ការពិភាក្សា:លានដំរី

ពីវិគីភីឌា
Jump to navigation Jump to search

ព្រឹត្តិការណ៍ស្រុកលាវ[កែប្រែ]

នេះនឹងនិយាយអំពីកងទ័ពលាវ ដែលបែកទ័ពរត់ទៅវិញនោះម្ដង។ ១៥៧៣ ទ័ពលាវ ដែលរត់បែកបាក់ទៅនោះ ខ្លះរត់ក៏រត់ជាប់ទៅជាមួយនឹងទ័ពលោកឧបរាជសូរ្យវង្ស ខ្លះទៀតក៏រត់ខ្ចាត់ភ្លាត់ដោយស្រុកដោយភូមិរតាត់រតាយទៅក៏មាន។ ដូច្នេះឧបរាជសូរ្យវង្សទ្រង់ក៏ប្រមូលទ័ពដែលនៅសល់ពីស្លាប់ហើយរត់រួចនោះលើកវិលត្រឡប់ទៅឯនគរលាវវិញ។ ទ្រង់ឱ្យកេណ្ឌរេហ៍ពលមកបន្ថែមទៀតដើម្បីចាំដល់ពេលចេញវស្សាទៅលាវនឹងលើកត័ពវិលត្រឡប់មកសងសឹកនឹងទ័ពខ្មែរវិញទៀត។ ប៉ុន្តែសេចក្ដីគំនុំរបស់លាវ នេះមិនបានសំរេចទៅវិញទេដោយហេតុថា លាវត្រូវជាប់ធ្វើសង្គ្រាមនឹងសម្ដេចព្រះចៅហ្វាម៉ុងគ្រី នគរហង្សាវតី ដូចមានសេចក្ដីទៅនេះ: សម្ដេចព្រះចៅហ្វាម៉ុងគ្រី ឈ្នះ ១០ ទិស ហើយដែលជាធំជាងស្ដេចទាំងពួងនោះ ស្ដេចចេញជួបជំនុំនឹងព្រះមហា ឧបរាជហើយនឹងសាមន្តក្សត្រ "ស្ដេចចំណុះ" នៅអស់សេនាបតីមន្ត្រីទាំងពួងថា : ឆ្នាំមុនយើងលើកព្យូហសង្គ្រាមទៅយកក្រុងស្រីអយុធ្យានគរសៀមនោះ បានមកហើយតែព្រះចៅក្រុងសតនាគនហុត នគរលាវមួយ នគរក្រុងកម្ពុជាខេមរប្រទេសមួយ ពុំទាន់បានមកជាចំណុះយើងសោះ។ ឆ្នាំនេះ យើងគួរតែលើកទ័ពទៅវាយនគរលាវយកជាចំណុះយើងជាមុនសិន។ មួយរំពេចនោះ ទ្រង់ត្រាស់ឱ្យកេណ្ឌទ័ព ក្រុងហង្សាវតី នគរមនមួួយ ក្រុងរតនាអាំងវ៉ាត នគរភូមាមួយ ក្រុងស្រីអយុធ្យា នគរសៀមមួយ នគរឆៀងម៉ៃ លាវពោះខ្មៅមួយ នគរប្រែមួយ នគរថៃយ៉ៃមួយ នគរជ្វាប្រទេសមួយ នគរឭប្រទេសមួយ នគរក្រសៃប្រទេសមួយ នគរធញ្ញាវតីប្រទេសមួយ នគរវេសាលីប្រទេសមួយ និង ស្រុកធំ-តូចឯទៀត ដែលគ្មានស្វេតច្ឆ័ត្រ មានតែស្ដេចត្រាញ់រក្សាខេត្តជាច្រើន។ ទ្រង់ឱ្យកេណ្ឌកងទ័ពក្នុងស្រុកទាំងនោះឱ្យបានពល ១៤០០០០០ នាក់។ ដល់ចេញវស្សាស្ដេចនឹងលើកទៅវាយប្រទេសលាវ។ លុះចេញវស្សា ហើយពលយោធាក៏មកជួបជុំ ស្ដេចក៏លើក ព្យូហយាត្រាចេញពី ក្រុងហង្សាវតីទៅដល់តំបន់ណាងបូរជាចុងដែន នគរលានឆាង "លានជាង"។ សម្ដេចព្រះមហាធម្មរាជា "ស្ដេចសៀម" និងព្រះនរេន្ទ្រសូរ ជារាជបុត្រលើកទ័ពហែសម្ដេច ព្រះចៅក្រុងហង្សាវតីរៀងដល់ទីនោះ ក៏ព្រះនរេន្ទ្រសូជារាជបុត្រកើតព្រះរោគពិរោគពិសជាទំងន់។ សម្ដេចព្រះចៅក្រុងហង្សាវតីត្រាស់ឱ្យ ព្រះមហាធម្មរាជានាំព្រះនរេន្ទ្រសូរត្រឡប់ទៅស្រុកស្រីអយុធ្យា នគរសៀមវិញ។ ពួកភូមា ក៏លើកទ័ពបង្ហូតទៅចោមប្រទេសលាវ ព្រោះសមតាមគំរោងការដែលគិតមក។ ព្រះចៅក្រុងសតនាគនហុត ក៏បានទទួលច្បាំងរក្សាព្រះនគរឥតរុញរា។ ប៉ុន្តែ កាលខណៈវេលានោះមានភ្លៀងធំជាខ្លាំងព្រោះជិតចូលដល់វសាន្តរដូវណាស់ទៅហើយដូច្នេះ ព្រះចៅក្រុងហង្សាវតីកាលទតឃើញរេហ៍ពលពិបាកខ្លាំងពេក ក៏លើកទ័ពត្រឡប់ទៅព្រះនគរវិញ។