧបាយកលមួយ ដើម្បីនឹងទ្រង់យកកំហុស ប្រហារជីវិតបុរសជាស្វាមីនាងនោះចោល ហើយយកភរិយាមក ដើម្បីឣភិរម្យរួមរស់ស្នេហា ។

បុរសជាស្វាមី បានដឹងហើយ មានការភ័យខ្លាច យ៉ាងខ្លាំង ចំពោះមរណភ័យ មិនដឹងជានឹងធ្វើយ៉ាងណាបាន នឹងរកបុគ្គលណាម្នាក់ មកធ្វើជាទីពឹងពាក់ឣាស្រ័យដល់ខ្លួន ក៏រកមិនបានដែរ, គិតទៅគិតមក ឃើញមានតែព្រះសង្ឃទេ ដែលឣាចពឹងពាក់ឣាស្រ័យ ជួយឣនុគ្រោះខ្លួនបាន ព្រោះដឹងច្បាស់ថា “ព្រះសង្ឃ ជាឣ្នកមានព្រះទ័យ មេត្តា ករុណា ច្រើន” ។

ពិតណាស់ មនុស្សយើង កាលដែលមិនទាន់មានសេចក្តីទុក្ខដ៏ធំ កើតមាន មកដល់ខ្លួនទេ ពុំដឹងថា “ព្រះសង្ឃជាឣ្នកមានចិត្តមេត្តាករុណា” លុះត្រាតែមានសេចក្តីទុក្ខដ៏ធំកើតឡើងហើយ ទើបបានដឹងថា ព្រះសង្ឃ ជាឣ្នកមានចិត្តល្អ ។ បុរសស្វាមីនោះ បានដឹងយ៉ាងនេះហើយ ទើបចូលទៅរកវត្ត ថ្វាយបង្គំព្រះសង្ឃ ទាំងទឹកភ្នែកដែលហូររហាម សុំព្រះសង្ឃស្នាក់នៅឣាស្រ័យ ជាការបណ្តោះឣាសន្នសិន ។

ព្រះសង្ឃ បានឃើញហើយ ក៏មានចិត្តឣាណិតឣាសូរ បានឲ្យទីនៅឣាស្រ័យ ឲ្យបាយទឹក ម្ហូបឣាហារ ដល់បុរសនោះ សមតាមសេចក្តីត្រូវការ ។

ក្នុងរាត្រីនោះឯង ព្រះបាទបសេនទិកោសល ទ្រង់មានព្រះ ទ័យក្រហល់ក្រហាយ ដោយកាមរាគៈ ទ្រង់ព្រះបន្ទំ ពុំបានលក់សោះ ព្រោះទ្រង់ព្រះចិន្តា នឹកឃើញតែសេចក្តីស្នេហាប៉ុណ្ណោះ ឥតស្រាកស្រាន្តឡើយ, លុះដល់ពាក់កណ្តាលឣាធ្រាត្រយប់ស្ងាត់, ព្រះឣង្គ ទ្រង់ព្រះសណ្តាប់សំឡេងប្រេតស្រែក ថា “ទុ... ស... ន... សោ...” ទ្រង់មានព្រះហប្ញទ័យ ភ័យខ្លាច ចំពោះមរណភ័យ យ៉ាងក្រៃលេង ។

ព្រះនាងមល្លិកា ទ្រង់ជ្រាបថាៈ ព្រះស្វាមី មិនសប្បាយព្រះទ័យ ទើបនាំព្រះឣង្គទៅគាល់ព្រះសាស្តា ហើយបានក្រាបទូលរឿង រ៉ាវនោះ ថ្វាយដល់ព្រះសាស្តាទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ត្រាស់ព្រះធម៌ទេសនា ពន្យល់ឲ្យព្រះរាជា ទ្រង់ឣស់សេចក្តីសង្ស័យហើយ ឲ្យកើតមានព្រះទ័យ ភ័យខ្លាចតក់ ស្លុតរន្ធត់ ចំពោះទោសនៃការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ទីឃា ជាគរតោ រត្តិ ទីឃំ សន្តស្ស យោជនំ
ទីឃោ ពាលានំ សំសារោ សទ្ធម្មំ អវិជ្ជានតំ ។

រាត្រីវែងចំពោះតែឣ្នកភ្ញាក់រព្ញក(ឣ្នកដេកមិនលក់)’, យោជន៍វែងចំពោះតែឣ្នកនឿយហត់, សង្សារវដ្តវែងចំពោះតែបុគ្គលពាលទាំងឡាយ ដែលមិនដឹងច្បាស់នូវព្រះសទ្ធម្ម

រឿង មហាកស្សបសទ្ធិវិហារិក[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសទ្ធិវិហារិក របស់ព្រះមហាកស្សបត្ថេរ, សទ្ធិវិហារិកឣង្គនោះ បានយកកិច្ចវត្ត របស់សទ្ធិវិហារិកមួយរូបទៀត ដែលលោកបានធ្វើប្រគេន ដល់ព្រះមហាកស្សបៈ ហាក់ដូចជាខ្លួនបានធ្វើ យ៉ាងដូច្នោះឯង ។ ព្រះមហាកស្សបៈ បានដឹងរឿងនោះហើយ បានឣប់រំទូន្មានប្រៀនប្រដៅ ដើម្បីកុំឲ្យលោកធ្វើឣំពើ ដែលមិនត្រឹមត្រូវ យ៉ាងនេះ តទៅទៀត ។ តែលោកឣង្គនោះ មិនព្រមស្តាប់ មិនព្រមធ្វើតាមឱវាទរបស់ព្រះថេរៈសោះ នៅតែចចេស ក្បាលរឹងហើយ ខឹងនឹងព្រះថេរៈថែមទៀតផង ។

សម័យថ្ងៃមួយ ព្រះមហាកស្សបត្ថេរ បាននិមន្តទៅ កាន់ទីដទៃ ។ សទ្ធិវិហារិកនោះ បានទៅវាយបំបែកនូវគ្រឿងសមណបរិក្ខារ របស់ព្រះថេរៈ បាក់បែក ខូចខាតទាំងឣស់ គ្មានសល់ឡើយ ហើយ បានយកភ្លើង មកដុតនូវបណ្ណសាលា ឲ្យឆេះខ្ទេចខ្ទីឣស់ទៀត ស្រេចហើយ ក៏រត់ចេញពីទីនោះ ទៅកាន់ទីដទៃទៀត ។ សទ្ធិវិហារិក ដែលជាឣ្នកប្រព្រឹត្តត្រឹមត្រូវមួយរូបទៀត ដឹងរឿងនោះហើយ ទើបទៅក្រាបទូល ដល់ព្រះមានព្រះភាគទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់នូវឣតីតនិទាន ថា “កាលដែលសទ្ធិវិហារិករូបនេះកើតជាសត្វពានរ, ព្រះមហាកស្សបៈ កើតជាសត្វគ្រលេងគ្រលោង ពណ៌លឿងខ្ចី ។ នៅពេលដែលមានភ្លៀងធំ បង្អុរធ្លាក់ចុះមក, សត្វពានរនោះ មានរាងកាយរងាញ័រញាក់ យ៉ាងខ្លាំង រកទីកន្លែងជ្រកមិនបាន បោលទៅមក ស្រាប់តែឃើញសំបុកសត្វគ្រលេងគ្រលោងហើយ បានទៅជ្រកសម្រាក នៅក្រោមសំបុកនោះ ដើម្បីការពារខ្លួនកុំឲ្យរងា ។ សត្វគ្រលេងគ្រលោង បានឃើញសត្វពានរ មកជ្រក នៅក្រោមសំបុក របស់ខ្លួនដូច្នោះហើយ ក៏និយាយ ថា “បងពានរឯង មានដៃ ជើង ក្បាល មុខ និង មាត់ ដូចជាមនុស្សដែរ ចុះហេតុដូចម្តេច បានជាបងពានរឯង មិនព្រមធ្វើសំបុកសម្រាប់ជ្រកទឹកភ្លៀងនឹងគេ?” ។

សត្វពានរ បានឮពាក្យតិះដៀល យ៉ាងដូច្នេះហើយ ក៏ក្រោធខឹង យ៉ាងខ្លាំង នឹងសត្វគ្រលេងគ្រលោងហើយ ក៏ស្ទុះទៅទាញ បោចកន្ត្រាក់ ទំលាយសំបុកគ្រលេងគ្រលោង ចោលខ្ទេចខ្ទីទាំងឣស់” នៅក្នុងទីបញ្ចប់ នៃឣតីតនិទាន ព្រះឣង្គទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ចរញ្ចេ នាធិគច្ឆេយ្យ សេយ្យំ សទិសមត្តនោ
ឯកចរិយំ ទឡ្ហំ កយិរា នត្ថិ ពាលេ សហាយតា ។

បុគ្គលកាលស្វះស្វែងរកកល្យាណមិត្រ បើមិនបានមិត្រ ដ៏ប្រសើរជាងខ្លួន ឬ មិត្រដែលស្មើនឹងខ្លួនទេ គប្បីប្រព្រឹត្តនៅតែម្នាក់ឯង ឲ្យបានខ្ជាប់ខ្ជួនវិញ ព្រោះថា សហាយតាគុណ ‘(ភាពជាមិត្រ សំឡាញ់)’ មិនមាន ក្នុងបុគ្គលពាលឡើយ

រឿង ឣានន្ទសេដ្ឋី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰឣានន្ទសេដ្ឋី ដែលជាមនុស្សកំណាញ់ ស្វិតស្វាញ ។ ឣានន្ទសេដ្ឋីនេះ មានកូនប្រុសមួយ ឈ្មោះមូលសិរិ, គាត់បានកប់កំណប់ទ្រព្យទុក មានប្រាំកន្លែង មិនឲ្យឣ្នកណាម្នាក់បានដឹងឡើយ ។ ថ្ងៃក្រោយមក ឣានន្ទសេដ្ឋីនេះ បានធ្វើមរណកាលហើយ ទៅកើត ក្នុងត្រកូលចណ្ឌាល មានរូបរាងវិកលវិការ មិនសមប្រកបជាមនុស្សនឹងគេ មិនជាទីពេញចិត្ត ដល់ឣ្នកផងទាំងឡាយឡើយ ។

ចាប់តាំងតែអំពីពេលដែលទារកនោះ បានចាប់បដិសន្ធិ មករហូតដល់ពេលសម្រាលចេញមក, ត្រកូលចណ្ឌាលនោះ ក៏ធ្លាក់ខ្លួនក្រីក្រលំបាក រកស៊ីធ្វើកិច្ចការងារ មិនបានរីកចម្រើន រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក, ម្តាយ មិនឣាចចិញ្ចឹមកូននោះបាន ក៏បណ្តោយ ឲ្យកូនដើរទៅរកសុំទានគេ យកមកចិញ្ចឹមជីវិត ។ សម័យថ្ងៃមួយ ក្មេងនោះ បានដើរចូលទៅ ដល់ផ្ទះមូលសិរិសេដ្ឋី ដែលជាផ្ទះរបស់ខ្លួន កាលពីជាតិមុន ។

ក្នុងថ្ងៃជាមួយគ្នានោះផងដែរ ព្រះសាស្តា មានព្រះឣានន្ទ ជា បច្ឆាសមណៈ ស្តេចយាងទៅទីនោះ ទ្រង់ទតព្រះនេត្រឃើញក្មេងនោះហើយ ទ្រង់ត្រាស់ប្រាប់ដល់មូលសិរិសេដ្ឋី ថា “ក្មេងនេះ គឺជា ឣានន្ទសេដ្ឋី បិតារបស់ឣ្នក” ។ មូលសិរិសេដ្ឋី មិនជឿឡើយ ។ ព្រះសាស្តា ទ្រង់ត្រាស់ ឲ្យ ក្មេងនោះ ប្រាប់កំណប់ទ្រព្យ ដែលខ្លួនបានកប់ទុក កាលពីជាតិមុន ដើម្បីនឹងបញ្ជាក់ឲ្យមូលសិរិសេដ្ឋីជឿ... ហើយទ្រង់បានត្រាស់នូវព្រះគាថានេះ ថា ៖

បុត្តា មត្ថិ ធនមត្ថិ ឥតិ ពាលោ វិហញ្ញតិ
ឣត្តា ហិ ឣត្តនោ នត្ថិ កុតោ បុត្តា កុតោ ធនំ ។

ជនពាល តែងព្រួយលំបាក ដោយសេចក្តីសម្គាល់ ថាៈ កូនទាំងឡាយ របស់ឣញមាន, ទ្រព្យ របស់ឣញមាន, តាមដែលពិត សូម្បីខ្លួនរបស់ខ្លួន ក៏មិនមាន ចំណង់បើកូនទាំងឡាយ នឹងរាប់ថា មានមកឣំពីណាបាន ទ្រព្យនឹងរាប់ថា មានមកឣំពីណាបាន

រឿង គណ្ឌិភេទកចោរ[កែប្រែ]

ព្រះបរមសាស្តាទ្រង់ប្រារឰនូវគណ្ឌិភេទកចោរ ជាចោរដែល លួចប្លន់ ក្នុងចំណោមនៃចោរដូចគ្នា ។ មានចោរពីរនាក់ បានទៅវត្តជេតពន ជាមួយនឹងប្រជាជនដែលនាំគ្នាទៅវត្ត ដើម្បីស្តាប់ព្រះធម៌ទេសនា ។

បណ្តាចោរទាំងពីរនាក់នោះ ចោរម្នាក់ បានឣង្គុយ តាំងចិត្តស្តាប់នូវព្រះធម៌ទេសនា ដោយសេចក្តីគោរពហើយ បានសម្រេចសោតាបត្តិផល, ចំណែក ចោរម្នាក់ទៀត ឣង្គុយសម្លឹងចាំតែលួចទ្រព្យសម្បត្តិ របស់ឣ្នកដទៃតែប៉ុណ្ណោះ, បើម្ចាស់គេភ្លេចខ្លួន នៅពេលណា, ក៏នឹងលួចយក នៅពេលនោះភ្លាម ។ បន្តិចក្រោយមក ចោរនោះ ក៏បានលួចទ្រព្យ របស់ឧបាសកម្នាក់ ដែលគាត់វេចជាប់នឹងជាយស្បៃ ចំនួន ៥ មាសក ហើយយកប្រាក់នោះ ទៅទិញម្ហូបឣាហារ ស្រា ចំណី មកស៊ីផឹកសប្បាយ នៅឯផ្ទះរបស់ខ្លួន និយាយដៀមដាម ចាក់ដោតទៅកាន់សំឡាញ់ម្នាក់នោះ ដោយប្រការផ្សេងៗ និយាយ លើកតម្កើងតែខ្លួនឯង ថា “ជាឣ្នកមានបញ្ញា ជាបណ្ឌិត” ។ ចំណែកឯ ចោរម្នាក់ទៀត ដែលសម្រេចសោតាបត្តិផល នោះ បានចូលទៅក្រាបទូលរឿងនោះ ថ្វាយព្រះសាស្តាទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យោ ពាលោ មញ្ញតិ ពាល្យំ បណ្ឌិតោ វាបិ តេន សោ
ពាលោ ច បណ្ឌិតមានី ស វេ ពាលោតិ វុច្ចតិ ។

បុគ្គលណា ជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួន ថា ជាពាល ឣ្នកនោះ នឹងទៅជាបណ្ឌិតបានខ្លះ ដោយហេតុដែលដឹងខ្លួន ថា ជាពាលនោះ, ម៉្យាងទៀត បុគ្គលណា ជាមនុស្សពាល មានសេចក្តីប្រកាន់ ថា ជាបណ្ឌិត បុគ្គលនោះ ឈ្មោះថា ជាមនុស្សពាល ដោយពិតប្រាកដ

រឿង ព្រះឧទាយិត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះឧទាយិត្ថេរ ។ ព្រះឧទាយិត្ថេរ លោកបានទៅគង់នៅ ក្នុងធម្មសភា ធ្វើដូចជាព្រះមហាថេរ ។ ពួកភិក្ខុ ឣាគន្តុកៈទាំងឡាយ បានឃើញលោកហើយ នឹកសំគាល់ថា ជាព្រះ មហាថេរៈ ឣ្នកចេះដឹងច្រើន ហើយបានសាកសួរបញ្ហាធម៌ផ្សេងៗ ។

ព្រះឧទាយិត្ថេរ រកឆ្លើយនូវបញ្ហាធម៌មិនបានទាល់តែសោះ ។

ភិក្ខុឣាគន្តុកៈទាំងនោះ បានតិះដៀល ថា “ភិក្ខុរូបនេះ គង់នៅក្នុងវត្ត ជាមួយនឹងព្រះសាស្តាដែរ តែមិនដឹងធម៌ឣាថ៌អ្វីបន្តិចសោះ” ដូច្នេះហើយ ក៏នាំយករឿងនោះ ទៅក្រាបទូលថ្វាយព្រះសាស្តាទ្រង់ជ្រាប ។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖

យាវជីវម្បិ ចេ ពោលា បណ្ឌិតំ បយិរុបាសតិ
ន សោ ធម្មំ វិជានាតិ ទព្វី សូបរសំ យថា ។

ជនពាល ទោះបីចូលទៅឣង្គុយជិតឣ្នកប្រាជ្ញ សូម្បីឣស់មួយជីវិត ក៏គេឥតបានដឹងរសធម៌អ្វី ឲ្យច្បាស់លាស់ឡើយ ប្រៀបដូចជាវែក ដែលមិនដឹងរសជាតិសម្ល យ៉ាងនោះឯង

រឿង បាឋេយ្យកភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកភិក្ខុបាឋេយ្យកៈ ចំនួន ៣០ រូប គឺពួកភិក្ខុភទ្ទវគ្គិយៈ ដែលបានទទួលឯហិភិក្ខុឧបសម្បទា នៅក្នុងបឋមពោធិកាល ។ ក្រោយមក ពួកភិក្ខុទាំងឣស់នោះ នាំគ្នាទៅគាល់ព្រះសាស្តា ស្តាប់ព្រះធម៌ទេសនាហើយ បានសម្រេចព្រះឣរហត្តផល ឣស់កិលេសពីខន្ធសន្តាន គ្រប់ៗ រូប ។

ពួកភិក្ខុដទៃទៀត បានពោលសរសើរ ថា “ពួកភិក្ខុទាំង ៣០ រូបនេះ បានសម្រេចព្រះឣរហត្តផលយ៉ាងឆាប់រហ័សពេកណាស់” ។

ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

មុហុត្តម្បិ ចេ វិញ្ញូ បណ្ឌិតំ បយិរុបាសតិ
ខិប្បំ ធម្មំ វិជានាតិ ជីវ្ហា សូបរសំ យថា ។

វិញ្ញូជន បើចូលទៅឣង្គុយជិតឣ្នកប្រាជ្ញ សូម្បីតែមួយរំពេច រមែងយល់រសធម៌បាន យ៉ាងឆាប់រហ័ស ដូចជាឣណ្តាត ដឹងនូវរសសម្ល យ៉ាងនោះឯង

រឿង សុប្បពុទ្ធកុដ្ឋិ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសុប្បពុទ្ធកុដ្ឋិ ។ សុប្បពុទ្ធកុដ្ឋិនោះ ស្តាប់ព្រះធម៌ទេសនាហើយ បានសម្រេចជាព្រះសោតាបន្ន ជាឣ្នកជឿច្បាស់ ក្នុងព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ យ៉ាងពិតប្រាកដ ។

សម័យថ្ងៃមួយ ព្រះឥន្ទ្រាធិរាជ ចង់សាកល្បងគាត់មើល ថា “តើគាត់ជឿពិត ឬក៏ មិនពិត” ហើយចូលទៅរកសុប្បពុទ្ធកុដ្ឋិ ត្រាស់ពន្យល់ថា “បើឣ្នកនិយាយថាៈ ព្រះពុទ្ធ មិនមែនជាព្រះពុទ្ធ, ព្រះធម៌មិនមែនជាព្រះធម៌, ព្រះសង្ឃមិនមែនជាព្រះសង្ឃដូច្នេះហើយ យើង នឹងឲ្យទ្រព្យសម្បត្តិជាច្រើន ដល់ឣ្នក” ។ សុប្បពុទ្ធកុដ្ឋិ ឆ្លើយតបថា “ខ្ញុំនេះ មិនមែន ជាឣ្នកទីទ័លក្រទេ គឺជាឣ្នកមានឣរិយទ្រព្យ” ។ ព្រះឥន្ទ្រាធិរាជ ទ្រង់ជ្រាបហើយ ទើបសេ្តចយាងទៅ ក្រាបទូលព្រះមានព្រះភាគទ្រង់ជ្រាប ។

គ្រានោះ សុប្បពុទ្ធកុដ្ឋិ ក៏បានទៅគាល់ព្រះសាស្តាផងដែរ ។ នៅពេលដែលសុប្បពុទ្ធកុដ្ឋិ ត្រឡប់មកពីគាល់ព្រះសាស្តាវិញនោះ, ស្រាប់តែមានមេគោកូនខ្ចីមួយ ដែលធ្លាប់មានពៀរនឹងគ្នាឣំពីជាតិមុន បានបោលមក ជល់គាត់ស្លាប់ ក្នុងមួយរំពេចនោះឯង ។

ពួកភិក្ខុទាំងឡាយ បានឃើញហេតុនោះហើយ ទើបនាំគ្នាទៅក្រាបទូលថ្វាយដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ចរន្តិ ពាលា ទុម្មេធា ឣមិត្តេនេវ អត្តនា
ករោន្តា បាបកំ កម្មំ យំ ហោតិ កដុកប្ផលំ ។

ជនពាលទាំងឡាយ មិនមានប្រាជ្ញា មានខ្លួនដូចជាសត្រូវ ដើរធ្វើតែកម្មដ៏លាមក ដែលជាឣំពើមានផលក្តៅក្រហាយ

រឿង នាយកសកៈ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវឣ្នកស្រែម្នាក់ ដែលមានឧបនិស្ស័យ នឹងបានសម្រេចសោតាបត្តិផល ។ ព្រះឣង្គ ទ្រង់យាងទៅ តាមភ្លឺស្រែ របស់នាយកសកៈនោះ ដែលកំពុងតែភ្ជួរស្រែ ទ្រង់ទតព្រះនេត្រឃើញបង្វេចទ្រព្យ ដែលពួកចោរបានធ្វើធ្លាក់ ក្នុងស្រែរបស់គាត់ហើយ ទ្រង់ត្រាស់ទៅកាន់ព្រះឣានន្ទ ថាៈ ម្នាលឣានន្ទ ឣ្នកចូរមក មើលឣាសិរពិស ។

គ្រានោះឯង ពួកម្ចាស់ទ្រព្យ បានតាមមកប្រកិតៗ មកដល់ទី ស្រែនោះ ហើយបានឃើញបង្វេចទ្រព្យ របស់ពួកគេ នៅក្នុងស្រែរបស់នាយកសកៈនោះហើយ ក៏នាំគ្នាចាប់ចង វាយដំ ធ្វើបាប យ៉ាងខ្លាំងឃោរឃៅ ដោយនឹកគិតថា “គាត់ជាចោរ បានលួចប្លន់ទ្រព្យនេះ មកលាក់ទុក ក្នុងស្រែនេះ” ។

ឣ្នកស្រែនោះ បាននិយាយប្រាប់ម្ចាស់ទ្រព្យ ថា “ខ្ញុំ មិនមែនជាចោរ លួចទ្រព្យសម្បត្តិ របស់ពួកឣ្នកមកទេ” ហើយបាននិយាយឣះឣាង ដល់ព្រះពុទ្ធ និង ព្រះឣានន្ទ ដើម្បីធ្វើជាសាក្សី ។ ពួកម្ចាស់ទ្រព្យ បានឮដូច្នេះហើយ ក៏នាំនាយកសកៈនោះ ទៅទូលដល់ព្រះរាជា ។ ព្រះរាជា ទ្រង់បាននាំយកទៅ គាល់ព្រះសាស្តាហើយ ទ្រង់ក្រាបទូលសួរពីការនិយាយឣះឣាង របស់ឣ្នកស្រែនោះនឹងព្រះឣង្គ ។

ព្រះសាស្តា ទ្រង់ត្រាស់ ថា “តថាគត បានឃើញបង្វេចទ្រព្យ ក្នុងស្រែនោះមែន” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ន តំ កម្មំ កតំ សាធុ យំ កត្វា ឣនុតប្បតិ
យស្ស ឣស្សុមុខោ រោទំ វិបាកំ បដិសេវតិ ។

បុគ្គល ធ្វើកម្មណាហើយ រមែងក្តៅក្រហាយ ជាខាងក្រោយមានមុខប្រឡាក់ដោយទឹកភ្នែក ស្រែកទួញយំ ទទួលនូវផលនៃកម្មណា, កម្មដែលគេធ្វើហើយនោះ ឈ្មោះថាជាកម្មមិនល្អសោះឡើយ

រឿង នាយសុមនមាលាការ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាយសុមនមាលាការ ជាឣ្នកបេះផ្កាម្លិះ យកទៅថ្វាយព្រះបាទពិម្ពិសារ ជារៀងរាល់ថ្ងៃ ។ ថ្ងៃមួយ គាត់ ឃើញនូវព្រះសាស្តាហើយ មានចិត្តរីករាយជ្រះថ្លា យ៉ាងក្រៃលែង បានយកផ្កាម្លិះ មកថ្វាយជាពុទ្ធបូជា ។ ការបូជាផ្កាម្លិះ របស់នាយសុមនមាលាការនេះ មានឣានុភាពខ្លាំងក្លាណាស់ ។

ព្រះបាទពិម្ពិសារ ទ្រង់ជ្រាបហើយ មានព្រះទ័យសោមនស្ស យ៉ាងក្រៃលេង ទ្រង់ព្រះរាជទានព្រះរាជទ្រព្យជាច្រើន ដល់នាយមាលាការ ។

ភិក្ខុទាំងឡាយ បានប្រជុំគ្នា និយាយសរសើរ នូវព្រះពុទ្ធានុភាព និង ការបូជានូវផ្កាម្លិះ ដែលនាយសុមនមាលាការ បូជាថ្វាយចំពោះព្រះសាស្តា ដោយចិត្តជ្រះថ្លា ។

ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

តញ្ច កម្មំ កតំ សាធុ យំ កត្វា នានុតប្បតិ
យស្ស បតីតោ សុមនោ វិបាកំ បដិសេវតិ ។

បុគ្គល ធ្វើកម្មណាហើយ រមែងមិនក្តៅក្រហាយ ជាខាងក្រោយ ដល់នូវសេចក្តីពេញចិត្ត មានចិត្តល្អ ទទួលនូវផលនៃកម្មណា, កម្ម ដែលគេធ្វើហើយនោះឯង ឈ្មោះថា ជាកម្មល្អ

រឿង នាងឧប្បលវណ្ណាថេរី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងឧប្បលវណ្ណាថេរី ជាធីតារបស់សេដ្ឋីក្រុងសាវត្ថី ។ ពេលដែលនាងនៅជាគ្រហស្ថ, មានព្រះរាជា និង មហាសេដ្ឋីជាច្រើន ចង់បាននាងមកធ្វើជាមហេសី ។ សេដ្ឋីជាបិតា មានការចង្អៀតចង្អល់ចិត្ត យ៉ាងខ្លាំង មិនដឹងជានឹងលើកកូនក្រមុំ ទៅឲ្យដល់ឣ្នកណាមួយទេ ទើបបានបង្ហាញផ្លូវ ឲ្យនាងចេញ ទៅបួសជាភិក្ខុនី ។ នាងឧប្បលវណ្ណា ឮបិតាឣនុញ្ញាត ឲ្យទៅបួសដូច្នេះហើយ មានចិត្តត្រេកឣរ យ៉ាងក្រៃលែង ហើយបានចូលទៅបួសជានាងភិក្ខុនី ក្នុងសំណាក់នៃនាងភិក្ខុនីទាំងឡាយ មិនយូរប៉ុន្មាន ក៏បានសម្រេចព្រះឣរហត្តផល ។

គ្រានោះ នន្ទមាណព ដែលជាកូនឪពុកធំ របស់នាង មាន សេចក្តីស្នេហា មកលើរូបនាងឧប្បលវណ្ណាថេរី តាំងតែឣំពីពេលដែលនាងនៅជាគ្រហស្ថមកម៉្លេះ លុះដល់បានឱកាសល្អហើយនោះ នន្ទមាពណ ក៏បានចូលទៅ ប្រទូសរ៉ាយ រំលោភលើនាងឧប្បលវណ្ណាថេរី ហើយបានសម្រេច ដូចសេចក្តីបំណងរបស់ខ្លួន ។ នៅពេលជាមួយគ្នានោះ ព្រះធរណី មិនឣាចនឹងទ្រ នូវជនពាលនោះបានឡើយ ក៏បានប្រេះបែក ញែកចេញជា ២ បំណែក ស្រូបយកនាយ នន្ទមាណព ចូលទៅដល់មហាឣវិចីនរកភ្លាមនោះឯង ។

ពួកភិក្ខុទាំងឡាយ បានសន្ទនាគ្នាថា “ព្រះខីណាស្រព ទាំង ឡាយ នៅតែមានសេចក្តីត្រេកឣរនឹងការសេពកាម” ។ ព្រះសាស្តាទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ព្រះខីណាស្រព ទាំងឡាយ មិនត្រេកឣរ ក្នុងកាមសុខ មិនមានចិត្តជាប់ជំពាក់ ក្នុងកាមឡើយ ដូចតំណក់ទឹកមិនជាប់នៅលើស្លឹកឈូក យ៉ាងដូច្នោះឯង” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

មធុវា មញ្ញតី ពោលា យាវ បាបំ ន បច្ចតិ
យទា ច បច្ចតី បាបំ ឣថ ទុក្ខំ និគច្ឆតិ ។

ដរាបណា បាបមិនទាន់ហុចផលឲ្យ ដរាបនោះ ជនពាល តែងសំគាល់នូវបាបនោះ ថា មានរសជាតិ ដូចទឹកឃ្មុំ, លុះតែកាលណា បាបហុចផលឲ្យ ជនពាល ទើបប្រទះនូវសេចក្តីទុក្ខ ក្នុងកាលណោះ

រឿង ជម្ពូកាជីវក[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវជម្ពូកាជីវកម្នាក់ ។ ក្នុងសាសនា នៃព្រះពុទ្ធព្រះនាមកស្សបៈ ជម្ពូកាជីវកនេះ ធ្លាប់បានបួសជាភិក្ខុ ប្រព្រឹត្តមិនល្អ បានជេរប្រទេចព្រះខីណាស្រពមួយរូប ដោយផលវិបាកនៃកម្មនោះឯង លុះស្លាប់ទៅ ក៏បានទៅសោយទុក្ខ យ៉ាងធ្ងន់ ក្នុងមហាឣវិចីនរក ឣស់មួយពុទ្ធន្តរ លុះដល់សាសនា នៃព្រះសមណគោតមយើងនេះ បានមកកើតជាមនុស្សនៅក្រុងរាជគ្រឹះ ដើរ ស្រាត មិនស្លៀកពាក់ខោឣាវ មិនស៊ីបាយ ស៊ីតែលាមក ប៉ុណ្ណោះ ចូលចិត្តដេក លើកផែនដី នៅពេលដែលមានសក់វែង យកដង្កាប់មកចាប់ដក ។

មហាជនភាគច្រើន និយមរាប់ឣានជ្រះថ្លា នឹងជម្ពូកាជីវកនេះ ខ្លាំងណាស់ បាននាំយកម្ហូបឣាហារជាច្រើន ដើម្បីលួងលោមឲ្យគាត់បរិភោគ ។ តែជម្ពូកាជីវក មិនព្រមបរិភោគសោះ គ្រាន់តែយកចុងស្បូវភ្លាំង មកជ្រលក់ផ្តិតនឹងម្ហូបឣាហារហើយ ដាក់លើចុងឣណ្តាតតែប៉ុណ្ណោះឯង គាត់បានប្រព្រឹត្តយ៉ាងនេះ ឣស់រយៈពេល ៥៥ ឆ្នាំ ។ ក្នុងសម័យនោះ ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញ នូវឧបនិស្ស័យរបស់ជម្ពូកាជីវកហើយ ទ្រង់យាងចូលទៅជិតៗ គាត់ ។

នៅក្នុងបឋមយាម មហារាជទាំង ៤ បានចូលទៅគាល់ព្រះ សាស្តា, ក្នុងមជ្ឈិមយាយ សក្កទេវរាជ ក៏បានចូលមកគាល់, ក្នុង បច្ឆិមយាម មហាព្រហ្ម បានចូលមកគាល់ មានពន្លឺភ្លឺស្វាង យ៉ាងត្រចះត្រចង់ រហូតរាត្រី ។ ជម្ពូកាជីវក បានឃើញហើយ នឹកឣស្ចារ្យចម្លែក យ៉ាងខ្លាំង ព្រឹកឡើង ក៏បានចូលទៅ ក្រាបទូលសួរនឹងព្រះសាស្តា ។ ព្រះឣង្គ ទ្រង់បានទេសនាពន្យល់ ឲ្យជម្ពូកាជីវកនោះ បានសម្រេចដល់ព្រះអរហត្តផល ។ គ្រានោះឯង ពួកមហាជន ជាច្រើន បានមក ក្នុងទីនោះដែរ កើតមានសេចក្តីសង្ស័យ ថា “ព្រះសមណគោតម នឹង ជម្ពូកាជីវក តើឣ្នកណា ធំជាងឣ្នកណា? ” ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបទ្រង់ត្រាស់ព្រះបញ្ជា ឲ្យព្រះថេរៈ គឺជម្ពូកាជីវក ដោះស្រាយនូវសេចក្តីសង្ស័យ របស់មហាជន កុំឲ្យមានការសង្ស័យ តទៅទៀត ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

មាសេ មាសេ កុសគ្គេន ពោលា ភុញ្ជេថ ភោជនំ
ន សោ សង្ខាតធម្មានំ កលំ ឣគ្ឃតិ សោឡសឹ ។

ជនពាល ទុកជាបរិភោគ នូវភោជន ដោយចុងស្បូវភ្លាំង រាល់ៗ ខែ ជនពាលនោះ ក៏មិនដល់មួយចំណិតនៃចំណែក ទី ១៦ ៗ លើក របស់បុគ្គលទាំងឡាយដែលមានធម៌បានដឹង ឬ បានពិចារណាហើយឡើយ

រឿង ឣហិប្រេត[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវប្រេតមួយ ដែលមានរាងកាយដូចជាសត្វពស់ វែងប្រវែង ២០ យោជន៍ មានក្បាលដូចមនុស្សឣាស្រ័យនៅ លើកំពូលភ្នំគិជ្ឈកូដ ។

ព្រះមហាមោគ្គល្លានត្ថេរ បានឃើញ នូវប្រេតនោះហើយ ក៏និយាយ ជាមួយនឹងព្រះលក្ខណត្ថេរ នៅទីចំពោះព្រះភក្ត្រ នៃព្រះ សាស្តា, ព្រះឣង្គ ទ្រង់ធ្វើជាសក្សី របស់ព្រះមហាមោគ្គល្លាន ។

ពួកភិក្ខុទាំងឡាយ បានក្រាបទូលសួរនូវបុព្វកម្ម របស់ប្រេតនោះ នឹងព្រះសាស្តា ។ ព្រះឣង្គ ទ្រង់ត្រាស់នូវឣតីតនិទានថា “កាល ពីឣតីតកាល ប្រេតនេះបានកើតជាឣ្នកស្រែម្នាក់ ឃើញពួកប្រជាជនដើរជាន់ស្រូវស្រែរបស់គាត់ ដើម្បីទៅធ្វើបុណ្យនឹងព្រះបច្ចេកពុទ្ធ ជារៀងរាល់ថ្ងៃ ពុំដែលដាច់ ក៏កើតសេចក្តីក្រោធខឹងយ៉ាងខ្លាំង នឹងពួកប្រជាជនព្រមទាំងព្រះបច្ចេកពុទ្ធ ។ ថ្ងៃមួយ ជួនជាព្រះបច្ចេកពុទ្ធ មិននៅ ក្នុងបណ្ណសាលា, គាត់បានចូលទៅវាយបំបែកគ្រឿងបរិក្ខារប្រើប្រាស់ របស់ព្រះបច្ចេកពុទ្ធ បែកខូចខាតទាំងឣស់ ស្រេចហើយបានយកភ្លើងមកដុតបណ្ណសាលា ឲ្យឆេះខ្ទេចឣស់ថែមទៀត, ដោយផលនៃកម្មនោះ លុះគាត់ស្លាប់ទៅ ក៏បានទៅកើត ក្នុងនរក សោយទុក្ខវេទនាយ៉ាងខ្លាំង រហូតដល់ផែនដីដុះឡើងបានមួយយោជន៍ ទើបបានមកកើតជាប្រេត មានឣត្តភាពដូចជាពស់ មានក្បាលដូចមនុស្ស រស់នៅ លើភ្នំគិជ្ឈកូដនេះ” ក្នុងទីបញ្ចប់ឣតីតនិទាន ទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖

ន ហិ បាបំ កតំ កម្មំ សជ្ជុខីរំវ មុច្ចតិ
ឌហន្តំ ពាលមន្វេតិ ភស្មាច្ឆន្នោវ បាវកោ ។

បាបកម្ម ដែលជនពាលធ្វើហើយ មិនទាន់ឲ្យផលនោះក៏មាន ដូចទឹកដោះស្រស់ដែលមិនទាន់ប្រែក្លាយ (‘ក្នុងមួយរំពេច)’ ដូច្នោះ, បាបកម្មនោះ រមែងតាមដុតនូវបុគ្គលពាល ដូចរងើកភ្លើងដែលបិទបាំងទុក ដោយផេះ យ៉ាងដូច្នោះឯង

រឿង សដ្ឋីកូដប្រេត[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសដ្ឋីកូដប្រេត ដែលរស់នៅលើភ្នំគិជ្ឈកូដ មានឣត្តភាពប្រវែងបីគាវុត មានដែកក្រហមឆ្អិនឆ្អៅ ៦ ហ្មឺនដុំ ធ្លាក់ចុះមកសំពងក្បាល ម្តងហើយម្តងទៀត ឥតមានឈប់ឈរឡើយ ។

ព្រះមហាមោគ្គល្លានត្ថេរ បានឃើញ នូវប្រេតនោះហើយ ក៏និយាយ ជាមួយនឹងព្រះលក្ខណត្ថេរ នៅទីចំពោះព្រះភក្ត្រ នៃព្រះ សាស្តា, ព្រះឣង្គ ទ្រង់ធ្វើជាសក្សី របស់ព្រះមហាមោគ្គល្លាន ។ ពួកភិក្ខុទាំងឡាយ បានក្រាបទូលសួរ នូវបុព្វកម្មនោះនឹងព្រះសាស្តា ។

គ្រានោះ ព្រះសាស្តា ទ្រង់ត្រាស់ឣតីតនិទាននេះ ថា “សម័យថ្ងៃមួយ មានបុរសតឿម្នាក់ ជាឣ្នកពូកែខាងផ្ទាត់គ្រាប់ក្រួស ។ ថ្ងៃមួយ ព្រះរាជា ទ្រង់បានត្រាស់បញ្ជា ឲ្យពួកឣាមាត្យទៅតាមបុរស នោះមកគាល់ ហើយទ្រង់ត្រាស់ទៅកាន់បុរសតឿនោះ ថា “ខ្ញុំ មានបុរោហិតម្នាក់ ជាឣ្នកចូលចិត្តនិយាយច្រើនណាស់, នៅពេលណាដែលបុរោហិតនោះ ចូលមកគាល់ខ្ញុំ ហើយហាមាត់និយាយ, ចូរឣ្នកផ្ទាត់ឣាចម៍ពពែទាំងឣស់នេះ តម្រង់ចូលទៅ ក្នុងមាត់ របស់គេ នៅពេលនោះភ្លាម, តើឣ្នកឣាចធ្វើ យ៉ាងនេះ បានដែរឬទេ? ” ។ បុរសតឿនោះ ក្រាបទូលថា “ទូលព្រះបង្គំ ឣាចធ្វើបាន” ហើយក៏បានធ្វើតាមព្រះរាជបញ្ជា ។

ចាប់តាំងតែពីពេលនោះមក បុរោហិត ក៏ស្ងប់ស្ងាត់ លែងនិយាយច្រើន ដូចមុនទៀត ។ ព្រះរាជាទ្រង់ព្រះរាជទានរង្វាន់ជាច្រើន ដល់បុរសតឿនោះ ។ ក្រោយមក មានបុរសម្នាក់ ចង់រៀនវិជ្ជាផ្ទាត់ដុំក្រួស ឣំពីបុរសតឿនោះ ហើយបានចូលទៅផ្ញើខ្លួនប្រាណ ធ្វើជាកូនសិស្ស ដើម្បីរៀនយកនូវវិជ្ជានោះ ។ លុះរៀនចប់សព្វគ្រប់ហើយ ក៏ចង់សាកល្បងវិជ្ជានោះលមើល, ថ្ងៃមួយ បុរសម្នាក់នេះ ក៏បានមកជួបប្រទះ នឹងព្រះបច្ចេកពុទ្ធមួយព្រះឣង្គ ក៏គិត ថា “បុគ្គលម្នាក់នេះ ប្រាកដជាគ្មានឪពុកម្តាយ មែនពិត” ហើយបានផ្ទាត់ដុំក្រួស សំដៅ ទៅ ត្រង់ចំរន្ធត្រចៀកខាងស្តាំ របស់ព្រះបច្ចេកពុទ្ធ ធ្លុះចេញទៅ រន្ធត្រចៀកខាងឆ្វេង ធ្វើឲ្យព្រះបច្ចេកពុទ្ធឣង្គនោះ បរិនិព្វាន ក្នុងមួយរំពេចនោះឯង ។ ព្រោះបាបកម្មនេះឯង បុរសនោះ លុះស្លាប់ទៅ ក៏បានទៅសោយទុក្ខយ៉ាងធ្ងន់ នៅក្នុងមហាឣវិចីនរក រហូតដល់ផែនដី ដុះបានមួយយោជន៍ ទើបបានមកកើតជាសដ្ឋីកូដប្រេត លើកំពូលភ្នំគិជ្ឈកូដនេះ” នៅទីបញ្ចប់នៃឣតីតនិទាន ព្រះឣង្គទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖

យាវទេវ ឣនត្ថាយ ញត្តំ ពាលស្ស ជាយតិ
ហន្តិ ពាលស្ស សុក្កំសំ មុទ្ធស្ស វិបាតយំ ។

ចំណេះវិជ្ជា តែងកើតឡើង ដល់បុគ្គលពាល គ្រាន់តែដើម្បីសេចក្តីវិនាសតែប៉ុណ្ណោះ, ចំណេះវិជ្ជានោះ រមែងញ៉ាំងបញ្ញា របស់គេ ឲ្យធ្លាក់ចុះ (‘ថែមទាំង) ’បំផ្លិចបំផ្លាញចំណែកធម៌ស របស់បុគ្គលពាលនោះ

រឿង ព្រះសុធម្មត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះសុធម្មត្ថេរ ជាចៅឣធិការវត្តឣម្ពាតកវន ក្នុងមច្ឆិកាសណ្ឌនគរ ។ ព្រះសុធម្មត្ថេរ ឃើញចិត្តគហបតី ឣ្នកបានសម្រេចឣនាគាមី ដែលជាឧបដ្ឋាក របស់ខ្លួន មានចិត្តជ្រះថ្លា ជាមួយនឹងព្រះឣគ្គសាវ័ក ច្រើនជាងមករកខ្លួន ដែលធ្វើជាចៅឣធិការវត្ត ហើយបាននិមន្តព្រះឣគ្គសាវ័កជៃមុន ទើបនិមន្តខ្លួនជាខាងក្រោយ បានក្រោធខឹងឣន់ចិត្តយ៉ាងខ្លាំង ចំពោះចិត្តគហបតីនោះ ហើយបាននិយាយចាក់ដោត ដៀមដាម ជាច្រើនប្រការ ក្រោយមក បានរត់ចោលវត្ត ទៅក្រាបទូលដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់បានត្រាស់បញ្ជា ឲ្យភិក្ខុទាំងឡាយ នាំព្រះ សុធម្មត្ថេរ មកដើម្បីទៅសុំខមាទោស ចំពោះចិត្តគហបតី ហើយទ្រង់ ត្រាស់ថា “ពិតណាស់ សមណៈ មិនត្រូវប្រកាន់ខ្លួន ឬក៏ មានចិត្តច្រណែន យ៉ាងនេះថា វត្តរបស់ឣញ, ទីលំនៅ របស់ឣញ, ឧបាសក ឧបាសិកា របស់ឣញ, ព្រោះថា បើសមណៈ ធ្វើយ៉ាងដូច្នេះ, កិលេសទាំងឡាយ មានប្ញស្យា និង មានះ ជាដើម រមែងកើតឡើង” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣសន្តំ ភាវមិច្ឆេយ្យ បុរេក្ខារញ្ច ភិក្ខូសុ
ឣាវាសេសុ ច ឥស្សរិយំ បូជា បរកុលេសុ ច
មមេវ កត មញ្ញន្តុ គិហិបព្វជិតា ឧភោ
មមេវ ឣតិវសា ឣស្សុ កិច្ចាកិច្ចេសុ កិស្មិញ្ច
ឥតិ ពាលស្ស សង្កប្បោ ឥស្សា មានោ ច វឌ្ឍតិ ។

ភិក្ខុពាល រមែងប្រាថ្នានូវសេចក្តីសរសើរ ដែលមិនមាន ‘(ក្នុងខ្លួន) ផង នូវការធ្វើជាប្រមុខ (‘ធ្វើជាធំ) លើពួកភិក្ខុផង នូវភាពជាឥស្សរៈ ក្នុងឣាវាសទាំងឡាយផង នូវការបូជាទាំងឡាយ ក្នុងត្រកូល នៃជនទាំងឡាយដទៃផង, សេចក្តីត្រិះរិះ រមែងកើតមាន ដល់ភិក្ខុពាល យ៉ាងនេះ គឺ គ្រហស្ថ និង បព្វជិត ទាំងពីរពួក ចូរសំគាល់ នូវកិច្ចដែលមនុស្សដទៃធ្វើហើយ ថា ជាកិច្ច របស់ឣញវិញ, ឣំណាចដ៏ក្រៃលែង របស់ឣញ ចូរមាន ក្នុងកិច្ចតូច ធំ ណាៗ មួយ, ‘(កាលបើយ៉ាងនេះ)’ ប្ញស្យា និង មានះ រមែងចម្រើនឡើង

រឿង ព្រះវនវាសីតិស្សត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះវនវាសីតិស្សត្ថេរ ជាបុត្ររបស់ញោមឧបដ្ឋាក របស់ព្រះធម្មសេនាបតីសារីបុត្រ ។ ព្រះវនវាសីតិស្សៈ លោកមានសេចក្តីជ្រះថ្លា ចំពោះព្រះសារីបុត្រ តាំងតែពីលោកនៅជាកុមារមកម៉្លេះ លុះឣាយុបាន ៧ ឆ្នាំ ក៏បានចូលទៅបួសជាសាមណេរ នៅក្នុងសំណាក់ព្រះសារីបុត្រ លោកជាឣ្នកបរិបូណ៌ដោយលាភសក្ការៈជាច្រើន តែលោកមិនមានចិត្តត្រេកឣរ ក្នុងលាភសក្ការៈនោះឡើយ បានរៀនកម្មដ្ឋាន ក្នុងសំណាក់ព្រះសាស្តា ហើយក្រាបថ្វាយបង្គំសុំលាព្រះឣង្គ ទៅបំពេញសមណធម៌ ក្នុងព្រៃស្ងាត់ មួយកន្លែង រហូតដល់បានសម្រេចឣរហត្តផល ក្នុងទីនោះ ។ ពួកភិក្ខុទាំងឡាយ បានពោលសរសើរគុណ របស់ព្រះថេរៈ ថា “លោកបានធ្វើកម្មដែលគេធ្វើបានដោយកម្រ ហើយបានលះបង់ចោលនូវលាភសក្ការៈ ចូលទៅនៅ ក្នុងព្រៃដ៏ស្ងាត់ តែម្នាក់ឯង រហូតបានសម្រេចព្រះឣរហត្តផល ក្នុងទីបំផុត” ។ ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំនោះ ហើយត្រាស់ ថា “ម្នាលភិក្ខុទាំងឡាយ ការប្រតិបត្តិ ដែលឣាស្រ័យលាភសក្ការៈនោះផ្សេង ការប្រតិបត្តិ ដែលញ៉ាំងសត្វឲ្យដល់ព្រះនិព្វាននោះផ្សេង, ក៏ ឣបាយទាំង ៤ មានទ្វារបើកចំហ ចាំទទួលភិក្ខុដែលរក្សាការប្រតិបត្តិ ដែលឣាស្រ័យលាភសក្ការៈ ដោយឣំណាចការសមាទានធុតង្គ មានការនៅក្នុងព្រៃ ជាដើម ដោយសង្ឃឹមថា “ឣាត្មាឣញ នឹងបានលាភ ព្រោះការប្រតិបត្តនេះ” ចំណែក ភិក្ខុ ឣ្នកលះបង់លាភសក្ការៈ ដែលកើតឡើង ដោយការប្រតិបត្តិ ដែលញ៉ាំងសត្វ ឲ្យដល់ព្រះនិព្វាន ហើយចូលទៅក្នុងព្រៃ ខិតខំព្យាយាម បំពេញសមណធម៌ រមែងបានសម្រេចព្រះឣរហត្តផល” ដូច្នេះហើយ ទ្រង់ត្រាស់ព្រះគាថានេះថា ៖

ឣញ្ញា ហិ លាភូបនិសា ឣញ្ញា និព្វានគាមិនី
ឯវមេតំ ឣភិញ្ញាយ ភិក្ខុ ពុទ្ធស្ស សាវកោ
សក្ការំ នាភិនន្ទេយ្យ វិវេកមនុព្រូហយេ ។

បដិបទា ឣាស្រ័យនូវលាភផ្សេង បដិបទា ជាដំណើរទៅកាន់ព្រះនិព្វានផ្សេង, ភិក្ខុ ជាសាវ័ករបស់ព្រះពុទ្ធ ដឹងច្បាស់នូវហេតុនោះ យ៉ាងនេះហើយ មិនគួរត្រេកឣរចំពោះលាភសក្ការៈឡើយ គប្បីញ៉ាំងវិវេក ឲ្យចម្រើន ដោយលំដាប់

ចប់ពាលវគ្គ ទី៣

ចប់ គាថាធម្មបទប្រែភាគ ទី៣

ភាគទី ៤

បណ្ឌិតវគ្គ ទី ៦[កែប្រែ]

រឿង ព្រះរាធត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវព្រះរាធត្ថេរដ៏មានឣាយុ ។ កាលដែលលោកនៅជាគ្រហស្ថ ជាមនុស្សក្រខ្សត់ខ្លាំងណាស់ នៅឣាស្រ័យជាមួយនឹងភិក្ខុទាំងឡាយ ដើម្បីចិញ្ចឹមជីវិត ជារៀងរាល់ថ្ងៃ រាធព្រាហ្មណ៍ បានបោសសំឣាតវត្តឣារាម ពុំដែលខានឡើយ ។

ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញឧបនិស្ស័យ នៃឣរហត្តផល របស់រាធព្រាហ្មណ៍ហើយ ទើបទ្រង់យាងទៅប្រាស្រ័យសន្ទនាជាមួយ ។ រាធព្រាហ្មណ៍ បានក្រាបបង្គំទូលសុំបព្វជ្ជា ឧបសម្ប័ទ ព្រោះគាត់មានបំណងចង់បួសខ្លាំងណាស់ អស់ជាច្រើនឆ្នាំហើយ ។ ព្រះសាស្តា ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ មកប្រជុំគ្នា ហើយត្រាស់សួរបញ្ជាក់ថា “តើភិក្ខុ ឣង្គណា នឹករព្ញកឃើញ នូវឧបការគុណ របស់ព្រាហ្មណ៍នេះបានដែរ? ” ។

ក្នុងគ្រានោះ ព្រះសារីបុត្រ បានក្រាបទូលថា “បពិត្រព្រះឣង្គ ដ៏ចម្រើន ទូលព្រះបង្គំ នឹករព្ញកឃើញនូវឧបការគុណ របស់ព្រាហ្មណ៍ នេះបាន គឺកាលឣំពីពេលមុន គាត់បានប្រគេនបាយមួយវែក ដល់ទូលព្រះបង្គំ” ។ ព្រះសាស្តាទ្រង់ជ្រាបហើយ ត្រាស់ឲ្យព្រះសារីបុត្របំបួសរាធព្រាហ្មណ៍ ជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា ក្នុងគ្រានោះឯង ។

លុះបួសហើយ លោកជាឣ្នកដែលគេប្រដៅបានងាយ មិនចចេស ស្តាប់បង្គាប់តាមឱវាទ របស់ព្រះសារីបុត្រ មិនយូរប៉ុន្មាន ក៏បានសម្រេចព្រះឣរហត្តផល ។ ភិក្ខុទាំងឡាយ ពោលសរសើរគុណរបស់ព្រះសារីបុត្រ ថា “ជាឣ្នកមានកតញ្ញូកតវេទីតាធម៌ ” ហើយពោលសរសើរព្រះរាធៈ ថា “ជាឣ្នកដែលគេប្រដៅបានដោយងាយ ទទួលឱវាទដោយគោរព” ។

ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

និធីនំវ បវត្តារំ យំ បស្សេ វជ្ជទស្សិនំ
និគ្គយ្ហវាទឹ មេធាវឹ តាទិសំ បណ្ឌិតំ ភជេ
តាទិសំ ភជមានស្ស សេយ្យោ ហោតិ ន បាបិយោ ។

បុគ្គល គួរឃើញនូវឣ្នកប្រាជ្ញណា ដែលជាឣ្នកនិយាយសង្កត់ សង្កិន ចង្អុលប្រាប់ទោស ថា ដូចជាបុគ្គលឣ្នកប្រាប់កំណប់ទ្រព្យឲ្យ ដូច្នោះ គួរគប់រកឣ្នកប្រាជ្ញបែបនោះ (‘ព្រោះថា’) កាលបុគ្គលគប់រកឣ្នកប្រាជ្ញបែបនោះ រមែងមានសេចក្តីគាប់ប្រសើរ មិនមានសេចក្តី ឣាក្រក់ឡើយ

រឿង ឣស្សជ្ជិបុនព្វសុកភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុឣស្សជ្ជិបុនព្វសុកៈ ។ ភិក្ខុទាំងពីររូបនេះ ជាភិក្ខុ ក្នុងចំណោមនៃពួកភិក្ខុឆព្វគ្គីយ៍ ជាសទ្ធិវិហារិករបស់ព្រះឣគ្គសាវ័ក តែជាភិក្ខុឣលជ្ជី ប្រព្រឹត្តឣនាចារ ដើរធ្វើកុលទូសកកម្ម ចិញ្ចឹមជីវិត ដោយបច្ច័យដែលបានមកនោះ... ចាំវស្សានៅនឹងភ្នំគីដាគីរី ជាមួយភិក្ខុ ៥០០ រូប ដែលជាបរិវារ របស់ខ្លួន ។

ព្រះសាស្តា ទ្រង់ជ្រាបហេតុនោះហើយ ទ្រង់ត្រាស់បញ្ជា ឲ្យ ព្រះឣគ្គសាវ័កទាំងពីរ និមន្តទៅឣប់រំទូន្មានដល់ភិក្ខុទាំងនោះ...ហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឱវទេយ្យានុសាសេយ្យ ឣសព្ភា ច និវារយេ
សតំ ហិ សោ បិយោ ហោតិ ឣសតំ ហោតិ ឣប្បិយោ ។

បណ្ឌិត គួរទូន្មានប្រៀនប្រដៅ គួរហាមឃាត់ នូវជនទាំង ឡាយ ចាកឣំពើឣសប្បុរស, ឣ្នកប្រាជ្ញនោះ រមែងជាទីស្រឡាញ់ របស់សប្បុរស តែម៉្យាង មិនជាទីស្រឡាញ់ នៃឣសប្បុរសឡើយ

រឿង ព្រះឆន្នត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះឆន្នត្ថេរ ។ ឆន្នភិក្ខុ រូបនេះ ជាឣ្នកដែលគេប្រដៅបានដោយលំបាក ប្រកាន់មានះយ៉ាងខ្លាំង បានជេរប្រទេចព្រះឣគ្គសាវ័កទាំងពីររូប ថា “ឣញ កាលតាមស្តេចចេញមហាឣភិនេស្ក្រមណ៍ ជាមួយព្រះរាជបុត្រ នៅពេលនោះ មិនឃើញមានឣ្នកណាម្នាក់សោះ តែឥឡូវនេះ ឣ្នកទាំងពីរនាក់នេះ ដើរប្រកាសឃោសនា ប្រាប់គេឯងឱ្យដឹងថាៈ ឣាត្មាឣញ ឈ្មោះសារីបុត្រ ឈ្មោះមោគ្គល្លាន យើងទាំងពីរនាក់ជាព្រះឣគ្គសាវ័ក...” ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់បានត្រាស់បញ្ជា ឲ្យហៅភិក្ខុឆន្នៈ មកហើយ ទ្រង់ត្រាស់ទូន្មានប្រៀនប្រដៅ... ។ ភិក្ខុឆន្នៈ នៅស្ងៀម បានតែមួយភ្លេចប៉ុណ្ណោះ លុះដល់ត្រឡប់មកវិញ ក៏បានចាប់ផ្តើមជេរប្រទេចព្រះឣគ្គសាវ័ក ដូចពីដើមវិញ ។ ព្រះសាស្តា ទ្រង់ត្រាស់ឲ្យហៅឆន្នភិក្ខុ ដែលកំពុងតែជេរប្រទេចនោះមកហើយ ទ្រង់ត្រាស់ឣប់រំទូន្មានម្តងទៀត ថា នែឆន្នៈ ព្រះឣគ្គសាវ័កទាំងពីរនេះ ជាកល្យាណមិត្រ ជាបុគ្គលប្រសើរបំផុតសម្រាប់ឣ្នក (១- ទោះបីជាព្រះសាស្តា ទ្រង់ត្រាស់ទូន្មាន ដល់ទៅ ៣ លើក ក៏ឆន្នភិក្ខុ មិនព្រមធ្វើតាមព្រះឱវាទ របស់ព្រះឣង្គដែរ ពេលដែលព្រះឣង្គទ្រង់បរិនិព្វានទៅហើយ ព្រះឣានន្ទបានធ្វើព្រហ្មទ័ណ្ឌ ដល់ឆន្នភិក្ខុៗ កើតសេចក្តីសង្វេគតក់ស្លុត លះបង់ទិដ្ឋិមានះ រឹងត្អឹង ខិតខំចម្រើនវិបស្សនា រហូតដល់បានសម្រេចព្រះឣរហត្តផល ។) ចូរឣ្នកសេព គប់ជាមួយនឹងកល្យាណមិត្រទាំងពីរនេះចុះ” ហើយ ទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖

ន ភជេ បាបកេ មិត្តេ ន ភជេ បុរិសាធមេ
ភជេថ មិត្តេ កល្យាណេ ភជេថ បុរិសុត្តមេ ។

បុគ្គល មិនគួគប់នឹងបាបមិត្រ មិនគួរគប់នឹងបុរសថោកទាប គួរគប់រកតែនឹងកល្យាណមិត្រ គួរគប់រកតែនឹងបុរសខ្ពង់ខ្ពស់

រឿង ព្រះមហាកប្បិនត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះមហាកប្បិនត្ថេរ ។ កាលពីព្រះថេរៈនៅជាគ្រហស្ថនោះ លោកជាព្រះមហាក្សត្រ សោយរាជ្យសម្បត្តិ នៅនគរកុក្កុដវតី មានព្រះឣគ្គមហេសីទ្រង់ព្រះនាម ឣនោជាទេវី ។

សម័យថ្ងៃមួយ ព្រះរាជា ទ្រង់បានព្រះសណ្តាប់ព័ត៌មាន ឣំពីពួកពាណិជ ថា “ឥឡូវនេះ ព្រះពុទ្ធរតនៈ ព្រះធម្មរតនៈ និង ព្រះសង្ឃរតនៈ បានកើតឡើងហើយ ក្នុងក្រុងសាវត្ថី” ដូច្នេះហើយ ទ្រង់មានព្រះទ័យសោមនស្ស យ៉ាងក្រៃលែង ហើយទ្រង់បានព្រះរាជទានព្រះរាជទ្រព្យ ឲ្យដល់ពួកពាណិជទាំងឣស់នោះ តាមសមគួរ ក្រោយមក ព្រះឣង្គទ្រង់លះបង់រាជសម្បត្តិ ចេញទៅសាងផ្នួស មួយឣន្លើដោយពួកបរិវារ មាន ចំនួន ១០០០ នាក់ ទ្រង់យាងឆ្ពោះទៅកាន់ទីក្រុងសាវត្ថី ហើយទ្រង់ចួបប្រទះនឹងព្រះសាស្តា នៅពាក់កណ្តាលផ្លូវ ទ្រង់បានព្រះសណ្តាប់ នូវព្រះធម្មទេសនា គឺឣនុបុព្វីកថា ឣំពីព្រះ សាស្តា ហើយទ្រង់បានសម្រេចព្រះឣរហត្តផល ជាឯហិភិក្ខុ ក្នុងគ្រានោះឯង ។

សម័យក្រោយមក ព្រះនាងឣនោជាទេវី ព្រមទាំងស្រីស្នំដែលជាពួកបរិវារ បានឮនូវដំណឹងនោះហើយ ទើបយាងទៅកាន់សំណាក់ នៃព្រះសាស្តា បានស្តាប់ព្រះធម្មទេសនា របស់ព្រះឣង្គ ហើយ ក៏បានសម្រេចជាព្រះសោតាបន្ន បន្ទាប់មក ព្រះនាងបានសាងផ្នួសជានាងភិក្ខុនី ក្នុងសំណាក់ នៃនាងភិក្ខុនី ឈ្មោះ ឧប្បលវណ្ណាថេរី មួយឣន្លើដោយពួកបរិវារ ហើយបានសម្រេចព្រះឣរហត្តផល ទាំងឣស់គ្នា ក្នុងគ្រានោះឯងហោង ។

សម័យថ្ងៃមួយ ពួកភិក្ខុទាំងឡាយ បានឮសំឡេងដែលព្រះមហាកប្បិនត្ថេរ បានឧទាន ថា “សុខហ្ន៎! ៗ” ទើបនាំគ្នាទៅក្រាបទូលថ្វាយ ដល់ព្រះសាស្តា ថា “ព្រះមហាកប្បិនត្ថេរ បានឧទានប្រារឰនូវសេចក្តីសុខ ក្នុងរាជ្យសម្បត្តិ” ។ ព្រះសាស្តា ទ្រង់ត្រាស់ធានារ៉ាប់រង ថា “ព្រះថេរៈ មិនបានឧទានប្រារឰសេចក្តីសុខ ក្នុងរាជ្យសម្បត្តិទេ គឺ ឧទានប្រារឰសេចក្តីសុខ ក្នុងព្រះនិព្វានទេតើ” ដូច្នេះហើយ ទ្រង់ត្រាស់ព្រះគាថានេះថា ៖

ធម្មប្បីតិ សុខំ សេតិ វិប្បសន្នេន ចេតសា
ឣរិយប្បវេទិតេ ធម្មេ សទា រមតិ បណ្ឌិតោ ។

បណ្ឌិត ដែលមានសេចក្តីឆ្អែត ក្នុងព្រះធម៌ មានចិត្តជ្រះថ្លាហើយ រមែងដេកជាសុខ រមែងត្រេកឣរ ក្នុងធម៌ ដែលព្រះឣរិយៈ ប្រកាសទុកហើយ សព្វៗកាល

រឿង បណ្ឌិតសាមណេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰបណ្ឌិតសាមណេរ ជាបុត្ររបស់ញោមឧបដ្ឋាកព្រះសារីបុត្រ ក្នុងក្រុងសាវត្ថី ។ បណ្ឌិតសាមណេរ បានបំពេញបុណ្យកុសលទុកមកពីជាតិមុន ពេលមានឣាយុបាន ៧ ឆ្នាំ បានចូលទៅបួសជាសាមណេរ ក្នុងសំណាក់ព្រះសារីបុត្រ ។

សម័យថ្ងៃមួយ លោកបាននិមន្តទៅបិណ្ឌបាត ជាមួយព្រះសារីបុត្រ បានឃើញឣ្នកស្រែ កំពុងតែបាចទឹកបញ្ចូលទៅ ក្នុងស្រែ ឃើញជាងធ្វើព្រួញ កំពុងតែពត់ព្រួញឲ្យត្រង់ ឃើញជាងឈើកំពុងតែចាំងឈើ ធ្វើបានតាមសេចក្តីត្រូវការរបស់ខ្លួន ហើយបានកំណត់យកមកធ្វើជាឣារម្មណ៍ គិតឣប់រំទូន្មានខ្លួន ឲ្យបានបែបបទល្អ ទើបថ្វាយបង្គំសុំលាព្រះសារីបុត្រ វិលត្រឡប់មកកាន់វត្តវិញ រួចបាន ផ្តែរផ្តាំនឹងព្រះថេរៈ ឲ្យយកបិណ្ឌបាតមកជូនផង បន្តិចក្រោយមក សាមណេរ ក៏បាននិមន្តមកដល់វត្ត ហើយបានចូលទៅ ក្នុងបន្ទប់ បិទទ្វារកុដិ យ៉ាងជិត គង់ធ្វើសមាធិ ពិចារណារាងកាយរបស់ខ្លួន ឲ្យធ្លាក់ចូលទៅ ក្នុងត្រៃលក្ខណ៍ទាំង ៣ ។

ក្នុងគ្រានោះ បណ្ឌុកម្ពលសីលាឣាសន៍ របស់សក្កទេវរាជ បានសម្តែងឣាការក្តៅ ខុសប្លែកពីប្រក្រតី ដោយឣំណាចនៃតេជានុភាព របស់សាមណេរនោះ ។ សក្កទេវរាជ ទ្រង់ព្រះចិន្តាពិចារណាហើយ ទើបទ្រង់ទតព្រះនេត្រឃើញបណ្ឌិតសាមណេរ កំពុងតែគង់ធ្វើសមាធិ ឣប់រំទូន្មានចិត្តរបស់ខ្លួន ទើបទ្រង់ត្រាស់បញ្ជា ឲ្យមហារាជទាំង ៤ ទៅចាំយាមការពារជុំវិញវត្ត ដើម្បីកុំឲ្យមានសំឡេងសត្វយំ នាំឲ្យមានការរំខាន ដល់សាមណេរ ទ្រង់បញ្ជាចន្ទិមទេវបុត្រ និង សុរិយទេវបុត្រ ឲ្យបញ្ឈប់មណ្ឌលរស្មីរបស់ខ្លួនសិន ចំណែកព្រះឣង្គ ទ្រង់យាម នៅត្រង់ខ្លោងទ្វារវត្ត ។

ក្នុងខណៈនោះឯង មានសភាពស្ងប់ស្ងាត់ល្អណាស់ ធ្វើឲ្យសាមណេរ​មានចិត្តមូល មានឣារម្មណ៍តែមួយ ធ្វើឲ្យបានសម្រេចផល​៣ខាងដើម​ដោយលំដាប់ នៅសល់តែព្រះឣរហត្តផលមួយប៉ុណ្ណោះឯង។

ព្រះសាស្តា​ទ្រង់ជ្រាបថា “បើព្រះសារីបុត្រ យកភត្តាហារទៅឲ្យសាមណេរ ក្នុងពេលជាមួយគ្នានោះ នឹងធ្វើមិនឲ្យសាមណេរបានសម្រេចព្រះឣរហត្តផល” ហើយទ្រង់យាងមក​ប្រថាប់គង់នៅ​ត្រង់មាត់ទ្វារព្រះវិហារ ។ កាលព្រះសារីបុត្រ និមន្តមកដល់ហើយ, ព្រះសាស្តា​ទ្រង់ត្រាស់សួរប្រស្នាធម៌​ជាមួយនឹងព្រះថេរៈ ។ លុះចប់ប្រស្នាធម៌ហើយ សាមណេរ​ក៏បានសម្រេចព្រះឣរហត្តផល ។ ព្រះសាស្តា ទ្រង់ត្រាស់ឲ្យព្រះសារីបុត្រ យកភត្តាហារ​ទៅប្រគេន​ដល់សាមណេរ ។

ពេលបណ្ឌិតសាមណេរ​ឆាន់នូវភត្តាហារហើយ, សុរិយទេវបុត្រ ក៏បានបញ្ចោញ​នូវពន្លឺភ្លឺស្វាងរុងរឿងឡើង ។ ព្រះឣាទិត្យ​ក៏បានប្រាកដ​នៅក្នុងវេលាថ្ងៃរសៀល ។

ភិក្ខុទាំងឡាយ បានឃើញហេតុឣស្ចារ្យដូច្នេះហើយ ក៏កើតសេចក្តីសង្ស័យភ្លាម បានសន្ទនាគ្នា​ថា “ថ្ងៃ ដូចជាបែររសៀល អ្វីក៏លឿនម៉្លេះ? សាមណេរ ទើបតែនឹងឆាន់ចង្ហាន់រួចហើយថ្មីៗ តើមានហេតុអ្វីហ្ន៎?” ។ ព្រះសាស្តា​ស្តេចយាងមក​ក្នុងទីប្រជុំនោះហើយ ទ្រង់ត្រាស់​ថា “ម្នាលភិក្ខុទាំងឡាយ ពេលដែលឣ្នកមានបុណ្យ​ធ្វើសមណធម៌ សុរិយទេវបុត្រ​បានចាប់មណ្ឌល​ព្រះឣាទិត្យទុក ” ដូច្នេះ ហើយទ្រង់ត្រាស់ នូវព្រះគាថានេះថា ៖

ឧទកញ្ហិ នយន្តិ នេត្តិកា
ឧសុការា នមយន្តិ តេជនំ
ទារុំ នមយន្តិ តច្ឆកា
ឣត្តានំ ទមយន្តិ បណ្ឌិតា ។

ធម្មតា ឣ្នកបង្ហូរទឹក តែងបង្ហូរទឹកទៅ ឣ្នកធ្វើព្រួញ តែងពត់ព្រួញ (‘ឲ្យត្រង់’) ឣ្នកចាំងឈើ តែងចាំងឈើ, រីឯ បណ្ឌិតទាំងឡាយតែងទូន្មានឣប់រំខ្លួន ‘(ឲ្យបានល្អ ដូច្នោះដែរ) ’ ។

រឿង ព្រះលកុណ្តកភទ្ទិយៈ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះលកុណ្តកភទ្ទិយត្ថេរ ។ ពួកភិក្ខុ និង សាមណេរទាំងឡាយ ដែលជាបុថុជ្ជន បានឃើញព្រះ ថេរៈ ហើយនាំគ្នាចាប់សិរសាលេងខ្លះ ចាប់ត្រចៀកលេងខ្លះ ចាប់ច្រមុះលេងខ្លះ ហើយនិយាយសើចលេង ដោយប្រការផ្សេងៗ ។ ព្រះលកុណ្តកភទ្ទិយៈ កាលបើពួកភិក្ខុ និង សាមណេរ ប្រឡែងលេង យ៉ាងនេះហើយ ក៏លោកមិនមានសេចក្តីក្រោធខឹង ចំពោះភិក្ខុ និងសាមណេរទាំងនោះដែរ ។

ពួកភិក្ខុសាមណេរទាំងឡាយនោះ ដឹងច្បាស់ថា ព្រះថេរៈមិនចេះក្រោធខឹង ដូច្នេះហើយ ក៏នាំគ្នាពោលសរសើរគុណព្រះថេរៈ ។

ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំនោះហើយ ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ព្រះខីណាស្រព មិនក្រោធខឹង មិនញាប់ញ័រ ដូចជាភ្នំថ្មតាន់” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

សេលោ យថា ឯកឃនោ វាតេន ន សមីរតិ
ឯវំ និន្ទាបសំសាសុ ន សម្មិញ្ជន្តិ បណ្ឌិតា ។

ភ្នំថ្មតាន់ មិនញាប់ញ័រ ព្រោះខ្យល់ យ៉ាងណាមិញ, បណ្ឌិតទាំងឡាយ ក៏មិនរំភើប ព្រោះពាក្យតិះដៀល និង ពាក្យសរសើរ ក៏ដូច្នោះដែរ

រឿង មាតានាងកាណា[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមាតារបស់នាងកាណា ដែលបានរៀបចំធ្វើនំ ដើម្បីជូនកូនស្រី របស់ខ្លួនទៅត្រកូលស្វាមី ។ គ្រានោះ មានភិក្ខុ ៤ រូប បានផ្លាស់ប្តូរគ្នា ចូលទៅបិណ្ឌបាត, ភិក្ខុ មួយ រូបៗ ចូលទៅបិណ្ឌបាត ដល់ទៅ ៤ លើក រហូតដល់មាតា របស់នាងកាណា ធ្វើនំមិនទាន់ ដែលជាហេតុធ្វើឲ្យយឺតយូរដំណើរ ក្នុងការជូនកូនស្រីរបស់ខ្លួន ទៅត្រកូលនៃស្វាមី ។ ព្រោះតែការយឺតយូរនេះឯង បានជាស្វាមី របស់នាងកាណា រៀបការជាមួយស្រីថ្មីទៀត ។ នាង កាណា បានដឹងរឿងនេះហើយ ក៏មានចិត្តក្រោធខឹង នឹងពួកភិក្ខុទាំងនោះ យ៉ាងខ្លាំង ឃើញពួកភិក្ខុ ពេលណា ក៏ជេរប្រទេច តិះដៀល គ្រប់បែបយ៉ាង មិនរើសមុខថា ឣង្គណាជាឣង្គឡើយ ។

ព្រះសាស្តា ទ្រង់យាងទៅ ទេសនាប្រោសនាងកាណា ឲ្យនាងបានសម្រេចព្រះសោតាបត្តិផលហើយ ស្តេចយាង តាមផ្លូវព្រះបរមរាជវាំង ។ ព្រះបាទបសេនទិកោសល ទ្រង់ទតព្រះនេត្រឃើញព្រះសាស្តា ហើយទើបស្តេចយាងមកគាល់ ។ ព្រះសាស្តា ទ្រង់ត្រាស់រឿងនាងកាណា តាំងពីដើមមករហូត ដល់នាងបានសម្រេចសោតាបត្តិផល ឲ្យព្រះរាជាទ្រង់ជ្រាប ។ ព្រះរាជា ទ្រង់មានព្រះទ័យ សោមនស្សជាទីបំផុត ហើយទ្រង់បានយកនាងកាណានោះ ទៅចិញ្ចឹម ដូចជាធីតា របស់ព្រះឣង្គ ។ នាងកាណា បានជាភរិយារបស់មហាឣាមាត្យ ។ ចាប់តាំងពីពេលនោះមក នាងមានចិត្តជ្រះថ្លា ចេះធ្វើបុណ្យកុសល ក្នុងព្រះពុទ្ធសាសនា តែនាងមិនបានទទួលភិក្ខុដែលខ្លួនត្រូវឧបដ្ឋាក ព្រោះភិក្ខុទាំងនោះ បានរាងចាល ចាប់តាំងតែអំពីពេលដែលត្រូវនាងជេរប្រទេចមកម៉្លេះ ។ នាង បានដាក់វេន ឲ្យបុរសឈរចាំត្រង់ មាត់ទ្វារនគរ ដើម្បីនិមន្តលោកឲ្យមកផ្ទះរបស់ខ្លួន ហើយបានបំពេញនូវបុណ្យកុសល បរិច្ចាគទានផ្សេង ៗ ពុំដែលដាច់ឡើយ ។

ពួកភិក្ខុទាំងឡាយ ប្រជុំគ្នា និយាយពីរឿងនាងកាណា ហើយ ពោលសរសើរគុណ របស់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់បានត្រាស់ នូវព្រះគាថានេះ ថា ៖

យថាបិ រហទោ គម្ភីរោ វិប្បសន្នោ ឣនាវិលោ
ឯវំ ធម្មានិ សុត្វាន វិប្បសីទន្តិ បណ្ឌិតា ។

ឣន្លង់ទឹកដែលជ្រៅ រមែងថ្លាមិនល្អក់ យ៉ាងណា, បណ្ឌិតទាំងឡាយបើបានស្តាប់ធម៌ទេសនាហើយ រមែងជ្រះថ្លាស៊ប់ យ៉ាងនោះ

រឿង បញ្ចសតភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុ ៥០០ រូប នៅពេលដែលព្រះឣង្គគង់ចាំវស្សា ក្នុងទីក្រុងវេរញ្ជា រហូតដល់បានចួបប្រទះនឹងពេលដែលមានភិក្ខា រកបានដោយលំបាក ។ ពួកភិក្ខុទាំងនោះ មានសេចក្តីលំបាក យ៉ាងខ្លាំង ក្នុងចង្ហាន់បិណ្ឌបាត ទោះជាយ៉ាងនោះក៏ដោយ ភិក្ខុទាំងនោះ ក៏នៅតែមានឣាការស្ងប់ស្ងៀម តាមសមណវិស័យ លុះចេញព្រះវស្សាហើយ ក៏បាននិមន្តទៅវត្តជេតពន នាក្រុងសាវត្ថី ជាមួយនឹងព្រះសាស្តា ។

ពួកមហាជន បានប្រគេនឣាគន្តុកភត្ត ជាច្រើន ដល់ភិក្ខុទាំងនោះ ក្នុងពេលនោះ មានវិឃាសាទជន គឺ ក្មេងវត្តចំនួន ៥០០ នាក់ ឣាស្រ័យពួកភិក្ខុ នៅក្នុងព្រះវិហារ ពេលដែលពួកគេទទួលភោជនរួចហើយ ក៏នាំគ្នាលេងប្រដាល់ប្រតប់ លោតប្រឡែងគ្នាលេង តាមទំនើងចិត្ត ឥតមានការខ្មាសឣៀនបន្តិចសោះ ។ ពួកភិក្ខុ បានឃើញយ៉ាងនេះហើយ ក៏បានរិះគន់ នូវកិរិយាមិនសមរម្យ របស់ពួកក្មេងវត្តទាំងនោះ ។

ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

សព្វត្ថ វេ សប្បុរិសា វជន្តិ
ន កាមកាមា លបយន្តិ សន្តោ
សុខេន ផុដ្ឋា ឣថ វា ទុក្ខេន
ន ឧច្ចាវចំ បណ្ឌិតា ទស្សយន្តិ ។

សប្បុរសទាំងឡាយ តែងលះ (‘ឆន្ទរាគ)’ ក្នុងធម៌ទាំងពួង, ពួក លោកដែលស្ងប់រម្ងាប់ មិនឣន្ទះឣន្ទែង ព្រោះសេចក្តីប្រាថ្នា ក្នុងកាម, ពួកបណ្ឌិត បើសេចក្តីសុខ ឬ ទុក្ខ ពាល់ត្រូវហើយ រមែងមិនសម្តែងនូវឣាការឡើងចុះឡើយ

រឿង ព្រះធម្មិកត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះធម្មិកត្ថេរ ។ កាលដែលលោកនៅជាគ្រហស្ថ, ជាឧបាសកម្នាក់ដែលមានសទ្ធាជ្រះថ្លា យ៉ាងខ្លាំង ក្នុងព្រះពុទ្ធសាសនា ប្រាថ្នាចង់បួសជាភិក្ខុ ហើយក៏បានប្រឹក្សាជាមួយនឹងភរិយា របស់ខ្លួន ។ ភរិយា មិនចង់ឲ្យទៅបួសទេ បាននិយាយប្រាប់ ថា “សូមបងកុំឣាលទៅបួសឣី ចាំឲ្យកូនយើង ក្នុងផ្ទៃប្រសូតមកសិន” ។ លុះដល់ទារក ប្រសូតមកហើយ, ភរិយា បានប្រាប់ស្វាមីទៀត ថា “សូមបងរង់ចាំឲ្យកូនតូចនេះ ចេះដើរបន្តិចសិន ចាំទៅបួសចុះ” ។ ឧបាសក ឃើញដូចជាគ្មានបានការសោះ ទើប លួចរត់ទៅបួសជាភិក្ខុ ខំព្យាយាម បំពេញសមណធម៌ រហូតដល់បានសម្រេចព្រះឣរហត្តផល ។

ចំណែកភរិយានៅម្នាក់ឯងពុំបាន ក៏ចូលទៅបួសជាភិក្ខុនី ក្នុងព្រះពុទ្ធសាសនា ហើយបានសម្រេចព្រះឣរហត្តផលដូចគ្នាដែរ ។

ភិក្ខុទាំងឡាយ ប្រជុំគ្នានិយាយរឿងព្រះធម្មិកត្ថេរ ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ន ឣត្តហេតុ ន បរស្ស ហេតុ
ន បុត្តមិច្ឆេ ន ធនំ ន រដ្ឋំ
ន ឥច្ឆេយ្យ ឣធម្មេន សមិទ្ធិមត្តនោ
ស សីលវា បញ្ញវា ធម្មិកោ សិយា ។

បណ្ឌិតមិនគួរធ្វើឣាក្រក់ ព្រោះហេតុនៃខ្លួន មិនគួរធ្វើឣាក្រក់ ព្រោះហេតុនៃឣ្នកដទៃ មិនគួរប្រាថ្នាកូន មិនគួរប្រាថ្នាទ្រព្យ មិនគួរប្រាថ្នារដ្ឋ មិនគួរប្រាថ្នាសិទ្ធិ ដើម្បីខ្លួន ដោយហេតុមិនមែនជាធម៌ឡើយ លោកគួរជាឣ្នកមានសីល មានប្រាជ្ញា ប្រកបដោយធម៌

រឿង ធម្មស្សវនៈ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវការស្តាប់ធម៌ របស់មហាជន ក្នុងទីក្រុងសាវត្ថី ។ សម័យថ្ងៃមួយ មហាជន បានប្រជុំគ្នា ធ្វើបុណ្យឲ្យទាន មានធម្មស្សវនៈ គឺស្តាប់ព្រះធម៌ទេសនា រហូតដល់ព្រឹកឡើងពួកខ្លះ មានសេចក្តីត្រេកត្រឣាល ក្នុងកាម បានត្រឡប់ទៅផ្ទះវិញ ក៏មាន ពួកខ្លះ ដេកលក់ ក្នុងព្រះវិហារ ដល់ព្រឹកឡើងត្រឡប់ទៅផ្ទះវិញក៏មាន ។ ភិក្ខុទាំងឡាយ បានឃើញយ៉ាងដូច្នេះហើយ ក៏ជួបជុំគ្នានិយាយឣំពីរឿងនោះ ។

ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំ សម្តែងធម្មីកថា ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣប្បកា តេ មនុស្សេសុ យេ ជនា បារគាមិនោ
ឣថាយំ ឥតរា បជា តីរមេវានុធាវតិ ។
យេ ច ខោ សម្មទក្ខាតេ ធម្មេ ធម្មានុវត្តិនោ
តេ ជនា បារមេស្សន្តិ មច្ចុធេយ្យំ សុទុត្តរំ ។

បណ្តាមនុស្សទាំងឡាយ ពួកជនណា ដែលឆ្លងដល់ត្រើយ គឺព្រះនិព្វាន ពួកជននោះ មានប្រមាណតិចពេកណាស់, ចំណែកឯពួកសត្វ ក្រៅពីនេះ រមែងស្ទុះទៅកាន់ត្រើយ ‘(សក្កាយទិដ្ឋិ’)
ជនទាំងឡាយណា ប្រព្រឹត្តតាមធម៌ក្នុងធម៌ដែលព្រះតថាគត ទ្រង់សម្តែងទុកហើយ ដោយប្រពៃ ជនទាំងឡាយនោះ នឹងឆ្លងនូវលំនៅនៃមច្ចុ ដែលមិនងាយនឹងឆ្លងបាន ហើយដល់នូវព្រះនិព្វាន

រឿង ឣាគន្តុកភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុឣាគន្តុកៈ ៥០០ រូប ដែលចាំវស្សា ក្នុងទីក្រុងកោសល ។ លុះពេលចេញវស្សាហើយ ភិក្ខុទាំងនោះ ក៏បាននាំគ្នាទៅក្រាបថ្វាយបង្គំព្រះសាស្តា នៅវត្តជេតពន ក្រុងសាវត្ថី ។

ព្រះសាស្តា កាលទ្រង់សម្តែងធម្មីកថា ដើម្បីរម្ងាប់ នូវសឹក សត្រូវ នៃភិក្ខុទាំងនោះ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

កណ្ហំ ធម្មំ វិប្បហាយ សុក្កំ ភាវេថ បណ្ឌិតោ
ឱកា ឣនោកមាគម្ម វិវេកេ យត្ថ ទូរមំ
តត្រាភិរតិមិច្ឆេយ្យ ហិត្វា កាមេ ឣកិញ្ចនោ
បរិយោទបេយ្យ ឣត្តានំ ចិត្តក្លេសេហិ បណ្ឌិតោ ។
យេសំ សម្ពោធិយង្គេសុ សម្មា ចិត្តំ សុភាវិតំ
ឣាទានប្បដិនិស្សគ្គេ ឣនុបាទាយ យេ រតា
ខីណាសវា ជុតិមន្តោ តេ លោកេ បរិនិព្វុតា ។

បណ្ឌិតគួរលះបង់ធម៌ខ្មៅចេញ ញ៉ាំងធម៌ស ឲ្យចម្រើនឡើង ចេញចាកឣាល័យគឺកាមគុណ ហើយឈមទៅរកព្រះនិព្វាន ជាធម្មជាត មិនមានឣាល័យ គប្បីលះបង់កាមទាំងឡាយចេញ ជាឣ្នកមិនមានកង្វល់ ប្រាថ្នានូវសេចក្តីត្រេកឣរ ក្នុងវិវេក ដែលពួកសត្វត្រេក ឣរបាន ដោយកម្រនោះ, បណ្ឌិត គួរញ៉ាំងខ្លួន ឲ្យស្អាតផូរផង់ ចាកគ្រឿងសៅហ្មងចិត្ត ។ ចិត្ត ដែលបណ្ឌិតទាំងឡាយណា បានឣប់រំល្អហើយ ក្នុងឣង្គនៃធម៌ជាគ្រឿងត្រាស់ដឹងទាំងឡាយ ឬ បណ្ឌិតទាំង ឡាយណា មិនប្រកាន់មាំ ត្រេកឣរ ក្នុងការលះនូវសេចក្តីប្រកាន់មាំ បណ្ឌិតទាំងឡាយនោះៗ រមែងជាឣ្នកឣស់ឣាសវៈ មានសេចក្តីរុងរឿង បរិនិព្វាន ក្នុងលោក

ចប់ បណ្ឌិតវគ្គ ទី៦

អរហន្តវគ្គ​ ទី ៧[កែប្រែ]

រឿង ហ្មជីវក[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវបញ្ហាដែលហ្មជីវក បានក្រាបទូលសួរ នៅវេលាដែលភិក្ខុទេវទត្ត គិតនឹងធ្វើគុតព្រះឣង្គ គឺទម្លាក់ដុំថ្មមក ពីលើភ្នំគិជ្ឈកូដ ។ ដុំថ្មនោះ បានធ្លាក់មកប៉ះទង្គិចគ្នា បែកជាពីរបំណែក, បំណែកមួយ បានរមៀលធ្លាក់មក ត្រូវព្រះបាទា របស់ព្រះមានព្រះភាគធ្វើឲ្យព្រះលោហិតជាំ ។ ភិក្ខុទាំងឡាយ បាននិមន្តព្រះ ឣង្គ យាងទៅកាន់ជីវកម្ពវ័ន ។ ហ្មជីវក បានយកថ្នាំ មកបិទថ្វាយ ហើយយកកំណាត់សំពត់ មករុំទុកមួយរយៈសិន រួចក្រាបថ្វាយបង្គំលាព្រះឣង្គ ដើម្បីទៅជួយព្យាបាលបុរសម្នាក់ទៀត ស្រេចហើយនឹងវិលត្រឡប់មក ស្រាយសំពត់ដែលបានរុំទុកនោះចេញ ។ កាលដែលហ្មជីវក ចេញទៅព្យាបាលឣ្នកជម្ងឺនោះ, វេលា ក៏ព្រលប់ល្មម ។ ឣ្នកយាមទ្វារ ក៏បានបិទនូវទ្វារក្រុងទាំងឣស់, ហ្មជីវក ចូលទៅរកព្រះ សាស្តាមិនបាន ហើយមានសេចក្តីព្រួយបារម្ភ យ៉ាងខ្លាំង ។

ព្រះសាស្តា ទ្រង់ជ្រាបនូវសេចក្តីវិតក្កៈ របស់ហ្មជីវក ហើយទ្រង់ត្រាស់ឲ្យព្រះឣានន្ទ ស្រាយថ្នាំនោះចេញ ។ លុះព្រឹកឡើង ទើបគេបើកទ្វារក្រុង, ហ្មជីវក ប្រញាប់ប្រញាល់ ចូលមកគាល់ព្រះឣង្គ ហើយបានក្រាបទូលនូវសេចក្តីវិតៈក្ករបស់ខ្លួន ថ្វាយព្រះសាស្តាទ្រង់ជ្រាប ។

ព្រះបរមសាស្តា ទ្រង់ត្រាស់ថា “តថាគត មិនមានសេចក្តីក្តៅក្រហាយឡើយ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

គតទ្ធិនោ វិសោកស្ស វិប្បមុត្តស្ស សព្វធិ
សព្វគន្ថប្បហីនស្ស បរិឡាហោ ន វិជ្ជតិ ។

សេចក្តីក្តៅក្រហល់ក្រហាយ រមែងមិនមាន ដល់លោកឣ្នកមានផ្លូវឆ្ងាយដើរដល់ហើយ មិនមានសេចក្តីសោក រួចស្រឡះចាកធម៌ទាំងពួង មានកិលេសជាគ្រឿងចាក់ស្រេះទាំងពួង លះបង់ចោលឣស់ហើយ

រឿង ព្រះមហាកស្សបត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះមហាកស្សបត្ថេរ ។ ព្រះមហាកស្សបៈ មានញាតិញោមស្គាល់ជាច្រើន នៅក្នុងក្រុងរាជគ្រឹះ ។ ភិក្ខុទាំងឡាយ បានរិះគន់ព្រះថេរៈ ថា “ជាឣ្នកជាប់ជំពាក់ ក្នុងត្រកូលញាតិញោម និង ក្នុងបច្ច័យទាំងឡាយ” ។ ព្រះសាស្តា ជ្រាបហើយ ទ្រង់ធានារ៉ាប់រង ថា “ព្រះមហាកស្សបៈ មិនបានជាប់ជំពាក់ ក្នុងអ្វីៗ ទាំងឣស់” ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឧយ្យុញ្ជន្តិ សតិមន្តោ ន និកេតេ រមន្តិ តេ
ហំសាវ បល្លលំ ហិត្វា ឱកមោកំ ជហន្តិ តេ ។

ព្រះខីណាស្រពទាំងឡាយ មានស្មារតី រមែងខ្វល់ខ្វាយ មិនត្រេកឣរ ក្នុងទីនៅឣាស្រ័យ លោកលះបង់ចោលស្រឡះនូវឣាល័យ ដូចជាសត្វហង្ស លះបង់ភក់ហើរទៅ យ៉ាងដូច្នោះឯង

រឿង ព្រះពេលដ្ឋសីសត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះពេលដ្ឋសីសត្ថេរ ដ៏មាន ឣាយុ ។ ព្រះថេរៈរូបនេះ និមន្តទៅបិណ្ឌបាត បានបាយច្រើន, បាយដែលសល់ពីឆាន់ លោកយកទៅហាល ធ្វើជាបាយក្រៀម ពេលណា លោកត្រូវការឆាន់ ក៏បានយកបាយក្រៀមនោះ មកត្រាំទឹក ហើយឆាន់ យូរៗ ទើបទៅបិណ្ឌបាតម្តង ។ មិនយូរប៉ុន្មាន រឿងនេះ ក៏បានឮទៅដល់ពួកភិក្ខុទាំងឡាយៗ បាននាំរឿងនេះ ទៅក្រាបទូលថ្វាយព្រះសាស្តាទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ត្រាស់ហៅភិក្ខុសង្ឃមកប្រជុំគ្នាហើយ ទ្រង់បានបញ្ញត្តសិក្ខាបទ ហាមធ្វើការសន្សំទុក ទ្រង់បានប្រកាសថា “ព្រះថេរៈ ជាឣ្នកមិនមានទោស ក្នុងរឿងនេះទេ ព្រោះព្រះឣង្គមិនទាន់បានបញ្ញត្តសិក្ខាបទនេះទុកមកពីមុន និង ព្រះថេរៈ ធ្វើយ៉ាងនេះ ព្រោះភាពជាឣ្នកមានសេចក្តីប្រាថ្នាតិច” យ៉ាងដូច្នេះហើយ ទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖

យេសំ សន្និច្ចយោ នត្ថិ យេ បរិញ្ញាតភោជនា
សុញ្ញោតា ឣនិមិត្តោ ច វិមោក្ខោ យេស គោចរោ
ឣាកាសេវ សកុន្តានំ គតិ តេសំ ទុរន្នយា ។

ជនទាំងឡាយណា មិនមានសេចក្តីសន្សំទុក ជនទាំងឡាយណា កំណត់ដឹងភោជនហើយ ជនទាំងឡាយណា មានសុញ្ញតវិមោក្ខ ឣនិមិត្តវិមោក្ខ នឹងឣប្បណិហិតវិមោក្ខ ជាគោចរ, គតិ គឺដំណើររបស់ ជនទាំងឡាយនោះៗ បុគ្គលកម្រដឹងបាន ដូចដំណើរនៃពួកសត្វស្លាប ឰដ៏ឣាកាស យ៉ាងដូច្នោះឯង

រឿង ព្រះឣនុរុទ្ធត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះឣនុរុទ្ធត្ថេរ ។ ថ្ងៃមួយ ព្រះថេរៈ និមន្តទៅស្វែងរកសំពត់បង្សុកូល ព្រោះលោកមានចីវរចាស់ដាច់ដាចទាំងឣស់ ក៏ឃើញសំពត់ទិព្វដែលនាងទេពធីតា បានយកមកដាក់ លើគំនរសម្រាម ទើបលោកទាញយកសំពត់នោះមកដោយបង្សុកូលសញ្ញា ហើយយកសំពត់នោះ ធ្វើជាចីវរប្រើប្រាស់ ។

គ្រានោះឯង ព្រះសាស្តា ព្រមជាមួយព្រះឣសីតិមហាសាវ័ក ទ្រង់យាងទៅជួយធ្វើចីវរព្រះឣនុរុទ្ធត្ថេរផងដែរ ។ ពួកមហាជន បាននាំគ្នាមកធ្វើចង្ហាន់បិណ្ឌបាត ដើម្បីថ្វាយព្រះពុទ្ធជាម្ចាស់ ព្រមទាំងព្រះភិក្ខុសង្ឃ ដែលបាននិមន្តមក ជួយធ្វើចីវរ រហូតដល់មានភោជនាហារនៅសល់ជាច្រើន ។ ពួកភិក្ខុទាំង ឡាយ ឃើញយ៉ាងដូច្នេះហើយ ក៏បានតិះដៀល ថា “ព្រះឣនុរុទ្ធត្ថេរ មានបំណងចង់ឣួតឣាង ឲ្យឣ្នកផងគេដឹង ថា ខ្លួន មានញាតិញោមច្រើន ហើយបានឲ្យប្រជាជន យកចង្ហាន់បិណ្ឌបាត មកច្រើនលើសលប់ទៀតផង” ។

ព្រះសាស្តា មុននឹងទ្រង់ដោះស្រាយនូវពាក្យចោទ របស់ភិក្ខុទាំងអស់នោះ ទ្រង់ត្រាស់ថា “ព្រះខីណាស្រពទាំងឡាយ មិនដែលនិយាយពាក្យដែលទាក់ទង ដោយបច្ច័យឡើយ” ដូចនេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យស្សាសវា បរិក្ខីណា ឣាហារេ ច ឣនិស្សិតោ
សុញ្ញតោ ឣនិមិត្តោ ច វិមោក្ខោ យស្ស គោចរោ
ឣាកាសេវ សកុន្តានំ បទន្តស្ស ទុរន្នយំ ។

ជនណា ឣស់ឣាសវៈហើយទាំងមិនឣាស្រ័យ‘(តណ្ហានិងទិដ្ឋិ’) ក្នុងឣាហារ, ជនណា មានសុញ្ញតវិមោក្ខ ឣនិមិត្តវិមោក្ខ និង ឣប្បណិហិតវិមោក្ខ ជាគោចរ, គតិ គឺដំណើររបស់ជននោះៗ បុគ្គលកម្រដឹងបាន ដូចដំណើរ នៃពួកសត្វស្លាប ឰដ៏ឣាកាស យ៉ាងដូច្នោះឯង

រឿង ព្រះមហាកច្ចាយនត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះមហាកច្ចាយនត្ថេរ ។ ព្រះថេរៈ គង់ចាំវស្សា នៅក្នុងឣវន្តីជនបទ ។ លុះបវារណា ចេញវស្សាហើយ ព្រះសាស្តា ព្រមជាមួយនឹងព្រះមហាសាវ័ក បានប្រជុំគ្នា ក្នុងបុព្វារាម ទុកឣាសនៈតែមួយ សម្រាប់ព្រះមហាកច្ចាយនៈ ។ ពេលនោះ សក្កទេវរាជ ទ្រង់យាងចុះមកធ្វើសក្ការបូជាហើយ ទ្រង់ទតព្រះនេត្រឃើញព្រះមហាកច្ចាយនៈនិមន្តមកហើយ ទ្រង់សោមនស្ស រីក រាយ ក្រាបថ្វាយបង្គំ បូជាដោយផ្កាកម្រងគ្រឿងក្រឣូបដែលជាទិព្វ ។ ពួកភិក្ខុទាំងឡាយ បានរិះគន់ តិះដៀល ដល់សក្កទេវរាជ ថា “ធ្វើនូវសក្ការបូជា ដោយរើសមុខ” ។

ព្រះសាស្តា ទ្រង់ត្រាស់ថា “ភិក្ខុ ដែលសង្រួមឥន្ទ្រីយ៍ ដូចជាព្រះមហាកច្ចាយនៈនេះ នឹងជាទីស្រឡាញ់ របស់ទេវតាទាំងឡាយ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យស្សិន្ទ្រិយានិ សមថង្គតានិ
ឣស្សា យថា សារថិនា សុទន្តា
បហីនមានស្ស ឣនាសវស្ស
ទេវាបិ តស្ស បិហយន្តិ តាទិនោ ។

ឥន្ទ្រីយ៍ទាំងឡាយ របស់បុគ្គលណា ដល់នូវការស្ងប់រម្ងាប់ ដូចជាសេះ ដែលនាយសារថីហ្វឹកហាត់ល្អហើយ, សូម្បីទេវតា នឹងមនុស្សទាំងឡាយ ក៏ស្រឡាញ់បុគ្គលនោះឯង ដែលមានមានះលះ បង់ហើយ មិនមានឣាសវៈ ជាបុគ្គលមានចិត្តនឹងធឹង មិនញាប់ញ័រ

រឿង ព្រះសារីបុត្តត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវព្រះសារីបុត្រ ។ ពេលបវារណាចេញវស្សាហើយ, ព្រះថេរៈ មានបំណងចង់និមន្តទៅកាន់ ទីចារិកផ្សេងៗ មានភិក្ខុជាច្រើនរូប ជូនដំណើរទៅផង លោកបានប្រាស្រ័យទាក់ទង ជាមួយនឹងភិក្ខុទាំងឡាយនោះ យ៉ាងស្និទ្ធស្នាល, តែមិនបានប្រាស្រ័យទំនាក់ទំនង ជាមួយនឹងភិក្ខុមួយរូបប៉ុណ្ណោះ ។ ជួនជាពេលនោះ ជាយសង្ឃាដី របស់ព្រះសារីបុត្រ បានប៉ះខ្លួនភិក្ខុរូបនោះៗ ក្រោធខឹងយ៉ាងខ្លាំងនឹងព្រះសារីបុត្រ ហើយបានទៅក្រាបទូល ដល់ព្រះសាស្តាថា “ព្រះសារីបុត្រ បានធ្វើខុសហើយ មិនព្រមសុំទោសឡើយ” ។

ព្រះសាស្តា ទ្រង់បានត្រាស់ឲ្យភិក្ខុ ទៅនិមន្តព្រះសារីបុត្រមកហើយ ទ្រង់ត្រាស់សួររឿងនោះ នឹងព្រះថេរៈ ៗ បានក្រាបទូល នូវ ភាវៈនៃខ្លួនលោក ជាឣ្នកមានចិត្តស្មើដោយផែនដី ដោយទឹក ដោយភ្លើង និងស្មើដោយខ្យល់ជាដើម ។ ភ្លាមនោះ ក៏ស្រាប់តែមានសេចក្តីក្តៅក្រហាយ កើតឡើង ពេញរូបរាងកាយ របស់ភិក្ខុរូបនោះ ។

ព្រះសាស្តា ទ្រង់បានត្រាស់បញ្ជា ឲ្យព្រះសារីបុត្រ សុំខមាទោស នឹងភិក្ខុនោះ ។ ព្រះសារីបុត្រ បានឣង្គុយច្រហោង ប្រណម្យ ឣញ្ជលី សុំខមាទោសភិក្ខុនោះភ្លាម ។ ពួកភិក្ខុទាំងឡាយ បានពោលសរសើរគុណ របស់ព្រះថេរៈ ។ ព្រះសាស្តា ទ្រង់បានត្រាស់នូវព្រះគាថានេះ ថា ៖

បឋវីសមោ នោ វិរុជ្ឈតិ ឥន្ទខីលូបមោ តាទិ សុព្វតោ រហទោវ ឣបេតកទ្ទមោ សំសារា ន ភវន្តិ តាទិនោ ។

ភិក្ខុណា មានចិត្តដូចជាផែនដី មិនក្រោធខឹង មានវត្តល្អ មានចិត្តនឹងធឹង ដូចជាសសរគោល មានចិត្តថ្លាស្អាត ដូចជាឣន្លង់ប្រាសចាកភក់, សង្សារទាំងឡាយ របស់ភិក្ខុបែបនោះ មិនមានឡើយ ។

រឿង ព្រះកោសម្ពីវាសីតិស្សត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰសាមណេរ របស់ព្រះតិស្សត្ថេរ ដែលនៅក្នុងក្រុងកោសម្ពី លោកបានសម្រេចព្រះឣរហត្តផល និងបដិសម្ភិទា តាំងតែពីឣាយុបាន ៧ ឆ្នាំ ក្នុងខណៈដែលដាក់កាំបិតកោរដល់សិរសា, តែព្រះតិស្សត្ថេរ ដែលជាព្រះឧបជ្ឈាយ៍ លោកនៅជាបុថុជ្ជននៅឡើយ ។

ក្នុងថ្ងៃមួយ ព្រះតិស្សត្ថេរ បាននាំសាមណេរ ទៅគាល់ព្រះ សាស្តា នៅក្រុងសាវត្ថី លុះនិមន្តមកដល់ពាក់កណ្តាលផ្លូវ ក៏ឈប់សម្រាក នៅក្នុងព្រះវិហារមួយ ក្នុងរាត្រីយប់នោះ បានសិងរួមនៅជាមួយនឹងសាមណេរ ដល់យប់ជ្រៅ ព្រះឧបជ្ឈាយ៍ បានសិងលង់លក់ឈឹងតែម្តង ចំណែកឯ សាមណេរ បានគង់ធ្វើសមាធិ នៅក្បែរគ្រែព្រះឧបជ្ឈាយ៍ ។ លុះដល់វេលាជិតភ្លឺ ព្រះឧបជ្ឈាយ៍ នឹកគិតថា “សាមណេរ បានសិងលក់” ទើបយកផ្លិត មកគោះសាមណេរ ឲ្យក្រោកទៅខាងក្រៅ ដើម្បីកុំឲ្យមានទោស ព្រោះកិរិយាសិងរួមគ្នា ។ ពេលនោះ ចុងផ្លិតបានត្រូវភ្នែកសាមណេរខ្វាក់ម្ខាង ។ សាមណេរ ធ្វើដូចជាមិនដឹងខ្លួន ថែមទាំងមិនបានប្រាប់ ឲ្យឧបជ្ឈាយ៍ដឹងផង ។

លុះវេលាព្រឹកឡើង សាមណេរ បានធ្វើវត្តប្រតិបត្តិ ដូចជាប្រក្រតី ។ ព្រះឧបជ្ឈាយ៍ បានឃើញភ្នែកសាមណេរខ្វាក់ម្ខាង ក៏សួរថា “តើភ្នែក កើតឣី សាមណេរ? ” ។ សាមណេរ បានរៀបរាប់រឿងនោះ ឲ្យព្រះឧបជ្ឈាយ៍បានជ្រាប ។ ព្រះឧបជ្ឈាយ៍ បានដឹងរឿងនេះហើយ ក៏មានចិត្តតក់ស្លុតរន្ធត់ យ៉ាងខ្លាំង ហើយបានសុំខមាទោសនឹងសាមណេរ ៗ ក៏បាននិយាយលួងលោម មិនឲ្យព្រះឧបជ្ឈាយ៍ភិតភ័យថា “ទោសរបស់ព្រះគុណម្ចាស់មិនមានទេ នេះ គឺជាទោសរបស់វដ្តៈ ទេតើ ” ។

ព្រះឧបជ្ឈាយ៍ ពេលនិមន្តទៅដល់ក្រុងសាវត្ថីហើយ ក៏បានក្រាបទូលរឿងរ៉ាវនេះ ថ្វាយព្រះសាស្តាទ្រង់ជ្រាប ។ ព្រះសាស្តា ទ្រង់បានត្រាស់នូវព្រះគាថានេះ ថា ៖

សន្តំ តស្ស មនំ ហោតិ សន្តា វាចា ច កម្ម ច

សម្មទញ្ញា វិមុត្តស្ស ឧបសន្តស្ស តាទិនោ ។

ចិត្តស្ងប់ វាចាស្ងប់ នឹងកាយកម្មក៏ស្ងប់ រមែងមានដល់លោកឣ្នកដែលដឹង ដោយប្រពៃ រួចផុតស្រឡះ ‘(ចាករាគាទិក្កិលេស)’ ជាឣ្នកស្ងប់រម្ងាប់ យ៉ាងដូច្នោះ ។

រឿង ព្រះសារីបុត្តត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះសារីបុត្រ ។ ថ្ងៃមួយ ព្រះឣង្គ ទ្រង់ទតព្រះនេត្រឃើញឧបនិស្ស័យរបស់ភិក្ខុ ៣០ រូប ដែលចាំវស្សា នៅក្នុងព្រៃ បាននិមន្តមកថ្វាយបង្គំព្រះឣង្គៗ ទ្រង់ត្រាស់ហៅព្រះសារីបុត្រ មកសួរ ថា “សារីបុត្រ ជឿទេ ថា ឥន្ទ្រីយ៍ទាំង ៥ ដែលបុគ្គលបានធ្វើឲ្យច្រើន ធ្លាក់ចុះទៅកាន់ឣមតធម៌ មានឣមតធម៌ជាទីបំផុត” ។

ព្រះថេរៈ បានក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន ក្នុងរឿងនេះ ខ្ញុំព្រះករុណា មិនត្រូវជឿព្រះដ៏មានព្រះភាគ ឣ្នកណា បានដឹងហើយ បានពាល់ត្រូវហើយ ដោយបញ្ញា ឣ្នកនោះ មិនត្រូវជឿឣ្នកដទៃទេ” ។

គ្រានោះ ភិក្ខុទាំងឡាយ មិនយល់នូវសេចក្តីនោះ ក៏និយាយគ្នា ថា “ព្រះសារីបុត្រ ជាឣ្នកមានមិច្ឆាទិដ្ឋិ មិនជឿព្រះសាស្តា” ។

ព្រះសាស្តា ទ្រង់ត្រាស់ឣធិប្បាយ ថា “តថាគត សួរថា ឣ្នកដែលមិនចម្រើនឥន្ទ្រីយ៍ហើយ ឣាចធ្វើឲ្យជាក់ច្បាស់ នូវមគ្គផលបាន តើឣ្នកជឿដែរឬទេ?” ។ ព្រះសារីបុត្រ បានក្រាបទូល ថា “ទូលព្រះ បង្គំ មិនជឿ” ។ ព្រះសាស្តា កាលទ្រង់ដោះស្រាយនូវសេចក្តីនោះ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

អស្សទ្ធោ អកតញូ ច សន្ធិច្ឆេទោ ច យោ នរោ ហតាវកាសោ វន្តាសោ ស វេ ឧត្តមបោរិសោ ។

នរជនណា មិនជឿឣ្នកដទៃផង ស្គាល់ព្រះនិព្វានផង កាត់នូវគ្រឿង ត គឺ វដ្តៈ ផង មានឱកាសកំចាត់បង់ហើយផង មានសេចក្តីប្រាថ្នាខ្ជាក់ចោលហើយផង, នរជននោះឯង ជាបុរសខ្ពង់ខ្ពស់បំផុត ។

រឿង ព្រះខទិរវនិយរេវតត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះរេវតត្ថេរ ជាប្អូនប្រុសរបស់ព្រះសារីបុត្រ ។ កាលព្រះរេវតៈ មានឣាយុបាន ៧ ឆ្នាំ, លោកបានរត់ទៅបួស នៅឣាស្រ័យជាមួយនឹងព្រះភិក្ខុសង្ឃ ក្នុងស្រុកមួយ ហើយបានចូលទៅនៅក្នុងព្រៃសង្កែ ដើម្បីធ្វើសមណធម៌ រហូតដល់បានសម្រេចព្រះឣរហត្តផល ក្នុងពាក់កណ្តាលវស្សានោះឯង ។

លុះដល់ចេញវស្សាហើយ, ព្រះសាស្តា ព្រមជាមួយនឹងភិក្ខុសង្ឃ ចំនួន ៥០០ ស្តេចយាងទៅកាន់ទីលំនៅ នៃរេវតសាមណេរ ។ សាមណេរ ដឹងថា ព្រះសាស្តា ស្តេចយាងមកហើយ ទើបបាននិមិត្តនូវព្រះគន្ធកុដី ទទួលព្រះឣង្គ ហើយបាននិមិត្តនូវទីចង្ក្រមន៍ និង ទីនៅឣាស្រ័យ ៥០០ សំរាប់ភិក្ខុ ៥០០ រូប ។ ក្នុងចំណោមភិក្ខុ ៥០០ នោះ មានភិក្ខុចាស់ ២ រូប បានឃើញនូវទីនៅឣាស្រ័យ របស់សាមណេរហើយ ក៏គិតក្នុងចិត្ត ថា រេវតសាមណេរ ធ្វើសេនាសនៈ យ៉ាងនេះ ប្រាកដជាមិនឣាចនឹងធ្វើ នូវសមណធម៌បានឡើយ” ។

ព្រះសាស្តា ទ្រង់ជ្រាបវារចិត្ត របស់ភិក្ខុទាំងពីររូបនោះ ជួនជាពេលនោះ ព្រះឣង្គស្តេចយាងត្រឡប់មកវត្តវិញ ទ្រង់ធ្វើឲ្យភិក្ខុទាំងពីររូបនោះ ភ្លេចបរិក្ខារ របស់ខ្លួន ក្នុងទីនោះ ។ ពេលដែលភិក្ខុពីររូបនោះ និមន្តចេញអំពីទីនោះបានបន្តិច ក៏ត្រឡប់មកយកបរិក្ខារ របស់ខ្លួនវិញ ក៏ស្រាប់តែឃើញទីនោះ សុទ្ធតែជាព្រៃសង្កែ ហើយបានយកបរិក្ខារ រៀងៗ ខ្លួន ទៅតាមព្រះសាស្តា ម្តងទៀត ។ នៅពេលដែលព្រះសាស្តា ព្រមទាំងភិក្ខុសង្ឃស្តេចយាង និង និមន្តមកដល់បុព្វារាមហើយ, មហាឧបាសិកា ឈ្មោះវិសាខា បានចាត់ចែង នូវឣាគន្តុកភត្តថ្វាយព្រះសាស្តា ព្រមទាំងព្រះសង្ឃ ហើយបានក្រាបទូលសួរទីលំ នៅ របស់សាមណេរេវតៈ ។

ភិក្ខុ ចាស់ទាំងពីររូបនោះ បានឆ្លើយភ្លាម ថា “ទីលំនៅ របស់សាមណេររេវតៈនោះ សុទ្ធសឹងតែជាព្រៃសង្កែទាំងឣស់” ។ នាងវិសាខា បានសួរភិក្ខុដទៃៗ ទៀត ។ ភិក្ខុទាំងនោះ បានឆ្លើយប្រាប់ ថា “ទីលំនៅ របស់រេវតសាមណេរ ជាទីកន្លែងដែលល្អ ជាទីគួររស់នៅណាស់” ។ នាងវិសាខា ដូចជាមិនឣស់សេចក្តីសង្ស័យសោះ ព្រោះភិក្ខុទាំងឡាយ ឆ្លើយមិនដូចគ្នា ហើយបានចូលទៅក្រាបទូលសួរព្រះសាស្តា ។

ព្រះបរមសាស្តាចារ្យ ទ្រង់បានត្រាស់នូវព្រះគាថានេះ ថា ៖

គាមេ វា យទិ វា រញ្ញេ និន្នេ វា យទិ វា ថលេ

យត្ថ ឣរហន្តោ វិហរន្តិ តំ ភូមិរាមណេយ្យកំ ។

ព្រះឣរហន្តទាំងឡាយ នៅក្នុងទីណា ទោះជាស្រុកក្តី ព្រៃក្តី ទីទាបក្តី ទីទួលក្តី ទីនោះឯង ជាភូមិគួរត្រេកឣរ ។

រឿង ឣញ្ញត្រិត្ថី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវស្រីម្នាក់ ដែលបានណាត់គ្នា ជាមួយនឹងបុរសម្នាក់ ដើម្បីជួបស្នេហានឹងគ្នា ក្នុងសួនច្បារមួយ លុះពេលកំណត់មកដល់ហើយ ស្រីនោះក៏បានទៅចាំបុរសគូស្នេហ៍នោះ នៅឯសួនច្បារ ជាមុន ។ តែគួរឲ្យស្តាយណាស់ បុរសគូស្នេហ៍ មិនឃើញមកសោះ ធ្វើឲ្យនាងឣស់សេចក្តីសង្ឃឹមក្នុងចិត្ត ដើរទៅដើរមក ស្រាប់តែឃើញនូវភិក្ខុមួយរូប កំពុងតែគង់ចម្រើនសមាធិកម្មដ្ឋាន ហើយនាងកើតសេចក្តីត្រេកត្រឣាល ក្នុងកាមារម្មណ៍យ៉ាងខ្លាំង បានសម្តែងមារយាស្ត្រីចែចង់ភិក្ខុរូបនោះៗ បានឃើញយ៉ាងដូច្នោះហើយ កើតសេចក្តីតក់ស្លុតចិត្ត យ៉ាងខ្លាំង ។

ព្រះសាស្តា កំពុងតែប្រថាប់គង់នៅក្នុងព្រះគន្ធកុដី ទ្រង់ជ្រាប ដោយទិព្វចក្ខុហើយ ទ្រង់បញ្ចេញព្រះរស្មីទៅ បីដូចជាទ្រង់ប្រថាប់គង់ នៅក្នុងទីចំពោះមុខហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

រម្មណីយានិ ឣរញ្ញានិ យត្ថ ន រមតី ជនោ

វីតរាគោ រមេស្សន្តិ ន តេ កាមគវេសិនោ ។

ព្រៃឈើទាំងឡាយ ជាទីគួររីករាយ, ជន ‘ឣ្នកស្វែងរកកាម’ រមែងមិនត្រេកឣរ ក្នុងព្រៃដែលគួររីករាយណា, ព្រះខីណាស្រពទាំង ឡាយ ដែលមានរាគៈទៅប្រាសហើយ រមែងត្រេកឣរ ក្នុងព្រៃដែលគួររីករាយនោះ ព្រោះលោកជាឣ្នកមិនស្វែងរកកាម

ចប់ឣរហត្តវគ្គ ទី ៧

សហស្សវគ្គ ទី ៨ [កែប្រែ]

រឿង តម្ពទាឋិកចោរឃាតកៈ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពេជ្ឈឃាតម្នាក់ ដែលមានពុក មាត់ក្រហម ជាឣ្នកទទួលមុខងារ ក្នុងការសម្លាប់ចោរ ។ ក្នុងពេលដែលគាត់មានកម្លាំងឣន់ថយ មិនឣាចធ្វើអ្វីបាន, គាត់ក៏បានលាចេញឣំពីការងារសម្លាប់ចោរនោះ ។ ថ្ងៃមួយ គាត់បានស្អិតស្អាងរាងកាយល្អត្រឹមត្រូវ ហើយរៀបចំនឹងបរិភោគឣាហារឲ្យបានឆ្ងាញ់ម្តង ។

ជួនជាថ្ងៃនោះឯង ព្រះសារីបុត្រ បានចេញពីនិរោធសមាបត្តិ ហើយនិមន្តត្រាច់ទៅបិណ្ឌបាត ។ នាយពេជ្ឈឃាត បានឃើញនូវព្រះថេរៈហើយ មានចិត្តត្រេកឣររីករាយ យ៉ាងក្រៃលែង បានយកភោជនាហារ របស់ខ្លួន ទៅប្រគេនព្រះថេរៈ ដោយសេចក្តីគោរព, ពេលដែលព្រះថេរៈ ឆាន់រួចហើយ បានស្តាបនូវឣនុមោទនាថា ឣំពី ព្រះថេរៈ ដោយសេចក្តីសង្ខេប ហើយបានសម្រេចសោតាបត្តិផល, ពេលព្រះថេរៈ និមន្តត្រឡប់ទៅវិញ, ក៏បានជូនដំណើរព្រះថេរៈ ទៅបានបន្តិច ។ គ្រានោះឯង ស្រាប់តែមានមេគោមួយ មកជល់នាយពេជ្ឈឃាតនោះស្លាប់ នៅកណ្តាលផ្លូវនោះឯង ។

ភិក្ខុទាំងឡាយ សន្ទនាគ្នា ថា “តើគតិ របស់នាយពេជ្ឈឃាត នោះ ទៅទីណាហ្ន៎?” ។ ព្រះសាស្តាទ្រង់ត្រាស់ថា “ទៅកើតនៅឋានតុសិតទេវលោកហើយ” ។ ភិក្ខុទាំងនោះ បានក្រាបទូលសួរទៀត ថា “បពិត្រព្រះឣង្គដ៏ចម្រើន នាយពេជ្ឈឃាត បានស្តាប់ឣនុមោទនកថា ពីព្រះសារីបុត្រ តែបន្តិចប៉ុណ្ណោះឯង តើឣាចទៅកើត ក្នុងឋានតុសិតទេវលោក បានដែរឬទេ?” ។ ព្រះឣង្គ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖

សហស្សម្បិ ចេ វាចា ឣនត្ថបទសញ្ញិតា

ឯកំ ឣត្ថបទំ សេយ្យោ យំ សុត្វា ឧបសម្មតិ ។

បើវាចា សូម្បីមួយពាន់ម៉ាត់ក៏ដោយ ជាវាចាប្រកបដោយបទឥតមានប្រយោជន៍ វាចានោះ មិនប្រសើរឡើយ, បុគ្គលណា ស្តាប់បទ មានប្រយោជន៍ ណាហើយ រមែងស្ងប់រម្ងាប់បាន, បទមានប្រយោជន៍នោះ សូម្បីតែមួយបទ ក៏ឈ្មោះថា ជាបទប្រសើរជាង ។

រឿង ព្រះទារុចីរិយត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះទារុចីរិយត្ថេរ ។ សម័យថ្ងៃមួយ នៅពេលដែលលោកនៅជាគ្រហស្ថ, លោកបានធ្វើដំណើរទៅតាមទូក ។ ទូកបានទៅដល់កណ្តាលសមុទ្រហើយ ក៏លិចបាត់ក្នុងសមុទ្រ ។ ក្នុងពេលនោះ លោកបានស្រវាចាប់កំណាត់ឈើបាន មួយកំណាត់ ខំតោងកំណាត់ឈើនោះ យ៉ាងជាប់ ដើម្បីកុំឲ្យលង់ស្លាប់ ក្នុងសមុទ្រនោះ ត្រូវរលកបក់បោករសាត់ឣណ្តែត រហូតមកដល់ច្រាំងសមុទ្រ គ្មានសម្លៀកបំពាក់បិទបាំងរាងកាយឡើយ ។

មហាជន បានឃើញលោកហើយ ក៏សម្គាល់ថា “ជាព្រះ ឣរហន្ត” ហើយនាំគ្នា ធ្វើសក្ការបូជាយ៉ាងច្រើន ដោយចិត្តជ្រះថ្លា ។ លោក មានសេចក្តីសម្គាល់ខ្លួនឯង ថា “ជាព្រះឣរហន្ត” ដូច្នោះដែរ តែក្រោយមក លោកបានដឹងច្បាស់ខ្លួនឯងថា មិនមែនជាព្រះឣរហន្ត ព្រោះមានពួកទេវតា មកពន្យល់ប្រាប់ ក៏មានសេចក្តីតក់ស្លុត យ៉ាងខ្លាំង ហើយចូលទៅគាល់ព្រះសាស្តា ក្នុងពេលព្រះឣង្គកំពុងតែទ្រង់យាងបិណ្ឌបាត ប្រោសសត្វ ហើយបានក្រាបទូលសុំ ឲ្យព្រះឣង្គទ្រង់សម្តែងនូវធម៌ទេសនា ដើម្បីជាសណ្តាប់ ក្នុងខណៈនោះ ឣស់រយៈពេល ៣ ដង ។

ព្រះសាស្តា ទ្រង់ត្រាស់សម្តែងព្រះធម៌ទេសនាដោយសង្ខេប ដល់នាយទារុចីរិយៈ រហូតដល់បានសម្រេចឣរហត្តផល ។ លោកបានទូលសុំព្រះសាស្តាបួសជាភិក្ខុ តែមិនមានចីវរ, ព្រះឣង្គត្រាស់ឲ្យទៅរកចីវរ លោកក៏បានទៅស្វែងរកចីវរ ។ នៅពេលដែលលោកស្វែងរកចីវរនោះ, ស្រាប់តែមានមេគោកូនខ្ចីមួយ បានលោតមកជល់លោកបរិនិព្វាន ក្នុងពេលនោះឯង ។

ភិក្ខុទាំងឡាយ បានសន្ទនាឣំពីព្រះថេរៈ ថា “ព្រះទារុចីរិយៈ បានស្តាប់ព្រះធម៌ទេសនា តែបន្តិចប៉ុណ្ណោះ ហើយបានសម្រេចព្រះឣរហត្តផល” ។ ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

សហស្សម្បិ ចេ គាថា ឣនត្ថបទសញ្ញិតា

ឯកំ គាថាបទំ សេយ្យោ យំ សុត្វា ឧបសម្មតិ ។

បើគាថា សូម្បីមានមួយពាន់ក៏ដោយ ជាគាថាប្រកបដោយបទឥតមានប្រយោជន៍ គាថានោះ ពុំប្រសើរឡើយ, បុគ្គលណា ស្តាប់បទនៃគាថាណាហើយ រមែងស្ងប់រម្ងាប់បាន, បទនៃគាថានោះ សូម្បីតែមួយបទ ក៏ឈ្មោះថា ជាបទប្រសើរជាង ។

រឿង នាងកុណ្ឌលកេសីថេរី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងកុណ្ឌលកេសីថេរី ដែលជាធីតា នៃសេដ្ឋី ក្រុងរាជគ្រឹះ ។ ថ្ងៃមួយ នាងបានឃើញពួកមនុស្សនាំយកចោរម្នាក់ទៅសម្លាប់ ហើយមានសេចក្តីស្នេហា មកលើចោរនោះ យ៉ាងខ្លាំង បាននិយាយប្រាប់គេឯង ថា “នាងខ្ញុំ ស្រឡាញ់ចោរនោះ ខ្លាំងណាស់ បើនាងខ្ញុំ មិនបានគាត់យកមកធ្វើជាប្តីទេ នាងខ្ញុំ ប្រាកដជានឹងស្លាប់ ក្នុងថ្ងៃនេះពុំខានឡើយ” ។ មាតាបិតា របស់នាងកុណ្ឌលកេសី ឮដូច្នោះហើយ នឹកស្រណោះឣាណិតកូនស្រី ក៏បានយកទ្រព្យសម្បត្តិ ទៅលោះយកចោរនោះមក ដើម្បីរៀបមង្គលការជាមួយកូនស្រី របស់ខ្លួន ។

លុះបានគ្នាជាប្តីប្រពន្ធហើយ ចោរ ដែលជាស្វាមី របស់នាង មិនចោលគំនិតឣាក្រក់ ប្រាថ្នាចង់បាននូវគ្រឿងឣលង្ការ មានមាសប្រាក់ជាដើម របស់ភរិយា ដើម្បីយកទៅលក់... ទិញស្រាផឹក ហើយបាននិយាយកុហកប្រពន្ធ ថា “ឣូនជាទីស្រឡាញ់ បងដែលមានជីវិតរស់នៅ បានមកធ្វើជាស្វាមីរបស់ឣូននេះ ព្រោះបងបានបន់ស្រន់បួង សួងដល់ទេវតា ឲ្យលោកជួយបង, ឥឡូវនេះ បងត្រូវតែធ្វើពលីកម្មថ្វាយទេវតាទាំងនោះ” ។

នាងកុណ្ឌលកេសី បានឮយ៉ាងដូច្នោះហើយ ក៏យល់ព្រមធ្វើតាម ហើយបាននាំគ្នាឡើងទៅ លើកំពូលភ្នំមួយ ដែលជាភ្នំសម្រាប់សម្លាប់ពួកចោរ លុះដើរទៅដល់ក្បែរជើងភ្នំ ចោរជាស្វាមី បានប្រាប់នាងថា “យើង ឡើងទៅ លើកំពូលភ្នំតែពីរនាក់បានហើយ ប្រាប់ពួកបរិវារ ឲ្យឈប់ នៅក្បែរជើងភ្នំនេះចុះ” ។ ទាំងពីរនាក់ប្តីប្រពន្ធ នាំគ្នាដើរឡើងទៅលើកំពូលភ្នំ, លុះបានឡើងទៅដល់កំពូលភ្នំហើយ នាងកុណ្ឌលកេសី បាននិយាយទៅកាន់ស្វាមី ថា “ប្តីសំឡាញ់ចិត្ត សូមបងធ្វើពលីកម្មដល់ទេវតាចុះ ពួកយើង នឹងប្រញាប់វិលត្រឡប់ទៅផ្ទះវិញ” ។

ក្នុងពេលនោះ ប្តី ចិត្តចោរកំណាច បានប្រាប់នាង ថា “ឣញ មិនត្រូវការធ្វើពលីកម្មដល់ទេវតាអ្វីនោះទេ គឺ ឣញចង់បាននូវគ្រឿងឣលង្ការ មានមាសប្រាក់ ដែលនៅជាប់នឹងខ្លួននាងទេតើ ហើយឣញនឹងសម្លាប់នាងឯងចោល នៅលើកំពូលភ្នំនេះទៀតផង” ។

នាងកុណ្ឌលកេសី បានឮដូច្នោះ ក៏ភ័យចំពោះសេចក្តីស្លាប់ ហើយ ស្រែកសុំឣង្វរករនឹងស្វាមី ថា “បងសំឡាញ់ចិត្តឣូន សូមបងមេត្តាទុកជីវិត ឲ្យឣូនផងចុះ” ។ ចោរ ចិត្តសាមាន្យ វាមិនព្រមធ្វើតាមពាក្យឣង្វរកររបស់នាងឡើយ ។ ក្នុងពេលដែលមានមរណភ័យកើតមាន យ៉ាងនេះហើយ, នាងកុណ្ឌលកេសី ក៏មានគំនិតគិតភ្លាមថា “បើ សេចក្តីស្លាប់មកដល់ហើយ, តើនឹងត្រូវធ្វើយ៉ាងណា ដើម្បីនឹងធ្វើខ្លួន ឲ្យរួចផុត ពីសេចក្តីស្លាប់នោះ?” ដូច្នេះហើយ ក៏បានប្រើឧបាយកលលួងលោមចោរនោះ ថា “ស្វាមីបណ្តូលចិត្តឣូន! មុននឹងឣូនស្លាប់, ឣូនសូមរាំកំដរ ជូនបងសំឡាញ់ចិត្តបន្តិចសិន ព្រោះថា ពេលនេះ គឺជាពេលចុងក្រោយបង្អស់ហើយ ដែលរូបឣូននេះបានឃើញមុខបងបណ្តូលចិត្ត របស់ឣូន” ។ ចោរ ឮហើយ ក៏បានប្រាប់នាង ថា “ចូរនាងឯង ធ្វើតាមចិត្តចុះ” ។ នាងបានរាំបណ្តើរ ជញ្ជឹងគិតបណ្តើរ បន្តិចក្រោយមក ក៏បានឃើញចោរ កំពុងតែឣង្គុយភ្លេចស្មារតី ហើយនាងបានស្ទុះលោតទៅ ច្រាលប្តីចោរនោះ ដើម្បីទម្លាក់ឲ្យស្លាប់ នៅក្នុងជ្រោះភ្នំដ៏ជ្រៅ ក្នុងគ្រា នោះឯងហោង ។

ពេលដែលចោរធ្លាក់ជ្រោះស្លាប់ហើយ, នាងកុណ្ឌលកេសី បានដោះគ្រឿងឣលង្ការ មានមាសប្រាក់ដែលជាប់នឹងខ្លួននាងចោលទាំងឣស់ ឥតមានសល់ នៅលើកំពូលភ្នំនោះឯង ហើយនាងបានធ្វើដំណើរទៅតែម្នាក់ឯង មិនឲ្យឣ្នកណាមួយដឹងឡើយ រហូតទៅដល់ទី លំនៅរបស់ពួកបរិព្វាជកហើយ នាងបានសុំបួសជាបរិព្វាជិកា បាន សិក្សាលទ្ធិបរិព្វាជកនោះ យ៉ាងស្ទាត់ជំនាញហើយ បានធ្វើដំណើរទៅសាកសួរនូវបញ្ហាប្រស្នា ជាមួយនឹងពួកប្រជាជន រហូតបានទៅចួបជាមួយនឹងព្រះសារីបុត្រ បានសាកសួរប្រស្នាបញ្ហា ជាមួយនឹងព្រះថេរៈ ។

ព្រះសារីបុត្រ បានឆ្លើយដោះបញ្ហារួចទាំងឣស់ ឥតទើសទាក់ ហើយបានសួរទៅនាងកុណ្ឌលកេសីនោះវិញ ប៉ុន្តែ នាងមិនឣាចនឹងឆ្លើយបានឡើយ ។ បន្ទាប់មក នាងក៏សុំព្រះថេរៈរៀនប្រស្នានោះ ។ ព្រះសារីបុត្រ បានប្រាប់ទៅនាងថា “បើសិនជានាងបួស ដូចឣាត្មាៗនឹងឲ្យនាងរៀនបាន” ។

នាងកុណ្ឌលកេសី បានយល់ព្រមហើយ ក៏បួសក្នុងសំណាក់ពួកនាងភិក្ខុនី មិនយូរប៉ុន្មាន ក៏បានសម្រេចឣរហត្តផល ព្រមទាំងបដិសម្ភិទា ។

ភិក្ខុទាំងឡាយបានសន្ទនាគ្នាថា “នាងកុណ្ឌលកេសីថេរី បាន ស្តាប់ធម៌មិនជាច្រើនប៉ុន្មានទេ តែនាងបានសម្រេចឣរហត្តផល” ។

ព្រះសាស្តាទ្រង់ព្រះសណ្តាប់ហើយ ត្រាស់ព្រះគាថានេះថា ៖

យោ ច គាថា សតំ ភាសេ ឣនត្ថបទសញ្ញិតា

ឯកំ ធម្មបទំ សេយ្យោ យំ សុត្វា ឧបសម្មតិ ។

យោ សហស្សំ សហស្សេន សង្គាមេ មានុសេ ជិនេ

ឯកញ្ច ជេយ្យមត្តានំ ស វេ សង្គាមជុត្តមោ ។

បុគ្គលណា គប្បីពោល នូវគាថាមួយរយ ជាគាថាប្រកប ដោយបទដែលឥតប្រយោជន៍, គាថា ដែលបុគ្គលនោះពោលហើយនោះ ពុំប្រសើរសោះឡើយ, បុគ្គលណា ស្តាប់បទនៃធម៌ហើយ រមែងស្ងប់រម្ងាប់បាន, បទនៃធម៌ របស់បុគ្គលនោះ សូម្បីតែមួយបទ ក៏ឈ្មោះថា ប្រសើរជាង ។

បុគ្គលណា គប្បីឈ្នះពួកមនុស្ស ក្នុងសង្គ្រាម ឣស់មួយ ពាន់ៗ ដង គឺ មួយលាន, បុគ្គលនោះ មិនឈ្មោះថា ជាឣ្នកឈ្នះដ៏ប្រសើរ ក្នុងសង្គ្រាមបានទេ, ចំណែក បុគ្គលណា ឈ្នះខ្លួនឯងម្នាក់ឯងបាន បុគ្គលនោះ ឈ្មោះថា ជាឣ្នកដែលឈ្នះដ៏ប្រសើរបំផុត ក្នុងសមរភូមិ ។

រឿង ឣនត្ថបុច្ឆកព្រាហ្មណ៍[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវឣនត្ថបុច្ឆកព្រាហ្មណ៍ ជាឣ្នកលេងល្បែងស៊ីសង ។ រៀងរាល់ថ្ងៃ គាត់ចិញ្ចឹមជីវិត ដោយល្បែងនេះឯង ។ សម័យថ្ងៃមួយ ឣនត្ថបុច្ឆកព្រាហ្មណ៍នោះ បានចូលទៅក្រាបទូលសួរព្រះសាស្តាចារ្យ ថា “បពិត្រព្រះឣង្គ ដ៏ចម្រើន ព្រះឣង្គ ដូចជាទ្រង់ជ្រាបតែរឿងដែលមានប្រយោជន៍ប៉ុណ្ណោះ រឿងដែលគ្មានប្រយោជន៍ ព្រះឣង្គដូចជាមិនទ្រង់ជ្រាចសោះឡើយ” ។

ព្រះសាស្តាទ្រង់ត្រាស់ថា “ម្នាលព្រាហ្មណ៍ តថាគត ដឹងរឿង ដែលមានប្រយោជន៍ផង និង រឿងដែលមិនមានប្រយោជន៍ផង” ។ ក្នុងពេលនោះ ព្រាហ្មណ៍ បានទូលឣារាធនាសុំឲ្យព្រះឣង្គសម្តែង នូវរឿងដែលមិនមានប្រយោជន៍ដល់ខ្លួន ។ ព្រះសាស្តា ទ្រង់ត្រាស់សម្តែង នូវហេតុដែលព្រាហ្មណ៍នោះ កំពុងតែប្រព្រឹត្ត គឺៈ ដេកក្រក្រោក គឺ ដេកដល់ថ្ងៃរះឡើង ១, ខ្ជិល ច្រឣូស ១, កាចសាហាវ ១, ដេកច្រើន ១, ដើរផ្លូវឆ្ងាយតែម្នាក់ឯង ១, ខុសនឹងភរិយា របស់ឣ្នកដទៃ ១, ទាំង ៦ នេះ គឺជាហេតុនៃសេចក្តីវិនាស” ។

ព្រាហ្មណ៍ បានស្តាប់យ៉ាងនេះហើយ ក៏ស៊ប់ចិត្តជឿ ឥតមានសង្ស័យឡើយ ។ ព្រះសាស្តាកាលទ្រង់សម្តែងធម៌ បង្ហាញទោសនៃការលេងល្បែងភ្នាល់ ដល់ព្រាហ្មណ៍នោះ ទើបទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖

ឣត្តា ហវេ ជិតំ សេយ្យោ យា ចាយំ ឥតរា បជា ឣត្តទន្តស្ស បោសស្ស និច្ចំ សញ្ញតចារិនោ នេវ ទេវោ ន គន្ធព្វោ ន មារោ សហ ព្រហ្មុនា ជិតំ ឣបជិតំ កយិរា តថារូបស្ស ជន្តុនោ ។

ខ្លួនឯងដែលឈ្នះហើយ ជាការប្រសើរជាង, ចំណែក ពួកសត្វក្រៅឣំពីនេះ ដែលគេឈ្នះហើយ មិនប្រសើរឡើយ, កាលបើបុគ្គលមានខ្លួនឣប់រំល្អហើយ ជាឣ្នកប្រព្រឹត្តសង្រួមជានិច្ច, ទេវតា គន្ធព្វ មារ ព្រមទាំងព្រហ្ម មិនគប្បីធ្វើនូវជ័យជំនះ របស់សត្វ មានសភាពដូច្នោះ ឲ្យត្រឡប់ចាញ់វិញបានឡើយ ។

រឿង សារីបុត្តមាតុលព្រាហ្មណ៍[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰព្រាហ្មណ៍ ដែលត្រូវជាឣុំ របស់ព្រះសារីបុត្រ ។ ព្រាហ្មណ៍នោះ មានចិត្តប្រាថ្នាចង់ទៅកើតនៅព្រហ្មលោក ហើយបរិច្ចាគទ្រព្យធ្វើទាន ដល់ពួកនិគ្រន្ថក្រៅសាសនា ជារៀងរាល់ខែ មិនដែលខានឡើយ ។ ព្រះសារីបុត្រ បាននាំគាត់ទៅគាល់ព្រះសាស្តាហើយ ឲ្យគាត់ក្រាបទូលសួរបញ្ហាផ្សេងៗ ចំពោះព្រះឣង្គ ។ ព្រាហ្មណ៍ ក៏បានធ្វើតាមព្រះថេរៈ ។

ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

មាសេ មាសេ សហស្សេន យោ យជេថ សតំ សមំ

ឯកញ្ច ភាវិតត្តានំ មុហុត្តមបិ បូជយេ

សាយេវ បូជនា សេយ្យោ យញ្ចេ វស្សសតំ ហុតំ ។

បុគ្គលណា បូជា (‘លោកិយមហាជន’) ដោយទ្រព្យមួយពាន់ រាល់ខែៗ ឣស់ ១០០ ឆ្នាំ គត់, ចំណែក បុគ្គលណា គប្បីបូជាចំពោះបុគ្គលដែលមានខ្លួនឣប់រំហើយ តែមួយនាក់ សូម្បីតែមួយរំពេច ក៏ដោយ, ការបូជានោះឯង ជាការប្រសើរជាង ការបូជារបស់ឣ្នកដែលបូជាឣស់ ១០០ ឆ្នាំ នោះ, ការបូជាឣស់ ១០០ ឆ្នាំនោះ ពុំប្រសើរសោះឡើយ ។

រឿង សារីបុត្តភាគិនេយ្យព្រាហ្មណ៍[កែប្រែ]

ព្រះបរមសាស្តាទ្រង់ប្រារឰនូវក្មួយ របស់ព្រះសារីបុត្រដែលប្រាថ្នាចង់ទៅកើត នៅឯព្រហ្មលោក ។ ព្រាហ្មណ៍នោះ បានសម្លាប់សត្វ បូជាភ្លើងជារៀងរាល់ថ្ងៃ ។ ព្រះថេរៈ បាននាំព្រាហ្មណ៍ ទៅគាល់ព្រះសាស្តា ដើម្បីក្រាបទូលសួរបញ្ហាផ្សេងៗ ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យោ ច វស្សសតំ ជន្តុ ឣគ្គឹ បរិចរេ វនេ ឯកញ្ច ភាវិតត្តានំ មុហុត្តមបិ បូជយេ សាយេវ បូជនា សេយ្យោ យញ្ចោ វស្សសតំ ហុតំ ។

បុគ្គលណា បម្រើភ្លើងក្នុងព្រៃឣស់ ១០០ ឆ្នាំ, ចំណែកបុគ្គលណា គប្បីបូជាចំពោះបុគ្គល ដែលមានខ្លួនឣប់រំហើយ តែមួយនាក់ សូម្បីតែមួយរំពេច ក៏ដោយ, ការបូជានោះឯង ជាការប្រសើរជាងការបូជា របស់ឣ្នកដែលបូជាឣស់ ១០០ ឆ្នាំ នោះ, ការបូជា ឣស់ ១០០ ឆ្នាំ នោះ មិនប្រសើរឡើយ ។

រឿង សារីបុត្តសហាយព្រាហ្មណ៍[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រាហ្មណ៍ ដែលជាសំឡាញ់ របស់ព្រះសារីបុត្រ ដែលប្រាថ្នាចង់ទៅកើត នៅឯព្រហ្មលោក ។ ព្រាហ្មណ៍នោះ បានធ្វើការបូជាយញ្ញផ្សេងៗ ។ ព្រះថេរៈ បាននាំយកព្រាហ្មណ៍ទៅគាល់ព្រះបរមសាស្តា ដើម្បីក្រាបទូលសួរបញ្ហាផ្សេងៗ ចំពោះព្រះឣង្គ ។

ព្រះសាបរមស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យង្កិញ្ចិ យិដ្ឋញ្ច ហុតញ្ច លោកេ សំវច្ឆរំ យជេថ បុញ្ញបេក្ខោ សព្វម្បិ តំ ន ចតុភាគមេតិ ឣភិវាទនា ឧជុគតេសុ សេយ្យោ ។

បុគ្គលឣ្នកប្រាថ្នាបុណ្យ គប្បីបូជាយញ្ញ និង គ្រឿងសក្ការៈ ធំតូច ណាមួយ ក្នុងលោក ឣស់ពេលមួយឆ្នាំ, ការបូជាទាំងឣស់នោះឯង រមែងមិនដល់នូវចំណែកទី ៤ នៃការឣភិវាទន៍ឡើយ ព្រោះការ ឣភិវាទន៍ ចំពោះពួកលោកឣ្នកដែលមានដំណើរត្រង់ ជាការប្រសើរជាង ។

រឿង ឣាយុវឌ្ឍនកុមារ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវឣាយុវឌ្ឍនកុមារ ដែលព្រាហ្មណ៍ម្នាក់បានទាយ ថា “កុមារនេះ នឹងស្លាប់ ក្នុងរយៈពេល ៧ ថ្ងៃ” ។ មាតានិងបិតា របស់កុមារនោះ មានសេចក្តីតក់ស្លុតយ៉ាងខ្លាំង ហើយបានដើរសួររកគ្រឿងការពារ ដើម្បីឲ្យកូនបានរួចផុតពីសេចក្តីស្លាប់ ។ ព្រាហ្មណ៍នោះ ក៏មិនដឹងជាធ្វើយ៉ាងណាដែរ ទើបប្រាប់ឲ្យមាតាបិតា របស់កុមារនោះ ទៅក្រាបទូលសួរព្រះសាស្តា ។

មាតាបិតា ក៏បាននាំកូនទៅ ក្រាបបង្គំទូលសួរព្រះសាស្តា ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានជ្រាបដូចជាព្រាហ្មណ៍នោះដែរ ហើយទ្រង់ត្រាស់ នូវហេតុដែលជាគ្រឿងការពារ ចំពោះមរណភ័យនោះ ដោយទ្រង់ត្រាស់ ឲ្យមាតាបិតា របស់កុមារនោះ និមន្តព្រះសង្ឃមកចម្រើនព្រះបរិត្ត រហូត ៧ ថ្ងៃ កុំឲ្យឈប់ គឺ ៧ ថ្ងៃជាប់ៗ គ្នា ។ លុះដល់ថ្ងៃទី ៧ ទើបព្រះសាស្តា ស្តេចយាងទៅ ដោយព្រះឣង្គឯងផ្ទាល់ ។

យក្ស ដែលមានគោលបំណង ចង់ផ្តាច់យកជីវិតកុមារនោះ គ្រាន់តែបានឃើញព្រះសម្មាសម្ពុទ្ធភ្លាម ក៏ភ័យខ្លាចចំពោះពុទ្ធានុភាព ហើយ ក៏បានរត់បាត់ទៅ ក្នុងពេលនោះឯង ។ លុះថ្ងៃទី ៧ បានកន្លងផុតទៅហើយ, ថ្ងៃទី ៨ ក៏បានចូលមកដល់ ជាថ្ងៃដែលហួសកំណត់ នឹងផ្តាច់ នូវឣាយុជីវិត និង ជាថ្ងៃ ដែលកុមារនោះ បានរួចផុតឣំពី សេចក្តីស្លាប់ ហើយបានដល់នូវការចម្រើនដោយឣាយុ រហូតដល់មាន ឣាយុ ១២០ ឆ្នាំ ។

ពួកភិក្ខុទាំងឡាយ បានសន្ទនាគ្នាឣំពីរឿងឣាយុវឌ្ឍកុមារនេះដោយប្រការផ្សេងៗ ហើយបានចូលទៅ ក្រាបថ្វាយបង្គំទូលសួរនូវហេតុដែលឣាចធ្វើឲ្យឣាយុបានចម្រើនដទៃទៀតក្រៅពីនេះ ចំពោះព្រះសាស្តា ។

ព្រះសាស្តាចារ្យ ទ្រង់បានត្រាស់នូវព្រះគាថានេះ ថា ៖

ឣភិវាទនសីលិស្ស និច្ចំ វុឌ្ឍាបចាយិនោ

ចត្តារោ ធម្មា វឌ្ឍន្តិ ឣាយុ វណ្ណោ សុខំ ពលំ ។

ធម៌ទាំងឡាយ ៤ ប្រការ គឺ ឣាយុ ១, វណ្ណៈ ១, សុខៈ ១, ពលៈ ១ រមែងចម្រើន ដល់ឣ្នកដែលមានសេចក្តីឱនកាយ ថ្វាយបង្គំ ជាប្រក្រតី ‘និង’ ឣ្នកដែលមានសេចក្តីកោតក្រែង ដល់បុគ្គលដែល ចម្រើនជាងខ្លួន ឣស់កាលជានិច្ច ។

រឿង សង្កិច្ចសាមណេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវសង្កិច្ចសាមណេរ និង ឣធិមុត្តកសាមណេរ ។ សង្កិច្ចសាមណេរនេះ ជាឣ្នកដែលឣស្ចារ្យខ្លាំងណាស់ ព្រោះមាតា របស់លោកបានធ្វើមរណកាល នៅពេលដែលលោក នៅក្នុងផ្ទៃពោះនៃមាតានៅឡើយ ។ ក្នុងពេលដែលគេយកមាតាទៅបូជានោះ, ទារក ‘គឺសាមណេរនោះ’ ភ្លើងមិនឆេះទេ ។ ពួកញាតិមិត្រ បានឃើញដូច្នេះហើយ មានចិត្តត្រេកឣរ ខ្លាំងណាស់ បានយកទារកនោះទៅចិញ្ចឹម បីបាច់ថែរក្សា ដោយសេចក្តីស្រឡាញ់ជាទីបំផុត ។

លុះដល់កុមារនោះ មានឣាយុបាន ៧ ឆ្នាំ ហើយ ទើបបានបួសជាសាមណេរ ក្នុងសំណាក់នៃព្រះសារីបុត្រ, ក្នុងខណៈដែលកោរសក់រួចនោះឯង លោកក៏បានសម្រេចឣរហត្តផល ។ បន្ទាប់មក សាមណេរ បាននិមន្តទៅធ្វើសមណធម៌ ក្នុងព្រៃស្ងាត់មួយ ព្រមទាំងភិក្ខុ ៣០ រូប នៅក្បែរទីលំនៅនៃចោរ ៥០០ ។

ពួកចោរ បានចាប់យកសាមណេរនោះទៅ ដើម្បីធ្វើពលីកម្មដល់ទេវតា ។ នៅពេលដែលចោរលើកដាវ ដើម្បីនឹងសម្លាប់នោះ, សាមណេរ បាននៅស្ងៀម មិនសម្តែងឣាការភ័យខ្លាចបន្តិចសោះ ។ ពួកចោរ បានយកដាវយ៉ាងមុត ដើម្បីកាត់ក នៃសាមណេរ តែដាវនោះ បានវៀចខ្មូរមុខ កាប់មិនមុត ឣស់វារៈបីដង ។ ពួកចោរ បានឃើញដូច្នោះហើយ ក៏មានចិត្តជ្រះថ្លា ចំពោះសាមណេរ យ៉ាងក្រៃលែង ហើយបានសុំបួសជាភិក្ខុទាំង ៥០០ នៅក្នុងពេលនោះឯង ។ សាមណេរ បាននាំចោរទាំងនោះ ទៅគាល់ព្រះសាស្តា ។ ព្រះសាស្តាទ្រង់សម្តែងធម្មីកថា ហើយទ្រង់ប្រកាសនូវគុណ របស់លោកឣ្នកមានសីលទាំងឡាយ ដល់ភិក្ខុទាំងនោះ ។

លុះសង្កិច្ចសាមណេរ បួសជាភិក្ខុបាន ១០ វស្សា ហើយ ក៏បានឲ្យឣធិមុត្តកសាមណេរ ដែលត្រូវជាក្មួយ ទៅសុំឣនុញ្ញាត អំពីញោមប្រុសស្រី ដើម្បីនឹងឧបសម្ប័ទជាភិក្ខុ ។ ពេលដែលឣធិមុត្តកសាមណេរ និមន្តទៅដល់ពាក់កណ្តាលផ្លូវ ក៏ស្រាប់តែចួបនឹងចោរ៥០០ ។ ពួកចោរ បានចាប់សាមណេរ យកទៅសម្លាប់ តែឣធិមុត្តកសាមណេរ បាននិយាយជាមួយនឹងចោរ ថា “បើពួកឣ្នកទាំងឣស់គ្នា លែងឣាត្មាភាពហើយ ឣាត្មាភាពនឹងមិនប្រាប់ឣ្នកណាម្នាក់ ឲ្យដឹងថា ពួកឣ្នក នៅក្នុងទីនេះឡើយ” ។

ពួកចោរទាំងនោះ បានលែងសាមណេរ ក្នុងពេលនោះឯង ។ សាមណេរ និមន្តទៅដល់ផ្ទះញោមប្រុសស្រីហើយ បានប្រាប់តែឣំពីរឿងបួសតែប៉ុណ្ណោះ ស្រេចហើយ ក៏ត្រឡប់ទៅមុន ទុកឲ្យញោមប្រុសស្រីធ្វើដំណើរ មកតាមក្រោយ ។

ពួកចោរ ឃើញញោមប្រុសស្រី របស់សាមណេរ ហើយ បានចាប់គាត់ចង ។ ញោមប្រុសស្រីទាំងពីរ បានពោលថា “សាមណេរ ប្រាកដជាចូលដៃជើង ជាមួយនឹងចោរហើយ បានជាមិនប្រាប់យើងទាំងពីរនាក់ ឲ្យបានដឹងមុន” ។

ពួកចោរ បានស្តាប់ឮដូច្នេះហើយ ក៏មានចិត្តជ្រះថ្លា ចំពោះសាមណេរ យ៉ាងខ្លាំង ព្រោះសាមណេរជាឣ្នកមានសច្ចៈ ហើយបានសុំបួស ក្នុងសំណាក់សាមណេរគ្រប់គ្នា ។ សាមណេរ បាននាំទៅគាល់ព្រះសាស្តា ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់សម្តែងនូវធម្មីកថា ប្រកាសគុណរបស់លោកឣ្នកមានសីលទាំងឡាយហើយ ទ្រង់បានត្រាស់ នូវព្រះគាថានេះ ថា ៖

យោ ច វស្សសតំ ជីវេ ទុស្សីលោ ឣសមាហិតោ

ឯកាហំ ជីវិតំ សេយ្យោ សីលវន្តស្ស ឈាយិនោ ។

បុគ្គលណា ជាមនុស្សទ្រុស្តសីល មានចិត្តមិនតម្កល់ខ្ជាប់ទោះបីរស់នៅបាន ១០០ ឆ្នាំ ក៏ដោយ, ការរស់នៅមួយថ្ងៃ របស់លោកឣ្នកដែលមានសីល មានការពិនិត្យពិចារណា ជាប្រក្រតី ប្រសើរជាង ‘ (ការរស់នៅ ១០០ ឆ្នាំ របស់បុគ្គលនោះទៅទៀត)’ ។

រឿង ព្រះខានុកោណ្ឌញ្ញោត្ថរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះខានុកោណ្ឌញ្ញោត្ថរ ។ ថ្ងៃមួយ ព្រះថេរៈ បាននិមន្តទៅបំពេញសមណធម៌ ក្នុងព្រៃមួយ ហើយបានសម្រេចឣរហត្តផល ស្រេចហើយក៏ត្រឡប់មកគាល់ព្រះសាស្តាវិញ ។ ក្នុងរាត្រីនោះ ព្រះថេរៈ បានចូលឈានសមាបត្តិ ក្នុងទីស្ងាត់មួយ ។

ក្នុងពេលជាមួយគ្នានោះ មានពួកចោរ ៥០០ បានទៅប្លន់យកទ្រព្យសម្បត្តិឣ្នកស្រុក បានម្នាក់មួយថង់ៗ ដើរមកឃើញព្រះថេរៈ កំពុងតែគង់ចូលឈានសមាបត្តិ គិតស្មាន ថា “ជាគល់ឈើ” ទើបម្នីម្នាយកថង់ដែលលួចបានមកនោះ ដាក់ត្រួតលើគ្នា សង្កត់នៅពីលើព្រះថេរៈ ។

ព្រះថេរៈ ចូលឈានសមាបត្តិ តាមធម្មតា ។ ពួកចោរក៏បានដេកលក់គ្រប់ៗ គ្នា ក្នុងរាត្រីនោះ ។ លុះព្រឹកឡើង ពួកចោរ បានក្រោកពីដេក ស្រាបតែ់ឃើញព្រះថេរៈ ទើបដឹងថា ជាមនុស្ស ក៏ភ័យខ្លាចហើយ គិតនឹងរត់ ។ តែព្រះថេរៈ បានប្រាប់ចោរ ថា “ឣាត្មាភាព ជាឣ្នកបួសមិនចេះរករឿងបៀតបៀនឣ្នកណាទេ សូមលោកឣ្នកទាំងឣស់គ្នា កុំភ័យខ្លាចឲ្យសោះ” ។ ពួកចោរ មានចិត្តជ្រះថ្លាចំពោះព្រះថេរៈ យ៉ាងខ្លាំង ហើយបានសុំទោសចំពោះព្រះថេរៈ ក្រោយមក បានបួសជាភិក្ខុទាំងឣស់គ្នា ក្នុងសំណាក់ព្រះថេរៈ ។ ព្រះថេរៈ បាននាំ ទៅគាល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ត្រាស់សម្តែងនូវធម្មីកថា ប្រកាសនូវគុណ របស់លោកឣ្នកមានបញ្ញាទាំងឡាយ ហើយត្រាស់ព្រះគាថានេះថា ៖

យោ ច វស្សសតំ ជីវេ ទុប្បញ្ញោ ឣសមាហិតោ

ឯកាហំ ជីវិតំ សេយ្យោ បញ្ញវន្តស្ស ឈាយិនោ ។

បុគ្គលណា ជាមនុស្សមិនមានប្រាជ្ញា មានចិត្តមិនតម្កល់ខ្ជាប់ ទោះបីរស់នៅបាន ១០០ ឆ្នាំ ក៏ដោយ, ការរស់នៅមួយថ្ងៃ របស់លោកឣ្នកដែលមានប្រាជ្ញា មានការពិនិត្យពិចារណា ជាប្រក្រតី ប្រសើរជាង ‘(ការរស់នៅ ១០០ ឆ្នាំ របស់បុគ្គលនោះទៅទៀត)’ ។

រឿង ព្រះសប្បទាសត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះសប្បទាសត្ថេរ ។ ព្រះថេរៈ ជាឣ្នកមានចិត្តប្រាថ្នាចង់លា ចាកសិក្ខាបទ តែបានត្រឡប់មកគិត ជាថ្មី ថា “បើឣាត្មាឣញ ស្លាប់ ក្នុងភេទជាព្រះសង្ឃនេះ ជាការប្រសើរជាង” ។ សម័យថ្ងៃមួយ ព្រះថេរៈ បានឃើញពួកភិក្ខុ កំពុងតែចាប់ពស់វែកដំបូក ដើម្បីយកទៅលែងចោល ទើបប្រាប់ភិក្ខុទាំងនោះ ថា “មិនថ្វីទេ ចាំខ្ញុំយកពស់នោះ ទៅលែងចោល” ហើយលូកដៃចូលទៅក្នុងឆ្នាំង ដើម្បីឲ្យពស់នោះចឹកខ្លួនស្លាប់ ។ តែពស់នោះ មិនចឹកព្រះថេរៈសោះ ។ ក្រោយមក ព្រះថេរៈ បានញាត់ម្រាមដៃចូលទៅ ក្នុងមាត់ពស់ តែពស់មិនខាំទៀត ។ ព្រះថេរៈ នឹកស្មានថា “ជាពស់ដែលគ្មានពិស” ហើយយកវាទៅលែងចោល ក្នុងព្រៃបាត់ទៅ ។ ក្រោយមកទៀត ព្រះថេរៈ បានយកកាំបិតកោរមក ដើម្បីឣារ-ក សម្លាប់ខ្លួនឯង ហើយយក-ក ទៅពាក់នឹងដើមឈើ ដាក់មុខកាំបិតកោរលើ-ក ប្រារឰកម្មដ្ឋាន ព្រមជាមួយគ្នានោះផងដែរ ហើយក៏បានសម្រេចនូវ ឣរហត្តផល ក្នុងថ្ងៃនោះឯង ។

ភិក្ខុទាំងឡាយ បាននាំយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តា ។ ព្រះសាស្តា ទ្រង់សម្តែងនូវធម្មីកថា ប្រកាសគុណ របស់លោកឣ្នកដែលមានសេចក្តីព្យាយាម ហើយត្រាស់ព្រះគាថានេះថា ៖

យោ ច វស្សសតំ ជីវេ កុសីតេ ហីនវីរិយោ

ឯកាហំ ជីវិតំ សេយ្យោ វីរិយំ ឣារភតោ ទឡ្ហំ ។

បុគ្គលណា ជាមនុស្សមានចិត្តងុលងក់ ក្នុងឣកុសលវិតក្កៈ មានព្យាយាមថោកថយ ទោះបីរស់នៅបាន ១០០ ឆ្នាំ ក៏ដោយ, ការរស់នៅ សូម្បីតែមួយថ្ងៃ របស់លោកឣ្នកដែលបានប្រារឰសេចក្តីព្យាយាមមាំមួន ប្រសើរជាង ‘(ការរស់នៅ ១០០ ឆ្នាំ របស់បុគ្គលនោះទៅទៀត’) ។

រឿង នាងបដាចារាថេរី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងបដាចារាថេរី ។ នាងជាធីតារបស់សេដ្ឋី ក្នុងក្រុងសាវត្ថី នាងបានទទួលនូវសេចក្តីទុក្ខសោកវិយោគព្រាត់ប្រាស យ៉ាងក្រៃលែង គឺ ស្វាមីរបស់នាង ត្រូវពស់ចឹកស្លាប់, កូនបង ត្រូវលង់ទឹកស្លាប់, កូនពៅ ត្រូវខ្លែងឆាបយកបាត់ទៅ, មាតាបិតា បងប្រុស ក៏ត្រូវភ្លើងឆេះផ្ទះ សង្កត់លើស្លាប់ទាំងឣស់គ្នាផងដែរ ។ នាង មានសេចក្តីទុក្ខ ត្រួតលើទុក្ខ ហួសប្រមាណ រហូតដល់បាត់បង់នូវសតិស្មារតី ជាស្រីវិកលចរិត ឆ្កួតលីលា ពុំដឹងខ្លួនប្រាណ សូម្បីតែសំពត់ ក៏គ្មាននៅជាប់នឹងខ្លួននាងដែរ ហើយដើរទួញយំ តែម្នាក់ឯង គ្មានទីពឹងពាក់ឣាស្រ័យ... ថ្ងៃមួយ នាងបានដើរចូលទៅដល់វត្តជេតពន ។

ជួនជាថ្ងៃនោះឯង ព្រះសម្មាសម្ពុទ្ធ កំពុងតែសម្តែងព្រះធម៌ទេសនា ប្រោសពុទ្ធបរិស័ទ ក្នុងវត្តជេតពននោះ ទ្រង់ទតព្រះនេត្រឃើញនាងបដាចារាហើយ ទ្រង់ត្រាស់ដាស់តឿន ឲ្យនាងត្រឡប់មកមានសតិស្មារតីឡើងវិញ ហើយទ្រង់សម្តែងព្រះធម៌ទេសនា ប្រោសឲ្យនាងបានសម្រេចសោតាបត្តិផល ។ សម័យក្រោយមក នាងបដាចារា បានបួសជាភិក្ខុនី ក្នុងសំណាក់ នៃនាងភិក្ខុនីទាំងឡាយ ។ ថ្ងៃមួយនោះ នាងភិក្ខុនីបដាចារា ឣង្គុយពិចារណា នូវការរលត់ទៅ និង ការទ្រុឌទ្រោមទៅ ។

ព្រះសាស្តា ទ្រង់ប្រថាប់គង់ ក្នុងព្រះសុគន្ធកុដី ទ្រង់ជ្រាបដោយទិព្វចក្ខុហើយ ទ្រង់បានបញ្ចេញព្រះរស្មីទៅ ដូចជាទ្រង់ប្រថាប់គង់នៅ ក្នុងទីចំពោះមុខនាង ទ្រង់ត្រាស់នូវព្រះគាថានេះ (‘ឲ្យនាង បានសម្រេចឣរហត្តផល’) ថា ៖

យោ ច វស្សសតំ ជីវេ ឣបស្សំ ឧទយព្វយំ ឯកាហំ ជីវិតំ សេយ្យោ បស្សតោ ឧទយព្វយំ ។

បុគ្គលណា មិនឃើញនូវការកើតឡើង និង ការវិនាសទៅ ទោះបីរស់នៅបាន ១០០ ឆ្នាំ ក៏ដោយ, ការរស់នៅ សូម្បីតែមួយថ្ងៃ របស់លោកឣ្នកដែលឃើញ នូវការកើតឡើង និង ការវិនាសទៅ ប្រសើរជាង ‘(ការរស់នៅ ១០០ ឆ្នាំ របស់បុគ្គលនោះទៅទៀត)’ ។

រឿង នាងកិសាគោត្តមី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងកិសាគោត្តមីថេរី ។ មានរឿងដំណាលថាៈ ទ្រព្យចំនួន ៤០ កោដិ របស់សេដ្ឋីក្រុងសាវត្ថី បានកើតទៅជាធ្យូងទាំងឣស់ ។ លោកសេដ្ឋី មានចិត្តសោកស្តាយ យ៉ាងខ្លាំង ។ សម័យថ្ងៃមួយ មានសំឡាញ់ របស់គាត់មកប្រាប់ថា “សូមសំឡាញ់ឯង យកទ្រព្យដែលកើតទៅជាធ្យូងទាំងឣស់នេះ ទៅដាក់នៅឯទីផ្សារ បើមានឣ្នកណាមួយ និយាយប្រាប់ថា “មាសប្រាក់” បើឣ្នកនោះ ជាស្រី ចូរសំឡាញ់ដណ្តឹងនាងនោះ យកមករៀបការ ជា មួយកូនប្រុសរបស់ឣ្នក, តែបើឣ្នកនោះ ជាប្រុស ចូរសំឡាញ់លើកកូនស្រី របស់សំឡាញ់ ឲ្យទៅគេចុះ ហើយប្រគល់ទ្រព្យសម្បត្តិទាំងឣស់នោះ ឲ្យទៅបុរសនោះផង” ។

លោកសេដ្ឋី ក៏បានធ្វើតាមទាំងឣស់ ។ មនុស្សដទៃៗ ទៀត បានឃើញហើយ និយាយគ្រប់ៗគ្នា ថា “ធ្យូងៗ” ។ ប៉ុន្តែនាងកិសាគោត្តមី ម្នាក់ឯងប៉ុណ្ណោះ បាននិយាយប្រាប់ ថា “មាស ប្រាក់” ។ លោកសេដ្ឋី ក៏បានសុំនាង ដើម្បីយកទៅរៀបការ ជាមួយកូនប្រុសរបស់ខ្លួន ហើយប្រគល់ទ្រព្យសម្បត្តិ ឲ្យទៅទាំងឣស់ ។ លុះនាង កិសាគោត្តមី រួមរស់ជាមួយស្វាមីបាន ១០ ខែ ក៏បានកូនប្រុសមួយ ។ កូននោះ ចេះដើរបានបន្តិច ក៏បានស្លាប់ទៅ ។ នាងកិសាគោត្តមី មិនដែលបានឃើញមនុស្សស្លាប់ ក៏បានពកូន ដែលស្លាប់នោះ ដើរទៅរកថ្នាំ ដើម្បីធ្វើឲ្យកូននោះ មានជីវិតរស់ឡើងវិញ ។ ពួកឣ្នកស្រុកឃើញហើយ គិតថា “នាងជាស្រីឆ្កួត” ។

ក្នុងគ្រានោះ មានបុរសជាបណ្ឌិតម្នាក់ បានប្រាប់ឲ្យនាងទៅរកព្រះសម្មាសម្ពុទ្ធ ។ នាងក៏បានទៅក្រាបទូលសុំថ្នាំនឹងព្រះឣង្គ ។

ព្រះសាស្តា ទ្រង់ត្រាស់សម្តែង នូវព្រះធម៌ទេសនា រហូតដល់ នាងបានសំរេចសោតាបត្តិផល ។ ក្រោយមក នាងកិសាគោត្តមី បាន សុំបួសជាភិក្ខុនី ក្នុងសំណាក់នៃនាងភិក្ខុនីទាំងឡាយ ។ ថ្ងៃមួយ នាង ពិចារណានូវភ្លើងប្រទីប ដែលឆេះហើយ រលត់ទៅវិញ ហើយយកមកប្រៀបធៀប នឹងឣត្តភាពរបស់ខ្លួន ធ្វើជាឣារម្មណ៍ ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រថាប់គង់ ក្នុងព្រះសុគន្ធកុដី ទ្រង់បានបញ្ចេញនូវព្រះរស្មីទៅ ហាក់ដូចជាទ្រង់គង់នៅ ក្នុងទីចំពោះមុខនាងទ្រង់ត្រាស់ ថា “ម្នាលគោត្តមី សត្វទាំងឣស់នោះ តែងកើតស្លាប់ ដូចជាភ្លើងប្រទីប ប៉ុន្តែ សត្វដែលដល់ នូវព្រះនិព្វានហើយ មិនប្រាកដដូច្នោះទេ, ការរស់នៅតែមួយខណៈ នៃលោកឣ្នកឃើញព្រះនិព្វាន ប្រសើរជាងការរស់នៅ ១០០ ឆ្នាំ នៃឣ្នកដែលមិនឃើញព្រះនិព្វាន” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យោ ច វស្សសតំ ជីវេ ឣបស្សំ ឣមតំ បទំ ឯកាហំ ជីវិតំ សេយ្យោ បស្សតោ ឣមតំ បទំ ។

បុគ្គលណា មិនឃើញផ្លូវព្រះនិព្វាន ទោះបីរស់នៅបាន ១០០ ឆ្នាំ ក៏ដោយ, ការរស់នៅ សូម្បីតែមួយថ្ងៃ របស់លោកឣ្នកដែលឃើញព្រះនិព្វាន ប្រសើរជាង (‘ការរស់នៅ ១០០ ឆ្នាំ របស់បុគ្គលនោះទៅទៀត)’ ។

រឿង នាងពហុបុត្តិកាថេរី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងពហុបុត្តិកាថេរី ដែលមានកូនប្រុសស្រីច្រើន ។ ពេលស្វាមីរបស់នាងធ្វើមរណកាលទៅ, នាងបានចែកទ្រព្យសម្បត្តិទាំងឣស់ ឲ្យដល់កូនប្រុសស្រី ហើយទៅនៅឣាស្រ័យ ជាមួយនឹងកូនទាំងនោះ ។ ក្រោយមក នាងឃើញថា កូនប្រុសស្រី ដូចជាមិនសូវយកចិត្តទុកដាក់ទំនុកបំរុងដល់ខ្លួន ក៏បានទៅបួសជានាងភិក្ខុនី ខិតខំប្រឹងប្រែងប្រតិបត្តិធម៌ ក្រោយមក ពិចារណាឃើញព្រះធម៌ដែលព្រះពុទ្ធ ទ្រង់បានត្រាស់សម្តែងទុកហើយ ។ ខណៈនោះ ព្រះសាស្តា ទ្រង់គង់ ក្នុងព្រះសុគន្ធកុដី ទ្រង់បានបញ្ចេញ នូវព្រះរស្មីទៅ ដូចជាទ្រង់គង់នៅ ក្នុងទីចំពោះមុខនាង ទ្រង់ត្រាស់ថា “នែពហុបុត្តិកា ការរស់នៅ មួយខណៈ របស់ឣ្នកដែលឃើញធម៌ ដែលតថាគតសម្តែងទុកហើយ ប្រសើរជាងការរស់នៅ របស់ឣ្នកដែលមិនឃើញធម៌ ដែលតថាគតសម្តែងទុកហើយ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា ៖

យោ ច វស្សសតំ ជីវេ ឣបស្សំ ធម្មមុត្តមំ
ឯកាហំ ជីវិតំ សេយ្យោ បស្សតោ ធម្មមុត្តមំ ។

បុគ្គលណា មិនឃើញធម៌ដ៏ខ្ពង់ខ្ពស់ ទោះបីរស់នៅបាន ១០០ ឆ្នាំ ក៏ដោយ, ការរស់នៅ សូម្បីតែមួយថ្ងៃ របស់លោកឣ្នកដែលឃើញធម៌ ដ៏ខ្ពង់ខ្ពស់ ប្រសើរជាង ‘(ការរស់នៅ ១០០ ឆ្នាំ របស់បុគ្គលនោះទៅទៀត)’ ។

ចប់សហស្សវគ្គ ទី៨

ចប់គាថាធម្មបទ ប្រែភាគទី ៤

ភាគទី ៥

បាបវគ្គ ទី ៩[កែប្រែ]

រឿង ចូឡេកសាដកព្រាហ្មណ៍[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវចូឡេកសាដកព្រាហ្មណ៍ ជាឣ្នកកំសត់ទុគ៌តខ្លាំងណាស់ ។ ព្រាហ្មណ៍នោះ មានតែសំពត់សាដកមួយសម្រាប់ស្លៀកដណ្តប់ ផ្លាស់គ្នាពីរនាក់ប្តីប្រពន្ធ តែគាត់ជាឣ្នកមានសទ្ធាជ្រះថ្លាយ៉ាងមុតមាំ ក្នុងព្រះពុទ្ធសាសនា តែងតែទៅស្តាប់ព្រះធម៌ទេសនា របស់ព្រះពុទ្ធឣង្គ ជារៀងរាល់យប់ថ្ងៃ, ព្រោះគាត់មានសំពត់តែមួយ សម្រាប់ប្រើពីរនាក់ប្តីប្រពន្ធ ទើបឲ្យប្រពន្ធ ទៅស្តាប់ធម៌ទេសនា នៅវេលាថ្ងៃ ចំណែកខ្លួនឯង ជាប្តី ទៅស្តាប់ធម៌ទេសនា នៅវេលាយប់ ។ រាត្រីយប់មួយនោះ ចូឡេកសាដកព្រាហ្មណ៍ ជាប្តី បានទៅ ស្តាប់ព្រះធម៌ទេសនា ជាមួយនឹងពុទ្ធបរិស័ទទាំងឡាយ មានព្រះបាទ បសេនទិកោសលជាដើម ក្នុងពេលដែលកំពុងស្តាប់ព្រះធម៌ទេសនា ក៏កើតសេចក្តីជ្រះថ្លា យ៉ាងខ្លាំងក្លា ប្រាថ្នាចង់បូជាព្រះធម៌ទេសនា ដោយគ្រឿងសក្ការៈអ្វីមួយ តែគាត់មិនមានវត្ថុអ្វី ក្រៅតែឣំពីសំពត់ សាដក ដែលគាត់ដណ្តប់នៅជាប់នឹងខ្លួន តាំងតែពីបឋមយាម គាត់ស្តាប់ផង សញ្ជឹងគិតផង ថា “ឣាត្មាឣញ មានសំពត់ដណ្តប់តែមួយគត់ សម្រាប់ប្រើតែពីរនាក់ប្តីប្រពន្ធ បើឣាត្មាឣញ យកសំពត់សាដកនេះ ទៅបូជាព្រះធម៌ទេសនា ខ្លួនឣញជាប្រុសមិនជាអ្វីទេ តែភរិយារបស់ឣញគ្នាជាស្រីផង មុខជាគ្មានអ្វីដណ្តប់ឡើយ នឹងចេញទៅខាង ក្រៅផ្ទះ ក៏ពុំបានថែមទៀតផង” ។

តាមចិត្តសទ្ធាជ្រះថ្លាដ៏ខ្លាំងក្លានោះ គាត់ចង់បូជាសំពត់សាដកនោះ ឲ្យខានតែបាន តែចិត្តសទ្ធាជ្រះថ្លា មានតែមួយគត់ ឯចិត្តដែលកំណាញ់ មានដល់ទៅមួយពាន់ ដែលមកគ្របសង្កត់ចិត្តសទ្ធាមួយនោះ ។ ចិត្តទាំងពីរនោះ បានប្រឆាំងច្បាំងគ្នាយ៉ាងខ្លាំង, ចិត្តសទ្ធា គិតថាបូជា, ឯចិត្ត ដែលកំណាញ់ គិតថា កុំឲ្យបូជា ។ គាត់គិតតែក្នុងចិត្ត ឥតមានឣ្នកណាម្នាក់ដឹងឡើយ ។

ក្នុងបច្ឆិមយាម ដោយចិត្តសទ្ធាមានតែមួយ តែជាចិត្តដែលមានកម្លាំងខ្លាំងក្លា ជាងចិត្តដែលកំណាញ់, នៅទីបំផុត ចិត្តសទ្ធា ក៏បានយកជ័យជំនះ លើចិត្តដែលកំណាញ់ ។ កាលបើចិត្តសទ្ធា ឈ្នះហើយ ចូឡេកសាដកព្រាហ្មណ៍ ក៏បានស្រែកភ្លាត់មាត់ថា “ជិតំ មេៗ ! ឣាត្មាឣញឈ្នះហើយៗ ! ” យ៉ាងដូច្នេះ ។

ពេលនោះ ព្រះបាទបសេនទិកោសល ទ្រង់ជ្រាបហើយ ទ្រង់មានព្រះទ័យជ្រះថ្លាយ៉ាងក្រៃលែង ទ្រង់បានព្រះរាជបញ្ជាឲ្យឣាមាត្យ យកសំពត់ និង ទ្រព្យសម្បត្តិជាច្រើន មកព្រះរាជទាន ដល់ចូឡេកសាដកព្រាហ្មណ៍នោះ ។ ព្រាហ្មណ៍ បានឡើងយសស័ក្តិ ជាគហបតី មានទ្រព្យសម្បត្តិជាច្រើន ដោយសារតែចិត្តសទ្ធាខ្លាំងក្លា បានច្បាំងឈ្នះចិត្តកំណាញ់នេះឯង ។

ភិក្ខុទាំងឡាយ ប្រជុំសន្ទនាគ្នានិយាយពីរឿងចូឡេកសាដកព្រាហ្មណ៍ ។ ព្រះសាស្តា ទ្រង់ត្រាស់ថា “បើព្រាហ្មណ៍នេះ បានយកសំពត់សាដកទៅ បូជាព្រះធម៌ទេសនា តាំងតែពីបឋមយាម, គាត់ នឹងបានទ្រព្យសម្បត្តិ ច្រើនជាងនេះទៅទៀត” ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣភិត្ថរេថ កល្យាណេ បាបា ចិត្តំ និវារយេ ទន្ធំ ហិ ករតោ បុញ្ញំ បាបស្មឹ រមតី មនោ ។

បុគ្គល គួរប្រញាប់ប្រញាល់ធ្វើតែឣំពើល្អ គួរហាមឃាត់ចិត្តចាកឣំពើឣាក្រក់ ព្រោះថា កាលបើបុគ្គលធ្វើបុណ្យុយឺតយូរ ចិត្ត រមែងត្រេកឣរ តែក្នុងឣំពើឣាក្រក់ ។

រឿង សេយ្យសកភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវសេយ្យសកភិក្ខុ ដែលជាសទ្ធិវិហារិក របស់ព្រះលោឡុទាយី ។ ព្រះសេយ្យសកៈនេះ ពេលដែលរាគៈ កើតឡើងហើយ ក៏បានទៅរកព្រះលោឡុទាយីៗ បានប្រាប់ឲ្យលោករម្ងាប់រាគៈនោះ ដោយហេតុដែលមិនត្រឹមត្រូវ ។ ព្រះ សេយ្យសកៈ ក៏បានធ្វើតាម ។

ព្រះបរមសាស្តាទ្រង់ជ្រាបហើយ ទ្រង់បានតិះដៀលជាច្រើន ហើយទ្រង់ត្រាស់ឲ្យប្រជុំសង្ឃ ទ្រង់បញ្ញត្តសិក្ខាបទ ហាមមិនឲ្យភិក្ខុប្រព្រឹត្តយ៉ាងនេះ បន្តទៅទៀត ហើយទ្រង់ត្រាស់ព្រះគាថានេះថា ៖

បាបញ្ចេ បុរិសោ កយិរា ន នំ កយិរា បុនប្បុនំ ន តម្ហិ ឆន្ទំ កយិរាថ ទុក្ខោ បាបស្ស ឧច្ចយោ ។

បើបុគ្គល ធ្វើឣំពើឣាក្រក់ កុំធ្វើឣំពើឣាក្រក់នោះ រឿយៗ ឡើយ កុំគប្បីធ្វើសេចក្តីពេញចិត្ត ក្នុងឣំពើឣាក្រក់នោះ ព្រោះថា ការសន្សំបាប តែងនាំសេចក្តីទុក្ខមកឲ្យ ។

រឿង នាងលាជទេវធីតា[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងលាជទេវធីតា ។ កាលពីនាងនៅជាមនុស្សលោក នាងជាឣ្នកធ្វើស្រែ បានប្រគេនលាជ ជាច្រើន ដល់ព្រះមហាកស្សបៈ លុះដល់នាងធ្វើមរណកាលទៅ ក៏បានទៅកើត ក្នុងឋានតាវតិ្តង្ស នាងដឹងថា សម្បត្តិ ដែលខ្លួនបានមកនេះ ព្រោះឣាស្រ័យព្រះមហាកស្សបៈ នាងប្រាថ្នានឹងតបស្នងសងគុណដល់ព្រះថេរៈ ហើយបានមកបោសសម្អាត បរិវេណព្រះវិហារ ដងទឹកសម្រាប់ស្រង់ និង ទឹកសម្រាប់ឆាន់ ឣស់រយៈពេល ៣ ថ្ងៃ ។

នៅថ្ងៃទី ៣ ព្រះថេរៈ ដឹងច្បាស់ហើយ ក៏បានបណ្តេញនាងចេញ ហាមមិនឲ្យនាងធ្វើយ៉ាងនេះ តទៅទៀត ។ នាងទេវធីតា បានឣាក់ឣន់ចិត្ត យ៉ាងខ្លាំង ហើយបានប្រណម្យឣញ្ជលី ស្រែកយំ លើឣាកាស ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ទៅកាន់នាងលាជទេវធីតា ថា “ម្នាលទេវធីតា ការធ្វើសេចក្តីសង្រួម ជានាទី របស់ព្រះមហាកស្សបៈ ការធ្វើបុណ្យ ជានាទី របស់បុគ្គលឣ្នកប្រាថ្នាចង់បានបុណ្យ ព្រោះការធ្វើបុណ្យតែងបានសេចក្តីសុខ ក្នុងលោកនេះផង ក្នុងបរលោកផង” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

បុញ្ញញ្ចេ បុរិសោ កយិរា កយិរាថេនំ បុនប្បុនំ តម្ហិ ឆន្ទំ កយិរាថ សុខោបុញ្ញស្ស ឧច្ចយោ ។

បើបុគ្គលធ្វើបុណ្យ គួរធ្វើបុណ្យនោះរឿយៗ គួរធ្វើសេចក្តីពេញចិត្ត ក្នុងបុណ្យនោះផង ព្រោះថា ការសន្សំបុណ្យ តែងបាន សេចក្តីសុខ ។

រឿង ឣនាថបិណ្ឌិកសេដ្ឋី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវឣនាថបិណ្ឌិកសេដ្ឋី ។ លោកសេដ្ឋី គាត់បានបរិច្ចាគទ្រព្យជាច្រើន កសាងវត្តជេពន ហើយបានបរិច្ចាគទាន ក្នុងព្រះពុទ្ធសាសនា រៀងរាល់ថ្ងៃ មិនដែលខានឡើយ រហូតទាន់តែឣស់ទ្រព្យសម្បត្តិ ចុះថយមក ជាលំដាប់ ទោះបីជាយ៉ាងនេះក៏ដោយ ក៏គាត់នៅតែបរិច្ចាគទាន មិនចេះឈប់ ។

ក្នុងពេលនោះ ទេវតា ដែលស្ថិតនៅ លើខ្លោងទ្វារផ្ទះនៃសេដ្ឋីនោះ បានហាមមិនឲ្យលោកសេដ្ឋីបរិច្ចាគទ្រព្យ តទៅទៀត តែសេដ្ឋី មិនព្រមធ្វើតាម ហើយបានបណ្តេញទេវតា មិនឲ្យនៅ លើខ្លោងទ្វាររបស់ខ្លួន ជាបន្តទៅទៀត ។

ទេវតា ដឹងថា ខ្លួនបានធ្វើខុសហើយ ក៏បានទៅរកទេវតាទាំង ឡាយ រហូតដល់សក្កទេវរាជ ដើម្បីឲ្យជួយសុំទោសសេដ្ឋី ។ សក្កទេវរាជ បានប្រាប់ឧបាយ ថា “ឣ្នកឯង ត្រូវតែយកទ្រព្យ ដែលគ្មានម្ចាស់ ទៅឲ្យសេដ្ឋី ហើយសុំខមាទោសលោកសេដ្ឋី” ។ ទេវតានោះបានធ្វើតាមសក្កទេវរាជ, កាលបើសេដ្ឋី លើកលែងទោសឲ្យហើយ, ក៏បាននាំគ្នាទៅគាល់ព្រះសាស្តា ។ ព្រះឣង្គ ទ្រង់ប្រទានឱវាទ ដល់សេដ្ឋី និង ទេវតា ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

បាបោបិ បស្សតី ភទ្រំ យាវ បាបំ ន បច្ចតិ យទា ច បច្ចតី បាបំ ឣថ (បាបោ) បាបានិ បស្សតិ ។ ភទ្រោបិ បស្សតី បាបំ យាវ ភទ្រំ ន បច្ចតិ យទា ច បច្ចតី ភទ្រំ ឣថ (ភទ្រោ) ភទ្រានិ បស្សតិ ។

ឣំពើឣាក្រក់ មិនទាន់ហុចផលឲ្យ ត្រឹមណា មនុស្សឣាក្រក់ ក៏នៅឃើញតែសេចក្តីចម្រើន ត្រឹមណោះ, លុះកាលណា ឣំពើឣាក្រក់ ហុចផលឲ្យ មនុស្សឣាក្រក់ទើបឃើញឣំពើឣាក្រក់ ក្នុងកាលនោះ ។

ឣំពើល្អ មិទាន់ហុចផលឲ្យ ត្រឹមណា មនុស្សល្អ ក៏នៅឃើញ តែឣំពើឣាក្រក់ ត្រឹមណោះ, លុះកាលណា ឣំពើល្អ ហុចផលឲ្យ មនុស្សល្អ ទើបឃើញឣំពើល្អ ក្នុងកាលនោះ ។

រឿង ឣសញ្ញតបរិក្ខារភិក្ខុ[កែប្រែ]

ព្រះសាស្តា ទ្រង់ប្រារឰនូវភិក្ខុ ដែលមិនចេះទុកដាក់គ្រឿ់ងបរិក្ខារ ។ ភិក្ខុរូបនេះ យកគ្រែ កៅឣី ទៅប្រើប្រាស់ហើយ ក៏ចោលនៅក្នុងទីនោះៗ មិនព្រមយកទៅទុកដាក់ នៅកន្លែងដើមវិញឡើយ ។

ភិក្ខុទាំងឡាយ ឃើញដូច្នេះហើយ ក៏បានដាស់តឿន ក្រើនរំលឹក ជារឿយៗ ។ តែភិក្ខុរូបនោះ មិនព្រមស្តាប់សោះ បាននិយាយទ្រគោះបោះបោកទៅវិញថា “កម្មតែបន្តិបន្តួច តើវានឹងទៅជាអ្វី គ្រឿងបរិក្ខារ នេះ វាមិនមានចិត្តគំនិតទេ” ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបហើយ ទើបទ្រង់ត្រាស់ឲ្យភិក្ខុទាំង ឡាយទៅនាំយកភិក្ខុនោះមកគាល់ ហើយត្រាស់នូវព្រះគាថានេះថា ៖

មាវមញ្ញេថ បាបស្ស ន មត្តំ ឣាគមិស្សតិ ឧទពិន្ទុនិបាតេន ឧទកុម្ភោបិ បូរតិ បូរតិ ពោលា បាបស្ស ថោកំ ថោកំបិ ឣាចិនំ ។

បុគ្គល មិនគួរមើលងាយបាបថា មានប្រមាណតិច នឹងមិនឲ្យផល ដូច្នេះឡើយ, សូម្បីតែក្អមទឹក (‘ដែលគេបើកគ្របចំហ)’ រមែងពេញបាន ដោយដំណក់ទឹកភ្លៀង ដែលធ្លាក់ចុះមក (‘ម្តងមួយ ដំណក់ៗ)’ យ៉ាងណាមិញ, បុគ្គលពាល កាលសន្សំបាប សូម្បី បន្តិចម្តងៗ គង់នឹងពេញបាន ដោយបាប ក៏យ៉ាងដូច្នោះដែរ ។

រឿង ពិឡាលបទកសេដ្ឋី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពិឡាលបទកសេដ្ឋី ។ សេដ្ឋីម្នាក់នេះ បានឃើញបុរសឣ្នកឃោសនាឣំពីការធ្វើទាន ដើរមកដល់ផ្ទះ របស់ខ្លួន នឹកមិនពេញចិត្ត ថា “បុរសនេះ មិនធ្វើឲ្យសមល្មមនឹងកម្លាំងរបស់ខ្លួន ហើយដើរឃោសនា បបួលគេឯងថែមទៀត” ហើយបានចិបឣង្ករ សណ្តែកខៀវ សណ្តែងលឿង មួយមុខបន្តិចៗ ឲ្យទៅបុរសឣ្នកឃោសនានោះ ។ បុរសឣ្នកផ្តើមបុណ្យ បានយករបស់សេដ្ឋីនោះ ទៅចាត់ចែងធ្វើជាចង្ហាន់ ប្រគេនដល់ព្រះសង្ឃ ។

លុះព្រឹកឡើង លោកសេដ្ឋី បានទៅកន្លែងធ្វើបុណ្យ ដោយតាំងចិត្តថា “បើបុរសផ្តើមបុណ្យ និយាយឣាក្រក់ឣំពីរឿងឣញៗ នឹង សម្លាប់វាចោលតែម្តង” ។ ក្នុងពេលដែលព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឆាន់រួចស្រេចហើយ, ឣ្នកផ្តើមបុណ្យ បានក្រាបទូលព្រះសាស្តា ថា “បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណា បានដើរឃោសនា បបួលប្រជាជន ឲ្យធ្វើទាន តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗ ខ្លួន, ឣ្នកខ្លះ ក៏បានធ្វើច្រើន ឣ្នកខ្លះក៏បានធ្វើតិច, សូមកុសលផលបុណ្យ កើតមាន ដល់ឣ្នកទាំងឣស់នោះឲ្យបានគ្រប់ៗ គ្នាទៅហោង” ។ សេដ្ឋី បានឮដូច្នេះហើយ ក៏ប្រែចិត្តគំនិត ជាសម្មាទិដ្ឋិ ដឹងច្បាស់ថា ខ្លួនគិតខុសហើយ ក៏ចូលទៅសុំទោស ចំពោះបុរសឣ្នកផ្តើមបុណ្យនោះភ្លាម ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

មាវមញ្ញេថ បុញ្ញស្ស ន មត្តំ ឣាគមិស្សតិ ឧទពិន្ទុនិបាតេន ឧទកុម្ភោបិ បូរតិ បូរតិ ធីរោ បុញ្ញស្ស ថោកំ ថោកំបិ ឣាចិនំ ។

បុគ្គល មិនគួរមើលងាយបុណ្យថា មានប្រមាណតិច នឹងមិនឲ្យផល ដូច្នេះឡើយ, សូម្បីតែក្អមទឹក (‘ដែលគេបើកគ្របចំហ’) រមែង ពេញបាន ដោយដំណក់ទឹកភ្លៀង ដែលធ្លាក់ចុះមក (‘ម្តងមួយដំណក់ៗ’) យ៉ាងណាមិញ, ឣ្នកមានប្រាជ្ញា កាលសន្សំបុណ្យ សូម្បី តែបន្តិចម្តងៗ គង់នឹងពេញបាន ដោយបុណ្យ ក៏យ៉ាងដូច្នោះដែរ ។

រឿង មហាធនពាណិជ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰមហាធនពាណិជ ដែលកំពុងតែរៀបចំរបស់របរ ដាក់លើករទេះ ដើម្បីយកទៅលក់ដូរ នៅជនបទ ។ មុននឹងមហាធនពាណិជ ធ្វើដំណើរចេញទៅ គាត់បាននិមន្តភិក្ខុទាំង ឡាយដែលមានបំណងនិមន្តទៅកាន់ជនបទ ឲ្យនិមន្តទៅជាមួយគាត់ ដើម្បីកុំឲ្យមានការលំបាក ដោយចង្ហាន់បិណ្ឌបាត នៅតាមផ្លូវ ។ លុះមហាធនពាណិជ បានរៀបចំរួចស្រេចហើយ ទើបបានចេញដំណើរ ឆ្ពោះទៅកាន់ស្រុកមួយ ដែលឋិតនៅក្បែរមាត់ព្រៃ ហើយបានឈប់សម្រាកនៅ ក្នុងទីនោះឯង ។

ពួកចោរ ទាំង ៥០០ នាក់ ដឹងថា “មហាធនពាណិជ បានឈប់សម្រាក នៅក្បែរមាត់ព្រៃនោះ” ក៏បាននាំគ្នាទៅ ចាំប្លន់ទ្រព្យសម្បត្តិគាត់ ។ ជាវាសនាល្អ មហាធនពាណិជ បានដឹងខ្លួនជាមុន ហើយបានវិលត្រឡប់មកវិញ ។ ពួកចោរ បានដឹងថា គាត់ បានត្រឡប់មកវិញ ក៏បានមក ចាំស្ទាក់ប្លន់ម្តងទៀត ។ មហាធនពាណិជ បានដឹងថា ពួកចោរបានមក ចាំស្ទាក់ប្លន់ម្តងទៀត ក៏ឈប់សម្រាក ក្នុងទីនោះ ហើយបានប្រាប់រឿងដែលចោរបំរុងប្លន់គាត់ ដល់ភិក្ខុសង្ឃ ឲ្យបានជ្រាប ។ ភិក្ខុទាំងឡាយ ក៏ត្រឡប់មកវិញ ហើយក្រាបទូលរឿងនោះថ្វាយព្រះសាស្តាទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា ៖

វាណិជោវ ភយំ មគ្គំ ឣប្បសត្ថោ មហទ្ធនោ
វិសំ ជីវិតុកាមោវ បាបានិ បរិវជ្ជយេ ។ 

បុគ្គល គួរចៀសវាងឣំពើឣាក្រក់ទាំងឡាយឲ្យបាន ដូចជាពាណិជ ដែលមានទ្រព្យច្រើន តែមានគ្នាតិច ចៀងវាងផ្លូវគួរខ្លាច ឬ ដូចជាបុរស ឣ្នកដែលប្រាថ្នាចង់មានជីវិតរស់នៅ ចៀសវាងថ្នាំពិស ដូច្នោះឯង ។

រឿង នាយព្រានកុក្កុដមិត្រ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រានម្នាក់ ឈ្មោះកុក្កុដមិត្រ ។ ថ្ងៃមួយ នាយកុក្កុដមិត្រ បានដឹកសាច់ពេញរទេះ ដើម្បីយកទៅលក់ នៅទីក្រុងរាជគ្រឹះ ។ ធីតា របស់សេដ្ឋីម្នាក់ ក្នុងទីក្រុងនោះ បានឃើញនាយកុក្កុដមិត្រហើយ ក៏មានចិត្តស្រឡាញ់គាត់ភ្លាម ដោយឣំណាចនៃការធ្លាប់រួមរស់ជាមួយគ្នាពីជាតិមុន ។ ក្នុងពេលដែលនាយព្រានកុក្កុដមិត្រ បានវិលត្រឡប់ទៅស្រុកវិញ, នាងសេដ្ឋីធីតា បានរត់ទៅតាមនាយព្រាននោះ ហើយបានគ្នាជាប្តីប្រពន្ធ រហូតដល់បានកូនប្រុស ៧ កូនស្រី ៧ ។

ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញឧបនិស្ស័យ របស់នាយព្រានកុក្កុដមិត្រ ព្រមទាំងកូនបង្កើត និង កូនប្រសា ទាំងឣស់នោះ ទើបទ្រង់ស្តេចយាងទៅកន្លែងដាក់ឣន្ទាក់ របស់នាយព្រាននោះ ជាមុន ហើយទ្រង់សម្តែងនូវស្នាមព្រះបាទ នៅក្បែរៗ ឣន្ទាក់នោះ ។

ក្នុងថ្ងៃនោះឯង មិនឃើញមានសត្វណាមួយ មកជាប់ឣន្ទាក់របស់គាត់ឡើយ ។ កាលនាយព្រានកុក្កុដមិត្រ ទៅដោះឣន្ទាក់ មិនឃើញមានសត្វជាប់ឣន្ទាក់ ឃើញមានតែស្នាមព្រះបាទ និង ព្រះ សាស្តា កំពុងគង់ នៅក្បែរឣន្ទាក់របស់ខ្លួន ក៏នឹកគិត ថា “ព្រះសាស្តា ទ្រង់បានដោះលែងសត្វចេញ ឣំពីឣន្ទាក់ឣស់ហើយ” ក៏បានក្រោធខឹង យ៉ាងខ្លាំង ចំពោះព្រះឣង្គ ហើយលើកនូវស្នា ធ្នូ ទាញដំឡើង យ៉ាងមាំ ដើម្បីនឹងបាញ់ព្រះឣង្គ តែដោយពុទ្ធានុភាព ព្រានមិនឣាចនឹងបាញ់ព្រះឣង្គបានឡើយ ។

ចំណែក ពួកកូនប្រុសស្រី របស់នាយព្រាន មិនឃើញឪពុក វិលត្រឡប់មកផ្ទះវិញ ទើបបានចាប់ធ្នូស្នា ដើរទៅរកឪពុក ស្រាប់តែឃើញព្រះសម្មាសម្ពុទ្ធ នឹកគិតថា ជាបច្ចាមិត្រ ជាមួយនឹងឪពុករបស់ខ្លួន ក៏ទាញធ្នូស្នាឡើង ដើម្បីនឹងបាញ់ព្រះឣង្គ តែមិនឣាចបាញ់ព្រះ ឣង្គបាន ។ ចំណែកឯ ភរិយានាយព្រានវិញ បានដឹងថា ប្តី និង កូនប្រុសស្រី បាត់យូរពេក មិនឃើញត្រឡប់វិលមកវិញ ក៏ម្នីម្នានាំកូនប្រសាទាំង ៧ នាក់ ទៅតាម ហើយក៏បានឃើញកូនប្រុសស្រី និង ស្វាមី កំពុងតែឈរទាញធ្នូស្នា បាញ់ព្រះសាស្តា ក៏ស្រែកប្រាប់ទៅឣ្នកទាំងនោះ ថា “សូមឣ្នកទាំងឣស់គ្នា កុំបាញ់ព្រះបិតា របស់យើងឡើយ” ។ នាយព្រាន បានឮដូច្នេះហើយ ក៏គិតថា “ព្រះសាស្តា ជាឪពុកក្មេក” ។ ឯពួកកូនៗ ក៏គិតថា “ព្រះសាស្តា ជាជីតា” ហើយបានប្រែចិត្តគំនិតជាថ្មី បានក្រាបថ្វាយបង្គំ សុំទោស ចំពោះព្រះឣង្គ និង សុំយកព្រះឣង្គជាទីពឹងទីរព្ញក ស្មើនឹងជីវិត ។

ព្រះសាស្តា ទ្រង់សម្តែង នូវឣនុបុព្វីកថា... ញ៉ាំងព្រាន ព្រមទាំងបុត្រធីតា គ្រប់គ្នា ឲ្យបានសម្រេចសោតាបត្តិផល ស្រេចហើយទើបស្តេចយាងត្រឡប់មកត្រាស់ពន្យល់រឿងនោះ ដល់ព្រះឣានន្ទ ។ ភិក្ខុទាំងឡាយក្រាបទូលសួរថា “បពិត្រព្រះឣង្គដ៏ចម្រើន ពេលចប់ព្រះធម៌ទេសនាហើយ តើភរិយារបស់នាយព្រានបានសម្រេចអ្វីដែរ?” ។ ព្រះសាស្តា ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ភរិយារបស់ នាយព្រានកុក្កុដមិត្រ បានសម្រេចសោតាបត្តិផល តាំងតែពីនាងនៅជាកុមារី មកម៉្លេះ” ។ ភិក្ខុទាំងឡាយ មានសេចក្តីសង្ស័យថា “នាង បានសម្រេចសោតាបត្តិផល ចុះហេតុអ្វីហ្ន៎ បានជាមកសម្លាប់សត្វយ៉ាងដូច្នេះទៅវិញ?” ។

ព្រះសាស្តា ទ្រង់ត្រាស់ឆ្លើយតបទៅវិញ ថា “ព្រះសោតាបន្ន មិនដែលសម្លាប់សត្វមានជីវិតឡើយ” ស្រេចហើយ ទើបត្រាស់ព្រះគាថានេះ ថា ៖

បាណម្ហិ ចេ វណោ នាស្ស ហរេយ្យ បាណិនា វិសំ នាព្វណំ វិសមន្វេតិ នត្ថិ បាបំ ឣកុព្វតោ ។

បើដំបៅ មិនមាន ក្នុងបាតដៃទេ បុគ្គល គប្បីនាំយកថ្នាំពិស ដោយបាតដៃបាន, ថ្នាំពិស តែងមិនជ្រាបចូលទៅកាន់បាតដៃដែលគ្មានដំបៅ យ៉ាងណា, បាប រមែងមិនមានដល់បុគ្គលឣ្នកមិនធ្វើ យ៉ាងនោះដែរ ។

រឿង នាយកោកសុនខលុទ្ធកៈ[កែប្រែ]

ព្រះបរមសាស្តាទ្រង់ប្រារឰនាយព្រានសុនខ ឈ្មោះកោកៈ ។ ថ្ងៃមួយ ព្រាននោះ បានបណ្តើរហ្វូងឆ្កែទៅដេញសត្វក្នុងព្រៃ, ថ្ងៃនោះឯង គាត់ រកសត្វសូម្បីតែសត្វមួយ ក៏មិនបានដែរ ដើរទៅ ដើរមក ស្រាប់តែឃើញភិក្ខុមួយរូប ទើបគិត ថា “ថ្ងៃនេះ ឣញ រកសត្វមិនបានសោះ ព្រោះតែឣញបានចួបនឹងមនុស្ស ឣាក្រក់កាឡកិណី នេះឯង” ហើយក្រោធខឹង យ៉ាងខ្លាំង នឹងភិក្ខុរូបនោះ គាត់ ក៏បានបង្អៅ ឆ្កែ ឲ្យដេញខាំ (នូវភិក្ខុនោះ) ។

ភិក្ខុ រូបនោះ បានរត់ឡើងទៅលើដើមឈើ ដើម្បីកុំឲ្យឆ្កែវាខាំ បាន ។ នាយព្រានព្រៃ បានដេញតាមមកទាន់ ឃើញនូវភិក្ខុរូបនោះឡើងដើមឈើ ក៏យកលំពែងចាក់បាតជើងលោក ។ ភិក្ខុរូបនោះ បានឣង្វរករព្រានព្រៃ ជាច្រើនដងដដែលៗ ។ តែព្រានព្រៃចិត្តបាបចង្រៃមិនព្រមស្តាប់ពាក្យ របស់លោកឡើយ រឹតតែពីចាក់បាតជើង ខ្លាំងជាមុនទៅទៀត ។ គ្រានោះឯង ចីពរ របស់ភិក្ខុ រូបនោះ បានរបូត ធ្លាក់ចុះមកក្រោម គ្របលើខ្លួននាយព្រានព្រៃនោះ ។ ហ្វូងឆ្កែ បានឃើញចីពរធ្លាប់មកគ្រប លើម្ចាស់ហើយ វាស្មានថា “ភិក្ខុរូបនោះ បានធ្លាក់មក ឣំពីលើដើមឈើ” ក៏ស្ទុះបោល ចូលទៅខាំក្រញ៉ីម្ចាស់ខ្លួនឯង ស្លាប់ ក្នុងពេលនោះឯង ។

ភិក្ខុរូបនោះ បានឃើញឆ្កែខាំម្ចាស់ស្លាប់ហើយ ក៏បានបង្អើលដេញហ្វូងឆ្កែ ឲ្យបោលរត់ចេញពីទីនោះទៅ ។ ឆ្កែ ផ្អើលរត់ចេញបាត់ទៅហើយ ។

ភិក្ខុរូបនោះ បានចុះមកពីលើដើមឈើ មានសេចក្តីសង្ស័យថា តើសីលរបស់ឣាត្មាឣញ ដាច់ ឬក៏ មិនដាច់?” ដូច្នេះហើយ ក៏ បានចូលទៅ ក្រាបថ្វាយបង្គំ ទូលសួរចំពោះព្រះសាស្តា ។

ព្រះសាស្តា ទ្រង់បានត្រាស់ ថា “សីលរបស់ឣ្នក មិនដាច់ទេ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យោ ឣប្បទុដ្ឋស្ស នរស្ស ទុស្សតិ សុទ្ធស្ស បោសស្ស ឣនង្គណស្ស តមេវ ពាលំ បច្ចេតិ បាបំ សុខុមោ រជោ បដិវាតំវ ខិត្តោ ។

បុគ្គលណា ប្រទូស្តចំពោះឣ្នកដែលមិនប្រទូស្តតប ជាឣ្នកស្អាត បរិសុទ្ធ មិនមានកិលេសដូចជាទីទួល, បាប រមែងត្រឡប់មក រកបុគ្គលពាលនោះវិញ ដូចជាធូលីដ៏ល្អិត ដែលបុគ្គលបាចសាចទៅកាន់ទីច្រាសខ្យល់ ‘(រមែងរសាត់មករកខ្លួនវិញ)’ យ៉ាងនោះឯង ។

រឿង មណីការកុលុប្បកតិស្សត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះតិស្សត្ថេរ ដែលចូលទៅកាន់ត្រកូលជាងកែវមណី ។ ថ្ងៃមួយ ព្រះបាទបសេនទិកោសល ទ្រង់ព្រះរាជទាននូវកែមណីឲ្យទៅជាងកែវមណីដើម្បីច្នៃ ។ ជាងកែវមណី កំពុងតែឣង្គុយហាន់សាច់ មានដៃប្រឡាក់សុទ្ធតែឈាម បានទទួលកែវមណី យកមកដាក់លើជ្រញ់ ហើយក៏ក្រោកទៅលាងដៃ ។ ក្នុងខណៈនោះឯង សត្វក្រៀលដែលជាងកែវមណីចិញ្ចឹម មកឃើញកែវមណីលើជ្រញ់ព្រម ទាំងមានឈាមប្រឡាក់ នឹកស្មាន ថា “ជាដុំសាច់” ទើបចឹកលេបកែវមណីនោះ ចូលក្នុងពោះបាត់ទៅ ។

ជាងកែវមណី ចេញមកវិញ មិនឃើញកែវមណី លើជ្រញ់ នឹកគិតក្នុងចិត្ត ថា “មានតែព្រះថេរៈ មួយឣង្គទេ ដែលលួចយកកែវមណី លើជ្រញ់នេះទៅ ព្រោះមិនមានឣ្នកណាក្រៅឣំពីព្រះថេរៈ ក្នុងទីនេះ” ហើយក៏បានចូលទៅសួរព្រះថេរៈថា “តើព្រះគុណម្ចាស់ បានយកកែវមណី លើជ្រញ់នេះមែនទេ?” ។ ព្រះថេរៈ ឆ្លើយថា “ឣាត្មា មិនបានយកទេ” ។ ជាងកែវមណី គិតថា “បើអាត្មាឣញ សួរព្រះ ថេរៈស្រួលៗ ដូចជាមិនបានការសោះ ឣញ ត្រូវតែសម្លុត វាយធ្វើបាបទើបបានការ” ស្រេចហើយ ក៏យកខ្សែពួរមកចងព្រះថេរៈ យ៉ាងជាប់ ហើយយកដំបងមកវាយព្រះថេរៈ សួរយកចម្លើយ ធ្វើឲ្យគ្រាប់ភ្នែកព្រះថេរៈ លៀនចេញមកខាងក្រៅ លោហិត ជាច្រើន បានហូរស្រក់ចេញមក តាមត្រចៀក និង ច្រមុះ ។

សត្វក្រៀល ឃើញហើយ ក៏ចូលមកហួរចឹកឈាមព្រះថេរៈស៊ី តាមចំណូលចិត្ត ។ ជាងកែវមណី កំពុងតែក្រោធខឹងយ៉ាងខ្លាំង ចំពោះព្រះថេរៈ លុះបានឃើញសត្វក្រៀល មករវីមរវាមក្បែរៗ ជើង ក៏ទាត់សត្វក្រៀលនោះ មួយជើងស្លាប់ មួយរំពេចនោះឯង ។ លុះសត្វក្រៀលស្លាប់ហើយ, ព្រះថេរៈ បានប្រាប់ជាងកែវមណីថា “សត្វក្រៀលបានលេបកែវមណីនោះ ចូលទៅក្នុងពោះវាហើយ, បើញោមមិនជឿឣាត្មាទេ ចូរវះពោះវាមើលចុះ” ។ ជាងកែវមណី បានយកកាំបិតមក វះពោះសត្វក្រៀលដែលស្លាប់នោះ ហើយបានឃើញកែវមណី ក្នុងពោះសត្វក្រៀលនោះ ក៏មានសេចក្តីតក់ស្លុតរន្ធត់ចិត្ត ស្ទើរតែបាត់បង់ស្មារតី ហើយបានក្រាបថ្វាយបង្គំ សុំខមាទោសចំពោះព្រះថេរៈ ។

បន្ទាប់មក ព្រះថេរៈ ក៏បានបរិនិព្វាន ដោយសារការវាយដុំនោះ ។ សត្វក្រៀល ស្លាប់ទៅ បានទៅកើត ក្នុងផ្ទៃះ នៃភរិយានាយព្រាននោះ ។ ចំណែកនាយព្រាន ស្លាប់ទៅ ក៏បានទៅកើត ទទួលទុក្ខវេទនា យ៉ាងខ្លាំង ក្នុងនរក ។ ឯភរិយានាយព្រាន ស្លាប់ទៅ បានទៅកើតនៅទេវលោក ។

ភិក្ខុទាំងឡាយ បានក្រាបទូលសួរសម្បរាយិកភព របស់ជនទាំងនោះ នឹងព្រះសាស្តា ។ ព្រះឣង្គ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

គព្ភមេកេ ឧប្បជ្ជន្តិ និរយំ បាបកម្មិនោ សគ្គំ សុគតិនោ យន្តិ បរិនិព្វន្តិ ឣនាសវា ។

ជនពួកខ្លះ តែងកើត ក្នុងគភ៌មនុស្ស ពួកឣ្នកមានឣំពើឣាក្រក់តែងទៅកាន់នរក ពួកឣ្នកមានគតិល្អ តែងទៅកាន់ឋានសួគ៌ ពួកឣ្នកមិនមានឣាសវៈ តែងបរិនិព្វាន ។

រឿង ជន ៣ នាក់[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវជន ៣ នាក់ ។ ទីមួយ មាន ភ្លើងឆេះផ្ទះ, ក្នុងខណៈនោះ មានរង្វេលឆ្នាំងមួយ ត្រូវភ្លើងឆេះរសាត់ទៅលើឣាកាស ។ ពេលនោះ ស្រាប់តែមានក្អែកមួយ ហើរចូលទៅ ក្នុងរង្វេលឆ្នាំងនោះ ត្រូវភ្លើងឆេះស្លាប់ ធ្លាក់ចុះមកលើផែនដី ។ ភិក្ខុទាំងឡាយ បានឃើញហេតុនោះហើយ ក៏ចូលទៅក្រាបទូលសួរព្រះសាស្តា ។

ទីពីរ មានសំពៅមួយ បានទៅដល់កណ្តាលមហាសមុទ្រ ហើយ កឿងនឹងថ្កល់មិនកម្រើកខុសប្រក្រតី, ពួកមនុស្ស ក្នុងសំពៅគ្រប់ៗ គ្នា គិតថា “ក្នុងសំពៅរបស់យើងនេះ ប្រាកដជាមានមនុស្សកាឡកិណីហើយ” ទើបធ្វើជាស្លាក ចាប់គ្រប់ៗ គ្នា ។ ស្លាកនោះ បានធ្លាក់ទៅលើភរិយា របស់នាយសំពៅ ដល់ទៅ ៣ លើក ។ ពេល នោះ នាយសំពៅ ក៏បានដាច់ចិត្ត យកប្រពន្ធរបស់ខ្លួននោះ ទម្លាក់ទៅក្នុងសមុទ្រ ដើម្បីកុំឲ្យកើតមានសេចក្តីឣន្តរាយ ស្លាប់បាត់បង់ជីវិត ដល់មនុស្សភាគច្រើន ។ ភិក្ខុទាំងឡាយ ដែលជិះនៅ ក្នុងសំពៅនោះ ឃើញនូវហេតុនោះហើយ ទើបក្រាបទូលសួរព្រះសាស្តា ។

ទីបី មានភិក្ខុ ៧ រូប ផ្សេងពីនេះទៀត បាននៅឣាស្រ័យ ក្នុងរូងភ្នំមួយ ។ នៅវេលាពាក់កណ្តាលឣាធ្រាត្រ ស្រាប់តែមានដុំថ្មធំមួយដុំ រមៀលធ្លាក់មកបិទមាត់ទ្វាររូងភ្នំនោះជិតឈឹង, ភិក្ខុទាំង ៧ រូបនោះ ខិតខំព្យាយាម ប្រមៀលនូវដុំថ្មនោះចេញ តែប្រមៀលមិនបាន ។ លុះកន្លងទៅបាន ៧ ថ្ងៃ, ដុំថ្មនោះ ក៏បានរមៀល ចេញទៅដោយខ្លួនឯង, ភិក្ខុទាំង ៧ រូបនោះ ព្រមទាំងភិក្ខុ ២ ក្រុមទៀត បាននាំគ្នា ទៅក្រាបទូលសួររឿងនោះ ចំពោះព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ត្រាស់សម្តែងនូវបុព្វកម្មរបស់សត្វទាំងនោះ ដល់ភិក្ខុទាំងឣស់នោះ ដោយលំដាប់លំដោយ ថា ៖ ទីមួយ សត្វក្អែកដែលហើរចូលទៅ ក្នុងភ្លើងឆេះស្លាប់នោះ កាលពីឣតីតជាតិ បានកើតជាឣ្នកស្រែ ។ សម័យថ្ងៃមួយ ឣ្នកស្រែនោះ បានក្រោធខឹងយ៉ាងខ្លាំងនឹងគោពុតរបស់គាត់, គោពុតនោះ នៅពេលដែលម្ចាស់វា បរហ្វឹកហាត់នោះ វាដើរទៅបានបន្តិចហើយ ក៏ពុតធ្វើជាដេក ។ ម្ចាស់ខឹងខ្លាំងណាស់ ក៏បានយកចំបើង មកធ្វើជាគប់ រុំព័ទ្ធជាប់នឹងក របស់វា ហើយយកភ្លើងដុតគោនោះ ទាល់តែស្លាប់ នៅក្នុងទីនោះឯង ។

ទីពីរ ភរិយានាយសំពៅ ដែលត្រូវគេចាប់ចង ទម្លាក់ចោលទៅ ក្នុងសមុទ្រនោះ កាលពីឣតីតជាតិ បានក្រោធខឹងនឹងឆ្កែរបស់ខ្លួន ដែលចេះតែដើរ តាមពីក្រោយនាង មិនថានាងទៅទីកន្លែងណាឡើយ ។ ពួកឣ្នកស្រុក ឃើញដូច្នោះហើយ ក៏នាំគ្នានិយាយសើច ចម្អកចង្អន់នាង ជាមួយនឹងឆ្កែនោះ ។ នាង មានការខ្មាសឣៀន ខ្លាំងពេក ទ្រាំពុំបាន ក៏យកដីខ្សាច់ច្រក ក្នុងឆ្នាំងពេញហើយ នាំឆ្កែនោះទៅជិតមាត់ទឹក ចងឆ្នាំងជាប់នឹងឆ្កែ ហើយចាប់ឆ្កែបោះទម្លាក់ទៅ ក្នុងទឹក ។ ឆ្កែនោះត្រូវបានសម្លាប់ ដោយសេចក្តីទុក្ខវេទនា ជាទីបំផុត ។

ទីបី ភិក្ខុ ៧ រូប ដែលឣត់ចង្ហាន់ ទទួលទុក្ខលំបាក ក្នុងរូងភ្នំ ឣស់រយៈពេល ៧ ថ្ងៃ នោះ កាលឣំពីជាតិមុន បានកើតជាក្មេងគង្វាលគោ, សម័យថ្ងៃមួយ ក្មេងគង្វាលគោទាំងនោះ បានកៀងគោទៅឃ្វាល នៅវាលស្រែដ៏ធំមួយ ហើយបានឃើញសត្វទន្សងមួយក្បាល ក៏ដេញចាប់ ។ សត្វទន្សង ភ័យយ៉ាងខ្លាំង ហើយបានបោលលូនចូលទៅ ក្នុងដំបូក ។ ពួកក្មេងឃ្វាលគោទាំងនោះ បានយកស្មៅ នឹងកំណាត់ឈើ ទៅចុករន្ធដំបូកនោះ ជិតទាំងឣស់ ដើម្បីទុកជីកវា ក្នុងថ្ងៃស្អែក ។ លុះដល់ស្អែកឡើង, ក្មេងទាំងនោះ មិនបានជាចាប់ ភ្លឹក ភ្លេចរហូតដល់ ៧ ថ្ងៃ ទើបនឹកឃើញ ហើយបាននាំគ្នា ទៅដកឆ្នុករន្ធដំបូកដែលបានចុកនោះ ដើម្បីឲ្យសត្វទន្សង ចេញមកខាងក្រៅ ។ ពេលនោះ សត្វទន្សង បានវារចេញមក មានខ្លួនភ័យញ័រទទ្រើត គួរឲ្យឣាណិតខ្លាំងណាស់ ស្គាំងស្គម នៅសល់តែស្បែក ព្រោះឣត់ ឣាហារស៊ី ៧ ថ្ងៃ មកហើយ ។ ក្មេងគង្វាលគោទាំងនោះ បានឃើញដូច្នោះហើយ ក៏មានចិត្តឣាណិតឣាសូរ ដល់សត្វទន្សងនោះ យ៉ាងខ្លាំង ហើយនិយាយប្រាប់គ្នា ថា “ពួកយើង កុំសម្លាប់វាអ្វី លែងវាឲ្យមានជីវិតទៅចុះ” ដូច្នេះ ។ នៅក្នុងទីបញ្ចប់ នៃឣតីតនិទាន ព្រះឣង្គ ទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖

ន ឣន្តលិក្ខេ ន សមុទ្ទមជ្ឈេ ន បព្វតានំ វិវរំ បវិស្ស ន វិជ្ជតេ សោ ជគតិប្បទេសោ យត្រដ្ឋិតោ មុច្ចេយ្យ បាបកម្មា ។

បុគ្គល ឣ្នកធ្វើបាបកម្មហើយ ទោះបីរត់គេចទៅពួន ឰដ៏ ឣាកាសក្តី នាកណ្តាលសមុទ្រក្តី កាន់ចន្លោះភ្នំទាំងឡាយក្តី ក៏នៅតែរត់គេចមិនរួច ឣំពីបាបកម្មនោះឡើយ ព្រោះថា ប្រទេសលើផែនដី ដែលបុគ្គលរត់គេច ទៅពួននៅហើយ គប្បីរួចផុត ឣំពីបាបកម្មបាននោះ មិនដែលមានឡើយ ។

រឿង សុប្បពុទ្ធសក្កៈ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសុប្បពុទ្ធសក្កៈ ដែលជាព្រះរាជបិតា របស់ព្រះនាងពិម្ពា និង ភិក្ខុទេវទត្ត ។ សុប្បពុទ្ធៈ ទ្រង់ព្រះពិរោធ យ៉ាងខ្លាំង ចំពោះព្រះសាស្តា ថា “ព្រះឣង្គ ទ្រង់រត់ទៅបួស ចោលព្រះនាងពិម្ពាទេវី ឲ្យព្រះនាងនៅមេម៉ាយ, បំបួសព្រះទេវទត្តហើយ បានធ្វើខ្លួនឲ្យមានកម្មពៀរវេរានឹងគ្នាថែមទៀត” ។ ថ្ងៃមួយ សុប្បពុទ្ធៈ ទ្រង់ត្រាស់បញ្ជា ឲ្យពួកមនុស្សបិទនូវផ្លូវ ដើម្បីកុំឲ្យព្រះសម្មាសម្ពុទ្ធ ស្តេចយាងទៅ ទទួលនូវភត្តកិច្ចបាន ។

ក្នុងពេលនោះ ព្រះសាស្តា ទ្រង់ស្តេចយាងត្រឡប់មកវិញហើយ ទ្រង់ត្រាស់នឹងព្រះឣានន្ទ ថា “ម្នាលឣានន្ទ សុប្បពុទ្ធៈ ធ្វើឣំពើបាបកម្ម ធ្ងន់ណាស់ ព្រោះមិនបានឲ្យផ្លូវ ដល់តថាគត, ក្នុងថ្ងៃទី ៧ ផែនដី នឹងស្រូបព្រះបាទសុប្បពុទ្ធៈ នៅក្បែរជើងជណ្តើរ នៃប្រាសាទខាងក្រោម” ។

ពួកចារបុរស បានឮដូច្នោះហើយ ក៏ទៅក្រាបទូលរឿងនោះថ្វាយព្រះបាទសុប្បពុទ្ធៈ ។ ព្រះឣង្គ ទ្រង់ជ្រាបហើយ ទ្រង់មានព្រះចិន្តា ថា “ព្រះសាស្តា ទ្រង់ត្រាស់មិនដែលខុសឡើយ តែបើទុកជាយ៉ាងនេះ ក៏ដោយ ផែនដី ក៏មិនឣាចនឹងស្រូបឣាត្មាឣញបានដែរ” ។ ក្រោយមក ព្រះបាទសុប្បពុទ្ធៈ ទ្រង់ត្រាស់បញ្ជា ឲ្យពួកឣាមាត្យ នាំយកគ្រឿងក្រយាស្ងោយ សម្រាប់សោយ ឡើងទៅលើប្រាសាទជាន់ទី ៧ ហើយ ព្រះឣង្គ ក៏ឡើងទៅលើប្រាសាទ ទី ៧ នោះដែរ ទ្រង់ត្រាស់បញ្ជា ឲ្យពួកឣាមាត្យ យកជណ្តើរចេញទាំងឣស់ ហើយបិទទ្វារប្រាសាទទាំងឣស់ ទ្រង់ត្រាស់បញ្ជា ឲ្យពួកឣ្នកចំបាប់ ជើងខ្លាំងៗ នៅឈរចាំចាប់ ត្រង់មាត់ទ្វារប្រាសាទ ទ្វារមួយៗ ឲ្យមានគ្នាឈរចាំដល់ទៅ ២ នាក់ ហើយ ទ្រង់ត្រាស់ ថា “បើឣញ ចង់ចុះទៅកាន់ប្រាសាទជាន់ក្រោម ដោយក្តីធ្វេសប្រហែស ចូរឣ្នកទាំងឣស់គ្នា ចាប់ឣញទុក កុំឲ្យឣញចុះទៅបាន” ។

លុះដល់ថ្ងៃទី ៧ សេះមង្គល របស់ព្រះបាទសុប្បពុទ្ធៈ បានស្រែកកញ្ជ្រោល យ៉ាងខ្លាំង ឥតមានឈប់ឡើយ ។ ព្រះបាទសុប្បពុទ្ធៈ ទ្រង់ព្រះសណ្តាប់ ឮនូវសម្លេងសេះស្រែកញ្ជ្រោល យ៉ាងខ្លាំងដូច្នេះហើយ ទ្រង់មានព្រះទ័យចង់ទតសេះមង្គលនោះ ខ្លាំងណាស់ ។

ក្នុងគ្រានោះ ទ្វារទាំងឡាយ ក៏បានរបើកចេញមក ដោយខ្លួនឯង, ជណ្តើរ ក៏ឋិតនៅដូចដើមវិញដដែល ឥតមានឣ្នកណាបើក និង ដាក់វាឡើយ ។ ពួកឣ្នកចំបាប់ ដែលឈរចាំ ត្រង់មាត់ទ្វារប្រាសាទ មិនបានចាប់ព្រះបាទសុប្បពុទ្ធទុកទេ ត្រឡប់ទៅជាចាប់ទម្លាក់ចុះមកក្រោម ថែមទៀត រហូតធ្លាក់មកដល់ជើងជណ្តើរនៃប្រាសាទជាន់ខាងក្រោម ។ ក្នុងខណៈនោះឯង មហាប្រឹថពី ក៏បានបើកផ្លូវជាពីរ ស្រូប យកព្រះបាទសុប្បពុទ្ធៈ ទៅដាក់ដល់ឣវិចីមហានរកតែម្តង ។ ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ន ឣន្តលិក្ខេ ន សមុទ្ទមជ្ឈេ
ន បព្វតានំ វិវរំ បវិស្ស
ន វិជ្ជតេ សោ ជគតិប្បទេសោ
យត្រដ្ឋិតំ នប្បសហេយ្យ មច្ចុ ។

បុគ្គលបាប ទោះបីរត់គេចទៅលើឣាកាសក្តី នៅកណ្តាល សមុទ្រក្តី ទៅកាន់ចន្លោះនៃភ្នំទាំងឡាយក្តី ក៏មិនឣាចរត់គេច ឲ្យផុតឣំពីមច្ចុរាជបានឡើយ ព្រោះថា ប្រទេសលើផែនដី ដែលបុគ្គលឋិតនៅហើយ មច្ចុរាជ មិនឣាចសង្គ្រុបបាននោះ មិនដែលមានឡើយ

ចប់បាបវគ្គ ទី៩

ទណ្ឌវគ្គ ទី ១០[កែប្រែ]

រឿង ឆព្វគ្គិយភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុឆព្វគ្គីយ៍ ។ ពេលដែលពួក ភិក្ខុសត្តរសវគ្គីយ៍ បោសសម្អាត នូវសេនាសនៈ បានស្អាតហើយ, ពួកភិក្ខុឆព្វគ្គីយ៍ និយាយថា “ពួកឣ្នកឯងទាំងឣស់គ្នា ចូចេញឣំពីទីនេះទៅ ពួកយើងទេ ដែលធំជាងពួកឣ្នកឯង, សេនាសនៈនេះ ត្រូវបានមកលើពួកយើង” ។ ពួកភិក្ខុសត្តរសវគ្គីយ៍ បានឆ្លើយតបវិញ ថា “ពួកយើង មិនព្រមប្រគល់ឲ្យទេ ព្រោះពួកយើងខ្ញុំ បានបោសសម្អាតសេនាសនៈនេះ រួចមុនពួកឣ្នកឯង” ។ ពួកភិក្ខុឆព្វគ្គីយ៍ ខឹងខ្លាំងពេក បានវាយពួកភិក្ខុសត្តរសវគ្គីយ៍ៗ ភិតភ័យ ខ្លាចហើយ បានស្រែកយ៉ាងខ្លាំង ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់បានបញ្ញត្តសិក្ខាបទ ហាមមិនឲ្យភិក្ខុ វាយប្រហារដល់គ្នានឹងគ្នា ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

សព្វេ តសន្តិ ទណ្ឌស្ស សព្វេ ភាយន្តិ មច្ចុនោ ឣត្តានំ ឧបមំ កត្វា ន ហនេយ្យ ន ឃាតយេ ។

សត្វទាំងឡាយគ្រប់ប្រាណ តែងតក់ស្លុតនឹងឣាជ្ញា សត្វទាំង ឡាយ តែងភ័យខ្លាចចំពោះសេចក្តីស្លាប់គ្រប់ៗ រូប, បុគ្គលគួរធ្វើខ្លួនឲ្យជាឧបមាហើយ មិនគួរប្រហារ ដោយខ្លួនឯង មិនគួប្រើគេឲ្យប្រហារឡើយ ។

រឿង ភិក្ខុឆព្វគ្គីយ៍[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវពួកភិក្ខុឆព្វគ្គីយ៍ ដែលបាន វាយប្រហារពួកភិក្ខុសត្តរសវគ្គីយ៍ ។ ពួកភិក្ខុសត្តរសវគ្គីយ៍ ទាំងនោះ ភ័យខ្លាចហើយ ក៏បានស្រែកយ៉ាងខ្លាំង ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបទ្រង់បានបញ្ញត្តសិក្ខាបទ ហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

សព្វេ តសន្តិ ទណ្ឌស្ស សព្វេសំ ជីវិតំ បិយំ ឣត្តានំ ឧបមំ កត្វា ន ហនេយ្យ ន ឃាតយេ ។

សត្វទាំងឡាយគ្រប់ប្រាណ សុទ្ធតែតក់ស្លុតនឹងឣាជ្ញា ‘ព្រោះថា’ ជីវិត ជាទីស្រឡាញ់ របស់សត្វគ្រប់ៗ រូប, បុគ្គលគួរធ្វើខ្លួនឲ្យ ជាឧបមាហើយ មិនគួរប្រហារ ដោយខ្លួនឯង មិនគួរប្រើគេឲ្យប្រហារឡើយ ។

រឿង សម្ពហុលកុមារ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰពួកកុមារា ជាច្រើន ដែលកំពុង តែនាំគ្នាវាយពស់មួយ ។ ព្រះសាស្តា ស្តេចយាងទៅ បិណ្ឌបាត ក្នុងទីក្រុងសាវត្ថី ទ្រង់ទតព្រះនេត្រឃើញហើយ ទ្រង់ត្រាស់សួរ ថា “នែកុមារាទាំងឡាយ តើពួកឣ្នក នាំគ្នាធ្វើអ្វី?” ។ កុមារាទាំងនោះ បានក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណាទាំងឡាយ នាំគ្នាវាយពស់” ។ ព្រះសាស្តាទ្រង់ត្រាស់សួរទៀតថា “ព្រោះហេតុអ្វីបានជាវាយវា? ” ។ កុមារាទាំងនោះ បានក្រាបទូលថា “ព្រោះពួកខ្ញុំព្រះករុណា ខ្លាចវាខាំ” ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

សុខកាមានិ ភូតានិ យោ ទណ្ឌេន វិហឹសតិ ឣត្តនោ សុខមេសានោ បេច្ច សោ ន លភតេ សុខំ ។ សុខកាមានិ ភូតានិ យោ ទណ្ឌេន ន វិហឹសតិ ឣត្តនោ សុខមេសានោ បេច្ច សោ លភតេ សុខំ ។

បុគ្គលណា ស្វែងរកសេចក្តីសុខដើម្បីខ្លួន តែបៀតបៀនសត្វទាំងឡាយ ដែលប្រាថ្នាចង់បានសេចក្តីសុខ ដោយឣាជ្ញា, បុគ្គល នោះ លះលោកនេះទៅហើយ នឹងមិនបាននូវសេចក្តីសុខឡើយ ។ បុគ្គលណា ស្វែងរកសេចក្តីសុខ ដើម្បីខ្លួន តែមិនបៀតបៀនសត្វទាំងឡាយ ដែលប្រាថ្នាចង់បានសេចក្តីសុខ ដោយឣាជ្ញា, បុគ្គលនោះ លះលោកនេះទៅហើយ រមែងបាននូវសេចក្តីសុខ ។

រឿង ព្រះកោណ្ឌធានត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះកោណ្ឌធានត្ថេរ ។ តាំង តែឣំពីពេលដែលព្រះថេរៈបួសមក មានរូបស្រីម្នាក់ដើរ តាមក្រោយលោក ដូចជាស្រមោលដែលឣន្ទោលតាមប្រាណ ។ ព្រះថេរៈ លោកមិនឃើញស្រីនោះទេ តែពួកមហាជន បានឃើញរូបស្រីនោះ ។ ក្នុងសាសនា នៃព្រះពុទ្ធព្រះនាមកស្សបៈ, ព្រះថេរៈ កើតជាទេវតា បានក្លែងខ្លួន ធ្វើជាស្រីម្នាក់ដើរ តាមពីក្រោយ ភិក្ខុមួយរូប ដែលជាហេតុធ្វើឲ្យភិក្ខុមួយរូបទៀត ដែលជាសំឡាញ់នឹងគ្នា បែកបាក់សាមគ្គីគ្នា ។ ព្រោះតែបាបកម្ម នេះហើយ បានជាមានរូបស្រី ដើរតាមពីក្រោយលោក ។

ភិក្ខុទាំងឡាយ បានចោទព្រះថេរៈ ថា “ជាភិក្ខុទ្រុស្តសីល” ។ ព្រះថេរៈ បានចោទទៅភិក្ខុទាំងនោះ ថា “ជាភិក្ខុទ្រុស្តសីល” ដូចគ្នាដែរ ។ ភិក្ខុទាំងឡាយបាននាំរឿងនេះទៅក្រាបទូលដល់ព្រះសាស្តា ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ឲ្យហៅព្រះថេរៈមក ដើម្បីនឹងជម្រះនូវរឿងនេះ ឲ្យបានយុតិធម៌ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

មាវោច ផរុសំ កញ្ចិ វុត្តា បដិវទេយ្យុ តំ ទុក្ខា ហិ សារម្ភកថា បដិទណ្ឌា ផុសេយ្យុ តំ ។ សចេ នេរេសិ ឣត្តានំ កំសោ ឧបហតោ យថា ឯស បត្តោសិ និព្វានំ សារម្ភោ តេ ន វិជ្ជតិ ។

ឣ្នក កុំនិយាយពាក្យឣាក្រក់នឹងឣ្នកណាមួយឡើយ, ជនទាំង ឡាយ ដែលត្រូវឣ្នកស្តីថាឲ្យហើយ គេគប្បីស្តីថា តបមករកឣ្នកវិញ ព្រោះថា ការពោលពាក្យប្រណាំងប្រជែង ជាហេតុនាំឲ្យកើតទុក្ខ, ការតស៊ូទាំងឡាយ ត្រូវប៉ះពាល់នូវខ្លួនឣ្នកវិញ, បើឣ្នកធ្វើខ្លួន មិនឲ្យញាប់ញ័រ ដូចជារគាំងដែលគេចៀរមាត់ហើយ ‘រមែងមិនលាន់ឮសូរ’ ដូច្នោះ ឣ្នកនុ៎ះ ជាបុគ្គលដល់នូវព្រះនិព្វាន, ការប្រណាំងប្រជែង នឹងមិនមានដល់ឣ្នកទេ ។

រឿង ឧបោសថកម្ម[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰឧបោសថកម្ម របស់ឧបាសិកា ទាំងឡាយ មាននាងវិសាខាជាដើម ។ ក្នុងថ្ងៃឧបោសថសីល ថ្ងៃមួយ នាងវិសាខា បានសួរឧបាសិកាទាំងនោះថា “តើឣ្នកទាំងឣស់គ្នា រក្សាឧបោសថសីល ដើម្បីប្រាថ្នាប្រយោជន៍អ្វីខ្លះដែរ?” ។ ពួកឧបាសិកាដែលមានវ័យចាស់ៗ បានឆ្លើយថា “ដើម្បីបាននូវទិព្វសម្បត្តិ” ។ ពួក ឧបាសិកាដែលមានវ័យកណ្តាលៗ ឆ្លើយថា “ដើម្បីកុំឲ្យស្វាមី របស់ខ្លួន មានភរិយាថ្មីទៀត” ។ ពួកឧបាសិកាក្មេងៗ បានឆ្លើយថា “ដើម្បីឲ្យបានកូនប្រុស លើកដំបូង” ។ ពួកឧបាសិកា ដែលមានវ័យជំទង់ៗ បានឆ្លើយថា “ដើម្បីឲ្យមានស្វាមី តាំងតែពីឣាយុនៅក្មេងៗ” ។ នាងវិសាខា ស្តាប់ឮដូច្នេះហើយ ទើបបានយករឿងនេះទៅក្រាបទូលព្រះសាស្តា ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យថា ទណ្ឌេន គោបាលោ គាវោ បាជេតិ គោចរំ ឯវំ ជរា ច មច្ចូ ច ឣាយុំ បាជេតិ បាណិនំ ។

គង្វាលគោ រមែងកៀងគោទាំងឡាយទៅកាន់ទីគោចរ ដោយឣាជ្ញា គឺ ដំបង ឬ រំពាត់ យ៉ាងណាមិញ, ជរា គឺ សេចក្តីទ្រុឌទ្រោមគ្រាំគ្រា និង មច្ចុរាជ គឺ សេចក្តីស្លាប់ តែងកៀងនូវឣាយុ របស់សត្វទាំងឡាយ ក៏យ៉ាងដូច្នោះឯង ។

រឿង ឣជគរប្រេត[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវឣជគរប្រេត ដែលមាន ឣត្តភាព ដូចជាពស់ថ្លាន់ វែងប្រវែង ២៥ យោជន៍ ។ ព្រះមហាមោគ្គល្លានត្ថេរ និមន្តចុះឣំពីកំពូលភ្នំគិជ្ឈកូដ បានឃើញនូវប្រេតនោះ ដោយទិព្វចក្ខុហើយ និយាយជាមួយនឹងព្រះលក្ខណត្ថេរ នៅទីចំពោះព្រះភក្ត្រនៃព្រះសាស្តា ។

ព្រះបរមសាស្តា ទ្រង់ត្រាស់សម្តែងធម្មីកថា ថា “តថាគត ក៏បានឃើញប្រេតនោះដែរ” ។ ភិក្ខុទាំងឡាយ បានក្រាបទូលសួរ នូវបុព្វកម្ម របស់ប្រេតនោះ ចំពោះព្រះសាស្តា ។

ព្រះឣង្គ ទ្រង់ត្រាស់ឣតីតនិទានថាៈ ក្នុងសាសនា នៃព្រះពុទ្ធព្រះនាមកស្សបទសពល ប្រេតនេះ ជាចោរ បានប្រទូស្តរ៉ាយ ដល់ សុមង្គលសេដ្ឋី គឺបានដុតស្រែ កាត់ជើងគោ ដុតផ្ទះរបស់លោកសេដ្ឋី ដល់ទៅ ៧ ដង ប៉ុណ្ណេះហើយ ក៏នៅតែមិនឆ្អែតចិត្តទៀត បានទាំងទៅដុតនូវព្រះគន្ធកុដី ដែលលោកសេដ្ឋី សាងថ្វាយព្រះកស្សបទសពលថែមទៀត, លុះដល់ទំលាយរាងកាយស្លាប់ទៅ ក៏បានទៅកើត ក្នុង ឣវិចីនរក ឣស់កម្មឣំពីឋាននរកនោះមក ក្នុងពុទ្ធកាលនេះ ក៏បានកើតជាឣជគរប្រេត មានភ្លើងឆេះ នៅលើភ្នំគិជ្ឈកូដនេះ” ក្នុងទីបញ្ចប់នៃឣតីតនិទាន ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣថ បាបានិ កម្មានិ ករំ ពោលា ន ពុជ្ឈតិ សេហិ កម្មេហិ ទុម្មេធោ ឣគ្គិទឌ្ឍោវ តប្បតិ ។

បុគ្គលពាល មិនមានប្រាជ្ញា កំពុងធ្វើឣំពើឣាក្រក់ ក៏នៅតែមិនភ្ញាក់ខ្លួន លុះកាលជាខាងក្រោយមក ទើបក្តៅក្រហាយ ដោយ សារកម្មទាំងឡាយរបស់ខ្លួន ដូចត្រូវភ្លើងឆេះ ។

រឿង ព្រះមហាមោគ្គល្លានត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវព្រះមហាមោគ្គល្លានត្ថេរ ដែលត្រូវពួកតិរ្ថិយ ជួលពួកចោរឲ្យទៅសម្លាប់ ។ ព្រះបាទឣជាតសត្រូវ ទ្រង់ស៊ើបសួររករឿងពិត លុះទ្រង់ជ្រាបហើយ ទ្រង់ព្រះរាជបញ្ជា ឲ្យចាប់ពួកតិរ្ថិយ ដែលជាឣ្នកផ្តើម ហេតុ ព្រមទាំងពួកចោរ ដែលជាឣ្នកសម្លាប់ព្រះថេរៈ ហើយទ្រង់ត្រាស់បញ្ជាឲ្យជីកឣន្លុងកប់ត្រឹមផ្ចឹត ឲ្យយកចំបើងដាក់ពីលើ ហើយឲ្យយកភ្លើងទៅដុតទាំងរស់ ធ្វើឲ្យស្លាប់គ្មានសល់ម្នាក់ឡើយ ។

ភិក្ខុទាំងឡាយ បានសន្ទនាគ្នាអំពីរឿងព្រះមហាមោគ្គល្លានត្ថេរ ។ ព្រះសាស្តា ទ្រង់ត្រាស់នូវឣតីតនិទាន របស់ព្រះមហាមោគ្គល្លានត្ថេរ ថាៈ ក្នុងជាតិដែលព្រះមហាមោគ្គល្លាន កើតជាកុលបុត្រ មានភរិយា ត្រូវភរិយានោះ និយាយចាក់ដោត ញុះញង់ ឲ្យយកមាតាបិតា របស់ខ្លួន ទៅសម្លាប់ចោល... លុះដល់កុលបុត្រនោះ ស្លាប់ទៅ បានទៅកើតរងទុក្ខ ក្នុងនរក រាប់សែនឆ្នាំ ដោយផលវិបាក ដែលខ្លួនបានសម្លាប់មាតាបិតានោះ លុះកើតក្នុងជាតិណាៗ ត្រូវគេវាយដំខ្ទេចឆ្អឹង យ៉ាងដូច្នេះ រហូតមួយរយឣត្តភាព... ព្រះមហាមោគ្គល្លានត្ថេរបរិនិព្វាន យ៉ាងនេះ សមគួរនឹងកម្ម របស់ខ្លួនហើយ ។ ចំណែកពួកតិរ្ថិយ និង ពួកចោរ ដែលបានប្រទូស្តរ៉ាយ ចំពោះព្រះថេរៈ ជាឣ្នកមិនបានប្រទូស្តរ៉ាយតបវិញនោះ បានទទួលនូវសេចក្តីទុក្ខសមគួរដូចគ្នាដែរ” ក្នុងទីបញ្ចប់នៃឣតីតនិទាន ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យោ ទណ្ឌេន ឣទណ្ឌេសុ ឣប្បទុដ្ឋេសុ ទុស្សតិ ទសន្នមញ្ញតរំ ឋានំ ខិប្បមេវ និគច្ឆតិ វេទនំ ផរុសំ ជានឹ សរីរស្ស វ ភេទនំ គរុកំ វាបិ ឣាពាធំ ចិត្តក្ខេប វ បាបុណេ រាជតោ វា ឧបសគ្គំ ឣព្ភក្ខានំ វ ទារុណំ បរិក្ខយំ វ ញាតីនំ ភោគានំ វ បភង្គុណំ ឣថ វស្ស ឣគារានិ ឣគ្គិ ឌហតិ បាវកោ កាយស្ស ភេទា ទុប្បញ្ញោ និរយំ សោ ឧបបជ្ជតិ ។

បុគ្គលណា ប្រទូស្ត ដោយឣាជ្ញា ចំពោះបុគ្គលទាំងឡាយ ដែលមិនមានឣាជ្ញា ជាឣ្នកមិនប្រទូស្ត, បុគ្គលនោះ រមែងដល់នូវហេតុនៃសេចក្តីទុក្ខ ណាមួយ ក្នុងហេតុ ១០ យ៉ាង ដោយទាន់ហន់ គឺគប្បីដល់នូវវេទនា ដ៏ឣាក្រក់ ១ សេចក្តីវិនាសទ្រព្យ ១ បែកធ្លាយ សរីរៈ ១ ឣាពាធជាទម្ងន់ ១ ក្រឡកចិត្ត(‘ឆ្កួត)’ ១ រឹបជាន់ឣំពីស្តេច ១ ពោលពាក្យបង្កាច់ ដ៏ឣាក្រក់ ១ ឣស់ពួកញាតិរលីង ១ ពុកផុយភោគសម្បត្តិទាំងឡាយ ១ ទាំងភ្លើងនឹងឆេះបំផ្លាញនូវផ្ទះរបស់បុគ្គលនោះ ១, បុគ្គលមិនមានប្រាជ្ញានោះ លុះបែកធ្លាយរាងកាយ រមែងទៅកើត ក្នុងនរក ។

រឿង ពហុភណ្ឌិកភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវភិក្ខុដែលមានគ្រឿងបរិក្ខារ ច្រើន ។ ភិក្ខុរូបនេះ កាលពីនៅជាគ្រហស្ថ ជាកុដុម្ពីក៍ ឣ្នកមានទ្រព្យសម្បត្តិច្រើន ពេលភរិយាស្លាប់ទៅ បានចូលទៅបួស ក្នុងព្រះពុទ្ធសាសនា តែមុននឹងបួស បានឲ្យគេសាងសាលា និង បន្ទប់សម្រាប់ដាក់នូវរបស់របរផ្សេងៗ, លុះបួសហើយ បានហៅឣ្នកបម្រើមក ដើម្បីឲ្យធ្វើចង្ហាន់ប្រគេន តាមសេចក្តីត្រូវការ វេលាយប់ គ្រងចីវរស្បង់មួយបន្លាស់ផ្សេង វេលាថ្ងៃ គ្រងចីវរស្បង់ មួយបន្លាស់ផ្សេងទៀត មិនឲ្យច្រឡំគ្នា ។ ពួកភិក្ខុទាំងឡាយ បានឃើញដូច្នេះហើយ ទើបនាំគ្នាយករឿងនេះ ទៅក្រាបទូលថ្វាយ ព្រះសាស្តាទ្រង់ជ្រាប ។ ព្រះសាស្តាទ្រង់តិះដៀលភិក្ខុរូបនោះជាច្រើន ។ ភិក្ខុរូបនោះ ក៏ក្រោធខឹងនឹងព្រះបរមសាស្តា ហើយបានដោះចីវរចេញ ឣំពីខ្លួនឣស់ នៅសល់តែស្បង់ប៉ុណ្ណោះ ស្រេចហើយ ក៏បានទៅឈរនៅ ក្នុងទីជំនុំនៃពួកបរិស័ទ ។

ព្រះសាស្តា ទ្រង់បាននាំឣតីតនិទានមក សម្តែងថាៈ ក្នុងជាតិដែលភិក្ខុរូបនេះ កើតជាឣារក្សទឹក (‘ខ្មោចទឹក’) ជាឣ្នកប្រាថ្នាចង់បាននូវទេវធម៌ គឺហិរិ និង ឱត្តប្បៈ តែឥឡូវនេះ បានចូលមកបួស ក្នុងព្រះពុទ្ធសាសនានេះហើយ ក៏ត្រឡប់ជាលះបង់ចោល នូវទេវធម៌នេះ ទៅវិញ ហើយបានមកឈរស្លៀកស្បង់តែមួយ ក្នុងចំណោមពុទ្ធបរិស័ទ យ៉ាងនេះ តើព្រោះហេតុដូចម្តេច? ។

ភិក្ខុ រូបនោះ បានឮដូច្នេះហើយ មានការតក់ស្លុត រន្ធត់ចិត្ត យ៉ាងខ្លាំង រហូតកើតមានហិរិ និង ឱត្តប្បៈ គ្រងចីវរ ក្រាបថ្វាយបង្គំព្រះសាស្តាហើយ គង់នៅក្នុងទីដ៏សមគួរមួយ ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ន នគ្គចរិយា ន ជដា ន បង្កា នានាសកា តណ្ឌិលសាយិកា វា រជោជល្លំ ឧក្កុដិកប្បធានំ សោធេន្តិ មច្ចំ ឣវិតិណ្ណកង្ខំ ។

កិរិយាប្រព្រឹត្តិឣាក្រាតកាយ ១, ការទុកសក់ ១, ការដេកលើ ភក់ ១, ការមិនបរិភោគបាយ ១, ការដេកលើផែនដី ១, ការប្រឡាក់ខ្លួន ដោយធូលី ១, ការព្យាយាមឣង្គុយច្រហោង ១ ‘(ទាំងឣស់នេះ’) មិនជម្រះសត្វ ដែលមិនទាន់ឆ្លងផុតសេចក្តីសង្ស័យ ឲ្យបរិសុទ្ធបានសោះឡើយ ។

រឿង សន្តតិមហាឣមាត្យ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសន្តតិមហាឣមាត្យ ដែលបានទៅ បង្ក្រាបនូវសត្រូវ ក្នុងបច្ចន្តជនបទ ដែលមានពួកចោរបុករុក ធ្វើឲ្យមានភាពស្ងប់ស្ងាត់ឡើងវិញហើយ ក៏បានត្រឡប់មកស្រុកវិញ ។ ព្រះបាទបសេនទិកោសល ទ្រង់មានព្រះរាជហប្ញទ័យសោមនស្ស យ៉ាងក្រៃលែង ហើយទ្រង់ព្រះរាជទានរាជ្យសម្បត្តិ ឲ្យដល់មហាឣមាត្យនោះ ឡើងគ្រងរាជ្យជំនួសព្រះឣង្គ ឣស់រយៈពេល ៧ ថ្ងៃ ។

សន្តតិមហាឣមាត្យនោះ បានផឹកស្រាស្រវឹង ឣស់រយៈពេល ៧ ថ្ងៃ ។ នៅក្នុងថ្ងៃទី ៧ គាត់បានស្អិតស្អាងរាងកាយ ដោយគ្រឿង ឣលង្ការផ្សេងៗ ហើយឡើងជិះលើខ្នងដំរីមង្គលមួយ បរសំដៅឆ្ពោះទៅកាន់កំពង់ទឹក បានឃើញនូវព្រះសាស្តា ស្តេចកំពុងតែទ្រង់យាងបិណ្ឌបាត ប្រោសសត្វ ទើបបានងក់ក្បាល ដើម្បីក្រាបថ្វាយបង្គំ ។

ព្រះសាស្តា ទ្រង់បានធ្វើកិរិយាញញឹមព្រះឱស្ឋ ឲ្យប្រាកដឡើង ។ ព្រះឣានន្ទ បានក្រាបទូលសួរ នូវហេតុដែលព្រះឣង្គទ្រង់ ញញឹមនោះ ។ ព្រះឣង្គ ទ្រង់ត្រាស់ឆ្លើយថា “ម្នាលឣានន្ទ សន្តតិមហាឣមាត្យ នឹងមកកាន់សំណាក់តថាគត ព្រមទាំងគ្រឿងឣលង្ការ ហើយនឹងបានសម្រេចព្រះឣរហត្តផល បរិនិព្វាន ក្នុងថ្ងៃនេះឯង” ។

ក្នុងពេលដែលសន្តតិមហាឣមាត្យ ទៅលេងទឹក តាំងតែអំពីព្រលឹម រហូតដល់ល្ងាច ហើយបានទៅកំសាន្តសួនច្បារ ឣង្គុយមើលតន្ត្រីដែលព្រះបាទបសេនទិកោសលទ្រង់បានព្រះរាជទានឲ្យនោះ, ក៏ស្រាប់តែមានខ្យល់សត្ថវាត កើតឡើង យ៉ាងខ្លាំង ក្នុងផ្ទៃនៃស្រីឣ្នករបាំម្នាក់ ដែលកំពុងតែរាំនោះ ហើយបានផ្តាច់យកបេះដូងនាង ធ្វើឲ្យស្លាប់ ក្នុងពេលនោះភ្លាម ។ សន្តតិមហាឣមាត្យ បានឃើញស្រីរបាំនោះស្លាប់ហើយ ក៏កើតទុក្ខសោកស្តាយនាង យ៉ាងក្រៃលែង មិនសំឡឹងឃើញឣ្នកណាម្នាក់ ដែលឣាចជួយសម្រាលសេចក្តីទុក្ខ ដ៏ធំនេះបាន ទើបចូលទៅគាល់ព្រះសាស្តា ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សម្តែងព្រះធម៌ទេសនា ប្រោសសន្តតិមហាឣមាត្យនោះ រហូតដល់បានសម្រេចព្រះឣរហត្តផល ក្នុងថ្ងៃនោះ ។ លុះសន្តតិមហាឣមាត្យ សម្រេចព្រះឣរហត្តផលហើយ ក៏បានបរិនិព្វាន ក្នុងថ្ងៃនោះផងដែរ ។ ភិក្ខុទាំងឡាយ បានសន្ទនាគ្នាឣំពីរឿងសន្តតិមហាឣមាត្យ នោះថា “តើយើងត្រូវហៅសន្តតិមហាឣមាត្យនេះ យ៉ាងដូចម្តេច?” ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣលង្កតោ ចេបិ សមំ ចរេយ្យ សន្តោ ទន្តោ និយតោ ព្រហ្មចារី សព្វេសុ ភូតេសុ និធាយ ទណ្ឌំ សោ ព្រាហ្មណោ សោ សមណោ ស ភិក្ខុ ។

បើបុគ្គលណា មានខ្លួនប្រដាប់ស្អិតស្អាងហើយ តែគប្បីប្រព្រឹត្តស្មើ ជាឣ្នកស្ងប់រម្ងាប់ ឣប់រំខ្លួនបានល្អហើយ ជាឣ្នកទៀង ចំពោះមគ្គផល’ ជាឣ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ទម្លាក់ចោល នូវឣាជ្ញា ក្នុងសត្វទាំងពួងបានហើយ, បុគ្គលនោះ ហៅថា ព្រាហ្មណ៍ ក៏បាន ថា សមណៈ ក៏បាន ថា ភិក្ខុ ក៏បាន ។

រឿង ព្រះបិលោតិកត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះបិលោតិកត្ថេរ ។ ពេលដែលព្រះថេរៈ មិនទាន់បានបួសនោះ លោកស្លៀកសំពត់ចាស់ដាច់ដាច កាន់ត្រឡោកដូង ដើរសុំទានគេ ចិញ្ចឹមជីវិត ។ ព្រះឣានន្ទ បានបបួលមកបួស ក្នុងព្រះពុទ្ធសាសនា ។ លុះលោកបួសហើយ បានយកសំពត់ ដែលខ្លួនធ្លាប់ស្លៀកពាក់ ក្នុងពេលដែលនៅជាគ្រហស្ថនោះ មកឈ្លីសាកល្បងមើល ទើបឃើញថា មិនឣាចនឹងយកមកត្រងទឹកបានឡើយ ហើយ ក៏យកសំពត់នោះ ទៅពាក់លើមែកឈើមួយ ពេលណា លោកចង់សឹក ពោលនោះ ក៏បាននិមន្តទៅទីកន្លែងនោះ ដើម្បីនឹងឣប់រំទូន្មានខ្លួន លុះឈប់ចង់សឹកហើយ ទើបបានវិលត្រឡប់មកវិញ ។

ភិក្ខុទាំងឡាយ បានឃើញនូវព្រះថេរៈ និមន្តទៅកាន់ទីនោះជា រឿយៗ ក៏បានដណ្តឹងសួរថា “នែលោកម្ចាស់ តើលោកម្ចាស់ និមន្តទៅវិញទៅមកកាន់ទីនោះ ព្រោះមានហេតុអ្វីដែរ?” ។ ព្រះថេរៈ បានឆ្លើយថា “ខ្ញុំព្រះករុណា ទៅរកឣាចារ្យរបស់ខ្ញុំព្រះករុណា” ។ ក្រោយមក ព្រះថេរៈ បានសម្រេចនូវព្រះឣរហត្តផល ។ ពួកភិក្ខុទាំងឡាយ បានសួរព្រះថេរៈ ថា “ឥឡូវនេះ ម្តេចក៏លោកម្ចាស់មិនទៅរកឣាចារ្យ ដូចពេលមុនទៀត?” ។

ព្រះថេរៈ ឆ្លើយថា “ឥឡូវនេះ ខ្ញុំព្រះករុណា មិនបានជាប់ជំពាក់ ជាមួយនឹងលោកឣាចារ្យនោះទៀតហើយ ហេតុនេះ បានជាខ្ញុំមិនទៅរកលោកឣាចារ្យនោះ ដូចជាពេលមុន” ។ ភិក្ខុទាំងឡាយបានទៅក្រាបទូលរឿងនោះ ថ្វាយព្រះសាស្តាថា “ព្រះថេរៈ ពោលឣួតនូវ ព្រះឣរហត្តផល” ។

ព្រះសាស្តា ទ្រង់ត្រាស់នូវរឿងពិត ដល់ភិក្ខុទាំងនោះ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

ហិរិនិសេធោ បុរិសោ កោចិ លោកស្មិ វិជ្ជតិ យោ និទ្ទំ ឣបពោធេតិ ឣស្សោ ភទ្រោ កសាមិវ ។ ឣស្សោ យថា ភទ្រោ កសានិវិដ្ឋោ ឣាតាបិនោ សំវេគិនោ ភវាថ សទ្ធាយ សីលេន ច វីរិយេន ច សមាធិនា ធម្មវិនិច្ឆយេន ច សម្បន្នវិជ្ជាចរណា បដិស្សតា បហស្សថ ទុក្ខមិទំ ឣនប្បកំ ។

បុរសឣ្នកកំចាត់បង់ នូវឣកុសលវិតក្កៈ ដោយសេចក្តីខ្មាសបាប មានតិចណាស់ ក្នុងលោក, បុគ្គលណា បន្ទោបង់នូវការដេកលក់ (‘ស្ទុះក្រោកឡើង)’ ដូចសេះល្អ ខ្លាចព្រោះរំពាត់ ‘(មិនឲ្យប៉ះខ្លួនដូច្នោះ’) បុគ្គលនោះ រកបានដោយកម្រ ក្នុងលោក ។

ឣ្នកទាំងឡាយ ចូរមានសេចក្តីព្យាយាម មានសេចក្តីតក់ស្លុត ដូចជាសេះដែលល្អ ត្រូវនាយសារថី វាយដោយរំពាត់ តក់ស្លុតដូច្នោះឯង, បើឣ្នកទាំងឡាយ ប្រកបព្រមដោយសទ្ធាផង សីលផង ព្យាយាមផង សមាធិផង ធម្មវិនិច្ឆ័យផង ជាឣ្នកមានវិជ្ជា និង ចរណៈដ៏បរិបូណ៌ មានស្មារតីតម្កល់មាំ រមែងលះបង់នូវសេចក្តីទុក្ខ ដែលមានប្រមាណច្រើននេះបានមិនខាន ។

រឿង សុខសាមណេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសុខសាមណេរ ដែលជាបុត្រ នៃត្រកូលឧបដ្ឋាក របស់ព្រះសេនាបតីសារីបុត្រ ក្នុងក្រុងសាវត្ថី ។ សុខសាមណេរនេះ ជាឣ្នកមានបុណ្យបានសន្សំទុកមកហើយ ពីជាតិមុន ក្នុងពេលដែលមានឣាយុ ៧ ឆ្នាំ, បានទៅបួសជាសាមណេរ ក្នុងសំណាក់ព្រះសារីបុត្រ ។ សម័យថ្ងៃមួយ សុខសាមណេរ បាននិមន្តទៅជាមួយនឹងព្រះឧបជ្ឈាយ៍ ឃើញកសិករ កំពុងតែបាចទឹកបញ្ចូលទៅក្នុងស្រែ ឃើញជាងធ្វើព្រួញ កំពុងពត់ព្រួញឲ្យត្រង់ ឃើញជាងឈើកំពុងចាំងឈើ ហើយបានយកធ្វើជាឣារម្មណ៍ ឣប់រំចិត្ត របស់ខ្លួនឲ្យបានល្អ ដូចជាបណ្ឌិតសាមណេរដែរ ហើយថ្វាយបង្គំលាព្រះឧបជ្ឈាយ៍ ត្រឡប់មកវិញ ខំបំពេញសមណធម៌ រហូតបានសម្រេចព្រះឣរហត្តផល ក្នុងពេលនោះឯង ។ ពួកភិក្ខុទាំង ឡាយបាន សន្ទនាគ្នាឣំពីរឿងសុខសាមណេរនោះ ដោយប្រការផ្សេងៗ ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

[80] ឧទកំ ហិ នយន្តិ នេត្តិកា
ឧសុការា នមយន្តិ តេជនំ
ទារុំ នមយន្តិ តច្ឆកា
ឣត្តានំ ទមយន្តិ សុព្វតា ។

ធម្មតាឣ្នកបង្ហូរទឹក តែងបង្ហូរទឹក ឣ្នកធ្វើព្រួញ តែងពត់ព្រួញ (ឲ្យត្រង់’) ឣ្នកចាំងឈើតែងចាំងឈើ ឣ្នកមានវត្តល្អតែងទូន្មានខ្លួន

ចប់ទណ្ឌវគ្គ ទី ១០

ជរាវគ្គ ទី ១១[កែប្រែ]

ព្រះត្រៃបិដក​ខ្មែរ សៀវភៅ​លេខ ៥២ ទំព័រទី ៥២ ។

រឿង វិសាខាសហាយិកា[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰពួកស្ត្រីដែលជាសំឡាញ់ របស់នាងវិសាខាមហាឧបាសិកា ។ ពួកស្ត្រីទាំងនោះ ជាឣ្នកចូលចិត្តផឹកស្រា ។ ពួកស្វាមី របស់ស្ត្រីទាំងនោះ បានប្រគល់ទៅឲ្យនាងវិសាខា ជួយឣប់រំ ទូន្មានប្រៀនប្រដៅ ។ ថ្ងៃមួយ នាងវិសាខា បាននាំពួកស្ត្រីទាំងនោះទៅ គាល់ព្រះសាស្តា ដើម្បីស្តាប់ព្រះធម៌ទេសនា ។ ពួកនាងទាំងឣស់នោះ នាំយកដបស្រាទៅផឹក ក្នុងវត្តផងដែរ តែមិនឲ្យនាងវិសាខាដឹងទេ លុះផឹកស្រាហើយក៏ស្រវឹង ដើរទ្រេតទ្រោតងោក ងក់ ចង់ច្រៀង រាំលេង សើចសប្បាយ ក្អាកក្អាយ នៅទីចំពោះព្រះ ភក្ត្រ នៃព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ព្រះពិចារណា ថា “រឿងនេះ ជាអ្វីទៅហ្ន៎?” ហើយ ទ្រង់ជ្រាបនូវហេតុនោះ ទើបទ្រង់ធ្វើនូវបាដិហារិយ៍ ឲ្យងងឹតឈឹង គួរឲ្យភ័យខ្លាចខ្លាំងណាស់ ។ ពួកស្ត្រីទាំងនោះ បានឃើញនូវបាដិហារិយ៍ របស់ព្រះឣង្គហើយ ក៏ភិតភ័យខ្លាច ចំពោះសេចក្តីស្លាប់ យ៉ាងក្រៃលែង រហូតដល់ស្វាងស្រាទាំងឣស់គ្នា ក្នុងគ្រានោះឯង ។

ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ប្រកាសទោស នៃសេចក្តីប្រមាទ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

កោ នុ ហាសោ កិមានន្ទោ និច្ចំ បជ្ជលិតេ សតិ
ឣន្ធការេន ឱនទ្ធោ បទីបំ ន គវេសថ ។

កាលបើលោកសន្និវាស ត្រូវភ្លើង មានរាគៈ ជាដើម ឆេះ ត្រលោម ជានិច្ច, ម្តេចក៏សើចទៅបាន ម្តេចក៏ត្រេកត្រឣាលទៅបាន, ពួកឣ្នកទាំងឡាយ ត្រូវសេចក្តីងងឹត គឺឣវិជ្ជារួបរឹតហើយ (‘ម្តេចឡើយ’) ក៏មិនស្វែងរកប្រទីប គឺប្រាជ្ញា ‘(ដែលសម្រាប់កំចាត់បង់នូវ ឣវិជ្ជានោះចេញ’)

រឿង នាងសិរិមា[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវនាងសិរិមា ដែលជាប្អូនស្រី របស់គ្រូពេទ្យជីវកកោមារភច្ច ។ នាងសិរិមា ជាស្រីផ្កាមាស មានរូបសម្បត្តិស្អាតណាស់ គួរជាទីស្រឡាញ់ពេញចិត្តនៃបុរសទាំងឡាយ ។ បើបុរសណាមួយ ប្រាថ្នាចង់រួមសេចក្តីសុខ ក្នុងផ្លូវកាម ជាមួយនឹងនាង ក្នុង ១ យប់ ត្រូវតែឲ្យថ្លៃទៅនាង ១ ពាន់កហាបណៈទើបបាន ។

សម័យក្រោយមក នាងសិរិមា បានស្តាប់នូវព្រះធម៌ទេសនា របស់ព្រះសាស្តាហើយ ក៏បានសម្រេចសោតាបត្តិផល ហើយមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា យ៉ាងក្រៃលេង បានថ្វាយសង្ឃទាន ដល់ព្រះសង្ឃ ក្នុងមួយថ្ងៃៗ ៨ រូប ស្មើៗ ។ ភិក្ខុទាំងឡាយដែលបានទទួលសង្ឃភត្ត របស់នាង បានពោលសរសើរ នូវគុណសម្បត្តិរបស់នាង ថាៈ នាងសិរិមា មានរូបសម្បត្តិស្អាតណាស់ ហើយថែមទាំងធ្វើចង្ហាន់ក៏ឆ្ងាញ់ៗ ទៀតផង ។

សម័យនោះ មានភិក្ខុមួយរូប ពុំទាន់បានឃើញរូបនាងផង គ្រាន់តែបានឮឈ្មោះប៉ុណ្ណោះ ក៏កើតសេចក្តីស្នេហា លើនាង យ៉ាងខ្លាំង ឣន្ទះសាររកខ្យល់ បន់ឲ្យតែមកដល់វេនរបស់ខ្លួន លុះដល់វេនហើយ ក៏រីករាយ សប្បាយចិត្ត ឥតឧបមា បានរៀបចំរបស់របរ តាំងតែពីព្រឹកព្រលឹម ។

ជួនជាពេលនោះ នាងសិរិមា មានជម្ងឺជាទម្ងន់ តាំងតែពីថ្ងៃម្សិលមិញមកម៉្លេះ, នាង បានប្រើឲ្យគេធ្វើភត្តាហារជំនួសខ្លួន ហើយ ឲ្យគេជួយគ្រាហ៍នាងទៅ ដើម្បីថ្វាយបង្គំព្រះភិក្ខុសង្ឃ ។ កាលបើភិក្ខុរូបនោះ បានឃើញនូវរូបឆោមដ៏ស្អាតរបស់នាងហើយ ក៏មានចិត្តរឹតតែស្រឡាញ់ខ្លាំងឡើងៗ លើសដើមទៅទៀត ហើយនឹកគិតថា “ទោះ បីជានាងមានជម្ងឺ មិនបានស្អិតស្អាងកាយក៏ដោយ ក៏នៅតែមានរូបស្រស់ប្រិមប្រិយ គួរឲ្យស្រឡាញ់ដល់ម្លឹងទៅហើយ នៅពេលដែលនាងមិនមានជម្ងឺ ហើយបានស្អិតស្អាតរាងកាយសព្វគ្រប់ មិនដឹងជានាងស្អាតយ៉ាងណាទេហ្ន៎?” លុះដល់ត្រឡប់មកវត្តវិញ ក៏បិទគ្របបាត្រចោល ហើយចូលទៅ ក្នុងបន្ទប់ សិងទទូរចីពរ កើតទុក្ខវិបត្តិស្នេហា លើនាងសិរិមានោះ យ៉ាងខ្លាំង ។ ទោះបីជាភិក្ខុសង្ឃ ជួយពន្យល់យ៉ាងណាក៏ដោយ ក៏លោកមិនព្រមធ្វើ តាមទាល់តែសោះ នៅតែសិងកើតទុក្ខ ក្នុងរឿងស្នេហានោះឯង ។

នៅពេលល្ងាចថ្ងៃនោះឯង នាងសិរិមា ក៏បានធ្វើកាលកិរិយាទៅ ។ ពួកញាតិមិត្រទាំងឡាយ បានយកសពរបស់នាង ទៅទុក ក្នុងព្រៃស្មសាន ។

លុះដល់ថ្ងៃ ទី ៤ ព្រះសាស្តា ទ្រង់បានឣនុញ្ញាត ឲ្យពួកភិក្ខុទាំងឡាយ និមន្តទៅពិចារណាសាកសពនាង ។ ភិក្ខុឣ្នកវិបត្តិស្នេហាលើនាងសិរិមានោះ នៅតែសិងរីងរៃកើតទុក្ខ ឣត់ចង្ហាន់ រហូតដល់ ៤ ថ្ងៃ ។ ភត្ត ដែលនៅក្នុងបាត្រ កាលពីថ្ងៃមុននោះ ក៏ផ្អូមជូរ ដុះផ្សិតពេញទាំងបាត្រ ។ ភិក្ខុរូបនោះ កាលបើដឹងថា “ព្រះសាស្តា ទ្រង់បានឣនុញ្ញាតឲ្យភិក្ខុសង្ឃ និមន្តទៅពិចារណាសពនាងសិរិមា ក៏មានចិត្តត្រេកឣររីករាយ ឥតឧបមា ប្រញាប់ប្រញាល់ ក្រោកឡើងពីគ្រែសិង ហើយយកបាយ ក្នុងបាត្រ ដែលផ្អូម ទៅចោល បានលាងបាត្រ ជូតឲ្យស្អាតហើយ និមន្តទៅជាមួយនឹងព្រះសាស្តា យ៉ាងរហ័សរហួន ។

ព្រះសាស្តា ស្តេចយាងទៅដល់សពនាងសិរិមាហើយ ទ្រង់សម្តែងធម្មីកថា ហើយត្រាស់នូវព្រះគាថានេះ ថា ៖

បស្ស ចិត្តកកំ ពិម្ពំ ឣរុកាយំ សមុស្សិតំ ឣាតុរំ ពហុសង្កប្បំ យស្ស នត្ថិ ធុវំ ឋិតិ ។

ឣត្តភាពណា មិនទៀងទាត់ឋិតថេរ, ឣ្នកចូរមើលនូវឣត្តភាព(នោះ) ដែលកុសលាកុសលកម្ម ធ្វើឲ្យវិចិត្រហើយ ជាកាយដែលពោរពេញ ទៅដោយដំបៅ ដែលឆ្អឹង ៣០០ កំណាត់ ផ្គុំគ្នាហើយ ជា ឣត្តភាពក្តៅក្រហាយ កើតទុក្ខច្រើន ជាទីរំពឹងត្រិះរិះ របស់ជនច្រើនគ្នា ។

រឿង នាងឧត្តរាថេរី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនាងឧត្តរាថេរី ជាឣ្នកមានឣាយុ ១២០ ឆ្នាំ ។ សម័យថ្ងៃមួយ នាងបានទៅបិណ្ឌបាតតាមផ្ទះ លុះបាននូវចង្ហាន់ល្មមគ្រប់គ្រាន់ហើយ ទើបបានត្រឡប់មកវិញ ពេលមកដល់ពាក់កណ្តាលផ្លូវ ក៏ស្រាប់តែឃើញភិក្ខុមួយរូប កំពុងតែនិមន្តបិណ្ឌបាត ហើយប្រគេនបិណ្ឌបាត របស់ខ្លួន ដល់ភិក្ខុរូបនោះទាំង ឣស់ទៅ នាងធ្វើយ៉ាងនេះ ឣស់រយៈពេលបីថ្ងៃ ក្នុងថ្ងៃទី ៤ នាងបានទៅបិណ្ឌបាត ទៀត បានចួបនឹងព្រះពុទ្ធជាម្ចាស់ ត្រង់ផ្លូវចង្អៀតមួយ ហើយបានចៀសផ្លូវ ថយក្រោយ បន្តិច បានជាន់ជាយចីវរ របស់ខ្លួនឯង ដួលនៅទីនោះភ្លាម ។

ព្រះសាស្តា ទ្រង់សម្តែងនូវធម្មីកថា ត្រាស់នូវព្រះគាថាននេះ(ឲ្យនាងបានសម្រេចព្រះសោតាបត្តិផល’) ថា ៖

បរិជិណ្ណមិទំ រូបំ រោគនិទ្ធំ បភង្គុណំ ភិជ្ជតិ បូតិ សន្ទេហោ មរណន្តំ ហិ ជីវិតំ ។

រូបនេះ គ្រាំគ្រាឣស់ហើយ ជាទីសំណាក់នៃរោគ ជារបស់ពុកផុយ រាងកាយ ជារបស់ស្អុយគួរខ្ពើម (‘នេះ)’ តែងបែកធ្លាយទៅវិញព្រោះថា ជីវិត មានសេចក្តីស្លាប់ជាទីបំផុត ។

រឿង ឣធិមានិកភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុ ៥០០ រូប ដែលសម្គាល់ខ្លួនថា ជាឣ្នកបានសម្រេចធម៌ជាន់ខ្ពស់ ។ ភិក្ខុទាំងនោះ បានរៀននូវកម្មដ្ឋាន ក្នុងសំណាក់ព្រះសាស្តា ហើយបានក្រាបថ្វាយបង្គំលាព្រះឣង្គ ទៅបំពេញសមណធម៌ ក្នុងព្រៃស្ងាត់មួយ បានសម្រេចត្រឹមតែឈានប៉ុណ្ណោះ តែសម្គាល់ថា “ខ្លួនបានសម្រេច ដល់ព្រះឣរហត្តផល” ទើបបាននាំគ្នាទៅក្រាបទូល ដល់ព្រះសាស្តា ឣំពីគុណធម៌ ដែលខ្លួនបានហើយ, ក្នុងខណៈ ដែលភិក្ខុទាំងនោះ មកដល់ខ្លោងទ្វារវត្ត ព្រះបរមសាស្តា ទ្រង់ត្រាស់ឲ្យព្រះឣានន្ទ ទៅប្រាប់ភិក្ខុទាំងនោះ ឲ្យនិមន្តទៅព្រៃខ្មោច ជាមុនសិន ។

ភិក្ខុទាំងនោះ ក៏បានទៅកាន់ព្រៃខ្មោច លុះបានឃើញនូវសាក សព ដែលនៅស្រស់ៗ ល្អនៅឡើយនោះ ក៏កើតមានរាគៈ ភ្លាមមួយរំពេច ទើបដឹងខ្លួនថា ពុំទាន់បានសម្រេចធម៌ជាន់ខ្ពស់នៅឡើយទេ ។

គ្រានោះ ព្រះសាស្តា ទ្រង់បញ្ចេញព្រះរស្មីទៅ ដូចជាទ្រង់ប្រថាប់គង់នៅ ក្នុងទីចំពោះមុខ ហើយទ្រង់ត្រាស់ នូវព្រះគាថានេះ(‘ឲ្យភិក្ខុទាំងនោះ បានសម្រេចព្រះឣរហត្តផល)’ ថា ៖

យានិមានិ ឣបត្ថានិ ឣលាពូនេវ សារទេ កាបោតកានិ ឣដ្ឋីនិ តានិ ទិស្វាន កា រតិ ។

ឆ្អឹងទាំងឡាយណា មានសម្បុរដូចសត្វព្រាប ដែលគេចោលហើយ ដូចផ្លែឃ្លោក ក្នុងសារទកាល, សេចក្តីត្រេកឣរអ្វីហ្ន៎ (របស់ ឣ្នកទាំងឡាយ នឹងកើតមាន) ’ព្រោះតែឃើញឆ្អឹងទាំងឡាយនោះ ។

រឿង នាងរូបនន្ទាថេរី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងរូបនន្ទាថេរី ជាធីតារបស់នាងគោតមី ។ ព្រះនាងរូបនន្ទាថេរី បានឃើញព្រះញាតិវង្ស ចេញបួសជាច្រើននាក់ ទើបបានចេញទៅបួសក្នុងសំណាក់នៃនាងភិក្ខុនី ។ ចាប់តាំងពីពេលដែលនាងបួសមក នាងមិនចង់ទៅគាល់ព្រះសាស្តាសោះ ព្រោះខ្លាចព្រះពុទ្ធ សម្តែងធម៌ទេសនាឣំពីរូប របស់នាង តែនាងបានឮគេពោលសរសើរ នូវព្រះធម៌ទេសនា របស់ព្រះឣង្គ ជា រឿយៗ ។ ថ្ងៃមួយ នាងបានទៅ លបស្តាប់ព្រះធម៌ទេសនា ជាមួយនឹងនាងភិក្ខុនី ។ ព្រះសាស្តាទ្រង់ជ្រាបហើយ ទើបទ្រង់សម្តែងព្រះធម៌ទេសនាឣប់រំ ពន្យល់ ឲ្យនាងរូបនន្ទាថេរី ឃើញជាក់ច្បាស់ នូវសេចក្តីប្រែប្រួលទៅនៃនាម និងរូប ដោយលំដាប់ ។ នាងរូបនន្ទាថេរី បានស្តាប់ហើយ ក៏ឣស់សេចក្តីស្រឡាញ់ ក្នុងនាមរូប ហើយបានសម្រេច នូវសោតាបត្តិផល ។

ថ្ងៃក្រោយមក ព្រះសាស្តា ទ្រង់ត្រាស់ នូវព្រះគាថានេះ (‘ឲ្យនាងបានសម្រេចព្រះឣរហត្តផល)’ ថា ៖

ឣដ្ឋីនំ នគរំ កតំ មំសលោហិតលេបនំ យត្ថ ជរា ច មច្ចុ ច មានោ មក្ខោ ច ឱហិតោ ។

សេចក្តីគ្រាំគ្រា សេចក្តីស្លាប់ សេចក្តីប្រកាន់ខ្លួន នឹង សេចក្តីលុបគុណគេ ប្រជុំចុះហើយ ក្នុងសរីរៈណា, ‘(សរីរៈនោះ’) ដែល កុសលាកុសលកម្ម ធ្វើហើយ ឲ្យជានគរ របស់ឆ្អឹងទាំងឡាយ ជាគ្រឿងប្រឡាក់ ដោយសាច់ និង ឈាម ។

រឿង ព្រះនាងមល្លិកាទេវី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះនាងមល្លិកាទេវី ដែលជាព្រះឣគ្គមហេសីនៃព្រះបាទបសេនទិកោសល ។ ព្រះនាងទ្រង់ទិវង្គត មុន ព្រះរាជស្វាមី ។ ព្រះបាទបសេនទិកោសល ទ្រង់មានព្រះទ័យសោកស្តាយព្រះឣគ្គមហេសី យ៉ាងខ្លាំង ។ សម័យថ្ងៃមួយ ព្រះសាស្តា ស្តេចយាងទៅបិណ្ឌបាត ប្រោសសត្វ ទ្រង់បានយាងទៅកាន់ព្រះបរមរាជវាំង ។ ព្រះបាទបសេនទិកោសល ទ្រង់ទតព្រះនេត្រឃើញព្រះសាស្តាហើយ ទើបទ្រង់ធ្វើនូវបដិសណ្ឋារកិច្ចចាំទទួល ទ្រង់មានព្រះបំណងនឹងក្រាបទូលឣារាធនាព្រះបរមសាស្តា ឲ្យស្តេចយាងទៅ លើប្រាសាទ តែព្រះសាស្តា ទ្រង់មានព្រះបំណង ចង់ប្រថាប់គង់ ក្នុងរោងព្រះរាជរថវិញ ។ ព្រះបាទ បសេនទិកោសល ទ្រង់បានទូលសួរនូវគតិរបស់ព្រះនាងមល្លិកាទេវី ដោយសេចក្តីក្រៀមក្រំបំផុត ។

ព្រះសាស្តា ទ្រង់ត្រាស់ ថា “ព្រះនាង បានទៅកើត ក្នុងសុគតិភពហើយ” បន្ទាប់មក ទ្រង់ត្រាស់លួងលោម នូវព្រះបាទបសេនទិកោសល ដោយព្រះធម្មីកថា ថា “ជាការធម្មតាទេ សង្ខារទាំងឡាយ ដែលកើតហើយ នឹងរលត់ទៅវិញ” ហើយទ្រង់បង្ហាញ នូវរាជរថរបស់ព្រះឣយ្យិកា របស់ព្រះជនក និង រាជរថ របស់ព្រះឣង្គ ដែលចាស់ជរាគ្រាំគ្រា ទ្រុឌទ្រោម ជាងគ្នា ជាលំដាប់លំដោយ សម្រាប់ធ្វើជាឧទាហរណ៍ ក្នុងទីបញ្ចប់ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ជីរន្តិ វេ រាជរថា សុចិត្តា ឣថោ សរីរម្បិ ជរំ ឧបេតិ សតញ្ច ធម្មោ ន ជរំ ឧបេតិ សន្តោ ហវេ សព្ភិ បវេទយន្តិ ។

រាជរថទាំងឡាយ ដែលវិចិត្រល្អ រមែងគ្រាំគ្រាទៅ, សូម្បី សរីរៈ ក៏ដល់នូវសេចក្តីគ្រាំគ្រា ដូចគ្នាដែរ, ចំណែកឯ ធម៌ របស់សប្បុរសទាំងឡាយ មិនដល់នូវសេចក្តីគ្រាំគ្រា (ដូច្នោះ) បានឡើយ, សប្បុរសទាំងឡាយ តែងនិយាយ ឲ្យពួកសប្បុរសផងគ្នាដឹងបាន ។

រឿង ព្រះលោឡុទាយិត្ថេរ[កែប្រែ]

ព្រះពុទ្ធ​ទ្រង់​បាន​សំដែង​រឿង​និទាន​​​អំពី​​ព្រះលោឡុទាយិត្ថេរ ។ លោឡទាយី​​​​ជា​មនុស្ស​​ម្នាក់​ដែល​​និយាយ​ ឬ​ធ្វើ​កិច្ចការ​ខុស​ពី​ការ​គិត​របស់​គាត់ ។ នៅ​ពេល​​មហាជន​ធ្វើ​កិច្ចការដែលជាមង្គល, លោឡុទាយី​​ពោល​ពាក្យ​ឣពមង្គល ឧទាហរណ៍​ គាត់​និយាយ​អំពី​រឿង​ប្រេត​ទាំងឡាយ​​ដែល​មាន​ចែង​នៅ​ក្នុង​ តិរោកុឌ្ឌសូត្រ ។ នៅ​ពេល​មហាជន​ធ្វើកិច្ចការដែលជាឣពមង្គល, លោក​បែរជានិយាយ​រឿងមង្គល ឧទាហរណ៍​​រឿង​នៅ​ក្នុង​រតនសូត្រ ។

ភិក្ខុទាំងឡាយ​បាន​ទូល​សួរ​​ព្រះពុទ្ធ​អំពី​រឿង​នោះ ។ ព្រះ​ពុទ្ធ​ទ្រង់ត្រាស់​ថា “អំពើ​របស់​ព្រះលោឡុទាយីនេះ​មិន​មែន​កើត​ឡើង​តែ​នៅ​ក្នុងជាតិនេះប៉ុណ្ណោះទេ សូម្បីក្នុងឣតីតជាតិ​ក៏​គាត់​ជាឣ្នកធ្វើកិរិយាបែបនេះដែរ” ។ ទ្រង់​បាន​សម្តែង​ឣតីតនិទាន​ថា “​កាល​នៅ​ក្នុងជាតិ លោឡុទាយីនេះ​គឺ​ជាព្រាហ្មណ៍​ម្នាក់​ឈ្មោះឣគ្គិទ័ត ។ គាត់​មានគោមួយនឹមសម្រាប់ភ្ជួរស្រែ ប៉ុន្តែ​​គោមួយក្បាល​បាន​ងាប់​បាត់​ទៅ ។ គាត់​នៅ​សល់​តែ​គោមួយក្បាលប៉ុណ្ណោះ ។ ក្រោយមក ព្រាហ្មណ៍នោះ​បានចូលទៅគាល់ព្រះរាជា​ក្រុងពារាណសី ដើម្បី​ទូល​សុំ​គោ​មួយក្បាល​ឲ្យគ្រប់មួយនឹម​ដូចដើមវិញ ។ នៅពេលដែលគាត់​ចូលទៅ​ទូលសុំគោ​ពី​ព្រះ​រាជា គាត់ត្រឡប់ជាយកគោ​ដែលនៅ​សល់​មួយ​ក្បាលនោះ​ទៅថ្វាយ​ដល់ព្រះរាជាទៅវិញ” ។ នៅទីបញ្ចប់នៃឣតីតនិទាន ព្រះឣង្គទ្រង់ត្រាស់នូវព្រះគាថានេះ​ថា ៖

ឣប្បស្សុតាយំ បុរិសោ ពលិពទ្ទោវ ជីរតិ
មំសានិ តស្ស វឌ្ឍន្តិ បញ្ញា តស្ស ន វឌ្ឍតិ ។

បុរស​គ្មាន​​ការចេះដឹង​ ពេល​​ចាស់ទៅ​នឹង​ក្លាយ​ជា​‘ឥតឣំពើ ’​ប្រៀប​ដូចគោ​ចាស់​ដែល​មនុស្ស​ឈប់ប្រើ​វា​យ៉ាងដូច្នោះ​ដែរ ។ សាច់ទាំងឡាយ​របស់វា​​​រមែង​ចម្រើន​ឡើង ប៉ុន្តែ​បញ្ញារបស់វា​មិនបានចម្រើនឡើយ ។

រឿង បឋមពោធិ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰការទូលសួរ របស់ព្រះឣានន្ទត្ថេរ ។ នៅពេលដែលព្រះឣង្គទ្រង់ប្រថាប់គង់ នៅក្រោមដើមមហាពោធិព្រឹក្ស ទ្រង់ផ្ចាញ់នូវពួកមារ ព្រមទាំងសេនាមារ ឲ្យបរាជ័យ ចុះចាញ់ទាំងឣស់ ក្នុងពេលដែលព្រះឣាទិត្យឣស្តង្គត, ក្នុង​បឋមយាម ទ្រង់បានកំចាត់​នូវឣន្ធការ​គឹសេចក្តីងងឹត ដែលបិទបាំងនូវបុព្វេនិវាសានុស្សតិញាណ ក្នុងមជ្ឈិមយាម​ទ្រង់បានជម្រះនូវទិព្វចក្ខុញាណឲ្យបរិសុទ្ធ ក្នុងបច្ឆិមយាម​ទ្រង់ផ្សាយព្រះមហាករុណាគុណទៅ​ក្នុងពួកសត្តនិករទាំងឡាយ ឲ្យព្រះញាណធ្លាក់ចុះទៅ​ក្នុងបច្ចយាការ ទ្រង់ព្រះពិចារណា​នូវបច្ចយាការនោះ ដោយឣំណាចនៃឣនុលោម និង បដិលោម, លុះពេលជិតភ្លឺ ព្រះឣង្គ​ក៏បានត្រាស់ដឹងនូវព្រះសម្មាសម្ពោធិញាណ ព្រមទាំងហេតុដ៏ឣស្ចារ្យជាច្រើនប្រការ ទ្រង់ត្រាស់នូវព្រះឧទានវាចា​ដែលព្រះពុទ្ធជាច្រើនសែនឣង្គ មិនដែលលះបង់ចោលឡើយ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ​ថា ៖

ឣនេកជាតិសំសារំ សន្ធាវិស្សំ ឣនិព្វិសំ គហការំ គវេសន្តោ ទុក្ខា ជាតិ បុនប្បុនំ ។ គហការក ទិដ្ឋោសិ បុន គេហំ ន កាហសិ សព្វា តេ ផាសុកា ភគ្គា គហកូដំ វិសង្ខតំ វិសង្ខារគតំ ចិត្តំ តណ្ហានំ ខយមជ្ឈគា ។

[153] កាលតថាគត​មិនទាន់បានជួបប្រទះ (ពោធិញ្ញាណ​រវល់​តែ​) ’ស្វះស្វែងរកជាងធ្វើផ្ទះ​គឺតណ្ហា ឣ្នកធ្វើផ្ទះ​គឺឣត្តភាព ក៏​ឣន្ទោលទៅកាន់សង្សារវដ្ត មានជាតិ​ដ៏​ច្រើន សេចក្តីកើត ជាទុក្ខរឿយៗ ។ [154] នែជាងផ្ទះ ឣ្នកឯងធ្វើផ្ទះគឺឣត្តភាព តថាគតឃើញហើយ ឣ្នកនឹងធ្វើផ្ទះ (‘របស់តថាគត)’ ទៀត​មិនបាន​ឡើយ ឆ្អឹងជំនីរ​គឺកិលេស​របស់ឣ្នកទាំងឣស់ តថាគត​កាច់បំបាក់ឣស់ហើយ ដម្បូល​ផ្ទះគឺឣវិជ្ជា តថាគត​កំចាត់ចោលឣស់ហើយ ចិត្ត​របស់​តថាគត​ដល់ព្រះនិព្វានដែលមានសង្ខារ​ប្រាសហើយ តថាគត​បានដល់ធម៌ជាគ្រឿងក្ស័យតណ្ហាទាំងឡាយហើយ ។

រឿង មហាធនសេដ្ឋីបុត្រ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវមហាធនសេដ្ឋីបុត្រ ជាឣ្នកមានទ្រព្យសម្បត្តិច្រើន ដល់ទៅ ៨០ កោដិ ។ ភរិយា ក៏ជាធីតា របស់សេដ្ឋី មានទ្រព្យ ៨០ កោដិ ដូចគ្នាដែរ ។ ទាំងពីរនាក់ ភរិយាស្វាមី បានសិក្សាតែសិល្បៈច្រៀងរាំប៉ុណ្ណោះ ព្រោះឃើញថា ទ្រព្យសម្បត្តិរបស់ខ្លួនមានច្រើនហើយ ទោះជាមិនធ្វើការងារ ដេកស៊ីតែទ្រព្យទាំងនោះ រហូតមួយជីវិត ក៏មិនចេះឣស់ដែរ ។ លុះមាតាបិតា ស្លាប់ចោលទៅ សេដ្ឋីបុត្រនេះ មិនចេះថែរក្សាទ្រព្យសម្បត្តិ ឲ្យបានគង់វង់ល្អ ជាឣ្នកលេងល្បែង ស៊ីផឹក មានពួកម៉ាក សុទ្ធតែជាឣ្នកប្រមឹកទាំងឣស់ បានចំណាយទ្រព្យជាច្រើន ក្នុងការស៊ីផឹក ជារៀងរាល់ថ្ងៃ រហូតឣស់ទ្រព្យសម្បត្តិរលីង គ្មាននៅសល់ ហើយបានលក់ផ្ទះ លក់ស្រែចំការច្បារដំណាំឣស់ថែមទៀត ជាឣ្នកគ្មានផ្ទះសម្បែង ធ្លាក់ខ្លួនក្រលំបាក នាំភរិយាទៅ នៅឣាស្រ័យនឹងសំយាបផ្ទះ របស់ឣ្នកដទៃ ហើយដើរសុំទានគេ មកចិញ្ចឹមជីវិត ជារៀងរាល់ថ្ងៃ ។

សម័យថ្ងៃមួយ ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញសេដ្ឋីបុត្រព្រមទាំងភរិយា កំពុងតែឈរចាំនៅ ក្បែរមាត់ទ្វារសាលាឆាន់ ដើម្បីទទួលនូវឣាហារ ដែលសេសសល់ឣំពីព្រះភិក្ខុសង្ឃ ទើបព្រះ ឣង្គ ត្រាស់ប្រាប់ដល់ព្រះឣានន្ទ ហើយទ្រង់សម្តែង ថា “ម្នាលឣានន្ទ បើសេដ្ឋីបុត្រ ព្រមទាំងភរិយា ទាំងពីរនាក់នេះ មិនបានចាយវាយទ្រព្យរបស់ខ្លួន ឲ្យឣស់ទៅ ក្នុងបឋមវ័យទេ មកនាំគ្នាប្រកបការងារទាំងពួង នឹងបានកើតជាសេដ្ឋីទីមួយ ក្នុងនគរនេះ, បើនឹងចេញទៅបួសវិញ ស្វាមីនឹងបានសម្រេចឣរហត្តផល ចំណែកភរិយា នឹងបានសម្រេចឣនាគាមិផល, បើសេដ្ឋីបុត្រ ព្រមទាំងភរិយា មិនបានចាយទ្រព្យសម្បត្តិ ឲ្យឣស់ទៅ ក្នុងមជ្ឈិមវ័យទេ នាំគ្នាប្រកបនូវការងារទាំងពួង នឹងបានកើតជាសេដ្ឋីទីពីរ ក្នុងនគរនេះ, បើបានចេញទៅ បួស ស្វាមីនឹងបានសម្រេចជាឣនាគាមី ឯភរិយា នឹងបានតាំងនៅ ក្នុងសកទាគាមិផល, បើមិនបានចាយវាយទ្រព្យសម្បត្តិ ឲ្យឣស់ទៅ ក្នុងបច្ឆិមវ័យទេ បានប្រកបការងារទាំងពួង នឹងបានកើតជាសេដ្ឋីទីបី នៅក្នុងនគរនេះ, បើបានចេញទៅបួស ស្វាមី នឹងបានជាសកទាគាមី ភរិយា នឹងបានសម្រេចសោតាបត្តិផល, តែក្នុងពេលឥឡូវនេះ សេដ្ឋីបុត្រនេះ បានសាបសូន្យឣស់ហើយ ឣំពីទ្រព្យសម្បត្តិ ដែលជារបស់ឣ្នកគ្រប់គ្រងផ្ទះ នឹងបានវិនាសសាបសូន្យឣស់ហើយ ឣំពីសាមញ្ញផល, លុះវិនាសសាបសូន្យ យ៉ាងនេះហើយ ទើបក្រហល់ក្រហាយ ដូចជាសត្វក្រៀល ក្នុងភក់បែកក្រហែង យ៉ាងនោះឯង” ក្នុងទីបញ្ចប់ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣចរិត្វា ព្រហ្មចរិយំ ឣលទ្ធា យោព្វនេ ធនំ
ជិណ្ណកោញ្ចាវ ឈាយន្តិ ខីណមច្ឆេវ បល្លលេ ។
ឣចរិត្វា ព្រហ្មចរិយំ ឣលទ្ធា យោព្វនេ ធនំ
សេន្តិ ចាបាតិខីណាវ បុរាណានិ ឣនុត្ថុនំ ។

បុគ្គលពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យ ក្នុងកាលដែលខ្លួននៅជាកំលោះក្រមុំ រមែងសញ្ជប់សញ្ជឹង ដូចជាសត្វក្រៀលចាស់ សំកុកនៅ ក្នុងភក់ដែលឣស់ត្រីហើយ យ៉ាងនោះឯង
បុគ្គលពាលទាំងឡាយ មិនប្រព្រឹត្តព្រហ្មចរិយធម៌ មិនបានទ្រព្យ ក្នុងកាលដែលខ្លួននៅជាកំលោះក្រមុំ រមែងដេកថ្ងូរ សោក ស្តាយទ្រព្យចាស់ទាំងឡាយ ដូចជាព្រួញដែលគេបាញ់ផុត ចាកខ្សែបន្លោះ ដូច្នោះឯង

ចប់ជរាវគ្គ ទី ១១

ចប់គាថាធម្មបទប្រែ ចប់ភាគទី ៥

ភាគទី ៦

ឣត្តវគ្គ ទី ១២[កែប្រែ]

១២៧- រឿង ពោធិរាជកុមារ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពោធិរាជកុមារ ។ ព្រះពោធិ-រាជកុមារឣង្គនេះ ទ្រង់បានឲ្យជាងកសាងនូវប្រាសាទមួយខ្នង មានឈ្មោះថា កោទនៈ មានទ្រង់ទ្រាយល្អវិចិត្រលើសគេទាំងឣស់ ហើយទ្រង់មានព្រះតម្រិះ គិតនឹងសម្លាប់ជាងដែលធ្វើប្រាសាទនោះចោល ព្រោះទ្រង់ខ្លាចក្រែងជាងកសាងប្រាសាទបែបនេះ ថ្វាយព្រះរាជាឣង្គដទៃទៀត ម៉្លោះហើយប្រាសាទរបស់ព្រះឣង្គ នឹងមិនមានការឣស្ចារ្យជាងគេឡើយ ។

កាលបើនាយជាងបានដឹងខ្លួនទាន់ហើយ គាត់ក៏បានប្រញាប់ ប្រញាល់ធ្វើសត្វគ្រុឌហើយ ដាក់គ្រឿងយន្ត ខាងក្នុង ស្រេចហើយទើបនាំយកបុត្រភរិយា រត់គេចចេញទៅដោយគ្រឿងយន្តនោះ រហូតទៅដល់ហិមវន្តប្រទេស បានកសាងនគរមួយ ឈ្មោះថា កដ្ឋវាហននគរ ដោយខ្លួនឯងផ្ទាល់ ហើយបានសោយរាជ្យ ក្នុងនគរនោះ ។

ចំណែកពោធិរាជកុមារ លុះប្រាសាទសាងរួចស្រេចហើយ ទ្រង់ប្រារឰនឹងធ្វើបុណ្យឆ្លង ហើយបានឣារាធនានិមន្តព្រះសាស្តា ព្រមទាំងព្រះភិក្ខុសង្ឃដើម្បីទទួលភត្តាហារ ហើយទ្រង់ព្រះរាជបញ្ជាឲ្យពួកបរិវារ យកកម្រាលសំពត់មកក្រាល តាំងតែពីមាត់ទ្វារឡើងទៅ ទ្រង់ឣធិដ្ឋាន ក្នុងព្រះចិន្តាថា “បើឣាត្មាឣញ នឹងបាននូវព្រះរាជបុត្រ ឬ ព្រះរាជធីតា សូមឲ្យព្រះបរមសាស្តាស្តេចយាងឡើង លើកម្រាលនេះ” ។

ពេលព្រះសាស្តាយាងមកដល់ហើយ ព្រះឣង្គមិនបានយាង លើកម្រាលនោះទេ ។ ព្រះរាជកុមារ បានក្រាបឣារាធនានិមន្តព្រះ សាស្តា ឲ្យស្តេចយាងឡើង លើកម្រាលនោះ ឣស់វារៈបីដង, តែព្រះសាស្តា មិនទ្រង់យាងឡើង លើកម្រាលនោះទេ ព្រោះទ្រង់ជ្រាបថា “ព្រះរាជកុមារ ប្រាកដជាមិនបាននូវព្រះរាជបុត្រាបុត្រីឡើយ” ហើយទ្រង់ត្រាស់សម្តែង នូវបុព្វកម្មអំពីឣតីតកាល របស់ព្រះរាជកុមារ ថា “ក្នុងកាលនោះ ព្រះរាជកុមារ និង ឣគ្គមហេសី ទ្រង់ស្តេចយាងទៅកំសាន្តសមុទ្រ ដោយសំពៅ ។ លុះសំពៅ បានទៅដល់កណ្តាល សមុទ្រ ក៏បានបែកធ្លាយលិច ក្នុងសមុទ្រនោះឯង ។ ព្រះរាជកុមារ និង ព្រះឣគ្គមហេសី បានស្រវាចាប់បន្ទះក្តារបានមួយ ហើយបានប្រតោងយ៉ាងជាប់ ដើម្បីកុំឲ្យលង់ទឹកស្លាប់, ទឹករលក បានបក់បោកព្រះរាជកុមារ និង ព្រះឣគ្គមហេសី ឲ្យរសាត់ ទៅដល់មាត់ច្រាំង ។ ពេលនោះ ព្រះរាជកុមារ និង ព្រះឣគ្គមហេសី រកព្រះក្រយាស្ងោយពុំបាន ទ្រង់បានយកពងសត្វខ្លះ មេសត្វខ្លះ មកធ្វើជាព្រះក្រយាស្ងោយ... ដោយផលនៃកម្មនេះឯង បានជាព្រះរាជកុមារ និង ព្រះ ឣគ្គមហេសី មិនមានព្រះរាជបុត្រាបុត្រី” ក្នុងទីបញ្ចប់ ព្រះឣង្គ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣត្តានញ្ចេ បិយំ ជញ្ញា រក្ខេយ្យ នំ សុរក្ខិតំ តិណ្ណមញ្ញតរំ យាមំ បដិជគ្គេយ្យ បណ្ឌិតោ ។

បើបណ្ឌិតដឹងថា ខ្លួនជាទីស្រឡាញ់ហើយ គួររក្សាខ្លួននោះឲ្យបានល្អ គួរស្ងួនគ្រងខ្លួនទុក ក្នុងវ័យទាំង ៣ វ័យណាមួយ ។

រឿង ព្រះឧបនន្ទសាក្យបុត្រ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះឧបនន្ទសាក្យបុត្រ ជាឣ្នកឆ្លាត ក្នុងការសម្តែងព្រះធម៌ទេសនា ប្រៀនប្រដៅដល់ភិក្ខុទាំងឡាយ ឲ្យជាឣ្នកមានសេចក្តីប្រាថ្នាតិច តែខ្លួនលោកជាឣ្នកប្រាថ្នាច្រើន ។ ថ្ងៃមួយ មានភិក្ខុ ២ រូប បានសំពត់សាដក ២ កំណាត់, សំពត់មួយកំណាត់ ជាសំពត់កម្ពល, ភិក្ខុទាំង ២ រូបនោះ ចែកគ្នា មិនចេះដាច់ស្រាច់សោះ លុះឃើញនូវព្រះឧបនន្ទនិមន្តមក ក៏បានឣង្វរករ សុំឲ្យ លោក ជួយធ្វើជាមេចំណែក ដើម្បីចែកសំពត់នោះ ។ ព្រះឧបនន្ទ ធ្វើជាព្រងើយកន្តើយ ។ ភិក្ខុទាំង ២ រូបនោះ ខំប្រឹងឣង្វរករ ជាច្រើនលើកច្រើនគ្រា ។ ព្រះឧបនន្ទ បាននិយាយថា “បើលោកទាំងពីរ ធ្វើតាមពាក្យរបស់ខ្ញុំៗ នឹងជួយចែកសំពត់នេះឲ្យបាន” ។ ភិក្ខុទាំង ២ រូប ក៏បានយល់ស្របតាម ។ ព្រះឧបនន្ទ បានចែកសំពត់ទាំងពីរកំណាត់ ដល់ភិក្ខុទាំងពីររូបនោះ មួយឣង្គមួយកំណាត់, ចំណែកសំពត់កម្ពល គឺលោកយក ដោយខ្លួនឯង ។ ភិក្ខុទាំង ២ រូប បានក្រោធខឹង យ៉ាងខ្លាំង ចំពោះព្រះឧបនន្ទ ហើយបានទៅ ក្រាបទូលរឿងនោះ ថ្វាយព្រះ សាស្តាទ្រង់ជ្រាប ។

ព្រះសាស្តាចារ្យ ទ្រង់បានត្រាស់សម្តែង ថា “ព្រះឧបនន្ទ មិនមែនធ្វើឲ្យឣ្នកទាំង ២ រូប ក្តៅក្រហាយ ក្នុងជាតិនេះ តែប៉ុណ្ណោះទេ សូម្បីក្នុងឣតីតជាតិ ក៏ធ្លាប់បានធ្វើឲ្យឣ្នកទាំងពីរ ក្តៅក្រហាយ ដូចគ្នាដែរ” ហើយ ទ្រង់ត្រាស់នូវឣតីតនិទាន ថា “ក្នុងឣតីតជាតិ ព្រះឧបនន្ទសាក្យបុត្រនេះ កើតជាឆ្កែចចក, ឣ្នកទាំងពីរ កើតជាសត្វភេ បានត្រីមួយក្បាល ចែកគ្នា មិនចេះដាច់ស្រេច ទើបឲ្យឆ្កែចចកជួយចែកឲ្យ, ឆ្កែចចក បានចែកជាបីចំណែក គឺ កន្ទុយចែកឲ្យភេ ដែលរកស៊ីក្នុងទឹករាក់, ក្បាលចែកទៅឲ្យភេ ដែលរកស៊ីក្នុងទឹកជ្រៅ, ឯសាច់ត្រង់កណ្តាល ឆ្កែចចកបានយក ដោយខ្លួនឯងទៅ” ក្នុងទីបញ្ចប់ នៃ ឣតីតនិទាន ព្រះឣង្គត្រាស់នូវព្រះគាថានេះ ថា ៖

ឣត្តានមេវ បឋមំ បដិរូបេ និវេសយេ ឣថញ្ញមនុសាសេយ្យ ន កិលិស្សេយ្យ បណ្ឌិតោ ។

បណ្ឌិត គួរតម្កល់ខ្លួនទុក ក្នុងគុណដ៏សមគួរ ជាមុនសិន ហើយ សឹមប្រៀនប្រដៅឣ្នកដទៃ ជាខាងក្រោយ‘ ធ្វើយ៉ាងនេះ’ នឹង មិនលំបាក ។


រឿង ព្រះបធានិកតិស្សត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវព្រះបធានិកតិស្សត្ថេរ ជាប្រធាននៃភិក្ខុ ៥០០ រូប បានរៀនកម្មដ្ឋាន ក្នុងសំណាក់នៃព្រះសាស្តា ហើយ នាំគ្នាទៅបំពេញសមណធម៌ ក្នុងព្រៃស្ងាត់មួយ ។ ព្រះថេរៈ បានឲ្យឱវាទ ដល់ភិក្ខុទាំងនោះ ថា “ឣ្នកទាំងឡាយ ចូរកុំប្រមាទ ធ្វើសមណធម៌ចុះ” ។ នៅក្នុងពេលរាត្រី ពួកភិក្ខុទាំងឡាយ បាននាំគ្នាបំពេញសមណធម៌ ។ តែព្រះថេរៈ មិនបានធ្វើសមាធិកម្មដ្ឋានទេ បែរជាលបចូលទៅសិង, ពេលដែលភិក្ខុទាំងឡាយសិង, លោកបានក្រោក ទៅដាស់ឲ្យភិក្ខុទាំងនោះ ឲ្យក្រោកឡើង ធ្វើសមាធិកម្មដ្ឋាន ។ ព្រះថេរៈ បានធ្វើយ៉ាងនេះជារៀងរាល់ថ្ងៃ ។ ភិក្ខុទាំងឡាយ ឣត់ទ្រាំពុំបាន សូម្បីតែមួយរូប ក៏មិនបានសម្រេចធម៌អ្វីដែរ ទើបបានប្រឹក្សាគ្នា ថា “ឣាចារ្យ របស់ពួកយើង ចំជាមានព្យាយាមដល់ហើយ មិនចេះសិងបន្តិចសោះ តើធ្វើយ៉ាងណាទៅហ្ន៎ ពួកយើងនឹងជួយណែនាំ ឲ្យលោកធ្វើសមាធិកម្មដ្ឋាន បានដោយស្រួល” ស្រេចហើយ ទើបនាំគ្នាទៅលបមើល លុះឃើញជាក់ច្បាស់ថា ព្រះថេរៈ បានតែពីរឿងសិង ប៉ុណ្ណាះ ហើយបាននិយាយទៅកាន់ព្រះថេរៈ ថា “ស្លាប់ហើយ មើលចុះ! ឣាចារ្យ របស់ពួកយើង បានតែប្រដៅឣ្នកដទៃសោះ ខ្លួនឯងគិតតែពីសិង” លុះចេញវស្សាហើយ ក៏បាននាំគ្នាទៅ ក្រាបទូលរឿងនេះដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់សម្តែងនូវឣតីតនិទានថា “ក្នុងជាតិដែលព្រះ បធានិកតិស្សត្ថេរនេះ កើតជាមាន់ រងាវមិនដឹងពេលវេលាសោះ ធ្វើឲ្យភិក្ខុទាំងឡាយ បានយល់ខុស ដូចជាពេលឥឡូវនេះដែរ ក្នុងជាតិដែលភិក្ខុទាំងឡាយ កើតជាមាណព” យ៉ាងដូច្នេះ ក្នុងទីបញ្ចប់ នៃ ឣតីតនិទាន ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣត្តានញ្ចេ តថា កយិរា យថញ្ញមនុសាសតិ សុទន្តោ វត ទមេថ ឣត្តា ហិ កិរ ទុទ្ទមោ ។

បុគ្គល ប្រៀនប្រដៅឣ្នកដទៃ យ៉ាងណា ត្រូវធ្វើខ្លួនឲ្យបាន យ៉ាងនោះដែរ, បុគ្គលដែលទូន្មានខ្លួនបានល្អហើយ ទើបគួរទូន្មានឣ្នកដទៃបាន ព្រោះថា ខ្លួនហ្នឹងហើយ ដែលគេទូន្មានបានដោយកម្រ ។

រឿង មាតារបស់កុមារកស្សបៈ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមាតារបស់ព្រះកុមារកស្សបៈ ដែលជាធីតារបស់សេដ្ឋី ក្រុងរាជគ្រឹះ ។ មាតា របស់កុមារកស្សបៈ នាងមាននិស្ស័យ ក្នុងបព្វជ្ជា តាំងតែពីពេលដែលនាងនៅក្មេងខ្ចីមកម៉្លេះ នាង បានសុំមាតាទៅបួស ជារឿយៗ តែមាតានាង មិនព្រម ឣនុញ្ញាត ឲ្យនាងទៅសោះ លុះនាងមានវ័យពេញក្រមុំហើយ ក៏មានស្វាមី តមក នាងមានផ្ទៃពោះ តែនាងមិនបានដឹងខ្លួនសោះ ហើយក៏បានសុំលាស្វាមីទៅបួស ។ ស្វាមី ក៏បានឣនុញ្ញាត ឲ្យនាងទៅបួស តាមសេចក្តីប្រាថ្នា ។ នាងបានបួស ក្នុងសំណាក់នៃនាងភិក្ខុនី ដែលត្រូវជាបក្សពួក នៃភិក្ខុទេវទត្ត ។

ចំណេរកាលក្រោយមក នាងក៏មានផ្ទៃពោះរឹតតែធំឡើងៗ ។ ភិក្ខុ ទេវទត្ត បានដឹងរឿងនេះហើយ ក៏បានប្រាប់ឲ្យនាងលាចាកសិក្ខាបទ ។ នាង បាននិយាយប្រាប់ថា “នាងខ្ញុំ មិនបានបួសឧទ្ទិសចំពោះព្រះទេវទត្ត ទេ គឺបួសឧទ្ទិស ចំពោះព្រះសម្មាសម្ពុទ្ធទេតើ” ។ ពួកភិក្ខុនី បាននាំនាង ទៅក្រាបទូលរឿងនេះ ថ្វាយដល់ព្រះសាស្តា ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់បញ្ជា ឲ្យហៅត្រកូលធំៗ មាន ឣនាថបិណ្ឌិកសេដ្ឋី និង នាងវិសាខាមហាឧបាសិកា ជាដើម ឲ្យជួយពិចារណា ថា “តើនាងមានផ្ទៃពោះ តាំងតែពីត្រឹមណាមក?” ។ នាងវិសាខា បានមើលថ្ងៃខែទៅ ក៏បានដឹងជាក់ច្បាស់ ថា “នាង មានផ្ទៃពោះ តាំងតែពីនាងមិនទាន់បួសមកម៉្លេះ នាង មិនមានទោសកំហុសអ្វីទេ” ។

ក្រោយមក លុះដល់នាងមានផ្ទៃពោះគ្រប់ខែហើយ ក៏បានសម្រាលកូនប្រុសមួយ ។ ព្រះបាទបសេនទិកោសល ទ្រង់យកកុមារនោះ ទៅចិញ្ចឹមហើយ ទ្រង់បានប្រទាននាមថា កុមារកស្សបៈ ។ លុះកុមារនោះ ធំដឹងក្តី ហើយបានទៅបួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសសនា បានស្តាប់នូវបញ្ហាព្យាករណ៍ អំពីសំណាក់នៃព្រះសាស្តា ហើយបានសម្រេចព្រះឣរហត្តផល ។ ចំណែកនាងភិក្ខុនីដែលជាមាតា ចាប់តាំងពីមានកូនមក មួយថ្ងៃៗ មិនដែលបានធ្វើអ្វីសោះ គិតតែពីស្រែយំ នឹកដល់កូន ឥតមានពេលភ្លេច ។ ថ្ងៃមួយ នាងភិក្ខុនីបានជួបនឹងព្រះកុមារកស្សបៈ លោកកំពុងតែនិមន្ត ទ្រង់បាត្រ ដូចគ្នាដែរ ហើយបានរត់ស្ទុះទៅ ដើម្បីនឹងចាប់ តែបានដួលជាមុន ។ ព្រះកុមារកស្សបៈ បានគិត ថា “បើញោមស្រី នឹងបានស្តាប់នូវពាក្យដ៏ពីរោះ ឣំពីសំណាក់របស់ខ្លួនហើយ ក៏នឹងវិនាសសាបសូន្យ ឣំពីមគ្គផល” ហើយ ក៏បាននិយាយពាក្យមិនពីរោះស្តាប់ ទៅកាន់ញោមស្រី ។ នាងភិក្ខុនីដែលជាមាតា បានស្តាប់ឮពាក្យមិនគប្បីដូច្នេះហើយ ក៏ឣស់សេចក្តីឣាឡោះឣាល័យ ចំពោះកូនហើយ បានសម្រេចព្រះឣរហត្តផល ក្នុងថ្ងៃនោះឯង ។ ភិក្ខុទាំង ឡាយ បានសន្ទនាគ្នាឣំពីរឿងនោះ ។ ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣត្តា ហិ ឣត្តនោ នាថោ កោ ហិ នាថោ បរោ សិយា ឣត្តនា ហិ សុទន្តេន នាថំ លភតិ ទុល្លភំ ។

ខ្លួនជាទីពឹងរបស់ខ្លួន បុគ្គលដទៃជាទីពឹងដូចម្តេចបាន ព្រោះថា បុគ្គលឣ្នកមានខ្លួនហ្វឹកហ្វឺនល្អហើយ រមែងបាននូវទីពឹង ដែលគេបានដោយកម្រ ។

រឿង មហាកាលឧបាសក[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវមហាកាលឧបាសក ជា សោតាបន្ន ។ ក្នុងថ្ងៃឧបោសថ មហាកាលឧបាសក បានទៅរក្សា ឧបោសថសីល ក្នុងវត្ត ហើយបានស្តាប់ធម៌រហូតដល់ភ្លឺ ។ ក្នុងវេលាព្រឹកថ្ងៃនោះ មានចោរម្នាក់ លួចទ្រព្យគេ ត្រូវម្ចាស់គេដេញតាមចាប់ប្រផុតៗ បានរត់មកតាមផ្លូវក្បែរវត្ត ហើយក្រឡេកឃើញមហាកាលឧបាសក កំពុងតែដើរចេញ មកលាងមុខ នៅខាងក្រៅ ក៏បានបោះទ្រព្យដែលលួចបាននោះ នៅចំពីមុខមហាកាលឧបាសកនោះ ស្រេចហើយ ក៏បានរត់គេចខ្លួនបាត់ទៅ ។

ចំណែកឯម្ចាស់ទ្រព្យ បានដេញ តាមពីក្រោយមក ហើយឃើញទ្រព្យរបស់ខ្លួន នៅក្នុងទីចំពោះមុខនៃមហាកាលឧបាសកនោះ ទើបបានចាប់វាយដំធ្វើបាប រហូតដល់ស្លាប់ ក្នុងថ្ងៃនោះឯង ដោយគិតថា គាត់ជាចោរ បានលួចទ្រព្យនេះមក ។ ភិក្ខុទាំងឡាយ ចេញមកខាងក្រៅ បានឃើញនូវមហាកាលឧបាសកស្លាប់ ក៏បាននាំយករឿងនេះ ទៅក្រាបទូល ដល់ព្រះសាស្តាទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ត្រាស់ នូវឣតីតនិទាន ថា “ក្នុងឣតីតកាល មហាកាលឧបាសកនេះ កើតជាមហាឣាមាត្យ របស់ព្រះរាជា ក្រុងពារាណសី ឃើញភរិយារបស់បុរសម្នាក់ ដែលមានរូបរាងស្រស់ល្អស្អាត គួរជាទីពេញចិត្ត ក៏កើតមានសេចក្តីស្នេហា លើរូបនាង យ៉ាងខ្លាំង ហើយបានយកកែវមណីទៅលាក់ទុក ក្នុងរទេះ របស់បុរសនោះ បន្តិចក្រោយមក ក៏បានស្រែកឆោរឡោឡើង ថា “ចោរបានលួចយកកែវមណី របស់ខ្ញុំបាត់ទៅហើយ” ធ្វើជាដើរទៅដើរមក ក៏ឃើញកែវមណី ដែលខ្លួនបានប្រើឲ្យគេ យកទៅលាក់ទុក ក្នុងរទេះបុរសនោះ ហើយបានចោទគាត់ ថា “ជាចោរ លួចកែវមណី” ហើយបានចាប់ចងបុរសជាស្វាមីនោះ យកទៅសម្លាប់ចោល ហើយបានយកប្រពន្ធគាត់មកធ្វើជាប្រពន្ធរបស់ខ្លួនឯង ។ លុះមហាឣមាត្យនោះ ស្លាប់ទៅបានទៅកើតក្នុងឣវិចីមហានរក ដោយបាបកម្មនោះ មហាឣមាត្យនេះ បានមកកើតជាមហាកាលឧបាសក ត្រូវគេវាយសម្លាប់ ក្នុងឣត្តភាពនេះ” ក្នុងទីបញ្ចប់នៃឣតីតនិទាន ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣត្តនា វ កតំ បាបំ ឣត្រជំ ឣត្តសម្ភវំ ឣភិមត្ថតិ ទុម្មេធំ វជិរំ វម្ហយំ មណឹ ។

បាប កើតឣំពីខ្លួន មានខ្លួនជាដែនកើត ដែលខ្លួនបានធ្វើហើយ តែងញាំញីមនុស្សឥតប្រាជ្ញា ដូចពេជ្រសម្រាប់កាត់កែវមណី ដែលកើតឣំពីថ្ម យ៉ាងដូច្នោះឯង ។

រឿង ភិក្ខុទេវទត្ត[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវភិក្ខុទេវទត្ត ។ សម័យមួយ ភិក្ខុទាំងឡាយ បានប្រជុំគ្នា និយាយតិះដៀលភិក្ខុទេវទត្ត ថា “ជាភិក្ខុទ្រុស្តសីល ជាឣ្នកមានធម៌លាមក, កាលបើសេចក្តីប្រាថ្នាចង់បាន កើតឡើងពេញទំហ៊ឹងហើយ, ក៏បានទៅសេពគប់ រួមគំនិតគ្នា ជាមួយនឹងព្រះបាទឣជាតសត្រូវកុមារ ញ៉ាំងលាភសក្ការៈ ឲ្យកើតឡើង ជាច្រើន ហើយបានដឹកនាំព្រះបាទឣជាតសត្រូវកុមារ ឲ្យទៅសម្លាប់ព្រះបាទពិម្ពិសារដែលជាព្រះវររាជបិតា របស់ព្រះឣង្គផង ព្យាយាមដើម្បីនឹងធ្វើគុតព្រះសាស្តា ដោយប្រការផ្សេងៗ” ។

ព្រះបរមសាស្តា ទ្រង់ស្តេចយាងមក ក្នុងទីប្រជុំនោះ ទ្រង់បានសម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះ ថា ៖

យស្ស ឣច្ចន្តទុស្សីល្យំ មាលុវា សាលមិវោត្ថតំ ករោតិ សោ តថត្តានំ យថា នំ ឥច្ឆតី ទិសោ ។

ភាពជាឣ្នកទ្រុស្តសីលហួសហេតុ គ្របសង្កត់ ‘នូវឣត្តភាព’ របស់បុគ្គលណា ដូចវ័ល្ល៍ដែលរួបរឹតដើមឈើ, បុគ្គលនោះ ឈ្មោះ ថាធ្វើខ្លួនឯងឲ្យវិនាស ដូចជាចោរឣ្នកប្រាថ្នាធ្វើបុគ្គលនោះ ឲ្យវិនាសដូច្នោះឯង ។


រឿង ការព្យាយាមបំបែកសង្ឃ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវការព្យាយាម ដើម្បីនឹងបំបែកសង្ឃ របស់ភិក្ខុទេវទត្ត ។ សម័យថ្ងៃមួយ ភិក្ខុទេវទត្ត បានព្យាយាមដើម្បីនឹងបំបែកបំបាក់សង្ឃឲ្យបែកគ្នា លុះឃើញព្រះឣានន្ទ ដ៏មាន ឣាយុ កំពុងតែនិមន្តបិណ្ឌបាត ក៏បានប្រាប់សេចក្តីប្រាថ្នា របស់ខ្លួនដល់ព្រះឣានន្ទ ។ ព្រះឣានន្ទ ក៏បានយករឿងនោះ ទៅក្រាបទូលថ្វាយព្រះសាស្តាទ្រង់ជ្រាប ។ ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះ ថា ៖

សុករានិ ឣសាធូនិ ឣត្តនោ ឣហិតានិ ច យំ វេ ហិតញ្ច សាធុញ្ច តំ វេ បរមទុក្ករំ ។

កម្មទាំងឡាយណា មិនល្អផង មិនមែនជាប្រយោជន៍ដល់ខ្លួនផង, កម្មទាំងឡាយនោះ ជាកម្មដែលមនុស្សឣាក្រក់ធ្វើបាន ដោយងាយ, កម្មទាំងឡាយណា ជាប្រយោជន៍ ដល់ខ្លួនផង ល្អផង, កម្មទាំងឡាយនោះ មនុស្សឣាក្រក់ធ្វើបាន ដោយលំបាកណាស់ ។

រឿង ព្រះកាលត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះកាលត្ថេរ ។ ព្រះថេរៈ មានស្ត្រីម្នាក់ស្រឡាញ់រាប់ឣាន ដូចជាម្តាយបង្កើត ។ ស្ត្រីនោះ បានមកឧបត្ថម្ភ បម្រើព្រះថេរៈ ជារៀងរាល់ថ្ងៃ, ថ្ងៃមួយ គាត់បានឮគេពោលសររសីរឣំពីព្រះពុទ្ធ និងព្រះធម៌ទេសនា របស់ព្រះឣង្គ ក៏កើតចិត្តជ្រះថ្លា ចង់ទៅស្តាប់នូវព្រះធម៌ទេសនានោះ ហើយបានសុំព្រះកាលត្ថេរ ដើម្បីនឹងទៅគាល់ព្រះបរមសាស្តា ។

ព្រះកាលត្ថេរ បានហាមប្រាមមិនឲ្យនាងទៅឣស់វារៈបីដង ។ តែនៅទីបំផុត នាងក៏បានទៅស្តាប់ព្រះធម៌ទេសនា របស់ព្រះសាស្តា ទាល់តែបាន ថែមទាំងមិនបានសុំឣនុញ្ញាត ឣំពីព្រះកាលត្ថេរ ទៀតផង ។ ក្នុងថ្ងៃនោះ ព្រះកាលត្ថេរ មិនឃើញនាងមកឧបដ្ឋាកខ្លួន ដូចសព្វដង ទើបដឹងថា នាងបានទៅ ស្តាប់ព្រះធម៌ទេសនា របស់ព្រះសម្មាសម្ពុទ្ធ ហើយ ក៏ភ័យខ្លាចក្រែងនាងមិនមកឧបដ្ឋាកខ្លួន តទៅទៀត បែរជាទៅគោរពរាប់ឣាន ចំពោះតែព្រះសម្មាសម្ពុទ្ធប៉ុណ្ណោះ ហើយបានរត់ យ៉ាងប្រញាប់ប្រញាល់ ទៅក្រាបទូលព្រះសាស្តា ថា “បពិត្រព្រះឣង្គដ៏ចម្រើន ស្ត្រីម្នាក់នេះ ជាមនុស្សល្ងង់ខ្លៅ សូមព្រះឣង្គកុំសម្តែងធម៌ដែលជ្រៅៗ ដល់នាងឡើយ សូមទ្រង់សម្តែងតែទាន និង សីល បានហើយ” ។

ព្រះសាស្តា ទ្រង់ជ្រាបនូវឣធ្យាស្រ័យ របស់ភិក្ខុនោះហើយ ទើបទ្រង់បានត្រាស់នូវព្រះគាថានេះ ថា ៖

យោ សាសនំ ឣរហតំ ឣរិយានំ ធម្មជីវិនំ បដិក្កោសតិ ទុម្មេធោ ទិដ្ឋឹ និស្សាយ បាបិកំ ផលានិ កណ្តកស្សេវ ឣត្តឃញ្ញាយ ផល្លតិ ។

បុគ្គលណា ឣ័ប្បឥតប្រាជ្ញា ឣាស្រ័យនូវទិដ្ឋិ ដ៏លាមក ហាមឃាត់នូវសាសនា របស់ព្រះឣរហន្តទាំងឡាយ ដ៏ប្រសើរ រស់នៅដោយធម៌, ការហាមឃាត់ របស់បុគ្គលនោះ រមែងចេញផល ដើម្បីសម្លាប់ខ្លួនឯង ដូចជាផ្លែប្ញស្សី សម្លាប់ដើមប្ញស្សី យ៉ាងនោះឯង ។

រឿង ចុឡកាលឧបាសក[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវចុឡកាលឧបាសក ។ រាត្រីថ្ងៃមួយ ឧបាសក បានទៅស្តាប់ព្រះធម៌ទេសនា ក្នុងព្រះវិហារ លុះព្រឹកឡើង គាត់បានចេញពីព្រះវិហារ ដើរសំដៅទៅកាន់ផ្ទះ របស់ខ្លួន ។ ក្នុងពេលជាមួយគ្នានោះ មានចោរមួយក្រុម បានរត់មក តាមផ្លូវនោះ ហើយបានបោះទ្រព្យដែលលួចនោះ នៅចំពោះមុខឧបាសកនោះ រួចហើយ ក៏បានរត់គេចខ្លួនបាត់ទៅ ។ ម្ចាស់ទ្រព្យ បានដេញតាមមក យ៉ាងប្រកិតៗ លុះឃើញទ្រព្យ របស់ខ្លួន នៅចំពោះមុខឧបាសកនោះហើយ ក៏សម្គាល់ ថា “ឧបាសកនេះ ជាចោរ” ហើយបានចាប់វាយធ្វើបាប យ៉ាងខ្លាំង ។

ពួកនាងទាសី ទៅដងទឹក បានឃើញយ៉ាងនេះហើយ ក៏ជួយប្រាប់ដល់ម្ចាស់ទ្រព្យថា “ឧបាសកនេះ មិនមែនជាចោរទេ គឺគាត់ជាមនុស្សល្អ” ហើយបានឲ្យដោះលែង ឲ្យបានរួចផុតពីសេចក្តីស្លាប់ ។ ភិក្ខុទាំងឡាយ បានដឹងរឿងនោះហើយ ក៏នាំគ្នាទៅក្រាបទូល ដល់ព្រះសាស្តា ។

ព្រះសាស្តាចារ្យទ្រង់សម្តែងធម្មីកថា ត្រាស់ព្រះគាថានេះថា ៖

ឣត្តនា វ កតំ បាបំ ឣត្តនា សិង្កិលិស្សតិ
ឣត្តនា ឣកតំ បាបំ ឣត្តនា វ វិសុជ្ឈតិ
សុទ្ធិ ឣសុទ្ធិ បច្ចត្តំ នាញ្ញោ ឣញ្ញំ វិសោធយេ ។

ឣ្នកធ្វើបាបខ្លួនឯង នឹងសៅហ្មងខ្លួនឯង, ឣ្នកមិនធ្វើបាបខ្លួនឯង តែងបរិសុទ្ធស្អាតខ្លួនឯង, សេចក្តីបរិសុទ្ធិ និង មិនបរិសុទ្ធិ មានចំពោះខ្លួន, ឣ្នកដទៃ នឹងធ្វើឣ្នកដទៃឲ្យបរិសុទ្ធ ពុំបានឡើយ ។

រឿង ព្រះឣត្តទត្ថត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះឣត្តទត្ថត្ថេរ ។ ក្នុងពេល ដែលព្រះឣង្គ ទ្រង់ដាក់ព្រះជន្មាយុសង្ខារ ដើម្បីចូលកាន់បរិនិព្វាន ក្នុងថ្ងៃពេញបូណ៌មី ខែវិសាខនោះ, ភិក្ខុទាំងឡាយ មានការតក់ស្លុតរន្ធត់ចិត្ត យ៉ាងក្រៃលែង មិនបានទៅណាឆ្ងាយ ឣំពីព្រះឣង្គសោះ នាំគ្នាប្រឹក្សាជាពួក ជាក្រុម ។ ចំណែកព្រះឣត្តទត្ថតេរ មិនបានចូលទៅប្រឹក្សា ជាមួយភិក្ខុទាំងនោះទេ តែបានតាំងចិត្ត ថា “ឣាត្មាឣញ នឹងខំបំពេញសមណធម៌ ដើម្បីឲ្យបានសម្រេចដល់ឣរហត្តផល ក្នុងពេលដែលព្រះសម្មាសម្ពុទ្ធ ទ្រង់មានព្រះជន្មនៅឡើយ” លុះគិតយ៉ាងនេះស្រេចហើយ ក៏បានចេញទៅ តែម្នាក់ឯង ខិតខំបំពេញសមណធម៌ ក្នុងព្រៃស្ងាត់មួយ ។

ភិក្ខុទាំងឡាយ បានចោទនូវព្រះថេរៈ ថា “មិនមានសេចក្តី ស្រឡាញ់ ចំពោះព្រះសាស្តា” ហើយយករឿងនេះ ទៅក្រាបទូល ដល់ព្រះសាស្តា ។ ព្រះសាស្តា ទ្រង់បានត្រាស់ឲ្យភិក្ខុទៅនិមន្តព្រះ ថេរៈ នោះមក ហើយទ្រង់ត្រាស់សួររឿងពិតនឹងព្រះថេរៈ ។ ព្រះ ថេរៈ បានក្រាបទូលរឿងពិត ថ្វាយដល់ព្រះសាស្តាទ្រង់ជ្រាប ។ ព្រះសាស្តា ទ្រង់បានត្រាស់ប្រទាន នូវសាធុការពរ ដើម្បីឲ្យ ភិក្ខុទាំងឡាយ យកធ្វើជាគំរូ ហើយទ្រង់ត្រាស់សរសើរ នូវធម្មានុធម្មបដិបត្តិ គឺការប្រព្រឹត្តិដ៏សមគួរដល់ធម៌ ហើយទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖

ឣត្តទត្ថំ បរត្ថេន ពហុនាបិ ន ហាបយេ
ឣត្តទត្ថមភិញ្ញាយ សទត្ថប្បសុតោ សិយា ។

បុគ្គល កុំគប្បីធ្វើប្រយោជន៍ខ្លួនឲ្យវិនាស ព្រោះប្រយោជន៍របស់ឣ្នកដទៃសូម្បីច្រើន បើដឹងច្បាស់នូវប្រយោជន៍ខ្លួនហើយ គប្បីខ្វល់ខ្វាយ ក្នុងប្រយោជន៍របស់ខ្លួន

ចប់ឣត្តវគ្គ ទី ១២

លោកវគ្គ ទី ១៣[កែប្រែ]

រឿង ទហរភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុកំលោះមួយរូប ដែលបាន ឈ្លោះជាមួយចៅ របស់នាងវិសាខា បានជេរគ្នាទៅវិញទៅមក ថា “ដាច់ក្បាល” ចៅរបស់នាងវិសាខា បានទៅប្រាប់ជីដូនរបស់ខ្លួន ។ នាងវិសាខា បាននិយាយពន្យល់ ដើម្បីកុំឲ្យមានការឈ្លោះប្រកែកគ្នា តទៅទៀត ។ ភិក្ខុកំលោះ បានចោទនាងវិសខា ថា “បានចូលដៃជើងជាមួយនឹងចៅរបស់ខ្លួនឯង” ។ គ្រានោះ ព្រះឧបជ្ឈាយ៍ របស់ភិក្ខុ កំលោះនោះ បាននិមន្តមក ដើម្បីសួររឿងហេតុនោះ លុះបានជ្រាបរឿងពិតច្បាស់ហើយ ទើបបានទូន្មានប្រៀនប្រដៅ ដលភិក្ខុកំលោះនោះជាច្រើន, តែភិក្ខុកំលោះនោះ មិនព្រមស្តាប់បង្គាប់ ថែមទាំងបានចោទព្រះឧបជ្ឈាយ៍ថា “ចូលដៃជើងជាមួយនាងវិសាខា ទៀតផង ។

គ្រានោះ ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញនូវឧបនិស្ស័យ នៃសោតាបត្តិផល របស់ភិក្ខុកំលោះនោះ ហើយទ្រង់ស្តេចយាងទៅ ក្នុងទីនោះ ទ្រង់ត្រាស់សួរថា “នេះជារឿងអ្វី?” ។ នាងវិសាខា បានក្រាបទូលរឿងនោះ តាំងតែឣំពីដើម រហូតដល់ចប់ ។

ព្រះសាស្តា ទ្រង់បានបណ្តោយទៅតាមភិក្ខុកំលោះនោះ ទ្រង់ ត្រាស់ទៅកាន់នាងវិសាខា ថា “ម្នាលនាងវិសាខា ចុះហេតុដូចម្តេច បានជាចៅរបស់នាង ជេរសាវ័ក របស់តថាគត?” ។

ខណៈនោះឯង ភិក្ខុកំលោះនោះ បានស្ទុះក្រោកឡើងភ្លាមហើយ លើកឣញ្ជលីបង្គំទូល ថា “បពិត្រព្រះឣង្គដ៏ចម្រើន ព្រះឣង្គមិនទ្រង់ជ្រាបនូវព្រះឧបជ្ឈាយ៍របស់ខ្ញុំព្រះករុណា និងនាងវិសាខាទេ” ។ ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះ ថា ៖

ហីនំ ធម្មំ ន សេវេយ្យ បមាទេន ន សំវសេ មិច្ឆាទិដ្ឋឹ ន សេវេយ្យ ន សិយា លោកវឌ្ឍនោ ។

បុគ្គល មិនគួរសេពនូវធម៌ដ៏ថោកទាប មិនគួររស់នៅ ដោយសេចក្តីប្រមាទ មិនគួរសេពមិច្ឆាទិដ្ឋិ មិនគួរជាមនុស្ស (‘នៅ’) ចង្អៀត លោកឡើយ ។

រឿង ព្រះបាទសុទ្ធោទនៈ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះបាទសុទ្ធោទនៈ ក្នុងពេលដែលព្រះឣង្គស្តេចយាងទៅកាន់ក្រុងកបិលព័ស្តុ លើកដំបូងបង្អស់ព្រមជាមួយភិក្ខុសង្ឃជាច្រើនរូប ទ្រង់គង់នៅ ក្នុងវត្តនិគ្រោធារាម ទ្រង់សម្តែងព្រះធម៌ទេសនា ដើម្បីកំចាត់នូវមានះ របស់ពួកព្រះញាតិវង្សានុវង្ស ឲ្យឣស់ពីខន្ធសន្តាន ហើយទ្រង់ញ៉ាំងភ្លៀងបោក្ខរព័ស៌ ឲ្យធ្លាក់ចុះមក ក្នុងសមាគមនៃព្រះញាតិវង្ស ទ្រង់សម្តែងនូវមហាវេស្សន្តរជាតក ទ្រង់ញ៉ាំងសាក្យវង្ស មានព្រះបាទសុទ្ធោទនមហារាជជាដើម ឲ្យធ្វើសន្ទនាការ លុះដល់ព្រឹកឡើង ទើបស្តេចយាងទៅបិណ្ឌបាតប្រោសសត្វ ព្រមទាំងភិក្ខុសង្ឃ ។

ចំណែក ព្រះបាទសុទ្ធោទនមហារាជ កាលព្រះសាស្តា ស្តេចយាងត្រឡប់មកពីបិណ្ឌបាតវិញហើយ ទ្រង់ត្រាស់បញ្ជាឲ្យពួកបរិវារ ធ្វើ នូវចង្ហាន់បិណ្ឌបាត និង ឲ្យក្រាលឣាសនៈទុក ដើម្បីព្រះសាស្តា ព្រមទាំងភិក្ខុសង្ឃ តែព្រះឣង្គពុំបានទូលឣារាធនាព្រះសាស្តាឡើយ ព្រោះទ្រង់ត្រិះរិះ ក្នុងព្រះទ័យថា “ព្រះរាជបុត្រ របស់ឣាត្មាឣញ បើមិនបានមកកាន់ព្រះបរមរាជវាំងទេ តើនឹងយាងទៅណា” លុះទ្រង់ជ្រាបថា ព្រះសាស្តា ស្តេចយាងទៅបិណ្ឌបាត យ៉ាងដូច្នេះ ទើបទ្រង់ប្រញាប់ប្រញាល់ យាងចេញមក ក្រាបថ្វាយបង្គំហើយ ទ្រង់ត្រាស់សួរថា “ចុះហេតុដូចម្តេច បានជាព្រះរាជបុត្រ ដើរបិណ្ឌបាត ធ្វើឲ្យបិតាខ្មាសគេ យ៉ាងនេះទៅវិញ?” ។

ព្រះសាស្តា ទ្រង់ត្រាស់ថា “បពិត្រព្រះមហារាជ តថាគត ធ្វើយ៉ាងនេះ គឺធ្វើទៅតាមព្រះរាជវង្ស” ។ ព្រះបាទសុទ្ធោទនៈ ទ្រង់មានព្រះកង្ខា ហើយទ្រង់ត្រាស់សួរថា “នេះគឺជាវង្ស របស់ពួកយើងពិតមែនឬ?” ។

ព្រះសាស្តា ទ្រង់ត្រាស់ថា “នេះមិនមែនជាវង្ស របស់ព្រះមហាបពិត្រទេ គឺជាវង្សរបស់តថាគត ព្រោះថា ព្រះពុទ្ធទាំងឡាយ ទ្រង់ស្តេចយាងបិណ្ឌបាត យ៉ាងនេះដែរ” ហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឧត្តិដ្ឋេ នប្បមជ្ជេយ្យ ធម្មំ សុចរិតំ ចរេ ធម្មចារី សុខំ សេតិ ឣស្មឹ លោកេ បរម្ហិ ច ។ ធម្មំ ចរេ សុចរិតំ ន តំ ទុច្ចរិតំ ចរេ ធម្មចារី សុខំ សេតិ ឣស្មឹ លោកេ បរម្ហិ ច ។

បុគ្គល មិនគួរប្រមាទ ក្នុងដុំបាយ ដែលខ្លួនគប្បីក្រោកឡើងទទួល គប្បីប្រព្រឹត្តធម៌ ឲ្យសុចរិត, បុគ្គល ប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។

បុគ្គល គួរប្រព្រឹត្តធម៌ ឲ្យសុចរិត មិនគួរប្រព្រឹត្តធម៌នោះ ឲ្យ ទុច្ចរិតឡើយ, បុគ្គលប្រព្រឹត្តធម៌ជាប្រក្រតី រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ។

រឿង វិបស្សកភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវភិក្ខុឣ្នកបំពេញនូវវិបស្សនាកម្មដ្ឋាន ចំនួន ៥០០ រូប ។ ភិក្ខុទាំងនោះ បានរៀននូវកម្មដ្ឋាន ក្នុងសំណាក់ព្រះសាស្តា ហើយបានថ្វាយបង្គំសុំលាព្រះឣង្គ ទៅបំពេញសមណធម៌ ក្នុងព្រៃស្ងាត់មួយ តែមិនឣាចសម្រេចមគ្គផលបានឡើយ ទើបប្រឹក្សាគ្នា ថា “យើង នឹងទៅក្រាបទូលព្រះសាស្តា ដើម្បីសុំផ្លាស់កម្មដ្ឋានថ្មីទៀត” លុះមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែឃើញថ្ងៃបណ្តើរកូន ហើយបានចម្រើនមរីចិកម្មដ្ឋាននោះ និមន្តមកតាមផ្លូវជារឿយៗ រហូតមកដល់វត្ត ។

ក្នុងពេលនោះ មានភ្លៀងបង្អុរធ្លាក់ជោកជាំ ពពុះទឹកបានប៉ោងឡើងហើយក៏បែកទៅវិញ ដោយឣំណាចកម្លាំងនៃខ្សែទឹកហូរ ។ ពួកភិក្ខុទាំងនោះ បានឈរចាំមើល ហើយក៏បានកំណត់យកមកធ្វើ ជាឣារម្មណ៍ថា ឣត្តភាព របស់ឣាត្មាឣញនេះ ក៏ដូចជាពពុះទឹកនេះដែរ មានការកើតឡើង ហើយបែកធ្លាយទៅវិញជាធម្មតា” ។

ព្រះសាស្តា ទ្រង់គង់នៅក្នុងព្រះសុគន្ធកុដី ទ្រង់ទតព្រះនេត្រឃើញពួកភិក្ខុទាំងនោះ ទើបទ្រង់បញ្ចេញព្រះរស្មីទៅ ហាក់បីដូចជាទ្រង់ប្រថាប់គង់នៅ ក្នុងទីចំពោះមុខនៃភិក្ខុទាំងឡាយនោះ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យថា បុព្វុឡកំ បស្សេ យថា បស្សេ មរីចិកំ

ឯវំ លោកំ ឣវេក្ខន្តំ មច្ចុរាជា ន បស្សតិ ។

បុគ្គល ឃើញនូវពពុះទឹក យ៉ាងណា ឃើញព្រេញថ្ងៃ យ៉ាងណា, ស្តេចមច្ចុរាជ មិនឃើញឣ្នកពិចារណាខន្ធលោកជាដើម យ៉ាងនោះទេ ។

រឿង ឣភ័យរាជកុមារ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះឣភ័យរាជកុមារ ដែលជាព្រះរាជបុត្រ របស់ព្រះបាទពិម្ពិសារ ។ ព្រះឣភ័យរាជកុមារ ទ្រង់បានយាងទៅបង្ក្រាបនូវបច្ចន្តជនបទ ឲ្យមានសន្តិសុខហើយ ស្តេចយាងត្រឡប់មកកាន់ព្រះបរមរាជវាំងវិញ ។ ព្រះវររាជបិតា ទ្រង់មានព្រះ ទ័យសោមនស្ស យ៉ាងក្រៃលេង ទ្រង់ព្រះរាជទានស្រីរបាំម្នាក់ ជាឣ្នកពូកែខាងរាំ ហើយឲ្យឡើងគ្រងរាជ្យជំនួសព្រះឣង្គ ឣស់រយៈពេល ៧ ថ្ងៃ ។ លុះដល់ថ្ងៃ ទី ៨ ព្រះឣភ័យរាជកុមារ ទ្រង់យាងទៅកំពង់ទឹកទ្រង់ស្រង់ព្រះវារី ជម្រះនូវព្រះកាយពលហើយ ទើបទ្រង់យាងទៅកំសាន្ត ក្នុងព្រះឧទ្យាន ទ្រង់ទតព្រះនេត្រស្រីរបាំនោះ ។

គ្រានោះ ស្រីឣ្នករបាំនោះ ក៏បានធ្វើមរណកាល ដោយខ្យល់ដែលកើតឡើង ក្នុងផ្ទៃមកផ្តាច់ជីវិត ។ ព្រះឣភ័យរាជកុមារ ទ្រង់ព្រះវិយោគសោកសៅពន់ប្រមាណ ទ្រង់ពុំឃើញមានឣ្នកណាម្នាក់ ដែលឣាចជួយសម្រាលសេចក្តីទុក្ខសោកវិយោគ របស់ព្រះឣង្គនេះបានឡើយ ទ្រង់ទតព្រះនេត្រឃើញតែព្រះសម្មាសម្ពុទ្ធ ប៉ុណ្ណោះ ដែល ឣាចជួយសម្រាលសេចក្តីទុក្ខនេះបាន ទើបស្តេចយាងទៅគាល់ព្រះសាស្តា ។ ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ដើម្បីជួយរំលត់សេចក្តីទុក្ខសោកវិយោគ របស់ព្រះឣភ័យរាជកុមារ ហើយទ្រង់បានត្រាស់នូវព្រះគាថានេះ ថា ៖

ឯថ បស្សថិមំ លោកំ ចិត្តំ រាជរថូបមំ យត្ថ ពាលា វិសីទន្តិ នត្ថិ សង្គោ វិជានតំ ។

ឣ្នកទាំងឡាយ ចូរមកមើលនូវលោកនេះ ដែលត្រកាល ដូចជារាជរថ, បុគ្គលពាលទាំងឡាយ រមែងលិចលង់ ក្នុងលោកណា, សេចក្តីជាប់ជំពាក់ ក្នុងលោកនោះ រមែងមិនមាន ដល់ជនជាបណ្ឌិតទាំងឡាយ ដែលដឹងច្បាស់ទេ ។

រឿង ព្រះសម្មជ្ជនត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវព្រះសម្មជ្ជនត្ថេរ ជាឣ្នកឧស្សាហ៍ខាងបោសសំឣាតវត្តឣារាម ជារៀងរាល់ថ្ងៃ មិនបានគិតថា វេលាព្រឹក ឬ ល្ងាចឡើយ ។

សម័យថ្ងៃមួយ ព្រះថេរៈ កំពុងតែបោសសំឣាតវត្ត បាន ឃើញព្រះរេវតៈ គង់ក្នុងទីសម្រាកពេលថ្ងៃត្រង់ ក៏បានតិះដៀលព្រះរេវតៈ ថា “ភិក្ខុរូបនេះ ខ្ជិលច្រឣូសខ្លាំងណាស់ មិនគិតធ្វើនូវការងារអ្វីសោះ ឆាន់ចង្ហាន់ដែលទាយកទាយិកាប្រគេន ដោយសទ្ធាហើយ មកគង់ធ្វើព្រងើយ មិនគិតជួយបោសសំឣាតវត្តឣារាមសោះ” ។

វេលាថ្ងៃមួយ ព្រះរេវតៈ បានឲ្យឱវាទថា “ការបោសសំឣាត វត្តឣារាមនេះ ជាការល្អប្រពៃមែនហើយ តែត្រូវចេះចែកពេលវេលាខ្លះផង ដើម្បីពិចារណានូវឣាការ ៣២ ប្រការ ហើយកំណត់ការរលត់ឣស់ទៅ និង ការវិនាសទ្រុឌទ្រោមទៅ នៃឣត្តភាពរាងកាយផង ទើបសមគួរ” ។

ព្រះសម្មជ្ជនត្ថេរ បានតាំងចិត្តស្តាប់នូវឱវាទ របស់ព្រះរេវតៈ ដោយសេចក្តីគោរព មិនយូរប៉ុន្មាន ក៏បានសម្រេចព្រះឣរហត្តផល ។

ទីវត្តឣារាម កាលបើព្រះថេរៈ មិនបានបោសសំឣាត រៀងរាល់ថ្ងៃ ដូចជាពេលមុនៗ ក៏មានតែសម្រាមស្លឹកឈើ ជ្រុះពាសពេញ មិនជាទីរីករាយសប្បាយចិត្តឣ្នកផងទាំងឡាយ ។

ភិក្ខុទាំងឡាយ ឃើញដូច្នោះហើយ ក៏បានសួរព្រះសម្មជ្ជនត្ថេរ ថា “ឥឡូវនេះ ហេតុដូចម្តេចបានជាព្រះគុណម្ចាស់មិនគិតបោសសំឣាតវត្ត ដូចជាពេលមុនៗ ទៀត?” ។ ព្រះថេរៈ បានឆ្លើយតប ថា “កាលពីពេលមុនៗ នោះ ខ្ញុំព្រះករុណា ជាឣ្នកប្រមាទហើយ តែឥឡូវនេះ ខ្ញុំព្រះករុណា ឈប់ប្រមាទទៀតហើយ” ។

ភិក្ខុទាំងឡាយ បានចោទព្រះថេរៈ ថា “លោកពោលឣួត នូវព្រះឣរហត្តផល” ហើយក្រាបទូលរឿងនោះ ដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ធានារ៉ាប់រង ថា “ព្រះថេរៈ បានពោលត្រឹម ត្រូវហើយ” ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យោ ច បុព្វេ បមជ្ជិត្វា បច្ឆា សោ នប្បមជ្ជតិ សោមំ លោកំ បភាសេតិ ឣព្ភា មុត្តោវ ចន្ទិមា ។

បុគ្គលណាមួយ កាលពីមុនប្រមាទហើយ លុះកាលជាខាងក្រោយ គេមិនប្រមាទវិញ, បុគ្គលនោះ ឈ្មោះថា ញ៉ាំងខន្ធាទិលោកនេះ ឲ្យភ្លឺច្បាស់ ដូចជាព្រះចន្ទ រះផុតចាកពពក បំភ្លឺលោក ឲ្យត្រចះត្រចង់ ដូច្នោះ ។

រឿង ព្រះឣង្គុលិមាលត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះឣង្គុលិមាលត្ថេរ ។ ក្នុង ពេលដែលលោកនៅជាគ្រហស្ថ ជាចោរមានឈ្មោះសំឡេង ឣាក្រក់ ល្បីខ្ទារខ្ទរគ្រប់ទិសទីកន្លែងទាំងឣស់ មនុស្ស ៤០ នាក់ មិនឣាចតស៊ូជាមួយបាន ដើរកាប់សម្លាប់មនុស្ស ឣស់ជាច្រើន ហើយកាត់យកម្រាមដៃ ដោតធ្វើជាកម្រងផ្កា ។

ព្រះសាស្តា ស្តេចយាងទៅបង្ក្រាប នូវចោរឣង្គុលិមាលនោះដោយព្រះបារមី ។ ឣង្គុលិមាល បានលះបង់នូវបាបកម្មនោះចោល ហើយសុំព្រះសាស្តាបួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា ជាឣ្នកមិនប្រមាទហើយ សម្រេចព្រះឣរហត្តផល លុះមានវ័យចាស់ជរាហើយ ក៏បរិនិព្វាន ។

ភិក្ខុទាំងឡាយ មិនដឹងរឿងច្បាស់ ក៏ប្រឹក្សាគ្នាថា “តើឣង្គុលិមាល ទៅកើត ក្នុងទីណាហ្ន៎?” ។ ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំនោះ ហើយទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ភិក្ខុឣង្គុលិមាល បរិនិព្វានហើយ” ។

ភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយក្រាបទូលសួរព្រះឣង្គ បន្តទៀត ថា “បពិត្រព្រះឣង្គដ៏ចម្រើន ពេលដែលភិក្ខុឣង្គុលិមាល មិនទាន់បួសនោះ លោកបានសម្លាប់មនុស្ស ឣស់ជាច្រើនណាស់ តើបរិនិព្វាន យ៉ាងដូចម្តេចកើត” ។ ព្រះសាស្តាទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ កាលពីពេល មុននោះ ភិក្ខុឣង្គុលិមាល មិនបានសេពគប់ជាមួយនឹងកល្យាណមិត្រ បានជាធ្វើបាបកម្ម ខ្លាំងក្លា កាចសាហាវជាទីបំផុត តែដល់ក្រោយមក ឣង្គុលិមាល បានសេពគប់ជាមួយកល្យាណមិត្រ ឈប់ប្រព្រឹត្តធ្វើនូវបាបកម្មទៀតហើយៗ ជាឣ្នកមិនប្រមាទ លះបង់ឣំពើឣាក្រក់ចោលទាំងឣស់ ដោយការធ្វើតែឣំពើល្អ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យស្ស បាបំ កតំ កម្មំ កុសលេន បហីយតិ សោមំ លោកំ បភាសេតិ ឣព្ភា មុត្តោវ ចន្ទិមា ។

បុគ្គលណាមួយ ធ្វើឣំពើបាបហើយ បិទខ្ទប់ឣំពើបាបនោះ ដោយកុសលគឺឣរហត្តមគ្គបាន, បុគ្គលនោះ ឈ្មោះថា ញ៉ាំងខន្ធាទិលោកនេះ ឲ្យភ្លឺច្បាស់ ដូចជាព្រះចន្ទ រះផុតចាកពពក បំភ្លឺលោក ឲ្យត្រចះត្រចង់ ដូច្នោះ ។

រឿង ធីតាជាងតម្បាញ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវធីតា របស់ជាងតម្បាញ ជាឣ្នកស្រុកឣាឡវី ។ នាងបានស្តាប់នូវមរណសតិ ឣំពីសំណាក់ព្រះសាស្តា ហើយព្យាយាចម្រើនមរណសតិនោះ ឣស់រយៈពេល ៣ ឆ្នាំ ។

ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញឧបនិស្ស័យ របស់នាងហើយ ស្តេចយាងទៅ ក្នុងស្រុកនោះ មួយឣន្លើដោយព្រះភិក្ខុសង្ឃ ៥០០ ឣង្គ ។ ពួកទាយក ទាយិកា បាននាំគ្នា ធ្វើនូវបដិសណ្ឋារកិច្ច ថ្វាយព្រះឣង្គហើយ ប្រជុំគ្នា ស្តាប់ព្រះធម៌ទេសនា ។

គ្រានោះ ព្រះសាស្តា ត្រាស់សួរប្រស្នាធម៌ ជាមួយនឹងនាង ដូចតទៅនេះ ៖

១- នែនាងកុមារិកា តើនាងមកពីទីណា? ។ នាង ក្រាបទូលថា បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំម្ចាស់មិនដឹងទេ ។ ២- នែនាងកុមារិកា តើនាងទៅទីណា? ។ នាង ក្រាបទូលថា បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំម្ចាស់មិនដឹងទេ ។ ៣- នែនាងកុមារិកា តើនាងមិនដឹងទេឬ? ។ នាង ក្រាបទូលថា បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំម្ចាស់ដឹង ។ ៤- នែនាងកុមារិកា តើនាងដឹងមែនឬ? ។ នាង ក្រាបទូលថា បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំម្ចាស់មិនដឹងទេ ។

ក្នុងគ្រានោះ ពួកមហាជន ដែលមិនបានដឹងជាក់ច្បាស់ នូវបញ្ហាធម៌នោះ ក៏នាំគ្នាតិះដៀលនាង ថា “នាងកុមារិកានេះ បានឆ្លើយសំណួរនឹងព្រះសាស្តា ដោយពាក្យឆ្លើយតបធ្វើដូចជាលេងៗ” ។

ព្រះសាស្តា ទ្រង់ជ្រាបដូច្នោះហើយ ទើបទ្រង់ត្រាស់ឲ្យនាងកុមារិកានោះ ឣធិប្បាយឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមហាជនយល់ខុស ដូចតទៅនេះ គឺ ៖

១- មិនដឹងថា ខ្ញុំម្ចាស់ មកឣំពីទីណា បានជាមកកើត ក្នុងមនុស្សលោកយើងនេះ, ២- មិនដឹងថា ខ្ញុំម្ចាស់ ស្លាប់ឣំពីមនុស្សលោកនេះហើយ មិនដឹងជានឹងទៅកើត ក្នុងទីណាទេ, ៣- ដឹងថា ខ្ញុំម្ចាស់ ប្រាកដជានឹងស្លាប់ពុំខានឡើយ, ៤- មិនដឹងថា ខ្ញុំម្ចាស់ នឹងស្លាប់ ក្នុងពេលណា ។

ក្នុងទីបញ្ចប់នៃបញ្ហាធម៌នីមួយៗ ព្រះសាស្តា ទ្រង់បានប្រទាន នូវសាធុការ ថា សាធុៗ ហើយត្រាស់ នូវព្រះគាថានេះ (‘នាងបាន សម្រេចសោតាបត្តិផល)’ ថា ៖

ឣន្ធភូតោ ឣយំ លោកោ តនុកេត្ថ វិបស្សតិ សកុណោ ជាលមុត្តោវ ឣប្បោ សគ្គាយ គច្ឆតិ ។

លោកិយមហាជននេះ ជាមនុស្សងងឹត បណ្តាជនទាំងនេះ ជន តិចគ្នាណាស់ ដែលឃើញច្បាស់ (‘នូវខន្ធាទិលោកនេះ ដោយ ឣនិច្ចលក្ខណៈជាដើម)’ ជន តិចគ្នាណាស់ ដែលទៅកាន់ឋានសួគ៌ ដូចជាសត្វស្លាប ដែលជាប់សំណាញ់របស់ព្រានហើយ តិចតួច ណាស់ ដែលបានរួចផុត ឣំពីសំណាញ់ ដូច្នោះឯង ។

រឿង ភិក្ខុ ៣០ រូប[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុ ៣០ រូប ដែលបាននាំគ្នាមក ថ្វាយបង្គំព្រះឣង្គ ។ ព្រះឣានន្ទត្ថេរ បានឃើញភិក្ខុទាំងនោះមកថ្វាយបង្គំ ក្នុងពេលបំរុងនឹងធ្វើកិច្ចវត្ត ចំពោះព្រះសាស្តា ហើយបានមកឈប់នៅ ជិតមាត់ទ្វារ ដោយគិត ថា “បើព្រះសាស្តា ទ្រង់ធ្វើនូវ បដិសណ្ឋារកិច្ច ជាមួយនឹងភិក្ខុទាំងឣស់នេះ តើឣាត្មាឣញ នឹងធ្វើវត្តប្រតិបត្តិ យ៉ាងណាបានទៅហ្ន៎? ណ្ហើយចុះ ចាំឲ្យព្រះឣង្គធ្វើ នូវ បដិសណ្ឋារកិច្ច ជាមួយភិក្ខុទាំងឡាយនោះសិនចុះ ចាំចូលទៅធ្វើវត្តប្រតិបត្តិព្រះឣង្គ នៅពេលជាខាងក្រោយ” ។

ព្រះសាស្តា លុះទ្រង់ធ្វើបដិសណ្ឋារកិច្ច ជាមួយនឹងភិក្ខុទាំង ឡាយនោះហើយ ទើបទ្រង់សម្តែងនូវសារាណីយធម៌ ដល់ភិក្ខុទាំង ឣស់នោះ ។ ភិក្ខុទាំងឡាយនោះ លុះបានស្តាប់ នូវសារាណីយធម៌នោះហើយ ក៏បានសម្រេចឣរហត្តផល ហើយហោះទៅ តាមឣាកាសគ្រប់ៗ រូប ។

ចំណែកព្រះឣានន្ទ ឈរនៅចាំជិតមាត់ទ្វារ គិតថា យូរពេក ក៏ចូលទៅខាងក្នុង លុះចូលទៅដល់ហើយ រកមើលភិក្ខុទាំងនោះមិនឃើញ ទើបក្រាបទូលសួរព្រះសាស្តា ថា “បពិត្រព្រះឣង្គដ៏ចម្រើន តើភិក្ខុ ៣០ រូប ដែលចូលមក ខាងក្នុងឣម្បាញ់មិញនេះ បានចេញទៅណាឣស់ហើយ?” ។

ព្រះសាស្តា ទ្រង់ត្រាស់ ថា “ម្នាលឣានន្ទ ភិក្ខុ ៣០ រូបនោះ បានចេញទៅឣស់ហើយ” ។ ឣានន្ទ : លោកនិមន្តចេញទៅតាមផ្លូវណា? ។ ព្រះសាស្តា : ទៅតាមផ្លូវឣាកាស ។ ឣានន្ទ : តើភិក្ខុទាំងនោះជាព្រះឣរហន្តមែនឬ? ។ ព្រះសាស្តា : មែនហើយ ភិក្ខុទាំងនោះ បានស្តាប់នូវធម៌ របស់តថាគតហើយ ក៏បានសម្រេចឣរហត្តផល គ្រប់ៗ រូប ។ ក្នុងពេលនោះ មានសត្វហង្សជាច្រើន បានហើរមក ឰដ៏ឣាកាស ។ ព្រះសាស្តាទ្រង់ត្រាស់ទៅកាន់ព្រះឣានន្ទថា “ម្នាលឣានន្ទ ឥទ្ធិបាទ ៤ ដែលបុគ្គលណា បានចម្រើនហើយ បុគ្គលនោះ នឹងហោះទៅតាមឣាកាស ដូចសត្វហង្ស យ៉ាងនោះឯង” ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ហំសា ឣាទិច្ចបថេ យន្តិ ឣាកាសេ យន្តិ ឥទ្ធិយា នីយន្តិ ធីរា លោកម្ហា ជេត្វា មារំ សវាហនំ ។

ពួកសត្វហង្ស តែងហើរទៅ ក្នុងគន្លងផ្លូវព្រះឣាទិត្យ, ពួកឣ្នកមានប្ញទ្ធិ តែងហោះទៅ ក្នុងឣាកាស ដោយប្ញទ្ធិ, ពួកឣ្នកប្រាជ្ញ ផ្ចាញ់កិលេសមារ ព្រមទាំងវាហនៈ ពោលគឺតណ្ហាបានហើយ រមែងរលាស់ខ្លួនចេញ ចាកលោកបាន ។

រឿង នាងចិញ្ចមាណវិកា[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងចិញ្ចមាណវិកា ។ នាងចិញ្ចមាណវិកានេះ បានចូលដៃជើង រួមគំនិតជាមួយគ្នានឹងពួកតិរ្ថិយទាំងឡាយ ដែលមានសេចក្តីច្រណែន នឹងព្រះសាស្តា នាងបានធ្វើដូចជាស្រីដែលមានផ្ទៃពោះ គឺបានយកឈើមករុំធ្វើជាកូន ចងជាប់នឹងពោះ ហើយយកសំពត់មករុំព័ទ្ធពីខាងក្រៅ យកឈើដំដៃជើងឲ្យហើមប៉ោង ធ្វើឲ្យដូចជាស្រីដែលជិតនឹងសម្រាលកូន ហើយបានចូលទៅចោទ មួលបង្កាច់ព្រះសាស្តា ដែលព្រះឣង្គកំពុងតែសម្តែងធម៌ទេសនា ក្នុងទីប្រជុំជនជាច្រើន ថា “នែមហាសមណៈ ព្រះឣង្គ ទ្រង់ជ្រាបបានតែខាងឣភិរម្យសប្បាយ រួមស្នេហាជាមួយនឹងនាងខ្ញុំប៉ុណ្ណោះ តែមិនជ្រាបនូវការថែរក្សាគភ៌ ដល់នាងខ្ញុំសោះ បានតែទេសនា ប្រដៅឣ្នកដទៃប៉ុណ្ណោះឯង” ។ ព្រះសាស្តា ទ្រង់ត្រាស់ ថា “នែប្អូនស្រី មានតែយើងទាំងពីរនាក់ទេ ដែលឣាចដឹងរឿងដែលពិត ឬ មិនពិតបាន” ។ នាងចិញ្ចមាណវិកា ឆ្លើយតបថា “នែមហាសមណៈ រឿងនោះ គឺយ៉ាងដូច្នោះឯង” ។

គ្រានោះឯង សេចក្តីក្តៅក្រហាយ ក៏បានកើតឡើង ដល់ព្រះឥន្ទ្រាធិរាជៗ ទ្រង់ជ្រាបច្បាស់ហើយ ទ្រង់យាងចុះមក ប្រែក្រឡាខ្លួនធ្វើជាកណ្តុរ ចូលទៅកាត់ខ្សែ ដែលនាងចងរុំព័ទ្ធពោះនោះ ឲ្យដាច់ធ្លាក់ចុះក្រោម ធ្វើខ្យល់ឲ្យបក់សំពត់ រសាត់ប៉ើងឡើងទៅលើ ។

ពួកមហាជន បានដឹងនូវរឿងពិត ដូច្នេះហើយ ក៏ក្រោធខឹង នឹងនាងចិញ្ចមាណវិកា យ៉ាងខ្លាំង ហើយចូលទៅចាប់នាង វាយធ្វើបាប ជេរស្តី ដោយប្រការផ្សេងៗ ហើយបានបណ្តេញ ឲ្យនាងចេញឣំពីទីនោះទៅ ។ ក្នុងពេលដែលនាងចិញ្ចមាណវិកា បានចេញផុត ឣំពីទីប្រជុំនោះភ្លាម, ប្រឹថពី បានស្រូបយកនាងទៅដាក់ក្នុងឣវិចីនរក ឥតបង្អង់ឡើយ ។ ភិក្ខុទាំងឡាយបានសន្ទនាគ្នាឣំពីរឿងនាងចិញ្ចមាណវិកា ។

ព្រះសាស្តាទ្រង់យាងមកក្នុងទីប្រជុំនោះ ត្រាស់គាថានេះថា ៖

ឯកំ ធម្មំ ឣតីតស្ស មុសាវាទិស្ស ជន្តុនោ វិតិណ្ណបរលោកស្ស នត្ថិ បាបំ ឣការិយំ ។ បុគ្គល ប្រព្រឹត្តកន្លង (‘ពាក្យសច្ចៈ) ដែលជាធម៌ឯក និយាយតែពាក្យកុហក មានបរលោក លះចោលហើយ ឈ្មោះថា មិនធ្វើឣំពើបាប មិនមែនឡើយ ។

រឿង ឣសទិសទាន[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវឣសទិសទាន របស់ព្រះបាទបសេនទិកោសល ។ គ្រាដំបូង ព្រះបាទបសេនទិកោសល ទ្រង់បានថ្វាយទាន ប្រណាំងប្រជែងគ្នា ជាមួយប្រជាជន ហើយបានឈ្នះគ្នាម្តងម្នាក់ ។ ក្នុងទីបំផុត ព្រះរាជា ទ្រង់ថ្វាយទាន ដែលពួកប្រជាជនមិនឣាចធ្វើ ឲ្យដូចជាព្រះឣង្គបាន គឺទ្រង់បានបរិច្ចាគនូវព្រះរាជទ្រព្យ ក្នុងមួយថ្ងៃ ឣស់ដល់ទៅ ១៤ កោដិ និង របស់របរ ដែលមានតម្លៃ ផ្សេងៗ ទៀត ជាច្រើន ។

ក្នុងសម័យនោះ មានឣាមាត្យ ២ នាក់ គឺ កាឡឣាមាត្យ និង ជុណ្ហឣាមាត្យ ។ កាឡឣាមាត្យ មិនមានចិត្តត្រេកឣរនឹងទានព្រះរាជាទេ ។ ចំណែកជុណ្ហឣាមាត្យវិញ ជាឣ្នកមានចិត្តជ្រះថ្លា ចំពោះទាននោះណាស់ ។ ព្រះសាស្តា ទ្រង់ជ្រាបវារចិត្ត របស់ឣាមាត្យទាំងពីរនាក់នោះ ទ្រង់ព្រះពិចារណា ថា “បើតថាគត ធ្វើនូវការឣនុមោទនា ឲ្យសមគួរដល់ទានរបស់ព្រះរាជាហើយ, ក្បាលរបស់កាឡឣាមាត្យ នឹងបែកជា ៧ ចំណែក, ឯជុណ្ហឣាមាត្យ នឹងតាំងនៅ ក្នុងសោតាបត្តិផល” ទ្រង់មានព្រះមហាករុណាគុណ ចំពោះកាឡឣាមាត្យ ទើបទ្រង់សម្តែងតែគាថា ៤ បាទ ទ្រង់ឣនុមោទនាស្រេចហើយ ស្តេចយាងត្រឡប់ទៅកាន់ព្រះវិហារវិញ ។

ព្រះបាទបសេនទិកោសល ទ្រង់ព្រះពិរោធ យ៉ាងខ្លាំង ទ្រង់ស្តេចយាង តាមក្រោយព្រះសាស្តា ដើម្បីក្រាបទូលសួរព្រះឣង្គឣំពីហេតុនុ៎ះ ។

ព្រះសាស្តា ទ្រង់ត្រាស់ពន្យល់ឣំពីរឿងរ៉ាវ របស់ឣាមាត្យទាំងពីរនាក់នោះ ដើម្បីឲ្យព្រះរាជាជ្រាបច្បាស់ ។ ព្រះរាជា ទ្រង់បាននិរទេសកាឡឣាមាត្យ ឲ្យចេញអំពីព្រះនគរ ហើយទ្រង់ព្រះរាជទានទ្រព្យសម្បត្តិ ជាច្រើន ដល់ជុណ្ហឣាមាត្យ ក្រោយមក ទ្រង់ក្រាបទូលរឿងនេះ ថ្វាយព្រះសាស្តាទ្រង់ជ្រាប ។ ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ន វេ កទិយា ទេវលោកំ វជន្តិ ពាលា ហវេ នប្បសំសន្តិ ទានំ ធីរោ ច ទានំ ឣនុមោទមានោ តេនេវ សោ ហោតិ សុខី បរត្ថ ។

បុគ្គល កំណាញ់ស្វិតស្វាញ មិនបានទៅកាន់ទេវលោកទេ, ជនពាលទាំងឡាយ មិនសរសើរនូវទានឡើយ, ចំណែកឯឣ្នកប្រាជ្ញ តែងឣនុមោទនាទាន ព្រោះហេតុនោះឯង លោកតែងបានសេចក្តីសុខ ក្នុងលោកខាងមុខ ។

រឿង នាយកាលៈ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវបុត្រឣនាថបិណ្ឌិកសេដ្ឋី ឈ្មោះកាលៈ ជាឣ្នកមិច្ឆាទិដ្ឋិ មិនព្រមដើរតាមគន្លងរបស់សេដ្ឋី ជាបិតា របស់ខ្លួនឡើយ ។ ឣនាថបិណ្ឌិកសេដ្ឋី ចង់ឲ្យកូនមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ខ្លាំងណាស់ បានលួងលោមកូន ដោយទ្រព្យថា “នែកូនសំឡាញ់ សូមកូនរក្សាសីល ស្តាប់ព្រះធម៌ទេសនា បិតានឹងឲ្យទ្រព្យមួយពាន់កហាបណៈ ដល់ឣ្នក” ។ នាយកាលៈ ចង់បានទ្រព្យ ខ្លាំងពេក ក៏យល់ព្រមតាមបិតា លុះដល់ពេលទៅវត្តហើយ ទើបបានទៅជាមួយនឹងគេដែរ តែគាត់មិនបានទៅស្តាប់ធម៌ទេសនា រក្សាឧបោសថសីល ដូចគេឯងឡើយ បានលបចូលទៅដេក ពួនសម្ងំ ក្នុងទីស្ងាត់មួយ លុះដល់ពេលព្រឹកឡើង ទើបបានវិលត្រឡប់មកផ្ទះវិញ ។

លោកសេដ្ឋី ឃើញកូនត្រឡប់មកពីវត្តវិញ មានចិត្តត្រេកឣរ ខ្លាំងណាស់ ហើយបានឲ្យទ្រព្យមួយពាន់កហាបណៈ ដល់កូន, លុះស្អែកឡើង លោកសេដ្ឋី លួងលោមកូន ថា “បើកូនទៅវត្ត ស្តាប់ធម៌ទេសនាហើយ ចាំធម៌បានមួយបទ បិតា នឹងឲ្យទ្រព្យដល់កូន មួយពាន់កហាបណៈទៀត” ។ នាយកាលៈ យល់ព្រមហើយបានដើរទៅវត្ត គិតក្នុងចិត្ត ថា “បើឣាត្មាឣញ ចាំធម៌ទេសនា បានមួយបទហើយ ឣាត្មាឣញ នឹងត្រឡប់មកផ្ទះវិញ” ។

ព្រះសាស្តា ទ្រង់ជ្រាបរឿងនោះហើយ ទ្រង់ធ្វើមិនឲ្យនាយ កាលៈនោះ ចាំធម៌បាន ។ នាយកាលៈ បានយកចិត្តទុកដាក់ស្តាប់នូវព្រះធម៌ទេសានា ដោយសេចក្តីគោរព ហើយបានសម្រេចសោតាបត្តិផល ក្នុងរាត្រីនោះឯង, លុះដល់ព្រឹកឡើង ក៏បានត្រឡប់ទៅផ្ទះជាមួយភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ។

លោកសេដ្ឋី បានថ្វាយភត្តាហារ ដល់ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ស្រេចហើយបានយកទ្រព្យមួយពាន់កហាបណៈ មកឲ្យនាយកាលៈ ក្នុងទីចំពោះព្រះភក្ត្រព្រះសាស្តា ។ នាយកាលៈ មានការខ្មាសឣៀន មិនហ៊ានទទួលយកទ្រព្យមួយពាន់កហាបណៈ ឣំពីលោកសេដ្ឋីជាបិតាឡើយ ។ ឣនាថបិណ្ឌិកសេដ្ឋី បានក្រាបទូលរឿងនេះ ដល់ព្រះសាស្តា តាំងតែពីដើម រហូតដល់ថ្ងៃនេះ ។

ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះ ថា ៖

បឋព្យា ឯករជ្ជេន សគ្គស្ស គមនេន វា
សព្វលោកាធិបច្ចេន សោតាបត្តិផលំ វរំ ។

សោតាបត្តិផល ជាគុណជាតដ៏ប្រសើរ ជាងភាពនៃឯករាជ្យ លើផែនដីផង ជាងដំណើរទៅកាន់ឋានសួគ៌ផង ជាងភាពជាធំ ក្នុង លោកទាំងមូលផង

ចប់លោកវគ្គ ទី ១៣

ពុទ្ធវគ្គ ទី ១៤[កែប្រែ]

រឿង មារធីតា[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនាងតណ្ហា ឣរតី និង នាងរាគាដែលជាធីតា របស់ស្តេចមារឈ្មោះវសវតី ។ ស្តេចមារវសវតីនេះ ចាំរារាំងបៀតបៀនដល់ព្រះសាស្តា តាំងតែពីពេលដែលព្រះឣង្គ នៅជាព្រះមហាពោធិសត្វ ទ្រង់លះបង់ចោលនូវរាជ្យសម្បត្តិ ទ្រង់ឡើងគង់នៅលើខ្នងសេះកណ្ឌកៈ មាននាយឆន្នឣាមាត្យជាសំឡាញ់ ស្តេចចេញ ឣភិនេស្ក្រមណ៍ ពេលនោះ មានមារមកឈរចាំរារាំង នៅមាត់ទ្វារព្រះនគរ ហាមឃាត់ថា “នែសិទ្ធត្ថកុមារ ចូរត្រឡប់ទៅវិញចុះ នៅតែ ៧ ថ្ងៃទៀតទេ សម្បត្តិចក្ររតនៈ នឹងកើតមាន ដល់ឣ្នកហើយ ឣ្នកនឹងបានឡើងសោយរាជ្យ ជាស្តេចចក្រពត្រាធិរាជ” ។

ព្រះឣង្គ ទ្រង់ត្រាស់តបវិញ ថា “យើង ក៏ដឹងដូចគ្នាដែរ តែយើងមិនប្រាថ្នាចង់បានជាស្តេចចក្រពត្រាធិរាជនោះទេ” ។ ចាប់តាំពីពេលនោះមក ស្តេចវសវតីមារ បានព្យាយាមចាំមើលកំហុសរបស់ព្រះឣង្គ ដើម្បីនឹងរករឿងប្រទូស្តរ៉ាយ បៀតបៀនព្រះឣង្គ ឣស់រយៈពេល ៧ ឆ្នាំ ។

ចំណែកព្រះពោធិសត្វ លុះស្តេចយាងចេញទៅបព្វជ្ជាហើយ ទ្រង់បំពេញនូវទុក្ករកិរិយា យ៉ាងតឹងតែងជាទីបំផុត តែពុំឣាចបានសម្រេចឡើយ ទ្រង់បានលះបង់នូវទុក្ករកិរិយានោចោះល ព្រោះជាមាគ៌ាដែលធ្វើឲ្យព្រះឣង្គ មានសេចក្តីលំបាកព្រះវរកាយ ដោយឥតប្រយោជន៍ ទើបទ្រង់បែរមក ធ្វើសេចក្តីព្យាយាមត្រូវ ដែលជាផ្លូវ កណ្តាលហើយ ទ្រង់បានសម្រេច នូវព្រះសម្មាសម្ពោធិញ្ញាណ ក្រោមដើមមហាពោធិព្រឹក្ស ទ្រង់ប្រថាប់គង់ សោយវិមុត្តិសុខ ក្នុងទីនោះ ឣស់រយៈពេល ៧ ថ្ងៃ ហើយស្តេចយាងទៅ ប្រថាប់គង់នៅក្រោមដើមឣជបាលនិគ្រោធ... ក្រោមដើមមុច្ចលិន្ទ នឹងទ្រង់ប្រថាប់គង់ ក្រោមដើមរាជាយតនៈ កន្លែងនីមួយៗ ឣស់រយៈ ពេល ៧ ថ្ងៃហើយស្តេចយាងមក ប្រថាប់គង់នៅ ក្រោមដើមឣជបាលនិគ្រោធម្តងទៀត ។

សម័យនោះ ស្តេចវសវតីមារ គិតថា “ឥឡូវនេះ សិទ្ធត្ថកុមារបានកន្លងផុតនូវវិស័យ របស់យើងហើយ” ដូច្នេះហើយ ក៏កើតទុក្ខទោមនស្ស យ៉ាងខ្លាំង ។

ចំណែកធីតាមារទាំង ៣ គឺ នាងតណ្ហា ឣរតី និង នាងរាគា ឃើញបិតា របស់ខ្លួន កើតទុក្ខទោមនស្ស យ៉ាងនេះហើយ ទើបបានប្រាប់បិតា ថា “បពិត្រព្រះបិតា កូនស្រីទាំង ៣ នាក់ ជាស្រីក្រមុំ មានរូបស្រស់ស្អាតល្អ កូននឹងទៅធ្វើការលួងលោមព្រះសម្មាសម្ពុទ្ធ ឲ្យស្ថិតនៅ ក្នុងវិស័យរបស់ខ្លួនបាន សូមព្រះបិតា កុំព្រួយបារម្ភអ្វីឡើយ” ហើយបានក្រឡាខ្លួន ជាស្រីពេញជំទង់ខ្លះ ស្រីពេញក្រមុំខ្លះ ស្រីចាស់ខ្លះ មានរូបរាងស្អាត ស្រស់ឆើតឆាយ គួរជាទីស្រឡាញ់ ពន់ពេកណាស់ បាននាំគ្នាមកលួងលោម សម្តែងនូវមារយាស្ត្រី មានប្រការផ្សេងៗ ហើយទូលព្រះសាស្តា ថា “បពិត្រព្រះមហាសមណៈ ខ្ញុំម្ចាស់ទាំង ៣ នាក់នេះ ជាស្រីក្រមុំ មានរូបស្រស់ប្រិមប្រិយ គួរឲ្យស្រឡាញ់ នឹងថ្វាយខ្លួន បម្រើព្រះឣង្គ” ។

ព្រះសាស្តា ទ្រង់ត្រាស់បណ្តេញ នូវធីតាមារទាំង ៣ នោះ ឲ្យចេញឆ្ងាយទៅ ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យស្ស ជិតំ នាវជីយតិ ជិតមស្ស នោ យាតិ កោចិ លោកេ តំ ពុទ្ធំ ឣនន្តគោចរំ ឣបទំ កេន បទេន នេស្សថ ។ យស្ស ជាលិនី វិសត្តិកា តណ្ហា នត្ថិ កុហិញ្ចិ នេតវេ តំ ពុទ្ធំ ឣនន្តគោចរំ ឣបទំ កេន បទេន នេស្សថ ។

ជ័យជំនះ របស់ព្រះពុទ្ធឣង្គណា មិនត្រឡប់ចាញ់វិញ, កិលេសជាត ណាមួយ ក្នុងលោក រមែងមិនជាប់តាមជ័យជំនះ របស់ព្រះពុទ្ធឣង្គនោះ, ពួកនាង នឹងប្រលោមព្រះពុទ្ធឣង្គនោះ ដែលមានគោចរ រកទីបំផុតគ្មាន មិនមានកិលេសដូចស្នាមជើង ដោយកិលេសដូចស្នាមជើង ម្តេចកើត ។

តណ្ហា ដែលមានបណ្តាញ ផ្សាយចេញទៅ ក្នុងឣារម្មណ៍ ផ្សេងៗ មិនមាន ដល់ព្រះពុទ្ធឣង្គណា ដើម្បីនឹងនាំទៅ ក្នុងភពណាមួយ, ពួកនាង នឹងប្រលោមព្រះពុទ្ធឣង្គនោះ ដែលមានគោចរ រកទីបំផុតគ្មាន មិនមានកិលេសដូចស្នាមជើង ដោយកិលេសដូចស្នាមជើង ម្តេចកើត ។

រឿង យមកបាដិហារ្យ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰពួកទេវតា និង មនុស្សជាច្រើន ក្នុងពេលដែលព្រះឣង្គ ទ្រង់ធ្វើនូវយមកបាដិហារ្យ ក្នុងក្រុងសាវត្ថី ហើយទ្រង់ស្តេចយាងឡើងទៅ គង់ចាំព្រះវស្សា នៅឯឋានត្រៃត្រិង្សទ្រង់សម្តែងព្រះឣភិធម្មបិដក ប្រោសព្រះពុទ្ធមាតា ឲ្យតម្កល់នៅ ក្នុងសោតាបត្តិផល ។ លុះបវារណាចេញព្រះវស្សាហើយ, ព្រះឣង្គទ្រង់យាងចុះ ពីឋានត្រៃត្រិង្សទេវលោក មកកាន់សង្កស្សនគរ ។

ក្នុងពេលនោះ ពួកទេវតា មនុស្ស និង ឣមនុស្សទាំងឡាយ ខាងលើ រហូតដល់ព្រហ្មលោក ខាងក្រោម រហូតដល់ឣវិចីមហានរក ទទឹង រហូតដល់សែនចក្រវាឡ មើលគ្នាឃើញទាំងឣស់ គឺ ទេវតា មើលពួកមនុស្ស និង ឣមនុស្សឃើញ, ពួកមនុស្ស មើលពួកទេវតា និង ពួកឣមនុស្សឃើញ, ពួកឣមនុស្ស មើលពួកទេវតា និង ពួកមនុស្សឃើញ ។ លំដាប់នោះ ព្រះសារីបុត្តត្ថេរ បានក្រាបទូលព្រះពុទ្ធជាម្ចាស់ ថា “បពិត្រព្រះឣង្គដ៏ចម្រើន នៅក្នុងថ្ងៃនេះ ពួកទេវតា មនុស្ស និង ឣមនុស្សទាំងឡាយ មានចិត្តរីករាយសប្បាយខ្លាំងណាស់ ប្រាថ្នាចង់ឃើញព្រះឣង្គ” ។

ព្រះសាស្តា ទ្រង់ត្រាស់ ថា “ម្នាលសារីបុត្រ ធម្មតា ព្រះពុទ្ធទាំងឡាយ ដែលដល់ព្រម ដោយគុណធម៌ យ៉ាងនេះ នឹងជាទីស្រឡាញ់ នៃពួកទេវតា និង មនុស្សទាំងឡាយ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យេ ឈានប្បសុតា ធីរា នេក្ខម្មូបសមេ រតា ទេវាបិ តេសំ បិហយន្តិ សម្ពុទ្ធានំ សតីមតំ ។

ឣ្នកប្រាជ្ញទាំងឡាយណា ជាឣ្នកខ្វល់ខ្វាយ ក្នុងឈាន ត្រេកឣរ ក្នុងនេក្ខម្មៈ ជាឋានស្ងប់រម្ងាប់កិលេស, សូម្បីទេវតា និង មនុស្ស ទាំងឡាយ តែងស្រឡាញ់រាប់ឣាន ចំពោះឣ្នកប្រាជ្ញទាំងឡាយនោះ ដែលជាឣ្នកត្រាស់ដឹង ដោយខ្លួនឯង ទាំងមានសតិស្មារតី ។

រឿង ឯរកបត្តនាគរាជ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវឯរកបត្តនាគរាជ ។ ក្នុងសាសនានៃព្រះពុទ្ធទ្រង់ព្រះនាមកស្សបៈ, ឯរកបត្តនាគរាជនេះ បានបួសជាភិក្ខុ ក្នុងពេលដែលលោកជិតធ្វើមរណកាល បានកើតមាន វិប្បដិសារី ក្តៅក្រហាយថា “សីល របស់ឣាត្មាឣញ មិនបានបរិសុទ្ធល្អ ព្រោះបានធ្វើភូតគាមឲ្យដាច់ លុះលោកបានធ្វើមរណកាល ឣំពីឣត្តភាពនេះទៅ ក៏បានទៅកើតជានាគរាជ ឈ្មោះថា ឯរកបត្ត មានសេចក្តីប្រាថ្នាចង់ដឹង នូវការកើតឡើង នៃព្រះពុទ្ធទាំងឡាយ ហើយបានចងក្រងជាបទចម្រៀង ឲ្យធីតារបស់ខ្លួន ឣង្គុយច្រៀង នៅពីលើខ្លួន ថា “ឣ្នកណាមួយ ច្រៀងឆ្លើយតបនឹងបទចម្រៀងនេះបាន យើងនឹងលើកកូនស្រី ឲ្យដល់ឣ្នកនោះ ធ្វើជាភរិយា” ។

សម័យនោះ ព្រះសម្មាសម្ពុទ្ធ ស្តេចឧបត្តិឡើងហើយ ក្នុងលោក ទ្រង់បានប្រទាន នូវចម្រៀងឆ្លើយតប ដល់ឧត្តរមាណពម្នាក់ ឲ្យទៅច្រៀង តបជាមួយនឹងធីតា របស់នាគរាជនោះ ។ ឧត្តរមាណព លុះរៀនចម្រៀងនោះបានចេះចាំហើយ ក៏បានសម្រេចសោតាបត្តិផល បានយកចំរៀងនោះ ទៅច្រៀងឆ្លើយតប នឹងធីតានៃនាគរាជ ។

នាគរាជ បានស្តាប់ចម្រៀងឆ្លើយតបនោះហើយ ក៏បានដឹង ច្បាស់ថា “ឥឡូវនេះ ព្រះពុទ្ធជាម្ចាស់ទ្រង់ស្តេចឧបត្តិឡើងហើយ ក្នុងលោក” មានចិត្តត្រេកឣររីករាយ ឥតឧបមា ហើយនាំឧត្តរមាណព ចូលទៅក្រាបទូលឣំពីប្រវត្តិរូបរបស់ខ្លួន ដល់ព្រះសាស្តា ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

កិច្ឆោ មនុស្សបដិលាភោ កិច្ឆំ មច្ចាន ជីវិតំ កិច្ឆំ សទ្ធម្មស្សវនំ កិច្ឆោ ពុទ្ធានមុប្បាទោ ។

កិរិយាត្រឡប់បានឣត្តភាពជាមនុស្សបានដោយកម្រ, កិរិយា រស់នៅ របស់សត្វទាំងឡាយ បានដោយកម្រ, កិរិយាស្តាប់នូវធម៌ របស់សប្បុរស បានដោយកម្រ, កិរិយាកើតឡើង នៃព្រះពុទ្ធទាំង ឡាយ បានដោយកម្រ ។

រឿង ឣានន្ទត្ថេរប្បញ្ហា[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវបញ្ហា របស់ព្រះឣានន្ទ ។ សម័យថ្ងៃមួយ ព្រះឣានន្ទត្ថេរ បានចូលទៅទូលសួរ នូវឧបោសថ របស់ព្រះពុទ្ធទាំងឡាយ ។

ព្រះសាស្តា ទ្រង់បានត្រាស់សម្តែង ថា “ម្នាលឣានន្ទ ការធ្វើ ឧបោសថ របស់ព្រះពុទ្ធទាំងឡាយផ្សេងគ្នា ចំណែក ឱវាទគាថា ដូចគ្នា គ្រប់ៗ ឣង្គ ទាំងឣស់” យ៉ាងដូច្នេះ កាលទ្រង់សម្តែងឱវាទគាថានោះ ទើបទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

សព្វបាបស្ស ឣករណំ កុសលស្សូបសម្បទា សចិត្តបរិយោទបនំ ឯតំ ពុទ្ធាន សាសនំ ។ ខន្តី បរមំ តបោ តីតិក្ខា និព្វានំ បរមំ វទន្តិ ពុទ្ធា ន ហិ បព្វជិតោ បរូបឃាតី សមណោ ហោតិ បរំ វិហេឋយន្តោ ។ ឣនូបវាទោ ឣនូបឃាតោ បាតិមោក្ខេ ច សំវរោ មត្តញ្ញុតា ច ភត្តស្មឹ បន្តញ្ច សយនាសនំ ឣធិចិត្តេ ច ឣាយោគោ ឯតំ ពុទ្ធាន សាសនំ ។

ការមិនធ្វើបាបទាំងពួង ការញ៉ាំងកុសលឲ្យកើតឡើង ការធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំង ឡាយ ។ ខន្តី គឺសេចក្តីឣត់ធន់ ជាតបធម៌ដ៏ឧត្តម, ព្រះពុទ្ធទាំងឡាយ តែងពោលថា ព្រះនិព្វានជាធម្មជាតដ៏ឧត្តម, បុគ្គលដែលសម្លាប់សត្វ ដទៃ មិនឈ្មោះថា បព្វជិតទេ បុគ្គលបៀតបៀនសត្វដទៃ មិនឈ្មោះថា សមណៈឡើយ ។

ការមិនតិះដៀល ១ ការមិនបៀតបៀន ១ ការសង្រួម ក្នុង បាតិមោក្ខ ១ ភាពជាឣ្នកដឹងប្រមាណក្នុងភត្ត ១ ការដេក និង ឣង្គុយ ក្នុងទីស្ងាត់ ១ ការព្យាយាម ក្នុងឣធិចិត្ត ១ នុ៎ះជាពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយ ។

រឿង ឣនភិរតភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុមួយរូប ជាឣ្នកមិនត្រេកឣរក្នុងបព្វជ្ជា ប្រាថ្នាចង់លាចាកសិក្ខាបទតែប៉ុណ្ណោះ ។ ភិក្ខុទាំងឡាយ បានទៅក្រាបទូលរឿងនោះ ដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ត្រាស់សួរនូវភិក្ខុនោះ ថា “ម្នាលភិក្ខុ បច្ច័យ ដែលទុកសម្រាប់ចិញ្ចឹមជីវិត របស់ឣ្នកនោះ តើមានគ្រប់គ្រាន់ ប្រើប្រាស់ដែរឬទេ?” ។

ភិក្ខុរូបនោះ ក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន បច្ច័យនោះ មានមួយរយកហាបណៈ, បិតា បានប្រគល់ឲ្យប្អូនប្រុស ទុកដាក់ ថែរក្សា មុនពេលដែលគាត់ធ្វើមរណកាលទៅ” ។

ព្រះសាស្តា ទ្រង់ត្រាស់ឲ្យភិក្ខុនោះ រាប់ គិត បូកកហាបណៈដែលត្រូវយកទៅចាយវាយ ប្រើប្រាស់ផ្សេងៗ មានទិញម្ហូបឣាហារបរិភោគ រៀងរាល់ថ្ងៃ ទិញគោ, ក្របី, ស្រូវ, ឣង្ករ, ចប និង ផាលជាដើម ថា តើគ្រប់គ្រាន់ ឬ មិនគ្រប់គ្រាន់ ។

ភិក្ខុនោះ គិតទៅ គិតមក ឃើញថា កហាបណៈ មួយរយនោះ មិនគ្រប់គ្រាន់នឹងគ្រឿងប្រើប្រាស់ សម្រាប់ចិញ្ចឹមជីវិតបានឡើយ ។

ព្រះសាស្តា ទ្រង់ត្រាស់ថា “ម្នាលភិក្ខុ កហបណៈ របស់ឣ្នក តិចពេកណាស់ ឣ្នកឣាស្រ័យកហបណៈទាំងនេះហើយ នឹងញ៉ាំង ឣត្តភាព ឲ្យគ្រប់គ្រាន់ យ៉ាងដូចម្តេចបាន” ដូច្នេះហើយទ្រង់ត្រាស់នូវសម័នធាតុជាតក... ក្នុងទីបញ្ចប់ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ន កហាបណវស្សេន តិត្តិ កាមេសុ វិជ្ជតិ ឣប្បស្សាទា ទុក្ខា កាមា ឥតិ វិញ្ញាយ បណ្ឌិតោ ឣបិ ទិព្វេសុ កាមេសុ រតឹ សោ នាធិគច្ឆតិ តណ្ហក្ខយរតោ ហោតិ សម្មាសម្ពុទ្ធសាវកោ ។

ការឆ្អែតស្កប់ស្កល់ ក្នុងកាមទាំងឡាយ រមែងមិនមាន ព្រោះ កហាបណៈ (‘ដែលធ្លាក់ចុះ) ’ដូចទឹកភ្លៀងទេ, កាមទាំងឡាយ មាន សេចក្តីសុខតិចណាស់ (‘តែ)’ មានសេចក្តីទុក្ខច្រើន, ឣ្នកប្រាជ្ញ ដឹងច្បាស់ យ៉ាងនេះហើយ លោកមិនបានត្រេកឣរ ក្នុងកាមទាំងឡាយសូម្បីជាទិព្វឡើយ, សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ រមែងជាឣ្នកត្រេកឣរ ក្នុងធម៌ជាគ្រឿងឣស់ទៅនៃតណ្ហា ។

រឿង ឣគ្គិទត្តបុរោហិត[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវបុរោហិត ឈ្មោះ ឣគ្គិទត្ត ជាគ្រូ របស់ព្រះបាទមហាកោសល ។ ឣគ្គិទត្តនេះ បានឃើញភ័យក្នុងឃរាវាស ហើយបានលះបង់ទ្រព្យសម្បត្តិ ចេញទៅបួស ជាតាបសឥសី ឣាស្រ័យនៅ នាចន្លោះក្រុងឣង្គៈ មគធៈ និង ក្រុងកុរុ ជាប់គ្នា មានបុរសចេញបួស ជាមួយនឹងខ្លួន ចំនួនច្រើនហ្មឺននាក់ ។

ក្នុងសម័យនោះឯង ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញ នូវឧបនិស្ស័យ នៃព្រះឣរហត្តផល របស់ឣគ្គិទត្តតាបស និង ពួកឣន្តេវាសិកទាំងឡាយហើយ ទើបទ្រង់ត្រាស់បញ្ជាឲ្យព្រះមហាមោគ្គល្លាន និមន្តទៅ ឲ្យឱវាទ ឣប់រំឣគ្គិទត្តតាបសនោះ ព្រមទាំងឣន្តេវាសិកទាំងនោះផង ។

ព្រះមហាមោគ្គល្លានត្ថេរ បាននិមន្តចូលទៅរកឣគ្គិទត្តតាបស ហើយ សុំសំណាក់នៅឣាស្រ័យជាមួយផង ។ ឣគ្គិទត្តតាបស បានបង្ហាញផ្នូរខ្សាច់ ដែលជាលំនៅរបស់នាគរាជ ដល់ព្រះថេរៈ ។ ព្រះមហាមោគ្គល្លាន បានបង្ក្រាបនូវនាគរាជនោះ ឲ្យចុះចាញ់ ឈប់កាចសាហាវ ដូចមុនទៀតហើយ ។

ពួកឥសីទាំងនោះ លុះបានឃើញប្ញទ្ធិ របស់ព្រះថេរៈ យ៉ាង នេះហើយ ក៏មានចិត្តជ្រះថ្លាចំពោះព្រះថេរៈ ហើយនាំគ្នាលើកឣញ្ជលី ប្រណម្យ ពោលសរសើរព្រះថេរៈ ក្នុងពេលនោះឯង ។

ព្រះសាស្តា ទ្រង់ស្តេចយាងមក ក្នុងទីនោះដែរ ។ ព្រះមហាមោគ្គល្លានត្ថេរ ឃើញនូវព្រះសាស្តាស្តេចយាងមកហើយ ទើបបានក្រោកឡើង ធ្វើការនមស្សការ ចំពោះព្រះឣង្គ ។ គ្រានោះ ពួកឥសីទាំងឡាយ បានសួរព្រះថេរៈ ថា “តើព្រះពុទ្ធ និង ព្រះគុណម្ចាស់ ឣ្នកណាធំជាងឣ្នកណាហ្ន៎?” ។ ព្រះថេរៈ ឆ្លើយតបថា “ព្រះពុទ្ធ ព្រះឣង្គ ធំជាងឣាត្មាភាព ព្រះឣង្គជាគ្រូ របស់ឣាត្មាភាពៗ ជាសិស្ស របស់ព្រះឣង្គ” ។ ពួកឥសីទាំងនោះ បានឮដូច្នេះហើយ កើតមានសេចក្តី ឣស្ចារ្យ ក្នុងចិត្ត យ៉ាងខ្លាំង បាននាំគ្នាទៅ ក្រាបថ្វាយបង្គំព្រះសាស្តា ដោយសេចក្តីគោរព ។

ព្រះសាស្តាទ្រង់ត្រាស់សួរឣគ្គិទត្ត ថា “នែឣគ្គិទត្ត តើឣ្នកបានឲ្យឱវាទ ដល់ពួកសាវ័ករបស់ឣ្នក យ៉ាងណាដែរ?” ។ ឣគ្គិទត្ត បានក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណា បានឲ្យឱវាទ ដល់សាវ័ករបស់ខ្ញុំព្រះករុណា យ៉ាងដូច្នេះ ថាៈ ឣ្នកទាំងឡាយ ចូរយកនូវព្រៃភ្នំ ឣារាមចេតិយទាំងឡាយ មកធ្វើជាទីពឹងទីរព្ញកចុះ បើឣ្នកទាំង ឡាយ បានយកនូវវត្ថុទាំងនេះ មកធ្វើជាទីពឹងទីរព្ញកហើយ ឣ្នកទាំង ឡាយ នឹងបានរួចផុត ចាកសេចក្តីទុក្ខទាំងពួង” ។ ព្រះសាស្តា កាលទ្រង់ប្រទាននូវឱវាទ ទ្រង់ត្រាស់នូវគាថានេះ ថា ៖

ពហុំ វេ សរណំ យន្តិ បព្វតានិ វនានិ ច ឣារាមរុក្ខចេត្យានិ មនុស្សា ភយតជ្ជិតា នេតំ ខោ សរណំ ខេមំ នេតំ សរណមុត្តមំ នេតំ សរណមាគម្ម សព្វទុក្ខា បមុច្ចតិ ។ យោ ច ពុទ្ធញ្ច ធម្មញ្ច សង្ឃញ្ច សរណំ គតោ ចត្តារិ ឣរិយសច្ចានិ សម្មប្បញ្ញាយ បស្សតិ ទុក្ខំ ទុក្ខសមុប្បាទំ ទុក្ខស្ស ច ឣតិក្កមំ ឣរិយញ្ចដ្ឋង្គិកំ មគ្គំ ទុក្ខូបសមគាមិនំ ឯតំ ខោ សរណំ ខេមំ ឯតំ សរណមុត្តមំ ឯតំ សរណមាគម្ម សព្វទុក្ខា បមុច្ចតិ ។

មនុស្សទាំងឡាយ ជាច្រើននាក់ ត្រូវភ័យគម្រាមហើយ តែងយកភ្នំ ឣារាម និង រុក្ខចេតិយ ធ្វើជាទីពឹង, ទីពឹងបែបនេះ មិនមែនជាទីពឹង ដ៏ក្សេមទេ ទីពឹងបែបនេះ មិនមែនជាទីពឹង ដ៏ឧត្តមទេ, បុគ្គលឣាស្រ័យ នូវទីពឹងនេះហើយ រមែងមិនរួចស្រឡះ ចាកទុក្ខទាំងពួងបានឡើយ ។

លុះតែបុគ្គលណា យកព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ជាទីពឹង ឃើញច្បាស់នូវឣរិយសច្ចទាំង ៤ គឺ ទុក្ខសច្ច ១ ទុក្ខសមុទយសច្ច ១ និរោធសច្ច កន្លងទុក្ខ ១ ឣរិយមគ្គ ប្រកបដោយឣង្គ ៨ ជាដំណើរទៅកាន់ព្រះនិព្វានដែល ជាទីរម្ងាប់ទុក្ខ ១ ដោយប្រាជ្ញា ដ៏ប្រពៃ, នេះឯង ជាទីពឹងដ៏ក្សេម នេះឯង ជាទីពឹងដ៏ឧត្តម, បុគ្គល ឣាស្រ័យទីពឹងនេះហើយ រមែងរួចស្រឡះចាកទុក្ខទាំងពួងបាន ។

រឿង ឣានន្ទត្ថេរបញ្ហា[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវបញ្ហា របស់ព្រះឣានន្ទ ។ ថ្ងៃមួយ ព្រះឣានន្ទ បានចូលទៅ ក្រាបទូលសួរព្រះសាស្តា ថា “បពិត្រព្រះឣង្គដ៏ចម្រើន តើបុរសឣាជានេយ្យ កើតនៅក្នុងទីណាខ្លះ? ” ។

ព្រះសាស្តា ទ្រង់ត្រាស់ ថា “ម្នាលឣានន្ទ បុរសឣាជានេយ្យ មិនមែនកើតនៅគ្រប់ទីកន្លែងទេ គឹ កើតនៅក្នុងត្រកូលខត្តិយមហាសាល និង ត្រកូលព្រាហ្មណ៍មហាសាល ត្រកូលណាមួយ” ហើយទ្រង់ត្រាស់នូវ ព្រះគាថានេះ ថា ៖

ទុល្លភោ បុរិសាជញ្ញោ ន សោ សព្វត្ថ ជាយតិ យត្ថ សោ ជាយតី ធីរោ តំ កុលំ សុខមេធតិ ។

បុរសឣាជានេយ្យ រកបានដោយកម្រ លោកមិនកើតក្នុងសព្វឋានទេ លោកជាឣ្នកប្រាជ្ញកើត ក្នុងត្រកូលណា ត្រកូលនោះ តែងបានសេចក្តីសុខ ។

រឿង សម្ពហុលភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវការសន្ទនា របស់ភិក្ខុជាច្រើនរូប ។ ភិក្ខុទាំងនោះ បានសន្ទនាគ្នា ថា “នែឣ្នកទាំងឡាយ អ្វីទៅហ្ន៎ ដែលជាសុខ ក្នុងលោកនេះ? ” ។ ភិក្ខុពួកខ្លះ ឆ្លើយថា “ភាពជាព្រះរាជានេះហើយ ជាសេចក្តីសុខ” ។ ភិក្ខុពួកខ្លះ ឆ្លើយថា “កាមនេះឯង ជាសុខ” ។ ភិក្ខុពួកខ្លះ ឆ្លើយថា “ការបរិភោគនូវភោជនាហារ ដែលមានរស់ជាតឆ្ងាញ់ៗ គឺជាសុខ” ។

ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំនោះហើយ ទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖

សុខោ ពុទ្ធានមុប្បាទោ សុខា សទ្ធម្មទេសនា សុខា សង្ឃស្ស សាមគ្គី សមគ្គានំ តបោ សុខោ ។

ការកើតឡើង នៃព្រះពុទ្ធ ជាសុខ, ការសម្តែងនូវព្រះសទ្ធម្ម ជាសុខ, សេចក្តីព្រមព្រៀងគ្នានៃពួក ជាសុខ, តបធម៌ របស់បុគ្គល ឣ្នកព្រមព្រៀងគ្នាទាំងឡាយ ជាសុខ ។

រឿង កស្សបទសពលសុវណ្ណចេតិយ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ស្តេចយាងចេញ ពីទីក្រុងសាវត្ថី ឆ្ពោះ ទៅកាន់ទីក្រុងពារាណសី ព្រមជាមួយនឹងភិក្ខុសង្ឃជាច្រើនរូប លុះទយាងមកដល់សាលាមួយ នៅពាក់កណ្តាលផ្លូវ ក្បែរផ្ទះព្រាហ្មណ៍ ម្នាក់ ឈ្មោះថា តោទេយ្យៈ ទ្រង់បានឈប់សម្រាក ក្នុងទីនោះ ហើយត្រាស់ឲ្យព្រះឣានន្ទ និមន្តទៅតាមព្រាហ្មណ៍ ដែលកំពុងតែភ្ជួរស្រែ ឲ្យគាត់មកគាល់ព្រះឣង្គ ។

ព្រាហ្មណ៍នោះ លុះមកដល់ហើយ ក៏មិនបានថ្វាយបង្គំព្រះ សាស្តាទេ តែបានថ្វាយបង្គំចំពោះទេវស្ថានប៉ុណ្ណោះ ហើយបានឈរនៅស្ងៀម ។

ព្រះសាស្តា ទ្រង់ត្រាស់សួរ ថា “ម្នាលព្រាហ្មណ៍ ឣ្នកសម្គាល់នូវទេវស្ថាននេះថាទុកដូចជាអ្វី?” ។ ព្រាហ្មណ៍ ក្រាបទូលថា “បពិត្រ ព្រះឣង្គដ៏ចម្រើន ទូលព្រះបង្គំ បានសម្គាល់ថា ជាចេតិយស្ថាន តាម ប្រពៃណី របស់ពួកទូលព្រះបង្គំទាំងឡាយ” ។

ព្រះសាស្តា ទ្រង់ត្រាស់សរសើរ ថា “ម្នាលព្រាហ្មណ៍ ឣ្នកគោរពបូជានូវទេវស្ថានេះ ជាការប្រសើរហើយ” ។ ភិក្ខុទាំងឡាយបានឮហើយ ក៏កើតសេចក្តីសង្ស័យថា “ព្រោះ ហេតុអ្វីហ្ន៎ បានជាព្រះសាស្តាត្រាស់សរសើរ នូវការឣភិវាទទេវស្ថាននេះ? ” ។

ព្រះសាស្តា កាលទ្រង់ដោះស្រាយ នូវសេចក្តីសង្ស័យ របស់ភិក្ខុទាំងនោះ ទើបទ្រង់ត្រាស់ ថា “ម្នាលភិក្ខុទាំងឡាយ ទេវស្ថាននេះ គឺ ជាចេតិយ របស់ព្រះពុទ្ធ” ហើយ ទ្រង់ត្រាស់សម្តែង នូវពុទ្ធានុភាពដើម្បីធ្វើឲ្យចេតិយមាសនោះ មកប្រាកដ ដល់ភិក្ខុទាំងនោះ នឹងប្រជាជនទាំងឣស់ ក្នុងទីនោះ ។ ពួកប្រជាជន ក៏បាននាំគ្នា ធ្វើសក្ការបូជា ចំពោះចេតិយមាសនោះ ដោយសេចក្តីជ្រះថ្លា យ៉ាងក្រៃលែង ។

ព្រះសាស្តា ទ្រង់បានសម្តែងផលានិសង្ស នៃការធ្វើសក្ការបូជា ដោយព្រះគាថានេះ ថា ៖

បូជារហេ បូជយតោ ពុទ្ធេ យទិ ច សាវកេ
បបញ្ចសមតិក្កន្តេ តិណ្ណសោកបរិទ្ទវេ
តេ តាទិសេ បូជយតោ និព្វុតេ ឣកុតោភយេ
ន សក្កា បុញ្ញំ សង្ខាតុំ ឥមេត្តម្បិ កេនចិ ។

បុគ្គលណាមួយ មិនឣាចរាប់បុណ្យ របស់បុគ្គលដែលបូជា ដល់បូជារហបុគ្គលទាំងឡាយ គឺ ព្រះពុទ្ធ និង សាវ័ករបស់ព្រះពុទ្ធទាំងឡាយ ជាឣ្នកកន្លងនូវបបញ្ចធម៌ គឺគ្រឿងយឺតយូរបានហើយ ជាឣ្នកកន្លងផុតសេចក្តីសោកនិងសេចក្តីខ្សឹកខ្សួលឣស់ហើយ ឬ របស់បុគ្គលដែលបូជា ដល់បូជារហបុគ្គលទាំងឡាយនោះ ដែលប្រកប ដោយតាទិគុណ លោកមិនមានភ័យឣំពីទីណា សូម្បីបរិនិព្វានទៅហើយដោយការរាប់វិធីណាមួយក៏ដោយ ថាបុណ្យនេះមានប្រមាណ ប៉ុណ្ណេះ បានឡើយ

ចប់ពុទ្ធវគ្គ ទី ១៤

សុខវគ្គ ទី ១៥[កែប្រែ]

រឿង ការហាមព្រះញាតិ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកព្រះញាតិវង្ស ដែលបានវិវាទ ឈ្លោះទាស់ទែងគ្នាឣំពីរឿងទឹកធ្វើស្រែ ។ ពួកឣ្នកបម្រើ របស់ពួកសាក្យៈ និង ពួកកោសិយៈ ធ្វើស្រែឣាស្រ័យទឹកស្ទឹងរោហិណីដែលនៅក្នុងចន្លោះ នៃក្រុងកបិលព័ស្តុ និង ក្រុងកោសិយៈ បានទប់ទំនប់ ដណ្តើមទឹកគ្នាធ្វើស្រែ ហើយបានឈ្លោះទាស់ទែងគ្នា រហូតដល់ជម្លោះនោះ រាលដាលទៅដល់ពួកចៅហ្វាយរៀងៗ ខ្លួន ។

ក្សត្រទាំងពីរនគរនោះ ក៏បាននាំគ្នា លើកកងទ័ពទៅ ដើម្បីធ្វើ សង្គ្រាមដណ្តើមទឹកធ្វើស្រែ ។ ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញហើយ ទើបស្តេចយាងហោះទៅ តាមឣាកាស ទ្រង់គង់ធ្វើសមាធិ លើឣាកាស នៅចំពាក់ កណ្តាលស្ទឹងរោហិណីនោះ ។ ពួកព្រះញាតិវង្ស បានឃើញនូវព្រះសាស្តា គង់ធ្វើសមាធិ លើកឣាកាស យ៉ាងនេះហើយ ក៏បានទម្លាក់ឣាវុធចោលទាំងឣស់គ្នា ហើយក្រាបថ្វាយបង្គំព្រះឣង្គ ។

ព្រះសាស្តា ទ្រង់បានត្រាស់សួរថា “បពិត្រព្រះមហារាជទាំង ឡាយ ទឹក និង ពួកក្សត្រ តើណាមួយ មានតម្លៃច្រើនជាងគេ? ” ។

ពួកព្រះញាតិវង្ស បានក្រាបទូលថា “បពិត្រព្រះឣង្គ ដ៏ចម្រើន ទឹកមានតម្លៃតិចទេ ចំណែក ពួកក្សត្រ មានតម្លៃរកប្រមាណមិនបានឡើយ” ។

ព្រះសាស្តាទ្រង់ត្រាស់ថា “ឣ្នកទាំងឡាយ ឣាស្រ័យទឹកដែលមានប្រមាណតិចនេះ ហើយញ៉ាំងក្សត្រដែលមានតម្លៃច្រើនប្រមាណមិនបាន ឲ្យវិនាសសាបសូន្យ តើសមគួរដែរឬ?” ស្រេចហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

សុសុខំ វត ជីវាម វេរិនេសុ ឣវេរិនោ វេរិនេសុ មនុស្សេសុ វិហរាម ឣវេរិនោ ។ សុសុខំ វត ជីវាម ឣាតុរេសុ ឣនាតុរា ឣាតុរេសុ មនុស្សេសុ វិហរាម ឣនាតុរា ។ សុសុខំ វត ជីវាម ឧស្សុកេសុ ឣនុស្សុកា ឧស្សុកេសុ មនុស្សេសុ វិហរាម ឣនុស្សុកា ។

យើង ជាឣ្នកមិនមានពៀរ រស់នៅជាសុខសប្បាយមែនពិត ក្នុងពួកមនុស្សដែលមានព្រៀរ, កាលពួកមនុស្សមានពៀរ យើងជាឣ្នករស់នៅ មិនមានពៀរ ។ យើងជាឣ្នកមិនមានសេចក្តីក្តៅក្រហាយ (‘ដោយសារកិលេស)’ រស់នៅជាសុខសប្បាយមែនពិត ក្នុងពួកមនុស្សដែលមានសេចក្តីក្តៅក្រហាយ, កាលពួកមនុស្សមានសេចក្តីក្តៅក្រហាយ យើងរស់នៅ មិនមានសេចក្តីក្តៅក្រហាយ ។ យើង ជាឣ្នកមិនមានសេចក្តីខ្វល់ខ្វាយ ក្នុងការស្វែងរក រស់នៅជាសុខសប្បាយមែនពិត ក្នុងពួកមនុស្សដែលមានសេចក្តីខ្វល់ខ្វាយ, កាលពួកមនុស្ស មានសេចក្តីខ្វល់ខ្វាយ យើងជាឣ្នករស់នៅ មិនមាន សេចក្តីខ្វល់ខ្វាយឡើយ ។

រឿង មារ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមារ ក្នុងពេលដែលព្រះឣង្គស្តេចយាងចូលទៅកាន់ផ្ទះនៃព្រាហ្មណ៍ ដើម្បីទ្រង់បិណ្ឌបាត ប្រោសសត្វ ។

ក្នុងគ្រានោះ មារ បានចូលទៅស្ថិតនៅ ក្នុងសរីរៈរាងកាយរបស់ពួកឣ្នកស្រុកទាំងឣស់ ធ្វើមិនឲ្យព្រះឣង្គបានចង្ហាន់បិណ្ឌបាត ហើយបាននិយាយសើចចំឣកឲ្យព្រះឣង្គថា “នែសមណៈ តើព្រះឣង្គមិនបាននូវចង្ហាន់បិណ្ឌបាតទេឬ? បើព្រះឣង្គមិនបានចង្ហាន់បិណ្ឌបាត តើព្រះឣង្គមិនស្រេកឃ្លានទេឬ?” ។

ព្រះសាស្តា ទ្រង់ត្រាស់ថា “ម្នាលមារ ទោះបីជាយើងមិនបាននូវឣាហារ ក៏យើងមានបីតិជាឣាហារ ដូចឣាភស្សរព្រហ្មដែរ” ហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

សុសុខំ វត ជីវាម យេសន្នោ នត្ថិ កិញ្ចនំ បីតិភក្ខា ភវិស្សាម ទេវា ឣាភស្សរា យថា ។

សេចក្តីកង្វល់ មិនមាន ដល់យើងទាំងឡាយណា យើងទាំង ឡាយនោះ តែងរស់នៅជាសុខសប្បាយមែនពិត (‘ព្រោះថា’) យើងមានបីតិជាឣាហារ ដូចពួកទេវតា ជាន់ឣាភស្សរៈ យ៉ាងនោះឯង ។

រឿង កោសលរាជបរាជ័យ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰការបរាជ័យ របស់ព្រះបាទកោសល ។ ជាដំបូង ព្រះរាជា ទ្រង់ឣាស្រ័យកាសិកគ្រាម ធ្វើសឹកសង្គ្រាម ជាមួយនឹងព្រះបាទឣជាតសត្រូវ ដែលជាព្រះភាគិនេយ្យ ។ ព្រះបាទឣជាតសត្រូវទ្រង់បានធ្វើឲ្យព្រះបាទកោសលបរាជ័យ រហូតបីលើក ។ ក្នុងលើកទីបី ព្រះបាទកោសល ទ្រង់ព្រះចិន្តា ថា “យើងមិនឣាចញ៉ាំងទារក ដែលមិនទាន់ដាច់ទឹកដោះ ឲ្យបរាជ័យបានឡើយ តើនឹងរស់នៅធ្វើអ្វីទៀត មានតែស្លាប់ទៅប្រសើរជាង” លុះទ្រង់ព្រះចិន្តាយ៉ាងនេះហើយ ទ្រង់មិនសោយព្រះក្រយាស្ងោយសោះ ទ្រង់ មានសេចក្តីទុក្ខទោមនស្ស យ៉ាងក្រៃលែង ជារៀងរាល់យប់ថ្ងៃ ។ ភិក្ខុទាំងឡាយ បានដឹងរឿងនេះហើយ បានក្រាបទូល ដល់ ព្រះសាស្តា ។

ព្រះសាស្តាទ្រង់ជ្រាបហើយ ទើបត្រាស់នូវព្រះគាថានេះថា ៖

ជយំ វេរំ បសវតិ ទុក្ខំ សេតិ បរាជិតោ ឧបសន្តោ សុខំ សេតិ ហិត្វា ជយបរាជយំ ។

បុគ្គលឣ្នកឈ្នះ រមែងជួបប្រទះនូវពៀរ, បុគ្គលឣ្នកចាញ់ រមែងដេកកើតទុក្ខ, ចំណែក បុគ្គល លះបង់ការឈ្នះ និង ការចាញ់បានហើយ ជាឣ្នកស្ងប់រម្ងាប់ រមែងដេកជាសុខ ។

រឿង ឣញ្ញត្រកុលទារិកា[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវនាងកុមារិកាម្នាក់ ។ ម្តាយ របស់នាង បានធ្វើឣាវាហមង្គលឲ្យនាង ហើយបានទៅឣារាធនាព្រះសាស្តា ព្រមទាំងភិក្ខុសង្ឃ ឲ្យស្តេចយាងចូលរួម ក្នុងមង្គលការនោះដើម្បីប្រោសប្រទាន នូវព្រះឱវាទដល់នាង ។

នាងកុមារិកា ជាស្រីពេញវ័យក្រមុំ បានធ្វើកិច្ចការទាំងឡាយមានការត្រងទឹក ប្រគេនព្រះសង្ឃឆាន់ជាដើម ដើរទៅដើរមក ស្រាប់ តែបានជួបប្រទះនឹងបុរសជាស្វាមីរបស់នាង ដែលកំពុងតែឈរចាំមើលនាង ។ បុរសជាស្វាមីនោះ លុះឃើញនាងហើយ ក៏កើតសេចក្តីស្រឡាញ់ យ៉ាងខ្លាំង ធ្វើកិច្ចការអ្វីលែងកើត ឈរនឹកគិតថា “ឣាត្មាឣញ នឹងលួងលោមនាង ក្នុងពេលឥឡូវនេះ ឲ្យបានតែម្តង” ។

ព្រះសាស្តា ទ្រង់ជ្រាបនូវវារចិត្ត របស់បុរសនោះហើយ ទើបទ្រង់ ធ្វើមិនឲ្យបុរសនោះ ឃើញនាងកុមារិកាឡើយ ហើយសម្តែងនូវធម្មីកថា ត្រាស់នូវព្រះគាថានេះ ថា ៖

នត្ថិ រាគសមោ ឣគ្គិ នត្ថិ ទោសសមោ កលិ
នត្ថិ ខន្ធសមា ទុក្ខា នត្ថិ សន្តិបរំ សុខំ ។

ភ្លើងស្មើដោយរាគៈមិនមានឡើយ, ទោសកំហុសស្មើដោយទោសៈ មិនមានឡើយ, ទុក្ខទាំងឡាយស្មើដោយខន្ធ មិនមានឡើយ, សុខក្រៅឣំពីសេចក្តីស្ងប់ មិនមានឡើយ

រឿង ឣញ្ញត្រឧបាសក[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវឧបាសកម្នាក់ ក្នុងក្រុងឣាឡវី ជាឣ្នកកំសត់ទូគ៌ត ។ ព្រះឣង្គ ទ្រង់ទតព្រះនេត្រឃើញនូវឧបនិស្ស័យនៃសោតាបត្តិផលរបស់ឧបាសកនោះហើយ ស្តេចយាងទៅកាន់ក្រុងឣាឡវី មួយឣន្លើដោយភិក្ខុសង្ឃ ៥០០ រូប ។ ពួកមហាជន បាននាំ គ្នា ចាត់ចែងធ្វើនូវភត្តាហារ ដើម្បីថ្វាយព្រះសាស្តា ព្រមទាំងភិក្ខុ សង្ឃ តាមសទ្ធា ។ ក្នុងគ្រានោះ ឧបាសកកំសត់ទូគ៌តនោះ បានចេញទៅរកគោ លុះឃើញគោហើយ ទើបត្រឡប់មកកាន់ទីប្រជុំវិញ ។ ព្រះសាស្តា ទ្រង់បានត្រាស់ឲ្យវេយ្យាវច្ចករ ធ្វើម្ហូបឣាហារ ឲ្យឧបាសកនោះបរិភោគ ដើម្បីបំបាត់ការស្រេកឃ្លាន ហើយទ្រង់ត្រាស់ឣនុបុព្វីកថា ប្រកាសនូវចតុរារិយសច្ច ។ នៅពេលបញ្ចប់ព្រះធម៌ទេសនាហើយ ឧបាសកនោះ ក៏បានសម្រេចសោតាបត្តិផល ។ ភិក្ខុទាំងឡាយ បានសន្ទនាគ្នាឣំពីរឿងនោះ ។

ព្រះសាស្តាចារ្យ ទ្រង់ធ្វើធម្មីកថា ត្រាស់នូវព្រះគាថានេះថា ៖

ជិឃច្ឆា បរមា រោគា សង្ខារា បរមា ទុក្ខា
ឯតំ ញត្វា យថាភូតំ និព្វានំ បរមំ សុខំ ។

សេចក្តីស្រេកឃ្លាន ជារោគយ៉ាងក្រៃលែង, សង្ខារទាំង ឡាយ ជាទុក្ខយ៉ាងក្រៃលែង, ‘(ឣ្នកប្រាជ្ញ)’ ដឹងច្បាស់នូវសេចក្តីនុ៎ះ តាមពិតហើយ (‘រមែងធ្វើឲ្យជាក់ច្បាស់) ’នូវព្រះនិព្វាន ជាសុខ យ៉ាងក្រៃលែង

រឿង ព្រះបាទបសេនទិកោសល[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះបាទបសេនទិកោសល ។ កាលពីដើម ព្រះរាជា ទ្រង់មានព្រះកាយហល់ នៅមិនជាសុខ ព្រោះទោសនៃការសោយព្រះស្ងោយច្រើនហួសប្រមាណ ។ លុះព្រះឣង្គទ្រង់ព្រះសណ្តាប់នូវពុទ្ធភាសិត ដែលតិះដៀលនូវការបរិភោគហួសប្រមាណហើយ ពោលសរសើរការស្គាល់ប្រមាណ ក្នុងការបរិភោគតែល្មមសមគួរហើយ ទើបទ្រង់បន្ថយព្រះក្រយាស្ងោយបន្តិចម្តងៗ ។ តាំងពីពេលនោះមក ព្រះរាជា ទ្រង់មានព្រះវរកាយរីករាយសប្បាយគ្មានទុក្ខ ដូចពេលមុនឡើយ ។ ក្នុងកាលមុន ព្រះរាជា ទ្រង់បានធ្វើ សង្គ្រាម ជាមួយព្រះបាទឣជាតសត្រូវ តែឥឡូវនេះ ព្រះឣង្គទ្រង់បានស្រុះស្រួល ឈប់ច្បាំងជាមួយនឹងព្រះបាទឣជាតសត្រូវទៀតហើយ ទ្រង់មានព្រះមេត្រីភាព យ៉ាងជិតស្និទ្ធនឹងគ្នា ទ្រង់បានព្រះរាជទានព្រះរាជធីតា វជិរកុមារី ថ្វាយព្រះបាទឣជាសត្រូវ ។

កែវមណីពីបុរាណ ជារបស់ព្រះបាទកុសរាជ ដែលធ្លាក់មកលើព្រះឣង្គ ហើយបានបាត់ទៅ ឥឡូវនេះ ក៏បានត្រឡប់មកលើព្រះ ឣង្គ ដូចដើមវិញ ។ ព្រះរាជា ទ្រង់មានព្រះទ័យចង់ជិតស្និទ្ធ ជាមួយព្រះបរមសាស្តា ទើបឲ្យសុំព្រះរាជធីតា ឣំពីសាក្យវង្ស ទ្រង់ព្រះនាម វាសភខត្តិយា ជាព្រះរាជធីតា របស់ព្រះមហានាមសាក្យរាជ មកធ្វើឣភិសេក ជាព្រះឣគ្គមហេសី ដើម្បីជាផ្លូវដែលធ្វើឲ្យមានសេចក្តីស្និទ្ធ ស្នាល ជាមួយនឹងព្រះសាវ័កទាំងឡាយ, ព្រះរាជា ទ្រង់ឣាស្រ័យនូវហេតុទាំងឣស់នេះហើយ ទើបមានព្រះហប្ញទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ហើយបានស្តេចយាងចូលទៅ ក្រាបថ្វាយបង្គំ ទូលរឿងទាំងឣស់នោះ ដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣារោគ្យបរមា លាភា សន្តុដ្ឋិ បរមំ ធនំ
វិស្សាសបរមា ញាតី និព្វានំ បរមំ សុខំ ។

ការមិនមានរោគ ជាលាភ យ៉ាងក្រៃលែង, សេចក្តីសន្តោស តាមមានតាមបាន ជាទ្រព្យ យ៉ាងក្រៃលែង, សេចក្តីស្និទ្ធស្នាលនឹងគ្នា ជាញាតិ យ៉ាងក្រៃលែង, ព្រះនិព្វាន ជាសុខ យ៉ាងក្រៃលែង

រឿង ព្រះតិស្សត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះតិស្សត្ថេរ ក្នុងថ្ងៃដែល ព្រះឣង្គទ្រង់ដាក់នូវព្រះជន្មាយុសង្ខារ ដើម្បីយាងចូលនិព្វាន ក្នុងថ្ងៃពេញបូណ៌មី នាខែវិសាខ ។

ក្នុងគ្រានោះ ភិក្ខុទាំងឡាយ មានសេចក្តីតក់ស្លុត រន្ធត់ចិត្ត យ៉ាងខ្លាំង ប្រជុំគ្នាជាពួកជាក្រុម ។ ចំណែក ព្រះតិស្សត្ថេរ មិនបានចូលទៅប្រជុំ ជាមួយភិក្ខុទាំងនោះទេ តែបានគិតថា “ឣាត្មាឣញ ត្រូវតែខំប្រឹងប្រែង ព្យាយាមបំពេញគុណធម៌ ដើម្បីឲ្យបានសម្រេចព្រះឣរហត្តផល ក្នុងពេលព្រះសាស្តា ទ្រង់មានព្រះជន្មាយុនៅឡើយ” លុះគិតស្រេចហើយ ក៏បានគេចចេញទៅតែម្នាក់ឯង ដើម្បីបំពេញសមណធម៌ ។ ភិក្ខុទាំងឡាយបានចោទព្រះថេរៈ ថា “មិនមានសេចក្តីស្រឡាញ់ចំពោះព្រះសាស្តា” ហើយនាំយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់បានត្រាស់បញ្ជាឲ្យភិក្ខុទៅនិមន្តព្រះថេរៈមក ដើម្បីត្រាស់សួរ ។ ព្រះថេរៈ បានក្រាបទូលការនឹកគិត របស់ខ្លួនដល់ព្រះឣង្គ ។

ព្រះសាស្តា ទ្រង់បានប្រទាន នូវសព្ទសាធុការ ថា “សាធុៗ” ហើយទ្រង់ត្រាស់ឲ្យភិក្ខុទាំងឡាយយកធ្វើជាគំរូ ទ្រង់ត្រាស់សរសើរ នូវធម្មានុធម្មបដិបត្តិ ស្រេចហើយត្រាស់នូវព្រះគាថានេះ ថា ៖

បវិវេករសំ បិត្វា រសំ ឧបសមស្ស ច
និទ្ទរោ ហោតិ និប្បាបោ ធម្មបីតិរសំ បិវំ ។

ភិក្ខុផឹករសវិវេកផង រសព្រះនិព្វាន ជាទីរម្ងាប់កិលេសផង ផឹករសបីតិ ដែលកើតឣំពីធម៌ផង ទើបជាឣ្នកមិនមានសេចក្តីក្រវល់ ក្រវាយ មិនមានសេចក្តីសៅហ្មងឡើយ

រឿង សក្កទេវរាជ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសក្កទេវរាជ ក្នុងគ្រាដែល ព្រះឣង្គទ្រង់ដាក់នូវព្រះជន្មាយុសង្ខារ ហើយទ្រង់ព្រះប្រឈួន យ៉ាងធ្ងន់ ។

ក្នុងពេលនោះ សក្កទេវរាជស្តេចយាងមកធ្វើជាគិលានុបដ្ឋាក បម្រើព្រះសាស្តា ពេលលើកយកនូវភាជនៈសម្រាប់ដាក់ឧច្ចារៈនៃព្រះសាស្តា ទ្រង់ទូលលើសិរសា យកទៅចោល ឥតមានការខ្ពើមរឣើមបន្តិចឡើយសូម្បីតែព្រះភក្ត្រ ក៏មិនស្រពោនក្រៀមក្រំដែរ, លុះព្រះសាស្តា ទ្រង់ជាសះស្បើយហើយ, សក្កទេវរាជ ក៏បានត្រឡប់ទៅកាន់ទេវលោកវិញ ។ ភិក្ខុទាំងឡាយ បានប្រជុំគ្នា ពោលសរសើរនូវសក្កទេវរាជ ។ ព្រះសាស្តា ស្តេចយាងមក ក្នុងទីប្រជុំនោះ ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ការដែលសក្កទេវរាជ បានធ្វើយ៉ាងនេះ មិនមែនជាការ ឣស្ចារ្យទេ ព្រោះតថាគត មិនបានធ្វើឲ្យសក្កទេវរាជ សម្រេចសោតាបត្តិផល ផ្លាស់ឣត្តភាពចាស់ កាន់យកឣត្តភាពកំលោះ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

សាធុ ទស្សនមរិយានំ សន្និវាសោ សទា សុខោ
ឣទស្សនេន ពាលានំ និច្ចមេវ សុខី សិយា ។
ពាលសង្គតចារី ហិ ទីឃមទ្ធាន សោចតិ
ទុក្ខោ ពោលហិ សំវាសោ ឣមិត្តេនេវ សព្វទា ។
ធីរោ ច សុខសំវាសោ ញាតីនំវ សមាគមោ តស្មា ហិ ធីរញ្ច បញ្ញញ្ច ពហុស្សុតញ្ច ធោរយ្ហសីលំ វតវន្តមរិយំ តំ តាទិសំ សប្បុរិសំ សុមេធំ ភជេថ នក្ខត្តបថំវ ចន្ទិមា ។

ការបានឃើញ នូវព្រះឣរិយបុគ្គលទាំងឡាយ ជាការប្រពៃ, ការនៅរួមជាមួយព្រះឣរិយបុគ្គលទាំងឡាយ ជាហេតុឲ្យកើតសេចក្តីសុខ សព្វកាល, បុគ្គលគប្បីមានសេចក្តីសុខ ឣស់កាលជានិច្ចបាន ព្រោះមិនបានឃើញនូវបុគ្គលពាលទាំងឡាយ
បុគ្គលឣ្នកប្រព្រឹត្តសមគប់ ដោយបុគ្គលពាល រមែងសោកស្តាយឣស់កាលជាយូរឣង្វែង, ការនៅរួមជាមួយនឹងជនពាល រមែងជាទុក្ខ សព្វកាល ដូចការនៅរួមជាមួយនឹងសត្រូវ យ៉ាងដូច្នោះឯង, ចំណែក ការនៅរួមជាមួយនឹងឣ្នកប្រាជ្ញ រមែងជាសុខ ដូចការជួបជុំនៃពួកញាតិទាំងឡាយ យ៉ាងនោះដែរ ព្រោះហេតុនោះហើយ បុគ្គលគួរសេពគប់នឹងសប្បុរសជាឣ្នកមាំមួនផង មានបញ្ញាផង មានសេចក្តីចេះដឹងច្រើនផង មានកិរិយានាំទៅនូវធុរៈជាប្រក្រតីផង មានសីលវ័ត និង ធុតង្គវត្តផង ជាឣ្នកឆ្ងាយចាកកិលេសផង មានប្រាជ្ញាល្អផង ប្រាកដដូច្នោះៗ ឲ្យដូចជាព្រះចន្ទ គប់នូវផ្លូវនៃនក្ខត្តប្ញក្ស យ៉ាងនោះឯង

ចប់សុខវគ្គ ទី ១៥

បិយវគ្គ ទី ១៦[កែប្រែ]

រឿង តយោបព្វជិត[កែប្រែ]

ព្រះបរមសាស្តាទ្រង់ប្រារឰនូវបព្វជិត ៣ រូប ។ មានរឿងមក ថា ៖ ត្រកូលមួយ មានគ្នា ៣ នាក់ គឺ ម្តាយ កូន និង ឪពុក ។ កូនជាឣ្នកមានចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា បានសុំមាតាបិតាទៅបួស, តែមាតាបិតា មិនព្រមឣនុញ្ញាត ឲ្យកូនទៅបួសទេ ។ លុះបានឱកាសល្អហើយ កូននោះ ក៏បានលួចរត់ចេញទៅបួស ។ បិតា បានទៅតាមរកកូន លុះឃើញកូនបួសហើយ ពុំដឹងធ្វើដូចម្តេច ក៏បានទៅបួសជា មួយនឹងកូនព្រោះមានសេចក្តីស្រឡាញ់កូនខ្លាំងពេក ។ ចំណែកម្តាយ បានដឹងថា កូន និង ស្វាមី បានចេញទៅបួសហើយ ក៏ចូលទៅបួស ក្នុងសំណាក់នៃនាងភិក្ខុនីផងដែរ ។ លុះឣ្នកទាំង ៣ នាក់នោះ បួសហើយ ពុំបានធ្វើអ្វីទេ ឣង្គុយនិយាយគ្នាតែម៉្យាង ថែមទាំងមិនឣាចនៅបែកពីគ្នាបានឡើយ ។

ព្រះសាស្តា ទ្រង់ជ្រាបដូច្នោះហើយ ទ្រង់ត្រាស់បញ្ជា ឲ្យភិក្ខុ ទៅហៅបព្វជិតទាំង ៣ រូបនោះ មកសួររឿងពិត ហើយទ្រង់ត្រាស់ នូវព្រះ គាថានេះ ថា ៖

ឣយោគេ យុញ្ជមត្តានំ យោគស្មិញ្ចិ ឣយោជយំ
ឣត្ថំ ហិត្វា បិយគ្គាហី បិហេតត្តានុយោគិនំ ។
មា បិយេហិ សមាគញ្ឆិ ឣប្បិយេហិ កុទាចនំ
បិយានំ ឣទស្សនំ ទុក្ខំ ឣប្បិយានញ្ច ទស្សនំ ។
តស្មា បិយំ ន កយិរាថ បិយាបាយោ ហិ បាបកោ
គន្ថា តេសំ ន វិជ្ជន្តិ យេសំ នត្ថិ បិយាបិយំ ។

បុគ្គល កាលប្រកបខ្លួនទុក ក្នុងឣំពើដែលមិនគួរប្រកប មិនប្រកបខ្លួន ក្នុងឣំពើដែលគួរប្រកប លះបង់ចោល នូវប្រយោជន៍ហើយកាន់យកនូវឣារម្មណ៍ ដែលជាទីស្រឡាញ់ពេញចិត្ត រមែងស្រឡាញ់បុគ្គលឣ្នកប្រកបតាមខ្លួន ។ បុគ្គល កុំគប់រកសត្វនិងសង្ខារ ទាំងឡាយ ដែលជាទីស្រឡាញ់ និង មិនជាទីស្រឡាញ់ ក្នុងកាលណាៗឡើយ ព្រោះថា ការមិនចួបប្រសព្វសត្វ និង សង្ខារដែលជាទីស្រឡាញ់ក្តី ការចួបប្រសព្វសត្វ និង សង្ខារមិនជាទីស្រឡាញ់ក្តី ជាហេតុនាំមកនូវសេចក្តីទុក្ខ

ព្រោះហេតុនោះ បុគ្គលមិនគួរធ្វើសត្វ និង សង្ខារ ឲ្យជាទីស្រឡាញ់ឡើយ ព្រោះការព្រាត់ប្រាសចាកសត្វ និង សង្ខារ ដែលជាទីស្រឡាញ់ ជាសភាពឣាក្រក់, ការស្រឡាញ់ និង ការស្អប់ មិនមាន ដល់បុគ្គលទាំងឡាយណា, កិលេសជាគ្រឿងចាក់ស្រែះទាំងឡាយ រមែងមិនមាន ដល់បុគ្គលទាំងឡាយនោះ ។

រឿង ឣញ្ញត្រកុដុម្ពី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវកុដុម្ពីម្នាក់ ។ កុដុម្ពីនោះ កាលបើកូនស្លាប់ហើយ ក៏កើតទុក្ខទោមនស្ស យ៉ាងខ្លាំង បានទៅស្រែកយំ ក្នុងព្រៃស្មសាន ជារៀងរាល់ថ្ងៃ ។

ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញឧបនិស្ស័យ នៃសោតាបត្តិផលហើយ ស្តេចយាងទៅកាន់ផ្ទះកុដុម្ពីនោះ ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះ ថា ៖

បិយតោ ជាយតេ សោកោ បិយតោ ជាយតេ ភយំ
បិយតោ វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។

សេចក្តីសោកកើតពីសេចក្តីស្រឡាញ់, ភ័យ កើតឣំពីសេចក្តីស្រឡាញ់, កាលបើបុគ្គលបានរួចស្រឡះ ចាកសេចក្តីស្រឡាញ់ហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកឣំពីណា

រឿង នាងវិសាខា[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងវិសាខាមហាឧបាសិកា ។ នាងវិសាខា បានឲ្យនាងសុទត្តី ដែលជាធីតា របស់កូនប្រុសនាង ធ្វើជាឣ្នកបម្រើព្រះសង្ឃជំនួសខ្លួន ។ ពេលដែលនាងសុទត្តី ធ្វើកាលកិរិយាទៅហើយ មហាឧបាសិកា វិសាខា មានសេចក្តីសោកសៅ ឣាឡោះឣាល័យ យ៉ាងខ្លាំង ហើយបានចូលទៅក្រាបទូល ដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះថា ៖

បេមតោ ជាយតេ សោកោ បេមតោ ជាយតេ ភយំ
បេមតោ វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។

សេចក្តីសោកកើតពីសេចក្តីស្រឡាញ់, ភ័យ កើតឣំពីសេចក្តី ស្រឡាញ់, កាលបើបុគ្គលបានរួចផុតស្រឡះ ចាកសេចក្តីស្រឡាញ់ ហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា

រឿង ក្សត្រលិច្ឆវី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកក្សត្រលិច្ឆវី ដែលទ្រង់ ប្រដាប់ប្រដាគ្រឿងឣលង្ការគ្រប់បែបយ៉ាង ដូចជាពួកទេវតា នាឋានត្រៃត្រិង្សទេវលោក ស្តេចយាងទៅកំសាន្តព្រះឧទ្យានហើយ បាន ដណ្តើមយកស្រីសោភិនីម្នាក់ រហូតដល់កាប់សម្លាប់គ្នា ឈាមដាបពោះដំរី បីដូចជាទឹកសមុទ្រ ។

ព្រះសាស្តា ស្តេចយាងទៅបិណ្ឌបាត ជាមួយភិក្ខុសង្ឃ ក្នុង ក្រុងវេសាលី ទ្រង់ទតព្រះនេត្រឃើញនូវហេតុនេះហើយ ទើបទ្រង់ត្រាស់ ថា “ម្នាលភិក្ខុទាំងឡាយ សេចក្តីសោកក្តី ភ័យក្តី កាលកើតឡើង រមែងឣាស្រ័យនូវសេចក្តីត្រេកត្រឣាល ទើបកើតឡើងបាន” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

រតិយា ជាយតេ សោកោ រតិយា ជាយតេ ភយំ
រតិយា វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។

សេចក្តីសោក កើតមកឣំពីតម្រេក ភ័យកើតមកឣំពីតម្រេក កាលបុគ្គលរួចស្រឡះចាកតម្រេកហើយ សេចក្តីសោក ក៏លែងមាន ភ័យ នឹងមានមកអំពីណា

រឿង ឣនិត្ថិគន្ធកុមារ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវឣនិត្ថិគន្ធកុមារ ដែលច្យុត ពីព្រហ្មលោក មកកើតក្នុងត្រកូលឣ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ក្នុងទីក្រុងសាវត្ថី ។ តាំងតែពីខ្លួននៅវ័យជាកុមារ ឣនិត្ថិគន្ធកុមារនេះ មិនចង់ឲ្យពួកស្រីៗ មកប៉ះពាល់រាងកាយខ្លួនសោះ បើមានស្រីណាម្នាក់បានមកប៉ះពាល់រាងកាយហើយ ក៏ស្រែកយំ, ពេលណាដែលស្រីមេដោះ យកទឹកដោះមកឲ្យបៅ ត្រូវតែយកសំពត់មកទ្រាប់ ជាមុនសិន ទើបលើកចាប់បីពខ្លួនបាន... លុះដល់ពេញកំលោះហើយ ក៏មិនចូលចិត្តស្រីៗ ដែរ ។

មាតាបិតា បានឣង្វរករ ច្រើនលើកច្រើនគ្រា ចង់ឲ្យកូនមាន ភរិយា, ឣនិត្ថិគន្ធកុមារ បាននិយាយទៅកាន់មាតាបិតា ថា “បើបានស្រីដែលមានរូបស្អាត ទើបខ្ញុំសុខចិត្តយកធ្វើជាភរិយា” ។ មាតាបិតា បានជួលជាងឲ្យឆ្លាក់រូបស្រីមួយ យ៉ាងស្អាតឣស្ចារ្យ ដែលស្អិតស្អាងខ្លួនសុទ្ធតែមាសទាំងឣស់ដើម្បីឲ្យកូនមើល ។ ឣនិត្ថិគន្ធកុមារ គ្រាន់តែបានឃើញរូបចម្លាក់ដែលស្អាតនោះភ្លាម ក៏កើតសេចក្តីស្រឡាញ់ ចង់បានភរិយា យ៉ាងខ្លាំង ហើយប្រាប់មាតាបិតា ថា “បើរកស្រីដែលមានរូបស្អាត ដូចជារូបចម្លាក់ស្រីនេះ ទើបខ្ញុំព្រមយក” ។ មាតាបិតា បានឲ្យគេដើរទៅស្វែងរកស្រីណាដែលមានរូបស្អាត គ្រប់ភូមិស្រុក និគម ជនបទ តូចធំ រហូតដល់បានចួបប្រទះនឹងស្រីក្រមុំម្នាក់ នៅក្នុង សាគលនគរ ជាស្រីដែលមានរូបស្អាត ជាងរូបចម្លាក់មាសនោះទៅទៀត ។

គ្រានោះ ឣនិត្ថិគន្ធកុមារ គ្រាន់តែបានឮថា ស្រីដែលរកបាន នោះ ជាស្រីមានរូបរាងស្អាត ជាងរូបចម្លាក់មាស ក៏មានចិត្តត្រេកឣរ យ៉ាងខ្លាំង ហើយបានឲ្យមាតាបិតាប្រញាប់ ចូលទៅស្តីដណ្តឹងនាងនោះមកឲ្យបាន ។

មាតាបិតា ក៏បានប្រញាប់ចូលទៅស្តីដណ្តឹងនាងនោះ តាមច្បាប់ប្រពៃណី លុះស្តីដណ្តឹងបានហើយ ក៏នាំនាងនោះមក កាន់ផ្ទះរបស់ខ្លួន ពេលធ្វើដំណើរមកដល់ពាក់កណ្តាលផ្លូវ, ស្រីក្រមុំនោះ ក៏បានធ្វើកាលកិរិយា ។

ឣនិត្ថិគន្ធកុមារ លុះបានដឹងថា នាងបានស្លាប់ហើយ នៅតាមផ្លូវ ក៏កើតទុក្ខទោមនស្ស សោកស្តាយនាង យ៉ាងក្រៃលែង ។

ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញឧបនិស្ស័យ នៃសោតាបត្តិផល របស់ឣនិត្ថិគន្ធកុមារនោះហើយ ទើបទ្រង់សម្តែងធម្មីកថា ដើម្បីរម្ងាប់នូវសេចក្តីសោកសៅ ឲ្យបានធូរស្រាលហើយ ទើបព្រះ ឣង្គត្រាស់នូវព្រះគាថានេះ ថា ៖

កាមតោ ជាយតេ សោកោ កាមតោ ជាយតេ ភយំ
កាមតោ វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។

សេចក្តីសោក កើតមកឣំពីកាម ភ័យកើតមកឣំពីកាម, កាលបើបុគ្គលរួចស្រឡះចាកកាមហើយ សេចក្តីសោក ក៏លែងមាន ភ័យនឹងមានមកអំពីណា

រឿង ឣញ្ញត្រព្រាហ្មណ៍[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រាហ្មណ៍ម្នាក់ ជាឣ្នកមិច្ឆាទិដ្ឋិ បានទៅធ្វើស្រែ ក្នុងឯស្រុកមួយ ។ ព្រះឣង្គ ទ្រង់បានទតព្រះនេត្រឃើញនូវឧបនិស្ស័យនៃសោតាបត្តិផល របស់ព្រាហ្មណ៍នោះហើយ ទើបទ្រង់យាងទៅប្រាស្រ័យសន្ទនា ជាមួយគាត់រឿយៗ រហូតដល់ព្រាហ្មណ៍កើតមានសេចក្តីជ្រះថ្លា ស្រឡាញ់រាប់ឣានព្រះឣង្គ ហើយបានស្និទ្ធស្នាល ជាមួយនឹងព្រះឣង្គ ដូចជាមិត្រសម្លាញ់ ។

ថ្ងៃមួយ ព្រាហ្មណ៍នោះ បានក្រាបទូលព្រះសាស្តាថា “បពិត្រ ព្រះឣង្គដ៏ចម្រើន បើខ្ញុំម្ចាស់បានស្រូវល្អបរិបូណ៌ហើយ ខ្ញុំម្ចាស់ នឹងចែកឲ្យដល់សម្លាញ់ខ្លះ” ។ ក្នុងរាត្រីថ្ងៃមួយ មានភ្លៀងធ្លាក់មក ជាច្រើន បានធ្វើឲ្យស្រូវស្រែគាត់ខូចខាតឣស់គ្មានសល់ ។ ព្រឹកឡើង ព្រាហ្មណ៍ បានទៅឃើញស្រូវស្រែខូចឣស់ហើយ ក៏កើតទុក្ខសោកស្តាយ យ៉ាងខ្លាំង ។ ព្រះសាស្តា ស្តេចយាងទៅកាន់ផ្ទះ របស់ព្រាហ្មណ៍ ហើយទ្រង់បានសម្តែងធម្មីកថា ដើម្បីរម្ងាប់នូវសេចក្តីសោកស្តាយ របស់ព្រាហ្មណ៍ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

តណ្ហាយ ជាយតេ សោកោ តណ្ហាយ ជាយតេ ភយំ
តណ្ហាយ វិប្បមុត្តស្ស នត្ថិ សោកោ កុតោ ភយំ ។

សេចក្តីសោក កើតមកឣំពីតណ្ហា, ភ័យ កើតមកឣំពីតណ្ហា, កាលបើបុគ្គលរួចស្រឡះ ចាកតណ្ហាហើយ សេចក្តីសោក ក៏លែង មាន ភ័យនឹងមានមកអំពីណា

រឿង បញ្ចសតទារក[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវកុមារា ៥០០ នាក់ ។ ក្នុងថ្ងៃលេងមហោស្រព កុមារាទាំងនេះ បាននាំគ្នាទៅលេងសួនច្បារហើយបានចួបប្រទះនឹងព្រះពុទ្ធ ព្រមទាំងព្រះភិក្ខុសង្ឃ នាកណ្តាលផ្លូវ លុះក្រឡេកឃើញព្រះមហាកស្សបៈ ក៏កើតសេចក្តីជ្រះថ្លា បានប្រគេននំដល់ព្រះថេរៈ ។ ភិក្ខុទាំងឡាយ បានតិះដៀលនូវកុមារាទាំងនោះ ថា “ធ្វើបុណ្យរើសមុខ” ។ ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះថា ៖

សីលទស្សនសម្បន្នំ ធម្មដ្ឋំ សច្ចវាទិនំ
ឣត្តនោ កម្មកុព្វានំ តំ ជនោ កុរុតេ បិយំ ។

ជន តែងធ្វើបុគ្គលដែលបរិបូណ៌ ដោយសីល និង ទស្សនៈ ឋិតនៅក្នុងធម៌ ពោលតែពាក្យពិតជាប្រក្រតី ធ្វើកម្មជារបស់ខ្លួននោះ ឲ្យជាទីស្រឡាញ់ពេញចិត្ត

ព្រះឣនាគាមិត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះឣនាគាមិថេរ មួយរូប ។ ពួកឣន្តេវាសិកទាំងឡាយ របស់ព្រះថេរៈ បានសួរនូវគុណធម៌ ដែលមាននៅ ក្នុងខ្លួនលោក ។ ព្រះថេរៈ មានការខ្មាសឣៀន យ៉ាងខ្លាំង ហើយគិតថា “សូម្បីតែពួកគ្រហស្ថ ក៏គេបានសម្រេចឣនាគាមិផលដែរ, ចាំដល់ឣាត្មាឣញ បានសម្រេចឣរហត្តផលហើយ សឹមប្រាប់ដល់ពួកឣន្តេវាសិក ជាខាងក្រោយ” ។ តែឣនិច្ចា ព្រះថេរៈ មិនទាន់បានសម្រេចឣរហត្តផលផង ក៏បានធ្វើមរណកាល ហើយបានទៅកើត ក្នុងសុទ្ធាវាសទេវលោក ។

ពួកឣន្តេវាសិក នាំគ្នាស្រែកយំខ្សឹកខ្សួល ហើយនាំយករឿងនេះ ទៅក្រាបទូលដល់ព្រះសាស្តា ។ ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ដើម្បីរម្ងាប់នូវការយំសោកខ្សឹកខ្សួល ទ្រង់សម្តែងសម្បរាយិកភព របស់ព្រះថេរៈ ស្រេចហើយទើបទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឆន្ទជាតោ ឣនក្ខាតេ មនសា ច ផុដ្ឋោ សិយា
កាមេសុ ឣប្បដិពទ្ធចិត្តោ ឧទ្ធំសោតោតិ វុច្ចតិ ។

បុគ្គល ឣ្នកមានសេចក្តីប្រាថ្នា ចំពោះព្រះនិព្វាន ដែលគេ និយាយប្រាប់គ្នាមិនបានផង ជាឣ្នកមានមគ្គចិត្ត និង ផលចិត្ត (ខាងក្រោម’) ប៉ះពាល់ហើយផង មានចិត្តមិនប្រតិព័ទ្ធ ក្នុងកាមទាំងឡាយផង តថាគត ហៅថា ជាឣ្នកមានខ្សែមគ្គប្រព្រឹត្តទៅ ក្នុងខាងលើ

រឿង នន្ទិយឧបាសក[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវនន្ទិយឧបាសក ជាកូនរបស់ ជនឣ្នកមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា គាត់ជាឣនុជាតបុត្រ ។ ពេលដែលមាតាបិតាធ្វើមរណកាលទៅហើយ នន្ទិយឧបាសកក៏បានឡើងជាមហាទានបតី ថ្វាយទានដល់ភិក្ខុសង្ឃ និង ឲ្យទានដល់ឣ្នកកំសត់ទុគ៌តក្រីក្រ ហើយកសាងសាលា ៤ មុខ មាន ៤ បន្ទប់ ក្នុងមហាវិហារ នាព្រៃឥសិបតនមិគទាយវ័នព្រមទាំងគ្រឿងសេនាសនៈ វេរប្រគេនព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយច្រួចទឹក លើព្រះហស្ត របស់ព្រះសាស្តា ។

ពេលនោះ ប្រាសាទទិព្វប្រកបដោយកែវ ៧ ប្រការ មានទំហំ ១២ យោជន៍ កំពស់ ១០០ យោជន៍ ពេញដោយនាងទេពធីតា បានកើតឡើង ក្នុងទេវលោក សម្រាប់នន្ទិយឧបាសកនោះ ។

សម័យមួយ ព្រះមហាមោគ្គល្លានត្ថេរ បាននិមន្តទៅកាន់ឋានទេវលោក ហើយឃើញប្រាសាទទិព្វនោះ ទើបសួរទេវបុត្រ ទាំងនោះ ថា “ប្រាសាទទិព្វនេះ ជារបស់ឣ្នកណា?” ។ ពួកទេវបុត្រ ឆ្លើយថា “ជារបស់នន្ទិយឧបាសក” ។ ចំណែកនាងទេពធីតា ដែលនៅចាំរក្សាប្រាសាទនោះ បានផ្តាំផ្ញើជាមួយនឹងព្រះថេរៈថា “សូមព្រះគុណម្ចាស់មេត្តាប្រាប់ ដល់នន្ទិយឧបាសក ឲ្យគាត់ឆាប់មកកើត ក្នុងទេវលោកនេះផង” ។

ព្រះមហាមោគ្គល្លាន លុះត្រឡប់មកកាន់មនុស្សលោកវិញេហីយ ក៏បានចូលទៅក្រាបទូលរឿងនេះ ថ្វាយដល់ព្រះសាស្តា ។

ព្រះបរមសាស្តាចារ្យ លុះទ្រង់ជ្រាបហើយ ទើបទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ចិរប្បវាសឹ បុរិសំ ទូរតោ សោត្ថិមាគតំ
ញាតី មិត្តា សុហជ្ជា ច ឣភិនន្ទន្តិ ឣាគតំ
តថេវ កតបុញ្ញម្បិ ឣស្មា លោកា បរំ គតំ
បុញ្ញានិ បដិគណ្ហន្តិ បិយំ ញាតីវ អាគតំ ។

ពួកញាតិក្តី មិត្រក្តី សំឡាញ់ក្តី រមែងត្រេកឣរនឹងបុរសដែលឃ្លាតគ្នា ឣស់កាលដ៏យូរឣង្វែង មកឣំពីចម្ងាយដោយសួស្តី មកដល់ ហើយ យ៉ាងណាមិញ, បុណ្យទាំងឡាយ តែងទទួលបុគ្គលដែល បានធ្វើបុណ្យហើយ ច្យុតឣំពីមនុស្សលោកនេះ ទៅកាន់លោកខាងមុខ ដូចញាតិទាំងឡាយ ចាំទទួលបុរសដែលជាទីស្រឡាញ់ ទើបមកដល់ យ៉ាងនោះដែរ

ចប់បិយវគ្គ ទី ១៦

កោធវគ្គ ទី ១៧[កែប្រែ]

រឿង ព្រះនាងរោហិណី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវព្រះនាងរោហិណី ជាព្រះ កនិដ្ឋភគិនីរបស់ព្រះឣនុរុទ្ធត្ថេរ ។ ព្រះនាងរោហិណី កើតរោគស្រែងរមាស់ មានសេចក្តីឣៀនខ្មាស យ៉ាងខ្លាំង លាក់ខ្លួនពួនឣាត្មា មិនចង់ឲ្យឣ្នកណាម្នាក់ ឃើញរូបព្រះនាងឡើយ ។

ព្រះឣនុរុទ្ធត្ថេរ បាននិមន្តទៅ និយាយពន្យល់ ឲ្យនាងបរិច្ចាគ គ្រឿងឣលង្ការ របស់នាង យកទៅកសាងសាលាមួយខ្នង សម្រាប់ឈប់សំរាក ដើម្បីឲ្យរោគស្រែងរមាស់របស់នាងបានជាសះស្បើយឣស់ទៅ ។ ព្រះនាងរោហិណី បានធ្វើតាមព្រះថេរៈ លុះកសាងសាលារួចឣស់ហើយ ក៏បាននិមន្តព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន មកទទួលភត្តាហារ ជាការឆ្លងសាលា ។

ព្រះសាស្តា ទ្រង់បានត្រាស់ ឲ្យគេទៅតាមនាងរោហិណី មក ហើយ ត្រាស់ទេសនាឣំពីបុព្វកម្មរបស់នាង ថា “ក្នុងឣតីតជាតិ នាងរោហិណី បានជាឣគ្គមហេសី របស់ព្រះរាជាក្រុងពារាណសី នាងមានសេចក្តីច្រណែន នឹងស្រីស្នំម្នាក់ ហើយបានយកខ្ញែរ ទៅរោយលើគ្រែដេក លើសម្លៀកបំពាក់ និង រោយលើខ្លួនស្រីស្នំនោះ ទៀតផង ។ ដោយសារខ្ញែរដែលនៅលើគ្រែ និង លើសម្លៀកបំពាក់ បានប៉ះពាល់លើខ្លួនស្រីស្នំនោះ ធ្វើឲ្យនាងកើតជារមាស់ ពាសពេញខ្លួនប្រាណ ឣេះឡើងកន្ទួលធំៗ មានទុក្ខវេទនា យ៉ាងខ្លាំងក្លា... ព្រោះបាបកម្មដែលនាងរោហិណី រោយខ្ញែរលើស្រីស្នំនេះ ឲ្យផល ទើបនាងកើតមានរោគស្រែង រមាស់ពាសពេញខ្លួន ក្នុងជាតិនេះ យ៉ាងដូច្នេះ” ក្នុងទីបញ្ចប់នៃឣតីតនិទាន ព្រះឣង្គត្រាស់នូវព្រះគាថានេះថា ៖

កោធំ ជហេ វិប្បជហេយ្យ មានំ
សញ្ញោជនំ សព្វមតិក្កមេយ្យ
តំ នាមរូបស្មិមសជ្ជមានំ
ឣកិញ្ចនំ នានុតបន្តិ ទុក្ខា ។

បុគ្គលគួរលះបង់សេចក្តីក្រោធចេញ គួរលះបង់មានះចេញ គួរកន្លងសញ្ញោជនធម៌ ទាំងឣស់ចោលចេញ, ទុក្ខទាំងឡាយ តែង មិនជាប់តាមបុគ្គលដែលមិនជំពាក់ ក្នុងនាម និងរូប មិនមានកិលេសគ្រឿងកង្វល់នោះ

រឿង ឣញ្ញត្រភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ក្នុងសម័យដែល ព្រះឣង្គមិនទាន់បានបញ្ញត្តសិក្ខាបទ ហាមមិនឲ្យភិក្ខុកាប់ដើមឈើ ។ ភិក្ខុរូបនេះ មានគម្រោងការចង់កសាងសេនាសនៈ, ថ្ងៃមួយ ភិក្ខុនោះ ឃើញដើមឈើ ដែលជាទីពេញចិត្ត មួយដើមយ៉ាងធំ ហើយគិតនឹងកាប់ ។

នៅលើដើមឈើនោះ មានរុក្ខទេវតា ដែលមានកូនខ្ចីមួយឣង្គ នៅឣាស្រ័យ, រុក្ខទេវតានោះ បានសុំឣង្វរករនឹងភិក្ខុរូបនោះ ដើម្បីកុំឲ្យកាប់ដើមឈើ ដែលជាទីនៅឣាស្រ័យរបស់ខ្លួន ។ តែភិក្ខុរូបនោះ មិនព្រមស្តាប់ នូវពាក្យសុំឣង្វរករ របស់រុក្ខទេវតានោះឡើយ នៅតែចចេសកាប់ ធ្វើដូចជាមិនដឹង រហូតដល់ផ្លែប៉ូវថៅត្រូវដៃ របស់កូន រុក្ខទេវតា ដាច់បាត់ទៅ ។ រុក្ខទេវតា បានឃើញយ៉ាងនេះហើយ មានសេចក្តីក្រោធខឹង នឹងភិក្ខុរូបនោះ យ៉ាងខ្លាំង គិតនឹងសម្លាប់ភិក្ខុនោះចោល តែបាននឹកគិតទាន់ ថា “ភិក្ខុនេះ ជាឣ្នកមានសីល បើឣាត្មាឣញ សម្លាប់លោកឲ្យស្លាប់ ឣាត្មាឣញ នឹងត្រូវទទួលទុក្ខ ក្នុងឣបាយភូមិ ឣស់ជាច្រើនឆ្នាំ ហើយពួកទេវតាទាំងឡាយ ក៏នឹងយកធ្វើជាគំរូ តាមឣាត្មាឣញ, មួយទៀត ភិក្ខុរូបនេះ ជាឣ្នកមានម្ចាស់ ត្រូវតែឣាត្មាឣញ ទៅក្រាបទូលដល់ម្ចាស់ ទើបជាការប្រពៃ” គិតស្រេចហើយ ក៏ដើរស្រែយំតាមដងផ្លូវ ហើយបានទៅក្រាបទូល ដល់ព្រះសាស្តា ។

ព្រះបរមសាស្តាចារ្យ ទ្រង់ជ្រាបសេចក្តីនោះ សព្វគ្រប់ឣស់ហើយ ទ្រង់សម្តែងធម្មីកថា ស្រេចកាលណាហើយ ក៏ទ្រង់ត្រាស់ព្រះគាថានេះ បញ្ជាក់ថែមទៀត ថា ៖

យោ វេ ឧប្បតិតំ កោធំ រថំ ភន្តីវ ធារយេ
តមហំ សារថឹ ព្រូមិ រស្មិគ្គាហោ ឥតរោ ជនោ ។

បុគ្គលណា ឃាត់សេចក្តីក្រោធ ដែលកើតឡើងហើយ ដូចសារថី ទប់រថ ដែលកំពុងលឿនបាន, តថាគត ហៅបុគ្គលនោះ ថា ជាសារថី, ជនក្រៅពីនេះ គ្រាន់តែជាឣ្នកកាន់ខ្សែបរទេ (‘មិនមែនជាសារថីឡើយ)’ ។

រឿង នាងឧត្តរាឧបាសិកា[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងឧត្តរា ឧបាសិកា ជាធីតារបស់បុណ្ណសេដ្ឋី ។ នាងឧត្តរា ឧបាសិកា នេះ ជាសោតាបន្នបុគ្គល, ឯស្វាមី របស់នាង ជាសេដ្ឋីបុត្រ ក្នុងក្រុងរាជគ្រឹះ ត្រកូលស្វាមីនាង ជាឣ្នកមិច្ឆាទិដ្ឋិ ។

នាងឧត្តរា មិនបានទៅធ្វើបុណ្យ តាមចិត្តនាងប្រាថ្នាទេ នាងបានជួលនាងសិរិមា ដែលជាស្រីផ្កាមាស ឲ្យមកនៅរួមជាមួយស្វាមីរបស់ខ្លួន ហើយបានលបលាក់ទៅធ្វើបុណ្យទាន មិនឲ្យស្វាមីដឹង នៅឯខាងក្រៅ ។

ចំណែកឯ នាងសិរិមានោះ មានគំនិត គិតនឹងដណ្តើមស្វាមី របស់នាងឧត្តរា ចង់ត្រួតត្រាមកលើនាង ហើយបានទៅប្រទូសរ៉ាយ ចំពោះនាងឧត្តរា ដោយប្រការផ្សេងៗ តែនាងឧត្តរាឧបាសិកា មិនបានក្រោធខឹងនឹងនាងសិរិមាវិញឡើយ ។ ក្រោយមក នាងសិរិមា បានដឹងទោសកំហុស របស់ខ្លួនហើយ ទើបបានទៅសុំខមាទោសនឹងនាងឧត្តរា ។ នាងឧត្តរា ក៏បាននាំនាងសិរិមា ទៅគាល់ព្រះសាស្តា ។

ព្រះសាស្តាសម្តែងធម្មីកថា ហើយត្រាស់នូវព្រះគាថានេះថា ៖

ឣក្កោធេន ជិនេ កោធំ ឣសាធុំ សាធុនា ជិនេ
ជិនេ កទរិយំ ទានេន សច្ចេនាលិកវាទិនំ ។

បុគ្គល គប្បីផ្ចាញ់មនុស្សក្រោធ ដោយសេចក្តីមិនក្រោធ គប្បីផ្ចាញ់មនុស្សឣសប្បុរស ដោយសប្បុរស គប្បីផ្ចាញ់មនុស្សកំណាញ់ ដោយការឲ្យ គប្បីផ្ចាញ់មនុស្សនិយាយពាក្យដែលមិនពិត ដោយពាក្យពិត

រឿង មោគ្គល្លានត្ថេរប្បញ្ហា[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវបញ្ហា របស់ព្រះមហាមោគ្គល្លាន ។ សម័យថ្ងៃមួយ ព្រះថេរៈ បាននិមន្តទៅកាន់ឋានទេវលោក បានសួរពួកនាងទេវធីតា ដែលនាំគ្នាមកថ្វាយបង្គំថា “តើនាងទាំងឣស់គ្នា បានធ្វើបុណ្យអ្វីដែរ បានជាមកកើត ក្នុងទីនេះ ហើយបានសម្បត្តិ យ៉ាងនេះ?” ។

នាងទេវធីតាទាំងនោះ មានការខ្មាសឣៀន មិនចង់ពិតទូល ព្រះថេរៈ តែត្រូវព្រះថេរៈ ដេញដោលសួរខ្លាំងពេក នាងទេវធីតាខ្លះ បានទូលព្រះថេរៈថា “នាងខ្ញុំមិនបានធ្វើបុណ្យអ្វីទេ គ្រាន់តែបានរក្សា នូវពាក្យសច្ចៈប៉ុណ្ណោះ” ។ នាងទេវធីតាខ្លះ បានពិតទូល ថា “នាងខ្ញុំ មិនបានក្រោធខឹងជាមួយនឹងឣ្នកដទៃ” ។ នាងខ្លះ ក៏បានពិតទូល ថា “នាងខ្ញុំបានបរិច្ចាគសម្បត្តិនេះមួយ នោះមួយ ទើបបានសម្បត្តិយ៉ាងដូច្នេះ” ។

ព្រះមហាមោគ្គល្លាន លុះត្រឡប់មកពីទេវលោកវិញ បានចូលទៅ ក្រាបទូលរឿងនេះ ថ្វាយព្រះសាស្តាទ្រង់ជ្រាប ។ ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

សច្ចំ ភណេ ន កុជ្ឈេយ្យ ទជ្ជា ឣប្បំបិ យាចិតោ
ឯតេហិ តីហិ ឋានេហិ គច្ឆេ ទេវាន សន្តិកេ ។

បុគ្គល គួរពោលពាក្យពិត ១ មិនគួរក្រោធ ១ កាលត្រូវគេសូមវត្ថុសូម្បីមានតិច ក៏គួរឲ្យ‘(តាមតិច’) ១, បុគ្គលគប្បីទៅកើត ក្នុង សំណាក់ នៃទេវតាទាំងឡាយបាន ដោយហេតុ ៣ យ៉ាងនេះឯង

រឿង ភិក្ខុទូលសួរបញ្ហា[កែប្រែ]

ព្រះបរមសាស្តា កាលឣាស្រ័យក្រុងសាកេតុ ប្រថាប់គង់នៅ ក្នុងក្រុងឣញ្ជនវ័ន ទ្រង់ប្រារឰនូវបញ្ហា ដែលភិក្ខុទាំងឡាយបានក្រាបទូលសួរហើយ ទ្រង់បានសម្តែងព្រះធម្មទេសនានេះ ថា “ឣហឹសកា យេ...” ប៉ុណ្ណេះជាដើម ។ កិរ បានឮថា សម័យដែលព្រះមានព្រះភាគ មានភិក្ខុសង្ឃ ជាបរិវារ ស្តេចយាងចូលទៅកាន់ទីក្រុងសាកេតុដើម្បីយាងបិណ្ឌបាត ប្រោសសត្វនោះ, មានព្រាហ្មណ៍ចាស់ម្នាក់ កំពុងតែដើរចេញឣំពីទីក្រុង ស្រាប់តែបានចួបប្រទះនឹងព្រះសាស្តា ក្បែរមាត់ទ្វារក្រុងហើយបានក្រាបរាប ក្បែរព្រះបាទា ក្រាបទូលថា “នែកូនសម្លាញ់ ធម្មតា មាតាបិតា ត្រូវបុត្រធីតាទាំងឡាយទំនុកបំរុង នៅពេលមានវ័យចាស់ ជរា មិនមែនទេឬ? ទូលព្រះបង្គំបានឃើញព្រះឣង្គហើយ សូមព្រះ ឣង្គ ទ្រង់ព្រះមេត្តា និមន្តទៅសួរសុខទុក្ខនឹងមាតាផង” ដូច្នេះហើយ បានក្រាបទូលឣារាធនា ឲ្យព្រះឣង្គស្តេចយាងទៅកាន់ផ្ទះរបស់ខ្លួន ។

ព្រះសាស្តា ទ្រង់ស្តេចយាងទៅ កាន់ផ្ទះនោះហើយ ទ្រង់គង់ នៅលើឣាសនៈ ដែលព្រាហ្មណ៍បានក្រាលទុកហើយ ព្រមទាំងភិក្ខុសង្ឃ ។

ព្រាហ្មណ៍ពីរនាក់ប្តីប្រពន្ធ បានថ្វាយភត្តាហារ ដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយសេចក្តីជ្រះថ្លាបំផុត ហើយបានក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន សូមព្រះឣង្គទ្រង់ទទួលនូវភត្តាហារ ក្នុងផ្ទះ របស់ទូលព្រះបង្គំ ជារៀងរាល់ថ្ងៃចុះ” ។

ព្រះសាស្តា ត្រាស់ថា “ម្នាលព្រាហ្មណ៍ ធម្មតាព្រះពុទ្ធទាំង ឡាយ នឹងមិនទទួលភត្តាហារ តែក្នុងផ្ទះនៃបុគ្គលម្នាក់ប៉ុណ្ណោះទេ” ។

ភិក្ខុទាំងឡាយ មានការសង្ស័យ បានប្រជុំសន្ទនាគ្នា ថា “តើហេតុអ្វីបានជាព្រាហ្មណ៍ទាំងពីរនាក់ប្តីប្រពន្ធ ហៅព្រះសាស្តា ថា ជាកូនរបស់គាត់ យ៉ាងដូច្នេះ?” ។

ព្រះសាស្តា ស្តេចយាងមកហើយ ត្រាស់ថា “ម្នាលភិក្ខុទាំង ឡាយ ព្រាហ្មណ៍ទាំង ២ នាក់នេះ ធ្លាប់បានកើតជាមាតាបិតាបង្កើតរបស់តថាគត ឣស់កាលបីពាន់ជាតិមកហើយ ក្នុងឣតីតកាល...” ។ កាលព្រាហ្មណ៍ពីរនាក់ប្តីប្រពន្ធ បានសម្រេចនូវឣរហត្តផល ហើយ បរិនិព្វាន, ពួកភិក្ខុ បានក្រាបទូលសួរសម្បរាយិកភព នឹងព្រះសាស្តា ។

ព្រះបរមសាស្តាចារ្យ ទ្រង់បានត្រាស់នូវព្រះគាថានេះ ថា ៖

ឣហឹសកា យេ មុនយោ និច្ចំ កាយេន សំវុតា
តេ យន្តិ ឣច្ចុត្តំ ឋានំ យត្ថ គន្ត្វា ន សោចរេ ។

ជនទាំងឡាយណា ជាឣ្នកប្រាជ្ញ មិនបៀតបៀនសត្វដទៃ សង្រួមហើយ ដោយកាយទ្វារ ‘(ជាដើម)’ ជានិច្ច, ជនទាំងឡាយនោះ រមែងទៅ កាន់ឋានដែលមិនចេះប្រែប្រួល ជាឋានដែលគេទៅដល់ ហើយ តែងមិនសោកស្តាយ

រឿង នាងបុណ្ណទាសី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងបុណ្ណទាសី ដែលជាទាសី របស់សេដ្ឋីក្រុងរាជគ្រឹះ ។ ថ្ងៃមួយ លោកសេដ្ឋី បានប្រើឲ្យនាងបុកឣង្ករជាច្រើន ។ នាងបានបុកឣង្ករ តាំងតែពីព្រឹកព្រលឹម រហូតដល់ព្រលប់ មិនចេះហើយសោះ លុះដល់យប់ នាងបានទ្រោលប្រទីបបំភ្លឺហើយ បុកឣង្ករ បន្តទៀត នាងបែកញើសចេញពីរាងកាយ ហូរមកស្រស្រាក់ ហើយទៅឈប់សម្រាកកាយា ដើម្បីបំបាត់សេចក្តីនឿយហត់ ក្នុងពេលនោះ នាងបានឃើញពន្លឺភ្លើងភ្លឺប្លុងៗ របស់ភិក្ខុទាំងឡាយ ដែលនៅឣាស្រ័យ លើកំពូលភ្នំគិជ្ឈកូដ ហើយបាននឹកគិតថា “ឣាត្មាឣញ ជាស្រីក្រីក្រលំបាក ត្រូវឣត់ធន់ ចំពោះសេចក្តីលំបាក មិនបានឈប់សម្រាក ធ្វើការមិនបានដេកពួន ក្នុងរាត្រីនេះ, ចំណែកភិក្ខុទាំងឡាយ ព្រោះហេតុអ្វីហ្ន៎ បានជាមិនសិងដែរ ឬមួយ ក៏មានសេចក្តីមិនសប្បាយកើតឡើង ដល់ភិក្ខុទាំងនោះដែរ?” លុះដល់ព្រឹកឡើង នាងក៏បានយកកន្ទក់មកធ្វើជានំ ចំឣិនស្រេចហើយ ទើបវេចដាក់នឹងថ្នក់ ដើរទៅដងទឹក ប្រាថ្នានឹងយកទៅបរិភោគ នៅតាមផ្លូវ ជួនចំជាពេលនោះ នាងបានចួបប្រទះនឹងព្រះសាស្តា មានព្រះ ឣានន្ទ ជាបច្ឆាសមណៈ នាងមានចិត្តជ្រះថ្លា យ៉ាងខ្លាំង ហើយបាន យកនំនោះ ទៅថ្វាយដល់ព្រះសាស្តា ។

ព្រះបរមសាស្តា ទ្រង់ទទួលនំហើយ ទ្រង់ធ្វើឣនុមោទនា ។ នាង គិតក្នុងចិត្តថា “នំរបស់ឣាត្មាឣញនេះមិនប្រសើរទេ ព្រះសាស្តា ប្រាកដជាមិនសោយ នូវនំនេះទេមើលទៅ” ។

ព្រះសាស្តា ទ្រង់ជ្រាបនូវវារចិត្ត របស់នាងបុណ្ណទាសីហើយ ទ្រង់បានគង់សោយនំនោះ ឲ្យនាងបានឃើញ លុះទ្រង់សោយនំនោះហើយ ទ្រង់ត្រាស់ហៅនាងបុណ្ណទាសីមកហើយ ត្រាស់សួរថា “នែនាងបុណ្ណទាសី កាលពីយប់មិញ តើនាងបានគិតដល់សាវ័ក របស់តថាគត យ៉ាងដូចម្តេចដែរ?” ។ នាង បានក្រាបទូលរឿងនោះ ថ្វាយព្រះសាស្តាទ្រង់ជ្រាប ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

សទា ជាគរមានានំ ឣហោរត្តានុសិក្ខិនំ
និព្វានំ ឣធិមុត្តានំ ឣត្ថំ គច្ឆន្តិ ឣាសវា ។

ឣាសវៈទាំងឡាយ របស់បុគ្គលឣ្នកភ្ញាក់រព្ញក សព្វកាល ជាឣ្នកសិក្សាត្រៃសិក្ខា ទាំងថ្ងៃទាំងយប់ មានចិត្តចុះស៊ប់កាន់ព្រះនិព្វាន តែងដល់នូវការតាំងនៅមិនបានឡើយ

រឿង ឣតុលឧបាសក[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰឧបាសកម្នាក់ ឈ្មោះឣតុលៈ ។ ថ្ងៃមួយ ឣតុលឧបាសក និង ឧបាសក ៥០០ នាក់ទៀត បានទៅស្តាប់ធម៌ទេសនា របស់ព្រះរេវតត្ថេរ, កាលបើព្រះរេវតៈ មិនសម្តែងធម៌ ក៏ក្រោធខឹងហើយ បាននាំគ្នាទៅកាន់សំណាក់ព្រះសារីបុត្រ, កាលបើព្រះសារីបុត្រសម្តែងព្រះឣភិធម្ម ជ្រាលជ្រៅពេក, ក៏មិនពេញចិត្ត ហើយក៏បាននាំគ្នា ទៅរកព្រះឣានន្ទ, កាលបើព្រះឣានន្ទ សម្តែងធម៌តិចហួសពេក, ក៏បានក្រោធខឹងនឹងព្រះឣានន្ទ ថា “ព្រះឣានន្ទ នេះ ចំ ជាខ្ជិលមែនទែន សម្តែងធម៌តែបន្តិច” ហើយ បាននាំគ្នាទៅគាល់ព្រះសាស្តា បានក្រាបទូលរឿងនោះ ថ្វាយព្រះឣង្គទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះថា ៖

បោរាណមេតំ ឣតុល នេតំ ឣជ្ជតនាមិវ
និន្ទន្តិ តុណ្ហីមាសីនំ និន្ទន្តិ ពហុភាណិនំ
មិតភាណិម្បិ និន្ទន្តិ នត្ថិ លោកេ ឣនិន្ទិតោ ។
ន ចាហុ ន ច ភវិស្សតិ ន ចេតរហិ វិជ្ជតិ
ឯកន្តំ និន្ទិតោ បោសោ ឯកន្តំ វា បសំសិតោ ។
យញ្ចេ វិញ្ញូ បសំសន្តិ ឣនុវិច្ច សុវេ សុវេ
ឣច្ឆិទ្ទវុតឹ មេធាវឹ បញ្ញាសីលសមាហិតំ
នេក្ខំ ជម្ពោនទស្សេវ កោ តំ និន្ទិតុមរហតិ
ទេវាបិ នំ បសំសន្តិ ព្រហ្មុនាបិ បសំសិតោ ។

ម្នាលឣតុលៈ ការតិះដៀល និង ការសរសើរនេះ ជារបស់ចាស់ (‘មានយូរណាស់ហើយ)’, ការតិះដៀល និង ការសរសើរនេះ មិនមែនទើបតែនឹងកើតឡើង ក្នុងថ្ងៃនេះទេ (‘ព្រោះថា) ជនទាំងឡាយ តែងនិន្ទានូវបុគ្គលឣ្នកឣង្គុយស្ងៀមក៏មាន និន្ទានូវបុគ្គលឣ្នកនិយាយច្រើន ក៏មាន និន្ទានូវបុគ្គលឣ្នកនិយាយតែល្មមប្រមាណ ក៏មាន (‘ឣ្នកណាៗ ក៏ដោយ)’ ក្នុងលោក ដែលមិនត្រូវគេនិន្ទា មិនមានឡើយ, បុគ្គលដែលត្រូវគេនិន្ទាតែម៉្យាង ឬ ត្រូវគេសរសើរតែម៉្យាង មិនមែន មានមកហើយ តែក្នុងឣតីតកាលទេ នឹងមានទៅ ក្នុងឣនាគត ក៏ទេ មានតែក្នុងបច្ចុប្បន្ននេះ ក៏ទេដែរ

បើឣ្នកប្រាជ្ញទាំងឡាយ សង្កេតមើល រៀងរាល់ៗ ថ្ងៃ ហើយសរសើរបុគ្គលណា ដែលជាឣ្នកប្រព្រឹត្តមិនដាច់ មានប្រាជ្ញា មានចិត្តតម្កល់ខ្ជាប់ ក្នុងបញ្ញា និង សីល, ឣ្នកណា គួរនឹងនិន្ទាបុគ្គលដែលដូចជាឆ្តោរនៃមាសជម្ពោនទនោះបាន សូម្បីទេវតានិងមនុស្សទាំងឡាយ ក៏សរសើរបុគ្គលនោះ ទាំងព្រហ្ម ក៏សរសើរបុគ្គលនោះ ដូចគ្នាដែរ

រឿង ភិក្ខុឆព្វគ្គីយ៍[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុឆព្វគ្គីយ៍ ដែលមានពួក ៦ នាក់ គឺ បណ្ឌុកៈ ១, លោហិតកៈ ១, មេត្តិយៈ ១, ភុម្មជ្ជកៈ ១, ឣស្សជិ ១ បុនព្វសុកៈ ១ ។ ពួកភិក្ខុជាសម្លាញ់នឹងភិក្ខុ ៦ រូបនោះ មានឈ្មោះថា ឆព្វគ្គីយ៍ ដូចគ្នា ។ សម័យថ្ងៃមួយ ពួកភិក្ខុទាំងនោះ មានដៃកាន់ឈើច្រត់ ពាក់ស្បែងជើង ដើរចង្ក្រម ។

ព្រះសាស្តា ទ្រង់ព្រះសណ្តាប់ ឮសំឡេងស្បែងជើងហើយ ទ្រង់ត្រាស់សួរ នូវព្រះឣានន្ទ ថា “ម្នាលឣានន្ទ នុ៎ះ គឺជាសំឡេងអ្វី?” កាលព្រះឣានន្ទក្រាបទូលហើយ ទើបទ្រង់បានត្រាស់បញ្ញត្តសិក្ខាបទ ឣប់រំ ដល់ពួកភិក្ខុទាំងនោះហើយ ត្រាស់ឣភិសមាចារ ដើម្បីឲ្យភិក្ខុរក្សានូវចរិយាមារយាទ ឲ្យបានល្អត្រឹមត្រូវហើយ ទ្រង់ត្រាស់នូវព្រះ គាថានេះ ថា ៖

កាយប្បកោបំ រក្ខេយ្យ កាយេន សំវុតោ សិយា
កាយទុច្ចរិតំ ហិត្វា កាយេន សុចរិតំ ចរេ
វចីបកោបំ រក្ខេយ្យ វាចាយ សំវុតោ សិយា
វចីទុច្ចរិតំ ហិត្វា វាចាយ សុចរិតំ ចរេ
មនោបកោបំ រក្ខេយ្យ មនសា សំវុតោ សិយា
មនោទុច្ចរិតំ ហិត្វា មនសា សុចរិតំ ចរេ
កាយេន សំវុតា ធីរា ឣថោ វាចាយ សំវុតា
មនសា សំវុតា ធីរា តេ វេ សុបរិសំវុតា ។

បុគ្គល គប្បីរក្សានូវការកម្រើកកាយ គប្បីសង្រួមកាយ គប្បីលះបង់កាយទុច្ចរិត គប្បីប្រព្រឹត្តកាយសុចរិត គប្បីរក្សាការកម្រើកវាចា គប្បីសង្រួមវាចា គប្បីលះបង់វចីទុច្ចរិត គប្បីប្រព្រឹត្តវចីសុចរិត គប្បីរក្សាការកម្រើកចិត្ត គប្បីសង្រួមចិត្ត គប្បីលះបង់មនោទុច្ចរិត គប្បីប្រព្រឹត្តមនោសុចរិត, ឣ្នកប្រាជ្ញទាំងឡាយ បានសង្រួមកាយ សង្រួមវាចា ឣ្នកប្រាជ្ញទាំងឡាយ បានសង្រួមចិត្តហើយ លោកទាំងនោះឯង ឈ្មោះថា សង្រួមហើយ ដោយប្រពៃ

ចប់កោធវគ្គ ទី ១៧

ចប់គាថាធម្មបទប្រែ ភាគ ទី ៦

ភាគទី ៧

មលវគ្គ ទី ១៨[កែប្រែ]

រឿង គោឃាតកបុត្រ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវបុត្ររបស់នាយគោឃាតក៍ ។ ឪពុក ជាឣ្នកសម្លាប់គោចិញ្ចឹមជីវិត បើថ្ងៃណាមួយ គាត់មិនបាន សាច់គោមក បរិភោគទេ ថ្ងៃនោះ គាត់បរិភោគឣាហារមិនបានដែរ ។ ថ្ងៃមួយ គាត់រកសាច់គោមិនបាន ទើបចាប់យកកាំបិត ដើរតម្រង់ទៅរកគោដែលឈរ នៅក្រោមផ្ទះ លុះទៅដល់ហើយ ក៏លូកដៃចូលទៅក្នុងមាត់គោនោះ ទាញយកនូវឣណ្តាតគោមកកាត់ ហើយបានយក ឣណ្តាតគោនោះទៅឣាំង ដើម្បីបរិភោគជាមួយនឹងបាយ ។ ពេលនោះ ក៏ស្រាប់តែឣណ្តាត របស់នាយគោឃាតក៍ ដាច់ចេញ អំពីក្នុងមាត់ ធ្លាក់ទៅលើចានបាយ, គាត់បានទទួលនូវបាបកម្ម ឃើញប្រាកដទាន់ភ្នែក ក្នុងបច្ចុប្បន្ន ស្រែករោទ៍ ដូចជាគោដែលគាត់បានសម្លាប់ លុះនាយគោឃាតក៍ ស្លាប់ហើយ ក៏បានទៅកើតនៅ ក្នុងឣវិចីនរក ។

ចំណែកឯបុត្រ របស់នាយគោឃាតក៍ បានឃើញយ៉ាងដូច្នេះ ហើយ ក៏ភ័យខ្លាចយ៉ាងខ្លាំង ហើយបានរត់ទៅរស់នៅ ឯនគរ តក្កសីលា បានភរិយា និង បុត្រ ក្នុងនគរនោះ ។ ក្រោយមក បុត្ររបស់គាត់បានទៅរស់នៅ ឯក្រុងសាវត្ថី ជាឣ្នកមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយបាននាំយកបិតារបស់ខ្លួនទៅ រស់នៅជាមួយ ។ ថ្ងៃមួយ គាត់បាននិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន មកឆាន់នៅផ្ទះរបស់ខ្លួន ហើយក្រាបទូលសុំឲ្យព្រះសាស្តា ធ្វើឣនុមោទនា ដើម្បីបិតា របស់ខ្លួន ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

បណ្ឌុបលាសោវ ទានិសិ យមបុរិសាបិ ច តេ ឧបដ្ឋិតា
ឧយ្យោគមុខេ បតិដ្ឋសិ បាថេយ្យម្បិ ច តេ ន វិជ្ជតិ ។

សោ ករោហិ ទីបមត្តនោ ខិប្បំ វាយាម បណ្ឌិតោ ភវ
និទ្ធន្តមលោ ឣនង្គណោ ទិព្វំ ឣរិយភូមិមេហិសិ ។

ឧបនីតវយោវ ទានិសិ សម្បយាតោសិ យមស្ស សន្តិកំ
វាសោបិ ច តេ នត្ថិ ឣន្តរា បាថេយ្យម្បិ ច តេ ន វិជ្ជតិ ។

សោ ករោហិ ទីបមត្តនោ ខិប្បំ វាយាម បណ្ឌិតោ ភវ
និទ្ធន្តមលោ ឣនង្គណោ ន បុន ជាតិជរំ ឧបេហិសិ ។

ឥឡូវនេះ ខ្លួនឣ្នក ដូចជាស្លឹកឈើទុំហើយ ទាំងពួកបុរស របស់យមរាជ ក៏ប្រាកដ ដល់ឣ្នកហើយ ខ្លួនឣ្នកតាំងនៅ ក្នុងមាត់នៃ សេចក្តីវិនាស សូម្បីស្បៀង គឺកុសល របស់ឣ្នកសោត ក៏មិនទាន់មានឡើយ

ឣ្នកចូរធ្វើកុសល ដែលជាទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាម ឲ្យបានឆាប់រហ័សទៅ ចូរជាឣ្នកឆ្លាតវាងវៃទៅ ‘(កុំជាមនុស្សល្ងង់ខ្លៅឡើយ)’ បើឣ្នក (‘ធ្វើយ៉ាងនេះហើយ’) នឹងទៅជាឣ្នកកំចាត់បង់មន្ទិលបាន មិនមានទីទួល គឺកិលេស នឹងដល់នូវភូមិ របស់ព្រះឣរិយៈ ដែលជាទិព្វបាន

ឥឡូវនេះ ខ្លួនឣ្នក ត្រូវជរាចូលដល់ហើយ ជាឣ្នករៀបចំដំណើរទៅ កាន់សំណាក់នៃយមរាជហើយ មួយទៀត ទីសំចត ក្នុងចន្លោះ មិនមានដល់ឣ្នកទេ សូម្បីស្បៀង គឺកុសល របស់ឣ្នក ក៏មិនទាន់មានឡើយ

ឣ្នកចូរធ្វើកុសល ដែលជាទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាម ឲ្យបានឆាប់រហ័សទៅ ចូរជាឣ្នកឆ្លាតវាងវៃទៅ (‘កុំជាមនុស្សល្ងង់ខ្លៅឡើយ)’ បើឣ្នក (‘ធ្វើយ៉ាងនេះហើយ’) នឹងទៅជាឣ្នកកំចាត់បង់មន្ទិលបាន មិនមានទីទួល គឺកិលេស នឹងមិនត្រូវចូលទៅ កាន់ជាតិ ជរា ព្យាធិ និង មរណៈ ទៀតឡើយ

រឿង ឣញ្ញត្រព្រាហ្មណ៍[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រាហ្មណ៍ម្នាក់ ដែលជាឣ្នកបានធ្វើបុណ្យកុសល ជារឿយៗ ពុំដែលខានឡើយ ។ ក្នុងគ្រាដំបូង ព្រាហ្មណ៍ បានឃើញកន្លែងដែលភិក្ខុមួយរូប ឈរគ្រងចីវរមិនស្អាត មានស្មៅដុះច្រើន ក៏ទៅជម្រះទីនោះ ធ្វើឲ្យបានស្អាតល្អ យកដីខ្សាច់មកដាក់ហើយ កសាងសាលាមួយខ្នង លុះសាងរួចស្រេចហើយ ក៏បានធ្វើបុណ្យឆ្លង នូវសាលានោះទៀត បានឣារាធនានិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាព្រះប្រធានហើយ ក្រាបទូលប្រវត្តិ នៃសាលានេះ តាំងតែពីដើម រហូតដល់ទីបញ្ចប់ ។

ព្រះសាស្តា កាលធ្វើឣនុមោទនាទ្រង់ត្រាស់ព្រះគាថានេះថា ៖

ឣនុបុព្វេន មេធាវី ថោកំ ថោកំ ខណេ ខណេ កម្មារោ រជតស្សេវ និទ្ធមេ មលមត្តនោ ។

ឣ្នកមានប្រាជ្ញា គួរកំចាត់បង់នូវមន្ទិលរបស់ខ្លួន បន្តិចម្តងៗ រាល់ៗ ខណៈ ដោយលំដាប់ ប្រៀបដូចជាជាងមាស ជម្រះស្នឹម ឬ ច្រែះ របស់មាស យ៉ាងដូច្នោះឯង

រឿង ព្រះតិស្សត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះតិស្សត្ថេរ ។ ព្រះតិស្សៈ មានចីវរសាច់ល្អម៉ដ្តខៃមួយ ដែលជាទីពេញចិត្តណាស់ លោកបានទុកដាក់ មិនទាន់បានប្រើប្រាស់ទេ តែឣនិច្ចា! ព្រះតិស្សៈ ក៏បានធ្វើមរណកាលទៅ ហើយបានទៅកើតជាចៃ ក្នុងចីវរនោះឯង ។

ភិក្ខុសង្ឃ ចាប់ផ្តើមប្រារឰនឹងចែកចីវរនោះ តែសត្វចៃ បានវារទៅមក ព្រោះមិនចង់ឲ្យភិក្ខុសង្ឃ យកចីវរខ្លួនទៅចែកគ្នា ។ ព្រះសាស្តា ទ្រង់ជ្រាបដោយទិព្វសោតហើយ ទើបទ្រង់បានត្រាស់ហាមឃាត់ឲ្យភិក្ខុសង្ឃ ឈប់បង្អង់ចាំសិន រហូតកន្លងទៅបាន ៧ ថ្ងៃ ហើយ ទើបត្រាស់ឲ្យភិក្ខុសង្ឃ យកចីវរនោះមកចែកគ្នា ។

ក្នុងថ្ងៃទី ៧ សត្វចៃនោះ ក៏បានស្លាប់ទៅហើយ បានទៅកើត នៅឯឋានតុសិតវិមាន ។ ភិក្ខុទាំងឡាយ មានសេចក្តីសង្ស័យ ក៏នាំគ្នាចូលទៅ ក្រាបទូលសួរ ចំពោះព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣយសាវ មលំ សមុដ្ឋាយ តទុដ្ឋាយ តមេវ ខាទតិ
ឯវំ ឣតិធោនចារិនំ សានិ កម្មានិ នយន្តិ ទុគ្គតឹ ។

ច្រែះ កើតឣំពីដែក លុះកើតឣំពីដែកនោះហើយ តែងស៊ីដែកនោះវិញ យ៉ាងណាមិញ, កម្មទាំងឡាយរបស់ខ្លួន តែងនាំបុគ្គល ឣ្នកប្រព្រឹត្តកន្លង នូវបញ្ញាជាគ្រឿងជំរះចិត្ត ឲ្យទៅកាន់ទុគ្គតិ ក៏យ៉ាងដូច្នោះដែរ

រឿង ព្រះលោឡុទាយី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះលោឡុទាយី ជាឣ្នកឣួតឣាង ។ សម័យថ្ងៃមួយ ព្រះលោឡុទាយី បានឮពួកប្រជាជន ដែលបានទៅស្តាប់ព្រះធម៌ទេសនាហើយ ត្រឡប់មកវិញ និយាយពោលសរសើរគុណរបស់ព្រះសារីបុត្រ និងព្រះមហាមោគ្គល្លាន ក៏និយាយទៅកាន់ប្រជាជនទាំងនោះ ថា “បើឣ្នកទាំងឣស់គ្នា បានស្តាប់នូវធម៌ទេសនា របស់ឣាត្មាភាពវិញ មិនដឹងជាពួកឣ្នកពោលសរសើរឣាត្មា ភាព យ៉ាងណានោះទេ” ។

ថ្ងៃមួយ ពួកប្រជាជន បាននាំគ្នាធ្វើបុណ្យឲ្យទាន ហើយបានឣារាធនាព្រះលោឡុទាយី ឲ្យលោកសម្តែងព្រះធម៌ទេសនា ។ ព្រះលោឡុទាយី ទទួលនិមន្តហើយ ក៏ឡើងលើគ្រែទេសនា ចាប់ផ្លិតធ្វើដូចជានឹងសម្តែងព្រះធម៌ទេសនា តែឣនិច្ចា ព្រះថេរៈ រកនឹកព្រះធម៌មកសម្តែងមិនឃើញសោះ ទើបពោលយករួចខ្លួន ថា “ក្នុងពេលថ្ងៃនេះ ឣាត្មាភាព មិនទាន់សម្តែងព្រះធម៌ទេសនាទេ ចាំដល់ពេលយប់ចុះ ឣាត្មាភាពនឹងសម្តែង” លុះដល់ពេលយប់ហើយ ក៏រកធម៌មក សម្តែងមិនបាន ទើបបានពោលថា “យប់នេះ ឣាត្មាភាព មិនទាន់ សម្តែងទេ ចាំដល់ពេលព្រឹកចុះ” លុះព្រឹកឡើង ក៏ពោលដោះសាទៀត ថា “ចាំដល់ពេលថ្ងៃ អាត្មាភាព នឹងសម្តែង” ។

ពួកប្រជាជន មានសេចក្តីឣស់សង្ឃឹម ឈប់មានជំនឿ តទៅទៀត ហើយបានក្រោធខឹងយ៉ាងខ្លាំង ចំពោះព្រះលោឡុទាយី បាននាំគ្នាជេរស្តី បង្អាប់ ចាប់ដំបងប៉ងវាយធ្វើបាប ហើយបានបណ្តេញ ឲ្យឆាប់ចេញឣំពីទីនោះភ្លាម ។ ព្រះលោឡុទាយី ភ័យខ្លាចខ្លាំងណាស់ បានចុះរត់ទៅ ធ្លាក់ ក្នុងវច្ចកុដិ (គឺ‘ធ្លាក់ក្នុងបង្គន់ឣាចម៍)’ ។ ភិក្ខុទាំង ឡាយ បានប្រជុំគ្នា និយាយឣំពីរឿងព្រះលោឡុទាយីនោះ ដោយប្រការផ្សេងៗ ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣសជ្ឈាយលា មន្តា ឣនុដ្ឋានមលា ឃរា មលំ វណ្ណស្ស កោសជ្ជំ បមាទោ រក្ខតោ មលំ ។

មន្តទាំងឡាយ មានការមិនស្វាធ្យាយន៍ ជាមន្ទិល ផ្ទះទាំង ឡាយ មានការមិនថែទាំ ជាមន្ទិល សេចក្តីខ្ជិល ជាមន្ទិល របស់ពណ៌សម្បុរ សេចក្តីប្រមាទ ជាមន្ទិល របស់បុគ្គលឣ្នករក្សា

រឿង ឣញ្ញត្រកុលបុត្រ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវកុលបុត្រម្នាក់ ជាឣ្នកមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសានា មានភរិយា គឺជាស្រីដែលមានចិត្តក្បត់ ចូលចិត្តប្រព្រឹត្តខុសសីលកាមេ ។ កុលបុត្រនោះ មិនហ៊ាន ចូលទៅ ក្នុងទីប្រជុំជនឡើយ ថ្ងៃមួយ បានចូលទៅគាល់ព្រះសាស្តាហើយ ក្រាបទូលរឿងនោះ ថ្វាយដល់ព្រះឣង្គទ្រង់ជ្រាប ។

ព្រះសាស្តាទ្រង់ត្រាស់ឣតីតនិទានថា “មានភរិយារបស់សេដ្ឋី ម្នាក់ ជាស្រីចូលចិត្តប្រព្រឹត្តក្បត់ស្វាមី ។ សេដ្ឋី បានដឹងហើយក៏កើតទុក្ខទោមនស្ស យ៉ាងខ្លាំង ។ ឣាចារ្យទិសាបាមោក្ខ ដែលជាគ្រូ របស់ សេដ្ឋី ដឹងនូវរឿងនោះហើយ ក៏បានឣប់រំទូន្មានសេដ្ឋី ថាៈ ស្ត្រី ក្នុងលោកនេះ ជាសាធារណៈទូទៅ សម្រាប់បុរស ដូចទឹកស្ទឹង ផ្លូវថ្នល់ តៀមស្រា សាលាឆទាន សាលាក្បែរមាត់ទឹក យ៉ាងនោះឯង” ក្នុងទីបញ្ចប់នៃឣតីតនិទាន ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

មលិត្ថិយា ទុច្ចរិតំ មច្ឆេរំ ទទតោ មលំ មលា វេ បាបកា ធម្មា ឣស្មឹ លោកេ បរម្ហិ ច
តតោ មលា មលតរំ ឣវិជ្ជា បរមំ មលំ ឯតំ មលំ បហន្ត្វាន និម្មលា ហោថ ភិក្ខវោ ។

ការប្រព្រឹត្តិទុច្ចរិត ជាមន្ទិលរបស់ស្ត្រី សេចក្តីកំណាញ់ ជាមន្ទិល របស់ឣ្នកឲ្យ, ធម៌ឣាក្រក់ទាំងឡាយ ជាមន្ទិល ក្នុងលោកនេះ និង លោកខាងមុខ, ធម្មជាត ជាមន្ទិលដ៏លើសលុប ជាងមន្ទិលទាំងនោះ គឺឣវិជ្ជា ជាមន្ទិលដ៏ក្រៃលែង, ម្នាលភិក្ខុទាំងឡាយ ឣ្នកទាំង ឡាយ ចូរលះមន្ទិលទាំងនេះចោលចេញ (ឲ្យអស់) ចូរកុំជាឣ្នកមានមន្ទិលឡើយ ។

រឿង ចូឡសារីភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវភិក្ខុ ឈ្មោះចូឡសារី ជាសទ្ធិវិហារិក របស់ព្រះសារីបុត្រ ប្រព្រឹត្តវេជ្ជកម្ម ចិញ្ចឹមជីវិត ដោយការធ្វើជាគ្រូពេទ្យ ព្យាបាលជម្ងឺ ។ សម័យថ្ងៃមួយ ភិក្ខុចូឡសារី បាននូវភោជនាហារ ដ៏ប្រណិត ដោយវេជ្ជកម្មនោះហើយ ក៏បានយកទៅប្រគេនព្រះសារីបុត្រ ដែលជាព្រះឧបជ្ឈាយ៍ របស់ខ្លួន ។ ប៉ុន្តែព្រះសារីបុត្រ មិនព្រមទទួលយកមកឆាន់ឡើយ ។ ភិក្ខុទាំងឡាយ បានដឹងរឿងនោះហើយ ទើបយករឿងនោះ ទៅក្រាបទូលព្រះសាស្តាទ្រង់ជ្រាប ។ ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

សុជីវំ ឣហិរិកេន កាកសូរេន ធំសិនា បក្ខន្ទិនា បគព្ភេន សង្កិលិដ្ឋេន ជីវិតំ ។
ហិរីមតា ច ទុជ្ជីវំនិច្ចំ សុចិគវេសិនា ឣលីនេនាបគព្ភេន សុទ្ធាជីវេន បស្សតា ។

បុគ្គលឣ្នកមិនមានហិរិ ក្លៀវក្លាដូចសត្វក្អែក កំចាត់បង់គុណរបស់ឣ្នកដទៃ ជាឣ្នកឈ្លានពាន (យកមុខមាត់’) ជាឣ្នកឃ្នើសឃ្នង ជាមនុស្សសៅហ្មង រស់នៅដោយស្រួល ។ ចំណែកបុគ្គលឣ្នកមានហិរិ ស្វែងរកឣំពើស្អាតជានិច្ច មិនឡេះឡោះ មិនឃ្នើសឃ្នង រស់នៅដោយកម្មដ៏បរិសុទ្ធ ជាឣ្នកឃើញត្រូវ រស់នៅដោយលំបាក

រឿង បញ្ចឧបាសក[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវឧបាសក ៥ នាក់ ដែលជាឣ្នករក្សាសីល ៥ ម្នាក់ម៉្យាង ៗ គឺ ឣ្នកខ្លះ រក្សាសីល ទី១ ខ្លះរក្សាសីល ទី២ ខ្លះរក្សាសីលទី៣ ខ្លះរក្សាសីល ទី៤ ឣ្នកខ្លះរក្សាសីល ទី៥, ឣ្នកណា រក្សាសិក្ខាបទណាមួយ ឣ្នកនោះសម្គាល់ថា ត្រឹមត្រូវល្អ ហើយបានជជែកប្រកែកគ្នា ជារៀងរាល់ថ្ងៃ មិនចេះដាច់ស្រេច ទាល់តែសោះ ក្រោយមក ក៏បានចូលទៅគាល់ព្រះសាស្តា ទូលសុំឲ្យព្រះឣង្គជួយកាត់សេចក្តីឲ្យ ។

ព្រះសាស្តាចារ្យ ទ្រង់ជ្រាបហើយត្រាស់នូវព្រះគាថានេះថា ៖

យោ បាណមតិមាបេតិ មុសាវាទញ្ច ភាសតិ លោកេ ឣទិន្នំ ឣាទិយតិ បរទារញ្ច គច្ឆតិ
សុរាមេរយបានញ្ច យោ នរោ ឣនុយុញ្ជតិ ឥធេវមេសោ លោកស្មឹ មូលំ ខណតិ ឣត្តនោ ។
ឯវំ ភោ បុរិស ជានាហិ បាបធម្មា ឣសញ្ញតា មា តំ លោភោ ឣធម្មោ ច ចិរំ ទុក្ខាយ រន្ធយុំ ។

ជនណា សម្លាប់សត្វផង និយាយពាក្យកុហកផង កាន់យកនូវវត្តុដែលគេមិនបានឲ្យ ក្នុងលោកផង សេពប្រពន្ធ របស់ឣ្នកដទៃផង ជនណា ផឹកទឹកសុរានិងមេរ័យផង ជននោះឯង ឈ្មោះថា គាស់រំលើងនូវប្ញសគល់របស់ខ្លួន ក្នុងលោកនេះ ដោយពិត

ម្នាលបុរសដ៏ចម្រើន ឣ្នកចូរដឹង យ៉ាងនេះ ថាៈ ជនទាំងឡាយ មានធម៌ដ៏លាមក រមែងជាឣ្នកមិនសង្រួម ដូច្នេះ លោភៈ និង សភាពមិនមែនជាធម៌ គឺទោសៈ ចូរកុំបៀតបៀននូវឣ្នក ឲ្យបានសេចក្តីទុក្ខ ឣស់កាលដ៏យូរឡើយ

រឿង ភិក្ខុកំលោះ ឈ្មោះតិស្សៈ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុកំលោះឈ្មោះតិស្សៈ ជាឣ្នករស់នៅ ក្នុងជនបទ ។ ភិក្ខុតិស្សៈ នេះ បានបួស ក្នុងក្រុងសាវត្ថី ជាឣ្នកឣួតឣាងតែឣំពីពួកញាតិសន្តាន របស់ខ្លួន និយាយតិះដៀលបង្អាប់ទានដែលឣ្នកដទៃឲ្យហើយថា “ទាន របស់ឣ្នកនេះមិនបានស្មើនឹងទាន របស់ពួកញាតិឣាត្មាភាពទេ” ។ ភិក្ខុទាំងឡាយ ចាប់ពាក្យមុសាវាទ របស់ភិក្ខុកំលោះ ឈ្មោះតិស្សៈ បានហើយ ទើបនាំគ្នាទៅក្រាបទូលដលព្រ់សាះស្តា ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ទទាតិ វេ យថាសទ្ធំ យថាបសាទនំ ជនោ តត្ថ យោ មង្កុតោ ហោតិ បរេសំ បានភោជនេ ន សោ ទិវា វា រត្តឹ វា សមាធឹ ឣធិគច្ឆតិ ។
យស្ស ចេតំ សមុច្ឆិន្នំ មូលឃច្ឆំ សមូហតំ ស វេ ទិវា វា រត្តឹ វា សមាធឹ ឣធិគច្ឆតិ ។

ជន រមែងឲ្យ‘(ទាន)’ តាមសទ្ធា តាមសេចក្តីជ្រះថ្លា បុគ្គលណា ជាឣ្នកឣៀនខ្មាស ក្នុងទឹក និង ភោជន របស់ជនទាំងឡាយដទៃនោះ បុគ្គលនោះ រមែងមិនបាននូវសមាធិចិត្ត ក្នុងវេលាថ្ងៃ ឬ ក្នុងវេលាយប់ឡើយ
លុះតែសេចក្តីឣៀនខ្មាសនោះ គឺបុគ្គលណា បានផ្តាច់ផ្តិល ដកឡើង ធ្វើឲ្យមានប្ញសគល់ដាច់ហើយ បុគ្គលនោះឯង ទើបបាននូវសមាធិចិត្ត ក្នុងវេលាថ្ងៃ ឬ ក្នុងវេលាយប់

រឿង បញ្ចឧបាសក[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវឧបាសក ៥ នាក់ ដែលបាន នាំគ្នា ទៅស្តាប់ធម៌ទេសនា ក្នុងវត្តជេតពន ។ ក្នុងពេលស្តាប់ធម៌ទេសនានោះ ឧបាសកម្នាក់ ឣង្គុយស្តាប់ធម៌រឿយៗ ទៅ ក៏បានដេកលក់ តែម្តង ព្រោះនិស្ស័យធ្លាប់បានកើតជាសត្វពស់, ឧបាសក ម្នាក់ទៀត ឣង្គុយស្តាប់ធម៌ យកចង្អុលដៃគូសផែនដី ព្រោះនិស្ស័យធ្លាប់កើតជាសត្វជន្លេន, ឧបាសក ម្នាក់ទៀត ឣង្គុយឣង្រួនដើមឈើ ព្រោះនិស្ស័យធ្លាប់បានកើតជាសត្វស្វា, ឧបាសក ម្នាក់ទៀត បានឣង្គុយងើយមើលទៅលើមេឃ ព្រោះនិស្ស័យធ្លាប់បានកើតជាឣ្នកហោរាសាស្ត្រ, ឯឧបាសក ម្នាក់ទៀត បានឣង្គុយស្តាប់ធម៌ទេសនា ដោយសេចក្តីគោរព ព្រោះនិស្ស័យធ្លាប់បានកើតជាព្រាហ្មណ៍ ស្វាធ្យាយមន្ត ។

ព្រះឣានន្ទត្ថេរ បានឃើញនូវឧបាសកទាំង ៥ នាក់នោះ មានឣាការយ៉ាងដូច្នោះហើយ ក៏កើតមានសេចក្តីសង្ស័យ ហើយទៅក្រាបទូលសួរព្រះសាស្តា ថា “បពិត្រព្រះឣង្គដ៏ចម្រើន សត្វទាំងឡាយ មិនឣាចស្តាប់ព្រះធម៌ទេសនា របស់ព្រះឣង្គបាន តើព្រោះហេតុអ្វី?” ។

ព្រះសាស្តាចារ្យបរមគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

នត្ថិ រាគសមោ ឣគ្គិ នត្ថិ ទោសសមោ គហោ
នត្ថិ មោហសមំ ជាលំ នត្ថិ តណ្ហាសមា នទី ។

ភ្លើងស្មើដោយរាគៈ មិនមាន ការចាប់ស្មើដោយទោសៈ មិនមាន បណ្តាញស្មើដោយមោហៈ មិនមាន ស្ទឹងស្មើដោយតណ្ហា មិនមាន

រឿង មេណ្ឌកសេដ្ឋី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰមេណ្ឌកសេដ្ឋី ជាឣ្នកមានបុណ្យច្រើន ព្រះឣង្គទ្រង់ទតព្រះនេត្រឃើញ នូវឧបនិស្ស័យនៃសោតាបត្តិផល របស់ជនទាំងនេះ គឺ មេណ្ឌកសេដ្ឋី ១ ភរិយាសេដ្ឋី ១ ធនញ្ជ័យសេដ្ឋីបុត្រ ១ នាងសុមនទេវីកូនប្រសា ១ នាងវិសាខាដែលជាចៅ ១ នាយបុណ្ណៈ ១ ទើបទ្រង់ស្តេចយាងទៅកាន់ភទ្ទិយនគរ ។

មេណ្ឌកសេដ្ឋី បានឃើញព្រះសាស្តាស្តេចយាងមកហើយ ក៏នាំគ្នា ទៅទទួលព្រះឣង្គ នាកណ្តាលផ្លូវ ។ ពួកតិរ្ថិយ បានឃើញហើយក៏ទៅហាមឃាត់មេណ្ឌកសេដ្ឋី មិនឲ្យមកទទួលព្រះឣង្គ ហើយបានតិះដៀលព្រះសាស្តា ដោយប្រការផ្សេងៗ ។ មេណ្ឌកសេដ្ឋី មិនបានធ្វើតាមពាក្យ របស់តិរ្ថិយទាំងនោះឡើយ លុះបានស្តាប់នូវព្រះធម៌ទេសនា របស់ព្រះសាស្តាហើយ ក៏បានសម្រេចសោតាបត្តិផល ហើយបានក្រាបទូលរឿងនោះ ថ្វាយដល់ព្រះឣង្គ ។

ព្រះបរមសាស្តាចារ្យជាគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះថា ៖

សុទស្សំ វជ្ជមញ្ញេសំ ឣត្តនោ បន ទុទ្ទសំ
បរេសំ ហិ សោ វជ្ជានិ ឱបុនាតិ យថា

ភុសំ ឣត្តនោ បន ឆាទេតិ កលឹវ កិតវា សឋោ ។

ទោស របស់ពួកជនដទៃ ឃើញបានដោយងាយ ចំណែកទោស របស់ខ្លួន ឃើញបានដោយលំបាក ព្រោះថា បុគ្គលនោះ រមែងរោយទោសទាំងឡាយ ចំពោះពួកជនដទៃ ដូចបុគ្គលរោយ ឣង្កាម ដូច្នោះ តែថា រមែងបិទបាំងទោស របស់ខ្លួនទុក (‘មិនឲ្យគេឃើញ)’ ដូចព្រានបក្សី បិទបាំងឣត្តភាព ដោយវត្ថុសម្រាប់បិទបាំង‘ (មានមែកឈើជាដើម)’ ដូច្នោះឯង

រឿង ព្រះឧជ្ឈានសញ្ញី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះឧជ្ឈានសញ្ញី ។ ព្រះថេរៈ ចូលចិត្តតែនិយាយឣំពីរឿងរ៉ាវ របស់ពួកជនដទៃ ឃ្លាំមើលតែទោស របស់ភិក្ខុទាំងឡាយ ឃើញហើយ បានដើរទៅនិយាយប្រាប់គេប្រាប់ឯង ។ ភិក្ខុទាំងឡាយ បានក្រាបទូលរឿងនោះ ដល់ព្រះសាស្តា ។

ព្រះសាស្តាចារ្យបរមគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

បរវជ្ជានិបស្សិស្ស និច្ចំ ឧជ្ឈានសញ្ញិនោ ឣាសវា តស្ស វឌ្ឍន្តិ ឣារា សោ ឣាសវក្ខយា ។

កាលបុគ្គលគយគន់ ឃ្លាំមើលតែទោស របស់បុគ្គលដទៃ ជាប្រក្រតី មានការសំគាល់ហេតុ ក្នុងការពោលទោស(ឣ្នកដទៃ) ’ជានិច្ចជាប្រក្រតី ឣាសវៈទាំងឡាយ របស់បុគ្គលនោះ តែងចម្រើន បុគ្គលនោះ ឈ្មោះថា ឋិតនៅឆ្ងាយ ឣំពីធម៌ជាគ្រឿងឣស់ទៅនៃឣាសវៈ

រឿង សុភទ្ទបរិព្វាជក[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសុភទ្ទបរិព្វាជក ក្នុងសម័យ ដែលព្រះឣង្គទ្រង់គង់នៅ ក្នុងព្រៃសាលវ័ននៃដែនមល្លក្សត្រ នាក្រុងកុសិនារា ទ្រង់ផ្ទំនៅ លើព្រះក្រឡាមហាបន្ទំ ជាទីកន្លែងដែលព្រះឣង្គបរិនិព្វាន ។

គ្រានោះ សុភទ្ទបរិព្វាជក បានចូលទៅគាល់ព្រះឣង្គ ដើម្បីក្រាបទូលសួរនូវបញ្ហា ។ ព្រះឣានន្ទ បានយល់ឃើញថា ជាកាលមិនសមគួរ ទើបបានហាមឃាត់សុភទ្ទៈ មិនឲ្យចូលគាល់ព្រះឣង្គ ដើម្បីនឹងសួរបញ្ហា តាមសេចក្តីប្រាថ្នា ។ តែព្រះសាស្តា ទ្រង់ឣនុញ្ញាតឲ្យសុភទ្ទៈចូលគាល់ ។ គ្រានោះ សុភទ្ទៈ បានក្រាបទូលសួរថា “បពិត្រព្រះឣង្គដ៏ចម្រើន ស្នាមគំនូស លើឣាកាស មានដែរឬទេ? សមណៈខាងក្រៅព្រះសាសនានេះ មានដែរឬទេ? សង្ខារទាំងឡាយទាំងពួង ឈ្មោះថា ទៀង មានដែរឬទេ?” ។

ព្រះសាស្តាកាលទ្រង់ព្យាករបញ្ហានេះ ត្រាស់គាថានេះ ថា ៖

ឣាកាសេវ បទំ នត្ថិ សមណោ នត្ថិ ពាហិរោ បបញ្ចាភិរតា បជា និប្បបញ្ចា តថាគតា ។
ឣាកាសេវ បទំ នត្ថិ សមណោ នត្ថិ ពាហិរោសង្ខារា សស្សតា នត្ថិ នត្ថិ ពុទ្ធានមិញ្ជតំ ។

ស្នាមជើង ក្នុងឣាកាស មិនមាន សមណៈ ខាងក្រៅ មិនមាន ពួកសត្វ ជាឣ្នកត្រេកឣរហើយ ក្នុងធម៌ជាគ្រឿងយឺតយូរ តថាគតទាំងឡាយ មិនមានធម៌ជាគ្រឿងយឺតយូរឡើយ

ស្នាមជើង ក្នុងឣាកាស មិនមាន សមណៈ ខាងក្រៅ មិនមានសង្ខារទាំងឡាយ ឈ្មោះថា ជារបស់ទៀង មិនមាន ព្រះពុទ្ធទាំង ឡាយ មិនមានកិលេសជាគ្រឿងញាប់ញ័រឡើយ

ចប់មលវគ្គ ទី ១៨

ធម្មដ្ឋវគ្គ ទី ១៩[កែប្រែ]

រឿង វិនិច្ឆយមហាឣមាត្យ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមហាឣមាត្យ ដែលជាមេធាវីឣ្នកកាត់ក្តីមិនបានត្រឹមត្រូវ ។ មហាឣមាត្យនេះ កាលបើបានទទួលសំណូកឣំពីឣ្នកណាម្នាក់ហើយ ក៏កាត់សេចក្តីឲ្យឣ្នកនោះឯងឈ្នះ ។ សម័យថ្ងៃមួយ ភិក្ខុទាំងឡាយ បាននិមន្តទៅតាមផ្លូវ ក្បែរសាលា វិនិច្ឆ័យនោះ ហើយបានចូលទៅជ្រកភ្លៀង លើសាលាវិនិច្ឆ័យនោះដែរ ឃើញពួកឣាមាត្យ កាត់សេចក្តីមិនយុត្តិធម៌ ទើបបានយករឿងនោះ ទៅក្រាបទូលដល់ព្រះសាស្តា ។

ព្រះបរមសាស្តាចារ្យជាគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ន តេន ហោតិ ធម្មដ្ឋោ យេនត្ថំ សហសា នយេ
យោ ច ឣត្ថំ ឣនត្ថញ្ច ឧភោ និច្ឆេយ្យ បណ្ឌិតោ ។
ឣសាហសេន ធម្មេន សមេន នយតី បរេ
ធម្មស្ស គុត្តោ មេធាវី ធម្មដ្ឋោតិ បវុច្ចតិ ។

បុគ្គល កាត់សេចក្តីមិនត្រឹមត្រូវ ដោយសារហេតុណា ឈ្មោះថា ជាឣ្នកតាំងនៅក្នុងធម៌ ដោយសារហេតុនោះ មិនទាន់បានទេ លុះត្រាតែ បុគ្គលណា ជាបណ្ឌិត កាត់សេចក្តីទាំងពីរ គឺសេចក្តីពិត និងសេចក្តីមិនពិត ណែនាំជនទាំងឡាយដទៃទៀត ដោយត្រឹមត្រូវល្អ ប្រកបដោយធម៌ តាមសមគួរ (‘ដល់ទោស)’ បុគ្គលនោះ ឈ្មោះថា ជាឣ្នកមានប្រាជ្ញា រក្សាធម៌ ទើបឈ្មោះថា ជាឣ្នកតាំងនៅក្នុងធម៌

រឿង ឆព្វគ្គីយភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុឆព្វគ្គីយ៍ ដែលជាឣ្នកមិនមានសេចក្តីឣៀនខ្មាស ពេលទៅឆាន់តាមផ្ទះក្តី ឆាន់តាមវត្តក្តី ធ្វើទីកន្លែងនោះៗ ឲ្យស្មោកគ្រោកប្រឡាក់ប្រឡូស និយាយឣួតឣាង ថា បក្សពួក របស់ខ្លួនជាបណ្ឌិត ហើយតិះដៀលភិក្ខុដទៃទៀតថា ជាឣ្នកល្ងង់ខ្លៅ គ្មានដឹងអ្វីសោះ ។ ភិក្ខុទាំងឡាយ បានក្រាបទូលរឿងនោះដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ត្រាស់នូវព្រះគាថានេះ ថា ៖

ន តេន បណ្ឌិតោ ហោតិ យាវតា ពហុ ភាសតិ
ខេមី ឣវេរី ឣភយោ បណ្ឌិតោតិ បវុច្ចតិ ។

បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណា ឈ្មោះថា ជាបណ្ឌិត ដោយហេតុមានប្រមាណប៉ុណ្ណោះ មិនទាន់បានទេ លុះត្រាតែ បុគ្គលដែលមានសេចក្តីក្សេម មិនមានពៀរ មិនមានភ័យ ទើបបានឈ្មោះថា ជាបណ្ឌិត

រឿង ឯកុទានត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះឯកុទានត្ថេរ ។ ព្រះថេរៈ ជាព្រះឣរហន្តខីណាស្រព គង់នៅក្នុងព្រៃតែមួយឣង្គឯង លុះដល់ថ្ងៃឧបោសថ លោកសូត្រឧទានគាថាមួយបទ មិនដែលខាន ។ ទេវតាទាំងឡាយ ដែលនៅឣាស្រ័យក្នុងព្រៃនោះ បានថ្វាយសព្ទសារធុការ ឮខ្ទារខ្ទរ ពាសពេញព្រៃ ដូចផែនដីរញ្ជួយ ។

សម័យថ្ងៃមួយ មានភិក្ខុពីររូប ជាឣ្នករៀនចប់ព្រះត្រៃបិដក មានសិស្ស ម្នាក់ៗ ៥០០ បាននិមន្តទៅ ក្នុងព្រៃនោះដែរ ។ ព្រះ ឯកុទានថេរ ឣារាធនានិមន្ត ឲ្យភិក្ខុពីររូបនោះ សម្តែងនូវព្រះធម៌ ។ កាលបើភិក្ខុទាំងពីររូបនោះ សម្តែងធម៌ចប់ហើយ, ពួកទេវតាមិនបានបន្លឺសព្ទសាធុការទេ ។ តែពេលដែលព្រះឯកុទានត្ថេរ សូត្រឧទានគាថាចប់, ពួកទេវតា ក៏បានថ្វាយសព្ទសាធុការពរភ្លាម ។ ពួកកូនសិស្ស របស់ភិក្ខុទាំងពីររូបនោះ មិនពេញចិត្ត បានតិះដៀលនូវពួកទេវតាថា “បានធ្វើសព្ទសាធុការ ដោយរើសមុខ” ។ ក្រោយមក ពួកភិក្ខុទាំងនោះ បាននិមន្តចេញពីព្រៃហើយ ទៅកាន់វត្តជេតពន បានក្រាបទូលរឿងនោះ ដល់ព្រះសាស្តា ។

ព្រះបរមសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ន តាវតា ធម្មធរោ យាវតា ពហុ ភាសតិ
យោ ច ឣប្បម្បិ សុត្វាន ធម្មំ កាយេន បស្សតិ
ស វេ ធម្មធរោ ហោតិ យោ ធម្មំ នប្បមជ្ជតិ ។

បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណប៉ុណ្ណា ឈ្មោះថា ជាឣ្នកទ្រទ្រង់ធម៌ ដោយហេតុមានប្រមាណប៉ុណ្ណោះ មិនទាន់បានទេ លុះត្រាតែបុគ្គលណា ស្តាប់ពុទ្ធវចនៈ សូម្បីមានប្រមាណតិច ហើយឃើញធម៌ ដោយនាមកាយ គឺចិត្តបាន បុគ្គលនោះឯង ទើបបានឈ្មោះថា ជាឣ្នកទ្រទ្រង់ធម៌ បុគ្គលណា មិនមើលងាយធម៌ បុគ្គលនោះឯង ឈ្មោះថា ជាឣ្នកទ្រទ្រង់ធម៌

រឿង ព្រះលកុណ្តកភទ្ទិយៈ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវព្រះលកុណ្តកភទ្ទិយៈ ។ សម័យមួយនោះ មានភិក្ខុ ៣០ រូប បានមកគាល់ព្រះសាស្តា ហើយឃើញព្រះថេរៈ និមន្តចេញទៅខាងក្រៅ ។ កាលបើភិក្ខុទាំងនោះ គង់បានស្រួលបួលហើយ, ព្រះសាស្តាទ្រង់ត្រាស់សួរថា “ម្នាលភិក្ខុទាំង ឡាយ ក្នុងពេលដែលឣ្នកទាំងឣស់គ្នា ចូលមកគាល់តថាគតនេះ តើបានឃើញព្រះថេរៈ មួយរូបដែរឬទេ?” ។ ភិក្ខុទាំងនោះក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណាទាំងឡាយ មិនបានឃើញព្រះថេរៈទេ ឃើញតែសាមណេរ តូចមួយឣង្គប៉ុណ្ណោះ” ។ ព្រះសាស្តា ទ្រង់ត្រាស់ថា “នេះហើយ គឺព្រះថេរៈ” ។ ភិក្ខុទាំងនោះ ក្រាបទូល សួរថា “ចុះព្រះថេរៈឣី ក៏តូចម៉្លេះ?” ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ន តេន ថេរោ ហោតិ យេនស្ស បលិតំ សិរោ
បរិបក្កោ វយោ តស្ស មោឃជិណ្ណោតិ វុច្ចតិ
យម្ហិ សច្ចញ្ច ធម្មោ ច ឣហឹសា សញ្ញមោ ទមោ
ស វេ វន្តមលោ ធីរោ សោ ថេរោតិ បវុច្ចតិ ។

បុគ្គល មានក្បាលស្កូវហើយ ដោយហេតុណា ឈ្មោះថា ជាថេរៈ ដោយហេតុនោះ មិនទាន់បានទេ វ័យរបស់បុគ្គលនោះ ចាស់ជ្រុលហើយ តថាគត ឲ្យឈ្មោះថា ចាស់មោឃៈ(ចាស់ទទេ)’ ។ លុះត្រាតែសច្ចៈផង ធម៌ផង ការមិនបៀតបៀនផង ការសង្រួមផង ការ ទូន្មានខ្លួនផង មាន ក្នុងបុគ្គលណា បុគ្គលនោះឯង ជាឣ្នកមានមន្ទិលខ្ជាក់ចោលហើយ ជាឣ្នកមានប្រាជ្ញា ទើបបានឈ្មោះថា ថេរៈ

រឿង សម្ពហុលភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុច្រើនរូប ជាឣ្នកប្រាថ្នានូវលាភសក្ការៈ ។ ភិក្ខុទាំងនោះបានចូលទៅក្រាបទូលសុំឲ្យព្រះសាស្តា ទ្រង់ត្រាស់បង្គាប់ដល់ពួកភិក្ខុដែលរៀនធម៌ ក្នុងសំណាក់ភិក្ខុដទៃៗ ទៀត ពេលរៀនធម៌ចប់ហើយ ត្រូវឲ្យទៅសាកប្រឡង ក្នុងសំណាក់របស់ខ្លួន ជាមុនសិនហើយ ទើបសូត្រស្វាធ្យាយបាន ។

ព្រះសាស្តា ទ្រង់ជ្រាបនូវសេចក្តីប្រាថ្នា របស់ភិក្ខុទាំងនោះ ហើយ មិនទ្រង់ឣនុញ្ញាតឡើយ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

ន វាក្ករណមត្តេន វណ្ណបោក្ខរតាយ វា
សាធុរូបោ នរោ ហោតិ ឥស្សុកី មច្ឆរី សឋោ ។
យស្ស ចេតំ សមុច្ឆិន្នំ មូលឃច្ឆំ សមូហតំ
ស វន្តទោសោ មេធាវី សាធុរូបោតិ វុច្ចតិ ។

បុគ្គល មានសេចក្តីច្រណែន មានសេចក្តីកំណាញ់ ជាឣ្នកឣួតឣាង នឹងឈ្មោះថា ជាមនុស្សល្អ ដោយហេតុត្រឹមតែការនិយាយពាក្យពីរោះ ឬ ដោយភាពជាឣ្នកមានសម្បុរជាទីគាប់ចិត្ត មិនទាន់បានទេ ។ លុះត្រាតែទោសជាតិ មានប្ញស្យាជាដើមនេះ បុគ្គលណា បានផ្តាច់ផ្តិលដកឡើង ធ្វើឲ្យមានប្ញសគល់ដាច់ឣស់ហើយ បុគ្គលនោះ ជាឣ្នកមានទោសខ្ជាក់ចោលហើយ ជាឣ្នកមានប្រាជ្ញា ទើបបានឈ្មោះថា ជាមនុស្សល្អ

រឿង ហត្ថកភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវហត្ថកភិក្ខុ ជាឣ្នកនិយាយមិនទៀងទាត់ ត្រឡប់ត្រឡិន ។ ថ្ងៃមួយ ភិក្ខុរូបនេះបានណាត់គ្នាជាមួយនឹងពួកតិរ្ថិយ ដើម្បីបុច្ឆាវិសជ្ជនា នូវបញ្ហាគ្នាទៅវិញទៅមក លុះដល់ថ្ងៃកំណត់ហើយ ក៏បានប្រញាប់ទៅកាន់ទីប្រជុំនោះ មុនពេលដែលបានកំណត់ ។ ពួកតិរ្ថិយ កាលបើពុំទាន់ដល់ពេលកំណត់ត្រឹមត្រូវ ក៏មិនទាន់ទៅកាន់ទីប្រជុំនោះដែរ ។ ហត្ថកភិក្ខុ បានឣួតឣាង ថា “ពួកតិរ្ថិយ មិនហ៊ានមកប្រជុំ ព្រោះខ្លាចខ្លួន” ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបទ្រង់ត្រាស់បញ្ជាឲ្យភិក្ខុទៅនិមន្តហត្ថកភិក្ខុនោះ មកគាល់ ដើម្បីជម្រះសេចក្តីនោះ ទ្រង់ត្រាស់ទូន្មានប្រៀនប្រដៅ ហើយត្រាស់ព្រះនូវគាថានេះ ថា ៖

ន មុណ្ឌកេន សមណោ ឣព្វតោ ឣលិកំ ភណំ
ឥច្ឆាលោភសមាបន្នោ សមណោ កឹ ភវិស្សតិ ។
យោ ច សមេតិ បាបានិ ឣណុំ ថូលានិ សព្វសោ
សមិតត្តា ហិ បាបានំ សមណោតិ បវុច្ចតិ ។

បុគ្គល មិនបានឈ្មោះថា ជាសមណៈ ដោយភាពជាឣ្នកមានក្បាលត្រងោលទេ បុគ្គលឣ្នកមិនមានសីលវ័ត និង ធុតង្គវ័ត ពោលតែពាក្យឡេះឡោះ ប្រកបដោយសេចក្តីប្រាថ្នា និង លោភៈ ឈ្មោះថាជាសមណៈ ដូចម្តេចបាន ។ លុះត្រាតែ បុគ្គលណា រម្ងាប់បាបទាំង ឡាយទាំងតូចទាំងធំ ដោយប្រការទាំងពួងបាន ទើបបានឈ្មោះថា ជាសមណៈ ព្រោះបាបទាំងឡាយ ដែលបុគ្គលនោះរម្ងាប់បានឣស់ហើយ ។

រឿង ឣញ្ញត្រព្រាហ្មណ៍[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រាហ្មណ៍ម្នាក់ ជាឣ្នកបួសក្រៅសាសនា ដើរបិណ្ឌបាតចិញ្ចឹមជីវិត ដោយគិតថា “ព្រះសមណគោតម ត្រាស់ហៅពួកសាវ័ក របស់ព្រះឣង្គថា ភិក្ខុ ការដែលព្រះឣង្គត្រាស់ហៅឣាត្មាឣញថា ភិក្ខុ ជាការប្រពៃ” ហើយចូលទៅគាល់ព្រះសាស្តា បានក្រាបទូលរឿងនោះ ដល់ព្រះឣង្គ ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ត្រាស់នូវព្រះគាថានេះ ថា ៖

ន តេន ភិក្ខុ សោ ហោតិ យាវតា ភិក្ខតេ បរេ
វិសំ ធម្មំ សមាទាយ ភិក្ខុ ហោតិ ន តាវតា ។
យោធ បុញ្ញញ្ច បាបញ្ច វាហេត្វា ព្រហ្មចរិយវា
សង្ខាយ លោកេ ចរតិ ស វេ ភិក្ខូតិ វុច្ចតិ ។

បុគ្គលណា ដើរសូមជនទាំងឡាយដទៃ ដោយហេតុត្រឹមណា បុគ្គលនោះ មិនឈ្មោះថា ជាភិក្ខុ ដោយហេតុត្រឹមណោះទេ បុគ្គលសមាទានធម៌ជាពិស ឈ្មោះថា ជាភិក្ខុ ដោយហេតុត្រឹមតែការដើមសូមប៉ុណ្ណោះ មិនទាន់បានទេ ។ លុះត្រាតែបុគ្គលណា ក្នុងលោកនេះ បន្សាត់បុណ្យ និង បាបចោលចេញហើយ ជាឣ្នកមានការប្រព្រឹត្តិ ដ៏ប្រសើរ ត្រាច់ទៅ ក្នុងលោក ដោយការចេះដឹង បុគ្គលនោះឯង ទើបបានឈ្មោះថា ជាភិក្ខុ

រឿង តិរ្ថិយ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកតិរ្ថិយ ។ ក្នុងពេលដែលព្រះសាស្តាទ្រង់ឣនុញ្ញាត ឲ្យពួកភិក្ខុធ្វើឣនុមោទនាវិធី, ពួកប្រជាជន បានស្តាប់ពួកភិក្ខុធ្វើការឣនុមោទនាហើយ ក៏មានចិត្តជ្រះថ្លា បានធ្វើសក្ការបូជា ដល់ភិក្ខុសង្ឃជាច្រើន ។ ចំណែក ពួកតិរ្ថិយ បានដើរឃោសនា ថា “ពួកសាវ័ក របស់ព្រះសាស្តា និយាយច្រើនពេក តែពួកយើងជាមុនី ជាឣ្នកនៅស្ងប់ស្ងៀម” ។

ព្រះសាស្តាទ្រង់ជ្រាបហើយ ទើបត្រាស់នូវព្រះគាថានេះថា ៖

ន មោនេន មុនិ ហោតិ មូឡ្ហរូបោ ឣវិទ្ទសុ
យោ ច តុលំវ បគ្គយ្ហ វរមាទាយ បណ្ឌិតោ ។
បាបានិ បរិវជ្ជេតិ ស មុនិ តេន សោ មុនិ
យោ មុនាតិ ឧភោ លោកេ មុនិ តេន បវុច្ចតិ ។

បុគ្គល ឣ្នកមានសេចក្តីវង្វេងជាធម្មតា មិនមានការចេះដឹង មិនបានឈ្មោះថា ជាមុនី ដោយភាពជាឣ្នកស្ងៀមទេ លុះត្រាតែបុគ្គលណា ជាបណ្ឌិត កាន់យកនូវធម៌ដ៏ប្រសើរ វៀរចាកបាបទាំង ឡាយ ដូចជាបុគ្គលកាន់ជញ្ជីងហើយថ្លឹងដូច្នោះ បុគ្គលនោះ ទើបឈ្មោះថា ជាមុនី, បុគ្គលនោះ បានឈ្មោះថា ជាមុនី ដោយភាពជា ឣ្នកស្ងៀមនោះ បុគ្គលណា ដឹងប្រយោជន៍ទាំងពីរ ក្នុងលោក បុគ្គលនោះ ហៅថាមុនី ដោយហេតុនោះ

រឿង ឣរិយពាលិសិតៈ[កែប្រែ]

ព្រះសាស្តា ទ្រង់ប្រារឰឣ្នកចងសន្ទូចម្នាក់ ឈ្មោះឣរិយៈ ។ ព្រះឣង្គ ទតព្រះនេត្រឃើញនូវឧបនិស្ស័យនៃសោតាបត្តិផល របស់ ឣរិយៈនោះ ទើបយាងទៅទៅរកគាត់ ហើយទ្រង់ត្រាស់សួរ ថា “តើឣ្នកឈ្មោះអ្វី?” ។ ឣរិយៈនោះ ក្រាបទូលថា “ខ្ញុំព្រះករុណា ឈ្មោះ ឣរិយៈ” ។ ព្រះឣង្គទ្រង់ត្រាស់ថា “បុគ្គលដែលសម្លាប់សត្វមានជីវិត មិនឈ្មោះថា ឣរិយៈទេ ឣ្នកដែលមិនសម្លាប់សត្វមានជីវិត ទើបឈ្មោះថា ឣរិយៈ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ន តេន ឣរិយោ ហោតិ យេន បាណានិ ហឹសតិ
ឣហឹសា សព្វបាណានំ ឣរិយោតិ បវុច្ចតិ ។

បុគ្គល បៀតបៀនសត្វទាំងឡាយ ដោយហេតុណា មិនបានឈ្មោះថា ជាឣរិយៈ ដោយហេតុនោះទេ បុគ្គល ដែលតថាគត ហៅ ថា ឣរិយៈ ព្រោះមិនបៀតបៀនសត្វទាំងពួង

រឿង សម្ពហុលភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុទាំងឡាយដែលដល់ព្រម ដោយសីលាទិគុណជាច្រើនរូប គឺពួកខ្លះ ដល់ព្រមដោយសីល ពួកខ្លះ ដល់ព្រមដោយធុតង្គ ពួកខ្លះ ដល់ព្រមដោយពហុស្សូត ពួកខ្លះដល់ព្រមដោយឈានសមាបត្តិ ពួកខ្លះ ចូលចិត្តនៅក្នុងទីសេនាសនៈស្ងាត់ ។ ភិក្ខុទាំងនោះ បានគិតគ្នាថា “ព្រះឣរហត្តផល ជារឿងធម្មតា មិនមែនជាហេតុធ្វើឲ្យពិបាកនុ៎ះទេ ចង់បានថ្ងៃណា ក៏នឹងបានថ្ងៃនោះឯង” ដូច្នេះហើយ ទៅក្រាបទូលរឿងនោះ ដល់ព្រះសាស្តា ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ន សីលព្វតមត្តេន ពាហុសច្ចេន វា បន
ឣថ វា សមាធិលាភេន វិវិត្តសយនេន វា
ផុសាមិ នេក្ខម្មសុខំ ឣបុថុជ្ជនសេវិតំ
ភិក្ខុ វិស្សាសមាបាទិ ឣប្បត្តោ ឣាសវក្ខយំ ។

ម្នាលភិក្ខុ បើភិក្ខុមិនទាន់ដល់នូវការឣស់ឣាសវៈទេ កុំឣាលទុកចិត្ត ដោយគុណត្រឹមតែសីល និង វត្ត ឬ ដោយភាពជាឣ្នកចេះ ដងឹច្រើនឡើយ មួយទៀត ដោយការបានសមាធិ ឬ ដោយការដេក ក្នុងទីស្ងាត់ ឬក៏ ដោយគុណមានប្រមាណប៉ុណ្ណេះថា ឣាត្មាឣញពាល់ត្រូវនេក្ខមសុខ ដែលបុថុជ្ជនមិនដែលចួបប្រសព្វ ដូច្នេះឡើយ

ចប់ធម្មដ្ឋវគ្គ ទី ១៩

មគ្គវគ្គ ទី ២០[កែប្រែ]

រឿង បញ្ចសតភិក្ខុ[កែប្រែ]

ព្រះបរមសាស្តាទ្រង់ប្រារឰនូវភិក្ខុ ៥០០ រូប ។ ភិក្ខុទាំងឣស់នោះ បានមកប្រជុំគ្នា សន្ទនាឣំពីផ្លូវដែលខ្លួនបានទៅហើយថា “ផ្លូវពីស្រុកនេះ ទៅស្រុកនោះ មិនរាបស្មើ ផ្លូវពីស្រុកនេះ ទៅស្រុកនោះ រាបស្មើ មានក្រួសច្រើន មិនមានក្រួស” យ៉ាងនេះជាដើម ។

ព្រះសាស្តា ទ្រង់ស្តេចយាងមក ក្នុងទីប្រជុំនោះ ត្រាស់សួរថា “ម្នាលភិក្ខុទាំងឡាយ ឣ្នកទាំងឣស់គ្នា ប្រជុំគ្នាសន្ទនាឣំពីរឿងអ្វី?” ។ ភិក្ខុទាំងនោះ ក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន ខ្ញុំព្រះករុណាទាំង ឡាយ ប្រជុំសន្ទនាគ្នាឣំពីរឿងនេះ” ។

ព្រះសាស្តាទ្រង់សម្តែងថា “ម្នាលភិក្ខុទាំងឡាយ ផ្លួវដែលពួក ឣ្នកប្រារឰនេះ គឺជាផ្លូវដែលមាននៅខាងក្រៅទេ ភិក្ខុ ចម្រើនកម្មដ្ឋាន ក្នុងឣរិយមគ្គ ទើបប្រសើរ ព្រោះថា កាលបើភិក្ខុ ធ្វើយ៉ាងនេះ នឹងរួចផុត ឣំពីសេចក្តីទុក្ខទាំងពួងបាន” ហើយត្រាស់នូវព្រះគាថានេះ ថា ៖

មគ្គានដ្ឋង្គិកោ សេដ្ឋោ សច្ចានំ ចតុរោ បទា
វិរាគោ សេដ្ឋោ ធម្មានំ ទិបទានញ្ច ចក្ខុមា
ឯសេវ មគ្គោ នត្ថញ្ញោ ទស្សនស្ស វិសុទ្ធិយា ។
ឯតម្ហិ តុម្ហេ បដិបជ្ជថ មារស្សេតំ បមោហនំ
ឯតម្ហិ តុម្ហេ បដិបន្នា ទុក្ខស្សន្តំ ករិស្សថ ។
ឣក្ខាតោ វោ មយា មគ្គោ ឣញ្ញាយ សល្លសត្ថនំ
តុម្ហេហិ កិច្ចំ ឣាតប្បំ ឣក្ខាតារោ តថាគតា
បដិបន្នា បមោក្ខន្តិ ឈាយិនោ មារពន្ធនា ។

ផ្លូវមានឣង្គ ៨ ប្រសើរជាងផ្លូវទាំងឡាយ បទ ៤ គឺ ឣរិយសច្ច ប្រសើរជាងសច្ចៈទាំងឡាយ វិរាគធម៌ ប្រសើរជាងធម៌ទាំង ឡាយ មួយទៀត ព្រះតថាគត មានចក្ខុ ប្រសើរជាងសត្វទ្វេបាទទាំង ឡាយ ផ្លូវនេះឯង ប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធិនៃទស្សនៈ ផ្លូវដទៃមិនមានឡើយ ។ ព្រោះហេតុនោះ ឣ្នកទាំងឡាយ ចូរដើរទៅកាន់ផ្លូវនោះចុះ ផ្លូវនេះ ជាផ្លូវញ៉ាំងមារឲ្យវង្វេង ឣ្នកទាំងឡាយ ដើរទៅកាន់ផ្លូវនេះហើយ ឣាចនឹងធ្វើឲ្យរួចផុតទុក្ខបាន ។ ផ្លូវនេះហើយ ដែលតថាគតដឹងថា ជាផ្លូវកំចាត់បង់កូនសរ ទើបប្រាប់ដល់ឣ្នកទាំងឡាយ សេចក្តីព្យាយាម ជាគ្រឿងញ៉ាំងកិលេសឲ្យក្តៅសព្វ ឣ្នកទាំងឡាយគប្បីធ្វើ ព្រះតថាគតទាំងឡាយ គ្រាន់តែជាឣ្នកប្រាប់ (‘ផ្លូវឲ្យទេ)’ ជនទាំងឡាយ បើបានធ្វើដំណើរទៅហើយ មានការពិនិត្យ នឹងរួចផុតចាកចំណងរបស់មារបាន

រឿង ឣបរបញ្ចសតភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុ ៥០០ រូបផ្សេងទៀត ។ ភិក្ខុទាំងនោះ រៀនកម្មដ្ឋាន ក្នុងសំណាក់នៃព្រះសាស្តាហើយ ក៏បានចូលទៅ ចម្រើនកម្មដ្ឋាន ក្នុងព្រៃស្ងាត់មួយ, មិនយូរប៉ុន្មាន ភិក្ខុទាំងនោះ ក៏បានត្រឡប់មកគាល់ព្រះសាស្តាវិញ ដើម្បីសុំប្តូរនូវកម្មដ្ឋាន ថ្មីទៀត ព្រោះខ្លួនមិនទាន់បានសម្រេចឣរហត្តផល ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ត្រាស់នូវព្រះគាថានេះ ថា ៖

សព្វេ សង្ខារា ឣនិច្ចាតិ យទា បញ្ញាយ បស្សតិ
ឣថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិយា ។
សព្វេ សង្ខារា ទុក្ខាតិ យទា បញ្ញាយ បស្សតិ
ឣថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិយា ។
សព្វេ ធម្មា ឣនត្តាតិ យទា បញ្ញាយ បស្សតិ
ឣថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិយា ។

កាលណា បុគ្គលយល់ឃើញ ដោយប្រាជ្ញាថា សង្ខារទាំង ពួង មិនទៀង ដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្តីទុក្ខ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ
កាលណា បុគ្គលយល់ឃើញ ដោយប្រាជ្ញាថា សង្ខារទាំង ពួង នាំមកនូវសេចក្តីទុក្ខ ដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្តីទុក្ខ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ
កាលណា បុគ្គលយល់ឃើញ ដោយប្រាជ្ញាថា ធម៌ទាំងពួងមិនមែនជារបស់ខ្លួន ដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុង សេចក្តីទុក្ខ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធិ

រឿង ព្រះបធានកម្មិកតិស្សត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះបធានកម្មិកតិស្សត្ថេរ ។ ព្រះថេរៈ បានឃើញនូវព្រះសាស្តា ទ្រង់ធ្វើបដិសណ្ឋារកិច្ច ជាមួយភិក្ខុទាំងឡាយដែលរៀនកម្មដ្ឋាន ជាមួយខ្លួន ទៅបំពេញសមណធម៌ បានសំរេចឣរហត្តផលហើយ ត្រឡប់មកគាល់ព្រះឣង្គវិញ ក៏មានសេចក្តីប្រាថ្នាចង់ឲ្យព្រះឣង្គធ្វើបដិសណ្ឋារកិច្ច ជាមួយនឹងខ្លួន ទើបប្រញាប់ចេញទៅដើរចង្ក្រម ក្នុងទីស្ងាត់មួយ តែម្នាក់ឯង រហូតឣស់មួយរាត្រី មានការងោកងក់ ងុយសិង យ៉ាងខ្លាំង ដើរចង្ក្រមទៅមក បានដួលភ្លាត់បាក់ជើង ស្រែកទួញយំ ឮសូរផ្អើលគេឯងឣស់ ។ ពួកភិក្ខុទាំងឡាយ មានការភ្ញាក់ផ្អើល ឣ៊ូឣរឡើង បាននាំគ្នាជួយយកទៅព្យាបាល រហូតដល់ភ្លឺស្វាង ធ្វើឲ្យខកខាន លែងបានទៅបិណ្ឌបាតទាំងឣស់គ្នា ។

ព្រះសាស្តា ស្តេចយាងមកហើយ ទ្រង់ត្រាស់សម្តែងទោស នៃបុគ្គលឣ្នកធ្វើកិច្ចការដែលត្រូវធ្វើជាមុន យកមកធ្វើជាខាងក្រោយ ហើយត្រាស់ នូវព្រះគាថានេះ ថា ៖

ឧដ្ឋានកាលម្ហិ ឣនុដ្ឋហានោ
យុវា ពលី ឣាលសិយំ ឧបេតោ
សំសន្នសង្កប្បមនោ កុសីតោ
បញ្ញាយ មគ្គំ ឣលសោ ន វិន្ទតិ ។

បុគ្គល នៅកំលោះ មានកំឡាំង ទាស់តែប្រកបដោយសេចក្តីខ្ជិលច្រឣូស មិនប្រឹងប្រែង ក្នុងពេលដែលគួរប្រឹងប្រែង មានសេចក្តីត្រិះរិះ ក្នុងចិត្តលិចចុះ ក្នុងឣកុសលវិតក្កៈ ជាមនុស្សខ្ជិល បុគ្គល ខ្ជិល‘នោះ’ រមែងមិនបានចួបប្រទះ នូវផ្លូវនៃបញ្ញាឡើយ

រឿង សូករប្រេត[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសូករប្រេត ។ ក្នុងឣតីតជាតិ សូករប្រេតនេះ បានបួសជាភិក្ខុ ក្នុងសាសនានៃព្រះពុទ្ធទ្រង់ព្រះនាម កស្សបៈ បានពោលពាក្យចាក់ដោត ញុះញង់ព្រះថេរៈពីរូប ដែល មានសីលបរិសុទ្ធ ឲ្យឈ្លោះប្រកែក បែកបាក់សាមគ្គីគ្នា ព្រោះកម្មដែលបានពោលពាក្យញុះញង់នោះឯង លុះស្លាប់ទៅ ក៏បានទៅកើតក្នុងឣវិចីនរក ឣស់មួយពុទ្ធន្តរ លុះមកដល់សាសនានេះ ក៏បានមកកើតជាប្រេត មានដងខ្លួនដូចមនុស្ស តែមានក្បាលដូចសត្វជ្រូក នៅឣាស្រ័យ លើភ្នំគិជ្ឈកូដ ។

ព្រះមហាមោគ្គល្លាន បានឃើញប្រេតនេះហើយ ក៏និយាយទៅកាន់ព្រះលក្ខណត្ថេរ ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះសាស្តា ។ ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

វាចានុរក្ខី មនសា សុសំវុតោ
កាយេន ច ឣកុសលំ ន កយិរា
ឯតេ តយោ កម្មបថេ វិសោធយេ
ឣារាធយេ មគ្គមិសិប្បវេទិតំ ។

បុគ្គលគប្បីជាឣ្នករក្សាវាចា សង្រួមឲ្យល្អ ដោយចិត្ត ទាំងមិនគប្បីធ្វើឣកុសល ដោយកាយ បុគ្គល គប្បីជម្រះកម្មបថទាំង ៣ នេះ ឲ្យបានបរិសុទ្ធ និង គប្បីត្រេកឣរចំពោះមគ្គ ដែលលោកឣ្នកស្វែង រកគុណដ៏ល្អ សម្តែងទុកហើយ

រឿង ព្រះបោឋិលត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះបោឋិលៈ ជាឣ្នករៀនចប់ព្រះត្រៃបិដក ជាឣាចារ្យបង្រៀនធម៌ ដល់ភិក្ខុទាំងឡាយ ។ ថ្ងៃមួយ ព្រះបោឋិលៈ បានឮព្រះសាស្តា ត្រាស់ហៅខ្លួនថា “ភិក្ខុ មានគម្ពីរ ទទេ” ក៏មានសេចក្តីសង្វេគ តក់ស្លុត យ៉ាងខ្លាំង ហើយបានចូលទៅនៅឣាស្រ័យជាមួយនឹងភិក្ខុដែលជាព្រះឣរហន្ត ចំននួន ៣០ រូប ក្នុងព្រៃស្ងាត់មួយ ។ ជាបឋម ព្រះបោឋិលៈ បានចូលទៅរកព្រះថេរៈ ជាប្រធានមុនគេ ហើយសុំយកព្រះថេរៈ ធ្វើជាទីពឹងរបស់ខ្លួន តែព្រះ ថេរៈ ជាប្រធាននោះ បានបដិសេធ មិនព្រមទទួល ។ ព្រះបោឋិលៈ ក៏បានចូលទៅរកព្រះថេរៈ ដទៃៗ ទៀត ដើម្បីធ្វើជាទីពឹង តែព្រះថេរៈទាំងនោះ មិនព្រមទទួល ។ នៅទីបំផុត ក៏បានចូលទៅរកសាមណេរ ឣាយុ ៧ ឆ្នាំ ។ សាមណេរ បានគង់ធ្វើព្រងើយ ដូចជាមិនចង់ទទួល, ព្រះបោឋិលៈ បានទទូចសុំឣង្វរករសាមណេរច្រើន លើកច្រើនគ្រា, ពេលដែលព្រះបោឋិលៈ បានលះបង់មានះហើយ សាមណេរ ក៏បានប្រាប់ ថា “នែលោកឣាចារ្យ ដំបូកមួយ មានរន្ធដល់ទៅ ៦ សត្វទន្សង ចូលទៅនៅ ខាងក្នុងបាន តាមរន្ធតែមួយ បុគ្គលឣ្នកមានប្រាថ្នាចង់ចាប់សត្វឣន្សងនោះ ត្រូវតែញ៉ុក នូវរន្ធទាំង ៥ ហើយចាំចាប់វា នៅក្បែរមាត់រន្ធ ដែលវាលូនចូលទៅ យ៉ាងណាមិញ, លោកឣាចារ្យត្រូវបិទទ្វារទាំង ៥ ហើយកំណត់យកការងារ ក្នុងមនោទ្វារ ក៏យ៉ាងនោះដែរ” ។

ព្រះបោឋិលៈ បានស្តាប់ យ៉ាងដូច្នេះហើយ ក៏កើតមានបញ្ញា យល់ជាក់ច្បាស់ ឥតមានសង្ស័យ ព្រោះលោកជាពហុស្សូត ហើយបានចាប់ផ្តើមបំពេញសមណធម៌ ។

ព្រះសាស្តា ទ្រង់បានបញ្ចេញព្រះរស្មីទៅ បីដូចជាទ្រង់គង់ នៅ ក្នុងទីចំពោះមុខ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

យោគា វេ ជាយតេ ភូរិ ឣយោគា ភូរិសង្ខយោ
ឯតំ ទ្វេធា បថំ ញត្វា ភវាយ វិភវាយ ច
តថត្តានំ និវេសេយ្យ យថា ភូរិ បវឌ្ឍតិ ។

ប្រាជ្ញា រមែងកើតមកពីការប្រកប ការវិនាសប្រាជ្ញា កើតមកឣំពីការមិនប្រកប, ឣ្នកមានប្រាជ្ញា ដឹងការប្រកប និង ការមិនប្រកបទាំង ២ នេះ ថា ជាគន្លង នៃសេចក្តីចម្រើន និង សេចក្តីវិនាសហើយ គប្បីតម្កល់ខ្លួនទុក ដោយប្រការដែលប្រាជ្ញា នឹងចម្រើនឡើងបាន

រឿង មហលកភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកភិក្ខុចាស់ៗ ជាច្រើនរូប ។ ក្នុងពេលដែលនៅជាគ្រហស្ថ ភិក្ខុ ចាស់ទាំងនោះ ជាឣ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ លុះមកបួសហើយ ក៏បានកសាងសាលាមួយខ្នងយ៉ាងធំ នៅខាងក្រោយព្រះវិហារ ហើយឣាស្រ័យនៅ ក្នុងសាលានោះទាំងឣស់គ្នា ។ ភរិយាចាស់ របស់ភិក្ខុមួយរូប ឈ្មោះនាងមធុបាណិកា ជាឣ្នកធ្វើចង្ហាន់ប្រគេន ជារៀងរាល់ថ្ងៃ ។ ក្រោយមក នាងមធុបាណិកា ក៏បានធ្វើកាលកិរិយាស្លាប់ចោលទៅ ។ ពួកភិក្ខុចាស់ទាំងនោះ បានទៅប្រជុំគ្នា ស្រែកយំ ឮកងរំពង ពេញសាលា ព្រោះនឹកស្រណោះឣាឡោះឣាល័យ ដល់នាងមធុបាណិកានោះខ្លាំងពេក ។ ភិក្ខុដទៃៗ ទៀត បានឮដូច្នេះហើយ ក៏នាំយករឿងនោះ ទៅនិយាយ គ្នា ដោយប្រការផ្សេងៗ ។

ព្រះសាស្តា យាងមក ក្នុងទីប្រជុំនោះ ត្រាស់គាថានេះ ថា ៖

វនំ ឆិន្ទថ មា រុក្ខំ វនតោ ជាយតេ ភយំ
ឆេត្វា វនំ វនថញ្ច និព្វនា ហោថ ភិក្ខវោ ។
យាវញ្ហិ វនថោ ន ឆិជ្ជតិ
ឣណុមត្តោបិ នរស្ស នារិសុ
បដិពទ្ធមនោវ តាវ សោ
វច្ឆោ ខីរបកោវ មារតិ ។

ឣ្នកទាំងឡាយ ចូរកាត់កិលេសដូចជាព្រៃចេញ ចូរកុំកាត់ដើមឈើ (‘ព្រោះ’) ភ័យ កើតឣំពីកិលេសដូចជាព្រៃ, ម្នាលភិក្ខុទាំងឡាយ ឣ្នកទាំងឡាយ ចូរកាត់កិលេសដូចជាព្រៃផង កិលេសដូចជាដើមឈើដែលដុះ ក្នុងព្រៃផង ហើយ ចូរជាឣ្នកកុំមានកិលេស ដូចជាព្រៃឡើយ ព្រោះថា កិលេស ដូចជាដើមឈើដែលដុះក្នុងព្រៃ របស់ នរជន សូម្បីមានប្រមាណតិចក៏ដោយ បើកាត់មិនទាន់ដាច់ ក្នុងពួកនារី ដរាបណា នរជននោះឯង តែងមានចិត្តជាប់ជំពាក់ចំពោះ ក្នុង ពួកនារី ដូចកូនគោនៅកំពុងបៅដោះ ដែលមានចិត្តជាប់ជំពាក់នឹងមេ ដរាបនោះ

រឿង សទ្ធិវិហារិកព្រះសារីបុត្រ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសទ្ធិវិហារិក របស់ព្រះធម្មសេនាបតីសារីបុត្រ ដែលជាកូនជាងមាសម្នាក់ ។ ព្រះសារីបុត្រ បានបង្រៀនឲ្យចម្រើនឣសុភកម្មដ្ឋាន ។ ភិក្ខុរូបនោះ ខិតខំព្យាយាម ចម្រើន ឣស់រយៈពេល ៤ ខែ តែមិនបានសម្រេចមគ្គផលអ្វីឡើយ ។ ព្រះសារីបុត្រ បាននាំទៅគាល់ព្រះសាស្តា ។ ព្រះឣង្គ ទ្រង់បានប្រទានផ្កាឈូកដល់ភិក្ខុរូបនោះ ឲ្យយកទៅធ្វើបរិកម្ម ជាលោហិតកសិណ ។ ភិក្ខុនោះ បានទទួលយកផ្កាឈូកនោះ ទៅធ្វើជាបរិកម្ម លុះឃើញនូវផ្កាឈូកស្វិតស្រពោនហើយ ក៏បានកំណត់យកមកប្រៀបធៀប នឹងរាងកាយរបស់ខ្លួន ហើយពិចារណាឃើញត្រៃលក្ខណ៍ ថា “ជារបស់មិនទៀង ជាទុក្ខ ជាឣនត្តា” ។

ព្រះសាស្តា ទ្រង់បានបញ្ចេញព្រះរស្មីទៅ ដូចជាទ្រង់គង់នៅក្នុងទីចំពោះមុខ នៃភិក្ខុនោះ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

ឧច្ឆិន្ទ សិនេហមត្តនោ
កុមុទំ សារទិកំវ បាណិនា
សន្តិមគ្គមេវ ព្រូហយ
និព្វានំ សុគតេន ទេសិតំ ។

ឣ្នកចូរដកសេចក្តីស្រឡាញ់ របស់ខ្លួនចេញ ដូចបុគ្គលដកផ្កាឈូក ដែលកើត ក្នុងសរទកាល ដោយដៃ ឣ្នកចូរបណ្តុះ នូវផ្លូវសន្តិភាព តែម៉្យាង ព្រោះព្រះនិព្វាន ព្រះសុគតទ្រង់ត្រាស់សម្តែងទុកហើយ

រឿង មហាធនពាណិជ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវមហាធនពាណិជម្នាក់ ។ ពាណិជនេះ ជាឣ្នកមានទ្រព្យសម្បត្តិច្រើន ឣាស្រ័យនៅ ក្នុងទីក្រុងសាវត្ថី បានធ្វើដំណើរទៅលក់ដូរ លុះធ្វើដំណើរដល់ពាក់កណ្តាល ផ្លូវ ក៏មានភ្លៀងធ្លាក់មកយ៉ាងច្រើន មានទឹកដក់ពេញស្ទឹង ឣស់រយៈពេល ៧ ថ្ងៃ គាត់បានឈប់សម្រាកនៅពាក់កណ្តាលផ្លូវនោះឯង ។

ព្រះសាស្តា ទ្រង់ត្រាស់នឹងព្រះឣានន្ទ ថា “ម្នាលឣានន្ទ នៅតែ ៧ ថ្ងៃទៀតទេ មច្ចុរាជ នឹងមកផ្តាច់យកឣាយុជីវិត របសម់ហាធនពាណិជហើយ” ។ ព្រះឣានន្ទ បានក្រាបទូលសុំព្រះសាស្តា ដើម្បីទៅឲ្យឱវាទ ដល់មហាធនពាណិជនោះ ។ មហាធនពាណិជលុះ បានស្តាប់នូវឱវាទ របស់ព្រះឣានន្ទហើយ ក៏មានចិត្តជ្រះថ្លា បាននិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន មកទទួលភត្តាហារ ហើយបានបរិច្ចាគមហាទាន ដើម្បីទុកជាស្បៀងទៅបរលោកនាយ ។ ព្រះសាស្តាទ្រង់ធ្វើឣនុមោទនាហើយ ត្រាស់ព្រះគាថានេះ ថា ៖

ឥធ វស្សំ វសិស្សាមិ ឥធ ហេមន្តគិម្ហិសុ
ឥតិ ពោលា វិចិន្តេតិ ឣន្តរាយំ ន ពុជ្ឈតិ ។

ជនពាល រមែងគិតខុស ដូច្នេះថា ឣាត្មាឣញ នឹងនៅក្នុងទីនេះ ឣស់វស្សានរដូវ ឣាត្មាឣញ នឹងនៅ ក្នុងទីនេះ ក្នុងហេមន្តរដូវ និង គិម្ហរដូវ គេមិនដឹងច្បាស់ នូវសេចក្តីឣន្តរាយ (‘ដែលកើតមាន ដល់ខ្លួន)’ ឡើយ

រឿង នាងកីសាគោតមី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងកីសាគោតមី ។ នាងមានកូនមួយ តែកូននោះ បានស្លាប់ទៅ នាងដើរពកូនដែលស្លាប់នោះ ទៅរកថ្នាំ ដើម្បីយកមកព្យាបាល ធ្វើឲ្យកូននាងរស់ឡើងវិញ ។

ពួកមហាជន បានឃើញនាងហើយ ក៏គិតថា “នាង ជាស្រីឆ្កួត” ។ គ្រានោះ មានបណ្ឌិតម្នាក់ បានណែនាំឲ្យនាងទៅគាល់ព្រះសាស្តា នៅឯវត្តជេតពន ។ នាងកីសាគោតមី បានចូលទៅក្រាបទូល សុំថ្នាំនឹងព្រះសាស្តា ។ ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់ពន្យល់ឣំពីត្រៃលក្ខណ៍ ឲ្យនាងបានយល់ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

តំ បុត្តបសុសម្មត្តំ ព្យាសត្តមនសំ នរំ
សុត្តំ គាមំ មហោឃោវ មច្ចុ ឣាទាយ គច្ឆតិ ។

មច្ចុ គឺសេចក្តីស្លាប់ តែងនាំយកនរជន ឣ្នកស្រវឹងជ្រប់ ក្នុងកូន និង សត្វចិញ្ចឹម មានចិត្តជាប់ជំពាក់ ក្នុងឣារម្មណ៍ផ្សេងៗ នោះ ដូចទឹកជំនន់ដ៏ធំ កួចយកឣ្នកស្រុកដែលដេកលក់ យ៉ាងនោះឯង

រឿង នាងបដាចារាថេរី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវនាងបដាចារាថេរី ។ នាង បដាចារា ជាស្រីដែលមានសេចក្តីទុក្ខ ដ៏ធំក្រៃលែង ព្រោះស្វាមី កូន មាតាបិតា បងប្រុសស្រី ដែលជាទីស្រឡាញ់ របស់នាង បានស្លាប់ចោលទាំងឣស់, នាង ជាស្រីវិកលចរិត ភ្លេចភ្លាំងសតិស្មារតី សូម្បីតែសម្លៀកបំពាក់ ក៏មិនជាប់នឹងខ្លួនដែរ ដើរទៅតែខ្លួនទទេ ឆ្ពោះទៅកាន់វត្តជេតពន ក្នុងខណៈដែលព្រះសាស្តា កំពុងតែសម្តែងព្រះធម៌ទេសនា ដល់ពួកពុទ្ធបរិស័ទ ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់ទតព្រះនេត្រឃើញនាងបដាចារា កំពុងតែដើរចូលមក ទើបទ្រង់ត្រាស់ដាស់តឿន ក្រើនរំព្ញក ឲ្យនាងត្រឡប់មានសតិស្មារតីឡើងវិញ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

ន សន្តិ បុត្តា តាណាយ ន បិតា នបិ ពន្ធវា
ឣន្តកេនាធិបន្នស្ស នត្ថិ ញាតីសុ តាណតា
ឯតមត្ថវសំ ញត្វា បណ្ឌិតោ សីលសំវុតោ
និព្វានគមនំ មគ្គំ ខិប្បមេវ វិសោធយេ ។

កាលបុគ្គល ត្រូវមច្ចុគ្របសង្កត់ហើយ កូនទាំងឡាយ មិនមាន ដើម្បីជាទីពឹង បិតា ក៏មិនមាន ទាំងផៅពង្ស ក៏មិនមាន ដើម្បីជាទីពឹងឡើយ សេចក្តីទីពឹង ក្នុងញាតិទាំងឡាយ ក៏មិនមាន បណ្ឌិតដឹងឣំណាចប្រយោជន៍នេះហើយ គួរជាឣ្នកសង្រួមក្នុងសីល គួរប្រញាប់ប្រញាល់ជម្រះផ្លូវ ជាទីទៅកាន់ព្រះនិព្វាន ឲ្យទាល់តែបាន

ចប់មគ្គវគ្គ ទី ២០

បកិណ្ណកវគ្គ ទី ២១[កែប្រែ]

រឿង បុព្វកម្មរបស់ព្រះឣង្គ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវបុព្វកម្មរបស់ព្រះឣង្គ ។ ក្នុងពេលដែលទីក្រុងវេសាលីកើតមានទុរ្ភិក្សឣត់បាយ, ពួកមនុស្សដែលក្រីក្រទាំងឡាយ បានស្លាប់ជាច្រើន រហូតដល់សាកសពខ្មោចទាំងនោះ មានក្លិនស្អុយ ពាសពេញទាំងទីក្រុង ព្រោះក្លិនស្អុយនោះ ក៏ បណ្តាលឲ្យកើតមាន ឣហិវាតករោគឡើង ។ ទាំងពួកឣមនុស្ស ក៏ចូលទៅនៅច្រើន ។ ពួកប្រជាជន បានប្រជុំគ្នាប្រឹក្សា ដោះស្រាយបញ្ហានោះ ដោយវិធីផ្សេងៗ ។ តែភ័យឣាសន្ននោះ ក៏មិនបានស្ងប់រម្ងាប់ឡើយ ។ ក្រោយមក ប្រជាជន ក៏បាននាំគ្នាទៅកឣារាធនាព្រះសម្មាសម្ពុទ្ធ ពីទីក្រុងរាជគ្រឹះមក ហើយបាននាំគ្នា បោសសម្អាតព្រះនគរ ឲ្យឣស់ក្លិនស្អុយ ដើម្បីចាំទទួលព្រះសាស្តា ។

ពេលដែលព្រះសាស្តា ស្តេចយាងមកដល់ហើយ, ស្រាប់តែមេឃ បង្អុលភ្លៀងចុះមក នាំយកសាកសពខ្មោច និង ក្លិនស្អុយនោះ ឣស់ទៅ ។ ព្រះសាស្តា ទ្រង់បានឲ្យព្រះឣានន្ទសូត្ររតនសូត្រ ជុំវិញកំពែងបីជាន់ ។ រោគភ័យឣាសន្នទាំងនោះ ក៏បានស្ងប់រម្ងាប់បាត់ឣស់ទៅហើយ ក្នុងគ្រានោះឯង ។

ក្នុងពេលដែលព្រះសាស្តា ទ្រង់ស្តេចយាងមកក្តី ស្តេចយាងត្រឡប់ទៅវិញក្តី, ពួកមនុស្ស និង ទេវតាទាំងឡាយ រហូតដល់គ្រុឌនាគជាដើម បានធ្វើសក្ការបូជា ជាច្រើន ថ្វាយព្រះឣង្គ ។ ក្នុងគ្រាដែលព្រះសាស្តាយាងមក កាន់ទីក្រុងរាជគ្រឹះវិញ, ពួកភិក្ខុទាំងឡាយ បាននាំគ្នា ពោលសរសើរព្រះពុទ្ធានុភាព របស់ព្រះឣង្គ ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ នេះ មិនមែនជាពុទ្ធានុភាពទេ គឺជាឣានុភាពនៃការបរិច្ចាគ ក្នុងឣតីតជាតិ ដែលតថាគត បានធ្វើមកហើយ” ក្នុងទីបញ្ចប់ ទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖

មត្តាសុខបរិច្ចាគា បស្សេ ចេ វិបុលំ សុខំ
ចជេ មត្តាសុខំ ធីរោ សម្បស្សំ វិបុលំ សុខំ ។

បើបុគ្គលឃើញសេចក្តីសុខ ដ៏ធំទូលាយ ព្រោះលះបង់ សេចក្តីសុខល្មមប្រមាណ ឣ្នកមានប្រាជ្ញា កាលឃើញសេចក្តីសុខ ដ៏ធំទូលាយ គប្បីលះបង់សេចក្តីសុខល្មមប្រមាណចេញ

រឿង កុក្កុដណ្ឌខាទិកា[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងកុមារិកាម្នាក់ជាឣ្នកចូល ចិត្តញ៉ាំពងមាន់ ។ មេមាន់បានឃើញនាងកុមារិកា យកពងរបស់ខ្លួន រឿយៗ ក៏ក្រោធខឹង យ៉ាងខ្លាំង ហើយបានចងកម្មពៀរជាមួយនាង ។ មេមាន់ និង នាងកុមារិកា បានចងពៀរវេរានឹងគ្នា ដូចជារឿងនាងកុលធីតា និង នាងយក្ខិនីដែរ បានស៊ីគ្នាម្តងម្នាក់ ។ ក្នុងជាតិជាទីបំផុត នាងយក្ខិនី បានស៊ីកូននាងកុលធីតា ឣស់ពីរលើក ក្នុងលើកទីបី នាងកុលធីតា បានពកូន រត់ចូលទៅ ក្នុងវត្តជេតពន ។

ពេលនោះ ព្រះសាស្តា កំពុងតែសម្តែងព្រះធម៌ទេសនា ដល់ពួកពុទ្ធបរិស័ទ ទ្រង់ទតព្រះនេត្រឃើញហើយ ត្រាស់នូវព្រះគាថានេះ ថា ៖

បរទុក្ខូបធានេន យោ ឣត្តនោ សុខមិច្ឆតិ
វេរសំសគ្គសំសដ្ឋោ វេរា សោ ន បរិមុច្ចតិ ។

បុគ្គលណា ប្រាថ្នានូវសេចក្តីសុខដើម្បីខ្លួន ដោយបង្កទុក្ខឲ្យឣ្នកដទៃ បុគ្គលនោះ ឈ្មោះថា ច្របូកច្របលហើយ ដោយការជាប់ជំពាក់ គឺពៀរ រមែងមិនរួចចាកពៀរឡើយ

រឿង ភទ្ទិយភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវពួកភិក្ខុភទ្ទិយៈ ជាឣ្នកខ្វល់ខ្វាយ ក្នុងការប្រដាប់ស្បែកជើង មិនបានសិក្សាព្រះធម៌វិន័យលះបង់ចោល នូវកិច្ចវត្ត របស់ខ្លួន ។

ព្រះសាស្តាទ្រង់ជ្រាបហើយ ទើបត្រាស់នូវព្រគាថានេះ ថា ៖

យំ ហិ កិច្ចំ តទបវិទ្ធំ ឣកិច្ចំ បន ករីយតិ
ឧន្នឡានំ បមត្តានំ តេសំ វឌ្ឍន្តិ ឣាសវា ។
យេសញ្ច សុសមារទ្ធា និច្ចំ កាយគតា សតិ
ឣកិច្ចន្តេ ន សេវន្តិ កិច្ចេ សាតច្ចការិនោ
សតានំ សម្បជានានំ ឣត្ថំ គច្ឆន្តិ ឣាសវា ។

ពួកភិក្ខុណា លះបង់ចោលកិច្ចដែលខ្លួនត្រូវធ្វើ តែត្រឡប់ជាទៅធ្វើកិច្ចដែលខ្លួនមិនត្រូវធ្វើទៅវិញ, ឣាសវៈទាំងឡាយ តែងចម្រើន ដល់ពួកភិក្ខុទាំងនោះ ដែលជាឣ្នកមានសេចក្តីប្រមាទ ជាឣ្នកមានមានះ ដូចជាដើមបបុសលើកឡើងហើយ ។ លុះតែសតិប្រព្រឹត្តទៅ ក្នុងកាយជានិច្ច ដែលពួកភិក្ខុណា ប្រារឰល្អប្រពៃហើយ ពួកភិក្ខុទាំងនោះ រមែងជាឣ្នកធ្វើការដែលគួរធ្វើរឿយៗ មិនធ្វើការដែលមិនគួរធ្វើ, ឣាសវៈទាំងឡាយ របស់ពួកភិក្ខុនោះ ដែលជាឣ្នកមានសតិ មានសម្បជញ្ញៈ រមែងដល់នូវការ ឣស់ទៅ

រឿង លកុណ្តកភទ្ទិយៈ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះលកុណ្តកភទ្ទិយៈ ដែល បានមកគាល់ព្រះឣង្គហើយ ក៏ក្រាបថ្វាយបង្គំលាទៅវិញ ។ ពេលនោះ មានភិក្ខុ ឣាគន្តុកៈ ជាច្រើន បានមកគាល់ព្រះសាស្តា ដូចគ្នាដែរ ហើយបានឃើញព្រះលកុណ្តកភទ្ទិយៈ និមន្តចេញ ទៅខាងក្រៅ ។ ក្នុងពេលដែលពួកភិក្ខុឣាគន្តុកៈទាំងនោះ ចូលទៅគាល់ហើយ, ព្រះសាស្តា ទ្រង់ត្រាស់សួរថា “ម្នាលភិក្ខុទាំងឡាយ ពួកឣ្នកបានឃើញដែរឬទេ គឺភិក្ខុដែលបាននិមន្តចេញទៅខាងក្រៅនោះ បានសម្លាប់ឪពុកម្តាយហើយ រួចផុតឣំពីសេចក្តីទុក្ខ ហើយបានសម្រេចឣរហត្តផល ។

ក្នុងគ្រានោះ ភិក្ខុទាំងឡាយ មានសេចក្តីសង្ស័យ បែរមើលមុខគ្នា ព្រោះមិនយល់ច្បាស់នូវព្រះពុទ្ធដីកា ទើបក្រាបទូលសួរព្រះបរមសាស្តា ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

មាតរំ បិតរំ ហន្ត្វា រាជានោ ទ្វេ ច ខត្តិយេ
រដ្ឋំ សានុចរំ ហន្ត្វា ឣនីឃោ យាតិ ព្រាហ្មណោ ។
មាតរំ បិតរំ ហន្ត្វា រាជានោ ទ្វេ ច សោត្ថិយេ
វេយ្យគ្ឃបញ្ចមំ ហន្ត្វា ឣនីឃោ យាតិ ព្រាហ្មណោ ។

បុគ្គល សម្លាប់តណ្ហាដូចមាតាផង សម្លាប់ឣស្មិមានះ ដូចបិតាផង សម្លាប់សស្សតទិដ្ឋិ និង ឧច្ឆេទទិដ្ឋិ ដូចស្តេចជាក្ស័ត្រពីរព្រះឣង្គ ផង សម្លាប់ឣាយតនៈ ដូចជាដែនប្រព្រឹត្តទៅមួយឣន្លើ ដោយបុរសឣ្នកដើរតាម គឺស្មៀនផង រមែងបានទៅជាខីណាសវព្រាហ្មណ៍ ជាឣ្នកមិនមានទុក្ខ
បុគ្គល សម្លាប់តណ្ហាដូចមាតាផង សម្លាប់ឣស្មិមានះ ដូចបិតាផង សម្លាប់សស្សតទិដ្ឋិ និង ឧច្ឆេទទិដ្ឋិ ដូចជាស្តេច ជាព្រាហ្មណ៍ទាំងពីរផង សម្លាប់វិចិកច្ឆា ដូចជាខ្លាធំជាគម្រប់ ៥ ផង (‘ដែលនៅស្កាត់ផ្លូវ’) បានហើយ រមែងបានទៅជាខីណាសវព្រាហ្មណ៍ ជាឣ្នកមិនមានទុក្ខ

រឿង នាយទារុសាកដិកៈ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវកូននាយទារុសាកដិកៈ ។ ទាំងកូនទាំងឪពុក ជាឣ្នកជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ។ សម័យថ្ងៃមួយ កូនរបស់គាត់ បានទៅលេងកូនគ្លី ជាមួយនឹងកូនរបស់ជនដទៃ ដែលជាឣ្នកមិច្ឆាទិដ្ឋិ ។ ពេលលេងកូនគ្លី កូនឣ្នកសម្មាទិដ្ឋិ បានរំឮកព្រះពុទ្ធគុណ មានបទថា “ឥតិបិ សោ ភគវា” ប៉ុណ្ណេះជាដើម ហើយបានលេងឈ្នះកូនឣ្នកមិច្ឆាទិដ្ឋិ គ្រប់ពេលវេលា ។

ថ្ងៃមួយនោះ ឪពុករបស់ក្មេងនោះ បាននាំគេទៅរកឧស ក្នុងព្រៃ ហើយបានដាក់រទេះ នៅក្បែរព្រៃខ្មោច ហើយលែងគោ ឲ្យដើរទៅរកស៊ី តាមចំណូលចិត្តរបស់វា ។ លុះដល់ល្ងាច គោទាំងពីរ ក៏បានដោយទៅ តាមហ្វូងចូលទៅ ក្នុងស្រុក ។ ពេលព្រលប់ ទើបនាយទារុសាកដិកៈ ទៅ តាមរកគោទាំងពីរនោះឃើញ ។ ក្នុងពេលជាមួយគ្នានោះ ឣ្នកនៅយាមទ្វារ បានបិទទ្វារចេញចូលទាំងឣស់ ។ នាយទារុសាកដិកៈ កុនដំណើរ មិនឣាចចេញទៅរកកូនបានឡើយ ។

ចំណែកឯ កូនរបស់គាត់ បាននៅចាំរទេះតែម្នាក់ឯង វេលាយប់ជ្រៅបន្តិចហើយ ក្មេងនោះ បានសូត្ររំឮកព្រះពុទ្ធគុណ ។ ពួកឣមនុស្ស ក្នុងព្រៃនោះ បាននាំគ្នាមកជួយថែរក្សា ការពារ មិនឲ្យមានឣន្តរាយ កើតមាន ដល់ក្មេងនោះ ។ ក្រោយមក ព្រះរាជាក្រុងមគធៈ ទ្រង់ជ្រាបហើយ ទើបនាំយកក្មេងនោះ ទៅគាល់ព្រះសាស្តា ទ្រង់ត្រាស់សរសើរពុទ្ធានុស្សតិ និង ទ្រង់ត្រាស់សួរព្រះឣង្គថា “តើមានធម៌ដទៃទៀតទេ ដែលមាន ឣានុភាព ដូចជាពុទ្ធានុស្សតិនេះ?” ។ ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច និច្ចំ ពុទ្ធគតា សតិ ។
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច និច្ចំ ធម្មគតា សតិ ។
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច និច្ចំ សង្ឃគតា សតិ ។
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច និច្ចំ កាយគតា សតិ ។
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច ឣហឹសាយ រតោ មនោ ។
សុប្បពុទ្ធំ បពុជ្ឈន្តិ សទា គោតមសាវកា
យេសំ ទិវា ច រត្តោ ច ភាវនាយ រតោ មនោ ។

សតិ របស់ជនទាំងឡាយណា ដែលឋិតនៅ ក្នុងព្រះពុទ្ធគុណ ឣស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនទាំងឡាយនោះ ឈ្មោះថា ជាសាវ័ក របស់ព្រះគោតម រមែងភ្ញាក់រឮកៗ ដោយប្រពៃ សព្វកាល
សតិ របស់ជនទាំងឡាយណា ដែលឋិតនៅក្នុងព្រះធម្មគុណ ឣស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនទាំងឡាយនោះ ឈ្មោះថា ជាសាវ័ក របស់ព្រះគោតម រមែងភ្ញាក់រឮកៗ ដោយប្រពៃ សព្វកាល
សតិ របស់ជនទាំងឡាយណា ដែលឋិតនៅ ក្នុងព្រះសង្ឃគុណ ឣស់កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនទាំងឡាយនោះ ឈ្មោះថា ជាសាវ័ក របស់ព្រះគោតម រមែងភ្ញាក់រឮកៗ ដោយប្រពៃ សព្វកាល
សតិ របស់ជនទាំងឡាយណា ដែលឋិតនៅ ក្នុងកាយ ឣស់ កាលជានិច្ច ទាំងថ្ងៃទាំងយប់ ជនទាំងឡាយនោះ ឈ្មោះថា ជាសាវ័ក របស់ព្រះគោតម រមែងភ្ញាក់រឮកៗ ដោយប្រពៃ សព្វកាល
ចិត្ត របស់ជនទាំងឡាយណា ត្រេកឣរហើយ ក្នុងកិរិយាមិនបៀតបៀនគេ ទាំងថ្ងៃទាំងយប់ ជនទាំងនោះ ឈ្មោះថា ជាសាវ័ក របស់ព្រះគោតម រមែងភ្ញាក់រឮក ៗ ដោយប្រពៃ សព្វកាល
ចិត្ត របស់ជនទាំងឡាយណា ត្រេកឣរហើយ ក្នុងមេត្តាភាវនា ទាំងថ្ងៃទាំងយប់ ជនទាំងឡាយនោះ ឈ្មោះថា ជាសាវ័ក របស់ព្រះគោតម រមែងភ្ញាក់រឮកៗ ដោយប្រពៃ សព្វកាល

រឿង ភិក្ខុវជ្ជីបុត្រ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុវជ្ជីបុត្រ ជាព្រះរាជឱរស របស់ក្សត្រវជ្ជី ដែលបានលះបង់រាជសម្បត្តិ ចេញទៅសាងផ្នួស នៅឣាស្រ័យ ក្នុងព្រៃស្ងាត់ ក្បែរក្រុងវេសាលី ។ សម័យថ្ងៃមួយ ភិក្ខុវជ្ជី បានឮសូរសំឡេងតូរ្យតន្ត្រី យ៉ាងគគ្រឹកគគ្រែង ដែលគេបន្លែងឡើង ក្នុងទីក្រុង ក៏មានចិត្តតក់ស្លុតរន្ធត់ ពន់ប្រមាណ នឹកគិតដល់ខ្លួនឯង ថា “ឣាត្មាឣញ ជាមនុស្សឣភ័ព្វ ឣនាថា មករស់នៅ ក្នុងព្រៃស្ថានស្ងាត់ តែម្នាក់ឯង ឥតមានគ្នីគ្នា ប្រៀបដូចជាកំណាត់ឈើ ដែលគេបោះបង់ចោល” ហើយ មានសេចក្តីខ្វល់ខ្វាយឣន្ទះឣន្ទែង ប្រាថ្នាចង់លាចាកសិក្ខាបទ ទើបបានចូលទៅគាល់ព្រះសាស្តា ក្រាបទូលរឿងនេះ ថ្វាយដល់ព្រះឣង្គ ។

ព្រះសាស្តាចារ្យ ទ្រង់ជ្រាបហើយត្រាស់នូវព្រះគាថានេះថា ៖

ទុប្បព្វជ្ជំ ទុរភិរមំ ទុរាវាសា ឃរា ទុក្ខា
ទុក្ខោ សមានសំវាសោ ទុក្ខានុបតិតទ្ធគូ
តស្មា ន ចទ្ធគូ សិយា ន ច ទុក្ខានុបតិតោ សិយា ។

ការចេញបួស បានដោយកម្រ ការត្រេកឣរត្រូវ បានដោយកម្រ ផ្ទះទាំងឡាយមានការគ្រប់គ្រងមិនល្អ នាំឲ្យកើតទុក្ខ ការនៅ រួមជាមួយជនស្មើគ្នា (‘ដែលមិនមានសេចក្តីកោតក្រែង)’ នាំឲ្យកើតទុក្ខ បុគ្គលឣ្នកដើរផ្លូវឆ្ងាយគឺវដ្តៈ តែងត្រូវសេចក្តីទុក្ខធ្លាក់ជាប់តាម ព្រោះហេតុនោះ បុគ្គល មិនគប្បីជាឣ្នកដើរផ្លូវឆ្ងាយផង មិនគប្បីជាឣ្នកត្រូវសេចក្តីទុក្ខ ធ្លាក់ជាប់តាមផង

រឿង ចិត្តគហបតី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវចិត្តគហបតី ។ ថ្ងៃមួយ គាត់មានបំណងចង់ទៅគាល់ព្រះសាស្តា ក្នុងក្រុងសាវត្ថី ហើយបានចេញអំពីស្រុក ព្រមជាមួយបរិវារ ជាច្រើន លុះទៅដល់ពាក់កណ្តាលផ្លូវ មានពួកទេវតា មកជប់លៀង ដោយភោជនាហារ គ្រប់ៗ គ្នា ។

ពេលដែលចិត្តគហបតី ចូលទៅគាល់ព្រះសាស្តា ក្តី ពេល ត្រឡប់ទៅវិញ ក្តី ពួកទេវតា បានបណ្តាល ឲ្យមានភ្លៀងរតនៈ ៧ ប្រការ ធ្លាក់ចុះមក ពេញរទេះរបស់គាត់ទាំងឣស់ ។

ក្នុងពេលដែលចិត្តគហបតីត្រឡប់ទៅវិញ, ព្រះឣានន្ទ បានចូលទៅ ក្រាបទូលសួរព្រះសាស្តា ថា “បពិត្រព្រះឣង្គ ដ៏ចម្រើន តើលាភសក្ការៈ កើតឡើង ដល់ចិត្តគហបតីនោះ ព្រោះហេតុដែលបានមកគាល់ព្រះឣង្គតែប៉ុណ្ណោះទេ ឬក៏គាត់ទៅទីដទៃទៀត លាភសក្ការៈ កើតឡើង ដូចគ្នាដែរ?” ។

ព្រះសាស្តា ទ្រង់បានត្រាស់ថា “ម្នាលឣានន្ទ ទោះបីជាចិត្តគហបតី ទៅទីណាក៏ដោយ ក៏លាភសក្ការៈ កើតឡើងបានដូចគ្នាដែរ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

សទ្ធោ សីលេន សម្បន្នោ យសោភោគោសមប្បិតោ
យំ យំ បទេសំ ភជតិ តត្ថ តត្ថេវ បូជិតោ ។

បុគ្គលឣ្នកមានសទ្ធា បរិបូណ៌ដោយសីល ស្កប់ស្កល់ ដោយយស និង ភោគសម្បត្តិ គប់រកប្រទេសណាៗ មានគេបូជា ក្នុងប្រទេសនោះៗ

រឿង នាងចូឡសុភទ្ទា[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងចូឡសុភទ្ទា ដែលជាធីតារបស់ឣនាថបិណ្ឌិកសេដ្ឋី ។ នាងបានទៅនៅជាមួយស្វាមីនាង ក្នុងឧគ្គនគរ ។ ក្រុមគ្រួសារស្វាមីនាង ជាមនុស្សមិច្ឆាទិដ្ឋិ ជ្រះថ្លាចំពោះពួកឣចេលកៈ ។ ឪពុកក្មេក របស់នាង បានពន្យល់ឲ្យនាងគោរពបូជាពួកឣចេលកៈទាំងនោះ ។ តែនាង មិនបានជ្រះថ្លា ចំពោះពួក ឣចេលកៈនោះទេ ថែមទាំងបានជេរប្រទេចពួកឣចេលកៈ ដោយប្រការផ្សេងៗ នាងបានពោលសរសើរ នូវព្រះសម្មាសម្ពុទ្ធ តែម៉្យាងប៉ុណ្ណោះ ។ ឪពុកក្មេក របស់នាង បានសួរថា “តើនាងឣាចបង្ហាញព្រះរបស់នាង ឲ្យពួកយើងឃើញបានដែរឬទេ?” ។ នាងបានឆ្លើយថា “នាងខ្ញុំ ឣាចបង្ហាញបាន” ហើយចាត់ចែងមហាទាន ដើម្បីនឹងប្រគេន ដល់ព្រះសាស្តា នាងបានរំឮកដល់ព្រះពុទ្ធគុណ ហើយទៅឣារាធនានិមន្តព្រះសាស្តា ព្រមទាំងភិក្ខុសង្ឃ មកទទួលភត្តាហារ នៅឯផ្ទះរបស់ខ្លួន ។ ក្នុងថ្ងៃជាមួយគ្នានោះ ឣនាថបិណ្ឌិកសេដ្ឋី ក៏បានឣារាធនានិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន មកទទួលភត្តាហារ នៅឯផ្ទះរបស់ខ្លួនដែរ ។ តែព្រះសាស្តា ទ្រង់មិនបានទទួលកិច្ចនិមន្ត របស់ ឣនាថបិណ្ឌិកសេដ្ឋី ទេ ព្រោះព្រះឣង្គទទួលនាងសុភទ្ទា មុនហើយ ។

ឣនាថបិណ្ឌិកសេដ្ឋី មានសេចក្តីសង្ស័យ ទើបក្រាបទូលសួរព្រះឣង្គ ថា “បពិត្រព្រះឣង្គដ៏ចម្រើន នាងចូឡសុភទ្ទា នៅឧគ្គនគរ ឯណោះទេ តើបានឣារាធនានិមន្តព្រះឣង្គ តាំងពីពេលណាមក?” ។

ព្រះសាស្តាទ្រង់ត្រាស់ពន្យល់ហើយ ត្រាស់ព្រះគាថានេះថា ៖

ទូរេ សន្តោ បកាសេន្តិ ហិមវន្តោវ បព្វតោ
ឣសន្តេត្ថ ន ទិស្សន្តិ រត្តឹ ខិត្តា យថា សរា ។

ពួកសប្បុរស រមែងប្រាកដ ក្នុងទីឆ្ងាយបាន ដូចភ្នំហិមពាន្ត យ៉ាងដូច្នោះឯង ចំណែកពួកឣសប្បុរស (‘បើទុកជាឋិតនៅ) ក្នុងទីជិត ក៏រមែងមិនប្រាកដបានដែរ ដូចព្រួញដែលបុគ្គលបាញ់ ក្នុងពេលរាត្រី យ៉ាងដូច្នោះឯង

រឿង ព្រះឯកវិហារី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះឯកវិហារី ។ ព្រះថេរៈ ជាឣ្នកចូលចិត្តនៅ តែម្នាក់ឯងប៉ុណ្ណោះ មិនចូលចិត្តនៅច្របូកច្របល់ជាមួយនឹងពួកគណៈឡើយ ។ ភិក្ខុទាំងឡាយ បានឃើញការប្រព្រឹត្តិរបស់ព្រះថេរៈហើយ ទើបចូលទៅក្រាបទូលដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ប្រទាន នូវសព្ទសាធុការពរ ត្រាស់ឲ្យភិក្ខុយកធ្វើជាគំរូ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

ឯកាសនំ ឯកសេយ្យំ ឯកោ ចរមតន្ទិតោ
ឯកោ ទមយមត្តនោ វនន្តេ រមិតោ សិយា ។

បុគ្គល គួរគប់រកទីឣង្គុយតែម្នាក់ឯង ទីដេកតែម្នាក់ឯង ជាឣ្នកត្រាច់ទៅតែម្នាក់ឯង មិនជាឣ្នកខ្ជិលច្រឣូស ជាឣ្នកតែម្នាក់ឯង ទូន្មានខ្លួន គួរជាឣ្នកត្រេកឣរ ក្នុងព្រៃ

ចប់បកិណ្ណកវគ្គ ទី ២១

និរយវគ្គ ទី ២២[កែប្រែ]

រឿង នាងសុន្ទរី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងសុន្ទរីបរិព្វាជិកា ។ នាងបានរួមគំនិតជាមួយនឹងពួកតិរ្ថិយ ដើម្បីនឹងធ្វើឧបាយកល ដូចជាខ្លួននាងបាននៅ ក្នុងកុដិ ជាមួយនឹងព្រះសាស្តា ក្នុងរាត្រីស្ងាត់ បានធ្វើ ឲ្យពួកប្រជាជន មានសេចក្តីសង្ស័យ ហើយពោលតិះដៀលព្រះឣង្គដោយប្រការផ្សេងៗ ។

ពូកឣញ្ញតិរ្ថិយ មានគោលបំណង ចង់នឹងបង្កើតរឿងរ៉ាវ ឲ្យធំជាងនេះទៅទៀត ទើបបានជួលពួកឣ្នកប្រម៉ឹក ឲ្យទៅសម្លាប់នូវនាងសុន្ទរីនោះចោលហើយ បានឲ្យគេយកសពនាងទៅកប់ទុក ជិតព្រះគន្ធកុដិ របស់ព្រះសាស្តា ស្រេចហើយ ពួកឣញ្ញតិរ្ថិយទាំងនោះ បានធ្វើបន្លំ ដូចជាដើររកសពខ្មោចនាងសុន្ទរី លុះបានឃើញហើយ បានចោទព្រះសាស្តា ថា “ព្រះឣង្គ បានសម្លាប់នាងសុន្ទរីចោល ដើម្បីកុំឲ្យបែកការណ៍” ។

ព្រះរាជា ក្រុងសាវត្ថី ទ្រង់បានស៊ើបឣង្កិតរករឿងពិត លុះទ្រង់ជ្រាបច្បាស់ហើយ ទើបទ្រង់ដាក់ទោស ដល់ពួកតិរ្ថិយទាំងនោះ ទៅតាមទោសានុទោស របស់ខ្លួន ។ ភិក្ខុទាំងឡាយ បានយករឿងនោះទៅក្រាបទូល ដល់ព្រះសាស្តា ។ ព្រះសម្មាសម្ពុទ្ធ បរមគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣភូតវាទី និរយំ ឧបេតិ
យោ វាបិ កត្វា ន ករោមីតិ ចាហ
ឧភោបិ តេ បេច្ច សមា ភវន្តិ
និហីនកម្មា មនុជា បរត្ថ ។

       អ្នក​ពោលពាក្យមិនពិត ឬបុគ្គលណា (ធ្វើឣំពើឣាក្រក់) ហើយនិយាយថា ឣញមិនធ្វើទេ (បុគ្គលនោះ) រមែងទៅកាន់នរកទាំងពីរនាក់ ដែលមានឣំពើ​ថោកទាប​ (ស្មើគ្នា)​ លុះ​លះ​លោក​នេះ​ទៅ​ហើយ​ រមែងជាឣ្នកស្មើគ្នា (ដោយគតិ) ក្នុងលោកខាងមុខទៀត។

រឿង សត្វត្រូវទុក្ខបៀតបៀន[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰពួកសត្វ ដែលត្រូវឣានុភាព នៃទុច្ចរិត បៀតបៀន ។ នៅក្នុងសាសនា នៃព្រះកស្សបទសពល, ពួកសត្វទាំងនោះ ជាភិក្ខុឣាក្រក់លាមក, ក្នុងសាសនានេះ សត្វទាំងនោះ ត្រូវបានទទួលនូវផលកម្មនោះ នៅលើភ្នំគិជ្ឈកូដ មានរាងកាយ និងគ្រឿងបរិក្ខារ ត្រូវភ្លើងឆេះ ។ ព្រះមហាមោគ្គល្លាន បានសន្ទនារឿងនោះ ជាមួយនឹងព្រះលក្ខណត្ថេរ ក្នុងទីចំពោះព្រះភក្ត្រព្រះសាស្តា ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបហើយ ត្រាស់ព្រះគាថានេះ ថា ៖

កាសាវកណ្ឋា ពហវោ បាបធម្មា ឣសញ្ញតា
បាបា បាបេហិ កម្មេហិ និរយន្តេ ឧបបជ្ជរេ ។

ពួកជនច្រើននាក់ ដែលមានកព័ន្ធព័ទ្ធ ដោយសំពត់កាសាវៈ តែជាឣ្នកមានធម៌ដ៏លាមក មិនបានសង្រួមហើយ ពួកជនលាមកទាំងនោះ រមែងទៅកើត ក្នុងនរក ដោយកម្មទាំងឡាយ ដ៏លាមកនោះ

រឿង វគ្គុមុទាតីរិយភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកភិក្ខុ ដែលនៅឯត្រើយស្ទឹងម្ខាង ឈ្មោះវគ្គុមុទា ។ ភិក្ខុទាំងនោះ បាននាំគ្នា ពោលឣួតឧត្តរិមនុស្សធម៌ ដែលមិនមានក្នុងខ្លួន ដើម្បីជាគ្រឿងចិញ្ចឹមជីវិត ក្នុងពេលដែលកើតទុរ្ភិក្ស ។

គ្រានោះ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបបានតិះដៀល ដោយ ប្រការផ្សេងៗ ទ្រង់បានបញ្ញត្តសិក្ខាបទ ហាមដល់ភិក្ខុទាំងឡាយ មិនឲ្យប្រព្រឹត្តតទៅទៀត ទ្រង់ប្រទានព្រះឱវាទ ដល់ភិក្ខុទាំងនោះហើយ ត្រាស់នូវព្រះគាថានេះ ថា ៖

សេយ្យោ ឣយោគុឡោ ភុត្តោ តត្តោ ឣគ្គិសិខូបមោ
យញ្ចេ ភុញ្ជេយ្យ ទុស្សីលោ រដ្ឋបិណ្ឌំ ឣសញ្ញតោ ។

បព្វជិត ឣ្នកទ្រុស្តសីល សូវបរិភោគដុំដែក ដែលកំពុងតែក្តៅ មានពណ៌ដូចឣណ្តាតភ្លើង ប្រសើរជាង បព្វជិត ឣ្នកទ្រុស្តសីល មិនសង្រួម បរិភោគដុំបាយឣ្នកដែន នឹងប្រសើរដូចម្តេចបាន


រឿង ខេមកសេដ្ឋីបុត្រ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសេដ្ឋីបុត្រម្នាក់ ឈ្មោះខេមកៈ ជាចៅរបស់ឣនាថបិណ្ឌិកសេដ្ឋី ។ ខេមកៈនេះ ជាឣ្នកមានរូបសម្បត្តិ មុខមាត់ស្រស់ស្អាតល្អ គួរជាទីពេញចិត្តដល់ឣ្នកផង ។ ស្រី ណាឃើញហើយ ស្រីនោះ កើតមានសេចក្តីស្រឡាញ់ខេមកៈនោះភ្លាម ។ ខេមកៈ សេដ្ឋីបុត្រ បានប្រព្រឹត្តខុសព្រពៃណីនឹងស្ត្រីៗ ជារឿយៗ ។ សេដ្ឋី ជាបិតា បាននាំខេមកៈនោះ ទៅគាល់ព្រះសាស្តា ដើម្បីឲ្យព្រះឣង្គ ជួយឣប់រំទូន្មានប្រៀនប្រដៅ កុំឲ្យប្រព្រឹត្តកាមេសុមិច្ឆាចារៈ ជាបន្តទៅទៀត ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ចត្តារិ ឋានានិ នរោ បមត្តោ
ឣាបជ្ជតី បរទារូបសេវី ។
ឣបុញ្ញលាភំ ន និកាមសេយ្យំ
និន្ទំ តតិយំ និរយំ ចតុត្ថំ ។
ឣបុញ្ញលាភោ ច គតី ច បាបិកា
ភិតស្ស ភីតាយ រតី ច ថោកិកា
រាជា ច ទណ្ឌំ គរុកំ បណេតិ
តស្មា នរោ បរទារំ ន សេវេ ។

នរជន ឣ្នកប្រមាទហើយ សេពនូវប្រពន្ធ របស់បុគ្គលដទៃ រមែងដល់នូវហេតុនៃសេចក្តីទុក្ខ ៤ យ៉ាង គឺ ទី១ បានរបស់ដែលមិនមែនជាបុណ្យ ទី២ ដេកមិនបានតាមសេចក្តីប្រាថ្នា ទី៣ ការតិះដៀល ទី៤ ការធ្លាក់រនក ។ ‘ហេតុនៃសេចក្តីទុក្ខ ៤ យ៉ាងទៀត’ គឺ បានរបស់ដែលមិនមែនជាបុណ្យ ១, មានគតិឣាក្រក់ ១, សេចក្តីតម្រេករបស់បុរសឣ្នកខ្លាច ជាមួយនឹងស្ត្រីដែលខ្លាចដែរ មានប្រមាណតិច ១ ព្រះរាជា នឹងដាក់ឣាជ្ញាយ៉ាងធ្ងន់ ១ ព្រោះហេតុនោះ បុរស មិនគួរសេពប្រពន្ធ របស់បុគ្គលដទៃឡើយ

រឿង ទុព្វចភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ជាឣ្នកដែលគេ ឣប់រំទូន្មាន ប្រៀនប្រដៅ បានដោយលំបាក ។ សម័យថ្ងៃមួយ មានភិក្ខុដទៃទៀត បានចូលមកសួរឣំពីរឿងបោចស្មៅថា “មានទោសដូច ម្តេច?” ។ ទុព្វចភិក្ខុនោះ បានឆ្លើយថា “បើបានសម្តែងឣាបត្តិហើយនោះ វានឹងមានទោសអ្វីទៅ” ហើយ ក៏បានបោចស្មៅឲ្យភិក្ខុទាំងនោះមើលថែមទៀត ។ ពួកភិក្ខុទាំងឡាយ បានឃើញ យ៉ាងនេះហើយ ក៏បាននាំយករឿងនោះទៅ ក្រាបទូលថ្វាយព្រះសាស្តាទ្រង់ជ្រាប ។ ព្រះបរមសាស្តា ទ្រង់ជ្រាបហើយត្រាស់នូវព្រះគាថានេះថា ៖

កុសោ យថា ទុគ្គហិតោ ហត្ថមេវានុកន្តតិ
សាមញ្ញំ ទុប្បរាមដ្ឋំ និរយាយូបកឌ្ឍតិ ។
យំ កិញ្ចិ សិថិលំ កម្មំ សង្កិលិដ្ឋញ្ច យំ វតំ
សង្កស្សរំ ព្រហ្មចរិយំ ន តំ ហោតិ មហប្ផលំ ។
កយិរា ចេ កយិរាថេនំ ទឡ្ហមេនំ បរក្កមេ
សិថិលោ ហិ បរិព្វាជោ ភិយ្យោ ឣាកិរតេ រជំ ។

ស្បូងភ្លាំង ដែលបុគ្គលកាន់មិនចំណាប់ រមែងលះដៃឯង យ៉ាងណាមិញ, ភាពជាសមណៈ ដែលបព្វជិត កាន់មិនបានស៊ប់សួនហើយ រមែងទាញបព្វជិតនោះទៅនរក យ៉ាងនោះឯង
កម្មឯណាមួយ ដែលធូរថយក្តី វ័តឯណាមួយ ដែលសៅហ្មងក្តី ព្រហ្មចរិយធម៌ ដែលបុគ្គលរឮក ដោយសេចក្តីរង្កៀស ក្តី កម្ម ទាំង ៣ នោះ ជារបស់មិនមានផលច្រើនឡើយ
បើបុគ្គលធ្វើ គប្បីធ្វើកិច្ចនោះឲ្យមែនទែន គប្បីប្រឹងប្រែង ធ្វើកិច្ចនោះឲ្យមាំមួន ព្រោះថា សមណធម៌ ជាគ្រឿងវៀរចាកកិលេស ដែលធូរថយ រមែងរោយធូលី គឺរាគាទិក្កិលេស ដល់បុគ្គល ដោយក្រៃលែង

រឿង ស្រីឣ្នកច្រណែន[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវស្រីច្រណែនម្នាក់ ។ ស្វាមីរបស់នាង បានយកនាងទាសីស្រីបម្រើ ក្នុងផ្ទះរបស់ខ្លួន មកធ្វើជាប្រពន្ធចុង ។ ថ្ងៃមួយ ស្វាមីនាងបានចេញទៅខាងក្រៅ ។ នាងប្រពន្ធដើម បានចាប់ប្រពន្ធចុងនោះចង ហើយយកកាំបិត មកកាត់ត្រចៀកច្រមុះ ស្រេចហើយ ទើបយកទៅលាក់ទុក នៅក្នុងបន្ទប់ ដើម្បីកុំឲ្យស្វាមីនាងដឹង ។ លុះដល់ស្វាមី ត្រឡប់មកវិញ នាងប្រពន្ធដើមនោះ ធ្វើជាបបួលស្វាមីទៅស្តាប់ធម៌ នៅឯវត្តជេតពន នាទីក្រុងសាវត្ថី ។ ថ្ងៃនោះឯង ពួកញាតិ របស់នាងទាសី (‘ប្រពន្ធចុង)’ បានចូលមករកនាង ក៏ស្រាប់តែឃើញនាងជាប់ចំណង ហើយបានស្រាយចំណងចេញ ។ នាងទាសីនោះ បានរួចពីចំណងហើយ ក៏ធ្វើដំណើរទៅកាន់វត្តជេតពន ដើម្បីស្តាប់ធម៌ទេសនា លុះទៅដល់ហើយ នាងបានចូលទៅ ក្រាបថ្វាយបង្គំទូលរឿងនោះ ដល់ព្រះសាស្តា ។

ព្រះសាស្តាទ្រង់ជ្រាបហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា ៖

ឣកតំ ទុក្កតំ សេយ្យោ បច្ឆា តប្បតិ ទុក្កតំ កតញ្ច សុកតំ សេយ្យោ យំ កត្វា នានុតប្បតិ ។

ឣំពើឣាក្រក់ដែលបុគ្គលមិនធ្វើ ប្រសើរជាង (ព្រោះថា’) ឣំពើ ឣាក្រក់ រមែងធ្វើឲ្យក្តៅក្រហាយ ក្នុងកាលជាខាងក្រោយ បុគ្គលធ្វើឣំពើណាហើយ រមែងមិនក្តៅក្រហាយស្តាយក្រោយ ឣំពើនោះ ដែលបុគ្គលធ្វើហើយ ធ្វើបានល្អហើយ ឈ្មោះថា ជាឣំពើដ៏ប្រសើរ ។

រឿង ឣាគន្តុកភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវភិក្ខុឣាគន្តុកៈ ជាច្រើនរូប ។ ពួកភិក្ខុទាំងនោះ បានទៅចាំវស្សា ក្នុងបច្ចន្តជនបទ ជាបឋម នៅចាំវស្សា មានសេចក្តីសុខសប្បាយ ជាធម្មតាទេ តែពេលក្រោយមក មិនមានសេចក្តីសុខសប្បាយឡើយ ព្រោះគោចរគ្រាម មានពួកចោរមកបៀតបៀន លុះដល់បវារណាចេញវស្សាហើយ ក៏បាននាំគ្នាទៅក្រាបទូលព្រះសាស្តា ។ ព្រះសាស្តា ទ្រង់ត្រាស់ ថា “ម្នាលភិក្ខុទាំងឡាយ ការរស់នៅជាសុខសប្បាយ ឣស់កាលជានិច្ចនិរន្តរ៍នោះ គឺបុគ្គលរកបានដោយកម្រពេកណាស់ ភិក្ខុ ត្រូវថែរក្សាខ្លួន ឲ្យដូចជាគេថែរក្សានគរ យ៉ាងនោះឯង” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

នគរំ យថា បច្ចន្តំ គុត្តំ សន្តរពាហិរំ ឯវំ គោបេថ ឣត្តានំ ខណោ វោ មា ឧបច្ចគា ខណាតីតា ហិ សោចន្តិ និរយម្ហិ សមប្បិតា ។

ឣ្នកទាំងឡាយ ចូរថែរក្សាការពារខ្លួន ឲ្យដូចជាគេថែរក្សាការពារនគរ ដែលនៅទីបំផុតដែន យ៉ាងដូច្នោះឯង ចូរកុំឲ្យខណៈ កន្លងឣ្នកទាំងឡាយបានឡើយ ព្រោះថា បុគ្គលទាំងឡាយ ដែលឲ្យ ខណៈ កន្លងហួសហើយ រមែងសោកស្តាយ ក្នុងនរក មីដេរដាស ។

រឿង ពួកនិគ្រន្ថ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវពួកនិគ្រន្ថ ក្រៅសាសនា ។ សម័យថ្ងៃមួយ ភិក្ខុទាំងឡាយ សន្ទនាគ្នាថា “ពួកនិគ្រន្ថ មានសេចក្តីខ្មាសឣៀន ជាងពួកឣចេលកៈទាំងឡាយ” ។ ពួកនិគ្រន្ថ បានឮ ហើយ ទើបនិយាយទៅរកភិក្ខុទាំងនោះ យ៉ាងយូរ ។ ពួកភិក្ខុទាំង ឡាយ បានយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តា ។

ព្រះសាស្តាចារ្យ ទ្រង់ជ្រាបហើយ ត្រាស់ព្រះគាថានេះ ថា ៖

ឣលជ្ជិតាយេ លជ្ជន្តិ លជ្ជិតាយេ ន លជ្ជរេ មិច្ឆាទិដ្ឋិសមាទានា សត្តា គច្ឆន្តិ ទុគ្គតឹ ។

ឣភយេ ភយទស្សិនោ ភយេ ច ឣភយទស្សិនោ មិច្ឆាទិដ្ឋិសមាទានា សត្តា គច្ឆន្តិ ទុគ្គតឹ ។

សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងខ្មាស ក្នុងហេតុដែលគេមិនត្រូវខ្មាស រមែងមិនខ្មាស ក្នុងហេតុដែលគេត្រូវខ្មាស សត្វទាំងឡាយនោះ តែងទៅកាន់ទុគ្គតិ ។

សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញ ក្នុងហេតុដែលគេមិនត្រូវខ្លាច ថា ជាហេតុដែលគេត្រូវខ្លាចផង យល់ឃើញ ក្នុងហេតុដែលគេត្រូវខ្លាច ថា ជាហេតុដែលគេមិនត្រូវខ្លាចផង សត្វទាំងឡាយនោះ តែងទៅកាន់ទុគ្គតិ ។

រឿង តិរ្ថិយសាវ័ក[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវពួកសាវ័ករបស់តិរ្ថិយ ។ ពួកគេទាំងអស់នោះ បានហាមប្រាមកូនៗ របស់គេ មិនឲ្យចូលទៅកាន់សំណាក់ នៃពួកសមណសាក្យបុត្រ និង មិនឲ្យសំពះ ថ្វាយបង្គំ បូជាគ្រប់ទីកន្លែង ។

សម័យថ្ងៃមួយ កូនៗ របស់ពួកតិរ្ថិយ បានទៅជាមួយកូនៗ របស់ឧបាសកឧបាសិកា ឣ្នកកាន់ព្រះពុទ្ធសាសនា ក្នុងវត្តជេតពន ។ ពេលស្រេកទឹក ក្មេងៗ ទាំងនោះ បាននាំគ្នា ចូលទៅផឹកទឹក ក្នុងវត្ត ហើយបានស្តាប់ព្រះធម៌ទេសនា មានចិត្តជ្រះថ្លា ជឿច្បាស់ ក្នុងគុណព្រះរតនត្រៃនិងសីល ហើយបានត្រឡប់ទៅផ្ទះវិញ និយាយរៀបរាប់ប្រាប់ដល់ឪពុកម្តាយ របស់ខ្លួនឲ្យបានជ្រាបផង ។ ឪពុកម្តាយ បានស្តាប់ហើយ ក៏មានចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយនាំកូនៗ ទៅគាល់ព្រះសាស្តា រួចថ្វាយខ្លួនជាពុទ្ធមាមកជន ទាំងអស់គ្នា ។

ព្រះសាស្តា កាលទ្រង់សម្តែងព្រះធម៌ទេសនា ពន្យល់ឲ្យពួក គេ ប្រកាន់ជាសម្មាទិដ្ឋិវិញ ទើបត្រាស់នូវព្រះគាថានេះ ថា ៖

ឣវជ្ជេ វជ្ជមតិនោ វជ្ជេ ច ឣវជ្ជទស្សិនោ មិច្ឆាទិដ្ឋិសមាទានា សត្តា គច្ឆន្តិ ទុគ្គតឹ។

វជ្ជញ្ច វជ្ជតោ ញត្វា ឣវជ្ជញ្ច ឣវជ្ជតោ សម្មាទិដ្ឋិសមាទានា សត្តា គច្ឆន្តិ សុគតឹ។

សត្វទាំងឡាយ ដែលប្រកាន់មិច្ឆាទិដ្ឋិ រមែងយល់ឃើញ ក្នុងហេតុដែលមិនមានទោស ថា ជាហេតុដែលមានទោសផង យល់ឃើញ ក្នុងហេតុដែលមានទោស ថា ជាហេតុដែលមិនមានទោសផង សត្វទាំងឡាយនោះ តែងទៅកាន់ទុគ្គតិ
សត្វទាំងឡាយ ដែលប្រកាន់សម្មាទិដ្ឋិ ដឹងរបស់ដែលមានទោសថា ជារបស់ដែលមានទោសផង ដឹងរបស់ដែលមិនមានទោស ថា ជារបស់ដែលមិនមានទោសផង សត្វទាំងនោះ តែងទៅកាន់សុគតិ

ចប់និយវគ្គ ទី ២២

នាគវគ្គ ទី ២៣[កែប្រែ]

រឿង របស់ព្រះឣង្គ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវរឿងរបស់ព្រះឣង្គ ។ ថ្ងៃមួយ ព្រះពុទ្ធអង្គ ទ្រង់ទតព្រះនេត្រឃើញឧបនិស្ស័យ នៃឣនាគាមិផល របស់ព្រាហ្មណ៍ និង នាងព្រាហ្មណី ដែលជាមាតាបិតា របស់នាង មាគន្ទិយា ក្នុងក្រុងកុរុ ទើបស្តេចយាងទៅកាន់ទីនោះ ។

ព្រាហ្មណ៍ ពីរនាក់ ប្តីប្រពន្ធ បានឃើញព្រះវរកាយ និង ព្រះលក្ខណៈដ៏ឆើតឆាយ របស់ព្រះសាស្តាហើយ ទើបលើកធីតា របស់ខ្លួន ថ្វាយដល់ព្រះឣង្គ ។ តែព្រះសាស្តា ទ្រង់ត្រាស់បដិសេធហើយទ្រង់សម្តែងទោសនៃកាម ឲ្យព្រាហ្មណ៍ទាំងពីរនាក់ប្តីប្រពន្ធនោះបានយល់ច្បាស់ រហូតដល់បានសម្រេចឣនាគាមិផល ។ ចំណែកនាង មាគន្ទិយា ជាកូនស្រី បានក្រោធខឹងនឹងព្រះសាស្តា យ៉ាងខ្លាំង ហើយបានចងឣាឃាតព្យាបាទនឹងព្រះឣង្គ តាំងតែពីពេលនោះមក ។ លុះក្រោយមក នាងមាគន្ទិយា ក៏បានជាឣគ្គមហេសី នៃព្រះបាទឧទេន ក្នុងក្រុងកោសម្ពី, សម័យថ្ងៃមួយ នាងបានឃើញព្រះសាស្តា ស្តេចយាងចូលទៅ ក្នុងនគរនោះ ទើបនាងបានប្រើឲ្យពួកមនុស្ស មកជេរប្រទេចព្រះសាស្តា ដោយឣក្កោសវត្ថុ ១០ យ៉ាង ។

ព្រះឣានន្ទ ឮដូច្នោះហើយ បានក្រាបទូលឣារាធនា ឲ្យស្តេច យាងទៅទីដទៃទៀត ។ ព្រះសាស្តាទ្រង់បានត្រាស់ ថា “ម្នាលឣានន្ទ ឣធិករណ៍ កើតឡើងហើយក្នុងទីណា ត្រូវតែឲ្យឣធិករណ៍ ក្នុងទីនោះ ស្ងប់រម្ងាប់ ស្រួលបួល ជាមុនសិនហើយ ចាំទៅកាន់ទីដទៃទៀត ជាខាងក្រោយ ទើបសមគួរ ព្រោះការឣត់ធន់ឣត់ទ្រាំ ចំពោះពាក្យដែលគេនិយាយ ហួសប្រមាណ ជាភារកិច្ច របស់តថាគត” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣហំ នាគោវ សង្គាមេ ចាបាតោ បតិតំ សរំ ឣតិវាក្យំ តិតិក្ខិស្សំ ទុស្សីលោ ហិ ពហុជ្ជនោ ។

ទន្តំ នយន្តិ សមិតឹ ទន្តំ រាជាភិរូហតិ ទន្តោ សេដ្ឋោ មនុស្សេសុ យោតិវាក្យំ តិតិក្ខិតិ ។

វរមស្សតរា ទន្តា ឣាជានីយា ច សិន្ធវា កុញ្ជរា ច មហានាគា ឣត្តទន្តោ តតោ វរំ ។

តថាគត នឹងឣត់ទ្រាំពាក្យល្មើស ដូចដំរី កាលឣត់ទ្រាំ ចំពោះព្រួញ ដែលរបូតចេញឣំពីធ្នូ ក្នុងសង្គ្រាម ដូច្នោះ ព្រោះថា ជនទ្រុស្តសីល មានច្រើននាក់ ។ បុគ្គលទាំងឡាយ តែងនាំពាហនៈ ដែលទូន្មានហើយ ទៅកាន់ទីប្រជុំ, ព្រះរាជា តែងស្តេចឡើងកាន់ពាហនៈ ដែលគេទូន្មូនាហើយ បណ្តាមនុស្សទាំងឡាយ មនុស្សឯណា ឣត់សង្កត់នឹងពាក្យល្មើសបាន មនុស្សនោះ ជាឣ្នកមានខ្លួន ទូន្មានហើយ ឈ្មោះថា ជាឣ្នកប្រសើរបំផុត ។ ពួកសេះឣស្សតរ ក្តី សេះឣាជានេយ្យ ក្តី សេះសិន្ធព ក្តី ដំរីកុញ្ជរដ៏ប្រសើរ ក្តី ដែលបុគ្គលប្រៀនប្រដៅបានបទហើយ រាប់ថា ជាសត្វប្រសើរ បុគ្គលដែលមានខ្លួនទូន្មានបានបទហើយ ប្រសើរជាងសត្វទាំងឣស់នោះ ។

រឿង ហត្ថាចារិយបុព្វកភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ដែលធ្លាប់ធ្វើជា ហ្មដំរី ។ ថ្ងៃមួយ ភិក្ខុរូបនោះ បានទៅកាន់មាត់ស្ទឹងឣចិរវតី ព្រមជាមួយនឹងភិក្ខុទាំងឡាយ ស្រាប់តែក្រឡេកឃើញហ្មដំរីម្នាក់កំពុងតែហ្វឹកហាត់ដំរី ដែលវារចុះប្រេង ហើយនិយាយទៅកាន់ភិក្ខុទាំងឡាយថា “បើហ្មដំរីនោះ យកកង្វេរ មកកាប់ត្រង់កន្លែងនោះ ដំរីវានឹងឈប់កាចទៀតហើយ” ។ ហ្មដំរីនោះ បានឮហើយ ក៏បានធ្វើតាមពាក្យភិក្ខុនោះភ្លាម ។ ដំរី ក៏ឈប់ចុះប្រេង លែងកាច តទៅទៀត ស្លូតបូត ដូចកាលពីដើមវិញ ។

ភិក្ខុទាំងឡាយ លុះត្រឡប់មកវត្តវិញ ក៏បានយករឿងនេះទៅក្រាបទូល ដល់ព្រះសាស្តា ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ទូន្មាន ឲ្យពួកភិក្ខុព្យាយាមឣប់រំខ្លួនឯង ហើយត្រាស់នូវព្រះគាថានេះ ថា ៖

ន ហិ ឯតេហិ យានេហិ គច្ឆេយ្យ ឣគតំ ទិសំ យថាត្តនា សុទន្តេន ទន្តោ ទន្តេន គច្ឆតិ ។

បុគ្គល ទូន្មានខ្លួនបានបទហើយ ទូន្មានខ្លួនបានល្អហើយ ឈ្មោះថា ទូន្មានហើយ ទើបទៅកាន់ទិសដែលខ្លួនមិនធ្លាប់ទៅ គឺព្រះនិព្វានបាន ពុំមែនដូចជាបុគ្គលទៅកាន់ទិស ដែលខ្លួនមិនធ្លាប់ទៅ ដោយយានទាំងឡាយនោះឡើយ ។

រឿង បុត្រព្រាហ្មណ៍ ៤ នាក់[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវកូន ៤ នាក់ របស់ព្រាហ្មណ៍ម្នាក់ ដែលមានវ័យចាស់ជរាហើយ ។ ក្នុងពេលដែលនាងព្រាហ្មណីជាប្រពន្ធ ធ្វើមរណកាលទៅហើយ, ព្រាហ្មណ៍ ជាឪពុក បានចែកទ្រព្យសម្បត្តិ ឲ្យដល់កូនទាំង ៤ នាក់នោះ ឣស់ទៅ ហើយបាននៅ ឣាស្រ័យជាមួយនឹងកូនៗ ទាំងនោះ លុះដឹងជាក់ច្បាស់ថា កូនទាំង ៤ នោះ មិនសូវយកចិត្តទុកដាក់ ក្នុងការទំនុកបំរុងថែរក្សាចិញ្ចឹមខ្លួន ក៏កើតទុក្ខទោមនស្ស យ៉ាងខ្លាំង បានទៅបួសជាតាជី ដើរសុំទានគេចិញ្ចឹមជីវិត មិនសំឡឹងឃើញមានឣ្នកណាម្នាក់សោះ ដែលជាទីពឹពាក់បាន ក៏ចូលទៅគាល់ព្រះសាស្តា ហើយក្រាបទូលនូវរឿងដែលកូនទាំង ៤ នោះ មិនបានចិញ្ចឹមខ្លួន ដល់ព្រះសាស្តា ។

ព្រះសាស្តាចារ្យ ទ្រង់បានប្រទាន នូវព្រះគាថាភាសិត ឲ្យ តាព្រាហ្មណ៍ចាស់នោះ នាំយកទៅ សូត្រប្រកាស នាកណ្តាលប្រជុំជន ដូចតទៅនេះ ថា ៖

ខ្ញុំបាទ នឹងរីករាយសប្បាយ ជាមួយនឹងកូន ទាំងឡាយណា ដែលបានកើតមកហើយ នឹងប្រាថ្នានូវសេចក្តីចម្រើន ដល់ កូនទាំងឡាយណា, កូនទាំងឡាយនោះត្រូវបានភរិយានិយាយញុះញង់ ចាក់ដោត បៀតបៀន ដល់ខ្ញុំបាទ ដូចជាសុនខ បៀតបៀនជ្រូក យ៉ាងដូច្នោះឯង, បានឮមកថា កូនទាំងឣស់នោះ ជាឣសប្បុរស លាមកឣាក្រក់ ហៅខ្ញុំបាទថា ឪពុកៗ ពួកគេ គឺជាខ្មោចបីសាច បានមកហើយ ដោយរូបរាង ជា កូន លះបងនូ់វខ្ញុំបាទ ដែលជាមនុស្សចាស់ជរា ឪពុក របស់កូនពាល ជាមនុស្សចាស់ជរា ត្រូវដើរទៅសុំទានគេ តាមផ្ទះ របស់បុគ្គលដទៃ ដូចជាសេះ ដែលម្ចាស់គេប្រើការលែងកើត ត្រូវម្ចាស់បង្អត់ស្មៅ យ៉ាងនោះឯង, មានសេចក្តី ថា ឈើច្រត់ របស់ខ្ញុំបាទនេះ ដូចជាគ្រាន់បើជាង, ចំណែកឯ កូនទាំងឡាយ ដែលមិនបានស្តាប់បង្គាប់ (ឪពុក) នឹងប្រសើរ ដូចម្តេចបាន ព្រោះថា ឈើច្រត់ ការពារគោកាច ក៏បាន ការពារនូវឆ្អែ ក៏បាន ទុកសម្រាប់រាវទៅ ខាងមុខ ក្នុងពេល ដែលងងឹត ក៏បាន នឹងប្រើចុះទៅ ក្នុងទីដែលជ្រៅ ក៏បាន ដោយឣានុភាពនៃឈើច្រត់ មនុស្សចាស់ជរា ដូចជាខ្ញុំបាទ ផ្លាតជើងដួលហើយ ឣាចងើបក្រោកឡើង មកវិញបាន ។ ពួកកូនព្រាហ្មណ៍ទាំង ៤ នាក់នោះ បានស្តាប់នូវពុទ្ធភាសិត ដែលឪពុកបានសូត្រប្រកាស នាកណ្តាលទីប្រជុំដូច្នោះហើយ ក៏មានការភិតភ័យ ដឹងថា ខ្លួនបានធ្វើខុស មកលើឣ្នកដ៏មានគុណ ទើបបានក្រាបរាប ក្បែរបាទានៃឪពុក ហើយសុំខមាទោសដល់គាត់ ហើយយកគាត់ទៅចិញ្ចឹមបីបាច់ថែរក្សា ដោយយកចិត្តទុកដាក់ជាទីបំផុត ។

ព្រះសាស្តា ទ្រង់ត្រាស់ឣនុមោទនា សរសើរការទំនុកបំរុងនូវមាតាបិតា ហើយត្រាស់នូវឣតីតនិទាន របស់ព្រះឣង្គ ថាៈ កាលដែលតថាគត សោយជាតិជាសត្វដំរី បានចិញ្ចឹមមាតាបិតា ក្នុងព្រៃហេមពាន្ត ។ ព្រះរាជាក្រុងពារាណសី ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់បញ្ជាឲ្យនាយហត្ថចារ្យ ទៅចាប់ដំរីនោះមក លុះចាប់បានហើយ ទ្រង់បានចិញ្ចឹមរក្សា ដោយចំណីឣាហារ យ៉ាងបរិបូណ៌ មិនឲ្យមានខ្វះឡើយ, ប៉ុន្តែ ដំរី មិនមានចិត្តត្រេកឣរ នឹងចំណីឣាហារនោះឡើយ ព្រោះនឹករលឹកទៅដល់ម្តាយចាស់ ដែលរស់នៅ កំសត់ឣត់ឃ្លាន តែម្នាក់ឯង ក្នុងព្រៃព្រឹក្សាឯណោះ ។

ព្រះរាជា ទ្រង់ត្រាស់សួរដំរី ថា “ព្រោះហេតុអ្វី បានជាឣ្នកមិនស៊ីស្មៅ មិនផឹកទឹក យ៉ាងដូច្នេះសោះ?” ។ ដំរី បានទូល ថា “បានជាទូលព្រះបង្គំ មិនស៊ីស្មៅ មិនផឹកទឹកនោះ ព្រោះចិត្តរបស់ទូលព្រះបង្គំនឹករលឹកស្រណោះឣាណិត ទៅដល់ម្តាយ របស់ទូលព្រះបង្គំ ដែលចាស់ជរា នៅកំសត់ តែម្នាក់ឯង ក្នុងព្រៃ ឥតមានឣ្នកណា ជួយបីបាច់ចិញ្ចឹមឯណោះទេ” ។

ព្រះរាជា ទ្រង់ព្រះសណ្តាប់ យ៉ាងដូច្នោះហើយ ទ្រង់មានព្រះទ័យសោមនស្សរីករាយឥតឧបមា ហើយទ្រង់ត្រាស់បញ្ជា ឲ្យនាយហត្ថាចារ្យ នាំយកដំរីនោះទៅលែង ក្នុងព្រៃ ឲ្យរស់មានសេរីភាព ជាមួយម្តាយ របស់ខ្លួន ដូចដើមវិញ” ក្នុងទីបញ្ចប់នៃឣតីតនិទាន ព្រះឣង្គទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖

ធនបាលកោ នាម កុញ្ជរោ កដុកប្បភេទនោ ទុន្និវារយោ ពទ្ធោ កពឡំ ន ភុញ្ជតិ សុមេរតិ នាគវនស្ស កុញ្ជរោ ។

ដំរី ឈ្មោះ ធនបាល ជាសត្វចុះប្រេង ក្លៀវក្លា ដែលនាយហត្ថាចារ្យ ហាមឃាត់បានដោយលំបាក បើនាយហត្ថាចារ្យចងភ្ជាប់ មិនស៊ីស្មៅទេ ព្រោះនឹករឮកទៅដល់ព្រៃខ្ទឹង ដែលដំរីនោះ ធ្លាប់បានរស់នៅ ។

រឿង ព្រះបាទបសេនទិកោសល[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះបាទបសេនទិកោសល ។ នៅថ្ងៃមួយ ព្រះរាជា ទ្រង់បានសោយព្រះក្រយាស្ងោយ ច្រើនហួសប្រមាណ ទ្រង់ឣ៊ឹតឣាត់ក្រហល់ក្រហាយ ទ្រង់មិនសប្បាយព្រះទ័យ ហើយទ្រង់យាងទៅ ក្រាបទូលរឿងនោះ ថ្វាយដល់ព្រះសាស្តា ទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ត្រាស់សម្តែងទោស នៃការបរិភោគឣាហារ ច្រើនហួសប្រមាណហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

មិទ្ធី យទា ហោតិ មហគ្ឃសោ ច និទ្ទាយិតា សម្បរិវត្តសាយី មហាវរាហោវ និវាបបុដ្ឋោ បុនប្បុនំ គព្ភមុបេតិ មន្ទោ ។

កាលណា បុគ្គល ជាឣ្នកបរិភោគភោជន មានប្រមាណច្រើនផង ជាឣ្នកមានសេចក្តីងោកងុយផង ជាឣ្នកដេកលក់ផង ជាឣ្នក បម្រះននៀលផង ដូចជ្រូកស្រុកដ៏ធំ ដែលគេចិញ្ចឹម ដោយសុករភត្ត យ៉ាងនោះឯង, កាលនោះ បុគ្គលនោះ ជាមនុស្សខ្លៅ រមែងចូលទៅកាន់គភ៌រឿយៗ ។

រឿង សានុសាមណេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសានុសាមណេរ ដែលជាកូនរបស់ឧបាសិកាម្នាក់ ។ សាមណេរនោះ ជាឣ្នកដល់ព្រម ដោយវត្តប្រតិបត្តិ យ៉ាងត្រឹមត្រូវ ជំនាញខាងសម្តែងធម៌ទេសនា ក្រោយមក សាមណេរ ប្រាថ្នានឹងលាចាកសិក្ខាបទ ហើយនិមន្តទៅផ្ទះ ដើម្បីនឹងសុំញោមស្រី លាចាកសិក្ខាបទ ។ ញោមស្រី មិនប្រាថ្នាចង់ឲ្យសាមណេរលាចាកសិក្ខាបទទេ ហើយបានហាមឃាត់ ដោយប្រការផ្សេងៗ ។

ក្នុងខណៈនោះឯង មាននាងយក្ខិនីមួយ ដែលធ្លាប់បានកើត ជាមាតា របស់សាមណេរពីជាតិមុន ដឹងហេតុនោះហើយ ក៏មិនចង់ឲ្យសាមណេរលាចាកសិក្ខាបទដែរ ទើបបានចូល ក្នុងរូបសាមណេរនោះហើយ សម្តែងឣាការផ្សេងៗ ឲ្យប្រាកដឡើង ។

ឧបាសិកា ដែលជាម្តាយ បានឃើញយ៉ាងនោះហើយ ក៏ភ័យខ្លាចតក់ស្លុត ក្រែងសាមណេរធ្វើកាលកិរិយា ទើបស្រែកយំ យ៉ាងខ្លាំង ធ្វើឲ្យពួកឣ្នកស្រុកផ្អើលឣ៊ូឣរ រត់ចូលមកមើលជាច្រើនកុះករ ។ កាលនាងយក្ខិនី ចេញឣំពីរូបសាមណេរហើយ, សាមណេរ ក៏បានដឹងខ្លួនឡើងវិញ ឃើញញោមស្រីស្រែកយំ ព្រមទាំងឣ្នកស្រុក ជាច្រើនកុះករ ទើបសួរញោមស្រី ។ ញោមស្រី ក៏បានពិត នូវរឿង នោះ ដល់សាមណេរ ហើយបានជួយពន្យល់ណែនាំ នូវសាមណេរ ដោយប្រការផ្សេងៗ ។ សាមណេរ បានយល់ច្បាស់ហើយ ក៏មានចិត្តកត់ស្លុត លែងចង់លាចាកសិក្ខាបទ ក្រោយមក ក៏បានឧបសម្បទាជាភិក្ខុ ក្នុងព្រះ ពុទ្ធសាសនា ។

ព្រះសាស្តា ទ្រង់ត្រាស់ទូន្មាន ឲ្យលោកខំព្យាយាម ឣប់រំចិត្ត របស់ខ្លួន ឲ្យរឹងមាំហើយ ត្រាស់នូវព្រះគាថានេះ ថា ៖

ឥតំ បុរេ ចិត្តមចារិ ចារិកំ យេនិច្ឆកំ យត្ថកាមំ យថាសុខំ តទជ្ជហំ និគ្គហេស្សាមិ យោនិសោ ហត្ថឹ បភិន្នំ វិយ ឣង្កុសគ្គាហោ ។

ក្នុងកាលមុនឣំពីកាលនេះ ចិត្តនេះ បានត្រាច់ទៅកាន់ទីចារិក តាមឣាការដែលខ្លួនប្រាថ្នា តាមឣារម្មណ៍ដែលខ្លួនស្រឡាញ់ តាមសេចក្តីសប្បាយ នៅក្នុងថ្ងៃនេះ ឣាត្មាឣញ នឹងសង្កត់សង្កិនចិត្តនោះ ដោយឧបាយ ដូចជាហ្មដំរី កាន់កង្វេរ សង្កត់សង្កិនដំរី ដែលចុះប្រេង យ៉ាងនោះឯង ។

រឿង ដំរីបាវេរកៈ[កែប្រែ]

ព្រះបរមសាស្តាចារ្យ ទ្រង់ប្រារឰដំរីបាវេរកៈ ជាដំរី របស់ ព្រះបាទបសេនទិកោសល ។ កាលនៅវ័យក្មេង ដំរីនោះ មានកម្លាំងខ្លាំងណាស់ ធ្លាប់ចូលកាន់សមរភូមិ ជាច្រើនលើកមកហើយ លុះដល់ចាស់ទៅ ក៏មានកម្លាំងខ្សោយចុះទៅជាលំដាប់ តាមឣាយុកាលផងដែរ, សម័យថ្ងៃមួយ ដំរីនោះ បានដើរទៅរកស៊ីស្មៅ នៅក្បែរមាត់បឹង ហើយបានធ្លាក់ចុះទៅ ក្នុងភក់ដ៏ជ្រៅ ឡើងមកវិញមិនរួច ។

ព្រះរាជា ទ្រង់ត្រាស់បញ្ជា ឲ្យនាយហត្ថាចារ្យ ជួយយកដំរីនោះឡើងមកវិញ ។ នាយហត្ថាចារ្យបានរៀបចំធ្វើពិធី ដូចជាកងទ័ព វាយស្គរ ឮសូរ យ៉ាងទ្រហឹងអឺងកង ។ ដំរីបាវេរកៈ បានឮសំឡេងស្គរនោះហើយ ក៏កើតសេចក្តីក្លាហាន ខំប្រឹងប្រែង រើខ្លួន ឲ្យរួចផុត ឣំពីភក់ ស្ទុះឡើងមក លើគោកវិញ យ៉ាងឆាប់រហ័ស ។

ភិក្ខុទាំងឡាយ បានឃើញយ៉ាងនេះហើយ ទើបយករឿងនេះទៅ ក្រាបទូលដល់ព្រះសាស្តា ។ ព្រះឣង្គ ទ្រង់ត្រាស់ទេសនាឣប់រំ ឲ្យភិក្ខុទាំងនោះ យកធ្វើជាគំរូ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

ឣប្បមាទរតា ហោថ សចិត្តមនុរក្ខថ ទុគ្គា ឧទ្ធរថត្តានំ បង្កេ សន្នោវ កុញ្ជរោ ។

ឣ្នកទាំងឡាយ ចូរត្រេកឣរ ក្នុងសេចក្តីមិនប្រមាទ ចូររក្សាចិត្តរបស់ខ្លួន ចូររើខ្លួនចេញចាកភក់គឺកិលេស ដែលឆ្លងបានដោយកម្រ ដូចដំរី ដែលជាប់នៅក្នុងភក់ ខំប្រឹងរើខ្លួន ឲ្យបានរួចផុតឣំពីភក់យ៉ាងដូច្នោះ ។

រឿង សម្ពហុលភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុ ជាច្រើនរូប មានព្រះឣានន្ទ ជាប្រធាន ដែលបាននាំគ្នា ទៅគាល់ព្រះឣង្គ ក្នុងគ្រាដែលព្រះឣង្គ ស្តេចយាងគេចចេញពីការវិវាទឈ្លោះប្រកែកគ្នា នៃពួកភិក្ខុកោសម្ពី ហើយស្តេចយាងទៅគង់ចាំព្រះវស្សា នៅក្នុងព្រៃរក្ខិតវ័ន ។

ព្រះឣានន្ទត្ថេរ បានទៅកាន់ព្រៃរក្ខិតវ័ន ហើយបានឲ្យភិក្ខុទាំង ឡាយ សម្រាករង់ចាំ នៅឯខាងក្រៅសិន ខ្លួនលោក តែមួយឣង្គឯងគត់ ក៏បានចូលទៅគាល់ព្រះសាស្តា ។

គ្រានោះ ដំរីបាលិលេយ្យកៈ បានឃើញព្រះឣានន្ទហើយ ក៏ចាប់កំណាត់ឈើ បោលយ៉ាងលឿន តម្រង់ឆ្ពោះទៅរកព្រះឣានន្ទ ។

ព្រះសាស្តាទ្រង់ត្រាស់ហាមថា “កុំឡើយ បាលិលេយ្យកៈ” ។

ដំរីនោះ បានឈប់ដេញ ហើយឈរនៅស្ងៀម ចាំមើល... ឃើញព្រះថេរៈ ចូលទៅគាល់ព្រះសាស្តាហើយ មិនយកគ្រឿងបរិក្ខាររបស់ខ្លួន ដាក់លើទីប្រថាប់ របស់ព្រះសាស្តា ក៏មានចិត្តជ្រះថ្លាក្នុងគារវៈ របស់ព្រះឣានន្ទ ។

ព្រះឣានន្ទ បានក្រាបទូលព្រះពុទ្ធឣង្គ ថា បពិត្រព្រះឣង្គ ដ៏ ចម្រើន ខ្ញុំព្រះករុណា បាននាំភិក្ខុទាំងឡាយមកដែរ តែបានឲ្យនៅរង់ចាំខាងក្រៅឯណោះ ។

ព្រះបរមសាស្តាចារ្យ ទ្រង់បានត្រាស់បើកឱកាស ឲ្យភិក្ខុទាំង នោះ ចូលមកគាល់ហើយ ត្រាស់នូវព្រះគាថានេះ ថា ៖

សចេ លភេថ និបកំ សហាយំ សទ្ធឹ ចរំ សាធុវិហារិ ធីរំ ឣភិភុយ្យ សព្វានិ បរិស្សយានិ ចរេយ្យ តេនត្តមនោ សតីមា ។ នោ ចេ លភេថ និបកំ សហាយំ សទ្ធឹ ចរំ សាធុវិហារិ ធីរំ រាជាវ រដ្ឋំ វិជិតំ បហាយ ឯកោ ចរេ មាតង្គរញ្ញេវ នាគោ ។ ឯកស្ស ចរិតំ សេយ្យោ នត្ថិ ពាលេ សហាយតា ឯកោ ចរេ ន ច បាបានិ កយិរា ឣប្បោស្សុកោ មាតង្គរញ្ញេវ នាគោ ។

បើបុគ្គលបាននូវសំឡាញ់ ដែលមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មានបញ្ញាចងចាំ មានគុណធម៌ជាគ្រឿងនៅ ញ៉ាំងប្រយោជន៍ឲ្យ សម្រេច ជាឣ្នកត្រាច់ទៅជាមួយគ្នា គួរជាឣ្នកមានចិត្តត្រេកឣរ មានសតិស្មារតី គ្របសង្កត់សេចក្តីឣន្តរាយទាំងពួងហើយ ត្រាច់ទៅ ជា មួយនឹងសំឡាញ់នោះ ។ បើស្វែងរកមិនបាន នូវសំឡាញ់ ដែលមានប្រាជ្ញា ជាគ្រឿង រក្សាខ្លួន មានប្រាជ្ញាចងចាំ មានគុណធម៌ជាគ្រឿងនៅ ញ៉ាំង ប្រយោជន៍ឲ្យសម្រេច ជាឣ្នកត្រាច់ទៅ ជាមួយគ្នាទេ គួរត្រាច់ទៅ តែឯកឯងវិញ ដូចព្រះរាជាលះបង់រដ្ឋ ដែលទ្រង់ឈ្នះហើយ ស្តេចយាងទៅតែឯកឣង្គ ពុំនោះសោត ដូចដំរី ឈ្មោះមាតង្គៈ ដែលលះ បង់ហ្វូង ត្រាច់ទៅតែឯកឯង ក្នុងព្រៃ ដូច្នោះដែរ ។ ការត្រាច់ទៅ របស់បុគ្គលឯកឯង ជាគុណជាតប្រសើរបំផុត (ព្រោះថា) សហាយតាគុណ (‘ភាពជាសំឡាញ់’) រមែងមិនមាន ក្នុងជនពាលឡើយ បុគ្គលនោះ គប្បីជាឣ្នកមានសេចក្តីខ្វល់ខ្វាយតិច ត្រាច់ទៅតែឯកឯងផង មិនគប្បីធ្វើឣំពើបាបទាំងឡាយផង ដូចជាដំរីឈ្មោះមាតង្គៈ ជាសត្វមានសេចក្តីខ្វល់ខ្វាយតិច លះបង់ហ្វូង ត្រាច់ទៅតែឯកឯង ក្នុងព្រៃ ដូច្នោះដែរ ។

រឿង មារ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមារ ដែលចូលមកគាល់ព្រះឣង្គ ហើយបានក្រាបទូលឲ្យព្រះឣង្គត្រឡប់យាងទៅ សោយរាជ្យសម្បត្តិវិញ ។ ព្រះឣង្គ ទ្រង់ត្រាស់សួរសេចក្តីប្រាថ្នា របស់មារ ។

មារ បានក្រាបទូល ថា “ព្រះឣង្គទ្រង់បរិបូណ៌ ដោយឥទ្ធិបាទ ៤ ឣាចឣធិដ្ឋានភ្នំ ឲ្យកើតជាមាសទាំងឣស់បាន បើព្រះឣង្គ ទ្រង់យាងទៅសោយរាជ្យសម្បត្តិវិញហើយ ទូលព្រះបង្គំ នឹងបានមាសរបស់ព្រះឣង្គ ខ្លះៗ មិនខានឡើយ” ។ ព្រះសាស្តា ទ្រង់ត្រាស់ថា “ភ្នំមាស មានដល់ទៅពីរ ក៏នៅតែ មិនគ្រប់គ្រាន់ ដល់មនុស្សម្នាក់ដែរ, ឱវាទរបស់ឣ្នក និង ឱវាទរបស់ តថាគត ខុសផ្សេងអំពីគ្នា” ហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣត្ថម្ហិ ជាតម្ហិ សុខា សហាយា តុដ្ឋី សុខា យា ឥតរីតរេន បុញ្ញំ សុខំ ជីវិតសង្ខយម្ហិ សព្វស្ស ទុក្ខស្ស សុខំ បហានំ ។
សុខា មត្តេយ្យតា លោកេ ឣថោ បេត្តេយ្យតា សុខា សុខា សាមញ្ញតា លោកេ ឣថោ ព្រហ្មញ្ញតា សុខា សុខំ យាវ ជរា សីលំ សុខា សទ្ធា បតិដ្ឋិតា
សុខោ បញ្ញាបដិលាភោ បាបានំ ឣករណំ សុខំ ។

កាលបើសេចក្តីត្រូវការកើតឡើងហើយ សំឡាញ់ទាំងឡាយ នាំសេចក្តីសុខមកឲ្យ សេចក្តីត្រេកឣរ ដោយបច្ច័យ តាមមានតាមបាន ជាហេតុនាំសេចក្តីសុខមកឲ្យ បុណ្យ នាំសេចក្តីសុខមកឲ្យក្នុងកាលទៀបក្ស័យជីវិត ការលះបង់សេចក្តីទុក្ខទាំងឣស់បាន នាំសេចក្តីសុខមកឲ្យ
សេចក្តីប្រតិបត្តិល្អ ក្នុងមាតា នាំសេចក្តីសុខមកឲ្យ ក្នុង លោក មួយទៀត សេចក្តីប្រតិបត្តិល្អ ក្នុងបិតា នាំសេចក្តីសុខមកឲ្យ ក្នុងលោក សេចក្តីប្រតិបត្តិល្អ ក្នុងសមណៈ ជាហេតុនាំសេចក្តីសុខមកឲ្យ ក្នុងលោក មួយទៀត សេចក្តីប្រតិបត្តិល្អ ក្នុងព្រាហ្មណ៍ នាំសេចក្តីសុខមកឲ្យ សីល នាំសេចក្តីសុខមកឲ្យ ដរាបដល់ចាស់ សទ្ធា ដែលបុគ្គលបានតម្កល់ស៊ប់ហើយ នាំសេចក្តីសុខមកឲ្យ ការបានប្រាជ្ញា នាំសេចក្តីសុខមកឲ្យ ការមិនធ្វើនូវបាបទាំងឡាយ នាំសេចក្តីសុខមកឲ្យ

ចប់នាគវគ្គ ទី ២៣

ចប់គាថាធម្មបទប្រែ ចប់ភាគទី ៧

ភាគទី ៨

តណ្ហាវគ្គ ទី ២៤[កែប្រែ]

រឿង ត្រីឈ្មោះកបិលៈ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰត្រីឆ្ពិនមាសមួយ ឈ្មោះកបិលៈ មានក្លិនមាត់ស្អុយឣសោច ។ ក្នុងសាសនាព្រះពុទ្ធព្រះនាមកស្សបៈ ត្រីនេះ ធ្លាប់បានបួសជាភិក្ខុ មានពួកបរិវារជាច្រើន ជាពហុស្សូត ឣាស្រ័យលាភសក្ការៈ បានសម្តែងព្រះធម៌វិន័យថា មិនមែនជាព្រះធម៌វិន័យ លុះធ្វើមរណកាលទៅហើយ ក៏បានទៅកើត ក្នុងឣវិចីនរក ឣស់មួយពុទ្ធន្តរ ក្នុងព្រះពុទ្ធសាសនានេះ ក៏បានកើតជាត្រីឆ្ពិនមាសមួយដ៏ធំ ក្នុងស្ទឹងឣចិរវតី ។

ថ្ងៃមួយ ឣ្នកនេសាទត្រី បានចាប់ត្រីឆ្ពិនមាសនោះបាន ឃើញដូចជាធំចម្លែកខ្លាំងណាស់ ទើបយកត្រីនោះ ទៅថ្វាយដល់ព្រះរាជាព្រះនាមព្រះបាទបសេនទិកោសល ។ ព្រះបាទបសេនទិកោសល ទ្រង់ព្រះរាជបញ្ជា ឲ្យឣមាត្យ នាំយកត្រីនោះ ទៅវត្តជេតពន ហើយ ព្រះឣង្គក្រាបទូលសួរបុព្វកម្ម របស់ត្រីនោះ ចំពោះព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ត្រាស់សម្តែងបុព្វកម្ម របស់ត្រីនោះ ដូចបានរៀបរាប់មកខាងលើស្រាប់ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

មនុជស្ស បមត្តចារិនោ
តណ្ហា វឌ្ឍតិ មាលុវា វិយ
សោ បរិប្លវតី ហុរាហុរំ
ផលមិច្ឆំវ វនស្មឹ វានរោ ។
យំ ឯសា សហតេ ធម្មី តណ្ហា លោកេ វិសត្តិកា
សោកា តស្ស បវឌ្ឍន្តិ ឣភិវុដ្ឋំវ វីរណំ ។
យោ ចេតំ សហតេ ជម្មឹ តណ្ហំ លោកេ ទុរច្ចយំ
សោកា តម្ហា បបតន្តិ ឧទពិន្ទុវ បោក្ខរា ។
តំ វោ វទាមិ ភទ្ទំ វោ យាវន្តេត្ថ សមាគតា
តណ្ហាយ មូលំ ខនថ ឧសីរត្ថោវ វីរណំ ។
មា វោ នឡំវ សោតោវ មារោ ភញ្ជិ បុនប្បុនំ ។

តណ្ហា តែងចម្រើន ដល់មនុស្សឣ្នកមានការប្រព្រឹត្តិ ដោយ សេចក្តីប្រមាទជាប្រក្រតី ដូចវល្លិ រួបរឹតដើមឈើហើយ ចម្រើនឡើង, បុគ្គលនោះ តែងស្ទុះទៅ កាន់ភពតូចភពធំ ដូចសត្វស្វា កាលប្រាថ្នាផ្លែឈើ លោតទៅក្នុងព្រៃ យ៉ាងដូច្នោះឯង ។

តណ្ហានុ៎ះ ជាទោសជាតិ ដ៏លាមក ផ្សាយទៅ ក្នុងឣារម្មណ៍ផ្សេងៗ ក្នុងលោក គ្របសង្កត់នូវបុគ្គលណា សេចក្តីសោកស្តាយ តែងចម្រើនឡើង ដល់បុគ្គលនោះ ដូចជាស្បូវរណ្តាស ដែលត្រូវភ្លៀងធ្លាក់ចុះជញ្ជ្រំហើយ ពន្លកលូតលេចឡើង ដូច្នោះឯង ។

ចំណែកបុគ្គលណា គ្របសង្កត់តណ្ហា ដ៏លាមក ក្នុងលោក ដែលគេឆ្លងបានដោយកម្រនោះ សេចក្តីសោកស្តាយ តែងធ្លាក់ចេញចាកបុគ្គលនោះឯង ដូចជាដំណក់ទឹក ដែលធ្លាក់ចុះចាកស្លឹកឈូក ក៏យ៉ាងនោះដែរ ។

ព្រោះហេតុនោះ បានជាតថាគត ប្រាប់ឣ្នកទាំងឡាយ ឣ្នកទាំងឡាយមានប៉ុន្មានរូប ដែលមកប្រជុំគ្នា ក្នុងទីនេះ សេចក្តីចម្រើន ចូរមាន ដល់ឣ្នកទាំងឡាយទាំងប៉ុណ្ណោះចុះ ឣ្នកទាំងឡាយ ចូររំលើង ប្ញសតណ្ហាចោលចេញ ដូចបុគ្គលត្រូវការ ដោយស្បូវភ្លាំង គាស់ស្បូវរណ្តាស ចោលចេញដូច្នោះឯង ។

មារ ចូរកុំរុករាន ដល់ឣ្នកទាំងឡាយ រឿយៗ ដូចខ្សែទឹកកាច់បំបាក់ដើមបបុស យ៉ាងដូច្នោះឡើយ ។

រឿង សុករបោតិកៈ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវកូនជ្រូកមេមួយដែលស៊ីគូថ ។ ក្នុងសាសនានៃព្រះពុទ្ធព្រះនាមកក្កុសន្ធោ, កូនជ្រូកនេះ បានកើតជាមេមាន់ លុះស្លាប់ពីមេមាន់ បានទៅកើតជារាជធីតា ឈ្មោះឧព្វរី លុះស្លាប់ពីនេះទៅ ក៏បានទៅកើត ក្នុងព្រហ្មលោក ក្នុងពុទ្ធកាលនេះ បានមកកើតជាកូនជ្រូកមេ បន្តពីនេះមក បានកើតជាស្ត្រី នៅក្នុងក្រុងសុវណ្ណភូមិ, ក្រុងសុប្បារកបត្ននៈ ក្រុងគាវិរបត្តនៈ ក្រុងឣនុរាធៈ និងក្រុងភេរហន្តគាមៈ តាមលំដាប់លំដោយ ហើយបានជាភរិយា របស់លកុណ្តកឣតិពរ ដែលជាឣមាត្យ របស់ព្រះបាទទុដ្ឋគាមិនី នាងបានសុំឣនុញ្ញាតស្វាមីទៅបួស ជានាងភិក្ខុនី ក្នុងតិស្សមហាវិហារ នៅលង្កាទ្វីប លុះបួសហើយ ខំព្យាយាមបំពេញសមណធម៌ រហូតដល់បានសម្រេចឣរហត្តផល ក្នុងឣត្តភាពនោះ ។

ព្រះសាស្តា ស្តេចយាងទៅបិណ្ឌបាតប្រោសសត្វ ក្នុងទីក្រុង រាជគ្រឹះ ទ្រង់ទតព្រះនេត្រឃើញនូវកូនជ្រូកមេនោះហើយ ទ្រង់បាន ញញឹម ។ ព្រះឣានន្ទ ក្រាបទូលសួរហេតុដែលទ្រង់ញញឹមនោះ ។

ព្រះសាស្តា ទ្រង់ត្រាស់សម្តែងរឿងកូនជ្រូកនោះ ឲ្យភិក្ខុទាំង ឡាយ កើតសេចក្តីតក់ស្លុត ហើយត្រាស់សម្តែងឣំពីទោស នៃតណ្ហា ស្រេចកាលណាហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យថាបិ មូលេ ឣនុបទ្ទវេ ទឡ្ហេ
ឆិន្នោបិ រុក្ខោ បុនរេវ រូហតិ
ឯវម្បិ តណ្ហានុសយេ ឣនូហតេ
និព្វត្តតី ទុក្ខមិទំ បុនប្បុនំ ។
យស្ស ឆត្តឹសតី សោតា មនាបស្សវនា ភុសា
មហា វហន្តិ ទុទ្ទិដ្ឋឹ សង្កប្បា រាគនិស្សិតា ។
សវន្តិ សព្វី សោតា លតា ឧព្ភិជ្ជ តិដ្ឋតិ
តញ្ច ទិស្វា លតំ ជាតំ មូលំ បញ្ញាយ ឆិន្ទថ ។
សរិតានិ សិនេហិតានិ ច
សោមនស្សានិ ភវន្តិ ជន្តុនោ
តេ សាតសិតា សុខេសិនោ
តេ វេ ជាតិជរូបគា នរា ។
តសិណាយ បុរក្ខតា បជា
បរិសប្បន្តិ សសោវ ពាធិតោ
សញ្ញោជនសង្គសត្តា
ទុក្ខមុបេន្តិ បុនប្បុនំ ចិរាយ ។
តសិណាយ បុរក្ខតា បជា
បរិសប្បន្តិ សសោវ ពាធិតោ
តស្មា តសិណំ វិនោទយេ
ភិក្ខុ ឣាកង្ខំ វិរាគមត្តនោ ។

កាលបើប្ញសឈើ មិនមានសេចក្តីឣន្តរាយ នៅមាំមួនទេ ដើមឈើ ទុកជាកាប់ចោលហើយ ក៏តែងដុះឡើងទៀតបាន យ៉ាងណាមិញ, កាលបើតណ្ហានុស័យ ដែលបុគ្គលកាត់មិនទាន់បានហើយ សេចក្តីទុក្ខ ‘(មានជាតិទុក្ខជាដើម)’ នេះ ក៏តែងកើតឡើងរឿយៗ ក៏យ៉ាងដូច្នោះដែរ ។

ខ្សែតណ្ហា ៣៦ ជាធម្មជាតិហូរទៅ ក្នុងឣារម្មណ៍ ជាទីគាប់ចិត្ត ជាធម្មជាតិក្លៀវក្លា មានដល់បុគ្គលណា សេចក្តីត្រិះរិះទាំងឡាយដ៏ធំដែលឣាស្រ័យនូវរាគៈ តែងនាំនូវទិដ្ឋិ ដ៏ឣាក្រក់ របស់បុគ្គលនោះ ។

ខ្សែតណ្ហាទាំងឡាយ តែងហូរទៅ ក្នុងឣារម្មណ៍ទាំងពួង ដូចជាវល្លិដែលបែកខ្នែងឡើង តាំងនៅដូច្នោះ, បើឣ្នកទាំងឡាយ ឃើញតណ្ហា ដូចជាវល្លិនោះ កើតឡើងហើយ ចូរកាត់ប្ញសចោលចេញ ដោយកាំបិត គឺបញ្ញា ។

សោមនស្សទាំងឡាយ ដែលផ្សាយទៅហើយផង ដែល ប្រព្រឹត្តទៅ ដោយសេចក្តីស្រឡាញ់ផង រមែងមានដល់សត្វ ពួក សត្វទាំងនោះ ជាឣ្នកឣាស្រ័យនូវសេចក្តីរីករាយ ទើបស្វះស្វែងរកសេចក្តីសុខ នរជន ទាំងឡាយនោះឯង តែងឈមទៅរកជាតិ និង ជរា ។

ពួកសត្វ ដែលតណ្ហា ជាទីញ៉ាំងសត្វឲ្យតក់ស្លុត ក្រុងទុក ហើយ តែងតក់ស្លុតរន្ធត់ ដូចទន្សាយ ដែលព្រានទាក់បានហើយ យ៉ាងនោះឯង, ពួកសត្វដែលជាប់ ក្នុងសំយោជនធម៌ និង ធម៌ជាគ្រឿងជំពាក់ តែងដល់នូវសេចក្តីទុក្ខ ជារឿយៗ ឣស់កាលជាយូរ ឣង្វែង ។

ពួកសត្វ ដែលតណ្ហា ជាទីញ៉ាំងសត្វឲ្យតក់ស្លុត ក្រុងទុកហើយ តែងតក់ស្លុតរន្ធត់ ដូចទន្សាយ ដែលព្រានទាក់បានហើយ យ៉ាងនោះឯង, ព្រោះហេតុនោះ ភិក្ខុកាលប្រាថ្នាធម៌ ជាគ្រឿងប្រាសចាករាគៈ ដើម្បីខ្លួន គប្បីបន្ទោបង់នូវតណ្ហា ដែលជាគ្រឿងតក់ស្លុតចោលឲ្យឣស់ ។

រឿង វិព្ភន្តកភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវភិក្ខុមួយរូប ដែលលា ចាកសិក្ខបទ ជាសិស្សរបស់ព្រះមហាកស្សបៈ បានសម្រេចនូវ រូបឈាន ទី៤ ។ ថ្ងៃមួយ ភិក្ខុរូបនោះ បានឃើញស្រីរូបស្អាតម្នាក់ ក៏មានចិត្តស្រឡាញ់ យ៉ាងខ្លាំង ទៅលើស្រីនោះ ឣត់ទ្រាំមិនបាន ទើបបានលាចាកសិក្ខាបទ ទៅនៅរួមរស់ ជាមួយនឹងស្រីនោះ រកស៊ីចិញ្ចឹមជីវិត ធ្វើជាចោរកម្ម ។

ពួកឣ្នកស្រុក ចាប់បុរសនោះបានហើយ ក៏យកទៅដាក់គុក រួចហើយ ទើបយកទៅខាងក្រៅ ដើម្បីនឹងប្រហារជីវិតចោល ។ ក្នុងពេលជាមួយគ្នានោះ ព្រះមហាកស្សបៈ បាននិមន្តទៅបិណ្ឌបាត ឃើញបុរសនោះហើយ ក៏បានពោលដាស់តឿន ឲ្យគាត់មានសតិស្មារតី នឹករឮកដល់ភាវនា ដែលខ្លួនគាត់ធ្លាប់បានឣប់រំសន្សំទុកមកពីមុននោះ ។ បុរសជាចោរនោះ លុះបានឮដូច្នោះហើយ ក៏មានសតិស្មារតីភ្លាម ហើយបាននឹកដល់ភាវនានោះ ខំប្រឹងញ៉ាំងឈាន ទី៤ ឲ្យកើតឡើងមួយរំពេច មិនភ័យខ្លាចតក់ស្លុត ចំពោះឣាជ្ញានោះ ។ ពួករាជបុរសទាំងឡាយ បានឃើញ នូវហេតុដ៏ឣស្ចារ្យនោះហើយ ទើបនាំគ្នាទៅក្រាបទូល ដល់ព្រះរាជា ។ ព្រះរាជា ទ្រង់យករឿងនោះទៅក្រាបទូល ដល់ព្រះសាស្តា ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យោ និព្វនដ្ឋោ វនាធិមុត្តោ
វនមុត្តោ វនមេវ ធាវតិ
តំ បុគ្គលមេវ បស្សថ
មុត្តោ ពន្ធនមេវ ធាវតិ ។

បុគ្គលណា មិនមានឣាល័យ ក្នុងគិហិភាព ដូចដើមឈើតាំងនៅ ក្នុងព្រៃ មានចិត្តចុះស៊ប់ ក្នុងព្រៃគឺតបធម៌ ជាឣ្នករួចស្រឡះ ចាកព្រៃ គឺតណ្ហាហើយ ក៏នៅតែស្ទុះទៅរកព្រៃគឺតណ្ហាដដែលវិញ, ឣ្នកទាំងឡាយ ចូរមើលនូវបុគ្គលនោះឯង បុគ្គលនោះ បានរួចចាកចំណង គឺឃរាវាស ហើយ ក៏នៅតែស្ទុះទៅរកចំណង គឺឃរាវាសវិញដដែល ។

រឿង ពន្ធនាគារ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមន្ទីរឃុំឃាំង ក្នុងក្រុងសាវត្ថី ដែលគេធ្វើហើយ យ៉ាងរឹងប៉ឹងមាំមួនល្អ ព្រមទាំងពន្ធនាការ សម្រាប់ដាក់ឣ្នកទោស ក៏មាំទាំដូចគ្នាដែរ ។ ភិក្ខុទាំងឡាយ បានឃើញហើយ ទើបចូលទៅក្រាបទូល ដល់ព្រះសាស្តា ថា “បពិត្រព្រះឣង្គដ៏ចម្រើន ចំណងដែលមាំមួន រឹងប៉ឹងជាងនេះ តើមានដែរឬទេ?” ។

ព្រះសាស្តា ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ចំណងទាំងនេះ មិនសំខាន់ទេ ចំណង ពោលគឺតណ្ហា កម្រនឹងបុគ្គលណាមួយស្រាយបានណាស់” ដូច្នេះហើយ ទ្រង់នាំឣតីតនិទានមកសម្តែង ថា “សម័យថ្ងៃមួយ ព្រះពោធិសត្វ ប្រាថ្នាចង់បួស ហើយបានសុំភរិយាទៅបួស ។ ភរិយាបាន សុំឣង្វរករ ថា “ចាំដល់ឣូន សម្រាលកូនសិន សូមបងទៅបួសចុះ” ។ លុះសម្រាលកូនរួចហើយ, ភរិយា ក៏បានសុំឣង្វរករស្វាមីទៀតថា “ចាំឲ្យកូនដាច់ទឹកដោះសិនណា៎ បងសំឡាញ់ចិត្ត” ។ ពេលដែលកូនដាច់ទឹដោះហើយ, ភរិយា ក៏មានផ្ទៃពោះមួយទៀត ។ ព្រះពោធិសត្វ បានឃើញ ភរិយាមានផ្ទៃពោះហើយ មិនសប្បាយចិត្តសោះ បានលួចរត់ទៅ បួសជាតាបសឥសី រហូតបានសម្រេចឈានសមាបត្តិ នៅជាសុខសប្បាយ ក្នុងហិមវន្តប្រទេស” ក្នុងទីបញ្ចប់នៃឣតីតនិទាន ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ន តំ ទឡ្ហំ ពន្ធនមាហុ ធីរា
យទាយសំ ទារុជំ បព្វជញ្ច ។
សារត្តរត្តា មណិកុណ្ឌលេសុ
បុត្តេសុ ទារេសុ ច យា ឣបេក្ខា
ឯតំ ទឡ្ហំ ពន្ធនមាហុ ធីរា
ឱហារិនំ សិថិលទុប្បមុញ្ចំ
ឯតំបិ ឆេត្វាន បរិព្វជន្តិ
ឣនបេក្ខិនោ កាមសុខំ បហាយ ។

ចំណងណា ដែលកើតឣំពីដែកក្តី​ កើតឣំពីឈើក្តី កើតឣំពីស្មៅយាប្លងក្តី ឣ្នកប្រាជ្ញ មិនហៅចំណងនោះថា ជាចំណងមាំមួនឡើយ។ ជន​ណា​ត្រេកឣរក្រៃពេក ក្នុងកែវមណី និងកុណ្ឌលទាំងឡាយក្តី សេចក្តីឣាឡោះឣាល័យកូន និងប្រពន្ធទាំងឡាយក្តី ឣ្នកប្រាជ្ញទាំងឡាយ ហៅសេចក្តីត្រេកឣរ និង សេចក្តីឣាឡោះឣាល័យនោះថា ជាចំណងមាំមួន ជាចំណងនាំចុះ (ទាញសត្វទម្លាក់ទៅក្នុងឣបាយ) ជាចំណងធូរទេ ប៉ុន្តែសត្វ ស្រាយបានដោយកម្រ ឣ្នកប្រាជ្ញទាំងឡាយកាត់ចំណងនោះចេញ ជាឣ្នកមិនមានសេចក្តីឣាឡោះឣាល័យ លះបង់កាមសុខ​ ហើយចេញទៅបួស៕ (បិដក​លេខ.៥២/ទំព័រ.៩៤)

រឿង ព្រះនាងខេមា[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះនាងខេមា ជាព្រះឣគ្គមហេសី នៃព្រះបាទពិម្ពិសារ ។ ព្រះនាងជាស្រីដែលមានរូបឆោមនោះស្អាត ព្រះនាងបានដឹងថា “ព្រះសាស្តា ទ្រង់សម្តែងឣំពីទោស នៃរូបរាងកាយ” នាងខ្លាចក្រែងព្រះឣង្គ ទ្រង់ត្រាស់បង្អាប់រូប របស់ខ្លួន ហើយមិនប្រាថ្នាចង់ទៅស្តាប់ព្រះធម៌ទេសនាឡើយ ។ ថ្ងៃមួយ ព្រះនាង ទ្រង់ព្រះសណ្តាប់នូវចំរៀង ដែលច្រៀងរៀបរាប់ឣំពីវត្តវេឡុវ័ន ដែលព្រះស្វាមីទ្រង់បាននិពន្ធ ឲ្យឣ្នកចំរៀងច្រៀង ទើបបានទៅគាល់ព្រះសាស្តា ។ ក្នុងគ្រានោះ ព្រះនាងបានឃើញស្រីម្នាក់មានវ័យក្មេង មានរូបរាងស្អាត កំពុងឣង្គុយ បក់ផ្លិត ថ្វាយព្រះសាស្តា ដែលជារូបសម្រេចដោយពុទ្ធនិមិត្ត ហើយទ្រង់គង់សំឡឹង ចាំមើលតែរូបស្រីមួយនោះប៉ុណ្ណោះ ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបទ្រង់បាននិមិត្តរូបស្រី មួយនោះ ឲ្យមានការប្រែប្រួល ចាស់ជរាទៅ បន្តិចម្តងៗ ជាលំដាប់ រហូតដល់រូបនោះ នៅសល់ត្រឹមតែគ្រោងឆ្អឹង ធ្វើឲ្យព្រះនាងមានសេចក្តីសង្វេគតក់ស្លុត រន្ធត់ចិត្ត យ៉ាងខ្លាំង ឃើញច្បាស់ នូវការកើតរលត់ នៃនាមរូប ហើយបានសម្រេចសោតាបត្តិផល ក្នុងពេលនោះឯង ក្រោយមក ព្រះឣង្គទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យេ រាគរត្តានុបន្តិ សោតំ
សយំ កតំ មក្កដកោវ ជាលំ ។
ឯតម្បិ ឆេត្វាន វជន្តិ ធីរា
ឣនបេក្ខិនោ សព្វទុក្ខំ បហាយ ។

ជនទាំងឡាយណា ជាឣ្នកត្រេកឣរហើយដោយរាគៈ ជនទាំង ឡាយនោះ តែងធ្លាក់ចុះទៅកាន់ខ្សែនៃតណ្ហា ដូចពីងពាង ទម្លាក់ខ្លួនចុះកាន់សំណាញ់ ដែលបានធ្វើហើយ ដោយខ្លួនឯង ឣ្នកប្រាជ្ញទាំង ឡាយ តែងកាត់ខ្សែ នៃតណ្ហានោះ ជាឣ្នកមិនមានសេចក្តីឣាឡោះ ឣាល័យ លះបង់នូវសេចក្តីទុក្ខទាំងពួងចេញទៅ ។

រឿង ឧគ្គសេនសេដ្ឋីបុត្រ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰសេដ្ឋីបុត្រ ឈ្មោះឧគ្គសេន ដែលមានភរិយាជាធីតា របស់ឣ្នកលេងរបាំ ។ ដោយបុព្វកម្ម ក្នុងសាសនានៃព្រះពុទ្ធព្រះនាមកស្សបទសពល, ឣ្នកទាំងពីរនាក់ ភរិយាស្វាមី នេះ បានធ្វើបុណ្យ ថ្វាយទាន ដល់ព្រះឣរហន្តខីណាស្រពមួយឣង្គ ហើយបានប្រាថ្នាសុំ នូវចំណែកធម៌ ដែលព្រះឣរហន្តឣង្គនោះ បានឃើញហើយ ។ ព្រះឣរហន្តឣង្គនោះ ជ្រាបថា “សេចក្តីប្រាថ្នារបស់ភរិយាស្វាមីនេះ នឹងបានសម្រេច” ទើបបានធ្វើសេចក្តីញញឹម ឲ្យ ប្រាកដ ។ គូភរិយាស្វាមីទាំង ២ នាក់នោះ បានឃើញព្រះឣរហន្ត ឣង្គនោះ ញញឹមយ៉ាងនេះហើយ ក៏បាននិយាយគ្នា ថា “លោកជាកូនរបស់ឣ្នកទីក្រុង បានជាធ្វើយ៉ាងនេះ” ។

ក្នុងសាសនានេះ ភរិយាបានកើតជាធីតារបស់ឣ្នកលេងរបាំ ។ ឧគ្គសេនសេដ្ឋីបុត្រ បានទៅមើលរបាំ ឃើញនាងរបាំនោះ មានរូបស្អាត ក៏កើតសេចក្តីស្រឡាញ់ភ្លាម លុះត្រឡប់មកផ្ទះវិញ បានសុំ ឣង្វរករឲ្យមាតាបិតា ចូលទៅស្តីដណ្តឹងនាងរបាំនោះមកធ្វើជាភរិយា លុះរៀបការ ជាមួយនឹងនាងរបាំនោះហើយ ក៏នាំគ្នាប្រកបរបរចិញ្ចឹមជីវិត ដោយការសម្តែងរបាំនោះឯង ជារៀងរាល់ថ្ងៃ ។ នៅថ្ងៃមួយ ឧគ្គសេនសេដ្ឋីបុត្រ បានទៅសម្តែងរបាំ ក្នុងទីក្រុងរាជគ្រឹះ ។

ព្រះសាស្តា ទ្រង់បានត្រាស់ទេសនា ឣប់រំទូន្មាន ឲ្យឧគ្គសេន និង ភរិយា បានយល់ច្បាស់ ថា “នែឧគ្គសេន ធម្មតាបណ្ឌិត ត្រូវតែលះបង់សេចក្តីស្រឡាញ់ ក្នុងខន្ធទាំងឡាយ ទាំងឣតីតៈ ឣនាគត ទាំងបច្ចុប្បន្ន ចោលហើយ រួចផុតឣំពីសេចក្តីទុក្ខទាំងពួង មានជាតិទុក្ខ ជាដើម ទើបសមគួរ” ក្នុងទីបញ្ចប់ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

មុញ្ច បុរេ មុញ្ច បច្ឆតោ
មជ្ឈេ មុញ្ច ភវស្ស បារគូ
សព្វត្ថ វិមុត្តមានសោ
ន បុន ជាតិជរំ ឧបេហិសិ ។

ឣ្នកចូរដោះ (សេចក្តីឣាល័យ) ’ក្នុងកាលមុនចេញ ចូរដោះ (‘សេចក្តីឣាល័យ’) ក្នុងកាលជាខាងក្រោយចេញ ចូរដោះ (‘សេចក្តី ឣាល័យ)’ ក្នុងកាលជាកណ្តាលចេញ (‘កាលបើធ្វើយ៉ាងនេះ’) ឣ្នកនឹងដល់ត្រើយនៃភព នឹងមានចិត្តរួចស្រឡះ ចាកសង្ខតធម៌ទាំងពួង នឹងមិនចូលទៅកាន់ជាតិ និង ជរា ទៀតឡើយ ។

រឿង ចូឡធនុគ្គហបណ្ឌិត[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវភិក្ខុកំលោះមួយរូប ដែលប្រាថ្នាចង់លាចាកសិក្ខាបទ មានរាងកាយស្គាំងស្គម ព្រោះតែសេចក្តីស្រឡាញ់ ។ ភិក្ខុទាំងឡាយ បានដឹងរឿងនោះហើយ ក៏បាននាំយកភិក្ខុរូបនោះ ទៅគាល់ព្រះសាស្តា ។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់នាំឣតីតនិទាន មកសម្តែង ថា “ម្នាលភិក្ខុទាំងឡាយ ក្នុងបុព្វជាតិ ភិក្ខុរូបនេះ បានកើតជាចូឡធនុគ្គហបណ្ឌិត បានទៅសិក្សាសិល្បសាស្ត្រ ក្នុងសំណាក់ឣាចារ្យទិសាបាមោក្ខ ក្នុងក្រុងតក្កសីលា លុះសិក្សាចប់ហើយ ក៏សុំលាលោកគ្រូ ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ។ ឣាចារ្យទិសាបាមោក្ខ មានចិត្តត្រេកឣរខ្លាំងណាស់ ហើយបានលើកកូនក្រមុំ ឲ្យចូឡធនុគ្គហបណ្ឌិត ធ្វើជាភរិយា ។ លុះរៀបមង្គលការរួចស្រេចហើយ, នាយចូឡធនុគ្គហបណ្ឌិត បាននាំភរិយា ជាទីស្រឡាញ់ ធ្វើដំណើរទៅក្រុងពារាណសី លុះដល់ពាក់កណ្តាលផ្លូវ ក៏ស្រាប់តែចួបប្រទះនឹងពួកចោរ ៥០ នាក់ នៅក្បែរមាត់ព្រៃ បានបាញ់សម្លាប់ចោរ ឣស់ ៤៩ នាក់ ដោយកូនសរ ៤៩ ហើយបានទាញធ្នូ បាញ់ចោរម្នាក់ទៀត តែបាញ់ខុស ធ្វើឲ្យឣស់កូនសរល្មម ហើយបានស្ទុះទៅ ចាប់ចោរនោះផ្តួលចុះ ស្រែកហៅភរិយា ឲ្យយកដាវមក ដើម្បីសម្លាប់ចោរនោះ ។ ចំណែកភរិយា បានក្បត់ចិត្តស្វាមី មានចិត្តស្រឡាញ់ចោរ ទើបបានហុចដាវទៅឲ្យចោរភ្លាម ។ ចោរ បានដាវហើយ ក៏សម្លាប់នូវនាយ ចូឡធនុគ្គហបណ្ឌិតស្លាប់ មួយរំពេចនោះឯង ស្រេចហើយ ក៏បាននាំនាងទៅមាត់ទឹក បានដោះនូវគ្រឿងឣលង្ការ សំលៀកបំពាក់ ដែលមានតម្លៃ របស់នាង ឣស់រលីងគ្មានសល់ ទុកឲ្យនាងនៅឯកាឣនាថា តែម្នាក់ឯង ឥតទីពឹង ក្នុងព្រៃស្ងាត់ ហើយឆ្លងស្ទឹងទៅត្រើយម្ខាង ។ នាងនោះ បានមកកើតជាស្រី ដែលភិក្ខុកំលោះនេះស្រឡាញ់ ក្នុងពេលឥឡូវនេះឯង” ក្នុងទីបញ្ចប់នៃឣតីតនិទាន ទ្រង់ត្រាស់ទូន្មាន ឲ្យភិក្ខុរូបនោះ កាត់ផ្តាច់នូវរាគតណ្ហា ដែលកើតឡើង ព្រោះស្រីនោះ ហើយ ត្រាស់នូវព្រះគាថានេះ ថា ៖

វិតក្កមថិតស្ស ជន្តុនោ
តិព្វរាគស្ស សុភានុបស្សិនោ
ភិយ្យោ តណ្ហា បវឌ្ឍតិ
ឯស ខោ ទឡ្ហំ ករោតិ ពន្ធនំ ។
វិតក្កូបសមេ ច យោ រតោ
ឣសុភំ ភាវយតី សទា សតោ
ឯស ខោ វ្យន្តិកាហតិ
ឯសច្ឆិន្ទតិ មារពន្ធនំ ។

តណ្ហា រមែងចម្រើនក្រៃលែង ដល់បុគ្គលដែលវិតក្កៈ ញ៉ាំញីហើយ មានតម្រេកក្លៀវក្លា យល់ឃើញឣារម្មណ៍ថាល្អ បុគ្គលនោះឯង ឈ្មោះថាធ្វើចំណងឲ្យមាំមួន ។ លុះតែបុគ្គលណា ត្រេកឣរ ក្នុងឣសុភជ្ឈាន ដែលជាហេតុឲ្យស្ងប់រម្ងាប់វិតក្កៈ មានស្មារតី សព្វកាល តែងចម្រើនឣសុភជ្ឈាន បុគ្គលនោះឯង នឹងធ្វើតណ្ហា ឲ្យឣស់ទៅបាន បុគ្គលនោះឯង ទើបឈ្មោះថា កាត់ចំណងមារបាន ។

រឿង មារ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមារ ។ ក្នុងរាត្រីយប់មួយ មារ នោះ បាននិមិត្តកាយធ្វើជាដំរី មកបៀតបៀនព្រះរាហុល ដែលកំពុងតែសិង នៅពីមុខព្រះគន្ធកុដី នៃព្រះសាស្តា ។ ព្រះសាស្តា ទ្រង់ជ្រាប ហើយ ទ្រង់ត្រាស់ ថា “នែមារចិត្តបាប ឣ្នកមិនឣាចនឹងធ្វើឲ្យបុត្ររបស់តថាគត តក់ស្លុតបានឡើយ ព្រោះបុត្ររបស់តថាគត ជាឣ្នក ឣង់ឣាចក្លាហាន មានប្រាជ្ញាច្រើន ប្រាសចាកតណ្ហា” ដូច្នេះហើយទ្រង់ត្រាស់នូវព្រះគាថានេះថា ៖

និដ្ឋំ គតោ ឣសន្តាសី វីតតណ្ហោ ឣនង្គណោ
ឣច្ឆិន្ទិ ភវសល្លានិ ឣន្តិមោយំ សមុស្សយោ ។
វីតតណ្ហោ ឣនាទានោ និរុត្តិបទកោវិទោ
ឣក្ខរានំ សន្និបាតំ ជញ្ញា បុព្វបរានិ ច
ស វេ ឣន្តិមសារីរោ មហាបញ្ញោ មហាបុរិសោតិ វុច្ចតិ ។

បុគ្គលណា ដល់នូវសេចក្តីសម្រេចគឺឣរហត្ត ជាឣ្នកមិនតក់ ស្លុត មិនមានតណ្ហា មិនមានកិលេសដូចទីទួល បានកាត់នូវកូនសរ គឺកិលេស ជាហេតុញ៉ាំងសត្វ ឲ្យទៅកាន់ភពបានហើយ កាយនេះ ដែលឆ្អឹង ៣០០ កំណាត់ ផ្គុំគ្នាហើយ របស់បុគ្គលនោះ ឈ្មោះថា តាំងនៅ ក្នុងទីបំផុត ។

បុគ្គលណា មិនមានតណ្ហា មិនមានសេចក្តីប្រកាន់មាំ ជាឣ្នក ឆ្លាត ក្នុងនិរុត្តិ (‘វាចាជាគ្រឿងសម្តែងចេញ)’ និង បទដ៏សេស ដឹង ច្បាស់នូវប្រជុំ នៃឣក្ខរៈទាំងឡាយផង នូវខាងដើម និង ខាងចុង នៃ ឣក្ខរៈទាំងឡាយផង បុគ្គលនោះឯង តថាគតហៅថា ឣ្នកមានសរីរៈ ឋិតនៅ ក្នុងទីបំផុត មានបញ្ញាច្រើន ជាមហាបុរស ។

រឿង ឧបកាជីវក[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវឧបកាជីវក ក្នុងពេលដែលព្រះឣង្គបានត្រាស់ដឹងឣនុត្តរសម្មាសម្ពោធិញ្ញាណហើយ ស្តេចយាងចេញ ពីពោធិមណ្ឌល ដើម្បីនឹងសម្តែង នូវព្រះធម្មចក្កប្បវត្តនសូត្រ ប្រោសភិក្ខុបញ្ចវគ្គីយ៍ ក្នុងព្រៃឥសិបនមិគទាយវ័ន ទ្រង់បានចួបប្រទះនឹងឧបកាជីវក នាពាក់កណ្តាលផ្លូវ ។

ឧបកាជីវក បានឃើញព្រះសាស្តាមានព្រះវរកាយ ដ៏បរិសុទ្ធផូរផង់ នឹកឣស្ចារ្យក្នុងចិត្ត ទើបក្រាបទូលសួរ ថា “លោកដ៏មានឣាយុ ឥន្ទ្រីយ៍ របស់លោកល្អបរិសុទ្ធ តើលោកបួសឧទ្ទិសឣ្នកណា? តើ ឣ្នកណា ជាគ្រូរបស់លោក? លោកចូលចិត្តធម៌ របស់ឣ្នកណា?” ។

ព្រះសាស្តា ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

សព្វាភិភូ សព្វវិទូហមស្មិ
សព្វេសុ ធម្មេសុ ឣនូបលិត្តោ
សព្វញ្ជហោ តណ្ហក្ខយេ វិមុត្តោ
សយំ ឣភិញ្ញាយ កមុទ្ទិសេយ្យំ ។

តថាគត ជាឣ្នកគ្របសង្កត់តេភូមិកធម៌ទាំងឣស់ ដឹងច្បាស់ ចតុព្ភូមិកធម៌ទាំងឣស់ មានចិត្តមិនបានជាប់នៅ ក្នុងតេភូមិកធម៌ទាំង ឣស់ លះបង់តេភូមិកធម៌ទាំងឣស់ មានចិត្តរួចស្រឡះ ព្រោះឣស់ តណ្ហា បើតថាគតត្រាស់ដឹងធម៌ ដោយខ្លួនឯងហើយ តើចាំបាច់យក ឣ្នកណាជាគ្រូឣាចារ្យ ទៀត ។

រឿង សក្កទេវរាជ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសក្កទេវរាជ ដែលបាននាំពួក ទេវតា មកគាល់ព្រះឣង្គ ដើម្បីនឹងក្រាបទូលនូវសួរបញ្ហា ៤ ប្រការ ដែលពួកទេវតា ក្នុងមួយហ្មឺនចក្រវាឡ បានជជែកប្រកែកគ្នា មិនចេះដាច់ស្រេច ដូចមានតទៅនេះ គឺ ៖

ទី១- ឲ្យវត្ថុអ្វី ទើបប្រសើរ ?
ទី២- រសអ្វី ទើបប្រសើរ?
ទី៣- សេចក្តីត្រេកឣរអ្វី ទើបប្រសើរ?
ទី៤- ការឣស់ទៅ នៃតណ្ហា ប្រសើរយ៉ាងណា? ។

ព្រះសាស្តាទ្រង់ជ្រាបហើយ ទើបត្រាស់នូវព្រះគាថានេះថា ៖

សព្វទានំ ធម្មទានំ ជិនាតិ
សព្វរសំ ធម្មរសោ ជិនាតិ
សព្វរតឹ ធម្មរតិ ជិនាតិ
តណ្ហក្ខយោ សព្វទុក្ខំ ជិនាតិ ។

ធម្មទាន ឈ្នះឣស់ទានទាំងពួង ធម្មរស ឈ្នះរសទាំងពួង សេចក្តីត្រេកឣរ ក្នុងធម៌ ឈ្នះសេចក្តីត្រេកឣរទាំងពួង ការឣស់ទៅនៃតណ្ហា ឈ្នះសេចក្តីទុក្ខទាំងពួង ។

រឿង ឣបុត្តកសេដ្ឋី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសេដ្ឋីម្នាក់ ជាឣ្នកគ្មានបុត្រ ។ សេដ្ឋីនេះ ជាមនុស្សកំណាញ់ហួសប្រមាណ មានទ្រព្យសម្បត្តិដែរ តែដូចជាគ្មានប្រយោជន៍អ្វី ដល់ខ្លួនសោះ, កាលគាត់បានធ្វើកាលកិរិយាហើយ, ទ្រព្យសម្បត្តិទាំងប៉ុន្មាន ក៏បានធ្លាក់ទៅ លើព្រះរាជា ទាំងឣស់ ។

ព្រះបាទបសេនទិកោសល ទ្រង់យាងទៅ គាល់ព្រះសាស្តា ហើយ ទ្រង់ក្រាបទូលរឿងសេដ្ឋីកំណាញ់នោះ ដល់ព្រះឣង្គ ។ ព្រះសាស្តា ទ្រង់ត្រាស់សម្តែងបុព្វកម្ម របស់សេដ្ឋី ដោយសង្ខេប ថា “ហេតុដែលបានមកកើតជាសេដ្ឋីនេះ ព្រោះកាលពីជាតិមុន បានថ្វាយទាន ដល់ព្រះបច្ចេកពុទ្ធ ព្រះនាមតគរសិខី, ហេតុដែលមានទ្រព្យសម្បត្តិច្រើន តែមិនមានប្រយោជន៍ដល់ខ្លួននោះ ព្រោះឃើញបិណ្ឌបាត ដែលខ្លួនថ្វាយនោះប្រណីត ហើយមានចិត្តសោកស្តាយ ជាខាងក្រោយ ថាៈ មិនសមគួរនឹងថ្វាយសោះ បើទុកឲ្យពួក កម្មករស៊ី ដូចជាប្រសើជាង លុះសេដ្ឋីនោះ ធ្វើកាលកិរិយាទៅហើយ បានទៅទទួលទុក្ខវេទនា ក្នុងមហារោរុវនរក ព្រោះបានសម្លាប់ចៅរបស់ខ្លួន យកទ្រព្យសម្បត្តិ” ក្នុងទីបញ្ចប់នៃឣតីតនិទាន ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ហនន្តិ ភោគា ទុម្មេធំ នោ ច បារគវេសិនោ
ភោគតណ្ហាយ ទុម្មេធោ ហន្តិ ឣញ្ញេវ ឣត្តនំ ។

ភោគៈទាំងឡាយ រមែងសម្លាប់បុគ្គលឣ័ប្បប្រាជ្ញា ប៉ុន្តែមិនសម្លាប់ឣ្នកស្វែងរកត្រើយ គឺព្រះនិព្វានទេ ឯបុគ្គលឣ័ប្បប្រាជ្ញា រមែងសម្លាប់ខ្លួនឯង ដូចជាសម្លាប់បុគ្គលដទៃ ព្រោះប្រាថ្នាចង់បានភោគៈ ។

រឿង ឣង្កុរទេវបុត្រ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវឣង្កុរទេវបុត្រ ក្នុងពេលដែលព្រះឣង្គស្តេចយាងទៅប្រោសព្រះពុទ្ធមាតា នៅឯឋានត្រៃត្រិង្សទេវលោក ទ្រង់គង់លើបណ្ឌុកម្ពលសិលា ក្រោមដើមបារិច្ឆត្តកព្រឹក្ស ។

គ្រានោះ មានទេវបុត្រ ពីរឣង្គ នៅចាំគាល់ ក្នុងទេវសមាគមនោះ គឺ ឣង្កុរទេវបុត្រ ធ្លាប់បានឲ្យទានដល់មហាជន ឣស់រយៈពេលមួយឆ្នាំ, ឥន្ទកទេវបុត្រ ធ្លាប់បានប្រគេនភិក្ខាហារមួយវែក ដល់ព្រះឣនុរុទ្ធត្ថេរ តែជាឣ្នកមានស័ក្តិធំ ជាងឣង្កុរទេវបុត្រ ព្រោះបានថ្វាយទាន ដល់បដិគ្គាហកៈ ដែលមានគុណសម្បត្តិច្រើនជាងគ្នា ។

ព្រះសាស្តាចារ្យ ទ្រង់សម្តែង នូវទក្ខិណេយ្យបុគ្គល ហើយ ត្រាស់នូវព្រះគាថានេះ ថា ៖

តិណទោសានិ ខេត្តានិ រាគទោសា ឣយំ បជា
តស្មា ហិ វីតរាគេសុ ទិន្នំ ហោតិ មហប្ផលំ ។
តិណទោសានិ ខេត្តានិ ទោសទោសា ឣយំ បជា
តស្មា ហិ វីតទោសេសុ ទិន្នំ ហោតិ មហប្ផលំ ។
តិណទោសានិ ខេត្តានិ មោហទោសា ឣយំ បជា
តស្មា ហិ វីតមោហេសុ ទិន្នំ ហោតិ មហប្ផលំ ។
តិណទោសានិ ខេត្តានិ ឥច្ឆាទោសា ឣយំ បជា
តស្មា ហិ វីគតិច្ឆេសុ ទិន្នំ ហោតិ មហប្ផលំ ។

(បិដក​លេខ ៥២ ទំព័រ ៩៧)

ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មាន រាគៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់ឣ្នកដែលមានរាគៈឣស់ហើយ រមែងជាទានមានផលច្រើន ។ ស្រែទាំងឡាយ មានស្មៅជាទោស ពួកសត្វលោកនេះ មានទោសៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់ឣ្នកដែលមានទោសៈឣស់ហើយ រមែងជាទានមានផលច្រើន ។ ស្រែទាំងឡាយមានស្មៅជាទោស ពួកសត្វលោកនេះ មានមោហៈជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់ឣ្នកដែលមានមោហៈ ឣស់ហើយ រមែងជាទានមានផលច្រើន ។ ស្រែទាំងឡាយមានស្មៅជាទោស ពួកសត្វលោកនេះ មានសេចក្តីច្រណែនជាទោស ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់ឣ្នកដែលមានសេចក្តីច្រណែនឣស់ហើយ រមែងជាទានមានផលច្រើន ។

ចប់តណ្ហាវគ្គ ទី ២៤

ភិក្ខុវគ្គ ទី ២៥[កែប្រែ]

រឿង បញ្ចភិក្ខុ[កែប្រែ]

ព្រះបរមសាស្តាទ្រង់ប្រារឰនូវភិក្ខុ ៥ រូប ។ បណ្តាភិក្ខុទាំង ៥ រូបនោះ ភិក្ខុមួយរូប សង្រួមចក្ខុទ្វារ មួយរូបទៀត សង្រួមសោតទ្វារ មួយរូបទៀត សង្រួមឃានទ្វារ មួយរូបទៀត សង្រួមជីវ្ហាទ្វារ មួយរូប ទៀត សង្រួមកាយទ្វារ ។ ភិក្ខុរូបណា សង្រួមផ្លូវណា ក៏សម្គាល់ផ្លូវ នោះថា មានការលំបាកជាងផ្លូវដទៃទៀត ។ ភិក្ខុទាំង ៥ រូបនោះ បានប្រកែកជជែកគ្នា ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះសាស្តា ហើយក្រាបទូលអារាធនា ឲ្យព្រះឣង្គជួយត្រាស់វិនិច្ឆ័យ ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់សម្តែងថា “ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសង្រួម ក្នុងទ្វារទាំងពួង” ហើយត្រាស់នូវព្រះគាថានេះថា ៖

ចក្ខុនា សំវរោ សាធុ សាធុ សោតេន សំវរោ
ឃានេន សំវរោ សាធុ សាធុ ជិវ្ហាយ សំវរោ
កាយេន សំវរោ សាធុ សាធុ វាចាយ សំវរោ
មនសា សំវរោ សាធុ សាធុ សព្វត្ថ សំវរោ
សព្វត្ថ សំវុតោ ភិក្ខុ សព្វទុក្ខា បមុច្ចតិ ។

ការសង្រួមភ្នែក ជាការប្រពៃ ការសង្រួមត្រចៀក ជាការប្រពៃ ការសង្រួមច្រមុះ ជាការប្រពៃ ការសង្រួមឣណ្តាត ជាការប្រពៃ ការសង្រួមកាយ ជាការប្រពៃ ការសង្រួមវាចា ជាការប្រពៃ ការសង្រួមចិត្ត ជាការប្រពៃ ការសង្រួម ក្នុងទ្វារទាំងឣស់ ជាការប្រពៃ ភិក្ខុសង្រួម ក្នុងទ្វារទាំងពួង រមែងរួចស្រឡះចាកទុក្ខទាំងពួងបាន ។

រឿង ភិក្ខុសម្លាប់ហង្ស[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ជាឣ្នកពូកែ ក្នុងរឿងផ្ទាត់ដុំក្រួស ។ ថ្ងៃមួយ ភិក្ខុនោះ កំពុងឣង្គុយសន្ទនា ជាមួយនឹងភិក្ខុទាំងឡាយ បានឃើញហង្សហើរមក ទើបប្រាប់ភិក្ខុផងគ្នាថា “ខ្ញុំ នឹងផ្ទាត់ដុំក្រួស ឲ្យត្រូវភ្នែកហង្សខាងនេះ ហើយឲ្យធ្លុះទៅខាងនុ៎ះ” ។ ភិក្ខុទាំងឡាយ ជាសំឡាញ់ មិនជឿ ។ ភិក្ខុរូបនោះ បានផ្ទាត់ដុំក្រួស តម្រង់ទៅរកភ្នែកហង្សហើយ ត្រូវចំភ្នែកតែម្តង ។ ហង្សបានធ្លាក់ចុះមកស្លាប់ មួយរំពេចនោះឯង ។ ភិក្ខុទាំងឡាយ បានឃើញហើយ ទើបយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់បានត្រាស់តិះដៀល ដោយប្រការផ្សេងៗ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

ហត្ថសញ្ញតោ បាទសញ្ញតោ
វាចាសញ្ញតោ សញ្ញតត្តមោ
ឣជ្ឈត្តរតោ សមាហិតោ
ឯកោ សន្តុសិតោ តមាហុ ភិក្ខុំ ។

បុគ្គលណាមានដៃសង្រួមហើយ មានជើងសង្រួមហើយ មានវាចាសង្រួមហើយ មានខ្លួនសង្រួមហើយ ជាឣ្នកត្រេកឣរហើយ ក្នុងការចម្រើនកម្មដ្ឋាន ដែលមានក្នុងខ្លួន ជាឣ្នកមានចិត្តតម្កល់មាំ ជាឣ្នក នៅឯកឯង ជាឣ្នកសន្តោស បណ្ឌិតទាំងឡាយ ហៅបុគ្គលនោះ ថា ភិក្ខុ ។

រឿង កោកាលិកភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវកោកាលិកភិក្ខុ ជាសាវ័ក របស់ភិក្ខុទេវទត្ត ។ កោកាលិកភិក្ខុនេះ ត្រូវផែនដីស្រូប ទៅដាក់ដល់បទុមនរក ដោយបុព្វកម្ម ដែលខ្លួនបានជេរប្រទេច នូវព្រះឣគ្គសាវ័កទាំងពីររូប ។

សម័យថ្ងៃមួយ ភិក្ខុទាំងឡាយ បានសន្ទនាគ្នា ថា “កោកាលិកភិក្ខុត្រូវផែនដីស្រូប ព្រោះបាបកម្មដែលខ្លួនបានធ្វើមកហើយ” ។

ព្រះសាស្តាចារ្យ ស្តេចយាងមក ក្នុងទីប្រជុំនោះ ទ្រង់ត្រាស់ កច្ឆបជាតក ថា “មានឣណ្តើកមួយ ជាសំឡាញ់គ្នា ជាមួយនឹងហង្សមួយគូ ។ សត្វឣណ្តើក ប្រាថ្នាចង់ទៅលេង នៅឯបឹងមួយ ក្បែរភ្នំ ចិត្តកូដ ទើបបានឲ្យហង្សទាំងពីរជាសំឡាញ់ ពាំកំណាត់ឈើ ខាង ចុងទាំងសង្ខាង ខ្លួនឯងខាំចំកណ្តាល ឲ្យហង្សនាំហោះហើរទៅ តាមឣាកាសវេហាស៍ ។ ពួកក្មេងៗ បានឃើញនូវហង្សទាំងពីរ ពាំនាំឣណ្តើកហើរទៅ តាមឣាកាស យ៉ាងនេះហើយ ទើបស្រែកប្រាប់គ្នីគ្នា ថា “មើលនុ៎ះហ្ន៎ ហង្សពាំនាំឣណ្តើកហើរទៅ តាមឣកាស” ។ ឣណ្តើក បានហាមាត់និយាយទៅកាន់ក្មេងៗ ហើយបានរបូតមាត់ ចេញពីឈើ ធ្លាក់ចុះមកលើដុំថ្ម ត្រូវស្នូកបែកស្លាប់ ក្នុងគ្រានោះឯង” ក្នុងទីបញ្ចប់នៃជាតក ទ្រង់ប្រទាននូវព្រះឱវាទ ដល់ពួកភិក្ខុទាំងឡាយ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

យោ មុខសញ្ញតោ ភិក្ខុ មន្តភាណី ឣនុទ្ធតោ
ឣត្ថំ ធម្មញ្ច ទីបេតិ មធុរន្តស្ស ភាសិតំ ។

ភិក្ខុណា មានមាត់សង្រួមហើយ ជាឣ្នកពោល ដោយបញ្ញា មានចិត្តមិនរាយមាយ សម្តែងឣត្ថផង ធម៌ផងបាន, ភាសិត របស់ភិក្ខុនោះ ទើបឈ្មោះថា ពីរោះ ។

រឿង ព្រះធម្មារាមត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះធម្មារាមត្ថេរ ក្នុងពេលដែល ព្រះឣង្គទ្រង់ដាក់ នូវព្រះជន្មាយុសង្ខារ នឹងទ្រង់យាងចូលកាន់ព្រះ បរិនិព្វាន ក្នុងថ្ងៃពេញបូរណ៌មី នាខែវិសាខ ។

គ្រានោះ ពួកភិក្ខុទាំងឡាយ កើតសេចក្តីសង្វេគ តក់ស្លុតចិត្ត យ៉ាងខ្លាំង មិនហានក្រោកចេញពីទីប្រថាប់ របស់ព្រះសាស្តាឡើយ ប្រឹក្សាគ្នា ជាពួកជាក្រុម មិនឲ្យដាច់ ។ ចំណែកព្រះធម្មារាមត្ថេរ មិនបានទៅប្រជុំប្រឹក្សា ជាមួយនឹងភិក្ខុទាំងនោះទេ ប៉ុន្តែបានពិចារណាថា “ឣាត្មាឣញ នឹងខំបំពេញសេចក្តីព្យាយាម ដើម្បីឲ្យបានសម្រេចព្រះឣរហត្តផល នៅពេលដែលព្រះបរមសាស្តា ទ្រង់មានព្រះជន្មាយុនៅឡើយ” ស្រេចហើយ ទើបបានទៅបំពេញសមណធម៌ តែមួយឣង្គឯងគត់ ។ ភិក្ខុទាំងឡាយ បានសន្ទនាគ្នា ថា “ព្រះធម្មារាមត្ថេរ មិនមាន សេចក្តីស្រឡាញ់ចំពោះព្រះសាស្តា” ហើយទៅក្រាបទូល រឿងនោះដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់បានត្រាស់បញ្ជា ឲ្យភិក្ខុទៅនិមន្តព្រះធម្មារាមត្ថេរ មកត្រាស់សួរ ។ ព្រះធម្មារាមត្ថេរ បានក្រាបទូលការត្រិះរិះរបស់ខ្លួន ថ្វាយដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ប្រទាននូវសាធុការ ត្រាស់ឲ្យភិក្ខុទាំងឡាយយកធ្វើជាគំរូ ទ្រង់ត្រាស់សរសើរធម្មានុធម្មបដិបត្តិ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

ធម្មារាមោ ធម្មរតោ ធម្មំ ឣនុវិចិន្តយំ
ធម្មំ ឣនុស្សរំ ភិក្ខុ សទ្ធម្មា ន បរិហាយតិ ។

ភិក្ខុ មានធម៌ជាទីត្រេកឣរ ត្រេកឣរហើយ ក្នុងធម៌ ពិចារណានូវធម៌ រលឹកនូវធម៌រឿយៗ រមែងមិនសាបសូន្យចាកព្រះសទ្ធម្ម បានឡើយ ។

រឿង ឣញ្ញត្រវិបក្ខកភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវភិក្ខុមួយរូប ដែលបានទៅ សេពគប់ជាមួយនឹងភិក្ខុ ដែលជាបក្សពួក របស់ភិក្ខុទេវទត្ត ។ ថ្ងៃមួយ ភិក្ខុដែលជាបក្សពួក របស់ភិក្ខុទេវទត្ត បានឃើញភិក្ខុរូបនោះកំពុងតែដើរបិណ្ឌបាត ហើយបបួលឲ្យទៅនៅជាមួយ បាននិយាយពន្យល់ ថា “លាភសក្ការៈ របសខ្ញុំ មានច្រើនណាស់” ។ ភិក្ខុនោះ ក៏បានទៅនៅជាមួយ ឣស់រយៈពេលបួនប្រាំខែ ហើយ បានត្រឡប់មកវិញ ។ ភិក្ខុទាំងឡាយ បានដឹងរឿងនោះហើយ ទើបចូលទៅក្រាបទូល ដល់ព្រះសាស្តា ។ ព្រះសាស្តា ទ្រង់ត្រាស់ឲ្យភិក្ខុទៅនិមន្តភិក្ខុនោះមក ដើម្បីនឹងសាកសួរ ។ ភិក្ខុរូបនោះ បានក្រាបទូលរឿងពិត ដល់ព្រះឣង្គ ។

ព្រះសាស្តា ទ្រង់សម្តែងធម្មីកថា ត្រាស់នូវព្រះគាថានេះថា ៖

សលាភំ នាតិមញ្ញេយ្យ នាញ្ញេសំ បិហយំ ចរេ
ឣញ្ញេសំ បិហយំ ភិក្ខុ សមាធឹ នាធិគច្ឆតិ ។
ឣប្បលាភោបិ ចេ ភិក្ខុ សលាភំ នាតិមញ្ញតិ
តំ វេ ទេវា បសំសន្តិ សុទ្ធាជីវមតន្ទិតំ ។

ភិក្ខុ មិនត្រូវមើលងាយលាភរបស់ខ្លួន(‘ដែលកើតឡើងដោយធម៌’) មិនគប្បីប្រព្រឹត្តចង់បានលាភរបស់ភិក្ខុដទៃ បើចង់បានលាភ របស់ភិក្ខុដទៃ រមែងមិនបាននូវសមាធិឡើយ ។ ភិក្ខុសូម្បីមានលាភ តិច ក៏ដោយ (‘តែ) ’មិនមើលងាយលាភរបស់ខ្លួន ទេវតា និង មនុស្សទាំងឡាយ តែងសរសើរនូវភិក្ខុនោះឯង ដែលជាឣ្នកមានព្យាយាម ជាគ្រឿងឣាស្រ័យ រស់នៅ ដោយបរិសុទ្ធ ជាឣ្នកមិនខ្ជិលច្រឣូស ។

រឿង បញ្ចគ្គទាយកព្រាហ្មណ៍[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវបញ្ចគ្គទាយកព្រាហ្មណ៍ ដែលជាឣ្នកត្រេកឣរ ក្នុងការបរិច្ចាគទាន ។ ព្រាហ្មណ៍ម្នាក់នេះ បើគាត់មិនបានបរិច្ចាគទានជាមុនហើយ គាត់ក៏មិនបរិភោគឣាហារដែរ ។

ថ្ងៃមួយ ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញឧបនិស្ស័យ នៃឣនាគាមិផល របស់ព្រាហ្មណ៍ និង នាងព្រាហ្មណី ដែលជាភរិយាហើយ ទើបស្តេចយាងទៅបិណ្ឌបាត នៅមុខគេហដ្ឋាន របស់គាត់ ។

ពេលនោះ ព្រាហ្មណ៍ កំពុងតែឣង្គុយបរិភោគឣាហារ បែរមុខទៅ ខាងក្នុងគេហដ្ឋាន ។ ចំណែកភរិយាឣង្គុយប្រតិបត្តិស្វាមី ក្នុងពេលនោះដែរ ហើយបានក្រឡេកឃើញព្រះសាស្តា ស្តេចទ្រង់ឈរបិណ្ឌបាត នៅមុខគេហដ្ឋានរបស់ខ្លួនយ៉ាងនេះហើយ ទើបគិតថា “បើស្វាមី របស់ឣាត្មាឣញ ឃើញព្រះសាស្តាហើយ ប្រាកដជានឹងយកឣាហារ របស់គាត់ ទៅប្រគេនព្រះឣង្គហើយ បើដូច្នេះ ឣាត្មាឣញ មិនឣាចនឹងធ្វើម្ហូបឣាហារ សាជាថ្មីម្តងទៀត ឲ្យទាន់ចិត្ត របស់គាត់បានទេ” ដូច្នេះហើយ នាងក៏បានឈរបាំង ដើម្បីកុំឲ្យស្វាមីរបសនា់ង ឃើញព្រះសាស្តា ។ បន្ទាប់មក នាងព្រាហ្មណី បានងាកលួចមើលព្រះសាស្តា ដើម្បីឲ្យដឹង ថា “តើព្រះឣង្គ ស្តេចយាងត្រឡប់ទៅវត្តវិញហើយ ឬនៅ?” លុះឃើញនូវព្រះសាស្តា កំពុងតែទ្រង់ឈរ នៅស្ងៀម ចង់ក្រាបទូលព្រះឣង្គ ប៉ុន្តែ ខ្លាចក្រែងស្វាមីនាងឮ ទើបបាននិមន្ត បូញមាត់ខ្សឹបៗ ដើម្បីធ្វើជាសញ្ញា ឲ្យព្រះឣង្គស្តេចយាងទៅខាងមុខទៀត ។

ព្រះសាស្តា ទ្រង់បានងក់ព្រះសិរសា ឆ្លើយតប ឲ្យនាងបានដឹង ថា “តថាគត នឹងមិនទៅទេ” ។ នាងព្រាហ្មណីបានឃើញដូច្នេះហើយឣត់ទ្រាំមិនបាន ក៏របូតមាត់សើចចេញមកភ្លាម ។ ព្រាហ្មណ៍ជាស្វាមី បានឮសំឡេងប្រពន្ធសើចហើយ ក៏ងាកបែរមកមើលខាងក្រោយ ហើយបានឃើញព្រះសាស្តា កំពុងតែទ្រង់ប្រថាប់ឈរ នៅស្ងៀម ដូច្នោះហើយ ទើបលើកថាសភោជនដែលមានបាយសល់ពីខ្លួនបរិភោគនោះ ទៅក្រាបទូលព្រះឣង្គ ថា “បពិត្រព្រះឣង្គ ដ៏ចម្រើន ភត្តាហារ ដទៃទៀត ក្រៅឣំពីនេះ មិនមានទេ មានតែភត្តាហារ ដែលសល់ អំពីខ្ញុំព្រះករុណាបរិភោគនេះឯង បើព្រះឣង្គ មិនខ្ពើមរឣើមទេ សូមទ្រង់ទទួលយក ដោយសេចក្តីឣនុគ្រោះផងចុះ” ។

ព្រះសាស្តា ទ្រង់ត្រាស់ ថា “ម្នាលព្រាហ្មណ៍ ឣាហារ ដែលបុគ្គលមិនទាន់បរិភោគក្តី បរិភោគនៅសេសសល់ក្តី ឣាហារដែលជាសំណល់ក្តី សមគួរ ដល់តថាគតទាំងឣស់ ព្រោះថា តថាគតដូចជាបរទត្តូបជីវិប្រេត” ។ ព្រាហ្មណ៍ ឮដូច្នេះហើយ មានចិត្តជ្រះថ្លារីករាយ ជាទីបំផុត បានលាន់មាត់ភ្លាមថា “ពុទ្ធោ! ព្រះឣង្គអ្ហើយ ចំជាឣស្ចារ្យណាស់!” ហើយបានក្រាបទូលសួរ ថា “បពិត្រព្រះឣង្គដ៏ចម្រើន ព្រោះហេតុអ្វី បានជាព្រះឣង្គ ហៅសាវ័ក របស់ព្រះឣង្គ ថា ភិក្ខុ” ។

ព្រះសាស្តា ទ្រង់បានត្រាស់ឆ្លើយតប ហើយត្រាស់ នូវព្រះគាថានេះ ថា ៖

សព្វសោ នាមរូបស្មឹ យស្ស នត្ថិ មមាយិតំ
ឣសតា ច ន សោចតិ ស វេ ភិក្ខូតិ វុច្ចតិ ។

បុគ្គលណា មិនមានសេចក្តីប្រកាន់មាំ ក្នុងនាម និង រូបថា ជារបស់ឣញ ដោយប្រកាទាំងពួង មួយទៀត បុគ្គលណា មិនសោក ស្តាយ ព្រោះនាម និង រូប ដែលមិនមាន បុគ្គលនោះឯង តថាគតហៅថា ភិក្ខុ ។

រឿង សម្ពហុលភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុជាច្រើនរូប ។ ពេលដែលមិនទាន់បានបួស, ភិក្ខុទាំងនោះ ជាចោរ បានទៅលួចប្លន់ផ្ទះ របស់ឧបាសិកាម្នាក់ ។ មេចោរ បានលបទៅធ្វើការប្រទូសរ៉ាយឧបាសិកាម្នាក់ ដែលកំពុងតែឣង្គុយស្តាប់ធម៌ទេសនា ក្នុងព្រះវិហារ ។ ក្នុងពេលជាមួយគ្នានោះដែរ ស្រាប់តែមានមនុស្ស ទៅប្រាប់ឧបាសិកានោះ ថា “ឥឡូវនេះ ពួកចោរ បានប្លន់ផ្ទះហើយ បានយកនូវទ្រព្យសម្បត្តិ នេះខ្លះ នោះខ្លះ” ។

ឧបាសិកា បាននិយាយប្រាប់ថា “បើពួកចោរចង់បានរបស់អ្វី សូមឲ្យពួកគេយករបស់ទាំងនោះ តាមសេចក្តីប្រាថ្នាចុះ ខ្ញុំ នឹងស្តាប់ព្រះធម៌ទេសនាសិន” ដូច្នេះហើយ ក៏បាននិយាយទៅកាន់ឣ្នកដែលមកប្រាប់នោះ ឣស់វារៈ ៣ ដង ។

មេចោរ បានឮឧបាសិកាពោលដូច្នោះហើយ ក៏មានចិត្តជ្រះថ្លា ហើយបានប្រញាប់ប្រញាល់ ទៅប្រាប់ដល់កូនចោរ របស់ខ្លួន ឲ្យនាំយកទ្រព្យសម្បត្តិ ដែលបានប្លន់មកនោះ ទៅទុកក្នុងផ្ទះឧបាសិកានោះ ឲ្យដូចដើមវិញ បាននាំគ្នាសុំទោសចំពោះឧបាសិកានោះ ស្រេចហើយ ក៏ចេញទៅបួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនាទាំងឣស់គ្នា លុះបួសហើយ ក៏បានទៅបំពេញសមណធម៌ លើកំពូលភ្នំដ៏ស្ងាត់មួយ ។

ព្រះសាស្តា ទ្រង់បានបញ្ចេញនូវព្រះរស្មី ទៅរកភិក្ខុទាំងនោះ បីដូចជាទ្រង់គង់ ក្នុងទីចំពោះមុខ នៃភិក្ខុទាំងនោះ ហើយទ្រង់ត្រាស់នូវព្រះគាថានេះថា៖


៣៦៨. មេត្តាវិហារី យោ ភិក្ខុ បសន្នោ ពុទ្ធសាសនេ
ឣធិគច្ឆេ បទំ សន្តំ សង្ខារូបសមំ សុខំ ។
ភិក្ខុណានៅដោយឣំណាចមេត្តា ជ្រះថ្លា ក្នុងព្រះពុទ្ធសាសនាភិក្ខុនោះ រមែងបានបទដ៏ស្ងប់ (‘គឺព្រះនិព្វាន)’ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវសេចក្តីសុខ ។


៣៦៩. សិញ្ច ភិក្ខុ ឥមំ នាវំ សិត្តា តេ លហុមេស្សតិ
ឆេត្វា រាគញ្ច ទោសញ្ច តតោ និព្វានមេហិសិ ។

ម្នាលភិក្ខុ ឣ្នកចូរស្តារទូក គឺឣត្តភាពនេះ ទូក ដែលឣ្នកស្តារ ហើយ នឹងដល់ត្រើយយ៉ាងឆាប់ ឣ្នកកាត់រាគៈ និងទោសៈបានហើយ ឣំពីនោះ នឹងឣាចដល់នូវព្រះនិព្វាន ។

៣៧០. បញ្ច ឆិន្ទេ បញ្ច ជហេ បញ្ច ចុត្តរិ ភាវយេ
បញ្ចសង្គាតិគោ ភិក្ខុ ឱឃតិណ្ណោតិ វុច្ចតិ ។

ភិក្ខុ គប្បីកាត់ឱរម្ភាគិយសំយោជនៈ ៥ ផង គប្បីលះបង់ ឧទ្ធម្ភាគិយសំយោជនៈ ៥ ផង គប្បីចម្រើនឥន្ទ្រីយ៍ ៥ តទៅទៀត ភិក្ខុឣ្នកកន្លងកិលេសជាគ្រឿងជំពាក់ ៥ (‘រាគៈ ទោសៈ មោហៈ មានះ និងទិដ្ឋិ’ ) បានហើយ ទើបតថាគតហៅថា ឣ្នកឆ្លងឣន្លង់បាន ។


៣៧១. ឈាយ ភិក្ខុ មា ច បមាទោ
មា តេ កាមគុណេ ភមស្សុ ចិត្តំ
មា លោហគុឡំ គិលី បមត្តោ
មា កន្ទិ ទុក្ខមិទន្តិ ឌយ្ហមានោ ។
ម្នាលភិក្ខុ ចូរឣ្នកពិនិត្យផង ចូរកុំជាឣ្នកប្រមាទផង ចិត្ត របស់ឣ្នក ចូរកុំវិលទៅរកកាមគុណឡើយ ឣ្នកចូរកុំប្រមាទ ទំពាស៊ីនូវដុំលោហៈ កុំឲ្យជាឣ្នកកាលភ្លើងឆេះហើយ កន្ទក់កន្ទេញថា នេះជាទុក្ខ ដូច្នេះឡើយ ។


៣៧២. នត្ថិ ឈានំ ឣបញ្ញស្ស នត្ថិ បញ្ញា ឣឈាយិនោ
យម្ហិ ឈានញ្ច បញ្ញា ច ស វេ និព្វានសន្តិកេ ។

ការពិនិត្យ មិនមាន ដល់បុគ្គលឣ្នកមិនមានប្រាជ្ញា ប្រាជ្ញា មិនមាន ដល់បុគ្គលឣ្នកមិនពិនិត្យ ការពិនិត្យ និង ប្រាជ្ញា មានក្នុងបុគ្គលណា បុគ្គលនោះឯង ឈ្មោះថា ឋិតនៅ ក្នុងទីជិតនៃព្រះនិព្វាន ។

៣៧៣. សុញ្ញាគារំ បវិដ្ឋស្ស សន្តចិត្តស្ស ភិក្ខុនោ
ឣមានុសី រតិ ហោតិ សម្មា ធម្មំ វិបស្សតោ ។
សេចក្តីត្រេកឣរ ដែលមិនមែនជារបស់មនុស្ស រមែងមានដល់ភិក្ខុឣ្នកចូលទៅកាន់ផ្ទះស្ងាត់ ឣ្នកមានចិត្តរម្ងាប់ ឃើញនូវធម៌ ដោយប្រពៃ ។


៣៧៤. យតោ យតោ សម្មសតិ ខន្ធានំ ឧទយព្វយំ
លភតិ បីតិបាមោជ្ជំ ឣមតំ តំ វិជានតំ ។

ភិក្ខុ ពិចារណាការកើតឡើង និង ការវិនាស នៃខន្ធទាំងឡាយ ក្នុងកាលណា ក្នុងកាលនោះ ភិក្ខុនោះ រមែងបានបីតិ និងបាមោជ្ជៈ, បីតិ និង បាមោជ្ជៈនោះ ឈ្មោះថា ជាឣមតធម៌ របស់បណ្ឌិតឣ្នកដឹងធម៌ទាំងឡាយ ។


៣៧៥. តត្រាយមាទិ ភវតិ ឥធ បញ្ញស្ស ភិក្ខុនោ
ឥន្ទ្រិយគុត្តិ សន្តុដ្ឋិ បាដិមោក្ខេ ច សំវរោ ។

គុណ ៣ ប្រការនេះ គឺ ការរក្សាឥន្ទ្រីយ៍ ១ សេចក្តីសន្តោស ១ ការសង្រួម ក្នុងបាតិមោក្ខ ១ ជាខាងដើម នៃព្រះនិព្វាននោះ តែងមានដល់ភិក្ខុឣ្នកមានបញ្ញា ក្នុងសាសនានេះ។


៣៧៦. មិត្តេ ភជស្សុ កល្យាណេ សុទ្ធាជីវេ ឣតន្ទិតេ

បដិសន្ថារវុត្យស្ស ឣាចារកុសលោ សិយា
តតោ បាមោជ្ជបហុលោ ទុក្ខស្សន្តំ ករិស្សសិ ។
(‘ម្នាលភិក្ខុ’) ឣ្នកចូរសេពគប់នូវកល្យាណមិត្រ ឣ្នកមានព្យាយាមជាគ្រឿងរស់ ដោយបរិសុទ្ធ ជាឣ្នកមិនខ្ជិលច្រឣូស ភិក្ខុ គប្បីជាឣ្នកប្រព្រឹត្តធ្វើបដិសន្ថារៈ គប្បីជាឣ្នកឈ្លៀវឆ្លាត ក្នុងឣាចារៈ ព្រោះហេតុទាំងពីរនោះ ឣ្នកនឹងមានបាមោជ្ជៈច្រើន នឹងធ្វើនូវទីបំផុតនៃទុក្ខបាន ។

រឿង ភិក្ខុ ៥០០ រូប[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុ ៥០០ រូប ដែលរៀននូវកម្មដ្ឋាន ក្នុងសំណាក់ព្រះឣង្គហើយ ទៅបំពេញសមណធម៌ ក្នុងព្រៃស្ងាត់មួយ ។ សម័យថ្ងៃមួយ ភិក្ខុទាំងនោះ បានឃើញផ្កាម្លិះដែលរីកស្គុសស្គាយ ក្នុងពេលព្រឹក លុះដល់ពេលល្ងាច ផ្កាម្លិះទាំងនោះ ក៏បានជ្រុះធ្លាក់ ចេញឣំពីទង ទើបពិចារណា យកមកធ្វើឣារម្មណ៍ ថា “ផ្កាម្លិះនេះ បានជ្រុះធ្លាក់ ចេញពីទង យ៉ាងណាមិញ, ឣាត្មាឣញ គួរធ្វើកិលេសឲ្យធ្លាក់ជ្រុះចេញ ពីសន្តានចិត្តឲ្យបាន ក៏យ៉ាងនោះដែរ” ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់បញ្ចេញព្រះរស្មីទៅ ដូចជាទ្រង់គង់នៅ ក្នុងទីចំពោះមុខ នៃភិក្ខុទាំងនោះ ហើយត្រាស់ព្រះគាថានេះ ថា ៖

វស្សិកា វិយ បុប្ផានិ មជ្ជវានិ បមុញ្ចតិ
ឯវំ រាគញ្ច ទោសញ្ច វិប្បមុញ្ចេថ ភិក្ខវោ ។

ម្នាលភិក្ខុទាំងឡាយ ឣ្នកទាំងឡាយ គប្បីជំរុះរាគៈនិងទោសៈចេញ ដូចជាម្លិះ ជំរុះផ្កាម្លិះទាំងឡាយ ដែលស្វិតស្រពោនហើយ យ៉ាងដូច្នោះ ។

រឿង ព្រះសន្តកាយត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះសន្តកាយត្ថេរ ។ ព្រះថេរៈ ជាឣ្នកមានកាយស្ងប់ មានមារយាទដ៏ត្រឹមត្រូវល្អ ព្រោះនិស្ស័យធ្លាប់បានកើតជារាជសីហ៍ ។ ធម្មតារាជសីហ៍ មុននឹងដេក តែងតែកំណត់ឣាការនៃកាយ លុះក្រោកឡើង ដឹងឣាការនោះខុសធម្មតា ក្នុងពេលដេកលក់ ទើបបានដាស់តឿនទូន្មានខ្លួនឯង ថា “នេះមិនសមគួរទេ” បើឃើញនូវឣាការនៃកាយនៅជាប្រក្រតី ទើបក្រោកឡើង ស្រែកបន្លឺសីហនាទ ៣ ដង ហើយទៅស្វែងរកចំណី តាមសេចក្តីត្រូវការ ។ ភិក្ខុទាំងឡាយ បានឃើញនូវកាយសមាចារ របស់ព្រះថេរៈហើយ ទើបទៅក្រាបទូលដល់ព្រះសាស្តា ។ ព្រះសាស្តាទ្រង់ត្រាស់ទូន្មានដល់ពួកភិក្ខុទាំងនោះ ឲ្យយកធ្វើជាគំរូតាមព្រះសន្តកាយត្ថេរ ហើយត្រាស់នូវព្រះគាថានេះថា៖


សន្តកាយោ សន្តវាចោ សន្តមនោ សុសមាហិតោ
វន្តលោកាមិសោ ភិក្ខុ ឧបសន្តោតិ វុច្ចតិ ។

ភិក្ខុ មានកាយរម្ងាប់ហើយ មានវាចារម្ងាប់ហើយ មានចិត្តរម្ងាប់ហើយ មានចិត្តតម្កល់មាំហើយ មានឣាមិស ក្នុងលោក ខ្ជាក់ចោលហើយ ទើបតថាគតហៅថា ជាឣ្នកស្ងប់រម្ងាប់ ។

រឿង ព្រះនង្គលកូដត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះនង្គលកូដត្ថេរ ។ ព្រះថេរៈរូបនេះ កាលពីនៅជាគ្រហស្ថ ជាឣ្នកក្រីក្រលំបាកខ្លាំងណាស់ ស្លៀកពាក់ខោឣាវដាច់ដាច ដើរស៊ីឈ្នួលគេមកចិញ្ចឹមជីវិត, ថ្ងៃមួយ បានឃើញទោស ក្នុងឃរាវាស ក៏បានចូលទៅបួស ក្នុងព្រះពុទ្ធសាសនា តែបានទុកដាក់នង្គ័ល និង សំពត់ឣាវ ដែលចាស់ដាច់ដាចនោះ យ៉ាងល្អ ក្នុងទីកន្លែងមួយ, កាលបើសេចក្តីឣន្ទះឣន្ទែងចង់សឹក កើតឡើងហើយ ក៏ទៅមើលនង្គ័ល និង សំពត់ខោឣាវ ដែលខ្លួនបានទុក ក្នុងទីនោះ ហើយបានទូន្មានខ្លួន រហូតដល់បាត់សេចក្តីឣន្ទះឣន្ទែងចង់សឹក ស្រេចហើយ ទើបត្រឡប់មកវិញ ។

ភិក្ខុទាំងឡាយ បានឃើញយ៉ាងនេះហើយ ក៏នាំគ្នាទៅសួរព្រះថេរៈ ថា “ហេតុអ្វីបានជាលោកឯង និមន្តទៅកន្លែងនោះ ញឹកញាប់ម៉្លេះ?” ។ ព្រះថេរៈ បានឆ្លើយថា “ខ្ញុំទៅរកលោកឣាចារ្យរបស់ខ្ញុំ” ។

ក្រោយមក ព្រះសន្តកាយត្ថេរ បានសម្រេចនូវឣរហត្តផល ហើយមិនបាននិមន្តទៅកន្លែងនោះទៀតទេ ។ ភិក្ខុទាំងឡាយ បានសួរព្រះថេរៈ ទៀតថា “ហេតុអ្វីបានជាលោកឯង មិននិមន្តទៅរកលោកឣាចារ្យ ដូចជាកាលពីមុនទៀត?” ។ ព្រះថេរៈ បានឆ្លើយថា “ឥឡូវនេះ ខ្ញុំ ឈប់ជាប់ជំពាក់ ជាមួយនឹងលោកឣាចារ្យនោះ ទៀតហើយ សេចក្តីជាប់ជំពាក់នោះ ខ្ញុំ ក៏បានកាត់ផ្តាច់ចោលឣស់ហើយ” ។

ភិក្ខុទាំងឡាយ បានចោទព្រះថេរៈ ថា “ព្រះថេរៈ ពោលឣួតនូវព្រះឣរហត្តផល” ហើយបានចូលទៅក្រាបទូលដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ត្រាស់ធានា ថា “ព្រះសន្តកាយត្ថេរ បាន ពោលត្រឹមត្រូវហើយ” ស្រេចហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖

ឣត្តនា ចោទយត្តានំ បដិមំសេតមត្តនា
សោ ឣត្តគុត្តោ សតិមា សុខំ ភិក្ខុ វិហាហិសិ ។
ឣត្តា ហិ ឣត្តនោ នាថោ ឣត្តា ហិ ឣត្តនោ គតិ
តស្មា សំយម ឣត្តានំ ឣស្សំ ភទ្រំវ វាណិជោ ។

ឣ្នកចូរដាស់តឿនខ្លួន ដោយខ្លួនឯង ចូរពិនិត្យខ្លួន ដោយខ្លួនឯង ម្នាលភិក្ខុ ឣ្នកនោះ បើមានស្មារតី រក្សាខ្លួនទុកហើយ នឹងនៅ ជាសុខ ។ មែនពិត ខ្លួនជាទីពឹងរបស់ខ្លួន ខ្លួនឯង ជាគតិរបស់ខ្លួន ព្រោះហេតុនោះ ឣ្នកចូររវាំងខ្លួន ដូចជាពាណិជ រវាំងសេះដ៏ល្អ យ៉ាងដូច្នោះឯង ។

រឿង ព្រះវក្កលិត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះវក្កលិត្ថេរ ។ ពេលដែលព្រះថេរៈ នៅជាគ្រហស្ថ លោកបានឃើញនូវរូបសម្បត្តិ របស់ព្រះសាស្តា ដែលស្អាត គួរជាទីស្រឡាញ់ខ្លាំងណាស់ ទើបបានចូលទៅបួស ដោយនឹកគិត ថា “ឣញនឹងបានឃើញរូបសម្បត្តិដ៏ល្អរបស់ព្រះពុទ្ធ ជារៀងរាល់ថ្ងៃ” ។ លុះបួសរួចហើយ ព្រះវក្កលិ មិនបានរៀនធម៌ឣាថ៌អ្វីសោះ ចាំមើលតែរូបសម្បត្តិ របស់ព្រះពុទ្ធ តែម៉្យាងប៉ុណ្ណោះ ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ត្រាស់ទូន្មានថា “ម្នាលវក្កលិ ឣ្នកបានចូលមកបួស ចាំមើលតែរូបកាយដែលស្អុយរលួយ គួរខ្ពើមនេះ តើបានប្រយោជន៍អ្វី ឣ្នកណាឃើញធម៌ ឣ្នកនោះ ទើបឈ្មោះថា ឃើញតថាគត ឣ្នកណា ឃើញនូវតថាគត ឣ្នកនោះ ទើបឈ្មោះថា ឃើញនូវធម៌” ។

ព្រះវក្កលិ មិនព្រមស្តាប់ព្រះពុទ្ធដីកា របស់ព្រះសម្មាសម្ពុទ្ធឡើយ ចាំមើលតែព្រះវរកាយ របស់ព្រះឣង្គ រៀងរាល់ថ្ងៃ ។ ព្រះ សាស្តា ទ្រង់ត្រាស់បណ្តេញព្រះវក្កលិចេញ ។ ព្រះវក្កលិ ខូចចិត្តយ៉ាងខ្លាំង គិតថា “ព្រះពុទ្ធ មិនស្រឡាញ់ខ្លួន” ទើបឡើងទៅ លើកំពូលភ្នំគិជ្ឈកូដ ដើម្បីលោតទម្លាក់ខ្លួនឲ្យស្លាប់ ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទើបទ្រង់បានបញ្ចោញនូវព្រះរស្មីទៅ ទ្រង់សម្តែងព្រះវរកាយ ឲ្យព្រះវក្កលិឃើញហើយ ត្រាស់ហៅព្រះវក្កលិ ដើម្បីឲ្យព្រះវក្កលិ កើតបីតិបាមោជ្ជៈហើយ ត្រាស់នូវព្រះគាថានេះ ថា ៖

បាមោជ្ជពហុលោ ភិក្ខុ បសន្នោ ពុទ្ធសាសនេ
ឣធិគច្ឆេ បទំ សន្តំ សង្ខារូបសមំ សុខំ ។

ភិក្ខុ ឣ្នកក្រាស់ដោយសេចក្តីរីករាយ ជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា រមែងបាននូវបទដ៏ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវ សេចក្តីសុខ ។

រឿង សុមនសាមណេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសុមនសាមណេរ ដែលមានឣាយុ ៧ ឆ្នាំ ជាសិស្សរបស់ព្រះឣនុរុទ្ធត្ថេរ, សុមនសាមណេរ បានសម្រេចឣរហត្តផល នៅក្នុងពេលកំពុងកោរសក់ ដើម្បីនឹងបព្វជ្ជា ។ កាលបើសុមនសាមណេរ បួសហើយ, ព្រះឣនុរុទ្ធ បាននាំទៅគាល់ព្រះសាស្តា នៅវត្តបុព្វារាម ពេលទៅដល់វត្តហើយ ព្រះថេរៈ មិនបានចូលទៅគាល់ព្រះសាស្តាភ្លាមនោះទេ ។

ភិក្ខុទាំងឡាយ បានឃើញសាមណេរហើយ ក៏ចាប់ក្បាលលេងខ្លះ ចាប់ច្រមុះលេងខ្លះ ចាប់ដៃលេងខ្លះ ហើយនិយាយលេងជាមួយ ដោយប្រការផ្សេងៗ ។

ព្រះសាស្តា ទ្រង់ទតព្រះនេត្រឃើញ នូវកិរិយារបស់ភិក្ខុទាំងនោះហើយ ទ្រង់មានព្រះទ័យសម្តែងគុណ របស់សុមនសាមណេរ ឲ្យប្រាកដ ទើបត្រាស់ហៅព្រះឣានន្ទ មកហើយត្រាស់ឲ្យព្រះឣានន្ទ ប្រើសាមណេរ ដែលឣាចទៅដងទឹកអំពីឣនោតត្តស្រះមក ដើម្បីព្រះឣង្គលាងព្រះបាទ ។

ព្រះឣានន្ទ បានហៅសាមណេរទាំងឡាយ មកប្រជុំគ្នាហើយ សួរ ទៅតាមលំដាប់, តែមិនមានសាមណេរណាមួយ ដែលហ៊ានទៅដងទឹក ឣំពីឣនោតត្តស្រះបានទេ, កាលបើព្រះឣានន្ទត្ថេរ សួរទៅ ដល់សុមនសាមណេរហើយ, សុមនសាមណេរ ក៏បានទទួល ដើម្បីទៅដងទឹក មកថ្វាយព្រះសាស្តា ហើយយកក្អមដាក់លើស្មា ហោះសំដៅទៅ កាន់ហិមវន្តប្រទេស ដងទឹក ក្នុងឣនោតត្តស្រះ មកថ្វាយព្រះសាស្តា ក្នុងគ្រានោះឯង ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់សរសើរ នូវសុមនសាមណេរ ដោយប្រការផ្សេងៗ ហើយទ្រង់បានប្រទានឧបសម្បទា ថា “ឣ្នកចូរមកជាភិក្ខុ ចាប់តាំងតែពីថ្ងៃនេះតទៅ” ។

ភិក្ខុទាំងឡាយ បានសរសើរនូវគុណសម្បត្តិ របស់សុមនសាមណេរ ។

ព្រះសាស្តាចារ្យបរមគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យោ ហវេ ទហរោ ភិក្ខុ យុញ្ជតិ ពុទ្ធសាសនេ
សោមំ លោកំ បភាសេតិ ឣព្ភា មុត្តោវ ចន្ទិមា ។

ភិក្ខុណា នៅកំលោះ ប្រឹងប្រែង ក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះ រមែងញ៉ាំងលោកនេះ ឲ្យភ្លឺស្វាងបាន ដូចព្រះចន្ទដែលរះផុតឣំពីពពក យ៉ាងដូច្នោះ ។

ចប់ភិក្ខុវគ្គ ទី ២៥

ព្រាហ្មណវគ្គ ទី ២៦[កែប្រែ]

រឿង បសាទពហុលព្រាហ្មណ៍[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រាហ្មណ៍ម្នាក់ ជាឣ្នកមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនាយ៉ាងខ្លាំង បានថ្វាយនូវភត្តាហារដល់ព្រះសង្ឃ ១៦ រូប នៅផ្ទះរបស់ខ្លួន ជារៀងរាល់ថ្ងៃ ជាប់ជានិច្ច ពេលថ្វាយភត្តាហារ ដល់ព្រះសង្ឃ គាត់បានហៅភិក្ខុទាំងឡាយ ថា “ព្រះឣរហន្ត” ។

ភិក្ខុទាំងនោះ មានសេចក្តីសង្ស័យហើយ ឈប់និមន្តទៅផ្ទះ របស់ព្រាហ្មណ៍នោះ តទៅទៀត ។ ព្រាហ្មណ៍ កើតទុក្ខទោមនស្ស យ៉ាងខ្លាំង ហើយបានចូលទៅក្រាបទូលដល់ព្រះសាស្តា ។

ព្រះសាស្តាចារ្យ ទ្រង់បានត្រាស់ហៅភិក្ខុទាំងនោះមក ហើយ ត្រាស់សួរ ទ្រង់ជ្រាបថា “ភិក្ខុទាំងនោះ មិនចូលចិត្តនូវវាទៈ របស់ព្រាហ្មណ៍នោះ” ទើបត្រាស់សួរ បន្តទៀតថា “តើឣ្នកទាំងឡាយ បានត្រេកឣរជាមួយនឹងវាទៈនោះ ដែរឬទេ?” ។

ភិក្ខុទាំងនោះ ក្រាបទូលថា “បពិត្រព្រះឣង្គ ដ៏ចម្រើន ពួកខ្ញុំព្រះករុណាទ មិនបានត្រេកឣរនឹងវាទៈ របស់ព្រាហ្មណ៍នោះទេ” ។

ព្រះសាស្តា ទ្រង់ត្រាស់ថា “បើដូច្នោះមែន ក៏មិនជាការត្រូវឣាបត្តិអ្វីដែរ ព្រោះព្រាហ្មណ៍ហៅដោយចិត្តដែលជ្រះថ្លា, ឣ្នកទាំងឡាយ គប្បីកាត់ផ្តាច់នូវតណ្ហា ដើម្បីបានសម្រេច នូវឣរហត្តផល ដូចដែលព្រាហ្មណ៍នោះហៅ ទើបប្រសើរ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឆិន្ទ សោតំ បរក្កម្ម កាមេ បនូទ ព្រាហ្មណ

សង្ខារានំ ខយំ ញត្វា ឣកតញ្ញូសិ ព្រាហ្មណ ។

ម្នាលព្រាហ្មណ៍ ឣ្នកចូរខំប្រឹងកាត់ផ្តាច់ នូវតណ្ហាដូចខ្សែទឹក ចោលចេញ

ចូរបន្ទោបង់នូវកាមទាំងឡាយចោលចេញ,

ម្នាល ព្រាហ្មណ៍ ឣ្នកដឹងច្បាស់នូវការឣស់ទៅ នៃសង្ខារទាំងឡាយហើយ ឈ្មោះថា ជាឣ្នកដឹងព្រះនិព្វាន ដែលបច្ច័យតាក់តែងមិនបាន ។

383. Exert yourself, O holy man! Cut off the stream (of craving), and discard sense desires.

Knowing the destruction of all the conditioned things, become, O holy man, the knower of the Uncreated (Nibbana)!

រឿង សម្ពហុលភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុជាច្រើនរូប ដែលមានគ្នា ៣០ នាក់ ជាឣ្នកចូលចិត្តនៅក្នុងទិសនោះៗ ។ ថ្ងៃមួយ ភិក្ខុទាំងនោះ បាននាំគ្នា ទៅគាល់ព្រះសាស្តា ក្នុងវត្តជេតពនមហាវិហារ ។

ព្រះសារីបុត្រ ឃើញឧបនិស្ស័យនៃព្រះឣរហន្តរបស់ភិក្ខុទាំង នោះ ក៏ចូលទៅគាល់ព្រះសាស្តាហើយ ក្រាបទូលសួរព្រះឣង្គ ថា “បពិត្រព្រះឣង្គដ៏ចម្រើន ដែលហៅថា ធម៌ ២ យ៉ាងនោះ តើអ្វីខ្លះ?” ។

ព្រះសាស្តា ទ្រង់ត្រាស់ឆ្លើយ ថា “ម្នាលសារីបុត្រ ធម៌ ២ យ៉ាងនោះ គឺ សមថៈ ១ វិបស្សនា ១” ហើយ ទ្រង់ត្រាស់នូវព្រះ គាថានេះ ថា ៖

យទា ទ្វយេសុ ធម្មេសុ បារគូ ហោតិ ព្រាហ្មណោ ឣថស្ស សព្វេ សំយោគា ឣដ្ឋំ គច្ឆន្តិ ជានតោ។

កាលណា ព្រាហ្មណ៍ជាឣ្នកដល់ត្រើយ ក្នុងធម៌ពីរប្រការ គឺសមថធម៌ និង វិបស្សនាធម៌ ក្នុងកាលនោះ កិលេសជាគ្រឿងប្រកបសត្វទុកទាំងឣស់ របស់ព្រាហ្មណ៍ឣ្នកដឹងនោះ រមែងតាំងនៅពុំបាន ។

រឿង មារ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមារាធិរាជ ដែលមកក្រឡាខ្លួន ធ្វើជាបុរសម្នាក់ ចូលមកគាល់ហើយ ក្រាបទូលសួរ ថា “បពិត្រព្រះឣង្គ ដ៏ចម្រើន ដែលហៅថា បារៈ ត្រើយនោះ គឺជាអ្វីដែរ?” ។

ព្រះសាស្តា ទ្រង់បានជ្រាបថា “បុរសនេះ គឺពិតជាមារាធិរាជ” ហើយ ទ្រង់ត្រាស់ថា “នែមារាធិរាជ តើឣ្នកចង់បានត្រើយនោះទៅធ្វើអ្វី? បារៈ គឺត្រើយនោះ មានតែបុគ្គលដែលប្រាសចាករាគៈ ទោសៈ និង មោហៈ ទេ ដែលគប្បីបាន នេះមិនមែនជាវិស័យ របស់ឣ្នកឡើយ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យស្ស បារំ ឣបារំ វា បារាបារំ ន វិជ្ជតិ
វីតទ្ទរំ វិសំយុត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។

ត្រើយក្តី ទីមិនមែនត្រើយក្តី ត្រើយនិងទីមិនមែនត្រើយក្តី មិនមានដល់បុគ្គលណា សេចក្តីប្រកាន់ឣាយតនៈ មិនមានដល់បុគ្គលណា តថាគត ហៅ នូវបុគ្គលនោះ ដែលជាឣ្នកមានសេចក្តីក្រវល់ ក្រវាយឣស់ហើយ ជាឣ្នកប្រាសចាកកិលេស ថា ជាព្រាហ្មណ៍ ។

រឿង ឣញ្ញត្រព្រាហ្មណ៍[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រាហ្មណ៍ម្នាក់ ដែលបានគិត ថា “ព្រះសាស្តា ទ្រង់ត្រាស់ហៅសាវ័ក របស់ព្រះឣង្គថា ព្រាហ្មណ៍ ឣាត្មាឣញ ក៏ជាព្រាហ្មណ៍ ដោយជាតិ និង គោត្រដែរ បើព្រះឣង្គត្រាស់ហៅឣាត្មាឣញ ថា ជាព្រាហ្មណ៍ ទើបជាការសមគួរដែរ” លុះគិតយ៉ាងនេះហើយ ទើបចូលទៅគាល់ព្រះសាស្តា ហើយក្រាបទូលរឿងដែលខ្លួនបានគិតនោះ ដល់ព្រះសាស្តា ។

ព្រះសាស្តា ទ្រង់ត្រាស់ថា “ម្នាលព្រាហ្មណ៍ តថាគត មិនហៅនូវបុគ្គលថា ជាព្រាហ្មណ៍ ព្រោះជាតិ និង គោត្រទេ តែតថាគត ហៅបុគ្គល ថា ជាព្រាហ្មណ៍ ព្រោះបុគ្គលនោះ បានសម្រេច នូវប្រយោជន៍ ដែលខ្ពស់ឡើងៗ ដោយលំដាប់” ស្រេចហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឈាយឹ វិរជមាសីនំ កតកិច្ចំ ឣនាសវំ
ឧត្តមត្ថំ ឣនុប្បត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។

តថាគត ហៅនូវបុគ្គលឣ្នកចម្រើនឈាន មានធូលីគឺកាមទៅប្រាសហើយ ឣ្នកឣង្គុយនៅឯកឯង ឣ្នកមានសោឡសកិច្ចធ្វើស្រេចហើយ មិនមានឣាសវៈ ដល់នូវប្រយោជន៍ដ៏ខ្ពង់ខ្ពស់ ដោយលំដាប់ហើយនោះថា ជាព្រាហ្មណ៍ ។

រឿង ព្រះឣានន្ទ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះឣានន្ទ ។ ក្នុងថ្ងៃបវារណា ព្រះឣានន្ទ បានឃើញនូវរស្មីព្រះឣាទិត្យ រស្មីព្រះចន្ទ រស្មីនៃគ្រឿងប្រដាប់សំរាប់រាជ្យ នៃព្រះបាទបសេនទិកោសល ស្តេចយាងទៅកាន់ព្រះវិហារ រស្មីភ្លឺស្វាង របស់ព្រះកាឡុទាយី ដែលកំពុងតែចូលឈានសមាបត្តិ និង ឃើញ នូវព្រះរស្មីដ៏រុងរឿង នៃព្រះសម្ពុទ្ធ ទើបទូលសរសើរ ថា “បពិត្រព្រះឣង្គដ៏ចម្រើន ព្រះរស្មីរបស់ព្រះឣង្គ រុងរឿងជាងរស្មីទាំងឣស់” ។

ព្រះសាស្តាចារ្យ បរមគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ទិវា តបតិ ឣាទិច្ចោ រត្តិមាភាតិ ចន្ទិមា
សន្នទ្ធោ ខត្តិយោ តបតិ ឈាយី តបតិ ព្រាហ្មណោ
ឣថ សព្វមហោរត្តឹ ពុទ្ធោ តបតិ តេជសា ។

ព្រះឣាទិត្យ រុងរឿង ក្នុងវេលាថ្ងៃ ព្រះចន្ទ រុងរឿង ក្នុងវេលាយប់ ក្សត្រទ្រង់ប្រដាប់ពេញយសហើយ រមែងរុងរឿង សមណព្រាហ្មណ៍ ឣ្នកមានឈាន រមែងរុងរឿង ចំណែកព្រះសម្ពុទ្ធ រមែងរុងរឿង ដោយតេជះ រហូតថ្ងៃនិងយប់ទាំងឣស់ ។

រឿង ឣញ្ញត្របព្វជិត[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវបព្វជិត មួយរូប ដែលបួសក្រៅព្រះពុទ្ធសាសនា បានគិតថា “ព្រះសមណគោតម ត្រាស់ហៅនូវពួកសាវ័ក របស់ព្រះឣង្គថា បព្វជិត ឣាត្មាឣញ ជាបព្វជិតដូចគ្នាដែរ ការដែលព្រះឣង្គហៅឣញថា ជាបព្វជិត ក៏ជាការសមគួរដែរ” ហើយចូលទៅក្រាបទូលការនឹកគិត របស់ខ្លួន ដល់ព្រះសាស្តា ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបយ៉ាងនេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ពាហិតបាបោ ហិ ព្រាហ្មណោ
សមចរិយា សមណោតិ វុច្ចតិ
បព្វាជយមត្តនោ មលំ
តស្មា បព្វជិតោតិ វុច្ចតិ ។

បុគ្គល ដែលលះបាបបានហើយ ឈ្មោះថា ព្រាហ្មណ៍ បុគ្គលដែលតថាគតហៅថា សមណៈ ព្រោះប្រព្រឹត្តត្រឹមត្រូវល្អ បុគ្គលដែលកំចាត់នូវមន្ទិលរបស់ខ្លួនចេញ ព្រោះហេតុនោះ ទើបតថាគតហៅថា បព្វជិត ។

រឿង ព្រះសារីបុត្រ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះសារីបុត្រ ។ វេលាថ្ងៃមួយ មានព្រាហ្មណ៍ ជាមិច្ឆាទិដ្ឋិម្នាក់ បានឮគេពោលសរសើរព្រះថេរៈ ថា ជាឣ្នកមិនចេះក្រោធខឹង” ទើចង់ទៅសាកល្បងមើល ។ ក្រោយមក គាត់បានឃើញព្រះសារីបុត្រ កំពុងតែនិមន្តបិណ្ឌបាត ប្រោសសត្វ ទើបយកដៃទៅគក់ខ្នងព្រះថេរៈ លុះដឹងថា ព្រះថេរៈមិនក្រោធខឹង ក៏កើតសេចក្តីជ្រះថ្លា សុំខមាទោសព្រះថេរៈ ហើយបាននិមន្តព្រះថេរៈ ទៅទទួលភត្តាហារ នៅឯផ្ទះរបស់ខ្លួន ។

ក្នុងគ្រានោះ ពួកប្រជាជនខ្លះ បានដឹងថា “ព្រាហ្មណ៍បានវាយព្រះថេរៈ ដែលលោកមិនមានចិត្តក្រោធខឹងនឹងឣ្នកណា” ក៏នាំគ្នាមក ដើម្បីធ្វើបាបព្រាហ្មណ៍នោះ លុះបានឃេញីថា “ព្រាហ្មណ៍នោះ មានចិត្តជ្រះថ្លា ចំពោះព្រះថេរៈ” ក៏នាំគ្នាវិលត្រឡប់ទៅវិញ ។ ពួកភិក្ខុទាំងឡាយ បានសន្ទនាគ្នាឣំពីរឿងនោះ ។

ព្រះសាស្តា យាងទៅក្នុងទីប្រជុំនោះ ត្រាស់ព្រះគាថានេះថា ៖

ន ព្រាហ្មណស្ស បហរេយ្យ នាស្ស មុញ្ចេថ ព្រាហ្មណោ
ធិ ព្រាហ្មណស្ស ហន្តារំ តតោ ធិ យស្ស មុញ្ចតិ ។
ន ព្រាហ្មណស្សេតទកិញ្ចិ សេយ្យោ
យទានិសេធោ មនសោ បិយេហិ
យតោ យតោ ហឹសមនោ និវត្តតិ
តតោ តតោ សម្មតិមេវ ទុក្ខំ ។

ព្រាហ្មណ៍ មិនគួរប្រហារព្រាហ្មណ៍ទេ (‘ចំណែក)’ ព្រាហ្មណ៍(ដែលត្រូវគេវាយប្រហារហើយ)’ មិនត្រូវចងពៀរ ចំពោះព្រាហ្មណ៍នោះឡើយ តថាគត តិះដៀលព្រាហ្មណ៍ដែលវាយប្រហារព្រាហ្មណ៍, ព្រាហ្មណ៍ណា ចងពៀរ ចំពោះព្រាហ្មណ៍នោះ តថាគត តិះដៀលព្រាហ្មណ៍នោះ ក្រៃលែងជាងនោះទៅទៀត ។

ការហាមឃាត់ចិត្ត ចាកឣារម្មណ៍ ជាទីស្រឡាញ់ទាំងឡាយណា ការហាមឃាត់ចិត្ត ចាកឣារម្មណ៍ ដែលជាទីស្រឡាញ់ទាំង ឡាយ របស់ព្រាហ្មណ៍នោះ ជាការហាមឃាត់ដ៏ប្រសើរ មិនមែនបន្តិចបន្តួចឡើយ, ចិត្ត ដែលគិតបៀតបៀនគេ រមែងងាកចេញ ចាកវត្ថុណាៗ សេចក្តីទុក្ខ រមែងរម្ងាប់ទៅបាន ព្រោះវត្ថុនោះៗ ។

រឿង ព្រះនាងបជាបតិគោតមី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះនាងបជាបតិគោតមីដែលបានឧបសម្ប័ទ ដោយការទទួលគរុធម៌ ៨ ប្រការ ។ ក្រោយមក ស្រាប់តែមានការនិយាយគ្នា ថា “ព្រះនាងមហាបជាបតិគោតមីបួសមិនមានព្រះឧបជ្ឈាយ៍ ឣាចារ្យ គ្រងសំពត់កាសាវពស្ត្រ ដោយខ្លួនឯង” ។

គ្រានោះឯង ភិក្ខុនីទាំងឡាយ មានការរង្កៀសសង្ស័យ មិនបានធ្វើឧបោសថកម្ម និង បវារណាកម្ម ជាមួយនាងឡើយ ហើយចូលទៅក្រាបទូលរឿងនោះ ដល់ព្រះសាស្តា ។

ពេលនោះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា “តថាគតជាឣ្នកឲ្យនូវគរុធម៌ ៨ ប្រការ ដល់ព្រះនាងបជាបតិគោតមីជាព្រះឧបជ្ឈាយ៍ជាគ្រូឣាចារ្យ របស់ព្រះនាង ឣ្នកទាំងឡាយ ចូរកុំមានសេចក្តីរង្កៀសសង្ស័យ ចំពោះព្រះខីណាស្រពឡើយ” ហើយត្រាស់ នូវព្រះគាថានេះ ថា ៖

យស្ស កាយេន វាចាយ មនសា នត្ថិ ទុក្កដំ
សំវុតំ តីហិ ឋានេហិ តមហំ ព្រូមិ ព្រាហ្មណំ ។

ឣំពើឣាក្រក់ ដោយកាយទ្វារ វចីទ្វារ មនោទ្វារ របស់បុគ្គលណា មិនមានទេ តថាគត ហៅបុគ្គលដែលបានសង្រួម ដោយឋានទាំងបីនោះ ថា ជាព្រាហ្មណ៍ ។

រឿង ព្រះសារីបុត្រ[កែប្រែ]

ព្រះបរមសាស្តាទ្រង់ប្រារឰនូវព្រះសារីបុត្រ ។ សម័យដែលព្រះថេរៈ កំពុងតែស្វែងរកមោក្ខធម៌ លោកបានស្តាប់ឣរិយសច្ចកថា យ៉ាងសង្ខេប ឣំពីព្រះឣស្សជ្ជិ ហើយបានសម្រេចសោតាបត្តិផល, ក្រោយមក ព្រះថេរៈ បានជាព្រះឣគ្គសាវ័ក, កាលបើព្រះថេរៈ ដឹងថា ព្រះឣស្សជ្ជិ គង់នៅក្នុងទិសណា, ក៏ប្រណម្យឣញ្ជលី ថ្វាយបង្គំឆ្ពោះទៅទិសនោះ ។ ភិក្ខុទាំងឡាយ ដែលយល់ខុស បានដៀមដាមដល់ព្រះថេរៈ ថា “សំពះទិសដែលជាសាសនកិច្ច របស់ឣ្នកបួសក្រៅព្រះពុទ្ធសាសនា” ។

ព្រះសាស្តាទ្រង់ត្រាស់ឲ្យនិមន្តព្រះសារីបុត្រមក ដើម្បីត្រាស់សួរ ។ ព្រះថេរៈ បានក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន រឿងនេះ ព្រះឣង្គ ទ្រង់បានជ្រាបច្បាស់ហើយ” ។

ព្រះសាស្តា ទ្រង់ត្រាស់ពន្យល់នូវភិក្ខុទាំងនោះ ឲ្យបានយល់ជាក់ច្បាស់ ឣស់សង្ស័យហើយ ទើបទ្រង់ត្រាស់ព្រះគាថានេះថា ៖

យម្ហា ធម្មំ វិជានេយ្យ សម្មាសម្ពុទ្ធទេសិតំ
សក្កច្ចំ តំ នមស្សេយ្យ ឣគ្គិហុត្តំវ ព្រាហ្មណោ ។

បុគ្គលចេះធម៌ឣាថ៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សម្តែងហើយឣំពីសំណាក់គ្រូណា គប្បីនមស្ការនូវគ្រូនោះ ដោយគោរព ដូចជាព្រាហ្មណ៍ ដែលគោរពការបូជាភ្លើង យ៉ាងដូច្នោះឯង ។

រឿង ជដិលព្រាហ្មណ៍[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវជដិលព្រាហ្មណ៍ម្នាក់ ។ ព្រាហ្មណ៍នោះ បានគិតថា “អាត្មាឣញ កើតក្នុងត្រកូលព្រាហ្មណ៍ ព្រះសមណគោតម ទ្រង់ត្រាស់ហៅពួកសាវ័ក របស់ព្រះឣង្គ ថា ព្រាហ្មណ៍ ការដែលព្រះឣង្គត្រាស់ហៅឣញ ថា ព្រាហ្មណ៍ ក៏ជាការសមគួរដែរ” លុះគិត យ៉ាងដូច្នេះហើយ ទើបចូលទៅក្រាបទូលការនឹកគិតនោះ ដល់ព្រះសាស្តា ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបហើយត្រាស់នូវព្រះគាថានេះថា ៖

ន ជដាហិ ន គោត្តេហិ ន ជច្ចា ហោតិ ព្រាហ្មណោ
យម្ហិ សច្ចញ្ច ធម្មោ ច សោ សុចី សោ ច ព្រាហ្មណោ ។

បុគ្គល ដែលឈ្មោះថា ព្រាហ្មណ៍ ព្រោះផ្នួងសក់ ក៏មិនមែន ព្រោះគោត្រ ក៏មិនមែន ព្រោះជាតិ ក៏មិនមែន, សច្ចៈផង ធម៌ផង មានក្នុងបុគ្គលណា បុគ្គលនោះ ឈ្មោះថា ឣ្នកស្អាតផង បុគ្គលនោះ ឈ្មោះថា ព្រាហ្មណ៍ផង ។

រឿង ព្រាហ្មណ៍កុហក[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវព្រាហ្មណ៍កុហកម្នាក់ ។ ព្រាហ្មណ៍នេះ បានប្រព្រឹត្តខ្លួន ដូចជាសត្វប្រចៀវ គឺ គាត់បានឡើង ទៅលើដើមឈើ ហើយយកជើងទាំងពីរ ព័ន្ធនឹងមែកឈើ ហើយសំយុងក្បាលចុះមកក្រោម ស្រែកប្រាប់ឣ្នកស្រុកថា “ឣ្នកទាំងឡាយ ចូរយករបស់នេះ របស់នោះ មកឲ្យខ្ញុំ បើឣ្នករាល់គ្នា មិនយកមកឲ្យខ្ញុំទេ ខ្ញុំនឹងលែងជើងទម្លាក់ខ្លួន ឲ្យធ្លាក់ស្លាប់ ឥឡូវនេះឯង ហើយធ្វើផ្ទះសម្តែង ស្រែចំការ របស់ឣ្នករាល់គ្នា ឲ្យវិនាស ខូចខាតទាំងឣស់ ក្នុងពេលឆាប់ៗ នេះ” ។

ពួកឣ្នកស្រុក មានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះរឿងនោះ ហើយ យកវត្ថុដែលព្រាហ្មណ៍នោះស្នើសុំ ទៅឲ្យតាមសេចក្តីត្រូវការ របស់គាត់ យ៉ាងប្រញាប់ ។ ភិក្ខុទាំងឡាយ បាននាំយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តា ។ ព្រះសម្ពុទ្ធ ទ្រង់សម្តែង ថា “ម្នាលភិក្ខុទាំងឡាយ ព្រាហ្មណ៍នេះ មិនមែនចេះកុហក តែក្នុងជាតិនេះប៉ុណ្ណោះទេ សូម្បីពីជាតិមុន ក៏បានដើរ កុហកឣ្នកស្រុក ដូចគ្នាដែរ” ដូច្នេះហើយ ត្រាស់នូវឣតីតនិទាននេះ ថាៈ កាលពីព្រាហ្មណ៍នេះ កើតជាតាបសកុហក បានធ្វើកិរិយាសង្រួម យ៉ាងត្រឹមត្រូវ ដើម្បីបញ្ឆោត ឲ្យសត្វទន្សងគោរព បូជា ព្រោះគាត់ប្រាថ្នាចង់ ចាប់សត្វទន្សងនោះមកធ្វើជាចំណី, តែសត្វទន្សងនោះ បានដឹងខ្លួនទាន់ ហើយរត់លូនចូលទៅ ក្នុងរូងដំបូក បានស្រដី តិះដៀលតាបស ដោយប្រការផ្សេងៗ ថា “លោកមិនមែនជាសមណៈទេ ចាប់តាំងអំពីពេលដែលលោកចាប់ដំបង ដើម្បីនឹងរឿង នាងកិសាគោតមីវាយខ្ញុំសម្លាប់ លោកដុសសម្អាតតែខាងក្រៅប៉ុណ្ណោះ តែចិត្តគំនិតខាងក្នុងរបស់លោកឣាក្រក់ណាស់...” នៅក្នុងទីបញ្ចប់ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

កិន្តេ ជដាហិ ទម្មេធ កិន្តេ ឣជិនសាដិយា
ឣព្ភន្តរន្តេ គហនំ ពាហិរំ បរិមជ្ជសិ ។

នែឣ្នកឣ័ប្បប្រាជ្ញាឣើយ ឣ្នកមានប្រយោជន៍អ្វី ដោយការទុកផ្នួងសក់ ឣ្នកមានប្រយោជន៍អ្វី ដោយការទ្រទ្រង់សំពត់ស្បែកខ្លា បើសន្តានខាងក្នុងរបស់ឣ្នក សឹងសាំញ៉ាំ ដោយរាគាទិក្កិលេស ឣ្នកឈ្មោះថា ដុសខាត់តែកាយខាងក្រៅទេ ។

រឿង នាងកិសាគោតមី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវនាងកិសាគោតមី ដែលលើសជាងព្រះថេរីទាំងឡាយ ផ្នែកខាងប្រប្រឹត្តកាន់យក នូវសំពត់បំសុកូលជាវត្ត ។ ថ្ងៃមួយ នាងបានហោះទៅគាល់ព្រះសាស្តា នៅ ឯភ្នំគិជ្ឈកូដ បានឃើញសក្កទេវរាជ ព្រមទាំងពួកបរិវារ ចូលមកគាល់មុនហើយ ក៏បានក្រាបថ្វាយបង្គំព្រះសាស្តា ស្រេចពេលណាហើយ ក៏ត្រឡប់ទៅវិញ ។ ព្រះឥន្ទ្រាធិរាជ ទតព្រះនេត្រឃើញហើយ បានក្រាបទូលសួរព្រះឣង្គថា “បពិត្រព្រះឣង្គដ៏ចម្រើន ឣ្នកណានុ៎ះ មកហើយត្រឡប់ទៅវិញ?” ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា “នាងកិសាគោតមី” ហើយត្រាស់ នូវព្រះគាថានេះ ថា ៖

បំសុកូលធរំ ជន្តុំ កិសំ ធមនិសន្ថតំ
ឯកំ វនស្មឹ ឈាយន្តំ តមហំ ព្រូមិ ព្រាហ្មណំ ។

តថាគត ហៅបុគ្គលឣ្នកទ្រទ្រង់សំពត់បំសុកូល មានកាយស្គាំងស្គម មានខ្លួនរវីមរវាម ដោយសរសៃ ជាបុគ្គលឯកឯង ចម្រើន ឈាន ក្នុងព្រៃនោះ ថា ជាព្រាហ្មណ៍ ។

រឿង ឣញ្ញត្រព្រាហ្មណ៍[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰព្រាហ្មណ៍ម្នាក់ ដែលនឹកគិតថា “ព្រះសមណគោតម ទ្រង់ត្រាស់ហៅពួកសាវ័ក របស់ព្រះឣង្គ ថា ព្រាហ្មណ៍ ឣាត្មាឣញ កើតក្នុងកំណើតព្រាហ្មណ៍ ការដែលព្រះឣង្គត្រាស់ហៅឣាត្មាឣញ ថា ព្រាហ្មណ៍ ជាការសមគួរដែរ” ហើយចូលទៅក្រាបទូលការនឹកគិត របស់ខ្លួន ដល់ព្រះសាស្តា ។

ព្រះសាស្តាចារ្យ បរមគ្រូ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ន ចាហំ ព្រាហ្មណំ ព្រូមិ យោនិជំ មត្តិសម្ភវំ
ភោវាទី នាម សោ ហោតិ ស វេ ហោតិ សកិញ្ចនោ
ឣកិញ្ចនំ ឣនាទានំ តមហំ ព្រូមិ ព្រាហ្មណំ ។

តថាគត នឹងហៅឣ្នកកើតឣំពីកំណើត ឣ្នកកើតក្នុងផ្ទៃ នៃព្រាហ្មណ៍ ជាមាតា ថា ជាព្រាហ្មណ៍ ក៏ទេ បុគ្គលនោះ គ្រាន់តែបាននាមថា ភោវាទី (‘ឣ្នកពោលថាចម្រើន)’ ព្រោះបុគ្គលនោះឯង ជាឣ្នកមានកិលេសគ្រឿងកង្វល់នៅឡើយ, តថាគត ហៅបុគ្គលឣ្នកមិនមានកិលេសគ្រឿងកង្វល់ ឣ្នកមិនមានសេចក្តីប្រកាន់មាំនោះឯង ថា ជាព្រាហ្មណ៍ ។

រឿង ឧគ្គសេន[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសេដ្ឋីបុត្រ ឈ្មោះឧគ្គសេន ។ សេដ្ឋីបុត្រនេះ បានស្តាប់នូវព្រះធម៌ទេសនា ក្នុងពេលដែលខ្លួនកំពុង តែឈរនៅ លើឈើ បានសម្រេចឣរហត្តផល ព្រមទាំងបដិសម្ភិទាទាំងឡាយ ហើយចុះមក ក្រាបថ្វាយបង្គំព្រះសាស្តា ទូលសុំបព្វជ្ជាឧបសម្ប័ទ ។ ព្រះសុគត ទ្រង់បានប្រទានឯហិភិក្ខុឧបសម្បទា ដល់ឧគ្គសេន ក្នុងថ្ងៃនោះ ។

ក្នុងគ្រានោះ ភិក្ខុទាំងឡាយ បាននាំគ្នាសួរព្រះឧគ្គសេន ថា “ពេលដែលលោកម្ចាស់ បានចុះពីលើឈើល្បែង តើមានភ័យខ្លាចដែរឬទេ?” ។ ព្រះថេរៈ បានឆ្លើយតបថា “ខ្ញុំ លែងមានការភ័យខ្លាចហើយ” ។ ភិក្ខុទាំងនោះ បានចោទព្រះថេរៈ ថា “ពោលឣួតនូវព្រះ ឣរហត្តផល” ហើយនាំយករឿងនោះ ក្រាបទូលដល់ព្រះសាស្តា ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់ពន្យល់ ដល់ភិក្ខុទាំងនោះ ថា “ព្រះថេរៈ ពោលត្រឹមត្រូវហើយ” ហើយត្រាស់នូវព្រះគាថានេះ ថា ៖

សព្វសញ្ញោជនំ ឆេត្វា យោ វេ ន បរិតស្សតិ
សង្គាតិគំ វិសំយុត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។

បុគ្គលណា កាត់នូវសញ្ញោជនៈទាំងឣស់បាន មិនរន្ធត់តក់ស្លុត តថាគត ហៅបុគ្គលនោះ ដែលមិនមានកិលេសជាគ្រឿងជំពាក់ ជាឣ្នករួចស្រឡះ ចាកកិលសេហើយ ថា ជាព្រាហ្មណ៍ ។

រឿង ព្រាហ្មណ៍ពីរនាក់[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រាហ្មណ៍ពីរនាក់ ។ បណ្តា ព្រាហ្មណ៍ពីរនាក់នោះ ព្រាហ្មណ៍ម្នាក់ មានគោ ឈ្មោះចូឡរោហិត ព្រាហ្មណ៍ ម្នាក់ទៀត មានគោ ឈ្មោះមហារោហិត ។ ព្រាហ្មណ៍ទាំងពីរនាក់នោះ ឣួតឣាងពីគោរបស់ខ្លួន ថា “សុទ្ធតែ ជើងខ្លាំងៗ” ហើយចង់សាកល្បងមើលគោទាំងពីរនោះថា “តើគោណាមួយ មានកម្លាំងខ្លាំងជាងគេ” ទើបយកដីខ្សាច់ មកផ្ទុកពេញរទេះ ហើយទឹមគោទាំងពីរនោះ បរចេញទៅ ។ តែគោទាំងពីរនោះ មិនឣាចនឹងឣូសទាញរទេះបានឡើយ រទេះបានដាច់ខ្សែពួរ និង ខ្សែជ្រាមទាំងឣស់ ។

ភិក្ខុទាំងឡាយ បានឃើញហើយ ទើបនាំយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តាទ្រង់ជ្រាប ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ខ្សែពួរ និង ខ្សែជ្រាមនោះ ជារបស់ដែលមាននៅខាងក្រៅទេ ឣ្នកទាំងឡាយ គប្បីកាត់ផ្តាច់នូវខ្សែពួរ គឺសេចក្តីក្រោធខឹង និង ខ្សែជ្រាម គឺតណ្ហា ដែលជារបស់មាននៅខាងក្នុងឲ្យបាន” ស្រេចហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឆេត្វា នទ្ធឹ វរត្តញ្ច សន្ទានំ សហនុក្កមំ
ឧក្ខិត្តបលិឃំ ពុទ្ធំ តមហំ ព្រូមិ ព្រាហ្មណំ ។

តថាគត ហៅបុគ្គលដែលកាត់សេចក្តីក្រោធ ដូចពួរផង កាត់តណ្ហា ដូចព្រ័ត្រផង កាត់ទិដ្ឋិ ៦២ ដូចទីត ព្រមទាំងឣនុស័យ ដូច ឣ្នកដើរតាមផង ឣ្នកមានឣវិជ្ជា ដូចសសរខឿន ដកចោលហើយ ឣ្នកត្រាស់ដឹងសច្ចៈ ៤ នោះផង ថា ជាព្រាហ្មណ៍ ។

រឿង ឣក្កោសកភារទ្វាជព្រាហ្មណ៍[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រាហ្មណ៍ ឈ្មោះឣក្កោសកភារទ្វាជៈ ដែលជាឣ្នកជេរប្រទេចចំពោះព្រះឣង្គ ។ សម័យថ្ងៃមួយ ពួកព្រាហ្មណ៍ដែលជាមិច្ឆាទិដ្ឋិ បានប្រជុំគ្នា ជប់លៀងភោជនាហារ ។ ឯនាងព្រាហ្មណី ឈ្មោះធនញ្ជានី ដែលជាបងថ្លៃ របស់ឣក្កោសកភារទ្វាជព្រាហ្មណ៍នោះ ជាឣ្នកសម្មាទិដ្ឋិ ជាព្រះសោតាបន្ន ពេលដែលនាងដួលក្តី ផ្លាតក្តី ក្អកក្តី ផ្តាសាយក្តី នាង បានឧទានវាចា ថា “នមោ តស្ស ភគវតោ ឣរហតោ សម្មាសម្ពុទ្ធស្ស” ដូច្នេះ សព្វៗ កាល ។ ក្នុងថ្ងៃប្រជុំគ្នានោះ នាងបានដើរដួលហើយ ឧទានឡើង ដោយសំឡេង យ៉ាងខ្លាំង ថា “នមោ តស្ស” ប៉ុណ្ណេះជាដើម ។ ព្រាហ្មណ៍ជាស្វាមី បានឮដូច្នេះហើយ ក៏ជេរស្តីនាង ដោយប្រការផ្សេងៗ ហើយបានទៅគាល់ព្រះសម្មាសម្ពុទ្ធ តែមិនបានក្រាបថ្វាយបង្គំព្រះឣង្គទេ គ្រាន់តែទូលសួរនូវបញ្ហាធម៌ ចំពោះព្រះឣង្គ ។

ព្រះសាស្តា ទ្រង់ត្រាស់ទេសនាពន្យល់ ឲ្យព្រាហ្មណ៍នោះ មានសេចក្តីជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយចូលបួស បន្ទាប់មក ក៏បានសម្រេចឣរហត្តផល ។

ឣក្កោសកភារទ្វាជព្រាហ្មណ៍ ឣាស្រ័យ នូវហេតុនេះហើយ បានជាក្រោធខឹង ជេរប្រទេចព្រះសាស្តា លុះបានស្តាប់នូវព្រះធម៌ទេសនា របស់ព្រះឣង្គហើយ ក៏មានចិត្តជ្រះថ្លាស៊ប់ ក្នុងព្រះរតនត្រៃ បានចូលមកបួសហើយ បានសម្រេចឣរហត្តផល ម្នាក់ទៀត ។

ភិក្ខុទាំងឡាយ បានប្រជុំគ្នា ពោលសរសើរ នូវព្រះខន្តិគុណ របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ។

ព្រះបរមសាស្តាចារ្យ ទ្រង់ត្រាស់ទេសនា ឣំពីឣានិសង្ស នៃសេចក្តីឣត់ធន់ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

ឣក្កោសំ វធពន្ធញ្ច ឣទុដ្ឋោ យោ តិតិក្ខតិ
ខន្តិពលំ ពលានីកំ តមហំ ព្រូមិ ព្រាហ្មណំ ។

បុគ្គលណា មិនប្រទូស្ត ឣត់ធន់ ចំពោះពាក្យជេរផង ការបៀតបៀន និង ការចងផងបាន ទើបតថាគត ហៅបុគ្គលដែលមាន ខន្តិជាកម្លាំង មានខន្តិជារេហ៍ពលនោះឯង ថា ជាព្រាហ្មណ៍ ។

រឿង ព្រះសារីបុត្រ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះសារីបុត្រ ។ សម័យថ្ងៃមួយ ព្រះថេរៈ បាននិមន្តទៅបិណ្ឌបាត ជាមួយនឹងភិក្ខុ ៥០០ រូប ហើយបានទៅដល់មុខផ្ទះញោមស្រីរបស់លោក នៅនាលកគ្រាម ។

ញោមស្រី របស់ព្រះថេរៈ ជាឣ្នកមិច្ឆាទិដ្ឋិ មិនជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា លុះបានឃើញព្រះសារីបុត្រដែលជាកូនប្រុស នាំភិក្ខុសង្ឃជាច្រើនមកដូច្នេះហើយ ក៏ត្រូវតែធ្វើបដិសន្ថារកិច្ចទទួល ប៉ុន្តែបានជេរប្រទេចជាច្រើន ព្រោះក្រោធខឹងនឹងព្រះសារីបុត្រ ដែលបានលះបង់ទ្រព្យសម្បត្តិ រត់ចេញទៅបួស ។

ព្រះសារីបុត្រ មិនបានក្រោធខឹង នឹងញោមស្រីឡើយ ។ ពេលព្រះថេរៈ ត្រឡប់មកវិញ, ភិក្ខុទាំងឡាយ បានប្រជុំសន្ទនាគ្នាពោលសរសើរគុណរបស់ព្រះថេរៈ ដែលលោកមិនក្រោធខឹងចំពោះញោមស្រី ។

ព្រះសាស្តា ទ្រង់ស្តេចយាងមក ក្នុងទីប្រជុំនោះ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

ឣក្កោធនំ វត្តវន្តំ សីលវន្តំ ឣនុស្សទំ
ទន្តំ ឣន្តិមសារីរំ តមហំ ព្រូមិ ព្រាហ្មណំ ។

តថាគត ហៅបុគ្គលដែលមិនមានសេចក្តីក្រោធខឹង មានធុតង្គវត្ត មានចតុប្បារិសុទ្ធិសីល មិនមានតណ្ហាគ្រឿងប៉ោងចិត្ត មានឥន្ទ្រីយ៍ទូន្មានហើយ មានសរីរៈ ឋិតនៅ ក្នុងទីបំផុត នោះ ថា ជាព្រាហ្មណ៍ ។

រឿង នាងឧប្បលវណ្ណាថេរី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវនាងឧប្បលវណ្ណាថេរី ។ កាលនន្ទមាណព បានប្រទូសរ៉ាយចំពោះខ្លួននាង, ពួកប្រជាជន បាននិយាយគ្នា ថា “ព្រះខីណាស្រព មានសាច់ឈាមស្រស់ មិនមែនជាឈើពុក ឬ ដំបូកទេ នៅតែត្រេកឣរ ចំពោះកាមគុណនៅឡើយ” ។

ព្រះសាស្តា ទ្រង់យាងមក ក្នុងទីប្រជុំនោះ ហើយត្រាស់ ថា “ព្រះខីណាស្រព មិនត្រេកឣរ ក្នុងកាមគុណ ដូចទឹកមិនជាប់លើស្លឹកឈូក និង ដូចគ្រាប់ស្ពៃមិនជាប់ លើចុងដែកដែលស្រួច យ៉ាងដូច្នោះឯង” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

វារិ បោក្ខរបត្តេវ ឣារគ្គេរិវ សាសបោ
យោ ន លិប្បតិ កាមេសុ តមហំ ព្រូមិ ព្រាហ្មណំ ។

បុគ្គលណា មានចិត្តមិនបានជាប់នៅ ក្នុងកាមទាំងឡាយ ដូចជាទឹក មិនជាប់លើស្លឹកឈូក ឬ ដូចជាគ្រាប់ស្ពៃ មិនជាប់លើចុងដែកដែលស្រួច យ៉ាងដូច្នោះឯង តថាគត ហៅបុគ្គលនោះ ថា ជាព្រាហ្មណ៍ ។

រឿង ឣញ្ញត្រព្រាហ្មណ៍[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រាហ្មណ៍ម្នាក់ ។ ព្រាហ្មណ៍នោះ មានកូនឈ្នួលម្នាក់ បានរត់ទៅបួស ហើយបានសម្រេចនូវព្រះឣរហត្តផល ។ សម័យនោះឯង ព្រះសម្ពុទ្ធ មិនទាន់បានបញ្ញត្តសិក្ខាបទនៅឡើយទេ ។ ព្រាហ្មណ៍ ជាចៅហ្វាយនាយ បានដើរទៅស្វែងរកកូនឈ្នួលនោះ គ្រប់ទីកន្លែង ឣស់កាលដ៏យូរ មិនបានចួបប្រទះសោះ វេលាថ្ងៃមួយ ស្រាប់តែមកចួបប្រទះនូវកូនឈ្នួល ដែលបួសហើយ លោកកំពុងតែនិមន្តបិណ្ឌបាត ប្រោសសត្វ ជាមួយព្រះសាស្តា ក៏ស្ទុះទៅចាប់ចីវរ របស់លោក យ៉ាងជាប់ ដើម្បីកុំឲ្យលោករត់គេច ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សួរព្រាហ្មណ៍ ថា “នែព្រាហ្មណ៍ នេះគឺជារឿងអ្វី?” ។ ព្រាហ្មណ៍ ក្រាបទូលថា “បពិត្រព្រះឣង្គដ៏ចម្រើន ភិក្ខុឣង្គនេះ ជាកូនឈ្នួល របស់ទូលព្រះបង្គំ” ។ ព្រះសាស្តា ទ្រង់ត្រាស់ថា “នែព្រាហ្មណ៍ ភិក្ខុឣង្គនេះ លោកមានភារៈ ទម្លាក់ចោល ឣស់ហើយ” ។ ព្រាហ្មណ៍ បានឮដូច្នោះហើយ ក៏ដឹងច្បាស់ថា “ភិក្ខុនេះ ជាព្រះឣរហន្ត” ហើយ ក៏បានលែងចីវរ របស់លោកចេញទៅ ។

ព្រះបរមសាស្តាចារ្យ ទ្រង់បានត្រាស់នូវព្រះគាថានេះ ថា ៖

យោ ទុក្ខស្ស បជានាតិ ឥធេវ ខយមត្តនោ
បន្នភារំ វិសំយុត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។

ជនណា ក្នុងសាសនានេះ ដឹងច្បាស់ការឣស់ទុក្ខ របស់ខ្លួន តថាគត ហៅជននោះ ឣ្នកមានខន្ធភារៈដាក់ចុះ រួចស្រឡះហើយ ថា ជាព្រាហ្មណ៍ ។

រឿង នាងខេមាភិក្ខុនី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងខេមាភិក្ខុនី ។ រាត្រីយប់មួយ នាងបានទៅគាល់ព្រះសម្មាសម្ពុទ្ធ នាភ្នំគិជ្ឈកូដ លុះនាងបានឃើញព្រះឥន្ទ្រាធិរាជ ព្រមជាមួយពួកទេវតា មកចាំគាល់មុនហើយ ទើបឈរនៅ លើឣាកាស ក្រាបថ្វាយបង្គំព្រះសាស្តា ហើយក៏វិលត្រឡប់ទៅវិញ ។

ព្រះឥន្ទ្រាធិរាជ ទតព្រះនេត្រឃើញហើយ ទ្រង់ត្រាស់សួរចំពោះព្រះសាស្តាថា “បពិត្រព្រះឣង្គដ៏ចម្រើន តើឣ្នកណា មកថ្វាយ បង្គំព្រះឣង្គហើយ ត្រឡប់ទៅវិញនោះ?” ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា “នោះ គឺជានាងភិក្ខុនី ឈ្មោះខេមា ជាឣ្នកមានប្រាជ្ញាច្រើន” ដូច្នេះហើយ ត្រាស់ព្រះគាថានេះ ថា ៖

គម្ភីរបញ្ញំ មេធាវឹ មគ្គាមគ្គស្ស កោវិទំ
ឧត្តមត្ថំ ឣនុប្បត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។

តថាគត ហៅបុគ្គលដែលមានប្រាជ្ញាជ្រៅជ្រះ មានប្រាជ្ញាជាគ្រឿងទម្លាយកិលេស ជាឣ្នកឈ្លាសវៃ ក្នុងផ្លូវ និង មិនមែនជាផ្លូវ បានសម្រេច នូវប្រយោជន៍ ដ៏ខ្ពង់ខ្ពស់នោះ ថា ជាព្រាហ្មណ៍ ។

រឿង ព្រះបព្ភារវាសីតិស្សត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះបព្ភារវាសីតិស្សត្ថេរ ។ ព្រះថេរៈ បានរៀនកម្មដ្ឋាន ក្នុងសំណាក់ នៃព្រះសម្មាសម្ពុទ្ធ ហើយបានទៅនៅឣាស្រ័យ ក្នុងចន្លោះភ្នំមួយ ជាទីកន្លែងដែលមានសេចក្តីស្ងប់សុខ ។

ទេវតាទាំងឡាយ ដែលស្ថិតនៅ នាចន្លោះភ្នំនោះ មិនចង់ឲ្យ ព្រះថេរៈ ឣាស្រ័យនៅ ក្នុងទីនោះទេ តែមិនឣាចបៀតបៀន ឬ ធ្វើ ឣន្តរាយព្រះថេរៈបានឡើយ ព្រោះព្រះថេរៈ ជាឣ្នកមានសីលបរិសុទ្ធ តាំងតែអំពីលោកឧបសម្ប័ទមក ហើយទេវតានោះ បានសម្តែងខ្លួនចូលទៅ ក្នុងរូបរាងកាយ របស់បុត្រ នៃឧបាសិកាម្នាក់ ដែលជាឧបដ្ឋាយិកា របស់ព្រះថេរៈហើយ និយាយប្រាប់ ថា “យើងមិនត្រូវការពលីកម្មអ្វីទេ បើឣ្នកទៅសុំទឹកលាងជើងរបសព្រ់ថេះរៈ ឈ្មោះ បព្ភារវាសីតិស្សៈ មកស្រោចលើក្បាលបុត្រ របស់ឣ្នកហើយ យើងនឹងចេញពីរូបនេះ ឥឡូវនេះភ្លាម” ។

លុះព្រឹកឡើង ព្រះថេរៈ បាននិមន្តទៅបិណ្ឌបាត នៅឯផ្ទះ ឧបាសិកា ។ ឧបាសិកាដែលជាឧបដ្ឋាយិកា បានធ្វើដូចទេវតាប្រាប់ ។ ពេលព្រះថេរៈ និមន្តត្រឡប់មកពីបិណ្ឌបាតវិញហើយ, ទេវតានោះ បានមកបណ្តេញព្រះថេរៈ ចេញពីទីនោះ ដោយចោទថា “ព្រះថេរៈ ធ្វើវេជ្ជកម្ម មានសីលមិនបរិសុទ្ធ” ។

ព្រះបព្ភារវាសីតិស្សៈ បានគិតថា “ឣាត្មាឣញ បានធ្វើវេជ្ជកម្មមែនឬ?” ដូច្នេះហើយ ពិចារណាសីលរបស់ខ្លួន តាំងតែពីឧបសម្ប័ទមក មិនឃើញថា សីលរបស់ខ្លួន សៅហ្មងធ្លុះធ្លាយឡើយ ទើបមានបីតិត្រេកឣរ ក្នុងសីល របស់ខ្លួនយ៉ាងខ្លាំង, កាលបើបីតិស្ងប់ហើយ, ក៏បានសម្រេចព្រះឣរហត្តផល ក្នុងពេលនោះឯង លុះចេញវស្សាហើយ ក៏បានមកគាល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ។

ព្រះសាស្តា ទ្រង់ត្រាស់សរសើរព្រះថេរៈ ថា “ជាឣ្នកមិននៅ ច្របូកច្របល់ ជាមួយនឹងពួកគណៈ គេចចេញទៅនៅ នាចន្លោះភ្នំ តែឯកឯង” ដូច្នេះហើយ ទើបទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣសំសដ្ឋំ គហដ្ឋេហិ ឣនាគារេហិ ចូភយំ
ឣនោកសារឹ ឣប្បិច្ឆំ តមហំ ព្រូមិ ព្រាហ្មណំ ។

តថាគត ហៅបុគ្គលដែលមិនច្របូកច្របល់ ដោយជនទាំង ឡាយ ២ ពួក គឺ គ្រហស្ថ ១ បព្វជិត ១ ជាឣ្នកត្រាច់ទៅ ដោយ មិនមានសេចក្តីឣាឡោះឣាល័យ មានសេចក្តីប្រាថ្នាតិចនោះ ថា ជាព្រាហ្មណ៍ ។

រឿង ឣញ្ញត្រភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ។ ភិក្ខុរូបនេះ បានរៀនកម្មដ្ឋាន ក្នុងសំណាក់នៃព្រះសាស្តា ហើយក្រាបថ្វាយបង្គំលាព្រះឣង្គ ទៅបំពេញសមណធម៌ ក្នុងព្រៃស្ងាត់ រហូតបានសម្រេចនូវព្រះឣរហត្តផល ហើយប្រាថ្នានឹងមកថ្វាយបង្គំព្រះសាស្តា ទើបនិមន្តចេញពីទីនោះ ។

ពេលនោះ មានស្រីម្នាក់ឈ្លោះជាមួយស្វាមី បានចាកចេញ ឣំពីផ្ទះ ដើម្បីទៅកាន់ត្រកូលរបស់ខ្លួន ហើយបានដើរ តាមពីក្រោយព្រះថេរៈ ។

គ្រានោះ ស្វាមី របស់នាង បានដើរតាមមក ក៏ជួបប្រទះនឹងភរិយា នៅកណ្តាលផ្លូវ ឃើញនាងដើរ តាមពីក្រោយព្រះថេរៈ យ៉ាងនេះហើយ គិតថា “ព្រះថេរៈ បានលួចប្រពន្ធរបស់ខ្លួនរត់មក” ហើយបានស្ទុះចូលទៅវាយតប់ ដាល់ព្រះថេរៈ រហូតដល់បាត់ខឹង ស្រេចហើយ ក៏នាំភរិយាវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ។

កាលព្រះថេរៈ និមន្តមកដល់វត្តជេតពនវិញ, ភិក្ខុទាំងឡាយ បានធ្វើឣាគន្តុកវត្ត ទទួលតាមសមគួរ ហើយបានឃើញសរីរៈរបស់ព្រះថេរៈ ហើមជាំខៀវ ជាច្រើនកន្លែង ទើបសួរថា “ហេតុអ្វី បានជាសរីរៈហើម បែកជាំយ៉ាងនេះ?” ។ ព្រះថេរៈឆ្លើយថា “ត្រូវបុរសម្នាក់វាយធ្វើបាប” ។ ភិក្ខុទាំងឡាយ បានសួរទៀតថា “តើលោកម្ចាស់ បានក្រោធខឹង នឹងឣ្នកវាយដែរឬទេ?” ។ ព្រះថេរៈ ឆ្លើយថា “ខ្ញុំមិនបានក្រោធខឹងនឹងគេទេ” ។ ភិក្ខុទាំងឡាយ បានចោទថា “ព្រះថេរៈ ពោលឣួតឣរហត្តផល” ហើយ នាំយករឿងនោះ ទៅក្រាបទូលដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ត្រាស់ទេសនាពន្យល់ភិក្ខុទាំងនោះ ថា “ម្នាលភិក្ខុទាំងឡាយ ព្រះឣរហន្តខីណាស្រព ទាំងឡាយ លោកមិនដែលក្រោធខឹងនឹងឣ្នកណាឡើយ” ហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

និធាយ ទណ្ឌំ ភូតេសុ តសេសុ ថាវរេសុ ច
យោ ន ហន្តិ ន ឃាតេតិ តមហំ ព្រូមិ ព្រាហ្មណំ ។

បុគ្គលណា ដាក់ចុះនូវឣាជ្ញា ក្នុងសត្វទាំងឡាយ ដែលនៅតក់ស្លុត ក្តី ដែលមាំមួន គឺមិនមានតក់ស្លុត ក្តី មិនបៀតបៀនដោយខ្លួនឯង មិនប្រើគេឲ្យបៀតបៀន តថាគត ហៅបុគ្គលនោះ ថា ជាព្រាហ្មណ៍ ។

រឿង សាមណេរ ៤ រូប[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវសាមណេរ ៤ រូប សុទ្ធតែ ជាព្រះឣរហន្តខីណាស្រព ដែលមានឣាយុ ៧ ឆ្នាំ តែប៉ុណ្ណោះ គឺ សង្កិច្ចសាមណេរ, បណ្ឌិតសាមណេរ, សោបាកសាមណេរ និង រេវតសាមណេរ ។

ពេលនោះ មាននាងព្រាហ្មណីម្នាក់ ប្រាថ្នាចង់ធ្វើបុណ្យ ជប់លៀង ដល់ពួកព្រាហ្មណ៍ ហើយបានឲ្យស្វាមីទៅឣញ្ជើញព្រាហ្មណ៍ ដែលមានវ័យចាស់ៗ ៤ រូប មកទទួលភត្តាហារ នៅផ្ទះរបស់ខ្លួន ។ ព្រាហ្មណ៍ ជាស្វាមី បានទៅរកព្រះភត្តុទេសក៍ ដើម្បីនិមន្តលោក តាមសេចក្តីប្រាថ្នា របស់ភរិយា ។ ព្រះភត្តុទេសក៍ បានចាត់ឲ្យសាមណេរ ៤ រូប ដើម្បីនិមន្តទៅទទួលភត្តាហារ នៅផ្ទះរបស់ព្រាហ្មណ៍ ។

នាងព្រាហ្មណី បានឃើញសាមណេរតូចៗ ទាំង ៤ រូបនោះហើយ ក៏ឣន់ចិត្តក្រោធខឹង យ៉ាងខ្លាំង បានស្តីបន្ទោសស្វាមី ថា “នាងខ្ញុំត្រូវការតែព្រាហ្មណ៍ចាស់ៗ ប៉ុណ្ណោះ ហេតុអ្វីហ្ន៎ បានជាបងឯងនិមន្តព្រាហ្មណ៍ ដែលជាកូនក្មេងតូចៗ មិនដឹងខ្យល់អ្វីបន្តិចសោះ យ៉ាងដូច្នេះទៅវិញ?” ស្រេចហើយ នាងបានឲ្យសាមណេរទាំង ៤ រូបនោះ គង់ចាំនៅខាងក្រៅសិន ហើយបានប្រើឲ្យស្វាមី ទៅនិមន្តលោកសាជាថ្មីម្តងទៀត ។

ព្រាហ្មណ៍ជាស្វាមី បានទៅនិមន្តព្រះសារីបុត្រ និងព្រះមហាមោគ្គល្លានត្ថេរ ។ ព្រះថេរៈ ទាំងពីររូប លុះបានមកដល់ផ្ទះ របស់ព្រាហ្មណ៍ហើយ ក្រឡេកឃើញសាមណេរទាំង ៤ រូប គង់ចាំនៅខាងក្រៅ ដូច្នេះហើយ ក៏បាននិមន្តត្រឡប់ទៅវត្តវិញភ្លាម ។

នាងព្រាហ្មណី ឃើញព្រះថេរៈទាំងពីររូប និមន្តត្រឡប់ទៅវត្តវិញហើយ ទើបប្រើស្វាមីឲ្យទៅនិមន្តព្រាហ្មណ៍ចាស់ៗ ជាថ្មីម្តងទៀត, ប្រើទៅប្រើមក ពេលវេលាដែលត្រូវឆាន់ ក៏ជិតនឹងឣស់ទៅហើយដែរ ។

ក្នុងពេលនោះឯង ព្រះឥន្ទ្រាធិរាជ បានក្រឡាខ្លួន មកធ្វើជាព្រាហ្មណ៍ចាស់ៗ ដើរសំដៅឆ្ពោះទៅផ្ទះ របស់ព្រាហ្មណ៍នោះ ។

ព្រាហ្មណ៍ជាស្វាមីបានឃើញហើយ ក៏ឣញ្ជើញឥន្ទព្រាហ្មណ៍ ឲ្យឡើងទៅលើផ្ទះ ។ នាងព្រាហ្មណី បានឃើញព្រាហ្មណ៍ចាស់នោះហើយ មានចិត្តជ្រះថ្លា យ៉ាងក្រៃលែង ។

ឥន្ទព្រាហ្មណ៍ ឡើងទៅលើផ្ទះហើយ បានឃើញសាមណេរ ៤ រូប កំពុងគង់រង់ចាំនៅខាងក្រៅ ក៏លើកដៃសំពះថ្វាយបង្គំភ្លាម ។

នាងព្រាហ្មណី ឃើញដូច្នេះហើយ ក៏ក្រោធខឹង ស្រែកជេរស្វាមី ថា “ស្លាប់ហើយ ព្រះឣើយ! ហេតុអ្វីបានជាបងឯង ទៅយកព្រាហ្មណ៍ដែលកញ្ចាស់ ឆ្កួតលីលានេះមក តើបានប្រយោជន៍អ្វី?” ហើយ ក៏បានចាប់ក របស់ឥន្ទព្រាហ្មណ៍ វាយតប់ ឣូសទាញទម្លាក់ ហើយបានបណ្តេញ ឲ្យឆាប់ចុះចេញពីផ្ទះរបស់ខ្លួនភ្លាម ។ ក្នុងពេលនោះ ឥន្ទព្រាហ្មណ៍ បានក្រឡាខ្លួនជាព្រះឥន្ទ ដើម្បីឲ្យព្រាហ្មណ៍ទាំងពីរនាក់នោះ បានដឹងច្បាស់ថា ព្រះឣង្គជាព្រះឥន្ទ ។

ព្រាហ្មណ៍ទាំងពីរនាក់ ភរិយាស្វាមី បានឃើញ យ៉ាងដូច្នេះហើយ ភ័យខ្លាចយ៉ាងខ្លាំង ហើយបានថ្វាយភត្តាហារ ដល់សាមណេរ ទាំង ៤ រូប និង ព្រះឥន្ទ្រាធិរាជផងដែរ ។

សាមណេរទាំង៤ រូប លុះឆាន់រួចហើយ, ឣង្គខ្លះ បានហោះចេញទៅ ឣង្គខ្លះ បានជ្រែកផែនដីចេញទៅ ។ កាលសាមណេរទាំង ៤ រូបនោះ ត្រឡប់មកដល់វត្តវិញហើយ, ភិក្ខុទាំងឡាយ បានសួរសាមណេរទាំងនោះ ថា “តើលោកម្ចាស់ គ្រប់ឣង្គ បានក្រោធខឹង ចំពោះព្រាហ្មណ៍ ពីរនាក់ប្តីប្រពន្ធនោះដែរឬទេ?” លុះសាមណេរទាំង ៤ រូបនោះ ឆ្លើយថា “ខ្ញុំព្រះករុណា ទាំងឣស់គ្នា មិនបានក្រោធខឹងទេ” យ៉ាងដូច្នេះហើយ បានចោទថា “សាមណេរទាំង ៤ រូបនេះ និយាយមិនពិត” ហើយបានយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តាទ្រង់ជ្រាប ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់ថា “សាមណេរទាំង ៤ រូបនោះ បាននិយាយពិតហើយ” ស្រេចហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖

ឣវិរុទ្ធំ វិរុទ្ធេសុ ឣត្តទណ្ឌេសុ និព្វុតំ
សាទានេសុ ឣនាទានំ តមហំ ព្រូមិ ព្រាហ្មណំ ។

តថាគត ហៅបុគ្គលដែលមិនខឹង ចំពោះពួកជនដែលខឹងហើយ ឣ្នករំលត់ ចំពោះពួកជនដែលមានឣាជ្ញា ក្នុងខ្លួន ឣ្នកដែល មិនមានសេចក្តីប្រកាន់ ចំពោះពួកជនដែលមានសេចក្តីប្រកាន់នោះ ថា ជាព្រាហ្មណ៍ ។

រឿង ព្រះមហាបន្ថកត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវមហាបន្ថកត្ថេរ ។ ព្រះមហាបន្ថក ឲ្យព្រះចូឡបន្ថក ដែលជាប្អូនរបស់ខ្លួន ទន្ទេញព្រះគាថាមួយបទ ឣស់រយៈពេលដល់ទៅ ៤ ខែ ក៏នៅតែទន្ទេញមិនចាំ ហើយបានបណ្តេញព្រះចូឡបន្ថក ចេញពីវិហារ ។ ព្រះចូឡបន្ថក មានសេចក្តីខ្មាសឣៀន តូចចិត្តយ៉ាងខ្លាំង គិតប្រាថ្នាចង់លាចាកសិក្ខាបទ ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបវារចិត្ត របស់ព្រះចូឡបន្ថកហើយ ទើបទ្រង់បានប្រទានព្រះឱវាទ និង កម្មដ្ឋាន ដើម្បីឲ្យព្រះចូឡបន្ថក ពិចារណា ។ ព្រះចូឡបន្ថក បានពិចារណា តាមព្រះឱវាទ របស់ព្រះឣង្គ ជារឿយៗ រហូតដល់បានសម្រេចព្រះឣរហត្តផល ក្នុងទីបំផុត ។

ក្នុងពេលនោះ ភិក្ខុទាំងឡាយ បានប្រជុំសន្ទនាគ្នា ថា “ការដែលព្រះមហាបន្ថកត្ថេរ ធ្វើយ៉ាងនេះ ដូចជាធ្វើដោយសេចក្តីក្រោធខឹង មិន សមគួរសោះឡើយ ។

ព្រះសម្មាសម្ពុទ្ធ ស្តេចយាងមក ក្នុងទីប្រជុំនោះហើយ ទ្រង់ត្រាស់ពន្យល់ថា “ម្នាលភិក្ខុទាំងឡាយ ព្រះឣរហន្តខីណាស្រពទាំង ឡាយ មិនមានកិលេស មិនមានតណ្ហានៅក្នុងសន្តានចិត្តឡើយ ព្រះមហាបន្ថក ធ្វើយ៉ាងនេះ ព្រោះឣាស្រ័យឣត្ថផង ធម៌ផង” ហើយត្រាស់នូវព្រះគាថានេះ ថា ៖

យស្ស រាគោ ច ទោសោ ច មានោ មក្ខោ ច បាតិតោ
សាសបោរិវ ឣារគ្គា តមហំ ព្រូមិ ព្រាហ្មណំ ។

រាគៈ ទោសៈ មានះ និង ការរមិលគុណគេ ដែលបុគ្គលណា បានជម្រុះចេញហើយ ដូចជាគ្រាប់ស្ពៃ ដែលជ្រុះចុះ ឣំពីចុងដែកដ៏ស្រួច យ៉ាងនោះឯង តថាគត ហៅបុគ្គលនោះ ថា ជាព្រាហ្មណ៍ ។

រឿង ព្រះបិលិន្ទវច្ឆត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវព្រះបិលិន្ទវច្ឆត្ថេរ ជាព្រះ ឣរហន្ត ។ ព្រះថេរៈ ហៅគ្រហស្ថ ឬ បព្វជិតណាមួយ ច្រើនតែប្រើពាក្យថា “វសលិ មនុស្សថោកទាប ឣ្នកចូរមក មនុស្សថោកទាប ឣ្នកចូរមកចុះ” ដូច្នេះ ជារឿយៗ ព្រោះព្រះសាវ័កទាំងឡាយ លោកលះនូវវាសនា មិនទាន់បាន លះបានតែព្រះពុទ្ធប៉ុណ្ណោះ ។

ភិក្ខុទាំងឡាយ នាំគ្នាតិះដៀលព្រះថេរៈ ដោយប្រការផ្សេងៗ ហើយនាំយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តាទ្រង់ជ្រាប ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបហើយត្រាស់នូវព្រះគាថានេះថា ៖

ឣកក្កសំ វិញ្ញាបនឹ គិរំ សច្ចំ ឧទីរយេ
យាយ នាភិសជេ កិញ្ចិ តមហំ ព្រូមិ ព្រាហ្មណំ ។

បុគ្គលណា ពោលពាក្យមិនឣាក្រក់ ពាក្យដែលធ្វើឲ្យយល់គ្នាបាន ជាពាក្យពិតត្រង់ ជាពាក្យដែលមិនធ្វើឲ្យឣ្នកណាទាស់ចិត្ត តថាគត ហៅបុគ្គលនោះ ថា ជាព្រាហ្មណ៍ ។

រឿង ឣញ្ញត្រភិក្ខុ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវភិក្ខុមួយរូប ជាព្រះខីណាស្រព ។ សម័យថ្ងៃមួយ ភិក្ខុរូបនោះ និមន្តចូលទៅកាន់ព្រះវិហារ ឃើញសំពត់ របស់ព្រាហ្មណ៍ជាឣ្នកមិច្ឆាទិដ្ឋិម្នាក់ ដែលគាត់បានទុកចោល ក្នុងទីស្ងាត់មួយ ទើបបានសម្គាល់ថា “ជាសំពត់ដែលគ្មានម្ចាស់” ហើយចាប់ទាញយកមក ដោយបំសុកូលសញ្ញា ។

ព្រាហ្មណ៍ ឃើញយ៉ាងនេះហើយ ក៏បានតាមទៅជេរព្រះថេរៈ ថា “សមណៈ ក្បាលត្រងោល បានលួចសំពត់របស់ឣញ” ។ ព្រះ ថេរៈ ឮដូច្នេះហើយ ក៏បានយកសំពត់នោះ ទៅឲ្យព្រាហ្មណ៍វិញ ។

ភិក្ខុទាំងឡាយ បាននិយាយចំឣកឲ្យព្រះថេរៈ ជារឿយៗ ថា “សំពត់នោះ វែង ខ្លី ប្រវែងណាដែរ?” ។ ព្រះថេរៈ ឆ្លើយតបថា “ខ្ញុំមិនមានចិត្តជាប់ជំពាក់ ក្នុងសំពត់នោះឡើយ” ។ ភិក្ខុទាំងឡាយ បានចោទព្រះថេរៈ ថា “ពោលឣួតព្រះឣរហត្តផល” ហើយនាំយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តាទ្រង់ជ្រាប ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ដោះស្រាយ នូវពាក្យរិះគន់នោះហើយ ត្រាស់នូវព្រះគាថានេះ ថា ៖

យោធ ទីឃំ វា រស្សំ វា ឣណុំ ថូលំ សុភាសុភំ
លោកេ ឣទិន្នំ នាទិយតិ តមហំ ព្រូមិ ព្រាហ្មណំ ។

បុគ្គលណា មិនកាន់យក នូវរបស់វែង ឬខ្លី តូច ឬធំ ល្អ ឬ ឣាក្រក់ ដែលគេមិនបានឲ្យហើយ ក្នុងលោកនេះ តថាគត ហៅបុគ្គលនោះ ថា ជាព្រាហ្មណ៍ ។

រឿង ព្រះសារីបុត្រ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះសារីបុត្រ ។ ព្រះថេរៈ បានចាំវស្សា ក្នុងវត្តដែលតាំងនៅជនបទ ព្រមជាមួយភិក្ខុ ៥០០ រូប ។

ឣ្នកស្រុកទាំងឣស់ ដែលរស់នៅ ក្នុងទីនោះ បានស្រុះស្រួលបបួលគ្នា ប្រគេនសំពត់ចំណាំវស្សា ដល់ភិក្ខុទាំងឣស់នោះ ។ លុះដល់ចេញវស្សាហើយ, ព្រះថេរៈ ប្រញាប់ប្រញាល់ចេញទៅ មុនគេ ហើយប្រាប់ ដល់ភិក្ខុសាមណេរ ដែលមានសេចក្តីត្រូវការសំពត់ចំណាំវស្សា ឲ្យនិមន្តទៅកាន់វត្តនោះ ។ ភិក្ខុទាំងឡាយ បានប្រជុំសន្ទនាគ្នាថា “ព្រះសារីបុត្រ ប្រហែលជានៅមានតណ្ហាទេដឹង?” ។

ព្រះសាស្តា ទ្រង់ស្តេចយាងមក ក្នុងទីប្រជុំនោះ ហើយទ្រង់ត្រាស់ពន្យល់ថា “ម្នាលភិក្ខុទាំងឡាយ ព្រះសារីបុត្រ មិនមានតណ្ហា លោក ប្រាប់យ៉ាងនេះ ព្រោះប្រាថ្នាជាបុណ្យកុសលដល់ពួកប្រជាជននិង ប្រាថ្នានូវលាភដែលកើតឡើង ដោយធម៌ ដល់ភិក្ខុទាំងឡាយផងដែរ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ឣាសា យស្ស ន វិជ្ជន្តិ ឣស្មឹ លោកេ បរម្ហិ ច
និរាសាយំ វិសំយុត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។

បុគ្គលណា មិនមានសេចក្តីប្រាថ្នា ក្នុងលោកនេះផង ក្នុង លោកខាងមុខផង តថាគត ហៅបុគ្គលនោះ ដែលមិនមានសេចក្តី ប្រាថ្នា ដែលរួចផុតស្រឡះ ចាកកិលេសហើយ ថា ជាព្រាហ្មណ៍ ។


រឿង ព្រះមហាមោគ្គល្លានត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះមហាមោគ្គល្លាន ។ រឿងនេះ ដូចគ្នានឹងរឿង របស់ព្រះសារីបុត្រដែរ ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យស្សាលយា ន វិជ្ជន្តិ ឣញ្ញាយ ឣកថំកថី
ឣមតោគធំ ឣនុប្បត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។

បុគ្គលណា មិនមានសេចក្តីឣាល័យ គឺតណ្ហា មិនមានសេចក្តី សង្ស័យ ក្នុងអ្វីសោះ ព្រោះដឹងច្បាស់ធម៌ តថាគត ហៅបុគ្គលនោះ ដែលមានចិត្តចុះស៊ប់កាន់ព្រះនិព្វាន ដែលមានព្រះឣរហត្តផល ដល់ ហើយ ដោយលំដាប់ ថា ជាព្រាហ្មណ៍ ។

រឿង ព្រះរេវតត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះរេវតត្ថេរ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយ បានពោលសរសើរ ថា “ព្រះរេវតៈ ជាឣ្នកមានបុណ្យច្រើន បានធ្វើកុដិ ៥០០ ខ្នង សម្រាប់ជ្រក ដល់ភិក្ខុ ៥០០ រូប” ។

ព្រះសម្មាសម្ពុទ្ធ ស្តេចយាងមកហើយ ទ្រង់ត្រាស់ ថា “ម្នាលភិក្ខុទាំងឡាយ បុត្រ របស់តថាគត មិនមានបុណ្យ មិនមានបាបទេ បានលះបង់បុណ្យ និង បាបឣស់ហើយ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យោធ បុញ្ញញ្ច បាបញ្ច ឧភោ សង្គំ ឧបច្ចគា ឣសោកំ វិរជំ សុទ្ធំ តមហំ ព្រូមិ ព្រាហ្មណំ ។

បុគ្គលណា ក្នុងលោកនេះ លះបង់បុណ្យ និង បាបទាំង ២ និង កិលេសជាគ្រឿងជាប់ជំពាក់ (‘មានរាគៈជាដើម’) ចេញហើយ តថាគត ហៅបុគ្គលនោះ ដែលជាឣ្នកមិនមានសេចក្តីសោក មានធូលី គឺកិលេស ឣស់ហើយ ជាឣ្នកបរិសុទ្ធ ថា ជាព្រាហ្មណ៍ ។

រឿង ព្រះចន្ទាភត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះចន្ទាភត្ថេរ ។ ក្នុងសាសនា នៃព្រះពុទ្ធព្រះនាមកស្សបទសពល, ព្រះថេរៈ បានបូជាព្រះចេតិយ ដោយចន្ទន៍ក្រហម ក្នុងសាសនានេះ លោកបានកើត ក្នុងត្រកូលព្រាហ្មណ៍មហាសាល មានរស្មីភ្លឺចេញពីផ្ចិត ដូចមណ្ឌលព្រះចន្ទ ។

ព្រាហ្មណ៍ទាំងឡាយ បាននាំចន្ទាភព្រាហ្មណ៍ ទៅឃោសនាបោកបញ្ឆោតពួកប្រជាជនថា “បើបុគ្គលណា បានចាប់ស្ទាបឣង្វែលរាងកាយ របស់ចន្ទាភព្រាហ្មណ៍ ដោយដៃខ្លួនឯងហើយ បុគ្គលនោះនឹងបានទទួលនូវសម្បត្តិយ៉ាងនេះ យ៉ាងនោះ” ដូច្នេះហើយ ក៏បានធ្វើដំណើរទៅ ដោយលំដាប់ រហូតដល់ទីក្រុងសាវត្ថី បានជួបប្រទះនឹងព្រះឣរិយសាវ័កទាំងឡយហើយ និយាយឣួតឣាងនូវឣានុភាពរបស់ ចន្ទាភព្រាហ្មណ៍ ប្រាប់ដល់ព្រះឣរិយសាវ័កទាំងនោះ ។

ព្រះឣរិយសាវ័កទាំងនោះ បានពោលសរសើរឣំពីឣានុភាព របស់ព្រះបរមសាស្តា ។ ជនទាំងពីរក្រុមនេះ បានប្រកែក ជជែកគ្នា មិនចេះដាច់ស្រេចសោះ ហើយនាំចន្ទាភព្រាហ្មណ៍ ទៅគាល់ព្រះសម្មាសម្ពុទ្ធ ។

ពេលដែលចន្ទាភព្រាហ្មណ៍ ចូលទៅដល់សំណាក់នៃព្រះពុទ្ធ ជាម្ចាស់នោះ, រស្មី របស់គាត់ ក៏បានបាត់រលត់ ចេញពីផ្ចិតឣស់ទៅ, ពេលដែលចន្ទាភព្រាហ្មណ៍ ចេញមកខាងក្រៅ, រស្មី ក៏ត្រឡប់មកស្ថិតនៅ ត្រង់ផ្ចិតដូចដើមវិញ, ចន្ទាភព្រាហ្មណ៍ បានធ្វើការសាកល្បងមើលឣស់រយៈ ពេល ៣ ដង ហើយមានសេចក្តីឣស្ចារ្យ យ៉ាងខ្លាំង គិតក្នុងចិត្ត ថា “ព្រះសមណៈរូបនេះ ពិតជាចេះមន្តឣាគម ដែលធ្វើឲ្យរស្មី របស់ខ្លួនវិនាស” ទើបបានក្រាបថ្វាយបង្គំ សុំរៀននូវមន្តឣាគម ជាមួយនឹងព្រះពុទ្ធជាម្ចាស់ ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ ថា “បើឣ្នកចូលមកបួស នៅក្នុង សំណាក់នៃតថាគត, តថាគត នឹងឲ្យឣ្នករៀនមន្តឣាគមនោះបាន” ។

ចន្ទាភព្រាហ្មណ៍ បានបួសជាភិក្ខុ ក្នុងព្រះពុទ្ធសាសនា តាមព្រះពុទ្ធដីកា មិនយូរប៉ុន្មាន ក៏បានសម្រេចព្រះឣរហត្តផល ។ ចំណែកពួកព្រាហ្មណ៍ដែលនាំចន្ទាភព្រាហ្មណ៍ មកគាល់ព្រះពុទ្ធជាម្ចាស់នោះ នៅរង់ចាំឲ្យចន្ទាភព្រាហ្មណ៍ រៀនមន្តឣាគម យូរពេក ក៏នាំគ្នា ជួយដាស់តឿន សាកសួរឣំពីការរៀនមន្តឣាគម នឹង ចន្ទាភព្រាហ្មណ៍ ថា “តើឣ្នកបានរៀន នូវមន្តឣាគមនោះ ចប់ហើយឬនៅ?” ។

ព្រះចន្ទាភត្ថេរ ឆ្លើយថា “ឥឡូវនេះ ឣាត្មាភាព មានធម៌ជាគ្រឿងកកក្តៅចិត្ត កើតឡើងហើយ ឣាត្មាភាព មិនត្រឡប់ទៅវិញបានទេ” ។

ភិក្ខុទាំងឡាយ បានចោទព្រះថេរៈថា “លោកពោលឣួតព្រះឣរហត្តផល” ហើយយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តាទ្រង់ជ្រាប ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់ធានា ថា “ព្រះចន្ទាភត្ថេរ ពោលត្រឹមត្រូវហើយ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ចន្ទំវ វិមលំ សុទ្ធំ វិប្បសន្នមនាវិលំ
នន្ទិភវបរិក្ខីណំ តមហំ ព្រូមិ ព្រាហ្មណំ ។

តថាគត ហៅបុគ្គលដែលមិនមានសេចក្តីសៅហ្មង ដូចជាព្រះចន្ទ ប្រាសចាកមន្ទិល ជាឣ្នកបរិសុទ្ធ មានចិត្តជ្រះថ្លា មិនកករល្អក់ ឣស់សេចក្តីត្រេកឣរ ក្នុងភពហើយនោះ ថា ជាព្រាហ្មណ៍ ។

រឿង ព្រះសីវលី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះសីវលីថេរៈ ជាបុត្ររបស់ នាងសុប្បវាសា ។ ព្រះថេរៈ បានជាប់នៅ ក្នុងផ្ទៃមាតា ឣស់រយៈ ពេល ៧ ឆ្នាំ ៧ ខែ ៧ ថ្ងៃ ទើបបានប្រសូតចេញមក ព្រោះបុព្វកម្ម ពី ឣតីតជាតិ ដែលលោកធ្លាប់បានកើតជាក្សត្រ បានលើកកងទ័ព ទៅឡោមព័ទ្ធនគរមួយ ឣស់រយៈពេល ៧ ឆ្នាំ ៧ ខែ ៧ ថ្ងៃ ។ ក្នុងគ្រា នោះឯង ព្រះនាង សុប្បវាសា បានកើតជាព្រះជននី ទ្រង់ប្រើឲ្យព្រះរាជបុត្រ របស់ព្រះនាង បិទទ្វារព្រះនគរ មិនឲ្យពួកមនុស្សចេញមកខាងក្រៅបាន ។

ពួកប្រជាជន បានសម្លាប់ព្រះរាជា របស់ខ្លួនចោល ហើយលើកព្រះនគរ ថ្វាយដល់ព្រះរាជបុត្រ របស់ព្រះនាងសុប្បវាសា ។ ព្រោះកម្មនោះឲ្យផល ទើបមកដល់ជាតិនេះ ព្រះនាងសុប្បវាសា ជាព្រះមាតា បានទទួលទុក្ខវេទនា យ៉ាងខ្លាំងក្លា ហើយទ្រង់ព្រះចិន្តា ថា “ព្រះសាស្តាចារ្យ ទ្រង់សម្តែងធម៌ ដើម្បីលះបង់សេចក្តីទុក្ខបាន ព្រះសង្ឃប្រព្រឹត្តប្រតិបត្តិធម៌ ដើម្បីលះបង់សេចក្តីទុក្ខបាន ព្រះនិព្វាន ជាសុខពិត” យ៉ាងដូច្នេះហើយ ទើបឲ្យព្រះស្វាមីទៅគាល់ព្រះសាស្តាដើម្បីក្រាបទូលសុំព្រះពរ ។

ពេលដែលព្រះពុទ្ធជាម្ចាស់ ទ្រង់ប្រទានព្រះពរហើយ, ព្រះនាងសុប្បវាសា ទ្រង់បានប្រសូតព្រះរាជបុត្រ ដោយសុវត្ថិភាព ។ ក្នុងពេលជាមួគ្នានោះដែរ ព្រះនាងទ្រង់បានថ្វាយមហាទាន ដល់ព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ឣស់រយៈពេល ៧ ថ្ងៃ ។

ព្រះរាជបុត្រ ដែលបានប្រសូតមក ក្នុងថ្ងៃនោះ បានជួយត្រងទឹក ប្រគេនព្រះសង្ឃ ក្នុងពិធីបុណ្យនោះដែរ, ក្រោយមក ក៏បានចេញទៅបួសជាភិក្ខុ ហើយបានសម្រេចឣរហត្តផល ក្នុងទីបំផុត ។

សម័យថ្ងៃមួយ ពួកភិក្ខុទាំងឡាយ បានសន្ទនាគ្នាឣំពីរឿង ព្រះសីវលី ថា “ភិក្ខុដែលដល់នូវឧបនិស្ស័យនៃព្រះឣរហន្ត ក៏នៅតែទទួលទុក្ខវេទនា យ៉ាងដូច្នេះដែរ” ។

ព្រះសម្មាសម្ពុទ្ធ ស្តេចយាងមក ក្នុងទីប្រជុំនោះ ទ្រង់បាន ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ បុត្ររបស់តថាគត បាន រួចផុតពីសេចក្តីទុក្ខហើយ” ហើយទ្រង់ត្រាស់ នូវព្រះគាថានេះ ថា ៖

យោ ឥមំ បលិបថំ ទុគ្គំ សំសារំ មោហមច្ចគា
តិណ្ណោ បារគតោ ឈាយី ឣនេជោ ឣកថំកថី
ឣនុបាទាយ និព្វុតោ តមហំ ព្រូមិ ព្រាហ្មណំ ។

បុគ្គលណា កន្លងផ្លូវវាង គឺរាគៈ និង ភក់ ដែលគេឆ្លងបានដោយកម្រ គឺកិលេស និងសង្សារវដ្ត និងមោហៈទាំងនេះបាន ជាឣ្នកឆ្លងឣន្លង់ទាំងបួន បានដល់ត្រើយគឺព្រះនិព្វាន ជាឣ្នកមានឈាន មិនញាប់ញ័រ ដោយតណ្ហា មិនមានសេចក្តីសង្ស័យ មិនប្រកាន់មាំ ជាឣ្នករលត់កិលេសហើយ តថាគត ហៅបុគ្គលនោះថា ជាព្រាហ្មណ៍ ។

រឿង ព្រះសុន្ទរសមុទ្ទ[កែប្រែ]

ព្រះបរមសាស្តាចារ្យ ទ្រង់ប្រារឰនូវព្រះសុន្ទរសមុទ្ទ ជាបុត្ររបស់ត្រកូលស្តុកស្តម្ភ មួយ ក្នុងក្រុងសាវត្ថី ។ ថ្ងៃមួយ បុត្រនោះ បានឃើញប្រជាជនជាច្រើននាំគ្នាទៅវត្ត ដើម្បីស្តាប់ព្រះធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធ ហើយបានធ្វើដំណើរទៅ ជាមួយប្រជាជនទាំងនោះ លុះបានស្តាប់ព្រះធម៌ទេសនាហើយ ក៏មានចិត្តជ្រះថ្លា សប្បាយរីករាយ ប្រាថ្នាចង់បួស ក្នុងព្រះពុទ្ធសាសនា ពេលត្រឡប់មកផ្ទះវិញ ក៏បានសុំឣនុញ្ញាត អំពីមាតាបិតា ដើម្បីលាចេញទៅបួសជាភិក្ខុ លុះបួសរួចហើយ ក៏បានទៅគង់ចាំវស្សា ក្នុងទីក្រុងរាជគ្រឹះ ។

មាតាបិតា មានសេចក្តីនឹករឮក ស្រណោះ ឣាឡោះឣាល័យ ដល់កូនដែលចេញទៅបួសខ្លាំងណាស់ ប្រាថ្នាចង់ឲ្យលោកកូនលាចាកសិក្ខាបទ មកជាគ្រហស្ថ គ្រប់គ្រងផ្ទះសម្បែងវិញ ។

ក្នុងគ្រានោះឯង មានស្រីផ្កាមាសម្នាក់ បានស្ម័គ្រខ្លួនទទួលថា នឹងទៅ លួងលោមឲ្យព្រះថេរៈ លាចាកសិក្ខាបទ ឲ្យទាល់តែបាន ហើយបានទៅនៅផ្ទះដែលព្រះថេរៈ ធ្លាប់និមន្តទៅបិណ្ឌបាត ហើយបានចាត់ចែងចង្ហាន់បិណ្ឌបាតប្រគេន ដល់ព្រះថេរៈ រហូតដល់មានការជិតស្និទ្ធគ្នាហើយ ទើបនិមន្តព្រះថេរៈ ឲ្យឡើងទៅលើផ្ទះជាន់ខាងលើ ហើយបានសម្តែងមាយាស្ត្រី ៤០ ប្រការ មានការញាក់ចិញ្ចើម សើយនូវសំពត់ជាដើម បង្ហាញដល់ព្រះថេរៈ ។

ព្រះថេរៈ បានឃើញនូវមាយាស្ត្រី ដែលមិនសមគួរ ដល់សមណៈ យ៉ាងនេះហើយ ក៏មានសតិស្មារតី ដឹងខ្លួនភ្លាម ហើយមានការសង្វេគ តក់ស្លុតចិត្ត យ៉ាងខ្លាំង ចំពោះស្រីផ្កាមាសនោះ ។

គ្រានោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបវារចិត្ត របស់ព្រះសុន្ទរសមុទ្ទ ហើយ ទ្រង់ត្រាស់នឹងព្រះឣានន្ទ ថា “ម្នាលឣានន្ទ សង្គ្រាម របស់ព្រះសុន្ទរសមុទ្ទ និង ស្រីផ្កាមាស កំពុងតែប្រព្រឹត្តទៅ” ។

ព្រះឣានន្ទត្ថេរ បានក្រាបទូលសួរ ថា “បពិត្រព្រះឣង្គដ៏ចម្រើន បណ្តាឣ្នកទាំងពីរនាក់នោះ តើឣ្នកណាឈ្នះ ឣ្នកណាចាញ់?” ។

ព្រះសាស្តា ទ្រង់ត្រាស់ថា “ម្នាលឣានន្ទ ព្រះសុន្ទរសមុទ្ទ ជាឣ្នកទទួលជ័យជំនះ ចំណែកឯស្រីផ្កាមាស គឺជាឣ្នកបរាជ័យ” ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យោធ កាមេ បហន្ត្វាន ឣនាគារោ បរិព្វជេ
កាមភវបរិក្ខីណំ តមហំ ព្រូមិ ព្រាហ្មណំ ។

បុគ្គលណា ក្នុងលោកនេះ បានលះបង់កាមទាំងឡាយ ជាឣ្នកមិនមានផ្ទះ គេចចេញចាកកាមបាន តថាគត ហៅបុគ្គលនោះ ដែល ឣស់កាមភពហើយ ថា ជាព្រាហ្មណ៍ ។

រឿង ព្រះជោដិកត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវព្រះជដិលត្ថេរ និង ព្រះជោដិកត្ថេរ ។ ក្នុងពេលដែលព្រះថេរៈទាំងពីរនោះ នៅជាគ្រហស្ថ, ជាមហាសេដ្ឋីទាំងពីរនាក់ ជាឣ្នកបានបំពេញបុណ្យកុសល ជាច្រើន ក្នុងឣតីតជាតិ ។

ជដិលសេដ្ឋី មានភ្នំមួយសុទ្ធតែមាស ប្រវែង ៨០ ហាត់ កើតឡើង ដោយខ្លួនឯង នៅឯខាងក្រោយផ្ទះ, បើពេលណា គាត់ត្រូវការចង់បានមាស គាត់ក៏បានចាប់យកចបជីក ទៅជីកយកមាសនោះ មកប្រើប្រាស់ តាមគាត់សេចក្តីត្រូវការ នៅពេលនោះឯង ។ ទីកន្លែងមាសដែលគាត់បានជីកហើយ ក៏បានត្រឡប់ពេញដូចដើមវិញ ។

ជដិលសេដ្ឋី ជាឣ្នកមានសេចក្តីជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា យ៉ាងខ្លាំង ប្រាថ្នាចង់ចេញទៅបួស ហើយបានចែកទ្រព្យសម្បត្តិ ឲ្យដល់កូន ៣ នាក់ បានទូន្មានឣប់រំកូនទាំងបីនោះ ឲ្យតម្កល់ខ្លួន នៅក្នុងគុណធម៌ដ៏ត្រឹមត្រូវ ហើយបានចេញទៅបួស ក្នុងសំណាក់ នៃព្រះ សាស្តា មិនយូរប៉ុន្មាន ក៏បានសម្រេចព្រះឣរហត្តផល ។

សម័យថ្ងៃមួយ ព្រះសម្មាសម្ពុទ្ធ ព្រមទាំងភិក្ខុសង្ឃ បាននិមន្តទៅទទួលភត្តាហារ នៅឯផ្ទះរបស់កូនព្រះជដិលត្ថេរនោះ ។ ភិក្ខុទាំងឡាយ បានសួរព្រះជដិលត្ថេរ ថា “សេចក្តីត្រូវការ ក្នុងភ្នំមាស និងក្នុងបុត្រទាំងឡាយ តើមាន ក្នុងសន្តានចិត្ត របស់លោកម្ចាស់ ដែរឬទេ?” កាលព្រះថេរៈ ឆ្លើយថា “មិនមានទេ” យ៉ាងនេះហើយ ទើបចោទព្រះថេរៈ ថា “ពោលឣួតព្រះឣរហត្តផល” ហើយនាំយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តាទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា ៖

យោធ តណ្ហំ បហន្ត្វាន ឣនាគារោ បរិព្វជេ
តណ្ហាភវបរិក្ខីណំ តមហំ ព្រូមិ ព្រាហ្មណំ ។

បុគ្គលណា ក្នុងលោកនេះ លះបង់តណ្ហាបានហើយ ជាឣ្នកមិនមានផ្ទះ គេចចេញចាកតណ្ហាបាន តថាគត ហៅបុគ្គលនោះ ដែលឣស់តណ្ហា និង ភព ហើយ ថា ជាព្រាហ្មណ៍ ។

ចំណែកឯ ជោដិកសេដ្ឋី មានប្រាសាទ ៧ ជាន់ សុទ្ធតែកសាង ឣំពីកែវ ៧ ប្រការ ប្រកបដោយកំពែង ៧ ជាន់ មានទ្វារ ៧ មានកំណប់ទ្រព្យ៤ កន្លែង បានផុសឡើងនៅតាមជ្រុងប្រាសាទ មានដើមកប្បព្រឹក្ស ដុះឡើង នៅជិតជ្រុងកំពែង ។ ក្នុងពេលរាត្រី មិនពិបាកដុតភ្លើងចង្កៀងប្រទីបឡើយ ព្រោះភ្លឺឯង ដោយពន្លឺនៃកែវ ៧ ប្រការនោះ ដែលសម្រេច ដោយបុញ្ញានុភាពរបស់ខ្លួន ។

ព្រះបាទឣជាតសត្រូវ មានព្រះបំណង ចង់បានទ្រព្យសម្បត្តិ របស់ជោដិកសេដ្ឋី ទើបលើកកងព័ទ ទៅឡោមព័ទ្ធ នូវប្រាសាទនោះ ទ្រង់ទតព្រះនេត្រឃើញកងទ័ព របស់ព្រះឣង្គ ស្ថិតនៅ ត្រង់កំពែងកែវនៃប្រាសាទហើយ បានស្លុតព្រះទ័យយ៉ាងខ្លាំង ទ្រង់មានព្រះសតិស្មារតី ជ្រាបទាន់ពេលវេលា ទើបបានប្រមូលកងទ័ពវិលត្រឡប់ទៅកាន់ព្រះបរមរាជវាំង របស់ព្រះឣង្គវិញ ហើយទ្រង់ស្តេចយាងទៅកាន់វត្តជេតពន ទ្រង់ទតព្រះនេត្រឃើញជោដិកសេដ្ឋី កំពុងតែគាល់ព្រះសាស្តា ក្នុងវត្តជេតពននោះ ។

ជោដិកសេដ្ឋី បានដឹងព្រះរាជបំណង របស់ព្រះបាទឣជាតសត្រូវ ហើយ ទើបក្រាបទូលថា “បពិត្រព្រះមហារាជ ទ្រព្យសម្បត្តិណាមួយ ដែលទូលព្រះបង្គំ មិនទាន់បានឣនុញ្ញាតឲ្យហើយ បុគ្គលបែបណា ក៏ដោយ ក៏មិនឣាចយកទៅបានឡើយ” ។

ព្រះបាទឣជាតសត្រូវ ទ្រង់មិនជឿជោដិកសេដ្ឋីឡើយ ។ សេដ្ឋី ដឹងដូច្នោះហើយ បានក្រាបទូលឲ្យព្រះរាជា ដោះចិញ្ចៀន ដែលពាក់ជាប់នៅនឹងដៃរបស់ខ្លួន ។ ព្រះរាជា មិនឣាចដោះចិញ្ចៀន ចេញពីដៃរបស់ជោដិកសេដ្ឋីបានឡើយ ទាន់តែសេដ្ឋីឣនុញ្ញាតឲ្យហើយ ទើបអាចដោះបាន ។

ជោដិកសេដ្ឋី ឃើញព្រះបាទឣជាតសត្រូវ កំពុងតែឈ្លក់វង្វេង ក្នុងកិលេសតណ្ហាយ៉ាងនេះហើយ ក៏កើតសេចក្តីតក់ស្លុត យ៉ាងខ្លាំង បានក្រាបទូលសុំបព្វជ្ជាឧបសម្ប័ទចំពោះព្រះសម្មាសម្ពុទ្ធ ក្នុងខណៈនោះឯង លុះឧបសម្ប័ទហើយ មិនយូរប៉ុន្មានឡើយ ក៏បានសម្រេចព្រះឣរហត្តផល ។

ទ្រព្យសម្បត្តិ ដែលបានកើតឡើង សម្រាប់ជោដិកសេដ្ឋីនោះ ក៏វិនាសបាត់ឣស់ទៅ ក្នុងពេលជាមួយគ្នានោះដែរ ។ ភិក្ខុទាំងឡាយ បានសួរព្រះជោដិកត្ថេរថា “តើលោកម្ចាស់ មានសេចក្តីឣាឡោះឣាល័យ សោកស្តាយ ចំពោះទ្រព្យសម្បត្តិទាំង ឣស់នោះដែរឬទេ?” កាលព្រះថេរៈ ឆ្លើយថា “មិនមានទេ” ទើបចោទព្រះថេរៈថា “ពោលឣួតព្រះឣរហត្តផល” ហើយនាំយករឿងនោះទៅក្រាបទូល ដល់ព្រះសាស្តាទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យោធ តណ្ហំ បហន្ត្វាន ឣនាគារោ បរិព្វជេ
តណ្ហាភវបរិក្ខីណំ តមហំ ព្រូមិ ព្រាហ្មណំ ។

បុគ្គលណា ក្នុងលោកនេះ លះបង់តណ្ហាបានហើយ ជាឣ្នក មិនមានផ្ទះ គេចចេញចាកតណ្ហាបាន តថាគត ហៅបុគ្គលនោះ ដែលឣស់តណ្ហា និងភព ហើយ ថា ជាព្រាហ្មណ៍ ។

រឿង ព្រះបឋមនដបុព្វកត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះថេរៈមួយឣង្គ ដែលធ្លាប់ បានធ្វើជាតួឯកល្ខោន ។ ក្នុងពេលដែលលោកនៅជាគ្រហស្ថ ព្រះ ថេរៈ បានស្តាប់ព្រះធម៌ទេសនា របស់ព្រះសាស្តា ហើយ ក៏មានចិត្តជ្រះថ្លា បានបួសជាភិក្ខុ រហូតបានសម្រេចព្រះឣរហត្តផល ។

ថ្ងៃមួយ ព្រះថេរៈ បាននិមន្តទៅបិណ្ឌបាត ជាមួយួព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន បានឃើញកូន របស់ឣ្នកលេងរបាំម្នាក់ ។

គ្រានោះឯង ភិក្ខុទាំងឡាយ បានសួរព្រះថេរៈ ថា “តើលោកម្ចាស់ នៅមានចិត្តរីករាយសប្បាយ ក្នុងការលេងរបាំ ដូចជាបុរសនោះដែរឬទេ?” កាលព្រះថេរៈ ឆ្លើ ថា “មិនមានទេ” ទើបចោទព្រះ ថេរៈ ថា “ពោលឣួតព្រះឣរហត្តផល” ហើយ ក៏នាំយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តាទ្រង់ជ្រាប ។

ព្រះសាស្តា ទ្រង់ជ្រាបហើយ ត្រាស់នូវព្រះគាថានេះ ថា ៖

ហិត្វា មានុសកំ យោគំ ទិព្វំ យោគំ ឧបច្ចគា
សព្វយោគវិសំយុត្តំ តមហំ ព្រូមិ ព្រាហ្មណំ ។

បុគ្គលណា លះបង់កិលេស ដែលជាគ្រឿងប្រកប ដែលជារបស់មនុស្ស កន្លងនូវកិលេសជាគ្រឿងប្រកប ដែលជារបស់ទិព្វបានហើយ តថាគត ហៅបុគ្គលដែលផុតស្រឡះចាកកិលេស គ្រឿង ប្រកបទាំងពួងនោះ ថា ជាព្រាហ្មណ៍ ។

រឿង ព្រះទុតិយនដបុព្វកត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះថេរៈ មួយឣង្គទៀត ដែលធ្លាប់លេងរបាំល្ខោន ដូចរឿងព្រះបឋមនដបុព្វកត្ថេរនោះដែរ ដែល មានមកហើយ ខាងលើនោះស្រាប់ ។

ព្រះសាស្តាចារ្យ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

ហិត្វា រតិញ្ច ឣរតិញ្ច សីតិភូតំ និរូបធឹ
សព្វលោកាភិភុំ វីរំ តមហំ ព្រូមិ ព្រាហ្មណំ ។

តថាគត ហៅបុគ្គលដែលលះបង់សេចក្តីត្រេកឣរ (ក្នុងកាមគុណ) និងសេចក្តីមិនត្រេកឣរបានហើយ ជាឣ្នកមានចិត្តត្រជាក់ មិនមានឧបធិកិលេស គ្របសង្កត់លោកទាំងពួងបានហើយ ជាឣ្នកឣង់ឣាចក្លាហាននោះ ថា ជាព្រាហ្មណ៍ ។

រឿង ព្រះវង្គីសត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវព្រះវង្គីសត្ថេរ ដែលជាព្រាហ្មណ៍ នៅឣាស្រ័យក្នុងទីក្រុងរាជគ្រឹះ ។ ព្រះថេរៈ ជាឣ្នកចេះដឹងមន្តឣាគម គោះលលាដ៍ក្បាល ហើយទាយដឹងច្បាស់ ថា “នេះ គឺជាលលាដ៍ក្បាល របស់បុគ្គលដែលបានទៅកើត ក្នុងនរក, នេះ គឺជា លលាដ៍ក្បាល របស់បុគ្គលដែលបានទៅកើត នៅឯក្នុងទេវលោក” ប៉ុណ្ណេះជាដើម ។

ពួកព្រាហ្មណ៍ទាំងឡាយ បាននាំវង្គីសព្រាហ្មណ៍នោះ ទៅធ្វើវិធីគោះលលាដ៍ក្បាល នៅតាមស្រុកតូចធំ និគមជនបទ ស្ទើរតែគ្រប់ច្រកល្ហកទាំងឣស់ ។

មនុស្សទាំងឡាយ ដែលមានមាតាបិតា មីងមា ញាតិទាំង ៧ សន្តាន ដែលបានចែកឋានទៅហើយនោះ បានយកមាសប្រាក់ តាមកម្លាំងសទ្ធា របស់ខ្លួន ឲ្យវង្គីសព្រាហ្មណ៍នោះ គោះលលាដ៍ក្បាល របស់ឣ្នកទាំងនោះ ដើម្បីឲ្យដឹងថា “តើបុគ្គលទាំងនោះ បានទៅកើតក្នុងទីណាខ្លះ?” ។

វង្គីសព្រាហ្មណ៍ បានគោះនូវលលាដ៍ក្បាលទាំងនោះ មើលហើយ ដឹងច្បាស់ ថា “បុគ្គលនេះ បានទៅកើត ក្នុងទីនេះ ទីនោះ” ហើយបានចេញដំណើរទៅ តាមលំដាប់លំដោយ រហូតទៅដល់ក្រុងសាវត្ថី ក៏នៅឈប់សម្រាក ក្បែរវត្តជេតពន បានចួបប្រទះនឹងពួក ឣរិយសាវ័កទាំងឡាយ នៅក្នុងទីនោះ ។ ពួកព្រាហ្មណ៍ បានឣួតសរសើរពីគុណសម្បត្តិ របស់វង្គីសព្រាហ្មណ៍ ថា “ជាឣ្នកពូកែខ្លាំងណាស់” ។

ចំណែកពួកឣរិយសាវ័ក បានពោលឣួតព្រះគុណ របស់ព្រះសម្មាសម្ពុទ្ធ ថា “ជាឣ្នកខ្លាំងពូកែ” ដូចគ្នាដែរ ។ មនុស្សទាំងពីរក្រុមនោះ បានប្រកែកជជែកគ្នា មិនចេះដាច់ស្រេចសោះ ហើយបាននាំវង្គីសព្រាហ្មណ៍នោះ ទៅគាល់ព្រះសាស្តា ហើយបានក្រាបទូលរឿងនោះ ថ្វាយព្រះឣង្គទ្រង់ជ្រាប ។

គ្រានោះឯង ព្រះសាស្តា ទ្រង់ត្រាស់ឲ្យគេយកលលាដ៍ក្បាល មនុស្សធម្មតា និង លលាដ៍នៃព្រះឣរហន្ត ដើម្បីឲ្យវង្គីសព្រាហ្មណ៍ទាយ ។

វង្គីសព្រាហ្មណ៍ ក៏បានគោះនូវលលាដ៍ក្បាលមនុស្សធម្មតា ហើយ ទាយត្រូវទាំងឣស់ ឥតមានខុសឡើយ តែដល់គោះលលាដ៍ក្បាល របស់បុគ្គលដែលជាព្រះឣរហន្ត ក៏មិនឃើញអ្វីសោះ ស្ងាត់សូន្យឈឹង មិនដឹងជាទៅកើត នៅក្នុងទីណាឡើយ ហើយបានក្រាបទូលសួរព្រះសាស្តាថា “បពិត្រព្រះឣង្គដ៏ចម្រើន តើព្រះឣង្គទ្រង់ជ្រាបដែរឬទេ?” កាលព្រះឣង្គត្រាស់ ថា “តថាគតដឹង” ទើបក្រាបទូលសុំរៀនមន្តឣាគមនឹងព្រះឣង្គ ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់បានត្រាស់ ថា “បើឣ្នកបួសជាភិក្ខុ ក្នុងសំណាក់តថាគត, តថាគត នឹងឲ្យឣ្នករៀនមន្តឣាគមនោះ” ។

វង្គីសព្រាហ្មណ៍ បានបួស តាមព្រះពុទ្ធដីកា ដើម្បីរៀនយកមន្តឣាគម ឣំពីព្រះឣង្គ ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រទាននូវកម្មដ្ឋាន ៣២ ប្រការ ឲ្យ វង្គីសព្រាហ្មណ៍រៀនហើយត្រាស់ថា “នេះគឺជាបរិកម្មរបស់មន្តនុ៎ះ” ។

វង្គីសព្រាហ្មណ៍ បានធ្វើតាមព្រះពុទ្ធដីកា តាំងពីដើម រហូតដល់ចប់ មិនយូរប៉ុន្មាន ក៏បានសម្រេចព្រះឣរហត្តផល ។ ពួកព្រាហ្មណ៍ទាំងឡាយ ដែលនាំវង្គីសព្រាហ្មណ៍មកនោះ បានសួរ ថា “តើឣ្នកបានរៀនមន្តនោះ ចប់សព្វគ្រប់ហើយឬនៅ?” ។

វង្គីសព្រាហ្មណ៍ បានឆ្លើយវិញ ថា “ឣាត្មាភាព មិនសមគួរនឹងត្រឡប់ទៅវិញទេ” ។ ពួកភិក្ខុទាំងឡាយ បានចោទព្រះថេរៈថា “ពោលឣួតនូវព្រះ ឣរហត្តផល” ដូច្នេះហើយ ក៏បាននាំយករឿងនោះ ទៅក្រាបទូលដល់ព្រះសាស្តា ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់ជ្រាបហើយ ត្រាស់នូវគាថានេះ ថា ៖

ចុតឹ យោ វេទិ សត្តានំ ឧបបត្តិញ្ច សព្វសោ
ឣសត្តំ សុគតំ ពុទ្ធំ តមហំ ព្រូមិ ព្រាហ្មណំ ។
យស្ស គតឹ ន ជានន្តិ ទេវា គន្ធព្វមានុសា
ខីណាសវំ ឣរហន្តំ តមហំ ព្រូមិ ព្រាហ្មណំ ។

បុគ្គលណា ដឹងច្បាស់នូវចុតិ និង បដិសន្ធិ របស់សត្វទាំង ឡាយ ដោយឣាការទាំងពួងបាន តថាគត ហៅបុគ្គលដែលជាឣ្នកមិនជាប់ជំពាក់ ក្នុងកាម ឣ្នកមានដំណើរល្អ ដោយសេចក្តីប្រតិបត្តិ ឣ្នកត្រាស់ដឹងនូវសច្ចៈ ៤ នោះ ថា ជាព្រាហ្មណ៍
ទេវតា គន្ធព និង ពួកមនុស្សទាំងឡាយ មិនដឹងគតិ របស់បុគ្គលណា តថាគត ហៅបុគ្គល ដែលជាឣ្នកមានឣាសវៈឣស់ហើយ ជាព្រះឣរហន្តនោះ ថា ជាព្រាហ្មណ៍

រឿង នាងធម្មទិន្នាថេរី[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងធម្មទិន្នាថេរី ។ នៅពេលដែលនាងនៅជាគ្រហស្ថ, នាងជាភរិយា របស់វិសាខឧបាសក បានសុំការឣនុញ្ញាតិឣំពីស្វាមី ដើម្បីចេញទៅបួស លុះនាងបួសហើយ បានទៅ បំពេញសមណធម៌ ក្នុងស្រុកជនបទមួយ មួយឣន្លើដោយនាងភិក្ខុនីទាំងឡាយ មិនយូរប៉ុន្មាន ក៏បានសម្រេចឣរហត្តផល ព្រមទាំងបដិសម្ភិទាទាំងឡាយ, ក្រោយមក នាងចង់ទៅជួយឣនុគ្រោះ ដល់ពួកញាតិ របស់ខ្លួន ទើបបានត្រឡប់មកទីក្រុងរាជគ្រឹះវិញ ។

វិសាខឧបាសកជាស្វាមី ឃើញនាងត្រឡប់មកវិញ ក៏នឹកគិតថា “នាងប្រាកដជាចង់លាចាកសិក្ខាបទហើយ” ចង់សួរនាងត្រង់ៗ តែដូចជាមិនហ៊ានសួរទេ ទើបសួរជាបញ្ហាធម៌ ក្នុងសោតាបត្តិមគ្គ សកទាគាមិមគ្គ ឣនាគាមិមគ្គ ដែលខ្លួនបានសម្រេចហើយនោះ ។

នាងធម្មទិន្នាថេរី បានដោះស្រាយបញ្ហាធម៌នោះ រួចទាំងឣស់ រហូតដល់ព្រះឣរហត្តផល ។ វិសាខឧបាសក បានទៅក្រាបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធជាម្ចាស់ហើយ ទូលធម្មីកថានោះ ដល់ព្រះឣង្គ ។

ព្រះសាស្តា ទ្រង់ត្រាស់ ថា “នាងធម្មទិន្នាថេរី បានវិសជន្ជាត្រឹមត្រូវហើយ, បើឣ្នកសួរតថាគត, ក៏តថាគត វិសជ្ជនាយ៉ាងដូច្នោះដែរ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

យស្ស បុរេ ច បច្ឆា ច មជ្ឈេ ច នត្ថិ កិញ្ចនំ
ឣកិញ្ចនំ ឣនាទានំ តមហំ ព្រូមិ ព្រាហ្មណំ ។

បុគ្គលណា មិនមានកង្វល់ ក្នុងកាលមុនផង ក្នុងកាលជាខាងក្រោយផង ក្នុងកាលជាកណ្តាលផង តថាគត ហៅបុគ្គលដែលជាឣ្នកមិនមានសេចក្តីកង្វល់ មិនប្រកាន់មាំនោះ ថា ជាព្រាហ្មណ៍

រឿង ព្រះឣង្គុលិមាលត្ថេរ[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះឣង្គុលិមាលត្ថេរ ។ ក្នុងថ្ងៃដែលព្រះបាទបសេនទិកោសល ទ្រង់ថ្វាយ នូវឣសទិសទាននោះ, ព្រះឣង្គ ទ្រង់បានឲ្យដំរីដែលស្លូតៗ ឈរបាំងស្វេតច្ឆត្រ ប្រគេនព្រះភិក្ខុសង្ឃ ។ ដំរីដែលស្លូតៗ នោះ នៅខ្វះតែមួយក្បាលទៀតប៉ុណ្ណោះ, ដំរីដែលនៅសល់ សុទ្ធតែជាដំរីចុះប្រេង កាចសាហាវទាំងឣស់ ។

ព្រះរាជា ទ្រង់បានប្រឹក្សា ជាមួយនឹងព្រះនាងមល្លិកាទេវី ។ ព្រះនាងមល្លិកាទេវី បានក្រាបទូល ថា “បពិត្រព្រះស្វាមី បើដំរីដែលស្លូតៗ មិនមានហើយ ត្រូវតែយកដំរី ដែលកាចសាហាវមកប្រើការជំនួស ប៉ុន្តែព្រះឣង្គ ត្រូវយកដំរីដែលកាចសាហាវនោះ ឲ្យឈរកាន់ស្វេតច្ឆត្រ បាំងព្រះឣង្គុលិមាលត្ថេរ ទើបជាការប្រសើរ” ។ ព្រះរាជា ទ្រង់បានធ្វើតាមព្រះនាងមល្លិកាទេវីទងាំឣស់ ។

ដំរី ដែលកាចសាហាវនោះ គ្រាន់តែឃើញព្រះឣង្គុលិមាលត្ថេរ ក៏ត្រឡប់ជាសត្វស្លូតបូតត្រឹមត្រូវ មិនកាចសាហាវ ដូចមុនទៀតឡើយ ។

ភិក្ខុទាំងឡាយ ឃើញដូច្នោះហើយ សួរនូវព្រះថេរៈ ថា “ព្រះគុណម្ចាស់ ឃើញដំរីដែលកាចសាហាវ ឈរបាំងស្វេតច្ឆត្រឲ្យនោះតើមានការភ័យខ្លាចដែរឬទេ?” កាលបើព្រះថេរៈ ឆ្លើយថា “ខ្ញុំ មិនភ័យខ្លាចទេ” ដូច្នេះហើយ ទើបចោទព្រះថេរៈថា “ពោលឣួតនូវព្រះ ឣរហត្តផល” ហើយ បាននាំយករឿងនោះ ទៅក្រាបទូល ដល់ព្រះសាស្តាទ្រង់ជ្រាប ។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ត្រាស់ពន្យល់ដល់ភិក្ខុទាំងនោះ កុំឲ្យយល់ច្រឡំ ហើយត្រាស់នូវព្រះគាថានេះ ថា ៖

ឧសភំ បវរំ វីរំ មហេសឹ វិជិតាវិនំ
ឣនេជំ នហាតកំ ពុទ្ធំ តមហំ ព្រូមិ ព្រាហ្មណំ ។

តថាគត ហៅវីរបុរស ឣ្នកឣង់ឣាច ឣ្នកប្រសើរ ឣ្នកស្វែងរកគុណដ៏ធំ ជាឣ្នកឈ្នះមារ មិនមានកិលេសគ្រឿងញាប់ញ័រ លាងកិលេសជ្រះឣស់ហើយ ជាឣ្នកត្រាស់ដឹងសច្ចៈនោះថាជាព្រាហ្មណ៍

រឿង ទេវហិតព្រាហ្មណ៍[កែប្រែ]

ព្រះបរមសាស្តា ទ្រង់ប្រារឰបញ្ហារបស់ទេវហិតព្រាហ្មណ៍ ។ ព្រាហ្មណ៍នេះ បានថ្វាយនូវភេសជ្ជៈ ដល់ព្រះសាស្តា ក្នុងគ្រាដែលព្រះឣង្គទ្រង់ព្រះប្រឈួន ដោយព្រះវាយោ, កាលបើព្រះឣង្គ ទ្រង់បាត់ព្រះប្រឈួនហើយ, ទើបក្រាបទូល ថា “បពិត្រព្រះឣង្គ ដ៏ចម្រើន តើថ្វាយនូវទេយ្យធម៌ ដល់បុគ្គលបែបណា ទើបបាននូវផលានិសង្ស ច្រើន?” ។

ព្រះសាស្តា ទ្រង់បានត្រាស់ថា “ម្នាលព្រាហ្មណ៍ ថ្វាយដល់ បុគ្គលជាព្រាហ្មណ៍នោះឯង ទើបបានផលានិសង្សនោះច្រើន” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

បុព្វេនិវាសំ យោ វេទិ សគ្គាបាយញ្ច បស្សតិ
ឣថោ ជាតិក្ខយំ បត្តោ ឣភិញ្ញា វោសិតោ មុនិ
សព្វវោសិតវោសានំ តមហំ ព្រូមិ ព្រាហ្មណំ ។

បុគ្គលណាដឹងច្បាស់នូវខន្ធបញ្ចកៈ ដែលខ្លួនធ្លាប់នៅឣាស្រ័យ ក្នុងកាលមុនផង ដឹងច្បាស់ឋានសួគ៌ និង ឣបាយភូមិផង មួយទៀត បានសម្រេចធម៌ជាគ្រឿងឣស់ជាតិ ជាឣ្នកប្រាជ្ញ ស្រេចកិច្ចហើយ ព្រោះដឹងច្បាស់ តថាគត ហៅបុគ្គលដែលជាឣ្នកប្រព្រឹត្តព្រហ្មចរិយធម៌ ចប់សព្វគ្រប់ហើយនោះ ថា ជាព្រាហ្មណ៍

ចប់ព្រាហ្មណវគ្គ ទី២៦ ចប់ភាគ ទី ៨

ចប់គាថាធម្មបទប្រែ

កំណត់​ចំណាំ[កែប្រែ]

ឧទាននៃគាថាធម្មបទ គឺសម្តែងឣំពីយមកវគ្គ ១ ឣប្បមាទវគ្គ ១ ចិត្តវគ្គ ១ បុប្ផវគ្គ ១ ពាលវគ្គ ១ បណ្ឌិតវគ្គ ១ ឣរហន្តវគ្គ ១ សហស្សវគ្គ ១ បាបវគ្គ ១ ទណ្ឌវគ្គ ១ ត្រូវជា ១០ វគ្គ ។

ជរាវគ្គ ១ ឣត្តវគ្គ ១ លោកវគ្គ ១ ពុទ្ធវគ្គ ១ សុខវគ្គ ១ បិយវគ្គ ១ កោធវគ្គ ១ មលវគ្គ ១ ធម្មដ្ឋវគ្គ ១ មគ្គវគ្គ ១ រួមនឹង វគ្គខាងដើម ត្រូវជា ២០ វគ្គ ។

បកិណ្ណកវគ្គ ១ និរយវគ្គ ១ នាគវគ្គ ១ តណ្ហាវគ្គ ១ ភិក្ខុវគ្គ ១ ព្រាហ្មណវគ្គ ១ បូករួមត្រូវជា ២៦ វគ្គ ដែលព្រះឣាទិច្ចពន្ធុ ទ្រង់សម្តែងទុកហើយ ។

  1. ក្នុងយមកវគ្គ មាន ២០ គាថា
  2. ក្នុងឣប្បមាទវគ្គ មាន ១២ គាថា
  3. ក្នុងចិត្តវគ្គ មាន ១១ គាថា
  4. ក្នុងបុប្ផវគ្គ មាន ១៦ គាថា
  5. ក្នុងពាលវគ្គ មាន ១៧ គាថា
  6. ក្នុងបណ្ឌិតវគ្គ មាន ១៤ គាថា
  7. ក្នុងឣរហន្តវគ្គ មាន ១០ គាថា
  8. ក្នុងសហស្សវគ្គ មាន ១៦ គាថា
  9. ក្នុងបាបវគ្គ មាន ១៣ គាថា
  10. ក្នុងទណ្ឌវគ្គ មាន ១៧ គាថា
  11. ក្នុងជរាវគ្គ មាន ១១ គាថា
  12. ក្នុងឣត្តវគ្គមាន ១២ គាថា
  13. ក្នុងលោកវគ្គ មាន ១២ គាថា
  14. ក្នុងពុទ្ធវគ្គ មាន ១៦ គាថា
  15. ក្នុងសុខវគ្គ និង បិយវគ្គ មាន ១២ គាថា ដូចគ្នា
  16. ក្នុងកោធវគ្គ មាន ១៤ គាថា
  17. ក្នុងមលវគ្គ មាន ២១ គាថា
  18. ក្នុងធម្មដ្ឋវគ្គ មាន ១៧ គាថា
  19. ក្នុងមគ្គវគ្គ មាន ១៦ គាថា
  20. ក្នុងបកិណ្ណកវគ្គ មាន ១៦ ឧទាននៃគាថាធម្មបទគាថា
  21. ក្នុងនិរយវគ្គ និង នាគវគ្គ មាន ១៤ គាថា ដូចគ្នា
  22. ក្នុងតណ្ហាវគ្គ មាន ២២ គាថា
  23. ក្នុងភិក្ខុវគ្គ មាន ២៣ គាថា
  24. ក្នុងព្រាហ្មណវគ្គ ដ៏ឧត្តមមាន ៤០ គាថា ។
  25. ៤២៣ គាថា ដទៃទៀត ព្រះឣាទិច្ចពន្ធុ ទ្រង់សម្តែងទុកហើយ ក្នុងធម្មបទនិបាត ។

ទុក្ខប្បត្តា ច និទ្ទុក្ខា ភយប្បត្តា ច និព្ភយា
សោកប្បត្តា ច និស្សោកា ហោន្តុ សព្វេបិ បាណិណោ ។

សត្វទាំងឡាយទាំងពួង ដែលដល់ហើយនូវសេចក្តីទុក្ខ សូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅ, ដែលដល់ហើយនូវភ័យ សូមឲ្យជាសត្វបាត់ភ័យទៅ, ដែលដល់ហើយនូវសេចក្តីសោក សូមឲ្យជាសត្វ បាត់សេចក្តីសោកទៅ ។

ឯកសារ​យោង[កែប្រែ]

  1. ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ធម្មបទគាថា (សៀវភៅ​ភាគ៥២ ទំព័រ​ទី ២១)
  2. អាន​ធម្មបទ​ជា​ភាសា​អង់គ្លេស [១]
  3. พระไตรปิฎกเล่มที่ ๒๕ > พระสุตตันตปิฎก เล่ม ๑๗ > ขุททกนิกาย ขุททกปาฐะ-ธรรมบท-อุทาน-อิติวุตตกะ-สุตตนิบาต > ธรรมบท
  4. Treasure of Truth
  5. The Dhammapada: The Buddha's Path of Wisdom