លី ក្វាន់យូ

ពីវិគីភីឌា

លោក លី-ក្វាន់យូ (អង់គ្លេស: Lee Kuan Yew, ចិន: 李光耀) កើតនៅថ្ងៃទី ១៦ កញ្ញា ១៩២៣។ លោកជានាយករដ្ឋមន្ត្រីដំបូងបំផុតរបស់​សាធារណរដ្ឋសិង្ហបុរី ចាប់ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៩០។ បន្ទាប់ពីលោកចុះពីតំណែងក៏ដោយ លោកនៅតែជាអ្នកនយោបាយដ៏មានឥទ្ឋិពលម្នាក់នៅសិង្ហបុរី។

អំពីគ្រួសារ[កែប្រែ]

លោក លី ក្វាន់យូ ជាកូនចៅជំនាន់ទី៤នៃគ្រួសារចិនសិង្ហបុរីមួយ។ លោកតាទួតរបស់លោកបានធ្វើអន្តោប្រវេសន៍មកពីខេត្តគ័ងដុងប្រទេសចិននៅឆ្នាំ ១៨៦២។ លោកជាកូនប្រុសច្បងរបស់លោក លី ជីនគូន (Lee Chin Koon) និងអ្នកស្រី ជួ ជីមនាវ (Chua Jim Neo)។ កាលពីកុមារភាព លោកទទួលឥទ្ឋិពល​ពី​វប្បធម៌អង់គ្លេសច្រើន ដោយសារជីតានិងឪពុករបស់លោកដែលបានរៀនសូត្រភាសាអង់គ្លេសបានជ្រៅជ្រះ។ ជីតារបស់លោកដាក់ឈ្មោះជាភាសាអង់គ្លេស មួយដល់លោកថា ហារី បន្ថែមពីលើឈ្មោះជាភាសាចិនរបស់លោកដែលឪពុកលោកដាក់អោយ។ ហេតុនេះលោកតែងត្រូវបានគេហៅថា ហារី ក្នុងចំនោម​មិត្តភក្ដិស្និទ្ឋស្នាល និងគ្រួសាររបស់លោក។

លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ក្វា ហ្គ័កចូ (Kwa Geok Choo)នៅថ្ងៃទី៣០ កញ្ញា ១៩៥០។ លោកមានកូនប្រុស២នាក់និងកូនស្រីម្នាក់។ សមាជិក​គ្រួសារត្រកូលលី ជាច្រើនកាន់តំនែងសំខាន់ៗក្នុងសង្គមសិង្ហបុរី។ កូនប្រុសនិងកូនស្រីរបស់លោកកាន់តំនែងយ៉ាងខ្ពស់ក្នុងជូររដ្ឋាភិបាល។ កូនប្រុសច្បងរបស់លោក គឺលោក លី សៀនលូងដែលជាអតីតឧត្តមសេនីយ៍ម្នាក់ បានក្លាយជានាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុតាំងពីឆ្នាំ២០០៤។ លោកក៏ជាប្រធានក្រុមហ៊ុនវិនិយោគទុនរបស់រដ្ឋាភិបាលសិង្ហបុរី (Government of Singapore Investment Company) ហើយកូនប្រុសរបស់លោកជាអនុប្រធាន។ កូនប្រុសពៅរបស់លោកឈ្មោះ លី សៀនយ៉ាង ដែលជាអតីតឧត្តមសេនីយ៍ផងនោះ ជានាយកនិង​ប្រធានប្រតិបត្តិ​ក្រុមហ៊ុន SingTel (ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំនួយនៅសិង្ហបុរី)។ កូនស្រីរបស់លោកឈ្មោះ លី វ៉ីលីង គ្រប់គ្រងវិទ្យាស្ថានវិទ្យាសាស្ត្រសសៃប្រសាទជាតិ (the National Neuroscience Institute)។

ជីវិតកាលពីកុមារភាពនិងប្រវត្តិសិក្សា[កែប្រែ]

លោក លី ក្វាន់យូបានចូលសិក្សានៅសាលាបឋមសិក្សាតេឡុកគូរ៉ៅ(Telok Kurau Primary School), ស្ថាប័នរ៉ាហ្វល(Raffles Institution) និង​មហាវិទ្យាល័យរ៉ាហ្វល​(Raffles College)។ ការសិក្សានៅមហាវិទ្យាល័យរបស់លោកត្រូវបានពន្យាពេលដោយសារសង្គ្រាមលោកលើកទី២ និងការចូលមក​កាន់កាប់របស់ជប៉ុនពីឆ្នាំ ១៩៤២ដល់១៩៤៥។ ក្នុងរយៈពេលនេះ លោកបានរកស៊ីលក់កាវវិទ្យាសាស្ត្រឈ្មោះ Stikfas យ៉ាងជោគជ័យក្នុងផ្សារងងឹត។ ដោយសារលោកបានរៀនជាភាសាចិននិងជប៉ុនតាំងពីឆ្នាំ១៩៤២ លោកមានសមត្ថភាពក្នុងការបកប្រែសារទូរលេខរបស់ពួកសម្ព័ន្ឋមិត្តអោយពួកជប៉ុន។ លោកក៏បានធ្វើជាអ្នកនិពន្ឋផ្នែកភាសាអង់គ្លេសអោយមន្ទីរពត៌មានជប៉ុនហូដូប៊ុ(報道部)ផងដែរពីឆ្នាំ ១៩៤៣ដល់១៩៤៤។

បន្ទាប់ពីសម័យសង្គ្រាម លោកបានចូលសិក្សាផ្នែកច្បាប់នៅមហាវិទ្យាល័យហ្វីតវីលៀម,ខេមប៊្រីដ (Fitzwilliam College, Cambridge) នៅរាជាណាចក្ររួម។ លោកបានបញ្ចប់ការសិក្សាដោយបានទទួលសញ្ញាប័ត្រកិត្តិយសថ្នាក់ទី១ផ្កាយ២ (Double Starred First Class honours)។ បន្ទាប់មកលោកចូលរៀនច្បាប់នៅសាលាសេដ្ឋកិច្ចឡិនដិនផងដែរ។ លោកវិលត្រលប់មកសិង្ហបុរីវិញនៅឆ្នាំ ១៩៤៩ ដោយចាប់យកអាជីពជាមេធាវី។

ជីវិតនយោបាយពីឆ្នាំ ១៩៥១ដល់១៩៥៩[កែប្រែ]

មុនការបង្កើតគណបក្សសកម្មភាពប្រជាជន (People's Action Party ហៅកាត់ថា PAP)[កែប្រែ]

បទពិសោធន៍នយោបាយដំបូងបំផុតរបស់លោកចាប់ផ្ដើមនៅពេលលោកធ្វើជាភ្នាក់ងារបោះឆ្នោតអោយចៅហ្វាយរបស់លោកគឺលោក ចន ឡេយខក់ (John Laycock) ក្រោមផ្លាកគណបក្សឆ្ពោះទៅមុខ (Progressive Party)(និន្នាការអង់គ្លេស) នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សានីតិបញ្ញត្តិ(Legislative Council Elections)​នៅឆ្នាំ ១៩៥១។ ប៉ុន្តែលោកបានសំលឹងឃើញថាអនាគតរបស់គណបក្សនេះមានភាពស្រពិចស្រពិលដោយគ្មាន​អ្នកគាំទ្រទ្រង់ទ្រាយធំ ជាពិសេស​ពី​សំនាក់វណ្ណៈកម្មករនិយាយភាសាចិន។ ការបំបែកខ្លួនរបស់លោកធ្វើឡើងនៅពេលលោកធ្វើជាទីប្រឹក្សាច្បាប់អោយសហព័ន្ឋនិស្សិតនិង​ពាណិជ្ជកម្ម ដែលការណ៍​នេះបានផ្ដល់ឱកាសដល់លោកក្នុងការធ្វើទំនាក់ទំនងជាមួយវណ្ណៈកម្មករជនជាតិចិន។

ការបង្កើត PAP[កែប្រែ]

នៅថ្ងៃទី២១ វិច្ឆិកា ១៩៥៤ លោកជាមួយមិត្តភក្តិវណ្ណៈកណ្ដាលដែលមានការសិក្សាផ្នែកភាសាអង់គ្លេសមួយក្រុម បានរួមគ្នាបង្កើត​គណបក្សសង្គមនិយម​មួយ​ឈ្មោះ គណបក្សសកម្មភាពប្រជាជន (People's Action Party ហៅកាត់ថា PAP) និងមានសំព័ន្ឋភាពជាមួយសហព័ន្ឋពាណិជ្ជកម្មដែលគាំទ្ររបបកុំម្មុយនីស។ ពួកគេមានគោលដៅរួមក្នុងការជំរុញអោយមានរដ្ឋាភិបាលផ្ទាល់ខ្លួននិងបញ្ចប់ការគ្រប់គ្រងពី​អាណានិគមអង់គ្លេស។ លោកត្រូវបានគេជ្រើសរើសអោយធ្វើជា​អគ្គលេខាធិការសំព័ន្ឋភាព។

ជីវិតជានាយករដ្ឋមន្ត្រី មុនឯករាជ្យ (១៩៥៩ដល់១៩៦៥)[កែប្រែ]

នៅក្នុងការបោះឆ្នោតសកលឆ្នាំ១៩៥៩ PAPដណ្ដើមបាន៤៣កៅអីក្នុងចំនោម៥១កៅអីក្នុងសភា។ សិង្ហបុរីបានទទួលស្វ័យភាពគ្រប់គ្រងលើគ្រប់ផ្នែក លើកលែង​តែវិស័យការពារជាតិនិងទំនាក់ទំនងការបរទេស។។ លោក លី ក្វាន់យូបានក្លាយជានាយករដ្ឋមន្ត្រីទី១នៃរដ្ឋសិង្ហបុរីនៅថ្ងៃទី៣ មិថុនា ១៩៥៩។ បន្ទាប់ពី​ទទួល​បាន​ស្វ័យភាពពីអង់គ្លេស លោកបានជួបបញ្ហាជាច្រើនដូចជា វិស័យអប់រំ ការផ្ដល់ជំរក និងភាពអត់ការងារធ្វើ។ ដើម្បីឆ្លើយតបនឹងកង្វះទីជំរក លោកបានបង្កើតអោយ​មាន​គណៈកម្មាធិការផ្ដល់ជំរកនិងអភិវឌ្ឍន៍(Housing and Development Board)។ គណៈកម្មាធិការនេះជាភ្នាក់ងារអនុវត្តកម្មវិធីសាងសង់ជំរកសាធារណៈ​ទ្រង់ទ្រាយធំ ដើម្បីកាត់កង្វះខាតផ្ទះសំបែង។

ការរួមបញ្ចូលក្នុងសហព័ន្ឋម៉ាឡាយ៉ា និងការបំបែកខ្លួនវិញ (១៩៦៣ដល់១៩៦៥)[កែប្រែ]

បន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡាយ៉ា លោក ទុកគូ អាប់ឌុល រ៉ាម៉ាន់ (Tunku Abdul Rahman) ស្នើអោយមានការបង្កើតជាសហព័ន្ឋមួយដែលរួមមាន ម៉ាឡាយ៉ា សិង្ហបុរី សាបា និង សារ៉ាវ៉ាក់ នៅឆ្នាំ ១៩៦១, លោក លី ក្វាន់យូបានចាប់ផ្ដើមយុទ្ឋនាការក្នុងការច្របាច់បញ្ចូលជាមួយម៉ាឡេស៊ីនេះ ដើម្បីបញ្ចប់ជាស្ថាពរ​របប​អាណានិគមអង់គ្លេស។ ដើម្បីបញ្ជាក់ថាប្រជាជនគាំទ្រលោក លោកបានប្រើលទ្ឋផលនៃការការបោះឆ្នោតក្នុងសមាជឆ្នាំ១៩៦២ ដែលពេលនោះលោកទទួលបាន​សំលេង​គាំទ្រ ៧០%។ តែលោកបានជួបបញ្ហាជាមួយពួកកុំម្មុយនីសដែលជំទាស់យ៉ាងដាច់អហំការចំពោះសំនើនេះ។

សិង្ហបុរីបានចូលជាផ្នែកមួយនៃសហព័ន្ឋម៉ាឡេស៊ីនៅថ្ងៃទី១៩ កញ្ញា ១៩៦៣។ ប៉ុន្តែចាប់ពីពេលនោះមក មានភាពរកាំរកូតជាប់ជានិច្ចស្ដីអំពីតួនាទីជនជាតិចិន​ក្នុងវិស័យនយោបាយ រហូតដល់មានកុបកម្មនិងការប្រយុទ្ឋគ្នានៅឆ្នាំ១៩៦៤ រវាងជនជាតិចិននិងម៉ាឡេ។ កុបកម្មកើតឡើងជាបន្តបន្ទាប់ ហើយទំនិញចេះតែ​ឡើង​ថ្លៃ។ ដោយមិនអាចដោយស្រាយវិបត្តិដ៏ធ្ងន់ធ្ងរនេះបាន លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគឺលោក ទុកគូ អាប់ឌុល រ៉ាម៉ាន់ បានសំរេចចិត្តដកសិង្ហបុរីពីសហព័ន្ឋ។ លោក លី ក្វាន់យូបានចុះហត្ថលេខាបំបែកខ្លួននៅថ្ងៃទី ៧ សីហា ១៩៦៥ និងបានពិភាក្សាអំពីទំនាក់ទំនងសិង្ហបុរី-ម៉ាឡេស៊ី នៅក្រោយការបំបែកខ្លួន និងធានា​នូវ​កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មនិងការពារជាតិ។

ការបរាជ័យនៃការច្របាច់បញ្ចូលគ្នាធ្វើអោយលោក លី ក្វាន់យូមានការខកចិត្តជាខ្លាំង ព្រោះលោកជឿតាំងពីដើមមកថាការបំបែកខ្លួននេះជាបញ្ហា​អាយុជីវិតរបស់​សិង្ហបុរី។ នៅក្នុងសន្និសិទសារពត៌មានមួយដែលត្រូវបានផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ លោកបានសំដែងនូវអារម្មណ៍នៃការខកចិត្តយ៉ាងធ្ងន់ធ្ងរ​ក្នុងពេលលោក​ប្រកាសទៅប្រជាជនសិង្ហបុរីអំពីការបំបែកខ្លួននោះ។ ខាងក្រោមនេះជាសំដីរបស់លោកក្នុងសន្និសិទនោះ៖

«សំរាប់ខ្ញុំ នេះជាវេលាដ៏ឈឺចាប់ទាំងផ្លួវកាយនិងផ្លូវចិត្ត។ ក្នុងមួយឆាកជីវិតរបស់ខ្ញុំ ខ្ញុំតែងប៉ងអោយមានការរួបរួមរវាងដែនដីទាំង២...ឥលូវ ខ្ញុំ,លី ក្វាន់យូ នាយក​រដ្ឋមន្ត្រីនៃសិង្ហបុរី សូមប្រកាសជាផ្លូវការជួសមុខអោយប្រជាជននិងរដ្ឋាភិបាលសិង្ហបុរីថា ចាប់ពីថ្ងៃនេះគឺថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៥ទៅ សិង្ហបុរីនឹងក្លាយជា​ប្រជាជាតិឯករាជ្យនិងប្រជាធិបតេយ្យជារៀងរហូត។ ប្រជាជាតិនេះនិងឈរលើគោលការណ៍សេរីភាពនិងយុត្តិធម៌ សំដៅស្វែងរកនូវសុខុមាលភាព​និង​សុភមង្គល​ជូនសង្គមមួយដែលប្រជាជនគ្រប់រូបមានសិទ្ឋិស្មើ​គ្នាយ៉ាងពិតប្រាកដ។»

នៅថ្ងៃដដែល រដ្ឋាភិបាលម៉ាឡេស៊ីក៏បានអនុម័តសំរេចកាត់ផ្ដាច់សិង្ហបុរីចេញពីម៉ាឡេស៊ី ហើយសាធារណរដ្ឋសិង្ហបុរីក៏បានលេចរូបរាងឡើង។ បញ្ហាកង្វះធនធានធម្មជាតិ​របស់សិង្ហបុរី តំរូវអោយសិង្ហបុរីពឹងផ្អែកលើម៉ាឡេស៊ីស្ទើរទាំងស្រុង ធ្វើអោយសមត្ថភាពការពារជាតិរបស់សិង្ហបុរីមានកំរិត។ នេះជាឧបសគ្គដ៏ចំបងដែល លោក លី ក្វាន់យូ និង រដ្ឋាភិបាលសិង្ហបុរី ត្រូវប្រឈមមុខ។

ជីវិតជានាយករដ្ឋមន្ត្រី ក្រោយឯករាជ្យ (១៩៦៥ដល់១៩៩០)[កែប្រែ]

នៅក្នុងជីវប្រវត្តិរបស់លោក លី ក្វាន់យូបានពោលថាគាត់មិនដែលបានគេងលក់ស្រួល និងបានធ្លាក់ខ្លួនឈឺជាច្រើនថ្ងៃក្រោយពីសិង្ហបុរីបានឯករាជ្យ។ លោកចាប់​ផ្ដើម​ស្វែងរកការទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរីពីមជ្ឍដ្ឋានពិភពលោក។ សិង្ហបុរីបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី ២១ កញ្ញា ១៩៦៥ និង​បាន​ចូលរួមជាមួយប្រទេស៤ទៀតក្នុងការបង្កើត​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅថ្ងៃទី ៨ សីហា ១៩៦៧។ លោកបានធ្វើទស្សនកិច្ច​ជាលើកដំបូង​ទៅ​ប្រទេស​ឥណ្ឌូនេស៊ីនៅឆ្នាំ១៩៧៣ ធ្វើអោយទំនាក់ទំនងសិង្ហបុរីនិងឥណ្ឌូនេស៊ីកាន់តែប្រសើរឡើង។

សិង្ហបុរីគ្មានវប្បធម៌ជាធំដុំ ហើយក៏គ្មានភាសារួមដែរ។ តែក្រោមកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល លោក លី ក្វាន់យូ បានព្យាយាមកសាងនូវអត្តសញ្ញាណរួមគ្នា​មួយសំរាប់​ប្រជាជន​សិង្ហបុរី។ លោកនិងរដ្ឋាភិបាលលោក បានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការប្រកាន់គោលការណ៍នៃការអនុគ្រោះគ្នារវាងសាសនា និង​ការចុះសំរុងគ្នារវាងជាតិសាសន៍នានា។ រដ្ឋាភិបាលបានត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់ច្បាប់ប្រឆាំងនិងអំពើទាំងឡាយណា ដែលញុះញុង​អោយមាន​អំពើហិង្សារវាងសាសនានិងជាតិសាសន៍។

គោលនយោបាយ និង សេចក្ដីសំរេចចិត្ត[កែប្រែ]

ក្នុងរដ្ឋបាលក្រោយឯករាជ្យរបស់លោក លី ក្វាន់យូមានកង្វល់សំខាន់ៗ៣គឺ សន្តិសុខជាតិ បញ្ហាសេដ្ឋកិច្ច និង បញ្ហាសង្គម។

  • សន្តិសុខជាតិ

សិង្ហបុរីស្ថិតនៅក្រោមការគំរាមកំហែងយ៉ាងខ្លាំងពីសំនាក់ចលនាកុំម្មុយនីសនៅឥណ្ឌូនេស៊ី និងចលនានៅម៉ាឡេស៊ីក្នុងការទាមទារយកសិង្ហបុរីមកវិញ។ ក្រោយពី សិង្ហបុរីចូលជាសមាជិកអង្គការសហប្រជាជាតិ លោកបានស្វែងរកការទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរីពីសំនាក់អន្តរជាតិ។ លោកបានប្រកាសនូវគោល​នយោបាយអព្យាក្រឹតនិងមិនចូលបក្សសម្ព័ន្ឋ តាមគំរូប្រទេសស្វីស។ នៅពេលជាមួយគ្នានោះ លោកបានបញ្ជាអោយលោក ហ្គោស កេងស្វី (Goh Keng Swee) បង្កើតកងកំលាំងប្រដាប់អាវុធសិង្ហបុរី (Singapore Armed Forces) និងបានសុំជំនួយពីបរទេសផ្នែកប្រឹក្សា ហ្វឹកហ្វឺន និងសំភារៈបរិក្ខារផ្សេងៗ។

ពេលដែលដឹងថាអង់គ្លេសមានគោលបំនងកាត់បន្ថយទ័ពពីសិង្ហបុរីនិងម៉ាឡេស៊ី លោក លី និង ហ្គោស បានដាក់អោយមានច្បាប់កាតព្វកិច្ចយោធា។ រដ្ឋាភិបាល​បានចាប់ផ្ដើមទិញគ្រឿងសព្វាវុធដូចជារថក្រោះនិងយន្ដហោះចំបាំង និងហ្វឹកហាត់អ្នកបើកបរយន្ដហោះផ្ទាល់ខ្លួន។ ក្រោយមកសិង្ហបុរីមានលទ្ឋភាពកសាង​ទំនាក់ទំនងផ្នែកយោធាជាមួយបណ្ដាប្រទេសអាស៊ានផ្សេងទៀត។ សិង្ហបុរីមានភាពរឹងមាំក្នុងការការពារជាតិក្រោយពីអង់គ្លេសបានដកទ័ពចេញនៅថ្ងៃទី ៣១ តុលា ១៩៧១។

  • បញ្ហាសេដ្ឋកិច្ច

លោក លី ក្វាន់យូបាននាំសិង្ហបុរីឆ្ពោះទៅរកឧស្សាហនីយកម្ម។ នៅឆ្នាំ ១៩៦១ គណៈកម្មាធិការអភិវឌ្ឍសេដ្ឋកិច្ច (the Economic Development Board) ត្រូវបានបង្កើតក្នុងនាទីទាក់ទាញវិនិយោគទុនបរទេស ដែលអាចផ្ដល់ចំនូលពន្ឋជូនរដ្ឋ ក៏ដូចជាផ្ដល់ការងារដល់កំលាំងពលកម្មមានជំនាញខ្ពស់ មានវិន័យតែយក​ប្រាក់ខែទាប។ រដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ឋទំនើបៗដូចជាអាកាសយាន្តដ្ឋាន កំពង់ផែ ផ្លូវថ្នល់ និងបណ្ដាញទូរគមនាគមន៍ជាដើម។ គណៈកម្មាធិការជំរុញវិស័យទេសចរណ៍សិង្ហបុរី (the Singapore Tourists Promotion Board) ត្រូវបានបង្កើតក្នុងនាទីជំរុញវិស័យទេសចរណ៍ ដែលក្រោយមក​បាន​បង្កើតការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋ និងចំនូលថវិការជាតិយ៉ាងសំបើម។ រដ្ឋាភិបាលសំរេចបានការកាត់បន្ថយអត្រានៃអ្នកអត់ការងារធ្វើពី ១៤%ក្នុងឆ្នាំ១៩៦៥ មកត្រឹម៤.៥%ក្នុងឆ្នាំ១៩៧៣។ ទោះជាយ៉ាងណាក៏ដោយ នៅមានបញ្ហាមួយចំនួនទៀតដូចជាមូលធនភាគច្រើនស្ថិតក្នុងកណ្ដាប់ដៃជន​បរទេស។

  • ការបង្កើតភាសាផ្លូវការ

លោកលី បន្តអោយប្រើភាសាអង់គ្លេសរួមគ្នានៅកន្លែងធ្វើការ និងទំនាក់ទំនងរវាងជាតិសាសន៍ផ្សេងគ្នា។ ជាមួយគ្នានោះ លោកក៏ទទួលស្គាល់ភាសាម៉ាឡេ ភាសាចិន និង ភាសាតាមិល ថាជាភាសាផ្លូវការទាំង៣ផ្សេងទៀត។ សាលាសាធារណៈទាំងអស់ប្រើប្រាស់ភាសាអង់គ្លេសជាភាសាយាន្តក្នុងការអប់រំ។ តែក៏មានមេរៀនជាភាសាកំនើតរបស់ពួកគេដែរ។

លោកលី ក្វាន់យូមិនគាំទ្រការប្រើប្រាស់ភាសាចិនមិនមែនកុកងឺទេ(ដូចជាភាសាចិនហុកគាន ចិនទាជីវ និង ចិនកន្តាំង) និងជំរុញអោយមានការប្រើតែ​ភាសាចិនកុកងឺជាភាសាកំនើតសំរាប់ជនជាតិចិន ដើម្បីអោយមានឯកភាពភាសាក្នុងទំនាក់ទំនងក្នុងសហគមន៍ចិន។ លោកបានចាប់ផ្ដើម​យុទ្ឋនាការនិយាយភាសាចិនកុកងឺ (Speak Mandarin Campaign) ជាផ្លូវការ។ លោកបានបំបិទកម្មវិធីផ្សព្វផ្សាយតាមទូរទស្សន៍ដែលមិនប្រើភាសាចិនកុកងឺ លើកលែង​តែពត៌មាននិងរឿងភាគ ដើម្បីតំរូវចិត្តទូរទស្សនិកជនចំនាស់ៗ។ តែទោះជាយ៉ាងណាយុទ្ឋនាការនេះពិតជាមានប្រសិទ្ឋភាព។ ចាប់តាំងពីពេលនោះ​មកយុវជនជនជាតិចិនសិង្ហបុរីមិនអាចនិយាយភាសាចិនកំនើតរបស់ខ្លួនដែលមិនមែនកុកងឺបានល្អទេ។ បន្តិចម្ដងៗ ពួកគេមានការពិបាកក្នុងការទំនាក់ទំនង​ជាមួយជីដូនជីតារបស់ពួកគេ។

នៅទសវត្សរ៍ឆ្នាំ៧០ និស្សិតដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យណានយ៉ាង (Nanyang University)ដែលនៅពេលនោះប្រើប្រាស់ភាសាចិននៅឡើយ ជួបនឹងបញ្ហាពិបាករកការងារធ្វើព្រោះពួកគេខ្សោយភាសាអង់គ្លេស។ សា្ថប័នសាធារណៈនានាត្រូវការតែកំលាំងពលកម្មដែលអាចប្រើប្រាស់​ភាសាអង់គ្លេស​ប៉ុណ្ណោះ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ លោកលី ក្វាន់យូបានច្របាច់បញ្ជូនសាកលវិទ្យាល័យណានយ៉ាងចូលក្នុងសាកលវិទ្យាល័យសិង្ហបុរី និងដាក់ឈ្មោះថ្មី​អោយស្ថាប័នទាំង២នេះថា សាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore)។ ចលនានេះផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់​សាស្ត្រាចារ្យនិង​គ្រូដែលនិយាយភាសាចិន ដោយពួកគេត្រូវប្ដូរមកបង្រៀនជាភាសាអង់គ្លេសវិញ។

  • គោលនយោបាយរដ្ឋាភិបាល

ដូចបណ្ដាប្រទេសមួយចំនួនដែរ សិង្ហបុរីបានជៀសផុតពីជំងឺពុករលួយ។ លោក លី ក្វាន់យូបានដឹងយ៉ាងច្បាស់ថាអំពើពុករលួយពិតជាធ្វើអោយ​ប្រទេសជាតិ​អន្តរាយ តួយ៉ាងដូចជារដ្ឋាភិបាលអ្នកជាតិនិយមនៅប្រទេសចិនជាដើម។ លោកបានបង្កើតច្បាប់ដែលផ្ដល់អំនាចដ៏ខ្លាំងដល់ ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (Corrupt Practices Investigation Bureau) ក្នុងការឃាត់ខ្លួន ស្វែងរក ហៅសាក្សី និងស៊ើបអង្កេតគណនីធនាគារ​និងពន្ឋពីចំនូលរបស់បុគ្គលនិងគ្រួសារដែលគេសង្ស័យថាបាន​ប្រព្រឹត្តអំពើពុករលួយ។ ដោយមានការគាំទ្រពីលោក លី ក្វាន់យូ ការិយាល័យនេះមានអំនាច​ស៊ើបអង្កេតលើមន្ត្រីនិងរដ្ឋមន្ត្រីទាំងអស់។ គេបានរកឃើញរដ្ឋមន្ត្រីជាច្រើនដែលបានប្រព្រឹត្តអំពើពុករលួយ។ លោកជឿថារដ្ឋមន្ត្រីទាំងអស់គួរតែមាន​ប្រាក់ខែ​សមរម្យ ដើម្បីអោយពួកគេស្អាតស្អំនិងស្មោះត្រង់នឹងរដ្ឋាភិបាល។ នៅឆ្នាំ១៩៩៤ លោកបានស្នើតំលើងប្រាក់ខែដល់រដ្ឋមន្ត្រី ចៅក្រម និងមន្ត្រីរាជការកំពូលៗ អោយមានប្រាក់ខែស្មើនឹងអ្នកអាជីព (professionals) កំពូលៗក្នុងវិស័យឯកជនដែរ។ លោកអះអាងថាការធ្វើបែបនេះនិងទាក់ទាញ​អ្នកមានទេពកោសល្យ​ពិតប្រាកដ​អោយចូលបំរើការងាររដ្ឋបាន។

នៅក្នុងទសវត្សរ៍៦០ ដោយភ័យខ្លាចថាកំនើនប្រជាជនអាចជាឧបសគ្គដល់ការរីកចំរើនសេដ្ឋកិច្ច, លោកលី ក្វាន់យូបានបើកយុទ្ឋនាការផែនការគ្រួសារ​ដែលតំរូវ​អោយមានកូនត្រឹមតែ២នាក់។ គូស្វាមីភរិយានានាត្រូវបានគេលើកទឹកចិត្តអោយពន្យាកំនើតបន្ទាប់ពីមានកូនលើកទី២។ កូនទី៣និងទី៤ត្រូវបានគេផ្ដល់អាទិភាព​ទាបជាងក្នុងវិស័យអប់រំ ហើយគ្រួសារបែបនោះទទួលបានប្រាក់សំនងពន្ឋ្ឋ(tax rebates)តិចជាងគ្រួសារធម្មតា។

នៅឆ្នាំ ១៩៨៣ លោកលី ក្វាន់យូបានបង្កើតកិច្ចពិភាក្សាទ្រង់ទ្រាយធំអំពីការរៀបការ (the Great Marriage Debate) ដែលនៅពេលនោះលោកបាន​ជំរុញអោយ​បុរសៗ​យកភរិយាដែលមានការសិក្សាខ្ពស់។ លោកមានការបារម្ភអំពីកំនើនស្ត្រីដែលរៀនសូត្រជ្រៅជ្រះតែមិនរៀបការ។ ទស្សនៈនេះបានធ្វើអោយ​មជ្ឍដ្ឋាន​ស្ត្រី​ចប់ឧត្តមសិក្សាមានការខកចិត្ត។ ទោះជាយ៉ាងណាក៏ដោយ អង្គភាពអភិវឌ្ឍសង្គម (Social Development Unit) ត្រូវបានបង្កើតដើម្បីធ្វើមេអណ្ដើកដល់​បុរសនិង​ស្ត្រីដែលបញ្ចប់ការសិក្សាថ្នាក់ឧត្តម។ លោកក៏បានផ្ដល់ការលើកទឹកចិត្តដូចជាសំនងពន្ឋ(tax rebates) អាទិភាពសិក្សា និង ផ្ទះសំបែងដល់ស្ត្រី​ជាម្ដាយ​ដែលបញ្ចប់ការសិក្សាថ្នាក់ឧត្តមនិងមានកូនលើសពី២នាក់។ មកទល់ចុងទសវត្សរ៍៩០ អត្រាកំនើតបានធ្លាក់ចុះទាបរហូតធ្វើអោយរដ្ឋាភិបាលលោក ហ្គោស ចុកតុង (នាយករដ្ឋមន្ត្រីបន្តពីលោក លី ក្វាន់យូ) មានលទ្ឋភាពពង្រីកការលើកទឹកចិត្តនេះដល់ស្ត្រីដែលរៀបការទាំងអស់ និងបានបន្ថែមអោយមាន ប្រាក់លើកទឹកចិត្តបន្ថែមពេលមានកូន(Baby bonus)។

តំនែងជាទេសរដ្ឋមន្ត្រី (Senior Minister) (១៩៩០ដល់២០០៤)[កែប្រែ]

បន្ទាប់ពីនាំ PAP អោយទទួលជោគជ័យក្នុងការបោះឆ្នោត៧ដងរួចមក លោក លី ក្វាន់យូបានចុះចេញពីតំនែងនៅថ្ងៃទី ២៨ វិច្ឆិកា ១៩៩០ និងប្រគល់តំនែង​នាយករដ្ឋមន្ត្រីបន្តអោយលោកហ្គោស ចុកតុង។ លោក លី ក្វាន់យូបានក្លាយជានាយករដ្ឋមន្ត្រីដែលកាន់តំនែងយូរជាងគេនៅលើពិភពលោក។ ការផ្ទេរតំនែង​នេះបញ្ជាក់ពីការផ្ទេរអំនាចដល់អ្នកដឹកនាំជំនាន់ក្រោយ ហើយអ្នកដឹកនាំមុនៗក៏ចូលនិវត្តន៍។ លោក លី ក្វាន់យូចុះចេញពីតំនែង​ដោយមានសុខភាព​នៅតែរឹងមាំនិងមានសតិបញ្ញារហ័សរហួន។ លោកបានដកខ្លួនឆ្ងាយពីមេដឹកនាំអាស៊ីដទៃទៀតដូចជា ម៉ៅ សេទុង, ស៊ូហារតូ, ហ្វើឌីណាន់ ម៉ារកូស និង នេ វីន ជាដើម។

ពេលលោក ហ្គោស ចុកតុងក្លាយជាប្រមុខរដ្ឋាភិបាលក៏ដោយ លោក លី ក្វាន់យូនៅតែមានតំនែងក្នុងគណរដ្ឋមន្ត្រី ក្នុងឋានៈជាទេសរដ្ឋមន្ត្រី មាននាទីជាទីប្រឹក្សារដ្ឋាភិបាល។ នៅចំពោះមុខសាធារណជនលោក លី ក្វាន់យូ ហៅលោកហ្គោ ចុងតុង ថាជា «នាយករដ្ឋមន្ត្រីរបស់ខ្ញុំ» ជាការគោរពដល់អាជ្ញាធម៌លោកហ្គោស ចុកតុង។ យោបល់របស់លោក លី ក្វាន់យូ នៅតែមានឥទ្ឋិពលចំពោះសាធារណជននិងគណរដ្ឋមន្ត្រី។ លោកត្រៀមខ្លួនជានិច្ចនៅពេលដែលប្រទេសជាតិត្រូវការលោក ដូចកាលលោកមានប្រសាសន៍នៅថ្ងៃបុណ្យជាតិ(National Day)ឆ្នាំ ១៩៨៨ថា៖ «ទោះបីជាខ្ញុំធ្លាក់ខ្លួនឈឺ និងរៀបចូលមជ្ឈូសក៏ដោយ ខ្ញុំនឹងងើបឡើងវិញបើខ្ញុំមានអារម្មណ៍ថាប្រទេសជាតិខ្ញុំជួបបញ្ហា»

លោកបានចុះចេញពីតំនែងជាអគ្គលេខាធិការរបស់ PAP និងបន្តតំនែងនេះអោយលោក ហ្គោស ចុកតុង នៅខែវិច្ឆិកា ឆ្នាំ១៩៩២។ លោកបានដកខ្លួនថយ​ឈប់ប្រលូកទំនាក់ទំនងផ្លូវរដ្ឋជាមួយរដ្ឋាភិបាលនានានៅអាស៊ាន ដើម្បីកុំអោយមានការខ្វែងគ្នាជាមួយអ្នកបន្តតំនែងពីលោក គឺលោក ហ្គោស ចុកតុង។

តំនែងជារដ្ឋមន្ត្រីគំរូ (Minister Mentor) (ពីឆ្នាំ២០០៤ដល់បច្ចុប្បន្ន)[កែប្រែ]

នៅថ្ងៃទី១២ សីហា ២០០៤ លោក ហ្គោស ចុកតុងបានផ្ទេរតំនែងដល់កូនប្រុសច្បងរបស់លោក លី ក្វាន់យូ គឺលោក លី សៀនលូង។ លោក ហ្គោស ចុកតុងបានក្លាយជាទេសរដ្ឋមន្ត្រី ហើយលោកលី ក្វាន់យូបានទទួលតំនែងថ្មីជារដ្ឋមន្ត្រីគំរូដែលមាននាទីផ្ទេរបទពិសោធន៍ដល់អ្នកដឹកនាំវ័យក្មេង។

ទាក់ទិននឹងបញ្ហាច្បាប់ស្ដីអំពីល្បែងស៊ីសង លោក លី ក្វាន់យូពោលថា ខ្លួនលោកផ្ទាល់ជំទាស់ទាំងស្រុងនឹងល្បែងស៊ីសង។ ប៉ុន្តែលោកមិនបានជំទាស់នឹងសំនើ​របស់កូនប្រុសលោកក្នុងការអនុញ្ញាតអោយមានបនល្បែង (Casino) នៅក្នុងប្រទេសទេ ដោយបានពោលថា «ការអោយមានឬគ្មានបនល្បែងជាអ្វីដែល​អ្នកដឹកនាំថ្មីត្រូវសំរេចចិត្ត»

ថ្មីៗនេះលោកបានបង្ហាញពីការបារម្ភពីការធ្លាក់ចុះសមត្ថភាពប្រើភាសាចិនរបស់ក្មេងសិង្ហបុរីជំនាន់​ក្រោយ។ នៅក្នុងសន្ទរកថាមួយក្នុងសភា លោកបានថ្លែងថា «ជនជាតិសិង្ហបុរីត្រូវតែរៀនប្រើទាំងភាសាអង់គ្លេសនិងភាសាចិនកុកងឺអោយបានច្បាស់លាស់»។ លោកបានបង្កើតអោយមាន​កម្មវិធីទូរទស្សន៍​មួយនៅ​ឆ្នាំ២០០៥ ដើម្បីទាក់ទាញទស្សនិកជនក្មេងៗអោយរៀនភាសាចិនកុកងឺ។

នៅខែមិថុនា២០០៥ លោកបានបោះពុម្ពសៀវភៅមួយក្បាលឈ្មោះ Keeping My Mandarin Alive (រក្សាភាសាចិនកុកងឺរបស់ខ្ញុំអោយមានជីវិតតទៅទៀត) ដែលបរិយាយអំពីការព្យាយាមជាច្រើនទសវត្សរ៍របស់លោកក្នុងការរៀនភាសាចិនកុកងឺអោយបានច្បាស់លាស់។ លោកបានពោលថា «...ដោយសារខ្ញុំមិនបានប្រើវាច្រើន ភាសានេះបានរលុបពីខួរក្បាលខ្ញុំជាបណ្ដើរៗ។ ហេតុនេះខ្ញុំត្រូវតែស្រោចស្រង់វាឡើងវិញ។ នេះជាបញ្ហាដ៏លំបាកព្រោះការរៀនវាពេលដែលអ្នកធំហើយ​ វាខុសពីកាលពីក្មេង។»

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍CCTVនៅថ្ងៃទី១២ កក្កដា ២០០៥ លោកបានសង្កត់ធ្ងន់អំពីការអោយមានអ្នកមានទេពកោសល្យបន្តក្នុងការដឹកនាំប្រទេស ដោយមានប្រសាសន៍ថា៖ «យើងត្រូវចេះរកការងារនិងសកម្មភាពដែលត្រូវនឹងខ្លួនយើងនៅក្នុងពិភពមួយផ្សេងទៀត។ នៅគ្រប់ជ្រុងនៃពិភពលោក មិនខ្វល់ថា​ខ្លួនយើងតូចក៏ដោយ យើងត្រូវតែអាចធ្វើការងារមួយដែលមានប្រយោជន៍ដល់ពិភពលោក។ ដើម្បីសម្រេចការងារនេះបាន យើងត្រូវការជាចំបាច់នូវអ្នកដឹកនាំ​សម្រាប់សម្រេចចិត្តនិងមានទស្សនវិស័យល្អ មានប្រាជ្ញា និងមានការបើកចំហរចំពោះគំនិតថ្មី និងជាបុគ្គលដែលអាចផ្ដល់ឱកាសឱ្យពួកយើងអាចធ្វើវាបាន។ ការងាររបស់ខ្ញុំគឺស្វែងរកអ្នកបន្តតំណែងពីខ្ញុំ។ ហេតុនេះនឹងមានការបន្តអំណាចទៅឱ្យបុគ្គលមានទេព្យកោសល្យ មានការប្ដេជ្ញាចិត្ត ស្មោះត្រង់ និងមានសមត្ថភាព​ធ្វើអ្វីៗមិនមែនបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន តែឱ្យផលប្រយោជន៍ប្រជាជននិងប្រទេសជាតិ។ បើគេអាចធ្វើការងារនេះបាន គេនឹងអាចបន្តវាទៅ​ជំនាន់​ក្រោយៗ​ទៀត។ ពេលវេលានៃការបែកបាក់គ្នា វាបានបញ្ចប់ទៅហើយ»។

មរតកនិងការចងចាំ[កែប្រែ]

ក្នុងរយៈពេល៣ទសវត្សរ៍ក្រោមការដឹកនាំរបស់លោកលី ក្វាន់យូ សិង្ហបុរីបានប្រែក្លាយខ្លួនពីប្រទេសកំពុងអភិវឌ្ឍមកជាប្រទេសអភិវឌ្ឍឈានមុខគេមួយនៅអាស៊ី ទោះជាប្រទេសនេះមានប្រជាជនតិច ផ្ទៃដីតូចនិងកង្វះខាតធនធានធម្មជាតិក៏ដោយ។ លោក លី ក្វាន់យូតែងពោលជារឿយៗថា ធនធានធម្មជាតិតែមួយគត់​របស់សិង្ហបុរីគឺប្រជាជនសិង្ហបុរីនិងសីលធម៌ការងាររឹងមាំរបស់វា។ លោកត្រូវបានប្រជាជនសិង្ហបុរីជាពិសេស​មនុស្សជំនាន់មុន ភាគច្រើនគោរព និងចងចាំនូវការ​ដឹកនាំដ៏ត្រឹមត្រូវរបស់លោកក្នុងសម័យទទួលបានឯករាជ្យនិងពេលផ្ដាច់ខ្លួន​ពីម៉ាឡេស៊ី។ លោកត្រូវបានគេអោយតំលៃជាស្ថបនិកនៃវិបុលភាពសិង្ហបុរីបច្ចុប្បន្ន ទោះជាវាជាស្នាដៃរួមជាមួយឧបនាយករដ្ឋមន្ត្រី លោក ហ្គោស កេងស្វី ដែលទទួលបន្ទុកផ្នែកសេដ្ឋកិច្ចក៏ដោយ។

លោក លី ក្វាន់យូបានសរសេរសៀវភៅ២ក្បាលអំពីបទពិសោធន៍របស់លោក។

  • The Singapore Story (ISBN 0-13-020803-5) (រឿងរ៉ាវរបស់សិង្ហបុរី)៖ រៀបរាប់អំពីទស្សនៈផ្ទាល់ខ្លួនរបស់លោកអំពីប្រវត្តិសាស្ត្រសិង្ហបុរីមុនពេលផ្ដាច់ខ្លួនពីម៉ាឡេស៊ី​នៅឆ្នាំ ១៩៦៥
  • From Third Word to First: The Singapore Story (ISBN 0-06-019776-5) (ពីប្រទេសតតីយលោកមកជាប្រទេសរីកចំរើន៖ រឿងរ៉ាវរបស់សិង្ហបុរី) ៖ និយាយអំពីការរួមចំនែករបស់លោកក្នុងការប្រែក្លាយប្រទេសសិង្ហបុរីជាប្រទេសអភិវឌ្ឍ។