សារីបុត្រ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ព្រះសារីបុត្រ)
ផ្នែកជាបន្តបន្ទាប់នៃ
ព្រះពុទ្ធសាសនា


គ្រោងមតិកា · ក្លោងទ្វារ

ប្រវត្តិ
កាលប្បវត្តិ · សង្គាយនា
ព្រះពុទ្ធ · សាវ័ក

ព្រះធម៌Concepts

អរិយសច្ច៤ · បញ្ចក្ខន្ធ
អនិច្ចំ · ទុក្ខំ · អនត្តា
បដិច្ចសមុប្បាទ
លោកុត្តរបដិច្ចសមុប្បាទ១១
មជ្ឈិមគ្គបដិបទា · សុញ្ញតា
ច្បាប់នៃកម្ម · ជាតិ (ជាតិ
សង្សារវដ្ត · លោកធាតុ

ការបដិបត្តិ

ព្រះរតនត្រ័យ
សិក្ខាបទ៥ · សិក្ខាបទ៨
សមាធិ · បញ្ញា
អរិយអដ្ឋង្គិកមគ្គ
ពោធិបក្ខិយធម៌

និព្វាន
និព្វាន៤ថ្នាក់ · ព្រះអរហន្ត
ពុទ្ធភាពពោធិសត្វ · ពោធិសត្វ

ប្រពៃណីព្រះពុទ្ធសាសនា
គម្ពីរធម៌ · ថេរវាទ
គម្ពីរបាលី · មហាយាន
គម្ពីរធម៌ចិន · វិជ្រយាន
គម្ពីរធម៌ទីបេ

ថេរវាទ

   

ប្រទេស

  ស្រីលង្កា
កម្ពុជា • ឡាវ
ភូមា • ថៃ
 

Texts

 

ព្រះត្រ័យបិដក
Commentaries
Subcommentaries

 

History

 

Pre-sectarian Buddhism
Early schools • Sthavira
Asoka • Third Council
Vibhajjavada
Mahinda • Sanghamitta
Dipavamsa • Mahavamsa
Buddhaghosa

 

Doctrine

 

Saṃsāra • Nibbāṇa
Middle Way
អរិយដ្ឋង្គិកមគ្គ
អរិយសច្ច៤
Enlightenment Stages
Precepts • Three Jewels
Outline of Buddhism

 

ព្រះសារីបុត្ត គឺជាព្រះថេរៈមួយអង្គក្នុងចំណោមព្រះអសីតិមហាសាវក ៨០​ រូប ដែលមានជំនាញឯកទេសកំពូល គ្មានអ្នកដទៃប្រដូចបាន ។ ព្រះសារីបុត្តជាកំពូលខាងមានបញ្ញា គ្មានសាវកណាផ្ទឹមនឹងលោកបានឡើយ ។

ជីវប្រវត្តិព្រះសារីបុត្ត[កែប្រែ]

ព្រះសារីបុត្ត មានបញ្ញាដ៏ឧត្តម មិនមានព្រះសាវករូបដទៃណាប្រៀបផ្ទឹមបានឡើយ ហើយបានតាំងនៅក្នុងតំណែងអគ្គសាវកដ៏កំពូលឧបមាដូចមេទ័ព ដែលនាំកងទ័ពធម៌ចេញទៅបង្រ្កាបពួកអធម៌ ព្រមទាំងទ្រទ្រង់នូវអំពើល្អជាកំពូលកតញ្ញូកតវេទី ព្រមទាំងមានផលល្អដែលធ្វើទុកជា“នេតិ” ជាបែបផែនដ៏ល្អដែលគួរចារឹកទុកក្នុងក្រអៅបេះដូងរបស់ពួកជនអ្នកប្រាថ្នាធម៌ ។

ជីវប្រវត្តិរបស់ព្រះសារីបុត្ត មានកត់ត្រាជាប្រវត្តិសាស្ត្រនៅក្នុងអដ្ឋកថាបរមត្ថទីបនី ដែលពន្យល់ក្នុងគម្ពីរខុទ្ទកនិកាយថេរគាថា ក្នុងអដ្ឋកថាមនោរថបូរណី ដែលពន្យល់គម្ពីរអង្ពុត្តរនិកាយឯកនិបាតក្នុងអដ្ឋកថាបរមត្ថជោតិកា អធិប្បាយនាវាសូត្រ គម្ពីរខុទ្ទកនិកាយសុត្តនិបាត និងក្នុងអដ្ឋកថាគម្ពីរធម្មបទ ក្នុងយមកវគ្គ រឿងសញ្ជ័យ មានសេចក្តីថា

ស្ថានភាពគ្រួសារ[កែប្រែ]

ព្រះសារីបុត្តមុននឹងចូលមកបួសក្នុងព្រះពុទ្ធសាសនានោះ មានឈ្មោះថា ឧបតិស្សៈ ជាបុត្តរបស់ វង្គន្តៈ ដែលជាមេស្រុកក្នុងស្រុកមួយឈ្មោះ ឧបតិស្សគ្រាម ជួនកាលហៅថា នាលកៈ ឬ នាលន្ទា តាំងនៅមិនឆ្ងាយអំពីក្រុងរាជគ្រឹះ និងមានមាតាឈ្មោះ នាងសារី ត្រកូលរបស់លោក ជាត្រកូលស្តុកស្តម្ភ មានទ្រព្យដល់ទៅ៥៦០កោដិកហាបណៈ ព្រះសារីបុត្តដែល មានឈ្មោះថា“សារីបុត្ត”ព្រោះហៅតាមឈ្មោះរបស់មាតា ឬ ន័យម៉្យាងទៀត ពាក្យថា សារីបុត្តប្រែថាបុត្តរបស់អ្នកលេងបាស្កា តែតមក កាលលោកឧបសម្បទាហើយ មិត្តសព្រហ្មចារីនិយមហៅលោកថា សារីបុត្ត ដោយទូទៅ ហើយឈ្មោះដើមឧបតិស្សៈទើបរលុបបាត់ទៅ ។

ឧបតិស្សៈ មានប្អូនប្រុស ៣ នាក់គឺ ចុន្ទៈ ឧបសេន រេវតៈ និងមានប្អូនស្រី ៣ នាក់ គឺ ចាលា ឧបចាលា សីសុបចាលា រួមទាំងឧបតិស្សៈ ក៏ជា ៧ នាក់ ។ ត្រកូលរបស់ឧបតិស្សៈ ជាត្រកូលដែលមាំមួនបរិបូណ៌ដោយភោគសម្បត្តិ និងបរិវារជន ។

មិត្តសម្លាញ់[កែប្រែ]

នៅមានត្រកូលព្រាហ្មណ៍មួយត្រកូលទៀតនៅក្នុងស្រុក កោលិតគ្រាម ដែលតាំងនៅមិនឆ្ងាយពីក្រុងរាជគ្រឹះ និងមិនឆ្ងាយពីស្រុកឧបតិស្សគ្រាមនោះ ជាត្រកូលដែលមានថានៈស្មើនឹងត្រកូលរបស់ឧបតិស្សៈ ប្រធានត្រកូលជាព្រាហ្មណ៍មេស្រុក ឈ្មោះថា កោលិតព្រាហ្មណ៍មោគ្គល្លានគោត្រ ភរិយាឈ្មោះនាងមោគ្គល្លី មានបុត្តឈ្មោះកោលិតៈ តាំងឈ្មោះតាមឈ្មោះស្រុក ឬ ហៅតាមឈ្មោះគោត្រថា មោគ្គល្លាន ជួនកាលហៅលោកតាមឈ្មោះរបស់មាតា ឈ្មោះថាមោគ្គល្លាន ៗនេះបានប្រើហៅរហូតមកដល់បួសជាព្រះភិក្ខុហើយ ។ ត្រកូលទាំងពីរនេះជាសម្លាញ់ស្និទ្ធស្នាលនឹងគ្នាជាប់ត មក ៧ ជំនាន់ បុព្វបុរសជាហេតុ​ឱ្យ​ឧបតិស្សៈ និងកោលិតៈ ដែលមានអាយុស្រករគ្នាបានជាសម្លាញ់នឹងគ្នាតាំងពីតូច រហូតចម្រើនវ័យធំឡើងអ្នកទាំងពីរមានបរិវារម្នាក់ ៥០០ឧបតិស្សៈ ពេលទៅកាន់ឧទ្យាន ឬ កំពង់ទឹក រមែងទៅព្រមនឹងបរិវារទាំងនោះហែហមទៅ គឺ ទៅដោយ បរិវារសែងជាយានសម្រាប់អង្គុយ ចំណែកកោលិតៈ មានរថទឹមដោយសេះអាជានេយ្យជាពាហនៈ ។

សិល្ប៍សាស្ត្រ[កែប្រែ]

លុះអ្នកទាំងពីរមានវ័យធំឡើង បានរៀនសិល្ប៍សាស្ត្រដែលគួរៀនរួមគ្នា ទាំងអាចរៀនចប់បានយ៉ាងរហ័ស ព្រោះជាអ្នកមានបញ្ញាស្មារតីមុតស្រួច ។ នៅក្រុងរាជគ្រឹះនោះ មានមហោស្រពប្រចាំឆ្នាំមួយប្រភេទ ហៅថា គិរគសមជ្ជា គឺមហោស្រពលើកំពូលភ្នំ អ្នកទាំងពីរបានទៅមើលរាល់ឆ្នាំរហូតមហាជនចាំបាន ពួកបរិវារជនអ្នកទាំងពីរបានចាត់ចែងទីអង្គុយសម្រាប់​ឱ្យ​អ្នកទាំងពីរនោះក្នុងទីតែមួយ មាណពទាំងពីរនាំគ្នាទៅមើលមហោស្រព និងអង្គុយមើលក្នុងទីដែលគេរៀបចំទុកនោះ បានរីករាយក្នុងរឿងដែលនាំ​ឱ្យ​រីករាយ តក់ស្លុតក្នុងរឿងដែលគួ​ឱ្យ​តក់ស្លុត បាន​ឱ្យ​រង្វាន់ក្នុងពេលដែលគួ​ឱ្យ​ អ្នកទាំងពីរនោះទៅមើលមហោស្រពដូច្នេះ ជារៀងរាល់ឆ្នាំ ។ ថ្ងៃមួយឧបតិស្សៈ និងកោលិតៈនោះ បបួលគ្នាទៅមើលមហោស្រពតាមប្រក្រតីដូចឆ្នាំមុន តែឆ្នាំនេះ មិនមានសេចក្តីរីករាយដូចក្នុងឆ្នាំមុនៗ និងដល់ពេលត្រូ​ឱ្យ​រង្វាន់ ក៏មិន​ឱ្យ​រង្វាន់ដូចកាលកន្លងមក ទៅជាសោះអង្គើយវិញ ព្រោះបារមីញាណចាស់ក្លាហើយ សេចក្តីស្លាប់បានប្រាកដច្បាស់ដល់ ឧបតិស្សៈ អាការដូច្នេះបានកើតឡើងដល់កោលិតៈដែរ កាលមហោស្រពចប់ ឯអ្នកទស្សនាត្រឡប់ទៅអស់ហើយ កោលិតៈសួរឡើងថា ឧបតិស្សៈ ឆ្នាំនេះសម្លាញ់មិនសប្បាយដូចឆ្នាំមុនៗ យើងមើលទៅអ្នកដូចជាមានសេចក្តីក្រៀមក្រំចិត្ត តើសម្លាញ់មានរឿងអ្វីឬ? កោលិតៈសម្លាញ់ អ្វីដែលយើងគួរមើលក្នុងល្បែងនេះមានសារៈឬ ព្រោះតួអ្នកសម្តែងទាំងអស់នេះមិនដល់ ១០០ ឆ្នាំផង ក៏នឹងស្លាប់បាត់បង់ទៅទាំងអស់ មិនមាននរណាសល់ ។

ដំណើរស្វែងរកមោក្ខធម៌[កែប្រែ]

ការមើលមហោស្រពដូច្នេះគ្មានប្រយោជន៍អ្វីឡើយគួរយើងស្វែងរកមោក្ខធម៌ គឺធម៌រួចផុតចាកកើតចាស់ឈឺស្លាប់ល្អជាង យើងអង្គុយគិតដូច្នេះ ហើយលោកក៏សួរទៅកោលិតៈវិញថា ចំណែកសម្លាញ់ឯងមានគំនិតយ៉ាងណាដែរ? កោលិតៈឆ្លើយថា ឧបតិស្សៈ យើងក៏គិតដូចឯងដែរ ។ ខណៈនោះឧបតិស្សៈ ដឹងថាកោលិតៈមានអធ្យាស្រ័យដូចខ្លួន ទើបពោលឡើងថា គំនិតរបស់យើងទាំងពីរ ជាគំនិតត្រឹមត្រូវហើយ យើងទាំងពីរនឹងស្វះស្វែងរកមោក្ខធម៌ ។ កាលណោះឧបតិស្សៈ និងកោលិតៈ ព្រមដោយបរិវារក្នុងម្នាក់២៥០ សម្រេចចិត្តថានឹងចេញបួស ។ កោលិតៈសួរថា ពួកយើងបួសក្នុងសម្នាក់អ្នកណាទៅហ្ន៎ទើបល្អ ឧបតិស្សៈតបថា ពួកយើងគួរបួសក្នុងសម្នាក់សញ្ជ័យ ។

ក្នុងសម្នាក់សញ្ជ័យ[កែប្រែ]

គ្រា​នោះ​សញ្ជ័យ តាំង​សម្នាក់​នៅ​ក្បែរ​ក្រុង​រាជគ្រឹះ មាន​​ជា​បរិវារ​យ៉ាង​ច្រើន​ ចាត់​ជា​សម្នាក់​ដែល​មាន​ឈ្មោះ​បោះ​សម្លេង​មួយ ក្នុង​យុគសម័យ​នោះ កាល​ឧបតិស្សៈ និង កោលិតៈ ព្រមព្រៀង​គ្នា​ថា​ នឹង​បួស​ក្នុង​សម្នាក់​របស់​សញ្ជ័យ​ហើយ ក៏​នាំ​គ្នា​ទៅ​បួស​ព្រម​ដោយ​បរិវារ​របស់​ខ្លួន ៥០០ នាក់ ។ ចាប់​ផ្តើម​ពី​អ្នក​ទាំង​ពីរ​នោះ បួស​ជា​​ហើយ សញ្ជ័យ​បាន​ក្លាយ​ជា​អ្នក​មាន​លាភយស​យ៉ាង​លើស​លប់ ។ ឧបតិស្សៈ និង កោលិត​បាន​រៀន​លទ្ធិ​របស់​អាចារ្យ​សញ្ជ័យ​ចប់​អស់ ក្នុង​ពេល​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ អាចារ្យ​សញ្ជ័យ​ឱ្យ​ជួយ​បង្រៀន​សិស្ស​បន្ត ។

ត​មក​អ្នក​ទាំង​ពីរ​បាន​សួរ​អាចារ្យ​សញ្ជ័យ​ថា ៖

- "បពិត្រ​​លោក​អាចារ្យ លទ្ធិ​របស់​លោក​អាចារ្យ​មាន​ត្រឹម​ប៉ុណ្ណឹង​ ឬ​ក៏​​នៅ​មាន​ក្រៃលែង​ជាង​នេះ​ទៀត?​"

អាចារ្យ​សញ្ជ័យ​ឆ្លើយថា ៖

- មាន​ត្រឹម​ប៉ុណ្ណេះ​ឯង លទ្ធិ​របស់​ខ្ញុំ​ទាំង​អស់ ពួក​អ្នក​បាន​រៀន​ចប់​អស់​ហើយ ។

ឧបតិស្សៈ និង កោលិត​ស្តាប់​ពាក្យ​តប​នោះ​ហើយ ទើប​គិត​ថា​កាល​បើ​ដូច្នេះ​ ការ​ប្រព្រឹត្តិ​ព្រហ្មចរិយា​ក្នុង​សម្នាក់​អាចារ្យ​សញ្ជ័យ​នេះ​តទៅ​ទៀត ក៏​គ្មាន​ប្រយោជន៍​អ្វី​ ។ ពួក​យើង​ចេញ​មក​បួស​ដើម្បី​ស្វែង​រក​មោក្ខធម៌ ជា​ធម៌​រួច​ផុត​ចាក​កិលេស​ ។ បើ​ពួក​យើង​មិន​អាច​ធ្វើ​ឱ្យ​​សម្រេច​បាន​ក្នុង​សម្នាក់​អាចារ្យ​នេះ​ទេ ជម្ពូទ្វីប​ធំ​ណាស់​ ពួក​យើង​នឹង​ត្រាច់​ទៅ​តាម​ស្រុក​និគម​គង់​នឹង​បាន​ជួប​អាចារ្យ​ណា​មួយ​ដែល​អាច​សម្តែង​ធម៌ ជា​គ្រឿង​ផុត​ចាក​កិលេស​ពុំខាន ។ អ្នក​ទាំង​ពីរ​បាន​តាំង​កតិកា​នឹង​គ្នា​ថា បើ​អ្នក​ណា​បាន​សម្រេច​អមតធម៌​មុន អ្នក​នោះ​ចូរ​ប្រាប់​ម្នាក់​ទៀត​ឱ្យ​ដឹង​ផង​ ។ កន្លងមក ឱ្យ​តែអ្នក​ទាំងពីរ​បាន​ដឹង​ថា​មាន​សមណព្រាហ្មណ៍ ជា​បណ្ឌិត​ក្នុង​ទីណាៗ ឧបតិស្សៈ និង កោលិត​នាំគ្នា​ទៅ​កាន់​ទីនោះ ។

មនុស្ស​ទាំងឡាយ​មិន​អាច​ឆ្លើយ​បញ្ហា​ដែល​អ្នក​ទាំងពីរ​នោះ​បាន​សួរ​ បែរ​ជា​បរិពាជក​ទាំងពីរ​នោះ​ត្រូវ​ឆ្លើយ​បញ្ហា​ឱ្យ​មនុស្ស​ទាំង​នោះ​ស្តាប់​វិញ ។ អ្នក​ទាំងពីរ​បាន​ត្រាច់​ទៅ​ពេញ​ជម្ពូទ្វីប ហើយ​ត្រឡប់​មក​កាន់​សម្នាក់​របស់​ខ្លួន​វិញ ។

ក្នុងសម្នាក់ព្រះបរមសាស្តា[កែប្រែ]

ក្នុង​សម័យ​នោះ ព្រះបរមសាស្តាត្រាស់​ដឹង​ឡើង​ថ្មីៗ ។ ទ្រង់​ប្រកាស​ព្រះធម៌​ដ៏​ប្រសើរ​ ហើយ​យាង​ទៅ​កាន់​នគរ​រាជគ្រឹះ ដើម្បី​ប្រតិស្ឋាន​ព្រះសាសនា ។ ជា​ដំបូង​ ទ្រង់​បាន​ប្រោស​ជដិល ៣ នាក់​បងប្អូន និង បរិវារ ១០០០ នាក់ ហើយ​ទ្រង់​នាំ​ភិក្ខុ​ជដិល​ទាំងអស់​ទៅ​គង់​ក្នុង​សួន​ត្នោត​ជំទង់ ។ ទ្រង់​ទេសនា​ប្រោស​ព្រះបាទ​ពិម្ពិសារ ព្រម​ដោយ​រាជបរិវារ​​ឱ្យ​​តាំង​នៅ​ក្នុង​សោតាបត្តិផល​ និង ត្រៃសរណគមន៍​ ។ ព្រះរាជា​ទ្រង់​ថ្វាយ​វេឡុវ័នឧទ្យាន​ជា​សង្ឃារាម​ដំបូង​ក្នុង​ព្រះពុទ្ធសាសនា​នេះ ។ កាល​ព្រះបរមសាស្តា​ទ្រង់​ទទួល​វេឡុវ័នមហាវិហារ​ហើយ ទ្រង់​បាន​ប្រថាប់​គង់​នៅ​រួម​នឹង​ភិក្ខុ​ជដិល​ទាំង​អស់​នោះ ។ ក្នុង​គ្រា​នោះ​ អស្សជិភិក្ខុ​ជា​ពួកភិក្ខុ​បញ្ចវគ្គីយ៍​នៅ​ក្នុង​គណៈ​របស់​ព្រះអរហន្ត​សាវក ៦០ រូប​ដំបូង បាន​និមន្ត​មក​ដល់​ក្រុង​រាជគ្រឹះ ។ ព្រឹក​ឡើង​លោក​គ្រង​ចីវ បី​បាត្រ ហើយ​ចូល​ទៅ​បិណ្ឌបាត​ក្នុង​ក្រុង​រាជគ្រឹះ តាំងពីព្រលឹម ។

ព្រឹក​នោះ​ឧបតិស្ស​បរិភោគ​អាហារ​ព្រឹក​ហើយ បាន​ទៅ​កាន់​អារាម​របស់​ពួក​​ ក៏​បាន​ឃើញ​អស្សជិ​មាន​ចិត្ត​ជ្រះថ្លា ទើប​គិត​ថា ៖

- បព្វជិត​ដូច្នេះ​ យើង​​មិន​ធ្លាប់​ឃើញ​ឡើយ ។ បុគ្គល​ណា​ជា​ព្រះអរហន្ត ឬ​ជា​អ្នក​ដើរ​តាម​ផ្លូវ​របស់​ព្រះអរហន្ត មាន​នៅ​ក្នុង​លោក​នេះ បព្វជិត​នេះ​ប្រាកដ​ជា​មនុស្ស​ម្នាក់​ក្នុង​បណ្តា​បុគ្គល​ទាំង​នោះ ។ ទោះ​ជា​យ៉ាង​ណា យើង​នឹង​សួរ​បព្វជិត​នេះ​​ឱ្យ​​បាន​ដឹង​ថា លោក​តាំង​ចិត្ត​បួស​ចំពោះ​អ្នក​ណា ។ អ្នក​ណា​ជា​សាស្តា​របស់​លោក ឬ​ថា​លោក​ពេញចិត្ត​ក្នុង​ធម៌​របស់​អ្នក​ណា ។ តែ​នឹក​ឃើញ​ថា​ពេល​នេះ​មិន​សមគួរ​សួរ​បញ្ហា​នឹង​បព្វជិត​នេះ ព្រោះ​ភិក្ខុ​នេះ​កំពុង​ត្រាច់​បិណ្ឌបាត្រ​ក្នុង​ចន្លោះ​ស្រុក ។ តែ​ណ្ហើយ​ចុះ ​យើង​នឹង​ដើរ​ជាប់​តាម​ក្រោយ​បព្វជិត​នេះ​ទៅ​ដើម្បី​នឹង​សួរ​ក្នុង​ឱកាស​សមគួរ ។

ឧបតិស្ស ឃើញ​ព្រះអស្សជិ​និមន្ត​បិណ្ឌបាត្រ​ក្នុង​ក្រុង​រាជគ្រឹះ កាល​បាន​ចង្ហាន់​ហើយ​​ក៏​ត្រឡប់​ចេញ​ទៅ​ដើម្បី​រក​កន្លែង​ឆាន់ ។ ​លុះ​ជ្រាប​ថា​លោក​ប្រាថ្នា​នឹង​គង់​ឆាន់ ក៏​ក្រាល​អាសនៈ​របស់​ខ្លួន​ប្រគេន​ ។ ក្នុង​វេលា​ព្រះថេរៈ​ឆាន់​ហើយ​ ក៏​ប្រគេន​ទឹក​ក្នុង​ល័ក្កចាន់​របស់​ខ្លួន​ទៀត ។ កាល​ធ្វើ​អាចរិយវត្ត​ដូច្នេះ​ហើយ ទើប​ប្រាស្រ័យ​ដោយ​ពាក្យពេចន៍​យ៉ាង​ពីរោះ​នឹង​ព្រះអស្សជិ​ បាន​សួរ​ថា​លោក​ម្ចាស់​ឥន្ទ្រីយ៍​របស់​លោក​ផូរផង់​ក្រៃលែង​ ពណ៌សម្បុរ​ក៏​បរិសុទ្ធ ។ លោក​តាំង​ចិត្ត​បួស​ចំពោះ​អ្នក​ណា​​? អ្នក​ណា​​ជា​សាស្តា​របស់​លោក​? លោក​ពេញចិត្ត​ក្នុង​ធម៌​របស់​អ្នក​ណា? ព្រះអស្សជិ​ឆ្លើយ​ថា​មាន​ព្រះមហាសមណៈ ជា​បុត្ត​សក្យរាជ​ចេញ​ចាក​សក្យត្រកូល​បួស​ហើយ​ យើង​តាំង​ចិត្ត​បួស​ចំពោះ​ព្រះ​មាន​ព្រះភាគ​នោះ ។ ព្រះ​មាន​ព្រះភាគ​នោះ​ជា​សាស្តា​របស់​យើង​ៗ​ពេញចិត្ត​ក្នុង​ធម៌​របស់​ព្រះមានព្រះភាគនោះ​ ។

ឧបតិស្ស​សួរ​ដោយ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ថា ៖ "​ព្រះសាស្តា​របស់​លោក​មាន​ប្រក្រតី​ប្រៀន​ប្រដៅ​យ៉ាង​ណា?​"

អស្សជិភិក្ខុ​ពិចារណា​មើល​ថា ៖ "​ជា​ប្រក្រតី​ ពួក​​រមែង​ជា​បដិបក្ស​ចំពោះ​ព្រះពុទ្ធសាសនា​ ។​ យើង​នឹង​សម្តែង​ជម្រៅ​ព្រះពុទ្ធសាសនា​ដល់​​នេះ ។ គិត​ដូច្នេះ​ហើយ អស្សជិ​ក៏​ប្រកាស​ខ្លួន​ថា ៖ "​យើង​ជា​អ្នក​បួស​ថ្មី ទើប​មក​កាន់​ធម្មវិន័យ​នេះ​ថ្មី​ យើង​មិន​អាច​សម្តែង​ធម៌​​ឱ្យ​​ពិស្តារ​បាន​ទេ ។ តែ​យើង​នឹង​សម្តែង​ចំពោះ​តែ​ខ្លឹមសារ​ប៉ុណ្ណោះ ។

ឧបតិស្សៈ​គិត​ថា ៖ "​យើង​ឈ្មោះ​ថា​ឧបតិស្ស ជា​អ្នក​អាច​ដឹង​ច្បាស់​នូវ​ធម៌​តិច ឬ​ច្រើន​បាន​ដោយ​ន័យ​ទាំង​រយ ទាំង​ពាន់​ ។ គិត​ដូច្នេះ​ហើយ​ពោល​ថា ៖ "​លោក​ម្ចាស់ សម្តែង​ច្រើន​តិច​ក៏​ដោយ​ចុះ សូម​សម្តែង​ចំពោះ​តែ​ខ្លឹមសារ​ដែល​មាន​ប្រយោជន៍​ប៉ុណ្ណោះ​ ។ ខ្ញុំ​ត្រូវការ​ខ្លឹមសារ​ជា​សំខាន់ ។ ការ​សម្តែង​ព្យញ្ជនៈ​ច្រីន ឬ​ពាក្យ​និយាយ​ច្រើន​មានប្រយោជន៍​អ្វី​ទៅ ។

កាល​ឧបតិស្ស​ពោល​យ៉ាង​នេះ ទើប​ព្រះអស្សជិ​ពោល​គាថា​មួយ​ថា ៖

"យេ ធម្មា ហេតុប្បភវា តេសំ ហេតុំ តថាគតោ (អាហ) តេសញ្ច យោ និរោធោ ឯវំ វាទី មហាសមណោតិ " ។

(ប្រែ) "ធម៌​ទាំង​ឡាយ​ណា​ គឺ​ ខន្ធ ៥ តែង​កើត​អំពី​ហេតុ ព្រះ​តថាគតពោល​​នូវ​ហេតុ​នៃ​ធម៌​ទាំងឡាយ​នោះ ម្យ៉ាង​ទៀត សេចក្ដី​​រលត់ ​និង​ឧបាយ​ជា​គ្រឿង​រលត់​​​នូវ​ធម៌​ទាំងឡាយ​ណា ​ព្រះ​តថាគត​ពោល​នូវ​សេចក្ដី​រលត់​ និង​ឧបាយ​ជា​គ្រឿង​រលត់​នៃ​ធម៌​ទាំង​ឡាយ​នោះ​ ព្រះ​មហា​សមណៈ​មាន​​​ប្រក្រតីពោល​​ពាក្យ​យ៉ាង​នេះ" ។

ឧបតិស្សៈ បានស្តាប់ធម្មកថានេះត្រឹមតែ ២ បាទដំបូងប៉ុណ្ណោះ ក៏តាំងនៅក្នុងសោតាបត្តិផល ដែលបរិបូណ៌ដោយពាន់ន័យ លុះចប់ទេសនាលោកក៏បានជាសោតាបន្ន គឺជាព្រះអរិយបុគ្ពលថ្នាក់ដំបូងក្នុងព្រះពុទ្ធសាសនា ។ ក្នុងដីកាថា លុះឧបតិស្សៈ បានសម្រេចជាព្រះសោតាបន្នហើយ ក៏កំណត់ដឹងបានថា គុណវិសេសថ្នាក់ខ្ពស់ជាងនេះនឹងនៅមានតទៅទៀត ក្នុងធម្មវិន័យនេះពិត ទើបក្រាបទូលព្រះថេរៈថា សូមលោកកុំសម្តែងធម៌​ឱ្យ​ក្រៃលែងជាងនេះទៅឡើយ ចូរផ្អាកត្រឹមប៉ុណ្ណេះសិនចុះ ហើយសួរថា ព្រះសាស្តារបស់យើងទ្រង់គង់នៅទីណា?

ព្រះថេរៈ ឆ្លើយថា ព្រះសាស្តាគង់នៅក្នុងវេឡុវ័នមហាវិហារ ។ បពិត្រលោកម្ចាស់ បើដូច្នោះលោកនិមន្តទៅមុនចុះ ខ្ញុំមានសម្លាញ់ម្នាក់ដោយយើងទាំងពីរ បានធ្វើកតិកានឹងគ្នាថា អ្នកណាបានសម្រេចអមតធម៌មុន អ្នកនោះត្រូវប្រាប់​ឱ្យ​ម្នាក់ទៀតដឹងផង ។ ខ្ញុំនឹងទៅដោះការប្តេជ្ញានោះសិន ទើបនាំសម្លាញ់ទៅកាន់សម្នាក់ព្រះសាស្តា តាមក្រោយ ។ ឧបតិស្សៈពោលហើយ ក្រាបចុះទាបបាទាទាំងពីររបស់អស្សជិ ដោយបញ្ចង្គប្រតិស្ឋាន និងធ្វើប្រទក្សិណ ៣ ជុំ ហើយក៏បញ្ជូនព្រះថេរៈទៅ ឯខ្លួនឯងឆ្ពោះមុខទៅកាន់សម្នាក់របស់កោលិតៈ ។ រីឯកោលិតឃើញឧបតិស្សមកពីចម្ងាយ សង្កេតដឹងថា ថ្ងៃនេះទឹកមុខសម្លាញ់របស់យើងមិនដូចថ្ងៃមុនៗ គេពិតជានបានសម្រេចអមតធម៌ហើយមើលទៅ ។ លុះឧបតិស្សៈចូលមកជិតសួរថា សម្លាញ់បានសម្រេចអមតធម៌ហើយឬ? ឧបតិស្សៈឆ្លើយថា មែនហើយសម្លាញ់យើងបានសម្រេចអមតធម៌ហើយ និងបានរៀបរាប់រឿង​ដែលបានជួបព្រះអស្សជិ​ ឱ្យ​កោលិតស្តាប់រហូតដល់ចប់គាថានោះម្តងទៀត ។

កោលិតស្តាប់ចប់ ក៏បានតាំងនៅក្នុងសោតាបត្តិផលដូចឧបតិស្សដែរ ហើយសួរឧបតិស្សៈថា ខណៈនេះព្រះសាស្តារបស់ពួកយើងនៅទីណា ឧបតិស្សៈប្រាប់ថា អស្សជិជាអាចារ្យរបស់យើងប្រាប់ថា នៅវត្តវេឡុវ័ន ។ បើដូច្នោះ យើងនាំគ្នាទៅគាល់ព្រះសាស្តាទៅសម្លាញ់ កោលិតៈបបួលដូច្នេះភ្លាម ឯឧបតិស្សៈនិយាយថា សម្លាញ់អើយ យើងទាំងពីរបានសម្រេចអមតធម៌ហើយ យើងគួរប្រាប់ដល់អាចារ្យសញ្ជ័យសិន ដើម្បី​ឱ្យ​អាចារ្យសញ្ជ័យបានត្រាស់ដឹងផង តែបើមិនបានត្រាស់ដឹង កាលអាចារ្យសញ្ជ័យជឿពួកយើង គង់នឹងទៅគាល់ព្រះសាស្តា បានស្តាប់ធម្មទេសនារបស់ព្រះពុទ្ធ ហើយនឹងបានសម្រេចមគ្គផលដែរ ។

លំដាប់នោះអ្នកទាំងពីរនាំគ្នាទៅកាន់សម្នាក់អាចារ្យសញ្ជ័យ លុះអាចារ្យសញ្ជ័យឃើញ បានសួរឡើងជាមុនថា

អាចារ្យៈ ៖ តើពួកអ្នកបានជួបអ្នកសម្តែងអមតធម៌ហើយឬ?

សិស្ស ៖ អ្នកទាំងពីរឆ្លើយថា បានជួបហើយលោកអាចារ្យ និងបានប្រាប់នូវការកើតឡើងនៃព្រះរតនត្រ័យថា ព្រះពុទ្ធកើតឡើងហើយក្នុងលោក ព្រះធម៌កើតឡើងហើយក្នុងលោក ព្រះសង្ឃកើតឡើងហើយក្នុងលោក អញ្ជើញមកចុះលោកអាចារ្យ ពួកយើងនាំគ្នាទៅគាល់ព្រះសាស្តាជាមួយគ្នា ។

អាចារ្យៈ ៖ ពួកអ្នកកុំទៅអំពីទីនេះឡើយ ពួកអ្នកចូរនៅក្នុងទីនេះដើម្បីរក្សាសម្នាក់បដិបត្តិយើងតទៅទៀត យើងមិនអាចទៅណាបានទេ ។

សិស្ស ៖ ហេតុអ្វីទើបលោកអាចារ្យមិនទៅគាល់ព្រះសាស្តា?

អាចារ្យៈ ៖ ព្រោះយើងជាអាចារ្យរបស់មហាជនទៅហើយ ភាពជាសិស្សរបស់ព្រះសាស្តានោះ រមែងដូចជាក្រពើធំក្នុងអាងទឹកតូច យើងមិនអាចជាសិស្សរបស់អ្នកដទៃបានទេ ។

សិស្ស ៖ អ្នកទាំងពីរអង្វរករថា សូមលោកអាចារ្យកុំគិតដូច្នោះឡើយ ពួកយើងនាំគ្នាទៅគាល់ព្រះសាស្តាល្អជាង ។

អាចារ្យ ៖ ណ្ហើយចុះអ្នក ដោយហេតុផលណាក៏ដោយ យើងមិនអាចទៅបានទេ ។

សិស្ស ៖ លោកអាចារ្យ ចាប់តាំងពីព្រះពុទ្ធឧប្បត្តិឡើងក្នុងលោកហើយ មហាជននាំគ្នាកាន់ គ្រឿងសក្ការៈ មានផ្កាជាដើម ទៅបូជា សូម្បីពួកខ្ញុំក៏នឹងនាំគ្នាទៅទីនោះដែរ តើលោកអាចារ្យគិតយ៉ាងណា?

អាចារ្យ ៖ ក្នុងលោកនេះមានមនុស្សល្ងង់ច្រើន ឬមានមនុស្សឆ្លាតច្រើន?

សិស្ស ៖ មនុស្សល្ងង់មានច្រើន ចំណែកមនុស្សឆ្លាតមានតិចណាស់លោកអាចារ្យ ។

អាចារ្យ ៖ បើដូច្នោះពួកមនុស្សឆ្លាតៗ ចូរទៅរកព្រះសមណគោតមចុះ ចំណែកពួកមនុស្សល្ងង់ នឹងមករកយើង តែយើង មិនអាចទៅបានទេ ។ អាចារ្យសញ្ជ័យពោលដោយសេចក្តីតូចចិត្ត ព្រោះពិចារណាឃើញថា ទាំងពីរនឹងមិននៅក្នុងសម្នាក់នេះតទៅទៀតតាមពាក្យរបស់ខ្លួន ទើបអនុញ្ញាតថា ពួកអ្នកចូរនាំគ្នាទៅចុះ ។ កាលឧបតិស្សៈ និងកោលិតៈមិនអាចពន្យល់អាចារ្យសញ្ជ័យយល់ដោយហេតុផលផ្សេងៗតាមដែលណែនាំរបស់ខ្លួនបាន ទើបនាំគ្នាលាអាចារ្យហើយពោលថា លោកអាចារ្យនឹងដឹងហេតុផលដោយខ្លួនឯង ។ មុនចេញចាកសម្នាក់បាននាំគ្នាទៅលា ៥០០ នាក់ ដែលជាបរិវាររបស់ខ្លួន ដោយប្រាប់​ឱ្យ​ដឹងថានឹងទៅប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសម្នាក់ព្រះមានព្រះភាគ ឯបរិវារ ២៥០ នាក់ ជាប់តាមទៅ រីឯ ២៥០ នាក់ទៀតបានលាភេទទៅជាគ្រហស្ថ ។

ឯសញ្ជ័យ មើលឃើញអារាមស្ងាត់សូន្យ មានការឈឺចិត្តរហូតដល់ក្អួតឈាម ។ ឧបតិស្សៈ និងកោលិតព្រមទាំងបរិវារ ២៥០ នាក់ នាំគ្នាទៅកាន់វត្តវេឡុវ័ន ។ ក្នុងពេលនោះព្រះសាស្តាកំពុងគង់សម្តែងធម៌ក្នុងជំនុំបរិស័ទ ៤ ទ្រង់ជ្រាបហេតុការណ៍ ដែលកើតឡើងទាំងអស់ដោយព្រះញាណ ទើបត្រាស់ប្រាប់ភិក្ខុទាំងឡាយថា នោះហ្ន៎ សម្លាញ់ទាំងពីរគឺ ឧបតិស្សៈ និងកោលិតៈ កំពុងមករកតថាគត នុ៎ះឯង ជាគូសាវកដ៏ប្រសើររបស់តថាគត នឹងជាអគ្គសាវកដ៏កំពូលរបស់តថាគត ។

សុំបព្វជ្ជា[កែប្រែ]

ទាំងពីរនាំបរិវារទាំងអស់ចូលថ្វាយបង្គំគាល់ហើយ អង្គុយក្នុងទីដ៏សមគួរមួយ លុះអង្គុយចុះហើយ ក៏ក្រាបទូលថា បពិត្រព្រះមានព្រះភាគ សូម​ឱ្យ​ខ្ញុំព្រះអង្គទាំងឡាយបានបព្វជ្ជាឧបសម្បទាក្នុងសម្នាក់ព្រះមានព្រះភាគផងចុះ ។ព្រះមានព្រះភាគត្រាស់ថា អ្នកចូរមកជាភិក្ខុចុះ ធម៌ដែលតថាគតបានសម្តែងល្អហើយ អ្នកទាំងឡាយចូរប្រព្រឹត្តព្រហ្មចរិយៈ ដើម្បីធ្វើនូវទីបំផុតទុក្ខដោយប្រពៃចុះ ។ ការបួសដូច្នេះហៅថា ឯហិភិក្ខុឧបសម្បទា ដោយមានព្រះមានព្រះភាគជាឧបជ្ឈាយ៍ ប្រទានការបួសដោយព្រះអង្គឯង ។ កាលព្រះមានព្រះភាគត្រាស់អនុញ្ញាត ដល់ទាំងនោះ​ឱ្យ​ជាភិក្ខុហើយ ភិក្ខុទាំងអស់នោះមានបាត្រ និងចីវរសំរេចហើយដោយឫទ្ធិមកពាក់រាងកាយ មើលទៅដូចព្រះថេរៈមានវស្សា ៦០ ដូច្នោះ ។

លំដាប់តមក ទើបព្រះមានព្រះភាគប្រោសប្រទានព្រះធម៌ទេសនា ឱ្យ​ត្រូវនឹងអធ្យាស្រ័យនៃបរិវាររបស់ភិក្ខុទាំងពីរនោះ ភិក្ខុទាំងអស់បានសម្រេចធម៌ជាន់ខ្ពស់ក្នុងព្រះពុទ្ធសាសនា ជាព្រះអរហន្តទាំងអស់ វៀរតែឧបតិស្សៈ និងកោលិតៈចេញ ដែលមិនទាន់បានសម្រេចជាព្រះអរហន្ត ។ ព្រះឧបតិស្សៈ និង កោលិតៈ កាលបួសហើយឈ្មោះឧបតិស្សៈ​បាន​​ប្តូរជាព្រះសារីបុត្ត រីឯ​កោលិតៈ​បាន​ដូរជាមហាមោគ្គល្លាន ហើយឈ្មោះដើមរបស់លោកទាំងពីរក៏រលុបបាត់ទៅ ដោយមិនមាននរណាហៅទៀតឡើយ ។ រាប់ពីថ្ងៃបួសហើយ ៧ ថ្ងៃ ព្រះមហាមោគ្គល្លានបានសម្រេចអរហត្តផល ចំណែកព្រះសារីបុត្តបួសហើយកន្លង ១៥ថ្ងៃ ទើបបានសម្រេចព្រះអរហត្តផល នៅនាល្អាងសុករខាតា ភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ ។

សម្រេចព្រះអរហត្តផល[កែប្រែ]

ក្នុងទីឃនខសូត្រ គម្ពីរមជ្ឈិមនិកាយ មជ្ឈិមបណ្ណាសកសម្តែងថា កាលព្រះសារីបុត្តបួសហើយបាន ១៥ថ្ងៃ ក្នុងថ្ងៃមួយព្រះបរមសាស្តាគង់នៅ ល្អាងសុករខាតាភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ មានម្នាក់ឈ្មោះ ទីឃនខអគ្គិវេស្សនគោត្ត ជាក្មួយរបស់ព្រះសារីបុត្ត ចូលទៅគាល់ព្រះសាស្តា ពោលវាចារាក់ទាក់នឹងព្រះមានព្រះភាគ ហើយឈរនៅក្នុងទីដ៏សមគួរមួយ ទើបក្រាបទូលនូវការយល់ឃើញរបស់ខ្លួនថា បពិត្រព្រះគោតម ខ្ញុំមានការយល់ថា វត្ថុទាំងពួងមិនគួរដល់ខ្ញុំៗមិនពេញចិត្តទាំងអស់ ។ ព្រះបរមសាស្តាត្រាស់ថា ម្នាល អគ្គិវេស្សនៈ បើដូច្នោះ ការយល់យ៉ាងនោះ ក៏មិនគួរដល់អ្នកដែរ អ្នកមិនគួរគាប់ចិត្តនឹងការយល់ដូច្នោះទេ ។ លុះត្រាស់ដូច្នេះហើយ ទើបទ្រង់សម្តែងទិដ្ឋិរបស់សមណព្រាហ្មណ៍ ៣ ពួកថា ម្នាលអគ្គិវេស្សនៈ សមណព្រាហ្មណ៍ពួកមួយមានទិដ្ឋិថា វត្ថុទាំងពួងគួរដល់យើងៗគាប់ចិត្តគ្រប់យ៉ាង ។ ពួកមួយទៀតមានទិដ្ឋិថា វត្ថុទាំងពួងមិនគួរដល់យើងៗមិនគាប់ចិត្តគ្រប់យ៉ាង និងមួយពួកទៀតយល់ថា វត្ថុខ្លះគួរដល់យើងៗ គាប់ចិត្តវត្ថុខ្លះមិនគួរដល់យើងៗមិនគាប់ចិត្ត ទាំងទ្រង់បង្ហាញ​ឱ្យ​ឃើញទោស ឧបាយជាគ្រឿងលះបង់ទិដ្ឋិនោះៗ និងឧបាយជាគ្រឿងមិនប្រកាន់មាំតទៅ ហើយព្រះសាស្តាទ្រង់សម្តែងព្រះធម្មទេសនា ឈ្មោះ វេទនាបរិគ្គហសូត្រ ដោយត្រាស់ថា ម្នាលអគ្គិវេស្សនៈ វេទនាមាន ៣ ប្រការ គឺ សុខវេទនា, ទុក្ខវេទនា និង អទុក្ខមសុខវេទនា​ ។ កាលណាបុគ្គលបានទទួលសុខវេទនា មានការសោយអារម្មណ៍ជាសុខ ក្នុងកាលនោះមិនមានទទួលវេទនា ២ ដទៃទៀត ។

ក្នុងកាលណាបុគ្គលបានទទួលទុក្ខវេទនា គឺមានការសោយអារម្មណ៍ជាទុក្ខ ឬអទុក្ខមសុខវេទនា គឺមានការសោយអារម្មណ៍មិនសុខមិនទុក្ខ ក្នុងកាលនោះ ក៏មិនបានទទួលវេទនា ២ដទៃទៀត ។ វេទនាទាំង៣ប្រការនេះ សុទ្ធតែមិនទៀង កើតពីបច្ច័យ ត្រូវបច្ច័យតាក់តែង មានការអស់ទៅសូន្យទៅ វិនាសទៅ រលត់ទៅជាធម្មតា ។ ម្នាលអគ្គិវេស្សនៈ កាលព្រះអរិយសាវគ្គបានស្តាប់ដូច្នេះហើយ រមែងនឿយណាយក្នុងវេទនាទាំង ៣ នេះ ។ កាលបើនឿយណាយហើយ ក៏ប្រាសចាកតម្រេក កាលបើប្រាសចាកតម្រេក ក៏រួចផុត កាលបើរួចផុត ក៏ដឹងច្បាស់ថា ចិត្តផុតចាកកិលេសហើយ ដឹងថាជាតិអស់ហើយ ព្រហ្មចរិយៈចប់ហើយ កិច្ចណាគួរធ្វើ​ក៏បានធ្វើចប់ហើយ មិនមានកិច្ចដទៃដែលគួរធ្វើទៀតឡើយ ។ អ្នកដែលមានចិត្តផុតចាកកិលេសហើយយ៉ាងនេះ រមែងមិននិយាយផ្សំអែបនឹងអ្នកណា មិននិយាយទទឹងទាស់នឹងអ្នកណា វាចាណាដែលគេនិយាយ គេប្រើដើម្បី​ឱ្យ​ស្តាប់គ្នាបានក្នុងលោក ក៏ពោលតាមពាក្យនោះ ។

កាលទីឃនខ បញ្ជូនចិត្តទៅតាមក្រសែព្រះធម៌ ក៏បានសម្រេចជា ព្រះសោតាបន្ន ផ្តាច់ទិដ្ឋានុស័យដាច់ស្រឡះ អស់សេចក្តីសង្ស័យក្នុងព្រះពុទ្ធសាសនា ហើយថ្វាយខ្លួនជាឧបាសក ចំពោះព្រះភក្ត្រព្រះពុទ្ធអង្គ ។ ក្នុងគ្រានោះ ព្រះសារីបុត្តអង្គុយបក់ផ្លិតថ្វាយ នៅខាងក្រោយព្រះបរមសាស្តា បានស្តាប់ព្រះធម្មទេសនា ដែលសម្តែង​ឱ្យ​ទីឃនខអគ្គិវេស្សនៈនោះ ក៏ពិចារណាតាមខ្សែព្រះធម៌ទៅ ចិត្តបានរួចផុតចាកអាសវៈ មិនមានឧបាទាន ដល់ទីបំផុតនៃសាវកបារមីញាណ ដូចបុគ្គលបរិភោគអាហារ ដែលគេដួសសម្រាប់អ្នកដទៃដូច្នោះ ។ ក្នុងអដ្ឋកថា ធម្មបទ យមកវគ្គមានសម្តែងថា តើព្រះសារីបុត្តជាអ្នកមានបញ្ញាច្រើនពិតមែនឬ ហេតុអ្វីទើបដល់សាវកបារមីញាណយឺតយូរជាងព្រះមហាមោគ្គល្លាន?

មានចម្លើយថា ព្រោះជាអ្នកច្រើនដោយបរិកម្ម (ការពិចារណា) ប្រៀបបាននឹងមនុស្សទុគ៌ត ត្រូវការទៅណាអាចទៅបានភ្លាម ចំណែកព្រះរាជា ត្រូវការយាងទៅណា លុះតែមានក្បួនហែហម គឺមានការរៀបចំយូរ ត្រូវត្រៀមរាជពាហនៈដំរី និងចតុរង្គសេនាជាដើម យ៉ាង​ណាមិញ សេចក្តីនេះក៏ដូច្នោះដែរ ។

តំណែងជាអគ្គសាវកស្តាំ[កែប្រែ]

ថ្ងៃសំរេចគុណវិសេស របស់ព្រះធម្មសេនាបតីសារីបុត្ត ត្រូវនឹងថ្ងៃពេញបូរមីខែមាឃ ព្រះបរមសាស្តាទ្រង់ធ្វើ ចតុរង្គសន្និបាតក្នុងវត្តវេឡុវ័នក្រុងរាជគ្រឹះ ហើយប្រទានតំណែង អគ្គសាវកស្តាំ​ឱ្យ​ព្រះសារីបុត្ត និងអគ្គសាវកឆ្វេង​ឱ្យ​ដល់ព្រះមោគ្គល្លាន ។

ការដែលព្រះបរមសាស្តាប្រទានតំណែងអគ្គសាវក ដល់ព្រះថេរៈទាំងពីរនោះ មានភិក្ខុជាច្រើនចោទព្រះអង្គថា ទ្រង់ប្រទានតំណែងដោយយល់មុខ ព្រោះថាតាមដែលគួរ ទ្រង់គួរប្រទានតំណែងអគ្គសាវកដល់បញ្ចវគ្គីយ៏ ដែលបួសមុន បើមិនមែនបញ្ចវគ្គីយ៏ ក៏គួរប្រទានដល់ភិក្ខុ ៥៥រូប មានព្រះយសជាប្រធាន ឬក៏ដល់ពួកភទ្ទវគ្គិយភិក្ខុ៣០ ឬក៏ដល់ភិក្ខុ៣នាក់បងប្អូន មានឧរុវេលកស្សបៈជាដើម តែព្រះសាស្តាទ្រង់រំលងភិក្ខុទាំងនោះចោលអស់ បែរជាប្រទាន ដំណែងអគ្គសាវកដល់ភិក្ខុដែលបួសក្រោយភិក្ខុទាំងនោះវិញ ដោយយល់ដល់មុខ ។ ព្រះសាស្តាត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកសន្ទនារឿងអ្វី? កាលពួកភិក្ខុក្រាបទូល​ឱ្យ​ទ្រង់ជ្រាបហើយ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតមិនបាន​ឱ្យ​តំណែងដល់ពួកភិក្ខុ ព្រោះយល់មុខឡើយ តថាគត​ឱ្យ​តាមបំណងដែល ភិក្ខុនោះបានប្រាថ្នាមកផ្សេងៗគ្នា ដូចជា អញ្ញាកោណ្ឌញ្ញៈធ្វើទានដោយសន្ទូងដ៏ប្រណីត៩លើក ក្នុងអតីតជាតិ ក៏មិនបានប្រាថ្នាជាអគ្គសាវកទេ តែបានប្រាថ្នា ដើម្បី​ឱ្យ​បានសម្រេចជាព្រះអរិយៈមុនបុគ្គលទាំងពួង និងជាកំពូលខាងរត្តញ្ញូ បួសមុនគេ ព្រះយសព្រមដោយសម្លាញ់ ៥៥នាក់ទៀត ធ្វើបុណ្យជាច្រើនក្នុងសម្នាក់ ព្រះសុមេធ ហើយប្រាថ្នាត្រឹមតែ​ឱ្យ​ជាព្រះអរហន្តប៉ុណ្ណោះ មិនបាន ប្រាថ្នាតំណែងណាមួយឡើយ ព្រោះធ្លាប់បាននាំគ្នាដុតសព្វ បានអសុភនិមិត្តជា បច្ច័យរឿយៗ នាំ​ឱ្យ​នឿយណាយក្នុងកាមនៅជាតិនេះ ។

ពួកភទ្ទវគ្គិយភិក្ខុ ៣០ រូប ពីអតីតធ្លាប់រក្សាសីល៥ និងធ្វើកុសលដទៃទៀត ហើយតាំងប្រាថ្នា​ឱ្យ​ជាព្រះអរហន្តក្នុងសម្នាក់ព្រះពុទ្ធទាំងឡាយ មិន បានប្រាថ្នាតំណែងឯតទគ្គៈណាមួយឡើយ ។ ចំណែកឧរុវេលកស្សបៈ ក្នុងកាលរបស់ព្រះបទុមុត្តរ បានថ្វាយមហាទាន ហើយប្រាថ្នា ឱ្យ​ជាកំពូលអ្នកមានបរិវារច្រើន តែមិនបានប្រាថ្នាតំណែងអគ្គសាវកដូចសារីបុត្ត និងមោគ្គល្លានទេ ។

អតីតជាតិ[កែប្រែ]

ភិក្ខុទាំងឡាយក្រាបទូលសួរព្រះអង្គថា បពិត្រព្រះមានព្រះភាគ តើអគ្គសាវកទាំងពីរ បានធ្វើអ្វីក្នុងកាលណា ព្រះអង្គ? ព្រះមានព្រះភាគត្រាស់ឆ្លើយថា ម្នាលភិក្ខុទាំងឡាយ អគ្គសាវកទាំងពីរបានធ្វើសេចក្តីប្រាថ្នា ដើម្បីជាអគ្គសាវក ក្នុងសម័យកាលនៃអនោមទស្សី ។

ក្នុងគម្ពីរអដ្ឋកថា មនោរថបូរណី អដ្ឋកថាឯតទគ្គ និង អដ្ឋកថា ធម្មបទ យមកវគ្គ ក្នុងរឿងសញ្ជ័យ និងអដ្ឋកថា មនោរថបូរណី ខុទ្ទកនិកាយ អបទាន សម្តែងថា

ក្នុងទីបំផុតមួយអសង្ខេយ្យកប្ប និងមួយសែនមហាកប្បកន្លងមកហើយ ព្រះសារីបុត្ត កើតក្នុងត្រកូលហ្ម្រណ៏មហាសាល មានឈ្មោះថា សរទៈ ឯមហាមោគ្គល្លាន កើតក្នុងត្រកូលគបតីមហាសាល មានឈ្មោះថា សិរីវឌ្ឍៈ ។ អ្នកទាំងពីរនាក់នោះ បានជាសម្លាញ់លេងធូលីរួមគ្នាតាំងពីក្មេង ។ កាលបិតាស្លាប់ហើយ សរទមាណពបានគ្រប់គ្រងទ្រព្យសម្បត្តិជាច្រើន ដែលជាមត៌កប្រចាំត្រកូលត្រូវបានមកខ្លួន ។ ថ្ងៃមួយ ខណៈដែលសរទមាណពនៅក្នុងទីស្ងាត់ មានសេចក្តីត្រិះរិះ កើតឡើងថា យើងដឹងតែអត្តភាពក្នុងលោកនេះប៉ុណ្ណោះ ចំណែកក្នុងអត្តភាពក្នុងបរលោកយើងមិនដឹង សេចក្តីស្លាប់របស់សត្វទាំងឡាយដែលកើតហើយរមែងជារបស់ទៀងទាត់ យើងគួរបួសស្វែងរកធម៌ ជាគ្រឿងផុតទុក្ខ ជាការល្អ ។ គិតដូច្នេះហើយ បានទៅរកសម្លាញ់សិរីវឌ្ឍៈ ប្រាប់ថា នែ៎ សម្លាញ់ យើងនឹងបួសស្វែងរកមោក្ខធម៌ តើសម្លាញ់ទៅបួសជាមួយយើងបានទេ? សិរីវឌ្ឍៈឆ្លើយថា យើងមិនអាចទៅបួសបានទេ ចូរសម្លាញ់បួសម្នាក់ឯងចុះ ។

ចេញបួស[កែប្រែ]

សរទមាណពស្តាប់សិរីវឌ្ឍៈបដិសេធគិតថា អ្នកទៅកាន់លោកខាងមុខ នឹងនាំញាតិមិត្តទៅជាមួយមិនបាន អ្នកធ្វើកម្មណា កម្មនោះនឹងប្រាកដដល់អ្នកនោះ លុះគិតដូច្នេះហើយ ក៏គេបើកជង្រុក និងឃ្លាំងយកអង្ករ ប្រាក់ មាស បរិច្ចាគ ជាមហាទាន ដល់មនុស្សកំព្រា អ្នកធ្វើដំណើរឆ្ងាយ អ្នកសូមទាន ហើយចេញទៅបួស ជាតាបស ដោយមានអ្នកចេញបួសតាមម្តងៗ ២-៣ នាក់ជាញឹកញាប់ រហូតមានចំនួន ៨ម៉ឺន៤ពាន់នាក់ ។ ចំណែកសរទតាបសនោះ ប្រឹងប្រែងបំពេញវត្ត បដិបត្តិរហូតបានសម្រេចសមាបត្តិ ៨ អភិញ្ញា ៥ ហើយបង្រៀនកសិណបរិកម្ម ដល់ពួកអ្នកបួសជាបរិវារទាំងនោះ តមកពួកបរិវារទាំងអស់បានសម្រេចសមាបត្តិ ៨ អភិញ្ញា ៥ ផងដែរ ។

ធ្វើសក្ការបូជាព្រះអនោមទស្សី[កែប្រែ]

ក្នុងកាលណោះ ព្រះអនោមទស្សីទ្រង់ឧបត្តិឡើងក្នុងលោក ព្រះនគររបស់ព្រះអង្ពឈ្មោះថា ចន្ទវតី ព្រះពុទ្ធបិតាជា ព្រះរាជាទ្រង់ព្រះនាមថា ព្រះបាទទយសវន្តៈ ព្រះពុទ្ធមាតា ទ្រង់ព្រះនាមថា ព្រះនាងយសោធរា ដើមឈើ ជាទីត្រាស់ដឹងឈ្មោះថា អង្គ្រង ព្រះអគ្គសាវកខាងស្តាំឈ្មោះ និស្សភ អគ្គសាវកឆ្វេងឈ្មោះ អនោម ភិក្ខុជាឧបដ្ឋាកឈ្មោះ វរុណ អគ្គសាវិកាខាងស្តាំឈ្មោះ សុន្ទរថេរី អគ្គសាវិកាខាងឆ្វេងឈ្មោះ សុមនាថេរី ។

ព្រះជន្មាយុរបស់ព្រះអនោមទស្សីនោះ មានកំណត់មួយសែនឆ្នាំ ព្រះសរីរៈ របស់ព្រះអង្គកំពស់៥៨ហត្ថ ព្រះរស្មីជាប្រចាំផ្សាយទៅចម្ងាយ ១២យោជន៏ ភិក្ខុសង្ឃបរិវារជាប្រចាំមានមួយសែនរូប ។ សម័យថ្ងៃមួយ ពេលព្រះអនោមទស្សី ទ្រង់ចេញចាកមហាករុណាសមាបត្តិក្នុងពេលទៀបភ្លឺហើយ ទ្រង់ប្រមើលមើលសត្វលោក បានឃើញសរទតាបស ទើបទ្រង់ពិចារណាថា បើតថាគត នឹងទៅកាន់សម្នាក់របស់សរទតាបសក្នុងថ្ងៃនេះ នឹងមានមហាធម្មទេសនា សរទតាបសនឹងប្រាថ្នាតំណែងអគ្គសាវក ឯសិរីវឌ្ឍៈ ជាសម្លាញ់របស់សរទតាបសនោះ នឹងប្រាថ្នាតំណែងអគ្គសាវកទី២ ក្នុងពេលចប់ព្រះធម្មទេសនា ជដិល៨ម៉ឺន៤ពាន់នាក់ ជាបរិវាររបស់សរទតាបសនោះ នឹងសម្រេចអរហត្តផលសមគួរតថាគតនឹងទៅក្នុងទីនោះ ។ ទ្រង់ព្រះតម្រិះដូច្នេះហើយ ក៏ទ្រង់កាន់បាត្រ និងចីវររបស់ព្រះអង្គ ដោយមិនបានត្រាស់ប្រាប់ដល់អ្នកណាមួយឡើយ ហើយស្តេចយាងទៅតែមួយព្រះអង្គឯង ដូចស្តេចរាជសីហ៏ ។ កាលពួកកូនសិស្សរបស់សរទតាបសនាំគ្នាទៅស្វែងរកផ្លែឈើតូចធំ ព្រះអនោមទស្សី ទ្រង់អធិដ្ឋានថា សូម​ឱ្យ​សរទតាបសចូរស្គល់ថា តថាគតជាព្រះពុទ្ធ ហើយព្រះអង្គចុះចាកអាកាស ក្នុងទីចំពោះមុខរបស់សរទតាបសដែលកំពុងមើល និងទ្រង់ប្រថាប់ឈរ លើ-៤៩ ផែនដី ។

សរទតាបសឃើញព្រះពុទ្ធានុភាព និងព្រះសរីរសម្បត្តិរបស់ព្រះពុទ្ធអង្គ ទើបពិចារណាមើល តាមតម្រាមើលលក្ខណៈ ក៏ដឹងបានថា អ្នកប្រកបដោយ លក្ខណៈ ដ៏លេចធ្លោដូច្នេះ កាលនៅគ្រប់គ្រងផ្ទះនឹងបានជាស្តេចចក្រពត្តិ បើចេញបួស នឹងបានជាសព្វញ្ញូពុទ្ធ មហាបុរសនេះ ប្រាកដជាព្រះពុទ្ធដោយមិនសង្ស័យ ទើបធ្វើការបដិសណ្ឋារៈបានក្រាបថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋាន និង រៀបចំអាសនៈថ្វាយ ព្រះអនោមទស្សី ក៏ប្រថាប់គង់ ឯសរទតាបសបាន អង្គុយលើអាសនៈដ៏សមគួរដល់ខ្លួន ។ ក្នុងកាលនោះពួកជដិល៨ម៉ឺន៤ពាន់នាក់ បាននាំយកផ្លែឈើតូចធំដែលល្អៗ មានឱជារសត្រឡប់មកដល់អាស្រមឃើញ អាសនៈរបស់ព្រះពុទ្ធ និងអាសនៈអាចារ្យដែលទាបខ្ពស់ខុសគ្នា ទើបនិយាយថា បពិត្រលោកអាចារ្យ ពួកខ្ញុំយល់ថា ក្នុងលោកនេះ អ្នកដែលធំជាងលោកអាចារ្យមិនមាន ចំណែកបុរសនេះ ហាក់ដូចជាធំជាងលោកអាចារ្យ ។ សរទតាបសពោលថា កូនអើយហេតុអី ក៏ពួកអ្នកពោលដូច្នេះ ពួកអ្នកប្រៀបធៀបភ្នំ សិនេរុ ដែលខ្ពស់ ៦ លានយោជន៍ ​ឱ្យ​ស្មើនឹងគ្រាប់ស្ពៃ ពួកអ្នកកុំប្រៀបខ្ញុំជាមួយ នឹងព្រះពុទ្ធឡើយ ។ ឯពួកតាបសទាំងនោះ មានការយល់ឃើញថា បើអ្នកនេះជាមនុស្សធម្មតា អាចារ្យរបស់ពួកយើងប្រាកដជាមិនប្រៀបធៀបដូច្នេះទេ បុរសនេះ ប្រាកដជាអ្នកទ្រទ្រង់គុណ ដ៏ធំក្រៃលែង ក៏នាំគ្នាថ្វាយបង្គំក្រាបចុះលើផែនដី ។

ក្នុងគ្រានោះ សរទតាបសប្រាប់ថា កូនអើយ ទេយ្យធម៌ ដ៏សមគួរដល់ព្រះពុទ្ធមិនមាន ខណៈនេះ ព្រះជិនស្រី សាស្តាបានយាងមកទីនេះក្នុងពេលភិក្ខុចារ ពួកយើងនឹងប្រគេននូវទេយ្យធម៌តាមមាន តាមបាន ផ្លែឈើតូចធំទាំងឡាយដ៏ប្រណីតដែលពួកអ្នកនាំមក​ឱ្យ​ដល់ខ្ញុំ ពួកអ្នកចូរនាំផ្លែឈើតូចធំទាំងនោះមក ។ ពោលដូច្នេះហើយ ខ្លួនឯងក៏បានលាងផ្លែឈើទាំងនោះ លុះលាងហើយ ក៏នាំមកដាក់ក្នុងបាត្ររបស់ព្រះអនោមទស្សី ។

កាលព្រះអនោមទស្សី ទ្រង់ទទួលប្រគេន ទេវតាទាំងឡាយបានដាក់ទិព្វឱជាទៅក្នុងបាត្រនោះ សរទតាបស ថ្វាយផ្លែឈើហើយ ក៏និមន្តមកត្រង់ទឹកថ្វាយផ្ទាល់ដៃ កាលព្រះអនោមទស្សីសោយស្រេច សរទតាបស ក៏ហៅពួកអន្តេវាសិកទាំងអស់មកជុំគ្នា បាននាំគ្នាអង្គុយនៅជិតទីប្រថាប់គង់របស់ព្រះអង្គ ក្នុងពេលនោះព្រះអនោមទស្សី ទ្រង់រំពឹងថា អគ្គសាវកទាំងពីរ ចូរមករួមជាមួយនឹងភិក្ខុសង្ឃ ព្រះអគ្គសាវកទាំងពីរដឹងនូវពុទ្ធបំណង ទើបមកព្រមនឹងព្រះខីណាស្រពមួយសែនរូប ចូលថ្វាយបង្គំគាល់ព្រះសាស្តា ហើយឈរគាល់ក្នុងទីដ៏សមគួរដល់ឋានៈរបស់ខ្លួន ។ សរទតាបស ឃើញភិក្ខុសង្ឃមកច្រើន ទើបញ្ជាពួកកូនសិស្សថា អាសនៈប្រថាប់គង់របស់ព្រះពុទ្ធនៅទាប ឯអាសនៈសម្រាប់ភិក្ខុសង្ឃមួយសែនរូប ក៏មិនមាន គួរតែពួកអ្នកធ្វើសក្ការបូជាព្រះពុទ្ធអង្គ​ឱ្យ​ក្រៃលែងជាងនេះ សូម​ឱ្យ​ពួកអ្នក ទៅនាំផ្កាឈើដែលមានពណ៌ និងក្លិនក្រអូបមកអំពីជើងភ្នំចុះ ។ រយៈពេលដែលនិយាយនោះ ហាក់ដូចជាយឺតជាង ឯវិស័យរបស់អ្នកមានឫទ្ធិទាំងឡាយ រមែងជាអចិន្តេយ្យ គឺមិនគួរគិតដល់ ព្រោះផុតវិស័យរបស់បុថុជ្ជន គឺមនុស្សដែលនៅមានកិលេសក្រាស់ ប្រើពេលត្រឹមតែមួយស្របក់ប៉ុណ្ណោះឯង តាបសទាំងនោះ បាននាំផ្កាឈើ ដែលបរិបូណ៌ដោយពណ៌ និងក្លិន មកប្រដាប់ តាក់តែងជាអាសនៈផ្កាឈើកំពស់១យោជន៏ សម្រាប់ជាទីគង់ប្រថាប់របស់ព្រះពុទ្ធ ចំណែកអាសនៈផ្កា សម្រាប់ព្រះអគ្គសាវកទាំងពីររូបនោះកំពស់បាន៣គាវុត សម្រាប់ព្រះភិក្ខុសង្ឃទាំងឡាយក្រៅពីនោះ២គាវុត សម្រាប់ភិក្ខុថ្មីកំពស់បាន១ឧសកៈ ស្មើ មួយគោរោទ៏ (នេះជារង្វាស់សម័យនោះ) ។

កាលតាបសទាំងនោះរៀបចំអាសនៈស្រេចហើយ សរទតាបសឈរ ប្រណម្យអញ្ជលីឆ្ពោះទៅរកព្រះភក្ត្រព្រះអនោមទស្សី ហើយក្រាបទូលថា បពិត្រព្រះមានព្រះភាគ សូមព្រះអង្គ ទ្រង់និមន្តឡើងប្រថាប់គង់លើអាសនៈផ្កានេះ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ខ្ញុំ ព្រះអង្គទាំងឡាយ អស់កាលជាអង្វែង ។ លុះព្រះអនោមទស្សី ទ្រង់ប្រថាប់គង់ហើយ ព្រះអគ្គសាវកទាំងពីរ និងភិក្ខុសង្ឃទាំងអស់ ក៏ឡើងគង់លើអាសនៈរបស់ខ្លួនតាមលំដាប់វស្សា សរទតាបស បានឈរកាន់ស្វេតច្ឆត្រផ្កា បាំងថ្វាយ ចំពោះព្រះអនោមទស្សីៗទ្រង់ព្រះតម្រិះថា សក្ការនេះរបស់ពួកជដិលចូរមានផលច្រើន ហើយទ្រង់ ចូលនិរោធសមាបត្តិ ចំណែកព្រះអគ្គសាវកទាំងពីររូប និងភិក្ខុសង្ឃទាំងអស់ លុះដឹងថាព្រះបរមសាស្តា ទ្រង់ចូលនិរោធសមាបត្តិហើយ ក៏បានចូលនិរោធសមាបត្តិផងដែរ កាលព្រះអនោមទស្សី ទ្រង់ចូលនិរោធសមាបត្តិរហូត ៧ ថ្ងៃនោះ លុះដល់ពេលភិក្ខាចារ ពួកកូនសិស្សរបស់សរទតាបស ក៏នាំគ្នាចេញទៅរកផ្លែឈើ មើមឈើបរិភោគ រួចត្រឡប់មកឈរប្រណម្យអញ្ជលីថ្វាយបង្គំព្រះពុទ្ធ និងភិក្ខុសង្ឃក្នុងទីនោះ តែសរទតាបសមិនបានចេញភិក្ខាចារឡើយ បាឈរបាំងស្វេតច្ឆត្រ ផ្កាដូច្នោះដោយបីតិ រហូត ៧ ថ្ងៃ ។

ប្រាថ្នាតំណែងជាអគ្គសាវក[កែប្រែ]

កាលគ្រប់ ៧ ថ្ងៃ ព្រះអនោមទស្សី ទ្រង់ចេញចាកនិរោធសមាបត្តិហើយ ត្រាស់​ឱ្យ​និស្សភអគ្គសាវក ដែលអង្គុយនៅខាងស្តាំ ព្រះអង្គថា ម្នាលនិស្សភៈ អ្នកចូរអនុមោទនាអាសនៈផ្កា របស់ពួកតាបសទាំងនេះ ដែលបានធ្វើការបូជាយ៉ាងក្រៃលែង ។ ព្រះនិស្សភ ត្រេកអរ ដូចជានាយទាហានបានលាភធំពីស្តេចចក្រពត្តិដូច្នោះ លោកតាំងនៅក្នុងសាវកបារមីញាណ ហើយសម្តែងអនុមោទនាអាសនៈផ្កា ក្នុងពេលដែលព្រះនិស្សភៈសម្តែងអនុមោទនាចប់ហើយ ព្រះអនោមទស្សី ត្រាស់​ឱ្យ​អនោមអគ្គសាវកឆ្វេងថា អ្នកចូរសម្តែងធម៌ដល់តាបសទាំងនេះ ព្រះអនោមបានពិចារណាមើលនូវព្រះពុទ្ធវចនៈ ទូទាំងព្រះត្រៃបិដក ហើយទើបសម្តែងធម៌ ឯផលនៃការសម្តែងធម៌របស់អគ្គសាវកទាំងពីររូបនោះ មិនមានតាបសណាម្នាក់ ត្រាស់ដឹងសច្ចធម៌ឡើយ ។ ក្នុងលំដាប់នោះ ព្រះអនោមទស្សីបរមសាស្តាទ្រង់តាំងនៅក្នុងពុទ្ធវិស័យ ប្រមាណមិនបាន ទើបទ្រង់ផ្តើមសម្តែងធម៌ ហើយកាលចប់ព្រះធម្មទេសនា តាបស៨ម៉ឺន៤ពាន់នាក់បានសម្រេចជាព្រះអរហន្តគ្រប់រូប វៀរតែ សរទតាបសម្នាក់ប៉ុណ្ណោះ ព្រះអនោមទស្សី ទ្រង់លាព្រះហស្ថចេញត្រាស់ថា អ្នកទាំងឡាយ ចូរមកជាភិក្ខុចុះ រំពេចនោះសក់ និងពុកចង្ការបស់តាបសទាំងនោះ វិនាសអន្តរធានអស់ទៅ មានបរិក្ខារ ៨ មកពាក់ជាប់នឹងរាងកាយ ហាក់ដូចជាព្រះថេរៈមានវស្សា៦០ហើយ ។ មានពាក្យសួរថា ហេតុអ្វីសរទតាបសមិនបានសម្រេចព្រះអរហត្តផល ឆ្លើយថា ព្រោះថា តាបសជាអ្នកមានចិត្តរាយមាយ ចាប់ផ្តើមតាំងពីស្តាប់ព្រះធម្មទេសនា របស់អគ្គសាវកដែលអង្គុយលើអាសនៈទី២ បន្ទាប់ពីព្រះអនោមទស្សីចុះមក ដែលតាំងនៅក្នុងសាវកបារមីញាណ ហើយសម្តែងធម៌ធ្វើ​ឱ្យ​គិតថា សូម​ឱ្យ​យើងបានទទួលភាវៈ ជាអគ្គសាវកដូចលោកម្ចាស់អង្គនេះបានទទួល ក្នុងសាសនារបស់ព្រះពុទ្ធដែលនឹងឧបត្តិឡើងក្នុងលោកនាអនាគតកាលផងចុះ ។ សរទតាបសរវល់តែបណ្តោយចិត្ត​ឱ្យ​គិតរាយមាយទៅដូច្នេះ ទើបមិនអាចសម្រេចមគ្គផលជាធម៌ពិសេសបាន លុះចប់ធម្មកថា ក៏ថ្វាយបង្គំព្រះអនោមទស្សីបរមសាស្តា ហើយក្រោកឈរឡើងក្រាបទូលសួរក្នុងទីចំពោះព្រះភក្ត្រថា បពិត្រព្រះមានព្រះភាគ ភិក្ខុគង់នៅលើអាសនៈជាប់នឹងអាសនៈរបស់ព្រះអង្គឈ្មោះអ្វីទៅព្រះអង្គ? ព្រះអង្គត្រាស់ថា ភិក្ខុនេះដល់កំពូលនូវសាវកបារមីញាណជាអ្នកប្រកាសធម្មចក្រតាមដែលតថាគតប្រកាសហើយ ជាអ្នកត្រាស់ដឹង ចាក់ធ្លុះនូវសោឡសបញ្ហាហើយ ជាអគ្គសាវកក្នុងសាសនារបស់តថាគត មានឈ្មោះថា និស្សភ ។

សរទតាបស លុះជ្រាបហើយទើបតាំងប្រាថ្នាថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គបាំងស្វេតច្ឆត្រផ្កាឈើ ថ្វាយព្រះអង្គអស់រយៈ ៧ ថ្ងៃ ដោយអានិសង្សនៃសក្ការនេះ ខ្ញុំព្រះអង្គមិនប្រាថ្នាជាព្រះឥន្ទ្រ ព្រះព្រហ្មឡើយ តែសូម​ឱ្យ​ខ្ញុំព្រះអង្គបានជាអគ្គសាវករបស់ព្រះពុទ្ធមួយអង្គក្នុងអនាគតកាល ដូចព្រះនិស្សភ នេះផងចុះព្រះអង្គ ។

ការព្យាករណ៍របស់ព្រះអនោមទស្សី[កែប្រែ]

ព្រះអនោមទស្សី ទ្រង់ប្រសើរលើសដោយអនាគតង្សញ្ញាណ ទ្រង់ពិចារណាមើលថា សេចក្តីប្រាថ្នារបស់សរទតាបសនេះ នឹងសម្រេចឬទេ ទ្រង់ក៏ឃើញសេចក្តីសម្រេចនោះថា កាលកន្លងទៅមួយអសង្ខេយ្យកប្ប និងមួយសែនមហាកប្ប លុះទ្រង់ឃើញហើយទើបត្រាស់ថា សេចក្តីប្រាថ្នានេះរបស់អ្នកនឹងមិនជាមោឃៈ ។ កាលកន្លងទៅមួយអសង្ខេយ្យ និងមួយសែនមហាកប្ប ខាងមុខទៀត នឹងមានព្រះពុទ្ធមួយព្រះអង្គ ទ្រង់ព្រះនាមថា ព្រះគោតម ទ្រង់ឧបត្តិឡើងក្នុងលោក ព្រះមាតាទ្រង់ព្រះនាមថា ព្រះនាងមហាមាយាទេវី ព្រះបិតាទ្រង់នាមថា ព្រះបាទសុទ្ធោនមហារាជ ព្រះរាជឱរសទ្រង់ព្រះនាមថា រាហុល ភិក្ខុជាឧបដ្ឋាកឈ្មោះថា អានន្ទ ទុតិយអគ្គសាវកឈ្មោះថា មោគ្គល្លាន ចំណែកអ្នកបានជាអគ្គសាវករបស់ ព្រះគោតមអង្គនោះ និងមានឈ្មោថា ធម្មសេនាបតីសារីបុត្ត ជាកំពូលដោយបញ្ញាបារមី ។ ព្រះអនោមទស្សី ទ្រង់ព្យាករណ៍សរទតាបសយ៉ាងនេះ បានទ្រង់សម្តែងធម្មកថាស្រេចហើយ ព្រមដោយភិក្ខុសង្ឃហែហម ស្តេចយាងត្រឡប់ទៅតាមផ្លូវអាកាស ។ ឯសរទតាបសទៅរកព្រះថេរៈទាំងឡាយដែលធ្លាប់ជាកូនសិស្សរបស់ខ្លួន ផ្តាំទៅដល់សិរីវឌ្ឍៈកុដុម្ពិកៈ​ដែលជាសម្លាញ់ថា សូមលោកទាំងឡាយ ចូរប្រាប់ដល់សម្លាញ់របស់ខ្ញុំថា សរទតាបសជាសម្លាញ់របស់លោក បានប្រាថ្នាតំណែងអគ្គសាវក ក្នុងសាសនារបស់ព្រះសមណគោតម ដែលទ្រង់នឹងឧបត្តិឡើងក្នុងអនាគតកាល ក្នុងទីជិតព្រះយុគលបាទ របស់ព្រះអនោមទស្សី ហើយ​សូមសម្លាញ់ប្រាថ្នាតំណែងទុតិយសាវកចុះ ។ លុះផ្តាំដូច្នេះហើយ ខ្លួនឯងក៏រួសរាន់ទៅ ហើយបានទៅដល់មុនព្រះថេរៈទាំងឡាយ ដោយប្រើពេលត្រឹមតែមួយស្របក់ បានទៅឈរនៅមុខទ្វារផ្ទះរបស់សិរីវឌ្ឍកុដុម្ពិកៈ​ ។

ប្រាថ្នា​ឱ្យ​សម្លាញ់[កែប្រែ]

សិរីវឌ្ឍកុដុម្ពិកៈ​ មើល​ឃើញ​សរទ​តាបស ក៏​ពោល​ថា យូរ​ណាស់​ហើយ ដែល​លោក​ម្ចាស់​របស់​យើង​ទើប​តែ​មក សូម​និមន្ត​លោក​ម្ចាស់​អង្គុយ​លើ​អាសនៈ​នេះ​ចុះ ឯ​ចំណែក​ខ្លួន​ឯង​ក៏​អង្គុយ​លើ​អាសនៈ​ដែល​ទាប​ជាង ហើយ​សួរ​សរទ​តាបស​ថា ពួក​កូន​សិស្ស​របស់ លោក​ម្ចាស់​ទៅ​ណា​អស់​ទៅ ទើប​មិន​ឃើញ​មក​តាម? សរទ​តាបស​ឆ្លើយ​ថា​សម្លាញ់​អើយ ព្រះ​អនោមទស្សី​​ យាង​ទៅ​កាន់​អាស្រម​បទ​របស់​យើង យើង​បាន​ធ្វើ​សក្ការ បូជា​តាម​លទ្ធភាព​របស់​ខ្លួន ព្រះ​អង្គ​ទ្រង់​សម្តែង​ធម៌ ឥសី​ទាំង​ឡាយ​បាន​សម្រេច​អរហត្ត​ផល​ទាំង​អស់ ហើយ​បព្វជ្ជា​ទាំង​អស់​ដែរ ​វៀរ​តែ​យើង​ប៉ុណ្ណោះ សិរីវឌ្ឍ​កុដុម្ពិកៈ​ ក៏​សួរ​ស៊ក​ឡើង​ថា ព្រោះ​ហេតុ​អ្វី​ទើប​លោក​មិន​បព្វជ្ជា សរទ​តាបស​ឆ្លើយ​ថា ព្រោះ​យើង​បាន​ឃើញ ព្រះ​និស្សភ​ ជា​អគ្គ​សាវក​របស់​ព្រះ​បរម​សាស្តា នឹក​ពេញ​ចិត្ត​ទើប​ប្រាថ្នា​​ឱ្យ​​បាន​តំណែង​នោះ​ក្នុង​សាសនា​របស់​ព្រះ​សមណ​គោតម ស្តេច​នឹង​ឧបត្តិក​ឡើង​ក្នុង​អនាគត​កាល សូម​សម្លាញ់​ចូរ​ប្រាថ្នា​តំណែង​អគ្គ​សាវក​ទី​២ ក្នុង​សាសនា​ព្រះ​គោតម​​ចុះ ។ សិរីវឌ្ឍ​កុដុម្ពិកៈ​​និយាយ​ជំ​ទាស់​ថា ខ្ញុំ​មិន​មាន​ការ​ស្និទ្ធ​ស្នាល​នឹង​ព្រះ​ពុទ្ធ​ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​​ឱ្យ​​បាន​ត្រឹម​ត្រូវ​ទេ សរទ​តាបស​ប្រាប់​ថា ការ​ក្រាប​ទូល​ចំពោះ​ព្រះ​ពុទ្ធ​ ជា​នាទី​របស់​យើង សូម​​សម្លាញ់​ឯង​ត្រៀម​អាហារ និង​គ្រឿង​សក្ការ​ទុក​​ឱ្យ​​ស្រេច​បាច់ សិរីវឌ្ឍ​កុដុម្ពិកៈ​​ក៏​យល់​ក្នុង​ពាក្យ​ណែ​នាំ​នោះ ហើយ​ត្រៀម​ខាទ​នីយ​ភោជ​នីយា​ហារ និង​សាង​មណ្ឌប ហើយ​បាន​ធ្វើ​មហា​ទាន​ចំពោះ​ព្រះ​ភិក្ខុ​សង្ឃ​១​សែន មាន​ព្រះ​អនោម​ទស្សី​​ ទ្រង់​ជា​ព្រះ​ប្រធាន កាល​ធ្វើ​ទាន​ ៧ ​ថ្ងៃ​ស្រេច​ហើយ បាន​ប្រាថ្នា​តំ​ណែង អគ្គ​សាវក​ទី​២ តាម​ពាក្យ​ណែ​នាំ របស់​សរទ​តាបស​នោះ ។

ធម្ម​សេនាបតី[កែប្រែ]

ព្រះ​សារីបុត្ត​បាន​ប្រកាស​ជីវ​ប្រវត្តិ​ក្នុង​អតីត​ជាតិ​ទុក ដែល​មាន​សម្តែង ក្នុង​​គម្ពីរ​ខុទ្ទក​និកាយ អបទាន​ថា សម័យ​ថ្ងៃ​មួយ លោក​ជា​តាបស​ឈ្មោះ​ថា សុរុចិ បាន​សម្រេច​សមាបត្តិ​ ៨ អភិញ្ញា ​៥ មាន​សិស្ស​ ៨ ​ម៉ឺន​ ៤ ​ពាន់​នាក់ ​បាន​បូជា​ព្រះ​អនោម​ទស្សី​​ និង​ព្រះ​សាវក​មួយ​សែន​រូប​ដោយ​ផ្កា​ឈើរ​ហូត ៧ ​ថ្ងៃ ហើយ​ក្នុង​ថ្ងៃ​ទី​ ៧ បាន​ស្តាប់​ព្រះ​ធម្ម​ទេសនា​ទៀត និង​ខាង​ក្នុង​ ៧ ​ថ្ងៃ ដែល​លោក​បូជា​ដោយ​ផ្កា​ឈើ​នោះ លោក​បាន​ឈរ​ប្រណម្យ​អញ្ជលី​នម​ស្ការ ព្រះ​អនោម​ទស្សី​​ ក្នុង​ទី​កន្លែង​មួយ ដោយ​មិន​បាន​ទៅ​ណា ​មិន​បាន​បរិភោគ​បាយ​ទឹក និង​ភោជនី​យាហារ​ឡើយ ឆ្អែត​ដោយ​បីតិ​ដែល​បាន​ឃើញ​ព្រះ​ពុទ្ធ​ និង​សាវក​មួយ​សែន​រូប កំពុង​ចូល​និរោធ​សមាបត្តិ ។ លុះ​ផុត​ ៧ ​ថ្ងៃ​ហើយ សិស្ស​ទាំង​នោះ បាន​ស្តាប់​ធម៌​របស់​ព្រះ​អនោម​ទស្សី​​ ក៏​បាន​សម្រេច​ជា​ព្រះ​អរហន្ត​ទាំង​អស់​ ចំណែក​សុរុចិ​តាបស បាន​ប្រាថ្នា​តំណែង​អគ្គ​សាវក និង​កាល​ចុតិ​ចាក​ជាតិ​នោះ​ ហើយ​បាន​ទៅ​កើត​ក្នុង​ព្រហ្ម​លោក ​១ ​ពាន់​កប្ប បាន​ជា​ស្តេច​ចក្រ​ពត្តិ ​១ ​ពាន់​ជាតិ បាន​ជា​ព្រះ​ឥន្ទ្រ​១​ពាន់​ជាតិ និង​ជាតិ​ចុង​ក្រោយ​នេះ បាន​មក​ជា​បុត្ត​របស់​ព្រាហ្មណ៍​មាន​ទ្រព្យ ​៥៦០​ កោដិ ហើយ​បាន​ចេញ​បួស​ជា ​ព្រះ​អរហន្ត ដ៏​កំ​ពូល​ដោយ​បញ្ញា ដែល​បាន​ទទួល​ការ​លើក​តម្កើង​ថា អាច​នឹង​រាប់​គ្រាប់​ភ្លៀង​ដែល​កំពុង​ធ្លាក់​ចុះ​មក​បាន ។ បុណ្យ​បារមី​ដែល​ជួយ​​ឱ្យ​​ព្រះ​សារីបុត្ត​ជា​អ្នក​មាន​បញ្ញា​ច្រើន​ព្រោះ​លោក​ធ្លាប់​បាន​បួស​ជាប់​ត​ៗ​គ្នា​រហូត​៥​រយ​ជាតិ ដែល​មាន​នៅ​ក្នុង​អដ្ឋកថា​វេស្សន្តរ​ជាតក និង​ព្រោះ​លោក​ធ្លាប់​បាន​សាង​ព្រះ​ត្រៃបិដក​ក្នុង​​អតីត​ជាតិ​ផង​ដែរ ។

ព្រះ​សារីបុត្ត​ជា​អ្នក​មាន​ប្រាជ្ញា​អង់​អាច និង​ការ​ប្រ​ព្រឹត្តិ​ល្អ​ក្រៃ​លែង ព្រម​ទាំង​មាន​ការ​ឈ្លាស​វៃ ជា​កម្លាំង​យ៉ាង​សំ​ខាន់​របស់​ព្រះ​មាន​ព្រះ​ភាគ ក្នុង​ការ​ជួយ​ប្រកាស​ព្រះ​ធម្ម​វិន័យ​​ឱ្យ​​ផ្សព្វ​ផ្សាយ​ទៅ​ក្នុង​ទិសានុ​ទិស ទើប​មាន​នាម​តាម​ដែល​លោក​បាន​ទទួល​ការ​លើក​តម្កើង​ថា ព្រះ​ធម្មសេនាបតី គូ​នឹង​ព្រះ​នាម​ព្រះ​មាន​ព្រះ​ភាគ​ថា ព្រះ​ធម្ម​រាជា​ដូច​មាន​សេចក្តី​មួយ​វគ្គ​ក្នុង​​សេល​សូត្រ គម្ពីរ​មជ្ឈិម​និកាយ មជ្ឈិម​បណ្ណា​សកៈ មាន​សេចក្តី​ថា ព្រះ​មាន​ព្រះ​ភាគ​ប្រថាប់​គង់​ក្នុង​អាបណ​និគម សេល​ព្រាហ្មណ៍​ជា​អាចារ្យ​បង្ហាត់​មន្ត​ដល់​មាណព​ ៣០០​ នាក់ បាន​នាំ​ពួក​មាណព​ទៅ​ចូល​គាល់​ព្រះ​មាន​ព្រះ​ភាគ ពិចារណា​ឃើញ​មហា​បុរិស​លក្ខណៈ ៣២​​ប្រការ​ហើយ​បាន​ក្រាប​ទូល​ចំពោះ​ព្រះ​មាន​ព្រះ​ភាគ​ និង​អារាធនា​​ឱ្យ​​សោយ​រាជ​សម្បត្តិ ។ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា តថាគត​ជា​ព្រះ​រាជា​ក្នុង​ធម៌​ទ្រង់​ញ៉ាំង​ធម្ម​ចក្រ​​ឱ្យ​​ប្រ​ព្រឹត្ត​ទៅ ជា​ចក្រ​ដែល​គ្មាន​អ្នក​ណា​អាច​​ឱ្យ​​ប្រព្រឹត្ត​ទៅ​បាន ។ សេល​ព្រាហ្មណ៍​ក្រាប​ទូល​សួរ​ដល់​មេទ័ព​ធម៌​ដែល​ជា​គូ​នឹង​ព្រះ​ធម្ម​រាជា ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ចង្អុល​ទៅ​សារីបុត្ត​ជា​ធម្ម​សេនាបតី ។ ម៉្យាង​ទៀត​បើ​ប្រៀប​ព្រះ​ពុទ្ធ​សាសនា​ជា​កង​ទ័ព ក៏​ហៅ​បាន​ថា​កង​ទ័ព​ធម៌ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​តាំង​នៅ​ក្នុង​ឋានៈ​ជា​កំពូល​ទ័ព​ធម៌ ព្រះ​សារីបុត្ត​ជា​មេ​ទ័ព​ធម៌​ ព្រះ​សារីបុត្ត​មាន​ការ​ចាប់​អារម្មណ៍​ទាក់​ទង​នឹង​ហេតុ​ដែល​ធ្វើ​​ឱ្យ​​ព្រះ​ពុទ្ធ​សាសនា​តាំង​នៅ​យូរ និង​មិន​យូរ រហូត​ដល់​ការ​ក្រាប​ទូល​ព្រះ​មាន​ព្រះ​ភាគ​ដើម្បី​ទ្រង់​បញ្ញត្តិ​សិក្ខា​បទ​សម្រាប់​ប្រើ​ជា​ធម្មនុញ្ញ គឺ​ក្រិត្យ​ក្រម​យ៉ាង​ខ្ពង់​ខ្ពស់​របស់​ព្រះ​ពុទ្ធ​សាសនា ដោយ​លោក​បំណង​ល្អ​ចង់​​ឱ្យ​​ព្រះ​ពុទ្ធ​សាសនា​តាំង​នៅ​អស់​កាល​យូរ មិន​សាប​សូន្យ មិន​អន្តរធាន​ទៅ​រហ័ស​ពេក ដូច​មាន​គោល​ចារឹក​ទុក​ក្នុង​​គម្ពីរ​មហា​វិភង្គ ព្រះ​វិន័យ​បិដក បឋមភាគ​នៃ​វេរញ្ជ​កណ្ឌ បញ្ជាក់​ថា សម័យ​​កាល​ព្រះមាន​ព្រះ​ភាគ​ប្រថាប់​គង់​នៅ​ក្នុង​ដែន​វេរញ្ជា គ្រា​នោះ​ព្រះ​សារីបុត្ត​ទៅ​ពួន​សម្ងំ​​ក្នុង​ទី​ស្ងាត់ ចិត្ត​របស់​លោក​មាន​បរិវិតក្ក​ថា ព្រះ​ពុទ្ធ​សាសនា​របស់​ព្រះ​ពុទ្ធ​​អង្គ​ណា​តាំង​នៅ​មិន​យូរ និង​របស់​ព្រះ​ពុទ្ធ​អង្គ​ណា​តាំង​នៅ​យូរ លុះ​ដល់​វេលា​រសៀល លោក​ចេញ​ចាក​ទី​ស្ងាត់​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ ថ្វាយ​បង្គំ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​មួយ ហើយ​ក្រាប​ទូល​សួរ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ខ្ញុំ​ព្រះ​អង្គ​ទៅ​ពួន​សង្ងំ​ក្នុង​ទី​ស្ងាត់​មួយ ចិត្ត​របស់​ខ្ញុំ​ព្រះ​អង្គ​មាន​បរិវិត្តក​ថា សាសនា​របស់​ព្រះ​ពុទ្ធ​​ទាំង​ឡាយ របស់​ព្រះ​ពុទ្ធ​អង្គ​ណា​ហ្ន៎ តាំង​នៅ​មិន​បាន​យូរ របស់​ព្រះ​ពុទ្ធ​អង្គ​ណា​ហ្ន៎ តាំង​នៅ​បាន​យូរ ព្រះ​អង្គ? ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​តប​ថា ម្នាល​សារីបុត្ត ព្រះ​ពុទ្ធ​សាសនា​របស់​ព្រះ​វិបស្សី​ ព្រះ​សិខី​ និង​ព្រះ​វេស្សភូ​ តាំង​នៅ​មិន​បាន​យូរ ព្រះ​ពុទ្ធ​សាសនា​របស់​ព្រះ​កកុសន្ធោ​ ព្រះ​កោនាគមនោ​ និង​ព្រះ​កស្សប​ៈ តាំង​នៅ​បាន​យូរ ។ ព្រះ​សារីបុត្ត​ក្រាប​ទូល​សួរ​រក​មូល​ហេតុ​ថា បពិត្រ​ព្រះ​មាន​ព្រះ​ភាគ ហេតុ​អ្វី បច្ច័យ​អ្វី ​ឱ្យ​​ព្រះ​ពុទ្ធ​សាសនា​របស់​ព្រះ​វិបស្សី​ ព្រះ​សិខី​ និង ព្រះ​វេស្សភូ​ តាំង​នៅ​មិន​បាន​យូរ ព្រះ​អង្គ? ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​សារីបុត្ត ព្រះ​វិបស្សី ព្រះ​សិខី ព្រះ​វេស្សភូ ទ្រង់​ខ្វល់​ខ្វាយ​តិច​ក្នុងការ​​សម្តែង​ធម៌​ដោយ​ពិស្តារ​ដល់​សាវក​ទាំង​ឡាយ ម៉្យាង​ទៀត សុត្តៈ គេយ្យៈ វេយ្យាករណៈ គា​ថា ឧទាន ឥតិវុត្តកៈ ជាតក អព្ភូត​ធម៌ វេទល្លៈ របស់​ព្រះ​ពុទ្ធ​​ទាំង ​៣ ​ព្រះ​អង្គ​មាន​តិច សិក្ខា​បទ ក៏​ទ្រង់​មិន​បាន​បញ្ញត្តិ បាតិមោក្ខ ក៏​ទ្រង់​មិន​បាន​សម្តែង​ដល់​សាវក​ទាំង​ឡាយ ។

កាល​ព្រះ​ពុទ្ធ​ទាំង​នោះ និង​ពួក​សាវក​ដែល​ត្រាស់​ដឹង​តាម​អន្តរធាន​ទៅ​ហើយ ពួក​សាវក​ដែល​មាន​មក​ក្នុង​ខាង​ក្រោយ ដែល​មាន​នាម ​មាន​គោត្ត មាន​ជាតិ​ផ្សេង​ៗ​គ្នា ​ចេញ​បួស​អំ​ពី​ត្រ​កូល​ផ្សេង​គ្នា ធ្វើ​​ឱ្យ​​ព្រះ​សាសនា​នោះ​អន្តរ​ធាន​ទៅ​ដោយ​រហ័ស ។ ម្នាល​សារីបុត្ត​ផ្កា​ឈើ​ពណ៌​ផ្សេង​ៗ ដែល​បុគ្គល​គរ​ទុក​លើ​បន្ទះ​ក្តារ មិន​ទាន់​បាន​ដោត​ក្រង​ដោយ​អំបោះ ខ្យល់​រមែង​ផាត់​​ឱ្យ​​ផ្កា​ទាំង​នោះ​ខ្ចាត់​ខ្ចាយ​ទៅ​បាន ។ សេច​ក្តី​នោះ​ព្រោះ​ហេតុ​អ្វី? ព្រោះ​បុគ្គល​មិន​បាន​ចង​ដោយ​អំបោះ យ៉ាង​ណា​មិញ ព្រោះ​ព្រះ​ពុទ្ធ​ទាំង​នោះ និង​ពួក​ព្រះ​សាវក​ដែល​ត្រាស់​ដឹង​តាម​អន្តរធាន​ទៅ ហើយ​ពួក​សាវក​ដែល​មាន​មក​ខាង​ក្រោយ មាន​នាម មាន​គោត្ត មាន​ជាតិ​ផ្សេង​គ្នា ចេញ​បួស​អំពី​ត្រ​កូល​ផ្សេង​គ្នា ទើប​ធ្វើ​​ឱ្យ​​ព្រះ​សាសនា​នោះ​អន្តរ​ធាន​ទៅ​ដោយ​ឆាប់​រហ័ស​ក៏​ដូច្នោះ​ដែរ ព្រោះ​ព្រះ​ពុទ្ធ​​ទាំង​នោះ ទ្រង់​ខ្វល់​ខ្វាយ​តិច ក្នុង​ការ​កំណត់​មើល​ចិត្ត​របស់​សាវក​ទាំង​ឡាយ​ដោយ​ព្រះ​ទ័យ ហើយ​ទ្រង់​ទូន្មាន​សាវក​ទាំង​ឡាយ ។ ម្នាល​សារីបុត្ត ដូច​ជា​សម័យ​មួយ ព្រះ​វេស្សភូ​​ គង់​នៅ​ក្នុង​ដង​ព្រៃ​ដែល​គួរ​​ឱ្យ​​ខ្លាច​មួយ ទ្រង់​កំណត់​មើល​ចិត្ត​របស់​ភិក្ខុ​សង្ឃ​ដោយ​ព្រះ​ទ័យ​ហើយ ទ្រង់​ទូន្មាន​ភិក្ខុ​សង្ឃ​ប្រមាណ​មួយ​ពាន់​រូប​ថា ពួក​អ្នក​ចូរ​ត្រិះ​រិះ យ៉ាង​នេះ កុំ​ត្រិះ​រិះ​យ៉ាង​នោះ ចូរ​ធ្វើ​ទុក​ក្នុង​ចិត្ត​យ៉ាង​នេះ កុំ​ធ្វើ​ទុក​ក្នុង​ចិត្ត​យ៉ាង​នោះ ចូរ​លះ​ចំណែក​នេះ ចូរ​ចូល​ដល់​ចំណែក​នេះ​ដូច្នេះ ។ ចិត្ត​របស់​ភិក្ខុ​សង្ឃ​ប្រមាណ​មួយ​ពាន់​រូប​ដែល​ព្រះ​វេស្សភូ​ ទ្រង់​ទូន្មាន​យ៉ាង​នោះ​ ក៏​រួច​ផុត​ចាក​អាសវៈ​ទាំង​ឡាយ ​មិន​ប្រកាន់​មាំ ។ ម្នាល​សារីបុត្ត នេះ​ឯង​ជា​ហេតុ ជា​បច្ច័យ​​ឱ្យ​​ព្រះ​សាសនា​របស់​ព្រះ​វិបស្សី ព្រះ​សិខី ព្រះ​វេស្សភូ​ តាំង​នៅ​មិន​បាន​យូរ ព្រះ​សារីបុត្ត​ក្រាប​ទូល​សួរ​ត​ទៅ​ទៀត​ថា អ្វី​ជា​ហេតុ និង​ជា​បច្ច័យ​​ឱ្យ​​ព្រះ​សាសនា​របស់​ព្រះ​កកុសន្ធោ ព្រះ​កោនាគមនៈ និង​ព្រះ​កស្សប​ តាំង​នៅ​បាន​យូរ ព្រះ​អង្គ? ព្រះ​មាន​ព្រះ​ភាគ ត្រាស់​តប​ថា ម្នាល​សារីបុត្ត ព្រះ​កកុសន្ធោ ព្រះ​កោនាគមនៈ និង​ព្រះ​កស្សប​ ទ្រង់​មិន​បាន​ខ្វល់​ខ្វាយ​តិច ក្នុង​ការ​សម្តែង​ធម៌​ដោយ​ពិស្តារ​ដល់​សាវក​ទាំង​ឡាយ ។ ម៉្យាង​ទៀត សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ទាន ឥតិវុត្តកៈ ជាតក អព្ភូត​ធម៌ វេទល្លៈ របស់​ព្រះ​ពុទ្ធ​ទាំង ៣ ព្រះ​អង្គ​នោះ​ សម្តែង​ច្រើន ថែម​ទាំង​ព្រះ​ពុទ្ធ​​​ទាំង ​៣ ​ព្រះ​អង្គ ទ្រង់​បាន​ត្រាស់​បញ្ញត្តិ​សិក្ខា​បទ ទ្រង់​បាន​សម្តែង​បាតិមោក្ខ​ដល់​សាវក​ទាំង​ឡាយ​ផង ។ កាល​ព្រះ​ពុទ្ធ​ទាំង​នោះ និង​ព្រះ​សាវក​ ទាំង​ឡាយ​ដែល​ត្រាស់​ដឹង​តាម​បរិនិព្វាន​ទៅ ពួក​សាវក​ដែល​មាន​មក​ខាង​ក្រោយ មាន​នាម មាន​គោត្ត មាន​ជាតិ​ផ្សេង​គ្នា ចេញ​បួស​អំពី​ត្រ​កូល​ផ្សេង​គ្នា ទើប​រក្សា​ ព្រះ​សាសនា​នោះ​ទុក​បាន​អស់​កាល​យូរ​អង្វែង ។ ម្នាល​សារីបុត្ត នេះ​ឯង​ជា​ហេតុ ជា​បច្ច័យ​​ឱ្យ​​ព្រះ​សាសនា​របស់​ព្រះ​កកុសន្ធោ ព្រះ​កោនាគមនោ និង​ព្រះ​កស្សប​ តាំង​នៅ​បាន​យូរ ។

លំ​ដាប់​ត​អំពី​នោះ ព្រះ​សារីបុត្ត​ ក្រោក​ចាក​អាសនៈ ដណ្តប់​ចីវរ​ឆៀង​ស្មា​ម្ខាង ប្រណម្យ​អញ្ជលី​ឡើង ក្រាប​ទូល​ថា បពិត្រ​ព្រះ​មាន​ព្រះ​ភាគ​ដ៏​ចម្រើន ដល់​ពេល​សម​គួរ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្តិ​សិក្ខា​បទ និង​ទ្រង់​សម្តែង​បាតិមោក្ខ ដល់​សាវក​ទាំង​ឡាយ ដែល​ជា​ហេតុ​​ឱ្យ​​ព្រះ​សាសនា​នេះ​តាំង​នៅ​បាន​យូរ ព្រះ​អង្គ ។ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​សារីបុត្ត ចូរ​រង់​ចាំ​សិន ចូរ​បង្អង់​សិន តថាគត​ជា​អ្នក​ស្គាល់​កាល​វេលា​ ក្នុង​កាល​គួរ​នឹង​ធ្វើ​យ៉ាង​នោះ តថាគត​មិន​ទាន់​បញ្ញត្តិ​សិក្ខា​បទ មិន​ទាន់​សម្តែង​បាតិមោក្ខ​ដល់​សាវក​​ទាំង​ឡាយ ក្នុង​កាល​ដែល​ធម៌​ជា​ទី​តាំង​នៃ​អាសវៈ​ពួក​ខ្លះ​មិន​ទាន់​ប្រាកដ​ឡើង​ដល់​សង្ឃ​ក្នុង​សាសនា​នេះ លុះ​កាល​ណា​ធម៌​ជា​ទី​តាំង​នៃ​អាសវៈ​ពួក​ខ្លះ​ប្រាកដ​ឡើង​ដល់​សង្ឃ​ក្នុង​សាសនា​នេះ កាល​នោះ​ព្រះ​សាស្តា ទើប​ទ្រង់ បញ្ញត្តិ​សិក្ខា​បទ និង​សម្តែង​បាតិមោក្ខ​ដល់​សាវក​ទាំង​ឡាយ​ ដើម្បី​កម្ចាត់​នូវ​ធម៌​ដែល​ជា​ទី​តាំង​នៃ​អាសវៈ​ទាំង​នោះ​នុះ​ឯង ។ ធម៌​ដែល​ជា​ទី​តាំង​នៃ​អាសវៈ​ពួក​ខ្លះ មិន​ទាន់​ប្រាកដ​ឡើង​ដល់​សង្ឃ​ក្នុង​សាសនា​នេះ អស់​កាល​ដែល​សង្ឃ​មិន​ទាន់​ចម្រើន ច្រើន​ដោយ​ភិក្ខុ​ជា​ថេរៈ លុះ​កាល​ណា​សង្ឃ​ចម្រើន​ច្រើន​ដោយ​ភិក្ខុ​ជា​ថេរៈ​ហើយ ឯ​ធម៌​ដែល​ជា​ទី​តាំង​នៃ​អាសវៈ​ពួក​ខ្លះ រមែង​ប្រាកដ​ឡើង​ដល់​សង្ឃ​ក្នុង​សាសនា​នេះ កាល​ណោះ​ឯង​ តថាគត​ក៏​នឹង​ទ្រង់​បញ្ញត្តិ​សិក្ខា​បទ និង​ទ្រង់​សម្តែង​បាតិមោក្ខ​ដល់​សាវក​ទាំង​ឡាយ ដើម្បី​កម្ចាត់​បង់​ធម៌​ដែល​ជា​ទី​តាំង​នៃ​អាសវៈ​ទាំង​នោះ ។ ធម៌​ដែល​ជា​ទី​តាំង… ។ល។ ដល់​សង្ឃ​ដែល​មិន​ទាន់​ចម្រើន​ច្រើន​ដោយ​ការ​ផ្សព្វ​ផ្សាយ ។ ដល់​សង្ឃ​ដែល​មិន​ទាន់​បរិបូណ៌​ដោយ​លាភ​សក្ការៈ ។ ម្នាល​សារីបុត្ត ពេល​នេះ​ភិក្ខុ​សង្ឃ​មិន​ទាន់​មាន​ចម្រូង​ចម្រាស មិន​ទាន់​មាន​ទោស នៅ​ប្រាស​ចាក​សេចក្តី​សៅហ្មង មាន​សេចក្តី​បរិសុទ្ធ​ផូរ​ផង់ តាំង​នៅ​ក្នុង​គុណ ព្រោះ​បណ្តា​ភិក្ខុ ៥០០ រូប​នេះ ភិក្ខុ​ដែល​ទ្រ​ទ្រង់​គុណ​យ៉ាង​ទាប ក៏​ជា​ព្រះ​សោតាបន្ន ជា​អ្នក​មាន​ការ​មិន​ធ្លាក់​ចុះ​ជា​ធម្មតា ជា​អ្នក​មាន​គតិ​ទៀង​ទាត់ តែង​នឹង​បាន​ត្រាស់​ដឹង​ក្នុង​អនាគត​កាល ។

មាន​សេចក្តី​អធិប្បាយ​ព្រះ​ពុទ្ធ​តម្រាស់​ឃាត់​ព្រះ​សារីបុត្ត​ ដែល​ក្រាប​ទូល​​ឱ្យ​​ព្រះ​មាន​ព្រះ​ភាគ​​ ទ្រង់​បញ្ញត្តិ​សិក្ខា​បទ និង​ទ្រង់​សម្តែង​ព្រះ​បាតិមោក្ខ​ដល់​សាវក​ទាំង​ឡាយ ដោយ​ប្រាកដ​ក្នុង​អដ្ឋកថា​គម្ពីរ បឋម​សមន្តប្បាសាទិកា អធិប្បាយ​​ព្រះ​វិន័យ​បិដក​បញ្ជាក់​ថា ពាក្យ​ដែល​ពោល​ក្នុង​​ថា ​ព្រះ​សាសនា​របស់​ព្រះ​ពុទ្ធ​​ទាំង​នោះ​តាំង​នៅ​មិន​បាន​យូរ គឺ​តាំង​នៅ​ត្រឹម​មួយ​រយៈ​ព្រះ​ជន្មាយុ​របស់​ព្រះ​ពុទ្ធ​​ទាំង​នោះ​ប៉ុណ្ណោះ ឯ​ព្រះ​ជន្មាយុ​របស់​ព្រះ​ពុទ្ធ​​ទាំង​នោះ​មាន​ផ្សង​ៗ​គ្នា ដូច្នេះ គឺ ព្រះ​វិបស្សី​មាន​ព្រះ​ជន្ម ​៨ ​ម៉ឺន​ឆ្នាំ អាយុ​របស់​សាវក​ដំបូង ក៏​ស្មើ​នឹង​ព្រះ​ជន្មាយុ​របស់​ព្រះ​វិបស្សី ព្រះ​សាសនា​របស់​ព្រះ​អង្គ​តាំង​នៅ​ត្រឹម​តែ​អាយុ​របស់​សាវក​ចុង​ក្រោយ​ប៉ុណ្ណោះ ព្រះ​សិខី មាន​ព្រះ​ជន្មាយុ ៧ ​ម៉ឺន​ឆ្នាំ សាវក​ទាំង​ឡាយ​ជា​ដំបូង​របស់​ព្រះអង្គ ក៏​មាន​អាយុ​ប្រមាណ​ប៉ុណ្ណោះ​ដូច​គ្នា ព្រះ​សាសនា​របស់​ព្រះ​អង្គ​តាំង​នៅ​ត្រឹម​តែ​អាយុ​របស់​សាវក​ចុង​ក្រោយ​ប៉ុណ្ណោះ ។ ព្រះ​វេស្សភូ មាន​ព្រះ​ជន្មាយុ ៦​ ម៉ឺន​ឆ្នាំ ព្រះ​សាសនា​របស់​ព្រះអង្គ តាំង​នៅ​ត្រឹម​អាយុ​របស់​សាវក​ដែល​ត្រាស់​ដឹង​ចុង​ក្រោយ​គេ​ប៉ុណ្ណោះ សាវក​ដំបូង​មាន​អាយុ​ស្មើ​នឹង​ព្រះ​អង្គ​ប៉ុណ្ណោះ​ឯង ។ ចំណែក​ព្រះ​កកុសន្ធោ មាន​ព្រះ​ជន្មាយុ ៤ ​ម៉ឺន​ឆ្នាំ ព្រះ​កោនាគមនៈ មាន​ព្រះជន្មាយុ ៣​ម៉ឺន​ឆ្នាំ ព្រះ​កស្សបៈ មាន​ព្រះ​ជន្មាយុ ២​ម៉ឺន​ឆ្នាំ ព្រះ​សាវក​របស់​ព្រះ​ពុទ្ធ​​ទាំង ៣ ព្រះ​អង្គ​មាន​ច្រើន​យុគ​សម័យ ព្រះ​សាសនា​របស់​ព្រះ​ពុទ្ទ​ទាំង ៣ ព្រះ​អង្គ​នោះ​ទើប​តាំង​នៅ​បាន​យូរ ។

បរិនិព្វាន[កែប្រែ]

ស្តូប​របស់​ព្រះ​សារី​បុត្ត​ នៅ​នាលន្ទា​ប្រទេស​ឥណ្ឌា

សម័យមួយ ព្រះ​សារីបុត្តអង្គុយ​ចូល​សមាបត្តិ ។ លុះ​លោក​ចេញ​ពី​សមាបត្ត​ហើយ ក៏​គិត​ថា ជា​ធម្មតា ព្រះ​ពុទ្ធ​​ និង​អគ្គ​សាវ័ក នរណា​បរិនិព្វាន​មុន ហើយ​លោក​ក៏​ជ្រាប​ថា អគ្គ​សាវ័ក​បរិនិព្វាន​មុន លោក​ក៏​ពិចារណា​មើល​អាយុ​សង្ខារ​របស់​លោក ឃើញ​ថា​នៅ​តែ​ ៧ ​ថ្ងៃ​ទៀត​នឹង​បរិនិព្វាន ។ លោក​ក៏​បាន​ពិចារណា​ទៀត​ថា លោក​គួរ​តែ​បរិនិព្វាន​ក្នុង​ទី​ណា ពេល​នោះ​លោក​ស្រាប់​តែ​រលឹក​ដល់​ញោម​ស្រី​របស់​លោក ដែល​នៅ​ជា​មិច្ឆា​ទិដ្ឋិ​(មាន​ការ​យល់​ខុស)​នៅ​ឡើយ ។​ លោក​ក៏​មើល​ឧបនិស្ស័យ​របស់​ញោមលោក ដឹង​ថា​ញោម​ស្រី​មាន​ឧបនិស្ស័យ​អាច​សំរេច​សោតា​បត្តិ​មគ្គ ដោយ​បាន​ស្តាប់​ធម៌​របស់​លោក ។ លោក​ក៏​សំរេច​ចិត្ត​ទៅ​ផ្ទះ​ញោម​ស្រីដើម្បី​ប្រោស​ញោម ហើយ​និង​បរិនិព្វាន​ក្នុង​បន្ទប់​ដែល​លោក​ប្រសូត ។


ព្រះសារី​បុត្ត​គិត​ហើយ ក៏​ទៅ​សុំ​អនុញ្ញាត​ ថ្វាយបង្គំលា​ព្រះ​សម្មាសម្ពុទ្ធ ដើម្បី​នឹង​បរិនិព្វាន ។ ព្រះ​អង្គ​ក៏​បាន​​ឱ្យ​​ព្រះ​សារី​បុត្ត​សម្តែង​ធម៌​ទេសនា​ជា​លើក​ចុង​ក្រោយ​របស់​លោក ។ លុះ​សម្តែង​ចប់​ហើយ ព្រះ​សារី​បុត្ត​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​ជាមួយ​នឹង​ភិក្ខុ​ ៥០០ ​រូប ដោយ​មាន​មហា​ជន​ជា​ច្រើន​ជូន​ដំណើរ​លោក​រហូត​ដល់​ទ្វារ​នគរ ។ ក្នុង​ថ្ងៃ​ដែល​ទៅ​ដល់​ផ្ទះ​ញោម យប់​នោះ​ព្រះ​ធម្មសេនាបតី​មាន​អាពាធ​យ៉ាង​ខ្លាំង​ក្លា (រោគ​ធ្លាក់​ឈាម) ។ ទេវតា​ទាំង​ឡាយ​មក​សុំ​មើល​ព្យាបាល​ជំងឺ​​ឱ្យ​​លោក តែ​លោក​បាន​បដិសេធន៍ ។ គ្រានោះ ញោម​របស់​លោក​បាន​ឃើញ​ទេវតា​ទាំង​ឡាយ លុះ​ទេវតា​ទៅ​វិញ​អស់​ ទើប​ញោមស្រី​ចូល​ទៅ​សួរ​លោក​អំ​ពី​អ្នក​ដែល​មកមុន​នេះ ។ ព្រះ​សារី​បុត្ត​ក៏​ប្រាប់​ថា ហ្នឹងគឺ​​ព្រះ​ឥសូ​រ​ ព្រះ​ព្រហ្ម​ មហារាជ​ទាំង​ ៤ ។ នាង​ព្រាហ្មណី​ក៏​គិត​​ក្នុង​ចិត្ត​ថា យើង​ធ្លាប់​គោរព​បូជា​ព្រះ​ព្រហ្ម តែ​ពេល​នេះ​ព្រះ​ព្រហ្ម​បែរ​ជា​មក​ថ្វាយ​បង្គំ​បុត្ត​របស់​យើង​វិញ ។ បើ​ដូច្នេះ ព្រះ​សាស្តា​របស់​បុត្ត​យើង​ នឹង​ធំ​ជាង​នេះ​ទៅ​ទៀត ។ គិត​រួច នាង​ព្រាហ្មណី​ក៏​សួរ​អំពី​គុណ​របស់​ព្រះ​ពុទ្ធ​ ។ ព្រះ​សារី​បុត្ត​បាន​រៀប​រាប់​គុណ​ទាំង​ឡាយ​របស់​ព្រះ​អង្គ ហើយ​ក៏​បាន​ធ្វើ​​ឱ្យ​​នាង​ព្រាហ្មណី​មាន​ចិត្ត​ជ្រះ​ថ្លា សោតាបត្តិមគ្គ​ក៏​បាន​កើត​ប្រាដក​ដល់​ញោម​ស្រី​របស់​លោក​ក្នុង​ពេល​នោះ ។

ពេល​ទៀប​ភ្លឺ ព្រះ​សារី​បុត្ត​បាន​​ឱ្យ​​ព្រះ​ចុន្ទ​ ដែល​ជា​ប្អូន​របស់​លោក​ប្រ​ការ​សង្ឃ​មក​ប្រ​ជុំ​គ្នា នឹង​អាល​បាន​សុំ​ខមាទោស​នូវ​ទោស​កំហុស​ណា​ដែល​លោក​បាន​ធ្វើ​ដោយ​កាយ​ឬ​ដោយ​វាចារ​មិន​ជា​ទី​គាប់​ចិត្តដល់​សិស្សរបស់​លោក ។​ លុះ​សុំ​ខមាទោស​គ្នា​ទៅ​វិញទៅ​មក​ស្រេច​ហើយ ព្រះ​សារី​បុត្ត​ក៏​យក​ចីវរ​មួយ​ផ្ទាំង​គ្រប​មុខ ហើយ​ចូល​សមាបត្តិក្នុង​វិហារធម៌​ដោយ​លំដាប់​៩​យ៉ាង (​រូប​ជ្ឈាន​៤ អរូប​ជ្ឈាន​៤ និង​សញ្ញាវេទយិតនិរោធ)​ ហើយ​ក៏​បញ្ច្រាស់​ទៅ​មក​ លុះ​ចេញពី​ចតុត្ថជ្ឈាន លោក​ក៏​បរិនិព្វាន​ដោយ​អនុបាទិសេស​និព្វាន នៅ​ពេល​ដែល​អរុណោទ័យ​ប្រាកដ​ឡើង​ឯ​នាយ​ជើង​មេឃ ត្រូវ​នឹង​ថ្ងៃ​ ១៥​កើត​ ខែ​កត្តិក

ការបញ្ញតិសិក្ខាបទរបស់​ព្រះពុទ្ធ[កែប្រែ]

សេច​ក្តី​​ដែល​​ព្រះ​​មាន​​ព្រះ​ភាគ​របស់​យើង​ទាំង​ឡាយ ទ្រង់​មិន​ទាន់​បញ្ញត្តិ​សិក្ខា​បទ​ក្នុង​កាល​ដែល​នៅ​មិន​ទាន់​មាន​ហេតុ​នោះ ព្រោះ​ព្រះ​អង្គ​ទ្រង់​ការ​ពារ​ការ​តិះ​ដៀល​ដែល​នឹង​កើត​អំពី​មនុស្ស​ទាំង​ឡាយ​ថា កាល​សាវក​តាំង​នៅ​ជា​ប្រ​ក្រតី ហេតុ​អ្វី​ព្រះ​សមណ​គោតម​ក៏​ទ្រង់​បញ្ញត្តិ​សិក្ខា​បទ ការ​ទ្រង់​បញ្ញត្តិ​សិក្ខា​បទ​មុន​មាន​ហេតុ​ការណ៏​រមែង​ជា​ទោស ដូច​ការ​ដាក់​ថ្នាំ​ដល់​បុគ្គល​ដែល​មិន​ទាន់​ឈឺ​ដូច្នោះ ។ បើ​ពេទ្យ​ណា​ហៅ​អ្នក​ដែល​មិន​ទាន់​កើត​បូស​មក​ប្រាប់​ថា បូស​ធំ​នឹង​កើត​ឡើង​ក្នុង​រាង​កាយ​របស់​អ្នក​ត្រង់​នេះ អ្នក​ចូរ​ប្រញាប់​ព្យា​បាល​ក្នុង​កាល​ឥឡូវ​នេះ​ កាល​អ្នក​នោះ​ព្រម​​ឱ្យ​​ព្យា​បាល ពេទ្យ​ល្ងង់​នោះ​ក៏​វៈ​រាង​កាយ​ត្រង់​នោះ​ហើយ​នាំ​លោហិត​ចេញ​ទៅ លុះ​វៈ​ហើយ​ពេទ្យ​នោះ ក៏​ទារ​ថ្លៃ​អំពី​អ្នក​នោះ អ្នក​នោះ​ក៏​នឹង​ជំ​ទាស់​ថា តើ​លោក​បាន​ព្យា​បាល​ជម្ងឺ​អ្វី​របស់​ខ្ញុំ មាន​តែ​ធ្វើ​​ឱ្យ​​ខ្ញុំ​កើត​ទុក្ខ ធ្វើ​​ឱ្យ​​លោហិត​របស់​ខ្ញុំ​អស់​ទៅ​តែ​ប៉ុណ្ណោះ​ដូច្នេះ យ៉ាង​ណា​មិញ កាល​ពួក​សាវក​មិន​ទាន់​មាន​កំ​ហុស បើ​ព្រះ​ពុទ្ធ​ទ្រង់​បញ្ញត្តិ​សិក្ខា​បទ​ឡើង ក៏​នឹង​បាន​ទទួល​ការ​ជំ​ទាស់​តិះ​ដៀល​ដូច្នោះ លុះ​ត្រា​តែ​ពួក​សាវក​មាន​កំហុស​កើត​ឡើង​ហើយ ទើប​ព្រះ​ពុទ្ធ ទ្រង់​បញ្ញត្តិ​សិក្ខា​បទ​ឡើង ប្រៀប​ដូច​កាល​រោគ​កើត​ឡើង​ហើយ ទើប​គ្រូ​ពេទ្យ​ឆ្លាត​ដាក់​ថ្នាំ​ព្យា​បាល​ជម្ងឺ​ដូច្នោះ ។​

កិត្តិគុណរបស់​ព្រះ​សារីបុត្ត[កែប្រែ]

កិត្តិ​គុណ​របស់​ព្រះ​សារីបុត្ត​ ដូច​ជា​កិត្តិ​គុណ​ព្រះ​រាជ​ឱរស​របស់​ស្តេច​ចក្រ​ពត្តិ ដែល​មាន​ប្រាកដ​មក​ក្នុង​​គម្ពីរ​អង្គុត្តរ​និកាយ​បញ្ចក​និបាត នៃ​អនុវត្តន​សូត្រ និង​ក្នុង​អដ្ឋកថា​គម្ពីរ​មនោរថ​បូរណី​បញ្ជាក់​ថា ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​បាន​សម្តែង​ទុក​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រះ​រាជ​ឱរស​ច្បង​របស់​ស្តេច​ចក្រ​ពត្តិ ប្រកប​ដោយ​គុណ ៥​ ប្រការ រមែង​ធ្វើ​​ឱ្យ​​ចក្រ​ដែល​ព្រះ​រាជ​បិតា​ទ្រង់​​ឱ្យ​​ប្រ​ព្រឹត្ត​ទៅ​ហើយ ​ឱ្យ​​ប្រ​ព្រឹត្ត​ទៅ​តាម​បាន​ដោយ​ធម៌ ចក្ក​រតនៈ​នោះ រមែង​ជា​ចក្រ​ដែល​មិន​មាន​អ្នក​ជា​សឹក​សត្រូវ​ណា​ៗ ត​ទល់​បាន​ឡើយ គុណ​សម្បត្តិ ៥ ​ប្រការ​នោះ គឺ​ព្រះ​រាជ​ឱរស​ច្បង​របស់​ស្តេច​ចក្រ​ពត្តិ​ទ្រង់​ជា​អ្នក​ប្រាជ្ញ ។ អត្ថញ្ញូ ស្គាល់​អត្ថ បាន​ដល់ រមែង​ទ្រង់​ជ្រាប​ប្រយោជន៍​របស់​រាជ​ការ ត្រូវ​ធ្វើ​​ឱ្យ​​ប្រជាជន​ត្រជាក់​ដោយ​សង្គហ​វត្ថុ​៤ ។ ធម្មញ្ញូ ស្គាល់​ធម៌ បាន​ដល់ រមែង​ទ្រង់​ជ្រាប​ធម៌ និង​ច្បាប់​ប្រពៃណី នៃ​ព្រះ​រាជា​ទាំង​ឡាយ​ក្នុង​កាល​មុន ហើយ​តាំង​នៅ​ក្នុង​ទស​ពិធ​រាជ​ធម៌ ។ មត្តញ្ញូ ស្គាល់​ប្រមាណ បាន​ដល់ រមែង​ទ្រង់​ជ្រាប​ក្នុង​ការ​ដាក់​ទោស ឬ​ក្នុង​ការ​ប្រើ​កម្លាំង និង​ស្គាល់​ក្នុង​ការ​ទទួល​រាជ​ពលី បាន​ដល់​ការ​ប្រមូល​ពន្ធ​អាករ មិន​​ឱ្យ​​ប្រជាជន​ក្តៅ​ក្រហាយ ។ កាលញ្ញូ ស្គាល់​កាល បាន​ដល់ រមែង​ទ្រង់​ជ្រាប​កាល​សោយរាជ្យ​សុខ កាល​ធ្វើ​ការ​វិនិច្ឆ័យ កាល​ស្តេច​យាង​សួរ​សុខ​ទុក្ខ​តាម​ជន​បទ ។ បរិសញ្ញូ ស្គាល់​បរិស័ទ បាន​ដល់ រមែង​ទ្រង់​ជ្រាប​ថា​នេះ​ជា​ខត្តិយ​បរិស័ទ នេះ​ជា​ព្រាហ្មណ៍​បរិស័ទ នេះ​ជា​វេស្ស​បរិស័ទ (ពួក​ឈ្មួញ) នេះ​ជា​សូទ្រ​បរិស័ទ នេះ​ជា​សមណ​បរិស័ទ គឺ​ស្គាល់​កិរិយា​អាការៈ ការ​និយាយ ការ​ធ្វើ​ចំពោះ​ប្រ​ជុំ​ជន​ថា ដូច​ម្តេច​ទើប​ល្មម​នឹង​បរិស័ទ​នោះ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រះ​រាជ​ឱរស​ច្បង​របស់​ស្តេច​ចក្រ​ពត្តិ​ទ្រង់​ធ្វើ​​ឱ្យ​​ចក្រ ដែល​ព្រះ​រាជ​បិតា​ទ្រង់​​ឱ្យ​​ប្រព្រឹត្ត​ទៅ​ហើយ ​ឱ្យ​​ប្រព្រឹត្ត​ទៅ​តាម​ដោយ​ធម៌​ពិត យ៉ាង​ណា​មិញ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រះ​សារីបុត្ត​ប្រកប​ដោយ​ធម៌ ៥​ប្រការ ក៏​ដូច្នោះ​ដែរ គឺ​សារីបុត្ត​រមែង​ញ៉ាំង​ធម្ម​ចក្រ ដ៏​ប្រសើរ​ដែល​តថាគត​​ឱ្យ​​ប្រព្រឹត្ត​ទៅ​ហើយ ​ឱ្យ​​ប្រព្រឹត្ត​ទៅ​តាម​ដោយ​ត្រឹម​ត្រូវ ធម្ម​ចក្រ​នោះ​រមែង​មិន​មាន​សមណៈព្រាហ្មណ៍ទេព្តា មារ​ព្រហ្ម អ្នក​ណា​មួយ​ក្នុង​លោក នឹង​រា​រាំង​បាន​ឡើយ ។

ធម៌ ៥ ប្រការ​នោះ តើ​ដូច​ម្តេច? ​សារីបុត្ត ជា​អ្នក​ឆ្លាត​តែង​ស្គាល់ ទី ​១ អត្ថញ្ញូ គឺ​ស្គាល់​អត្ថ បាន​ដល់ ស្គាល់​ប្រយោជន៍ ​៥ ​ប្រការ បាន​ដល់ (១) វត្ថុដែលកើតឡើងដោយអាស្រ័យហេតុបច្ច័យ (២) និព្វាន (៣) អត្ថន័យនៃពាក្យពេចន៍ (៤) វិបាក និង (៥) កិរិយា ។ ទី ២ ធម្មញ្ញូ គឺ​ស្គាល់​ធម៌​បាន​ដល់ ស្គាល់​ធម៌ ​៥ ​ប្រការ គឺ (១) ធម៌ដែលជាបច្ច័យ (២)​ អរិយមគ្គ (៣) ពុទ្ធវចនៈ (៤) កុសល (៥) អកុសល ។ ទី ៣ មត្តញ្ញូ គឺ​ស្គាល់​ប្រមាណ បានដ​ល់ ស្គាល់​ប្រមាណ​ក្នុង​ការ​ទទួល និង​ការ​បរិភោគ​បច្ច័យ​៤ គឺ​គ្រឿង​ស្លៀក​ដណ្តប់ អាហារ​បិណ្ឌ​បាត ទី​សេនា​សនៈ ថ្នាំ​កែ​រោគ ។ ទី ៤ កាលញ្ញូ ស្គាល់​កាល បានដល់ ស្គាល់​កាល​ថា កាល​នេះ​ជា​កាល​គួរ នៅ​ក្នុង​ទី​ស្ងប់​ស្ងាត់ កាល​នេះ​ជា​កាល​ចូល​សមាបត្តិ កាល​នេះ​ជា​កាល​សម្តែង​ធម៌ កាល​នេះ​ជា​កាល​ចារិក​ទៅ​តាម​ជន​បទ ។ ទី ៥ បរិសញ្ញូ ស្គាល់​បរិស័ទ បាន​ដល់ ស្គាល់​ថា នេះ​ជា​ខត្តិយ​បរិស័ទ នេះ​ជា​ព្រាហ្មណ៍​បរិស័ទ នេះ​ជា​គហបតី​បរិស័ទ នេះ​ជា​សមណ​បរិស័ទ ការ​ដឹង​កិរិយា​អាការៈ ការ​និយាយ ការ​ធ្វើ​ចំពោះ​ប្រ​ជុំ​ជន​ធ្វើ​ដូច​ម្តេច​ទើប​សម​ល្មម​នឹង​បរិស័ទ​នោះ ។

ការ​បដិបត្តិ​ល្អ​របស់​ព្រះ​សារីបុត្ត ដែល​បាន​ទទួល​ព្រះ​ពុទ្ធ​តម្រាស់​សរសើរ​ថា ដូច​ជា​ម្តាយ​អ្នក​​ឱ្យ​​កំណើត​បុត្ត ដូច​មាន​សម្តែង​ទុក​ក្នុង​​សច្ចវិភង្គ​សូត្រ នៃ​គម្ពីរ​មជ្ឈិម​និកាយ ឧរិ​បណ្ណា​សកៈ សម្តែង​អំពី​ព្រះ​មាន​ព្រះភាគ ត្រាស់​សរសើរ​ព្រះ​សារីបុត្ត​ និង​ព្រះ​មហា​មោគ្គល្លាន​​ថា សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​គង់​នៅ​ឥសិបតន​មិគទាយវ័ន ក្បែរ​ក្រុង​ពារាណសី ត្រាស់​រៀប​រាប់​អំពី​ព្រះ​អង្គ សម្តែង​ធម្ម​ចក្រ គឺ​ព្រះ​ធម្ម​ទេសនា​ក្នុង​ព្រៃ​ឥសិបតន​មិគទាយវ័ន ដែល​សមណ​ព្រាហ្មណ៍ ទេព្តា មារ ព្រហ្ម ឬ​អ្នក​ណា​មួយ​ក្នុង​លោក មិន​អាច​រា​រាំង​បាន ហើយ​ត្រាស់​ណែនាំ​​ឱ្យ​​ភិក្ខុ​ទាំង​ឡាយ​គប់​រក​ព្រះ​សារីបុត្ត និង​ព្រះ​មោគ្គល្លាន​ដែល​ជា​បណ្ឌិត ជា​អ្នក​អនុគ្រោះ​ដល់​មិត្ត​ស​ព្រហ្ម​ចារី​ភិក្ខុ​ផ្សេង​គ្នា ត្រាស់​ប្រៀប​ប្រ​ដូច​ព្រះ​សារីបុត្ត​​ទៅ​នឹង​មាតា​អ្នក​​ឱ្យ​​កំណើត ព្រះ​មោគ្គល្លាន​ដូច​ជា​មេ​ដោះ ព្រះ​សារីបុត្ត ជា​អ្នក​ណែនាំ​​ឱ្យ​​តាំង​នៅ​ក្នុង​សោតា​បត្តិ​ផល ព្រះ​មោគ្គល្លាន ក៏​ណែ​នាំ​​ឱ្យ​​តាំង​នៅ​ក្នុង​មគ្គ​ផល​ខ្ពស់​ឡើង ។ ព្រះ​សារីបុត្ត​ជា​អ្នក​អាច​អធិប្បាយ​អរិយ​សច្ច​៤​ដោយ​ពិស្តារ​បាន ។ លុះ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ដូច្នេះ​ហើយ ទើប​ទ្រង់​ក្រោក​ឡើង​យាង​ចូល​ទៅ​កាន់​ព្រះ​វិហារ ឯ​ព្រះ​សារីបុត្ត​ក៏​សម្តែង​ធម៌​ដល់​ភិក្ខុ​ទាំង​ឡាយ​ដោយ​បាន​ អធិប្បាយ​អរិយ​សច្ច​៤ ​ឱ្យ​​ស្តាប់​យ៉ាង​ពិស្តារ ។ មាន​ព្រះ​ពុទ្ធ​វចនៈ​ត្រាស់​សរសើរ​ព្រះ​សារីបុត្ត​ ថា​ជា​បុគ្គល​ឯក ផ្នែក​សម្តែង​ធម្ម​ចក្រ​បាន​ត្រូវ​តាម​ព្រះពុទ្ធ​បំណង ក្នុង​​គម្ពីរ​អង្គុត្តរ​និកាយ​ឯក​និបាត នៃ​បុគ្គល​វគ្គ ដោយ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​លើក​តម្កើង​សមត្ថភាព​របស់​លោក​ថា ជា​បុគ្គល​ឯក មាន​សេចក្តី​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​ពិចារណា​មើល​មិន​ឃើញ​បុគ្គល​ណា​ម្នាក់​ដែល​ជា​អ្នក​ប្រកាស​ធម្ម​ចក្រ​ដ៏​ប្រសើរ​ដែល​តថាគត​ប្រកាស​ទុក​ហើយ ​ឱ្យ​​បាន​ស្មើ​តថាគត ដូច​សារីបុត្ត ម្នាល​ភិក្ខុ​ទាំង​ឡាយ សារីបុត្ត​រមែង​ប្រកាស​ព្រះ​ធម្ម​ចក្រ​ដ៏​ប្រសើរ ​ដែល​តថាគត​ប្រ​កាស​ទុក​ហើយ​បាន​ល្អ ដូច​ជា​តថាគត​ដែរ កិត្តិ​គុណ​ជា​អច្ឆរិយៈ ផ្នែក​មាន​សមត្ថភាព​ពិសេស​មួយ​ ដែល​ធ្វើ​​ឱ្យ​​លោក​បាន​ទទួល​ការ​តែង​តាំង មាន​ចារឹក​ប្រាកដ​ក្នុង​​គម្ពីរ​អង្គុត្តរ​និកាយ ឯក​និបាត តាម​ដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​តែង​តាំង​ឯតទគ្គៈ ដល់​សារីបុត្ត​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ សារីបុត្ត​កំពូល​ជាង​ភិក្ខុ​ទាំង​ឡាយ ដែល​ជា​សាវក​របស់​តថាគត ខាង​មាន​បញ្ញា​ច្រើន ។ ភាវៈ​ជា​អ្នក​មាន​បញ្ញា​លើស​លប់​របស់​ព្រះ​សារីបុត្ត​ ក្រៅ​ពី​ព្រះ​មាន​ព្រះ​ភាគ​បាន​ទ្រង់​ប្រកាស​លោក​​ឱ្យ​​ជា ឯតទគ្គ​ហើយ ថែម​ទាំង​បាន​ត្រាស់​សរសើរ​លោក​ក្នុង​ផ្នែក​ជា​អ្នក​មាន​បញ្ញា​ច្រើន​ន័យ​ទៀត ដូច​មាន​ចារឹក​ទុក​ក្នុង​​គម្ពីរមជ្ឈិមនិកាយ​ឧបរិបណ្ណាសកៈ នៃអនុបទ​វគ្គ ក្នុង​អនុបទ​សូត្រ​ដែល​សម្តែង​ដោយ​លំដាប់​បទ ( ប៉ុន្តែ​នឹង​លើក​មក​ត្រឹម​តែ​ចំណែក​ខ្លះ) បញ្ជាក់​ថា សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ​វត្ត​ជេត​ពន​មហា​វិហារ​ជា​អារាម​របស់​អនាថបិណ្ឌិកសេដ្ឋី​កសាង​ក្បែរក្រុងសាវត្ថី​ក្នុង​គ្រា​នោះ​ព្រះ​​មាន​ព្រះ​ភាគ​ត្រាស់​​ឱ្យ​​ភិក្ខុ​ទាំង​ឡាយ​ស្តាប់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ សារីបុត្ត​ជា​បណ្ឌិត ជា​អ្នក​មាន​ប្រាជ្ញា​ច្រើន ជា​អ្នក​មាន​ប្រាជ្ញា​ក្រាស់​ជា​អ្នក​មាន​ប្រាជ្ញា​វាង​វៃ ជា​អ្នក​មាន​ប្រាជ្ញា​រហ័ស​ ជា​អ្នក​មាន​ប្រាជ្ញា​មុត​ស្រួច​ ជា​អ្នក​មាន​ប្រាជ្ញា​ទម្លាយ​កិលេស​បាន ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ សារីបុត្ត​ឃើញ​​ច្បាស់​ធម៌​តាម​លំដាប់​បទ​បាន​ក្នុង​កាល​មួយ​រំពេច​ប៉ុណ្ណោះ ហើយ​ព្រះ​មាន​ព្រះ​ភាគ​បាន​ត្រាស់​សរសើរ​ព្រះ​សារីបុត្ត ផ្នែក​ខាង​ចូល​រូប​ឈាន​ ​៤​ និង អរូប​ឈាន ទាំង​ការ​កំណត់​ដឹង​សភាវៈ​ដែល​ជា​រូប និង​អរូប​មក​ជា​អារម្មណ​ថា លោក​ចូល​ទៅ​តាម​លំដាប់​នៃ​ឈាន ហើយ​អាច​កំណត់​ដឹង​ធម៌​តាម​លំដាប់​ថ្នាក់​ឈាន​ទាំង​ដឹង​ច្បាស់​នូវ​ការ​កើត​ឡើង​​ការ​​តាំង​នៅ​ ការ​អស់​ទៅ​នៃ​ធម៌ទាំង​នោះ​ រហូត​បាន​ទទួល​ការ​សរសើរ​ថា ជា​អ្នក​ស្ទាត់​ជំនាញ ដល់​នូវ​ការ​សម្រេច​ក្នុង​អរយិ​សីល អរិយ​សមា​ធិ អរិយ​បញ្ញា អរិយ​វិមុត្តិ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​កាល​ពោល​ដោយ​ប្រពៃ​គប្បី​ពោល​សរសើរ​ភិក្ខុ​ជា​បុត្ត​របស់​ព្រះពុទ្ធ ជា​ឱរស​របស់ព្រះ​មាន​ព្រះ​ភាគ កើត​អំពី​ព្រះ​ឱស្ឋ​របស់​ព្រះ​មាន​ព្រះ​ភាគ កើត​អំពី​ធម៌​ អ្នក​ដែល​ធម៌​​និម្មិត​ ជាធម្ម​ទា​យាទ មិន​ជា​ទា​យាទ​របស់​អាមិស ភិក្ខុ​រូប​នោះ គឺ​សារីបុត្ត​នេះ​ឯង ។ ម្នាលភិក្ខុ​ទាំង​ឡាយ សារីបុត្ត​រមែង​ប្រកាស​ធម្ម​ចក្រ​​ឱ្យ​​ប្រព្រឹត្ត​ទៅ​តាម​ដោយ​ប្រពៃ​បាន ដូច​តថាគត់​​ឱ្យ​​ប្រព្រឹត្ត​ទៅ​ហើយ ។ កាល​ព្រះ​មាន​ព្រះ​ភាគ​បាន​ត្រាស់​ដូច្នេះ​ហើយ ភិក្ខុទាំង​នោះ​ក៏​សម្តែង​សេចក្តី​ត្រេក​អរ​រីក​រាយ​ចំពោះ​ព្រះ​ពុទ្ធ​តម្រាស់​ដែល​ត្រាស់​សរសើរ​នោះ ។

ភាព​ជា​អ្នក​មាន​បញ្ញា​របស់​ព្រះ​សារីបុត្ត​ដែល​ព្រះពុទ្ធ​ត្រាស់​សរសើរ​ថា​វៀរ​ព្រះ​ពុទ្ធ​​ចេញ​ហើយ​មិន​មាន​អ្នក​ណា​នឹង​មាន​សមត្ថភាព​ប្រៀប​ផ្ទឹម​បញ្ញា​របស់​ព្រះ​សារីបុត្ត​បាន​ឡើយ​ ដូច​មាន​រឿង​ទាក់​ទង​នឹង​ការ​រាប់​ដំណក់​ទឹក​ភ្លៀង​ដែល​មាន​ចារ​ក្នុង​អដ្ឋកថា​គម្ពីរ​ធម្ម​បទ​នៃ​ពុទ្ធ​​វគ្ព​ក្នុង​រឿង​យមក​បាដិហារិយ៏​បញ្ជាក់​ថា ព្រះ​សារីបុត្ត​បាន​ឈរ​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​សាស្តា​បន្លឺ​សីហនាទ​ថា បពិត្រ​ព្រះ​មាន​ព្រះ​ភាគ​កាល​ភ្លៀង​ធ្លាក់​រហូត​កប្ប​ក៏​ដោយ ខ្ញុំ​ព្រះ​អង្គ​​ក៏​អាច​រាប់​គណនា​បាន​ថា​ភ្លៀង​ធ្លាក់​ក្នុង​មហា​សមុទ្រ​ប៉ុណ្ណេះ​ដំណក់​ ធ្លាក់​លើ​ផែន​ដី​ប៉ុណ្ណេះ​ លើ​កំ​ពូល​ភ្នំ​ប៉ុណ្ណេះ​ដំ​ណក់ ព្រះ​បរម​សាស្តា​ត្រាស់​នឹង​សារីបុត្ត​ថា ​ម្នាល​សារីបុត្ត​តថាគត​ក៏​ដឹង​ថា​អ្នក​អាច​រាប់​ដំណក់​គ្រាប់​ភ្លៀង​បាន​ (ក្នុងអដ្ឋកថា ​រឿង​​សក្ក​ទេវរាជ​​ថា​ សាវក​ទាំង​ឡាយ​មាន​ព្រះ​សារីបុត្ត​ជា​ដើម​ដែល​ប្រកប​ដោយ​បញ្ញា​ដែល​អាច​រាប់​ដំណក់​ទឹក​ភ្លៀង​បាន​ក្នុង​កាល​ភ្លៀង​ធ្លាក់​រហូត​ទូ​ទាំង​ផែន​ដី​ ម៉្យាង​ទៀត​សេចក្តី​ឧបមា​ដែល​នឹង​នាំ​មក​ប្រៀប​ធៀប​នឹង​បញ្ញា​របស់​ព្រះ​សារីបុត្ត​មិន​មាន​ ព្រោះ​ដូច្នោះ​ទើប​លោក​ក្រាប​ទូល​ថា ខ្សាច់​ក្នុង​ស្ទឹង​គង្ពារ​នឹង​អស់​ទៅ​ ទឹក​ក្នុង​មហា​សមុទ្រ​នឹង​រីង​ស្ងួត​ហួត​ហែង​ទៅ​ ដី​ក្នុង​ផែន​ដី​នឹង​អស់​ទៅ​ ការ​ឆ្លើយ​បញ្ហា​ដោយ​ការ​ដឹង​របស់​ខ្ញុំ​ព្រះ​អង្គ​នៅ​មិន​ទាន់​អស់​ឡើយ​ ។ មាន​សេចក្តី​អធិប្បាយ​ពាក្យ​ពេចន៍​របស់​ព្រះថេរៈ​វគ្គ​នេះ​ថា​ កាល​លោក​ដោះ​ស្រាយ​បញ្ហា​មួយ​ន័យ​ចប់​ហើយ​ បុគ្ពល​នឹង​ដាក់​ខ្យាច់​មួយ​គ្រាប់​ ដំណក់​ទឹក​មួយ​ដំណក់​ ដី​មួយ​ដុំ​តូច​ចុះ​ទៅ​ ​សូម្បី​លោក​ដោះ​ស្រាយ​បញ្ហា​រាប់​រយ​រាប់​ពាន់​ឬ​ក៏​រាប់​សែន​បញ្ហា​ បុគ្ពល​នឹង​ដាក់​ខ្នាច់​យ៉ាង​ណា​មួយ​មាន​ខ្សាច់​ជា​ដើម​ក្នុង​ទន្លេ​គង្ពារ​ មួយ​បញ្ហា​មួយ​គ្រាប់ វត្ថុ​គណនា​ទាំង​ឡាយ​មាន​ខ្សាច់​ដែល​នៅ​ក្នុង​ទន្លេ​គង្ពារ​ជា​ដើម​គប្បី​អស់​ទៅ​ដោយ​រហ័ស​ជាង​ការ​ឆ្លើយ​បញ្ហា​របស់​លោក​ គឺ​វត្ថុ​ផ្សេង​ៗ​ដែល​នាំ​មក​ធ្វើ​ជា​ខ្នាច់​នឹង​អស់​ទៅហើយ​ តែ​ការ​ឆ្លើយ​បញ្ហា​របស់​លោក​​មិន​ទាន់​អស់​ទៅ​ទេ ។

គុណ​សម្បតិ្ត​ និង​ជំនាញ[កែប្រែ]

គោលធម៌​ដែល​ជា​គុណ​សម្រាប់​ធ្វើ​នាទី​ជា​ទូត គឺ​ជា​អ្នក​នាំ​សេចក្តី​ទៅ​ប្រាប់​ដល់​ផ្នែក​ទាំង​ពីរ​ មាន​ក្នុង​ខ្លួន​ព្រះ​សារី​បុត្ត​ ដែល​មាន​ពោល​ក្នុង​​ទូត​សូត្រ​គម្ពីរ​អង្គុត្តរ​និកាយ អដ្ឋក​និបាត​បញ្ជាក់​ថា ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​សរសើរ​ព្រះ​សារី​បុត្ត​ថា មាន​គុណ​សម្បត្តិ​ផ្នែក​អ្នក​ការ​ទូល គឺ​ជា​អ្នក​ប្រកប​ដោយ​អង្គ​ ៨ ​ប្រការ សម​គួរ​ដល់​ការ​ធ្វើ​ជា​ទូត គឺ (១) ចេះ​ទទួល​ស្តាប់​ដោយ​ខ្លួន​ឯង (២) ចេះ​ញុំាង​អ្នក​ដទៃ​​ឱ្យ​​ព្រម​ស្តាប់​ខ្លួន (៣) រៀន​យក​ដោយ​ល្អ (៤) ចង​ចាំ​ទុក​បាន​ល្អ (៥) ជា​អ្នក​យល់​ដឹង​ដោយ​ល្អ សព្វ​កិច្ចការ (៦) ធ្វើ​​ឱ្យ​​អ្នក​ដទៃ​បាន​ដឹង​ផង (៧) ឆ្លាត​ក្នុង​អំពើ​ដែល​ជា​ប្រយោជន៍ និង​មិន​ជា​ប្រយោជន៍ និង (៨) មិនបង្ករ​ការ​ឈ្លោះ​វិវាទ (មានបដិភាណល្អ) ។

លទ្ធផងការ​ងារ​របស់​លោក​ដែល​ចាត់​ទុក​ជា​ព័ស្តុតាង ត​មក​ដល់​ការ​សង្គាយនា​ជា​បន្ត​បន្ទាប់ គឺ​លោក​បាន​ប្រជុំ​ព្រះសង្ឃ​បរិយាយ​ធម៌ដែល​សំខាន់​ៗ ចែក​ជា​វគ្គ ជា​ឃ្លា ស្រួល​ក្នុង​ការ​ចងចាំ ហៅ​ថា សង្គីតិ​សូត្រ ចាត់​ជា​សង្គាយនា​ព្រះ​ធម៌​ក្នុង​សម័យ​ដែល​ព្រះ​ពុទ្ធ​​ទ្រង់​គង់​ព្រះ​ជន្ម​នៅ​ឡើយ តែ​ជា​ការ​ធ្វើ​ដោយ​ផ្ទាល់​ខ្លួន មិន​បាន​សូម​ញត្តិ​អំពី​ព្រះ​សង្ឃ មាន​សេចក្តី​ប្រាកដ​ពិស្តារ​ក្នុង​សង្គីតិ​សូត្រ​ទី ​៣៣ ​នៃ​ទីឃនិកាយ បាដិក​វគ្គ​បញ្ជាក់​ថា សម័យ​មួយ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សម្រេច​ឥរិយា​បទ​នៅ​ក្នុង​នគរ​បាវា ក្នុង​សណ្ឋាគារ ឈ្មោះ ឧព្ភតកៈ របស់​ស្តេច​មល្លៈ​ទាំង​ឡាយ ក្នុង​រាត្រី​មួយ​ទ្រង់​សម្តែង​ធម៌​ដល់​ស្តេច​មល្លៈ​ទាំង​ឡាយ​រហូត​យប់​ជ្រៅ ព្រះអង្គ​ទ្រង់​រោយ​ខ្នងណាស់ ទ្រង់​បំណង​នឹង​ទម្រេត​ខ្នង​បន្តិច ទើប​ប្រោស​ប្រទាន​វរោកាស​​ឱ្យ​​ព្រះ​សារីបុត្ត​​សម្តែង​ធម៌ដល់​ព្រះសង្ឃ​ជំនួស​ព្រះអង្គ ។ ព្រះ​សារី​បុត្ត​បាន​ឱកាសល្អ​ដូច្នោះ ទើប​ប្រារព្ធ​រឿង​និគ្រន្ថ​វិវាទ​គ្នា ជា​មូល​ហេតុ​ ​ឱ្យ​​ព្រះ​សង្ឃ​ទាំង​ពួងមើល​ជា​និមិត្ត ដើម្បី​កុំ​​ឱ្យ​​បែក​បាក់​គ្នា​ដូច​ជា​ពួក​និគ្រន្ថ ។ ព្រះ​សារី​បុត្ត​ក៏​បាន​សម្តែង​ធម៌​ជា​ពួក​ៗ ជាក្រុម​ៗ ដើម្បី​​ឱ្យ​​ភិក្ខុ​ទាំង​ឡាយ​ស្រួល​យល់ ស្រួល​ចាំ​ក្នុង​អត្ថ​នីមួយៗ ។

ឯកសារយោង[កែប្រែ]

ព្រះត្រៃបិដក > វិនយបិដក > មហាវគ្គ > បឋមភាគ > មហាខន្ធកៈ (បព្វជ្ជា​របស់​​ឈ្មោះ​សារីបុត្ត​និង​មោគ្គល្លាន រឿង​អស្សជិ) (សៀវភៅភាគ ៦ ទំព័រ​ទី ១២៣)