ព្រះធម្មចក្កប្បវត្តនសូត្រ

ពីវិគីភីឌា

អន្ត​ធម៌ ​២​ យ៉ាង[កែប្រែ]

ឯវម្មេ សុតំ សូត្រ​នេះ (ឈ្មោះធម្មចក្កប្បវត្តនសូត្រ) គឺ​ខ្ញុំ (ឈ្មោះ​អានន្ទ) បាន​ស្ដាប់​មក​ហើយ​ យ៉ាង​នេះថា​៖ សម័យ​មួយ ក្នុងថ្ងៃ ១៥ កើត ខែ​អាសាឍ ព្រះ​ពុទ្ធ​ទ្រង់​គង់​នៅ​ក្នុង​ព្រៃ​ឥសិបតនមិគទាយវ័ន ( Isipatana, the deer park) ជិត​ក្រុង​ពារាណសី ដែល​បច្ចុប្បន្ន​​តំបន់​នោះ​មាន​ឈ្មោះ​​ថា ​សារនាថ (Sarnath) ជិត​ក្រុង​ពារាណសី (Varanasi) នៅ​ក្នុង​រដ្ឋ​ឧត្តរប្រទេស (Uttar Pradesh) នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា (India) ។ ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ហៅ ​បញ្ចវគ្គិយភិក្ខុ​​ (សាវក ៥ អង្គ​ដែល​បាន​បម្រើ​ព្រះ​ពុទ្ធ មុន​ពេល​​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ដឹង) ក្នុង​ទី​នោះ​ឯង​ ឲ្យ​តាំង​ចិត្ត​ស្ដាប់​​នូវ​ភាសិត​នេះ​ថា ៖  ម្នាល​ភិក្ខុ​ទាំងឡាយ​ អន្ត​ធម៌​ គឺ​ធម៌​ជា​ផ្លូវ​ប្រតិបត្តិ​អមខាង ដ៏​លាមក​អាក្រក់​ទាំងឡាយ​ពីរ​ប្រការ​នេះ បព្វជិត​មិន​គួរ​សេពគប់ គឺ​ថា​មិន​គួរ​ប្រព្រឹត្ត​ឡើយ​ (នេះ​ជាបឋមទេសនា​របស់​ព្រះ​ពុទ្ធ) ។ អន្ត​ធម៌​ ​ទាំងឡាយ​ ២ ​យ៉ាង​នោះ​ដូច​ម្តេច?

កាមសុខល្លិកានុយោគៈ[កែប្រែ]

ធម៌​ណា​ដែល​ប្រកប​ខ្លួន​ឲ្យ​ជាប់​ជំពាក់​ដោយ​កាម ក្នុង​កាម​ទាំងឡាយ​ ជា​ធម៌​ថោកទាប ជា​ធម៌​របស់​អ្នក​ស្រុក ជា​ធម៌​របស់​បុថុជ្ជន មិន​មែន​ជា​របស់​អរិយបុគ្គល​ទេ ​មិន​ប្រកប​ដោយ​ប្រយោជន៍​ឡើយ​ ។

អត្តកិលមថានុយោគៈ[កែប្រែ]

ធម៌​ណា​ដែល​ប្រកប ​សេចក្ដី​​លំបាក​​ដល់​ខ្លួន ជា​ហេតុ​នាំ​ឲ្យ​លំបាក​កាយទទេ មិន​មែន​ជា​របស់ អរិយបុគ្គល​ទេ មិន​ប្រកប​ដោយ​ប្រយោជន៍​ឡើយ​ ។

ម្នាលភិក្ខុ​ទាំងឡាយ​ ​សេចក្ដី​ប្រតិបត្តិ​ជា​កណ្តាល​មិន​លាយ​ច្រឡំ​ដោយ​អន្តធម៌​​ទាំងឡាយ​ពីរ​យ៉ាង​នេះឯង ​ដែល​តថាគត បាន​ត្រាស់​ដឹង​ហើយ​ ជា​សេចក្ដី​ប្រតិបត្តិ​ធ្វើ​ឲ្យ​កើត​បញ្ញាចក្ខុ (ការ​ឃើញ​ដោយប្រាជ្ញា) ធ្វើ​ឲ្យ​កើត​សេចក្ដី​ដឹង​ច្បាស់​ប្រាកដ ​រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្ដី​ស្ងប់រម្ងាប់ ដើម្បី​សេចក្ដី​ដឹងចំពោះ ដើម្បី​សេចក្ដី​ដឹង​ដោយ​ប្រពៃ ដើម្បី​សេចក្ដី​រម្លត់​ទុក្ខ ។ ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដី​ ប្រតិបត្តិ​ជា​កណ្តាល ​ដែល​តថាគត​បាន​ត្រាស់​ដឹង​ហើយ​ ជា​សេចក្ដី​ប្រតិបត្តិ​ធ្វើ​ឲ្យ​កើត​បញ្ញាចក្ខុ ធ្វើ​ឲ្យ​កើត​សេចក្ដី​ដឹង​ច្បាស់​ប្រាកដ ​រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ស្ងប់​រម្ងាប់ ដើម្បី​សេចក្ដី​ដឹង​ចំពោះ ដើម្បី​សេចក្ដី​ដឹងដោយ​ប្រពៃ ដើម្បី​សេចក្ដី​រម្លត់​ទុក្ខ​នោះ តើ​ដូច​ម្តេច?

អរិយដ្ឋង្គិកមគ្គៈ[កែប្រែ]

អរិយដ្ឋង្គិកមគ្គៈ គឺ​ធម៌​ដូច​ជា​ផ្លូវ មាន​អង្គ ៨ ដ៏​ប្រសើរ​នេះ​ឯង (ហៅ​ថា ​សេចក្ដី​ប្រតិបត្តិ​ជា​កណ្តាល) ។ អដ្ឋង្គិកមគ្គ​នោះ ដូច​ម្តេច?

·       សម្មាទិដ្ឋិ អារម្មណ៍ឬវិញ្ញាណបានយល់​​ត្រូវ

·       សម្មាសង្កប្ប ​សេចក្ដី​ត្រិះរិះ​ត្រូវ

·       សម្មាវាចា សម្តី​ត្រូវ

·       សម្មាកម្មន្ត ការងារ​ត្រូវ

·       សម្មាអាជីវៈ ​កិរិយា​ចិញ្ចឹម​ជីវិត​ត្រូវ

·       សម្មាវាយាម ព្យាយាម​ត្រូវ

·       សម្មាសតិ ​សេចក្ដី​រលឹក​ត្រូវ

·       សម្មាសមាធិ ​កិរិយា​តម្កល់​ចិត្ត​ឲ្យ​នឹង​ត្រូវ ។

ម្នាល​ភិក្ខុ​ទាំងឡាយ​ អដ្ឋង្គិកមគ្គ​នេះឯង​ដែល​ហៅ​ថា ​សេចក្ដី​ប្រតិបត្តិ​ជា​កណ្តាល ​ដែល​តថាគត​បានត្រាស់​ដឹង​ហើយ​ ជា​សេចក្ដី​ប្រតិបត្តិ​ធ្វើ​ឲ្យ​កើត​បញ្ញាចក្ខុ ធ្វើ​ឲ្យ​កើត​សេចក្ដី​ដឹង​ច្បាស់​ប្រាកដ ​រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្ដី​ស្ងប់​រម្ងាប់ ដើម្បី​សេចក្ដី​ ដឹង​ចំពោះ ដើម្បី​សេចក្ដី​ដឹង​ដោយ​ប្រពៃ ដើម្បី​សេចក្ដី​រម្លត់​ទុក្ខ ។

លក្ខណៈ​នៃ​អរិយសច្ច ៤[កែប្រែ]

ទុក្ខអរិយសច្ច (​សេចក្ដី​​លំបាក​, ភាវៈ​ដែល​អត់ធន់បានដោយពិបាក)[កែប្រែ]

ម្នាលភិក្ខុ​ទាំងឡាយ​ ជាតិ គឺ​កិរិយា​កើត​នៃ​ខន្ធ ជាហេតុនាំមក​នូវ​ទុក្ខ ជរា គឺ​កិរិយា​ចាស់គ្រាំគ្រា​នៃ​ខន្ធ ក៏ជាហេតុនាំមក​នូវ​ ទុក្ខ (ព្យាធិ គឺ​ជំងឺ​ដំកាត់​ទាំងឡាយ​ ក៏ជាហេតុនាំមក​នូវ​ទុក្ខ) មរណៈ គឺ​កិរិយា​បែកធ្លាយ​នៃ​ខន្ធ ក៏ជាហេតុនាំមក​នូវ​ទុក្ខ ​សេចក្ដី​ សោកខ្សឹកខ្សួលទុក្ខទោមនស្ស និង​សេចក្ដី​ចង្អៀតចង្អល់ចិត្ត​ទាំងឡាយ​ ក៏ជាហេតុនាំមក​នូវ​ទុក្ខ ​កិរិយា​ប្រកបដោយសត្វនិងសង្ខារ ​ទាំងឡាយ​ ​ដែល​មិនជាទីស្រឡាញ់ពេញចិត្ត ក៏ជាហេតុនាំមក​នូវ​ទុក្ខ ​កិរិយា​ព្រាត់បា្រសចាកសត្វនិងសង្ខារ​ទាំងឡាយ​ ​ដែល​ជាទី ស្រឡាញ់ពេញចិត្ត ក៏ជាហេតុនាំមក​នូវ​ទុក្ខ ។ កាលបើចង់បាន​នូវ​វត្ថុណាមួយ​ហើយ​ មិនបាន​នូវ​វត្ថុនោះ ​កិរិយា​មិនបាននោះ ក៏ជាហេតុនាំមក​នូវ​ទុក្ខ ឧបាទានក្ខន្ធ​ទាំងឡាយ​ ៥ ​ដែល​តថាគតសម្តែង​ហើយ​ដោយបំព្រួញ ក៏ជាហេតុនាំមក​នូវ​ទុក្ខ កងទុក្ខមាន ជាតិជាដើមនេះ ឈ្មោះថា ទុក្ខអរិយសច្ច ។

ទុក្ខសមុទយអរិយសច្ច (មូលហេតុនាំឲ្យកើត​សេចក្ដី​ទុក្ខ)[កែប្រែ]

ម្នាលភិក្ខុ​ទាំងឡាយ​ តណ្ហាឯណា ​ដែល​​រមែង​តាក់តែង​នូវ​ភពថ្មី ប្រកបដោយតម្រេកដោយអំណាច​នៃ​សេចក្ដី​ត្រេក ត្រអាល មាន​កិរិយា​រីករាយក្នុងអារម្មណ៍នោះៗ ជាប្រក្រតី តណ្ហានោះដូចម្តេចខ្លះ? (តណ្ហានោះ) គឺកាមតណ្ហា (​ចំណង់​ក្នុងកាម), ភវតណ្ហា (​ចំណង់​មានជាតិកំណើត), វិភវតណ្ហា (​ចំណង់​អស់ជាតិកំណើត) ។ តណ្ហាទាំង ៣ នេះ ឈ្មោះថា ទុក្ខសមុទយអរិយសច្ច ។

ទុក្ខនិរោធអរិយសច្ច (​សេចក្ដី​រម្លត់បង់​នៃ​ទុក្ខ)[កែប្រែ]

ម្នាលភិក្ខុ​ទាំងឡាយ​ ​កិរិយា​រម្លត់បង់​នូវ​តណ្ហានោះ ដោយអរិយមគ្គមិនឲ្យមានសេសសល់ ​កិរិយា​លះបង់​នូវ​តណ្ហានោះ ​កិរិយា​រលាស់ចោល​នូវ​តណ្ហានោះ ​កិរិយា​រួចផុតចាកតណ្ហានោះ ​កិរិយា​មិនមានអាល័យក្នុងតណ្ហានោះឯណា ​កិរិយា​រម្លត់បង់​នូវ​ តណ្ហា ដោយអរិយមគ្គមិនឲ្យមានសេសសល់ជាដើមនេះឯង ឈ្មោះថា ទុក្ខនិរោធអរិយសច្ច ។

ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច (បដិបត្តិឆ្ពោះទៅកាន់​សេចក្ដី​រម្លត់ទុក្ខ)[កែប្រែ]

ម្នាលភិក្ខុ​ទាំងឡាយ​ អដ្ឋង្គិកមគ្គ ដ៏ប្រសើរនេះឯងដូចម្តេចខ្លះ? គឺ អរិយអដ្ឋងគិកមគ្គ ឬហៅមួយយ៉ាងទៀតថា មជ្ឈិមាបដិបទា (បដិបត្តិផ្លូវខ្សែកណ្តាល ) ។ អរិយអដ្ឋងគិកមគ្គ ជាផ្លូវមានអង្គ ៨ ប្រការ សរុបក៏នៅក្នុងត្រៃសិក្ខា គឺ សីល សមាធិ បញ្ញា ៖

·       សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ

·       សម្មាសង្កប្ប ​សេចក្ដី​ត្រិះរិះត្រូវ

·       សម្មាវាចា សម្តីត្រូវ

·       សម្មាកម្មន្ត ការងារត្រូវ

·       សម្មាអាជីវៈ ​កិរិយា​ចិញ្ចឹមជីវិតត្រូវ

·       សម្មាវាយាម ព្យាយាមត្រូវ

·       សម្មាសតិ ​សេចក្ដី​រលឹកត្រូវ

·       សម្មាសមាធិ ​កិរិយា​តម្កល់ចិត្តឲ្យនឹងត្រូវ ។

អដ្ឋង្គិកមគ្គដ៏ប្រសើរនេះឯង ឈ្មោះថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច

ញាណទាំង ៣ ប្រការ[កែប្រែ]

កាលត្រាស់ទេសនា ​នូវ​លក្ខណៈ​នៃ​អរិយសច្ច ៤ ប្រការដូច្នេះ​ហើយ​ ទើបត្រាស់ទេសនា​នូវ​ញាណទាំង ៣ ប្រការ គឺសច្ចញ្ញាណ, កិច្ចញ្ញាណ, កតញ្ញាណ ឲ្យទូទៅក្នុងអរិយសច្ច ៤ តទៅទៀត ៖

ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខអរិយសច្ច ដូច្នេះ​ឡើយ​ ។ ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខអរិយសច្ច នេះឯង គួរតែកំណត់ដឹងដោយបញ្ញាដូច្នេះ​ឡើយ​ ។ ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខអរិយសច្ច នេះឯង តថាគតកំណត់ដឹងបាន​ហើយ​ដូច្នេះ​ឡើយ​ ។

ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខសមុទយអរិយសច្ច ដូច្នេះ​ឡើយ​ ។ ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខសមុទយអរិយសច្ចនេះឯងគួរតែលះបង់ ដូច្នេះ​ឡើយ​ ។ ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខសមុទយអរិយសច្ចនេះឯង តថាលះបង់បាន​ហើយ​ ដូច្នេះ​ឡើយ​ ។

ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខនិរោធអរិយសច្ច ដូច្នេះ​ឡើយ​ ។ ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខនិរោធអរិយសច្ចនេះឯងគួរតែធ្វើឲ្យជាក់ច្បាស់ ដូច្នេះ​ឡើយ​ ។ ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខនិរោធអរិយសច្ចនេះឯង តថាគតធ្វើឲ្យជាក់ច្បាស់បាន​ហើយ​ ដូច្នេះ​ឡើយ​ ។

ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដូច្នេះ​ឡើយ​ ។ ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចនេះឯង គួរតែចម្រើនឲ្យកើតឡើង ដូច្នេះ​ឡើយ​ ។ ម្នាលភិក្ខុ​ទាំងឡាយ​ ចក្ខុកើតឡើង​ហើយ​ ញាណកើតឡើង​ហើយ​ បញ្ញាកើតឡើង​ហើយ​ វិជ្ជាកើតឡើង​ហើយ​ ពន្លឺភ្លឺស្វាងកើតឡើង​ហើយ​​ដល់​តថាគត ក្នុង​ធម៌​​ទាំងឡាយ​ ​ដែល​ពីដើម តថាគតមិនធ្លាប់បានឮបាន​ស្ដាប់​ថា នេះជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចនេះឯង តថាគតចម្រើនឲ្យកើតបាន​ហើយ​ ដូច្នេះ​ឡើយ​ ។

ម្នាលភិក្ខុ​ទាំងឡាយ​ ប្រាជ្ញា​ដែល​ដឹងច្បាស់ ឃើញច្បាស់ តាមពិត [1] មានបរិវដ្តៈ ៣ [2] មានអាការៈ ១២ យ៉ាងនេះ [3] (ប្រព្រឹត្តទៅ) ក្នុងអរិយសច្ច​ទាំងឡាយ​ ៤ នៅមិនទាន់បរិសុទ្ធល្អ មាន​ដល់​តថាគត អស់កាលត្រឹមណា ។ ម្នាលភិក្ខុ​ទាំងឡាយ​ តថាគតក៏មិនទាន់ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង​នូវ​សម្មាសម្ពោធិញ្ញាណ ឥតមាន​សេចក្ដី​ដឹងឯទៀត ក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រះទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស អស់កាលត្រឹមណោះ នៅ​ឡើយ​ទេ ។ ម្នាលភិក្ខុ​ទាំងឡាយ​ ក៏បញ្ញា​ដែល​ដឹងច្បាស់ ឃើញច្បាស់តាមពិត មានបរិវដ្តៈ ៣ មានអាការៈ ១២ យ៉ាងនេះ (ប្រព្រឹត្តទៅ) ក្នុងអរិយសច្ច​ទាំងឡាយ​ ៤ នេះ បរិសុទ្ធល្អ មាន​ដល់​តថាគត ក្នុងកាលណា ។ ម្នាលភិក្ខុ​ទាំងឡាយ​ តថាគតប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង​នូវ​សម្មាសម្ពោធិញ្ញាណ ឥតមាន​សេចក្ដី​ដឹងឯទៀតក្រៃលែង ជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិ ទេព និងមនុស្សដ៏សេស ក្នុងកាលណោះឯង ។ ក៏បញ្ញា​ដែល​ដឹងច្បាស់ ឃើញច្បាស់ កើតឡើង​ហើយ​ ​ដល់​តថាគត ដូច្នេះថា ​សេចក្ដី​រួចផុតវិសេសរបស់តថាគត មិនប្រែ ត្រឡប់កម្រើកទៀត​ឡើយ​ ជាតិនេះ ក៏ជាទីបំផុតត្រឹមនេះ​ហើយ​ ឥឡូវនេះ ភពថ្មី គឺការត្រឡប់កើតទៀត ក៏មិនមាន​ឡើយ​ ។

កំណត់សម្គាល់៖

[1] យតាភូតំ ញាណទស្សនំ គឺ​បញ្ញា​ដែល​ដឹង​ច្បាស់​ឃើញ​ច្បាស់​តាម​ពិត ។ yatha-bhuta-ñana-dassana : knowledge and vision of these Four Noble Truths as they really are in their 3 phases and 12 aspects; the knowledge and vision of things as they are; seeing things as they really are. one comes variously and eventually to know the truth of things “as they truly are” (yathabhutam )

[2] សច្ចញ្ញាណ, កិច្ចញ្ញាណ, កតញ្ញាណ

[3] បរិវដ្តៈ ៣ នោះឯងវិលទៅដូចជាចក្រ ក្នុងសច្ចៈទាំង ៤ គឺក្នុងទុក្ខសច្ច ៣, ទុក្ខសមុទយសច្ច ៣, ទុក្ខនិរោធសច្ច ៣, ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ៣ ។ ផ្សំគ្នាជា ១២ ហៅថាអាការៈ ១២

ឯកសារយោង[កែប្រែ]

ព្រះត្រៃបិដក > វិនយបិដក > មហាវគ្គ > ធម្មចក្កប្បវត្តនសូត្រ (បិដក​ភាគ​៦ ទំព័រទី​២៨)

Setting the Wheel of Dhamma in Motion: Dhammacakkappavattana Sutta  (SN 56:11)

พระไตรปิฎก เล่มที่ ๑๙ พระสุตตันตปิฎก เล่มที่ ๑๑ สังยุตตนิกาย มหาวารวรรค ธัมมจักกัปปวัตตนวรรคที่ ๒