អ្នកប្រើប្រាស់:ឈិន ចណ្ឌី

ពីវិគីភីឌា

== ប្រវត្តិនិងអត្ថន័យនៃពាក្យកូសាំងស៊ីន ដំណោះស្រាយពាក្យ “កូសាំងស៊ីន”]]

ក្នុងពេលដែលដែនដីកម្ពុជាក្រោម ស្ថិតនៅក្រោមការត្រួតត្រារបស់អាណានិគមនិយមបារាំង បារាំង បានហៅដែនដីមួយនេះថា ដែនដីកូសាំងស៊ីន ឬកូសាំងស៊ីនទំនាប ឬក៏កូសាំងស៊ីនបារាំងសែស ប៉ុន្តែជាទូទៅគេហៅថា កូសាំងស៊ីនបារាំងសែស ហើយដែលអ្នកប្រវត្តិសាស្ត្របរទេសភាគច្រើននៅប្រើពាក្យនេះនៅឡើយ ដើម្បីសំដៅទៅលើដែនដីកម្ពុជាក្រោម។

  តើពាក្យកូសាំងស៊ីន ដែលអាណានិគមនិយមបារាំង ប្រើប្រាស់សំដៅទៅលើដែនដីកម្ពុជាក្រោមនោះ មានប្រភពមកពីណាខ្លះ? ហើយមានន័យដូចម្ដេច?

ទាក់ទងបញ្ហានេះ អ្នកប្រវត្តិសាស្ត្របានបង្ហាញហេតុផលផ្សេងៗគ្នាចំពោះប្រវត្តិនៃពាក្យ “កូសាំងស៊ីន” នេះ។

  បើតាម លោក សាំង ម៉ាក់សាង ពាក្យ “កូសាំងស៊ីន” មានការប្រែប្រួលជាច្រើនលើកច្រើនសារណាស់ ទៅតាមពេលវេលានិងកាលៈទេសៈ ហើយពាក្យនេះបានផ្លាស់ទីកន្លែងយ៉ាងលឿន ពីទិសខាងជើងឆ្ពោះមកទិសខាងត្បូង ដោយនាំមកនូវជនជាតិយួន ក្នុងសង្គ្រាមវាតព្រំដែន ជាទម្លាប់ប្រចាំសតវត្សរបស់វា ចាប់ពីព្រំដែនខាងត្បូង នៃប្រទេសយួនរហូតដល់ជ្រោយកាម៉ៅ។

ដំបូងឡើយពាក្យនេះ ដែលមាននិរុត្តិសាស្ត្រឬ ឫសពាក្យនាំឲ្យជជែកតវ៉ាយ៉ាងខ្លាំងនោះ ត្រូវបានយួនហៅឈ្មោះថា ដីតុងកឹង តែមួយប៉ុណ្ណោះ។ បន្ទាប់មកនៅសតវត្សតី១៦ ពួកអឺរ៉ុបបានយកទៅប្រើ ដើម្បីឲ្យហៅដីដែលក្សត្រក្រុងវ៉េ នៃសន្តតិវង្ស ង្វៀង ត្រួតត្រា គឺថាប្រទេសអណ្ណាមកណ្ដាល  ហើយនិងដែនដីសណ្ដរដូណាយ និងទន្លេមេគង្គដែលយួនប្លន់ពីខ្មែរ ។

ចុងក្រោយពួកបារាំងយកដូនណាយ និងទន្លេមេគង្គខាងក្រោមបាន នៅឆ្នាំ ១៨៥៨ -១៨៦០ ពាក្យ “កូសាំងស៊ីន” នេះត្រូវបារាំងយកទៅដាក់ឈ្មោះឲ្យហៅ “កូសាំងស៊ីនទំនាប” (Basse cochinchine) ឬ “កូសាំងស៊ីនបារាំង” (Cochinchine francaise) គឺយៀកណាមសព្វថ្ងៃ ជំនួស “កូសាំងស៊ីនលើ” (Haute Cochinchine) ឬ “កូសាំងស៊ីនអណ្ណាម” គឺវៀតណាមកណ្ដាល។

តាមសាស្ត្រាចារ្យ ត្រាំងឆាត ប៊ុត លោកបានអះអាងក្នុងសៀវភៅ កម្ពុជាក្រោមអំណាចគ្មានខ្មែរក្រោម របស់លោកថា ពាក្យ “កូសាំងស៊ីន” (Cochinchine) ផ្គុំឡើងដោយពាក្យ ២ផ្សេងគ្នា គឺពាក្យ កូសាំង (Cochin) និងពាក្យ ស៊ីន (Chine)។ តាមសាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះ ពាក្យកូសាំង គឺសំដៅលើឈ្មោះព្រះសង្ឃកាតូលិកបារាំង មួយអង្គ ដែលបានស្ថាបនាមន្ទីរពេទ្យមួយក្នុងទីក្រុងប៉ារីស ឈ្មោះមន្ទីរពេទ្យកូសាំង ឬបារាំង ហៅថា អូពីតាល់ កូសំាង (Hôpital Cochin)។ ចំណែកពាក្យស៊ីន គឺមកពីពាក្យបារាំង ស៊ីន្នឹ (Chine) ដែលប្រែថាចិន ឬប្រទេសចិន។

លោក ត្រាំងឆាត ប៊ុត សរសេរបន្តថា មុននឹងមកដល់ទីក្រុងព្រៃនគរ កងនាវិក ឬកងទ័ពស្រួចរបស់បារាំង បានចេញដំណើរពីប្រទេសចិន មក ដោយធ្វើដំណើរតាមឈូងសមុទ្រចិន ទៀតផង។ លោកថា ក្រោយមកពាក្យថា Chine ឬចិន នេះ ត្រូវបានចងចាំក្នុងខួរក្បាលរបស់ទ័ពបារាំង រហូតមក។ លុះក្រោយមក នៅពេលបារាំង វាយដណ្ដើមកាន់កាប់បានទីក្រុងព្រៃនគរ រួចហើយ ពួកគេក៏បានសម្រេចដាក់ឈ្មោះទឹកដីថ្មីនេះថា កូសំាងស៊ីន តែម្តង ដើម្បីរំឭកគុណដល់ព្រះតេជព្រះគុណកូសាំង ដែលព្រះអង្គបានប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីសម្រាលទុក្ខប្រជាពលរដ្ឋបារាំង។

សព្វថ្ងៃ មន្ទីរពេទ្យកូសាំង ឬអូពីតាល់កូសំាង គឺជាមន្ទីរពេទ្យរដ្ឋដ៏ល្បីល្បាញមួយនៅទីក្រុងប៉ារីស ហើយមន្ទីរពេទ្យនេះ គឺជាផ្នែកមួយនៃមហាវិទ្យាល័យពេទ្យប៉ារីសដេកាត (Faculté de Médecine Paris-Descartes)។

ស្រដៀងនឹងការអះអាងរបស់ លោក ត្រាំងឆាត ប៊ុត គេហទំព័រវីគីភេដៀ (Wikipedia) ក៏បានលើកឡើងដែរថា ការដែលគេដាក់ឈ្មោះមន្ទីរពេទ្យនេះថា កូសាំង គឺដើម្បីរំឭកដល់ព្រះតេជព្រះគុណ ហ្សង់ ឌែននីស កូសាំង (Jean-Denis Cochin) ដែលព្រះអង្គបានជួយដល់កម្មករ និងអ្នកក្រីក្រក្នុងសង្កាត់មួយនៃទីក្រុងប៉ារីស តាមរយៈការសាងសង់មន្ទីរពេទ្យកូសាំង នេះ។

ក្រៅពីទឡ្ហីករណ៍របស់ លោក ត្រាំងឆាត ប៊ុត អ្នកស្រាវជ្រាវខ្មែរខ្លះបានលើកឡើងថា ពាក្យថា កូសាំងស៊ីន គឺមកពីពាក្យវៀតណាម ថា កូ ជិន ស៊ិន (CỖ Chinh Xin) ដែលមានន័យជាភាសាខ្មែរថា “នាងទី៩សុំ”។ នាងទី៩នៅទីនេះ គឺសំដៅទៅលើព្រះមហេសីយួនរបស់ព្រះបាទជ័យជេដ្ឋាទី២ ឈ្មោះ ង្វៀង ង៉ុកវ៉ាន់ ដែលជាបុត្រី ឬកូនទី៨របស់ស្ដេចយួនអណ្ណាម ឈ្មោះ ង្វៀង សាយវឿង។ មហេសីយួន ង្វៀង ង៉ុកវ៉ាន់ នេះហើយដែលបានខ្ចីដីខ្មែរពីព្រះបាទជ័យជេដ្ឋាទី២ ឲ្យជនជាតិយួនមករស់នៅ ហើយដែលមិនបានសងឲ្យខ្មែរវិញរហូតមកដល់សព្វថ្ងៃនេះ។

មានការអះអាងថា ពាក្យថា កូជិនស៊ិន ឬនាងទី៩សុំនេះ គឺជនជាតិយួន បានហៅតៗគ្នា សំដៅទៅលើទឹកដីខ្មែរដែលមហេសីយួន ង្វៀង ង៉ុកវ៉ាន់ បានសុំពីព្រះបាទជ័យជេដ្ឋាទី២ ហើយដើម្បីរំឭកដល់គុណបំណាច់របស់នាង ង្វៀង ង៉ុកវ៉ាន់ ពួកជនជាតិយួន ក៏ហៅដែនដីនេះថា កូជិនស៊ិន តៗគ្នាទៅ។ ប៉ុន្តែ បើតាមប្រវត្តិសាស្ត្រ ព្រះបាទជ័យជេដ្ឋាទី២ ពុំបានឲ្យដីខ្មែរទៅយួន នោះទេ ព្រះអង្គគ្រាន់តែឲ្យយួនខ្ចីក្នុងរយៈពេល ៥ឆ្នាំប៉ុណ្ណោះ។

តើនាង ង្វៀង ង៉ុកវ៉ាន់ ជាកូនទី៨របស់ស្ដេចយួន ង្វៀង សាយវឿង ឬយ៉ាងណា?

មានការលើកឡើងថា ស្ដេចយួន ង្វៀង សាយវឿង ឬខ្លះថា ង្វៀង ភុកវៀង មានបុត្រទាំងអស់ចំនួន ១៥នាក់ ក្នុងនោះមានបុត្រាចំនួន ១១នាក់ និងបុត្រីចំនួន ៤នាក់។ តែទោះយ៉ាងណា គ្មានការបញ្ជាក់ឲ្យច្បាស់លាស់ណាមួយថា នាង ង្វៀង ង៉ុកវ៉ាន់ ឬមហេសីរបស់ព្រះបាទជ័យជេដ្ឋាទី២ គឺជាកូនទី៨ នៃរាជវង្សស្ដេច ង្វៀង សាយវឿង នោះឡើយ។ ម្យ៉ាងទៀត បើនាង ង្វៀង ង៉ុកវ៉ាន់ ជាកូនទី៨ក្នុងគ្រួសារ ហេតុអ្វីបានជាគេហៅនាងថា កូជិន (CỖ Chinh) ឬនាងទី៩ទៅវិញ?

នេះមិនមែនជារឿងពិបាកយល់នោះទេ។ ខុសពីជនជាតិខ្មែរ ជនជាតិយួន មានទំលាប់ហៅកូនច្បងដោយរាប់ពីលំដាប់លេខរៀងទី២ឡើងទៅ មានន័យថា បើកូននោះជាកូនច្បង ឬកូនទី១ គេហៅថាកូនទី២ទៅវិញ ដូចជាពេលខ្លះគេហៅថា អាន់ហាយ (Anh 2) ឬចីហាយ (Chi 2) គឺសំដៅទៅលើបងប្រុសច្បង ឬបងស្រីច្បង មិនមែនបងប្រុសទី២ ឬបងស្រីទី២ឡើយ។ ដូច្នេះ បើគេហៅមហេសីព្រះបាទជ័យជេដ្ឋាទី២ ថា កូជិន (CỖ Chinh) ឬនាងទី៩នោះ មានន័យថា នាងជាកូនទី៨ក្នុងគ្រួសារទៅវិញទេ។

ទាក់ទងនឹងពាក្យកូជិនស៊ិន មានការពោលតៗគ្នាថា នៅពេលដែលពួកអាណានិគមនិយមបារាំង បានចូលមកកាន់កាប់ដែនដីកម្ពុជាក្រោម ពួកគេក៏បានចាប់ផ្ដើមកម្លាយពាក្យ កូជិន ស៊ិន ដែលជនជាតិយួន តែងហៅនោះ ឲ្យទៅជាកូសាំងស៊ីន វិញ ទៅតាមសំនៀងអាននៃភាសារបស់បារាំង។

បើតាម លោក អាដេម៉ារ ឡឺក្លែរ លោកបានអះអាងក្នុងសៀវភៅប្រវត្តិសាស្ត្រប្រទេសកម្ពុជា របស់លោកថា ពាក្យថា កូសាំងស៊ីន បានក្លាយមកពីពាក្យ ឆានឆេង ដែល ឆានឆេង នេះ គឺជាអតីតរាជធានីរបស់នគរចំប៉ា។ ជុំវិញរឿងនេះ លោក ឡឺក្លែរ បានសរសេរថា ប្រមាណជាក្នុងជំនាន់ដែលរាជធានីលង្វែករបស់កម្ពុជា បានធ្លាក់ក្នុងកណ្ដាប់ដៃរបស់សៀម អាណាចក្រអណ្ណាមដែលទើបតែដណ្ដើមយកបានទឹកដីនគរចំប៉ា ស្ទើរតែទាំងអស់បញ្ចូលមកជារបស់ខ្លួននោះ បានបែកចេញជា២ដាច់ពីគ្នា មួយគឺតុងកឹង និងមួយទៀត គឺកូសាំងស៊ីន ដែលជាអតីតនគរចំប៉ា ឬក្រោយមកត្រូវយួន ឲ្យឈ្មោះថា អណ្ណាម។ បើផ្អែកតាមការអះអាងរបស់ លោក ឡឺក្លែរ ត្រង់ចំណុចនេះ មានន័យថា ពាក្យថា កូសាំងស៊ីន មិនមែនសំដៅទៅលើដែនដីកម្ពុជាក្រោម នោះទេ គឺសំដៅទៅលើដែនដីអណ្ណាម ដែលជាអតីតទឹកដីរបស់នគរចំប៉ា ទៅវិញទេ។ តែទោះយ៉ាងណា ក្រោមការគ្រប់គ្រងរបស់បារាំង បារាំង បានបែងចែកយ៉ាងច្បាស់រវាងដែនដីកូសាំងស៊ីន ដែនដីអណ្ណាម និងតុងកឹង ដែលកូសាំងស៊ីន សំដៅលើកម្ពុជាក្រោម អណ្ណាម សំដៅលើភូមិភាគកណ្ដាលរបស់វៀតណាម សព្វថ្ងៃ ឬអតីតនគរចំប៉ា និងតុងកឹង សំដៅលើទឹកដីវៀតណាម នៅភូមិភាគខាងជើងដែលមានទីក្រុងហាណូយ ជារដ្ឋធានី។

ចំណែកលោក បណ្ឌិត ឥន សុផល  បានលើកឡើងថា ពាក្យ “កូស័ងស៊ីន” គឺសំនៀងដើមជាភាសាចិន ដែលមានន័យថា ជនជាតិចិននិងជនជាតិដាយកូវៀត។ ដូច្នេះពាក្យ “កូស័ងស៊ីន” នេះ គឺពាណិជ្ចករចិនបានហៅតំបន់មួយ ដែលមានជនជាតិចិន និងជនជាតិដាយកូវៀត រស់នៅត្រង់កំពង់ផែដាណាង (Da Nang) ហើយក្រោយមកពាក្យនេះត្រូវបានជនជាតិព័រទុយហ្គាល់ ដែលចូលមកដល់កំពង់ផែដាណាង នៅសតវត្សតី១៥ ក៏ហៅតំបន់នេះតាមសំនៀងភាសាចិនថា “កូស័ងស៊ីន” ដែរ។ ប៉ុន្តែមិនមែនសំដៅមកលើដែនដីកម្ពុជាក្រោមនោះទេ គឺគេសំដោទៅលើតំបន់ពាណិជ្ជកម្ម នៅត្រង់ចំណុចកំពង់ផែដាណាង។

លោកបានបញ្ជាក់ទៀតថាពាក្យ “កូស័ងស៊ីន” ពុំមែនប្រើសម្រាប់សម្គាល់ ទឹកដីខ្មែរដែលយួនយកទៅនោះទេ ប៉ុន្តែក្រោយមកពាក្យនេះ ត្រូវបានអាណានិគមន៍បារាំង ហៅតាមជនជាតិព័រទុយហ្គាល់ នៅពេលបារាំងចូលមកដាក់នឹមអាណានិគមន៍នៅវៀតណាម និងមួយផ្នែកនៃទឹកដីកម្ពុជា ហេតុនេះហើយបារាំង ត្រូវធ្វើការបែងចែកតំបន់នេះជា៣តំបន់រដ្ឋបាល ដើម្បីងាយស្រួលគ្រប់គ្រង។ ផ្នែកខាងជើងវៀតណាម បារាំងហៅថា តំបន់រដ្ឋបាលតុងក័ង(Tonkin)ផ្នែកកណ្ដាល បារាំងហៅថា តំបន់រដ្ឋបាលអាណ្ណាម (Annam)ចំណែកទឹកដីខ្មែរភាគខាងត្បូងបារាំងកំណត់ថា តំបន់រដ្ឋបាលកូស័ងស៊ីន (Co-chinchine)។ ប៉ុន្តែតំបន់រដ្ឋបាល កូស័ងស៊ីននេះ បារាំងកំណត់យកត្រឹមព្រំប្រទល់កំពង់ផែដាណាងចុះមកខាងត្បូង គ្របដណ្ដប់មកលើទឹកដីកម្ពុជាក្រោមទាំងមូល ហេតុនេះហើយទើបគេហៅទឹកដីកម្ពុជាក្រោមថា “កូស័ងស៊ីន”។

  រីឯលោក សឺន ថាយធុន បានលើកឡើងថា ដែនដីកម្ពុជាក្រោម ត្រូវបានជនជាតិយួនគ្រប់ជំនាន់ហៅតាមភាសាយួនថា ណាមគី (Nam Kỳ) ឬ ណាមបូ (Nam Bộ) ដែលមានន័យជាភាសាខ្មែរថា “ភាគខាងត្បូង” និងត្រូវបានបារាំង និងពួកបស្ចិមប្រទេសហៅថា “កូសាំងស៊ីន” ឬ “កូសាំងឆៃណា” ( Cochin China)។ ក្រោយមក ជនជាតិយួនមួយចំនួនហៅ ផ្ដួលសំនៀងពាក្យ កូសាំងស៊ីន ទៅជា ភាសាយួនថា “កូជិនសិន” (Cô Chín Xin) ដែលមានន័យជាភាសាខ្មែរ ថា “ព្រះនាង-ទីប្រាំបួន-សុំ” ដើម្បីបន្លំដានខ្មែរក្រោមថា ដែនដីកម្ពុជាក្រោម ជាកម្មសិទ្ធិ របស់ជនជាតិយួន ព្រោះព្រះនាង ង្វៀង ង៉ុក វ៉ាន់ ( Ngieng Ngọc Vạn) មហេសីយួនរបស់ព្រះបាទ ជ័យជេដ្ឋាទី២ បានសុំពី ព្រះមហាក្សត្រខ្មែរ។

  ខាងក្រោមនេះ ជាហេតុផលមួយ ចំនួនដែលបញ្ជាក់ឲ្យឃើញថា “កូសាំងស៊ីន” មិនមែនមានន័យថា “នាងទីប្រាំ បួនសុំ” ដូចពាក្យ យួនជាភាសាយួនថា “ កូជិនសិន” នោះទេ ។

 ប្រភពពាក្យកូសាំងស៊ីន (Cochin China)៖

  ពាក្យនេះ “កូសាំងស៊ីន” នៅក្នុងភាសាអង់គ្លេស កាត់ចេញជាពីរសព្ទដាច់ដោយឡែកពីគ្នាគឺកូសាំង(Cochin)និងឆៃណា(China)។

១.ពាក្យ “កូសាំង” (Cochin) ជាឈ្មោះទីក្រុងកំពង់ផែមួយនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ដែលពួកបស្ចិមប្រទេស ហៅថា Cochin India ។ ជ្រោយនេះ មានទ្រង់ទ្រាយស្រដៀងនឹងជ្រោយទឹកខ្មៅនៃដែនដីកម្ពុជាក្រោមដែរ។

២.ពាក្យ“ស៊ីន”ឬ“ឆៃណា”(China)វិញសំដៅលើប្រទេសចិន។

  ពេលពួក បារាំងចុះមកធ្វើអាណានិគមនៅកម្ពុជាក្រោម ពួកគេបានដាក់ឈ្មោះ ដែនដីកម្ពុជាក្រោមថា កូសាំងស៊ីន ឬ “កូសាំង ឆៃណា” ដែលមានន័យថា “កូសាំង” ជាប់នឹងប្រទេសចិន ដើម្បីបែងចែក កុំឲ្យច្រឡំគ្នានឹងជ្រោយ “កូសាំងឥណ្ឌា” (Cochin India)។

ផែនទីអាស៊ីអាគ្មេយ៍គូរដោយ លោក Gerardus Mercator និង លោក Jan Hondius នៅឆ្នាំ ១៦០៩ បង្ហាញ កូសាំងស៊ីន នៅតំបន់ តុងកឹង គឺ ហាណូយ ភាគខាងជើង ប្រទេសវៀតណាមសព្វថ្ងៃទេ។

  កូសាំងស៊ីន_មានឈ្មោះមុនស្ដេចខ្មែររៀបអភិសេកជាមួយនឹងស្រីយួន៖

  យោងតាមផែនទីអាស៊ីអាគ្មេយ៍ដែលបានគូរដោយលោក ឈើរ៉ាឌូស មើខាតធើ (Gerardus Mercator) ទស្សនវិទូ និងជា គណិតវិទូជនជាតិអាល្លឺម៉ង់ និង លោក ឆែន ហន់ឌូស (Jan Hondius) នៅឆ្នាំ ១៦០៩ ឃើញថា ឈ្មោះ កូសាំងស៊ីន (Cochin China) ត្រូវបានគេហៅសំដៅនៅតំបន់តុងកឹង គឺហាណូយ ភាគខាងជើង ប្រទេសវៀតណាមសព្វថ្ងៃ មិនមែនសំដៅ លើតំបន់ ដែនដីកម្ពុជាក្រោមទេ។ ម្យ៉ាងទៀត ព្រះបាទជ័យជេដ្ឋាទី២ ព្រះមហាក្សត្រខ្មែរ បានរៀបអភិសេកជាមួយនឹងព្រះនាង ង្វៀង ផុក ង៉ុក វ៉ាង (Công nữ Ngọc Vạn) ជាបុត្រីទី២ របស់ស្ដេចយួន ង្វៀង ផុក ង្វៀង ( Nguyễn Phúc Nguyên) នៅក្នុងឆ្នាំ ១៦១៨ ដែលបញ្ជាក់ឲ្យឃើញថា ឈ្មោះ កូសាំងស៊ីន មានមកមុនស្ដេចខ្មែររៀបអភិសេកបុត្រីយួនទៅទៀត។ កត្តានេះ វាផ្ទុយទៅនឹងអ្វី ដែលជនជាតិយួនលើកឡើងក្រៅផ្លូវការ ថាបារាំងបានដាក់ឈ្មោះដែនដីកម្ពុជាក្រោមថា “កូសាំងស៊ីន” ដើម្បីតបស្នងសងគុណដល់ “ព្រះនាងទី ប្រាំបួន” ដែលបានសុំដែនដីម្ដុំនេះពីស្ដេចខ្មែរ។

 នាង_ង៉ុក_វ៉ាង_ជាបុត្រីទី២របស់ស្ដេចយួន_មិនមែនទី៩ទេ៖

  យោងតាមប្រវត្តិនាង ង្វៀង ផុក ង៉ុក វ៉ាន មហេសីយួនរបស់ ព្រះបាទជ័យជេដ្ឋាទី២ ព្រះមហាក្សត្រខ្មែរ ដែលចុះផ្សាយនៅលើ គេហទំព័រសព្វាវចនាធិប្បាយ Wikipedia នាង ង៉ុក វ៉ាន់ ជាបុត្រីទី២ របស់ស្ដេចយួន ង្វៀង ផុក ង្វៀង មិនមែនជាបុត្រីទី៩ ទេ ។

យោងតាមសៀវភៅប្រវត្តិព្រះរាជាណាចក្រកម្ពុជាជាភាសាបារាំងឈ្មោះ ហួយ៉ាំ ឌុយ កាំបូដហ្គ៍ (Royaume du Cambodge) នៅខែមីនា ឆ្នាំ១៦១៨ ព្រះបាទជ័យចេស្ដា ឬ ព្រះបាទជ័យជេដ្ឋាទី២ ត្រូវបានគេប្រទានព្រះគោរម្យងារជា សម្ដេចព្រះជ័យចេស្ដាធិរាជរាមាធិបតី បរមបពិត្រ។ ពេលនោះ ស្ដេចយួន អាណ្ណាម ក៏បានលើក ព្រះនាង ង៉ុក វ៉ាន់ បុត្រីរបស់ខ្លួនឲ្យស្ដេចខ្មែរ ហើយត្រូវ បានគេប្រទានព្រះគោរម្យងារថា "សម្ដេចព្រះរាជវតី ព្រះវររាជក្សត្រី" ។

 ពាក្យ “China” ឬ “Chine” មិនមែនប្រែថា “សុំ”៖

  យោងតាមអក្សរ “សុំ” ក្នុងភាសាយួនគេសរសេរថា “Xin” ផ្សំពីតួអក្សរ “X-I-N” មិនមែនជា “ China” ឬ “Chine” ដែលសំដៅ លើប្រទេស “ចិន” ដូចសព្ទដើមរបស់ពាក្យ “Cochin China” នោះទេ។ ដូច្នេះ ពាក្យកូសាំងស៊ីន ឬ កូសាំងឆៃណា មានន័យថា “ជ្រោយកូសាំង” នៅជាប់នឹង “ប្រទេសចិន” មិនមែនមានន័យថា ដែនដីដែល “ព្រះនាងទីប្រាំបួនសុំ” ទេ។

 កូសាំងស៊ីនឈ្មោះបារាំងដាក់ឲ្យ៖

  ខ្មែរក្រោមហៅ ដែនដីតំបន់នេះថា កម្ពុជាក្រោម ចំណែក ជនជាតិយួនហៅជាផ្លូវការថា ណាមគី (Nam Ky) ឬ ណាមបូ (Nam Bo) ខណៈ ពាក្យ “កូសាំងស៊ីន” ត្រូវបានពួក     បច្ចឹមប្រទេសហៅសំដៅតំបន់តឹងកឹង ឬ ហាណូយ ភាគខាងជើង នៃប្រទេសវៀតណាម បច្ចុប្បន្ន ទៅវិញ។ ក្រោយមក ពេលបារាំង បានធ្វើអាណានិគមទាំងស្រុង នៅកម្ពុជាក្រោមនាឆ្នាំ១៨៦៧ ពួកគេបានហៅ កម្ពុជាក្រោម ជាភាសាបារាំងថា “កូសាំងស៊ីន” (Cochin China) ហើយហៅតំបន់អតីតនគរចាម្ប៉ា ឬ ភាគកណ្ដាល នៃប្រទេសវៀតណាមបច្ចុប្បន្នថា អាណ្ណាម និង តំបន់ហាណូយ ហៅថា តុងកឹង វិញ៕

ឆ្លងតាមការពិភាក្សាក្នុងចំណោមអ្នកសិក្សាស្រាវជ្រាវ យើងសង្កេតឃើញថា ពាក្យ “កូសាំងស៊ីន” នេះនៅតែមានភាពស្រពិចស្រពិលនៅឡើយ។ តែទោះជាយ៉ាងនេះក្ដី យើងអាចសន្និដ្ឋានបានថា ពាក្យនេះគ្រាន់តែជាឈ្មោះមួយដែលពួកបច្ចឹមប្រទេសហៅ តំបន់មួយដែលខ្លួនបានមកដល់ ឬគ្រប់គ្រង ប៉ុណ្ណោះ។ មិនបានសម្គាល់តែលើទឹកដីកម្ពុជាក្រោម ឬ ដែនដីដែល នាងទី៩សុំ ពីព្រះបាទជ័យជេដ្ឋាទី២នោះទេ ព្រោះ “កូជិនសិន” មិនមែនមានន័យថា សុំ ហើយពាក្យនេះទៀតសោត មានតាំងពីមុនពេលព្រះបានជ័យជេដ្ឋារៀបអភិសេកជាមួយព្រះនាង ង្វៀង ង៉ុក វ៉ាន់មកម្លេះ ហើយព្រះនាងក៏មិនមែនជាកូនទី៩របស់ស្ដេច ង្វៀង ផុក ង្វៀងនោះដែរ។

អត្ថបទដោយ ឈិន ចណ្ឌី និស្សិតប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ឯកសារពិគ្រោះ
 ១.លោក សាំង ម៉ាក់សាង.(២០០០).កូសាំងស៊ីនជាដែនដីរបស់ខ្មែរ...ត្រូវប្រគល់ឲ្យខ្មែរវិញ.បោះមុម្ពលើកទី២ រោងពុម្ព អប្សរា  ២.លោក ត្រាំង ឆាតប៊ុត.(២០០៥).កម្ពុជាក្រោមអំណាចគ្មានខ្មែរក្រោម.បោះពុម្ពលើកទី១   រោងពុម្ព ឥន្ទ្រទេវី  ៣.លោក អាដេម៉ារ ឡឺក្លែរ.(២០០៥).ប្រវត្តិសាស្ត្រប្រទេសកម្ពុជា.បោះពុម្ព  មជ្ឍមណ្ឌលឯកសារកម្ពុជា  ៤.លោក ឥន សុផល.(២០១៦).កម្ពុជារវាងសៀម-យួននិងអាណានិគមន៍បារាំង  ៥.https://www.rfa.org/khmer/program/kampuchea_krom/Cochinchine-history-04102014042523.html  ៦.http://vokk.net/…/Cochin%20China%20-%20Koeun%20P.%20Thach.m…</ref></ref></ref>