ស្ដេចចក្រពត្តិ
ដោយវិគីភីឌា
ស្តេចចក្រពត្តិ គឺជាស្តេចគ្រប់គ្រងនគរប្រកបដោយធម៌ ជាក្សត្រមានអំណាច ឈ្នះសង្គ្រាមមានទីបំផុតទល់នឹងសមុទ្រទាំង៤ មានជនបទដ៏មាំមួន ប្រកបដោយរតនៈ៧ប្រការ គឺ ចក្ករ័តន៍ (ចក្រកែវ)១ ហត្ថីរ័តន៍ (ដំរីកែវ)១ អស្សរ័តន៍(សេះកែវ)១ មណិរ័តន៍(កែវមណី)១ ឥត្ថីរ័តន៍(ស្រ្តីកែវ)១ គហបតីរ័តន៍(គហបតីកែវ)១ បរិនាយករ័តន៍(នាយបរិនាយកកែវ)១ និងប្រកបដោយឫទ្ធិ៤យ៉ាង។ ព្រះអង្គមានព្រះរាជបុត្រច្រើនជាងពាន់ ជាអ្នកក្លៀវក្លា មានសភាពជាអ្នកព្យាយាម(ក្លាហាន) អាចញំាញីនូវសេនារបស់ស្តេចដទៃបាន ព្រះអង្គគ្របសង្កត់នូវផែនដី មានសាគរជាទីបំផុត ទ្រង់គ្រប់គ្រងដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើសាស្ត្រាវុធឡើយ។
- រតនៈទាំង៧ប្រការនោះគឺ
- ចក្ករ័តន៍ ជាទិព្វមានកាំ១ពាន់ ព្រមទាំងខ្នងកង់និងដុំ បរិបូណ៌ដោយអាការទាំងពួង។ ពេលចក្ករ័តន៍នេះទៅដល់ប្រទេសណា ស្តេចចក្រក៏ទៅប្រថាប់ទីនោះព្រមដោយចតុរង្គសេនា(សេនាប្រកបដោយអង្គ៤)។ ពួកស្តេចណាដែលជាសត្រូវក៏បាក់បបខ្លបខ្លាចអំណាច សុំចុះចូល និងសុំអោយស្តេចចក្រគ្រប់គ្រងប្រទេសខ្លួន។
- ហត្ថីរ័តន៍ (ដំរីកែវ) ជាស្តេចដំរីឈ្មោះឧបោសថ មានសម្បុរសសុទ្ធ មានអវយវៈតូចធំសមរម្យទាំងអស់ ជាដំរីមានឫទ្ធិ អាចហោះទៅលើអាកាសបាន។
- អស្សរ័តន៍ (សេះកែវ) ជាស្តេចសេះឈ្មោះវលាហកៈ មានសម្បុរសសុទ្ធ មានសម្បុរត្រង់ក្បាលខ្មៅរលើប ដូចជាសម្បុរនៃកក្អែក មានសក់សក្បុស ដូចបណ្តូលស្មៅយាប្លង ជាសេះមានឫទ្ធិអាចហោះទៅលើអាកាសបាន។
- មណិរ័តន៍ ជាកែវពិទូរ្យមានជាតិល្អ មានជ្រុង៨ ដែលជាងច្នៃល្អហើយ មានពណ៌ថ្លាស្អាតបរិបូណ៌ដោយអាការគ្រប់យ៉ាង។ មណិរ័តន៍នេះមានពន្លឺផ្សាយទៅបានមួយយោជន៍ជុំវិញ។
- ឥត្ថីរ័តន៍ (ស្រីកែវ) ជាស្ត្រីមានរូបឆោមល្អគួរអោយអ្នកផងពិតពិលរមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង មិនខ្ពស់ពេក មិនទាបពេក មិនស្គមពេក មិនធាត់ពេក មិនខ្មៅពេក មិនសពេក លើលលែងកន្លងហួសសម្បុរស្រ្តីជាមនុស្ស តែមិនដល់សម្បុរទេវតា។ ឥត្ថីរ័តន៍ មានកាយសម្ផ័ស្សទន់ល្មើយ ដូចជាសំឡីគរ ឬសំឡីកប្បាស។ កាលរដូវត្រជាក់ នាងមានខ្លួនក្តៅ កាលរដូវក្តៅ នាងមានខ្លួនត្រជាក់។ នាងមានក្លិនខ្លឹមចន្ទន៍ផ្សាយចេញអំពីកាយ មានក្លិនផ្កាឧប្បលផ្សាយចេញអំពីមាត់។ នាងជាស្ត្រីដែលសូម្បីតែចិត្ត ក៏មិនប្រព្រឹត្តកន្លងស្តេចចក្រជាស្វាមីឡើយ។ ជាស្ត្រីគោរពតួនាទីខ្លួនប្រព្រឹត្តត្រូវព្រះហឫទ័យ ពោលតែពាក្យជាទីពេញព្រះទ័យរបស់ស្តេចចក្រពត្តិ។
- គហបតីរ័តន៍ មានទិព្វចក្ខុ ដែលកើតពីផលកម្ម អាចមើលឃើញកំណប់ទ្រព្យដែលមានម្ចាស់និងមិនមានម្ចាស់បាន។
- បរិនាយករ័តន៍ (បរិនាយកកែវ) ជាបណ្ឌិតវាងវៃ មានប្រាជ្ញា អង់អាចជាអ្នកប្រឹក្សាផ្តល់យោបល់ ជួយជ្រោមជ្រែងដល់ស្តេចចក្រពត្តិ។
- ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយឫទ្ធិ៤យ៉ាងគឺ
- ទ្រង់មានរូបឆោមល្អគួរអោយអ្នកផងពិតពិលរមិលមើល គួរជ្រះថ្លា ទ្រង់ប្រកបដោយឆវីវណ្ណ ល្អក្រៃលែងជាងមនុស្សទាំងឡាយក្នុងលោកនេះ។
- ព្រះអង្គមានព្រះជន្មាយុវែង ទ្រង់ឋិតនៅអស់កាលជាយូរអង្វែងក្រៃលែងជាងមនុស្សទាំងឡាយ។
- ទ្រង់មិនមានអាពាធ មិនមានទុក្ខប្រកបដោយភ្លើងធាតុ ដែលកើតអំពីកម្មមានវិបាកស្មើគ្នា មិនត្រជាក់ពេក មិនក្តៅពេក លើសជាងមនុស្សដទៃ។
- ទ្រង់ជាទីស្រឡាញ់ ជាទីពេញចិត្តនៃព្រាហ្មណ៍ និងគហបតីទាំងឡាយ។
យោង [កែប្រែ]
ព្រះត្រៃបិដកលេខ១៧