រឿងស៊ឹមអ្នកបរឡាន (វគ្គទី៣៖ ថ្ងៃបើកលុយ)

ពីវិគីភីឌា
រឿងស៊ឹមអ្នកបរឡាន (វគ្គទី៣៖ ថ្ងៃបើកលុយ)




... រាល់ថ្ងៃកន្លងទៅ ពួកគូលីបានដាំលើទីវាលនូវគេហដ្ឋានផ្សេងៗ។ ផ្ទះតូចមួយខ្នងនៅកៀនជញ្ជាំងរបងខាងត្បូង បានក្រោកឈរឡើងត្រដឹម។ នៅចំកណ្ដាលទីវាល ជញ្ជាំងឥដ្ឋពិតានខំវារងើបតាមសសរបេតុង ដែលបានលូនសំដៅត្រង់ទៅលើ។ នៅកៀនរបងខាងជើង សសរផ្ទះពីរជាន់លូចលេចឡើងមើលឆ្វេងស្តាំ មុខក្រោយ បែបនឹកក្នុងចិត្តថា មានតែខ្លួនទេដែលល្អ ដែលខ្ពស់ធំជាងគេនៅតំបន់ផ្សារត្រីតូចនោះ។
ផ្ទះចេះតែប្រែរូបរាងធ្វើខ្លួនថ្ងៃ លំអខ្លួនរាល់តែម៉ោង ពួកគូលីនៅតែនឿយ នៅតែហត់ នៅតែយ៉ាប់ដដែល រាល់ថ្ងៃសៅរ៍ មេហាងម៉ៅការបានមកត្រួតពិនិត្យ។ គាត់ញញឹមជាប់នឹងស្នាដៃពួកគូលីទាំងនោះ។ គាត់ដើរពីជើងទៅត្បូង ឈ្ងោកមើលត្រង់នេះ ចង្អុលត្រង់នោះ កិនក្រុមនេះ សរសើរក្រុមនោះ ថីសែហ្វបានដើរអែបថៅកែ មុខរីកទាំងពីរនាក់។ ថៅកែបាននិយាយ៖

  • ខំធ្វើការឲ្យឆាប់ឡើងទៅទៀត។ បើយើងហើយមុនពេលកំណត់ យើងរឹតតែចំណេញច្រើន។ តាមខ្ញុំគិតឃើញមួយលើកនេះ យើងចំណេញជិតមួយលាន... ផាត់ស៊ីចុក ស្គាល់លោកនេះ ស្គាល់លោកនោះទៅ យើងប្រហែលសល់ប្រាំសែនដែរ... ។
  • ធ្វើការឥឡូវមិនពិបាករកគូលីទេ។ មនុស្សគ្មានការងារធ្វើច្រើនណាស់ រាល់ថ្ងៃមានមនុស្សមកសុំធ្វើគូលីគ្មានដាច់... ។
  • បើដូចនេះត្រូវបង្ខំគូលីឲ្យធ្វើការលើសនេះទៅទៀត។ ត្រូវបង្ខំកាប៉ូរ៉ាល់ឲ្យចេះប្រើគូលីមែនទែន កុំឲ្យមាននៅទំនេរ... ។ ថីស្គាល់ទេ របៀបចាត់ការ តាមវិស្វករអាមេរិកឈ្មោះតៃល័រ។ គេលៃដូចម្ដេចកុំឲ្យគូលី កុំឲ្យជាង នៅទំនេរ... ។
  • កាប៉រ៉ាល់យើង សុទ្ធតែអ្នកថ្នឹកការទាំងអស់ ពូកែលោមមនុស្សប្រើណាស់។
  • យើងទៅមើលកន្លែងពោធិ៍ចិនតុងទៀត... ។
  • បាទ! អញ្ជើញ...


មុននឹងចេញទៅ ថីសែហ្វបានងាកមកបង្គាប់កាប៉ូរ៉ាល់ឲ្យខំប្រើគូលីមែនទែន ហើយបើមាននរណាខ្ជិល ដេញចេញ ហើយដល់បើកប្រាក់ល្ងាចថ្ងៃសៅរ៍ អាទិត្យនេះ។
នៅរាល់ល្ងាចថ្ងៃសៅរ៍ ប្រហែលម៉ោងជាងបួន អ្នកស្រីប្រពន្ធថៅកែ និងថីសែហ្វ បានយកប្រាក់ទៅបើកឲ្យគូលី ពួកជាង ពួកគូលី ខ្លះឈរ ខ្លះអង្គុយផ្ដុំគ្នាយកលុយ ហើយបានថយក្រោយមកវិញ។ ខ្លះបើកបាន៩០រៀល ខ្លះបើកបាន១២០រៀល តាមឋានៈ តាមភេទ តាមអាយុរៀងខ្លួន។ ក្នុងពេលនេះ គូលីបានរីកមុខខុសពីធម្មតា តែសេចក្តីសប្បាយនឹងបើកប្រាក់អត់ឃ្លាននេះ មិនបានហួសកន្លះម៉ោងទេ។ នៅទ្វារមាត់របង ចឹកលក់ការ៉េម បានឈរចាំ។ គាត់បានស្រែកពពាយនាយលក់ការ៉េម ហើយបានទារលុយពីអ្នកស៊ីការ៉េមគាត់ជឿ។ គេឮសម្លេងគាត់ប៉ៃឡាំថា អាតូចឯងជឿអញ៥រៀល... មីងឯង៤រៀល... សងអញមក។
នៅជិតគាត់ មីងពតអ្នកលក់នំបញ្ចុកបានស្រែកហៅគូលីបើកលុយមកភ្លក់នំបញ្ចុកគាត់ដែរ។ ដូចចឹកការ៉េម មីងពតបានលក់នំបញ្ចុកជឿឲ្យក្រុមគូលីសង់ផ្ទះ។ រាល់ល្ងាចថ្ងៃសៅរ៍ ប្ដីគាត់បានមកជាមួយផងដែរ។ ប្ដីគាត់បានកាន់កូនសៀវភៅតូចមួយ ហើយឈ្មោះអ្នកស៊ីជឿឲ្យសងលុយគាត់។
គូលីស្ទើរគ្រប់គ្នា បានស៊ីការ៉េម និងនំបញ្ចុកជឿ។ ម្ល៉ោះហើយក្រោយពី “ប្រាក់ឈ្នួលដាច់ពោះ” នេះ គូលីតែងតែត្អូញប្រាប់គ្នា។ មីងប្រេមបានថ្ងូរប្រាប់ម៉េង និងហ៊ី៖

  • ខ្ញុំអាទិត្យនេះ ជំពាក់នំបញ្ចុក២០រៀល ចឹកការ៉េម៥រៀល។ ខ្ញុំខំអត់សំចៃណាស់ តែអស់កម្លាំងពេក ធ្វើការអស់កម្លាំងពេក ទ្រាំសុំផងមិនបាន... ។


ហ៊ីបានបន្ថែម៖

  • មិនមែនតែមីងម្នាក់ឯងទេជំពាក់នោះ ធ្វើការម្ង៉ៃៗញើសជាទឹក យើងគ្រប់គ្នារវល់តែឲ្យទៅចឹកការ៉េម មីងលក់នំបញ្ចុក


មិនយល់ស្របយោបល់នេះ ម៉េងបានបំភ្លឺ៖

  • នឿយជិតស្លាប់ មិនស៊ីខ្លះ បានកម្លាំងឯណាធ្វើការ... ចឹក និងមីងលក់នំបញ្ចុកនោះក៏ឃើញមិនចំណេញឯណាច្រើនដែរ ឃើញតែរស់នៅត្រដាបត្រដួស ដូចយើងឯចឹង ហើយខំក្រោកស្លតាំងពីមាន់រងាវ ដងរែកកប់ស្មា រែកយកមកឲ្យយើងបន្តកម្លាំង... ។ យើងខ្វះមុខខ្វះក្រោយស៊ីមិនឆ្អែត គឺមកពីយើងបានប្រាក់ឈ្នួលថ្ងៃតិចពេក... ។ ហាងបានគៃយកចំណេញពីយើងជាងពាក់កណ្ដាល។ ដឹងទេ ហាងទិញពីយើង១០រៀល យកទៅលក់ឲ្យរាជការ ជាងម្ភៃ។ រឿងជីកឫសសង់ផ្ទះនេះ ជាក់ស្ដែងណាស់ ហាងម៉ៅឲ្យយើង១ម៉ែតគូបតែ១០រៀល ហើយយកទៅលក់ឲ្យរាជការ២២រៀល។ ឃើញទេយើងធ្វើការ៨ម៉ោងក្នុងមួយថ្ងៃ គេឲ្យយើងតែថ្លៃឈ្នួល៤ម៉ោងទេ... ។


ហ៊ីបានស្ដាប់ ឈប់ប្រកែក។ គាត់បែររំលឹកម៉េងថា៖

  • ថ្ងៃមុនបងម៉េងឯងបានប្រាប់យើងថា ទៅលេងស៊ឹមគូកនបងឯង សួរពីការរស់នៅស្រុកនានា ថ្ងៃណាយើងទៅបាន... ។
  • បើមីង បើបងហ៊ីឯងទំនេរ យើងទៅយប់នេះ... ។