កកចូបមសូត្រ

ពីវិគីភីឌា
Jump to navigation Jump to search

ព្រះត្រៃបិដក > សុត្តន្តបិដក > មជ្ឈិមនិកាយ > មូលបណ្ណាសកៈ

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក៏សម័យ​នោះឯង ព្រះមោលិយផគ្គុនមានអាយុ នៅច្រឡូកច្រឡំ ជាមួយនឹងពួកភិក្ខុនីហួសវេលា ។ ព្រះមោលិយផគ្គុនមានអាយុ តែងនៅច្រឡូកច្រឡំ ជាមួយនឹងពួកភិក្ខុនីយ៉ាងនេះ ។ បើមានភិក្ខុណាមួយ ពោលទោសពួកភិក្ខុនីទាំងនោះ ក្នុងទីចំពោះមុខព្រះមោលិយផគ្គុនមានអាយុ ព្រះមោលិយផគ្គុនមានអាយុ ក៏ខឹងអាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍ដោយហេតុនោះផង ។ បើមានភិក្ខុណាមួយ ពោលទោសព្រះមោលិយផគ្គុនមានអាយុ ក្នុងទីចំពោះមុខពួកភិក្ខុនីទាំងនោះ ពួកភិក្ខុនី ក៏ខឹងអាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍ដោយហេតុនោះផង ។ ព្រះមោលិយផគ្គុនមានអាយុ តែងនៅច្រឡូកច្រឡំ ដោយពួកភិក្ខុនីយ៉ាងនេះ ។ គ្រានោះ មានភិក្ខុ ១ រូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានបុណ្យ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន មោលិយផគ្គុនមានអាយុ នៅច្រឡូកច្រឡំ ជាមួយនឹងពួកភិក្ខុនីហួសវេលា បពិត្រព្រះអង្គដ៏ចម្រើន មោលិយផគ្គុនមានអាយុ តែងនៅច្រឡូកច្រឡំ ជាមួយនឹងពួកភិក្ខុនីយ៉ាងនេះ បើមានភិក្ខុណាមួយ ពោលទោសភិក្ខុនីទាំងនោះ ក្នុងទីចំពោះមុខមោលិយផគ្គុនមានអាយុ មោលិយផគ្គុនមានអាយុ ក៏ខឹងអាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍ ដោយហេតុនោះផង បើមានភិក្ខុណាមួយ ពោលទោសមោលិយផគ្គុនមានអាយុ ក្នុងទីចំពោះមុខភិក្ខុនីទាំងនោះ ភិក្ខុនីទាំងអម្បាលនោះ ក៏ខឹងអាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍ ដោយហេតុនោះផង បពិត្រព្រះអង្គដ៏ចម្រើន មោលិយផគ្គុនមានអាយុ តែងនៅច្រឡូកច្រឡំ ជាមួយនឹងពួកភិក្ខុនីយ៉ាងនេះឯង ។

[២] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុ ១ រូបមកថា ម្នាលភិក្ខុ ចូរអ្នកមកអាយ អ្នកចូលទៅហៅ មោលិយផគ្គុនភិក្ខុ តាមពាក្យតថាគតថា ម្នាលអាវុសោមោលិយផគ្គុន ព្រះសាស្តា ទ្រង់ត្រាស់ហៅអ្នក ។ ភិក្ខុនោះទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ចូលទៅរកមោលិយផគ្គុនមានអាយុ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងព្រះមោលិយផគ្គុនមានអាយុថា ម្នាលអាវុសោមោលិយផគ្គុន ព្រះសាស្តាទ្រង់ត្រាស់ហៅលោក ។ ព្រះមោលិយផគ្គុនមានអាយុ ទទួលពាក្យភិក្ខុនោះថា អើអាវុសោ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះមោលិយផគ្គុនមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ មានព្រះពុទ្ធតម្រាស់នេះថា ម្នាលផគ្គុន អ្នកនៅច្រឡូកច្រឡំ ជាមួយនឹងួកភិក្ខុនីហួសវេលា ពិតមែនឬ ម្នាលផគ្គុន អ្នកនៅច្រឡូកច្រឡំ ជាមួយពួកភិក្ខុនីយ៉ាងនេះ បើមានភិក្ខុណាមួយ ពោលទោសពួកភិក្ខុនីនោះ ក្នុងទីចំពោះមុខអ្នក ៗក៏ខឹងអាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍ដោយហេតុនោះផង ពុំនោះសោត បើមានភិក្ខុណាមួយ ពោលទោសអ្នក ក្នុងទីចំពោះមុខពួកភិក្ខុនីៗនោះ ក៏ខឹងអាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍ ដោយហេតុនោះផង ម្នាលផគ្គុន បានឮថា អ្នកតែងនៅច្រឡូកច្រឡំ ជាមួយនឹងពួកភិក្ខុនី យ៉ាងនេះឬ ។ ព្រះករុណាព្រះអង្គ ។ ម្នាលផគ្គុន ចុះក្រែងអ្នកជាកុលបុត្រចេញចាកផ្ទះ ចូលមកកាន់ផ្នួសដោយសទ្ធាឬ ។ ព្រះករុណាព្រះអង្គ ។ ម្នាលផគ្គុន អ្នកនៅច្រឡូកច្រឡំជាមួយពួកភិក្ខុនីហួសវេលា ដោយអំពើណា អំពើនុ៎ះមិនសមគួរដល់អ្នក ដែលជាកុលបុត្រចេញចាកផ្ទះ ចូលមកកាន់ផ្នួសដោយសទ្ធាឡើយ ។ ម្នាលផគ្គុន ព្រោះហេតុនោះ បើប្រសិនជាមានភិក្ខុណាមួយ ពោលទោសពួកភិក្ខុនីនោះ ចំពោះមុខអ្នក ម្នាលផគ្គុន ឆន្ទៈណា ដែលអាស្រ័យនូវផ្ទះ គឺបញ្ចកាមគុណ វិតក្កៈណា ដែលអាស្រ័យនូវផ្ទះគឺ បញ្ចកាមគុណ អ្នកគប្បីលះបង់ឆន្ទៈ និងវិតក្កៈទាំងនោះ ក្នុងការពោលទោសនោះចេញ ម្នាលផគ្គុន មួយទៀត ក្នុងការពោលទោសនោះ អ្នកត្រូវសិក្សាយ៉ាងនេះថា ចិត្តរបស់អាត្មាអញនឹងមិនប្រែប្រួលផង អាត្មាអញនឹងមិនបញ្ចេញវាចាអាក្រក់ផង អាត្មាអញនឹងជាអ្នកមានសេចក្តីអនុគ្រោះដោយប្រយោជន៍ ជាអ្នកមានមេត្តាចិត្ត មិនមានទោសចិត្តផង ម្នាលផគ្គុន អ្នកត្រូវសិក្សា យ៉ាងនេះចុះ ។ ម្នាលផគ្គុន ព្រោះហេតុនោះ បើប្រសិនជាមានភិក្ខុណាមួយ ឲ្យនូវការប្រហារដោយដៃ ឲ្យនូវការប្រហារ ដោយដុំដី ឲ្យនូវការប្រហារ ដោយដំបង ឲ្យនូវការប្រហារ ដោយគ្រឿងសាស្ត្រា ដល់ពួកភិក្ខុនីនោះ ក្នុងទីចំពោះមុខអ្នក ម្នាលផគ្គុន ឆន្ទៈណា ដែលអាស្រ័យនូវផ្ទះគឺ បញ្ចកាមគុណ វិតក្កៈណា ដែលអាស្រ័យនូវផ្ទះគឺ បញ្ចកាមគុណ អ្នកគប្បីលះបង់នូវឆន្ទៈ និងវិតក្កៈទាំងនោះ ក្នុងការឲ្យនូវប្រហារនោះចេញ ម្នាលផគ្គុន មួយទៀត ក្នុងការឲ្យនូវប្រហារនោះ អ្នកត្រូវសិក្សាយ៉ាងនេះថា ចិត្តរបស់អាត្មាអញ នឹងមិនប្រែប្រួលផង អាត្មាអញ នឹងមិនបញ្ចេញវាចាអាក្រក់ផង អាត្មាអញ នឹងជាអ្នកអនុគ្រោះដោយប្រយោជន៍ ជាអ្នកមានមេត្តាចិត្ត មិនមានទោសចិត្តផង ម្នាលផគ្គុន អ្នកត្រូវសិក្សាយ៉ាងនេះចុះ ។ ម្នាលផគ្គុន ព្រោះហេតុនោះ បើប្រសិនជាមានភិក្ខុណាមួយ ពោលទោសចំពោះមុខអ្នក ម្នាលផគ្គុន ឆន្ទៈណា ដែលអាស្រ័យនូវផ្ទះគឺ បញ្ចកាមគុណ វិតក្កៈណា ដែលអាស្រ័យនូវផ្ទះគឺបញ្ចកាមគុណ អ្នកគប្បីលះបង់នូវឆន្ទៈ និងវិតក្កៈទាំងនោះ ក្នុងការពោលទោសនោះចេញ ម្នាលផគ្គុន មួយទៀត ក្នុងការពោលទោសនោះ អ្នកត្រូវសិក្សាយ៉ាងនេះថា ចិត្តរបស់អាត្មាអញនឹងមិនប្រែប្រួលផង អាត្មាអញ នឹងមិនបញ្ចេញវាចាអាក្រក់ផង អាត្មាអញ នឹងជាអ្នកអនុគ្រោះដោយប្រយោជន៍ ជាអ្នកមានមេត្តាចិត្ត មិនមានទោសចិត្តផង ម្នាលផគ្គុន អ្នកត្រូវសិក្សាយ៉ាងនេះចុះ ។ ម្នាលផគ្គុន ព្រោះហេតុនោះ បើប្រសិនជាមានភិក្ខុណាមួយ ឲ្យនូវការប្រហារដោយដៃ ឲ្យនូវការប្រហារដោយដុំដី ឲ្យនូវការប្រហារដោយដំបង ឲ្យនូវការប្រហារដោយគ្រឿងសស្ត្រាចំពោះអ្នក ម្នាលផគ្គុន ឆន្ទៈណាដែលអាស្រ័យនូវផ្ទះគឺ បញ្ចកាមគុណ វិតក្កៈណា ដែលអាស្រ័យនូវផ្ទះ គឺបញ្ចកាមគុណ អ្នកគប្បីលះបង់ឆន្ទៈ និងវិតក្កៈទាំងនោះ ក្នុងការឲ្យនូវប្រហារនោះចេញ ម្នាលផគ្គុន មួយទៀត ក្នុងការឲ្យនូវប្រហារនោះ អ្នកត្រូវសិក្សា យ៉ាងនេះថា ចិត្តរបស់អាត្មាអញ នឹងមិនប្រែប្រួលផង អាត្មាអញនឹងមិនបញ្ចេញវាចាអាក្រក់ផង ជាអ្នកអនុគ្រោះ ដោយប្រយោជន៍ មានចិត្តមេត្តា មិនមានទោសចិត្តផង ម្នាលផគ្គុន អ្នកត្រូវសិក្សាយ៉ាងនេះចុះ ។

[៣] លំដាប់នោះឯង ព្រះមានព្រះភាគទ្រង់ត្រាស់ទៅនឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុបានញ៉ាំងចិត្តតថាគតឲ្យត្រេកអរ ក្នុងសម័យមួយហើយ ។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រាប់ភិក្ខុទាំងឡាយ ក្នុងទីនេះថា ម្នាលភិក្ខុទាំងឡាយ តថាគតឆាន់ភោជនតែក្នុងអាសនៈមួយ ម្នាលភិក្ខុទាំងឡាយ កាលតថាគតឆាន់ភោជនតែក្នុងអាសនៈមួយ តថាគត ក៏បានប្រសព្វនូវការមិនមានអាពាធផង មិនមានរោគផង ក្រោកទៅមកបានរហ័សរហួនផង កម្លាំងកាយផង ការនៅជាសុខសប្បាយផង ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ អ្នកទាំងឡាយ ចូរបរិភោគភោជនតែក្នុងអាសនៈមួយ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ បរិភោគភោជន ក្នុងអាសនៈមួយ អ្នកទាំងឡាយ នឹងបានប្រសព្វនូវការមិនមានអាពាធផង មិនមានរោគផង ក្រោកទៅមកបានហ័សរហួនផង កម្លាំងកាយផង ការនៅជាសុខសប្បាយផង មិនខាន ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនបានធ្វើ នូវការប្រៀបប្រដៅភិក្ខុទាំងនោះទេ ម្នាលភិក្ខុទាំងឡាយ តថាគត គ្រាន់តែដាស់ស្មារតីភិក្ខុទាំងឡាយនោះ ប៉ុណ្ណោះ ។ ម្នាលភិក្ខុទាំងឡាយ ដូចជារថទឹមសេះអាជានេយ្យ មានទាំងសេះដែលគេបង្វឹកល្អហើយ មានជន្លួញប្រុងប្រៀប ទឹមបញ្ឈរទុកត្រង់ផ្លូវធំបំបែកជា ៤ មានផែនដីដ៏រាបស្មើ បង្វឹកទូន្មាន គ្រូអ្នកបង្ហាត់ បានឡើងជិះរថនោះ កាន់ខ្សែបរដោយដៃឆ្វេង កាន់ជន្លួញដោយដៃស្តាំ បរទៅមុខខ្លះ បរវិលត្រឡប់ថយក្រោយខ្លះ តម្រង់ទៅរកផ្លូវដែលខ្លួនប្រាថ្នា និងដំណើរដែលខ្លួនប្រាថ្នា សេចក្តីនេះមានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត មិនគួរធ្វើនូវការប្រៀនប្រដៅភិក្ខុទាំងឡាយនោះទេ ម្នាលភិក្ខុទាំងឡាយ តថាគត គួធ្វើតែត្រឹមការដាស់ស្មារតីភិក្ខុទាំងឡាយនោះប៉ុណ្ណោះ មានឧបមេយ្យដូច្នោះឯង ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរលះអកុសលចេញ ចូរធ្វើនូវសេចក្តីព្យាយាម ក្នុងកុសលធម៌ទាំងឡាយ ព្រោះថា កាលបើអ្នកទាំងឡាយ បានធ្វើយ៉ាងនេះ នឹងបានដល់នូវសេចក្តីចម្រើន ដុះដាល ធំទូលាយ ក្នុងធម្មវិន័យនេះ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាព្រៃឈើធំនៅជិតស្រុក ឬនិគម ព្រៃឈើនោះ សឹងតែដេរដាស ដោយវល្លិឯលណ្ឌៈ [ អដ្ឋកថា ថា បានដល់វល្លិ៍ ដែលប្រទូស្តដើមឈើ គឺរួបរឹតឲ្យវិនាស ] បុរសណាមួយ ប្រាថ្នានូវសេចក្តីចម្រើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីក្សេមក្សាន្ត ចាកគ្រឿងរួបរឹត ដល់ព្រៃឈើនោះ បុរសនោះ ឆ្កាកូនឈើដែលវៀចៗ មានឱជារសផែនដីជ្រួតជ្រាបទៅដល់ ហើយនាំយកចេញទៅខាងក្រៅ ជម្រះទីខាងក្នុងព្រៃឲ្យស្អាតបាត រួចថែរក្សាកូនឈើ ដែលដុះឡើងត្រង់ៗ ម្នាលភិក្ខុទាំងឡាយ ក៏កាលបើបុរសនោះ បានធ្វើយ៉ាងនេះ ព្រៃឈើនោះឯង មុខជានឹងដល់នូវសេចក្តីចម្រើន ដុះដាល ធំទូលាយ ក្នុងសម័យខាងក្រោយមកពុំខាន សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់អកុសលចេញ ចូរធ្វើនូវសេចក្តីព្យាយាម ក្នុងកុសលធម៌ទាំងឡាយ ព្រោះថា កាលបើអ្នកទាំងឡាយបានធ្វើយ៉ាងនេះ នឹងដល់នូវសេចក្តីចម្រើន ដុះដាល ធំទូលាយ ក្នុងធម្មវិន័យនេះពុំខាន មានឧបមេយ្យយ៉ាងនោះឯង ។

[៤] ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា មានគហបតានីម្នាក់ ឈ្មោះនាង វេទេហិកា នៅក្នុងក្រុងសាវត្ថីនេះឯង ។ ម្នាលភិក្ខុទាំងឡាយ កិត្តិសព្ទដ៏ពីរោះ របស់នាង វេទេហិកាគហបតានី ល្បីខ្ចរខ្ចាយ សុសសាយទៅ យ៉ាងនេះថា នាងវេទេហិកាគហបតានី ជាស្ត្រីស្លូត នាងវេទេហិកាគហបតានី ជាស្ត្រីសភាពរាបទាប នាងវេទេហិកាគហបតានី ជាស្ត្រីស្រគត់ស្រគំ ។ ម្នាលភិក្ខុទាំងឡាយ ឯនាងវេទេហិកាគហបតានី មានទាសី ១ នាក់ ឈ្មោះ កាឡី ជាស្ត្រីឈ្លាសវៃ មិនខ្ជិលច្រអូស ជាអ្នកចាត់ចែងការងារល្អ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង នាងកាឡីទាសី មានសេចក្តីត្រិះរិះដូច្នេះថា នាងម្ចាស់របស់អាត្មាអញ មានកិត្តិសព្ទដ៏ពីរោះល្បីខ្ចរខ្ចាយ សុសសាយទៅយ៉ាងនេះថា នាងវេទេហិកាគហបតានី ជាស្ត្រីស្លូត នាងវេទេហិកាគហបតានី ជាស្ត្រីសុភាពរាបទាប នាងវេទេហិកាគហបតានី ជាស្ត្រីស្រគត់ស្រគំដូច្នេះ ចុះអ្នកស្រីជាម្ចាស់អញ មានកំហឹងខាងក្នុងដែរ តែមិនធ្វើឲ្យប្រាកដឬ ឬមិនមានកំហឹងខាងក្នុងទេ ឬក៏ដោយសារការងារទាំងនុ៎ះ ដែលអញបានចាត់ចែងត្រឹមត្រូវ បានជាអ្នកស្រីជាម្ចាស់អញមិនបញ្ចេញកំហឹងខាងក្នុងដែលមានដែរ មិនមែនជាមិនមានទេ បើដូច្នោះ មានតែអញល្បងអ្នកស្រីជាម្ចាស់លមើល ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ នាងកាឡីទាសីក្រោកឡើង (ពីដំណេក) ក្នុងវេលាថ្ងៃពេក ។ ម្នាលភិក្ខុទាំងឡាយ ក្នុងពេលនោះ នាងវេទេហិកាគហបតានី បាននិយាយនឹងនាងទាសីកាឡី ដូច្នេះថា នែមេកាឡី ។ នាងកាឡីទាសីឆ្លើយតបថា អ្នកស្ត្រីមានប្រសាសន៍ថាម៉េច ។ ចុះហង ម្តេចក៏ក្រោកទាល់ថ្ងៃម៉្លេះ ។ គ្មានអ្វីទេអ្នកស្រី ។ នាងវេទេហិកាគហបតានី ក៏ខឹងអាក់អន់ចិត្ត ធ្វើមុខក្រញូវស្រដីថា យើមេចោរទាសីគម្រក់ បើមិនមានអ្វីទេ ម្តេចក៏ហងឯងក្រោកទាល់តែថ្ងៃម៉្លេះ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ កាឡីទាសីមានសេចក្តីត្រិះរិះដូច្នេះថា អ្នកស្ត្រីជាម្ចាស់អញ មានកំហឹងខាងក្នុងដែរ តែមិនធ្វើឲ្យប្រាកដ មិនមែនជាមិនមានទេ ដោយសារការងារទាំងនុ៎ះ អាត្មាអញ បានចាត់ចែងត្រឹមត្រូវ បានជាអ្នកស្ត្រីជាម្ចាស់អញ មិនបញ្ចេញកំហឹងខាងក្នុងដែលមានដែរ មិនមែនជាមិនមានទេ បើដូច្នោះ គួរតែអញល្បងមើលម្ចាស់អញ ឲ្យលើសជាងនេះទៅទៀត ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ នាងកាឡីទាសីក្រោកឡើង (ពីដំណេក) រឹងរឹតតែទាល់ថ្ងៃជាងមុនទៅទៀត ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ នាងវេទេហិកាគហបតានី បាននិយាយនឹងនាងទាសីកាឡីដូច្នេះថា នែមេកាឡី ។ នាងកាឡីទាសីឆ្លើយតបថា អ្នកស្ត្រីមានប្រសាសន៍ថាម៉េច ។ ចុះហងម្តេចក៏ក្រោកទាល់ថ្ងៃម៉្លេះ ។ គ្មានអ្វីទេអ្នកស្រី ។ នាងវេទេហិកាគហបតានី ក៏ខឹងអាក់អន់ចិត្ត ក៏បញ្ចេញវាចា ដោយសេចក្តីអាក់អន់ចិត្តថា យើមេចោរទាសីគម្រក់ បើមិនមានអ្វីទេ ម្តេចក៏ហងក្រោកទាល់ថ្ងៃម៉្លេះ ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ កាឡីទាសីមានសេចក្តីត្រិះរិះ ដូច្នេះថា អ្នកស្ត្រីជាម្ចាស់អញ មានកំហឹងខាងក្នុងដែរ តែមិនធ្វើឲ្យប្រាកដ មិនមែនជាមិនមានទេ ដោយសារការងារទាំងនុ៎ះ ដែលអាត្មាអញបានចាត់ចែងត្រឹមត្រូវ បានជាអ្នកស្ត្រីជាម្ចាស់អញ មិនបញ្ចេញកំហឹងខាងក្នុង មិនមែនជាមិនមានទេ បើដូច្នោះ គួរតែអញល្បងមើលអ្នកស្ត្រីជាម្ចាស់ឲ្យលើសជាងនេះទៅទៀត ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ នាងកាឡីទាសីក្រោកឡើង (ពីដំណេក) រឹងតិតតែទាល់ថ្ងៃជាងមុនទៅទៀត ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ នាងវេទេហិកាគហបតានី បាននិយាយនឹងកាឡីទាសី ដូច្នេះថា នែមេកាឡី ។ កាឡីទាសីឆ្លើយតបថា អ្នកស្ត្រីមានប្រសាសន៍ថាម៉េច ។ ចុះហងម្តេចក៏ក្រោកទាល់ថ្ងៃម៉្លេះ ។ គ្មានអ្វីទេអ្នកស្រ្តី ។ នាងវេទេហិកាគហបតានី ខឹងអាក់អន់ចិត្ត និយាយថា យើមេចោរទាសីគម្រក់ បើមិនមានអ្វីទេ ម្តេចក៏ហងក្រោកទាល់ថ្ងៃម៉្លេះ ថាហើយក៏ចាប់រនុកទ្វារយារសំពងចំក្បាលថា អញនឹងវាយបំបែកក្បាលហង ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង នាងកាឡីទាសី បែកក្បាលហូរឈាមរហាម ក៏ពោលទោសប្រាប់ស្ត្រីអ្នកស្និទ្ធស្នាលជិតខាងថា អ្នកស្ត្រីជាម្ចាស់ ចូរមើលអំពើរបស់ស្ត្រីដែលស្លូតចុះ អ្នកស្ត្រីជាម្ចាស់ ចូរមើលអំពើរបស់ស្ត្រីដែលសុភាពរាបទាបចុះ អ្នកស្រ្តីជាម្ចាស់ ចូរមើលអំពើរបស់ស្ត្រីស្រគត់ស្រគំចុះ មិនសមបើអ្នកស្រ្តីជាម្ចាស់ (នៃខ្ញុំ) ខឹងអាក់អន់ចិត្តនឹងទាសីម្នាក់ថា ហងឯងក្រោក (ពីដំណេក) ទាល់ថ្ងៃ ហើយចាប់រនុកទ្វារយារសំពងចំក្បាលថា អញនឹងវាយបំបែកក្បាលហងឯងដូច្នេះសោះ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ នាងវេទេហិកាគហបតានី ក៏មានកិត្តិសព្ទដ៏អាក្រក់ល្បីខ្ចរខ្ចាយសុសសាយ ក្នុងសម័យខាងក្រោយមកយ៉ាងនេះថា នាងវេទេហិកាគហបតានី ជាស្ត្រីកាច នាងវេទេហិកាគហបតានី ជាស្ត្រីមិនសភាពរាបទាប នាងវេទេហិកាគហបតានី ជាស្ត្រីមិនស្រគត់ស្រគំ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុខ្លះក្នុងសាសនានេះ ក៏យ៉ាងនោះដែរ ជាអ្នកស្លូតណាស់ ជាអ្នកសុភាពរាបទាបណាស់ ជាអ្នកស្រគត់ស្រគំណាស់ ត្រាតែគន្លងពាក្យមិនជាទីគាប់ចិត្ត មិនទាន់មកប៉ះពាល់ ម្នាលភិក្ខុទាំងឡាយ កាលណាបើគន្លងពាក្យមិនគាប់ចិត្ត មកប៉ះពាល់ភិក្ខុហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទើបគេដឹងថាជាអ្នកស្លូត ថាជាអ្នកសុភាពរាបទាប ថាជាអ្នកស្រគត់ស្រគំ ក្នុងកាលនោះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាអ្នកប្រដៅងាយ ដល់នូវភាពជាអ្នកប្រដៅងាយ ព្រោះតែចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តថាគត មិនបានហៅភិក្ខុនោះថា ជាអ្នកប្រដៅងាយឡើយ ព្រោះហេតុដូចម្តេច ម្នាលភិក្ខុទាំងឡាយ ព្រោះថាភិក្ខុនោះ កាលបើមិនបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ក៏មិនមែនជាអ្នកប្រដៅងាយ មិនដល់នូវភាពជាអ្នកប្រដៅងាយឡើយ ។ ម្នាលភិក្ខុទាំងឡាយ លុះតែភិក្ខុណាមួយ ធ្វើសក្ការៈចំពោះធម៌ ធ្វើសេចក្តីគោរពធម៌ ប្រព្រឹត្តកោតក្រែងធម៌មែន ទើបពេញជាអ្នកប្រដៅងាយ ដល់នូវភាពជាអ្នកប្រដៅងាយ តថាគត ហៅភិក្ខុនោះថា ជាអ្នកប្រដៅងាយ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ពួកភិក្ខុក្នុងសាសនានេះ ត្រូវគិតគ្នាថា យើងទាំងឡាយ កាលធ្វើសក្ការៈចំពោះធម៌ ធ្វើសេចក្តីគោរពធម៌ ប្រព្រឹត្តកោតក្រែងធម៌ និងជាអ្នកប្រដៅងាយ ដល់នូវភាពជាអ្នកប្រដៅងាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះចុះ ។

[៥] ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយចំពោះអ្នកទាំងឡាយ គប្បីនិយាយដោយគន្លង នៃពាក្យទាំងឡាយណា គន្លងនៃពាក្យទាំងឡាយនេះមាន ៥ ប្រការគឺ និយាយក្នុងកាលគួរ ឬមិនគួរ ១ និយាយដោយពាក្យពិត ឬមិនពិត ១ និយាយដោយពាក្យល្អ ឬអាក្រក់ ១ និយាយដោយពាក្យប្រកបដោយប្រយោជន៍ ឬមិនប្រកបដោយប្រយោជន៍ ១ និយាយដោយពាក្យប្រកបដោយមេត្តាចិត្ត ឬទោសចិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយក្នុងកាលគួរ ឬមិនគួរខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យពិត ឬពាក្យមិនពិតខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាដោយពាក្យល្អ ឬពាក្យអាក្រក់ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យប្រកបដោយប្រយោជន៍ ឬមិនប្រកបដោយប្រយោជន៍ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យប្រកបដោយមេត្តាចិត្ត ឬប្រកបដោយទោសចិត្តខ្លះ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាក្នុងគន្លងនៃពាក្យនោះយ៉ាងនេះថា ចិត្តរបស់យើងនឹងមិនប្រែប្រួលផង យើងនឹងមិនបញ្ចេញវាចាអាក្រក់ផង និងជាអ្នកអនុគ្រោះ ដោយប្រយោជន៍ និងជាអ្នកមានមេត្តាចិត្ត មិនមានទោសចិត្តផង និងជាអ្នកមានចិត្ត ប្រកបដោយមេត្តា ផ្សាយទៅកាន់បុគ្គលនោះផង នឹងជាអ្នកមានចិត្តប្រកបដោយមេត្តា ជាចិត្តធំទូលាយ ដល់នូវសភាពធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ធ្វើឲ្យជាអារម្មណ៍របស់មេត្តាចិត្តនោះផង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ ។

[៦] ម្នាលភិក្ខុទាំងឡាយ ដូចបុរសកាន់ចប និងល្អីដើរមក បុរសនោះនិយាយយ៉ាងនេះថា អញនឹងធ្វើផែនដីធំនេះ ឲ្យមិនមែនជាផែនដី ។ បុរសនោះ ជីកដីត្រង់នោះៗ បាចសាចទៅក្នុងទីនោះៗ ស្តោះទឹកមាត់ទៅក្នុងទីនោះៗ បន្ទោបង់នូវមូត្រ ក្នុងទីនោះៗ ដោយគិតថា ទីនេះមិនមែនជាផែនដី ទីនេះមិនមែនជាផែនដី ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ អាចនឹងធ្វើផែនដីធំនេះ ឲ្យមិនមែនជាផែនដីបានឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនោះធ្វើមិនបានទេ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ផែនដីធំនេះ ជ្រាលជ្រៅរកប្រមាណមិនបាន ផែនដីធំនេះ មិនងាយនឹងធ្វើឲ្យទៅជាមិនមែនផែនដីបានឡើយ ក៏ឯបុរសនោះ គ្រាន់តែបានចំណែកសេចក្តីលំបាកកាយ និងសេចក្តីចង្អៀតចង្អល់ចិត្តប៉ុណ្ណោះ ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះឯងហើយ ដំណើរនោះ ដូចគ្នានឹងពួកជនដទៃ កាលនិយាយ ចំពោះអ្នកទាំងឡាយ គប្បីនិយាយដោយគន្លងនៃពាក្យទាំងឡាយណា គន្លងនៃពាក្យទាំងឡាយនេះ មាន ៥ ប្រការគឺ និយាយក្នុងកាលគួរ ឬមិនគួរ ១ និយាយដោយពាក្យពិត ឬមិនពិត ១ និយាយដោយពាក្យល្អ ឬពាក្យអាក្រក់ និយាយដោយពាក្យប្រកបដោយប្រយោជន៍ ឬមិនប្រកបដោយប្រយោជន៍ ១ និយាយដោយពាក្យប្រកបដោយមេត្តាចិត្ត ឬប្រកបដោយទោសចិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយ ក្នុងកាលគួរ ឬកាលមិនគួរខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យពិត ឬពាក្យមិនពិតខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យល្អ ឬពាក្យអាក្រក់ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យប្រកបដោយប្រយោជន៍ ឬមិនប្រកបដោយប្រយោជន៍ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យប្រកបដោយមេត្តាចិត្ត ឬប្រកបដោយទោសចិត្តខ្លះ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាក្នុងគន្លងនៃពាក្យទាំងនោះ យ៉ាងនេះថា ចិត្តរបស់យើងនឹងមិនប្រែប្រួលផង យើងនឹងមិនបញ្ចេញវាចាអាក្រក់ផង និងជាអ្នកអនុគ្រោះដោយប្រយោជន៍ និងជាអ្នកមានមេត្តាចិត្ត មិនមានទោសចិត្តផង និងមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់បុគ្គលនោះផង និងជាអ្នកមានចិត្តស្មើដោយផែនដី ជាចិត្តធំទូលាយ ដល់នូវសភាពធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ហើយផ្សាយទៅកាន់សត្វលោកទាំងអស់ ធ្វើឲ្យជាអារម្មណ៍របស់មេត្តាចិត្តនោះផង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ ។

[៧] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសយកទឹកល័ខក្តី ទឹករមៀតក្តី វត្ថុមានពណ៌ខៀវក្តី ពណ៌ហង្សបាទក្តី ដើរមក បុរសនោះនិយាយយ៉ាងនេះថា អាត្មាអញ នឹងគូររូបទាំងឡាយ ធ្វើឲ្យមានរូបភាពប្រាកដឡើងក្នុងអាកាសនេះ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះថាដូចម្តេច បុរសនោះ អាចគូររូបទាំងឡាយ ធ្វើឲ្យមានរូបភាព ប្រាកដឡើងក្នុងអាកាសនេះបានឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនោះ ធ្វើមិនបានទេ ព្រោះហេតុដូចម្តេច បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថាអាកាសនេះមិនមានរូប មិនជាទីឃើញរូប មិនងាយនឹងគូររូប មិនងាយនឹងធ្វើរូបភាពឲ្យមានប្រាកដ ក្នុងអាកាសនេះបានឡើយ ក៏ឯបុរសនោះ គ្រាន់តែបានចំណែកសេចក្តីលំបាកកាយ និងសេចក្តីចង្អៀតចង្អល់ចិត្តប៉ុណ្ណោះ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះមែនហើយ សេចក្តីនោះដូចគ្នានឹពួកជនដទៃ កាលនិយាយចំពោះអ្នកទាំងឡាយ គប្បីនិយាយដោយគន្លងនៃពាក្យទាំងឡាយណា គន្លងនៃពាក្យទាំងឡាយនេះ មាន ៥ ប្រការ គឺ និយាយក្នុងកាលគួរ ឬកាលមិនគួរ ១ ។បេ។ ជាអ្នកមានចិត្តស្មើដោយអាកាស ជាចិត្តធំទូលាយ ដល់នូវសភាពធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ធ្វើឲ្យជាអារម្មណ៍របស់មេត្តាចិត្តនោះផង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ ។

[៨] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសកាន់គប់ភ្លើង ដែលឆេះរន្ទាលដើរមក បុរសនោះនិយាយយ៉ាងនេះថា អាត្មាអញនឹងកំដៅទន្លេគង្គាឲ្យក្តៅសព្វ ដោយគប់ស្មៅដែលឆេះរន្ទាលនេះ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះថាដូចម្តេច បុរសនោះអាចកំដៅទន្លេគង្គាឲ្យក្តៅសព្វ ដោយគប់ស្មៅដែលឆេះរន្ទាលបានឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះ ធ្វើមិនបានទេ ព្រោះហេតុដូចម្តេច បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថាគង្គាមានជម្រៅរាប់មិនបាន [ ជម្រៅរបស់ទន្លេគង្គានេះកម្រាស់ ១ គាវុតខ្លះ កន្លះយោជន៍ខ្លះ ឯបណ្តោយចំនួនប្រាំរយយោជន៍ ។ អដ្ឋកថា ។ ] ទន្លេគង្គានោះ បុគ្គលមិនងាយនឹងកំដៅឲ្យក្តៅសព្វ ដោយគប់ស្មៅដែលឆេះរន្ទាលបានឡើយ ក៏ឯបុរសនោះគ្រាន់តែបានចំណែកសេចក្តីលំបាកកាយ និងសេចក្តីចង្អៀតចង្អល់ចិត្តប៉ុណ្ណោះ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមាដូចម្តេច មានឧបមេយ្យដូចពួកជនដទៃ កាលនិយាយចំពោះអ្នកទាំងឡាយ គប្បីនិយាយដោយគន្លងនៃពាក្យទាំងឡាយណា គន្លងនៃពាក្យទាំងឡាយនេះមាន ៥ ប្រការ គឺ និយាយក្នុងកាលគួរ ឬកាលមិនគួរ ១ ។បេ។ និងជាអ្នកមានចិត្តស្មើដោយទន្លេគង្គា ជាចិត្តធំទូលាយ ដល់នូវសភាពធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ធ្វើឲ្យជាអារម្មណ៍របស់មេត្តាចិត្តនោះផង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ ។

[៩] ម្នាលភិក្ខុទាំងឡាយដូចជាសំពៀតស្បែកខ្លាត្រី ដែលបុគ្គលដំច្របាច់ សម្លាប់ឲ្យទន់ ដូចជាសំឡី មិនមានសំឡេងស្រួយ មិនមានសំឡេងណែន បើបុរសកាន់យកឈើ ឬអំបែងក្បឿងដើរមក បុរសនោះនិយាយយ៉ាងនេះថា អាត្មាអញនឹងយកឈើ ឬអំបែងក្បឿង (នេះ) ទៅគោះសំពៀតស្បែកខ្លាត្រី ដែលបុគ្គលដំច្របាច់ សម្លាប់ឲ្យទន់ដូចជាសំឡី មិនមានសំឡេងស្រួយ មិនមានសំឡេងណែននេះ ធ្វើឲ្យមានសំឡេងស្រួយ ឲ្យមានសំឡេងណែនឡើងវិញ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ អាចយកកំណាត់ឈើ ឬអំបែងក្បឿង ទៅគោះសំពៀតស្បែកខ្លាត្រី ដែលបុគ្គលដំច្របាច់សម្លាប់ឲ្យទន់ ដូចជាសំឡី មិនមានសំឡេងស្រួយ មិនមានសំឡេងណែននេះ ធ្វើឲ្យមានសំឡេងស្រួយ ឲ្យមានសំឡេងណែនឡើងវិញបានឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះ ធ្វើមិនបានទេ ព្រោះហេតុដូចម្តេច បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថាសំពៀតស្បែកខ្លាត្រីនេះ ដែលបុគ្គលដំច្របាច់ សម្លាប់ឲ្យទន់ដូចជាសំឡី មិនមានសំឡេងស្រួយ មិនមានសំឡេងណែន សំពៀតស្បែកខ្លាត្រីនោះ បុគ្គលមិនងាយនឹងគោះឲ្យមានសម្លេងស្រួយ ឲ្យមានសម្លេងណែន ដោយឈើ ឬអំបែងក្បឿងបានឡើង ក៏ឯបុរសនោះ គ្រាន់តែបានចំណែកសេចក្តីលំបាកកាយ និងសេចក្តីចង្អៀតចង្អល់ចិត្តប៉ុណ្ណោះ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះមានឧបមាដូចម្តេច មានឧបមេយ្យដូចពួកជនដទៃ កាលនិយាយចំពោះអ្នកទាំងឡាយ គប្បីនិយាយដោយគន្លងនៃពាក្យទាំងឡាយណា គន្លងនៃពាក្យទាំងឡាយនេះ មាន ៥ ប្រការគឺ និយាយក្នុងកាលគួរ ឬកាលមិនគួរ ១ និយាយដោយពាក្យពិត ឬពាក្យមិនពិត ១ និយាយដោយពាក្យល្អ ឬពាក្យអាក្រក់ ១ និយាយដោយពាក្យប្រកបដោយប្រយោជន៍ ឬមិនប្រកបដោយប្រយោជន៍ ១ និយាយដោយពាក្យប្រកបដោយមេត្តាចិត្ត ឬប្រកបដោយទោសចិត្ត ១ ។ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយក្នុងកាលគួរ ឬកាលមិនគួរខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យពិត ឬពាក្យមិនពិតខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យល្អ ឬពាក្យអាក្រក់ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យប្រកបដោយប្រយោជន៍ ឬមិនប្រកបដោយប្រយោជន៍ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បី និយាយដោយពាក្យប្រកបដោយមេត្តាចិត្ត ឬប្រកបដោយទោសចិត្តខ្លះ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាក្នុងគន្លងនៃពាក្យទាំងឡាយនោះយ៉ាងនេះថា ចិត្តរបស់យើងនឹងបានប្រែប្រួលផង យើងនឹងមិនបញ្ចេញវាចាអាក្រក់ផង និងជាអ្នកអនុគ្រោះដោយប្រយោជន៍ ជាអ្នកប្រកបដោយមេត្តាចិត្ត មិនមានទោសចិត្តផង និងជាអ្នកមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់បុគ្គលនោះផង និងជាអ្នកមានចិត្តស្មើ ដោយសំពៀតស្បែកខ្លាត្រី ជាចិត្តធំទូលាយ ដល់នូវសភាពធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ធ្វើឲ្យជាអារម្មណ៍ របស់មេត្តាចិត្តនោះផង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ ។

[១០] ម្នាលភិក្ខុទាំងឡាយ បើពួកចោរដែលប្រព្រឹត្តអាក្រក់នាំគ្នាអារអវយវៈតូចធំរបស់អ្នកទាំងឡាយ ដោយរណារដែលមានដងទាំងសងខាង ភិក្ខុណាមួយញ៉ាំងចិត្តឲ្យប្រទូស្តចំពោះចោរទាំងអម្បាលនោះ ភិក្ខុនោះមិនឈ្មោះថាជាអ្នកធ្វើតាមសាសនាតថាគត ដោយការមិនអត់សង្កត់នោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាក្នុងការបៀតបៀនរបស់ចោរនោះថា ចិត្តរបស់យើងនឹងមិនប្រែប្រួលផង យើងនឹងមិនបញ្ចេញវាចាអាក្រក់ផង និងជាអ្នកអនុគ្រោះដោយប្រយោជន៍ និងជាអ្នកមានមេត្តាចិត្ត មិនមានទោសចិត្តផង និងជាអ្នកមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់បុគ្គលនោះផង និងជាអ្នកមានចិត្តប្រកបដោយមេត្តា ជាចិត្តធំទូលាយ ដល់នូវសភាពធំប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ធ្វើឲ្យជាអារម្មណ៍របស់មេត្តាចិត្តនោះផង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ ។

[១១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីធ្វើទុកក្នុងចិត្តចំពោះឱវាទដែលប្រៀបដោយរណារនេះឯង ឲ្យរឿយៗចុះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនឃើញគន្លងនៃពាក្យតូច ឬធំនោះ ដែលនាំអ្នកទាំងឡាយអត់សង្កត់ មិនបានទេឬ ។ បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំមិនឃើញគន្លងពាក្យនោះទេ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីធ្វើទុកក្នុងចិត្ត ចំពោះឱវាទដែលប្រៀបដោយរណារនោះឯង ឲ្យរឿយៗចុះ ការធ្វើទុកក្នុងចិត្តនោះ នឹងប្រព្រឹត្តដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយអស់កាលជាយូរអង្វែង ។ លុះព្រះមានព្រះភាគ ត្រាស់ភាសិតនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរចំពោះភាសិតរបស់ព្រះមានបុណ្យ ។

ចប់ កកចូបមសូត្រ ទី ១

ឯកសារយោង[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > មជ្ឈិមនិកាយ > មូលបណ្ណាសកៈ > ឱបម្មវគ្គ > កកចូបមសូត្រ (ភាគ២១​ ទំព័រទី ១)

พระไตรปิฎก เล่มที่ ๑๒ > พระสุตตันตปิฎก เล่มที่ ๔ > มัชฌิมนิกาย มูลปัณณาสก์ > โอปัมมวรรค > กกจูปมสูตร

The Simile of the Saw (Kakacūpama Sutta)  (MN 21)