រឿងពិតនៃខ្ញុំ

ពីវិគីភីឌា

រឿងពិតនៃខ្ញុំ (បទ ពាក្យ៨)

រឿងពិតនៃខ្ញុំ (បទ ពាក្យ៨)

(១) សួស្តីប្រិយមិត្តទីជិតទីឆ្ងាយ                   ខ្ញុំសូមឪនកាយហើយបន្ទាបប្រាណ

គោរពទៅដល់អស់ញាតិសន្តាន                   បងប្អូនគ្រប់ប្រាណនិងគ្រប់វណ្ណៈ។


(២) មនុស្សគ្រប់គ្នាកើតមកលើលោក        រមែងមានទុក្ខទៅតាមដំណាក់

ទុក្ខតូចទុក្ខធំគ្រប់កាលៈទេសៈ                     ដែលនៅជំពាក់ជាប់នឹងកំណើត។


(៣) កំណាព្យមួយនេះតែងពីរឿងពិត       រឿងក្នុងជីវិតដែលបានកកើត

ខ្សែជីវិតដុនដាបឬលូតអើត                          បានផ្តុំបង្កើតជាបទពិសោធន៍។


(៤) ឃុំទន្លេបិទនាស្រុកត្បូងឃ្មុំ                   ជាទីសុខុមក្បែរម្លប់ដើមត្នោត

ភូមិឋានឳពុកប្រជាជនកោត                        ជួយដោះចំណោទអ្នកក្រទីទាល់។


(៥) ឃុំចំបក់នាស្រុកព្រែកប្រសប់             ភូមិឋានកំនប់មាតាខ្ញុំផ្ទាល់

ពលរដ្ឋរាក់ទាក់ឥតមានកិចកល់                គុណធម៌តំកល់ក្នុងសន្តានចិត្ត។


(៦) អ្វីៗលើលោកសុទ្ធតែមិនទៀង          រន្ទះព្យុះភ្លៀងបក់បោកជីវិត

ស្រមោលអន្ធកាលជ្រៀតចូលមកជិត    រឺព្រហ្មលិខិតប្រហារជាតិខ្មែរ។


(៧) បីឆ្នាំប្រាំបីខែនិងម្ភៃថ្ងៃ                         ពលរដ្ឋប្រុសស្រីកើតទុក្ខឥតល្ហែ

ធ្វើការបាក់កំលាំងនៅតាមវាលស្រែ       បំបែកពុកម៉ែសំលាប់អ្នកប្រាជ្ញ។


(៨) សម្បត្តិសក្តិភូមិត្រូវបានកំទេច         គួរធ្វើដូចម្តេចជៀសរឿងកំណាច

កុំអោយមានទៀតចិត្តដូចបិសាច            ព្រឺព្រួចសែនខ្លាចស្ទើររលត់ជាតិ។


(៩) ថ្ងៃប្រាំពីរមករាចិតសិបប្រាំបួន        ខ្មែរបានរួចខ្លួនរស់វិញម្តងទៀត

តែសង្រ្គាមរ៉ាំរ៉ៃនៅមិនទាន់ឃ្លាត              រុញប្រទេសជាតិទៅក្នុងឪនភាព។


(១០) ថ្ងៃសូន្យខែសូន្យឆ្នាំសូន្យជាតិសូន្យ អ្វីៗក៏សូន្យពលរដ្ឋជ្រួតជ្រាប

គុណធម៌សីលធម៌សាសនាបន្ទាប           ខ្លួនត្រូវគេលាបពណ៌អត្មានិយម។


(១១) បទឧក្រិដ្ឋអំពើអបាយមុខ              មនសិការកប់ទុកដូចជាប់ក្នុងឃុំ

រំលោភកូនក្មេងលក់កូនសំងំ                     ក្លែងសង្ឃរឿងធំបន្ថោកសាសនា។


(១២) គេក្រខ្ញុំក្រម្តេចក៏មិនគិត                 ឆបោកកលល្បិចឥតពិចារណា

តើមនសិការអ្នកកប់ឯណា                        ម្តេចក៏ប្រហារជាតិខ្មែរដូចគ្នា។


(១៣) នេះជាសង្គមខ្ញុំចាប់កំណើត          ភ្លើងពណ៌ល្អឆើតសែនស្រស់សោភា

ពលរដ្ឋក្មេងចាស់ត្រូវការវិជ្ជា                     ស្វែងរកការងារអភិវឌ្ឍសង្គម។


(១៤) ទស្សនមាតាបិតាពិតត្រូវ                សង្គមឥឡូវពុទ្ធិជាធំ

ស៊ូធ្វើអ្នកក្រនៅទីប្រជុំ                                 រើផ្ទះមកភ្នំពេញជាន់ទីពីរ។


(១៥) គុណលោកទាំងទ្វេសែនប្រពៃពិត បានផ្តល់ជីវិតដល់គ្រប់បុត្រភ្ញី

ធ្វើការនឿយហត់គ្រប់វិនាទី                       ដើម្បីបុត្រភ្ញីសំរេចគោលដៅ។


(១៦) ឆ្លៀតឪកាសនេះសូមថ្លែងពីចិត្ត      មោទនភាពពិតបានរួមពូជផៅ

កូនសាងអនាគតមិនអោយហ្មងសៅ          កត្តញ្ញូតទៅព្យាយាមឧស្សាហ៍។


(១៧) ពេលខ្ញុំចូលរៀននៅភ្នំដូនពេញ        ត្រូវឃ្លាតចាកចេញពីវង់ហត្ថា

ស្វែករកវិជ្ជានៅបឋមសិក្សា                            ខំប្រឹងរក្សាក្នុងតារាងឆ្នើម។


(១៨) លេខមួយដល់ប្រាំត្រូវគ្រូសុំឈ្មោះ   តារាងកិត្តិយសកេរ្តិ៍ឈ្មោះសំបើម

ត្រូវគ្រូចាត់ទុកជាក្រុមសិស្សឆ្នើម                 ជាគ្រឹះផ្តួចផ្តើមនៃក្តីស្រមៃ។


(១៩) មិនគិតពីអ្វីខិតខំសិក្សា                         តែគួរអនិច្ចាដល់អនុវិទ្យាល័យ

សង្គមប្តូរផ្លាស់គ្រូចិត្តអប្រិយ                          ពុះជ្រៀកហរទ័យពន្លកទំពាំង។


(២០) បាត់អស់មនសិការមាតាទីពីរ            កប់តួនាទីក្នុងបន្ទប់ឃាំង

អ្នកទៅរៀនគួរទួលលើទីនាំង                         រីឯទំពាំងជាន់កប់ក្នុងដី។


(២១) លំហាត់ប្រលងដូចពេលរៀនគួរ       ខ្ញុំតែងសាកសួរសុំសៀវភៅខ្ចី

ពីមិត្តជិតស្និតខំរៀនឃ្មាតខ្មី                           ផ្លាស់ប្តូរលេខថ្មីលំហាត់តែមួយ។


(២២) មិត្តបានមួយរយឯខ្ញុំបានសូន្យ          ដូចព្យុះបក់ក្បូនតែគ្មានអ្នកជួយ

ខំយកតវ៉ាក្រែងមានផ្លូវមួយ                          ចិត្តគ្រូរលួយបានថ្លែងវាចា។


(២៣) វេលាសព្វដងមានរៀនគួរអត់          ខ្ញុំសែនកំសត់ឆ្លើយតបវីញថា

អត់ទេអ្នកគ្រូរវល់សិក្សា                                នៅឯសាលាភាសាមួយទៀត។


(២៤) បើមិនរៀនគួរម្តេចក៏ឯងចេះ          លំហាត់ទាំងនេះគ្រូបានបញ្រ្ជៀត

ដាក់ក្នុងម៉ោងគួរដល់សិស្សឯទៀត          ប្រហែលឯងឆ្លៀតលួចមើលចំលើយគេ។


(២៥) ហេតុតែបានសូន្យគឺមានន័យថា    រូបឯងនេះណាប្រលងមើលគេ

ឪព្រះជាម្ចាស់ខ្ញុំគិតសរសេរ                       បែរថាមើលគេហេតុផលមិនសម។


(២៦) នៅចុងបំណាច់ឆ្នាំបានមកដល់    ឥតមានចំងល់បញ្ជីខ្មៅហំ

អាគារនុរក្សមិននៅសំងំ                              បួនមឿនរៀលផ្សំបានឡើងថ្នាក់ថ្មី។


(២៧) សិស្សបាន៥ក្បៀសទើបបានអាចជាប់ តែខ្ញុំអភព្វ៤ក្បៀស៩៨

ទឹកភ្នែករលោងទៅជួបម្ចាស់ថ្លៃ               ជូនតាមតំលៃមិននៅរុញរា។


(២៨) ឡើងថ្នាក់ទី៨ព្យាយាមឧស្សាហ៍    មិនពិចារណាខិតខំពុះពារ

សូមម៉ែរៀនគួរគ្រប់មុខវិជ្ជា                         ដើមខែក្លាយជាសិស្សឆ្នើមក្នុងថ្នាក់។


(២៩) សិស្សធ្លាក់ទី៧ លេខមួយទី៨         ពិភពលោកិយសែនក្រឡាប់ចាក់

រូបខ្ញុំមិនយល់សង្គមតថៈ                             បាតដៃប្រលាក់ដោយលុយក្រដាស់។


(៣០) ស្របពេលគ្រានោះមានសាលាឯកជន ហ្សាម៉ាន់បោះទុនបានផ្តល់ឪកាស

ជ្រើសរើសសិស្សឆ្នើមដែលបានប្រទះ         មិននៅរុះរះផ្លាស់ប្តូរសាលា។


(៣១) ទោះជាតំលៃសិក្សាថ្លៃពិត                 តែគ្មានគំនិតជ្រៀកចិត្តរៀមរ៉ា

អប់រំទំពាំងដោយមនសិការ                            លុតដំអស្ចារ្យក្លាយជាឫស្សី។


(៣២) រៀនទាំងចំណេះព្រមទាំងគុណធម៌ សប្បុរសធម៌ជួយអ្នកក្រក្រី

កុមារកំព្រាយោធិនពិការក្តី                               គ្មានចិត្តអប្រិយមានតែចិត្តល្អ។


(៣៣) អរគុណលោកគ្រូអ្នកគ្រូទាំងអស់      មានចិត្តសប្បុរស ហរទ័យស្មោះសរ

បានផ្តល់វិជ្ជាតស៊ូត្រដ                                         ឫស្សីងើបឈររស់រានឡើងវិញ។


(៣៤) ហេតុតែបាក់ស្បាតពេលវ័យកុមារ      វិជ្ជាអក្ខរាកើតទុក្ខទោម្នេញ

រៀនមិនសូវបានតែខំទន្ទេញ                             ពុះពារបញ្ចេញគ្រឹះដែលពុកផុយ។


(៣៥) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា                 ទីផ្តល់វិជ្ជារៀនមិនប្រថុយ

សមត្ថភាពខ្លាំងក្លាទៅមិនរាថយ                     ទៅមិនងាកក្រោយទៅដល់បារាំង។


(៣៦) ខ្ញុំសូមដឹងគុណអ្នកផ្តល់ចំណេះ          សមាគមប្រទេសនិយាយបារាំង

រួមទាំងវិទ្យាស្ថានបានផ្តល់កំលាំង                  អនុបណ្ឌិតចែងចាំងមិនភ្លេចជាតិខ្មែរ។


(៣៧) ក្រោយចប់អនុបណ្ឌិតចិត្តឥតវៀចវេរ មិនគិតពីគេតែស្រលាញ់ខ្មែរ

មាតុភូមិកំណើតដែលបានថ្នមថែ                   ខ្ញុំត្រូវកែប្រែអភិវឌ្ឍរូបអ្នក។


(៣៨) គោលដៅបន្ទាប់តយកបណ្ឌិត            គ្រប់គ្រាខ្ញុំគិតជាតិខ្មែរចាំជាក់

ទោះជាយ៉ាងណាមិនជាប់ជំពាក់                    លុយកាក់អន្ទាក់រស់នៅបរទេស។


(៣៩) បំណងចុងក្រោយមានតាំងពីក្មេង   មិនមែនថាលេងឈួលដូចចំហេះ

បង្កើតមណ្ឌលផ្គត់ផ្គង់ចំណេះ                        សង់ជាពិសេសសំរាប់កូនខ្មែរ។


(៤០) កុមារកំព្រារស់គ្មានទីពឹង                     មានដួងព្រលឹងជាជនជាតិខ្មែរ

សក្កានុពលនៃទំពាំងស្រែ                               នឹងអាចកែប្រែបដិវត្តន៍ថ្មី។


(៤១) ជាងនេះទៅទៀតមានចាស់ជរា      មិនមានបុត្រភ្ញាជួយថែតាយាយ

មណ្ឌលខ្ញុំសូមស្វាគមថ្នមបី                           កុមារតាយាយគ្រួសារថ្មីមួយ។


(៤២) ជាចុងបញ្ចប់ខ្ញុំសូមផ្តាំផ្ញើ                   សូមជូនសំណើរទទួចអោយជួយ

កុំគិតលុយពេកលោកអ្នកគ្រូផុយ              ព្យាយាមគិតជួយទំពាំងស្នងឫស្សី។


(៤៣) កូនអ្នកកូនគេកូនដូចតែគ្នា             ទោះបីប្រាក់បៀវត្តន៍ទាបមិនថ្វី

សន្តានចិត្តគ្រូធំលើសអ្វីៗ                             ជួយក្មេងប្រុសស្រីបានដល់គោលដៅ។


(៤៤) បើចង់បើកគួរក៏បើកទៅចុះ             តែគួរដឹងខុសអនុវត្តត្រូវ

គ្រប់គ្រូទាំងអស់ប្រៀបបានសំពៅ           ជួយសិស្សល្ងង់ខ្លៅដល់ត្រើយសុភមង្គល។

និពន្ធដោយៈ សុខគឹមហេង ២៨ កក្កដា ២០០៩