ក្រុមប្រឹក្សាអាជ្ញាកណ្ដាល

ពីវិគីភីឌា

អំពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល[កែប្រែ]

ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ជាស្ថាប័នជាតិឯករាជ្យមួយដែលមានសមត្ថកិច្ចដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលចែងក្នុងច្បាប់ស្ដីពីការងាររបស់ប្រទេសកម្ពុជា។ នាពេលបច្ចុប្បន្ននេះ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលធ្វើសហប្រតិបត្ដិការក្រោមថវិកា ឧបត្ថម្ភពីគម្រោងអភិបាលកិច្ចល្អមូលដ្ឋានរហូតដល់ខែមិនា ឆ្នាំ ២០១៤។

ក្រុមប្រឹក្សាអាជ្ញាកណ្ដាលគឺជារចនាសម្ព័ន្ធត្រីភាគីនៃអាជ្ញាកណ្ដាលចេញពីសហជីព សមាគមន៍និយោជក និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយពួកគេប្រើវិធីធ្វើការផ្សះផ្សា និងជាអាជ្ញាកណ្ដាលដើម្បីដោះស្រាយវិវាទការងារ ដែលជាហេតុជួយរក្សាបាននូវទំនាក់ទំនងនៅកន្លែងធ្វើការធានាបាននូវលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព និងផលិតភាពខ្ពស់ និងអនុញ្ញាតឲ្យកម្មករនិយោជិត និងក្រុមហ៊ុនពាណិជ្ជកម្មអាចត្រឡប់ទៅធ្វើការងាររបស់ពួកគេវិញបាន។ ចាប់តាំងពីឆ្នាំ ២០០៣ មកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានទទួលសំណុំរឿង​លើសពី ១៧០០​ ករណី។ ក្នុងនោះទទួលបានអត្រាជោគជ័យសរុបចំនួន ៧៣%។ វិស័យកាត់ដេរ ដែលមានវិស័យដ៏សំខាន់ និងធំទី៣នៅក្នុងប្រទេសបាននាំយកសំណុំរឿងច្រើនគេបំផុត ដែលក្នុងនោះមានរហូតដល់គឺ ៩០% នៃចំនួនសរុប។[១] http://www.arbitrationcouncil.org/kh/ Archived 2014-04-02 at the វេយប៊ែខ ម៉ាស៊ីន.

លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្ដាល[កែប្រែ]

លេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្ដាលត្រូវបានតែងតាំងដោយប្រកាសលេខ ១៧៤ ឆ្នាំ ២០០៣។ តួនាទីចម្បងរបស់លេខាធិការដ្ឋានគឺ​ជួយកិច្ចការផ្នែកក្រឡាបញ្ជី និងផ្នែករដ្ឋបាលដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល​។ លេខាធិការដ្ឋានអាចពន្យល់អ្នកពីដំណើរដោះស្រាយនៃការដោះស្រាយវិវាទបាន តែមិនអាចផ្តល់ប្រឹក្សាផ្នែកច្បាប់បាននោះទេ។

លេខាធិការដ្ឋានគឺជាការិយាល័យអព្យាក្រិត។ ពួកគេធ្វើការដោយមិនលម្អៀងទៅភាគីណាមួយឡើយ។

ភាគីមិនអាចធ្វើការទំនាក់ទំនងជាមួយអាជ្ញាកណ្តាលដោយផ្ទាល់នោះទេ​ហើយ រាល់ការប្រាស្រ័យទាក់ទងទាំងអស់របស់ភាគីត្រូវធ្វើឡើងតាមរយៈលេខាធិការដ្ឋាន។​ ទាំងនេះ គឺដើម្បីរក្សាតម្លាភាព និងសេចក្ដីទុកចិត្ដរបស់ភាគី។http://www.arbitrationcouncil.org/kh/about-us/the-secretariat-of-the-arbitration-council/role-function Archived 2014-12-31 at the វេយប៊ែខ ម៉ាស៊ីន.

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល[កែប្រែ]

ដើម្បីផ្ដល់រចនាសម្ព័ន្ធគ្រប់គ្រងអចិន្ដ្រៃយ៏មួយសម្រាប់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល (ACF) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៤ ដោយអាជ្ញាកណ្ដាលនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្រោមការគាំទ្រពីក្រសួង សហជីព សមាគម និយោជក ព្រមទាំងមានជំនួយពីអង្គការពលកម្មអន្ដរជាតិ ( ILO) ផងដែរ។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល (ACF) ទទួលអាណត្ដិផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងគ្រប់គ្រងដល់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលចូលរួមទស្សនទានរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលតាមរយៈការបោះឆ្នោតជ្រើសរើសអាជ្ញាកណ្ដាលមួយរូបពីភាគីពាក់ព័ន្ធនីមួយៗជាតំណាង និងជាមតិភាគច្រើននៃសមាជិកមានសិទ្ធិបោះឆ្នោតរបស់ក្រុមប្រឹក្សាភិបាលមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលជាអង្គការមិនមែនរដ្ឋាភិបាលចុះបញ្ជីនៅក្រសួងមហាផ្ទៃ។[២]

បច្ចុប្បន្នមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលមាន ៣ ផ្នែក៖ ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ ផ្នែកសេវាច្បាប់ និងផ្នែកបណ្ដុះបណ្ដាល និងទំនាក់ទំនង។http://www.arbitrationcouncil.org/kh/about-us/the-arbitration-council-foundation/what-we-do​[តំណភ្ជាប់ខូច]

សម្រាប់ពត៌មានលំអិត សូមចូលទៅកាន់គេហទំព័រក្រុមប្រឹក្សាអាជ្ញាកណ្ដាល www.arbitrationcouncil.org

ឯកសារយោង[កែប្រែ]

  1. ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងដំណើរការដោះស្រាយវិវាទនៅកម្ពុជា ឆ្នាំ 2010
  2. ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងដំណោះស្រាយវិវាទនៅកម្ពុជា ឆ្នាំ 2010