ប្រាសាទនគរបាជ័យ

ពីវិគីភីឌា
ប្រាសាទនគរបាជ័យ

ឈ្មោះ: ប្រាសាទនគរបាជ័យ
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: ដើមសតវត្សទី១៣
ឧទ្ទិសថ្វាយ: ពុទ្ធសាសនាមហាយាន
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: ខេត្តកំពង់ចាម

ទីតាំងភូមិសាស្រ្ត[កែប្រែ]

ប្រាសាទនគរបាជ័យមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ចាមចម្ងាយ២គ.ម ពីទីរួមខេត្តកំពង់ចាម និងមានចម្ងាយសរុប១២២គ.ម ពីរាជធានីភ្នំពេញ។ ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ប្រាសាទនេះស្ថាបនាដោយព្រះមហាវីរក្ស័ត្រព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សទី១៣ តាមលំនាំរចនាបថបាយ័ន។ នៅក្នុងបរិវេណប្រាសាទមានសសរពេជ្រខ្ពស់ៗ ឈរទប់ទ្រផ្ដែរប្រាសាទយ៉ាងរឹងមាំរីឯទ្វារទាំងបួនទិសរបស់ប្រាសាទដែលអមដោយជញ្ជាំងទាំងឡាយក៏នៅរឹងមាំល្អគ្មានការរង្គោះរង្គើឡើយ។ ទស្សនៈវិស័យដើមនៃសំណង់ប្រាសាទនេះគឺឧទ្ទិសដល់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា រហូតមកដល់បច្ចុប្បន្នស្ថានភាពប្រាសាទនេះគឺនៅរឹងមាំល្អណាស់ សម្រាប់ការទស្សនាកម្សាន្ត ហើយក៏បន្សល់ទុកនូវផ្ទាំងសិលាចារិកក៏ដូចជាចម្លាក់នានាស្ថិតនៅក្នុងលំនាំដើមទាំងអស់។ ចំណែកសំណង់ព្រះវិហារព្រះពុទ្ធសាសនា ដែលស្ថាបនាក្រោយសម័យអង្គរនោះក៏ស្ថិតនៅល្អតាមលំនាំស្ថាបត្យកម្មដើមផងដែរ។

ស្ថាបត្យកម្ម[កែប្រែ]

ប្រាសាទនគរបាជ័យជាប្រាសាទបុរាណមួយដែលបានសាងសង់ឡើងនៅ ចុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះបច្ចុប្បន្នបានបាត់បង់រូបរាងដើមស្ទើរតែទាំងស្រុង។ ជាដំបូងខ្ញុំសុំរៀបរាប់ត្រួសៗអំពីប្លង់នៃប្រាសាទតាមការសង្កេត ផ្ទាល់របស់ខ្ញុំ។ ប្រាសាទនេះមានទំហំប្រហែល ៥០០មx៥០០ម វាមានកំពែងបីជាន់ និងមានគោបុរៈគ្រប់ទិសធំទាំង៤។ លោកអ្នកអាចចូលទៅលេងតាមគោបុរៈទិសខាងកើតនិងជើង ឯទិសខាងត្បូងគឺបាក់បែកអស់ជាច្រើន ឯទិសខាងលិចគឺទៅកាន់ភូមិអ្នកស្រុក។ កំពែងជាន់ទី១គឺបាក់បែកនិងស្រុតអស់ជាច្រើនកន្លែង ឯកំពែងជាន់ទី២និង៣នៅរក្សារូបរាងដើមបាន ល្មមធ្វើឲ្យយើងនៅចំណាំបាន។ នៅក្នុងកំពែងជាន់ទី២មានស្រះទឹកតូចៗ២ ដែលឥឡូវរាក់និងអាចរីងនៅពេលខាងមុខ។ តួប្រាសាទដែលស្ថិតនៅក្នុងកំពែងទី៣ ត្រូវបានកែប្រែឲ្យក្លាយជាចេតិយមួយដ៏ធំដែលលោកអ្នកអាចមើលឃើញនៅ នឹងរូបភាពខាងឆ្វេងដៃនេះ។ ប្រាសាទនេះស្ថិតនៅក្នុងរចនាបទបាយ័ន ហើយបើទោះជាព្រះជ័យវម៌នទេពទី៧ គោរពពុទ្ធសាសនាមហាយាន ក៏គ្មានប្រាសាទណាសាងសង់កំពូលស្រួចដូចចេតិយបែបនេះដែរ ឯចេតិយនិងវិហារដែលនៅជាប់នឹងចេតិយនេះគឺសាងសង់នៅសម័យក្រោយទេ។ ប្រាសាទនេះត្រូវបានរុះរើជុសជុលតួប៉មកណ្តាលឱ្យក្លាយទៅជាចេតិយវិញនៅក្នុងរាជ្យកាល ព្រះបាទស្រីសុគន្ធបទ និង ព្រះបាទអង្គចន្ទរាជា នៅសតវត្សរ៏ទី១៦។

រឿងព្រេង[កែប្រែ]

ប្រាសាទនេះមានរឿងព្រេងមួយដ៏គួរឲ្យចាប់អារម្មណ៏ ហើយមានចេតិយនិងតូបអ្នកតាសម្គាល់ជាភស្តុតាងទៀតផង។ រឿងនេះសង្ខេបដោយខ្លីគឺ មានពីរនាក់ប្តីប្រពន្ធមានកូនប្រុសមួយ ពេលយកទៅមុជទឹកនៅទន្លេមិនប្រយ័ត្នក៏របូតដៃធ្លាក់កូនចូលទៅក្នុងទឹក ប៉ុន្តែស្រាប់តែមានត្រីធំមួយពាំយកទារកនោះទៅ។ ត្រីនោះត្រូវបានអ្នកនេសាទចិនចាប់បានហើយយកទៅថ្វាយស្តេចព្រោះឃើញ ត្រីនោះធំចម្លែក ពេលវះពោះត្រីនោះក៏ត្រលប់ជាឃើញទារកនោះនៅមានជីវិត ស្តេចចិនក៏យកទុកជាកូនចញ្ចឹម។ កុមារនោះលុះធំមានតម្រេះខ្ពស់និងរូបសម្បត្តិល្អ ក៏សួរស្តេចពីប្រវត្តិដើមរបស់ខ្លួន លុះដឹងរឿងហេតុអស់ហើយក៏សុំឪពុកចិញ្ចឹមមកតាមរកឪពុកម្តាយបង្កើតនៅ ស្រុកខ្មែរវិញ។ លុះមកដល់ក៏ទៅសុំសំណាក់និងម្តាយបង្កើតខ្លួន យូរៗទៅដោយពុំបានដឹងក៏បានរួមរស់ជាមួយម្តាយខ្លួនឯង។ តកាលក្រោយមកពេលដែលចៅព្រហ្ម(នាមកុមារនោះ)ដឹងរឿងហេតុក៏ សំពះសុំខមាទោសពីម្តាយ ឯម្តាយក៏បង្គាប់ថាឲ្យធ្វើចេតិយមួយពេលម្តាយស្លាប់ ហើយឲ្យសង់ជួយរូបកូនសំពះចេតិយម្តាយពេលកូនស្លាប់ទៅដែរឲ្យបាន គ្រប់៥០០០ឆ្នាំ ទើបរួចពីកម្មពាវេរាទាំងនោះ។ ចៅព្រហ្មដោយមានចំនេះខ្ពង់ខ្ពស់ក៏បានឡើងធ្វើជាគ្រូអាចារ្យនៅ ភូមិស្រុកនោះទៅ ហើយបានបញ្ជារឲ្យសិស្សគណសាងសងតាមបញ្ជាររបស់ម្តាយលោក។ ដល់ពេលលោកស្លាប់ទៅសិស្សគណក៏សាងសង់រូបលោកសំពះទៅកាន់ចេតិយនោះទៅ ហើយឈ្មោះលោកក៏បានត្រូវគេហៅថា តាព្រហ្មៗវិញ ឯម្តាយលោកគេហៅថា យាយពៅៗ រហូតដល់សព្វថ្ងៃ។ សព្វថ្ងៃនេះនៅក្នុងកំពែងជាន់ទី២មានវិហារស៊ីម៉ង់មួយដែលគេហៅថាវិហារយាយពៅ ឯវិហារតាព្រហ្មគឺស្ថិតនៅឯកំពែងជាន់ទីមួយមានលក្ខណៈតាមបែបចិនលាយនិងខ្មែរផងដែរ។ ឯចេតិយនៅក្នុងរូបនេះគឺជាតេចិយដែលអ្នកស្រុកជឿថាជាចេតិយយាយពៅនេះឯង។ ឯលក្ខណៈចម្លែកមួយទៀតនោះគឺ ក្នុងដីប្រាសាទតែម្តងគឺមានវត្ត២ មួយគេហៅថាវត្តនគរបាជ័យក្រៅនៅភាគអាគ្នេយ៍ប្រាសាទ និងមួយទៀតគឺវត្តនគរបាជ័យក្នុងដែលនៅភាគពាយ័ព្យប្រាសាទ។ ខ្ញុំមិនបានដឹងថាវត្តទាំង២នេះមានសង្គ្រាជតែមួយ ឬពីរផ្សេងគ្នានោះទេ តែដោយគ្រាន់តែឃើញខ្លោងទ្វារចូលវត្តដែលនៅជាប់និងផ្លូវជាតិលេខ៧ បានសរសេរថា វត្តនគរបាជ័យ ដោយមិនមានបញ្ជាក់ថាក្នុងឬក្រៅទេ។ នៅទល់បញ្ឆិតនិងខ្លោងទ្វារនោះដែរដោយគ្រាន់តែឆ្លងថ្នល់ជាតិ លោកអ្នកនិងអាចឃើញស្រះទឹកមួយដ៏ធំពីបុរាណដែលឥឡូវវិញ ហៅថាទន្លេអុំ។ ស្រះនេះរីឯជាយូរមកហើយដោយកាលពីជំនាន់សង្គមរាស្រ្តនិយមគេបានយកវាធ្វើជាទីលានប្រណាំងសេះ លុះក្រោយមកប្រជាជននៅទីនោះបានយកដីទៅស្រះនេះធ្វើស្រែ ប៉ុន្តែមានម្តងម្កាលដែលមានភ្លៀងធំគេក៏ឃើញមានទឹកដក់យ៉ាងច្រើនដែរ។

ឯកសារយោង[កែប្រែ]