វិធីវិទ្យាសាស្ត្រ

ពីវិគីភីឌា

វិធីវិទ្យាសាស្ត្រ សម្ដៅ​យក​វិធី​សាស្ត្រ​សិក្សា ឬ ស្វែង​យល់​អំពី​បាតុភូតិ​ ឬ កម្មវត្ថុ​សិក្សា​ណា​មួយដោយ​ផ្អែក​លើ​ការ​សង្កេត ពិសោធន៍ វាស់​វែង កត់ត្រា ប្រមូល​និងវិភាគ​ទិន្នន័យ និង វាយ​តម្លៃ ឬ សន្និដ្ឋាន​តាម​សមហេតុ​សមផល។ វិធី​វិទ្យាសាស្ត្រ មាន​ដំណើរ​ការ​ជាប្រព័ន្ធ មាន​ដំណាក់​កាល​ច្បាស់​លាស់។ មុខ​វិជ្ជា​ជា​ច្រើន​ដែល​ភ្ជាប់​នឹង​ពាក្យ​វិទ្យាសាស្ត្រ​ កាលណា​គេ​សិក្សា​មុខ​វិជ្ជា​នោះតាម​បែប​វិទ្យាសាស្ត្រ ទោះ​មុខវិជ្ជា​ទាំងនោះ​សិក្សា​ពីសង្គម​ក្ដី។ ឧទាហរណ៍ វិទ្យាសាស្ត្រ​នយោបាយ វិទ្យាសាស្ត្រ​សេដ្ឋកិច្ច វិទ្យាសាស្ត្រ​សុខាភិបាល​ ជាដើម។ ក្នុង​វិធី​វិទ្យាសាស្ត្រ គេតែង​ជួប​​ប្រទះ​​បញ្ញត្តិ​មួយ​ចំនួន​ដូច​ជា ច្បាប់ គោលការណ៍ ទ្រឹស្ដី ស្វ័យសត្យ សម្មតិកម្ម ជាដើម។

ដំណាក់កាល​ទូទៅនៃវិធីវិទ្យាសាស្ត្រ[កែប្រែ]

  1. បង្កើត​សំនួរ
  2. បង្កើត​សម្មតិកម្ម
  3. ពិសោធន៍
  4. វាយ​តម្លៃ​សម្មតិកម្ម

ឧទាហរណ៍៖
សំនួរ៖ តើ​លោហៈ​រីកឬ​រួម​ពេល​ត្រូវ​កម្ដៅ?
សម្មតិកម្ម៖ លោហៈរួម​នៅពេល​ត្រូវ​កម្ដៅ។
ពិសោធន៍៖ យក​លោហៈច្រើន​ប្រភេទ​ទៅ​ដុត​កម្ដៅ។ គេ​សង្កេតឃើញ​លោហៈរីក។
វាយតម្លៃ៖ សម្មតិកម្មខុស។

ខាងលើ​នេះ គ្រាន់តែ​ជា​ឧទាហរណ៍ដើម្បីស្វែង​យល់​ពី​ដំណាក់កាល ជាទូទៅប៉ុណ្ណោះ។ វិធី​វិទ្យាសាស្ត្រ​ មាន​ដំណាក់កាល​លម្អិត​ជាច្រើនទៀត។ គួរ​កត់​សម្គាល់​ដែរ​ថា ការ​វាយ​តម្លៃ​សម្មតិកម្ម​ មិន​ដូច​ជា​ការ​សន្និដ្ឋាន​ឡើយ។ ដូចជា ឧទាហរណ៍​ខាង​លើលោះ​ត្រា​តែ​លទ្ធផលពិសោធន៍ គាំទ្រសម្មតិកម្មផ្ទុយ (លោហៈរីក កាលណា​គេដុត​កម្ដៅ​វា។) ទើបគេ​អាច​សន្និដ្ឋានផ្ទុយ​បាន។ ប្រសិន​បើ​លទ្ធផល​ពិសោធន៍ គ្រាន់​តែទាត់​ចោល​សម្មតិកម្ម ហើយ​មិនគាំទ្រអ្វីផ្សេង គេគ្រាន់តែវាយ​តម្លៃ​ថា​សម្មតិកម្ម​មិន​ត្រឹមត្រូវ តែ​មិន​អាច​សន្និដ្ឋាន​អ្វី​បាន​ទាំង​អស់។ គួរ​កត់​សម្គាល់​ដែរ​ថា ការ​សន្និដ្ឋាន​ដាច់ខាត ១០០% កម្រ​មានណាស់។ ឧទាហរណ៍​ជាក់​ស្ដែង​គឺ ច្បាប់​ទីពីរ​របស់​ញូវ​តុន ត្រឹម​ត្រូវចំពោះ​ល្បឿន​ធម្មតា ក៏ប៉ុន្តែ កាល​ណា​ល្បឿន​របស់​វត្ថុ ខិត​ជិត​ល្បឿន​ពន្លឺ ច្បាប់ទីពីរ​របស់​ញូវតុន ចាំបាច់ត្រូវ​កែប្រែ។

ពាក្យ​ដែល​គេ​តែង​ជួប​ប្រទះ[កែប្រែ]

  • និយមន័យ៖ និយមន័យ គឺ​ជា​ការ​កំណត់​ឈ្មោះ​ហៅ​បញ្ញត្តិ​មួយ​ ដោយ​ការដាក់​សំណុំ​លក្ខណៈដែល​បញ្ញត្តិ​នោះ​ត្រូវ​បំពេញ។ ឧទាហរណ៍ អង្គធាតុ គឺ​ជា​អ្វីទាំង​ឡាយ​ដែល​មាន​ម៉ាស​និង​មាន​មាឌ។ សមាសធាតុ ជា​អង្គធាតុ​ដែល​កើត​ឡើង​ពី​ធាតុ​គីមី​ពីរ​ឬ​ច្រើន​ប្រភេទ។
  • ច្បាប់៖ ក្នុង​វិទ្យាសាស្ត្រ​គេហៅ​វិនិច្ឆ័យ​​(វិនិច្ឆ័យ​ប្រាប់​ទំនាក់ទំនង​នៃ​បញ្ញត្តិពីរ​ ឬ ច្រើន)មួយ​ថា​ជា​ច្បាប់​កាលណា​ខ្លឹមសារ​របស់​វិនិច្ឆ័យ​នោះ បាន​មកពី​ការ​សង្កេត​ឃើញ​យ៉ាង​ទៀត​ទាត់​ក្នុង​ធម្មជាតិ​ ហើយ គេ​បាន​ផ្ទៀងផ្ទាត់​ថា​ត្រូវ​ជាច្រើន​លើក​ច្រើន​សារ។ ឧទាហរណ៍៖
    ច្បាប់​ទីពីរ​ញូវតុន ប្រាប់​ពីទំនាក់ទំនង​នៃ ម៉ាស សម្ទុះ និង កម្លាំង​នៃ​ វត្ថុក្នុង​ខណៈពេល​ណា​មួយ។
    ច្បាប់រក្សា​ម៉ាស់ ប្រាប់ពីទំនាក់ទំនង នៃ​ម៉ាស​អង្គធាតុ​ប្រតិ​ករ មុន​និង​ក្រោយ ប្រតិកម្ម។
  • ស្វ័យសត្យ៖ (គេ​តែង​ហៅថា ពិត​ដោយ​ខ្លួនឯង) ស្វ័យសត្យ ជា​វិនិច្ឆ័យ​ដែលគេ​ពិត​ពីធម្មជាតិ ឬ គេ​សន្មតិ​ឱ្យ​ពិត មិន​បាច់​បក​ស្រាយ ឬ ស្រាយ​បញ្ជាក់ តែពិសេស​ត្រង់​ថា កាល​ណា​គេ​គោរព​តាម​ ផ្ដល់​លទ្ធផលជាក់លាក់ មិន​ប្រឆាំង​នឹង​ខ្លួនឯង។ មានស្វ័យសត្យ​ខ្លះ គេ​សន្មតិ​ឱ្យ​ពិត​តែ​ សម្រាប់​ការ​សិកស្សា​មួយ​ចំនួន​ប៉ុណ្ណោះ។ ឧទាហរណ៍ ក្នុង​ការសិក្សា តក្កវិទ្យា មួយចំនួន គេ​សន្មតិ​ថា សំណើរ​ផ្ទុយ​ នឹង​ សំណើរ​ផ្ទុយ នៃសំណើរ​មួយ គឺ សំណើរ​នោះ​ខ្លួនឯង។ (-)(-)=(+) ប៉ុន្តែ ក្នុង​ប្រព័ន្ធ តក្កវិទ្យា​មួយ​ចំនួន ស្វ័យសត្យ​នេះមិនមាន​នោះ​ទេ។
  • គោលការណ៍៖ គោលការណ៍ អាច​ជា​វិនិច្ឆ័យ ឬ ជា​វិធីសាស្ត្រ ដែល​គេ​សន្មតិ​គ្នា​គោរព​តាម ដើម្បី​ពន្យល់​បាតុភូតិណា​មួយ ហើយ​អាច​យកទៅអនុវត្ត​នឹង​បាតុភូតិ​ប្រហែល​គ្នា។ គោលការណ៍​មានលក្ខណៈ​ស្រដៀង​ ច្បាប់​ខ្លះ ស្វ័យ​សត្យ​ខ្លះ តែប្លែក​ត្រង់​ថា​ គោលការណ៍ជា​លក្ខណៈ​នៃ​ប្រព័ន្ធសិក្សា ជាឧបករណ៍​ជំនួយសម្រាប់​បង្កើត​ទ្រឹស្ដី វាយ​តម្លៃទ្រឹស្ដី ពន្យល់​​បាតុភូតិ ក្នុង​ក្របខណ្ឌ​តូច​ជាង​ច្បាប់​និង​ស្វ័យ​សត្យ ហើយគេ​អាច​ជ្រើសរើស គោរព​តាម​ឬមិនគោរព​តាម​ អាស្រ័យ​នឹង​បំណងអ្នក​សិក្សា​ តើ​ចង់​បាន​លទ្ធផល​បែបណា។ ឧទាហរណ៍៖ គោល​ការណ៍​របាប់(Counting Principle) គោលការណ៍​ទំហៀប (Principle of Relativity)។
  • ទ្រឹស្ដី៖ គឺ​ជាការ​ពន្យល់​ឬសំណុំ​នៃ​ការ​ពន្យល់​ដែល​ត្រូវ​នឹង​ព្រឹត្តិការណ៍​ជា​ច្រើន ហើយ​អាច​ឱ្យ​គេ​ទាយ​ទុក​នូវ​អ្វី​ដែល​អាច​នឹង​កើត​ឡើង​បានដោយ​ត្រឹម​ត្រូវ​ និង​ទៀងទាត់​ជាញឹកញយ។ ឧទាហរណ៍ ទ្រឹស្ដី​​ទំហៀប(Theory of Relativity)។