អនត្តលក្ខណសូត្រ

ពីវិគីភីឌា

អនត្តលក្ខណសូត្រ[កែប្រែ]

[២០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅបញ្ចវគ្គិយភិក្ខុទាំងឡាយមក ហើយ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ រូប គឺរាងកាយជាអនត្តា​មិនមែនជា​របស់​ខ្លួនឡើយ​ ។​ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ​​រូប​នេះ​ជារបស់​ខ្លួនពិតមែន រូបនេះក៏មិនគប្បីប្រព្រឹត្ត​ទៅ​ដើម្បី​អាពាធ ​គឺ​ជំងឺ​ដំកាត់ឡើយ ម្យ៉ាងទៀត បុគ្គល​គប្បី​បាន (នូវអំណាច) ក្នុងរូប​ថា សូម​ឲ្យ​រូប​របស់អញយ៉ាងនេះទៅ សូមកុំ​ឲ្យ​​រូបរបស់​អញ​យ៉ាងនេះឡើយ ។​ ម្នាល​ភិក្ខុ​ទាំងឡាយ រូបជាអនត្តាមែនពិត ព្រោះហេតុនោះ​បានជារូប​ចេះតែប្រព្រឹត្តទៅដើម្បីអាពាធ ម្យ៉ាងទៀត បុគ្គលមិនបាន(នូវអំណាច) ក្នុង​រូបថា សូមឲ្យរូប​របស់អញយ៉ាងនេះទៅ សូមកុំឲ្យរូបរបស់អញយ៉ាងនេះឡើយ ។​ វេទនា​មិនមែន​ជា​របស់​ខ្លួនឡើយ ។​ ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រសិនបើ​​វេទនា​​នេះ​ជារបស់​ខ្លួនពិតមែន វេទនា​នេះ​ក៏​មិនគប្បីប្រព្រឹត្ត​ទៅដើម្បីអាពាធ​ឡើយ ម្យ៉ាងទៀត បុគ្គលគប្បីបាន​(នូវអំណាច)ក្នុងវេទនាថា សូមឲ្យ​វេទនារបស់អញយ៉ាងនេះទៅ សូមកុំ​ឲ្យ​វេទនារបស់​អញ​យ៉ាង​នេះឡើយ ។​ ម្នាល​ភិក្ខុ​ទាំងឡាយ វេទនា​ជា​អនត្តាពិតមែន ព្រោះហេតុនោះ បាន​ជា​វេទនា​ចេះតែប្រព្រឹត្តទៅ​ដើម្បី​អាពាធ ម្យ៉ាងទៀត បុគ្គលមិនបាន(នូវអំណាច) ក្នុងវេទនាថា សូមឲ្យ​វេទនា​របស់​អញ​យ៉ាង​នេះទៅ សូម​កុំ​ឲ្យ​វេទនារបស់​អញ​យ៉ាងនេះ​ឡើយ ។​ សញ្ញា​មិនមែនជារបស់ខ្លួនឡើយ ។​ ម្នាល​ភិក្ខុទាំងឡាយ ប្រសិនបើ​សញ្ញា​នេះ​ជារបស់​ខ្លួនពិតមែន សញ្ញា​នេះ​ក៏មិន​គប្បី​ប្រព្រឹត្ត​ទៅ​ដើម្បី​អាពាធ​ឡើយ ។​ ម្យ៉ាងទៀត បុគ្គលគប្បីបាន(នូវអំណាច) ក្នុងសញ្ញា​ថា សូមឲ្យ​សញ្ញា​របស់​អញ​យ៉ាងនេះ​ទៅ សូមកុំឲ្យសញ្ញារបស់អញយ៉ាងនេះ​ឡើយ ។​ ម្នាលភិក្ខុទាំងឡាយ​ សញ្ញា​ជា​អនត្តា​ពិត​មែន ព្រោះហេតុនោះ​បាន​ជា​សញ្ញា​ចេះតែ​ប្រព្រឹត្តទៅដើម្បីអាពាធ ម្យ៉ាង​ទៀត បុគ្គល​មិនបាន(នូវអំណាច) ក្នុង​សញ្ញា​ថា សូមឲ្យ​សញ្ញារបស់អញយ៉ាងនេះទៅ សូមកុំឲ្យ​សញ្ញា​របស់​អញ​យ៉ាងនេះឡើយ ។​ សង្ខារទាំងឡាយមិនមែន​ជា​របស់​​ខ្លួន​ឡើយ ។​ ម្នាលភិក្ខុ​ទាំង​ឡាយ ប្រសិនបើ​សង្ខារទាំងឡាយ​នេះ​ជា​របស់​​ខ្លួនពិតមែន សង្ខារទាំងឡាយ​នេះ​ក៏​មិន​គប្បី​ប្រព្រឹត្ត​​ទៅ​ដើម្បី​អាពាធឡើយ ។​ ម្យ៉ាងទៀត បុគ្គល​គប្បី​បាន(​នូវអំណាច) ក្នុង​សង្ខារ​ទាំងឡាយ​​ថា សូមឲ្យ​សង្ខារ​ទាំងឡាយរបស់​អញ​យ៉ាង​នេះទៅ សូមកុំឲ្យ​សង្ខារទាំងឡាយ​របស់​អញ​​យ៉ាងនេះ​ឡើយ ។​ ម្នាលភិក្ខុ​ទាំងឡាយ​ សង្ខារទាំងឡាយ​ជាអនត្តាពិតមែន ព្រោះ​ហេតុ​នោះ​បានជាសង្ខារទាំងឡាយ​ចេះតែ​ប្រព្រឹត្ត​ទៅ​ដើម្បីអាពាធ ម្យ៉ាង​ទៀត បុគ្គលមិនបាន(នូវ​អំណាច) ក្នុងសង្ខារទាំងឡាយថា សូមឲ្យសង្ខារ​ទាំងឡាយ​របស់​អញ​​យ៉ាងនេះទៅ សូមកុំឲ្យ​សង្ខារ​ទាំង​ឡាយ​​របស់អញយ៉ាងនេះឡើយ ។​ វិញ្ញាណមិនមែនជារបស់​ខ្លួន​ឡើយ ។​ ម្នាល​ភិក្ខុ​ទាំងឡាយ ប្រសិនបើ​វិញ្ញាណ​នេះ​ជារបស់​ខ្លួន​ពិត​មែន វិញ្ញាណនេះ​ក៏មិន​គប្បី​ប្រព្រឹត្ត​ទៅដើម្បី​អាពាធ​​ឡើយ ។​ ម្យ៉ាងទៀត បុគ្គល​គប្បីបាន(នូវអំណាច) ក្នុងវិញ្ញាណ​ថា សូមឲ្យ​វិញ្ញាណ​របស់អញយ៉ាងនេះទៅ សូមកុំ​ឲ្យ​​វិញ្ញាណ​របស់​អញ​យ៉ាងនេះ​ឡើយ ។​ ម្នាលភិក្ខុ​ទាំង​ឡាយ ​វិញ្ញាណជាអនត្តាពិតមែន ព្រោះហេតុនោះ បានជា​វិញ្ញាណ​​ចេះ​តែ​​ប្រព្រឹត្ត​ទៅដើម្បី​អាពាធ ម្យ៉ាងទៀត បុគ្គលមិនបាន(នូវអំណាច) ក្នុងវិញ្ញាណថា សូមឲ្យ​វិញ្ញាណ​របស់​អញ​យ៉ាងនេះទៅ សូមកុំឲ្យ​វិញ្ញាណ​របស់​អញ​យ៉ាង​​នេះ​ឡើយ ។​

[២១] ព្រះបរមសាស្តាទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់​នូវ​សេចក្តីនោះថាដូចម្តេច ។​ រូបទៀងឬមិនទៀង ។​ បញ្ចវគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះអង្គដ៏​ចម្រើន​ រូបមិនទៀងទេ ។​ ទ្រង់ត្រាស់សួរថា របស់ណាមិនទៀង របស់នោះ​ជាទុក្ខ​ឬជាសុខ ។​ ក្រាបទូលថា បពិត្រព្រះអង្គដ៏​ចម្រើន​ របស់នោះជាទុក្ខ ។​ ទ្រង់ត្រាស់សួរថា ក៏របស់​ណាដែល​មិនទៀង ដែលជាទុក្ខ មានសេចក្តី​ប្រែប្រួល​ជាធម្មតា គួរឬដើម្បីនឹង​យល់ឃើញ​នូវ​របស់នុ៎ះ​ថា នុ៎ះ​របស់អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួនអញ ។​ ក្រាបទូលថា បពិត្រព្រះអង្គ​ដ៏​ចម្រើន​ មិនគួរ​ដើម្បី​នឹងយល់ឃើញ​យ៉ាងនោះទេ ។​ ព្រះបរមសាស្តាទ្រង់ត្រាស់សួរថា វេទនាទៀង​ឬមិនទៀង ​ ។​ បញ្ចវគ្គិយភិក្ខុ​ទាំងឡាយ​ក្រាប​ទូលថា បពិត្រ​ព្រះអង្គដ៏​ចម្រើន​ វេទនាមិនទៀងទេ ។​ ទ្រង់ត្រាស់សួរថា របស់ណាដែលមិនទៀង របស់នោះ​ជាទុក្ខ ​ឬជាសុខ ។​ ក្រាបទូលថា បពិត្រព្រះអង្គដ៏​ចម្រើន​ របស់នោះជាទុក្ខ ។​ ទ្រង់​ត្រាស់​សួរ​ថា ក៏របស់​ណាដែល​មិនទៀង ដែលជាទុក្ខ មានសេចក្តី​ប្រែប្រួល​ជាធម្មតា គួរឬដើម្បីនឹង​យល់ឃើញ​នូវ​របស់នោះ​ថា នុ៎ះ​របស់អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួនអញ ។​ ក្រាបទូលថា បពិត្រ​​ព្រះអង្គ​ដ៏​ចម្រើន​ មិនគួរ​ដើម្បី​នឹងយល់ឃើញ​យ៉ាងនោះទេ ។​ ព្រះបរមសាស្តាទ្រង់ត្រាស់សួរថា សញ្ញាទៀង​ឬមិនទៀង ។​ បញ្ចវគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះអង្គដ៏​ចម្រើន​ សញ្ញា​មិនទៀងទេ ។​ ទ្រង់ត្រាស់សួរថា ក៏របស់ណាដែលមិនទៀង របស់នោះ​ជាទុក្ខ​ឬជាសុខ ។​ ក្រាប​ទូល​ថា បពិត្រព្រះអង្គដ៏​ចម្រើន​ របស់នោះជាទុក្ខ ។​ ទ្រង់ត្រាស់សួរថា ក៏របស់​ណាដែល​មិនទៀង ដែលជាទុក្ខ មានសេចក្តី​ប្រែប្រួល​ជាធម្មតា គួរឬដើម្បីនឹង​យល់ឃើញ​នូវ​របស់នោះ​ថា នុ៎ះ​របស់អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួនអញ ។​ ក្រាបទូលថា បពិត្រព្រះអង្គ​ដ៏​ចម្រើន​ មិនគួរ​ដើម្បី​នឹង​យល់​ឃើញ​យ៉ាងនោះទេ ។​ ព្រះបរមសាស្តាទ្រង់ត្រាស់សួរថា សង្ខារទាំងឡាយ​ទៀងឬមិន​ទៀង ។​ បញ្ចវគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះអង្គដ៏​ចម្រើន​ សង្ខារទាំងឡាយ​មិនទៀង​ទេ ។​ ទ្រង់ត្រាស់សួរថា ក៏របស់ណាដែលមិនទៀង របស់នោះ​ជាទុក្ខ​ឬជាសុខ ។​ ក្រាបទូលថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ របស់នោះជាទុក្ខ ។​ ទ្រង់ត្រាស់សួរថា ក៏របស់​ណាដែល​មិនទៀង ដែលជាទុក្ខ មានសេចក្តី​ប្រែប្រួល​ជាធម្មតា គួរឬដើម្បីនឹង​យល់ឃើញ​នូវ​របស់នោះ​ថា នុ៎ះ​របស់អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួនអញ ។​ ក្រាបទូលថា បពិត្រព្រះអង្គ​ដ៏​ចម្រើន​ មិនគួរ​ដើម្បី​នឹងយល់ឃើញ​យ៉ាងនោះទេ ។​ ព្រះបរមសាស្តាទ្រង់ត្រាស់សួរថា វិញ្ញាណទៀង​ឬមិនទៀង ។​ បញ្ចវគ្គិយភិក្ខុ​ទាំងឡាយក្រាបទូលថា បពិត្រ​ព្រះអង្គដ៏​ចម្រើន​ វិញ្ញាណមិនទៀងទេ ។​ ទ្រង់ត្រាស់សួរថា ក៏របស់​ណាមិនទៀង របស់នោះ​ជាទុក្ខ ​ឬជាសុខ ។​ ក្រាបទូលថា បពិត្រព្រះអង្គដ៏​ចម្រើន​ របស់នោះ​ជា​ទុក្ខ ។​ ទ្រង់ត្រាស់សួរថា ក៏របស់​ណាដែល​មិនទៀង ដែលជាទុក្ខ មានសេចក្តី​ប្រែប្រួល​ជាធម្មតា គួរឬ ដើម្បីនឹង​យល់ឃើញ​នូវ​របស់នោះ​ថា នុ៎ះ​របស់អញ នុ៎ះ​ជាអញ នុ៎ះ​ជាខ្លួនអញ ។​ ក្រាប​ទូល​ថា បពិត្រព្រះអង្គ​ដ៏​ចម្រើន​ មិនគួរ​ដើម្បី​នឹងយល់ឃើញ​យ៉ាងនោះទេ ។​

[២២] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ រូបឯណាមួយជា​អតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណាដែល​មានក្នុងទី​ឆ្ងាយក្តី ក្នុងទីជិតក្តី រូបទាំងអស់នោះក៏គ្រាន់តែជារូប (ប៉ុណ្ណោះឯង) អ្នកទាំងឡាយ គួរឃើញនូវ​សេចក្តីនុ៎ះ​ដោយប្រាជ្ញា​ដ៏ល្អ តាមសេចក្តីពិតយ៉ាង​នេះដូច្នេះថា នុ៎ះ​មិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជា​ខ្លួនរបស់អញឡើយ ។​ វេទនា​ឯណាមួយ​ជា​អតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វេទនាណាដែល​មានក្នុងទី​ឆ្ងាយក្តី ក្នុងទីជិតក្តី វេទនាទាំងអស់នោះក៏គ្រាន់តែជាវេទនា (ប៉ុណ្ណោះឯង) អ្នកទាំងឡាយ គួរឃើញនូវ​សេចក្តីនុ៎ះ​ដោយប្រាជ្ញា​ដ៏ល្អ តាមសេចក្តីពិតយ៉ាង​នេះដូច្នេះថា នុ៎ះ​មិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជា​ខ្លួនរបស់អញឡើយ ។​ សញ្ញាឯណាមួយជា​អតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី សញ្ញាណាដែល​មានក្នុងទី​ឆ្ងាយក្តី ក្នុងទីជិតក្តី សញ្ញា​ទាំងអស់នោះ​ក៏គ្រាន់តែជាសញ្ញា (ប៉ុណ្ណោះឯង) អ្នកទាំងឡាយ គួរឃើញនូវ​សេចក្តីនុ៎ះ​ដោយប្រាជ្ញា​ដ៏ល្អ តាមសេចក្តីពិតយ៉ាង​នេះដូច្នេះថា នុ៎ះ​មិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជា​ខ្លួនរបស់អញឡើយ ។​ សង្ខារទាំងឡាយឯណា​មួយជា​​អតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាង​ក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី សង្ខារទាំងឡាយណាដែល​មាន​ក្នុង​ទី​ឆ្ងាយក្តី ក្នុងទីជិតក្តី សង្ខារទាំងឡាយ​ទាំងអស់នោះ​ក៏គ្រាន់តែជាសង្ខារ (ប៉ុណ្ណោះឯង) អ្នកទាំងឡាយ គួរឃើញនូវ​សេចក្តីនុ៎ះ​ដោយប្រាជ្ញា​ដ៏ល្អ តាម​សេចក្តី​ពិតយ៉ាង​នេះដូច្នេះថា នុ៎ះ​មិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជា​ខ្លួនរបស់អញឡើយ ។​ វិញ្ញាណឯណាមួយជា​អតីតក្តី ជាអនាគតក្តី ជាបច្ចុប្បន្នក្តី ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណាដែល​មានក្នុងទី​ឆ្ងាយក្តី ក្នុងទីជិតក្តី វិញ្ញាណ​ទាំងអស់នោះ​ក៏គ្រាន់​តែជា​វិញ្ញាណ (ប៉ុណ្ណោះឯង) អ្នកទាំងឡាយ គួរឃើញនូវ​សេចក្តីនុ៎ះ​ដោយប្រាជ្ញា​ដ៏ល្អ តាមសេចក្តី​ពិត​យ៉ាង​នេះដូច្នេះថា នុ៎ះ​មិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជា​ខ្លួនរបស់អញឡើយ ។​

[២៣] ម្នាលភិក្ខុទាំងឡាយ អរិយសាវកបានស្តាប់ហើយ យល់ឃើញ​យ៉ាងនេះ ក៏នឿយ​ណាយ​ក្នុងរូបផង នឿយណាយ​ក្នុងវេទនាផង នឿយណាយ​ក្នុងសញ្ញាផង នឿយណាយ​ក្នុង​សង្ខារទាំងឡាយ​ផង នឿយណាយ​ក្នុងវិញ្ញាណផង កាលបើនឿយណាយ (យ៉ាងនេះហើយ) ក៏ប្រាស​ចាក​តម្រេក ចិត្តក៏​ផុតស្រឡះ (ចាកអាសវៈ) ព្រោះកិរិយា​ប្រាសចាក​តម្រេក កាលដែល​ចិត្ត​ផុតស្រឡះ​(ចាកអាសវៈ) ហើយ ញាណ (របស់អរិយសាវកនោះ) ក៏កើតឡើង​ប្រាកដថា ចិត្ត​(របស់អញ) ផុតស្រឡះ (ចាក​អាសវៈ)ហើយ (អរិយសាវកនោះ) ក៏ដឹងច្បាស់ដូច្នេះថា ជាតិ​(របស់អញ)​អស់ហើយ មគ្គ​ព្រហ្មចរិយធម៌ អញបាន​នៅរួចហើយ កិច្ច​ដែលគួរ​ធ្វើ អញ​ក៏​បាន​ធ្វើ​រួចហើយ កិច្ចឯទៀត​ក្រៅពីនេះ មិនមាន (ដល់​អញ)ឡើយ ។​

[២៤] ព្រះដ៏មានព្រះភាគ​ជាម្ចាស់ ទ្រង់បានសំដែង​នូវសូត្រនេះ​ចប់ហើយ ។​ បញ្ចវគ្គិយភិក្ខុទាំងឡាយ ក៏មានចិត្ត​ត្រេកអរ​រីករាយ​ចំពោះ​ភាសិត​នៃព្រះដ៏​មានព្រះភាគ​ជាម្ចាស់ ។​ ក៏កាលដែល​ព្រះដ៏មានព្រះភាគ​ជាម្ចាស់​កំពុង​ត្រាស់សំដែង​នូវវេយ្យាករណ៍នេះ ចិត្តរបស់ភិក្ខុទាំង ​៥ រូប បានរួច​ស្រឡះ​ហើយចាកអាសវៈ​ទាំងឡាយ ព្រោះ​មិនប្រកាន់​មាំ (ថាអញ ថាយើង)ឡើយ ។​ ក្នុងសម័យ​នោះឯង មានព្រះអរហន្ត​ ៦ អង្គ​ក្នុងលោក​ជា​ដំបូង (រាប់​ទាំងព្រះដ៏មានព្រះភាគផង) ។​

ឯកសារយោង[កែប្រែ]

ព្រះត្រៃបិដក > វិនយបិដក > មហាវគ្គ > បឋមភាគ (សៀវភៅ​ភាគ៦ ទំព័រទី ៤០ ដល់ ៤៧)

พระไตรปิฎก เล่มที่ ๔ > พระวินัยปิฎก เล่มที่ ๔ > มหาวรรค ภาค ๑ > ทรงแสดงอนัตตลักขณสูตร

Anatta-lakkhana Sutta: The Discourse on the Not-self Characteristic (SN22.59)