រឿងស៊ឹមអ្នកបរឡាន (វគ្គទី២៖ ថ្ងៃសម្រាក)

ពីវិគីភីឌា

ទំព័រគំរូ:ករឿងស**ណ្តាល



ព្រះអាទិត្យពេលជិតថ្ងៃត្រង់ ចោលចំហាយក្តៅដូចគេដុត អ្នកធ្វើការគ្រប់គ្នាអស់កម្លាំងធ្វើការរវ៉ើយដៃរវ៉ើយជើង ស្នូររគាំងលាន់ឮម៉ឹងៗ។ពេលសម្រាក់ថ្ងៃត្រង់បានពង្រីកមុខអ្នកធ្វើការ។ក្រុមគូលីសើចដាក់គ្នា យកប្រដាប់ប្រដារបស់ខ្លួន មានបង្គី ចបកាប់ ប៉ែល ធុងទឹក។ល។ ទៅប្រគល់ឲ្យអ្នកយាមឃ្លាំង រួចក៏បោសដីពីខ្លួនយ៉ាងប្រញាប់ប្រញាល់ ដើរសំដៅទៅទីកន្លែងរៀងខ្លួន។


គូលីនៅផ្ទះជិត ជាងណាមានកង់ជិះបានត្រឡប់ទៅសម្រាកថ្ងៃត្រង់នៅផ្ទះអាត្មាជួបជុំប្រពន្ធកូន។ឯចំណែកអ្នកគ្មានផ្ទះ ឬមានផ្ទះនៅឆ្ងាយមិនបានត្រឡប់ទៅទីលំនៅក្នុងពេលសម្រាកនេះទេ។ពួកថីកាប៉ូរ៉ាល់បានវិលត្រឡប់ទៅផ្ទះតែសព្វៗខ្លួន។
ក្នុងពពួកគូលីជាប់១០០នាក់ គេឃើញគូលី២០នាក់បានទៅសម្រាកក្នុងវាលធ្វើការហើយមានខ្លះពិតមែន តែមិនបានត្រឡប់ទៅផ្ទះ បានថយទៅសម្រាកនៅសំយាបផ្ទះ ឬក្រោមម្លប់ឈើលើចិញ្ចើមថ្នល់ក្រៅរបងធ្វើការទៅវិញ។គូលីដែលបានសម្រាកក្នុងរបងធ្វើការបានបែងចែកគ្នាជាក្រុម។ អ្នកស្និទ្ធស្នាល ឬសាច់ញាតិគ្នាបានរួមបាយជាមួយគ្នា។មីងប្រេមបានចូលវង់ជាមួយម៉េង នាងប្រុញក្មួយស្រីគាត់ និងគូលីម្នាក់ទៀត។គេចូលម្ហូបគ្នា។ម្នាក់ៗសុទ្ធតែមានកញ្ចប់បាយ។ម្ហូបក្រៀមក្រោះ មានកូនត្រីប្រឡាក់ ក្តាមប្រៃ ខ្ទឹមប្រៃ ប្រហុកអំបិល។គេស៊ីត្បិតត្បៀតណាស់។គេស៊ីម្ហូប គេស៊ីបាយច្រើន។គេស៊ីឲ្យតែធ្ងន់ពោះ ព្រោះម្ហូបគេមិនមែនបានផ្តល់ឲ្យគេមានសុខភាពអាយុវែងទេ។គេស៊ីឲ្យតែរស់សម្រាប់កាប់គាស់ថ្ងៃរសៀល...ថ្ងៃស្អែកទៀត...។ ស៊ីរលីបរលាប រហេមរហាមនេះបានធ្វើឲ្យគេអស់កម្លាំងឆាប់ ព្រមនិងបណ្តុះស្មារតីឲ្យគេត្រិះរិះដោះទុក្ខវេទនារបស់គេ។លក្ខណៈសម្បត្តិនៃការរស់នៅជាមេកំណត់ស្មារតីរបស់មនុស្ស។ ម៉្លោះហើយគូលីទាំងនោះ ទាំងត្រូវទាំងខុស ចេះតែបបួលគ្នាជជែករកមធ្យោបាយប្រែការរស់នៅរបស់ខ្លួនឲ្យបានស្រួល ឲ្យបានឆ្អែត។
គេបាយបណ្តើរ គេជជែកគ្នាបណ្តើរ។មីងប្រេមបែបគិតជាងគេ។គាត់រំពៃមើលទៅកូនប្រុសគាត់ដែលមានអាយុ៥ឆ្នាំ ហើយដែលគាត់ដាក់ឲ្យវាដេកនៅបៀតនោះ។គាត់យកក្រមាបក់ដេញរុយឲ្យវាម្តងៗ បន្ទាប់មកគាត់បាននិយាយ៖

  • ធ្វើការហត់ណាស់ ញើសជាទឹក បានស៊ីមិនឆ្អែត បានព្រឹកខ្វះល្ងាច លិទ្ធអំបិលប្រហុករាល់តែថ្ងៃ មានកម្លាំងឯណាធ្វើការ។
  • ប្រាកដហើយ...! (ម៉េងបន្ថែម...)។
  • ស្រុកយើងឯករាជ្យ សន្តិភាពហើយ គួរតែយើងបានរស់ស្រួល គួរតែយើងស៊ីឆ្អែត គួរតែយើងបានធូរ។ (ម្នាក់បានបន្ត...)។
  • គ្មាននរណាស្គាល់ទុក្ខយើងជាងយើងទេ មានតែក្រុមយើងទេដែលអាចដោះទុក្ខយើង។ខ្លួនទីពឹងខ្លួន។យើងជាគូលីមិនខុសពីសត្វគោនោះទេ។គេចិញ្ចឹមយើងឲ្យ គ្រាន់តែរស់ដើម្បីគេប្រើថ្ងៃស្អែកទៀត...។ (ម៉េងបាននិយាយ)។
  • ចុះអ្នកហ៊ីឯង បានធ្វើគូលីប៉ុន្មានឆ្នាំហើយៗ មានសល់កាក់ខ្លះទេ? (មីងប្រេមបានសួរទៅគូលីម្នាក់ទៀតដែលបាយជាមួយ ហើយដែលមានមាឌមាំ សក់រួញអង្គាដី)។
  • ខ្ញុំធ្វើគូលីជាងមួយឆ្នាំហើយ។ប៉ុន្មានខែមុននេះ ខ្ញុំបានចូលធ្វើគូលីនៅបៀតវត្តភ្នំ ធ្វើផ្ទះបុណ្យពិព័រណ៍។
  • ធ្វើស្រួលឬទេនៅទីនោះ?
  • ស្រួលមិនកើតទេ! ស៊ីមិនគ្រាន់ដូចតែគ្នាអ៊ីចឹង!
  • ចុះហេតុអ្វីបានជាឈប់ពីទីនោះ?
  • ខ្ញុំទៅសួរកូនខ្ញុំឈឺនៅបាត់ដំណឹង ហើយត្រឡប់មកវិញ គេឈប់យកគូលីទៀត។ខ្ញុំតែលតោលអស់៤-៥ថ្ងៃទើបនឹងសូមធ្វើការបាននៅហាងនេះ...។នាងប្រុញ ក្មួយស្រីមីងប្រេមបានផ្ទៀងស្តាប់ ហើយក៏សួរដោយឆ្ងល់ថា៖
  • នៅគ្រប់កន្លែងធ្វើការគូលីស៊ីដូចគ្នាឬ?រស់នៅដូចគ្នាឬ?
  • មិនដូចគ្នាទេ។ (នាងម៉េងឆ្លើយ)។គូលីត្រាវ៉ូស៊ីបានមួយថ្ងៃ១២រៀលនៅខេត្តក្រៅ។នៅទីក្រុងស៊ី១៥រៀល ឬ១៨រៀលតាមភេទប្រុសស្រី តាមចាស់ក្មេង។គូលីហាងក៏ស៊ីមិនដូចគ្នាដែរ។ដូចពួកយើងនេះ មានស៊ីតាំងពី១៤រៀល ទៅ២២រៀល តាមអាយុក្មេងចាស់ និងតាមធ្វើការយូរឆាប់។នៅកន្លែងបូមដី គូលីមានស៊ីដល់ទៅ៣០រៀលមួយថ្ងៃ។


គូលីស្ទើរគ្រប់រូបបានស៊ីការ៉េម និងនំបញ្ចុកជឿ។ម៉្លោះហើយ ក្រោយពីបើក “ប្រាក់ឈ្នួលដាច់ពោះ” នេះ គូលីតែងតែត្អូញប្រាប់គ្នា។មីងប្រេមបានថ្ងូរប្រាប់ម៉េង និងហ៊ី៖

  • ខ្ញុំអាទិត្យនេះជំពាក់នំបញ្ចុក២០រៀល ចឹកការ៉េម៥រៀល។ខ្ញុំខំអត់សំចៃណាស់តែអស់កម្លាំងពេក ធ្វើការអស់កម្លាំងពេកទ្រាំសុំផងមិនបាន...។


ហ៊ីបានបន្ថែម៖

  • មិនមែនតែមីងម្នាក់ឯងទេជំពាក់នោះ ធ្វើការម៉្ងៃៗញើសជាទឹក យើងគ្រប់គ្នារវល់តែឲ្យទៅចឹកការ៉េម មីងលក់នំបញ្ចុក។


មិនស្របយោបល់នេះ ម៉េងបានបំភ្លឺ៖

  • នឿយជិតស្លាប់មិនស៊ីខ្លះ បានកម្លាំងឯណាធ្វើការ... ចឹក និងមីងនំបញ្ចុកនោះក៏មិនឃើញចំណេញឯណាច្រើនដែរ ឃើញតែរស់នៅត្រដាបត្រដួសដូចយើងអ៊ីចឹង ហើយខំក្រោកស្លតាំងពីមាន់រងាវ ដងរែកកប់ស្មា រែកយកមកឲ្យយើងបន្តកម្លាំង...។យើងខ្វះមុខ ខ្វះក្រោយស៊ីមិនឆ្អែត គឺមកពីយើងបានប្រាក់ឈ្នួលថ្លៃតិចពេក...។ហាងបានគៃយកចំណេញពីយើងជាងពាក់កណ្តាល។ដឹងទេ ហាងទិញពីយើង១០រៀល យកទៅលក់ឲ្យរាជការជាងម្ភៃរៀល។រឿងជីកឫសផ្ទះនេះ ជាក់ស្តែងណាស់ ហាងម៉ៅឲ្យយើង១ម៉ែតគូបតែ១០រៀល ហើយយកទៅលក់ឲ្យរាជការ២២រៀល។ឃើញទេ យើងធ្វើការ៨ម៉ោងមួយថ្ងៃ គេឲ្យយើងតែថ្លៃឈ្នួលបួនម៉ោងទេ...។


ហ៊ីបានស្តាប់ឈប់ប្រកែក។គាត់បែររំលឹកម៉េងថា៖

  • ថ្ងៃមុនបងម៉េងឯងបានប្រាប់យើងថា ទៅលេងស៊ឹមគូកនបងឯងសួរពីការរស់នៅស្រុកនានាថ្ងៃណាយើងទៅបាន...។
  • បើមីង បើបងហ៊ីឯងទំនេរ យើងទៅយប់នេះ...។