វិស្ណុបុរាណ

ពីវិគីភីឌា

វិស្ណុ​បុរាណ​ជា​គម្ពីរ​សាសនា​ហិណ្ឌូ​មួយ​និង​ជា​បុរាណៈ​មួយ​នៃ​បុរាណៈ​ទាំង​១៨។ គម្ពីរ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បុរាណៈ​សំខាន់​ជាង​គេ ហើយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា បុរាណ​រតនៈ (រតនៈនៃបុរាណៈ)​។ គម្ពីរនេះ​​ត្រូវ​បាន​គេ​អធិប្បាយ​ក្រោម​រូបភាព​នៃ​ការ​សន្ទនា​រវាងព្រាហ្មណ៍ ​បរាសរៈ និង​កូន​សិស្ស​របស់​គាត់​ឈ្មោះ​ មៃត្រេយៈ ហើយ​ត្រូវ​បាន​បែង​ចែក​ជា​៦​ផ្នែក​។ ប្រធាន​បទ​នៃ​ការ​សន្ទនា​សំខាន់​ៗ​ រួម​មាន​ការ​បង្កើត​ទេវកថា រឿង​សង្គ្រាម​រវាង​ពួក​អសុរៈ និង ពួក​ទេវៈ, បណ្តា​អវតារ​របស់​ព្រះ​វិស្ណុ និងពង្សាវតារ និង​រឿង​របស់​ស្តេច​ល្បី​ៗក្នុង​រឿង​ព្រេង​។ ​ គេ​បាន​តំនាល​ថា​គម្ពីរ​នោះ​មាន​ពាក្យ​ស្លោក​(ពាក្យ​កាព្យ)ចំនួន​២៣ ០០០, ប៉ុន្តែចំនួន​ពាក្យ​កាព្យ​សរុប​ពិត​ប្រាកដ​ មានតិច​ជាង​៧ពាន់​ទៅ​វិញ។ តាម​រយៈគ្រប់​ឯកសារ​ទាំង​អស់​ ដែល​គេ​ប្រមូល​បាន​មក​ពី​តំបន់​ខាង​លិច​និង​ខាង​កើត​របស់​ប្រទេស​ឥណ្ឌា បាន​អោយ​ដឹង​ថា ចំនួនក្រោយ​នេះ​ជា​ការ​ត្រឹម​ត្រូវ​ ហើយ​គ្មាន​ការ​បាត់​បង់​ផ្នែក​ណា​មួយ​នោះ​ទេ​។ គេ​បាន​សេចក្តី​ផ្តើម តួ​សេចក្តី និង​សេចក្តី​បញ្ចប់​ ដូច្នេះ​គេ​ចាត់​ទុក​ថា​អត្ថបទ​ដែល​ប្រមូល​បាន​ជា​អត្ថបទ​ទាំង​មូល​ដោយ​គ្មាន​បាត់​បង់​។ ​[១]

ផ្ទៃ​រឿង[កែប្រែ]

គម្ពីរ​នេះ​ផ្តើម​ដោយ​សេចក្តី​លំអិត​អំពី​ការ​បង្កើត​ នៃ​យុគៈ​ទាំង​៤។ រឿង​ព្រេង​អំពី​រុទ្រៈ​, ដែល​និយាយ​អំពី​ សមុទ្រ​មថនៈ (ការ​កូរ​សមុទ្រ​ទឹក​ដោះ​), រឿង​ធ្រុវៈ ដែល​ជា​​សាវក​របស់​ព្រះ​វិស្ណុ​ និង​រឿង​របស់​ស្តេច​កាល​ពី​ព្រេង​នាយ​ឈ្មោះ វេនៈ និង ប្ឫឋុ

រឿង​របស់​កូនចៅ​ជំនាន់​ក្រោយ​របស់​ប្ឫឋុគឺ​ពួក​ប្រឆេតៈ រឿង​ដ៏ល្បី​របស់​ ហិរន្យកសិបុ និង​ប្រហ្លទៈ, ការ​លំអិត​អំពី​ភូមិសាស្ត្រ​​នៃ​លោក​ដែល​គេ​ស្គាល់ ដោយ​បាន​បញ្ជាក់​អំពី​ទឹក​ដី​ ជនជាតិ ភ្នំ​និង​ទន្លេ​កាល​ពី​បុរាណ, ​គោលការណ៍​នៃ​ការ​កកើត​សកលលោក, និង រឿង​កំនើត​របស់​ជទភរតៈ ត្រូវ​បាន​គេ​យក​មក​និយាយ​ក្នុង​ផ្នែក​ទី​ពីរ​។

ផ្នែក​ទី​បី និយាយ​អំពី​មន្វន្តរៈ (វដ្ត​នៃ​ការ​កកើត​និង​រលាយ​ទៅ​វិញ​), បណ្ឌិត​វ្យសៈ និង យជ្នវល្ក្យៈ, សុរិយៈ (ព្រះ​អាទិត្យ), យមៈ (ស្តេច​នៃ​សេចក្តី​ស្លាប់​), សាវក សតឋនុ និង​សៃវ្យៈ​, វណ្ណៈ​ទាំង​បួន (វណ៌ៈ) និង ឆាកទាំង​បួន​នៃ​ជីវិត (អាស្រមៈ) និង​សេចក្តី​លំអិត​ធម៌​ជា​ច្រើន​។

ផ្នែក​ទី​បួន​លំអិត​អំពី​ស្តេច​ធំ​ៗ​របស់​ចក្រភព​ព្រះ​អាទិត្យ​និង​ព្រះ​ចន្ទ​របស់​ឥណ្ឌា​បុរាណ​ ហើយ​ក៏​បាន​រាយ​ឈ្មោះ​ស្តេច​ដែល​ប្រហែល​ជា​បាន​សោយរាជ្យ​ក្នុង​សម័យ​កាលី។ បញ្ជី​បន្ទាប់​មក​ទៀត រៀបរាប់​អំពី​ឈ្មោះ​ស្តេច​ក្នុង​ប្រវត្តិសាស្ត្រ​របស់​មគធៈ​, ដោយ​មាន​ទាំង​ស្តេច​មក​ពី សិសុនគៈ នន្ទៈ និង មៅរ្យៈ​។

ផ្នែក​បន្ទាប់​មក​ទៀត និយាយ​លំអិត​អំពី​ព្រឹត្តិការណ៍​ផ្សេង​ៗ​ក្នុង​ជីវិត​របស់​ព្រះ​ក្ឫស្ណៈ (ក្រឹស្ណៈ) ដោយ​ចាប់​ពី​កំនើត កុមារភាព និង​មរណភាព​ ហើយ​និង​ការ​បំផ្លាញពួក​យាទវៈ

ផ្នែក​ទី​៦ ដែល​ជា​ផ្នែក​ចុងក្រោយ​គេ និយាយ​អំពី​យាយីររបស់​កាលី, អំពី​ការ​បំផ្លាញ​លោក និង​ពន្យល់​អំពី​សារៈ​សំខាន់​របស់​បុរាណៈ​។

"ស្តេច​កាលី​យុគ ចូល​ចិត្ត​អំពើ​ពុករលួយ និង​ការ​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​របស់​ប្រជា​រាស្ត្រ​ខ្លួន​។ កម្មសិទ្ធិ​និង​ទ្រព្យ​សម្បត្តិ​តែ​មួយ​នឹងអាច​​ជួយ​លើក​តំកើង​បុណ្យសក្តិ​បាន; ការ​បោក​ប្រាស់​​ជា​មធ្យោបាយ​តែ​មួយ​គត់​សំរាប់​សំរេច​ជោគ​ជ័យ។ ការ​ពុក​រលួយ​នឹង​ក្លាយ​ជា​មធ្យោបាយ​សកល​​សំរាប់​រក្សា​អំនាច​របស់​ខ្លួន​។ នៅ​ចុង​បញ្ចប់ ដោយ​មិន​អាច​គាំ​ទ្រ​នឹង​ស្តេច​គំរិះ​របស់​ខ្លួន​បាន​ ប្រជារាស្ត្រ​ស្រុក​កាលី​យុគ ក៏​ភៀស​ខ្លួន​ទៅ​រស់​លាក់​ខ្លួន​នៅ​ក្នុង​តំបន់​ភ្នំ​។"

សំគាល់​[កែប្រែ]

  1. Wilson (2006), p. xxi.