ខ្មែរលើ

ពីវិគីភីឌា
ខ្មែរលើ
តំបន់ដែលមានចំនួនប្រជាជនសំខាន់ៗ
កម្ពុជា
ភាសា
ខ្មែរមន, អំបូរភាសាអូស្ត្រូណេស៊ី, ខ្មែរ, វៀតណាម, ឡាវ, ថៃ
សាសនា
ថេរវាទ, វិញ្ញាណនិយម

'ខ្មែរលើ គឺ​ជាកុលសម្ព័ន្ធ​ខ្មែរមន រស់​នៅ​ក្នុង​តំបន់​ខ្ពង់រាប​​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ចាប់​កំណើត​នៃ​ក្រុម​នេះ គឺ​ពុំ​មាន​នរណា​មួយ​ដឹង​ច្បាស់​ឡើយ ។ អ្នក​មួយ​ចំនួន​ជឿ​ថា កុលសម្ព័ន្ធដែល​​និយាយ​ភាសាខ្មែរ​មន​​នេះ ជា​​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ដំណើរ​ផ្លាស់​ប្តូរ​ដ៏​ឆ្ងាយ​របស់កុលសម្ព័ន្ធ​នេះ​មក​ពី​ភាគ​ពាយ័ព្យ។ ក្រុម​កុលសម្ព័ន្ធ​​រដែនិងជ្រាយ ដែល​និយាយ​ភាសា​អំបូរ​ Austronesian បាន​មក​រស់​នៅតាម​​បណ្ដោយ​ឆ្នេរ​សមុទ្រ​វៀតណាម ហើយ​បន្ទាប់​មកក៏​ផ្លាស់​ប្ដូរ​មក​ភាគាគ​ពាយ័ព្យ​ កកើត​ជា​ក្រុម​​តូច​ៗ​ក្នុងចំណោមកុលសម្ព័ន្ធ​ខ្មែរមន​មួយចំនួន។

រាជរដ្ឋាភិបាល​ព្រះ​រាជាណាចក្រ​កម្ពុជា​ បានបង្កើតពាក្យ​"ខ្មែរ​លើ" គឺ​មាន​អត្ថន័យ​ថា "ខ្មែរ​ដែល​រស់​នៅ​តាម​តំបន់​ភ្នំ​ខ្ពង់រាប" នៅ​ក្នុង​ទសវត្សរ៍ឆ្នាំ ​១៩៦០ ដើម្បីបង្កើត​ចំណង​សាមគ្គីភាព​រវាងក្រុមកុលសម្ព័ន្ធខ្ពង់រាប និងជនជាតិខ្មែរកណ្តាល។ កាល​ពី​មុន ពួក​គេ​ត្រូវ​បាន​កំណត់​ជា​ពួក "ម៉ុងតាញ៉ារដ៍" (ជន​​ជាតិ​​ភ្នំ)​ ដោយ​​រដ្ឋាភិបាលអាណានិគម​បារាំង ។ ជាប្រពៃណី ខ្មែរបាន​ហៅ​ក្រុម​កុលសម្ព័ន្ធ​នេះ​ថា "ព្នង"​និង​"សំរែ" ដែល​ពាក្យ​ទាំង​ពីរ​នេះ មាន​អត្ថន័យ​​មើល​ងាយ ។

ក្រុម​កុលសម្ព័ន្ធ​ខ្មែរ​លើមួយ​ចំនួន បើ​តាម​ការ​ពិត​ទៅ គឺ​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​ទៅ​នឹង​ភាសា​ខ្មែរ​ ក៏​ប៉ុន្តែ​មួយ​ចំនួន​​ផ្សេង​ពី​នេះ គឺ​វា​មាន​ទម្រង់​នៃ​ភាសាវិទ្យា​និង​ពង្សាវតារ​នៃ​វប្បធម៌ ខុស​ប្លែក​ពីគ្នា​ ។

ភូមិសាស្ដ្រនិងប្រជាសាស្រ្ត[កែប្រែ]

គេ​ឃើញ​ក្រុមកុលសម្ព័ន្ធ​ខ្មែរ​លើ​ ភាគ​ច្រើន​រស់​នៅ​ក្នុង​ខេត្ត​នៃ​ភាគ​ឦសាន មាន​​ខេត្ត​រតនគិរី ខេត្ត​ស្ទឺង​ត្រែង និង​ខេត្ត​មណ្ឌលគិរី។ មាន​ខ្មែរ​លើ​មួយ​ចំនួន​រស់​នៅ​ក្នុង​ខេត្ត​ក្រចេះច្រើន​គួរ​សម​ដែរ ។

ភាគច្រើន ខ្មែរ​លើ​រស់​នៅ​ក្នុង​ភូមិ​រាយ​ប៉ាយ​បណ្ដោះ​អាសន្ន ដែល​មាន​អ្នក​ស្រុក​រស់​នៅ​តិច​តួច​ណាស់ ។ ភូមិទាំងនេះ ជាធម្មតាត្រូវបានគ្រប់គ្រងដោយក្រុម​ប្រឹក្សា​នៃ​មនុស្ស​ចាស់​ក្នុងស្រុក ឬ​ក៏​ដោយ​មេ​ភូមិ ។
បង​ប្អូន​ខ្មែរ​លើ​កំពុង​ជួប​ប្រទះ​កង្វះ​ខាត​ជា​ច្រើន​ ខាង​សេដ្ឋកិច្ច​គ្រួសារ សុខាភិបាល ការសិក្សាអប់រំ ... ។ ព្រៃឈើ សត្វព្រៃ និង​ដី​ព្រៃ គឺ​ជា​បង្អែក​សេដ្ឋកិច្ច​នៃ​ពួក​ខ្មែរ​លើ តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ។ សព្វ​ថ្ងៃ​ ព្រៃ​ឈើ និង​សត្វ​ព្រៃ​ ត្រូវ​វិនាស ហើយ​ដី​ព្រៃ​ត្រូវ​ខ្សោះ​ជី​ជាតិ​ដោយ​សំណឹក។ នេះ​ជា​ចំណោទ​ដ៏​ធំ​មួយ​ទៀត ចំពោះ​បង​ប្អូន​ខ្មែរ​លើ ។

ខ្មែរ​លើ​មាន​ប្រហែល ៣០ក្រុម​ជន​ជាតិ និង​គ្រាមភាសា​ផ្សេងៗគ្នា ក្នុង​អំបូរ​ភាសា​ខ្មែរ​មន ហើយ​ប្រកប​របរ​បេះ​ផ្លែ​ឈើ និង​ដាំ​ចម្ការ​ព្រៃ​ដុត។ ពួកនេះមាន៖

ចំនួន​ប្រជាជន​ខ្មែរលើ​នៅ​កម្ពុជា [១], [២] បើតាម តំណាង​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​​ ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​សរុប​​មាន​ប្រមាណ​១៩៧.០០០​នាក់​ មាន​ចំនួន​២​៤​ក្រុម​ រស់នៅក្នុង១៤​ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា​​នៃ​តំបន់​ព្រៃភ្នំ​ [៣] ​។​

ចំពោះ​ចំនួន​ប៉ាន់​ស្មាន​ប្រជាជន​សរុប​នៅ​ក្នុង​ឆ្នាំ ១៩៦៩ គឺ​មាន​ចំនួន​ប្រហែល​ជា ៩០.០០០ នាក់ ។ ចំណែក​ឯ​នៅ​ក្នុង​ឆ្នាំ ១៩៧១ ចំនួន​ខ្មែរ​លើ​គឺ​ត្រូវ​បាន​ប៉ាន់​ស្មាន​ឃើញ​ខុសៗ គ្នា ស្ថិត​នៅ​ក្នុង​ចន្លោះ​ពី ៤០.០០០នាក់​និង ១០០.០០០នាក់ ។ តួ​លេខ​ចំនួន​ប្រជាជន ​គឺ​ពុំ​អាច​រក​ឃើញ​ទេ​នៅ​ក្នុង​ឆ្នាំ១៩៨៧ ក៏​ប៉ុន្តែ គេ​បាន​ធ្វើ​ការ​កំណត់​សរុប​ទៅ គឺ​ប្រហែល​ជា​នៅ​ក្បែរៗ ១០០.០០០នាក់ ។ ខ្មែរលើមានចំនួន ៧៥.០០០នាក់នៅឆ្នាំ១៩៩២។

ជនជាតិ English Name ចំនួន​(ឆ្នាំ) តំបន់
កួយ Kuy, Kuay ៣៧.៧០០ នាក់ (ឆ្នាំ ២០០៧) ភាគឦសាន​ប្រទេស​កម្ពុជា ស្ទើរ​តែ​គ្រប់​ស្រុក​នៃ​ខេត្ត​ព្រះវិហារ ភាគ​ខាង​​កើត​ខេត្ត​​សៀម​រាប ភាគ​ខាង​ជើង​ខេត្ត​​​កំពង់​ធំ ភាគ​ខាង​លិចខេត្ត​​​ស្ទឹងត្រែង និង​ខេត្ត​​​ក្រចេះ
ទំពួន Tampuan, Campuon, Kha Tampuon, Proon, Proons, Tamphuan, Tampuen, Tampuon ៣១.១០០ នាក់ (ឆ្នាំ ២០០៦) តំបន់​ព្រំដែន​ភាគ​ឦសាន​ ភាគ​កណ្តាល​ខេត្ត​រតនគិរី​ខាង​ត្បូង​ជនជាតិ​ព្រៅ ខាង​លិច​ជនជាតិ​ចារាយ
ចារាយ(ជ្រាយ) Jarai, Cho-Rai, Chor, Chrai, Djarai, Gia-Rai, Gio-Rai, Jorai, Mthur ២០.២០០ នាក់ (ឆ្នាំ ២០០៦) ខេត្ត​រតនគិរី ជា​ពិសេស​ស្រុក​ប​កែវ អណ្តូងមាស​ អូរយ៉ាដាវ និង​ភាគ​ឦសាន​​តាម​​ព្រំ​ដែន​​វៀត​ណាម
ព្នង Central Mnong, Budong, Bunong, Phanong, Phnong, Phong ២០.០០០ នាក់ (ឆ្នាំ ២០០២) តំបន់​ភាគឦសាន​ មាន​នៅ​គ្រប់​ស្រុក ៨០% ​នៃ​ខេត្ត​មណ្ឌលគិរី​
គ្រឹង Kru’ng 2, Kreung ១៨.៤០០ នាក់ (ឆ្នាំ ២០០៦) ស្ទឹងត្រែង ​រតនគិរី តាម​​ព្រំ​ដែន​​កម្ពុជា-​​ឡាវ
ព្រៅ Braou, Brou, Lave, Laveh, Love, Proue ៧៩៧០ នាក់​ (ឆ្នាំ ២០០៦) ភាគឦសាន​ប្រទេស​កម្ពុជា ភាគ​ខាង​ជើង​ខេត្ត​រតនគិរី ជា​ពិសេស​ស្រុក​តាវែង​ និង​តំបន់​ទន្លេ​សេសាន
ស្ទៀង Stieng​(Bulo), Kajiang ៦០៦០ នាក់ (ឆ្នាំ ២០០៦) តំបន់​ភាគ​ខាង​កើត ស្រុក​ស្នួល​ខេត្ត​ក្រចេះ និង​ភាគ​ខាង​ត្បូង​ខេត្ត​មណ្ឌល​គិរី
ជង Chong, Chawng, Shong, Xong ៥០០០ នាក់ ខេត្ត​​ពោធិ៍សាត់ ភាគ​អាគ្នេយ៍​នៃ​ខេត្ត​ចន្ទបុរី​ព្រំ​ដែន​កម្ពុជា​-ថៃ
សំរៃ Somray ៤០០០ នាក់ (ឆ្នាំ ២០០៥) ខេត្ត​​ពោធិ៍សាត់ ភាគ​ខាង​ជើង​​ខាង​កើត​និង​ខាង​លិច​ភូមិ​តាសាញ់ និង​​ស្ទឹង​តានយ៉ុង​?​ជុំ​វិញ​ភូមិ​ប្រាំ​មួយ
កាចក់ Kaco’, Kachah’ ៣៣៧០ នាក់ (ឆ្នាំ ២០០៧) ស្រុក​អណ្តូងមាស​ ស្រុកវ៉ឺនសៃ ខេត្ត​រតនគិរី
កាវេត(កាវ៉ែត) Kavet, Khvek, Kowet, Kravet ២៣៨០ នាក់ (ឆ្នាំ ២០០៦) ​ ស្ទឹងត្រែង ​រតនគិរី តាម​​ព្រំ​ដែន​​កម្ពុជា​​ឡាវ
ក្រោល Kraol ១៩៦០ នាក់ (ឆ្នាំ ១៩៩៦) ក្រចេះ
ព័រ Pear, Por ១៦៧០ នាក់ (ឆ្នាំ ២០០២) ខេត្ត​ព្រះវិហារ (ពី​មុន​​ស្ថិត​ក្នុង​ខេត្ត​កំពង់​ធំ​​)
ល្ម៉ាំ Lamam, Lmam ១០០០ នាក់ (ឆ្នាំ ១៩៨១) ភាគ​ឦសាន​​តាម​​ព្រំ​ដែន​​វៀត​ណាម
សួយ Suoy ៩៣០ នាក់ (ឆ្នាំ ២០០៤)​ កំពុង​ថយ​ចុះ តំបន់​ភាគ​​កណ្តាល ភាគ​ពាយព្យ​នៃ​ក្រុង​ភ្នំពេញ
សំរែ Samre ២០០ នាក់ (ឆ្នាំ ២០០០) ភាគ​ខាង​​ជើង​ខេត្ត​​សៀម​រាប
ស្អូច Sa’och, Saotch, Sauch ១៨០ នាក់ (ឆ្នាំ ១៩៩៦) កំពុង​ថយ​ចុះ ភាគ​និរតី​ជិត​ឆ្នេរ​កំពង់​សោម
កុឡា Kola ប្រមាណ ១០០-៥០០ នាក់ ភាគខាងកើតម្តុំ​ប​ប៉ៃលិន ប៉ៃលិន [២]
  1. [១] Archived 2016-03-04 at the វេយប៊ែខ ម៉ាស៊ីន., Ethnologue, Cambodia
  2. ២,០ ២,១ [២], សៀវភៅ ជនជាតិភាគតិចនៅកម្ពុជា៖​ ជនជាតិកុទ្បានៅបប៉ៃលិន
  3. [៣][តំណភ្ជាប់ខូច], kohsantepheapdaily ផ្សាយ​ថ្ងៃព្រហស្បត្ត៏ ទី១៣ ខែធ្នូ ឆ្នាំ២០១២