ការិយាល័យចំណុះសាលាក្រុង-ស្រុក

ពីវិគីភីឌា

១. ការិយាល័យចំណុះសាលាស្រុក-ក្រុង[កែប្រែ]

១.១. សាលាស្រុក-ក្រុង[កែប្រែ]

សាលាស្រុក-ក្រុង គឺជាការិយាល័យធ្វើការរបស់ក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈ​អភិបាលស្រុក-ក្រុង ដែលត្រូវបើកធ្វើការឱ្យបានទៀងទាត់ តាមពេលម៉ោងធ្វើការ​របស់រដ្ឋ។ ក្នុងអំឡុងពេលម៉ោងធ្វើការងារ ប្រជាពលរដ្ឋមានសិទ្ធិ ៖

  • ធ្វើទំនាក់ទំនង និងធ្វើការងារជាមួយក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈ​អភិបាលស្រុក-ក្រុង
  • ទទួលព័ត៌មានអំពីសំណើ និងការងារនានាពីរដ្ឋបាលស្រុក-ក្រុង
  • ចូលរួមយោបល់ ឬសំណូមពរលើបញ្ហាណាមួយ។

នៅចន្លោះម៉ោងធ្វើការ ឬថ្ងៃឈប់សម្រាកជាផ្លូវការ ក្រុមប្រឹក្សាស្រុក-ក្រុង និង​គណៈអភិបាលស្រុក-ក្រុងត្រូវធានាឱ្យមានមន្ដ្រី បុគ្គលិកនៃរដ្ឋបាលរបស់ខ្លួនក្នុង​ចំនួន​សមស្របប្រចាំការ ដើម្បីទទួល ឬដោះស្រាយសំណូមពរបន្ទាន់ពិសេស​នានា។

រដ្ឋបាលស្រុក-ក្រុងនីមួយៗត្រូវធ្វើជាម្ចាស់ និងទទួលខុសត្រូវចាត់ចែងលើរាល់​លិខិតស្នាម ឯកសារទាំងអស់ដែលបានទទួលត្រឹមត្រូវឱ្យបាន ស្របតាមច្បាប់​ជាធរមាន។ រដ្ឋបាលស្រុក-ក្រុងនីមួយៗក៏ជាម្ចាស់ និងទទួលខុសត្រូវលើរាល់លិខិត​ស្នាម ឯកសារនានា ដែលបានរៀបចំឡើងដោយក្រុមប្រឹក្សាស្រុក-ក្រុង ឬក្នុងនាម​ក្រុមប្រឹក្សាស្រុក-ក្រុង និងដោយគណៈអភិបាលស្រុក-ក្រុងក្នុងនាមរដ្ឋ ព្រមទាំង​ជាម្ចាស់​លើឧបករណ៍ មធ្យោបាយ និងសម្ភារៈនានានៃរដ្ឋបាលរបស់ខ្លួន។ ដូច្នេះ រដ្ឋបាល​ស្រុក-ក្រុងនីមួយៗ ត្រូវធានាទុកដាក់ ឯកសារ លិខិតស្នាម ឧបករណ៍ មធ្យោបាយ និងសម្ភារៈនានានៃរដ្ឋបាលរបស់ខ្លួន ឱ្យបានត្រឹមត្រូវតាមការកំណត់ មានសណ្ដាប់ ធ្នាប់ល្អ និងគង់វង្ស។

ចំពោះត្រារដ្ឋបាលស្រុក-ក្រុង ត្រូវបានប្រគល់ឱ្យនាយករដ្ឋបាលសាលាស្រុក-ក្រុង​របស់ខ្លួន ដើម្បីទទួលខុសត្រូវ និងគ្រប់គ្រងសម្រាប់ក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈ​អភិបាលស្រុក-ក្រុងប្រើប្រាស់។

រដ្ឋបាលស្រុក-ក្រុងនីមួយៗ ត្រូវរៀបចំឱ្យមានក្ដារព័ត៌មានសាធារណៈនៅ​មុខ​សាលាស្រុក-ក្រុងរបស់ខ្លួន ដែលសាធារណជនអាចពិនិត្យមើលបានដោយងាយ​ស្រួល។ ក្ដារព័ត៌មានសាធារណៈនេះ ត្រូវសរសេរ ឬបិទផ្សាយសេចក្ដីជូនដំណឹងជាផ្លូវ​ការ​ដល់សាធារណជន។ ការសរសេរ និងការបិទផ្សាយនេះត្រូវរក្សាទុកឱ្យបាន​យ៉ាង​តិចដប់ថ្ងៃ។ ក្រៅពីក្ដារព័ត៌មានសាធារណៈនៅមុខសាលាស្រុក-ក្រុង ក្រុមប្រឹក្សា​ស្រុក-ក្រុង​នីមួយៗ ត្រូវរៀបចំក្ដារព័ត៌មានសាធារណៈនៅទីសាធារណៈដទៃទៀត ក្នុង ស្រុក-ក្រុង​របស់ខ្លួនតាមការចាំបាច់។ ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាស្រុក-ក្រុងនីមួយៗត្រូវ ស្វះ​ស្វែងរកមធ្យោបាយផ្សព្វផ្សាយព័ត៌មានផ្សេងៗទៀត ដើម្បីជូនដំណឹងអំពី កិច្ចការ​នានានៃរដ្ឋបាលរបស់ខ្លួនដល់ប្រជាពលរដ្ឋ។

១.២.  ការិយាល័យចំណុះសាលាស្រុក-ក្រុង[កែប្រែ]

សាលាស្រុក-ក្រុងនីមួយៗត្រូវមានការិយាល័យចំណុះចាំបាច់ដូចខាងក្រោម ៖

ការិយាល័យនីមួយៗ ត្រូវដឹកនាំដោយប្រធានការិយាល័យមួយរូប និង​មានអនុប្រធានការិយាល័យមួយរូបជាជំនួយការ។ ប្រធានការិយាល័យ​នីមួយៗ ត្រូវទទួលខុសត្រូវ និងមានគណនេយ្យភាពដោយផ្ទាល់ចំពោះនាយករដ្ឋបាល​សាលាស្រុក-ក្រុង។

ក).   ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ[កែប្រែ]

ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុនៃសាលាស្រុក-ក្រុង គឺជាសេនាធិការឱ្យ​ក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈអភិបាលស្រុក-ក្រុងលើកិច្ចការសំខាន់ៗដូចខាងក្រោម ៖

  • ការងាររដ្ឋបាល លិខិតស្នាមផ្សេងៗ ទំនាក់ទំនងសាធារណៈ និង​ការ​ងារពិធីការ
  • គ្រប់គ្រង និងថែរក្សាត្រារដ្ឋបាលស្រុក-ក្រុង តាមការកំណត់
  • ការងារស្ថិតិប្រជាពលរដ្ឋ និងការងារអត្រានុកូលដ្ឋាន
  • ការងារបុគ្គលិក ក្របខ័ណ្ឌ បៀវត្ស និងកម្រៃផ្សេងៗរបស់មន្ដ្រី បុគ្គលិក​សាលាស្រុក-ក្រុង
  • សហការរៀបចំនីតិវិធីរដ្ឋបាល នីតិវិធីហិរញ្ញវត្ថុ និងល័ក្ខខ័ណ្ឌការងារ​របស់មន្ដ្រី បុគ្គលិកសាលាស្រុក-ក្រុង
  • ការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពមន្ដ្រី បុគ្គលិកសាលាស្រុក-ក្រុង
  • សិក្សា និងលើកយោបល់លើការបង្កើត ការកែសម្រួល និងការ​រំសាយការិយាល័យចំណុះសាលាស្រុក-ក្រុង
  • រៀបចំសេចក្ដីព្រាងរបៀបវារៈ ខ្លឹមសារសម្រាប់របៀបវារៈនីមួយៗ និងឯកសារនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈកម្មាធិ​ការ​នានារបស់ក្រុមប្រឹក្សាស្រុក-ក្រុង
  • រៀបចំ និងបែងចែកលិខិតអញ្ជើញប្រជុំ ការរៀបចំទីកន្លែងប្រជុំ និង​កំណត់ហេតុគ្រប់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាស្រុក-ក្រុង គណៈអភិបាល​ស្រុក-ក្រុង និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាស្រុក-ក្រុង
  • ទទួល និងបែងចែកលិខិតស្នាម ឯកសារនានាឱ្យបានត្រឹមត្រូវដល់​សមា​ជិកក្រុមប្រឹក្សាស្រុក-ក្រុង អភិបាលស្រុក-ក្រុង និងអភិបាលរងស្រុក-ក្រុង ព្រម​ទាំង​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព ការិយាល័យជំនាញ និងអ្នកពាក់​ព័ន្ធ
  • រក្សាទុកដាក់ឱ្យបានត្រឹមត្រូវ និងគង់វង្សនូវឯកសារ លិខិតបទដ្ឋាន​ទាំងអស់របស់ក្រុមប្រឹក្សាស្រុក-ក្រុង គណៈអភិបាលស្រុក-ក្រុង និងរដ្ឋបាល​ស្រុក-ក្រុង
  • រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ
  • រៀបចំ និងបិទផ្សាយព័ត៌មាននៅលើក្ដារព័ត៌មាន និងការស្វះស្វែងរក​មធ្យោបាយផ្សព្វផ្សាយព័ត៌មាននានា ជូនប្រជាពលរដ្ឋនៅក្នុងស្រុក-ក្រុង​របស់ខ្លួន
  • សហការក្នុងការត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ តាមសាលាឃុំ និងសង្កាត់នានាក្នុងស្រុក-ក្រុង
  • សិក្សា និងលើកយោបល់ទាក់ទងនឹងការពិនិត្យនីត្យានុកូលភាព នៃ​សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាឃុំ និងសង្កាត់នានាក្នុងស្រុក-ក្រុង
  • ការងារហិរញ្ញវត្ថុ ថវិកា និងការគ្រប់គ្រងទ្រព្យសម្បត្ដិរដ្ឋបាលស្រុក-ក្រុង
  • គ្រប់គ្រងបេឡារបស់សាលាស្រុក-ក្រុង
  • សហការត្រួតពិនិត្យ និងទូទាត់រាល់ការចំណាយ
  • ការងារលទ្ធកម្ម សវនកម្ម និងរបាយការណ៍ហិរញ្ញវត្ថុរបស់ស្រុក-ក្រុង។

ខ).   ការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់[កែប្រែ]

ការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់នៃសាលាស្រុក-ក្រុង គឺជាសេនា​ធិ​ការឱ្យក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈអភិបាលស្រុក-ក្រុង លើកិច្ចការសំខាន់ៗ ដូចខាង​ក្រោម ៖

  • សិក្សា និងរៀបចំផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិ​យោគបីឆ្នាំរំកិលប្រចាំឆ្នាំរបស់ស្រុក-ក្រុង រួមទាំងសមាសភាគនៃផែនការ ដែលស្ថិតក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រុម​ប្រឹក្សា​ប្រភេទ​រួមគ្នា ប្រភេទក្រុមប្រឹក្សាផ្សេងៗគ្នា ក្រសួង ស្ថាប័ន មន្ទីរ ឬការិ​យា​ល័យ អង្គភាពនានារបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ
  • អនុវត្ដគម្រោង កម្មវិធីអភិវឌ្ឍន៍ សម្របសម្រួលកិច្ចសហប្រតិបត្ដិ​ ការអភិវឌ្ឍន៍ និងការផ្ដល់សេវារវាងឃុំ សង្កាត់នានាក្នុងស្រុក-ក្រុង
  • ជួយដល់ក្រុមប្រឹក្សាឃុំ និងសង្កាត់ដើម្បីវិភាគវាយតម្លៃដំណើរការ​អភិវឌ្ឍន៍របស់ឃុំ និងសង្កាត់ក្នុងស្រុក-ក្រុង
  • សហការគាំទ្រដល់ក្រុមប្រឹក្សាឃុំ និងសង្កាត់ ក្នុងការរៀបចំថវិកា​ឃុំ និងសង្កាត់ក្នុងស្រុក-ក្រុង
  • សហការពិនិត្យ និងលើកអនុសាសន៍ជូនអភិបាលខេត្ដអំពីការធ្វើអនុ​លោមភាពថវិកាឃុំ និងសង្កាត់
  • សិក្សា វាយតម្លៃ និងលើកយោបល់អំពីសមត្ថភាពរបស់ក្រុមប្រឹក្សា​ឃុំ និងសង្កាត់ និងតម្រូវការគាំទ្រ
  • ដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានារបស់ឃុំ និង​សង្កាត់
  • គាំទ្រដល់ក្រុមប្រឹក្សាឃុំ និងសង្កាត់ក្នុងការកសាង និងការអនុវត្ដ​ផែនការអភិវឌ្ឍរបស់ឃុំ និងសង្កាត់់
  • ទំនាក់ទំនង សហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធស្ដីពីការកែ​សម្រួល​ទិន្នន័យ ផែនទី សេចក្ដីត្រូវការជាអាទិភាពរបស់ស្រុក-ក្រុង ឃុំ និងសង្កាត់
  • បញ្ចូល និងធ្វើបច្ចុប្បន្នភាពទិន្នន័យដែលពាក់ព័ន្ធស្រុក-ក្រុង ឃុំ និងសង្កាត់
  • ពិនិត្យរបាយការណ៍អនុវត្ដផែនការអភិវឌ្ឍន៍របស់ស្រុក-ក្រុង ឃុំ និងសង្កាត់
  • កៀរគរធនធានសម្រាប់អភិវឌ្ឍស្រុក-ក្រុង និងគាំទ្រ ឃុំ និងសង្កាត់
  • គាំទ្រឃុំ និងសង្កាត់ក្នុងស្រុក-ក្រុង ដើម្បីអាចទទួលបាននូវមុខងារ និង​ធនធានកាន់តែច្រើនឡើង
  • ពិនិត្យមើលអំពីលក្ខខណ្ឌរបស់ឃុំ សង្កាត់ ដើម្បីទទួលបានមុខងារ និង​ធនធាន
  • ពិនិត្យ និងវាយតម្លៃការប្រើប្រាស់មូលនិធិវិនិយោគស្រុក-ក្រុង ឃុំ និងសង្កាត់។

គ).   ការិយាល័យអន្ដរវិស័យ[កែប្រែ]

ការិយាល័យអន្ដរវិស័យនៃសាលាស្រុក-ក្រុង គឺជាសេនាធិការឱ្យក្រុមប្រឹក្សា​ស្រុក-ក្រុង និងគណៈអភិបាលស្រុក-ក្រុង លើកិច្ចការសំខាន់ៗដូចខាងក្រោម ៖

  • សិក្សា និងលើកយោបល់ទៅលើការរៀបចំយុទ្ធសាស្ដ្រ និងការ​រៀបចំ​រចនាសម្ព័ន្ធ ប្រព័ន្ធ និងធនធាន ដើម្បីទទួលយកមុខងារ ភារកិច្ច និង​ធនធានដែលបានប្រគល់ ឬបានផ្ទេរស្របទៅតាមច្បាប់ និងលិខិត​បទដ្ឋានកំណត់
  • ការងារដីធ្លី និងសំណង់ ដែលរួមមានពាក្យសុំកាន់កាប់ដីធ្លី សាងសង់ រុះរើ ជួសជុល កែលម្អសំណង់នានា
  • ការអនុវត្ដមុខងារ និងភារកិច្ចនានាដែលបានប្រគល់ ឬបានធ្វើ​ប្រតិ​ភូ​កម្ម
  • ការងារសណ្ដាប់ធ្នាប់សាធារណៈ កិច្ចការច្បាប់ និងសិទ្ធិមនុស្ស
  • ការងារសម្រុះសម្រួល ផ្សះផ្សាទំនាស់ផ្សេងៗក្នុងដែនសមត្ថកិច្ចរបស់​ស្រុក-ក្រុង ស្របទៅតាមច្បាប់ និងនីតិវិធីជាធរមាន
  • ការងារសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សាសនា ការការពារបរិស្ថាន ធនធានធម្មជាតិ បេតិកភ័ណ្ឌ រមណីដ្ឋាន និងតំបន់ប្រវត្ដិសាស្ដ្រ ដែល​កំណត់ដោយច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនានា​។

ក្រៅពីតួនាទី និងភារកិច្ចខាងលើនេះ ការិយាល័យនីមួយៗអាចទទួល​ភារកិច្ចជាអចិន្ដ្រៃយ៍បន្ថែមទៀតតាមការចាំបាច់។ នាយករដ្ឋបាលត្រូវស្នើទៅ​គណៈអភិបាលស្រុក-ក្រុង ដើម្បីសុំការសម្រេចពីក្រុមប្រឹក្សារបស់ខ្លួន ក្នុងការប្រគល់​ភារកិច្ចជាអចិន្ដ្រៃយ៍បន្ថែមដល់ការិយាល័យណាមួយ។ ក្នុងការអនុវត្ដកិច្ចការ​ប្រចាំថ្ងៃ ករណីមានកិច្ចការថ្មីៗបន្ទាន់ ចាំបាច់ណាមួយ ដែលមិនបានកំណត់ជា​តួនាទី និងភារកិច្ចរបស់ការិយាល័យជាក់លាក់ណាមួយ នាយករដ្ឋបាលត្រូវ​សុំ​យោបល់ជាបន្ទាន់ពីអភិបាលស្រុក-ក្រុង ដើម្បីប្រគល់កិច្ចការនោះដល់​ការិយាល័យ​ជាក់​លាក់ណាមួយ ឱ្យធ្វើការចាត់ចែងស្របតាមនីតិវិធី រួចហើយត្រូវរាយ​ការ​ណ៍​ជូនក្រុមប្រឹក្សាស្រុក-ក្រុង។ បន្ទាប់ពីអនុវត្ដ ក្នុងករណីពិនិត្យឃើញថាកិច្ចការនោះ មានលក្ខណៈជាកិច្ចការអចិន្ដ្រៃយ៍ នាយករដ្ឋបាលត្រូវស្នើទៅគណៈ​អភិបាល​ស្រុក-ក្រុង ដើម្បីសុំការសម្រេចពីក្រុមប្រឹក្សាស្រុក-ក្រុងរបស់ខ្លួន ក្នុងការប្រគល់ភារកិច្ច អចិន្ដ្រៃយ៍បន្ថែមដល់ការិយាល័យណាមួយនោះ។

ក្រៅពីការិយាល័យខាងលើ គណៈអភិបាលស្រុក-ក្រុងអាចស្នើទៅក្រុមប្រឹក្សា​ស្រុក-ក្រុង ដើម្បីបង្កើត ឬកែសម្រួល ឬរំសាយការិយាល័យណាមួយ ឬមួយចំនួន តាមការចាំបាច់។ ក្នុងករណីមានតម្រូវការបង្កើតការិយាល័យបន្ថែម ការិយា​ល័យនោះមិនត្រូវមានតួនាទី និងភារកិច្ចត្រួតគ្នាជាមួយការិយាល័យទាំងបី​ខាង​លើឡើយ។ ផ្អែកតាមការសម្រេចពីក្រុមប្រឹក្សាស្រុក-ក្រុងរបស់ខ្លួន អភិបាលស្រុក-ក្រុង ត្រូវលើកសំណើមកអភិបាលខេត្ដ ដើម្បីស្នើសុំមករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ពិនិត្យ សម្រេចក្នុងការបង្កើត ឬការរំសាយ ឬការកែសម្រួលការិយាល័យខាង​លើ​នេះ។

បញ្ជាក់ ៖

+ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដែល​តម្រូវឱ្យបង្កើតឡើងដោយសេចក្ដីសម្រេចលេខ៤៧ ស.ស.រ របស់រាជ​រដ្ឋា​ភិបាល ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៣ និងគោលការណ៍ស្ដីពី​ការ​បន្ដ​រៀបចំការិយាល័យទាំងនេះ ត្រូវបានប្រើប្រាស់ជារចនាសម្ព័ន្ធ និង ប្រព័ន្ធ​គ្រប់គ្រងនៃថ្នាក់រដ្ឋបាលដែលពាក់ព័ន្ធ។  

+ គណៈអភិបាលនៃថ្នាក់រដ្ឋបាលពាក់ព័ន្ធ ត្រូវចាត់ចែងការិយាល័យច្រក​ចេញ​ចូលតែមួយ ដោយធ្វើគណនេយ្យភាពដោយផ្ទាល់ចំពោះក្រុមប្រឹក្សា​របស់​ខ្លួន។

១.៣.   របៀបរបបធ្វើការងាររបស់ការិយាល័យចំណុះសាលាស្រុក-ក្រុង[កែប្រែ]

ក្នុងការគ្រប់គ្រង ចាត់ចែងការអនុវត្ដតួនាទី និងភារកិច្ចរបស់ការិយា​ល័យ​នីមួយៗ ក្រុមប្រឹក្សាស្រុក-ក្រុង គណៈអភិបាលស្រុក-ក្រុង នាយករដ្ឋបាល ប្រធាន​ការិ​យា​ល័យ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពិចារណាលើរបៀបរបបការងារ​របស់​ការិយា​ល័យនីមួយៗ ដូចខាងក្រោម ៖

  • ការិយាល័យនីមួយៗត្រូវស្ថិតក្រោមការទទួលខុសត្រូវការត្រួតពិនិត្យ និងការ​គ្រប់គ្រងដោយផ្ទាល់របស់ប្រធានការិយាល័យ។ ប្រធាន​ការិ​យាល័យត្រូវទទួលខុសត្រូវ និងមានគណនេយ្យភាពដោយផ្ទាល់​ចំពោះ​នាយករដ្ឋបាលសាលាស្រុក-ក្រុង។ នាយករដ្ឋបាលសាលាស្រុក-ក្រុងត្រូវទទួល​ខុសត្រូវ និងមានគណនេយ្យភាពចំពោះគណៈអភិបាលស្រុក-ក្រុង អភិបាល​ស្រុក-ក្រុង និងក្រុមប្រឹក្សាស្រុក-ក្រុង
  • នាយករដ្ឋបាលសាលាស្រុក-ក្រុង ដោយមានការិយាល័យរដ្ឋបាល និង​ហិរញ្ញវត្ថុជាសេនាធិការ ត្រូវដឹកនាំ សម្របសម្រួលការិយាល័យនានា​នៃសាលាស្រុក-ក្រុង ក្នុងការរៀបចំកំណត់អំពីនីតិវិធីរដ្ឋបាល និងនីតិវិធី​ហិរញ្ញវត្ថុ ការប្រើប្រាស់សម្ភារៈ ថវិកាសម្រាប់ការិយាល័យ​នានា​នៃ​សាលាស្រុក-ក្រុង ព្រមទាំងការរៀបចំ កំណត់អំពីល័ក្ខខ័ណ្ឌការងារ​របស់​ប្រធាន អនុប្រធានការិយាល័យ មន្ដ្រី បុគ្គលិកទាំងអស់នៃ​សាលា​ស្រុក-ក្រុង ដើម្បីដាក់ជូនគណៈអភិបាលស្រុក-ក្រុង និងក្រុមប្រឹក្សាស្រុក-ក្រុងពិនិត្យ សម្រេច
  • នីតិវិធីរដ្ឋបាល និងនីតិវិធីហិរញ្ញវត្ថុ ព្រមទាំងលក្ខខណ្ឌការងាររបស់​មន្ដ្រី បុគ្គលិក ត្រូវចុះហត្ថលេខាដោយអភិបាលស្រុក-ក្រុង
  • គណៈអភិបាលស្រុក-ក្រុង ត្រូវដឹកនាំនាយករដ្ឋបាល ដើម្បីតាមដាន ត្រួត​ពិនិត្យ និងវាយតម្លៃជាប្រចាំអំពីការអនុវត្ដនូវនីតិវិធីរដ្ឋបាល នីតិវិធី​ហិរញ្ញវត្ថុ និងល័ក្ខខ័ណ្ឌការងារដែលបានកំណត់នេះ ដើម្បីរាយ ការណ៍​ជូនក្រុមប្រឹក្សាស្រុក-ក្រុងរបស់ខ្លួន
  • គ្រប់កិច្ចការនានា ដែលស្ថិតក្នុងសមត្ថកិច្ចរបស់រដ្ឋបាលស្រុក-ក្រុងនីមួយៗ គណៈអភិបាលស្រុក-ក្រុង ត្រូវដឹកនាំ ណែនាំដល់នាយករដ្ឋបាលសាលា​ស្រុក-ក្រុង ក្នុងការប្រគល់កិច្ចការដល់ការិយាល័យ ដែលទទួលខុសត្រូវការងារ​នីមួយៗ ដើម្បីសិក្សា ស្រាវជ្រាវលើកយោបល់ ដោយផ្អែកតាម​គោល​ការណ៍ច្បាប់ លិខិតបទដ្ឋានជាធរមាន នីតិវិធីរដ្ឋបាល និង នីតិវិធី​ហិរញ្ញវត្ថុ រួចបញ្ជូនមកនាយករដ្ឋបាល ដើម្បីដាក់ជូនអភិបាលរង ​ទទួល​បន្ទុកលើការងារ ឬវិស័យនីមួយៗពិនិត្យ និងផ្ដល់យោបល់ មុនដាក់ ជូនអភិបាលស្រុក-ក្រុងពិនិត្យ សម្រេច ស្របតាមបែបបទ នីតិវិធី និង​សមត្ថ​កិច្ចរបស់ខ្លួន
  • ប្រធានការិយាល័យនានា ត្រូវធានាចាត់ចែងមន្ដ្រី បុគ្គលិកក្នុងការិយា​ល័យនីមួយៗ ដើម្បីអនុវត្ដការងារ ផ្អែកតាមច្បាប់ លិខិតបទដ្ឋាន​នានា និងផ្អែកតាមនីតិវិធីរដ្ឋបាល នីតិវិធីហិរញ្ញវត្ថុ និងល័ក្ខខ័ណ្ឌការងារ​ដែល​បានកំណត់
  • នាយករដ្ឋបាលសាលាស្រុក-ក្រុង ត្រូវកំណត់របបប្រជុំឱ្យបានទៀងទាត់​ជា​មួយនាយករងរដ្ឋបាលសាលាស្រុក-ក្រុង ប្រធាន អនុប្រធាន ការិយា​ល័យ​នានានៃសាលាស្រុក-ក្រុង ដើម្បីពិនិត្យអំពីលទ្ធផលការងារភាពរីក ចម្រើន ឬបញ្ហាប្រឈមនានា ដើម្បីលើកទិសដៅ វិធានការ ឬស្នើ សុំយោ​បល់ ថ្នាក់ដឹកនាំតាមឋានានុក្រម ពិនិត្យ និងដោះស្រាយ
  • រាល់ការប្រជុំនីមួយៗត្រូវមានកំណត់ហេតុប្រជុំ និងត្រូវធ្វើសេចក្ដី​រាយ​ការណ៍អំពីការប្រជុំនេះជូនក្រុមប្រឹក្សាស្រុក-ក្រុង និងគណៈអភិបាល​ស្រុក-ក្រុង។