កល្យាណមិត្ត​កថា

ពីវិគីភីឌា

កល្យាណ​មិត្ត​កថា

របស់​ឧកញ៉ា​សុធម្ម​ប្រីជា កង អាចារ្យ​បាលី​ជាន់​ខ្ពស់ ក្រុង​ភ្នំពេញ នៃ ពណ៌នា​ពី​គុណ​សម្បត្តិ​របស់​ព្រះ​វិមល​ធម្ម នាម ថោង ចាងហ្វាង​សាលា​បាលី​ជាន់​ខ្ពស់

កល្យាណ​មិត្ត​កថា

ព្រះ​មហា​វិមល​ធម្ម ព្រះ​នាម​ដើម ថោង ចាងហ្វាង​សាលា​បាលី​ជាន់ខ្ពស់ ជា រឿន​ហ្លួង ក្រសួង​សង្ឃ​ផង បិតា​ឧកញ៉ា​ពិភក្តិ​វាទី រ័តន៍ មាតា​ឈ្មោះ ខាវ កើត​នៅ​ភូមិ​កំពង់​ផែ ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៣ កើត ខែ​ចេត្រ ឆ្នាំ​កុរ បញ្ចស័ក ត្រូវ​នឹង​ឆ្នាំ ១៨៦៣ ពុទ្ធ​សករាជ ២៤០៦ លោក​ទទួល​អនិច្ច​ធម្ម​នៅ​ថ្ងៃ​អង្គារ ១៤ កើត ខែ​ស្រាពណ៍ ឆ្នាំ​ថោះ នព្វស័ក ត្រូវ​នឹង​ថ្ងៃ ២ ខែ​អ៊ូត ឆ្នាំ ១៩២៧ នៅ​វេលា​យប់​ម៉ោង ២,១០ នាទី ព្រះ​ជន្ម​លោក​បាន ៦៥ ឆ្នាំ កាល​ពី​ក្មេង​បាន​អាយុ ១៣ ឆ្នាំ ចូល​នៅ​ជា​កូន​សិស្ស​សម្ដេច​ព្រះ​មហា​សង្ឃរាជ សង្ឃ​នាយក ក្នុង​វត្ត​ឧណ្ណាលោម ។

គ្រា​នោះ​លោក​ចាប់​រៀន​ព្រះ​ត្រៃ​បិដក​មាន​ព្យាយាម ឧស្សាហ៍​សូត្រ រៀន​ជា​មួយ​ឧកញ៉ា​ខ្ញុំ ក្នុង​សំនាក់​លោក​ឧកញ៉ា​សុធម្ម​មេធា​អាចារ្យ រ៉ត លុះ​លោក​រៀន​ចេះ​ច្រើន​ហើយ លោក​និមន្ត​ទៅ​ស្រុក​សៀម បង្រៀន​ព្រះ​ត្រៃ​បិដក នៅ​ស្រុក​សៀម ហើយ​ជាវ​ព្រះ​គម្ពីរ​ផង ក្នុង​ព្រះ​ពុទ្ធ​សករាជ ២៤៤៤ ប្រហែល​ជា ១ ឆ្នាំ លោក​ត្រឡប់​មក​វិញ ។

ឯ​ចិត្ត​លោក​នោះ​ក៏​ល្អ​តែង​ទំនុក​បម្រុង​សម​គួរ នឹង​មិត្ត​សម្លាញ់ នឹង​កូន​សិស្ស​នឹង​អ្នក​ដទៃ​មិន​សូវ​រើស​មុខ ហើយ​លោក​បួស​ប្រព្រឹត្ត​តាម​ធម៌ តាម​វិន័យ​ល្អ ទាល់​តែ​អស់​ជីវិត លោក​អង្គ​នោះ​ជា​កល្យាណ​មិត្ត​ខ្ញុំ គឺ​មិត្ត​ជា​កុសល​ល្អ មុខ​គួរ​ឲ្យ​ស្ដាយ​ពេក​ណាស់ កាល​លោក​គង់​ព្រះ​ជន្ម​នៅ​ឡើយ ពី​មុន ៗ រៀង​មក បើ​មាន​ការ​អ្វី ៗ លោក​តែង​ឲ្យ​ហៅ​រក​ឧកញ៉ា​ខ្ញុំ​ទៅ​ប្រិក្សា​កិច្ចការ​ជា​មួយ​ផង ហើយ​លោក​រក​ឧកញ៉ា​ខ្ញុំ​ឲ្យ​ប្រែ​ធម៌​ព្រះ (ពុទ្ធ​គុណ, ធម្ម​គុណ, សង្ឃ​គុណ) ពី​បាលី​អក្សរ​ខ្មែរ​ទៅ​ជា​អក្សរ​សៀម​វិញ ជូន​ញោម​សិកា​លោក​រៀន​ដោយ​សេចក្ដី​រាប់​អាន ហើយ​លោក​បាន​ប្រើ​ឧកញ៉ា​ខ្ញុំ ឲ្យ​ប្រែ​បាលី​ជា​អក្សរ​លង្កា ហើយ​លោក​ប្រើ​ឲ្យ​តែង​វិធី​បក្ខ និង​គម្ពីរ ជិនកាលមាលិនី ជា​ព្រះ​ពុទ្ធ​ពង្សាវតារ និង​រឿង​សាសនវង្ស និង​បុព្វជ្ជា​ខន្ធក និង​សាមណេរ​សិក្ខា ចតុ​បរិសុទ្ធិសីល អាគារិយ​វិន័យ និង​ព្រះ​ត្រៃ​លក្ខណ៍ និង​រឿង​ព្រះ​ពុទ្ធ​សាសនា​ផ្សេង ៗ ជា​ច្រើន លោក​តែង​រាប់​អាន​ឧកញ៉ា​ខ្ញុំរៀងរាប​ដរាប​មក​ដល់​ថ្ងៃ​អាទិត្យ ៩ កើត ខែ​ផល្គុណ ឆ្នាំ​ជូត ចត្វាស័ក ត្រូវ​នឹង​ថ្ងៃ ១៦ ខែ​ម៉ារ្ស៍ ឆ្នាំ ១៩១៣ ព្រះ​ពុទ្ធ​សករាជ ២៤៥៥ នោះ លោក​ព្រះ​មហា​វិមល​ធម្ម បាន​ធ្វើ​ជា​មរ​ប្រឡង​វិធី​ប្រយោគ ព្រះ​ត្រៃ​បិដក​គន្ថធុរៈ គ្រា​នោះ​ឧកញ៉ា​ខ្ញុំ​ក៏​បាន​ចូល​ធ្វើ​រាជការ​កាន់​កាប់​ប្រយោគ​ជា​មួយ​ផង ដល់​មក​ថ្ងៃ​ព្រហស្បតិ៍ ៩ រោច ខែ​ចេត្រ ឆ្នាំ​ថោះ នៅ​ក្នុង​ឆស័ក គឺ​ថ្ងៃ ៨ ខែ​អាវីរិល ឆ្នាំ ១៩១៥ នោះ លោក​ព្រះ​មហា​វិមល​ធម្ម ថោង បាន​ជា​អធិបតី​ក្នុង​សាលា​បាលី​ក្រុង​ភ្នំពេញ បាន​នាំ​ឧកញ៉ា​ខ្ញុំ និង​ក្រុម​អាចារ្យ​ដែល​ប្រឡង​វិធី​ប្រយោគ​ក្នុង​រាជការ ទៅ​បង្រៀន​ព្រះ​ត្រៃ​បិដក​កូន​សិស្ស ដែល​ប្រឡង​បាន​នៅ​មន្ទីរ​សុធម្ម​វត្ត​ព្រះ​កែវ​មរកត​ជា​ដំបូង​បង្អស់ រៀងរាប​ដរាប​ដល់​សាលា​បាលី សព្វ​ថ្ងៃ​នេះ មុន​លោក​នឹង​ទទួល​មរណ​ភាព​នោះ លោក​បាន​ផ្ដាំ​ឧកញ៉ា​ខ្ញុំ​ថា ឲ្យ​ខំ​បង្រៀន​លោក​ភិក្ខុ​ចាស់ ១ អង្គ ដែល​មក​អំពី​ស្រុក​បារាយណ៍​នោះ ឲ្យ​ចេះ​ដឹង​ប្រាកដ​ផង ត្បិត​លោក​រៀន​យក​បុណ្យ​គ្រាន់​បាន​ជា​ផ្លូវ​ប្រតិបត្តិ​ត​ទៅ ។

គួរ​ឲ្យ​ស្ដាយ​លោក​ជា​កល្យាណ​មិត្ត​ល្អ ប្រែ​ថា​មិត្ត​ជា​កុសល នឹង​ពោល​ពី​មិត្ត​ត​ទៅ​ទៀត ឯ​មិត្ត​មាន ៤ ចំពូក​គឺ ៖

១- មិត្ត​មាន​ឧបការ ១ ២- មិត្ត​រួម​សុខ​រួម​ទុក្ខ ១ ៣- មិត្ត​ណែនាំ​ឲ្យ​បាន​មាន​ប្រយោជន៍ ១ ៤- មិត្ត​មាន​សេចក្ដី​ស្រឡាញ់​ខ្ជាប់ខ្ជួន ១ មិត្ត ៤ ចំពូក​នេះ ជា​មិត្ត​ពិត គួរ​គប់រក ។

១- មិត្ត មាន​ឧបការ​មាន​លក្ខណៈ ៤ គឺៈ

១- បង្ការ​មិត្ត​អ្នក​ប្រមាទ​ហើយ, ២- បង្ការ​ទ្រព្យ​សម្បត្តិ​របស់​មិត្ត​ប្រមាទ​ហើយ, ៣- កាល​មាន​ភ័យ​ជា​ទី​ពឹង​ពុំ​នាក់​បាន, ៤- កាល​មាន​ធុរៈ​ជួយ​ចេញ​ទ្រព្យ​ឲ្យ​លើស​ជាង​ចេញ​វាចា ។

២- មិត្ត​រួម​សុខ​រួម​ទុក្ខ​មាន​លក្ខណៈ ៤ គឺៈ

១- និយាយ​សេចក្ដី​កំបាំង​របស់​ខ្លួន​ប្រាប់​មិត្ត, ២- បិទ​សេចក្ដី​កំបាំង​របស់​មិត្ត​មិន​ឲ្យ​ខ្ចរខ្ចាយ, ៣- មិន​លះ​បង់​ចោល​ក្នុង​វេលា​មាន​វិបត្តិ, ៤- ទោះបី​ដល់​ជីវិត​ក៏​អាច​លះ​បង់​ជួស​បាន ។

៣- មិត្ត ណែនាំ​ឲ្យ​បាន​មាន​ប្រយោជន៍ មាន​លក្ខណៈ ៤ គឺៈ

១- ហាម​មិន​ឲ្យ​ធ្វើ​សេចក្ដី​អាក្រក់, ២- ណែនាំ​ឲ្យ​តាំង​នៅ​សេចក្ដី​ល្អ, ៣- ឲ្យ​បាន​ស្ដាប់​ធម៌​អ្វី​ដែល​នៅ​មិន​ធ្លាប់​ស្ដាប់, ៤- ប្រាប់​ផ្លូវ​ឋាន​សួគ៌ ១ ។

៤- មិត្ត​មាន​សេចក្ដី​ស្រឡាញ់​រាប់អាន មាន​លក្ខណៈ ៤ គឺៈ

១- មាន​ទុក្ខ ៗ ផង​គ្នា, ២- បាន​សុខ ៗ ផង​គ្នា, ៣- ជជែក​ដោះស្រាយ​នឹង​អ្នក​ដែល​និយាយ​តិះ​ដៀល​ដល់​មិត្ត, ៤- ទទួល​សមគួរ​នឹង​មនុស្ស ដែល​ជា​អ្នក​និយាយ​សរសើរ​ដល់​មិត្ត ។

ឥឡូវ​នេះ​ឧកញ៉ា​ខ្ញុំ​ជា​ចៅក្រម​ក្រសួង​រាជ​បណ្ឌិត្យ ធ្វើ​រាជការ​ក្នុង​សាលា​បាលី​ជាន់​ខ្ពស់​ក្រុង​ភ្នំពេញ ខ្ញុំ​គិត​នឹក​រឭក​ដល់​កិត្តិគុណ​របស់​ព្រះ​មហា​វិមល​ធម្ម ចាងហ្វាង រឿង​ហ្លួង ក្រសួង​សង្ឃ​ដែល​ជា​កល្យាណ​មិត្ត គិត​រក​ព្រះ​ធម៌​ឯ​ណា​នីមួយ នឹង​បាន​ជា​ផល​ប្រយោជន៍​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ក្នុង​ការ​បុណ្យ​សព​លោក​នេះ ឲ្យ​បាន​ជា​ធម៌​ល្អ​ដែល​សម្ដេច​ព្រះ​សម្មា​សម្ពុទ្ធ​ជា​អម្ចាស់​ទ្រង់​ត្រាស់​ចំពោះ នឹង​ព្រះ​សារិបុត្ត​ថេរ​ថា បថមតរំអនិច្ចំ ទុក្ខំ អនត្តាត‍ិ ឧច្ចារិត្វា ជាអាទិ ភោសារិបុត្រ ម្នាល​សារិបុត្រ​ដ៏​ចម្រើន ថា​បើ​បុគ្គល​មាន​សេចក្ដី​ប្រាថ្នា និង​ចម្រើន​ភាវនា​ធម៌ ដើម​ដំបូង​បង្អស់​នោះ​ឲ្យ​សូត្រ​ព្រះ​ត្រៃ​លក្ខណ៍ គឺ អនិច្ចំ ទុក្ខំ អនត្តា ដូច្នេះ​ជាដើម​ដំបូង​ដោយ​វិសេស ជា​ព្រះ​ពុទ្ធ​ដីកា​ប្រាកដ​នឹង​សម្ដែង​ព្រះ​ធម៌​ព្រះ​ត្រៃលក្ខណ៍​ត​ទៅ ។

អនិច្ច​លក្ខណ​កថា អវិជ្ជាទីហិសម្ភូតា រូបញ្ចវេទនាតថា អថោសញ្ញាចសំខារា វ‍ិញ្ញាណញ្ចាតិបញ្ចិមេ ឧប្បជ្ជន្តិនិរុជ្ឈន្តិ ឯវំហុត្វាអភាវតោ ឯវំធម្មាអនិច្ចាវ តថាវកាលិកតាទិតោ អហោអនិច្ចាសំខារា តេកាលិកាអសណ្ឌិតា សកាលាកាទិកាសព្វេ ហុត្វាហុត្វានហោន្តិតេ តំកុត្តេថអព្ភាលោកេ យទុប្បន្នំននស្សត‍ិ ឯវំភូតេសុវេភេសុ សាធុតត្វាគុបេក្ខនា បដិបត្តិយាត‍ិសាធុកំ អប្បមាទេនសព្វ​ថាត‍ិ ចប់​អនិច្ច​លក្ខណ​កថា ជា​បាលី​សុទ្ធ​តែ​ប៉ុណ្ណេះ

និច្ច​លក្ខណ​កថា សូត្រ​សេចក្ដី​ជា​ភាសា​ខ្មែរ​ថា ៖ អ្នក​ជា​សាធុ​ជន​គម្បី​ពិចារណា​ថា រាង​កាយ និង​ចិត្ត​ដែល​សម្ប​យុត្ត​ជា​មួយ​គ្នា​នេះ ចែក​ចេញ​ជា ៥ គឺ រូប ១, វេទនា ១, សញ្ញា ១, សំខា ១, វិញ្ញាណ ១, ឯ​រូប​នោះ គឺ​ធម្មជាតិ​ដែល​វិនាស​ដោយ​ត្រជាក់​នឹង​ក្ដៅ​ជាដើម ឬ​មាន​ពណ៌​សណ្ឋាន​ទ្រង់ទ្រាយ ទើប​ចង្អុល​ឲ្យ​ច្បាស់ គឺ​សក់, រោម, ក្រចក, ធ្មេញ, ស្បែក, សាច់​ឈាម, ពោះវៀន, ក្រពះ, ថ្លើម, បេះដូង, ទឹក​សម្បោរ, ទឹក​មាត់, ទឹក​មូត, អាហារ​ចាស់, ដូច្នេះ​ជាដើម ។

ឯ​វេទនា គឺ​សេចក្ដី​សោយ​អារម្មណ៍ សេចក្ដី​ដឹង​ច្បាស់​នូវ​អារម្មណ៍​ចាត់​ជា ៣ គឺ សុខ​វេទនា សេចក្ដី​សោយ​នូវ​អារម្មណ៍​ជា​សុខ គឺ​សេចក្ដី​សប្បាយ​កាយ​សប្បាយ​ចិត្ត ទុក្ខ​វេទនា សេចក្ដី​សោយ​អារម្មណ៍​ជា​ទុក្ខ គឺ​សេចក្ដី​មិន​សប្បាយ​កាយ​មិន​សប្បាយ​ចិត្ត ឧបេក្ខា​វេទនា សេចក្ដី​សោយ​អារម្មណ៍​ជា ឧបេក្ខា មិន​មែន​ទុក្ខ មិន​មែន​សុខ សញ្ញា គឺ​សេចក្ដី​ចាំ​រូប​ចាំ​សម្លេង ចាំ​ក្លិន ចាំ​រស ចាំ​សម្ផស្ស​ដែល​ពាល់​ត្រូវ ចាំ​អារម្មណ៍​ដែល​ដឹង​ដោយ​ចិត្ត ឯ​សំខា គឺ​សភាវៈ​ដែល​បម្រុង​សម្រើប​ចិត្ត​ដែល​កើត​ឡើង​ក្នុង​ចិត្ត​ទាំង​ល្អ ទាំង​អាក្រក់​ទាំង​កណ្ដាល ៗ មិន​ល្អ​មិន​អាក្រក់ ឯ​វិញ្ញាណ គឺ​ចិត្ត​ដែល​ដឹង​ច្បាស់​នូវ​អារម្មណ៍ ដែល​អាស្រ័យ​នូវ​ភ្នែក​ឈ្មោះ​ថា ចក្ខុ​វ‍ិញ្ញាណ ដែល​អាស្រ័យ​នូវ​ត្រចៀក​ឈ្មោះ សោត​វ‍ិញ្ញាណ ដែល​អាស្រ័យ​នូវ​ច្រមុះ​ឈ្មោះ​ថា ឃាន​វ‍ិញ្ញាណ ដែល​អាស្រ័យ​នូវ​អណ្ដាត​ឈ្មោះ​ថា ជីវ្ហា​វ‍ិញ្ញាណ ដែល​អាស្រ័យ​នូវ​ខ្លួន​ឈ្មោះ​ថា កាយ​វ‍ិញ្ញាណ ដែល​អាស្រ័យ​នូវ​សភាវៈ ដែល​ទ្រទ្រង់​ទឹក​ចិត្ត​សោយ​អារម្មណ៍​ហើយ ស្ទុះ​ទៅ​ចាប់​ឈ្មោះ​ថា មនោ​វ‍ិញ្ញាណ រាង​កាយ និង​ចិត្ត​មួយ​មុខ ៗ ដែល​កើត​ក្នុង​ចិត្ត​ចែក​ជា ៥ ដូច្នេះ ។ ឯ​ធម៌​ទាំងឡាយ ៥ នេះ​កើត​ព្រម​ហើយ​អំពី​ធម៌​ទាំងឡាយ​មាន អវ‍ិជ្ជា ជាដើម បង្កើត​ឡើង​ហើយ​រមែង​រលត់​ទៅ​វិញ​បាន​ជា​ឈ្មោះ​ថា​មិន​ទៀង​ដូច្នេះ​គឺ​ថា អនិច្ចំ ហេតុ​ដូចម្ដេច​ក៏​ថា អនិច្ចំ ឱ ! អនិច្ចំ នោះ ត្បិត​ថា​មាន​ដូច្នេះ​ហើយ ក៏​ត្រឡប់​ប្រែ​ជា​មិន​មាន​ទៅ​វិញ​បាន​ជា​ថា អនិច្ចំ គឺ​ថា​សេចក្ដី​មិន​ទៀង​នោះ​ផង ។

ឯ​អ្នក​ជា​សាធុ​ជន​គប្បី​ពិចារណា​នូវ ខន្ធ​បញ្ចក គឺ​ប្រមាណ ៥ នៃ​ខន្ធ​នោះ ភាវនា​ក្នុង​ចិត្ត​រំពឹង​គិត​ថា អហោ ឱ​ដូចជា​យើង​នឹក​សង្វេគ​ថា បញ្ច​ខន្ធ ទាំងឡាយ ៥ ឯ​ណា​ជា​របស់​មិន​ទៀង​ជា អនិច្ចំ ដូចជា​របស់​ប្រកប​ក្នុង​កាល​មាន​ប្រមាណ​ប៉ុណ្ណោះ ឬ​ដូចជា​របស់​ខ្ចី​គេ​មក លុះ​យូរ​បន្តិច​ទៅ​គេ​ទារ​យក​របស់​ផង​គេ​ទៅ​វិញ ឯ បញ្ច​ខន្ធ ទាំងឡាយ ៥ នោះ មិន​បាន​ឋិតថេរ​មាំមួន​យូរ​ប៉ុន្មាន​ទេ ខន្ធ​ទាំងឡាយ​ទាំង​ពួង ប្រកប​ក្នុង​កាល​មាន​តែ​ប៉ុណ្ណោះ​ជាដើម មាន​ទ្រព្យ​សម្បត្តិ​យស​សក្ដិ ហើយ​ត្រឡប់​ប្រែ​ជា​មិន​មាន​វិញ​បាន​ជា​ឈ្មោះ​ថា អនិច្ចំ គឺ​ថា​រក​ទៀងទាត់​កន្លែង​ណា​គ្មាន​សោះ​ឡើយ ឯ​ខន្ធ​ទាំងឡាយ ៥ នោះ ថា​បើ​គួរ​នឹង​កើត​ហើយ ក៏​គង់​តែ​នឹង​វិនាស​ទៅ​ក្នុង​លោក​នេះ​វិញ មិន​បាន តាំង​នៅ​យូរ​អង្វែង​អស់​កប្ប ១ ទេ គួរ​តែ​យើង​តាំង​ចិត្ត​ជា ឧបេក្ខា ក្នុង បញ្ច​ខន្ធ នេះ ជា​កណ្ដាល ៗ កុំ​ថា​ល្អ​កុំ​ថា​អាក្រក់ ក្នុង បញ្ច​ខន្ធ ទាំងឡាយ ៥ នោះ ។ ដែល​កើត​ឡើង​ហើយ មាន​កម្លាំង​ខ្លាំង​ណាស់ ដោយ​ពិត​ប្រាកដ​ដូច្នេះ​ឯង យើង​ខំ​ឧស្សាហ៍​ប្រតិបត្តិ​ភាវនា​ពិចារណា ឲ្យ​ស្រួលបួល​ល្អ​ប្រពៃ​ដោយ​អប្បមាទ​ធម៌ ដោយ​បការ​ទាំង​ពួង ឯវំ ដូច្នេះ ទៅ​ហើង ។

ទុក្ខ​លក្ខណ​កថា អវិជ្ជាទីហិសម្ភូតា រូបញ្ចវេទនាតថា អថោសញ្ញាសំខារា វ‍ិញ្ញាណញ្ចាតិបញ្ចិមេ ឧប្បជ្ជន្តិនិរុជ្ឈន្តិ បុនប្បុនំបិឡិតត្តា ឧប្បាទេនវយេនច តេទុក្ខាវអធិប្បាយេ អថសន្តស្សតាទិតោ សព្វេសំខារាទុក្ខាត‍ិ យទាបញ្ញាយបស្សត‍ិ អថនិព្វិន្ទត‍ិទុក្ខេ ឯសមគ្គោវ‍ិសុទ្ធិយាត‍ិ ។ ចប់​ទុក្ខ​លក្ខណ​កថា

ទុក្ខ​លក្ខណ​កថា សូត្រ​ជា​ភាសា​ខ្មែរ

អ្នក​ជា​សាធុ​ជន គប្បី​ពិចារណា​ដោយ​ប្រាជ្ញា ក្នុង​កាល​ឯ​ណា​ថា ឯ​ខន្ធ​ទាំងឡាយ ៥ នេះ គឺ រូប ក្ដី, វេទនា ក្ដី, សញ្ញា ក្ដី, សំខា ក្ដី, វ‍ិញ្ញាណ ក្ដី កើត​ព្រម​ហើយ​អំពី​ធម៌​ទាំងឡាយ មាន​អវិជ្ជា​ជាដើម បង្កើត​ឡើង​ហើយ ក៏​រលត់​បាត់​សូន្យ​ទៅ​វិញ ឯ​ខន្ធ​ទាំងឡាយ ៥ នោះ នាំ​មក​នូវ​សេចក្ដី​ទុក្ខ ឲ្យ​ប្រព្រឹត្ត ទៅ​ដោយ​ច្រើន​ប្រការ​ក្រៃពេក​ណាស់ អំពី​ហេតុ​ដែល​កើត​ឡើង​ផង ហើយ​វិនាស​ទៅ​វិញ​ផង ហេតុ​ដូចម្ដេច​ក៏​ហៅ​ថា ទុក្ខំ ឱ ទុក្ខំ នោះ ត្បិត​ថា​ខន្ធ​ទាំងឡាយ ៥ នោះ តែង​បៀតបៀន​រឿយ​ៗ ក្នុង​សន្ដាន​ខ្លួន​សត្វ​ឲ្យ​តែ​ព្រួយ​ចិត្ត ចង្អៀត​តឹង​ចិត្ត​ណាស់ បាន​ជា​ឈ្មោះ​ថា ទុក្ខំ, ១ វិញ​ទៀត​ឯ​បញ្ច​ខន្ធ​ទាំងឡាយ ទាំង​ពួង ដែល​មាន​ដល់​សត្វ​ប្រាកដ​ដូច្នោះ​ហើយ​រមែង នាំ​មក​នូវ​សេចក្ដី​ទុក្ខ​ទោមនស្ស​អន់​ចិត្ត​ពុំ​ខាន​ឡើយ អ្នក​ជា​សាធុ​ជន គួរ​តែ​នឿយណាយ​ក្នុង​សេចក្ដី ទុក្ខំ ក្នុង​កាល​នោះ​ហោង ឯ​ផ្លូវ​នេះ​ជា​ផ្លូវ​ប្រព្រឹត្ត​ទៅ ដើម្បី​ឲ្យ​បរិសុទ្ធ​ល្អ​ពេក​ណាស់ ។

ចប់​ទុក្ខ​លក្ខណៈ តែ​ប៉ុណ្ណេះ

អនត្ត​លក្ខណ​កថា សព្វេធម្មាអនត្តាតិ យទាបញ្ញាយបស្សត‍ិ អថិនិព្វិន្ទតិទុក្ខេ ឯសមគ្គោវិមុតទិយតិ

អ្នក​ជា​សាធុ​ជន គប្បី​ពិចារណា​ដោយ​ប្រាជ្ញា ក្នុង​កាល​ឯ​ណា​ថា សភាវ គឺ​ខន្ធ​ទាំងឡាយ​ទាំង​ពួង​ឈ្មោះ​ថា អនត្តា ដូច្នេះ ហេតុ​ដូចម្ដេច​ឈ្មោះ​ថា អនត្តា ឱ​ដែល​ឈ្មោះ​ថា អនត្តា នោះ គឺ​ថា​រក​ខ្លឹមសារ​គ្មាន និង​មិន​បាន​ប្រព្រឹត្ត​ទៅ​ក្នុង អំណាច​នៃ​ខ្លួន​បាន​ឈ្មោះ​ថា អនត្តា ដូច្នេះ ហើយ​អ្នក​ជា​សាធុ​ជន​នឿយណាយ​ក្នុង​សេចក្ដី​ទុក្ខ ហើយ​ពិចារណា​ដល់ អនត្តា ថា​រក​ខ្លឹមសារ​គ្មាន​នឹង​មិន​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​អំណាច​នៃ​ខ្លួន​ឈ្មោះ​ថា អនត្តា ក្នុង​កាល​គ្រា​នោះ​ឯង ឯ​ផ្លូវ​នេះ​ជា​ផ្លូវ​ឲ្យ​រួច​ផុត​ដោយ​វិសេស​អំពី​សេចក្ដី​ទុក្ខ​ទាំងពួង​ដូច​បាន​ពណ៌នា​មក​នេះ​ហោង ។

ចប់​អនត្ត​លក្ខណ ជា​ភាសា​ខ្មែរ

ព្រះ​គម្ពីរ​ព្រះ​អភិធម្ម​ត្ថ​សង្គហ បរិច្ឆេទ​ទី ៤ លេខ ១២០

សម្ដែង​ថា ឯ​បរិកម្ម ជវន​ដែល​កើត​ជា​បឋម​នោះ កាល​កើត​ហើយ ក៏​ពិចារណា​នូវ​សំខារ​ធម៌​ជា អនិច្ចំ ទុក្ខំ អនត្តា កំចាត់​បង់​នូវ​ងងឹត​គឺ អវិជ្ជា​ដែល​កំបាំង​ប្រាជ្ញា​ទុក​មិន​ឲ្យ​ឃើញ​នូវ​ព្រះ​ចតុ​រារិយ​សច្ច កំចាត់​ងងឹត​ដែល​ជ្រោក​ជ្រៀត គឺ​កុសល​ដែល​អាក្រក់​បង់​ហើយ ក៏​ធ្វើ​នូវ​បញ្ញា​ត្រៃ​លក្ខណ៍ គឺ អនិច្ចំ ទុក្ខំ អនត្តា នោះ​ឲ្យ​ប្រាកដ​ក្រៃលែង​ជាង​មុន​ហើយ​ក៏​រលត់​ទៅ ។

លុះ​បរិកម្ម​ជវន​ជា​បឋម​រលត់​ហើយ ឧបចារ​ជវន​ជា​គម្រប់​ពីរ ទើប​បង្កើត​ឧចារ​ជន​ទី​ពីរ​នោះ នោះ​ជ្រះ​ថ្លា​ក្លៀវក្លា​ល្អិត​ល្អ​ក្រៃពេក ហេតុ​ត្បិត​ថា​បាន​អាសេវន​បច្ច័យ​អំពី​សំណាក់​ឧបចារ​ជវន​ជា​បឋម ៗ នោះ​ពិចារណា​សំខារ​ធម៌​ជា អនិច្ចំ ទុក្ខំ អនត្តា ធ្វើ​បញ្ញា​ព្រះ​ត្រៃ​លក្ខណ៍​ឲ្យ​ប្រាកដ​ទៅ​ហើយ​មែន​ពិត ធម៌​ទាំងឡាយ ដែល​ជា​លោកិយ​ប្រកប​ដោយ​អាសវ​ក្ដី មិន​ប្រកប​ដោយ​អាសវ​ក្ដី គឺ​ជា​ចំណែក​លោកុត្តរ​ក្ដី ហេតុ​នោះ​បាន​ជា​សម្ដេច​ព្រះ​សារពេជ្ញ​ព្រះ​អង្គ​ជា​អម្ចាស់​ទ្រង់​ត្រាស់​ទេសនា​ថា បញ្ច​ខន្ធ​ដោយ​រក​សេស​សល់​មិន​បាន ដើម្បី​នឹង​សង្គ្រោះ​យក​នូវ​ធម៌​ដែល​ជា​សភាព​មាន​ចំណែក​ស្មើ​គ្នា គឺ​ជា​រូប​ស្មើ​គ្នា​ជា វេទនា សំខា វ‍ិញ្ញាណ ស្មើ​គ្នា​ទួទៅ​ក្នុង​ភូមិ​ទាំង ៤ គឺ កាមាវចរភូមិ និង រូបាវចរភូមិ អរូបាវចរភូមិ និង លោកុត្តរភូមិ កាល​បើ​ត្រាស់​ទេសនា សម្ដែង​ដោយ​ឧបាទាន​ខន្ធ​ខ្លះ ទ្រង់​ជ្រើសរើស​រក​យក​តែ​ធម៌​ទាំងឡាយ ដែល​ប្រកប​ដោយ​អាសវ ដែល​យុត្តិ​ក្នុង​ភូមិ​ទាំង​បី​វៀរ​ចាក​លោកុត្តរ​ភូមិ ដើម្បី​នឹង​សម្ដែង​នូវ​ភូមិ​នៃ​វិបស្សនា អធិប្បាយ​ថា​យោគា​វចរ​នឹង​ចម្រើន​ភាវនា​ប្រាថ្នា​នឹង​បំណង​បាន​នូវ​ព្រះ​លោកុត្តរ នឹង​យក​ព្រះ​លោកុត្តរ​មក​ជា​អារម្មណ៍​នៃ​ព្រះ​វិបស្សនា លើក​ឡើង​កាន់​ព្រះ​ត្រៃ​លក្ខណ៍ គឺ អនិច្ចំ ទុក្ខំ អនត្តា រក​គូ​មិន​បាន អាស្រ័យ​ហេតុ​ដូច្នេះ សម្ដេច​ព្រះ​សរពេជ្ញ​ព្រះ​ពុទ្ធ​អង្គ​ជា​អម្ចាស់ ទ្រង់​វៀរ​បង់​នូវ​ព្រះ​លោកុត្តរ​ហើយ ចំពោះ​យក​តែ​ធម៌​ដែល​ប្រកប​ដោយ​អសវ ចំណែក ១ ឈ្មោះ​ថា ឧបាទិណ្ណខន្ធ ។ បរិបូណ៌​តែ​ប៉ុណ្ណេះ ។

អានិសង្ស​ព្រះ​ត្រៃ​លក្ខណ

គ្រា​នេះ​នឹង​បាន​វិសជ្ជនា​រឿង​អានិសង្ស​ធម៌​ព្រះ​ត្រៃ​លក្ខណ៍ សម្ដែង​តាម​គម្ពីរ​សព្វទានា​និសង្ស ដោយ​ព្រះ​បាលី​ថា​ដូច្នេះ ទុក្ខំសត្តរសកប្បំ ប្រែ​ជា​សេចក្ដី​ថា អ្នក​ឯ​ណា​មួយ​មាន​ចិត្ត​ជ្រះ​ថ្លា សទ្ធា​បាន​ភាវនា​គិត​នឹក​ដល់ ទុក្ខំ អ្នក​នោះ​បាន​ផល ១៧ កប្ប ។

អនិច្ចំអដ្ឋារសកប្បំ បើ​អ្នក​ឯ​ណា ១ មាន​ចិត្ត​ជ្រះ​ថ្លា​សទ្ធា​បាន​ភាវនា​គិត​នឹក​ដល់​ព្រះ អនិច្ចំ អ្នក​នោះ​បាន​ផល​អានិសង្ស ១៨ កប្ប ។

អនត្តាវីសតិកប្បានិ បើ​អ្នក​ឯ​ណា ១ មាន​ចិត្ត​ជ្រះ​ថ្លា​សទ្ធា​បាន​ភាវនា​គិត​នឹក​ដល់​ព្រះ អនត្តា អ្នក​នោះ​បាន​ផល​អានិសង្ស ២០ កប្ប ។

ចប់​បរិបូណ៌​ហើយ

ធ្វើ​ជា​ពាក្យ​កាព្យ​បន្តិច

អាសូររូបា រូប​សត្វ​ភាសា កើត​ឡើង​មិន​ទៀង មរណ​មក​កាត់ រូប​សត្វ​រៀបរៀង គ្មាន​រូប​ណា​ទៀង សល់​ដល់​មួយ​ឡើយ ។ អាសូរ​រូប​រស់ កើត​ឡើង​ស្មានស្មោះ ជា​មនុស្ស​បាន​ហើយ តែង​ប្រែ​រក​ក្ស័យ ជីព​ជន្ម​ឥត​ស្បើយ គ្មាន​រូប​ណា​ឡើយ នឹង​ជួយ​រូប​បាន ។