ការពិភាក្សា:ឃុំអង្គតាសោម

Page contents not supported in other languages.
ពីវិគីភីឌា

ប្រវត្តិអង្គតាសោម សម័យលង្វែក ១៥១៦ ដល់ ១៥៩៣ៈ ជាសម័យដែលស្តេចខ្មែរតែងច្បាំងដណ្តើមរាជគ្នាជាញឹកញាប់។ ពេលនោះសៀមក៏បានឆ្លៀតឳកាសពេលខ្មែរកំពង់ទន់ខ្សាយផង និងបាក់បែកសាមគ្គីគ្នាផង ម្យ៉ាង ស្តេចសៀមពេលនោះមានហោរាដ៏ពូកែគុណគូរឃើញថា នគរខ្មែរខ្លាំងពូកែក៏ព្រោះតែមានព្រះពុទ្ធរូបមួយអង្គដែលមានព្រះភ័ក្ត្រ បែទៅទិសទាំង៤ ដែលព្រះពុទ្ធរូបអង្គនោះស្ថិតនៅលើភ្នំមួយហៅថា ភ្នំត្រឡែងកែង។ ពេលនោះ សៀមក៏ប្រើល្បិចអោយអាចារ្យ២នាក់ ដែលម្នាក់ចេះធ្វើអំពើរ និងម្នាក់ទៀតចេះដោះអំពើរ អោយសាងភ្នួសជាសង្ឃហើយនិមន្តចូលមកនគរខ្មែរ។ ពេលនោះ សង្ឃដែលចេះ ធ្វើអំពើរនោះ បានលួចធ្វើអំពើរបណ្តាលអោយព្រះជាយា(ប្រពន្ធស្តេច) មានជម្ងឺហើមពោះយ៉ាងធំ និងឈឺចុកចាប់ជាខ្លាំង ពេលនោះដោយរកគ្រូហ្មមើលមិនជា ក៏ល្បីថាមានសង្ឃមួយអង្គពូកែដោះអំពើរ ក៏អោយគេនិមន្តសង្ឃអង្គនោះមកដោះអំពើរ។ បានឳកាស សង្ឃអង្គនោះក៏ទូលព្រះរាជាថា ដើម្បីអោយព្រះជាយាជាចាកព្រះរោគ លុះត្រាតែយកព្រះពុទ្ធរូបមុខ៤នោះចេញ។ ដោយស្រលាញ់ភរិយា ភ្លេចគិតពីទឹកដី ស្តេចក៏ត្រាស់បង្គាប់អោយគេសែងព្រះពុទ្ធរូបអង្គនោះដឹកលើក្បូនមកទំលាក់ចោលនៅទន្លេរ៤មុខ(មុខព្រះរាជវាំងសព្វថ្ងៃ)។ ពេលនោះហើយ (លោកតាសោម) ដែលកាលនោះគាត់ជា មេទ័ពម្នាក់ដែលមានឋានៈគួរសមដែរ និងមានការចេះដឹង ដោយពិនិត្យឃើញថា ស្តេចគិតតែគ្រួសារខ្លួន មិនសូវខ្វល់ខ្វាយពីរឿងប្រទេសជាតិ ទើបសម្រេចចិត្តលាលែងពីមុខតំណែង ហើយមករស់នៅ ក្នុងភូមិអង្គតាសោម ដែលទីតាំងផ្ទះរបស់គាត់ ស្ថិតនៅខាងលិចផ្សារអង្គតាសោមសព្វថ្ងៃ ចម្ងាយប្រមាណជា២០០ម៉ែត្រ ទីនោះសព្វថ្ងៃមានចេតិយ្យមួយ និងមានដើមពោរ១ដើម ព្រំទាំងមានស្រះទឹក ផងដែរ។ គ្រាដែលតាសោមចាកចេញមកនោះ មេទាហ៊ាន និងពលទាហ៊ានដែលធ្លាប់នៅក្រោមការគ្រប់គ្រងរបស់គាត់ ក៏សុខចិត្តនាំគ្នារត់មកតាមគាត់ផងដែរ ទើបលោកមេទ័ពសោម សម្រេចចិត្ត អោយតាំងបន្ទាយនៅភូមិមួយដែលក្រោយមក ភូមិនោះជាប់ឈ្មោះថា(ភូមិមហាសេនា) ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកតាសោមបានរកទីតាំងដីទំនេរដើម្បីធ្វើ ចំការដាំដុះដំណាំគ្រប់ប្រភេទ ចំណែកអ្នកស្រុក ដោយសង្កេតឃើញថា តាសោមជាមនុស្សល្អ ចេះជួយយកអាសារអ្នកផងទាំងពួង និងចេះឈឺឆ្អាលក្នុងការងារសង្គម ទើបប្រជារាស្ត្រនាំគ្នាគោរព ស្រលាញ់គាត់គ្រប់ៗគ្នា។ ចំណេរកាលក្រោយមក ដោយវ័យចាស់ជរា មិនអាចធ្វើរបបរកសិកម្មបានតទៅទៀត និងដើម្បីបុណ្យកុសលផង គាត់ក៏សម្រេចចិត្តយកដីចំការទាំងអស់ កសាងជាវត្តមួយឡើង ដោយដាក់ឈ្មោះថា(វត្តអង្គតាសោម)ដែលវត្តនេះមានទីតាំងស្ថិតនៅខាងត្បូងផ្សារអង្គតាសោមបច្ចុប្បន្នប្រហែលជា៥០០ម៉ែត្រ។ តាមពិតការសាងរូបសំណាកបុរសម្នាក់រែកដូង មិនមែនជារូបតាសោមទេ សម័យសង្គមរាស្ត្រនិយម គេសាងរូបនេះឡើងដើម្បីបង្ហាញអោយអ្នកដំណើរទាំងពួងដឹងថា ស្រុកត្រាំកក់ ជាស្រុកសំបូរដូង។ ក្រោយមក ដោយមានការយល់ច្រឡំ គេក៏នាំគ្នាគោរពបូជារូបបុរសរែកដូង ថាជាតាសោមទៅវិញ។ តាមពិត តាសោមគឺជាមេទ័ពម្នាក់ សក្តិសមតែធ្វើរូបសំណាកមេទ័ពសម័យលង្វែកទើបជាការត្រឹមត្រូវ និងសមតាមកិត្តិយសរបស់គាត់ផង។ លោកមេទ័ពសោម មានភរិយា ឈ្មោះថា(លោកស្រីកន) ដែលក្រោយមក ហៅក្លាយមកជា(យាយកង)ទៅវិញ។លោកស្រីកន ពូកែក្នុងការគូរផែនទី គ្រប់ទីកន្លែងដែលគាត់បានទៅដល់ គឺគាត់អាចគូរផែនទីតំបន់នោះបានយ៉ាង ត្រឹមត្រូវជូនស្វាមីរបស់គាត់។