ព្រះបាទភវវរ្ម័នទី១
ព្រះបាទភវវរ្ម័នទី១ (ឆ្នាំគ្រងរាជ៖ ៥៥០-៦០០) ជាបុត្ររបស់ព្រះបាទវិរៈវរ្ម័ន និងត្រូវជាចៅរបស់ព្រះបាទរុទ្ទ្រវរ្ម័ន ស្ដេចចុងក្រោយបង្អស់នៃអាណាចក្រភ្នំ។ ព្រះអង្គបានរៀបអភិសេកជាមួយក្សត្រីនៃអាណាចក្រចេនឡាព្រះនាម កម្ពុជរាជលក្ស្មី ដែលជាប់សាច់ញាតិខាងមាតានៃព្រះបាទស្រេស្ឋវរ្ម័ន។ ព្រះអង្គមានព្រះរាជធានីឈ្មោះ ស្រេស្ឋបុរៈ ដែលស្ថិតនៅម្ដុំបាសាក់ ក្បែរជើងភ្នំមួយដែលជាទីតាំងវត្តភូ (សព្វថ្ងៃស្ថិតក្នុងទឹកដីឡាវ)។
ព្រះបាទភវវរ្ម័នទី១និងព្រះអនុជព្រះនាមចិត្រសេនបានផ្ដើមវាយលុកអាណាចក្រភ្នំនៅពាក់កណ្ដាលទី២នៃស.វទី៦ ចំពេលដែលអាណាចក្រនេះត្រូវទទួលរងគ្រោះថ្នាក់ធម្មជាតិ ដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបានបំផ្លាញទីក្រុងនិងប្រព័ន្ឋធារាសាស្ត្រ ធ្វើអោយប្រជារាស្ត្រភៀសខ្លួនទៅរស់នៅលើតំបន់ទួលខ្ពស់ភាគខាងជើង។
ឆ្លៀតពេលដែលអាណាចក្រនេះចុះទន់ខ្សោយជួបនឹងភាពច្របូកច្របល់ ព្រះបាទភវវរ្ម័នទី១ដែលមានអនុជចិត្រសេនជាមេទ័ពដឹកនាំការប្រយុទ្ធ ក៏ចាប់វាយលុកលើអាណាចក្រភ្នំ ដែលគ្រប់គ្រងដោយព្រះអយ្យកោព្រះអង្គ ព្រះនាមរុទ្ទ្រវរ្ម័ន រួចដាក់ជាចំនុះអាណាចក្រចេនឡាវិញ។ រាជធានីថ្មីរបស់ព្រះអង្គមានឈ្មោះថា ភវបុរៈ ដែលស្ថិតនៅត្រង់ម្ដុំអំពិលរលំក្នុងខេត្តកំពង់ធំ។
ក្រោយពីការសោយទីវង្គតរបស់ព្រះអង្គ បុត្រាដ៏អាថ៌កំបាំងរបស់ព្រះអង្គពុំបានស្នងរាជ្យបន្តពីព្រះអង្គឡើយ ដែលគេបានឃើញបុត្រាអង្គនេះចេញមុខដឹកនាំប្រទេសនៅពេលដែលព្រះបាទភវវរ្ម័នទី១ចូលនិវត្តន៍ក្នុងទីអារាម នៅរជ្ជកាលចុងក្រោយរបស់ព្រះអង្គ។ រាជសម្បត្តិត្រូវធ្លាក់ទៅលើព្រះអនុជរបស់ព្រះអង្គ ព្រះនាមចិត្រសេន ដែលមានព្រះនាមសំរាប់គ្រងរាជ្យថា ព្រះបាទមហេន្ទ្រវរ្ម័ន។