គោធិកសូត្រ

ពីវិគីភីឌា

គោធិកសូត្រ ទី៣[កែប្រែ]

[៤៩២] ខ្ញុំ​បាន​ស្ដាប់​មក​យ៉ាង​នេះ​។ សម័យ​មួយ​ ​ព្រះ​មាន​ព្រះ​ភាគ ស្តេចគង់​នៅ​ក្នុង​វត្ត​វេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀប​ក្រុង​រាជគ្រឹះ។ សម័យ​នោះ​ឯង ​ព្រះ​គោធិកៈ​មាន​អាយុ ​នៅ​ក្នុង​កាឡសិលា ខាងភ្នំឥសិគិលិ។

[៤៩៣] គ្រា​នោះ​ឯង ​ព្រះ​គោធិកៈ​មាន​អាយុ ជា​អ្នក​មិន​ប្រមាទ ​មាន​ព្យាយាម​ដុតកំដៅកិលេស ​មាន​ចិត្តបញ្ជូន​ទៅ​កាន់​ព្រះ​និព្វាន ​ហើយ​បាន​នូវ​ចេតោវិមុត្តិ ប្រកប​តាមកាលវេលា។ លំដាប់​នោះ​ឯង ​ព្រះ​គោធិកៈ​មាន​អាយុ សាបសូន្យចាកចេតោវិមុត្តិ ​ដែល​ប្រកប​តាមកាលវេលា​នោះ​។ ​ព្រះ​គោធិកៈ​មាន​អាយុ ជា​អ្នក​មិន​ប្រមាទ ​មាន​ព្យាយាម​ដុតកំដៅកិលេស ​មាន​ចិត្តបញ្ជូន​ទៅ​កាន់​ព្រះ​និព្វាន ​ហើយ​ក៏​បាន​នូវ​ចេតោវិមុត្តិ ប្រកប​តាមកាលវេលា អស់វារៈ ជាគម្រប់ពីរដង។ ​ព្រះ​គោធិកៈ​មាន​អាយុ សាបសូន្យ ចាកចេតោវិមុត្តិ ប្រកបតាម​កាលវេលា​នោះ​ អស់វារៈ​ជាគម្រប់​ពីរដងទៀត។ ​ព្រះ​គោធិកៈ​មាន​អាយុ ជា​អ្នក​មិន​ប្រមាទ ​មាន​ព្យាយាម​ដុតកំដៅ​កិលេស ​មាន​ចិត្តបញ្ជូន​ទៅ​កាន់​ព្រះ​និព្វាន ​ហើយ​បាន​នូវ​ចេតោវិមុត្តិ ប្រកប​តាមកាល​វេលា អស់វារៈ ជាគម្រប់បីដង។ ​ព្រះ​គោធិកៈ​មាន​អាយុ។បេ។ សាបសូន្យ ចាកចេតោវិមុត្តិ​នោះ​ អស់វារៈជាគម្រប់បីដង។ ​ព្រះ​គោធិកៈ​មាន​អាយុ ជា​អ្នក​មិន​ប្រមាទ។បេ។ ​បាន​នូវ​ចេតោវិមុត្តិ អស់វារៈជាគម្រប់៤ដង។ ​ព្រះ​គោធិកៈ​មាន​អាយុ។បេ។ សាបសូន្យចាកចេតោវិមុត្តិ​នោះ​ អស់វារៈ​ជាគម្រប់៤ដង។ ​ព្រះ​គោធិកៈ​មាន​អាយុ។បេ។ ​បាន​នូវ​ចេតោវិមុត្តិ អស់វារៈ ជាគម្រប់៥ដង។ ​ព្រះ​គោធិកៈ​មាន​អាយុ។បេ។ សាបសូន្យចាកចេតោវិមុត្តិ អស់វារៈ​ជាគម្រប់៥ដង។ ​ព្រះ​គោធិកៈ​មាន​អាយុ ជា​អ្នក​មិន​ប្រមាទ ​មាន​ព្យាយាម​ដុតកំដៅកិលេស ​មាន​ចិត្តបញ្ជូន​ទៅ​កាន់​ព្រះ​និព្វាន ​ហើយ​បាន​នូវ​ចេតោវិមុត្តិ ប្រកប​តាមកាលវេលា អស់​វារៈ​ជាគម្រប់​៦ដង។ ​ព្រះ​គោធិកៈ​មាន​អាយុ សាបសូន្យចាកចេតោវិមុត្តិ ប្រកប​តាមកាលវេលា​នោះ​ អស់វារៈ ជាគម្រប់​៦ដងទៀត។ ​ព្រះ​គោធិកៈ​មាន​អាយុ ជា​អ្នក​មិន​ប្រមាទ ​មាន​ព្យាយាម​ដុតកំដៅកិលេស ​មាន​ចិត្តបញ្ជូន​ទៅ​កាន់​ព្រះ​និព្វាន ​ហើយ​ក៏​បាន​នូវ​ចេតោវិមុត្តិ ប្រកប​តាមកាលវេលា អស់វារៈ​ជាគម្រប់៧ដង។ គ្រា​នោះ​ឯង ​ព្រះ​គោធិកៈ​មាន​អាយុ ​ក៏​មាន​សេចក្ដី​ត្រិះរិះ ​យ៉ាង​នេះ​ថា អាត្មាអញ សាបសូន្យចាកចេតោវិមុត្តិ ប្រកប​តាមកាល ដរាបអស់​វារៈ​ជាគម្រប់​៦ដង​ហើយ​ បើដូច្នោះ គួរតែអាត្មាអញ យកកាំបិតមក។

[៤៩៤] គ្រា​នោះ​ឯង មារ​មាន​ចិត្តបាប ​បាន​ដឹង​នូវ​បរិវិតក្កៈ ​ក្នុង​ចិត្ត​របស់​ព្រះ​គោធិកៈ​មាន​អាយុ ​ដោយ​ចិត្ត (​របស់​ខ្លួន​) ​ក៏​ចូល​ទៅ​រក​ព្រះ​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់​ហើយ​ ទើប​ពោល​នឹង​ព្រះ​មាន​ព្រះ​ភាគ ​ដោយ​គាថាទាំងឡាយ​ថា

បពិត្រ​ព្រះ​អង្គ ​អ្នក​មាន​ព្យាយាមធំ ​មាន​ប្រាជ្ញាច្រើន រុងរឿង​ដោយ​ឫទ្ធិ ​និង​យស កន្លងបង់​នូវ​ពៀរ ​និង​ភ័យគ្រប់​ប្រការ​ ​ទ្រង់​មាន​ចក្ខុ ខ្ញុំ​ព្រះ​អង្គ សូម​ក្រាប​ថ្វាយ​បង្គំ​ព្រះ​បាទា ​បពិត្រ​ព្រះ​អង្គ ​អ្នក​មាន​ព្យាយាមធំ សាវ័ក​របស់​ព្រះ​អង្គ ត្រូវ​សេចក្ដី​ស្លាប់គ្របសង្កត់ ប្រាថ្នាគិត​នូវ​សេចក្ដី​ស្លាប់ ​បពិត្រ​ព្រះ​អង្គ ​អ្នក​ទ្រ​ទ្រង់​នូវ​អានុភាព សូម​ព្រះ​អង្គឃាត់ ​នូវ​សាវ័ក​នោះ​ ​បពិត្រ​ព្រះ​មាន​ព្រះ​ភាគ ​អ្នក​ល្បី​ក្នុង​ប្រជុំជន សាវ័ក​របស់​ព្រះ​អង្គ ជាសេក្ខ​បុគ្គល​ ​មាន​បំណង​មិន​ទាន់​សម្រេច ​នៅ​ត្រេក​អរ​ក្នុង​សាសនា ​គប្បី​ធ្វើ​មរណកាល​ដូច​ម្ដេច​បាន​។

សម័យ​នោះ​ឯង ​ព្រះ​គោធិកៈ​មាន​អាយុ ​ក៏​យកកាំបិតមក។

[៤៩៥] គ្រា​នោះ​ឯង ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ជ្រាបច្បាស់ថា ​អ្នក​នេះ​ ជា​មារ​មាន​ចិត្តបាប ដូច្នេះ​ហើយ​ ទើប​ពោល​នឹង​មារ​មាន​ចិត្តបាប ​ដោយ​គាថា ដូច្នេះថា

ពិត​មែន​ ​អ្នក​ប្រាជ្ញទាំងឡាយ ​តែង​ធ្វើ​យ៉ាង​នេះ​ឯង រមែង​មិន​នឹកស្តាយ​ ​នូវ​ជីវិត គោធិកភិក្ខុ ​បាន​ដកតណ្ហា ព្រមទាំង​ឫស បរិនិព្វាន​ហើយ​។

[៤៩៦] គ្រា​នោះ​ឯង ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ មក យើង​នឹង​ចូល​ទៅ​ឯ កាឡសិលា ខាងភ្នំឥសិគិលិ ដ្បិត​គោធិកកុលបុត្រ យកកាំបិតមក​ហើយ​។ ​ពួក​ភិក្ខុទាំង​នោះ​ ​បាន​ទទួល​ព្រះ​ពុទ្ធដីកា ​របស់​ព្រះ​មាន​ព្រះ​ភាគ ថា ​ព្រះ​ករុណា ​ព្រះ​អង្គ។ ទើប​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ស្តេច​ចូល​ទៅ​កាន់កាឡសិលា ខាងភ្នំឥសិគិលិ ​មួយ​អន្លើ ​ដោយ​ពួក​ភិក្ខុច្រើនរូប។ ​ព្រះ​មាន​ព្រះ​ភាគ ​ក៏​បាន​ឃើញ​គោធិកៈ​មាន​អាយុ កំពុងដេកផ្ងារ ផ្ងើយ-ក លើគ្រែ ​អំពី​ចម្ងាយលឹមៗ។ សម័យ​នោះ​ឯង ផ្សែង ​និង​អ័ព្ទ ​ក៏​បក់​ទៅ​កាន់ទិសខាងកើតខ្លះ បក់​ទៅ​កាន់ទិសខាងលិចខ្លះ បក់​ទៅ​កាន់ទិសខាងជើងខ្លះ បក់​ទៅ​កាន់ទិសខាងត្បូង​ខ្លះ បក់​ទៅ​កាន់ទិសខាងលើខ្លះ បក់​ទៅ​កាន់ទិសខាងក្រោមខ្លះ បក់​ទៅ​កាន់ទិសតូច​ខ្លះ។

[៤៩៧] គ្រា​នោះ​ឯង ​ព្រះ​មាន​ព្រះ​ភាគ ​ត្រាស់​ហៅ​ពួក​ភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ​អ្នក​ទាំងឡាយ ​ឃើញ​នូវ​ផ្សែង​ ​និង​អ័ព្ទនុ៎ះ បក់​ទៅ​កាន់ទិស​ខាងកើត បក់​ទៅ​កាន់ទិសខាងលិច បក់​ទៅ​កាន់ទិសខាងជើង បក់​ទៅ​កាន់ទិសខាងត្បូង បក់​ទៅ​កាន់ទិសខាងលើ បក់​ទៅ​កាន់ទិសខាងក្រោម បក់​ទៅ​កាន់ទិសតូច ​ឬ​ទេ។ ​ពួក​ភិក្ខុ​ក្រាប​បង្គំ​ទូល​ថា ​ព្រះ​ករុណា ​ព្រះ​អង្គ។ ម្នាលភិក្ខុទាំងឡាយ នុ៎ះឯង ជាមារ​មាន​ចិត្តបាប កំពុងស្វែងរកបដិសន្ធិវិញ្ញាណ ​នៃ​គោធិកកុលបុត្តថា វិញ្ញាណ​របស់​គោធិកកុលបុត្ត ឋិត​នៅ​ក្នុង​ទីណា ម្នាលភិក្ខុទាំងឡាយ ឯគោធិកកុលបុត្ត ​មាន​វិញ្ញាណ​មិន​បាន​ឋិត​នៅ​ទេ បរិនិព្វាន​ហើយ​។

[៤៩៨] គ្រា​នោះ​ឯង មារ​មាន​ចិត្តបាប យកពិណ​មាន​ពណ៌លឿង​ ​ដូច​ផ្លែព្នៅ ចូល​ទៅ​រក​ព្រះ​មាន​ព្រះ​ភាគ ​លុះ​ចូល​ទៅ​ដល់​ ​ក៏​ពោល​នឹង​ព្រះ​មាន​ព្រះ​ភាគ ​ដោយ​គាថា ដូច្នេះថា

ខ្ញុំ​ព្រះ​អង្គ ​បាន​ស្វែងរក (វិញ្ញាណ) ​របស់​គោធិកកុលបុត្ត ​ក្នុង​ទិសខាងលើ​ផង​ ខាងក្រោម​ផង​ ទិសទទឹង​ផង​ ទិស​ធំ ទិសតូច​ផង​ ​មិន​បាន​ចួបប្រទះសោះឡើយ ចុះ​គោធិកៈ​នោះ​ ​ទៅ​ក្នុង​ទីណា។

[៤៩៩] ​ព្រះ​អង្គ​ត្រាស់​តបថា គោធិកភិក្ខុ ​ជា​អ្នក​ប្រាជ្ញ បរិបូណ៌​ដោយ​ប្រាជ្ញា ​ជា​អ្នក​មាន​ឈាន ​អ្នក​ត្រេកអរ​ក្នុង​ឈាន សព្វកាល ខំប្រឹងប្រែងទាំងថ្ងៃ ទាំងយប់ ​មិន​គិតស្តាយជីវិត ​បាន​ឈ្នះសេនា​របស់​មច្ចុ ​មិន​មកកាន់​ភពថ្មីទៀត ដកតណ្ហា ព្រមទាំង​ឫស បរិនិព្វាន​ហើយ​។ កាលមារ​នោះ​ កំពុងត្រូវ​សោកគ្របសង្កត់ ពិណ​ក៏​របូត​ចេញ​អំពី​ក្លៀក តពី​នោះ​មក យក្ខ​នោះ​ ​ក៏​មាន​សេចក្ដី​តូចចិត្ត ​ហើយ​ក៏​បាត់ចាកទី​នោះ​ទៅ​។

ឯកសារយោង[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > សគាថវគ្គ > សម្ពហុលវគ្គ > កោសលសំយុត្ត > គោធិកសូត្រ (សៀវភៅ​ភាគ​ ២៩ ទំព័រទី ៣២៨)

Godhikasutta SN 4.23 (Saṁyutta Nikāya, Connected Discourses with Mara)

พระไตรปิฎก เล่มที่ ๑๕ > พระสุตตันตปิฎก เล่มที่ ๗ > สังยุตตนิกาย > สคาถวรรค > โคธิกสูตรที่