កាម

ពីវិគីភីឌា

កាម (នាម) (បាលី) សេចក្ដីប្រាថ្នា, ចំណង់; ទ្រព្យសម្បត្តិ និង កិលេសដែលសត្វតែងប្រាថ្នា ។ សព្ទនេះប្រើជាបទសមាសបានជាអនេក; បើរៀងពីខាងដើមសព្ទដទៃអានថា កាម៉ៈ ដូចជា កាមគុណ, កាមតណ្ហា ជាដើម ។
កាមគុណ = ដំណើរចំរើននៃសេចក្ដីប្រាថ្នានូវអារម្មណ៍ទាំង ៥ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស ។
កាមច្ឆន្ទៈ (កាម-ម៉ាច់-ឆាន់-ទៈ) = សេចក្ដីពេញចិត្តក្នុងកាម ។
កាមតណ្ហា = ចំណង់ចំពោះកាម, សេចក្ដីប្រាថ្នាមិនចេះចប់ក្នុងកាម ។
កាមទុក្ខ = សេចក្ដីលំបាកក្នុងកាម, ទុក្ខដែលកើតឡីងព្រោះកាម ។
កាមបង្កៈ (កាម-ម៉ាក់-ប៉័ង-កៈ) = ភក់ គឺ កាម ឬ កាមដូចជាភក់ ។
កាមបរិឡាហៈ (កាម-ម៉ាក់-ប៉ៈ-រិ-ឡា-ហៈ) = សេចក្ដីក្ដៅក្រហាយ, រោលរាល, អន្ទះអន្ទែងព្រោះកាម ។
កាមភព = ភព គឺ កាម ឬ ភពដែលប្រកបដោយកាមគុណទាំង ៥, មានន័យថា ភពទាំង ១១ គឺ ទេវលោក ៦, មនុស្សលោក ១, អបាយភូមិ ៤ ។
កាមភោគិសេយ្យា (--សៃ-យ៉ា) = ដំណេករបស់បុគ្គលអ្នកបរិភោគកាម (អ្នកបរិភោគកាមច្រើនដេកផ្អៀងទៅខាងឆ្វេង) យោងតាមអដ្ឋកថាសុត្តន្តបិដក ។
កាមភោគី = អ្នកបរិភោគកាម ។ (ឥត្ថីលិង្គ) កាមភោគិនី ។
កាមយោគ = សេចក្ដីប្រកប ឬ ព្យាយាមក្នុងកាម ។
កាមរាគ = តម្រេកក្នុងកាម ។
កាមរាគានុស័យ = កិលេសយ៉ាងល្អិតដែលដិតត្រាំប្រចាំនៅក្នុងសន្ដានគឺកាមរាគ ។
កាមរោគ = រោគកើតឡើងព្រោះកាម ។
កាមវិតក្ក (--វិ-តាក់-កៈ) = សេចក្ដីត្រិះរិះក្នុងកាម ។
កាមវិយោគ = ការព្រាត់ប្រាស់និរាសចាកកាម ។
កាមសិនេហៈកាមស្នេហា = សេចក្ដីស្រឡាញ់ជក់ជាប់ស្អិតក្នុងកាម ។
កាមសុខ = សុខក្នុងកាម ឬ សេចក្ដីសប្បាយដែលកើតឡើងអំពីកាម ។
កាមសុខល្លិកានុយោគ = ការប្រកបរឿយៗក្នុងកាមសុខ, ការប្រព្រឹត្តជាប់ចិត្តចំពោះកាមសុខ ។
កាមាទីនវៈ (--ម៉ា-ទី-នៈ-វៈ) ឬ កាមាទីនព (--នប់) = ទោសនៃកាម, ទោសដែលកើតអំពីកាម ។
កាមារម្មណ៍ = អារម្មណ៍គឺកាម ៦ យ៉ាង មាន រូបារម្មណ៍ ជាដើម ។
កាមាវចរ = ឈ្មោះឋានសួគ៌ ៦ ជាន់ ឬ ឈ្មោះចិត្តដែលត្រាច់ទៅក្នុងកាមភព ឬ ដែលចុះស៊ប់កាន់កាមភព ។
កាមាសវៈ (--សៈ-វ៉ៈ) = អាសវៈ គឺ កាម ។
កាមុបាទាន (-ប៉ា-) = សេចក្ដីប្រកាន់មាំក្នុងកាម ។
កាមុម្មត្តកៈ (កាម៉ុម-ម៉ាត់-តៈ-កៈ) = អ្នកឆ្កួតព្រោះកាម ឬ ដែលឆ្កួត, ដែលវក់ក្នុងកាម ។
កាមេសនា = ការស្វែងរកកាម ។
កាមោឃៈ (--ឃៈ) = អន្លង់ គឺ កាម ឬ កាមដូចជាអន្លង់ ។ល។