កោកាលិក​សូត្រ

ពីវិគីភីឌា

[៧១] ខ្ញុំ​បាន​ស្តាប់មកយ៉ាង​នេះ​។ សម័យមួយ ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់គង់​នៅ​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រា​នោះ​ កោកាលិក​ភិក្ខុ​ ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ លុះចូល​ទៅ​ដល់​ ក្រាបថ្វាយបង្គំ​ព្រះ​មាន​ព្រះ​ភាគ ​ហើយ​អង្គុយ​ក្នុង​ទីសមគួរ។ កោកាលិក​ភិក្ខុ​ លុះអង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ក្រាបបង្គំទូល​ព្រះ​មាន​ព្រះ​ភាគ​ដូច្នេះថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ សារីបុត្ត និង​មោគ្គល្លាន ជា​អ្នក​មាន​សេចក្ដី​ប្រាថ្នាលាមក លុះ​ក្នុង​អំណាច​នៃ​សេចក្ដី​ប្រាថ្នាលាមក។

[៧២] លុះកោកាលិក​ភិក្ខុ​ ក្រាបបង្គំទូលយ៉ាង​នេះ​ហើយ​ ទើប​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​នឹងកោកាលិក​ភិក្ខុ​ដូច្នេះថា នែ​កោកាលិក ​អ្នក​កុំពោល​យ៉ាង​នេះ​ឡើយ នែ​កោកាលិក ​អ្នក​កុំពោល​យ៉ាង​នេះ​ឡើយ នែ​កោកាលិក ​អ្នក​ចូរធ្វើ​ចិត្ត​ឲ្យ​ជ្រះថា្ល ​ក្នុង​សារីបុត្ត និង​មោគ្គល្លាន​ចុះ ដ្បិតសារីបុត្ត និង​មោគ្គល្លាន ​មាន​សីល​ជាទី​ស្រឡាញ់។ កោកាលិក​ភិក្ខុ​ ក្រាបបង្គំ​ទូល​ព្រះ​មាន​ព្រះ​ភាគ ជាគំរប់ពីរ​ដងទៀត ដូច្នេះថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ​ព្រះ​មាន​ព្រះ​ភាគ គួរខ្ញុំ​ព្រះ​អង្គជឿ គួរខ្ញុំ​ព្រះ​អង្គ​ចូលចិត្ត ពិតមែន តែថា សារីបុត្ត និងមោគ្គល្លាន ជា​អ្នក​មាន​សេចក្ដី​ប្រាថ្នាលាមក លុះអំណាច​នៃ​សេចក្ដី​ប្រាថ្នា​លាមក។ ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​នឹងកោ​កាលិក​ភិក្ខុ​ ជាគំរប់ពីរ​ដងទៀត ដូច្នេះថា នែ​កោកាលិក ​អ្នក​កុំ​ពោលយ៉ាង​នេះ​ឡើយ នែ​កោកាលិក ​អ្នក​កុំ​ពោលយ៉ាង​នេះ​ឡើយ នែ​កោកាលិក ​អ្នក​ចូរធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា ​ក្នុង​សារីបុត្ត និងមោគ្គល្លាន​ចុះ ដ្បិតសារីបុត្ត ​និង​មោគ្គល្លាន ​មាន​សីល​ជាទី​ស្រឡាញ់។ កោកាលិក​ភិក្ខុ​ ក្រាបបង្គំទូល​ព្រះ​មាន​ព្រះ​ភាគ ជាគំរប់​បីដង​ទៀត ដូច្នេះថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ​ព្រះ​មាន​ព្រះ​ភាគ គួរខ្ញុំ​ព្រះ​អង្គ​ជឿ គួរខ្ញុំ​ព្រះ​អង្គ​ចូលចិត្ត ពិតមែន តែថា​សារីបុត្ត និងមោគ្គល្លាន ជា​អ្នក​មាន​សេចក្ដី​ប្រាថ្នាលាមក លុះអំណាច​នៃ​សេចក្ដី​ប្រាថ្នាលាមក។ ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​នឹងកោកាលិក​ភិក្ខុ​ ជាគំរប់​បីដងទៀត ដូច្នេះថា នែ​កោកាលិក ​អ្នក​កុំពោល​យ៉ាង​នេះ​ឡើយ នែកោកាលិក ​អ្នក​កុំពោល​យ៉ាង​នេះ​ឡើយ នែ​កោកាលិក ចូរ​អ្នក​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​សារីបុត្ត​ និងមោគ្គល្លាន​ចុះ ដ្បិតសារីបុត្ត​ និង​មោគ្គល្លាន ​មាន​សីល​ជា​ទីស្រឡាញ់​។ គ្រា​នោះ​ កោកាលិក​ភិក្ខុ​ ក្រោក​ចាកអាសនៈ ក្រាបថ្វាយ​បង្គំ​ព្រះ​មាន​ព្រះ​ភាគ ធ្វើ​ប្រទក្សិណ ​ហើយ​ចៀស​ចេញ​ទៅ​។ កាល​កោកាលិក​ភិក្ខុ​ ចៀស​ចេញ​ទៅ​មិន​យូរប៉ុន្មាន ស្រាប់តែ​រាងកាយ​ទាំង​មូល ​មាន​ពក​ប្រមាណប៉ុន​គ្រាប់ស្ពៃ ដុះ​ដោរ​ឡើង​។ ពកប្រមាណ​ប៉ុន​គ្រាប់ស្ពៃ ​ក៏​ធំ​ឡើង​ប៉ុនគ្រាប់​សណ្តែក​បាយ​។ ពក​ប្រមាណ​ប៉ុនគ្រាប់​សណ្តែក​បាយ​ ​ក៏​ធំ​ឡើង​ប៉ុនគ្រាប់​សណ្តែកខ្មៅ។ ពក​ប្រមាណប៉ុន​គ្រាប់​សណ្តែកខ្មៅ ​ក៏​ធំ​ឡើង​ប៉ុនគ្រាប់​ផ្លែពុទ្រា។ ពក​ប្រមាណ​ប៉ុនគ្រាប់​ផ្លែពុទ្រា ​ក៏​ធំ​ឡើង​ប៉ុនផ្លែពុទ្រា។ ពក​ប្រមាណ​ប៉ុនផ្លែពុទ្រា ​ក៏​ធំ​ឡើង​ប៉ុនផ្លែសម៉។ ពកប្រមាណ​ប៉ុនផ្លែសម៉ ​ក៏​ធំ​ឡើង​ប៉ុនក្តឹបព្នៅ។ ពកប្រមាណ​ប៉ុនក្តឹបព្នៅ ​ក៏​ធំ​ឡើង​ប៉ុនផ្លែព្នៅ។​ ពកប្រមាណ​ប៉ុនផ្លែព្នៅ ​ក៏​បែក (ពេញ​ទាំង​សរីរៈ)។ ខ្ទុះ និងឈាម ​ក៏​ហូរហៀរ​ចេញ​។ លំដាប់​នោះ​ កោកាលិក​ភិក្ខុ​ ​ក៏​ធ្វើមរណៈ​ដោយ​អាពាធ​នោះ​ឯង។ កោកាលិក​ភិក្ខុ​ លុះធ្វើ​មរណកាល​ហើយ​ ​ក៏​ទៅ​កើត​ក្នុង​បទុមនរក ​ព្រោះ​ចង​ចិត្តអាឃាត​ក្នុង​ព្រះ​សារីបុត្ត​ និង​ព្រះ​មោគ្គល្លាន។ គ្រា​នោះ​ រាត្រី​បឋមយាម​កន្លង​ទៅ​ សហម្បតីព្រហ្ម ​មាន​រស្មី​រុងរឿង បណ្តាល​វត្តជេតពន​ជុំវិញ​ទាំង​អស់ ​ឲ្យ​ភ្លឺច្រាល ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ លុះចូល​ទៅ​ដល់​ ក្រាបថ្វាយបង្គំ​ព្រះ​មាន​ព្រះ​ភាគ ​ហើយ​ឋិត​នៅ​ក្នុង​ទីសមគួរ។ សហម្បតីព្រហ្ម លុះឋិត​នៅ​ក្នុង​ទី​សមគួរ​ហើយ​ ក្រាបបង្គំ​ទូល​ព្រះ​មាន​ព្រះ​ភាគ ដូច្នេះថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ កោកាលិក​ភិក្ខុ​ ធ្វើ​មរណកាល​ហើយ​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ កោកាលិក​ភិក្ខុ​ លុះធ្វើ​មរណកាល​ហើយ​ ​ក៏​ទៅ​កើត​ក្នុង​បទុមនរក ​ព្រោះ​ចង​ចិត្តអាឃាត ​ក្នុង​ព្រះ​សារីបុត្ត និង​ព្រះ​មោគ្គល្លាន។ សហម្បតីព្រហ្ម ក្រាបបង្គំ​ទូល​សេចក្ដី​នេះ​រួច​ហើយ​ លុះពោល​ពាក្យ​នេះ​ហើយ​ ធ្វើ​ប្រទក្សិណ រួច​ក៏​បាត់​ទៅ​ក្នុង​ទី​នោះ​ឯង។ គ្រា​នោះ​ លុះ​កន្លង​រាត្រី​នោះ​ទៅ​ ​ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ហៅ​ពួក​ភិក្ខុ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ យប់មិញ​នេះ​ នារាត្រី​បឋមយាម​កន្លង​ទៅ​ហើយ​ សហម្បតីព្រហ្ម។បេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សហម្បតីព្រហ្ម ​បាន​ពោល​ពាក្យ​នេះ​ លុះ​ពោលពាក្យ​នេះ​ហើយ​ ធ្វើ​ប្រទក្សិណ រួច​ក៏​បាត់​ទៅ​ក្នុង​ទី​នោះ​ឯង។

[៧៣] កាល​ព្រះ​មាន​ព្រះ​ភាគ ​ត្រាស់​យ៉ាង​នេះ​ហើយ​ ​ភិក្ខុ​ ១ រូប ក្រាបបង្គំ​ទូល​ព្រះ​មាន​ព្រះ​ភាគ​ដូច្នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ប្រមាណ​នៃអាយុ​ក្នុង​បទុមនរក តើយូរ​អង្វែងយ៉ាង​ណា​ទៅ​។ ម្នាល​ភិក្ខុ​ ប្រមាណ​នៃអាយុ​ក្នុង​បទុមនរក យូរអង្វែង​ណាស់ ប្រមាណ​នោះ​ បុគ្គល​មិន​ងាយ​នឹងរាប់​បាន​ថា ប៉ុណ្ណេះឆ្នាំ ឬប៉ុណ្ណោះ​រយឆ្នាំ ប៉ុណ្ណេះ​ពាន់ឆ្នាំ ឬប៉ុណ្ណេះ​សែនឆ្នាំ​ឡើយ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ​ព្រះ​អង្គ​អាចនឹងធ្វើ​សេចក្ដី​ឧបមា​បាន​ដែរឬ។ ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ តថាគត​អាចនឹងធ្វើ​បាន​ ម្នាល​ភិក្ខុ​ ​ដូច​រទេះ​សម្រាប់ផ្ទុក​គ្រាប់ល្ង​របស់​អ្នក​ដែនកោសល ​មាន​ចំណុះ ២០ ខារី [រាប់​តាមលំដាប់​យ៉ាង​នេះ​ ៤ នាឡិ​អ្នក​ស្រុក​មគធៈ ជា ១នាឡិ​នៃ​អ្នក​ស្រុក​កោសល, ៤នាឡិ​អ្នក​ស្រុក​កោសល ជា ១អាឡ្ហក, ៤អាឡ្ហក ​គឺ​១៦នាឡិ ជា១ទោណ, ៤ទោណ ​គឺ​៦៤នាឡិ ជា១មានិកា, ៤មានិកា ​គឺ​២៥៦នាឡិ ជា១ខារី ១អម្រែក, ២០ខារី ​គឺ​ ៥១២០នាឡិ ជា១តិសវាហៈ(១រទេះ)។] ​មាន​បុរសម្នាក់ លុះ​កន្លង​ទៅ​ ១ រយឆ្នាំ ១ ពាន់ឆ្នាំ ១ សែនឆ្នាំ ទើបរើស​គ្រាប់ល្ង ម្តង​មួយគ្រាប់ ៗ អំពីរទេះ​នោះ​ ម្នាល​ភិក្ខុ​ រទេះសម្រាប់​ផ្ទុកគ្រាប់ល្ង របស់​អ្នក​ដែន​កោសល ចំណុះ ២០ ខារី​នោះ​ ​ដល់​នូវ​ការអស់​ទៅ​ដោយ​ព្យាយាម​នេះ​ ឆាប់ជាង​ ឯកាលយូរ​អង្វែងរបស់​អព្វុទនរកមួយ [ជា​ឈ្មោះ​របស់​នរក​១រណ្តៅ ​ដែល​សត្វ​ត្រូវ​រងទុក្ខយូរអង្វែង​ រាប់​ដោយ​រយសែន​ពិន្ទុ (ឆ្នាំ) បើរាប់តាម​សំខ្យា ​មាន​ចំនួន ៥៦ពិន្ទុ ទើបជាអព្វុទៈ១ (ប្រហែល ៨កោដិឆ្នាំ)។ អដ្ឋកថា អភិធាន កច្ចាយនូបត្ថម្ភកៈ (តទ្ធិត)។] ​មិន​ងាយនឹង​ដល់​នូវ​ការ​អស់​បាន​ឡើយ ម្នាល​ភិក្ខុ​ អព្វុទនរក [តាំងអំពី​ត្រឹមអព្វុទៈ​រៀង​ទៅ​ យក២០គុណ ដរាប​ដល់​នរក​ឈ្មោះ​បទុម​នោះ​។ (បាលី​ទាំង​អដ្ឋកថា កច្ចាយនូបត្ថម្ភកៈ)។] ២០ ដង (យូរ) យ៉ាងណា និរព្វុទនរក​តែមួយ ​ក៏​យ៉ាង​នោះ​ដែរ​ ម្នាល​ភិក្ខុ​ ​និរព្វុទនរក ២០ ដង យូរ​យ៉ាងណា អពពនរក​តែមួយ ​ក៏​យ៉ាង​នោះ​ដែរ ម្នាល​ភិក្ខុ​ អពពនរក ២០ ដង យូរយ៉ាងណា អហហនរក​តែមួយ ​ក៏​យូរ​យ៉ាង​នោះ​ដែរ ម្នាល​ភិក្ខុ​ អហហនរក ២០ ដង (យូរ) យ៉ាងណា អដដនរក​តែមួយ ​ក៏​យូរយ៉ាង​នោះ​ដែរ ម្នាល​ភិក្ខុ​ អដដនរក ២០ ដង (យូរ) យ៉ាងណា កុមុទនរក​តែមួយ ​ក៏​យូរយ៉ាង​នោះ​ដែរ ម្នាល​ភិក្ខុ​ កុមុទនរក ២០ ដង (យូរ) យ៉ាងណា សោគន្ធិកនរក​តែមួយ ​ក៏​យូរ​យ៉ាង​នោះ​ដែរ ម្នាល​ភិក្ខុ​ សោគន្ធិកនរក ២០ ដង (យូរ) យ៉ា់ងណា ឧប្បលនរក​តែមួយ ​ក៏​យូរ​យ៉ាង​នោះ​ដែរ ម្នាល​ភិក្ខុ​ ឧប្បលនរក ២០ ដង (យូរ) យ៉ាងណា បុណ្ឌរីកនរក​តែមួយ ​ក៏​យូរ​យ៉ាង​នោះ​ដែរ ម្នាល​ភិក្ខុ​ បុណ្ឌរីកនរក ២០ ដង (យូរ) យ៉ាងណា បទុមនរក​តែមួយ ​ក៏​យូរ​យ៉ាង​នោះ​ដែរ ម្នាល​ភិក្ខុ​ ឯកោកាលិក​ភិក្ខុ​ ចូល​ទៅ​កើត​ក្នុង​បទុមនរក (​នោះ​) ​ព្រោះ​ចង​ចិត្តអាឃាត​ ​ក្នុង​សារីបុត្ត និង​មោគ្គលា្លន។

ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ព្រះ​ពុទ្ធដីការ​នេះ​ ​ព្រះ​សុគត​ជាសាស្តា លុះទ្រង់​ត្រាស់​ព្រះ​ពុទ្ធដីកា​នេះ​រួច​ហើយ​ ទើបទ្រង់​ត្រាស់​គាថាព័ន្ធ ត​ទៅ​ទៀតថា

[៧៤] បុគ្គលពាល ពោលពាក្យទុព្ភាសិត រមែងកាត់​នូវ​ឫសគល់​នៃខ្លួន (កុសលមូល) ​ដោយ​ផរុស​វាចាណា វាចា (​នោះ​) ​ដូច​ជា​ដឹងចាំង កើត​ក្នុង​មាត់នៃបុរស (​នោះ​)។ បុគ្គលណា សរសើរ​នូវ​បុគ្គល​ដែល​គួរនិន្ទា ឬនិន្ទា​នូវ​បុគ្គល​ដែល​គួរ​សរសើរវិញ បុគ្គល​នោះ​ ​ឈ្មោះ​ថា​សន្សំ​នូវ​ទោស​កំហុស​ដោយ​មាត់ ​មិន​បាន​នូវ​សេចក្ដី​សុខ ​ដោយ​ទោស​កំហុស​នោះ​ទេ។​ កិរិយា​ចាញ់​ដោយ​ទ្រព្យ​ទាំង​អស់ ឬជាមួយ​នឹងខ្លួនផង ​ព្រោះ​ល្បែង​ភ្នាល់​ទាំង​ឡាយ​ណា ការចាញ់​នេះ​ ជាទោស​កំហុស ​មាន​ប្រមាណតិចទេ បុគ្គលណា ធ្វើចិត្ត​ប្រទូស្ត​ក្នុង​ព្រះ​សុគត ​គឺ​ព្រះ​សម្មាសម្ពុទ្ធ បច្ចេកពុទ្ធ ពុទ្ធសាវ័ក ការ​ប្រទូស្ត​នេះ​ឯង ជាទោស​កំហុសធំជាង។

បុគ្គលតិះដៀល​ព្រះ​អរិយៈ ដំកល់​វាចាចិត្ត​លាមក រមែង​ចូល​ទៅ​កាន់​បទុមនរក អស់កាល​ណា កាល​នោះ​ កំណត់ ១ សែននិរព្វុទៈ​ ៣៦ និង ៥ អព្វុទនរកទៀត។

បុគ្គលណា ពោលពាក្យ​មិន​ពិត ឬបុគ្គលណា​ធ្វើ​ហើយ​ និយាយថា អាត្មាអញ​មិន​ធ្វើវិញ រមែង​ទៅ​នរក បុគ្គល​ទាំង​ពីរ​ពួក​នោះ​ ជាមនុស្ស​មាន​កម្ម​ដ៏​ថោកទាប លុះលះ​អត្តភាព​នេះ​ទៅ​ រមែងស្មើគ្នា ​ក្នុង​លោក​ខាង​មុខ។

បុគ្គលណា ប្រទូស្តចំពោះជន​ដែល​មិន​ប្រទូស្ត ជាបុរស​បរិសុទ្ធ ​មិន​មាន​កិលេស បាប​រមែងត្រឡប់​ត្រូវបុគ្គល​ពាល​នោះ​វិញ ​ដូច​ជាធូលី​ដ៏​ល្អិត ​ដែល​បុគ្គល​បាច​ទៅ​កាន់​ទីច្រាសខ្យល់។

បុគ្គលណា ប្រកបរឿយ ៗ ​ក្នុង​លោភគុណ (តណ្ហា) បុគ្គល​នោះ​ ​មិន​មាន​សទ្ធា ​មាន​តែ​សេចក្ដី​កំណាញ់​ស្វិតស្វាញ ​មិន​ស្គាល់​ពាក្យឱវាទ ជា​អ្នក​កំណាញ់ ប្រកបរឿយ ៗ ​ក្នុង​បិសុណាវាចា រមែងតិះ​ដៀល​នូវ​បុគ្គល​ដទៃ​ដោយ​ពាក្យ។

ម្នាល​អ្នក​មាន​មាត់អាក្រក់ ពោលពាក្យ​គ្មានពិត ​មិន​ប្រសើរ​ បំផ្លាញ​នូវ​សេចក្ដី​ចម្រើន​ ជាមនុស្ស​លាមក ធ្វើអំពើ​អាក្រក់ ជាបុរស​ថោកទាប បុរស​ឥតបុណ្យ ​មាន​កំណើត​ថោកទាប ​អ្នក​ឯង​ដូច​ជាសត្វនរក ​អ្នក​កុំនិយាយ​ច្រើន​ក្នុង​ទី​នេះ​ឡើយ។ ​អ្នក​រោយ​ចុះ​នូវ​ធូលី​លើខ្លួន ​ដើម្បី​មិន​ជាប្រយោជន៍ ​អ្នក​តិះដៀល​ពួកសប្បុរស​ ធ្វើអំពើអាក្រក់ ប្រព្រឹត្ត​ទុច្ចរិតច្រើន​ប្រការ ​អ្នក​នឹង​ទៅ​កាន់នរក អស់កាល​យូរអង្វែង។ កម្ម​របស់សត្វ​នីមួយ ៗ ​មិន​វិនាសទេ សត្វជាម្ចាស់ រមែង​បាន​នូវ​កម្ម​នោះ​ សត្វល្ងង់ខ្លៅ ​អ្នក​ធ្វើ​កម្ម​អាក្រក់ ឃើញ​នូវ​ទុក្ខចំពោះ​ខ្លួន​ក្នុង​លោក​ខាង​មុខ។ ​អ្នក​ធ្វើអំពើ​អាក្រក់ តែងចូល​ទៅ​កាន់​ចម្រូង​ដែក​ដ៏​មុត ជាទី​ដែល​នាយនិរយបាល ចាក់នឹង​ដែកស្រួច ​ទាំង​ដុំដែក​មាន​សណ្ឋាន​ប្រហែល​ផ្លែព្នៅ​ដ៏​ក្តៅ សមគួរ​ដល់​កម្ម​នោះ​ ជាភោជន (របស់​សត្វ​ទាំង​នោះ​)។ ពួក​នាយ​និរយបាល កាលនឹង​ពោល ​មិន​ពោល​ពាក្យពីរោះឡើយ ​មិន​ស្ទុះ​ទៅ​ដោយ​មុខរីករាយ ​មិន​មែន​ចូល​ទៅ​ឲ្យ​ជាទីពឹង​បាន​ទេ ​ឲ្យ​ដេកលើ​កម្រាល​រងើកភ្លើង បញ្ចូល​ទៅ​កាន់​អណ្តាត​ភ្លើង ​ដែល​ឆេះ​សន្ធោសន្ធៅ។ ពួកនាយ​និរយបាល ព័ទ្ធ​ដោយ​សំណាញ់ វាយ​ដោយ​ញញួរដែក ​ក្នុង​ទី​នោះ​ សត្វនរក ​ដើរ​ទៅ​កាន់នរក (​ឈ្មោះ​ធូមរោរុព) ងងឹត​ឈ្លប់ ​ដែល​ធ្វើ​ឲ្យ​ខ្វាក់ នរក​នោះ​ ធំទូលាយ​ដូច​ជាផ្ទៃ​ផែនដី។ មួយវិញទៀត សត្វនរក ចូល​ទៅ​កាន់​លោហកុម្ភីនរក ​ដែល​មាន​អណ្តាត​ភ្លើងឆេះសន្ធោសន្ធៅ ជាសត្វ​លិច​អណ្តែត ៗ ឆេះ​នៅ​ក្នុង​លោហកុម្ភី​នោះ​ ​ដែល​មាន​ភ្លើងឆេះ​ជុំវិញ អស់កាល​យូរអង្វែង។ បុគ្គល​ធ្វើកម្មអាក្រក់ តែងឆេះ​នៅ​ក្នុង​លោហកុម្ភីនរក​នោះ​ ច្រឡំ​ដោយ​ខ្ទុះ​ និងឈាម តើ​ដូច​ម្តេច សត្វនរក​ទៅ​កាន់​ទិសណាៗ សឹងប៉ះពាល់​ដោយ​ខ្ទុះ និងឈាម ប្រឡូក​ប្រឡាក់ ​ក្នុង​ទិស​នោះ​ ៗ។ បុគ្គលធ្វើ​កម្មអាក្រក់ តែងរង​ផលកម្ម ​ក្នុង​ទឹក (ទង់ដែង) ជាទី​នៅ​របស់ដង្កូវ ​ក្នុង​គូថនរក​នោះ​ តើ​ដូច​ម្តេច ទី​ជម្រាល ​គឺ​ច្រាំង អាចនឹង​ឡើង​ចុះ​បាន​ ពុំ​មាន​ឡើយ ​ព្រោះ​ថា រណ្តៅនរក (​នោះ​) ​មាន​អំបែង​ចោតស្មើជុំវិញ​ទាំង​អស់។ មួយ​វិញទៀត សត្វនរក ចូល​ទៅ​កាន់​ព្រៃឈើ ​មាន​ស្លឹក​ជាដាវ​ដ៏​មុត ​មាន​ខ្លួន​មុតជាប់​សព្វ​អន្លើ​ដោយ​ដាវ​នោះ​ នាយ​និរយបាល ​ក៏​ថ្ពក់ទាញ​អណ្តាត​ដោយ​ផ្លែសន្ទូច ​ហើយ​កាប់​សំឡាប់​ហើយ​ សំឡាប់ទៀត។ តពី​នោះ​ សត្វនរក​ស្ទុះចូល​ទៅ​កាន់ស្ទឹងទឹកផ្សា (ទឹកក្រុត) ​ដែល​សត្វ​ហែល​ទៅ​បាន​ដោយ​កម្រ ឬស្ទុះ​ចូល​ទៅ​កាន់​មុខកាំបិតកោរ ​មាន​មុខ​ដ៏​មុត សត្វ​ល្ងង់ខ្លៅ ជា​អ្នក​ធ្វើ​អំពើលាមក លុះធ្វើអំពើ​លាមក​ទាំង​ឡាយ​ហើយ​ រមែងធ្លាក់​ទៅ​ក្នុង​នរក​នោះ​។​ ហ្វូងក្អែកខ្មៅ ហ្វូងឆ្កែ​សម្បុរលឿង សម្បុរ​ពព្រុះ ហ្វូងចចក ហ្វូងត្មាត ហ្វូងតាដក់ ហ្វូងក្អែកស តែងចឹក​ជញ្ជែងស៊ីរូង (​នូវ​សត្វនរក) ​ដែល​កំពុង​ស្រែកយំ ​ក្នុង​នរក​នោះ​។ ជន​អ្នក​ធ្វើ​នូវ​កម្មអាក្រក់ ឃើញ​នូវ​សេចក្ដី​ប្រព្រឹត្តណា ​សេចក្ដី​ប្រព្រឹត្ត​ក្នុង​នរក​នេះ​ ជាការ​លំបាកមែន ​ព្រោះ​ហេតុ​នោះ​ កាលបើ​មាន​ជីវិតរស់​នៅ​ក្នុង​លោក​នេះ​ នរជន គប្បី​ធ្វើកិច្ច​កុំប្រមាទ​ឡើយ។ ពួកសត្វណា ចូល​ទៅ​កើត​ក្នុង​បទុមនរក អស់ ១ នហុត (មួយ​រយសែន​កោដិប្បកោដិ) និង ៥ កោដិឆ្នាំ​ទៀត ឬអស់ ១២ រយកោដិ​ដទៃទៀត ពួកសត្វ​នរក​ទាំង​នោះ​ ​អ្នក​ប្រាជ្ញ​ទាំង​ឡាយ រាប់​ហើយ​ដោយ​រទេះល្ង។ ​សេចក្ដី​ទុក្ខ​ក្នុង​នរក ​ដែល​លោក​ពោល​ហើយ​ក្នុង​ទី​នេះ​ យូរត្រឹមណា កោកាលិក​ភិក្ខុ​ គប្បី​នៅ​ក្នុង​នរក​នោះ​ អស់កាល​យូរត្រឹម​នោះ​ ​ព្រោះ​ហេតុ​នោះ​ បុគ្គលគប្បីរក្សា​វាចា​ចិត្ត​ឲ្យ​ល្អ​ជា​ប្រក្រតី ​ក្នុង​គុណ​ដ៏​ប្រពៃ ​គឺ​សេចក្ដី​ស្អាត និងសីល​ជាទី​ស្រឡាញ់ចុះ។

ចប់ កោកាលិកសូត្រ ទី១០។

ឯកសារយោង[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > សុត្តនិបាត (សៀវភៅភាគ៥៤ ទំព័រទី ២២២)