ពហុកីឡដ្ឋានជាតិអូឡាំពិក

ពីវិគីភីឌា
ពហុកីឡដ្ឋានជាតិអូឡាំពិក
A front view of the main gates
ឈ្មោះពេញ ពហុកីឡដ្ឋានជាតិអូឡាំពិក
ទីតាំង ភ្នំពេញ,  កម្ពុជា
កូអរដោនេ 11°33′30.1″N 104°54′43.5″E / 11.558361°N 104.912083°E / 11.558361; 104.912083
សាងសង់ ១៩៦២ ដល់ ១៩៦៤
សម្ភោធ ១៩៦៤
ជួសជុល ២០០០
ម្ចាស់ រដ្ឋ
ប្រភេទផ្ទៃដី ស្មៅសិប្បនិម្មិត
ស្ថាបត្យករ វណ្ណ មូលីវណ្ណ
ម្ចាស់ផ្ទះក្រុម ក្រុមកីឡាករជំរើសជាតិកម្ពុជា
ចំនុះ ៧០០០០ កៅអី

ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​​​​​ គឺជាពហុកីឡដ្ឋានរដ្ឋ មានទីតាំង​នៅ​ចំ​កណ្ដាល​ទីក្រុងភ្នំពេញ។ ពហុកីឡដ្ឋាននេះ​មាន​លទ្ឋភាព​ទទួល​ទស្សនិកជន​បាន​ប្រមាណ​៥ម៉ឺន​នាក់​ (ចំណុះអតិបរមា ៧មុឺននាក់)។ វា​ត្រូវ​បាន​គូរ​ប្លង់​ដោយ​​លោក វណ្ណ មូលីវណ្ណ​ ​ដែកជាស្ថាបត្យករ​ខ្មែរ​ដ៏​ល្បី​មួយរូប។

ការ​ស្ថាបនា​ពហុកីឡដ្ឋាន​ជាតិបានចាប់​ផ្ដើម​នៅ​ឆ្នាំ ១៩៦២ ដើម្បី​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍ កីឡា​ឧបទ្វីប​អាស៊ី​អាគ្នេយ៍ (បច្ចុប្បន្ន​បាន​​ប្ដូរ​ឈ្មោះ​ជា​​​កីឡា​អាស៊ី​អាគ្នេយ៍ ឬ ស៊ីហ្គេម (SEA Games)) នៅឆ្នាំ ១៩៦៣ ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​​​ដោយ​សារ​បញ្ហា​នយោបាយ​នៅ​កម្ពុជា។ ពិធី​សម្ពោធបាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១២ ធ្នូ ១៩៦៤ ដំនាល​គ្នា​នឹង បុរីកីឡា​ដែរ។ ពហុកីឡដ្ឋាននេះបានទទួលប្រារព្ឋការប្រកួតកីឡាហ្គានេហ្វូផងដែរ ចាប់ពីថ្ងៃទី២៥ វិច្ឆិកា ដល់ថ្ងៃទី៦ធ្នូ ១៩៦៦ ដោយអោយឈ្មោះព្រឹត្តិការណ៍នោះថា កីឡាហ្គានេហ្វូលើកទី១។​ ពហុកីឡដ្ឋានជាតិ​​ត្រូវ​បាន​ប្រើប្រាស់​​ជា​កន្លែង​ទទួល​ស្វាគមន៍​ប្រមុខ​រដ្ឋ​នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​មួយ​ចំនួន ​ជា​កន្លែង​ប្រារព្ឋ​ពិធី​ផ្សេង​ៗ​របស់​រដ្ឋ និង​​ជា​កន្លែង​ហ្វឹកហ្វឺន​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា។

ពហុកីឡដ្ឋាន​បាន​រួម​ចំនែក​តូច​មួយ​ក្នុង​ការ​ប្រកួត​ជម្រុះ​​រវាង​កូរ៉េ​ខាង​ជើងនិងអូស្ត្រាលី​​ ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ពិភព​លោក​ឆ្នាំ ១៩៦៦ (1966 FIFA World Cup) ។ នៅ​ពេល​នោះ​ ទំនាក់ទំនង​អន្តរជាតិ​របស់​កូរ៉េ​ខាង​ជើង​​ជាមួយ​ប្រទេស​ភាគ​ច្រើន​មិន​សូវ​ល្អឡើយ ហើយជួបការ​លំបាក​យ៉ាង​ខ្លាំង​​ក្នុង​ការ​រក​ទី​កន្លែង​ប្រកួត​ឲ្យ​បាន​សមស្រប។ ពេល​នោះ ប្រមុខ​រដ្ឋ​សម្ដេច​នរោត្តម សីហនុ ដែល​ជា​មិត្ត​ជាមួយ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើងគីម អ៊ីលស៊ុង បាន​ស្នើ​ថា ការ​ប្រកួត​នេះ​អាច​ធ្វើ​នៅភ្នំពេញបាន។ ការ​ប្រកួតនេះ​ប្រព្រឹត្ត​ទៅ​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី ២១ វិច្ឆិកា ១៩៦៥ ដែល​លទ្ឋផល​អូស្ត្រាលី​ឈ្នះ​៦​ទល់​១ និង នៅ​ថ្ងៃ​ទី ២៤ វិច្ឆិកា ១៩៦៥ ដែល​កូរ៉េ​ខាង​ជើង​ឈ្នះ​៣​ទល់​១ ហើយបាន​ទាក់ទាញ​ទស្សនិកជន​ប្រមាណ​៤​ម៉ឺន​នាក់។

នៅ​សម័យ​ខ្មែរ​ក្រហម ពហុកីឡដ្ឋាន​ជាតិ បាន​ក្លាយ​ជា​គុក​សម្រាប់​មន្ត្រី​រដ្ឋបាល​នៅ​សម័យ​លន់ នល់

ពហុកីឡដ្ឋាន​បាន​ស្ថិត​នៅ​ក្នុង​សភាព​ទ្រុឌទ្រោម​រាប់​ទសវត្សរ៍​ក្រោយ​មករហូតដល់​ឆ្នាំ​២០០០។ ពហុកីឡដ្ឋាន​ត្រូវ​បាន​អភិវឌ្ឍ​ជួសជុល​ឡើង​វិញ​​ដោយ​ក្រុមហ៊ុន Yuanta Group របស់តៃវ៉ាន់។ ក្រុមហ៊ុន​បាន​ជួសជុល​ពហុកីឡដ្ឋាន តែ​បន្ត​សាងសង់​ផ្ទះ​ល្វែង និង​ស្តង់​លក់​ទំនិញ​នៅ​ជុំ​វិញ នាំឲ្យ​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សាធារណជន​ទូទៅ។

នៅ​ខែ​វិច្ឆិកានិងធ្នូ ឆ្នាំ២០០៧ អង្គការ​កីឡា​បាល់​ទះ​ជន​ពិការ​ពិភពលោក​​(World ParaVolley) បាន​ប្រារព្ធ​ការ​ប្រកួត​ពាន​រង្វាន់​ពិភព​លោក​របស់​ខ្លួន​នៅ​ពហុកីឡដ្ឋាន​នេះ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ប្រទេស​កម្ពុជា​​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ដ៏​ធំ ក្នុង​រយៈ​ពេល​ជាង​៤០​ឆ្នាំ​ចុង​ក្រោយ​នេះ។

ចាប់​ពី​ឆ្នាំ​២០០៧ ពហុកីឡដ្ឋាន​ជាតិបានក្លាយជា​ទី​ចាប់​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ​​​ក្រុងភ្នំពេញ ដែល​តែង​តែ​មក​ហាត់​ប្រាណ ក៏​ដូច​ជា​មក​លេង​កីឡា​បាល់​ទាត់​ និង​​សកម្មភាព​កីឡា​ផ្សេង​ៗ​ទៀត​ជា​រៀង​រាល់​ថ្ងៃ។