កសិភារទ្វាជសូត្រ

ពីវិគីភីឌា
Jump to navigation Jump to search

[៤] ខ្ញុំបានសា្តប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទក្ខិណាគិរិមហាវិហារ (អាស្រ័យ) ក្នុងស្រុកព្រាហ្មណ៍ឈ្មោះឯកនាឡា ក្នុងដែនមគធៈ ។ សម័យនោះឯង កសិភារទ្វាជព្រាហ្មណ៍ មាននង្គ័លចំនួន ៥០០ ប្រកបក្នុងកាលសាបព្រោះ ។ គ្រានោះ ព្រះមានព្រះភាគទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ទ្រង់យាងសំដៅទៅត្រង់កន្លែងការងាររបស់កសិភារទ្វាជព្រាហ្មណ៍ ។ សម័យនោះឯង ការអង្គាសបាយរបស់កសិភារទ្វាជព្រាហ្មណ៍ ក៏កំពុងប្រពឹត្តទៅ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ឆៀងចូលទៅកាន់ទីអង្គាសបាយ (របស់កសិភារទ្វាជព្រាហ្មណ៍) លុះចូលទៅដល់ហើយ ក៏ទ្រង់ឈរនៅក្នុងទីដ៏សមគួរ ។ កសិភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ កំពុងទ្រង់ឈរនៅ ដើម្បីបិណ្ឌបាតហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា ៖

បពិត្រព្រះសមណៈ ខ្ញុំព្រះអង្គ ភ្ជួររាស់ផង សាបព្រោះផង លុះភ្ជួររាស់ សាបព្រោះហើយ ទើបបរិភោគ ។

បពិត្រព្រះសមណៈ ចំណែកព្រះអង្គ ចូរភ្ជួររាស់ សាបព្រោះ លុះព្រះអង្គភ្ជួររាស់ សាបព្រោះហើយ ចូរបរិភោគចុះ ។

ម្នាលព្រាហ្មណ៍ តថាគតក៏ភ្ជួររាស់ផង សាបព្រោះផង លុះតថាគតភ្ជួររាស់ សាបព្រោះហើយ ទើបបរិភោគដែរ ។

បពិត្រព្រះសមណៈ យើងខ្ញុំមិនបានឃើញនឹមក្តី នង្គ័លក្តី្ត ផាលក្តី ជន្លួញក្តី សត្វបម្រើក្តី របស់ព្រះគោតមដ៏ចម្រើនសោះ ប៉ុន្តែហេតុអ្វីបានជាព្រះគោតមដ៏ចម្រើននិយាយយ៉ាងនេះថា ម្នាលព្រាហ្មណ៍ តថាគតភ្ជួររាស់ផង សាបព្រោះផង លុះភ្ជួររាស់ សាបព្រោះហើយ ទើបបរិភោគដែរ ។

លំដាប់នោះ កសិភារទ្វាជញ្រហ្មណ៍ បានពោលចំពោះព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា ៖

[៥] ព្រះអង្គប្តេជ្ញាថា ជាអ្នកភ្ជួររាស់ ប៉ុន្តែយើងមិនឃើញនូវការភ្ជួររាស់របស់ព្រះអង្គសោះ យើងសួរនូវការភ្ជួររាស់ សូមព្រះអង្គប្រាប់ឲ្យយើងដឹងនូវការភ្ជួររាស់របស់ព្រះអង្គ ។

(ព្រះអង្គត្រាស់ថា) តថាគត មានសទ្ធាជាពូជ មានតបធម៌ [ពាក្យថា តបធម៌ ក្នុងទីនេះ សំដៅយកសេចក្តីព្យាយាមយ៉ាងឧក្រិដ្ឋ ដោយការសង្រួមឥន្ទ្រិយ និងការកាន់ធុតង្គវត្ត ។ អដ្ឋកថា ។] ជាភ្លៀង មានប្រាជ្ញាជានឹម និងនង្គ័ល តថាគត មានហិរិជាចន្ទោល មានចិត្តជាខ្សែ មានសតិជាផាល និងជន្លួញ ។ តថាគត គ្រប់គ្រងកាយ គ្រប់គ្រងវាចា សង្រួមនូវអាហារក្នុងផ្ទៃ ធ្វើនូវការជម្រះ (នូវស្មៅ គឺកិលេស) ដោយសច្ចៈ តថាគត មានការស្ងប់ស្ងៀមជាគ្រឿងឈប់សម្រាក ។ វីរិយៈរបស់តថាគត ជាគ្រឿងនាំទៅនូវធុរៈ ជាហេតុនាំឲ្យបាននូវព្រះនិព្វានដ៏ក្សេមចាកយោគៈ ទៅកាន់ទីដែលគេទៅ មិនសោកសៅ ជាទីដែលគេមិនត្រឡប់វិញ ។ ការភ្ជួររាស់ដែលតថាគតភ្ជួររាស់ហើយយ៉ាងនេះ ជាគុណជាតិមានផលមិនចេះស្លាប់ទេ បុគ្គលធ្វើនូវការភ្ជួររាស់បែបនុ៎ះ ទើបរួចចាកទុក្ខទាំងពួង ។

[៦] គ្រានោះឯង កសិភារទ្វាជព្រាហ្មណ៍ ក៏ដោះបាយដាក់ក្នុងភាជន៍សំរិត [ភាជន៍មានតម្លៃ ១ សែនកហាបណៈ ។ អដ្ឋកថា ។] ដ៏ធំ បង្អោនចូលទៅថ្វាយព្រះមានព្រះភាគថា សូមព្រះគោតមដ៏ចម្រើន សោយបាយាសចុះ ព្រះគោតមដ៏ចម្រើន ក៏ជាអ្នកភ្ជួររាស់ ព្រោះថា ព្រះគោតមដ៏ចម្រើន រមែងភ្ជួររាស់ ចំពោះការភ្ជួររាស់ ដែលមានផលមិនចេះស្លាប់ ។

ភោជនដែលតថាគតពោលហើយដោយគាថាជាវត្ថុមិនគួរដល់ការបរិភោគទេ ម្នាលព្រាហ្មណ៍ នេះមិនមែនជាទំនៀមរបស់ពួកជនអ្នកឃើញច្បាស់ (នូវអាជីវបារិសុទ្ធិ) ទេ ព្រះពុទ្ធទាំងឡាយ តែងបន្ទោបង់នូវភោជន ដែលពោលហើយដោយគាថា ម្នាលព្រាហ្មណ៍ កាលបើធម៌មាននៅ ការស្វែងរកនេះ ជាការប្រព្រឹត្តិចិញ្ចឹមជីវិត ។ អ្នកចូរផ្គត់ផ្គង់ ចំពោះលោកអ្នកស្វែងនូវគុណធំ បរិបូណ៌ដោយគុណសព្វគ្រប់ មានអាសវៈអស់ហើយ ស្ងប់រម្ងាប់ចាកកុក្កុច្ចៈ ដោយវត្ថុដទៃ និងបាយទឹកផងចុះ ព្រោះថា ការផ្គត់ផ្គង់នោះ ជាបុញ្ញក្ខេត្តរបស់បុគ្គលអ្នកប្រាថា្នបុណ្យ ។

[៧] បពិត្រព្រះគោតមដ៏ចម្រើន បើដូច្នេះ តើខ្ញុំព្រះអង្គឲ្យនូវបាយាសនេះដល់បុគ្គលណាវិញ ។ ម្នាលព្រាហ្មណ៍ តថាគត មិនឃើញបុគ្គលដែលបរិភោគបាយាស ដល់នូវការសុះរលាយល្អ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសទេ វៀរលែងតែតថាគត ឬសាវ័កនៃតថាគតចេញ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរចាក់បាយាសនោះ ក្នុងទីដែលគ្មានវត្ថុស្រស់ ឬទម្លាក់ទៅក្នុងទឹក ដែលគ្មានសត្វទៅចុះ ។ គ្រានោះឯង កសិភារទ្វាជព្រាហ្មណ៍ក៏ទម្លាក់បាយាសនោះ ទៅក្នុងទឹកដែលគ្មានសត្វ ។ លំដាប់នោះ បាយាសនោះ ដែលព្រាហ្មណ៍ទម្លាក់ចុះទៅក្នុងទឹកហើយ ក៏ឮសំឡេងឆុរ ៗ ឮសំឡេងឆាវ ៗ ហុយផ្សែងទ្រុប ហុយផ្សែងទ្រលោម ។ ដុំដែកដែលឆេះក្តៅអស់មួយថ្ងៃ ដែលគេដាក់ចុះក្នុងទឹក រមែងឮសំឡេងឆុរ ៗ ឮសំឡេងឆាវ ៗ ហុយផ្សែងទ្រុប ហុយផ្សែងទ្រលោម យ៉ាងណាមិញ បាយាសដែលព្រាហ្មណ៍ទម្លាក់ទៅក្នុងទឹក ក៏ឮសំឡេងឆុរ ៗ ឮសំឡេងឆាវ ៗ ហុយផ្សែងទ្រុប ហុយផ្សែងទ្រលោម ក៏យ៉ាងនោះដែរ ។

[៨] គ្រានោះឯង កសិភារទ្វាជព្រាហ្មណ៍ មានចិត្តតក់ស្លុត ព្រឺរោម ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបសិរ្ស: ទៀបព្រះបាទព្រះមានព្រះភាគ សរសើរព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ភ្លឺច្បាស់ណាស់ ។ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ដែលព្រះគោតមដ៏ចម្រើន ទ្រង់ប្រកាសដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចមនុស្សផ្ងាររបស់ដែលផ្កាប់ ឬដូចគេបើកបង្ហាញរបស់ដែលបិទបាំង ឬក៏ដូចគេប្រាប់នូវផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចគេទ្រោលប្រទីបក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានចក្ខុទាំងឡាយ ឃើញនូវរូបទាំងឡាយបាន ។ ខ្ញុំព្រះអង្គនុ៎ះ សូមដល់ព្រះគោតមមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ សូមព្រះគោតមដ៏ចម្រើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត តាំងអំពីថ្ងៃនេះជាដើមទៅ ។ ខ្ញុំព្រះអង្គ គប្បីបាននូវបព្វជ្ជា គប្បីបាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះគោតមដ៏ចម្រើន ។ កសិភារទ្វាជព្រាហ្មណ៍ ក៏បាននូវបព្វជ្ជា បាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ ។ លុះព្រះភារទ្វាជៈដ៏មានអាយុ បានឧបសម្បទាមិនយូរប៉ុន្មាន ក៏ចៀសចេញទៅតែម្នាក់ឯង មិនធ្វេសប្រហែស មានសេចក្តីព្យាយាម មានចិត្តស្លុងទៅកាន់ព្រះនិព្វាន ពួកកុលបុត្តចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន ក៏ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវអនុត្តរធម៌នោះ ដ៏ជាទីបំផុតនៃព្រហ្មចរិយៈ ដោយប្រាជា្ញដ៏ឧត្តមរបស់ខ្លួនឯង ក្នុងអត្តភាពនេះ បានដឹងច្បាស់ថាជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈដ៏មានអាយុ រាប់ថាជាព្រះអរហន្តមួយអង្គដែរ ។

ឯកសារយោង[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក​ > ខុទ្ទកនិកាយ

ព្រះត្រៃបិដកភាគ៥៤ ទំព័រទី ២៦

SN 35.127 Bharadvaja Sutta: About Bharadvaja