ផែនការក៥

ពីវិគីភីឌា
ជួរភ្នំតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ភាគខាងជើងនៃផ្លូវរវាងក្រុងសិរីសោភ័ណនិងអារ៉ានយ៉ាប្រាថេត។ វាគឺជាតំបន់លាក់ខ្លួនមួយរបស់ពួកខ្មែរក្រហមនៅកំឡុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា

ផែនការក៥ ឬអាចហៅបានថាវាំងននឫស្សី (ភាសាអង់គ្លេសBamboo Curtain)[១] គឺជាកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលចាប់អនុវត្តឡើងពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ១៩៨៩ ក្នុងគោលបំណងចង់បិតច្រកផ្លូវគ្រប់ប្រភេទនៅភាគខាងជើងប្រទេសកម្ពុជាដើម្បីរារាំងកុំឱ្យពួកខ្មែរក្រហមវាយលុកចូល។ ផែនការក៥ បានបំផ្លិចបំផ្លាញទាំងធនធានមនុស្សនិងធនធានធម្មជាតិនៅប្រទេសកម្ពុជាដោយសារការប្រើពលរដ្ឋខ្លួនឯងឱ្យធ្វើកិច្ចការពលកម្មធ្ងន់ៗច្រើន ការដាក់គ្រាប់មីន ការជីកលេណដ្ឋានប្រយុទ្ធ និងការកាប់ព្រៃឈើជាដើម។[២]

ផ្ទៃរឿង[កែប្រែ]

បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានផ្តួលរំលំនៅក្នុងឆ្នាំ១៩៧៩ ពួកខ្មែរក្រហមក៏នាំគ្នារត់គេចទៅក្បែរព្រំដែនប្រទេសថៃ។ ដោយមានជំនួយពីប្រទេសថៃ និងមហាអំណាចលាក់មុខមួយចំនួនទៀត ប៉ុល ពតក៏អាចប្រមូលកងជីវពលខ្លួនប្រមាណពី ៣០,០០០ ទៅ ៣៥,០០០ នាក់ឡើងវិញឱ្យជុំគ្នានៅតំបន់ព្រៃភ្នំនៃព្រំដែនកម្ពុជា–ថៃ។ នៅកំឡុងដើមទស្សវត្ត ១៩៨០ កងកម្លាំងខ្មែរក្រហមក៏ចាប់រីកលូតលាស់ឡើងទាំងចំនួននិងកម្លាំងហើយបានទទួលគ្រឿងសព្វាវុធជាច្រើនពីបរទេស។ គ្រឿងសព្វាវុធភាគច្រើនគឺបានមកពីចិននិងអាមេរិកដោយបញ្ជូនតាមប្រទេសថៃមក ហើយម៉្យាងវិញទៀតនោះ កងកម្លាំងខ្មែរក្រហមក៏ទទួលបានជំនួយខ្លះៗដែរពីកងយោធពលភូមិន្ទថៃ[៣]

ពីមូលដ្ឋានទ័ពសម្ងាត់នៅក្នុងព្រៃភ្នំតាមបណ្តោយព្រំដែនកម្ពុជា–ថៃ កងទ័ពខ្មែរក្រហមបានបើកយុទ្ធនាការយោធាប្រយុទ្ធប្រឆាំងឥតឈប់ឥតឈរទៅនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជា (សបក)។ សត្រូវខ្មែរក្រហមមិនមែនមានតែកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជារបស់សាធារណរដ្ឋប្រជាមានិតកម្ពុជាតែមួយនោះទេ កងទ័ពប្រជាជនវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមក៏ត្រូវជាសត្រូវបង្ហូរឈាមជាមួយនឹងខ្មែរក្រហមផងដែរ។

បរិយាកាសនៃសង្គ្រាមតាមព្រំដែនគឺដើរទៅតាមរដូវនៃប្រទេសកម្ពុជាគឺមានរដូវប្រាំង និងរដូវវស្សា។ ជាទូទៅ កងកម្លាំងវៀតណាមច្រើនធ្វើប្រតិបត្តិការវាយលុកនៅរដូវប្រាំង ចំណែកឯខ្មែរក្រហមវិញបានវាយតបវិញនៅរដូវវស្សា។ នៅក្នុងឆ្នាំ១៩៨២ ពួកវៀតណាមបានផ្តើមការវាយលុកដ៏ធំមួយមកលើមូលដ្ឋានទ័ពខ្មែរក្រហមមួយនៅភ្នំម៉ាឡៃនៃជួរភ្នំក្រវាញ តែពុំបានទទួលជោគជ័យ។

សង្គ្រាមតាមព្រំដែននេះបានផ្តល់ផលវិបាកយ៉ាងខ្លាំងសម្រាប់ សបក ក្នុងការកសាងប្រទេសជាតិឡើងវិញ និងការបង្រួបបង្រួមតំបន់រដ្ឋបាលខ្លួន។ ការកាន់កាប់របស់ សបក នៅតាមខេត្តជាប់នឹងព្រំដែនប្រទេសថៃគឺមានលក្ខណៈធូរស្រាលមែនទែន ដោយសារតែមានវត្តមានក្រុមខ្មែរក្រហមនៅទីនោះ។[២]

ប្រតិបត្តិការ[កែប្រែ]

ស្ថាបត្យករនៃផែនការក៥ គឺលោកឧត្តមសេនីយ៍វៀតណាមម្នាក់ឈ្មោះឡេ ឌឹកអាញ់ដែលកាលនុះត្រូវជាមេបញ្ជាការកងទ័ពប្រជាជនវៀតណាមនៅកម្ពុជា។ លោកបានលើកយកចំណុចចំនួន ៥ ដែលអាច"ការពារ"ប្រទេសកម្ពុជាពីខ្មែរក្រហមបាន។ ចំណុច ៥ ទាំងនោះគឺបានមកពីពាក្យ៖ កេណ្ឌ កម្លាំង កាប់ព្រៃ ការពារ និងកម្ពុជា។[២] កម្មករខ្មែរស្ទើរទាំងអស់ដែលបានចូលរួមក្នុងប្រតិបត្តិការនេះគឺមិនបានដឹងពាក្យថា"ក៥"ហ្នឹងគឺតំណាងឱ្យអ្វីឡើយ។[៤]

ផែនការក៥ បានចាប់ផ្តើមដំណើរការឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៨៤។[៥] ប្រជាជនខ្មែរប្រុសៗពេញកម្លាំងត្រូវបានរដ្ឋាភិបាលហើយនិងពួកវៀតណាមកេណ្ឌយកទៅធ្វើជាឈ្នាន់ជាន់ដើម្បីឱ្យផែនការនេះដំណើរការទៅមុខ។ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ត្រូវបានបញ្ជាឱ្យកាប់ព្រៃព្រឹក្សានៅជុំវិញខេត្តភាគខាងជើងប្រទេសកម្ពុជា។ គោលបំណងរបស់រដ្ឋាភិបាល សបក និងយួនគឺចង់ឱ្យដីនៅតំបន់នោះក្លាយជាវាលលំហដ៏ធំមួយដែលអាចធ្វើឱ្យពួកគេងាយស្រួលក្នុងការសង្កេតមើលទាហានខ្មែរក្រហមនិងមិនចាំបាច់ត្រូវប្រយុទ្ធតតាំងនៅក្នុងព្រៃដ៏ក្រាស់។

របងការពារក៥ ប្រមាណ ៥០០ គីឡូម៉ែត្រត្រូវបានដាក់ព័ទ្ធទៅតាមបណ្តោយខ្សែនៃវាលនោះ។ មីនគ្រប់ប្រភេទត្រូវបានកប់ពង្រាយនៅតំបន់ទាំងនោះ គេបានប៉ាន់ស្មានថាក្នុងដីមួយគីឡូម៉ែត្រគឺមានមីនប្រមាណដល់ទៅ ៣,០០០ គ្រាប់ឯណោះ។[៦]

លទ្ធផល[កែប្រែ]

ចំនួនភាគរយនៃធនធានធម្មជាតិនៅប្រទេសកម្ពុជាត្រូវបានធ្លាក់ចុះជាលំដាប់ដោយសារតែប្រតិបត្តិការនៃផែនការក៥ នេះឯង។ សកម្មភាពបំផ្លាញធនធានធម្មជាតិទាំងនោះបានបណ្តាលឱ្យប្រទេសកម្ពុជាមានចំនួនព្រៃឈើនៅសល់យ៉ាងតិចតួចបំផុត អស់ជម្រកសម្រាប់សត្វព្រៃ និងបានបន្សល់ទុកនូវដីដែលមានលក្ខណៈខូចខាតច្រើន។ កន្លែងដែលដាច់ស្រយាលជាច្រើនដូចជាតំបន់ជួរភ្នំក្រវាញដែលពីដើមឡើយពុំសូវមានមនុស្សណាមកបោះជំហានលើឡើយ ក៏ត្រូវបានក្លាយជាបន្ទាយនិងមូលដ្ឋានទ័ពរបស់ខ្មែរក្រហមនៅក្នុងទស្សវត្ត ១៩៨០។ ជួរភ្នំនេះបានទទួលផលប៉ះពាល់ខ្លះៗដែរពីសង្គ្រាម តែបច្ចុប្បន្នវាត្រូវបានចាត់ទុកថាជាតំបន់ដែលសម្បូរជីវៈចម្រុះបំផុតនៅកម្ពុជា។[៧]

ចំណែកឯលទ្ធផលខាងផ្នែកយោធានៃផែនការក៥ វិញគឺត្រូវបានទទួលបរាជ័យទាំងស្រុងដោយគេឃើញថាពួកខ្មែរក្រហមចេះតែរកឃើញផ្លូវថ្មីចូលមកវាយលុកជានិច្ច ដែលជាហេតុធ្វើឱ្យមានភាពពិបាកដល់សាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងការរក្សាស្ថេរភាពនៅភាគខាងជើងប្រទេស។[៨]

ផែនការក៥ នេះមានលក្ខណៈផ្ទុយស្រឡះពីអ្វីដែល សបក បានមើលឃើញ។ រដ្ឋាភិបាល សបក បានមើលឃើញថាផែនការនេះនឹងជួយឱ្យប្រទេសកម្ពុជាគេចផុតពីកណ្តាប់ដៃរបស់ពួកខ្មែរក្រហម។ ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល សបក គឺត្រូវទទួលបរាជ័យ ហើយផលចំណេញត្រូវបានទៅលើសត្រូវរបស់ខ្លួនទៅវិញ។ កសិករខ្មែររាប់ពាន់នាក់ដែលធ្លាប់ស្វាគមន៍នូវការមកដល់របស់កងយោធាវៀតណាមដោយគិតថាពួកគេបានរំដោះខ្លួនឱ្យគេចផុតពីរបបកម្ពុជាប្រជាធិបតេយ្យ[២] បានចាប់កើតការមិនពេញចិត្តជាខ្លាំងជាមួយនឹងផែនការក៥។ ពួកគេនីមួយៗត្រូវបានបែកបាក់ចេញពីគ្រួសារជាលើកទីពីរដោយសារតែរដ្ឋាភិបាលនៃរបបថ្មីនោះបានចាត់បញ្ជាឱ្យពួកគេទៅកាប់ព្រៃព្រឹក្សានៅឯតំបន់ដាច់ស្រយាល។ ម៉្យាងវិញទៀតនោះ ពួកគេបាននាំគ្នាគិតថា ការកាប់ព្រៃនោះនឹងមិនផ្តល់ផលចំណេញអ្វីឱ្យពួកគេនិងរដ្ឋាភិបាល សបក ឡើយ។[៨] ការមិនពេញចិត្តរបស់កម្មករនិងកសិករខ្មែរទាំងនោះក៏កាន់តែកើនឡើងខ្ពស់បន្ថែមនៅពេលដែលពួកគេបានយល់ដឹងថា កិច្ចការដែលរដ្ឋាភិបាល សបក បានចាត់ឱ្យពួកគេធ្វើនោះគឺមិនមានអ្វីខុសប្លែកពីរបបខ្មែរក្រហមនោះទេ។[៩] អ្នកទាំងនោះត្រូវបង្ខំចិត្តធ្វើកិច្ចការនៅក្នុងបរិស្ថានដែលកខ្វក់គ្មានអនាម័យ សម្បូរទៅដោយសត្វមូស និងខ្វះស្បៀងអាហារលើកកម្លាំងជាដើម។ ជាលទ្ធផល កម្មករខ្មែរជាច្រើនត្រូវស្លាប់ដោយសារជំងឺគ្រុនចាញ់ ការធ្វើពលកម្មហួសកំណត់ និងពុំមានចំណីអាហារគ្រប់គ្រាន់ដើម្បីសងកម្លាំងពលកម្ម។[១០]

ដោយសារផែនការក៥ នេះហើយបានជាប្រទេសកម្ពុជាសព្វថ្ងៃត្រូវប្រឈមមុខជាមួយនឹងបញ្ហាគ្រាប់មីន ជាពិសេសគឺនៅតំបន់ក៥ នឹងឯង។ នៅក្នុងឆ្នាំ១៩៩០ គេបានប៉ាន់ស្មានថាជនជាតិខ្មែរប្រមាណ ៦,០០០ នាក់ត្រូវធ្លាក់ខ្លួនក្លាយជាជនពិការជើងដោយសារតែគ្រាប់មីនដែលបន្សល់ទុកពីសង្គ្រាម។[១១]

មើលផងដែរ[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. Kelvin Rowley, Second Life, Second Death: The Khmer Rouge After 1978, Swinburne University of Technology Archived 16 February 2016 at the វេយប៊ែខ ម៉ាស៊ីន.
  2. ២,០ ២,១ ២,២ ២,៣ Margaret Slocomb, The People's Republic of Kampuchea, 1979-1989: The revolution after Pol Pot ISBN 978-974-9575-34-5
  3. Puangthong Rungswasdisab, Thailand's Response to the Cambodian Genocide
  4. Esmeralda Luciolli, Le mur de bambou, ou le Cambodge après Pol Pot. ISBN 2-905538-33-3
  5. "Chronologie du Cambodge de 1960 à 1990 - from Raoul M. Jennar, Les clés du Cambodge". Archived from the original on 2005-02-20. Retrieved 2013-07-11.
  6. Landmine Monitor Report 2005
  7. "ជួរ​ភ្នំក្រវាញ​ស្ថិតក្នុង​ចំណោម​តំបន់​សម្បូរ​ជីវៈចម្រុះ​ទាំង​៣៥​នៅលើ​ពិភពលោក​". ថ្មីៗ. 17 តុលា 2017. Retrieved 9 កញ្ញា 2020. {{cite web}}: zero width space character in |title= at position 4 (help)
  8. ៨,០ ៨,១ Soizick Crochet, Le Cambodge, Karthala, Paris 1997, ISBN 2-86537-722-9
  9. Margaret Slocomb, "The K5 Gamble: National Defence and Nation Building under the People's Republic of Kampuchea", Journal of Southeast Asian Studies (2001), 32 : 195-210 Cambridge University Press
  10. Craig Etcheson, After the killing fields: lessons from the Cambodian genocide, ISBN 978-0-275-98513-4
  11. NewScientist - "The killing minefields of Cambodia"

តំណភ្ជាប់ក្រៅ[កែប្រែ]