ការវិភាគអំពីទឹកសមុទ្ទ

ពីវិគីភីឌា

ទ្រព្យរបស់សប្បុរសទោះតិចតួច បានជាប្រយោជន៍ជននានា ដូចទឹកអណ្តូងរសសាបថ្លា អស់មហាជនផងដងអាស្រ័យ។ ទ្រព្យអសប្បុរសទោះមានច្រើន ពុំបានចម្រើនអ្នកដទៃ ដូចទឹកសមុទ្រមានរសប្រៃ មនុស្សផងអាស្រ័យផឹកពុំបាន។ -លោកនីតិបករណ៍

=================================[កែប្រែ]

ថ្វីបើសមុទ្ទទឹកសែនប្រៃ តែមិនអប្រិយដូចយើងគិត ផលិតអំបិលជូនញាតិមិត្ត ស្លដាំតាមចិត្តតាមប្រាថ្នា។ សមុទ្ធចិញ្ចឹមសព្វត្រីឆ្លាម គ្រំបង្កងក្តាមច្រើនបរិមា ញាតិផៅនេសាទលក់ពេញផ្សារ ធ្វើជាអាហារមានតម្លៃ។ ច្នេះមើលសមុទ្ធ មើលទាំងសង មិនមើលតែម្ខាងអោយស្រកន័យ បើខើចពិចារណ៌យើងខាតក្រៃ មិនយល់តម្លៃសមុទ្ធល្អ។ -អ្នកស្រីកែវចន្ទ័បូរណ៍


នៅទីនេះ ខ្ញុំមិនបាននិយាយ សំដៅលើ អ្នកមានអ្នកក្រទេ តែចង់និយាយអំពី សន្តានចិត្ត មនុស្ស ដែលចូលចិត្តសម្លឹង មើលអ្វីត្រឹមសំបកក្រៅ ឬត្រឹមតែមួយជ្រុង ហើយក៏ម៉ៅតម្លៃ យកតែម្តង ដោយមិនវិភាគ វែកញែក ពិចារណាអ្វីច្រើន បន្ថែមទៀតឡើយ។ ដូចពាក្យ ដែលយើងចំណាំថា ត្រីមួយត្រក ស្អុយ មួយរលួយ ទាំងអស់។ ចំពោះខ្ញុំ ត្រីស្អុយមួយ ក្នុងត្រក ដកធ្វើប្រហុក ធ្វើម៉ាំ ត្រីល្អធ្វើអាហារ ផ្សេងទៀត។ ត្រីល្អិតៗចិញ្ច្រាំធ្វើប្រហិត ត្រីធំៗ យកអាំងខស្លឆា។ មនុស្សដែល ចូលចិត្តថាតាមគ្នា ដោយមិនប្រើគំនិត ឬសតិប្រាជ្ញារបស់ខ្លួន វិភាគ នឹងនាំ អោយបាត់បង់ នូវ អត្ថប្រយោជន៌ ផ្សេងៗ ដែលយើងអាច ទាញយកបាន ដើម្បី បម្រើ ប្រយោជន៌សង្គម ជាទូទៅ។


យើងគប្បី សម្លឹងមើល ពិភពលោក នៅក្នុង ផ្លូវវិជ្ជមាន ដោយការប្រើសតិ (គឺការដឹងខុសត្រូវ ល្អអាក្រក់) និង ប្រាជ្ញា (គឺការមាន គំនិតរចនាបថ សិល្បវិធី មធ្យោបាយបំបែក ឧបសគ្គ បណ្តុះប្រយោជន៌)។ គួរចៀសវាង ការប្រើអារម្មណ៌ ឈឺចាប់ ក្នុងការបញ្ចេញមតិ ដើម្បីចៀសវាង ការប្រើភាសា អុជអាល បង្កទោសៈ ឬប្រមាថដល់ អ្នកអានដទៃទៀត ដែលមានគំនិត មានឧត្តមគតិ ខុសពីយើង។ ការដែលគេ មានគំនិតប្លែក ពីយើង មិនមែនគេជា មនុស្សអាក្រក់រហូតនោះដែរ។ នៅពេលណា ដែលយើងប្រើ សតិប្រាជ្ញា វិភាគ តែមិនយកចិត្ត ឬអារម្មណ៌ មកវិភាគ ពេលនោះ ការវិភាគ របស់យើង នឹងមានសភាព ភ្លឺស្វាងពណ្ណរាយ សម្រាប់មហាជន អនុជន សិក្សា គ្រប់ៗគ្នា។


ចំពោះកំណាព្យខាងលើ បើសមុទ្ទ គ្មានចិត្តបុណ្យមែន នោះសមុទ្ទ ពិតជាមិនអាចផ្តល់ជាលំនៅ ដល់សត្វត្រី ក្តាមបង្កងនានា មិនផ្តល់អំបិល ជាអាហារ ដល់ជីវិត មនុស្សទាំងឡាយ បានឡើយ។ តើមនុស្សណាមួយ មិនត្រូវការទឹកសាប ហើយមនុស្សណាមួយ ដែលមិនត្រូវការ អំបិល??? ទាំងពីរយ៉ាងសំខាន់ស្មើគ្នា។ តាមការពិត បុរាណាចារ្យ របស់យើង លោកបាន សិក្សា អក្សរ សាស្រ្ត ជ្រៅជ្រះ ក៏ពិតមែន តែលោកមិនបានសិក្សាអំពី ឧតុវិទ្យា ធម្មជាតិវិទ្យា ធរណីវិទ្យា ជីវវិទ្យា ឬគីមីវិទ្យា អ្វីឡើយ។ ដូច្នេះ ការវិភាគ របស់លោក មានគំហើញ ត្រឹមមួយជ្រុងតូច តែប៉ុណ្ណោះ។ ប៉ុន្តែ បច្ចុប្បន្ននេះ សង្គមយើង មានការរីកចម្រើនលូតលាស់ ហួសវិស័យ បើប្រៀបធៀប ទៅនឹង សង្គមយើង ពីបុរាណ។ ម្លោះហើយ ការចេះដឹងរបស់យើង ក៏វិវត្តន៌ទៅតាម នោះដែរ។ យើងអាច សម្លឹងមើល ពិភពលោក បានដោយ ប្រាជ្ញា ស្មារតីភ្លឺថ្លា ហើយ ធំទូលំទូលាយជាងមុន។


ដូចគ្នានេះដែរ បញ្ញាជនសម័យថ្មី គប្បីដឹងថា ទឹកសាបនិងអំបិល មានប្រភពមកពី តែមួយ គឺទឹកសមុទ្ទ ដ៏សែនល្វីងប្រៃ។ បើខ្វះសមុទ្ទ យើងក៏គ្មានអំបិល​ ដណ្តាំអាហារ គ្មានចំហាយទឹក អោយកជាពពក ហើយក៏គ្មានភ្លៀងបង្អុរ ចុះមក ជាទឹកសាបអោយយើងប្រើ ឬសម្រាប់ស្រោចដំណាំនិងធម្មជាតិ អោយលូតលាស់ សម្រាប់ជាប្រយោជន៍ដល់យើង។ ប្រភពទឹក ដែលចេញពីក្នុងដី ក៏មានកំណកំណើត មកពីទឹកភ្លៀង ដែលជ្រួតជ្រាបទៅក្នុងដី។ ដូច្នេះ ជីវិតមនុស្សគ្រប់រូប មួយណា មិនពឹងទឹកប្រៃរបស់សមុទ្ធ? ពិតជា ចៀសមិនរួចឡើយ។


ដូច្នេះ កាលបើយើងជាមនុស្ស ដែលស្គាល់គុណធម៌ ពិតប្រាកដ ពិតជា ស្គាល់ថា គួរវិភាគ ទឹកចិត្តសប្បុរស យ៉ាងណាវិញ នៅសម័យកាល ដែល មនុស្សមានការចេះដឹង ខ្ពង់ខ្ពស់ ទូលំទូលាយ ជាងមុន។ ប្រហែលជាយើង ត្រូវកែប្រែឥរិយាបថ និងពាក្យពេចន៌ខ្លះៗ ដើម្បីធ្វើដំណើរ អោយតាម ទាន់ភាពជឿនលឿន នៃកម្រិតវិជ្ជា សម័យថ្មីហើយ។ ឯការវិភាគ ដែលប្រសើរ គឺការវិភាគ ដែលបរិបូណ៌ទៅដោយ សតិប្រាជ្ញា ដែលនាំមកនូវចំណេះចេះដឹង ដល់អ្នកអាន គ្រប់រូប។ ដូច្នេះ ខ្ញុំសង្ឃឹមថា បច្ឆាជនខ្មែរគ្រប់ៗគ្នា នឹងបណ្តុះ បណ្តាល ស្មារតី និង សតិប្រាជ្ញា អោយកាន់ តែប្រសើរឡើង សមជាអ្នកប្រាជ្ញ ដឹកនាំជាតិ ឆ្ពោះទៅរកសេចក្តីចម្រុងចម្រើន យ៉ាងឧត្តង្គឧត្តម។


សូមអរគុណ ដែលបានអានសំណេររបស់ខ្ញុំ!!!

អ្នកស្រីកែវ ច័ន្ទបូរណ៍[តំណភ្ជាប់ខូច]

ខែមិនា២០០៧