ការដួលរលំទីក្រុងភ្នំពេញ
| ||||||||||||||||||||||||||
| ||||||||||||||||||||||||||
ការដួលរលំទីក្រុងភ្នំពេញ ឬអាចហៅបានថា ការដួលរលំរដ្ឋធានីភ្នំពេញ គឺការវាយដណ្តើមកាន់កាប់ទីក្រុងភ្នំពេញ ដែលជារដ្ឋធានីនៃសាធារណរដ្ឋខ្មែរ ដោយពួកខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដោយបានបិទបញ្ចប់សង្គ្រាមស៊ីវិលកម្ពុជា។ នៅដើមខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡោមព័ទ្ធជុំវិញបរិវេណទីក្រុង ដែលនាំឱ្យភ្នំពេញត្រូវពឹងផ្អែកទាំងស្រុងលើការផ្គត់ផ្គង់តាមផ្លូវអាកាសតាមព្រលានពោធិ៍ចិនតុង។
ដោយឃើញថាខ្មែរក្រហមនឹងរុលចូលក្រុងក្នុងពេលឆាប់ៗ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានបើកប្រតិបត្តិការជម្លៀសជនជាតិអាមេរិកនិងជនជាតិខ្មែរដែលជាសម្ព័ន្ធមិត្តជិតស្និទនឹងខ្លួននៅថ្ងៃទី១២ ខែមេសា។ នៅថ្ងៃទី១៧ ខែមេសា រដ្ឋាភិបាលសាធារណរដ្ឋខ្មែរបានជម្លៀសចេញពីភ្នំពេញ ដោយមានគម្រោងបង្កើតរដ្ឋាភិបាលថ្មីមួយនៅតំបន់ក្បែរព្រំដែនថៃដើម្បីបន្តតស៊ូប្រឆាំងនឹងខ្មែរក្រហម។ បន្តិចក្រោយមកនៅថ្ងៃដដែរនោះ របាំងការពារចុងក្រោយនៅជុំវិញទីក្រុងភ្នំពេញត្រូវផ្ដួល ហើយខ្មែរក្រហមក៏បានចូលកាន់កាប់ទីក្រុងភ្នំពេញទាំងស្រុង។
ពលទាហានសាធារណរដ្ឋខ្មែរដែលនៅសេសសល់ក្នុងទីក្រុងត្រូវបានកម្លាំងខ្មែរក្រហមចាប់ខ្លួននិងនាំទៅកាន់កីឡដ្ឋានអូឡាំពិក ជាកន្លែងដែលពួកគេត្រូវបានប្រហារជីវិត។ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលនិងយោធាត្រូវបានបង្ខំឱ្យសរសេរសារសារភាពមុនពេលពួកគេត្រូវបានប្រហារជីវិត។ ខ្មែរក្រហមបានបញ្ជាឱ្យប្រជាជនគ្រប់រួបជម្លៀសចេញពីទីក្រុងភ្នំពេញ លើកលែងតែជនបរទេសប៉ុន្មានក្រុមដែលបន្តនៅជ្រកកោននៅក្នុងស្ថានទូតបារាំងរហូតដល់ថ្ងៃទី៣០ ខែមេសា នៅពេលដែលពួកគេត្រូវបានដឹកជញ្ជូនតាមរថយន្តទៅប្រទេសថៃ។
ផ្ទៃរឿង
[កែប្រែ]នៅដើមឆ្នាំ១៩៧៥ សាធារណរដ្ឋខ្មែរ ដែលមានការគាំទ្រពីសហរដ្ឋអាមេរិក បានគ្រប់គ្រងតែតំបន់ក្រុងភ្នំពេញនិងទីប្រជុំជនមួយចំនួននៅតាមបណ្តោយទន្លេមេគង្គប៉ុណ្ណោះ ខណៈវាក៏ដើរតួជាផ្លូវផ្គត់ផ្គង់ស្បៀងអាហារនិងគ្រាប់រំសេវដ៏សំខាន់ចេញពីវៀតណាមខាងត្បូងដែរ។ នៅក្នុងគម្រោងយុទ្ធនាការវាយលុកកំឡុងរដូវប្រាំងឆ្នាំ១៩៧៥ របស់ពួកខ្មែរក្រហម ជាជាងប្រើកម្លាំងវាយទីក្រុងភ្នំពេញផ្ទាល់ ពួកខ្មែរក្រហមបានចាប់ផ្តើមវាយបណ្ដាច់ផ្លូវផ្គត់ផ្គង់របស់សាធារណរដ្ឋខ្មែរនៅតាមទន្លេមេគង្គនោះ។ នៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានវាយលុកក្រុងអ្នកលឿង ដែលជាប៉ុស្តិ៍ការពារដ៏សំខាន់មួយរបស់កងយោធពលខេមរជាតិនៅលើទន្លេមេគង្គ។[១]
កាលថ្ងៃទី២៧ ខែមករា នាវាចំនួនប្រាំពីរគ្រឿងក្នុងចំណោមនាវាចំនួន ១៦ គ្រឿងបានបើកចូលមកដល់ក្រុងភ្នំពេញ ក្រោយត្រូវរងការវាយប្រហារពីកម្លាំងខ្មែរក្រហមក្នុងកំឡុងពេលធ្វើដំណើរចម្ងាយ ១០០ គីឡូម៉ែត្រតាមទន្លេចេញពីព្រំដែនវៀតណាមខាងត្បូង។ នៅថ្ងៃទី៣ ខែកុម្ភៈ ក្បួននាវាមួយក្រុម ដែលធ្វើដំណើរតាមដងទន្លេ បានប៉ះជាមួយនឹងមីនក្រោមទឹកដែលបានដាក់បង្កប់ដោយពួកខ្មែរក្រហមនៅក្បែរក្រុងហ្វូមី ដែលមានចម្ងាយប្រមាណ ៧៤ គីឡូម៉ែត្រពីភ្នំពេញ។ ថ្វីបើកងទ័ពជើងទឹកនៃសាធារណរដ្ឋខ្មែរមានកម្លាំងសមត្ថភាពបោសសម្អាតមីនក្រោមទឹកមែន ប៉ុន្តែដោយសារតែច្រាំងទន្លេត្រូវគ្រប់គ្រងដោយពួកខ្មែរក្រហម ទើបបានជានាំឱ្យការបោសសម្អាតមីនមិនអាចធ្វើទៅរួច ឬណាមួយត្រូវចំណាយធនធានអស់ច្រើន។[១]:១០២–១០៤ មិនតែប៉ុណ្ណោះ គិតមកត្រឹមពេលនោះ កងទ័ពជើងទឹកសាធារណរដ្ឋខ្មែរបានបាត់បង់នាវាតូចធំរបស់ខ្លួនប្រមាណមួយភាគបួនទៅហើយ រីឯកម្លាំងនាវិក ៧០ ភាគរយរបស់ខ្លួនត្រូវបានស្លាប់ ឬរងរបួស។[២]:៣៤៧
នៅថ្ងៃទី១៧ ខែកុម្ភៈ របបសាធារណរដ្ឋខ្មែរបានបោះបង់ចោលនូវផែនការរំដោះផ្លូវទឹកតាមដងទន្លេមេគង្គវិញ ដូច្នេះ រាល់សកម្មភាពផ្គត់ផ្គង់ទាំងឡាយជាបន្តបន្ទាប់មកភ្នំពេញនឹងត្រូវឆ្លងកាត់តាមផ្លូវអាកាសតាមរយៈអាកាសយានដ្ឋានពោធិ៍ចិនតុង។[១]:១០៥ សហរដ្ឋអាមេរិកបានចាត់ការដឹកជញ្ជូនស្បៀងអាហារ ប្រេងឥន្ធនៈ និងគ្រាប់រំសេវបញ្ជូនតាមអាកាសមកភ្នំពេញភ្លាមៗ ប៉ុន្តែចំនួននៃជំនួយបោះត្រូវបានកំណត់រឹតបន្តឹងក្រោយវិសោធនកម្មច្បាប់ថ្មីបានចូលជាធរមាននៅអាមេរិក។[២]:៣៤៧ ជាលទ្ធផល ក្រុមហ៊ុនប៊ើដអ៊ែរ (BirdAir) របស់អាមេរិកបានក្លាយជាក្រុមហ៊ុនអាកាសតែមួយគត់ដែលប្រតិបត្តិដឹកជំនួយផ្គត់ផ្គង់ចូលភ្នំពេញក្នុងមួយថ្ងៃម្ភៃដង ដោយហោះហើរចុះឡើងពីអាកាសយានដ្ឋានទ័ពជើងទឹកអ៊ូតាផាវនៃប្រទេសថៃមកពោធិ៍ចិនតុង។[១]:១០៥
នៅថ្ងៃទី៥ ខែមីនា កាំភ្លើងធំខ្មែរក្រហមឈរនៅទួលលាប ពោលនៅភាគពាយ័ព្យនៃទីក្រុងភ្នំពេញ បានបាញ់ផ្លោងចូលមកចំអាកាសយានដ្ឋានពោធិ៍ចិនតុង មុនពេលកម្លាំងសាធារណរដ្ឋខ្មែរបានវាយដណ្តើមតំបន់ទួលលាបមកវិញនៅថ្ងៃទី១៥ ខែមីនា និងបិទបញ្ចប់ប្រតិបត្តិការបាញ់ផ្លោងចូលក្រុងរបស់ខ្មែរក្រហម។ កងកម្លាំងខ្មែរក្រហមបានបន្តរុញចូលយឺតៗពីភាគខាងជើងនិងលិចនៃភ្នំពេញ ហើយមិនយូរប៉ុន្មានក៏រកតំបន់ឈរជើងថ្មីដែលអាចឱ្យពួកគេបន្តធ្វើការបាញ់ផ្លោងចូលពោធិ៍ចិនតុងម្តងទៀត។ នៅថ្ងៃទី២២ ខែមីនា គ្រាប់រ៉ុក្កែតខ្មែរក្រហមបានបង្កការខូចខាតដល់យន្តហោះដឹកជំនួយផ្គត់ផ្គង់ចំនួនពីរគ្រឿង ដែលបង្ខំឱ្យស្ថានទូតអាមេរិកចេញសេចក្ដីប្រកាសនៅថ្ងៃបន្ទាប់អំពីដំណើរផ្អាកការដឹកជញ្ជូនតាមអាកាសរហូតដល់ស្ថានភាពសន្តិសុខបានប្រសើរឡើងវិញ។ ក្រោយដឹងខ្លួនថាសាធារណរដ្ឋខ្មែរនឹងដួលរលំនៅពេលឆាប់ៗប្រសិនបើគ្មានអ្វីជាជំនួយផ្គត់ផ្គង់ ដូច្នេះស្ថានទូតអាមេរិកក៏បានលុបចោលដំណើរផ្អាកនោះចោលនៅថ្ងៃទី២៤ ខែមីនា ហើយបានបង្កើនចំនួនយន្តហោះសម្រាប់ការដឹកជញ្ជូន។[១]:១០៥[២]:៣៥៨ ការធ្វើបែបនេះព្រោះរដ្ឋាភិបាលខ្មែរនិងស្ថានទូតអាមេរិកនាពេលនោះមានទស្សនៈសុទិដ្ឋនិយមថាខ្លួនអាចទប់ទល់នឹងការវាយលុករបស់ខ្មែរក្រហមបានរហូតដល់ខែឧសភា នៅពេលដែលរដូវវស្សាចូលមកដល់ ហើយសកម្មភាពប្រយុទ្ធផ្សេងៗនឹងចុះអន់ថយ។[២]:៣៥៦
យុទ្ធនាការវាយលុករបស់ខ្មែរក្រហម
[កែប្រែ]ចុងខែមីនា
[កែប្រែ]នៅចុងខែមីនា កងយោធពលខេមរជាតិបានឈរជើងក្នុងបរិវេណការពារចម្ងាយប្រហែល ១៥ គីឡូម៉ែត្រពីកណ្តាលទីក្រុងភ្នំពេញ។ នៅភាគពាយ័ព្យ កងពលធំទីប្រាំពីរបានកំពុងស្ថិតក្នុងស្ថានការណ៍កាន់តែលំបាកទៅៗ បន្ទាប់ពីគេបានរងការវាយផ្តាច់ពីច្រើនទិស ជាពិសេសនៅក្នុងតំបន់ទួលលាប ដែលបានប្តូរដៃកាន់កាប់គ្នាអស់ជាច្រើនលើក។ ចំពោះកងពលធំទីបីដែលមានទីតាំងឈរជើងនៅលើផ្លូវជាតិលេខ ៤ ក្បែរភូមិបែកចាន ចម្ងាយប្រហែល ១០ គីឡូម៉ែត្រនៅភាគខាងលិចព្រលានពោធិ៍ចិនតុង ត្រូវបានកាត់ផ្តាច់ចេញពីប៉ុស្តិ៍បញ្ជាការផ្ទាល់ខ្លួននៅក្រុងកំពង់ស្ពឺ។[៣]:១១៥
នៅឯភាគខាងត្បូង កងពលធំទីមួយបានរ៉ាប់រងយុទ្ធនាការការពារ រួមជាមួយកងពលតូចទី១៥ របស់លោកឧត្តមសេនីយ៍ឯកលន់ ណុន ហើយវាត្រូវជាជួរប្រយុទ្ធដ៏ស្ងប់ស្ងាត់បំផុតនាពេលនោះ។ យ៉ាងណាមិញ នៅក្នុងតំបន់តាខ្មៅ ផ្លូវជាតិលេខ១ និងទន្លេបាសាក់ កងពលធំទីមួយបានចាប់ផ្ដើមទទួលរងសម្ពាធជាបន្តបន្ទាប់ពីពួកខ្មែរក្រហម។ នៅខាងកើតនៃរដ្ឋធានីគឺជាទីតាំងឈរជើងរបស់កងពលតូចឆ័ត្រយោង និងកងអង្គភាពនៃយោធាភូមិភាគភ្នំពេញ។ មូលដ្ឋានទ័ពជើងទឹកនៅខាងជ្រោយចង្វារ និងមូលដ្ឋានទ័ពអាកាសខ្មែរនៅពោធិ៍ចិនតុង ត្រូវស្ថិតក្រោមការការពារដោយកម្លាំងពួកគេរៀងខ្លួនៗ។[៣]:១៥៦
កងទ័ពសាធារណរដ្ឋខ្មែរនៅភូមិសាស្ត្រអ្នកលឿង ពោលនៅឯច្រាំងខាងកើតនៃទន្លេមេគង្គគឺត្រូវបានកាត់ផ្ដាច់ទាំងស្រុងពីកងកម្លាំងសាធារណរដ្ឋខ្មែរផ្សេងៗទៀត។ កងទ័ពអាកាសនិងជើងទឹកខ្មែរត្រូវពន្លាតចេញដាច់ឆ្ងាយពីគ្នាខ្លាំងលើសពីសមត្ថភាពទ្រទ្រង់របស់ពួកគេ ជាហេតុនាំឱ្យពួកគេមិនអាចបំពេញកាតព្វកិច្ច និងតម្រូវការបានពេញលេញ។ ស្ថានភាពភស្តុភារទូទៅបានកាន់តែយ៉ាប់យ៉ឺនឡើងៗសម្រាប់កងកម្លាំងសាធារណរដ្ឋខ្មែរ ហើយការផ្គត់ផ្គង់គ្រាប់រំសេវសម្រាប់ទ័ពថ្មើរជើងអាចធ្វើឡើងបានម្តងម្កាលប៉ុណ្ណោះ។[៣]:១៥៦
១ មេសា
[កែប្រែ]លោកនាយករដ្ឋមន្ត្រីលន់ នល់បានលាលែងចេញពីតំណែងនៅថ្ងៃទី១ ខែមេសា។ ពិធីលាលែងត្រូវបានធ្វើឡើងនៅវិមានចំការមន ដោយមានការចូលរួមពីតែជនជាតិខ្មែរសុទ្ធប៉ុណ្ណោះ ខណៈក្រុមអ្នកការទូតតំណាងបរទេសផ្សេងៗមិនត្រូវបានឱ្យអញ្ជើញចូលឡើយ។ ពីទីធ្លានៃវិមានចំការមន ឧទ្ធម្ភាគចក្របានដឹកលោកលន់ នល់ ព្រមទាំងក្រុមគ្រួសារ និងបក្សពួកលោកទៅព្រលានពោធិ៍ចិនតុង ដែលជាកន្លែងលោកបានជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកចន ហ្គុនធើរ ឌីន មុនពេលឡើងយន្តហោះអាកាសចរណ៍កម្ពុជាហោះទៅកាន់អ៊ូតាផាវក្នុងប្រទេសថៃ ដោយនិរទេសខ្លួនចេញជាផ្លូវការ។[៣]:១៥៨–១៦១[២]:៣៥៨ លោកសូខាំ ខូយបានក្លាយជាប្រធានាធិបតីស្តីទី ដោយសង្ឃឹមថានឹងមានផ្លូវចរចាសន្តិភាពជាមួយខ្មែរក្រហម ពិសេសក្រោយលន់ នល់បានចាកចេញទៅបាត់។[២]:១៦១
ស្ថានការណ៍តឹងតែងស្ទើរពេញមួយខែមីនាកន្លងមកនោះបានបិទបញ្ចប់នៅយប់ថ្ងៃទី១ ខែមេសា បន្ទាប់ពីក្រុងអ្នកលឿងបានដួលរលំធ្លាក់ក្រោមដៃខ្មែរក្រហម ក្រោយពីកម្លាំងសាធារណរដ្ឋខ្មែរបានស៊ូទ្រាំការពារក្រុងនេះពីការឡោមព័ទ្ធវាយប្រហាររបស់ខ្មែរក្រហមអស់រយៈពេលបីខែកន្លងមក។ ការវិវឌ្ឍស្ថានភាពថ្មីនេះបានបើកផ្លូវថ្មីឆ្ពោះទៅកាន់ភាគខាងត្បូងនៃរដ្ឋធានី ខណៈទាហានខ្មែរក្រហមចំនួន ៦,០០០ នាក់បន្ថែមបានរុលជាកម្លាំងឆ្ពោះទៅចូលរួមឡោមព័ទ្ធភ្នំពេញ។[៣]:១៥៦[១]:១០៥[២]:៣៥៨
២–១១ មេសា
[កែប្រែ]ចាប់ពីថ្ងៃទី៣–៤ ខែមេសា ទីតាំងឈរជើងរបស់កម្លាំងសាធារណរដ្ឋខ្មែរទាំងប៉ុន្មាននៅលើផ្លូវជាតិលេខ ១ ខាងជើងក្រុងអ្នកលឿងក្រោមកងពលធំទីមួយបានត្រូវសត្រូវវាយកាន់កាប់ម្តងមួយៗ ហើយការបញ្ជូនកម្លាំងបន្ថែមជាជំនួយមិនថាតាមផ្លូវគោក ឬឆ្លងទន្លេមេគង្គទេ គឺមិនអាចធ្វើទៅរួចទៀតឡើយ។[២]:១៥៦ នៅភាគខាងជើងរដ្ឋធានី ក្នុងតំបន់កងពលទីប្រាំពីរការពារ ខ្មែរក្រហមបានបើកការវាយលុកជារៀងរាល់ថ្ងៃ ហើយទោះបីជាមានការគាំទ្រផ្លូវអាកាសជាប្រចាំក៏ដោយ ក៏ស្ថានការណ៍នៅទីនោះនៅតែមិនអំណោយផលដដែរ។ កម្លាំងសាធារណរដ្ឋខ្មែរបានព្យាយាមវាយដណ្ដើមយកទីតាំងដែលខ្លួនបានបាត់បង់ទៅពួកខ្មែរក្រហមមកវិញដែរ ប៉ុន្តែមិនបានជោគជ័យអ្វីសោះ។ កងពលទីមួយបានបាត់បង់ទាហានជារៀងរាល់ថ្ងៃ ខណៈការជម្លៀសទាហានដែលឈឺនិងរបួសដោយឧទ្ធម្ភាគចក្រគឺលែងអាចធ្វើទៅរួចទៀតហើយ។[៣]:១៥៦–១៥៧
ដោយស្ថានការណ៍វិវត្តលឿនហួសប្រមាណ ហើយដោយកម្លាំងកាន់តែចុះថយទៅៗ អគ្គបញ្ជាការដ្ឋានក៏បានបញ្ជូនត្រឹមអតីតសមាជិកនៃកងឆ្មាំខេត្តទៅជួយការពារនៅតំបន់ភាគខាងជើង ប៉ុន្តែពួកគេត្រូវបានខ្មែរក្រហមវាយខ្ចាត់ខ្ចាយទាំងស្រុងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ។ ហេតុការណ៍នេះបាននាំឱ្យរបើករបាំងការពារភាគខាងជើង រីឯឱកាសបិទខ្ទប់វាក៏លែងមានទៀត។ នៅឯភាគខាងលិច កងកម្លាំងនៃកងពលធំទីបីក្រោមបញ្ជាការរបស់ឧត្តមសេនីយ៍ឯកព្រះនរោត្ដម ចន្ទរង្សីបានទទួលជំនួយកម្លាំងមកពង្រឹងការការពារបន្ថែម ប៉ុន្តែយ៉ាងណា កម្លាំងព្រះអង្គនៅតែមិនអាចវាយចូលកំពង់ស្ពឺបាន ពិសេសដើម្បីដណ្តើមទីតាំងយុទ្ធសាស្ត្រនៅទួលលាបនោះ។ បន្ថែមពីលើនេះ កម្លាំងសាធារណរដ្ឋខ្មែរបានបង្កើតកំហុសគណនាបណ្ដាលឱ្យពួកគេផ្លោងគ្រាប់ចូលទីតាំងរបស់កងពលធំទីបីកំឡុងពេលកំពុងប្រតិបត្តិការ ជាហេតុប៉ះពាល់ដល់ស្មារតីប្រយុទ្ធយ៉ាងធ្ងន់ធ្ងរ។[៣]:១៥៦–៧
ទន្ទឹមគ្នានេះដែរ ជនភៀសសឹកស៊ីវិលមកពីគ្រប់ទិសទីបាននាំគ្នារត់មកជ្រោកកោនគេចវេះពីសង្គ្រាមនៅក្នុងរដ្ឋធានី។ អាជ្ញាធរក្រុងភ្នំពេញទាំងស៊ីវិលនិងយោធាត្រូវធ្វើការធ្ងន់កទទួលជនភៀសសឹករាប់សិបពាន់នាក់ ដោយមិនដឹងថាត្រូវផ្តល់ជម្រកនៅទីណាឱ្យពួកគេ។ សាលារៀន វត្តអារាម និងសួនច្បារសាធារណៈបានក្លាយជាទីជម្រកបណ្ដោះអាសន្នរបស់ជនភៀសសឹក ចំណែកឯអាជ្ញាធរក្រុងវិញ ពួកគេអស់លែងមានវិធីសាស្ត្រដើម្បីកំណត់អត្តសញ្ញាណថាតើនរណាជាមិត្ត និងនរណាជាខ្មែរក្រហមទៀតឡើយ។[៣]:១៥៧
នៅថ្ងៃទី១១ ខែមេសា នៅឯទីក្រុងប៉េកាំង រដ្ឋាភិបាលអាមេរិកបានស្នើសុំឱ្យមានការចាត់ព្រះអង្គម្ចាស់នរោត្តម សីហនុ មេដឹកនាំនៃរណសិរ្សរួបរួមជាតិកម្ពុជា ឱ្យយាងត្រឡប់មកទីក្រុងភ្នំពេញវិញជាបន្ទាន់។ តែយ៉ាងណា ព្រះអង្គទ្រង់បានបដិសេធសំណើរបស់អាមេរិកនោះនៅព្រឹកបន្ទាប់។[២]:៣៦៣
១២ មេសា
[កែប្រែ]
ដោយស្ថានការណ៍នៅភ្នំពេញកាន់តែពិបាកទៅៗ ដូច្នេះនៅថ្ងៃទី១២ ខែមេសា ស្ថានទូតអាមេរិកក៏បានផ្តួចផ្តើមប្រតិបត្តិការអ៊ីហ្គលភូល ពោលជាដំណើរជម្លៀសប្រជាជនអាមេរិកទាំងអស់ចេញពីកម្ពុជា។ លោកឯកអគ្គរដ្ឋទូតឌីនបានអញ្ជើញសមាជិករដ្ឋាភិបាលខ្មែរឱ្យជម្លៀសខ្លួនចេញផងដែរនៅក្នុងប្រតិបត្តិការនេះ ប៉ុន្តែពួកគាត់ទាំងអស់គ្នាបានបដិសេធ លើកលែងតែប្រធានាធិបតីស្តីទី លោកសូខាំ ខូយ ដែលបានព្រមចូលខ្លួនជម្លៀសដោយមិនផ្ដល់ដំណឹងអ្វីដល់ថ្នាក់ដឹកនាំដទៃ។[១]:១១៤ ដំណើរជម្លៀសនេះបានធ្វើឱ្យមនុស្សជាច្រើនក្នុងជួរថ្នាក់ដឹកនាំសាធារណរដ្ឋខ្មែរមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែទីក្រុងភ្នំពេញនិងទីរួមខេត្តស្ទើរតែទាំងអស់ (លើកលែងតែទីរួមខេត្តនៅភាគខាងកើតប្រទេសដែលកំពុងស្ថិតក្រោមវៀតណាមខាងជើងកាន់កាប់) សុទ្ធតែស្ថិតនៅក្នុងកណ្ដាប់ដៃរដ្ឋាភិបាល និងពោរពេញទៅដោយជនភៀសសឹករាប់លាននាក់។ ចំនួនប៉ាន់ប្រមាណបានរាប់ប្រជាជនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលថាមានចំនួនប្រាំមួយលាននាក់ ហើយអ្នកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហមមានត្រឹមមួយលាននាក់ប៉ុណ្ណោះ។[៣]:១៦២–៣
នៅវេលាម៉ោង ០៨:៣០ ព្រឹក គណៈរដ្ឋមន្ត្រីបានកោះប្រជុំគ្នានៅក្នុងការិយាល័យនាយករដ្ឋមន្ត្រីឡុង បូរ៉េត។ ពួកគាត់បានសម្រេចចិត្តថា គួរតែមានការហៅកោះប្រជុំមហាសន្និបាតមួយ ដែលមានសមាសភាពមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំយោធាចូលរួម។ ចាប់ពីម៉ោង ១៤:០០ រសៀល មហាសន្និបាតនោះត្រូវបានធ្វើឡើងនៅក្នុងវិមានចំការមន។ នៅទីបំផុត សេចក្តីសម្រេចមួយត្រូវបានអនុម័តជាឯកច្ឆន្ទ ដោយស្នើការផ្ទេរអំណាចទៅឱ្យយោធាកាន់កាប់ និងថ្កោលទោសលោកសូខាំ ខូយ ដែលមិនបានប្រគល់តំណែងសមស្របតាមនីតិច្បាប់។ នៅម៉ោង ២៣:០០ យប់ មហាសន្និបាតបានជ្រើសតាំងសមាជិកនៃគណៈកម្មាធិការកំពូលដូចជា៖ លោកឧត្តមសេនីយ៍ឯកសក់ ស៊ុតសាខន នាយសេនាធិការកងខេមរជាតិលោកឧត្តមសេនីយ៍ទោថងវណ្ណ ផានមឿង ឧត្តមនាវីឯកវង្ស សារិនឌី មេបញ្ជាការកងទ័ពអាកាសលោកឧត្តមសេនីយ៍ឯកអៀ ឈុង លោកនាយករដ្ឋមន្ត្រីឡុង បូរ៉េត លោកឧបនាយករដ្ឋមន្ត្រីហង្ស ធុនហាក់ និងតំណាងគណបក្សសង្គមសាធារណរដ្ឋលោកអុប គឹមអាង។[៣]:១៦៤
ចំពោះស្ថានការណ៍នៅសមរភូមិវិញបានកាន់តែយ៉ាប់យ៉ឺនខ្លាំងទៅៗ។ នៅភាគខាងជើង ខ្សែការពារត្រូវបានកាត់ផ្តាច់នៅចំណុចជាច្រើនដោយខ្មែរក្រហម ទោះបីជាមានការតស៊ូប្រយុទ្ធតតាំងពីអង្គភាពកងទ័ពសាធារណរដ្ឋខ្មែរវិញយ៉ាងណាក៏ដោយ។ អាកាសយានដ្ឋានពោធិ៍ចិនតុងវិញបានកំពុងប្រឈមនឹងហានិភ័យខ្ពស់ពីការវាយដណ្តើមដោយខ្មែរក្រហម។ ដោយដូច្នេះ ព្រលានយោធាតូចមួយនៃតំបន់មានជ័យត្រូវបានកំណត់ជាទីកន្លែងចុះចតបណ្ដោះអាសន្នសម្រាប់យន្តហោះនិងឧទ្ធម្ភាគចក្រដែលនាំយកគ្រាប់រំសេវ និងសម្ភារៈផ្គត់ផ្គង់ផ្សេងៗ។.[៣]:១៦៤–៥
១៣–១៦ មេសា
[កែប្រែ]
ថ្ងៃទី១៣ ខែមេសា គឺជាថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំខ្មែរថ្មី ហើយក៏ត្រូវជាថ្ងៃដែលខ្មែរក្រហមបានបន្តបាញ់ផ្លោងចូលទីក្រុងភ្នំពេញដែរ។ នៅវេលាម៉ោង ០៩:០០ ព្រឹក គណៈកម្មាធិការកំពូលបានបើកសម័យប្រជុំលើកដំបូងរបស់ខ្លួន ដោយបានជ្រើសតាំងលោកសក់ ស៊ុតសាខនជាប្រធានគណៈកម្មាធិការជាឯកច្ឆ័ន្ទ ដែលនាំឱ្យលោកក្លាយជាប្រមុខរដ្ឋាភិបាល និងជាប្រមុខរដ្ឋស្តីទីផងដែរ។ លោកសាខនបានផ្ញើសំណើសុំសន្តិភាពចុងក្រោយទៅកាន់ព្រះអង្គម្ចាស់សីហនុ ដោយព្រមផ្ទេរសាធារណរដ្ឋនិងកងកម្លាំងប្រដាប់អាវុធទៅឱ្យព្រះអង្គកាន់កាប់ ប៉ុន្តែសាធារណរដ្ឋនឹងមិនព្រមចុះចាញ់ឱ្យដៃទៅខ្មែរក្រហមនោះឡើយ។ នៅយប់នោះ លោកសាខនបានកោះប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលលើកនេះមានទាំងគណៈកម្មាធិការកំពូល និងគណៈរដ្ឋមន្ត្រីចូលរួម។[៣]:១៦៥
ក្រុមប្រឹក្សាបានសម្រេចចិត្តដោយប្រើអំណាចទាំងប៉ុន្មានដែលខ្លួនមានដើម្បីបញ្ជូនលំហូរជនភៀសសឹកដែលកំពុងកើនឡើងច្រើនទៅៗទៅជ្រកកោននៅក្នុងសាលារៀន វត្តអារាម បង្កើតកម្មវិធីផ្តល់ស្បៀងអាហារដល់ពួកគេ រៀបចំគណៈរដ្ឋមន្ត្រីឡើងវិញ ពង្រឹងទ័ពនៅភ្នំពេញដោយហោះនាំកងវរសេនាធំមួយចំនួនពីខេត្តផ្សេងៗចូលតាមព្រលានមានជ័យ និងការបង្កើតគណៈកម្មាធិការពិសេសមួយ ដែលមានលោកឡុង បូរ៉េតជាប្រធាន ដើម្បីរៀបចំត្រៀមសំណើសន្តិភាពសម្រាប់្រគល់ឱ្យព្រះអង្គម្ចាស់សីហនុ ឬពួកខ្មែរក្រហម។[៣]:១៦៥
គិតត្រឹមថ្ងៃទី១៤ ខែមេសា ស្ថានការណ៍នៅលើសមរភូមិបានកាន់តែបាត់បង់លំនឹងទៅបន្តិចៗ។ នៅព្រឹកនោះ គណៈរដ្ឋមន្ត្រីបានជួបប្រជុំគ្នានៅការិយាល័យលោកសាខន នៅទីស្នាក់ការកណ្តាលអគ្គសេនាធិការ។ នៅម៉ោង ១០:២៥ កណ្ណធារបើកយន្តហោះ តេ-២៨ ម្នាក់បានទម្លាក់គ្រាប់បែកចំនួនបួនគ្រាប់ទម្ងន់ ១១០ គីឡូក្រាម (២៥០ ផោន)។ គ្រាប់បែកចំនួនពីរគ្រាប់បានធ្លាក់ផ្ទុះនៅទីតាំងចម្ងាយប្រហែល ២០ ម៉ែត្រពីការិយាល័យរបស់សាខន ដោយបានសម្លាប់មន្ត្រីនិងកងការពារចំនួនប្រាំពីរនាក់ និងរបួសម្ភៃនាក់បន្ថែម។ លោកសាខនបានប្រកាសពីបម្រាមគោចររយៈពេល ២៤ ម៉ោង ខណៈការប្រយុទ្ធនៅលើសមរភូមិនៅបន្តដដែរ។[៣]:១៦៦[៤]:១២៥
នៅរសៀលនៃថ្ងៃដដែរ ក្រុងតាខ្មៅដែលជាទីរួមខេត្តកណ្តាល និងស្ថិតនៅចម្ងាយ ១១ គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងភ្នំពេញ ត្រូវបានធ្លាក់ក្រោមការកាន់កាប់ខ្មែរក្រហមទាំងស្រុង។ តាខ្មៅជាចំណុចទីតាំងការពារយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់កងកម្លាំងសាធារណរដ្ឋខ្មែរ ហើយការបាត់បង់វាបានប៉ះពាល់ដល់ស្មារតីប្រយុទ្ធបន្ថែមរបស់ពួកគេ។ ថ្វីបើមានការវាយតបតដើម្បីគ្រង់គ្រងស្ថានការណ៍នៅតាខ្មៅមែនក្ដី តែវាមិនបានផលផ្លែផ្កាអ្វីឡើយ ហើយមិនយូរប៉ុន្មាន សមរភូមិប្រយុទ្ធក៏រុញចូលមកដល់តំបន់ខាងត្បូងនៃជាយក្រុង។ មិនតែប៉ុណ្ណោះ ដោយសារការវិវត្តបែបនេះ សកម្មភាពផ្គត់ផ្គង់ជំនួយទាំងឡាយតាមអាកាសនៅពោធិ៍ចិនតុងត្រូវបានផ្អាកបញ្ឈប់ទាំងស្រុង។[៣]:១៦៦[៤]:១២៥
ចូលមកថ្ងៃទី១៥ ខ្មែរក្រហមបានបង្កើនការវាយប្រហារបន្ថែមពីភាគខាងជើងនិងលិច។ តំបន់ពោធិ៍ចិនតុងនិងទំនប់របងការពារដែលរត់ពីកើតទៅលិចបន្តទៅខាងជើងនៃទីក្រុង ដោយចំណុចទាំងពីរភ្ជាប់គ្នាបង្កើតបានជាខ្សែការពារចុងក្រោយនៅជុំវិញបរិវេណក្រុងភ្នំពេញ ហើយមកដល់ត្រឹមនេះបានកំពុងរងការវាយលុកយ៉ាងខ្លាំងពីសំណាក់ពួកខ្មែរក្រហម។ ការចូលអន្តរាគមន៍ដោយកងពលតូចឆ័ត្រយោង ដែលត្រូវបានបញ្ជូនមកពីប៉ែកខាងកើតទន្លេមេគង្គ មិនបានជួយសម្រូលអ្វីដល់ស្ថានការណ៍ដ៏តានតឹងនៅសមរភូមិខាងលិចនៃរដ្ឋធានីឡើយ។ កងពលតូចនេះបានព្យាយាមរុលដំណើរទៅលិច ប៉ុន្តែអាចបន្តបានត្រឹមតែ ៦ គីឡូម៉ែត្រតាមផ្លូវជាតិលេខ ៤ ប៉ុណ្ណោះ។[៣]:១៥៨ ទន្ទឹមគ្នានេះដែរ ជនភៀសសឹកជាច្រើននាក់បន្ថែមបានបន្តហូរចូលក្រុងភ្នំពេញ។[៣]:១៦៧

នៅថ្ងៃទី១៦ ខែមេសា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកនោះត្រូវបានផ្ដោតទាំងស្រុងទៅលើយន្តការផ្ញើសំណើសន្តិភាពទៅទីក្រុងប៉េកាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបានបំផុត។ លោកឡុង បូរ៉េតបានរៀបចំសំណើដែលក្នុងនោះបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការផ្ទេរអំណាចទៅឱ្យរណសិរ្សរួបរួមជាតិកម្ពុជារបស់សម្ដេចសីហនុ។ ទីបំផុត សំណើនេះក៏ត្រូវបានផ្ញើទៅកាន់ទីក្រុងប៉េកាំងតាមរយៈគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងទីភ្នាក់ងារសារព័ត៌មានបារាំង។ ស្ថានភាពយោធាកាន់តែវិវត្តអាក្រក់ទៅៗ នៅពេលដែលធុងស្តុកប្រេងរបស់ក្រុមហ៊ុនស៊ែល (Shell) នៅភាគខាងជើងទីក្រុងបានឆាបឆេះកំឡុងពេលប្រយុទ្ធគ្នា បង្កបង្កើតជាអគ្គីភ័យដុតបំផ្លាញទីលំនៅប្រជាជនពីជើងរហូតដល់ត្បូងរដ្ឋធានីភ្នំពេញ។[៣]:១៦៧–៨
ពេញមួយរសៀល គណៈរដ្ឋមន្ត្រីបានទន្ទឹងរង់ចាំចម្លើយឆ្លើយតបពីទីក្រុងប៉េកាំង។ នៅវេលាម៉ោង ២៣:០០ យប់ សារចម្លើយនៅតែមិនទាន់ឃើញមកដល់ ហើយគណៈរដ្ឋមន្ត្រីក៏ដឹងខ្លួនថា ពួកខ្មែរក្រហមគឺមិនមានបំណងងទទួលយកសំណើអ្វីនោះទេ។[៣]:១៦៧–៨ ដំណាលគ្នានេះ ខ្មែរក្រហមបានកាន់កាប់ច្រាំងខាងកើតនៃទន្លេមេគង្គបន្ទាប់ពីកងពលតូចឆ័ត្រយោងបានដកខ្លួនចេញ ខណៈដែលកងពលធំទីពីររបស់ឧត្តមសេនីយ៍ដៀន ដែលបានមកឈរជើងការពារតំបន់ស្ពានព្រះមុនីវង្ស។[៤]:១២៦
យន្តហោះ តេ-២៨ ដេ របស់ទ័ពអាកាសសាធារណរដ្ឋខ្មែរបានចេញប្រតិបត្តិការហោះហើរជាលើកចុងក្រោយដោយទម្លាក់គ្រាប់បែកលើមជ្ឈមណ្ឌលបញ្ជានិងត្រួតពិនិត្យ ក៏ដូចជាឃ្លាំងយន្តហោះនៅពោធិ៍ចិនតុង ក្រោយព្រលាននេះបានធ្លាក់ក្រោមការកាន់កាប់ដោយខ្មែរក្រហម។ បន្ទាប់ពីប្រើប្រាស់គ្រាប់បែកទម្លាក់ស្ទើរអស់ពីស្តុក យន្តហោះសាធារណរដ្ឋខ្មែរចំនួន ៩៧ គ្រឿងបានហោះចេញពីមូលដ្ឋានទ័ពអាកាស និងអាកាសយានដ្ឋានតូចៗផ្សេងៗនៅទូទាំងប្រទេសកម្ពុជា ដោយខ្លះមានដឹកផ្ទុកជនស៊ីវិលមួយចំនួនតូចឆ្ពោះទៅកាន់ទីទួលសុវត្ថិភាពនៅក្នុងប្រទេសថៃ។[៥]
១៧ មេសា
[កែប្រែ]
ដោយសារសំណើសន្តិភាពមិនមានសត្រូវណាទទួលយក នោះនៅវេលាម៉ោង ០២:០០ រំលងអធ្រាត្រចូលថ្ងៃទី១៧ ខែមេសា គណៈរដ្ឋមន្ត្រីក៏បានព្រមព្រៀងគ្នាថានឹងផ្លាស់ប្តូរទីស្ដីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការកំពូល និងសមាជិកសភាមួយចំនួនពីភ្នំពេញទៅភាគខាងជើងប្រទេសនៅទីរួមខេត្តឧត្តរមានជ័យតាមបណ្ដោយព្រំដែនប្រទេសថៃ ដោយនឹងបង្កើតចលនាតស៊ូប្រឆាំងខ្មែរក្រហមពីទីនោះ។ មធ្យោបាយនៅសល់តែមួយគត់ដើម្បីចាកចេញពីរដ្ឋធានីគឺតាមឧទ្ធម្ភាគចក្រ។ នៅវេលាម៉ោង ០៤:០០ ទៀបភ្លឺ សមាជិករដ្ឋាភិបាលបានជួបជុំគ្នានៅសួនច្បារមុខវត្តបទុមវត្តីដើម្បីត្រៀមធ្វើការជម្លៀសខ្លួនចេញ ប៉ុន្តែគួរឱ្យអភ័ព្វ មិនមានឧទ្ធម្ភាគចក្របានបង្ហាញខ្លួនឡើយ។[៣]:១៦៨–៩
ពេលថ្ងៃកំពុងរះពីលើជើងមេឃនៃទិសខាងកើត ពោលគឺនៅវេលាម៉ោង ០៥:៣០ ទៀបភ្លឺ សមាជិករដ្ឋាភិបាលបាននាំគ្នាវិលត្រឡប់ទៅគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីឡុង បូរ៉េត ហើយបានសម្រេចចិត្តថានឹងនៅស៊ូរហូតដល់ស្លាប់។ ក្រោយម៉ោង ០៦:០០ ព្រឹក រដ្ឋមន្ត្រីក្រសួងឃោសនាការ លោកថោង លឹមហួងបាននាំយកសារទូរលេខមួយដែលទើបតែមកដល់ពីទីក្រុងប៉េកាំង ដោយមានជូនដំណឹងថា ការអំពាវនាវរកសន្តិភាពនោះត្រូវបានបដិសេធដោយព្រះនរោត្តម សីហនុ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលក្រៅស្រុករបស់ព្រះអង្គបានចុចឈ្មោះសមាជិកទាំងប្រាំពីររូបនៃគណៈកម្មាធិការកំពូលថាជាជនក្បត់ជាតិ បន្ថែមពីលើបុគ្គលទាំងប្រាំពីរនាក់ដែលបានឡើងកាន់អំណាចកាលពីឆ្នាំ១៩៧០។[៣]:១៦៨–៩
ការបាញ់ប្រយុទ្ធតតាំងគ្នាបានបន្លឺចាប់តាំងពីវេលាម៉ោង ០៤:០០ ទៀបភ្លឺនៅភាគខាងជើងទីក្រុងភ្នំពេញ ជុំវិញស្ថានីយ៍ថាមពលធំ។ ពេលព្រឹកព្រលឹមឈានមកដល់ ការបាញ់ប្រយុទ្ធគ្នាបានរលត់ទៅវិញ នៅពេលដែលកងកម្លាំងសាធារណរដ្ឋខ្មែរបានដកថយតាមបណ្តោយមហាវិថីព្រះមុនីវង្សចូលមកក្នុងកណ្តាលក្រុង។[៦]:84 ឧត្តមនាវីឯកវង្ស សារិនឌីបានធ្វើដំណើរវិលត្រឡប់ទៅកាន់មូលដ្ឋានទ័ពជើងទឹកវិញ ដែលកាលនុះកំពុងរងការវាយប្រហារពីពួកខ្មែរក្រហម។ ក្រោយមក លោកបានហៅទូរស័ព្ទមកលោកសាខន ដោយប្រាប់ថាមូលដ្ឋានទ័ពជើងទឹកបានកំពុងត្រូវឡោមព័ទ្ធ ហើយមិនយូរប៉ុន្មាននឹងត្រូវខ្មែរក្រហមវាយបែក។ នៅពេលដែលកងកម្លាំងខ្មែរក្រហមបានវាយចូលមកក្នុងប៉ុស្តិ៍បញ្ជាការទ័ពជើងទឹក លោកសារិនឌីក៏បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនជាជាងឱ្យសត្រូវចាប់ខ្លួន។[៧]
គិតត្រឹមម៉ោង ០៨:០០ ព្រឹក សមាជិកគណៈរដ្ឋមន្ត្រី តំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាដែលនៅសល់ទាំងប៉ុន្មានបានចាកចេញពីសម័យប្រជុំ ដោយបន្សល់ទុកតែលោកឡុង បូរ៉េត និងសាខន។ លោកឧត្តមសេនីយ៍ថាច់ រ៉េងបានព្យាយាមអង្វរពួកគាត់ឱ្យចាកចេញជាមួយលោក ព្រោះលោកនៅមានបញ្ជាការទាហាននៃកងកម្លាំងពិសេស និងឧទ្ធម្ភាគចក្រប្រភេទ អ៊ុយហះ-១ ចំនួនប្រាំពីរគ្រឿងនៅឯពហុកីឡដ្ឋានអូឡាំពិក។ នៅវេលាម៉ោងប្រហែល ០៨:៣០ លោកសាខននិងក្រុមគ្រួសារលោកបានឡើងឧទ្ធម្ភាគចក្រមួយគ្រឿងហើយហោះហើរចេញ រួមជាមួយមេបញ្ជាការកងទ័ពអាកាសលោកអៀ ឈុង។ ទន្ទឹមនឹងនេះ លោកឡុង បូរ៉េតបានឡើងឧទ្ធម្ភាគចក្រមួយគ្រឿងទៀត ប៉ុន្តែវាត្រូវមានបញ្ហាមិនអាចហោះឡើងបាន។[៣]:១៦៩[៨]
ឧទ្ធម្ភាគចក្រចំនួនបួនគ្រឿងបានហោះចូលក្រុងកំពង់ធំដើម្បីចាក់សាំង ដោយបានមកដល់នៅម៉ោង ០៩:៣០។ នៅកំពង់ធំ លោកសាខនបានទាក់ទងទៅភ្នំពេញតាមវិទ្យុ ដោយបានទទួលដំណឹងថា ខ្មែរក្រហមបានវាយចូលដល់ក្នុងទីបញ្ជាការដ្ឋានអគ្គសេនាធិការហើយ។ ឧត្តមសេនីយ៍ម៉ី ស៊ីចាន់បានថ្លែងសារទៅកាន់ប្រជាជាតិនិងយោធាជំនួសលោកសាខន ដោយសំណុំពរឱ្យលើកទង់សជាសញ្ញាសុំសន្តិភាព។ ឧទ្ធម្ភាគចក្ររបស់លោកសាខនបានចុះនៅឧត្តរមានជ័យនៅវេលាម៉ោង ១៣:៣០ រសៀល ខណៈដែលជោគវាសនានៃសាធារណរដ្ឋខ្មែរកំពុងខិតជិតចូលមកដល់ភ្លាមៗ។ ឱកាសបង្កើតរដ្ឋាភិបាលតស៊ូបានរលុតបាត់ទៅវិញ បន្ទាប់ពីក្រុមពួកមន្ត្រីដែលបានជួបជុំគ្នានោះបាននាំគ្នាសម្រេចចិត្តបន្តរត់និរទេសខ្លួនទៅប្រទេសថៃ។[៣]:១៦៩–៧០
ទាហានខ្មែរក្រហមបានសម្រុកចូលរដ្ឋធានីភ្នំពេញពីទិសដៅជាច្រើនក្នុងពេលតែមួយ។ ទាហានមួយក្រុមបានដើរតម្រួតជាក្បួននៅរង្វង់មូលខាងជើងក្បែរស្ថានទូតបារាំង (បច្ចុប្បន្នរង្វង់មូលកួចកាណុង) ឆ្ពោះមកទិសខាងត្បូងតាមមហាវិថីព្រះមុនីវង្ស។[៤]:១៣២[៦]:៥៧ ក្រុមទាហានផ្សេងទៀតបានចូលតាមភាគខាងត្បូងនៃទីក្រុងតាមផ្លូវលេខ ២៧១ ដោយចេញពីផ្លូវលេខ ៤៣០ និង ៤៨៨ ជិតរង្វង់មូលផ្សារដើមថ្កូវ។[៩]:១២-១៣ ក្រុមទាហានមួយជួរទៀតបានបុកចូលក្រុងពីទិសខាងលិច ឆ្លងស្ពានស្ទឹងមានជ័យ តាមបណ្តោយមហាវិថីសម្ដេចមុនីរ៉េត។[៩]:១៥[១០]:៤,១៥
នៅកំឡុងពេលខ្មែរក្រហមបានដើរចូលរដ្ឋធានីនៅភាគខាងជើង ក្រុមពួកទាហាននិងនិស្សិតប្រដាប់អាវុធមួយក្រុមតូច ដែលត្រូវបានគេហៅថា ម៉ូណាស្យូ ("ចលនាជាតិ" ឬឡាតាំង MONATIO) ដឹកនាំដោយលោកហែម កេតដារា បានចេញដង្ហែក្បួនស្វាគមន៍ដំណើរពួកខ្មែរក្រហម។ ក្រុមម៉ូណាស្យូត្រូវបានផ្ដើមគំនិតបង្កើតឡើងដោយលន់ នល់ ក្នុងគោលបំណងបន្សាបខ្លួនចុះចូលក្នុងជួរខ្មែរក្រហម ដោយសង្ឃឹមថានឹងអាចឈានដល់ការរំលែកចែកអំណាចជាមួយខ្មែរក្រហម។ ដំបូងឡើយ ខ្មែរក្រហមមិនបង្ហាញអរិភាពអ្វីជាមួយក្រុមនេះទេ តែក្រោយៗមក ក្រុមសមាជិកម៉ូណាស្យូក៏ត្រូវបានខ្មែរក្រហមចាប់ប្រមូលយកទៅបាញ់សម្លាប់។[១១][២]:365[៤]:១៣៦–៧
ក្រោយពីបានចូលកាន់កាប់ទីក្រុង ទាហានខ្មែរក្រហមបានឈរជើងនៅតាមចំណុចផ្លូវប្រសព្វសំខាន់ៗ ដែលជាទីកន្លែងពួកគេចាំដកហូតប្រមូលគ្រឿងអាវុធពីទាហានសាធារណរដ្ឋខ្មែរ។[២]:៣៦៥ ទាហានសាធារណរដ្ឋខ្មែរទាំងប៉ុន្មានក្រោយមកត្រូវបានគេនាំទៅពហុកីឡដ្ឋានអូឡាំពិកដើម្បីបាញ់សម្លាប់ចោល។ ខ្មែរក្រហមបានធ្វើសន្និសីទសារព័ត៌មានមួយនៅក្រសួងឃោសនាការ ជាកន្លែងដែលអ្នកទោសមួយចំនួន រួមមានលោកលន់ ណុន និងលោកហែម កេតដារាកំពុងជាប់ខ្លួន។ មិនយូរប៉ុន្មាន រថយន្តមួយគ្រឿងដែលដឹកលោកឡុង បូរ៉េតបានធ្វើដំណើរមកដល់មុខក្រសួង ដែលត្រូវគេនាំរូបលោកមកផ្ដុំជាមួយអ្នកទោសទាំងប៉ុន្មាននាក់នោះ។[៤]:១៤៣–៤
នៅពេលរសៀល ខ្មែរក្រហមបានចេញបញ្ជាប្រកាសឱ្យប្រជាជនជម្លៀសខ្លួនចេញពីទីក្រុងរយៈពេលបីថ្ងៃ ដោយក្នុងនោះ ខ្មែរក្រហមបានបណ្តេញជនបរទេស ក៏ដូចជាពលរដ្ឋស៊ីវិលកម្ពុជាចេញពីសណ្ឋាគារឡឺភ្នំ ដែលគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមរកនឹងយកធ្វើជាតំបន់អព្យាក្រឹត។ មិនតែប៉ុណ្ណោះ ពួកខ្មែរក្រហមថែមទាំងបានជម្លៀសមនុស្សចេញពីរាល់គ្រប់មន្ទីរពេទ្យនៃរដ្ឋធានីភ្នំពេញផងដែរ ដោយអ្នករបួសនិងជំងឺប្រមាណ ២០,០០០ នាក់ ត្រូវបង្ខំខ្លួនងើប ឯខ្លះត្រូវលីសែងធ្វើដំណើរចេញទៅកាន់ទីជនបទប្រថុយស្លាប់។[៤]:១៤៥–៧ ជនបរទេសប្រមាណ ៨០០ នាក់ និងជនស៊ីវិលកម្ពុជាប្រមាណ ៦០០ នាក់ទៀតបានរត់ចូលជ្រកកោននៅក្នុងស្ថានទូតបារាំង។[២]:៣៦៦ គិតមកដល់ត្រឹមពេលនេះ កម្លាំងយោធាខ្មែរក្រហមមានចំនួនត្រឹមតែ ៦៨,០០០ នាក់ប៉ុណ្ណោះ និងមានសមាជិកបក្សបន្ថែមចំនួន ១៤,០០០ នាក់ទៀត។ លោកស្រីអេលីហ្សាប៊ែត ប៊ែកឃើរបានអះអាងថា ដោយខ្វះចំនួនកម្លាំងចាំបាច់ដើម្បីគ្រប់គ្រងកម្ពុជាទាំងមូលបែបនេះ ដូច្នេះការបណ្តេញប្រជាជនរបស់ខ្លួនចេញពីទីក្រុងភ្នំពេញ ទោះបីជាពួកគេមិនមានអាវុធតដៃវិញក៏ដោយ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ដើម្បីឱ្យខ្មែរក្រហមអាចធានាការគ្រប់គ្រងរបស់ពួកគេលើផ្ទៃប្រទេសបាន។[១២]:១៦៥–៦
លោកកុយ ធួន ដែលកាលនុះជាអនុបញ្ជាការទ័ពរណសិរ្សខ្មែរក្រហម បានរៀបចំបង្កើត "គណៈកម្មាធិការកម្ទេចខ្មាំងសត្រូវ" ឡើងនៅសណ្ឋាគារមនោរម្យ។ សកម្មភាពរបស់ក្រុមនេះដំបូងគឺបញ្ជាឱ្យប្រហារជីវិតលោកលន់ ណុន និងឥស្សរជនរដ្ឋាភិបាលចម្បងៗផ្សេងទៀតជាបន្ទាន់។ មន្ត្រីយោធានៃសាធារណរដ្ឋខ្មែរដែលបានចាប់ខ្លួន ត្រូវបានគេនាំយកទៅកាន់សណ្ឋាគារមនោរម្យដើម្បីសរសេរពីជីវប្រវត្តិ មុនពេលបន្តដឹកយកទៅកាន់ពហុកីឡដ្ឋានអូឡាំពិក ដើម្បីបាញ់ប្រហារជីវិតចោល។[១២]:១៩២–៣
ព្រឹត្តិការណ៍ក្រោយៗ
[កែប្រែ]នៅព្រឹកថ្ងៃទី១៨ ខែមេសា លោកសាខន និងសមាជិកអតីតរដ្ឋាភិបាលសាធារណរដ្ឋខ្មែរនៅសេសសល់ រួមទាំងមន្ត្រីយោធាមួយចំនួនបានឡើងយន្តហោះ សេ-១២៣ ដោយធ្វើការហោះហើរទៅព្រលានអ៊ូតាផាវនៅថៃ។[៣]:១៧០–១ នៅថ្ងៃដដែរ ខ្មែរក្រហមបានបញ្ជាឱ្យជនជាតិខ្មែរទាំងអស់នៅក្នុងស្ថានទូតបារាំង លើកលែងតែស្ត្រីដែលមានជនជាតិបារាំងជាប្ដី ឱ្យចេញខ្លួនពីស្ថានទូតជាបន្ទាន់ ដោយគំរាមថាពួកគេនឹងប្រើកម្លាំងចូលកាន់កាប់ស្ថានទូតបើមិនអនុលោមតាម ហើយថាខ្មែរក្រហមគឺមិនព្រមទទួលស្គាល់សិទ្ធិជ្រកកោនអ្វីនោះទេ។ ក្នុងចំណោមអ្នកដែលត្រូវជម្លៀសចេញពីស្ថានទូតនោះគឺមានព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ ដែលជាបុគ្គលម្នាក់ក្នុងចំណោមក្រុមអ្នកផ្ដួចផ្ដើមធ្វើរដ្ឋប្រហារដកសម្ដេចនរោត្តម សីហនុពីអំណាចកាលពីឆ្នាំ១៩៧០ ហើយព្រះអង្គក៏ត្រូវជាបុគ្គលម្នាក់ផងដែរ ដែលត្រូវបានគេចុះបញ្ជីនៅក្នុងចំណោមជនអ្នកក្បាត់ជាតិដើមប្រាំពីរនាក់ដែលត្រូវប្រហារជីវិត។[៤]:១៥៦–៧ ក្រៅពីនេះ អ្នកផ្សេងទៀតដែលត្រូវបានបង្ខំអូសទាញចេញពីស្ថានទូតដោយខ្មែរក្រហមរួមមានព្រះនាងម៉ានីវណ្ណ ផានីវង្ស ដែលជាព្រះមហេសីមួយអង្គរបស់សីហនុ លោកឃី តាំងលីម រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោកលឿង ណាល់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ល។[១៣]
លោកឡុង បូរ៉េតត្រូវបានខ្មែរក្រហមប្រហារជីវិតនៅឯទីលានកីឡា Cercle Sportif (បច្ចុប្បន្នជាទីតាំងនៃស្ថានទូតអាមេរិក) នៅថ្ងៃទី ២១ ខែមេសា។ វិទ្យុខ្មែរក្រហមក្រោយមកបានរាយការណ៍ថា លោកត្រូវបានគេប្រហារដោយកាត់ក្បាល[១២]:១៦០,១៩៣ ប៉ុន្តែរបាយការណ៍ផ្សេងទៀតបានបង្ហាញថា លោកនិងព្រះអង្គសិរីមតៈត្រូវបានគេបាញ់ប្រហារជីវិត រីឯប្រភពខ្លះទៀតថារូបគាត់ត្រូវបានគេបាញ់ចំតំបន់តម្រងនោម ហើយត្រូវបានទុកចោលឱ្យដេកហូរឈាមស្លាប់នៅទីនោះ[១៤] ខណៈដែលក្រុមគ្រួសារលោកត្រូវបានបាញ់សម្លាប់ដោយកាំភ្លើងយន្ត។[៧]
ប៉ុល ពតបានធ្វើដំណើរចូលមកដល់ទីក្រុងភ្នំពេញដ៏ស្ងាត់ជ្រងំនៅថ្ងៃទី ២៣ ខែមេសា។[១២]:១៦៤ នៅថ្ងៃទី៣០ ខែមេសា អ្នកដែលនៅសេសសល់ក្នុងស្ថានទូតបារាំងទាំងប៉ុន្មានត្រូវបានគេនាំដឹកឡើងតាមឡានឆ្ពោះទៅកាន់ព្រំដែនថៃ ដោយបានទៅដល់នៅរយៈពេលបួនថ្ងៃក្រោយ។[៤]:១៦៤–៦
ក្រោយទីក្រុងភ្នំពេញបានដួលរលំ របបសាធារណរដ្ឋខ្មែរក៏បានរសាត់ទៅដូចគ្នា ខណៈខ្មែរក្រហមបានយកឱកាសជ័យជម្នះខ្លួនទៅបន្តពង្រឹងអំណាចគ្រប់គ្រងរបស់ពួកគេលើផ្ទៃប្រទេសកម្ពុជា ដោយដំបូងបានប្តូរឈ្មោះប្រទេសជាសាមញ្ញថា កម្ពុជា រួចបានចាប់ផ្តើមអនុវត្តគោលការណ៍កសិសង្គមនិយមរបស់គេ។ ជនដែលរកឃើញថាធ្លាប់បានគាំទ្ររបបសាធារណរដ្ឋខ្មែរនិងក្រុមអ្នកបណ្ឌិតបញ្ញវន្តផ្សេងៗត្រូវបានខ្មែរក្រហមចាប់សម្លាប់ចោល រីឯប្រជាពលរដ្ឋដែលធ្លាប់រស់នៅតាមទីប្រជុំជននានាត្រូវបានខ្មែរក្រហមបង្ខំឱ្យធ្វើការពលកម្មយ៉ាងសស្រាក់សស្រាំដាច់បាយក្រហាយទឹកនៅតាមវាលស្រែជនបទ ដោយមនុស្សជាច្រើនបានស្លាប់ដោយបាក់កម្លាំង ជំងឺអាពាធ និងកង្វះអាហារូបត្ថម្ភ។ អំពើព្រៃផ្សៃដែលខ្មែរក្រហមបានធ្វើលើប្រជាជនខ្មែរនេះត្រូវបានគេស្គាល់ថា អំពើប្រល័យពូជសាសន៍កម្ពុជា ដែលបានផ្ដាច់ជីវិតមនុស្សពី ១.៥ ទៅ ២ លាននាក់។[១៥]
ពួកខ្មែរក្រហមបានកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយពិភពខាងក្រៅ លើកលែងតែជាមួយប្រទេសដែលគាំទ្រខ្លួនមាន ចិន និងវៀតណាមខាងជើង។ បន្ទាប់ពីទីក្រុងសៃហ្គនបានដួលរលំនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានទាមទារឱ្យកងទ័ពប្រជាជនវៀតណាម (ក.ប.វ.ណ.) និងកងកម្លាំងវៀតកុងទាំងអស់ចាកចេញពីតំបន់មូលដ្ឋានពួកគេនៅក្នុងទឹកដីប្រទេសកម្ពុជា ប៉ុន្តែកងទ័ពវៀតណាមបានបដិសេធមិនព្រមចាកចេញពីតំបន់មួយចំនួនឡើយដោយអះអាងថាជាទឹកដីកម្មសិទ្ធិរបស់វៀតណាម។ ក.ប.វ.ណ. ក៏បានចូលគ្រប់គ្រងដែនកោះដែលធ្លាប់ស្ថិតក្រោមវៀតណាមខាងត្បូងផងដែរ ក៏ដូចជាទឹកដីនិងកោះដទៃៗទៀតដែលស្ថិតក្នុងស្ថានការណ៍ប្រទាញប្រទង់គ្នារវាងវៀតណាម និងកម្ពុជា។[១២]:១៩៥ ទាំងអស់នេះបាននាំឱ្យកើតការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងកម្ពុជានិងវៀតណាមនៅតាមបណ្ដាកោះជាច្រើនក្នុងខែឧសភា ឆ្នាំ១៩៧៥ និងការរឹបអូសនាវាបរទេសមួយគ្រឿងដោយខ្មែរក្រហម ដែលគេនិយមស្គាល់ថា ឧប្បត្តិហេតុម៉ាយ៉ាក្វេស។[១២]:១៩៥ ការប៉ះទង្គិចរវាងខ្មែរក្រហម និងវៀតណាមបានបន្តអូសទាញរហូតដល់ខែសីហា ឆ្នាំ១៩៧៥។[១២]:១៩៨ ទំនាក់ទំនងរវាងប្រទេសទាំងពីរក្រោយមកបានចុះធូរស្បើយបន្តិចដោយបន្តរហូតដល់ដើមឆ្នាំ១៩៧៧ នៅពេលដែលកងទ័ពបដិវត្តន៍កម្ពុជាចាប់ផ្តើមវាយលុកចូលខេត្តវៀតណាមនៅតំបន់ព្រំដែន ដោយបានសម្លាប់ប្រជាជនស៊ីវិលវៀតណាមអស់រាប់រយនាក់។ សកម្មភាពនេះបានក្លាយជាកត្តាមួយជំរុញឱ្យផ្ទុះសង្គ្រាមកម្ពុជា-វៀតណាមឡើង ដែលចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ១៩៧៨។[១២]:៣០៤
មើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]- 1 2 3 4 5 6 7 Dunham, George R (1990). U.S. Marines in Vietnam: The Bitter End, 1973–1975 (Marine Corps Vietnam Operational Historical Series). Marine Corps Association. ល.ស.ប.អ. 978-0-16-026455-9. https://archive.org/details/TheBitterEnd។ បានយកមក 2026-06-12.
This article incorporates text from this source, which is in the public domain. - 1 2 3 4 5 6 7 8 9 10 11 12 Shawcross, William (1979). Sideshow: Kissinger, Nixon and the Destruction of Cambodia. Andre Deutsch Limited. ល.ស.ប.អ. 0-233-97077-0. https://archive.org/details/sideshow0000unse.
- 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 Sutsakhan, Lt. Gen. Sak (1987). The Khmer Republic at War and the Final Collapse. United States Army Center of Military History. ល.ស.ប.អ. 9781780392585.
- 1 2 3 4 5 6 7 8 9 Swain, Jon (1997). River of Time: A Memoir of Vietnam and Cambodia. St. Martin's Press. ល.ស.ប.អ. 978-0425168059. https://archive.org/details/riveroftime00swai.
- ↑ Jan Forsgren. "Cambodia: Khmer Air Force History 1970–1975 (Part 2)". Archived from the original on 4 March 2016. Retrieved 18 June 2026.
- 1 2 Neveu, Roland (2015). The Fall of Phnom Penh, 17 April 1975. Asia Horizons Books Co., Ltd. ល.ស.ប.អ. 978-6167277103.
- 1 2 Chhang Song (16 April 2015). "The final hours of the Khmer Republic". Khmer Times. https://www.khmertimeskh.com/55805/the-final-hours-of-the-khmer-republic/.
- ↑ Conboy, Kenneth (2011). FANK: A History of the Cambodian Armed Forces, 1970–1975. Equinox Publishing (Asia) Pte Ltd. p. 223. ល.ស.ប.អ. 9789793780863.
- 1 2 Chan, Samoeun. Prisoners of Class (1st រ.រ.). Mekong River Press. ល.ស.ប.អ. 979-8-9891773-2-5.
- ↑ Criddle, JoAn (1996). To Destroy You Is No Loss (2nd រ.រ.). East/West Bridge. ល.ស.ប.អ. 0-9632205-1-9. https://archive.org/details/todestroyyouisno00crid.
- ↑ Ponchaud, François (1979). Cambodia Year Zero. Penguin Books. p. 17. ល.ស.ប.អ. 978-0030403064. https://archive.org/details/cambodiayearzero00ponc/page/17.
- 1 2 3 4 5 6 7 8 Becker, Elizabeth (1998). When the War was Over: Cambodia and the Khmer Rouge Revolution. PublicAffairs. ល.ស.ប.អ. 978-1891620003. https://archive.org/details/whenwarwasoverca0000beck_e1d5.
- ↑ Bizot, François (2003). The Gate. Alfred A. Knopf. p. 166. ល.ស.ប.អ. 978-0375727238. https://archive.org/details/gate0000fran.
- ↑ Jackson, Karl (1989). Cambodia, 1975–1978: Rendezvous with Death. Princeton University Press. p. 184. ល.ស.ប.អ. 978-0691078076. https://archive.org/details/cambodia197519780000unse.
- ↑ Heuveline, Patrick (1998). "'Between One and Three Million': Towards the Demographic Reconstruction of a Decade of Cambodian History (1970–79)". Population Studies 52 (1): 49–65. DOI:10.1080/0032472031000150176.