រូប

ពីវិគីភីឌា

រូប ជាទួទៅសំដៅលើ​វត្ថុ​ដែល​យើង​អាច​មើលឃើញ នៅចំពោះយើង ។

និយមន័យ[កែប្រែ]

  • ដោយផ្អែកលើវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត រូប គឺជាធម្មជាតិដែល​ប្រែប្រួល​ ឬ​វិនាស​ដោយ​ហេតុ​ផ្សេងៗ​ មាន​ក្តៅ​ និង​ត្រជាក់​ជា​ដើម។
  • រូប គឺអ្វីៗដែលប្រាដកដល់ភ្នែក គឺអ្វីៗដែលគេ​អាច​មើល​ឃើញ ដូចជា​រាង សណ្ឋាន ទ្រង់ ទ្រង់ទ្រាយ អង្គ ខ្លួន ខ្លួនប្រាណ លំអ ។ល។
  • ន័យម្យ៉ាងទៀត ពាក្យថារូប គឺ​គេ​ប្រើដាក់ខាងចុងចំនួន ​ដូចជា ភិក្ខុមួយរូប, សាមណេរពីររូប​ជា​ដើម។
  • ពាក្យរូបនេះ គេប្រើសម្រាប់ផ្គុំជាមួយនឹងពាក្យដទៃ ដូចជា រូបថត, រូបភាព, ព្រះពុទ្ធរូប, រូបគំនូរ ជាដើម។

ន័យក្នុងព្រះពុទ្ធសាសនា[កែប្រែ]

រូបក្ខន្ធ គឺ​ជាកងរូប ប្រជុំនៃរូប។ រូប​ខន្ធ គឺជាខន្ធមួយ​ក្នុង​ចំណោមខន្ធទាំង៥ មាន​ រូប, វេទនា, សញ្ញា, សង្ខារ, និង​វិញ្ញាណ។

រូប២៨[កែប្រែ]

រូប២៨ គឺ មហាភូតរូប៤ ប្រសាទរូប៥ វិសយរូប៤ ភាវរូប២ ហទយរូប១ ជីវិតរូប១ អាហាររូប១ បរិច្ឆេទរូប១ វិញ្ញតិរូប២ វិការរូប៣ និងលក្ខណរូប៤។

មហាភូតរូប៤[កែប្រែ]

  • បឋវីធាតុ (ធាតុដី) មានលក្ខណៈរឹង។ វត្ថុដែលមានលក្ខណៈរឹងច្រើន គឺដោយសារ​មាន​ធាតុ​ដី​ច្រើន។ ធាតុដីមាននៅនឹងកាយ ដូចជា សក់, រោម,បេះដូង,សាច់,ឆ្អឹង ជាដើម។ ធាតុដីដែលមាននៅខាងក្រៅខ្លួន មានដូចជា ដែក, សំណ, កែវ ជាដើម។
  • អាបោ (ធាតុទឹក) មានលក្ខណៈរាវ ហូរ ជ្រាប។ ធាតុទឹកដែលមានក្នុងខ្លួន មានដូចជា ទឹកប្រមាត់, ខ្ទុះ, ឈាម, ញើស, ខ្លាញ់ ជាដើម។ ធាតុទឹកដែលនៅ​ខាង​ក្រៅខ្លួន មានដូចជា​ ទឹកផ្លែឈើ, ទឹកទន្លេ, ទឹកសមុទ្រ ជាដើម។
  • តេជោ (ធាតុភ្លើង) មានលក្ខណៈក្តៅ។ ធាតុភ្លើងខាងក្នុងរាងកាយ​មាន​ដូចជា ឧស្មាតេជោ គឺភ្លើងដែល​ធ្វើ​អោយ​រាងកាយក្តៅ, បាចកតេជោ គឺភ្លើងសម្រាប់រំលាយអាហារ, ជីរណតេជោ គឺ​ភ្លើងដែលធ្វើអោយរាងកាយទ្រុឌទ្រោម (ចាស់) និង​សន្តាបនតេជោ គឺភ្លើង​ដែល​ធ្វើ​អោយ​ក្តៅ (ដែលគេតែងនិយាយថា ក្តៅខ្លួន)។ ចំណែកឯធាតុភ្លើងខាងក្រៅខ្លួន មានដូចជា ភ្លើងឧស, ភ្លើងទាន ជាដើម។
  • វាយោ (ធាតុខ្យល់) មានការតឹងជាលក្ខណៈ។ ធាតុខ្យល់ក្នុងខ្លួនមានដូចជា ខ្យល់ក្នុង​សន្លាក់(អវយវៈ), ខ្យល់ក្នុង​ពោះវៀន, ខ្យល់ក្នុងផ្ទៃ, ខ្យល់ដង្ហើម ជាដើម។ ធាតុខ្យល់​ខាងក្រៅ មាន​ដូចជា ខ្យល់បក់ពីទិសខាងកើត​ ជាដើម។

ប្រសាទរូប៥[កែប្រែ]

ប្រសាទរូប ឬបសាទរូប គឺរូបដែល​ទទួលសម្ផស្សដឹងអារម្មណ៍ មានកែវភ្នែកជាដើម។ ប្រសាទ​រូប​មាន​៥ គឺ៖

  • ចក្ខុប្រសាទរូប (ប្រស្រីភ្នែក) ។ ចក្ខុប្រសាទរូបនធ ផ្សាយពេញក្រពេញភ្នែករហូតដល់៧ជាន់ក្នុងមណ្ឌលភ្នែក ក្នុងកណ្តាលនៃរង្វង់ភ្នែកខ្មៅដែលព័ទ្ធជុំវិញដោយគ្រាប់ភ្នែកពណ៌ស ដែល​ត្រូវ​បាន​ឧបការៈពីធាតុ៤ ដែលធ្វើអោយសើមជានិច្ច អោយមានកំដៅ និងអោយកំរើកទៅមកបាន។ ចក្ខុប្រសាទរូបនេះ មានទំហំប្រមាណប៉ុនក្បាលចៃប៉ុណ្ណោះ ដែលសម្រេចអោយ​ភ្នែក​អាច​ឃើញរូបបាន។
  • សោតប្រសាទរូប (ក្រដាសត្រចៀក) បានដល់ប្រសាទនៃត្រចៀកដែលមានភាពថ្លា អាចទទួលសំឡេងជាអារម្មណ៍ រួចក៏បញ្ជូនទៅសោតវិញ្ញាណដើម្បីដឹងថា ជាសំឡេងគួរជាទីរីករាយ ដូចជាសំឡេងសរសើរ, សំលេងចម្រៀង ឬជាសំឡេងដែលមិនជាទីពេញចិត្ត ដូចជាសំឡេងគេជេរ, បន្តុះបង្អាប់, សំឡេងយំជាដើម។ ប្រសាទរូបនេះតាំង​នៅ​ក្នុង​ប្រទេស​ដែល​មាន​សណ្ឋាន​ដូច​វង់​ចិញ្ចៀន មានរោម​ក្រហម​ល្អិត​ដុះឡើង​ខាង​ក្នុង​ប្រហោង​នៃ​ត្រចៀក។
  • ឃានប្រសាទរូប កើតឡើងក្នុងប្រទេសដែល​មាន​សណ្ឋាន​ដូច​ក្រចក​ពពែ ខាងក្នុង​ប្រហោងនៃច្រមុះ សម្រាប់ទទួលខ្យល់ចេញចូលដើម្បីទ្រទ្រង់រាងកាយ និង​ស្រូបក្លិនផ្សេងៗ។
  • ជីវ្ហាប្រសាទរូប កើតឡើងតាំង​នៅ​ក្នុង​ប្រទេស​នៃ​អណ្តាត គឺជាចំណុចគ្រាប់ល្អិតៗដែលមាននៅលើផ្ទៃនៃអណ្តាត សម្រាប់ទទួល​រសរបស់អាហារ។
  • កាយប្រសាទរូប ជាប្រសាទរូបមួយសម្រាប់ដឹងនូវ​ការ​ប៉ះខ្ទប់ពីវត្ថុខាងក្រៅ។ កាយប្រសាទរូបនេះ មាន​ទីតាំងនៅ​គ្រប់កន្លែងនៃ​រាងកាយ វៀរលែងតែ ចុងសក់ ចុងរោម ស្បែកក្រិន។ល។

វិសយរូប៤[កែប្រែ]

  • វណ្ណៈ (រូបារម្មណ៍-ពណ៌) សំដៅលើ​អារម្មណ៍​ដែល​ចក្ខុវិញ្ញាណ​បាន​ទទួល​ហើយ​បញ្ជូន​ទៅ​បេះដូងដែល​ជា​ទីតាំង​នៃ​មនោ​វិញ្ញាណ។
  • សទ្ទៈ (សទ្ទារម្មណ៍-សំលេង) បានដល់​សំលេង​ដែល​ជា​អារម្មណ៍​របស់​សោតវិញ្ញាណ។
  • គន្ធៈ (គន្ធារម្មណ៍-ក្លិន) បានដល់​ក្លិនដែល​ជា​អារម្មណ៍​របស់​ឃាន​វិញ្ញាណ។
  • រសៈ (រសារម្មណ៍-​រស) បានដល់រស​ដែល​ជា​អារម្មណ៍​របស់​ជីវ្ហាវិញ្ញាណ។

ភាវរូប២[កែប្រែ]

ភាវៈ២បានដល់ភាព​ជាស្រី និងភាពជាប្រុស។

  • ឥត្ថីភាវរូប (ភេទស្រី) គឺរូបដែលសម្តែងភាពជាស្រី មានភាវៈនៃស្រី គឺភេទស្រី និមិត្ត សំឡេង ទ្រង់ទ្រាយ ឥរិយាបទជាដើម។
  • បុរិសភាវរូប (ភេទប្រុស) គឺរូបដែលសម្តែងភាពជាប្រុស មានភាវៈជាប្រុស គឺ​គេ​អាច​សម្គាល់​បាន​ដោយ​ភេទ មានទ្រង់ទ្រាយជាដើម, មានពុកមាត់ ពុកចង្កា, និស្ស័យ គឺ​ការ​ប្រព្រឹត្ត​ផ្សេងៗ, និងឥរិយាបទ មាន​ការដើរ​ ការឈរ​ជាដើម។

រូបទាំង២នេះជាសុខុមរូប ដែល​កើត​អំពី​កម្ម​ជាមុដ្ឋាន​ មានទួទំាងសរីរៈ​ទាំងអស់ដូចជា​កាយិន្ទ្រិយ។

ហទយរូប១[កែប្រែ]

  • ហទយវត្ថុ (បេះដូង) បេះដូងគឺជាចំណែកដុំសាច់ដែលមនុស្សសត្វទាំងឡាយមិនអាច​ខ្វាស់វាបាន។ វាមាននាទី​លោត ច្របាច់ឈាមបញ្ជូន​ទៅ​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ។ បេះដូងរបស់​មនុស្សពេញវ័យ​ដែលមានសុខភាពល្អ ជាធម្មតា​លោត​ពី​៦០ទៅ១០០ដង​ក្នុងមួយនាទី [១]។ បេះដូង​នេះ​ក៏​ជា​ទីអាស្រ័យ​ដ៏សំខាន់​មួយរបស់​ចិត្ត។

ជីវិតរូប១[កែប្រែ]

ជីវិតគឺការប្រជុំនៃសភាវរសទាំងឡាយ ជាដំណើររស់នៅ ជាអាយុរបស់មនុស្ស សត្វ​ទាំងឡាយ។

  • ជីវិតិន្ទ្រិយ ឥន្ទ្រិយ​គឺជីវិត អំណាចនៃជីវិត កម្លាំងជីវិត។ ជីវិតិន្ទ្រិយគឺជាទីអាស្រ័យនៃសហជាតរូបទាំងឡាយ។

អាហាររូប១[កែប្រែ]

  • កវលិង្ការាហារ (អាហារជាដុំពំនួត) អាហារគឺគ្រឿងសំរាប់ចម្អែតអាត្មា[២] សំរាប់បរិភោគដែលមនុស្ស​ សត្វ​ត្រូវការ​ជាចាំបាច់ដើម្បី​​ចិញ្ចឹមរាងកាយអោយចម្រើន មានកម្លាំង ធំធាត់ និងទ្រទ្រង់ជីវិតតទៅ។ ឈ្មោះថាអាហារនោះ គឺ​សំដៅយក​បាយ បន្លែ ត្រី សាច់ជាដើម។

បរិច្ឆេទរូប១[កែប្រែ]

  • អាកាសធាតុ អាកាសគឺសំដៅយកលំហ ចន្លោះទទេ លំហមេឃ ជាចន្លោះទទេរវាងរូបនិងរូប ជាចន្លោះប្រហោងដែលខ្យល់អាចចេញចូលបាន។ គេអាច​និយាយ​បាន​ថា អាកាសធាតុ​គឺ​ការរាប់បញ្ចូលនូវ​ធាតុ​៥ គឺ ដី ទឹក ភ្លើង ខ្យល់ និង​អាកាស[៣]។ ពាក្យ​ថាអាកាសធាតុនេះ ខ្មែរយើងតែងសំដៅលើសីតុណ្ហភាព​ក្នុងលំហ ដែលផ្សព្វផ្សាយមកប៉ះលើខ្លួនយើង។

វិញ្ញត្តិរូប២[កែប្រែ]

  • កាយវិញ្ញត្តិ
  • វចីវិញ្ញត្តិ

វិការរូប៣[កែប្រែ]

  • លហុតា
  • មុទុតា
  • កម្មញ្ញតា

លក្ខណរូប៤[កែប្រែ]

  • ឧបចយៈ
  • សន្តតិ
  • ជរតា
  • អនិច្ចតា

ឯកសារយោង[កែប្រែ]

  1. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2013-02-14. Retrieved 2013-03-05.
  2. http://km.wiktionary.org/wiki/%E1%9E%A2%E1%9E%B6%E1%9E%A0%E1%9E%B6%E1%9E%9A
  3. http://km.wiktionary.org/wiki/%E1%9E%A2%E1%9E%B6%E1%9E%80%E1%9E%B6%E1%9E%9F