កម្ពុជាសម័យមហានគរ

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា

(ត្រូវបានបញ្ជូនបន្តពី សម័យមហានគរ)
ទៅកាន់៖ ទិសដៅ, ស្វែងរក

នេះគឺជា ប្រវត្តិសាស្រ្តកម្ពុជា
Angkor Wat W-Seite.jpg
កាលប្រវត្តិរបស់កម្ពុជា
ហ៊ូណន (68 គស – 550 គស)
ចេនទ្បា (550 គស – 802 គស)
មហាអង្គរ (802 គស – 1431 គស)
ចតុមុខ (1437 គស – 1525 គស)
លង្វែក (1525 គស – 1593 គស)
ការធ្លាក់ចុះរបស់ប្រទេសកម្ពុជា
(1593 – 1863)
ខ្មែរក្រោម
សម័យអាណានិគមបារាំង (1863–1953)
ឯករាជ្យកម្ពុជា
សង្គ្រាមស៊ីវិល (1967–1975)
រដ្ឋប្រហារ 1970
ការលុកលុយពីវៀតណាម 1970
របបខ្មែរក្រហម (1975–1979)
សង្គ្រាមខ្មែរ វៀតណាម (1975–1989)
សាធារណ:រដ្ឋកម្ពុជា (1979–1993)
1992–93អ៊ុនតាក់
ការលូតលាស់របស់កម្ពុជា (1993–present)
កាលប្រវត្តសាស្រ្តខ្មែរ
[កែប្រែ]


សម័យ​មហានគរ​ គឺ​ជា​សម័យ​កាល​មួយ​ ដែល​ប្រទេសកម្ពុជា រីកចម្រើន​ដល់​កំពូល​ លើ​គ្រប់​វិស័យ​ ក្រោម​ការ​ដឹកនាំ​ដោយ​ព្រះបាទជ័យវរ្ម័នទី៧

មាតិកា

[កែប្រែ] សង្គមសម័យមហានគរ

ប្រជាជនសម័យមហានគរចែកជាបី៖

  • ក្រុមសាសនា មាន ព្រាហ្មណ៍ និងបព្វជិត
  • ក្រុមអ្នកធ្វើចម្បាំង មានក្សត្រ និងនាម៉ឺន
  • ក្រុមអ្នកធ្វើពលកម្ម មានកសិករ ជាងទង វិចិត្រករ សិប្បករ ... ។


ប្រាសាទត្រូវបានគេកសាងឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេស។ ប្រាសាទនីមួយៗមានអ្នកបម្រើ អ្នកការពារ និងអ្នកធ្វើពិធីផ្សេងៗទៀតរាប់ពាន់នាក់។ មន្ត្រីរដ្ឋបាលទទួលអំណាចពីព្រះមហាក្សត្រមកគ្រប់គ្រងកសាង និងការពារប្រជារាស្ត្រក្នុងដែនដីរបស់ខ្លួន។

[កែប្រែ] របៀបគ្រប់គ្រងប្រទេស

ទឹកដីកម្ពុជាសម័យមហានគរ

[កែប្រែ] ក. លក្ខណៈនៃការគ្រប់គ្រង

ការគ្រប់គ្រងនាសម័យមហានគរ ធ្វើទៅតាមទស្សនៈសាសនាព្រាហ្មណ៍។ ព្រះមហាក្សត្រជាអាទិទេព បែងភាគចុះមកគ្រប់គ្រងមនុស្សលោក។ ព្រះអង្គជាអ្នកធ្វើច្បាប់ ជាអ្នកអនុវត្ត និងជាចៅក្រមកាត់ក្ដីទៀត។ មិនតែប៉ុណ្ណោះ ព្រះមហាក្សត្រជាមេទ័ពដ៏ខ្លាំងក្លាផងដែរ។

[កែប្រែ] ខ. ការរៀបចំរដ្ឋបាល

សម័យមហានគរ កម្ពុជាជាប្រទេសសក្ដិភូមិមួយមានមន្ត្រីច្រើន។ អំណាចគ្រប់គ្រងត្រូវបែងចែកជាពីរគឺ អំណាចមជ្ឈិម និងអំណាចភូមិភាគ។ ព្រះរាជាជាម្ចាស់ផែនដី ឆ្លងតាមលទ្ធិទេវរាជ អំណាចព្រះរាជាមានប្រភពចេញពីព្រះអាទិទេព ព្រះអង្គមានសិទ្ធិលើដីធ្លីទាំងអស់ ព្រះអង្គជាអ្នកធ្វើច្បាប់ និងអនុវត្តច្បាប់ អាចជ្រើសតាំអ និងដកហូតមន្ត្រីធំៗតាមព្រះទ័យ។ ទ្រង់ជាមេបញ្ជាការទ័ពផ្ទាល់ ជាអ្នកដឹកនាំនយោបាយ និងជាមេសាសនាទៀតផង។

[កែប្រែ] អន្តោប្រវេសន៍

[កែប្រែ] ក.ជនជាតិសៀម

សៀមជាជនជាតិមួយ រស់នៅតំបន់យូណានប្រទេសចិន។ នៅសតវត្សទី៨ ពួកសៀមបានបង្កើតរដ្ឋមួយឈ្មោះថាណានចាវ។ ពេលនោះរដ្ឋអំណាចចិន មិនសប្បាយចិត្តនឹងរដ្ឋណានចាវនេះ ហើយបានធ្វើការបុករុកឲ្យជនជាតិនេះរត់ភៀសខ្លួនចូលមកក្នុងដែនដីឥណ្ឌូចិនបន្តិចម្ដងៗ។ ក្រោយពីការបែកបាក់រដ្ឋណានចាវ និងការរាតត្បាតអំពីពួកម៉ុងកូលនៅស.វ.ទី១៣ ជនជាតិសៀម បានរុលចុះមកតំបន់ឥណ្ឌូចិនកាន់តែច្រើនឡើងៗ ហើយបង្កើតបានជាកុលសម្ព័ន្ធតូចៗរស់នៅលើដែនដីខ្មែរ ភាគខាងលិច និងពាយ័ព្យ។ នៅចុងសតវត្សទី១៣ ពួកសៀមបានបង្កើតរដ្ឋឯករាជ្យមួយឡើង រួចចាប់ផ្ដើមគំរាមកំហែង បូរណភាពទឹកដីខ្មែរតាំងតែពីពេលនោះមក ជាប់ឥតដាច់រហូតមកដល់ បច្ចុប្បន្ននេះ។

[កែប្រែ] ខ. ជនជាតិចាម

ចាម ជាជនជាតិមួយរស់នៅតាមបណ្ដោយឆ្នេរខាងកើតជ្រោយឥណ្ឌូចិន។ នៅសតវត្សទី២នៃគ្រិស្តសករាជ ជនជាតិចាមបានបង្កើតរដ្ឋមួយឈ្មោះថា ចម្ប៉ា។ បច្ចុប្បន្ន រដ្ឋនេះបានបាត់បង់ព្រោះវៀតណាមរាតត្បាតយកបានទាំងស្រុង។

[កែប្រែ] ទំនាក់ទំនងនឹងប្រទេសជិតខាង

[កែប្រែ] ក. ទំនាក់ទំនងជាមួយសៀម

ពួកកុលសម្ព័ន្ធសៀមបានជ្រៀតចូលមករស់នៅលើទឹកដីរបស់ខ្មែរតាំងពីសតវត្សទី៩មកម្ល៉េះ។ នៅចុងសតវត្សទី១៣ ពួកកុលសម្ព័ន្ធសៀមពីរក្រុម បានបង្កើតរដ្ឋឯករាជ្យពីរ មួយនៅតាមដងទន្លេមេណាមឈ្មោះ សុខោទ័យ និងរាជធានីឈាងសែន នៅទន្លេមេគង្គ។ ការកកើតរដ្ឋសៀមទាំងពីរនេះ បានបញ្ចប់អំណាចត្រួតត្រារបស់ខ្មែរនៅលើទឹកដីនៃដងទន្លេអាណាម និងខ្ពង់រាបនគររាជ។ នៅឆ្នាំ១២៨៣ ពួកសៀមចាប់ផ្ដើមឈ្លានពានខ្មែរ។ នៅពាក់កណ្ដាលសតវត្សទី១៤ រដ្ឋសៀមទាំងពីរ បានបង្រួបបង្រួមគ្នាជារដ្ឋឯកភាពមួយ ដោយមានរាជធានីឈ្មោះអយុធ្យា។ ចាប់ពីឆ្នាំ១៣៥១ ស្ដេចក្រុងអយុធ្យាបានលើកទ័ពមកវាយក្រុងអង្គរជាញឹកញាប់ ព្រមទាំងបានកាន់កាប់ក្រុងនេះផង។ ដោយសៀមចេះតែលើកទ័ពមកគំរាមកំហែងខ្លាំងពេក ហើយពេលយកជ័យជំនះលើកងទ័ពសៀមរួចមក ព្រះបាទពញាយ៉ាតជាព្រះមហាក្សត្រខ្មែរ ទ្រង់បានលើករាជធានីទៅតាំងនៅទួលបាសានក្នុងខេត្តស្រីសឈរនៅឆ្នាំ១៤៣១។

[កែប្រែ] ខ. ទំនាក់ទំនងជាមួយចាម

នៅដើមសម័យអង្គរ ប្រទេសចម្ប៉ាបានលើកទ័ពចូលមកលុកលុយប្រទេសកម្ពុជាញឹកញាប់តាមជើងគោកផង តាមជើងទឹកផង។ ពេលចូលមកលុកលុយប្រទេសកម្ពុជាម្ដងៗ ពួកចាមបានឆក់ប្លន់ទ្រព្យសម្បត្តិ និងដុតផ្ទះសម្បែងរបស់ប្រជារាស្ត្រខ្មែរជារៀងរាល់លើក។ ពេលនោះកងទ័ពខ្មែរបានដេញកម្ចាត់ចាមឲ្យរត់ខ្ចាត់ខ្ចាយអស់ទៅវិញជាបន្តបន្ទាប់។ ព្រះមហាក្សត្រខ្មែរ ទ្រង់បានច្បាំងនឹងចាមជាច្រើនដង ដោយវាយយកនគរចាមដាក់ជាចំណុះ និងឲ្យចាមនាំសួយសារអាករមកថ្វាយព្រះអង្គ។
ចាប់ពីរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២(១១១៣ - ១១៦២) រហូតដល់ព្រះបាទជ័យវរ្ម័នទី៧(១១៨១ - ១២១៨) ខ្មែរនិងចាមបានធ្វើសង្គ្រាមសងសឹកគ្នាជាញឹកញាប់។
នៅឆ្នាំ១១៤៥ ព្រះបាទសូរ្យវរ្ម័នទី២បានលើកទ័ពទៅវាយយកប្រទេសចាមដាក់ជានគរចំណុះ។ ឆ្នាំ១១៧៧ ឆ្លៀតពេលដែលប្រទេសកម្ពុជាមានភាពវឹកវរ ចាមបានលើកទ័ពចូលមកកម្ទេចទីក្រុងអង្គរ ធ្វើគុតព្រះមហាក្សត្រខ្មែរ ហើយដាក់ប្រទេសកម្ពុជាជាចំណុះវិញ។ ព្រះបាទជ័យវរ្ម័នទី៧រំដោះទីក្រុងអង្គរបានពីចាមមកវិញនៅឆ្នាំ១១៨១។ ក្រោយមក កងទ័ពខ្មែរបានវាយយកប្រទេសចាមដាក់ជាអាណាខេត្តរបស់ខ្មែរអស់ពេលដ៏យូរ។

[កែប្រែ] ការរៀបចំក្រុងអង្គរ

ក្រោយពីរំដោះប្រទេសរួចពីជ្វា ព្រះបាទជ័យវរ្ម័នទី២(៨០២) បានជ្រើសរើសតំបន់ខាងជើងបឹងទន្លេសាបដែលមានលក្ខណៈអំណោយផលល្អខាងកសិកម្ម និងជាតំបន់ចំកណ្ដាលព្រះរាជាណាចក្រដែលមានគមនាគមន៍តាមផ្លូវទៅតំបន់នគររាជ និងគមនាគមន៍តាមផ្លូវទឹកទៅកំពង់ផែអូរកែវដើម្បីកសាងរាជធានី។ ចាប់ពីពេលនោះមក ព្រះរាជារបស់ខ្មែរបានកំណត់យកតំបន់នោះធ្វើជាទីតាំងរាជធានីរហូតសល់ស.វ.ទី១៥។

[កែប្រែ] ការរៀបចំក្រុងអង្គរ

ដោយការប្រារព្ធពិធីទេវរាជ ព្រះរាជាត្រូវមានឋានៈស្មើអាទិទេព។ រាជធានីរបស់ព្រះអង្គជាតំណាងនៃចក្រវាឡទាំងមូល៖ ប្រាសាទភ្នំនៅកណ្ដាលក្រុងជានិមិត្តរូបភ្នំព្រះសុមេរុដែលគេចាត់ទុកថាជាស្នូលនៃចក្រវាឡ កំពែងនិងគូទឹកជានិមិត្តរូបនៃជួរភ្នំ និងសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ ហើយប្រាសាទភ្នំសម្រាប់តម្កល់លិង្គទេវរាជ។
ប្រាសាទភ្នំមួយសម្រាប់តែព្រះរាជាមួយព្រះអង្គ លុះទ្រង់ចូលទិវង្គត ប្រាសាទនោះនឹងក្លាយជាផ្នូររបស់ព្រះអង្គ។
ព្រះបាទយសោវរ្ម័នទី១(៨៨៩ - ៩០០)បានលើករាជធានីទៅតាំងនៅខាងជើងតំបន់រលួសដោយយកភ្នំបាខែងធ្វើជាស្នូលនៃរាជធានីយសោធរបុរៈ។ ព្រះអង្គឲ្យគេសង់ប្រាសាទភ្នំបាខែងសម្រាប់ធ្វើពិធីទេវរាជ។

[កែប្រែ] ការរីកលូតលាស់នៃទីក្រុង

គេចែកការរីកចម្រើនសម័យអង្គរជាបីដំណាក់៖

  • ដំណាក់ទី១ ពីឆ្នាំ៨០២ ដល់ ៩៤៤
  • ដំណាក់ទី២ ពីឆ្នាំ៩៤៤ ដល់ ១១៧៧
  • ដំណាក់ទី៣ ពីឆ្នាំ១១៨១ ដល់ ១២១៨។


អង្គរចាប់ផ្ដើមរីកលូតលាស់ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ រហូតដល់ចុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ រវាងឆ្នាំ៩៤៤ - ៩៦៨ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បានបង្រួបបង្រួម និងអភិវឌ្ឍរាជាណាចក្រកម្ពុជា។ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២(១១១៣ - ១១៦២) ក្រៅពីធ្វើសង្គ្រាមពង្រីកទឹកដី ទ្រង់បានកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។ បន្ទាប់មក ក្រោយពីកម្ចាត់ចាមឈ្លានពានរួច នៅឆ្នាំ១១៨១ ព្រះបាទជ័យវរ្ម័នទី៧ទ្រង់បានកសាងប្រាសាទបាយ័នមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញកំពស់៨ម៉ែត មានប្រវែង៣គីឡូម៉ែតក្នុងមួយជ្រុងៗ។

[កែប្រែ] មូលហេតុនៃការរីកលូតលាស់

ប្រាសាទភ្នំត្រូវបានកសាងឡើង សម្រាប់តែព្រះរាជាមួយព្រះអង្គប៉ុណ្ណោះ។ ពេលទ្រង់កំពុងសោយរាជ្យ ព្រះរាជាយាងទៅធ្វើពិធីទេវរាជ។ ពេលទ្រង់ចូលទិវង្គតប្រាសាទនោះ ក៏ក្លាយជាផ្នូរផ្ទាល់ព្រះអង្គតែម្ដង។ ចំពោះព្រះរាជាដែលសោយរាជ្យបន្ទាប់មកទៀត ត្រូវខិតខំកសាងប្រាសាទភ្នំថ្មីមួយទៀត។ គេសង្កេតឃើញប្រាសាទភ្នំដែលសង់នៅពេលក្រោយៗ ភាគច្រើនធំៗជាមុន។ ការណ៍នេះបង្ហាញថា៖ ព្រះរាជាសោយរាជ្យបន្ត រមែងចង់បង្ហាញមហិទ្ធិឫទ្ធិរបស់ខ្លួនថាជាព្រះរាជាអាទិទេពខ្លាំងពូកែជាងព្រះរាជាមុនៗ។
ចាប់ពីចុងសតវត្សទី៩ ដល់ចុងសម័យអង្គរ បុព្វបុរសខ្មែរយើងបានកសាងប្រាសាទជិត២០០០ប្រាសាទ។ តែដោយឡែកលើទឹកដីកម្ពុជាបច្ចុប្បន្ន តាមស្ថិតិសារមន្ទីរជាតិភ្នំពេញ គេរាប់ឃើញតែ១០៧០ប្រាសាទប៉ុណ្ណោះ ហើយក្រៅពីនេះគេឃើញមាននៅប្រទេសសៀម ប្រទេសឡាវ និងប្រទេសយួនទៀតផង។

[កែប្រែ] ការតម្រង់ទិសការអភិវឌ្ឍ

តំបន់ខាងជើងបឹងទន្លេសាបជាតំបន់អំណោយផលដល់កសិកម្ម ដែលធ្វើឲ្យព្រះរាជាខ្មែរយកព្រះទ័យទុកដាក់ដល់ប្រព័ន្ធធារាសាស្ត្រជានិច្ច ព្រោះសម័យនោះការកសាងបារាយណ៍ជាគូនឹងការកសាងប្រាសាទ។
ព្រះបាទឥន្ទ្រវរ្ម័នទី១(៨៧៧ - ៨៨៩) ទ្រង់បានបញ្ជាឲ្យជីកបារាយណ៍មួយជើងរាជធានីគឺបារាយណ៍ឥន្ទ្រតដាក មានបណ្ដោយ៣០០០ម៉ែត និងទទឹង៨០០ម៉ែត។
ព្រះបាទយសោវរ្ម័នទី១(៨៨៩ - ៩០០) ក្រោយពីកសាងរាជធានីហើយ ព្រះអង្គបានបញ្ជាឲ្យជីកបារាយណ៍មួយមានឈ្មោះថា បារាយណ៍យសោធរតដាក
ផ្សេងពីនេះគេឃើញមាន បារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិចដែលមានបណ្ដោយ៨គីឡូម៉ែត និងទទឹង២,២ម៉ែត។ ការកសាងសំណង់ធារាសាស្ត្រដោះស្រាយបញ្ហាទឹក នាំឲ្យមានការអភិវឌ្ឍសង្គមខាងកសិកម្ម គមនាគមន៍ សុខាភិបាល និងសិក្សាធិការ ... ៕

[កែប្រែ] ឯកសារពិគ្រោះ

  • សៀវភៅសិក្សាសង្គមថ្នាក់ទី៧ ក្រសួងអប់រំ១៩៩៧

[កែប្រែ] មើលផងដែរ

[កែប្រែ] តំណភ្ជាប់