គតិលោក ភាគ​ ទី ១

ពីវិគីភីឌា

គតិលោក > គតិលោក ភាគ​ ទី ១

បញ្ជីរឿង[កែប្រែ]

  1. ប្រវត្ដិ ឧកញ៉ាសុត្តន្ដប្រីជាឥន្ទ និង ប្រស្នាអំពីគតិលោក
  2. ធម៌ដែលគ្រហស្ថត្រូវប្រព្រឹត្ដ
  3. ប្រស្នារឿងស្រីល្អ ទឹកផ្អែម, ទោសកើតអំពីជក់អាភៀន និង កញ្ឆា និង​ ប្រស្នារឿងពាលគួរឲ្យខ្លាច
  4. រឿងឃុនរ៉ាតចាញ់បោកចៅពាល
  5. រឿងចៅពាលក្លែងភេទជាសង្ឃ ធ្វើគ្រូមើលស្គន់
  6. រឿងពាលសង្រួមហួសប្រមាណ
  7. រឿងតាថេននិងសិស្ស៣នាក់

ប្រវត្តិ​ ឧកញ៉ាសុត្តន្តប្រីជាឥន្ធ[កែប្រែ]

ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ កើតនៅស្រុកទន្លេធំ ភូមិរកាកោង ស្រុក​មុខកំពូល ខេត្ត​កណ្តាល ។ ម្តាយ​លោក​ឈ្មោះយាយមុំ ឪពុក​លោក​ឈ្មោះបពា្ចងកែ ។ ឧកញ៉ា កើត​នៅ​ថ្ងៃចន្ទ ខែអាសាធ ឆ្នាំវក ពុទ្ធសករាជ ២៤០៣ ឆ្នាំ​ ត្រូវ​នឹង​ថ្ងៃទី ២២ កក្កដា ឆ្នាំ១៨៥៩ ។

កាលអាយុ ១០ ឆ្នាំ ទៅ​រៀន​អក្សរខែ្មរ​នៅ​វត្ត ។ អាយុ ១៥ ឆ្នាំ លោក​បាន​​រៀនប្រែ​គម្ពីរ​ព្រះ​ត្រៃបិដក និង បាន​បួសជាសាមណេរ រួចទៅរៀន​ជាមួយ​លោក​អាចារ្យពេជ ស្រុកព្រះត្រពាំង ។ អាយុ ១៨ ឆ្ នាំទៅរៀន​ជាមួយ​​លោកគ្រូព្រះពុទ្ធឃោសាចារ្យ ប្រាក់ នៅ​វត្តឧណ្ណាលោម ក្រុងភ្នំពេញ ។ អាយុ១៩ ឆ្នាំ ទៅរៀន​ជាមួយ​​លោកគ្រូ​អាចារ្យសុខ នៅ​វត្តកែវ ស្រុកបាត់ដំបង ។ អាយុ២០ឆ្នាំបានបួសជាភិក្ខុនៅវត្តកែវ ១ វស្សា ទើបលាព្រះគ្រូ​ឧបជ្ឈាយ៍​ទៅរៀននៅក្រុង​បាងកក ប្រទេស​ថៃ ។ រៀនបាន៧​វស្សាក៏វិលមកស្រុកខែ្មរវិញ ក្នុងអំណាចលោកព្រះយ៉ា កថាថន ញ៉ុញ នៅវត្តកណ្តាល ស្រុកបាត់ដំបង ។ បួស​​បាន១០វស្សា ក៏​លាចាក​សិក្ខាបទ​ ទៅ​រៀបការ​​នៅភូមិជ្វាធំ ។ លោកកថាថន(ឈុំ) បាន​ចិញ្ចឹម​លោក​ និង បាន​ឲ្យ​ងារ​​ជា​ ទីហ្លួងវិចិត្រ វោហារ ។ លោក​បាន​ប្រែគម្ពីរ​ពុទ្ធសាសនា​​ពី​ភាសា​បាលី​ទៅ​ជា​​ភាសា​ខ្មែរ​ ចំនួន ៤៤ ក្បាល ​នៅ​ក្នុង​ទម្រង់​ជា​សៀវភៅខ្លះ ជា​គម្ពីរ​​ស្លឹករិតខ្លះ លុះអាយុបាន៥៥ឆ្មាំ រាជការក្រុងភ្នំពេញ អោយយក មកតាំងទី ជាឧកញ៉ា សុត្តន្តប្រីជា ប្រោសអោយជួយតែងសព្វវចនាធិប្បាយខែ្មរ នៅទីសាលាបាលី ក្នុងរវាងអាយុ ៥៥ឆ្នាំ ដល់អាយុ៦៥ឆ្នាំ បានលារាជការ វិលមកនៅស្រុកបាត់ដំបងដើមវិញ លុះនៅថ្ងៃ ១០កើត ខែអស្សុជ ឆ្នាំជូត ឆស័ក មានរោគក្អក បណ្តាកូនចៅរាល់គ្នា នាំគ្នាប្រតិបត្តិប្រកបថ្នាំ រកគ្រូរក្សាពុំចេះធូរឡើយ លុះដល់ថ្ងៃអាទិត្យ ១២កើត ខែកត្ដិកឆ្នាំជូត ឆស័ក ក៏ទទួលអនិច្ចកម្មនៅវេលាម៉ោង៨ព្រឹក គឺថ្ងៃ ៨ណូវ៉ម ឆ្នាំ ១៩២៤។

ប្រស្នាអំពីគតិលោក[កែប្រែ]

តម្រាគតិលោកនេះ គឺខ្ញុំបាទទីឧកញ៉សុត្តន្តប្រីជាឥន្ទ អ្នកតែងឡើង ដើម្បីកុលបុត្រអ្នករៀនគតិបុរាណជាបែបយ៉ាងគ្រាន់អាងសេចក្តី ប្រៀបនាំយកប្រារព្ធ គតិលោកថ្មី ដែលកើតមានឡើងទើបតាំងជាពាក្យបុច្ឆា និង ពាក្យវិសជ្ជនាក្នុងតម្រានេះជាទីសណ្តាប់ដោយងាយ ។ ដើមឡើយកូនសិស្សសួរគ្រូថាសូមទានមេត្តាប្រោស ពាក្យដែលថា គតិលោកនោះ តើបែ្រដូចម្តេច ? គ្រូប្រាប់ថា គតិលោកនោះ ប្រែថា ដំណើរប្រព្រឹត្តទៅរបស់ជនក្នុងលោកិយនេះឯង ។

ស. លោក សព្ទនេះ តើអធិប្បាយជាពាក្យសម្រាយថាដូចម្តេច ?

គ. ឱ! លោក ជាសភាវៈដែលកើតឡើងដោយអំណាចបដិសន្ធិនៃខន្ធគឺថាសភាវៈមិនទៀងដោយមិនជាប់នៅមិនប្រាកដជា អទស្សនភាព មួយទៀតប្រែថា សត្វ ផែនដី ផ្ទៃមេឃអាកាសទូទៅទាំងអស់, លោក នេះប្រែថា ធម្មតាសត្វ ឬ របស់ដែលប្រព្រឹត្តទៅក្នុងលោក ឯគតិសព្ទនោះ ប្រែបានច្រើនយ៉ាង គឺថាដំណើរទៅ គ្រឿងដល់ គ្រឿងដំណើរ បទសេចក្តី កម្លាំង អំណាច ផ្លូវទីពឹង ក្តីអត់ធន់ ចិត្តកំណើតពាក្យឯណា ហេតុឯណា ដែលកើតឡើងមានឡើងក្នុងលោកនេះហៅថាគតិលោកទាំងអស់។

ស. សួរថា លោកនេះមានតែ១ ឬ មានច្រើនយ៉ាងតទៅទៀត?

គ. ឆ្លើយថា លោកនេះ បើយោគយកគតិធម៌មកសំដែងចេញទៅទៀតនោះមានច្រើនយ៉ាងតទៅ គឺអារម្មណ៍ទាំងពួង មានរូបដែលឃើញ នឹងភ្នែកជាដើមនោះហៅថា កាមលោក រូបដែលឃើញដោយចិត្តជាដើមនោះហៅថា រូបលោកដោយហោចទៅ យ៉ាងសព្វសារពើទាំងពួង បណ្តាដែលមានចិត្តគ្រប់គ្រងព្រមនៅក្នុងសភាវប្បញ្ញាត្តិ។

ស. សួរថា លោកយើងនេះ ហៅថា មនុស្សលោក ឯខាងស្ថានទេវតានោះហៅថា ទេវលោក ហើយចុះដូចជាមនុស្សលោកយើងនេះ បែងចេញជាស្ថានមាន ប៉ុន្មានជាន់ ស្ថានទេវលោកនោះតើមានប៉ុន្មានជាន់?

គ. ឆ្លើយថា សត្វក្នុងមនុស្សលោកយើងនេះបែងចេញជាពីរជាន់ គឺសត្វតិរច្ឆានជាន់១ មនុស្សជាន់១ រួមនៅក្នុងលោកជាមួយគ្នា។ សត្វក្នុងបរលោកបែងជា៤ស្ថាន គឺនរកបែ្រត អសុរកាយស្ថាន១ ទេវតាក្នុងឆកាមាវចរសួគ៌ស្ថាន១ រូបព្រហ្មស្ថាន១ អរូបព្រហ្មស្ថាន១ នៅក្នុងលោក ខាងមុខទាំងអស់ សត្វក្នុងមនុស្សលោក ជាពួកមានកាយគ្រោតគ្រាត សត្វក្នុងទេវលោកជាពួក មានកាយទិព្វខ្លះ ដែលពុំមានកាយជាពួកសោយអារម្មណ៍ គឺជាទិព្វខ្លះ ដែលប្រាសចាករូបខ្លះ។

ស. សួរថា សត្វលោកទាំងពួង ដែលនឹងកើតឡើងនោះ តើអាស្រ័យធម្មជាតិអ្វី អោយកើត ដែលកើតនោះដូចគ្នាឬខុសគ្នា?

គ. ឆ្លើយថា សត្វលោកទាំងពួងដែលនឹងកើតនោះ អាស្រ័យដោយបុញ្ញាភិសង្ខារខ្លះ តែចំណែកខាងមនុស្សលោកនេះប្រកបដោយអារម្មណ៍ ដែលជាឧតុនិយមនិងពីជនិយម និងកម្ម ៣ប្រការផងគ្នា។

  1. ឧតុនិយមនោះ បានខាងឯរបស់ធាតុ គឺជាជាតិដីថ្មីក្រួសរវានផ្សេងៗ
  2. ពីជនិយមនោះ បានខាងរុក្ខជាតិ តិណជាតិស្មៅវល្លិផេ្សងៗ។
  3. កម្មនិយមនោះ បានខាងឯបសាទរូប ដែលជ្រួតជ្រាបទៅក្នុងកាយសត្វជាដើម ព្រមទាំងវេទនា សញ្ញាសង្ខារ វិញ្ញាណ ដែលប្រព្រឹត្តទៅក្នុងទ្វារទាំង៦ រួមអារម្មណ៍៣ប្រការនេះ ផ្សំចូលគ្នាជារាងកាយទើបបានជាសត្វទាំងពួងក្នុងមនុស្សលោក។

ឯចំណែកខាងទេវលោកនោះ មានតែអារម្មណ៍ដែលជាផលនៃកម្មម្យ៉ាង គឺឧបបាតិកៈកំណើត ១ទៀត ឯផែនដីដែលជាទីអាស្រ័យនៅរបស់សត្វនិងរាងកាយរបស់សត្វ និងសារពើទាំងពួងក៏កើតអំពីកម្មនិយមទាំងអស់។ មនុស្សលោកជាហេតុ ទេវលោកជាផល សំរាប់ក្តីរស់នៅរបស់លោកទិព្វ។ ទេវលោកជាហេតុ មនុស្សលោកជាផល សំរាប់ក្តីរស់នៅរបស់លោកមនុស្ស។

ស. សួរថា សត្វលោក ដែលកើតមកជាមនុស្សយើង ហេតុអ្វីក៏ខុសគ្នា។

គ. ឆ្លើយថា ការដែលប្លែកគ្នានោះព្រោះសង្ខារតាក់តែងដោយអំណាចបុណ្យ និងបាប ដែលសត្វកសាងមកអំពីបុព្វជាតិ សត្វទាំងឡាយ បណ្តាដែលមានចិត្តគ្រប់គ្រង នៅជាដើមនេះ ក៏ជាធម៌និងលោកផ្សំគ្នាដូចយ៉ាងធាតុទង់ហ្វា ដែលជារបស់កើតអំពីធាតុមាស និងទង់ដែង ផ្សំគ្នាដូច្នោះសត្វទាំងឡាយផ្សេងគ្នា ក៏ព្រោះធម៌ និងលោកដែលផ្សំគ្នានោះ មានចំណែកតិចច្រើនផ្សេងគ្នាព្រោះធាតុទង់ដែងដែលផ្សំគ្នា និងធាតុមាសនោះតិចច្រើនជាងគ្នាយ៉ាងនោះ ឯងចូលចិត្តឬទេ? បើពុំចូលចិត្តយើង នឹងញែកចិត្តចេញ ជាលោក ជាធម៌ អោយយល់ក្នុង កាលឥលូវនេះ។

ស. ករុណា ពុំទាន់ចូលចិត្តសព្វគ្រប់ទេ និមន្តលោកគ្រូម្ចាស់ញែកអោយទានស្តាប់បាន?

គ. អើឯងចាំស្តាប់ហ្នា៎ ពណ៌លឿងៗដែលឆ្លុះទៅក្នុងសាច់ទង់ហ្វានោះ ជាជាតិមាស ពណ៌ក្រហមមួយៗក្នុងសាច់ទង់ហ្វានោះ ជាជាតិទង់ដែង មានឧបមាយ៉ាងណាចិត្តរបស់សត្វដែលមានសេចក្តីចេះដឹងនោះជាជាតិធម៌ឯកាយឬ អារម្មណ៍របស់សត្វដែលប្រាសចាកក្តីចេះដឹងនោះ ជាជាតិលោក សេចក្តីនោះមានឧបមេយ្យដូច្នេះឯង ចិត្តនេះជាជាតិធម៌ទើបពុំស្លាប់តែកាយឬ អារម្មណ៍ជាតិលោក ទើបត្រូវស្លាប់ជាធម្មតា មាសបរិសុទ្ធក្នុងសាច់ទង់ហ្វានោះពុំមែនទង់ហ្វា គឺជាមាសចំណែក១ផ្សេង ដូចគ្នាយ៉ាងនោះឯង ហេតុនោះទើបសត្វលោកកើតឡើងខុសគ្នា ដោយអំណាចផ្សំធាតុ គឺបុញ្ញាភិសង្ខារដែលជាបុណ្យនិងអបុញ្ញាភិសង្ខារដែលជាបាប។

ស. ករុណាលោកគ្រូអធិប្បាយមកនេះ ក៏ចូលជាគតិធម៌ច្រើនៗ ខ្ញុំព្រះករុណាស្តាប់បានហើយ តែខ្ញុំករុណាត្រូវការចង់ដឹង ចង់ចេះតែក្នុងតិលោកចំណែក១ សូមទានអត់ទោស មនុស្សយើងសព្វថ្ងៃនេះ ពុំដូចគ្នានោះព្រោះសាងមកខុសគ្នា ហើយតាមគតិធម៌ តែខាងគតិលោក លោកយោគជាដូចម្តេចវិញដូចមនុស្សខ្លៅល្ងង់នោះតើកើតឡើងដោយហេតុអ្វីមនុស្សឥតមិត្តសំលាញ់នោះ តើកើតឡើងដោយហេតុអ្វី មនុស្សឥតក្តីសុខនោះ តើកើតឡើងដោយហេតុអ្វី សូមលោកគ្រូម្ចាស់អធិប្បាយអោយទានតាមគតិលោកពិតៗ?។

គ. ឆ្លើយថា ឱ!រឿងនោះ បើ នឹង និយាយដោយគតិលោកក៏ឃើញថាមនុស្សល្ងង់ខ្លៅនោះ មិនពីព្រោះហេតុអ្វី ព្រោះតែសេចក្តីខ្ជិល ប៉ុណ្ណោះឯង ដូចបទក្នុងគម្ពីរលោកនិតិថា៖

អលសស្ស កុតោសិប្បំ អសិប្បស្ស កុតោធនំ អធនស្ស

កុតោមិត្តំ អមិត្តស្ស កុតោ បុញ្ញំ អបុញ្ញស្ស កុតោ សក្កំ។

ប្រែថា សិល្បសាស្រ្តចំណេះវិជ្ជាមានមកអំពីទីណា ដូចម្តេចបានដល់អ្នកខ្ជិល សេចក្តីខ្ជិលនោះមាននៅហើយ វិជ្ជាទាំងពួងក៏ពុំអាចមានដល់មនុស្សឡើយ បើចំណេះ វិជ្ជាមិនមានហើយ ទ្រព្យសម្បត្តិ នឹង កើតមានមកអំពីទីណាដូចម្តេចបាន កាលបើទ្រព្យសម្បត្តិមិនមានហើយ ធ្វើម្តេចឡើយ នឹងមានមិត្រសំលាញ់គេរាប់អាន គឺថាពុំមានបុគ្គលឯណា១ នឹង ចូលមកជាមិត្តជាភ័ក្តិជាពួកឡើយកាលបើមិនមានមិត្តភ្ងា ហើយសេចក្តីសុខសប្បាយឯណាក៏មាន នឹងមានតែសេចក្តីទុក្ខលំបាកជាប្រក្រតី កាលបើមានតែក្តីលំបាកទុក្ខហើយចិត្តគិតកសាងមគ្គផល កុសលសីលទាន នឹង គេឯណាមាន កាលបើពុំមានកុសលបុណ្យទានហើយធ្វើម្តេចឡើយ នឹង បានសម្បត្តិសួគ៌និពា្វន នឹងគេ ហេតុដូច្នេះបានជាថា សេចក្តីខ្ជិលនេះ ជានីវរណធម៌ ហាមមិនអោយបានប្រយោជន៍ក្នុងលោកនេះ និងលោកខាងមុខ ឯងចូលចិត្តចុះ។

ស. ករុណា ខ្ញុំព្រះករុណាចូលចិត្តហើយប៉ុន្តែដែលព្រះករុណាម្ចាស់ថា ចំណេះវិជ្ជានោះ គឺសិល្បវិជ្ជាអ្វីដែលជាវិសេសលើសវិជ្ជាទាំងពួងក្នុងលោកនេះ?

គ.អើរឿងសព្វវិជ្ជានោះ គីវិជ្ជាអក្សរនោះឯង ជាវិជ្ជាវិសេសលើសវិជ្ជាទាំងអស់ ក្នុងលោក តែងប្រជុំចុះក្នុងវិជ្ជាអក្សរ ចំណែក១ ទាំងអស់ ព្រោះវិជ្ជាអក្សរនេះ ជាវិជ្ជា ដំបូងជាងវិជ្ជាទាំងពួង ប្រៀបដូចកែវសំរាប់ឆ្លុះមើលវត្ថុទាំងពួង បើវិជ្ជាអក្សរនេះកើតវិបត្តិវិបល្លាសទៅកាលណាហើយ វិជ្ជាទាំងពួងក៏ពុំអាចតាំងនៅបាន ព្រោះពុំមានទីចំណាំទៅបាន ហេតុនោះទើបថា វិជ្ជាអក្សរនេះវិសេសលើសជាងវិជ្ជាទាំងពួង។ មួយទៀត អ្នកពុំចេះអក្សរនោះ ប្រៀបដូចជាបុគ្គលមានចក្ខុងងឹត នឹងមើលនូវរូបារម្មណ៍ទាំងពួងមិនឃើញ អ្នកដែលចេះអក្សរនោះ ប្រៀបដូចបុគ្គលមានចក្ខុបរិបូណ៌ នឹងចង់មើលអ្វី ក៏អាចមើលបានទួទៅ។

ស. ករុណា ដែលលោកគ្រូម្ចាស់អធិប្បាយថា អ្នកពុំចេះអក្សរប្រៀបដូចមនុស្សខ្វាក់ អ្នកដែលចេះអក្សរថា ដូចជាបុគ្គលបរិបូណ៌ដោយចក្ខុប្បសាទ បទពីរយ៉ាងនេះ ខ្ញុំព្រះករុណាស្តាប់បាន តែពុំសូវយល់សេចក្តីសព្វគ្រប់ សូមនិមន្តលោកគ្រូម្ចាស់អធិប្បាយអោយពិស្តារទៀត?។

គ. ឱឯងនៅសង្ស័យអ្វីទៀត បើដូច្នេះយើងនឹងសួរឯងវិញថា មានហឹបឬ កញ្ជើ១ ដែលគេដាក់គ្រឿងមាសគ្រឿងប្រាក់ គ្រឿងស្ពាន់លាយចូលគ្នាហើយមនុស្ស ខ្វាក់នោះអាចយល់ស្គាល់របស់ទាំងអស់នោះបានឬទេ? អាចដឹងថា វត្ថុនេះជាមាស វត្ថុនោះជាប្រាក់ ជាស្ពាន់ឬទេ?។

ស. ករុណាធម្មជាតិមនុស្សខ្វាក់នោះ ពុំអាចនឹងមើលយល់ស្គាល់បានឡើយ មនុស្សដែលមានចក្ខុប្បសាទបរិបូណ៌ទើបអាចមើលយល់ ស្គាល់បាន។

គ. អើដូចគ្នា មនុស្សខ្វាក់មើលវត្ថុពុំយល់ ស្គាល់ជាមាសជាប្រាក់នោះ លោកប្រៀបដូចមនុស្ស ពុំចេះអក្សរ អ្នកពុំចេះអក្សរទុកស្មើ នឹង មនុស្សខ្វាក់ អ្នកចេះអក្សរ ទុកស្មើនឹងមនុស្សបរិបូណ៌ដោយចក្ខុប្បសាទ។ មួយទៀតវិជ្ជាអក្សរនេះទុកស្មើភ្នែកទិព្វ មាត់ទិព្វក៏បាន ដូចយ៉ាងសព្វតំរាទាំងពួង មានតំរាភូមិសាស្រ្ត តំរាពង្សាវតារជាដើម ជារបស់បុរាណកន្លងទៅយូរហើយ យើងចេះអក្សរបានអានមើល ក៏អាចដឹងរឿងរ៉ាវបាន និយាយប្រាប់គ្នាគ្នីបាន យ៉ាងនេះទុកស្មើយើងមានភ្នែកទិព្វ។ មួយទៀតយើងនៅស្រុកនេះ នឹង និយាយ ឬប្រាប់កិច្ចការ ឬចង់ដឹងការអ្វីៗ អំពីបែបអ្នកស្រុកឯនោះក្តី ប្រើតែអក្សរទៅ គេក៏បានដឹងច្បាស់ វិជ្ជាអក្សរនេះអាចចារឹកពាក្យសំដីបានសព្វប្រការ តំកល់ទុកនៅអស់កាលជាអង្វែង។ មួយទៀត បើបានចេះខាងអក្សរលោកអ្នកប្រទេសក្រៅ មានអក្សរសៀម ឬអក្សរបារាំងសេសជាដើមផង ក៏រឹតតែកើតចំណេះជាភិយ្យោភាព អាចដឹងវិធីក្នុងប្រទេសនោះៗ បានទួទៅដូចអ្នកមានកូនសោ អាចចាក់សោបើកហិប មើលរបស់ក្នុងហិបនោះ បានដោយងាយៗ កើតបញ្ញាក្លាហាន ព្រោះបានដឹងក្បួនខ្នាតបែបផែនក្រៅស្រុកមិនសង្ស័យ ហេតុនោះទើបយើងពោលថា សព្វវិជ្ជាទាំងពួង ក្នុងលោកនេះ សឹងមានទីរៀនចប់ទៅបាន តែវិជ្ជាអក្សរ១ នេះជាវិជ្ជារៀនពុំចេះចប់ ព្រោះជាវិជ្ជាវិសេស លើសវិជ្ជាទាំងពួងក្នុងលោកនេះ គួរឯងចូលចិត្តចុះ។

ស. ករុណា ខ្ញុំករុណាស្តាប់បានចូលចិត្តហើយ ចុះវិជ្ជាអ្វីទៀតដែលជាវិជ្ជាបន្ទាប់ រងវិជ្ជាអក្សរនេះទៅ?

គ. វិជ្ជាលេខ ជាវិជ្ជាបន្ទាប់រងពីវិជ្ជាអក្សរនេះ លេខ និង អក្សរជាវិជ្ជារួមនៅជាមួយគ្នា។

ស. សូមទាន ចុះវិជ្ជាទាំងអស់ក្នុងលោកនេះ បុគ្គលឯណារៀនចេះចាំបានហើយ សឹងនាំមកនូវប្រយោជន៏ដល់បុគ្គលនោះៗ បានទទួលសេចក្តីចំរើនដូចម្តេច ឬមានវិជ្ជាឯណា១ ជាសឹកសត្រូវដល់បុគ្គលអ្នកចេះនោះខ្លះដែរ? គ. ថាវិជ្ជាក្នុងលោកចាត់ជាពីរប្រការ គឺទុវិជ្ជាប្រការ១ សុវិជ្ជាប្រការ១ វិជ្ជាណាដែលបុគ្គលចេះដឹងហើយសំដែងឡើងធ្វើឡើងអាច នឹង នាំមកនូវសេចក្តីទុក្ខ សេចក្តីវិនាសផលប្រយោជន៍ដល់បុគ្គលដទៃផង ដល់អាត្មាឯងផង យ៉ាងនោះហៅថា ទុវិជ្ជា ពិតមែនវិជ្ជាឯណាដែល បុគ្គលសំដែងឡើង ធើ្វឡើងហើយអាច នឹង នាំមកនូវសេចក្តីសុខ សេចក្តីចំរើនដល់បុគ្គលដទៃផង ដល់អាត្មាផង យ៉ាងនេះវិជ្ជានោះឈ្មោះ សុវិជ្ជា បុគ្គលឯណាទ្រទ្រង់នូវចំណែកសុវិជ្ជា បុគ្គលនោះទទួលសេចក្តីសុខសេចក្តីចំរើន សួស្តីមង្គល បុគ្គលឯណាទ្រទ្រង់នូវចំណែកទុវិជ្ជា បុគ្គលនោះទទួលសេចក្តីទុក្ខទោស សេចក្តីវិនាស សុវិជ្ជា ជាគុណដល់អ្នកចេះដឹង ទុវិជ្ជា ជាទោសដល់អ្នកដែលទ្រទ្រង់នោះ។

ស. សូមទានអត់ទោសចុះ បុគ្គលខ្លះមានវិជ្ជាចំណេះខ្ពស់ហើយ តែធ្លាក់ខ្លួនចុះចាកវិជ្ជានោះវិញ ទទួលតែសេចក្តីទុក្ខទោស គរហានិន្ទា វិជ្ជាដែលចេះដឹងហើយប្រើវិញពុំបានយ៉ាងនេះ គឺហេតុអកុសលអ្វី?

គ. ថាអ្នកនោះមានវិជ្ជាខ្ពង់ខ្ពស់ល្អហើយ តែធ្វើអោយវិជ្ជាប្រើពុំបានវិញនោះ ព្រោះឥតមារយាទ ឥតក្តីហិរិឱត្តប្បៈគ្មានខ្មាសបាប ខ្លាចបាប ប្រព្រឹត្តខ្លួនទៅ តាមគតិមនុស្សពាលផ្សេងៗ យ៉ាងបុគ្គលនោះឯងទើបត្រូវទទួលក្តីទុក្ខទោសគរហានិន្ទាគ្រប់ប្រការក្នុងលោកនេះ។

ស. ចុះមនុស្សយើងធ្វើខ្លួនអោយបរិសុទ្ធនោះតើត្រូវប្រព្រឹត្តយ៉ាងណា?

គ. ថា ឯការដែលនឹងធ្វើនូវខ្លួនអោយបរិសុទ្ធនោះ តោងចំរើននូវសេចក្តីសុខដល់អ្នកដទៃ ទើបខ្លួនបានទទួលសេចក្តីបរិសុទ្ធនោះ បើអោយទុក្ខគេហើយក្តី ទុក្ខនោះឯងនឹងមានដល់ខ្លួនវិញមិនខាន ខ្លួនឯងនឹងទទួលក្តីបរិសុទ្ធឯណាបាន។

ស. មនុស្សយើងដែលលោកសន្មតហៅថាមនុស្សល្អនោះ តើមានអាការកិរិយាយ៉ាងណា ដែលហៅថាមនុស្សអាក្រក់នោះ តើមានអាការកិរិយាយ៉ាងណា?

គ. ថាមនុស្សដែលល្អនោះ គឺមនុស្សណាប្រកបដោយក្តីសុចរិត ៣ប្រការ គឺកាយសុចរិត១ វចីសុចរិត១ មនោសុចរិត១ ប្រព្រឹត្តខ្លួនជាបុគ្គលប្រដៅងាយ មានហិរិឱត្តប្បៈជាជញ្ជាំង ឬកំផែងបិទបាំងកាយមិនអោយអកុសលធម៌ ចូលញាំញីខ្លួនបានយ៉ាងនេះ មនុស្សនោះឯង ហៅថាមនុស្សល្អបាន។ មនុស្សប្រកបដោយក្តីទុច្ចរិត ៣ប្រការគឺ កាយទុច្ចរិត១ វចីទុច្ចរិត១ មនោទុច្ចរិត១ ប្រព្រឹត្តខ្លួនជាបុគ្គលប្រដៅក្រ ពុំមានហិរិឱត្តប្បៈធម៌បិទបាំងកាយ ហើយផ្សាយចិត្តក្នុងការអកុសលផ្សេងៗ វេង្វងដោយគតិពាលពិត មនុស្សយ៉ាងនេះឯង ហៅថា មនុស្សអាក្រក់ក្នុងលោក យើងនេះ។

ធម៌ដែលគ្រហស្ថត្រូវប្រព្រឹត្ត[កែប្រែ]

ស.​ សូមទានមេត្តាប្រោស ពាក្យសុភាសិតប្រដៅថា ឲ្យវៀរក្ដីរកស៊ីក្នុងការមិច្ឆាជីវៈ ឲ្យរកស៊ីតាមផ្លូវសម្មាជីវៈ ផ្លូវមិច្ឆាជីវៈនោះដូចម្ដេច ផ្លូវសម្មាជីវៈនោះដូចម្ដេច?

គ. ឱ​ ផ្លូវមិច្ឆាជីវៈនោះ គឺប្រកបរកស៊ីខុសគន្លងធម៌ មានលក់ដូរគ្រឿងសស្ត្រាប្រហារជីវិតសត្វជាដើម មានលក់ដូរថ្នាំបំពុលជាបរិយោសាន ព្រមទាំងប្រព្រិត្តិធ្វើជាបន្ទាល់កោង ទាំងឆឆក់កុហកគេដោយឧបាយដោយគំនិតកោងផ្សេងៗ ការរកស៊ីខុសគន្លងធម៌នោះ ហៅថាមិច្ឆាជីវៈ គឺចិញ្ចឹមជីវិតខុសនឹងទទួលទុក្ខទោមនស្សផ្សេងៗ ឯការរកស៊ីជាផ្លូវសម្មាជីវៈនោះ គឺវៀរបង់ផ្លូវមិច្ឆាជីវៈនេះឯង ហៅថាចិញ្ចឹមជីវិតដោយធម៌។ ឈ្មោះថា សម្មាជីវៈ១ទៀតត្រូវវៀរផ្លូវដែលមហាក្សត្រទ្រង់ហាម ដូចយ៉ាង គយដារដែលរាជការតាំង ហើយទៅប្រព្រឹត្តកន្លងព្រះរាជអាជ្ញា យ៉ាងនេះប្រការ១ ត្រូវរៀរផ្លូវល្បែងផ្សេងៗ មានល្បែងមាន់ជល់ ជល់ត្រីជាដើម នេះប្រការ១ ត្រូវវៀរល្បែងស្រី ល្បែងស្រា រៀរសេពគប់ភឿនពាលនាំលេងយប់ ស្វែងមើលល្បែងផ្សេងៗ មានល្បែងច្រៀងរាំជាដើមយ៉ាងនេះប្រការ១។

ស. សូមទាន ការត្រាច់យប់នោះ មានទោសយ៉ាងណាខ្លះ?

គ. ឱ​ ការដែលដើរលេងយប់នោះមានទោស ៥ ប្រការគឺៈ

១- ដើរទៅហើយខាតផ្លូវរវាំងរក្សាផ្ទះ ទីលំនៅខ្លួន ជួនប្រពន្ធកូន ឬ បងប្អូនកើតហេតុដោយរោគាព្យាធិ ឬ ដោយហេតុឯណា ១ ក្ដី ចំណែកខ្លួនមិនដឹងក៏ខូចប្រយោជន៍ទៅ ជាទោស​​ ១។

២- ជួនកាលដើរទៅហើយ ពើបប្រទះលើសត្វមានពិលវាចឹក វាខាំ បាននូវទុក្ខវេទនា យ៉ាងនេះជាទោស ១។

៣- ជួនដើរទៅជាន់ជើងចោរ ដែលគេដេញចោរមក អារចោរនោះវាវេះបាត់ទៅ គេឃើញឯង គេក៏ចាប់ថាជាចោរ យ៉ាងនេះជាទោស ១។

៤-

ប្រស្នារឿង ស្រីល្អ ទឹកផ្អែម ត្រីដែលមានរសពិសារជាងត្រីឯទៀត[កែប្រែ]

ស. ស្រ្តីយ៉ាងណា ហៅថាល្អលើសស្ត្រីទាំងពួង ក្នុងលោកនេះ ទឺកយ៉ាងណាជាទឹកផ្អែមឆ្ងាញ់លើសទឹកទាំងពួងក្នុងលោកនេះ ត្រីយ៉ាណា ដែលមានរសជាតិឆ្ងាញ់ពិសារលើសត្រីទាំងពួងក្នុងលោកនេះ?

១. ស្ត្រីល្អលើសគេ[កែប្រែ]

គ. ឱ ឯជាតិស្ត្រីល្អលើសគេនោះ បើតាមនិយាយដោយរូប គឺស្រីដែលប្រកបដោយបញ្ចពិធកល្យាណី មានលំអសក់ជាដើម។ តែបើនិយាយដោយធម៌ គឺស្ត្រីដែលមានសីលមារយាទល្អនោះឯង។ បើនិយាយដោយវោហារវិញនោះ គឺស្ត្រីប្រពន្ធគេនោះឯង ហៅថាល្អលើសលែងស្ថ្រីក្នុងលោក។ ហេតុអ្វីក៏បានជាលើសគេនោះ ព្រោះស្ត្រីប្រពន្ធគេនោះមានទោសខុសទាំងពីរផ្លូវ​ ថាបើបុរសណាទៅប្រព្រឹត្តកន្លងបរេណីនោះហើយ គឺក្នុងលោកនេះ តែគេដឹងឮហើយ គេក៏ចាប់ទៅប្ថឹងដល់សាលាជំនុំ ៗ លោកក៏ពិនិច្ឆ័យលក់ឬដាក់គុកធ្វើទោសទៅផ្សេង ៗ ឯខាងផ្លូវបរលោកនោះសោត ក៏បានបាបគឺធ្លាក់ទៅសោយទុក្ខវេទនាក្នុងអបាយភូមិទាំង ៤ មាននរកជាដើម។ ការដែលដឹងថាមានទោសយ៉ាងនេះហើយ ហេតុអ្វីបុរសលែងពុំបាន បើដូច្នោះស្ត្រីនោះមិនល្អលើសគេហើយហះ បានជាបុរសលែងពុំបាន យ៉ាងនេះឯងហៅថាស្ត្រីល្អលើសលែងក្នុងលោក។

២. ទឹកផ្អែមពិសារ[កែប្រែ]

គ. ឯទឹកផ្អែមពិសា លើសទឹកទាំងពួងនោះ គឺសុរានេះឯង មែនពិតឯទឹកសុរាបានជាថាផ្អែមលើសលែងនោះ ព្រោះទឹកសុរានោះ មានអំណាចអាចហាមមិនឲ្យបិទ មិនឲ្យធ្វើខ្លួនឯង តោងចេញប្រាក់ទៅទិញចិន។ ឯទោសផឹកសុរា គឺបង់ប្រាក់​ ១ គឺផឹកទៅហើយ កើតស្រវឹងវង្វេងចិត្តទៅប្រព្រឹត្តការងារអាក្រក់ផ្សេង ៗ មានបង្កពាក្យជម្លោះប្រកែកប្រកួតជាដើម ១ មានទោសធ្លាក់ទៅអបាយភូមិ ៤ មាននរកជាដើម ១​ ។ អ្នកលេងសុរា​សឹងដឹងប្រាកដថា ផឹងសុរានោះជាទីនាំមកនៅសេចក្ដីទុក្ខទោសទាំងអស់ តែនឹងលះលែងពុំបាន បើដូច្នោះ សុរានោះមិនជាផ្អែមលើសគេហើយហះ បានជាមនុស្សយើងលះលែងពុំរួចយ៉ាងនេះ ។

៣. ត្រីដែលមានរសពិសារលើសត្រីនានា[កែប្រែ]

គ. ឯត្រីដែលមានរសពីសារលើសត្រីនានានោះ គឺត្រីព្រលូងនោះឯង បានជាត្រីព្រលូងមានរសពីសារនោះ ព្រោះដឹងថា ត្រីព្រលូងនេះ ចួនបរិភោគទៅហើយពុលក៏មាន តែនឹងលះបង់ពុំបានបើដូច្នោះ ត្រីព្រលូងនោះមិនឆ្ងាញ់លើសគេហើយហះ បានជាមនុស្សលះលែងពុំបាន ។

ស. ករុណាចូលចិត្តហើយ ១ ទៀត ការទទួលទានសុរានោះ ហេតុអ្វីថាមានបាប​​ សុរានោះទទួលទានទៅ ជាថ្នាំកែរោគក៏មាន ជាគុណឲ្យទទួលទានបាយបានក៏មាន សូមនិមន្តលោកគ្រូកែខៃឲ្យចូលចិត្តបន្តិចមើល?

គ. តបថា ការផឹកសុរានោះ បានជាបាបព្រោះព្រះបរមគ្រូទ្រង់ហាម ពុំឲ្យសេពសុរានោះព្រោះជារបស់នាំឲ្យស្រវឹង នាំឲ្យខូចចិត្ត ត្បិតមនុស្សយើងសព្វថ្ងៃនេះ មានស្រវឹងនៅពេញខ្លួនហើយ សេចក្ដីស្រវឹងនេះ លោភោ គឺសេចក្ដីជាប់ជំពាក់ ឬចំណង់ចង់បាននេះជាស្រវឹងប្រការ ១ ទោសោ គឺ សេចក្ដីក្រោធខឹង នេះស្រវឹងប្រការ ១ មោហោ គឺសេចក្ដីល្ងង់វង្វេងពុំស្គាល់ខុសត្រូវ នេះស្រវឹងប្រការ ១ មានៈទិដ្ឋិ គឺសេចក្ដីរឹងត្អឹងប្រកាន់ខ្លួន អួតខ្លួន នេះជាស្រវឹងប្រការ ១ ។ ស្រវឹងទាំងអស់នេះតែងមាននៅសំរាប់រូបបកហើយៗ មកថែមផឹកទឹកស្រវឹងចូលទៅទៀតស្រវឹងថ្មី ក៏នាំស្រវឹងចាស់ឲ្យមានកម្លាំងក្លាហានឡើង គឺខ្លួនអ្នកលោភក៏នាំឲ្យលោភខ្លាំងឡើង ខ្លួនអ្នកទោសៈ ឬមោហៈមានៈទិដ្ឋិ ក៏នាំឲ្យចំរើន ទោសៈមោហៈមានះទិដ្ឋិខ្លាំងក្លាឡើង ។ មួយទៀត ពាក្យជាអាថ៌កំបាំង ឬកេរ្តិ៍ខ្មាសជារបស់មិនគួរនាចេញសំដែងប្រាប់គេ នោះក៏នាំចេញបង្ហាញគេបានទាំងអស់។ មួយទៀតនាំឲ្យកើតជំលោះប្រកែក ចួនក៏ត្រូព្រះរាជអាជ្ញា បង់ទ្រព្យធនទៅផ្សេង ៗ ។ មួយទៀតទោសសុរានេះនាំឲ្យកើតរោគឆាប់ងងឹតភ្នែក ឆាប់ជរាគ្រាំគ្រាទ្រោមទ្រុឌទោសយ៉ាងនេះឯង បានជាមានបាបក្នុងលោកនេះ។ មួយទៀតប្រាក់ដែលទៅទិញសុរានោះ ក្នុងមួយឆ្នាំ ៗ បើប្រមូលទុកគង់បាននៅច្រើន គ្រាន់ទុករក្សាការពារអន្តរាយក្នុងគ្រាក្រ ទុកទិញបាយត្រីចំណីឯទៀត ចែកកូនប្រពន្ធអាស្រ័យជាជាង​ ឬ ឯងយល់ដូចម្ដេច ។

ទោសកើតអំពីជក់អាភៀន និងកញ្ឆា[កែប្រែ]

ស. ករុណា ខ្ញុំករុណាចូលចិត្តហើយ បើយ៉ាងជក់អាភៀនជក់កញ្ឆានោះ តើមានទោសយ៉ាងណាខ្លះទាន?

គ. ឱ រឿងជកអាភៀនជក់កញ្ឆានោះ មានទោសប្រហែល ៗ នឹងសុរានោះដែរ ។ ឯងគិតមើលចុះសុរា អាភៀននោះ សឹងមានផាស៊ីគេទិញដាច់មុខក្នុងស្រុកមួយ ៗ ធ្វើលក់បានតែម្នាក់ ៗ ម្ល៉ោះហើយ គេចង់ដំឡើងថ្លៃយ៉ាងណា ក៏តាមតែចិត្តគេទាំងអស់។ តម្លៃនោះលើសប្រមាណឃើញចុះទុនយ៉ាងច្រើន ៗ បើខ្លួនទៅប្រកបគិតធ្វើឡើងបាន តែនាយផាស៊ីកេដឹងហើយគេចាប់លក់ព្នៃតាមច្បាប់ ព្រះរាជបញ្ញត្តិ ត្រូវបង់ប្រាក់ ធ្លាក់ដល់ទោសជាប់គុកជាប់ក្ដីក្នុងលោកនេះ ១ ទៀត។ អ្នកជក់អាភៀននោះសព្វថ្ងៃនេះ ឯងយល់ស្រាប់ហើយ អ្នកណាមានរូបល្អខ្លះ អ្នកល្អណាគេគាប់ចិត្តខ្លះ សេចក្ដីចំរើនមានយ៉ាងណាខ្លះ គួរឯងគិតមើលចុះ ឯរឿងកញ្ឆាទៀត ក៏ប្រហែល ៗ នឹងអាភៀនដែរ សឹងជារបស់នាំឲ្យកាយវិកលវិការនាំឲ្យឆ្កួតចិត្តប្រព្រឹត្តទៅក្នុងកិរិយាទាបថយទាំងអស់។

...

ប្រស្នារឿងពាលដែលគួរខ្លាច[កែប្រែ]

រឿងឃុនរ៉ាតចាញ់បោកចៅពាល[កែប្រែ]

រឿងចៅពាលក្លែងភេទជាសង្ឃធ្វើគ្រូមើលស្កន់[កែប្រែ]

រឿងពាលសង្រួមហួសប្រមាណ[កែប្រែ]

ដូចនិទានពីតាបស​ ១ រូប ទៅតាំងអាស្រមកុដិ នៅខាងជាយព្រៃ ១ នៅទៀបជនបទ​ ១ ។ ក្នុងជនបទនោះមានឧបាសកម្នាក់ជាអ្នករាប់អានតាបសនោះបានថ្វាយខ្លួនជាអ្នកឧបដ្ឋាកជាអ្នកបំរើ ។ ឯតាបសក៏ឲ្យឧបាសកកប់ហឹបប្រាក់ទុកក្នុងទី ១ ដ៏សមគួរខាងទីអាស្រមនោះឯង។ ដល់យូរបន្តិចមក តាបសនោះកើតលោភចេតនា ទើបគិតថា អាត្មាអញនេះមកបួសខំប្រព្រឹត្តរក្សាសីល ក៏យូរឆ្នាំណាស់ហើយ មគ្គក៏មិនបានដល់ ផលក៏មិនបានសម្រេច ទាំងឈានទៀតក៏មិនកើតម្ដងសោះ។ បើដូច្នោះគួរតែអញសឹកចេញចាកសិក្ខាទៅជាឃរាវាសវិញ។ គិតប្រកបការរកស៊ីយល់ជាប្រសើរជាង ឯប្រាក់ដែលឧបាសកគេផ្ញើនោះអញនឹងលួចយកទៅធ្វើជាដើមទុន ប្រកបការខាងផ្លូវលោកិយបានហើយ។ តែនឹងលួចយកទៅឥឡូវនេះឧបាសកជាម្ចាស់ គេនឹងតាមតវ៉ាចោទថាអាត្មាលួចបើដូច្នេះ មានតែគិតលួចជាំការបង្វែងដាន កុំឲ្យម្ចាស់គេនោះសង្ស័យនឹងខ្លួនអញបាន។ កាលបើតាបសគិតយល់ឧបាយ ១ ដូច្នោះហើយ ទើបកាយយកហឹបប្រាក់អំពីទីនោះ នាំទៅកប់ទូកទីដទៃ ដើម្បីមិនឲ្យម្ចាស់ប្រាក់សង្ស័យនឹងខ្លួន លុះកប់លាក់ហឹបប្រាក់នោះស្រេចហើយ តាបសក៏រៀបគ្រឿងបរិក្ខារដាក់សំពាយ ស្ពាយដើរទៅកាន់ផ្ទះឧបាសក។

ឯឧបាសក បានយល់តាបសមកដូច្នោះហើយក៏រៀបទីអាសនៈដ៏សមគួរ ហើយនិមន្តតាបសឡើងទៅលើគ្រឹះស្ថាន វន្ទាធ្វើបដិសណ្ឋារៈសួរទទួលដោយសេចក្ដីរាប់អាន។ ឯតាបសនិយាយថាៈ "ចំរើនពរអាត្មាភាពមកលាញោមទាំងអស់គ្នា នឹងទៅនៅព្រៃព្រះហិមពាន្តហើយ ត្បិតទីលំនៅសព្វថ្ងៃនេះជាទីនៅជិតទៀបស្រុកមនុស្សម្នាទៅមកមិនដាច់ នាំឲ្យកង្វល់រវល់នឹងការលោកិយច្រើនណាស់ រកឱកាសនឹងចំរើនមេត្តាភាវនាពុំបាន។ ១​​ ទៀតឯរឿងប្រាក់ញោមដែលផ្ញើនោះ ឲ្យញោមទៅយកផងចុះ អាត្មាទៅហើយក្រែងមានអន្តរាយជាខាងក្រោយ ញោមកុំមៃថាអាត្មាឡើយ" ។​ ឯឧបាសកនោះក៏ឆ្លើយថាៈ "មិនអីទេ ព្រះករុណា រឿងប្រាក់ដែលកប់លាក់ទុកនោះចំពោះដឹងតែលោកម្ចាស់ នឹងខ្ញុំករុណាតែពីរនាក់ប៉ុណ្ណោះឯង អ្នកឯណានឹងបានដឹងឮផង ជា ៣-៤នាក់ពុំមាន បើលោកម្ចាស់ចង់ទៅ នៅព្រៃហិមពាន្តក្នុងថ្ងៃណា ក៏សូមនិមន្តទៅចុះ រឿងប្រាក់នោះចាំខ្ញុំរួចធុរៈរវល់ថ្ងៃណា សឹមខ្ញុំទៅយក" ។ ឯតាបសក៏ឆ្លើយថាៈ "ចំរើនពរអញ្ជើញទៅយកចុះ" ។​ ថាហើយក៏លាត្រកូលនោះចេញទៅ។ កាលចុះទៅដល់មាត់ជណ្ដើរ តាបសក៏កាន់យកស្បូវដែលប្រក់ផ្ទះនោះមួយសរសៃ ហើយសៀតជាប់នឹងជដា គឺផ្នួងសក់ ដើរទៅដល់មាត់ច្រកផ្លូវ ហើយវិលត្រឡប់មកវិញ លើកយកកំណាត់ស្បូវនោះជូនទៅឧបាសកហើយថាៈ "ញោមអើយអាត្មាភាពសូមទោសញោមផងចុះត្បិតអាត្មាពុំបានក្លែងលួចកំណាត់ស្បូវនេះទេ គឺវាជាប់ទៅនឹងផ្នួងជដានៃអាត្មា ៗ ពុំដឹងសោះ លុះតែដើរទៅដល់ក្រៅរបង ស្រាប់តែឃើញស្បូវនេះវាធ្លាក់ពីជដាមក ទើបអាត្មាកើតសេចក្ដីភិតភ័យដោយសីល ក្រែងសៅហ្មង ហេតុនេះទើបយកមកជូនញោមវិញ សូមញោមមេត្តាអត់ទោសអាត្មាចុះ" ។ ឯឧបាសកនោះ លុះឮពាក្យជដិលកោងនិយាយជូនកំណាត់ស្បូវដូចន្នោះហើយ ក៏សំគាល់ថា៖ "លោកតាបសនេះមានសីលពិសេស" ទើបតបទៅថាៈ "បពិត្រព្រះករុណាម្ចាស់ កុំមានហឫទ័យរង្គៀសឡើយ យើងខ្ញុំពុំមានចិត្តសង្ស័យនឹងសីលលោកម្ចាស់ទេ ចូរលោកម្ចាស់និមន្តទៅតាមសប្បាយចុះ" ។

គ្រាកាលនោះ ព្រះពោធិសត្វជាម្ចាស់យើងនេះអន្ទោលជាតិកើតជានាយឈ្មួញ ១ នាក់ បានទៅជួញដល់ស្រុកនោះ។ លុះដើរទៅបានឮតាបសជូនកំណាត់ស្បូវ ដែលខ្លួនកាន់យកដោយឧបាយកោងដូច្នោះហើយ ក៏យល់ដោយប្រាជ្ញាជ្រាបថា តាបសនេះមានបើលួចទ្រព្យអ្វីៗ របស់អ្នកផ្ទះនេះមិនខានឡើយ ទើបពោធិសត្វដណ្ដឹងសួរទៅឧបាសកនោះថា៖ "អ្នកឯងមានផ្ញើទុកដាក់របស់អ្វី នឹងតាបសនេះខ្លះដែរឬទេ" ។ ឧបាសកនោះប្រាប់ថា៖ " ខ្ញុំបាទផ្ញើប្រាក់ ១​​ ហឹបនឹងលោក ។ ពោធិសត្វថា ៖ " ឱ! បើដូច្នោះប្រាក់អ្នកឯងនោះ វិនាសដោយដៃលោកជីតុនអ្នកឯងប្រាកដហើយ ប្រាក់ ១ ហឹបនោះ លោកជីតុនអ្នកឯងលួចយកទៅហើយ ចូរអ្នកឯងទៅតាមចាប់ខ្លួនឲ្យទាន់ក្នុងកាលឥឡូវនេះ។

ឯឧបាសកជាមនុស្សឥតប្រាជ្ញា ក៏ឆ្លើយតបថា៖ "លោកជីតុនខ្ញុំនេះ លោកមានសីលវិសេសពេកណាស់លោកនឹងហ៊ានលួចប្រាក់នោះឯណាបានតែត្រឹមកំណាត់ស្បូវ ១ សរសៃ ដែលជាប់ទៅនឹងជដាសក់របស់លោក ម្ដេចលោកក៏ពុំហ៊ានកន្លងលោកនាំយកមកឲ្យវិញ ហេតុនោះនឹងថាលោកលួចប្រាក់ខ្ញុំឯណាក៏បាន" ។

ពោធិសត្វតបថា៖ "ឱ! អ្នកឯងមិនស្គាល់អាការពាលទេតើ! នែអ្នក, ក៏ឯសីលអទិន្នាទាននឹងជាច់នឹងសៅហ្មង ព្រោះកំណាត់ស្បូវ​ ១ សរសៃនោះឬអីនេះឯងហើយ ជាអាការរបស់មនុស្សយកសក់បាំងភ្នំបន្លំដានលួចប្រាក់អ្នកឯងពិតហើយ បើអ្នកឯងមិនជឿ អញ្ជើញទៅមើលប្រាក់អ្នកចុះ ដែលផ្ញើទុកនោះ ជានៅដូចដើមឬដូចម៉េចទៅ ចូរទៅឲ្យឆាប់ ទាន់តាបសគាត់មិនទាន់ទៅឆ្ងាយ" ។ ឯឧបាសកនោះក៏យល់តាមទើបនាំពោធិសត្វទៅអាស្រមនៃតាបស ទៅមើលទីដែលកប់ប្រាក់នោះ ឃើញអាចម៍ដីខ្ចាយរាយពាសទើបកកាយទៅខាងក្រោម ក៏ពុំឃើញហឹបប្រាក់នោះឡើយ។ ឧបាសកក៏រឹតតែជឿពាក្យពោធិសត្វក្រៃពេកទើបនាំពោធិសត្វរត់ទៅតាមតាបស បានទាន់នាកណ្ដាលផ្លូវ ហើយក៏ចាប់ខ្លួនតាបសនោះមកសាកសួរថា ប្រាក់យើងដែលផ្ញើនោះបាត់អស់ទៅហើយកាលយើងមកកប់ទុកនោះ ពុំមានអ្នកណា ១ អាចដឹងទេ គឺដឹងតែប្រស្ដែងឯង នឹងរូបយើងពីរនាក់ប៉ុណ្ណោះទេ ឥឡូវបាត់ពីទីនោះទៅ នឹងថាអ្នកឯទៀតនាមកលួចនោះក៏មានបាន គឺប្រស្ដែងឯងលួចពិតហើយចូរអ្នកប្រាប់យើងដោយពិតចុះ បើពុំប្រាប់យើងយើងនឹងវាយឲ្យស្លាប់ឥឡូវនេះឯង។ ឯជដឹលកោងនោះក៏ភិតភ័យខ្លាចសេចក្ដីស្លាប់ ក៏ប្រាប់តាមដំណើរខ្លួនលួចបង្វែងទៅកប់ទុកនៅទីឯទៀត ហើយក៏នាំឧបាសកនោះ ទៅយកហឹបប្រាក់ដែលខ្លួនលាក់ទុកនោះប្រគល់ឲ្យដល់ឧបាសកជាម្ចាស់ប្រាក់ ។ ឯឧបាសកក៏ទទួលយកហឹបប្រាក់ ហើយតិះដៀលតាបសនោះដោយប្រការផ្សេងៗ ហើយបែរទៅសរសើរប្រាជ្ញានៃពោធិសត្វទុកជាគ្រូអាចារ្យប្រដៅខ្លួនអំពីថ្ងៃនោះមក។

ចប់តម្រាសង្រួមហួសប្រមាណ

រឿងតាថេននិងសិស្ស ៣ នាក់[កែប្រែ]

ស. ឆ្លើយថាករុណាលោកគ្រូម្ចាស់ ៗ សំដែងមកនេះខ្ញុំចូលចិត្តហើយ តែការដែលនឹងស្គាល់អាការកិរិយាមនុស្សពាលនោះក្រណាស់ ចួនមនុស្សពាលនោះ វាមានអំណាចនិយាយបញ្ចុះបញ្ចូលអ្នកស្រុក ៗ ក៏នាំគ្នាជឿតាមពាលនោះទៅ ចួនជាមានអ្នកណា ១ ដឹងស្គាល់អាការកិរិយានៃមនុស្សពាល នៅមិនប្រព្រឹត្តមិនជឿតាមគេ ៗ ក៏បៀតបៀនអ្នកនោះឯងថាជាមនុស្សឆ្កួតវិញ ដូច្នេះ នេះលោកគ្រូនឹងប្រព្រឹត្តទៅយ៉ាងណា នឹងឲ្យរួចអំពីពាលនោះបាន?

គ. ឱ! ឯងថានោះត្រូវហើយ ក៏វិស័យគេឆ្គួតពេញស្រុកហើយ ឯងជាមនុស្សតែម្នាក់ឯង ឯណាក៏នឹងបានតែតោងមើលកាល មើលសម័យ ពិចារណាមើលតាមអាការនោះផង ជាការពាក់ព័ន្ធដោយទោសរាជ ឬដោយទោសរាស្ត្រ​ គឺកើតមកជាមនុស្សត្រូវឲ្យស្គាល់ទោសពីរប្រការ គឺទោសរាជ ១ ទោសរាស្ត្រ ១ ។ ឯទោសរាជនោះ គឺពាលនោះឯង វាក្លែងតាំងខ្លួនជាអ្នកបុណ្យ ហើយអួតខ្លួនថាវាជាស្ដេច ជាព្រះអង្គម្ចាស់មាននាមថា ព្រះបាទធម្មិករាជជាដើម តាំងបណ្ចុះបញ្ចូលមហាជនជាកងទ័ព គិតក្បត់ម្ចាស់ផែនដីយ៉ាងនេះហៅថា ទោសរាជ គឺទោសព្រោះតាំងខ្លួនជាស្ដេច ថាបើឯងដឹងអាការហេតុដូចយ៉ាងថាមកនេះ ហើយតោងគិតវេះគេចចេញចាកទីនោះបង់ ទើបអាចរក្សាខ្លួនឲ្យសុខបាន។

ឯទោសរាស្ត្រនោះ គឺពាលមានអំណាចក្ដី ឥតអំណាចក្ដី វាប្រចុបប្រចែងក្លែងក្លាយ ប្រើឧបាយមាយានិយាយអួតកុហកថា វាចេះធ្វើហោទាយ ចេះអង្គុយធម៌មើលហួយ មើលខ្មោច ចេះគ្រូមើលជម្ងឺមើលស្ដោះគ្រោះ បូជាគ្រោះជាដើម។​ ហើយវានិយាយបំភ័យឲ្យអ្នកស្រុកបូជាផ្សេង ៗ ។ មនុស្សទាំងឡាយជឿវាពេញស្រុកហើយ តែឯងមិនជឿតាមគេ ៗ ថាឯងឆ្កួតយ៉ាងនេះហៅថាទោសរាស្ត្រ ។ តែបើពាលមានអំណាចវានឹងបៀតបៀនហើយ តោងប្រព្រឹត្តទៅតាមកិរិយាដូចតម្រាថា៖ "លោកប្រែតោងប្រព្រឹត្ត តែចិត្តកុំប្រែតាមវា" គឺប្រព្រឹត្តតែកិរិយាក្រៅទៅចុះ ព្រោះការទាល់ ដូចមាននិទានរៀងចៅសនជាបែប។

រឿងចៅសន[កែប្រែ]

ឯរឿងចៅសននោះ ដើមឡើយមានសាមណេរ ១អង្គ អ្នកស្រុកតែងតែហៅលោកតាថេន ៗ នោះជានេនខ្ជីខ្ជា លួចមានវត្តស្ងោរ ផឹកស្រា ស៊ីបាយ​ ល្ងាចតែរឿយ ៗ មានមនុស្ស ៣ នាក់រួមចូលផឹកស៊ីជាមួយផង ។ លុះនៅយូរមក តាថេនរកប្រាក់នឹងទិញស្រាពុំបាន ហើយគិតក្រែងនៅយូរទៅ អ្នកស្រុកគេដឹងថា នេនផឹកស្រាគេនឹងបណ្ដេញបំបរចាកអារាម ទើបនិយាយពិគ្រោះគ្នានឹងមនុស្សទាំង ៣ នាក់នោះថា យើងនៅក្នុងស្រុកធំនេះ អត្តខាន់ប្រាក់ចាយណាស់ឧបាសកឧបាសិកា ញោមវត្តនេះ គេក៏ពុះមានសទ្ធាធ្វើបុណ្យធ្វើទាននឹងយើងឡើយ ។ បើដូច្នេះ គួរយើងចេញទៅស្រុកក្រៅ ដើរកែខៃកុហកបញ្ឆោតអ្នកស្រុកស្រែចំការ ដោយឧបាយផ្សេង ៗ គឺអញធ្វើជាលោកធុតង្គទុក្ខមូល ចៅឯង ៣ នាក់ ធ្វើជាកូនសិស្សឧបដ្ឋាកដើរតាមក្រោយ ដើរនិយាយបញ្ចុះបញ្ចូលបបួលពួកអ្នកព្រៃ ឲ្យគេជឿថាអញវិសេស គេក៏នឹងនិមន្តធ្វើបុណ្យទាន បានចតុប្បច្ច័យហើយ សូមយើងកែខៃទិញបាយទិញស្រាផឹកទៅតាមកាល ។ ឯមនុស្សទាំង ៣ នាក់នោះក៏យល់ព្រមតាមតាថេន ក៏រៀបរកឆ័ត្រមុងធុតង្គ នូវរឿងបិក្ខារបានព្រមហើយ ទើបនាំមនុស្ស ៣ នាក់នោះចេញចាកស្រុកធំ ដើរទៅកាន់ស្រុកលើ តាថេនក៏ក្លែងខ្លួនជាលោកសង្ឃធុតង្គដោយព្រៃ ដល់វេលាព្រឹក ក៏ចូលទៅបិណ្ឌបាតក្នុងស្រុកតាមលំដាប់ផ្លូវ ឯបណ្ដាមហាជនអ្នកស្រុកក្រៅ កាលបើបានឃើញតាថេននោះហើយ ក៏នឹកស្មានថា​ជាលោកសង្ឃរុក្ខមូលដោយរុចរិត ទើបនាំគ្នាដាកបាតប្រគេនចតុប្បច្ច័យផ្សេង ៗ តាមសទ្ធាអ្នកកាន់ព្រះពុទ្ធសាសនា ។ តាថេនបានលាភសក្ការៈហើយ ក៏ធ្វើជាសង្រួមឥន្ទ្រីយស្រគត់ស្រគំ ពុំសូវនិយាយស្ដីអ្វីច្រើនឡើយ ។ ឯមនុស្ស ៣ នាក់នោះតែទៅដល់ទីណា វាក៏នាំនិយាយសរសើរអួតគុណតាថេនប្រាប់អ្នកស្រុកនោះថា លោកគ្រូយើងនេះលោកវិសេសខាងផ្លូវក្នុងពេកណាស់ ទាំងទឹកមន្តក៏ពូកែ ចេះទាំងយឹតមើលហួយ មើលប៉ោក៏ឆុតឆាប់ តែលោកជាអ្នកសន្តោស មិនមានសេចក្ដីលោភោទេ បើអ្នកណាត្រូវចិត្តលោក ៗ ក៏ប្រោសឲ្យទានបានសំរេចប្រយោជន៍គ្រប់ប្រការ​ ពួកយើង ៣ នាក់ក៏ឧស្សាហ៍ដើរតាមលោកទាំងម៉្លេះនេះ ព្រោះឃើញសិល្បវិជ្ជាការនោះមែនទែនណាស់ ។ ឯពួកមហាជនទាំងឡាយ កាលបើបានស្ដាប់ពាក្យអ្នកទាំង ៣ នាក់ស្រដីអួតតាថេនដូច្នោះហើយ ក៏ជឿតាម ទើបនាំគ្នានិមន្តតាថេនសូត្របូជាព្រះគ្រោះខ្លះ សូមទឹកមន្តខ្លះ សូមខ្សែកខ្សែចង្កេះខ្លះ។ តាថេនក៏បានលាភសក្ការៈបរិបូណ៌ដោយពួកអ្នកក្រៅរាប់អាន តែដល់ពេលយប់ស្ងាត់ចៅ ៣ នាក់ វាទៅលួចទិញស្រាទិញបាយមកលៀងគ្នាក្នុងព្រៃ តាមវិស័យកិរិយាពាល។

ឯតាថេននឹងអ្នក ៣ នាក់ វាប្រព្រឹត្តការកោងយ៉ាងនេះរៀង ៗ ទៅតាមផ្លូវ ។ លុះថ្ងៃ ១ តាថេននាំគ្នាទាំង ៣ នាក់ ដើរទៅដល់ភូមិគោក ១ ទើបចូលទៅកាន់ភូមិនោះ ហើយទៅអង្គុយក្រោមម្លប់ដើមស្វាយខាងជើងភូមិ ។ ឯចៅ ៣ នាក់វានាំគ្នាចូលទៅក្នុងភូមិនិយាយឃោសនាប្រាប់អ្នកស្រុកថា លោកធុតង្គនិមន្តមកគង់នៅខាងជើងភូមិនោះឯង។ បើបងប្អូនត្រូវការប្រាថ្នាការអ្វីៗ ក៏អញ្ជើញយកទឺកតែ ស្ករស ស្លាបារីទៅប្រគេនលោកចុះ លោកនិមន្តមកនេះ គឺមកចង់ប្រោសសត្វហើយ អ្នកណាចង់បានខ្សែកខ្សែចង្កេះ ទឹកមន្តការពាររោគអាសន្នកម្មផ្សេង ៗ ក៏សូមអញ្ជើញទៅរកលោកឲ្យឆាប់ចុះ ។ ឯបណ្ដាមហាជនប្រុសស្រីនៅទីភូមិនោះ លុះឮថាលោកធុតង្គទុក្ខមូលវិសេសមកដូច្នោះហើយ ខ្លះក៏បានស្លាបារី ខ្លះក៏បានទឹកក្ដៅ ទឹកត្រជាក់ នាំគ្នាទៅរកតាថេន ដល់ហើយក៏ថ្វាយបង្គំសួរទទួលបដិសណ្ឋារៈប្រគេនទឺកស្រង់ទឹកឆាន់ ស្លាម្លូភេសជ្ជៈតាមសទ្ធា ហើយសំពះសួរថា ព្រះករុណាម្ចាស់និមន្តមកពីស្រុកណា ព្រះករុណា ។

តាថេនឆ្លើយថា៖ "ចំរើនពរ អាត្មាភាពនេះនៅក្នុងក្រុង ចេញមកធុតង្គយូរខែហើយ នៅតែក្នុងព្រៃមិនដែលចូលស្រុកណាទេញោម ទើបតែថ្ងៃនេះ មានហេតុជាការមិនស្រួល នៅភូមិស្រុកញាតិញោមនេះបានជាអាត្មាភាពខំឧស្សាហ៍ដើរមកនេះ"។ ឯពួកអ្នកស្រុកនោះលុះឮតាថេនថាដូច្នោះហើយក៏កើតសេចក្តីសង្ស័យឡើងគ្រប់គ្នា ទើបនាំគ្នាតបថា "ករុណាម្ចាស់មានពុទ្ធធិកានេះយល់ប្លែកពេកណាស់" ចុះលោកម្ចាស់​ យល់ហេតុភូមិយើងនេះមិនស្រួលយ៉ាណា? តាថេនថា៖ "ញាតិញោមអើយអាត្មាអង្គុយធម៌យប់មិញនេះ ក៏ឃើញហេតុអន្តរាយនឹងកើតមានដល់ញាតិញោម ក្នុងភូមិនេះទាំងអស់គ្នាគឺឃើញថាភូមិនេះនៅតែ៧ថ្ងៃទៀត នឹងមានអសនីបាត គឺរន្ទះបាញ់មកត្រូវភូមិនេះ ដល់នូវសេចក្ដីវិនាសសូន្យ ទាំងភូមិជាម្ដង អាត្មាគិតអាណិតដល់ញាតិញោមរាល់គ្នាណាស់ បានជាខំឧស្សាហ៍មកនេះប្រាថ្នានឹងប្រាប់សេចក្ដីនោះ ឲ្យញាតិញោមបានដឹងខ្លួនជាមុនថាបើញោមឯណាចង់ឲ្យរួចអំពីកាឡកិណី សេចក្ដីវិនាសនោះមានតែរើផ្ទះសំបែងចេញអំពីទីចាស់ទៅតាំងនៅភូមិក្រៅជាថ្មីទៀត នោះទើបបានផុតភ័យអំពីអសនីបាតនោះបាន"។ ឯបណ្ដាមហាជនទាំងឡាយនោះ លុះឮតាថេនថាដូច្នោះហើយក៏កើតសេចក្ដីភិតភ័យទាំងអស់គ្នា ទើបថា៖ "សូមទានករុណាម្ចាស់បើដូច្នោះសេចក្ដីភ័យនោះនឹងមានដល់យើងខ្ញុំហើយ តែថាជាលំបាកណាស់បើដូច្នោះករុណាម្ចាស់នឹងមានឧបាយកលល្មមឧបទេសកែខៃសេចក្ដីអន្តរាយអំពីរន្ទះនោះ ជាបានខ្លះឬទេ? " ឱញាតិញោមចង់គិតកែខៃឧបទេសនោះ ចាំអាត្មាអង្គុយធម៌មើលសិន"​ ថាហើយ តាថេនតាំងអុជទៀនធូប ហើយតាំងសមាធិអង្គុយធ្មេចភ្នែកបានតិច ក៏បើកភ្នែកហើយថា៖ "បានញោមតែត្រូវខាតទុនខ្លះទើបអាចធ្វើបាន" ។ ករុណាម្ចាស់មិនអីទេ ទោះបង់ខាតធនធានប៉ន្មានៗ ក៏មិនថាដែរធ្វើម៉េចឯងដល់នូវសេចក្ដីវិនាសហើយ សូមនិមន្តលោកគ្រូម្ចាស់បង្គាប់ចុះ" ។ តាថេនក៏ធ្វើជាមាយាហើយប្រាប់ថា៖ "ឱ! ញាតិញោមអើយអាត្មានេះជាសង្ឃផង នឹងបង្គាប់បញ្ជាទៅក៏ដូចជាមិនគួរនឹងភេទឯងជាសមណៈនោះសោះ ត្បិតភ្លើងរន្ទះនោះ តាមបាលីថាអសនី គឺថាអសុរាប្រែថាយក្ខខ្មោច។ នោះវាគាប់ចិត្តតែនឹងស្រា បាយ សាច់ ញ៉ាំភ្លា មានស្ងោរៀបបូជាពលិការវា ហេតុនោះបានជាថាអាត្មាទាល់ណាស់ ព្រោះឯងជាលោកសង្ឃ"។​ "ករុណាម្ចាស់ កុំព្រួយព្រះហឫទ័យឡើយ និមន្តបង្គាប់ចុះយើងខ្ញុំនឹងធ្វើតាម"។ តាថេនបានឱកាសដូច្នោះហើយក៏ឲ្យធ្វើរោងពិធី១​ ខ្នងនៅក្រៅភូមិហើយឲ្យធ្វើរាជវ័តិ ទង់ឆ័ត្រ ស្លាធម៌ បាយសី ជមចារ គ្រឿងចំអាបបង្អែមផ្សេងៗ យកទៅតាំងនៅរោងពិធី។

ឯមនុស្សទាំងឡាយ ក៏នាំគ្នាធ្វើតាមពាក្យតាថេននោះសព្វប្រការ ឯតាថេនក៏នាំគ្នា ៣ នាក់ចូលទៅក្នុងរោង ហើយយកអម្បោះចងព័ទ្ធសិមា៧ ជាន់ហើយប្រាប់អ្នកស្រុកថា ញាតិញោមទាំងអស់នេះសុទ្ធសឹងមនុស្សមានគ្រោះធំ ត្រូវតែនៅក្រៅរោងពិធីនេះ តាថេនថា ហើយទើបសរសេរសំបុត្របិទនៅមាត់ទ្វារនោះថា កុំឲ្យនរណាចូលក្នុងរោងពិធីនេះឡើយ ថាបើនរណាតាក់អម្បោះសីមាកន្លងចូលដល់ក្នុងរោងហើយអ្នកនោះនឹងទៅជាឆ្កួតឈឺស្លាប់ កើតវិបត្តិផ្សេងៗ។ បណ្តាអ្នកស្រុកធ្វើតាមតាថេនហាមទាំងអស់ នាំគ្នាហាមកូនចៅក្មេងតូចធំ កុំឲ្យចូលទៅក្នុងរោងពិធីនោះ។

ឯតាថេនបានឱកាសស្ងាត់ហើយ​ ក៏នាំគ្នាទាំង ៣ នាក់ស៊ីបាយ ផឹកស្រាតាមអំពើពាលលុះស្រវឹងស្រាខ្លាំង ក៏តាំងនិយាយកោកៗប្រកែកគ្នាទៅវិញទៅមកគឹកកងក្នុងរោង លុះដល់នៅបានពីរបីថ្ងៃ មានក្មេងប្រុសម្នាក់អាយុ១៤ ឬ​ ១៥ឆ្នាំ ឈ្មោះចៅសនក្មេងនោះវាទៅឃ្វាលក្របីនៅវាលស្រែ។ ដល់ពេលថ្ងៃល្ងាចត្រជាក់ចៅសនវាដេញក្របីទៅផ្ទះ បរទៅខាងរោងពិធីនោះបាន​ឮសំឡេងចោពាលទាំង ៤នាក់ផឹកស៊ីប្រកែកគ្នាកោកកាកដូច្នោះហើយ ចៅសនគិតថាសំឡេងយ៉ាងនេះ ទំនងជាមនុស្សស្រវឹងស្រាយ៉ាងជាលោកសង្ឃនោះផឹកស្រវឹងទេដឹង បើដូច្នោះគួរអញលបទៅមើលឲ្យជាក់ច្បាស់ ទោះវាឆ្កួតឬឈឺចាប់យ៉ាងណាក៏តាមចុះ អញប្រថុយលបមើលគិតហើយក៏ដើរលបចូលទៅដល់ប្របជញ្ជាំងរោង ហើយលួចបើកស្លឹកត្នោត ដែលបាំងនើគន់មើលទៅក្នុងរោង ក៏ឃើញចៅពាលទាំង៤នាក់អង្គុយដំកង់គ្នាស៊ីបាយផឹងស្រាដោយអំពើពាល។ ចៅសនឃើញច្បាស់ហើយក៏នឹកថា យីអាដែងអស់ទាំងនេះផឹកស្រាស៊ីបាយល្ងាចទេតើ ពុទ្ធោៗ ឱ ម៉ែឪអញទៅជឿអាពួកនេះឆ្កួតទទេ ទាំងអ្នកស្រុកក៏ជឿចុះចូលវាឲ្យវាបញ្ឆោតអស់ខ្លួនមែនហើយ បើដូច្នោះគួរអញទៅប្រាប់ម៉ែឪឲ្យគាត់បានដឹងផងចុះ​ គិតហើយក៏ដើរថយចេញម្នីម្នា រត់ត្រង់ទៅផ្ទះ បានឃើញម្តាយនៅលើផ្ទះ ចៅសនក៏ប្រាប់ថាម៉ែៗ ម៉ែឯងទៅជឿអីលោកសង្ឃធុតង្គនោះ មិនពិតជាលោកសង្ឃល្អទេវាក្លែងក្លាយទេម៉ែ ខ្ញុំបានឃើញវាផឹងស្រា ស៊ីបាយល្ងាចអំបាញ់មិញនេះឯង។

ឯនាងម្ដាយបានឮពាក្យកូនប្រាប់ដូច្នោះហើយក៏ពុំមានសតិសម្បជញ្ញៈ នឹងត្រឹះរិះឲ្យច្បាស់លាស់ដោយជឿពាក្យតាថេនថា នរណាកាត់សីមាចូលក្នុងរោងពិធីលោក អ្នកនោះនឹងឆ្កួតប្រាកដទើបកើតភិតភ័យតក្កមាហើយសួរថា "ចៅសនឯងចូលទៅក្នុងរោងពិធីលោកឬអី?"។ ចៅសនថា "បានខ្ញុំបាទលួចលបចូលទៅឃើញ វាកំពុងតែផឹកស៊ីទាំង៤ នាក់ណា៎ម៉ែ"។ ម្ដាយថា "ឱកូនអើយលោកបានហាមទាំងអស់គ្នាថា កុំឲ្យនរណាចូលទៅក្នុងសីមារោងពិធីលោក ឥឡូវកូនឯងចូលទៅនោះ ត្រូវដូចលោកថាអ្នកណាចូលហើយអ្នកនោះនឹងឆ្កួតមិនខាន ឥឡូវឯងឆ្កួតហើយតើកូនគួរអីទៅថាលោកសង្ឃផឹកស្រានោះ លោកជាអ្នកដើរធុតង្គវិសេសណាស់"។ ចៅសនប្រកែកថា "ម៉ែឯងមិនជឿខ្ញុំឬ ខ្ញុំបានឃើញច្បាស់នឹងភ្នែកហើយអាដែងទាំង៤នាក់នោះវាមកក្លែងបញ្ឆោតគេយកលាភទេ អ្នកណាទៅជឿវាក៏គង់នឹងខូចខ្លួន"។ ឯនាងម្ដាយមិនស្ដាប់ ចេះតែថា អាឯងទៅចូលក្នុងសីមាលោក វាឆ្កួតមែនហើយ។​ ឯបណ្ដាពួកញាតិនៅជិតខាង បានឮចៅសននឹងម្តាយប្រកែកគ្នាដូច្នោះហើយសឹងឆោឡោឡើងទៅសួរថា ម្តាយចៅសនវាចូលទៅក្នុងសីមាលោកនោះឬអី? នាងម្ដាយក៏ប្រាប់ទៅថាអើឯងអើយ វាចូលទៅក្នុងសីមាលោក ឥឡូវវាឆ្កួតវរណាស់ទៅ តាំងតែជេរលោកសង្ឃនោះផ្សេងៗ ។ ឯពួកញាតិក៏នាំគ្នាស្ដីបន្ទោសចៅសន ហើយថាឆ្កួតមែនហើយ ធ្វើម្ដេចនឹងរកគ្រូឯណានឹងមើលបាន​។ ឯចៅសនឮពួកញាតិបន្ទោសដូច្នោះហើយ ក៏ខឹងណាស់ តាំងជេរដាសពាសទៅ ដល់ប្រកែកនឹងគេមិនឈ្នះ វាក៏យំផង ព្រោះដោយសារក្មេង ឯពួកញាតិក៏រឹតតែជឿថា ចៅសនឆ្កួតមែន គឺពីដើមគ្រាន់តែថាលោកសង្ឃផឹកស្រា ឥឡូវវរខ្លាំងយំជេរគេឯងតែផ្ដាស មិនស្គាល់ចាស់ក្មេងផង ឯនាងជាម្ដាយនោះក៏ភិតភ័យ ទើបរត់ទៅឯរោងពិធីតាថេន ដល់ហើយស្រែកហៅទៅថា "ឱករុណាម្ចាស់, សូមមេត្តាប្រោសសត្វ សូមទាំននិមន្តចេញមកខាងក្រៅរោងសិន ត្បិតសត្វកើតវិបត្តិហើយ ព្រះគុណម្ចាស់" ។ ឯតាថេនឮនាងសិកានិមន្តឲ្យចេញដូច្នោះ ក៏ស្ទុះម្នីម្នាជូតមាត់ជូតក ស្អាតហើយ តាំងគ្រងជីវរជាបរិមណ្ឌលពាក់ផ្គាំ កាន់ឈើច្រត់ដើរលប ៗ ចេញមកក្រៅហើយសួរ "កើតអីញោម បាន​ជាភិតភ័យរលះរលាំងយ៉ាងនេះ" ។ នាងសិកានោះ ក៏អង្គុយលុតជង្គង់ប្រណម្យដៃទូលថា "ករុណាម្ចាស់, ឥឡូវនេះចៅសនកូនខ្ញុំករុណាវាចូលមកក្នុងសីមាលោកម្ចាស់ ឥឡុវកើតវរទៅជាឆ្កួតពុំដឹងអី ចេះតែស្រែកយំជេរគេឯងពាស ទៅជេរត្រូវទាំងលោកម្ចាស់ផង" ។

តាថេនឆ្លើយថា ‌"ញោម, អាចក្ដីបាន​ហាមហើយថា​ កុំឲ្យប្រហែស ឲ្យហាមកូនហាមចៅកុំឲ្យវាចូលមកក្នុងសីម៉ាពិធីនេះ ក្រែងវាកើតហេតុ ឥឡូវមែនៗ ដូចពាក្យអាចក្ដីថា ចុះឥឡូវនេះ វានៅឯណាកូនញោមនោះ។ "អើបើដូច្នោះញោមទៅនាំខ្លួនវាមកឯរោងពិធីនេះ "អាក្ដីនឹងមើលរោគឆ្កួតនោះណា៎ញោម នៃញោម ពាក្យចាស់លោកថា បន្លាមុតតោងយកបន្លាជោះ ទឹកចូលត្រចៀកតោងយកទឹកចាក់ រោគឆ្កួតកើតមកពីរោងពិធី តោងមកមើលរក្សាឯរោងពិធីទើបសះស្បើយបាន" ។ ឯនាងលិកានោះ ក៏សំពះលាតាថេនវិលទៅពឹងបងប្អូនប្រុសៗ ៣-៤នាក់ ឲ្យជួយចាប់យកខ្លួនចៅសនមកប្រគល់ឲ្យតាថេនៗឯចៅសននោះត្រូវគេមកចាប់ដឹកនាំទៅដូច្នោះ ក៏រឹងតែខឹងនឹងពួកញាតិ តាំងបម្រះននៀលជេរគេជេរឯង ហើយយំទៅតាមភាសាក្មេង តែធន់ពុំបាននឹងកម្លាំងមនុស្សចាស់គេក៏នាំគ្នាចាប់សែងពនាំទៅដល់រោងពិធីនោះៗ ឯតាថេនក៏បបួលគ្នាទាំង ៣ នាក់ចេញមកក្រៅរោងហើយទទួលយកចៅសនចូលទៅក្នុងរោងតាថេន ៗ ក៏ប្រាប់ទៅថា ញោមទាំងអស់គ្នាសុទ្ធតែជាអ្នកមានគ្រោះនឹងនៅជិតរោងពិធីនេះពុំបាន ក្រែងខ្មោចព្រាយអស់ទីនោះវាចូលរូប អាត្មានឹងស្រោចទឹកមន្តចៅសនហើយខ្មោចដែលនៅក្នុងរូបចៅសន វានឹងស្រែកជាខ្លាំងពុះខាន​ បើដូច្នេះ ចូរញាតិញោមទាំងអស់គ្នា ចៀសចេញទៅផ្ទះវិញឲ្យឆាប់ កុំនៅយូរក្រែងខ្មោចវាចូល ។ ឯរូបចៅសននេះមិនអីទេ​តែស្អែកខានស្អែកគង់នឹងជាមិនខាន ។​ ឯពួកញាតិចៅសនឮតាថេនថាដូច្នោះ ក៏នាំគ្នាសំពះលាលោកតាថេនវិលទៅផ្ទះទីទៃ ៗ ទៅ។ ឯតាថេនចូលទៅក្នុងរោងពិធីហើយឲ្យគ្នា ៣ នាក់នោះចងចៅសនខ្ជាប់នឹងសសររោង តាំងកាន់រំពាត់ផ្ដៅទាំង ៤​នាក់ ហើយកំហែងសួរចៅសនថា អើអាសនអាឯងថា "ឃើញអញផឹកស្រាមែន ឬដូចម្ដេច? ចៅសនឆ្លើយថា "អើមែន, ខ្ញុំឃើញលោកតាឯងផឹកស្រា ស៊ីបាយល្ងាចប្រាកដទាំង ៤ នាក់"។​ ពួកទាំងនោះក៏កើតទោសោ ហើយវាយចៅសន ៤-៥ រំពាត់ ចៅសនក៏ស្រែកយំដោយសំឡេងខ្លាំង ៗ ទាំង ៤នាក់ក៏សាកសួរទៀតថា​ " ដូចម្ដេចអាំសនឯងថា ពួកយើងផឹកស្រាមែន ឬដូចម្ដេច? ចៅសនថា "អើអាឯងផឹកស្រាមែន អញឃើញច្បាស់នឹងភ្នែកអញហើយ" ។ អា ៤ នាក់ក៏រឹតតែវាយខ្លាំងលើសមុន។​ ចៅសនបាននូវសេចក្ដីវេទនាឈឺចាប់ពន់ពេកណាស់ ដល់ក្រោយទើបគិតថា ឱអញនេះជាមនុស្សក្មេងម្នាក់ឯង គេឆ្កួតពេញស្រុកទៅហើយ តែឯងមិនឆ្កួតតាមគេនោះ អាដែងពួកពាលនេះ វានឹងវាយអញដល់សេចក្ដីស្លាប់មិនខានឡើយ"។

ណ្ហើយចុះតោងធ្វើឆ្កួតតាមវាទៅចុះ ទើបរក្សាខ្លួនសុខបាន ចៅសនគិតដូច្នោះហើយ ទើបលើកដៃសំពះតាថេន ហើយសាសព្ទប្រាប់ទៅថា "ករុណាម្ចាស់ ខ្ញុំព្រះករុណានេះឆ្កួតពិតមែនហើយ សូមទានប្រោសអត់ទោសខ្ញុំ ៗ ឆ្កួតមិនដឹងខ្លួនមិនដឹងប្រាណទេព្រះគុណ" បានជាថាព្រះគុណផឹកស្រានោះ គឺព្រះគុណពុំមែនឆានស្រាទេ ខ្ញុំឆ្កួតមែនហើយ ឥឡូវខ្ញុំដឹងខ្លួនជាសះស្បើយហើយ រាងចាលហើយ ពីនេះទៅទៀត ខ្ញុំមិនថាព្រះគុណផឹកស្រាទេទាន"។ តាថេនថា "អើបើឯងលែងថាអញផឹកស្រា រាងចាលហើយអញក៏លែងវាយឯងតែត្រឹមនេះ"។ "ករុណា ខ្ញុំព្រះករុណាលែងថាព្រះគុណឆាន់ស្រាហើយ អំពីថ្ងៃនេះតទៅ ករុណាម្ចាស់"។ អើបើមែនដូច្នោះអញក៏លែងវាយឯង បើឯងនៅតែថាអញ ៗ ក៏វាយឯងទាល់តែស្លាប់" ។ ថាហើយតាថេនក៏ឲ្យស្រាយចំណងចៅសនឃាត់ខាំងចៅសនមិនឲ្យចេញទៅក្រៅរោង ។ ឯចៅសនសោតទាល់ចំណេះ ក៏នៅបំរើអា ៤ នាក់នោះទៅតាមអធ្យាស្រ័យ លុះថ្ងៃគំរប់ ៧ ជាពេលយប់ស្ងាត់ចៅសនក៏ដេកលក់ទៅ។ ឯចៅពាល ៤ នាក់តាំងរើគ្រឿងកំណល់ពិធីយកប្រាក់ យកសំពត់ ផ្ដឹល ជើងពាន វេចជាសម្ពាយហើយ ក៏នាំគ្នាលបរត់ចេញចាកស្រុកនោះទៅកាន់ស្រុកដទៃទៅ។ លុះវេលាព្រឹកចៅសនភ្ញាក់ឡើង ស្រាប់តែស្ងាត់ឈឹងទាំងរោងមើលទៅគ្រឿងតាំងពិធីនោះ ក៏បាត់អស់រលីងគ្មានសល់ដល់តិចឡើយ ចៅសនក៏ដឹងថា តាថេនលួចរបស់ទ្រព្យរត់ទៅអស់ហើយ ទើបចៅសនដើរចេញចាករោងចូលទៅផ្ទះអាត្មា។ ឯបណ្ដាញាតិមិត្តឃើញចៅសនដើរមកដូច្នោះហើយ ក៏សួរថា "ដូចម្ដេចទៅជីសនអើយរោគនោះបានស្រាកស្រាល ធូរខ្លួនប្រាណខ្លះហើយ ឬដូចម្ដេចទៅ" ។​ ចៅសនក៏តបថា "នៅឡើយទេ តែថា ឥឡូវនេះអំពើចំកួតនោះ វានៅលើអ្នកស្រុកទាំងអស់គ្នា អើឯងជា ៗ សោះ គេឆ្កួតពេញទាំងស្រុក ក៏ត្រឡប់ថាឯងឆ្កួតវិញ អើមីងមាយាយតាទាំងអស់គ្នាទៅជឿអាមនុស្សពាលនោះទុកជាគ្រូថា លោកធុតង្គរុក្ខមូលវិសេសណាស់ ឥឡូវគ្រឿងប្រដាប់ដែលតាំងពីធីព្វីការនោះ លោកធុតង្គទោះបន្លុងឆាកយកទៅអស់ហើយឲ្យអញ្ជើញទៅមើលចុះ។ ថាហើយចៅសនក៏ដើរត្រង់ទៅផ្ទះ ។

ឯបណ្ដាអ្នកស្រុក បាន