យមកវគ្គ
សុត្តន្តបិដក > ខុទ្ទកនិកាយ > ធម្មបទគាថា > យមកវគ្គ
(សុត្តន្តបិដក សៀវភៅលេខ ៥២ ទំព័រទី ២១ - ២៥)
វគ្គ [១១] ជាក្បួនតម្រៀបតាមព្រះត្រៃបិដកខ្មែរ
យមកៈ ប្រែថា គូ ឬ ភ្លោះ ។ ពួកធម៌ក្នុងវគ្គនេះព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងជាគូៗ មាន ២០ គាថា ដូច្នេះ ៖
សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ
យមកវគ្គ ទី ១ [កែប្រែ]
[១] ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត (មានចិត្តជាធំ) សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តត្រូវទោសប្រទូស្តហើយ ពោលក្តី ធ្វើក្តី (នូវទុច្ចរិត) ព្រោះទុច្ចរិតទាំងនោះ ទុក្ខ រមែងជាប់តាម បុគ្គលនោះទៅ ដូចកង់រទេះ វិលតាមជើងគោ ដែលកំពុងអូសទៅ ។
[២] ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត (មានចិត្តជាធំ) សម្រេចអំពីចិត្ត បើបុគ្គលមានចិត្តជ្រះថ្លាហើយ ពោលក្តី ធ្វើក្តី (នូវសុច្ចរិត) ព្រោះសុចរិតទាំងនោះសុខរមែងជាប់តាមបុគ្គលនោះទៅ ដូចស្រមោលអន្ទោលតាមប្រាណ ។
[៣] អ្នកឯណោះ បានជេរអញ អ្នកឯណោះ បានវាយអញ អ្នកឯណោះ បានផ្ចាញ់អញ អ្នកឯណោះ បានលួចយកទ្រព្យរបស់អញទៅហើយ បើអ្នកណា ចងសេចក្តីក្រោធបែបនោះទុក (ដូច្នេះ) ពៀររបស់អ្នកនោះ មិនរម្ងាប់ឡើយ ។
[៤] អ្នកឯណោះ បានជេរអញ អ្នកឯណោះ បានវាយអញ អ្នកឯណោះ បានផ្ចាញ់អញ អ្នកឯណោះ បានលួចយកទ្រព្យរបស់អញទៅហើយ បើអ្នកណា មិនចងសេចក្តីក្រោធបែបនោះទុក (ដូច្នេះ) ពៀររបស់អ្នកនោះ ទើបរម្ងាប់បាន ។
[៥] ពិតមែន តាំងពីកាលណាមកក្នុងលោកនេះ ពៀរទាំងឡាយ មិនរម្ងាប់ដោយពៀរឡើយ ពៀរទាំងឡាយរម្ងាប់ដោយមិនមានពៀរ នេះជាបវេណីធម៌ ។
[៦] ជនទាំងឡាយដទៃ (ក្រៅអំពីបណ្ឌិត) តែងមិនដឹងខ្លួនថា យើងទាំងឡាយ នឹងវិនាសក្នុងកណ្តាលនៃពួកនេះ ដូច្នេះឡើយ ចំណែកជនទាំងឡាយណា ក្នុងពួកនេះ ដឹងខ្លួនថា យើងទាំងឡាយ នឹងវិនាសក្នុងកណ្តាលនៃពួកនេះ ដូច្នេះ ការឈ្លោះ ប្រកែកទាំងឡាយរមែងរម្ងាប់អំពីជនទាំងឡាយនោះ។
[៧] បុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាល្អ មិនសង្រួមក្នុងឥន្រ្ទិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន ខ្ជិលច្រអូស មានព្យាយាមធូរថយ កិលេសមារ រមែងគ្របសង្កត់បុគ្គលនោះឯង ដូចខ្យល់ដែលគ្របសង្កត់ដើមឈើទុព្វលដូច្នោះ។
[៨] ឯបុគ្គលដែលយល់ឃើញនូវអារម្មណ៍ថាមិនល្អ សង្រួមប្រពៃក្នុងឥន្រ្ទិយទាំងឡាយ ដឹងប្រមាណក្នុងភោជន មានសទ្ធា ប្រារព្ធព្យាយាម កិលេសមារតែងគ្របសង្កត់បុគ្គលនោះមិនបាន ដូចខ្យល់គ្របសង្កត់ថ្មភ្នំតាន់មិនបានដូច្នោះ។
[៩] អ្នកណា នៅមានទឹកចត់គឺរាគាទិក្កិលេស (ក្នុងសន្តាន) ជាអ្នកបោះបង់ ការទូន្មាននូវឥន្រ្ទិយ និង សច្ចៈ ហើយស្លៀកដណ្តប់សំពត់កាសាវៈ អ្នកនោះមិន គួរនឹងស្លៀកដណ្តប់សំពត់កាសាវៈឡើយ។
[១០] លុះតែអ្នកណា មានទឹកចត់គឺរាគាទិក្កិលេស ខ្ជាក់ចោលអស់ហើយ ជាអ្នកមានចិត្តតម្កល់មាំ ក្នុងចតុប្បារិសុទ្ធិសិល ប្រកបដោយការ ទូន្មាននូវឥន្រ្ទិយ និង សច្ចៈ អ្នកនោះឯង ទើបគួរនឹងស្លៀកដណ្តប់សំពត់កាសាវៈបាន។
[១១] ជនទាំងឡាយ ដេលយល់ឃើញ ក្នុងធម៌មានខ្លឹម ថាជាធម៌មិនមានខ្លឹមផង ជាអ្នកមានតម្រិះខុសជាអារម្មណ៍ រមែងមិនបាននូវធម៌ដែល មានខ្លឹមឡើយ។
[១២] ជនទាំងឡាយ ដែលយល់ឃើញ នូវធម៌មានខ្លឹម ថាជាធម៌មានខ្លឹមផង យល់ឃើញនូវធម៌គ្មានខ្លឹម ថាជាធម៌គ្មានខ្លឹមផង អ្នកមានតម្រិះត្រូវ ជាអារម្មណ៍ រមែងបាននូវធម៌ដែលមានខ្លឹម។
[១៣] ផ្ទះដែលប្រក់ខ្ជីខ្ជារហើយ ដំណក់ទឹកភ្លៀង រមែងលេចរហូតយ៉ាងណាមិញ ចិត្តដែលបុគ្គលមិនបានអប់រំទុកហើយ រាគៈរមែងចាក់ដោតយ៉ាងនោះឯង។
[១៤] ផ្ទះដែលប្រក់ល្អហើយដំណក់ទឹកភ្លៀង រមែងមិនលេចរហូត យ៉ាងណាមិញ ចិត្តដែលបុគ្គលបានអប់រំល្អហើយរាគៈរមែងមិនចាក់ដោតបាន យ៉ាងនោះឯង។
[១៥] បុគ្គលអ្នកធ្វើបាប តែងសោកស្តាយ ក្នុងលោកទាំងពីរ គឺសោកស្តាយ ក្នុងលោកនេះ១ ក្នុងលោកខាងមុខ១ បុគ្គលនោះ រមែងសោកស្តាយ ក្តៅក្រហាយ ព្រោះ ឃើញអំពើរសៅហ្មងរបស់ខ្លួន។
[១៦] បុគ្គលអ្នកធ្វើបុណ្យទុក រមែងរីករាយ ក្នុងលោកទាំងពីរ គឺរីករាយ ក្នុងលោកនេះ១រីករាយក្នុងលោកខាងមុខ១ បុគ្គលនោះ រមែងរីករាយស្រស់ស្រាយ ព្រោះឃើញអំពើរបរិសុទ្ធរបស់ខ្លួន។
[១៧] បុគ្គលធ្វើអំពើបាប តែងក្តៅក្រហាយ ក្នុងលោកទាំងពីរ គឺក្តៅក្រហាយក្នុងលោកនេះ១ ក្តៅក្រហាយក្នុងលោកខាងមុខ១ បុគ្គលនោះ រមែងក្តៅក្រហាយដោយគិតឃើញថា បាបអញធ្វើហើយ លុះធ្វើមរណកាលទៅកាន់ទុគ្គតិ ក៏រឹងរិតក្តៅក្រហាយដ៏ក្រៃលែង។
[១៨] បុគ្គលអ្នកធ្វើបុណ្យទុក រមែងត្រេកអរ ក្នុងលោកទាំងពីរគឺត្រេកអរក្នុងលោកនេះ១ ត្រេកអរក្នុងលោកខាងមុខ១ បុគ្គលនោះរមែងត្រេកអរដោយគិតឃើញថា បុណ្យអញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹងរិតតែត្រេកអរដ៏ក្រៃលែង។
[១៩] បើនរជនពោលពាក្យប្រកបដោយប្រយោជន៍សូម្បីច្រើន តែជាអ្នក ប្រមាទ មិនធ្វើតាមពាក្យនោះ រមែងជាអ្នកមិនមានចំណែកសាមញ្ញផលឡើយ ដូចអ្នករក្សាគោ កាលរាប់គោប្រគល់ឲ្យអ្នកដទៃហើយ (ជាអ្នកមិនបានបរិភោគ នូវបញ្ចគោរស) ដូច្នោះឯង។
[២០] បើនរជនពោលពាក្យប្រកបដោយប្រយោជន៍ សូម្បីបន្តិចបន្តួច តែជាអ្នកប្រព្រឹត្តនូវធម៌ សមគួរដល់ធម៌ បានលះបង់រាគៈ ទោសៈ និងមោហៈ ជាអ្នកដឹងនូវធម៌ ដែលគួរកំណត់តាមហេតុ មានចិត្តដកផុតអំពីសេចក្តីសៅហ្មង់ មិនមានសេចក្តីប្រកាន់មាំ ក្នុងលោកនេះ និង លោកខាងមុខ នរជននោះ រមែងជាអ្នកបានចំណែកសាមញ្ញផល។
ចប់ យមកវគ្គទី ១
ឯកសារយោង [កែប្រែ]
- ព្រះត្រៃបិដកបាលី-ខ្មែរ សៀវភៅលេខ ៥២ ទំព័រទី ២១ ដល់ ២៥
- អដ្ឋកថា ធម្មបទ យមកវគ្គ (១៤ រឿង) ជាភាសាថៃ
- អដ្ឋកថាលេខ ៥២