ការរស់នៅរបស់ខ្មែរបុរេប្រវត្តិ

ពីវិគីភីឌា

ខ្មែរបុរេប្រវត្តិ ឆ្អឹងមនុស្សដែលគេរកឃើញនៅស្ថានីយបុរេប្រវត្តិខ្មែរសឹងពុកផុយណាស់ទៅហើយ នឹងរកសន្និដ្ឋានថា មនុស្សនោះជាប់ពូជទៅនឹងប្រជាជាតិនាមួយអោយច្បាស់លាស់​ពិត​ប្រាកដ​ពុំបានឡើយ។ ប៉ុន្តែបើទោះជាដូចនេះក្តី ក៏គេអាចអារកាត់ខ្លះៗបានថា មនុស្សបុរេប្រវត្តិសំរោងសែនមានមាឌធំ ហើយខ្លាំង មានចិញ្ចើមលៀន មានកំពស់កំពល្មម។ បើតាមការសាកល្បង​ប្រៀបធៀបមនុស្សបុរេប្រវត្តិនេះនឹងអ្នកព្រៃភ្នំដែលរស់នៅសព្វថ្ងៃក្នុងប្រទេសខ្មែរ ឫក្នុងប្រទេសវៀតណាមកណ្តាលគេនឹងសង្គេតឃើញលក្ខណៈស្របគ្នាច្រើនទាំងរាងរៅ ទាំងសំភារៈប្រើប្រាស់។ ម្យ៉ាងទៀត បើតាមការប្រៀបធៀបអ្នកព្រៃភ្នំទៅនឹងខ្មែរវាលទំនាបយើងវិញឃើញថា រាងរៅ ភាសា និងទំលៀមទំលាប់ខ្លះប្រហាក់ប្រហែលគ្នាដែរ។ កុលសម្ព័ន្ធអ្នកលើខ្លះនៅតែនិយមដាល់អំបុកមុនពេល​ច្រូតកាត់ដូចទំលៀមទំលាប់ខ្មែរដីរាបយើងដែរ ខ្លះទៀតនៅនិយមម្តាយជាធំក្នុងគ្រួសារ ដូចត្រកូលខ្មែរខ្លះនៅសម័យអង្គរ និងខ្លះទៀតប្រើភាសាខ្មែរមន ដូចជាកុលសម្ព័ន្ធខ្មែរទំពូន ក្នុងខេត្តរតនគិរីជា​ដើម។

បើនិយាយពីរាងរៅវិញ ការសិក្សារបស់ជាតិពន្ធុវិទូ បានអោយដឹងថាអ្នកលើមិនខុសអ្វីពីខ្មែរស្រុលខ្មែរយើងប៉ុន្មានទេ តាំងពីមាឌ កំពស់កំព លលាដ៏ក្បាល ភ្នែក ច្រមុះ សំបុរសំបក។ ដូចនេះ យើង​អាចសន្មតថាខ្មែរយើងសព្វថ្ងៃជាអ្នកដែលបន្តពូជពីមនុស្សបុរេប្រវត្តិសំរោងសែនមក។

ជីវភាព​[កែប្រែ]

តាមការពិនិត្យសិក្សាឆ្អឹងសំណល់ ហើយពិសេសទៅទៀត តាមរបៀបវាស់វែងកំរាស់ល្បាប់ត្រង់ភូមិបុរេប្រវត្តិ អ្នកឯកទេសបានយល់ឃើញថា សង្គមបុរេប្រវត្តិខ្មែរមានចំណាស់ប្រហែល ៣០០ឫ ២០០ឆ្នាំ មុនគ.ស។ បើដូចនេះយើងឃើញថា នៅលើផ្ទៃប្រទេសខ្មែរយើង មានមនុស្សប្រកបដោយអរិយធម៌ពេញលេញរស់នៅ បើយ៉ាងតិចណាស់ក៏បី ឫពីរសតវត្សមុន ឥណ្ឌាកម្មដែរ។

ម្យ៉ាងទៀត កំណាយបុរាណវត្ថុនៅស្ថានីយ អូរកែវ សំណាកកំពង់សំពៅហ្វូណនបានចង្អុលអោយឃើញថា អរិយធម៌សំរោងសែន ពុំបានផុតរលត់កំបុតត្រឹមពេលដែលជនជាតិឥណ្ឌា នាំគ្នាមកកាន់​ភូមិ​ភាគអាស៊ីអគ្នេយ៍នេះទេ។ ភស្តុតាងស្ថានីយដែលជាអតីតកំពង់ផែព្រះរាជាណាចត្រហ្វូណនបានអោយដឹងថា តិចនិចសំរោងសែន ម្លូព្រៃនៅមានប្រើលាយឡំជាមួយបច្ចេកទេសថ្មូីមកពីភូមិភាគដទៃ​ទៀត ជាពិសេសមកពីប្រទេសឥណ្ឌា។ ​​ ដោយសំភារៈសំរោងសែន ម្លូព្រៃបៅច្របូកច្របល់នឹងសំភារៈមកពីឥណ្ឌានោះ ទស្សនៈនិងជំនឿរបស់ខ្មែរក៏នៅលាយឡំជាមួយទស្សនៈនិងជំនឿរបស់បរទេសដែរ។ ការជួបប្រសព្វគ្នានៃអរិយធម៌​ទាំង​ពីរនេះបណ្តាលអោយកើតជាអរិយធម៌ពិសេស ដែលលេចជារូបរាងច្បាស់លាស់នៅសម័យអង្គរ។