ពិធីបុណ្យមាឃបូជា

ពីវិគីភីឌា

មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងព្រះពុទ្ធសាសនា ដែលរួមពិធីបុណ្យមាន: មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា) ។ បុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនា ឡើងក្នុងលោកនៅ ប្រទេសឥណ្ឌា កាលពី ៥៨៨ ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី ១៥ កើតខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់ ។ ការបង្កើត ព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន ១.២៥០ អង្គ ជាសមាជិកក្នុងអង្គមហាសន្និបាតមួយដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់ ។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនូវគោលការណ៍ចំនួន ១១ ប្រការសម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀតឲ្យបានយល់អំពី ពុទ្ធសាសនា ។ គោលការណ៍ទាំង ១១ ប្រការនេះមានឈ្មោះជាភាសាបាលីថា "ឱវាទបាដិមោក្ខ" ដែលពុទ្ធសាសនិកជនម្នាក់ៗត្រូវយកមកសិក្សាឲ្យយល់ដឹងនិងអនុវត្តដូចតទៅ:

  1. គោលបំណងៈ គោលបំណងរបស់ ព្រះពុទ្ធសាសនា ឬក៏ដូចជា គោលបំណងរបស់ពុទ្ធសាសនិកម្នាក់ៗ គឺសែ្វងរកនិព្វានដែលប្រែថា សភាវ:ប្រាសចាកទុក្ខ មិនមានសេចក្តីទុក្ខ មិនមានបញ្ហានៅក្នុងដួងចិត្តរបស់ខ្លួន ពាក្យនិព្វាននេះ មានន័យស្មើនិងពាក្យថា "សន្តិ" ដែលប្រែថា "សេចក្តីស្ងប់" ។ យើងអាចនិយាយថា គោលបំណង របស់ ព្រះពុទ្ធសាសនា គឺការបង្កើតឡើងនូវ សន្តិភាព ក្នុងដួងចិត្តនេះដែរ ក៏ជាមូលដ្ឋានគ្រឹះនៃសន្តិភាពក្នុងសង្គមដែលខ្លួនរស់នៅផង ។ ការកាន់ ព្រះពុទ្ធសាសនា គឺជាការប្រឹងប្រែងដើម្បីបង្កើតសន្តិភាពដល់ខ្លួន និងចូលរួមចំណែកដល់សន្តិភាពសង្គម និង ពិភពលោក នេះជាកាតព្វកិច្ចដែលពុទ្ធសាសនិកម្នាក់ៗត្រូវប្រឹងប្រែងធ្វើអោយសម្រេច ។
  2. គោលដៅ: សន្តិភាព ឬនិញ្វន មិនមែនកើតឡើងដោយការសុំបន់ស្រន់បួងសួងទេ និងក៏មិនអាចកើតឡើងដោយសារផ្តល់ឬប្រទានឲ្យដោយចិត្តស្រឡាញ់មេត្តារបស់អាទិទេព ឬព្រះជាម្ចាស់អង្គណាមួយឡើយ សន្តិភាពនេះកើតដោយសារការសន្សំរបស់សកម្មភាព ៣ យ៉ាងគឺ:
    1. ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទមិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយនិងផ្លូវសម្តី ។
    2. ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អឲ្យស្ថិតសេ្ថរគង់វង្សក្នុងជីវិតរស់នៅប្រចាំថៃ្ង ទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្តី ។
    3. ពង្រឺងចិត្តដែលជាមូលដ្ឋាននៃអំពើ ដោយកម្ចាត់កិលេស ឬមេរោគដែលតោង ចិត្តឲ្យអស់ទៅ រហូតដល់ចិត្តស្អាតបរិសុទ្ធ មិនមានសភាវៈអាក្រក់ស្ថិតនៅ ។
  3. លក្ខណៈរបស់ព្រះពុទ្ធសាសនិកជន ៖
    1. លក្ខខណ្ឌទី ១ ៖ មានការអត់ធ្មត់ក្នុងការធ្វើអំពើល្អ និងកម្ចាត់អំពើអាក្រក់ ។
    2. លក្ខខណ្ឌទី ២ ៖ មិនប្រើអំពើហិង្សាក្នុងការរស់នៅ ។
    3. លក្ខខណ្ឌទី ៣ ៖ មិនប្រើពាក្យបៀតបៀននិងតិះដៀលអ្នកដទៃ ។
    4. លក្ខខណ្ឌទី ៤ ៖ រក្សាសីល រស់នៅក្នុងច្បាប់ យកច្បាប់ជាធំ ។
    5. លក្ខខណ្ឌទី ៥ ៖ បរិភោគ ប្រើប្រាស់វត្ថុទាំងទ្បាយដោយសន្សំសំចៃនិងស្គាល់ប្រមាណ ។
    6. លក្ខខណ្ឌទី ៦ ៖ ចូលចិត្តភាពស្ងប់ស្ងាត់ និងបង្កើតបរិយាកាសស្ងប់ស្ងាត់ ។
    7. លក្ខខណ្ឌទី ៧ ៖ មានសេចក្តីព្យាយាមក្នុងការសម្អាតចិត្ត ធ្វើឲ្យចិត្តមានសមាធិ ។
  4. មេរៀនពីបុណ្យមាឃបូជា ៖​ ថៃ្ងនេះជាថៃ្ងដែលព្រះពុទ្ធអង្គទ្រង់ប្រកាសគោលការណ៍ទាំង ១១ ប្រការនេះ សម្រាប់ជាប្រយោជន៍ដល់បរិស័ទយកទៅប្រើប្រាស់ៈ
    1. ចំណុច ១ ៖ ក្នុងឋានៈជាបរិស័ទ ការអនុវត្តតាមប្រការទាំង ១១ នេះនឹងនាំទៅរកសន្តិភាពផ្លូវចិត្តជាពិតប្រាកដ ។
    2. ចំណុច ២ ៖ ក្នុងឋានៈជាពលរដ្ឋ ក្នុងសង្គម ការមានគោលបំណងរួម មានគោលដៅដូចគ្នា និងការប្រព្រឹត្តប្រហាក់ប្រហែលគ្នានេះ នឹងអាចនាំមកនូវ សន្តិភាព និងការអភិវឌ្ឍដែលប្រកបដោយនិរន្តរភាព ។
    3. ចំណុច ៣ ៖ ក្នុងឋានៈជាក្រុមបក្សនៅក្នុងសង្គម ឬប្រទេសជាតិមួយដែលព្យាយាមសែ្វងរកនូវឱកាសដើម្បីរក្សាសន្តិភាព និងជំរុញដល់ការអភិវឌ្ឍដល់ ប្រទេសជាតិតែឯងនោះ ការគោពតាមគោលការណ៍ទាំង ១១ ប្រការនេះនឹងកាត់បន្ថយបាននូវអស្ថិរភាព ជម្លោះ និងអំពើហិង្សាដែលកើតមកពីការប្រគួតប្រជែងគ្នាបាន ។
    4. ចំណុច ៤ ៖ ក្នុងឋានៈជាអ្នកផ្សាយសាសនា ការប្រព្រឹត្តទៅតាមគោលការណ៍នេះ នឹងនាំឲ្យមានការយោគយល់ ការផ្តល់កិត្តិយស ដល់គ្នានិងគ្នា និងការរស់នៅជុំគ្នា ក្នុងឋានៈជាមនុស្សជាតិបាន បើទោះជាមាន សាសនាខុសគ្នាៗក៏ដោយ ។
    5. ចំណុច ៥: ក្នុងឋានៈជាអន្តរជាតិ ការគោរពតាមគោលការណ៍នេះ នឹងនាំមកនូវនិរន្តរភាពរបស់មនុស្សជាតិ បរិស្ថានធម្មជាតិ ពិភពសត្វ និងអាកាសធាតុដ៏យូរអងែ្វងបាន ដោយមិនបាច់ព្រួយបារម្ភក្នុងការដណ្តើមគ្នា ដើម្បីរស់ឡើយ ។

សង្ឃឺមថា យើងម្នាក់ៗអាចទាញយកប្រយោជន៍បានខ្លះពីថៃ្ងមាឃបូជានេះ នឹងអញ្ជើញនាំគ្នាធ្វើបុណ្យទានរក្សាសីល និងសមាធិសម្អាតចិត្តរបស់ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជានិងរំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានបង្កើត ព្រះពុទ្ធសាសនាសម្រាប់ជាមាគ៌ា‌ជីវិតដល់ពួកយើងទាំងអស់គ្នា ។

ឯកសារយោង[កែប្រែ]

អត្ថបទរបស់លោកធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍