អ្នកប្រើប្រាស់:Ty Theavy

ពីវិគីភីឌា

​និស្ស័យទន្លេ​

​  និពន្ធដោយទី ធាវី

១​

ថ្ងៃទី ១៤ មករា ឆ្នាំ២០០៨​, ម៉ោង៦គត់ ព្រះសុរិយាលូនចូលទ្រនុំ​កប់​បាំង​បាត់​ចុង​ព្រៃ​ព្រឹក្សា។ ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង ជីផាត​ ជាភូមិ​តូច​មួយ​ឆ្ងាយ​ដាច់​ស្រយាល​នៅ​ចំកណ្តាលបេះដូង នៃជួរភ្នំក្រវាញខាងត្បូង។ នៅប៉ុន្មានឆ្នាំមុន ភូមិ​ ដែល​ជាប់​នឹង​ព្រៃ​មួយ​​នេះ មានតែសំណងផ្ទះចាស់ៗ និងប្រលូកប្រឡាក់ដោយធូលីដីក្រហម ដែលសំណង់​ផ្ទះ​ភាគច្រើនទាំងអស់នោះ បន្សល់ទុកពីជំរំ នៃ​តំបន់​អនាធិបតេយ្យ​ នាសម័យ​កាប់​បំផ្លាញ​ព្រៃ​ឈើ​​​​នៅទសវត្យរ៍ឆ្នាំ១៩៩០។

មួយរំពេចសោះ សភាព​ស្ងាត់​ជ្រងំ​ហាក់​បី​ដូច​ជា​ផ្លុំ​ដោយ​ខ្យល់​យ៉ាង​ខ្លាំងបក់​រសាត់​បាត់​។ ប្រជាជន ដែលគ្រានោះ នៅតែប្រកបមុខរបរបរបាញ់សត្វ រានព្រៃ និង​ធ្វើចម្ការ​ពនេចរ​នៅឡើយ តែបច្ចុប្បន្ន​​ពួកគេកំពុង​សារទរ​​ជាមួយភ្ញៀវទេសចរ​អន្តរជាតិ​ ដែលផ្តុំគ្នា​មក​កម្សាន្ត​​នៅភូមិរបស់ខ្លួន។


ចេញពីយ៉មុខ នៃផ្ទះចាស់ដ៏ទ្រុឌទ្រោមមួយ ដែលបំភ្លឺដោយអំពូលភ្លើង ពីរ ឬបី​ ស្ថិត​នៅ​ទល់មុខការិយាល័យសហគមន៍អេកូទេសចរណ៍ជីផាត។ សំឡេងសិស្ស​ បាន​ជ្រែក​កាត់ស្បៃរាត្រីនាពេលដើមព្រលប់ ដែលថ្មើរនេះមិនទាន់មាន​ហ្វូងតារា​រះ​ច្រើន​នៅ​លើ​មេឃ​នៅ​ឡើយ ប៉ុន្តែមានជំនោរត្រជាក់លាយឡំដោយទឹកសន្សើមតិចតួច។ សំឡេងសិស្ស​ទាំង​នោះ​​បាន​បន្ទរ​ ព្រម​គ្នាជាភាសាអង់គ្លេសដោយមានន័យថា​​​​​​​​​​​​​​​​៖

-សូមឱ្យការធ្វើដំណើររបស់អ្នកនៅថ្ងៃស្អែកនេះមានសេចក្ដីសុខ។

សិស្សបានចេញពីថ្នាក់រៀន។ ខណៈនោះនារីទាំងពីរនាក់បានញញឹមដាក់ខ្ញុំ ​ដែល​ជា​គ្រូ​ប្រចាំថ្នាក់នោះ ​រួចនិយាយជាភាសាអង់គ្លេសដោយមានន័យថា៖

-អរគុណលោកខ្លាំងណាស់ ដែលផ្ដល់ឱកាសមួយម៉ោងនេះសម្រាប់យើង​​​បាន​ចែក​រំលែក​ចំណេះដឹងតិចតូចដល់សិស្សរបស់លោក។

         “មិនអីទេ! ផ្ទុយទៅវិញ ខ្ញុំវិញទេ ដែលត្រូវអរគុណអ្នកទាំងពីរ ព្រោះថា អ្នកទាំងពីរ  ក៏អាច​ជួយ​សម្រាលការបង្រៀនខ្ញុំបានមួយម៉ោងផងដែរ។ ខ្ញុំ  បានឆ្លើយតបទាំង​​ញញឹម​ក្នុង​ន័យ​អរគុណ។

នារីទាំងពីរនាក់នេះរាងតូចច្រឡឹងសក់ខ្មៅរលូន សម្បុរស ដែល​ម្នាក់​មាន​ភ្នែក​ធំៗ​ទំនង​ដូចជាកូនកាត់ខ្មែរ។ នាងឈ្មោះ វីលៃស៊ូមីផុន មកពីប្រទេសឡាវ និង​ម្នាក់​ទៀត​មាន​ភ្នែក​តូចៗ កំពុងពាក់វែនតាព៌ណស ​​មើល​ទៅ​ដូច​ជា​កូនកាត់ចិនបន្ដិចកូនកាត់ជប៉ុនបន្ដិច។ នាងឈ្មោះ​កឹមងៀងមកពីប្រទេសវៀតណាម។


“នេះជាបទពិសោធន៍បង្រៀនលើកទីមួយរបស់ខ្ញុំ។ ខ្ញុំ​ចូល​ចិត្ដ​ក្មេងៗណាស់​”ហើយ“​ខ្ញុំក៏អញ្ចឹងដែរ។” វីលៃស៊ូមីផុន និងកឹមងៀងបាននិយាយមកកាន់ខ្ញុំ។

-និយាយអីចឹង តើសិស្សរបស់លោក បានចាប់ផ្ដើមរៀនភាសាអង់គ្លេសនេះរយៈ​ពេល​​ប៉ុន្មាន​មកហើយ? ខ្ញុំឃើញពួកគេឆ្លាតៗណាស់។ ខ្ញុំ​រំភើប​ណាស់​ដោយ​ឃើញ​ពួក​គេ​អាច​សួរ​សំណួរជាច្រើនមកកាន់ពួកយើង។

ខ្ញុំបានឆ្លើយទាំងសប្បាយចិត្ដ ក្នុងខណៈឮសំណួរនេះ “ប្រាប់​អ្នក​តាម​​ត្រង់​​​ទៅ​ចុះ​ថា សិស្សខ្ញុំជាច្រើនក្រុមបានបែងចែកជាប្រាំម៉ោងក្នុងមួយថ្ងៃ​ ហើយ​ក្រុម​ក្មេង​ៗ​ទាំងនេះ​ ជាសិស្សដែលខ្ញុំសម្បទានមួយម៉ោងសម្រាប់ជួយដល់កូនអ្នកភូមិ ដែល​ក្រីក្រខ្វះ​លទ្ធភាព​នៅ​ជីផាតនេះ។ និយាយ​ទៅ ​ពួក​គេ​នេះ​ទើប​តែ​រៀន​បាន​​បី​ខែ​ប៉ុណ្ណោះ​ ហើយ​ថ្នាក់​នេះ​ខ្ញុំ​បង្រៀន​​​តែភាសាអង់គ្លេសទូទៅទេ មិន​ដូច​ជា​ក្រុម​ផ្សេង​ទៀត​ឡើយ។​ ដូច​អ្នក​ដឹង​ស្រាប់​ហើយ​​ថា ខ្ញុំជាបុគ្គលិកអង្គការ ​ដែល​មាន​តួ​នាទី​​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​ភាសាអង់គ្លេស​ជំនាញ​​​តែលើសមាជិកគម្រោងសហគមន៍​អេកូ​ទេស​ចរណ៍​​ប៉ុណ្ណោះ។ ខ្ញុំចង់និយាយថា សមាជិក​សហគមន៍ គឺសំដៅលើក្រុមគណៈកម្មការ ដែល​ជាអ្នកប​រៀប​ចំ​ដំណើរ​កម្សាន្ត​ឱ្យ​ភ្ញៀវ​ទេស​ចរ ដូចជាអ្នកអីចឹង និងក្រុមសមាជិក​អ្នក​ផ្ដល់​សេ​វាកម្មឱ្យភ្ញៀវ រួមមាន ក្រុម​សេវា​ផ្ទះ​ស្នាក់ និងផ្ទះសំណាក់ ក្រុមសេវាអ្នកនាំភ្ញៀវ​ ក្រុម​ដំណើរ​កម្សាន្តតាមទូក ក្រុម​សេវា​​​ទេស​ចរណ៍ដោយរទេះគោ ក្រុមសេវាចុងភៅ ក្រុម​សេវា​ម៉ូតូឌុប និង​ក្រុមសេវាកម្ម​លក់ដូរ​និង​ជួលសម្ភារៈជាដើម។”


“ល្អណាស់!” វីលៃស៊ូមីផុន និងកឹមងៀងបានងក់ក្បាលបន្ទរឡើង។

-តើលោកបង្រៀនសល់ប៉ុន្មានវគ្គទៀតទើបចប់សម្រាប់កម្មវិធីប្រចាំថ្ងៃរបស់លោក និយាយឱ្យ​ចំតើលោកចប់ការបង្រៀននៅម៉ោងប៉ុន្មាន?

-បាទ!វានៅសល់តែមួយម៉ោងទៀតប៉ុណ្ណោះសម្រាប់ក្រុមមគ្គុទេសក៍នាំភ្ញៀវ។ ហេតុ​អ្វី​បាន​ជាអ្នកសួរខ្ញុំបែបនេះ? តើអ្នកមានការ​អ្វីឱ្យ​ខ្ញុំជួយ​សម្រប​សម្រួល​​មែនទេ?

“មិន​មានអ្វីសំខាន់ទេលោក ប៉ុន្ដែស្អែកនេះយើងត្រូវចាកចេញពីទីនេះហើយ។ យើង​​​​​​​​​គិតថា សូមអញ្ជើញលោកបានចូលរួមអាហារល្ងាចនេះជាមួយពួកយើងមួយ​ពេល​ជា​ការអរគុណចំពោះការជួយសម្របសម្រួលយ៉ាងរលួនសម្រាប់ដំណើរកម្សាន្តរបស់យើង។តើ​លោកយល់យ៉ាងម៉េចដែរ?” វីលៃស៊ូមីផុន បាននិយាយឃ្លា​ចុង​ក្រោយ​មុន​នឹង​ចុះ​​ចេញ​ពី​ថ្នាក់រៀនលើផ្ទះចំណាស់នោះ ដែលទុកឱ្យខ្ញុំ បន្តការបង្រៀន​សម្រាប់​ក្រុម​សិស្ស​ថ្មី​មួយ​វគ្គទៀត។

ខ្ញុំញញឹមហើយឆ្លើយតបយ៉ាងប្រញាប់ “ អរគុណអ្នកទាំងពីរហើយ។ តាមពិត ខ្ញុំជា​បុគ្គលិក​អង្គការ គឺខ្ញុំមានអ្នកចំអិនផ្ទាល់ និងដាច់ដោយឡែកពីសហគមន៍សម្រាប់ពួកខ្ញុំ ប៉ុន្ដែ​​​យ៉ាង​នេះក៏ដោយ  ខ្ញុំនឹងមិនបដិសេធនូវបំណង​ល្អរបស់អ្នកទាំងពីរទេ ​ព្រោះថា​កម្រ​មាន​​​នារី​ដ៏​ស្រស់​ស្អាត​ដូចអ្នកទាំងពីរបានអញ្ជើញខ្ញុំបែប​នេះណាស់។”

“លោកនេះពូកែនិយាយណាស់។ អូខេ យើងរង់ចាំ​លោក​នៅកន្លែង​ញ៉ាំអាហារ​សហគមន៍​​​នៅម៉ោង៧ណា”។ កឹមងៀន បានសើច!

-ហ្គោតបាយ វីធា! សូមឱ្យការបង្រៀន​របស់លោកជា​ប្រយោជន៍​ដល់​សហគមន៍​ជាតិ​កម្ពុជារបស់លោក។

“ហ្គោតណាយ! ជួបគ្នានៅម៉ោងក្រោយនេះ” ខ្ញុំក្រវីដៃ។ អ្នក​ទាំង​ពីរ​បាន​ចុះ​ចេញ​ទៅ។


ម៉ោង៧ គត់​ ខ្ញុំបាន​បញ្ចប់ការបង្រៀនរបស់ខ្ញុំ ហើយ​ប្រញាប់​ប្រញាល់​ចេញ​ពី​ថ្នាក់​រៀន​​នៃ​ផ្ទះ​​ទ្រុធទ្រោម ដែលគេស្គាល់ថាជាផ្ទះខ្មោចបានទុកចោលយូរឆ្នាំមកហើយ។​ ផ្ទះ​នេះ ​​គ្មាន​នរណា​ម្នាក់អាចស្នាក់នៅខាង​ក្នុងបានឡើយ សូម្បីតែម្ចាស់ផ្ទះខ្លួនឯង។ នេះ​ដោយ​សារ​តែ​ព្រលឹង​ប្រពន្ធដើមម្ខាស់ផ្ទះខឹងសម្បា​នឹងប្ដីដោយ​បានរៀបការ​ជាមួយ​ប្រពន្ធ​មួយ​​ទៀត​។ មុន​នេះ ​​ប្រពន្ធដើមនោះបានឈឺ ហើយគិតថានាងនឹងជា​សះស្បើយ​ប្រសិន​បើ​បញ្ជៀស​​នាង​ពី​ការ​​ហូបស្វាយទុំ។ សំណាង​អាក្រក់ នាង​ក៏បានស្លាប់ដោយសារ​តែឃ្លាន​ខ្លាំង​ពេក។ អ្នក​ភូមិ​គ្រប់គ្នាបាននិយាយថា​គេឃើញខ្មោចលង​បានសែងមឈូស​ចូលក្នុង​ផ្ទះ​នេះ​ស្ទើរតែរាល់យប់។ តែទោះជាយ៉ាងនេះក៏ដោយ ផ្ទះនេះត្រូវបានអនុញ្ញាតពីម្ចាស់ផ្ទះ​ហើយ​​ប្រើប្រាស់​ជា​ថ្នាក់​រៀន​ភាសាអង់គ្លេសសម្រាប់គម្រោងសហគមន៍អេកូទេសចរណ៍។

២​

នៅកន្លែងបាយល្ងាច ក្រោមដំបូលសំយ៉ាប នៃការិយាល័យ​សហគមន៍​អេកូ​ទេស​ចរណ៍​ជីផាត ម៉ោង ៧.៥នាទី សមាជិក​ក្រុមចុងភៅ​សហគមន៍​បានរៀបចំ​អាហារ ​ដែល​កឹមងៀង និង វីលៃស៊ូមីផុន បានកំម៉ង់ទុកបានរៀបចំដាក់លើតុត្រៀបត្រារួចជាស្រេច។ ក្លិន​ប្រហើរ​​ឈ្ងុយ​ឈ្ងប់ ​​បាន​រសាត់​វិល​វល់​នៅម្ដុំនោះ។ ជុំវិញតុបាយលើកៅអីជ័រ​ព៌ណខៀវ​កឹមងៀង វីលៃស៊ូមីផុន បុរស​ចំណាស់​ម្នាក់​ និង​ស្រ្តីវ័យចំណាស់​ប្រហែល​៥០ឆ្នាំ​​ម្នាក់​ទៀតអង្គុយចាំរួចជាស្រេច។

“ សួស្ដីអ្នកទាំងអស់គ្នា! សុំទោសចំពោះការរង់ចាំខ្ញុំយ៉ាងនេះ។ ” ខ្ញុំបាននិយាយ​ទៅ​កាន់​អ្នកទាំងអស់គ្នា ដោយលើកដៃជម្រាបសួរបុរស និងស្ត្រីវ័យចំណាស់នោះដែល​ជា​ទម្លាប់​​​មួយ​​សែនប្រពៃពីប្រជាជនខ្មែរ។

“មិនអីទេលោកវីធា! នេះជាកៅអីរបស់លោក។” វីលៃស៊ូមីផុន បាន​ទាញ​យក​កៅ​អី​ឱ្យ​ខ្ញុំអង្គុយក្បែរនាង។

“ អង្គុយមកក្មួយ ”បុរសមាឌ​មាំ សក់​ស្កូវល្បាយ​អាចន៍​ខ្លា​អាយុ​ចំណាស់​៦០​ឆ្នាំ​ម្នាក់​នោះ​និយាយជាភាសាខ្មែរមិនសូវច្បាស់។

-បាទអរគុណអ៊ំប្រុស សុំទោសជាថ្មីម្ដងទៀត ដែល​ខ្ញុំរំខាន​អ្នក​ទាំង​អស់គ្នា​ឱ្យរង់​ចាំ​យ៉ាង​នេះ។

“លោកដូចជានិយាយពាក្យនេះពីរដងហើយនៀក។ គិតទៅ​លោក​ជាមនុស្ស​សមគួរ​មែន ខ្ញុំគិត ថាខ្ញុំមានសំណាងណាស់​ ដែលបានស្គាល់លោក។ និយាយ​អីចឹង ​ខ្ញុំ​​

ភ្លេ​ចណែនាំ​លោកឱ្យ​ឈឹង នេះគឺឪពុកម្ដាយរបស់ខ្ញុំ។”កឹមងៀងបានណែនាំ។

“ជំរាបសួរអ៊ំប្រុសអ៊ំស្រី” ខ្ញុំ លើកដៃសំពះ​ជាគុណធ៌ម​​ និងជាទំនៀមប្រពៃណី​ដ៏ល្អ​​​ផូរផង់​​របស់​​ខ្មែរ​ប្រតិបត្ដិចំពោះមនុស្សចាស់ម្តងទៀត។

”ខ្ញុំមានកិត្ដិយសណាស់ដោយបានមករួមអាហារពេលនេះជាអ្នកទាំងអស់គ្នា។  សូម​​អញ្ជើញ​អ្នកទាំងអស់គ្នា អញ្ជើញពិសារ។” ខ្ញុំបាន​ផ្ដើម​ឡើង។


         ពិធីញ៉ាំអាហារល្ងាចវិសាមញ្ញបានចាប់ផ្ដើមឡើងប្រកបដោយភក្ដីមិត្ដភាពរវាងក្រុមគ្រួសារ​​គឹម ងៀង និងវីលៃស៊ូមីផុន និងខ្ញុំ។ ខណៈបញ្ចប់អាហារខ្ញុំឧទានឡើង៖

-គឹម ងៀង ហេតុអ្វីបានជាអ្នក ស្គាល់​វីលៃស៊ូមីផុ​ន បើអ្នក ​និង​អ៊ុំ​ប្រុស​អ៊ុំ​ស្រី​អញ្ចើញ​មកពីប្រទេសវៀតណាម តែវីលៃស៊ូមីផុនមកពីប្រទេសឡាវសោះនោះ។

“យើងទាំងពីរនាក់ជាមិត្ដដ៏ល្អ​បំផុត ដែល​បានស្គាល់នាគ្រា ​ដែលយើង​ជាប់​អហា​រូប​ករណ៍​ទៅសិក្សានយោបាយជាមួយគ្នានៅវិទ្យា​ស្ថាន National Graduate Institute ប្រទេស​ជប៉ុន។ នៅ​ទី​នោះ យើងក៏មិត្ដដ៏ល្អផ្សេងទៀតផងដែរ។” គឹមងៀង​បាន​បក​ស្រាយ។

និយាយចប់ ខ្ញុំបង្វិលសំណួរទៅសួរអ៊ំប្រុសឪពុកគឹមងៀងម្ដង៖

-និយាយអីចឹងមុននេះខ្ញុំបានឮអ៊ំប្រុសនិយាយភាសាខ្មែរបានល្អណាស់។ តើអ៊ំ

បាន​រៀនភាសាខ្មែរ ដែលជាភាសាជាតិរបស់ខ្ញុំមកពីណាដែរ?

-     និយាយតាមត្រង់ទៅក្មួយវីធា អ៊ំគោរពស្រឡាញ់ប្រទេស​​ និង​ប្រទេសជាជន

កម្ពុជា​ខ្លាំង​ណាស់។ ក្នុងសម័យសង្គ្រាម ពូគឺ​ជាកង​ទ័ព​វៀតណាម​ម្នាក់ ​ដែលបាន​លះ​បង់កម្លាំង​​កាយចិត្តស្ម័គ្រចូលរួមជួយរំដោះប្រទេសកម្ពុជាពីរបបប៉ុលពត ហើយ​ក្នុង​ទស​វត្យរ៍​​​ឆ្នាំ​១៩​៨០ អ៊ំ​បានមកឈរជើងនៅទីនេះ។ នេះជាមូល​ហេតុ​ ដែល​អ៊ំបាន​សម្រេច​ចិត្ត​នាំ​កូន​មក​កម្សាន្ត​​នៅ​ទី​នេះ។

-     ខ្ញុំ​រំភើបណាស់ ដែលបានឮ​ដូចនេះ​និងសូមគោរព​កោតសសើរ​ដឹងគុណអ៊ំប្រុស​

ក៏ដូចជា​​កង​ទ័ពវៀត​​​ណាម​​​ទាំងអស់ជាខ្លាំង។​ ក្មួយក៏បាន​ធ្លាប់បាន​ដឹងពីប្រជាជន​នៅ​ទីនេះ​និយាយ​ថា នៅដើម​ទសវត្យរ៍ឆ្នាំ១៩៨០ បន្ទាប់ពីរបបឃោ​ឃៅកាប់​សម្លាប់​ប្រជាជន​ខ្លួនឯង​ដួល​​រំលំទៅ ទីនេះ ប្រជាជន ដែលសល់ពីការកាប់សម្លាប់ ពួកគាត់​ប្រឈម​នូវការខ្វះ​បាយហូប ប៉ុន្តែ​កង​ទ័ព​វៀត​ណាមទាំងនោះបានជួយចែករំលែក ជាអង្ករដល់ពូកគាត់ ដោយ​​​គ្រាន់​​តែ​ដូរ​យក​ត្រី​សាច់​បន្តិចបន្តួច​ប៉ុណ្ណោះ​ពីការ​នេសាទ​របស់​ពួក​គាត់។

-     ក្មួយពិតជាឆ្លាតមែន។ អ៊ំសូមអរគុណក្មួយខ្លាំងណាស់ ដែលបានជួយសម្រប​

សម្រួល​​ក្នុងដំណើរកម្សាន្តរបស់អ៊ំ។ កាលពីម្សិលម៉ិញនេះ អ្នកនាំភ្ញៀវបាននាំក្រុមអ៊ំទៅ​លេងនៅលើភ្នំត្រង៉ោល ដើម្បីមើលថ្ងៃរះ ដែលទីនោះ​ហើយ​ជា​អនុស្សាវរីយ​ចុង​ក្រោយ​នៃ​ជីវិត​អ៊ំ។

-     អនុស្សាវរីយអីទៅអ៊ំ!

-     ទីនោះ គឺជាបន្ទាយរបស់កងទ័ពវៀតណាម ដែលឈរ​ជើង​ការពារ​ប្រជាជន​ពី

ឧ​ទ្ទាម​​ខ្មែរក្រហម។ តាមពិតទីនេះពីមុនមានព្រៃឈើក្រាស់ណាស់ តែព្រៃទាំងនោះ​បាន​បំផ្លាញ​ដោយ​របបប៉ុលពត ព្រោះពួកវាកាប់ឈើយកដីធ្វើស្រែ។  ដល់ពេលវៀត​ណាម​បោះ​ជំរុំ​នៅ​ទីនោះ ពួក​ឧទ្ទាមក៏រត់ទៅបោះទីតាំងនៅវាលតាប្រាក់។ អ៊ំក៏ត្រូវបាននាំ​ទៅ​លេង​ទី​នោះ​​​ដែរ។ ប៉ុន្តែ​​អ្វី ​ដែល​សំខាន់គឺអ៊ំចង់និយាយប្រាប់ក្មួយ ជាពិសេសគឺ​គឹមងៀងថា ប៉ាបាន​ស្រឡាញ់​​​ម៉ាក់ឯងនៅទីនេះឯង។

         “ ម៉េចក៏ប៉ាមិនដែលនិយាយប្រាប់កូនសោះអញ្ចឹង។ មែនក៏អីម៉ាក់។”គឹម​ងៀង​បាន​ងាក​ទៅសួរម្តាយ។

         “ត្រូវហើយ​កូន! កាលនោះម៉ាក់ធ្វើជាពេទ្យទាហាន ហើយបានជួយព្យាបាលរបួស ប៉ាឯង។”ម្តាយគឹមងៀងបានជម្រាបកូន។

         ស្អែកឡើងអ្នកទាំងអស់គ្នាបានលាគ្នាទាំងក្តីអាឡោះអល័យចាក​ចេញពីជីផាត​ទៅ​ដែល​មើលទៅពួកគេមានអារម្មណ៍ដក់ជាប់ដោយក្តីស្រឡាញ់ទីនេះយ៉ាងជ្រាលជ្រៅ ហើយ​ខ្ញុំ នៅបន្តការ​ងារក្នុងនាមមន្ត្រីគម្រោង​ជួយសម្រប់សម្រួល​និង​បង្រៀន​សហគមន៍​ដើម្បី​​​ការ​អភិរក្សធម្មជាតិនិងវប្បធម៌បន្តដូចសព្វមួយដង។ បន្ទាប់ពីនោះ​មក​ ខ្ញុំ​តែង​បានទំនាក់​ទំនង​​​ពួកគេមិនចេះដាច់តាមអ៊ីម៉ែល ឬ Facebook។


៣​


         បួន​ឆ្នាំក្រោយមក ខ្ញុំ បានបញ្ចប់ការងារអភិរក្សនៅតំបន់ជួរភ្នំក្រវាញ ហើយខ្ញុំមាន​មានគំនិតថ្មីមួយដែលនឹកឃើញដល់ទន្លេមេគង្គជាសម្បត្តិរួមរបស់យើងដែលគួរត្រូវបានគេថែទាំ។ ខ្ញុំ តែងបានសរសេរអត្ថបទ​ចម្រៀង​អំពី​គុណសម្បត្តិ​ទន្លេមេគង្គ​ ឬ​អត្ថបទ​ផ្សេងៗ​ដែល​ទាក់ទងនឹងទន្លេមេគង្គ។ ថ្មីៗនេះខ្ញុំបានផ្ញើរអត្ថបទមួយ​ទៅ​មិត្ត​របស់​ខ្ញុំ​ម្នាក់​ទៀត​ដែល​ជា​លេខា​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រ​ទេសឡាវ។ ភា ​ធ្លាប់ជាក្មេង​ម្នាក់ ដែលមាន​កំណើត​និងរស់​លើដីសណ្ត​ពឹង​ផ្អែក​ដោយ​សារ​រទន្លេ​មេគង្គដូចខ្ញុំដែរ។


..................................................

ភ្នំពេញថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២


ភា! តើអ្នកសុខទុក្ខយ៉ាងណា? ខ្ញុំសង្ឃឹមថា អ្នកនឹងមានសេចក្តីសុខដូចខ្ញុំដែរ។ តើ​យ៉ាង​ម៉េច​ដែរ​អំពី​ប្រជាជននៅទីនោះ ហើយ​ការងាររបស់ឯងនៅប្រទេសឡាវ​​មិន​អី​ទេ​មែន​ទេ? ខ្ញុំ​ចង់​ទៅ​លេង​ទីនោះណាស់។ ខ្ញុំនឹងធ្វើលិខិតឆ្លងដែនឲ្យបានឆាប់ៗនេះ នឹង​អាល​បាន​​ទៅ​លេង​ឯង។ ណាមួយខ្ញុំក៏នឹងបានទៅលេង មិត្តជាតិឡាវម្នាក់ផងដែរ ដែលបួន​ឆ្នាំមុននេះ​គេបាន​មក​លេង​​​នៅតំបន់អេកូទេសចរណ៍កន្លែង ដែលខ្ញុំធ្លាប់ធ្វើការ។

ភា! ខ្ញុំនឹកមិត្តណាស់។ នេះជា​ជាអត្ថប​ទមួយ ដែលខ្ញុំសរសេ​រ ហើយ​ចង់ឲ្យមិត្តនឹក​ឃើញ​ដល់ភូមិកំណើតរបស់យើង។ ខ្ញុំគិតថា ទន្លេមេគង្គរបស់យើងគួរត្រូវបានថែរក្សា។ ក្រោយ​ពី​ភាអានអត្ថបទនេះហើយកុំភ្លេចឆ្លើយតបមកវិញផងណា!


ការធ្វើត្រីប្រហុកផ្អកនៅស្រុកយើង


ក្នុងខណៈទឹកទន្លេមេគង្គបាននាចមកដល់កម្រិតដើម វាជាដើមរដូវប្រាំ ដែល​ប្រជា កសិករ​​ស្រុក​យើងចាប់ផ្តើមភ្ជួររាស់ដីចម្ការរៀងៗខ្លួន។ ​ទោះជាខ្ញុំចាំមិនច្បាស់ថា ​វាជា​ខែ​ណា​​ពិត​ប្រាកដក៏ដោយ ប៉ុន្តែខ្ញុំនៅចាំថាវាជាពេល ដែលអ្នកស្រុកយើងបានបុករណ្តៅដាក់​ដាំ​​កូនថ្នាំនៅតាមចម្ការនីមួយៗ​នៅឯត្រើយអូរម្ខាងក្រោយផ្ទះរបស់យើង។ ខែនោះសត្វ ចង្រិត​​ក៏ចាប់ផ្តើមពូនកំពូល​របស់​វាផងដែរ។​ មើលទៅ​ចម្ការ​ កូន​ថ្នាំ​ទើប​ដាក់​ដាំ​បាន​លាស់​លូត​ឡើង​យ៉ាង​ខៀវ​ស្រងាត់។

ខែមេសាបានកន្លងផុតទៅ ប្រជាក​សិករភាគច្រើន ក៏រួចរាល់​ពីប្រមូលថ្នាំ​ជក់​របស់​គេ។​ អ្នកខ្លះបានភ្ផូររាស់ដី​សារជាថ្មីដើម្បីដាំអនុផល​នៃដំណាំ​ផ្សេង​ទៀត​រូម​មាន​ពោត និង​ល្ង។ ខែកក្តិក​បានមកដល់ ផល​មួយ​ទៀត​ក៏បាន​មក​ដល់​សម្រាប់​ជីវិត​អ្នក​ចម្ការ​កោះ​សូទិន​ភូមិ​យើង។​ ​នោះជារដូវត្រី ​នៃទន្លេមេគង្គ​ចាប់ពង ​ឬ​អាច​និយាយ​ថា​ជា​រដូវត្រីពង។ ​ក្នុង​ទសវត្យរ៍​​ឆ្នាំ១០៩៨០​ នៅប្រទេសកម្ពុជា​ប្រហែលជាមិនទាន់​ច្បាប់​​ជលផល​តឹង​រឹង​ប៉ុន្មាន​​ទេ​មើលទៅ ព្រោះប្រទេសទើបបានរំដោះដោយកងកម្លាំងស្ម័គ្រចិត្តវៀតណាម។ នេះ​ជា​អ្វី​ដែល​ខ្ញុំចាំថា នៅរដូវនោះ គេបាន​ដាក់​អួន ​ដាក់​មង ​ជាពិសេស ដោយ​ក្រុម​បង​ប្អូន​ជាតិ​អ៊ីស្លាម។​ តើឯង​ចាំទេថា​នៅស្រុក​យើងមាន​ចាម​ច្រើន​ណាស់​។​ យើងមានភូមិចាម​មួយ​យ៉ាង​​ធំនៅភូមិទី៨ ​ដែលលាតសន្ធឹង​ពីម្តុំ​ផ្ទះតាឆាយ​រហូត​ដល់​ម្តុំ​ផ្សារ​ក្បែរ​វត្តតាអ៊ុក។​ ក្រុម​ពួកគេនេះឯង​ជាអ្នកមានជំនាញ​រកត្រី​(ខ្មែរយើងពុំសូវជាអ្នករក​ត្រី​ទេពេល​នោះ)។

នៅទន្លេមេគង្គខាងត្បូង​ ឬអាចនិយាយថា ​ទន្លេខាងកោះចិន​នៅចុងឯ​នាយ​ចម្ការ​ថ្នាំ ដែល​​មានចម្ងាយ មួយគីឡូម៉ែត្រ ពីអូរក្បាលចម្ការ ក្រោយផ្ទះយើង​មាន​វាល​ខ្សាច់​មួយ​យ៉ាង​ធំល្វឹងល្វើយ។ ​ក្រុមខ្មែរឥស្លាម​បាននាំគ្នាមកបោះ​ជំរុំធ្វើជាឡូ​ត៍​នេសាទ​មួយ​យ៉ាង​ធំប្រៀប​ដូច​​​ជាទីក្រុងមួយយ៉ាងអ៊ូអរ។ មិនថាតែយើង​ទេ អ្នកស្រុកផ្សេងទៀត​ គឺ ​យើង​បានឆ្លង​ទូក​ឆ្លងអូរហើយដើរសំដៅទីក្រុងនោះ។ ថ្ងៃនោះយើង បានរែកប៉ោត​ដោយត្រលប់​មកវិញ​ជា​មួយ​ត្រីក្នុងប៉ោតអំរែក​របស់យើងយ៉ាងធ្ងន់។

រំលឹកដល់ព្រិតការណ៍នាដើមទសវត្យរ៍ ឆ្នាំ៨០នេះ ឪពុករបស់ខ្ញុំ​ក៏មាន​អួន​មួយ​យ៉ាង​ធំផងដែរ។ មនុស្សច្រើនណាស់ បានធ្វើជាកម្មករអូស​អួននេះ ហើយបានផល​ត្រីក៏​បាន​ច្រើន​ណាស់​ដែរ។ ក្រោយពីបានត្រី ដែលយើងរែក មក​ពីវាលខ្សាច់ចុងចម្ការ ឬហៅថាជា​ទីក្រុង​ទិញ​ត្រីនោះ ម្តាយ​របស់​ខ្ញុំ​ និងជីដូនរបស់ឯង រួមទាំងអ្នកក្បែរខាង​យើង​បាន​ជួយ​ធ្វើ​ប្រហុក ឬផ្អក​គ្នា​ទៅវិញទៅមក​។ ត្រង់ចំនុចនេះ ខ្ញុំនៅចាំទៀតថា ពួក​គាត់​ខ្លះ​សក​ស្រការ​វះ​ពោះ​​កាត់​ក្បាល​ត្រី​អាចន៍​កុក ​និងត្រីប្រភេទផ្សេងទៀត ដែលខ្ញុំមិនសូវស្គាល់ឈ្មោះ។ ខ្លះ​ត្រូវបានប្រឡាក់អំបិល ​ហើយខ្លះទៀតត្រូវ​យក​ក្បាល​របស់​វា​ត្រូវរម្ងាស់យកខ្លាញ់។ នៅ​ភូមិ ​យើងនា​រដូវ​នោះ​ ប្រជាជនកម្រ​ប្រើ​ចង្កៀង​ប្រេងកាតណាស់ ​ព្រោះ​គេបានខ្លាញ់​ត្រី​ពីការរម្ងាស់ក្បាល​ត្រីទាំងនោះ ដូចនេះគេប្រើចង្កៀងខ្លាញ់ជំនួស។ ការ​ធ្វើ​ផ្អក​ប្រហុក​ត្រី​ជា​សកម្មភាព​ដែល​គួរចងចាំម៉្យាង​ដែរសម្រាប់​ជីវិតអ្នក​ចម្ការដូច​ជា​យើងនេះ។ ​​អ្វីដែល​យើង​ក៏ដូច​ជា​ពួក​គាត់សប្បាយ​ចិត្តនោះគឺការធ្វើផ្អកប្រហុកត្រីនៅពេលខែភ្លឺជាជាងខែងងឹត។


ដោយក្តីនឹករលឹក

ពីខ្ញុំ វីធា មិត្តរបស់ភា

..............................................................

         ភា្លមនោះដែរ ខ្ញុំបានទទួលអ៊ីម៉ែលឆ្លើយតបពីលេខាទូតម្នាក់នោះ ដោយ​ជំរុញ​ឲ្យខ្ញុំ ធ្វើលិខិតឆ្លងដែនឲ្យបានឆាប់ ហើយភាបាន​សន្យា​ថា នឹង​ណែ​នាំ​មិត្ត​របស់​គេ​ផ្សេង​ទៀត​ដែលពួកគេក៏បានចាប់អារម្មណ៍ពីគុណសម្បត្តិ នៃទន្លេមេគង្គផងដែរ ហើយ​ទន្លេ​មួយ​​នេះ​ត្រូវ​រួមគ្នាថែទាំលើជីវៈចម្រុះ ដែលមានក្នុងទន្លេ និងបរិស្ថាន ​នៃទន្លេ​ដើម្បី​បន្ត​និរន្តរភាព ​នៃ​ជីវិត​រស់នៅរបស់ប្រជាជនយើង។

៤​


មិនយូរប៉ុន្មានការគ្រោងទុកក្នុងដំណើរកម្សាន្តទៅលេងប្រទេសឡាវបានមក ខ្ញុំ​បាន​​អ៊ីម៉ែល​ទៅ​ប្រាប់ វីលៃស៊ូមីផុន និង​​កឹមងៀង ដើម្បី​បានជ្រាបជាដំណឹង ដោយ​សង្ឃឹមថា ខ្ញុំនឹងបានជួបវីលៃស៊ូមិផុននៅទីនោះដែរ។

         ថ្ងៃ១២ ខែ១២ ឆ្នាំ២០១៣ រថយន្តក្រុងពីភ្នំពេញបានមកដល់ទីក្រុងវៀងចន្ទន៍។ ព្រលឹម​ស្រាងៗ នៅចំណតដុងដុក ដែលជាចំណតសម្រាប់រថយន្តមកពីស្រុកខ្មែរ និង​ភូមិ​ភាគ​ខាងត្បូង មានមនុស្សម្នា កកកុញប្រកបដោយអាវរងារ ​ដែល​ខែ​នេះ​អាកាស​ធាតុ ​ត្រ​ជាក់​មិន​ខុសគ្នានឹងស្រុកខ្មែរឡើយ។ ខ្ញុំបាន​ចុះ​ពីរថយន្ត​ ដែល​ខ្ញុំ​បាន​ធ្វើដំណើ​រអស់​២៤​ម៉ោង​គត់។ ខណៈចុះចេញពីរថយន្តក្រុង ខ្ញុំព្យាយាមសម្លឹងរំពៃ​រកមើល​មិត្ត​របស់​ខ្ញុំ ដែល​បាន​សន្យា​​ថានឹងមកទទួលខ្ញុំ។ ខណៈនោះសម្រែកបានស្រែកឡើង៖

“អេ! វីធា ខ្ញុំនៅទីនេះ។”ហេង សុភា ជាមិត្ត​ដែល​ជា​លេខា​ទូត​ម្នាក់​នោះ​បាន​បោយ​ដៃដាក់។​

“អរគុណ ភា ណាស់ដែលពួកម៉ាក់បានមកចាំខ្ញុំ ព្រោះថា ខ្ញុំជាលើកទី១​ហើយ​បាន​​​មកប្រទេសឡាវនេះ។”ខ្ញុំបានឱបមិត្តរបស់ខ្ញុំ។

-ឯងសុខសប្បាយជាទេពួកម៉ាក់?

-សុខសប្បាយជាទេ​។ ចុះឯងវិញ?

-គ្នាសុខតើ! តើឯងមានអារម្មណ៍យ៉ាងម៉េចដែរមកដល់ទីនេះ។

-គ្នាមានអារម្មណ៍រំភើបណាស់។ និយាយរួម នៅពេល ​ដែល​មក​ដល់​ប៉ាក់​សេ​នៅ​ម៉ោង​​​​​៥ល្ងាច គ្នាគិតបុកពោះតិចៗថា ខ្លាចតែឯងមិនបានមកទទួល គ្នាមិនដឹងទៅណាទេ!

“តុះទ៎ៅ ទៅកន្លែងស្នាក់នៅសិន! ចាំនិយាយគ្នាទៀត”មិត្តរបស់ខ្ញុំ បាននាំ ខ្ញុំចេញទៅ​ជិះដោយម៉ូតូ១២គីឡូម៉ែត្រឆ្ងាយពី Vientiane City។


នៅកន្លែង ដែល ភានាំខ្ញុំទៅនោះគឺ DongDok Campus ​ជា​កន្លែង​ស្នាក់​នៅ​របស់​និស្សិត​ខ្មែរ ដែលបាន​មក​រៀន​ក្រោម​អាហារូបករណ៍​របស់រដ្ឋាភិបាលឡាវ និងជួយ​សម្របសម្រួល​ដោយ​​ស្ថានទូត​ខ្មែរ​ប្រចាំ​​នៅប្រទេស​លាវនេះ។ ​នៅទីនោះ បុរស​ម្នាក់​សម្បុរ​ស្រអែម ពាក់​ដោយ​វ៉ែនតា និងបុរសសម្បុរសម្នាក់ទៀត ចេញមកទទួលពួកយើង។

“បងភា ! នេះមិត្តភក្តិបងមកពីភ្នំពេញមែនទេ?” ម្នាក់សម្បុរស្រអែម​​នោះបាន​សួរ។

-ត្រូវហើយ ជំនោរ។

“ជម្រាបសួរបង!” ជំនោរបានគារវកិច្ចចំពោះខ្ញុំ។

ជំនោរគឺជាអតីតនិស្សិតខ្មែរ ដែលបានមករៀនផ្នែក ភាសា និងអក្សរសាស្ត្រលាវ នៃ ដេប៉ាតម៉ង់ ភាសាលាវ និងទូរគមនាគន៍ នៃមហាវិទ្យាល័យអក្សរសាស្ត្រ ហើយ បច្ចុប្បន្ននេះ គាត់បន្តផ្នែកបណ្ឌិតគរុសាស្ត្រ សាខារដ្ឋបាលអប់រំ (Doctor of Education in Educational Administration)នៅប្រទេសថៃ។ ជំនោរបានណែនាំម្នាក់ទៀតឲ្យយើងស្គាល់។

         -បងនេះជាមិត្តភក្តិរួមថ្នាក់របស់ខ្ញុំមកពីប្រទេសថៃ។ គេឈ្មោះ ប្រាជួប។

         “សាក់វ៉ាឌី ប្រាជួប។ យិនឌីធីដាយរូចាក។”ខ្ញុំ បាន​និយា​យ​ភា​សា​ថៃ​ដាក់​ប្រាជួប។

         -សាក់វ៉ាឌី ខាប់! ឌិឆាន់ក៏យីនឌីធីដាយរូចាកឃុន។

         “វីធា តុះទ៎ៅឡើងលើ។ សម្រាកបន្តិចសិនព្រោះថា នៅថ្ងៃត្រង់នេះ យើង​នឹង​ទៅញ៉ាំអាហារថ្ងៃត្រង់ទាំងអស់គ្នានៅភោជនីយដ្ឋាន ខបចៃឌើ។” មិត្ត របស់ខ្ញុំបាននាំ​ខ្ញុំ​ឡើង​លើ ហើយជំនោរ បានជួយយកកាបូបខ្ញុំឡើងលើផងដែរ។ ប្រាជួបដើរពីក្រោយ។

         នៅក្នុងបន្ទប់ស្នាក់នៅ ភានិយាយ៖

         -នេះជាគ្រែសម្រាប់ វីធាឯង។ តើឯងគិតថាចង់ស្នាក់នៅទីនេះប៉ុន្មានថ្ងៃដែរ។ កុំ​ប្រញាប់ទៅវិញអី។ ចាំយើងនាំឯងដើរលេង ចាំយើងនាំឯងទៅលេងរមណីដ្នានវាំងវៀង​​ទៅ​ទស្សនារូងភ្នំ និង ហែលទឹកលេង ទៅលេងវត្តចំប៉ាស័ក ទៅ​ទស្សនា​ទឹក​ជ្រោះ​រមណី​ដ្នានផ្ទះជនជាតិ,រមណីដ្ឋានផាស៊ុម និងទៅទឹកជ្រោះខនព្រះផេងណា។ និយាយអីចឹង ឯងប្រាប់គ្នាថា ឯងមានមិត្តភក្តិឡាវម្នាក់ដែរ តើគេមានដឹងថាឯងមកលេង​ទីនេះទេ?

         -គ្នាបានអ៊ីម៉ែលប្រាប់គេដែរមុននឹងគ្នាសម្រេចចិត្តមកទីនេះ។ តែ​ដូច​ជា​មិន​ឃើញ​អ៊ី​ម៉ែល​ឆ្លើយតបសោះ។ ប្រហែលជានាងរវល់ហើយមើលទៅ!

         -អីចឹងឯងសម្រាក់ទៅ ព្រោះថានៅថ្ងៃត្រង់នេះយើងទៅញ៉ាប៊ូហ្វេជុំគ្នានៅមាត់ទន្លេ។


         អាហារថ្ងៃត្រង់បានមកដល់ ប្រហែលម៉ោង១២ថ្ងៃត្រង់ នៅ​មាត់​ទន្លេ​នៃ​ទី​ក្រុង​វៀង​ចន្ទន៍ប្រទេសឡាវ ខ្យល់​ជំនោរ​រងារនៅតែបន្អុរភាពត្រជាក់​បើទោះបីមាន​ពន្លឺ​ថ្ងៃ​ចែង​ចាំង​ក៏​ដោយ។ យើងទាំងអស់គ្នាបានមកដល់ភោជណីដ្ឋានខបចៃឌី ដែលមុននេះហាង​នេះ​មាន​ឈ្មោះ​ថា សប្បាយឌី។ ហាងនេះសម្បូរដោយភ្ញៀវបរទេសចម្រុះ។ ហាងនេះ​មាន​បំរើ​អា​ហារ​​ប៊ូហ្វេ និងភេសជ្ជៈស្រាបៀឡាវដ៏ល្បី។

         យើងបានចុះពីលើរម៉កដើរសំដៅចូលជួរភ្ញៀវផ្សេងទៀតដើម្បីបម្រើអាហារប៊ូហ្វេ

ដោយ​ខ្លួនឯង រួចក៏បានមកអង្គុយរួមតុដែលមានគ្នាបួននាក់ មាន ខ្ញុំ ភា ជំនោរ និង ប្រាជួប។ ខណៈហូបបណ្តើរ​និយាយគ្នាលេងបណ្តើរស្រាប់​តែលេចមុខនារី​បីនាក់​ដើរសំ​ដៅ​មក​តុខ្ញុំ។

         “Hi Brother Phea! ពួកនាងនិយាយភាសាអង់គ្លេសទៅកាន់មិត្តរបស់ខ្ញុំ។ ក្រឡេក​ទៅ​​មុខ​របស់​​អ្នកទាំងបីខ្ញុំមានអារម្មណ៍​ច្បាស់ថាក្នុងចំណោមទាំងបី​នាក់នេះ​មានពីរ​នាក់ដែល​ខ្ញុំ​ធ្លាប់​​ស្គាល់​នោះគឺកឹមងៀង និងវីលៃសូមីផុន។ ឃើញដូចនេះ​ខ្ញុំ​លាន់​មាត់​ភ្លាម​បែររកអ្នកទាំងពីរនោះ៖

-អ្នកគឺកឹមងៀង និងវីលៃសូមីផុនមែនទេ?

-ត្រូវហើយលោកវីធា យើងរីករាយណាស់ដោយបានជួបលោកម្តងទៀតនៅទីនេះ។

-ពុទ្ធោ! គួរឲ្យភ្ងាក់ផ្អើលម៉្លេះ ហេតុអ្វីបានជាអ្នកមិនជូនដំណឹងដឹងផង។

         “យើងចង់ឲ្យលោកភ្ញាក់ផ្អើលនោះអី​”កឹមងៀង និង​វីលៃសូមីផុន​ បាន​និយាយ​ដាក់​ខ្ញុំ។ រួចទើបបែរទៅនារីម្នាក់​ទៀត​ហើយ​ណែនាំឲ្យ​យើង​បាន​ស្គាល់៖

         -អ្នកទាំងអស់គ្នានេះជាមិត្តរបស់យើង នាងឈ្មោះណៃថូន មកពីប្រទេសភូមា។

         “ណៃថូន ដូចជាស្អាតជាងមុន!”ភាបានចាប់ដៃនាង។

          “ហ្អាក! ម៉េចបានជាភាស្គាល់នាង?​” ខ្ញុំស្រឡាំងកាំង។

         “គេជាមិត្តរបស់ខ្ញុំទេ។ គេទាំងបីនាក់នេះបានរៀននយោបាយជាមួយគ្នានៅវិទ្យា​ស្ថាន National Graduate Institute ប្រទេសជប៉ុន​។ តាមពិតក្រោយពីវីធា ឯង​បាន​ផ្ញើ​អ៊ី​ម៉ែល ម្តង​ដែលបានសរសេរអត្ថបទ ចម្រៀងអំពីនិស្ស័យ​ទន្លេ​មក​ខ្ញុំ​ដោយ​មាន​CC​ទៅ​ពួកគេ​ដែរ​នោះ​ទើបខ្ញុំដឹងថាគេជាមិត្តខ្ញុំផងដែរ​ ហើយយើងក៏​រៀប​ចំផែនការ​ជួបនេះ​ដើម្បី​ឲ្យ​ឯង​ភ្ញាក់​​ផ្អើល​​”ភាបញ្ជាក់ប្រាប់ខ្ញុំ។

         វាមិនគួរឲ្យជឿទាល់តែសោះ ដែលអ្នកទាំងអស់គ្នាបានស្គាល់គ្នាមុនខ្ញុំទៅទៀត។ តាមពិតជំនោរក៏បានស្គាល់ណៃថូនផងដែរព្រោះនាងបានរៀនជាមួយគ្នានៅប្រទេសឡាវ​មុននាងបន្តរៀននៅប្រទេសជប៉ុន។ ខណៈ​កំពុងសំដែងនូវការរំភើប​ដែលមិនគួរ​ឲ្យជឿនេះ​ស្រាប់តែអ្នកទាំងអស់គ្នាទាញចេញក្រដាសមួយសន្លឹកម្នាក់ៗពីកាបូបរបស់គេមកដាក់លើតុ៖

............................................................


និស្ស័យទន្លេ

រក្សាសិទ្ធគ្រប់យ៉ាង

ដោយ វីធា


១. ទន្លេសមុទ្រតភ្ជាប់និស្ស័យជូនប្រជា                                           ឱគង្គាអ្នកមានគុណល្អអនែក

ទន្លមេគង្គរួមចំណងនៃមិត្តភាព                                                      តូចធំទៀតទន្លេប្រៀបសសៃរឈាម។

២.ដើមចាកទោរទន់ទៀល្អម្ល៉េះទេដៃសមុទ្រ                                     ល្អបំផុតឆ្នេរខ្សាច់ម៉ដ្ឋនៅឯរៀម

ចតុមុខជាកេរ្តិមរតកទ្រព្យធនធាន                                                  សម្រស់ស្ពានជាតិបានសាងកាត់ទន្លេ។

R.​ទន្លេសាបអើយ                                                                        អ្នកនេះហើយល្អាងមច្ឆា

ទឹកទន្លេជូនប្រជាស្រែចំការ                                                           សមុទ្រថ្លានិងទន្លេកេរ្តិនៃយើង។

៣. សូមអង្វរសត្តនិករកុំបំផ្លាញបរិស្ថាន                                                    គ្រប់យ៉ាងទន្លេបានផ្តល់ភាពរុងរឿង

មហានទីជាទែនទីមរណីស្ថានសហគមន៍យើង                                ទន្លេសាងប្រាងនិស្ស័យដីខេមរា។

................................

           ភាបានផ្តើមនិយាយ៖

         -យើងពេញចិត្តនឹងអត្ថបទចម្រៀងរបស់ឯងនេះណាស់។ យើង​ទាំងគ្នាមិនធ្លាប់​គិត​ទាល់​តែ​សោះ​ថា​ឯង​នេះ​ចេះនិពន្ធ និងអាចផ្តួច​ផ្តើមគំនិតឲ្យយើង​បានចាប់អារម្មណ៍​ពី​ទន្លេ​របស់​យើង។ ជាការពិតណាស់ ទន្លេមេគង្គជា​ទន្លេមួយ ដែលប្រៀបបីដូច​ជា​សសៃ​ឈាម​របស់​យើង។ វាជាប្រភព ដែលតែងបាន​ផ្គត់​ផ្គង់ឲ្យប្រទេស​ក្នុងតំបន់​ទន្លេ​មេគង្គ​យើងមាន​ការ​ទំនាក់ទំនងគ្នាបានយ៉ាងល្អ។ វា បានផ្តល់ជាសេវាទេសចរណ៍ដ៏​ល្អប្រសើរ​សម្រាប់​ចំណួល​​​​ដល់ប្រជាជនកសិករ ហើយទន្លេនេះមានទៅ​ដោយ ជីវៈ​ចម្រុះគ្រប់បែប​យ៉ាង​សម្រាប់​​​​​​ជាប្រយោជន៍និងទ្រទ្រង​ដល់ជីវភាព​ក៏ដូចជា​បានផ្តល់ប្រភពទឹកស្អាត​ដល់​ប្រជាជន​​​យើងផងដែរ។ ទោះយ៉ាងនេះក៏ដោយ នាពេលបច្ចុប្បន្ន ប្រជាជន​ខ្លះ​ខ្វះ​ការយល់​ដឹង​អំពីអត្ថប្រយោជន៍របស់ទន្លេមេគង្គ ហើយបានកំពុង​បំពុលបរស្ថាន​ទន្លេរបស់​យើង ដោយ ពួកគេបានធ្វើបង្គន់បត់ជើងតូចធំចូលក្នុងទន្លេ បង្ហូរសារជាតិពុលចូលក្នុងទន្លេ ឬ​នេសាទ​​ត្រីដោយខុសច្បាប់ ក៏ដូចជាបានទាញយក​ផលប្រយោជន៍​ពីទន្លេ​មេគង្គដោយ​ខ្វះ​តម្លាភាព និងខ្វះការសិក្សាពីផលប៉ះពាក់វា មានដូចជាការបង្កើតទំនប់វារីអគ្គីសនីជាដើម។ យើងសូមអរគុណឯងខ្លាំងណាស់ ដែលបានបំផុសគំនិតនេះឲ្យយើងមានថ្ងៃនេះឡើង។ យើងទាំង​អស់​គ្នាបានគិតហើយថា នឹងត្រូវធ្វើយ៉ាងណាដើម្បីផ្សព្វផ្សាយពីផលប្រយោជន៍ និងផលប៉ះពាល់នៃទន្លេមួយនេះដល់ប្រជាជនរួមរបស់យើងដើម្បីបានយល់ដឹង និង​ចេះ​ថែរក្សាសម្បត្តិរួម​ដើម្បីនិរន្តភាព និងជីវិតរបស់មនុស្សជាតិទាំងអស់គ្នា។

         ខណៈយើងទាំងអស់គ្នាកំពុងយកចិត្តទុកដាក់ស្តាប់មិត្តរបស់ខ្ញុំនិយាយអំពីគោលបំណង​ថែរក្សានិងអភិរក្សទន្លេមេគង្គ ស្រាប់តែលេចចេញ​នូវបុរសនិង​ស្ត្រីបួន​នាក់​បាន​មក​ដល់ ដែលខ្ញុំស្គាល់ស្រពិចស្រពិលថាក្នុងចំណោមនោះជាឪពុកម្តាយរបស់កឹមងៀង ដោយ​និយាយព្រមគ្នាថា៖

         សូមស្វាគមន៍នូវគម្រោងនិងគំនិតរបស់កូននិងក្មួយៗទាំងអស់គ្នា។ យើង​ជាឪពុក​ម្តាយរបស់គឹមងៀងនិងវីលៃសូមីផុន សូមចូលរួម​គាំទ្រ​ជាថវិកាក្នុង​ការបោះ​ពុម្ព​សៀវ​ភៅ​ដើម្បី​​អប់រំប្រជាពលរដ្ឋរួមរបស់យើងក្នុងជួយការពារទន្លេរបស់យើងដើម្បីជីវិតរបស់យើង។

សូមជម្រាបថា ឪពុករបស់គឹមងៀង ជាអតីតយោធាវៀតណាមមួយ​រូបក្នុង​ចំណោម​ទាហាន​​ស្ម័គ្រចិត្តវៀតណាមដទៃទៀតបាន​ជួយរំដោះ​ប្រទេសកម្ពុជា​ចេញ​ពី​របប​ប្រល័យ​​ពូជសាសន៍ប៉ុល ពល និងទទួលជ័យជំនះ​ទាំងស្រុង​នៅថ្ងៃ​ទី៧​មករាឆ្នាំ​១៩៧៩ ហើយបន្ទាប់មកលោក​បានឈរជើងជួយការពារ​ប្រជាជន​កម្ពុជា​ពីពួក​ឧទ្ទាម​​ខ្មែរក្រហម នៅតំបន់ភ្នំក្រវាញនៅខេត្តកោះកុង ស្រុកថ្មបាំង ឃុំជីផាត ដែល​គ្រា​​នោះនៅទសវត្យរ៍ឆ្នាំ១៩៨០ លោក ក៏ជួយអភិរក្សសត្វព្រៃ ព្រៃឈើ និង​សត្វក្រពើ​ភ្នំផងដែរ។ លោកមាននិស្ស័យចូលចិត្តធម្មជាតិ និង​ការ​អភិរក្ស​នេះ​ណាស់។

        

..........................


បន្ទាប់ពីខ្ញុំត្រូវបានជូនដើរលេងគ្រប់ទីកន្លែនិងទៅដល់ផ្ទះរបស់វីលៃសូមីផុង។ វេលា​ល្ងាច នៅ​មាត់​ទន្លេមេគង្គនៅវៀងច័ន្ទន៍ ផ្ទៃមេឃស្រឡះ យើង​ទាំងអស់​គ្នា​បានអង្គុយ​លើ​បង់​ថ្ម សម្លឹង​​ព្រះ​សុរិយាហៀបអស្តង្គត នៅឯជើងមេឃម្ខាងប្របនឹងមាត់ទន្លេ ប៉ុន្តែមាន​ព្រះ​អាទិត្យមួយទៀតធំផងដែរកំពុងអណ្តែតទុំលើខ្សែរទឹកហូរនៃទន្លេ នោះគឺដួងព្រះទិនករ​ចាំងស្រមោលក្រហមឆ្អិនឆ្អៅលើផ្ទៃទឹកដែលរួបភាពនេះធ្វើឲ្យយើងកាន់តែយល់ថាព្រះអាទិត្យនិងគង្គាអ្នកគ្រប់គ្នាមិនអាចខ្វះមួយណាបានឡើយ។ ខ្សែរទឹកហូរប្រៀប​ទៅ​នឹងខ្សែ​ជីវិតរបស់យើង។ យើងសប្បាយចិត្តនឹងរង់ចាំមើល​ថ្ងៃស្អែកដែលត្រូវ​ទទួលពន្លឺរស្មី​នៃ​ព្រះ​សុរិយារះជូនដល់ប្រជារាស្ត្រគ្រប់គ្នានឹងបានថែរក្សា និងមិនធ្វើឲ្យប៉ះពាល់ដល់ទន្លេនៃជិវិត​របស់យើង។