រាជេន្ទ្រវម៌្មទី២

ពីវិគីភីឌា
រាជេន្ទ្រវម៌្មទី២
វ្រះបាទ
រជ្ជកាលកម្វុជទេឝ: ៩៤៤–៩៦៨
រាជ្យមុនហឝ៌វម៌្មទី២
រាជ្យបន្តជយវម៌្មទី៥
ស្វាមី/មហេសីត្រូវជាព្រះភិគនេយ្យនៃមាតាព្រះបាទឧទយាទិត្យវម៌្មទី១
បុត្រជយវម៌្មទី៥
ព្រះនាមពេញ
ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីរាជេន្ទ្រវម្ម៌ទេវ
បច្ឆាមរណនាម
វ្រះបាទឝិវលោក
បិតាមហេន្ទ្រវម៌្ម
មាតាមហេន្ទ្រទេវី
សាសនាព្រហ្មញ្ញសាសនា

វ្រះបាទរាជេន្ទ្រវម៌្មទី២ (រាជិន្ទពម៌ទី២) គឺជាមហាក្សត្រនៃកម្វុជទេឝ (សោយរាជ្យនៅអង្គរ កម្ពុជា) ចាប់ពី ៩៤៤ ដល់ ៩៦៨។ ព្រះនាមសំរាប់រាជ្យ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីរាជេន្ទ្រវម្ម៌ទេវ (ធូលីព្រះបាទ ធូលីជើង ព្រះគម្ដែង អញស្រីរាជិន្ទពម៌ទេព)។ ក្រោយ​ពី​វ្រះបាទ​ហឝ៌វម៌្មទី២ ទ្រង់​សោយ​ទិវង្គត​ទៅ វ្រះបាទ​រាជេន្ទ្រវម៌្មទី២ ដែល​ជា​ព្រះរាជ​បុត្រ​របស់​ព្រះនាង​មហេន្ទ្រទេវី (ឯកសារខ្លះថាជាប្អូនទៅវិញ) ដែល​ត្រូវ​ជា​បង​ស្រី​មួយ​អង្គ​ទៀត​របស់​វ្រះបាទយឝោវម៌្មទី១ ដែរ ក៏​ទ្រង់​ឡើង​សោយរាជ្យ​ស្នង​ព្រះអនុជ​នៅ​ឆ្នាំ ​៩៤៤។ រាជេន្ទ្រវម៌្មទី២ ត្រូវជាក្មួយនៃអតីតព្រះរាជា និងត្រូវជារជ្ជទាយាទ នៃមហាក្សត្រមហេន្ទ្រវម៌្ម សោយរាជ្យនៅនគរភវបុរ (ទីតាំងរបស់ទីក្រុងត្រូវបានគេជជែកពិភាក្សា) បានលើករាជធានីត្រឡប់មកយឝោធរបុរវិញ។ នៅសម័យព្រះអង្គ ទឹកដីភវបុរ ត្រូវបានភ្ជាប់មក "កម្វុជទេឝ" ដែលមានរាជធានីធំនៅអង្គរ។ ព្រះអង្គបានសាងប្រាសាទភ្នំ ពីរគឺ ប្រែរូប (គ.ស ៩៦១) និងមេបុណ្យខាងកើតគឺជាបូជនីយដ្ឋានសំខាន់ៗរបស់ទ្រង់បានតាំងនៅតំបន់អង្គរនៃខេត្តសៀមរាបរបស់កម្ពុជា។ រាជបុរោហិត ព្រាហ្មណ៍ អាត្មឝិវ។ សិលាចារឹកនិយាយថាកម្វុជទេឝស្ថិតក្រោមការទំនុកបំរុងរបស់ទ្រង់បានលាតសន្ធឹងដល់ វៀតណាមខាងត្បូង លាវ និងប្រទេសថៃមួយភាគធំ ហើយកាន់តែឆ្ងាយទៅដល់ភាគខាងត្បូងចិន។ សិលាចារឹកនៅប្រាសាទប្រែរូបរៀបរាប់ថារាជេន្ទ្រវម៌្មទី២គឺជាអ្នកចំបាំងដ៏អស្ចារ្យ ព្រះខ័ឌ្តរបស់ទ្រង់ប្រឡាក់ដោយលោហិតរឿយៗ ព្រះកាយរបស់ទ្រង់រឹងមាំប្រៀបាននឹងគ្រាប់ពេជ្រ។ ទោះបីយ៉ាងណា ក្សត្រអង្គនេះបានដាក់ទណ្ឌកម្មចំពោះទុក្ខទោស សិលាចារឹកថ្លែងថា ទ្រង់គឺមហាសាគរនៃក្ដីមេត្តាករុណាធម៌ចំពោះអពិរុទ្ធជន។ សិលាចារឹកផ្សេងៗទៀតពិពណ៌នាទ្រង់ជាអ្នករៀបចំក្បួនពិធីសាសនារដ្ឋ។ ក្នុងអត្ថបទមួយ ទ្រង់ចេញរាជបញ្ជាឱ្យមានការប្រមូលប្រេងបូជា ក្នុងទំរង់ជាក្រមូន សំរាប់ការប្រើប្រាស់ក្នុងប្រាសាទ។

ព្រះមហាក្សត្របានគង់នៅក្នុងមហារាជវាំងដែលបានរចនាតុបតែងដោយមន្ត្រីរបស់ព្រះអង្គ កវេន្ទ្រារិមថន។ អ្នកប្រាជ្ញភាគច្រើនជឿជាក់ថា រាជេន្ទ្រវម៌្មទី២ បានស្ថាបនាប្រព័ន្ធរដ្ឋបាលមជ្ឈការ ដែលបានធ្វើការគ្រប់គ្រងដោយផ្ទាល់លើក្រុមព្រះអង្គម្ចាស់ ដែលមានឯករាជ្យយ៉ាងធំធេងក្នុងទឹកដីរបស់ខ្លួននៅតាមបណ្ដាខេត្តនានា។

សំណង់បន្ទាយស្រី ប្រាសាទនេះលំអតុបតែងដោយថ្មភក់ផ្កាឈូកស្ថិតនៅខាងជើងនៃសំណង់អគារអង្គរសំខាន់ៗ ចាប់ផ្ដើមកំឡុងរជ្ជកាលរបស់ព្រះអង្គ។

រាជេន្ទ្រវម៌្មទី២ទ្រង់​ជា​ស្ដេច​សឹក​មួយ​អង្គ​ដ៏​អង់​អាច​ក្លាហាន បានដឹកនាំការប្រយុទ្ធទល់នឹងរដ្ឋសត្រូវចាម្ប៉ានៅខាងកើត នៅគ.ស ៩៥០។ ក្រោយ​ពី​ចាម្ប៉ា​បាន​មក​លុក​លុយ​ប្រទេស​កម្ពុជា នៅ​ក្នុង​រាជ្យ​វ្រះបាទ​ជយវម៌្មទី៥ នោះ។ នៅ​ឆ្នាំ​៩៤៥-៩៤៦ ព្រះអង្គ​ទ្រង់​បាន​ឡោមព័ទ្ធ​រាជធានី​នៃ​ប្រទេស​ចាម្ប៉ា បាន ហើយ​បាន​នាំ​បដិមា​ទេពធីតា​រក្សា​នគរ ដែល​ធ្វើ​អំពី​មាស នៅប្រាសាទពោធិ៍នគរប្រទេសចាម្ប៉ា និង​រឹប​យក​នគរ​ចាម្ប៉ា ដាក់​ជា​ចំណុះ​នគរ​ខ្មែរ​មួយ​រយៈ​ថែម​ទៀត​ផង។

រាជេន្ទ្រវម៌្មទី២ត្រូវបានស្នងរាជ្យបន្តដោយព្រះរាជបុត្រទ្រង់ព្រះជន្ម ១០ វស្សា ដែលបានឡើងសោយរាជ្យក្លាយជា ជយវម៌្មទី៥។ ព្រះអង្គមានព្រះបរមមរណនាមថា វ្រះបាទឝិវលោក

ព្រះអង្គ​មិន​គង់​នៅ​រាជធានី​កោះ​កេរ្តិ៍ ទៀត​ទេ គឺ​ព្រះអង្គ​ទ្រង់​នាំ​យក​លិង្គ​ទេវរាជ​ត្រឡប់​ទៅ​យសោធបុរ ក្រុង​អង្គរ បាន​ជួសជុល និង​រៀប​ចំ​កសាង​បន្ថែម ធ្វើ​អោយ​រាជធានី​យឝោធរបុរ នេះ​កាន់​តែ​រុងរឿង​ឡើង​ថែម​ទៀត។

នៅ​ចំ​កណ្ដាល​ទីក្រុង​នេះ គេ​ចាប់​ផ្ដើម​កសាង​ប្រាសាទ​វិមាន​អាកាស​ដ៏​ល្អ​ឆើតឆាយ ហើយ​នៅ​ភាគ​ខាង​កើត​នៃ​ទីក្រុង​នៅ​ឆ្នាំ​៩៥២ ព្រះអង្គ​ទ្រង់​បាន​សាង​ប្រាសាទ​មេ​បុណ្យ​ខាង​កើត ដែល​មាន​ប្រាង្គ​ចំនួន​៥ នៅ​ចំ​កណ្ដាល​បារាយណ៍​យឝោធរតដាក ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះ​មាតា​ព្រះ​បិតា បុព្វការី​ជន​ផ្សេង​ទៀត និង​ឝិវលិង្គ។ នៅ​ឆ្នាំ​៩៦១ ព្រះអង្គ​ទ្រង់​បាន​សាង​ប្រាសាទ​មួយ​ទៀត​ដែល​មាន​រូបរាង និង​ប្រាង្គ​ចំនួន​៥ ដូច​គ្នា​នឹង​ប្រាសាទ​មេ​បុណ្យ​ខាង​កើត​ដែរ ឈ្មោះ​ថា ប្រាសាទ​ប្រែ​រូប ដោយស្ថាបត្យករកវេន្ទ្រារិមថនក្នុងឆ្នាំ៩៦១។ ស្ថិត​នៅ​ខាង​ត្បូង​យឝោធរតដាក ដើម្បី​តម្កល់លិង្គ​ទេវរាជ និង​ឧទ្ទិស​ចំពោះ​ព្រះ​ញាតិ​ព្រះអង្គ​ផង។

ហេតុ​ដែល​បណ្ដាល​អោយ​វ្រះបាទ​រាជេន្ទ្រវម៌្មទី២ សាង​ប្រាសាទ​ប្រែ​រូប​ដែល​មាន​រូបរាង និង​សណ្ឋាន​ដូច​គ្នា​នឹង​ប្រាសាទ​មេ​បុណ្យ​ខាង​កើត​នោះ គឺ​មក​ពី​ប្រាសាទ​មេ​បុណ្យ​ខាង​កើត​នេះ​បាន​ត្រូវ​សាងសង់​ឡើង​នៅ​កណ្ដាល​បារាយណ៍ ដែល​ជា​ហេតុ​ធ្វើ​អោយ​មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​បុណ្យ​ទាន។

ក្នុង​រាជ្យ​របស់​វ្រះបាទ​រាជេន្ទ្រវម៌្មទី២ សាសនា​ទាំងអស់​មាន​ការ​រីក​ចម្រើន ហើយ​រួម​រស់​ដោយ​សុខដុម​ជាមួយ​គ្នា។ នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ​នេះ​ដែរ មាន​វីរជន ឬ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ព្រះបរមរាជវាំង​ជាច្រើន បាន​រួម​ចំណែក​កសាង​សមិទ្ធផល​ផ្សេងៗ ដូច​ជា​នៅ​ឆ្នាំ​៩៤៦ កវេន្ទ្រារិមថន ជា​ស្ថាបត្យករ​បាន​សាង​ប្រាសាទ​បាតជុំ ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​ពោធិសត្វ​មួយ​អង្គ​នៃ​ពុទ្ធសាសនា​មហាយាន និង​ព្រះនាង​ប្រាជ្ញាបារមីតា។ នៅ​ឆ្នាំ​៩៦៧ ព្រះរាជ​គ្រូ​ព្រាហ្មណ៍យជ្ញវរាហ ចាប់​ផ្ដើម​សាង​ប្រាសាទ​បន្ទាយស្រី ត្រីភូវនមហេស្វរ ស្ថិត​ខាង​ជើង​ក្រុង​យឝោធរបុរ។[១][២]

ពង្សាវលី[កែប្រែ]

គោរម្យងារសំរាប់រាជ្យ
មុនដោយ
ហឝ៌វម៌្មទី២
ចក្រវរ្តិននៃកម្វុជទេឝ
៩៤៤–៩៦៨
តដោយ
ជយវម៌្មទី៥

ឯកសារយោង[កែប្រែ]

  • Higham, Charles. The Civilization of Angkor. University of California Press 2001. ISBN 0-520-23442-1
  • Mabbett, Ian and Chandler, David. The Khmers. Blackwell Publishers 1996. ISBN 0-631-17582-2


  1. http://www.rfa.org/khmer/news/history/the-kings-of-angkor-continued-04092014005953.html
  2. https://www.facebook.com/170449243027952/photos/a.305740319498843.71293.170449243027952/754390681300469/