ខ្សែទឹកកាលីហ្វរនៀ

ពីវិគីភីឌា

ខ្សែទឹកកាលីហ្វរនៀ (ជាភាសាអង់គ្លេស៖ California Current) ជាខ្សែទឹកមួយនៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលធ្វើដំនើរទៅទិសខាងត្បូងសសៀរតាមច្រាំងខាងលិច នៃអាមេរិកខាងជើង។ វាត្រូវបានគេស្គាល់ថាជាប្រភេទខ្សែទឹកនៅខណ្ឌសីមាខាងកើត និងជាផ្នែកមួយរបស់ខ្សែទឹករង្វល់ប៉ាស៊ីហ្វិកខាងជើង។ ខ្សែទឹកនេះជាខ្សែទឹកត្រជាក់។ ចលនាច្រាល់ឡើងមកផ្ទៃទឹកខាងលើនៃស្រទាប់ទឹកខាងក្រោម ដែលបណ្ដាលមកពីដំនឹកអេកម៉ាន់ កាន់តែធ្វើអោយខ្សែទឹកនេះមានភាពត្រជាក់។ ការច្រាល់ឡើងនៃស្រទាប់ទឹកខាងក្រោមបាននាំយកមកនូវ​សារធាតុចិញ្ចឹមមកទ្រទ្រង់ជីវិតសត្វត្រីគ្រប់ប្រភេទជាពិសេសបាឡែន និង បក្សីសមុទ្រផងដែរ។