ភូមិសាស្ត្រនយោបាយចិន និងជប៉ុន

ពីវិគីភីឌា

ភូមិសាស្ត្រនយោបាយចិន និងជប៉ុន[កែប្រែ]

ចិន និង ជប៉ុន ៖ មូលហេតុ​ផ្សេងៗ​នៃ​ការ​មិន​ត្រូវ​គ្នា[កែប្រែ]

ប្រជុំ​កោះ​Senkaku ដែល​ចិន​និង​ជប៉ុន​ទាមទារ​ដើម្បី​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ © wikipedia

តើ​មាន​មូលហេតុ​ផ្សេងៗ​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ប្រទេស​អាស៊ី​ទាំង​ពីរ​នេះ​មិន​ត្រូវ​គ្នា?

ទំនាក់ទំនង​រវាង​ចិន​និង​ជប៉ុន​សព្វ​ថ្ងៃ បង្កប់​ទៅ​ដោយ​ការ​មិន​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ចិន​មិន​ទុក​ចិត្ត​ជប៉ុន និង​មិន​អាច​ទុក​ចិត្ត​ជប៉ុន​បាន ដោយហេតុ​តែ​អតីតកាល​យោធា​និយម​នៃ​ប្រទេស​ជប៉ុន ដោយហេតុ​តែ​អំពើ​សាហាវ​យង់ឃ្នង​ដែល​កងទ័ព​ជប៉ុន​បាន​ប្រព្រឹត្ត​ទៅ​លើ​ ប្រជាជន​ចិន ដូច​យ៉ាង​ការ​កាប់​សម្លាប់​រង្គាល​នៅ​ណង់កាំង(Nankin)ក្នុង​ឆ្នាំ​១៩៣៧​ជា​ ដើម។ ចិន​មិន​ទុក​ចិត្ត​ជប៉ុន ដោយហេតុ​តែ​គំនិត​សើរើ​និយម​របស់​ថ្នាក់​ដឹក​នាំ​ជប៉ុន​សព្វ​ថ្ងៃ​ដែល​ចង់​ លុប​បំបាត់​ទង្វើ​អមនុស្សធម៌​ទាំង​នេះ​ឲ្យ​បាត់​អស់​រលីង​ពី​សៀវភៅ​ ប្រវត្តិសាស្ត្រ។ ចិន​មិន​ទុក​ចិត្ត​ជប៉ុន ដោយហេតុ​តែ​សម្ពន្ធភាព​រវាង​ជប៉ុន​និង​សហរដ្ឋអាមេរិក ដោយហេតុ​តែ​វត្តមាន​មក​ទល់​ឥឡូវ​នៃ​កងទ័ព​អាមេរិក​នៅ​លើ​ទឹក​ដី​ជប៉ុន។

ទន្ទឹម​នេះ ក៏​មាន​ច្រើន​ដែរ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ជប៉ុន​មិន​ទុក​ចិត្ត​ចិន ដូច​ជា​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៃ​ប្រជាជន​ចិន របប​កុម្មុយនិស្ត​ផ្តាច់​ការ នយោបាយ​សម្លុត​កំញើញ​របស់​ថ្នាក់ដឹកនាំ​ចិន​ទៅ​លើ​តៃវ៉ាន់ និង​សេដ្ឋកិច្ច​ស្ទុះ​លឿន​ជ្រុល​របស់​ប្រទេស​ចិន។ នៅ​ក្រោយ​ព្រឹត្តិការណ៍​មហាភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​ឆ្នាំ​២០០១ ចិន​តាម​ដាន​មើល​ទាំង​ក្តី​ព្រួយ​បារម្ភ​ការ​តស៊ូ​មតិ​នៅ​ប្រទេស​ជប៉ុន។ កាលណោះ អ្នក​នយោបាយ​ជប៉ុន​មាន​គំនិត​ចង់​សើរើ​មើល​ឡើង​វិញ​តួនាទី​របស់​កងទ័ព ចង់​ឲ្យ​កង​កម្លាំង​ជប៉ុន​ដែល​ជា​ទ័ព​ស្វ័យការពារ​តាំង​ពី​ចប់​សង្គ្រាម​លោក ​លើក​ទី​ពីរ​មក ប្តូរ​លក្ខន្តិកៈ​ក្លាយ​ជា​ទ័ព​ចម្បាំង ដូច​ប្រទេស​ដទៃ​ផ្សេងៗ​ក្នុង​លោក​ដែរ។ ម្យ៉ាង​វិញ​ទៀត ចាប់​ពី​ឆ្នាំ​២០០២​មក ក៏​មាន​ដែរ​ការ​តស៊ូ​មតិ​យ៉ាង​ផុសផុល​ជុំវិញ​សំណួរ​ដែល​ថា តើ​ជប៉ុន​គួរ​ឬ​មិន​គួរ​ផលិត​អាវុធ​នុយក្លេអ៊ែរ? ទាំង​នេះ ពីព្រោះ​កូរ៉េ​ខាង​ជើង​ចេះ​តែ​ចចេស​បន្ត​កម្មវិធី​នុយក្លេអ៊ែរ ដែល​ថ្នាក់​ដឹក​នាំ​ជប៉ុន​យល់​ឃើញ​ថា ជា​គ្រោះ​ថ្នាក់​មួយ​ធំ​សម្រាប់​ប្រទេស​គេ។ ចំពោះ​ថ្នាក់ដឹកនាំ​ចិន ការ​តស៊ូ​មតិ​ទាំង​នេះ ស្តែង​ឲ្យ​ឃើញ​ថា ប្រទេស​ជប៉ុន​មាន​មហិច្ឆតា​ចង់​វិល​ទៅ​រក​អតីតកាល​យោធា​និយម​វិញ​របស់​ខ្លួន វិល​ទៅ​រក​សម័យ​មួយ ដែល​កាល​ណោះ កងទ័ព​ជប៉ុន​មាន​កម្លាំង​ខ្លាំង​ពូកែ​ជាង​គេ​បង្អស់​នៅ​អាស៊ី។

ប្រទេស​ជប៉ុន​វិញ ក៏​តាម​មើល​សភាពការណ៍​នៃ​ប្រទេស​ចិន​ទាំង​ក្តី​ព្រួយបារម្ភ​ដូច​គ្នា​ដែរ។ សំណួរ​ទាំង​អម្បាលម៉ាន​ដែល​ថ្នាក់ដឹកនាំ​ជប៉ុន​តែង​លើក​ឡើង រួម​មាន​ជា​អាទិ៍ តើ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ចិន អាច​នាំ​ប្រទេស​អាស៊ី​ដ៏​ធំ​មួយ​នេះ​ទៅ​រក​សេរីកម្ម​នយោបាយ នៅ​ទី​បំផុត​បាន​ដែរ​ឬ​ទេ​? តើ​មហិច្ឆតា​នៃ​ថ្នាក់​ដឹកនាំ​ចិន​មាន​ព្រំដែន​ដែរ​ឬ​ទេ​? តើ​ចិន​ហ៊ាន​រហូត​ដល់​ទៅ​ប្រើ​កម្លាំង​ទ័ព ដើម្បី​ដោះស្រាយ​បញ្ហា​តៃវ៉ាន់​ដែរ​ឬ​ទេ​?

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​រយៈ​កាល​ខ្លី​ថ្នាក់​ដឹក​នាំ​ចិន និង​ថ្នាក់​ដឹក​នាំ​ជប៉ុន​មិន​ជា​បារម្ភ​ខ្លាំង​ពេក​ទេ។ ក៏ប៉ុន្តែ ទាំង​សង​ខាង​មើល​ឃើញ​ថា គ្រោះថ្នាក់​យោធា​នឹង​អាច​កើត​ឡើង​នា​រយៈ​កាល​វែង បើ​សិន​ជា​ពុំ​មាន​ពី​ឥឡូវ​នេះ​ទៅ​ទេ កិច្ចសន្ទនា​យុទ្ធសាស្ត្រ​ស្តី​ពី​បញ្ហា​សន្តិសុខ​រវាង​ប្រទេស​ទាំង​ពីរ។ តែ​កិច្ចសន្ទនា​បែប​នេះ ពិបាក​នឹង​ប្រព្រឹត្ត​ទៅ​បាន ព្រោះតែ​មូលហេតុ​ពីរ​យ៉ាង។ ទីមួយ គឺ​មក​ពី​ប្រទេស​អាស៊ី​ទាំង​ពីរ​នេះ​គ្មាន​ព្រំដែន​ដី​គោក​ជាប់​គ្នា ហើយ​សព្វ​ថ្ងៃ​នេះ ថ្នាក់ដឹកនាំ​ចិន​ឲ្យ​អាទិភាព​ទៅ​លើ​តែ​ដំណោះស្រាយ​បញ្ហារ​វាង​ចិន​និង​ ប្រទេស​ជិត​ខាង​របង​តែ​មួយ ដូច​ជា​ឥណ្ឌា និង​រុស្ស៊ី​ជា​ដើម។ ទីពីរ គឺ​មក​ពី​ថ្នាក់​ដឹក​នាំ​ចិន​ហា​មាត់​និយាយ​ផ្ទាល់​អំពី​បញ្ហា​សន្តិសុខ​ ជាមួយ​ថ្នាក់ដឹកនាំ​ជប៉ុន​មិន​កើត ដោយហេតុតែ សម្ពន្ធភាព​ជា​ប្រវត្តិសាស្ត្រ​និង​ស្អិតល្មួត​ខ្លាំង​ពេក​រវាង​ជប៉ុន​និង​ សហរដ្ឋអាមេរិក។ បាន​ន័យ​ថា ចំពោះ​ថ្នាក់ដឹកនាំ​ចិន អាមេរិក​ជា​មេខ្លោង​ធំ​របស់​ជប៉ុន ម្ល៉ោះ​ហើយ​ចិន​មិន​ព្រម​អង្គុយ​ទល់​មុខ​ជប៉ុន​ទេ តែ​ចង់​អង្គុយ​ទល់​មុខ​សហរដ្ឋអាមេរិក​តែ​ម្តង ដើម្បី​ជជែក​អំពី​រាល់​បញ្ហា​សន្តិសុខ​ដែល​ទាក់ទង​នឹង​ប្រទេស​ជប៉ុន។

ក្រៅ​ពី​មហិច្ឆតា​យោធា​រៀងៗ​ខ្លួន​ដែល​ធ្វើ​ឲ្យ​ចិន​និង​ជប៉ុន​មិន​ទុក​ ចិត្ត​គ្នា និង​សង្ស័យ​គ្នា​ទៅ​វិញ​ទៅ​មក ក៏​មាន​ដែរ​សំណុំ​រឿង​រសើបៗ​ផ្សេង​ទៀត​ដែល​បាន​និង​កំពុង​បន្ត​បំពុល​ទំនាក់ ​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

សំណុំ​រឿង​ទីមួយ គឺ​សង្គ្រាម​ប៉ាកកា​ជុំវិញ​វិហារ​យ៉ាស៊ុយគុយនី(Yasukuni)។ វិហារ​យ៉ាស៊ុយគុយនី ជា​ទី​កន្លែង​តម្កល់​ឈ្មោះ​ទាហាន​ជប៉ុន​ដែល​បាន​ពលី​ជីវិត​ដើម្បី​មាតុភូមិ។ ប៉ុន្តែ នៅ​ទី​នោះ​ក៏​មាន​ដាក់​តម្កល់​ដែរ ឈ្មោះ​របស់​ក្រុម​នាយ​ទាហាន ដែល​ជា​ឧក្រិដ្ឋជន​សង្គ្រាម​លោក​លើក​ទី​ពីរ ដូច​យ៉ាង​ឧត្តមសេនីយ៍​Tojo Hideki ដែល​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ពី​ឆ្នាំ​១៩៤១​ដល់​ឆ្នាំ​១៩៤៤។ ថ្នាក់ដឹកនាំ​ចិន​ទប់​កំហឹង​ខ្លួន​មិន​ជាប់​ឡើយ ពេល​ដែល​ឃើញ​នាយករដ្ឋមន្រ្តី​ជប៉ុន​សម័យ​ទសវត្សរ៍​ទី​៨០ Nakasone និង​នាយករដ្ឋមន្ត្រី​ជប៉ុន​Koizumi​ ដែល​ចប់​អាណត្តិ​កាល​ពី​ឆ្នាំ​២០០៦ ទៅ​វិហារ​យ៉ាស៊ុយគុយនី​ម្តងៗ។ ចំពោះ​ថ្នាក់ដឹកនាំ​ចិន ទង្វើ​បែប​នេះ ជា​ការ​មាក់ងាយ​ជេរប្រមាថ​ព្រលឹង​ជនជាតិ​ចិន​រាប់​សែន​នាក់​ដែល​ត្រូវ​បាន​ កងទ័ព​ជប៉ុន​កាប់​សម្លាប់។

សំណុំ​រឿង​ទី​ពីរ ដែល​បង្ក​ឲ្យ​មាន​ជម្លោះ​រវាង​ចិន​និង​ជប៉ុន គឺ​ទី​ប្រជុំ​កោះ​សេនកាគុយ​(Senkaku) ដែល​ជប៉ុន​បាន​ឈ្លានពាន​យក​ពី​ចិន​នៅ​ឆ្នាំ​១៨៩៥។ ថ្នាក់ដឹកនាំ​ចិន​ចេះ​តែ​ទាមទារ​ចង់​បាន​សេនកាគុយ​មក​វិញ។ ក៏ប៉ុន្តែ ជប៉ុន​មិន​ព្រម ហើយ​គ្មាន​បំណង​ចង់​ដោះ​ស្រាយ​បញ្ហា​នេះ​ទេ ពីព្រោះ​ទីប្រជុំ​កោះសេនកាគុយ អាច​មាន​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ។ នៅ​ក្នុង​បរិបទ​បែប​នេះ ក្រុម​អ្នក​ជាតិ​និយម​ចិន​តែង​តែ​ជិះ​​កប៉ាល់​ចូល​ទៅ​បង្ក​សកម្មភាព​នៅ​ ក្បែរ​ទី​ប្រជុំ​កោះ​សេនកាគុយ មុន​នឹង​ត្រូវ​កង​ឆ្មាំ​ជប៉ុន​ចាប់​ខ្លួន​ហើយ​ដោះ​លែង​មក​វិញ​នៅ​ទី​បំផុត។ នៅខែកញ្ញាឆ្នាំ២០១០ ឧប្បត្តិហេតុទូតយ៉ាងធ្ងន់ធ្ងរមួយ កើតឡើងរវាងប្រទេសទាំងពីរ ក្រោយពីទូក​នេសាទ​មួយ​របស់​ចិន​ដែល​មាន​ដឹក​មនុស្ស​១៥​នាក់​បាន​ប៉ះ​ទង្គិច​ ជាមួយ​នាវា​ល្បាត​របស់​ជប៉ុន នៅ​ក្បែរ​ទីប្រជុំកោះ​សេនកាគុយ។ កាល​ណោះ កង​ល្បាត​ជប៉ុន​បាន​ស្ទាក់​ចាប់​នាវា​នេះ ជាហេតុ​បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ចិន​ខឹង​សម្បា​ជា​ខ្លាំង។

សំណុំ​រឿង​ទី​បី ដែល​កំពុង​បន្ត​ធ្វើ​ឲ្យ​ល្អក់​កករ​ទំនាក់ទំនង​រវាង​ចិន​និង​ជប៉ុន គឺ​បញ្ហា​តៃវ៉ាន់។ តាំង​ពី​ឆ្នាំ​២០០១​មក ឆ្នាំ​ដែល​George Bushកូន​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក ជប៉ុន​បាន​បណ្តោយ​ខ្លួន​ឲ្យ​អាមេរិក​ទាញ​ចូល​បន្តិច​ម្តងៗ​ក្នុង​អធិករណ៍​ កោះ​តៃវ៉ាន់។ វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង តាំង​ពី​ឆ្នាំ​២០០២​មកនិង​ក្រោយ​មក​ទៀត​សង្គ្រាម​អាមេរិកនៅ​អ៊ីរ៉ាក់​នៅ​ ឆ្នាំ​២០០៣ បាន​ជម្រុញ​ឲ្យ​ប្រទេស​ជប៉ុន​ពង្រឹង​សម្ពន្ធភាព​ជាមួយ​អាមេរិក។ ម្យ៉ាង​វិញ​ទៀត​George Bush បាន​ចេញ​មុខ​ការពារ​តៃវ៉ាន់ ក្នុង​ករណី​ណា​ដែល​ចិន​ហ៊ាន​ប្រើ​កម្លាំង​ទ័ព​វាយ​យក​កោះ​នេះ។ ការពារ​ តៃវ៉ាន់​បើ​សិន​ជា​មាន​ការ​វាយ​ប្រហារ​ពី​សំណាក់​ចិន គឺ​នៅ​តែ​ជា​នយោបាយ​របស់​សហរដ្ឋអាមេរិក​មក​ទល់​សព្វថ្ងៃ ពីព្រោះអាមេរិក​ចង់​ឃើញ​ចិន​កុម្មុយនិស្ត​និង​ចិន​តៃវ៉ាន់​បង្រួបបង្រួម​ គ្នា​តាម​ផ្លូវ​ចរចា ជាជាង​តាម​មធ្យោបាយ​សឹក។

ម៉្លោះ​ហើយ ថ្នាក់ដឹកនាំ​ចិន​ជឿ​ជាក់​ថា ក្នុង​នាម​ជា​សម្ពន្ធមិត្ត​ចាក់​ទឹក​មិន​លិច​របស់​អាមេរិក ជប៉ុន​នឹង​ច្បាស់​ជា​ចូលរួម​ក្នុង​ប្រតិបត្តិការ​យោធា ដើម្បី​ការពារ​តៃវ៉ាន់​ដែរ បើ​សិន​ជា​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​ណា​មួយ​មែន​នោះ។ ត្រង់​ចំណុច​នេះ ថ្នាក់​ដឹក​នាំ​ចិន​ប្រហែល​ជា​មិន​ភាន់​ច្រឡំ​ទេ ពីព្រោះ​នៅ​ឆ្នាំ​២០០៥ ជប៉ុន​និង​អាមេរិក​បាន​ប្រកាស​រួម​គ្នា​ជា​សំឡេង​តែ​មួយ​ថា «ដៃ​សមុទ្រ​ហ្វូ័រម៉ូស​(Formose) ជា​តំបន់​យុទ្ធសាស្ត្រ​រួម​របស់​សហរដ្ឋអាមេរិក​និង​របស់​ប្រទេស​ជប៉ុន»៕

ចិន និង​ជប៉ុន ៖ ភ្នំ​មួយ​ខ្លា​ពីរ[កែប្រែ]

សព្វ​ថ្ងៃ​នេះ នៅ​ក្នុង​ទ្វីប​អាស៊ី ចិន​និង​ជប៉ុន​ប្រៀប​ដូច​ជា​ភ្នំ​មួយ​ខ្លា​ពីរ​អ៊ីចឹង។

ភ្នំ​មួយ​ខ្លា​ពីរ នេះ​ហើយ​ជា​រូបភាព​ដែល​ស្តែង​ចេញ​ពី​វត្តមាន​របស់​ប្រទេស​ចិន​និង​របស់​ ប្រទេស​ជប៉ុន នៅ​ក្នុង​ទ្វីប​អាស៊ី​សព្វ​ថ្ងៃ បាន​ន័យ​ថា ប្រទេស​ទាំង​ពីរ​ចៀស​មិន​រួច​ពី​មើល​មុខ​គ្នា​មិន​ចំ ប្រឈម​មុខ​ដាក់​គ្នា និង​ប្រជែង​ឥទ្ធិពល​គ្នា ។ ពីព្រោះ​ចិន​និង​ជប៉ុន ថ្វីដ្បិត​ជា​អាស៊ី​ដូច​គ្នា​មែន​ពិត តែ​ជា​គំរូ​ពីរ​ផ្ទុយ​ខុស​គ្នា​ស្រឡះ។ ជប៉ុន​មាន​រូបភាព​ជា​មហា​អំណាច​ត្រជាក់ មិន​ធ្វើ​ឲ្យ​គេ​ភ័យ រីឯ​ចិន​វិញ​ជា​មហា​អំណាច​ក្តៅ ជា​ប្រភព​នៃ​ក្តី​ព្រួយ​បារម្ភ។ ជប៉ុន​ជា​ប្រទេស​ទំនើប​មិន​ចាញ់​បស្ចិមលោក។

ជប៉ុន​ជា​ប្រទេស​ទាន់​សម័យ តាំង​ពី​ចុង​សតវត្សរ៍​ទី​១៩​ម្ល៉េះ ហើយ​រហូត​មក​ទល់​ដើម​ទសវត្សរ៍​ទី​៣០ ជប៉ុន​ជា​គំរូ​សេដ្ឋកិច្ច មនោគមវិជ្ជា​និង​នយោបាយ សម្រាប់​បណ្តា​បញ្ញវន្ត​អាស៊ី​មួយ​ចំនួន​ធំ។ ក្រោយ​មក​ទៀត ជប៉ុន​បាន​បាត់បង់​តួនាទី​ជា​ប្រទេស​គំរូ​នាំ​មុខ​គេ​នៅ​អាស៊ី ដោយហេតុតែ​ខ្លួន​ជា​អ្នក​នាំ​អាទិ៍​បង្ក​សង្គ្រាម​លោក​លើក​ទី​ពីរ។ ក៏​ប៉ុន្តែ ចាប់​ពី​ទសវត្សរ៍​ទី​៥០​ទៅ ជប៉ុន​មាន​កិត្យានុភាព​និង​ស្គាល់​ភាព​រុងរឿង​ឡើង​វិញ រហូត​ដល់​ក្លាយ​ទៅ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​មួយ​នៅ​អាស៊ី និង​ជា​ប្រទេស​ប្រជាធិបតេយ្យ​គំរូ​មួយ​ដ៏​ល្អ​សម្រាប់​ប្រទេស​អាស៊ី​ដទៃ។

រី​ឯ​ចិន​វិញ ជា​ប្រទេស​ដែល​មាន​អារ្យធម៌​រុងរឿង និង​ប្រវត្តិសាស្ត្រ​យូរលង់ ស្មើ​នឹង​អារ្យធម៌​ក្រិក​(Grèce) ឬ​អារ្យធម៌​រ៉ូម(Rome) នៅ​អឺរ៉ុប កាល​ពី​ជំនាន់​ដើម​ដែរ តែ​បាន​បាត់បង់​កេរ្តិ៍​ឈ្មោះ នៅ​ពេល​ដែល​របប​កុម្មុយនិស្ត​ឆ្នាំ​១៩៤៩ បាន​ជាន់​ឈ្លី​ខ្ទេចខ្ទី​គ្មាន​សល់​អតីតកាល​ដ៏​ត្រចះ​ត្រចង់​នេះ។ ចិន​ទើប​តែ​មាន​ឈ្មោះ​ល្បីល្បាញ​ឡើង​វិញ ជា​មហាអំណាច នៅ​អាស៊ី​នារយៈ​ពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយសារ​តែ​សន្ទុះ​សេដ្ឋកិច្ច​ដ៏​ខ្លាំង​ក្លា​នៃ​ប្រទេស​ខ្លួន។

ម្ល៉ោះហើយ​បើ​និយាយ​ជា​សាមញ្ញ សព្វ​ថ្ងៃ​ចិន​និង​ជប៉ុន​ដណ្តើម​គ្នា​ធ្វើ​ស្តេច​នៅ​អាស៊ី ដោយ​ប្រើ​មធ្យោបាយ យុទ្ធសាស្រ្ត និង​នយោបាយ ខុស​គ្នា។ ជប៉ុន​អះអាង​ប្រាប់​អាស៊ី​ថា ខ្លួន​ជា​ប្រទេស​ប្រជាធិបតេយ្យ។ រីឯ​ចិន​វិញ ចៀសវាង​មិន​និយាយ​ពី​នយោបាយ លើក​តម្កើង​គោលការណ៍​មិន​ជ្រៀតជ្រែក​បញ្ហា​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ផ្សេង ឲ្យ​អាទិភាព​ទៅ​លើ​តែ​សេដ្ឋកិច្ច។ នៅ​ចំពោះ​មុខ​បណ្តា​ប្រទេស​ដែល​ខ្លួន​ជួយ ជប៉ុន​ឲ្យ​តម្លៃ​ទៅ​លើ​គម្រោងការ​អភិវឌ្ឍន៍​យឺនយូរ មីក្រូ​គំរោងការ សង្គម​ស៊ីវិល និង​អភិបាលកិច្ច​ល្អ។ រីឯ​ចិន​វិញ​អនុវត្តន​យោបាយ​ជំនួយ​គ្មាន​លក្ខខណ្ឌ ដូច​ជា​នៅ​ភូមា​ ឬ​នៅ​កម្ពុជា​ជា​ដើម។

ការ​ដណ្តើម​ឥទ្ធិពល​គ្នា​រវាង​ចិន​និង​ជប៉ុន​នៅ​អាស៊ី ស្តែង​ឡើង​ជា​ពិសេស តាម​រយៈ​អភិក្រម​នៃ​សមាហរ័ណកម្ម​តំបន់។ ថ្នាក់ដឹកនាំ​ចិន​ចង់​បាន​សមាហរ័ណកម្ម​មួយ ដែល​ប្រមូល​យក​តែ​បណ្តា​ប្រទេស​អាស៊ី​សុទ្ធសាធ​មក​ដាក់​ជុំវិញ​ប្រទេស​ខ្លួន ដោយ​មិន​ឲ្យ​មាន​ការ​ចូល​រួម​ឬ​ការ​ជ្រៀតជ្រែក​ពី​សំណាក់​មហាអំណាច​ណា​ដែល​ មិនមែន​ជា​អាស៊ី ដូច​យ៉ាង​សហរដ្ឋ​អាមេរិក ជា​ដើម។ រីឯ​ជប៉ុន​វិញ​ចង់​បើក​ចំហ​លំហ​ដែនដី​អាស៊ី​ដល់​ប្រទេស​ផ្សេង ដូចជា​អូស្រ្តាលី នូវែលសេឡង់ និង​អាមេរិក។ គោលដៅ គឺ​រក្សា​តុល្យភាព​នៅ​អាស៊ី កុំ​ឲ្យ​ចិន​មាន​ប្រៀប​ខ្លាំង​ពេក។ ត្រង់​ចំណុច​នេះ បណ្តា​ប្រទេស​អាស៊ាន​ភាគ​ច្រើន​យល់​ឃើញ​ដូច​ជប៉ុន​ដែរ មិន​ចង់​ឲ្យ​អាស៊ី​ក្លាយ​ជា​ប៉ូល​មួយ​ដែល​ឋិត​នៅ​ក្រោម​ឥទ្ធិពល​ផ្តាច់មុខ​ របស់​ចិន។

ការ​ប្រជែង​ឥទ្ធិពល​គ្នា​រវាង​ចិន​និង​ជប៉ុន​ប្រព្រឹត្ត​ទៅ​ជា​ពិសេស​នៅ​ អាស៊ី​អាគ្នេយ៍។ ជាក់ស្តែង នៅ​ខែ​មករា​ឆ្នាំ​១៩៩៧ ជា​លើក​ទី​មួយ​បង្អស់ នាយករដ្ឋមន្ត្រី​ជប៉ុន​សម័យ​នោះ គឺ Ryutaro Hashimoto ស្នើ​អាស៊ាន​ឲ្យ​បង្កើត​ជំនួប​កំពូល​មួយ​ឆ្នាំ​ម្តង​រវាង​អាស៊ាន​និង​ជប៉ុន។ ប៉ុន្តែ កាល​ណោះ​អាស៊ាន​រារែក បារម្ភ​ខ្លាច​ចិន​អាក់អន់​ចិត្ត។ នៅ​ទី​បំផុត អាស៊ាន​សម្រេច​ចិត្ត​អញ្ជើញ​ជប៉ុន ចិន និង កូរ៉េខាងត្បូង មក​ចូល​រួម​ជា​លើក​ទី​មួយ​បង្អស់​ក្នុង​ជំនួប​កំពូល​របស់​គេ នៅ​ខែ​ធ្នូ ឆ្នាំ​១៩៩៧ ។ គឺ​ជា​ការ​ផ្តើម​ចាប់​បដិសន្ធិ​ឡើង​នៃ​អ្វី ដែល​គេ​ឲ្យ​ឈ្មោះ​ថា​«អាស៊ាន+៣»។ អាស៊ាន+៣ ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ មួយ​ឆ្នាំ​ក្រោយ​មក គឺ​នា​ឱកាស​ជំនួប​កំពូល​នៅ​ហាណូយ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​១៩៩៨ ពីព្រោះ​នៅ​ឆ្នាំ​១៩៩៨​នោះ ប្រទេស​អាស៊ី​មួយ​ចំនួន​ជួប​នឹង​ការ​ប្រែប្រួល​នយោបាយ។ នៅ​ឥណ្ឌូណេស៊ី របប​ផ្តាច់ការ​របស់​Suharto ដួល​រលំ នៅ​ម៉ាឡេស៊ី នាយករដ្ឋមន្ត្រី​Mahathir ដក​ឧបនាយក​រដ្ឋមន្រ្តី​Anwar ដែល​ក្លាយ​ជា​គូប្រជែង​ចេញ​ពី​តំណែង នៅ​កូរ៉េខាងត្បូង Kim Dae Jung ជាប់​ឆ្នោត​ជា​ប្រធានាធិបតី នៅ​ជប៉ុន​Ryutaro Hashimoto ត្រូវ​បង្ខំ​ចិត្ត​លាលែង​ពី​តំណែង​នាយករដ្ឋមន្រ្តី។ ការ​ប្រែប្រួល​នយោបាយ​ទាំង​អស់​នេះ និង​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី បាន​តម្រូវ​ឲ្យ​បង្កើត​ឡើង​យ៉ាង​លឿន​រហ័ស ជំនួប​កំពូល​អាស៊ាន​បូក+៣ នេះ​ឡើង ដើម្បី​ជា​ឱកាស​ឲ្យ​ថ្នាក់​ដឹក​នាំ​អាស៊ី​ផ្តោះប្តូរ​យោបល់ និង​សាកល្បង​រក​ដំណោះស្រាយ។

ការ​ប្រជែង​ឥទ្ធិពល​គ្នា​រវាង​ចិន​និង​ជប៉ុន​បាន​ធ្លាយ​ចេញ​ហួស​ពី​ព្រំដែន​ នៃ​ទ្វីប​អាស៊ី ហើយ​ចូល​ទៅ​ដល់​វេទិកា​នៃ​អង្គការ​សហប្រជាជាតិ។ ជប៉ុន​ទាមទារ​ចង់​បាន​ដូច​ចិន​ដែរ អាសនៈ​អចិន្ត្រៃយ៍​មួយ នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ ហើយ​សុំ​ឲ្យ​លុប​បំបាត់​ចោល​មាត្រា​ទី​៥៣​នៃ​ធម្មនុញ្ញ​អង្គការ​ សហប្រជាជាតិ។ មាត្រា​ទី​៥៣​នេះ ចាត់​ទុក​ជប៉ុន​និង​អាល្លឺម៉ង់​ដែល​ជា​អ្នក​បាន​បង្ក​សង្រ្គាមលោក​លើក​ទី​ ពីរថា​ជា​ប្រទេស«សត្រូវ»។ ក៏ប៉ុន្តែ ចិន​ដែល​មាន​សិទ្ធិ​វេតូ មិន​ព្រម​ឲ្យ​លុប​មាត្រា​នេះ​ចោល។ ចិន​អះអាង​ថា ជប៉ុន​ចង់​សើរើ​ប្រវត្តិសាស្រ្ត ចង់​វិល​ទៅ​រក​អតីតកាល​យោធា​និយម​របស់​ខ្លួន​វិញ។ ដូចគ្នា​អ៊ីចឹង​ដែរ ចិន​មិន​ព្រម​ឲ្យ​ជប៉ុន​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​ សន្តិសុខ​អង្គការ​សហប្រជាជាតិ។ នេះ​គឺ​មក​ពី​ចិន​ចង់​រក្សា​លក្ខន្តិកៈ​របស់​ខ្លួន ជា​មហា​អំណាច​នយោបាយ​តែ​មួយ​គត់​នៅ​អាស៊ី៕

ចិន និងជប៉ុន៖ ទំនាក់ទំនង​សេដ្ឋកិច្ច​ល្អ​លើស​ពេល​ណាៗ​ទាំងអស់[កែប្រែ]

ទោះ​ជា​មិន​ត្រូវ​គ្នា​ក៏​ដោយ ទោះ​ជា​ភាព​តានតឹង​ចេះ​តែ​កើត​ឡើង​មិន​ស្វាង​រវាង​គ្នា​ក៏​ដោយ ក៏​ចិន​និង​ជប៉ុន​កំពុង​ក្លាយ​ទៅ​ជា​ដៃ​គូ​ដ៏​សែន​សំខាន់ នៅ​លើ​វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​នាំ​គ្នា​ឆ្ងល់ ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​ចិន​និង​ជប៉ុន​ដែល​នៅ​លើ​វិស័យ​សេដ្ឋកិច្ច​និង​ ពាណិជ្ជកម្ម​ត្រូវការ​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង នៅ​តែ​មិន​ត្រូវ​គ្នា ធ្វើ​ឲ្យ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​កើត​ឡើង​ជា​ញឹកញយ។

តាំង​ពី​ឆ្នាំ​២០០២​មក​ម្ល៉េះ ចិន​ជា​ប្រទេស​ដែល​ទិញ​ផលិតផល​ជប៉ុន​ច្រើន​ជាង​គេ។ នៅ​ឆ្នាំ​២០០៩ ផលិតផល​ជប៉ុន​តំណាង​រហូត​ដល់​ទៅ​២២​ភាគ​រយ​នៃ​ផលិតផល​បរទេស​ទាំង​ស្រុង ដែល​ចិន​នាំ​ចូល​មក​ក្នុង​ប្រទេស​ខ្លួន។ ទន្ទឹម​នេះ នៅ​ឆ្នាំ​២០០៩​ដដែល​នោះ ចិន​ក្លាយ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ទី​មួយ​របស់​ជប៉ុន សំខាន់​ជាង​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ទៅ​ទៀត ដោយ​បាន​លក់​ទៅ​ឲ្យ​ប្រទេស​ជប៉ុន​១៩​ភាគ​រយ​នៃ​ទំនិញ​ទាំង​ស្រុង ដែល​ខ្លួន​នាំ​ចេញ​ទៅ​បរទេស។

ប្រទេស​ចិន​ជា​ទី​ដែល​សម្បូណ៌​ទៅ​ដោយ​រោងចក្រ​ជប៉ុន ដែល​ក្រោយ​ពី​បាន​បង្កើត​ផលិតផល​ហើយ នាំ​ទំនិញ​ទាំង​នោះ​យក​ទៅ​លក់​នៅ​ប្រទេស​ជប៉ុន​វិញ។ ម្ល៉ោះហើយ បាន​ជា​ថ្នាក់​ដឹក​នាំ​ជប៉ុន​តែងតែ​អះអាង​ថា​ជប៉ុន​ជា​ដង្ហើម​នៃ​កំណើន​ សេដ្ឋកិច្ច​ចិន។ រីឯ​នៅ​ខាង​ថ្នាក់​ដឹក​នាំ​ចិន​វិញ គេ​និយាយ​ផ្សេង គេ​ថា​ចិន​ជា​មហា​ទីផ្សារ​មួយ​សំរាប់​ផលិតផល​ជប៉ុន ដូច្នេះ​គឺ​ចិន​ទៅ​វិញ​ទេ​ដែល​ជា​ក្បាល​ម៉ាស៊ីន​នៃ​សេដ្ឋកិច្ច​ជប៉ុន។

ម្ល៉ោះ​ហើយ ជា​ការ​ពិត​ណាស់​ដែល​ថា ចិន​និង​ជប៉ុន​ត្រូវការ​គ្នា​កាន់​តែ​ខ្លាំង នៅ​លើ​វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម។ ក៏ប៉ុន្តែ សេដ្ឋកិច្ច​ក៏​ជា​ប្រភព​មួយ​ធំ​នៃ​ភាពតានតឹង​រវាង​ប្រទេស​ទាំង​ពីរ​ដែរ។ ថ្នាក់ដឹកនាំ​ចិន​ចូល​ចិត្ត​និយាយ​ថា​ប្រទេស​ខ្លួន ជា​សេដ្ឋកិច្ច​មួយ​នៅ​ក្មេង​និង​ប្រកប​ទៅ​ដោយ​ថាមពល ខុស​ផ្ទុយ​ពី​ជប៉ុន​ដែល​ជា​សេដ្ឋកិច្ច​មួយ​ចាស់​ជរា​កំពុង​ទន់​ខ្សោយ​ទៅ​វិញ ​បន្តិច​ម្តងៗ។ ការ​និយាយ​ឃោសនា​បែប​នេះ មាន​មូលហេតុ​ជាក់​ច្បាស់ ពីព្រោះ​នៅ​ឆ្នាំ​២០០៥ ចិន​បាន​ក្លាយ​ទៅ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​បួន នៅ​ឆ្នាំ​២០០៧​ ចិន​បាន​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​បី​ដែល​ដេញ​ប្រកៀក​ជាប់​ពីក្រោយ​ ជប៉ុន មុន​នឹង​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​ពីរ ដោយ​បាន​វ៉ា​ឈ្នះ​ជប៉ុន​នៅ​ឆ្នាំ​២០១០។

មែនទែន​ទៅ សេដ្ឋកិច្ច​ចិន​វ៉ា​ឈ្នះ​សេដ្ឋកិច្ច​ជប៉ុន ឆាប់​ជាង​ការ​ប្រមើល​ឃើញពីព្រោះកាល​ ពី​ជិត​១០​ឆ្នាំ​មុន​នេះ ពួក​សេដ្ឋវិទូ​មួយ​ចំនួន​បាន​នាំ​គ្នា​អះអាង​ថា គេ​នឹង​ត្រូវ​ចាំ​ដល់​ឆ្នាំ ២០១៥ ឯណោះ ទើប​អាច​ឃើញ​ផលិតផល​ដុល​ក្នុង​ស្រុក​របស់​ចិន​កើន​ស្មើ​ផលិតផល​ដុល​ក្នុង​ ស្រុក​របស់​ជប៉ុន។

តាម​ពិត​ទៅ ស្ថានភាព​ប្រែប្រួល​លឿន​ជាង​ការ​គ្រោង​ទុក​នេះ ​ជា​ផលវិបាក​ដែល​ហូរ​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​បាន​កើត​ឡើង​នៅចុង​ ឆ្នាំ​២០០៨។ វិបត្តិ​សេដ្ឋកិច្ច​សកល​បាន​កាត់​បន្ថយ​មិន​តិច​ទេ សន្ទុះ​សេដ្ឋកិច្ច​របស់​បណ្តា​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន ដូច​ជា​សហរដ្ឋ​អាមេរិក អឺរ៉ុប​និង​ជប៉ុន​ជា​ដើម។ ទន្ទឹម​​នេះ វិបត្តិ​សេដ្ឋកិច្ច​សកល​មិន​បាន​ប៉ះ​ពាល់​ខ្លាំង​ឡើយ​ដល់​សេដ្ឋកិច្ច​របស់​ ប្រទេស​ចិន ដោយសារ​តែ​ថ្នាក់​ដឹក​នាំ​ចិន​បាន​សម្រេច​ចាត់​វិធានការ​ទាន់​ពេល​វេលា​និង​ ដោយ​មិន​សំច័យ​លុយ​ឡើយ ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​ជាតិ។

យ៉ាងណាមិញ នៅ​ម្ខាង​អាជ្ញាធរ​ចិន​ពិត​ជា​មាន​មោទនភាព ដោយ​សេដ្ឋកិច្ច​នៃ​ប្រទេស​ខ្លួន​បាន​វ៉ា​ឈ្នះ​សេដ្ឋកិច្ច​របស់​ប្រទេស​ ជប៉ុន។ ក៏​ប៉ុន្តែ នៅ​ម្ខាង​ទៀត ទីក្រុង​ប៉េកាំង​ក៏​ត្រូវ​ចេះ​បន្ត​ដាក់​ខ្លួន​ត​ទៅ​ទៀត​ដែរ ដោយហេតុ​តែ​ប្រទេស​ចិន​ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ​នៅ​ឡើយ បាន​ន័យ​ថា គុណភាព​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ នៅ​មាន​លក្ខណៈ​អន់​ខ្សោយ បើ​ប្រៀប​ធៀប​ទៅ​នឹង​គុណភាព​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ជប៉ុន។ សូម​ជម្រាប​ថា ផលិតផល​ដុល​ក្នុង​ស្រុក​របស់​ប្រជាជន​ចិន​ម្នាក់ៗ មាន​ប្រមាណ​តែ​៣ ៦00 ​ដុល្លារ​តែ​ប៉ុណ្ណោះ ទល់​នឹង​៣ ៧៨០០ ដុល្លារ សម្រាប់​ប្រជាជន​ជប៉ុន​ម្នាក់ៗ។

ម្ល៉ោះ​ហើយ បាន​ជា​នៅ​ពេល​នេះ សេដ្ឋកិច្ច​ចិន​កាន់​តែ​ទៅ​មុខ​និង​ទៅ​លឿន បើ​ប្រៀបធៀប​ទៅ​នឹង​សេដ្ឋកិច្ច​ធំៗ​ដទៃ​ទៀត។ គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​នៅ​ចុង​ឆ្នាំ​២០០៩​ ចិន​បាន​វ៉ា​ឈ្នះ​ប្រទេស​អាល្លឺម៉ង់ ដោយ​បាន​ក្លាយ​ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ខាង​នាំ​ទំនិញ​ទៅ​ក្រៅ​ប្រទេស។ គឺ​នៅ​ក្នុង​បរិបទ​ដូច​គ្នា​នេះ​ហើយ​ដែរ ដែល​ចិន​បាន​វ៉ា​ឈ្នះ​ប្រទេស​ជប៉ុន ៥​ឆ្នាំ​មុន​ការ​គ្រោង​ទុក​ដោយ​បាន​ក្លាយ​ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ ពិភពលោក​ទី​២​ក្នុង​ឆ្នាំ​២០១០។

ក្រុម​អ្នក​វិភាគ​ជាតិ​និយម​ចិន​ខ្លះ​ចាប់​ផ្តើម​ដំឡើង​សំឡេង​អះអាង​ថា​ចិន​ មិន​ត្រូវ​នៅ​បន្ត​ធ្វើ​ជា​ប្រទេស​រោងចក្រ​បង្កើត​ផលិតផល​កំប៉ិកកំប៉ុក​ឲ្យ​ ជប៉ុន​អ៊ីចឹង​ត​ទៅ​ទៀត​ទេ ពីព្រោះ​ធ្វើ​បែប​នេះ វា​ខូច​កិត្តិយស​ជាតិ។ ក្រុម​អ្នក​វិភាគ​ជាតិ​និយម​ចិន​ដដែល​នេះ ថែម​ទាំង​និយាយ​ទៀត​ផង​ថា បើ​សិន​ជា​សព្វ​ថ្ងៃ សេដ្ឋកិច្ច​ជប៉ុន​នៅ​គ្រាន់​បើ ក៏​ដោយសារ​តែ​ជប៉ុន​បាន​កាន់កាប់​ប្រទេស​ចិន​ច្រើន​ឆ្នាំ និង​បាន​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​ចិន​មិន​តិច​ទេ។ នៅ​ក្នុង​ន័យ​នេះ របាយការណ៍​មួយ​របស់​បណ្ឌិតសភា​ផ្នែក​សង្គមសាស្ត្រ​នៅ​ទីក្រុង​ប៉េកាំង​បាន​ គូស​បញ្ជាក់​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ថា ពីព្រោះ​តែ​សង្គ្រាម​ជាមួយ​ជប៉ុន​និង​ការ​កាន់កាប់​ប្រទេស​ចិន​ដោយ​កងទ័ព​ ជប៉ុន ចិន​បាន​បាត់បង់​មនុស្ស​៥០​លាន​នាក់ និង​បាន​ខាត​បង់​ប្រាក់​អស់​រាប់​រយ​លាន​ដុល្លារ។

ដោយ​ឡែក ខ្លាំង​ឡើងៗ ចិន​និង​ជប៉ុន​ប្រឈម​មុខ​ដាក់​គ្នា នៅ​ក្នុង​ការ​ស្វែងរក​ធនធាន​ថាមពល ដើម្បី​យក​មក​បំប៉ន​ម៉ាស៊ីន​សេដ្ឋកិច្ច​នៃ​ប្រទេស​គេ​រៀងៗ​ខ្លួន។ គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​គេ​អាច​ស្វែង​យល់​បាន​នូវ​មូលហេតុ​នៃ​វិវាទ​ជុំវិញ​ទី​ប្រជុំ​កោះ Spratly និង​Paracel នៅ​ប៉ែក​ខាង​ត្បូង​នៃ​សមុទ្រ​ចិន។ ប្រទេស​ចំនួន​ប្រាំបី គឺ​ចិន ជប៉ុន តៃវ៉ាន់ វៀតណាម ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ដណ្តើម​គ្នា​ចង់​បាន​កូនកោះ​ទាំង​អស់​នេះ​ដែល​សម្បូណ៌​ទៅ​ដោយ​ប្រេងកាត​និង​ ឧស្ម័ន​ធម្មជាតិ។

ដូច​គ្នា​អ៊ីចឹង​ដែរ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចិន​និង​ជប៉ុន​ទាស់ទែង​គ្នា​កាន់​តែ​ខ្លាំង​ជុំវិញ​ព្រំដែន​សមុទ្រ​ម្តុំ​ កោះ​Miyako ដែល​ប្រហែល​ជា​មាន​ផ្ទុក​ទៅ​ដោយ​ឧស្ម័ន​ធម្មជាតិ។ មូលហេតុ​គឺ​មក​ពី​ចិន​បាន​ចូល​មក​ជីក​រក​ឧស្ម័ន​នៅ​ជិត​កោះ​Miyako នេះ នៅ​ត្រង់​កន្លែង​មួយ​ដែល​ឋិត​នៅ​ក្រៅ​ព្រំដែន​ទឹក​ផ្តាច់មុខ​របស់​ខ្លួន។ ឃើញ​ដូច្នេះ រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​អនុញ្ញាត​នៅ​ខែ​មេសា​ឆ្នាំ​២០០៥ ឲ្យ​ក្រុមហ៊ុន​ជប៉ុន​មួយ​ចូល​ទៅ​ជីក​រក​ឧស្ម័ន​នៅ​ទី​នោះ​ដែរ។ តាំង​ពី​ពេល​នោះ​មក ការ​ដណ្តើម​គ្នា​រុករក​ឧស្ម័ន​នៅ​ម្តុំ​កោះ​Miyako នៅ​តែ​ជា​រឿងរ៉ាវ​មួយ​ដែល​ទីក្រុង​ប៉េកាំង និង​ទីក្រុង​តូក្យូ​ដោះស្រាយ​មិន​ទាន់​រួច​នៅ​ឡើយ៕

ទស្សនវិស័យ​នៃ​ទំនាក់ទំនង​រវាង​ចិន និង​ជប៉ុន[កែប្រែ]

ទោះ​បី​ជា​ត្រូវការ​គ្នា​កាន់​តែ​ខ្លាំង នៅ​លើ​វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ក៏​ដោយ ក៏​ចិន​និង​ជប៉ុន​មិន​អាច​ត្រូវ​គ្នា​បាន​ទេ នៅ​ពេល​បច្ចុប្បន្ន​និង​នៅ​អនាគតកាល។

«ភ្នំ​មួយ​មិន​អាច​មាន​ខ្លា​ពីរ​បាន​ទេ»។ ពាក្យ​មួយ​ឃ្លា​នេះ​បំភ្លឺ​ស្ថានភាព​នៃ​ទំនាក់ទំនង​ដ៏​តាន​តឹង​រវាង​ចិន​និង ​ជប៉ុន នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ចំពោះ​ថ្នាក់​ដឹក​នាំ​ចិន គេ​មិន​ត្រូវ​បំភ្លេច​អនុស្សាវរីយ៍​ដ៏​ល្វីង​ជូរចត់​នៃ​អតីតកាល​បាន​ឡើយ អនុស្សាវរីយ៍​នៃ​សម័យ​មួយ​ដែល​កងទ័ព​ជប៉ុន​បាន​ចូល​ឈ្លានពាន​ប្រទេស​ចិន កាន់កាប់​ប្រទេស​ចិន និង​កាប់​សម្លាប់​ប្រជាជន​ចិន។ ម៉្លោះ​ហើយ​បាន​ជា​ថ្នាក់​ដឹក​នាំ​ចិន មិន​ព្រម​ឲ្យ​ជប៉ុន​សើរើ​ប្រវត្តិសាស្រ្ត លុប​បំបាត់​អំពើ​សាហាវ​យង់ឃ្នង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នៅ​ក្នុង​អតីតកាល មិន​ព្រម​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ទៅ​ធ្វើ​គារវកិច្ច​គោរព​ វិញ្ញាណក្ខន្ធ​ទាហាន​ជប៉ុន នៅ​វិហារ​យ៉ាស៊ុយគុយនី​(Yasukuni)។

ប៉ុន្តែ អតីតកាល​តែ​មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ ដើម្បី​ពន្យល់​បំភ្លឺ​ការ​មើល​មុខ​គ្នា​មិន​ចំ ការ​ប្រឈម​មុខ​ដាក់​គ្នា និង​ការ​មិន​ត្រូវ​គ្នា​រវាង​ចិន​និង​ជប៉ុន​សព្វ​ថ្ងៃ។ តាម​ពិត​ទៅ ប្រភព​នៃ​ភាព​តាន​តឹង​ខ្លាំង​នេះ​រវាង​មហាយក្ស​អាស៊ី​ទាំង​ពីរ ទាក់ទង​នឹង​បច្ចុប្បនកាល​និងអនាគតកាល​ជាង​អតីតកាល។ ថ្នាក់ដឹកនាំ​ចិន​ចិញ្ចឹម​មនោសញ្ចេតនា​ជាតិនិយម​របស់​ប្រជាជន​ដែល​ស្អប់​ ជប៉ុន​ស្រាប់ ឲ្យ​ប្រយ័ត្ន​កុំ​ទុក​ចិត្ត​ប្រទេស​សត្រូវ​សួពូជ​មួយ​នេះ​ឲ្យ​សោះ។ នៅ​ក្នុង​ន័យ​នេះ ទីក្រុង​ប៉េកាំង​តែងតែ​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា ទីប្រជុំកោះ​សេនកាគុយ​(Senkaku) ជា​ទឹក​ដី​ចិន​ដែល​ជប៉ុន​បាន​ឈ្លានពាន​យក​នៅ​ឆ្នាំ​១៨៩៥ និង​ថា ត្រូវ​តែ​ទាមទារ​យក​វា​មក​វិញ។

តាម​រយៈ​ការ​ចិញ្ចឹម​មនោសញ្ចេតនា​ជាតិនិយម​បែប​នេះ​របស់​ប្រជាជន​ខ្លួន ថ្នាក់ដឹកនាំ​ចិន​សង្ឃឹម​ថា អាច​បង្វែរ​កំហឹង​របស់​មហាជន​ដែល​អន់​ចិត្ត​ដោយ​ហេតុ​តែ​វិបត្តិសង្គម និង​កង្វះ​សេរីភាព​នយោបាយ​នៅ​ក្នុង​ប្រទេស ឲ្យ​ផ្តោត​ទៅ​លើ​សត្រូវ​ជប៉ុន ជាជាង​ទៅ​លើ​រដ្ឋាភិបាល​នៅ​ទីក្រុង​ប៉េកាំង។ ម្យ៉ាង​វិញ​ទៀត ថ្នាក់​ដឹក​នាំ​ចិន​មិន​ព្រម​ឲ្យ​ជប៉ុន​ដែល​ជា​បច្ចុប្បន្ន​មហាអំណាច​ សេដ្ឋកិច្ច​ក្លាយ​ទៅ​ជា​មហាអំណាច​នយោបាយ​និង​យោធា នា​អនាគតកាល។

មែនទែន​ទៅ ជប៉ុន​ពិត​ជា​មាន​មហិច្ឆតា​ចង់​ក្លាយ​ទៅ​ជា​មហាអំណាច​នយោបាយ​និង​យោធា ទោះ​បី​ជា​ផ្លូវការ មិន​ទាន់​មាន​អ្នក​ដឹក​នាំ​ជាន់​ខ្ពស់​ណា​ម្នាក់​នៅ​តូក្យូ​ធ្លាប់​បាន​ និយាយ​ពី​រឿង​នេះ​ក្តី។ ជប៉ុន​មិន​អាច​បណ្តោយ​ឲ្យ​ចិន​ដែល​ជា​សត្រូវ​របស់​ខ្លួន​មាន​អំណាច​ ខ្លាំងក្លា និង​ឥទ្ធិពល​ផ្តាច់​មុខ​តែ​ឯកឯង​នៅ​អាស៊ី​បាន​ទេ។ គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ដែល​ជប៉ុន​ទាមទារ​ចង់​បាន​អាសនៈ​អចិន្រ្តៃយ៍​មួយ នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ចំពោះ​ថ្នាក់​ដឹក​នាំ​ជប៉ុន ការ​បង្កើន​អំណាច​នយោបាយ​និង​យោធា​របស់​ប្រទេស​ខ្លួន ជា​កត្តា មួយ​ចាំ​បាច់ ពីព្រោះ​វា​ឆ្លើយ​តប​ទៅ​នឹង​បុព្វហេតុ​សន្តិសុខ​ជាតិ។

តាំង​ពី​ចុង​ឆ្នាំ​២០០៦​មក នាយក​រដ្ឋមន្ត្រី​ជប៉ុន​ជា​បន្តបន្ទាប់​បាន​ផ្តើម​ខ្នះខ្នែង​ធ្វើ​ឲ្យ​ ទំនាក់​ទំនង​រវាង​ចិន​និង​ជប៉ុន​វិល​មក​រក​ភាព​ធូរស្រាល​វិញ ដោយ​មិន​ទៅ​វិហារ​យ៉ាស៊ុយគុយនី ដូច​លោក​អតីត​ប្រមុខ​រដ្ឋាភិបាល​Koizumi ទេ។ មិន​តែ​ប៉ុណ្ណោះ នាយករដ្ឋមន្ត្រី​ជប៉ុន​ទាំង​នេះ​បាន​ប្រឹងប្រែង​បង្ហាញ​ថា ជប៉ុន​ក៏​ចេះ​ដក​ខ្លួន​ឃ្លាត​ចេញ​ពី​សហរដ្ឋអាមេរិក​បន្តិច​ដែរ។

យ៉ាងណាមិញ ភាព​តានតឹង​នៅ​តែ​បន្ត​កើត​ឡើង​ជា​ញឹកញយ​ដូច​ពេល​មុនៗ​ដដែល។ ជាក់​ស្តែង នៅ​ខែ​កញ្ញា​ឆ្នាំ​២០១០ ទូក​នេសាទ​មួយ​របស់​ចិន​ដែល​មាន​ដឹក​មនុស្ស​១៥​នាក់​បាន​ប៉ះ​ទង្គិច​ជា​មួយ​ នាវា​ល្បាត​របស់​ជប៉ុន នៅ​ត្រង់​ទីប្រជុំកោះ​សេនកាគុយ ហើយ​កងល្បាត​ជប៉ុន​ក៏​បាន​ស្ទាក់​ចាប់​នាវា​នេះ ជាហេតុ​បាន​ធ្វើ​ឲ្យ​ចិន​និង​ជប៉ុន​តឹង​សរសៃ​ក​ដាក់​គ្នា​អស់​ជា​ច្រើន​ ថ្ងៃ។

មិន​តែ​ប៉ុណ្ណោះ ភាព​តានតឹង​រវាង​ចិន​និង​ជប៉ុន​នឹង​ច្បាស់​ជា​បន្ត​កើត​ឡើង​តទៅ​ទៀត នា​ពេល​ខាង​មុខ ពីព្រោះ​ដូច​ដែល​បាន​លើក​ឡើង​រួច​ហើយ​ថា ចិន​និង​ជប៉ុន​ដណ្តើម​ឥទ្ធិពល​គ្នា​នៅ​អាស៊ី សឹង​ថា​ដូច​សហរដ្ឋអាមេរិក​និង​សហភាពសូវៀត​បាន​ប្រកួតប្រជែង​គ្នា នៅ​អឺរ៉ុប​កាល​សម័យ​សង្គ្រាម​ត្រជាក់​អ៊ីចឹង។ នៅ​ក្នុង​ន័យ​នេះ ចិន​និង​ជប៉ុន​នឹង​ច្បាស់​ជា​បន្ត​ល្បែង​សម្ពន្ធភាព​យុទ្ធសាស្រ្ត​ត​ទៅ​ទៀត។ ចិន​នឹង​បន្ត​ខ្ទប់​មិន​ឲ្យ​មហាអំណាច​ដែល​មិនមែន​អាស៊ី​ចូល​មក​លូក​ដៃ​ក្នុង ​ដែនដី​អាស៊ី​បាន។ រី​ឯ​ជប៉ុន​វិញ នឹង​បន្ត​អូសទាញ​អាមេរិក អូស្រ្តាលី ឬ​ក៏​នូវ៉ែលសេឡង់​ចូល​មក​ក្នុង​ទ្វីប​អាស៊ី ដើម្បី​សាកល្បង​កាត់​បន្ថយ​ឥទ្ធិពល​របស់​ចិន។

ក៏​មាន​ដែរ ល្បែង​សម្ពន្ធភាព​យុទ្ធសាស្ត្រ​ជាមួយ​ប្រទេស​អាស៊ី​ដែល​មាន​ទម្ងន់។ ឧទាហរណ៍​ជាក់ស្តែង ថ្វី​ដ្បិត​តែ​ខ្លួន​នៅ​តែ​មិន​ទាន់​បោះ​បង់​ចោល​ប៉ាគីស្ថាន និង​ថ្វី​ដ្បិត​តែ​ខ្លួន​នៅ​បន្ត​គាំទ្រ​ភូមា​ដែល​សុទ្ធសឹង​ជា​កូន​អុក​ សម្រាប់​ទប់ទល់​នឹង​ឥណ្ឌា ថ្នាក់ដឹកនាំ​ចិន​បាន​ចាប់​ផ្តើម​ចែចូវ​ថ្នាក់ដឹកនាំ​ឥណ្ឌា ពីព្រោះ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ជប៉ុន​ក៏​ដូច​សហរដ្ឋអាមេរិក​បាន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​មហាយក្ស​អាស៊ី​ខាង ​ត្បូង​មួយ​នេះ ដើម្បី​សាកល្បង​ឡោម​ព័ទ្ធ​ប្រទេស​ចិន។

ទោះ​បី​ជា​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ដែល​កាន់​តែ​ស្អិតល្មួត​ ឡើង កំពុង​ធ្វើ​ឲ្យ​ចិន និង​ជប៉ុន​កាន់​តែ​ត្រូវការ​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ដោយ ក៏​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​មិន​អាច​ធូរ​ស្រាល​យូរលង់​បាន​ទេ។

ថ្នាក់​ដឹក​នាំ​ចិន​បន្ត​យុទ្ធសាស្ត្រ​បង្ក​ឲ្យ​មាន​ភាព​តានតឹង គាប​សង្កត់​ឲ្យ​ជប៉ុន​ជ្រើស​យក​អាស៊ី ឬ​បស្ចិម​លោក។ រី​ឯ​នៅ​ខាង​ជប៉ុន​វិញ ថ្នាក់ដឹកនាំ​នឹង​បន្ត​ជំរុញ​តាម​មធ្យោបាយ​ដែល​អាច​ធ្វើ​ទៅ​បាន ឲ្យ​ចិន​ធ្វើ​កំណែ​ទម្រង់​នយោបាយ ឲ្យ​ចិន​ជ្រើស​រើស​យក​លទ្ធិប្រជាធិបតេយ្យ។ ពីព្រោះ​ចង់​ឬ​មិន​ចង់ ទំនាក់ទំនង​រវាង​ចិន​និង​ជប៉ុន​អាច​នឹង​ស្គាល់​ប្រក្រតីភាព​ទៅ​បាន លុះ​ត្រា​តែ​ចិន​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ។ នេះ​ហើយ​ជា​លក្ខខណ្ឌ​តែ​មួយ​គត់​ដែល​អាច​ធ្វើ​ឲ្យ​ជប៉ុន​ទុក​ចិត្ត​ចិន​បាន។

ឯកសារយោង[កែប្រែ]

ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ

  1. http://www.khmer.rfi.fr/Geopolitic%20%3A%20China%20and%20Japan[តំណភ្ជាប់ខូច]
  2. http://www.khmer.rfi.fr/G%C3%A9opolitic%20%3A%20China%20and%20Japan%202[តំណភ្ជាប់ខូច]
  3. http://www.khmer.rfi.fr/Geopolitic%20China%20and%20Japan%20210311[តំណភ្ជាប់ខូច]
  4. http://www.khmer.rfi.fr/Geopolitic%20%3A%20China%20and%20Japan%2011 Archived 2011-07-19 at the វេយប៊ែខ ម៉ាស៊ីន.