ហរិហរាល័យ

ពីវិគីភីឌា

ហរិ​ហ​រា​ល័យជាទី​ក្រុង​បុរាណ​របស់​ខ្មែរ ដែល​កសាងឡើង​នៅក្រោយ​ពេលដែល ព្រះបាទជ័យវរ្ម័នទី២ ទ្រង់​យាង​ត្រឡប់​មកពី ប្រទេស​ជ្វា​ចូល​កម្ពុជទេស​វិញ និង​រំដោះប្រទេស​ខ្មែរ​ចេញពី​នឹម​ត្រួតត្រា​របស់​ពួក​ជ្វា នៅ​ខាងដើម​សតវត្ស​ទី៩នៃ​គ្រិស្តសករាជ។ បច្ចុប្បន្ននេះ​រាជធានី​ហរិ​ហ​រា​ល័យ​ត្រូវបាន​គេ​ហៅថា តំបន់រលួស ដែលមាន​ក្រុម​ប្រាសាទ៣នៅ​ទីនោះ គឺ​ប្រាសាទព្រះគោជា​ស្នា​ព្រះ​ហ​ស្ថ​របស់ ព្រះបាទឥន្រ្ទវរ្ម័នទី១ ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​ឥសូរ និង​បុព្វការី​ជន​របស់​ទ្រង់ រួមជាមួយ​ ព្រះបាទឥន្រ្ទវរ្ម័នទី១ស្ថាបនិក​ហរិ​ហ​រា​ល័យ​ផងដែរ។ ប្រាសាទ​មួយទៀត​ឋិត​នៅ​ខាងត្បូង​ប្រាសាទព្រះគោ កសាង​ក្រោយ​ប្រាសាទ​ព្រះ​គោ​ប្រមាណ២ឆ្នាំ​ដោយព្រះបាទឥន្រ្ទវរ្ម័នទី១ដូចគ្នា គឺ​ប្រាសាទបាគង​ដែលជា​ប្រភេទ​ប្រាសាទភ្នំ​ទីមួយ​ដែលមាន​រូបរាង​ច្បាស់លាស់ សាង​ឡើងលើ​ខឿន៣ជាន់ និង​មាន៥ជាន់។ ប្រាសាទ​មួយទៀត​សាង​ឡើង​នៅ​កណ្ដាល​បារាយណ៍​ឥន្ទ្រ​ត​ដាក​គឺ​ប្រាសាទលលៃ ដែលជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះបាទសូរ្យវរ្ម័នទី១សាង​ឡើងជា​ប្រាសាទភ្នំ សម្រាប់​តម្កល់​សិវលិង្គ។ បារាយណ៍​ឥន្ទ្រ​ត​ដាក​នេះ​ក៏​ជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះបាទ​ឥន្ទ្រវរ្ម័នទី១ផងដែរ​នៅក្នុង​តំបន់​រលួស មាន​ទំហំ៣០០០ម៉ែត្រ និង​ទទឹង៨០០ម៉ែត្រ​អាច​ផ្ទុក​ទឹកបាន​ប្រមាណ៦លាន​ម៉ែត្រគូប[១] សម្រាប់​ស្រោចស្រព​ដំណាំ​របស់​ប្រជាកសិករ​ខ្មែរ ប៉ុន្តែ​បច្ចុប្បន្ននេះ​បារាយណ៍​នេះ​បាន​រីងស្ងួត​អស់​ទៅហើយ។

ពាក្យ​ហរិ​ហ​រា​ល័យ ក្លាយ​មកពី​ពាក្យ​ហរិ​ហរៈ ដែល​ជាការ​ផ្សំគ្នា​រវាង​ពាក្យ​ហរិ គឺ​សំដៅ​ដល់​ព្រះវិស្ណុ និង​ហរៈ​គឺព្រះឥសូរ(ហរិ+ហរៈ)។ ហរិ​ហរៈ​គឺមាន​តាំងពី​សម័យមុន​អង្គរ​មកម្ល៉េះ ជាការ​ផ្សំ​និកាយ​ពីរ​របស់​សាសនា​ហិណ្ឌូ។ អាចនិយាយបាន​ថា​ពាក្យ​ហរិ​ហរៈ​នេះ​ជា​សក្ខីភាព​មួយ នៃ​ការ​បង្រួម​បង្រួម​សាសនា​ហិណ្ឌូ​ឱ្យមាន​ឯកភាពគ្នា​ក្នុង​ទឹកដី​របស់ ខ្មែរ​សម័យ​នោះ មានន័យថា​ដើម្បី​ទប់ស្កាត់​វិបត្តិ​សាសនា​រវាង​ពួក​អ្នក​គោរព​លើ​ព្រះ វិស្ណុ និង​អ្នក​គោរព​ព្រះ​សិវៈ។ ភស្ដុតាង​នៃ​ការរួម​ផ្សំ​និកាយ​ទាំងពីរ​នេះ​មាន​នៅលើ​រូបសំណាក ដែល​គេ​ហៅថា​ជា​រូប​ព្រះ​ហរិ​ហរៈ គឺមាន​រូប​ព្រះ​វិស្ណុ​ម្ខាង និង​រូប​ព្រះ​សិវ​ម្ខាង​នៅលើ​រូប​តែមួយ។ គេ​សម្គាល់​បាន​ថា​ជា​ព្រះ​វិស្ណុ និង​ព្រះ​សិវ​តាមរយៈ​គ្រឿង​តុបតែង​ខ្លួន និង​សស្ត្រា វុ​ធ ដែលមាន​លក្ខណ​ប្លែក​គ្នា​រវាង​ទេវៈ​ទាំងពីរ​នេះ។

ទីក្រុង​នេះ​គេ​ពុំទាន់​កំណត់​កាលបរិច្ឆេទ​បាន​នៅឡើយ​ទេ​ថា​បង្កើតឡើង​នៅ ឆ្នាំ​ណា​ឱ្យ​ពិតប្រាកដ ប៉ុន្តែ​គេ​បានដឹងថា​ជា​សមិទ្ធផល​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី២ក្នុង​សតវត្ស ទី៩ ហើយ​បញ្ចប់​ទៅវិញ​នៅក្នុង​សតវត្ស​ទី៩ដដែល​ក្នុង​រាជ​ព្រះបាទ​យ​សោ​វរ្ម័នទី១ ដោយ​ទ្រង់​ផ្លាស់​ទៅរក​ទីតាំង​ថ្មី​ដើម្បី​កសាង​រាជធានី នៅត្រង់​ទីក្រុង​អង្គរ​សព្វថ្ងៃ​ដោយមាន​ភ្នំ​បាខែង​ឬ​ភ្នំ​កណ្ដាល​ជា​ផ្ចិត នៃ​រាជធានី​ថ្មី​នោះ។ ដូចនេះ​ការតាំង​រាជធានី​នៅក្នុង​តំបន់​រលួស​នេះ​គឺ​ប្រមាណ​ជិត១សតវត្ស ប៉ុណ្ណោះ ត្រូវបាន​ព្រះរាជា​ខ្មែរ​បោះបង់ចោល រួច​ទៅរក​ទីតាំង​ថ្មី​ជំនួស​កន្លែង​នេះ​ទៅវិញ។

ឯកសារយោង[កែប្រែ]

  1. សៀវភៅប្រវត្តិសាស្រ្តខ្មែរ ដោយត្រឹង ងា